Category: សង្គម និងសេដ្ឋកិច្ច

  • ជ្រោយចង្វារ​កំពុង​ក្លាយជា​បណ្តុំ​សំណង់​អគារ​ដ៏​សម្បូរបែប

    ជ្រោយចង្វារ​កំពុង​ក្លាយជា​បណ្តុំ​សំណង់​អគារ​ដ៏​សម្បូរបែប

    ដោយមាន​អំណោយផល​ពី​ធម្មជាតិ ស្ថិតនៅតាម​ដង​ទ​ន្ល ជា​ដី​ជ្រោយ​ដែលមាន​ទន្លេ​នៅ​សងខាង និង​នៅក្បែរ​ទន្លេរ​មេគង្គ​ដ៏​ធំ មាន​ទេសភាព​ស្រស់បំព្រង និង​ខ្យល់អាកាស​ស្រស់ស្អាត​បរិសុទ្ធ​ផងនោះបាន​ធ្វើឱ្យ​ទឹកដី​ជ្រោយចង្វារ​ក្លាយជា​តំបន់​មួយ​ដែល​ប្រមូលផ្ដុំ​ទៅដោយ​សំណង់​អគារប្រណីតៗដ៏​សម្បូរបែប​មិន​ចាញ់​តំបន់​បឹង​កេងកង​ឡើយ ទាំង​សំណង់​លំនៅឋាន​ជា​លក្ខណៈ​គ្រួសារ សំណង់​លំនៅឋានទំនើបៗនៅក្នុង​បុរី និង​សំណង់​ខុន​ដូ-អា​ផាត​មិនខ្ពស់ៗជាច្រើន។

    លោក​ឧកញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន Khmer Foundation Appraisal  បាន​លើកឡើងថា វា​ជា​រឿង​ធម្មតា​ទេ នៅពេលដែល​តំបន់​ក្នុង​ទីក្រុង​ភ្នំពេញ​មានការ​កើនឡើង​នូវ​ចំនួន​អគារធំៗច្រើន ដូចជា​សំណង់​អគារ​ខុន​ដូ-អា​ផាត​មិន និង​សំណង់​លំនៅឋាន​ផង​នោះ វា​ធ្វើឱ្យ​តំបន់​ដែល​ស្ថិត​នៅជាប់​ទីក្រុង​ក្លាយជា​មុខសញ្ញា​ក្នុងការ​អភិវឌ្ឍ និង​មាន​តម្រូវការ​ខ្ពស់​ជា​បន្ទាប់។ ជាក់ស្ដែង​ដូចជា​តំបន់​ជ្រោយចង្វារ​ជាដើម ពីមុន​មាន​ភាព​ទូលាយ​ស្រឡះ​ល្ហល្ហេវ ប៉ុន្តែ​បច្ចុប្បន្ននេះ​ទីនោះ​បានក្លាយ​ទៅជា​តំបន់​ដ៏​មាន​សក្ដានុពល ជាពិសេស​លើ​ផ្នែក​សំណង់​លំនៅឋាន​ដែល​ជំរុញ​ឱ្យ​តម្លៃ​ដី​មានការ​កើនឡើង​ខ្ពស់។

    លោក​ឧកញ៉ា​បាន​បន្ថែមទៀតថា កាលពី​ប៉ុន្មាន​ឆ្នាំមុន ដី​នៅជាប់​ផ្លូវធំ​ក្នុង​តំបន់​ជ្រោយចង្វារ​មានតម្លៃ​ទាប​នៅឡើយ ពោលគឺ​ប្រមាណ​ជា1,000 ទៅ1,500ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ែត្រការ៉េ ប៉ុន្តែឥឡូវ​បាន​កើនឡើង​ខ្ពស់​រហូតដល់2,500 ទៅដល់ 3,500ដុល្លារ​ឯណោះ​ក្នុង​មួយ​ម៉ែត្រការ៉េ។

    លោក​ឧកញ៉ា​បាន​បន្តទៀតថា ប្រសិនបើ​បរិយាកាស​សេដ្ឋកិច្ចកម្ពុជា​នៅតែមាន​ភាពល្អប្រសើរ​ដូចជា​ពេល​បច្ចុប្បន្ននេះ មិនយូរ​ទៀត​ទេ​តំបន់​ជ្រោយចង្វារ​នឹង​ក្លាយជា​តំបន់​ពិសេស​មួយ​ដែលអំណោយផល​លើ​វិស័យ​សំណង់​លំនៅដ្ឋាន​សម្រាប់​ការរស់នៅ ក៏ដូចជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្មផ្សេងៗដែល​នឹង​ធ្វើឱ្យ​កើតមាន​វត្តមាន​របស់​អគារធំៗ និងខ្ពស់ៗមិន​ក្រោម15 ទៅ20ជាន់​ជាច្រើន​ប្រៀបដូចជា​តំបន់​កៅ​លូន​ដែល​ស្ថិតនៅ​ជ្រោយ​ម្ខាង​នៃ​ទីក្រុង​ហុងកុង​ដូច្នោះ​ដែរ។

    ជាក់ស្តែងថ្មីៗនេះ​ក៏មាន​គម្រោង​ខុន​ដូ Residences Bel Air ដែលមាន​លក្ខណៈ​ទំនើប​ស្តង់ដារ​បែប​បារាំង​កម្ពស់ 18ជាន់​ត្រៀម​សាងសង់​ក្រោម​ការបណ្តាក់ទុន​រូ​ម​គ្នា​រវាង​អ្នកវិនិយោគ​ជនជាតិខ្មែ​រ និង​បរទេស​សង់​នៅ​តំបន់​ជ្រោយចង្វារ​បែរមុខ​ទៅ​ទន្លេមេគង្គ​នេះ​ផងដែរ។ លោក ជា ឡាយ​ឃាង​អគ្គនាយក ខុន​ដូ Residences Bel Air បាន​មានប្រសាសន៍​យល់ស្រប​ទៅនឹង​ការលើកឡើង​របស់​អ្នកជំនាញ​ខាងលើ​ថា ហេតុផល​ដែល​ជំ​រុញឱ្យ​រូបលោក​បោះទុន​ជាច្រើន​លាន​ដុល្លារ​លើ​ការសាងសង់​អគារ​ខុន​ដូ Residences Bel Air ព្រោះ​ជ្រោយ-ចង្វារ​ជា​តំបន់​មួយ​ដែលមាន​សក្ដានុពល។

    ក្រៅពី​មាន​ភាព​អំណោយផល​ពី​ធម្មជាតិ​នូវ​ខ្យល់អាកាស​ត្រជាក់​បរិសុទ្ធ​ស្ថិតនៅ​ទិសខាងកើត​ឆៀង​ខាងជើង​អមដោយ​ដង​ទន្លេ​ព័ទ្ធជុំវិញ ជ្រោយចង្វារ​ក៏​ជា​តំបន់ ដែល​ជិត​ងាយស្រួល​ធ្វើដំណើរ​មកកាន់​កណ្តាល​រាជធានី​ភ្នំពេញ។ លោក​បាន​បន្តថា សម្រាប់​ប្រជាជន​កម្ពុជា​បច្ចុប្បន្ន​ចាប់ផ្តើម​មាន​ទំនោរ​ក្នុងការ​រស់នៅ​បែប​អគារ​សហកម្មសិទ្ធិ​ជាបណ្តើរៗដែរ ហើយ និង​រឿង​ដែល​ពួកគាត់​តែងមាន​ការបារម្ភ​គឺ​សុវត្ថិភាព​នៃ​អគ្គិភ័យ​ព្រោះ​វា​ជាការ​រស់នៅ​លើ​ខុន​ដូ​ដ៏​ខ្ពស់​មួយ ហេតុដូច្នេះ​ទើប​លោក​មានការ​ប្រុងប្រយ័ត្ន និង​យកចិត្តទុកដាក់​ខ្ពស់បំផុត​លើ​បច្ចេកទេស​នៃ​ការសាងសង់ ដោយមាន​ប្រព័ន្ធ​ការពារ​សុវត្ថិភាព និង​បំពាក់​ដោយ​ឧបករណ៍​ការពារ​អគ្គិភ័យ​ដ៏​ទំនើប​ប្រកបដោយ​ភាពជឿជាក់ ធ្វើយ៉ាងណា​ធានាបាន​នូវ​សុវត្ថិភាព​ខ្ពស់​ដល់​អ្នករស់នៅ​លើ​ខុន​ដូ​របស់លោក។

    ចំណែក​លោក ច្រឹ​ក សុខ​នី​ម អគ្គនាយក​ក្រុមហ៊ុន Century 21 MEKONG បាន​មានប្រសាសន៍​ស្រដៀង​គ្នា​នឹង​លោក ជា ឡាយ​ឃាង ដែរ​ថា តំបន់​ជ្រោយចង្វារ​ជា​តំបន់​អភិវឌ្ឍ​ន៍ទី2 បន្ទាប់ពី​តំបន់ភ្នំ​ពេញ​ថ្មី(ប៉ែក​ពាយព្យ​រាជធានី​ភ្នំពេញ) ដែល​អ្នកវិនិយោគធំៗកំពុង​នាំគ្នា​សម្លឹង​បែរ​ទិស​ទៅ​អភិវឌ្ឍ​នៅ​ទីនោះ​ម្ដង ដោយសារតែ​ទីតាំង​ខាងលើ​មាន​ភាព​អំណោយផល​ពី​ធម្មជាតិ​លើ​ការរស់នៅ មាន​ដង​ទន្លេ​សងខាង​ដែល​ផ្តល់នូវ​ភាពស្រស់​ស្រាយ​បរិសុទ្ធ មានផ្លូវធំៗ មាន​ស្ពាន​ឆ្លងកាត់​ច្រើន និង​មាន​ទីតាំង​ភូមិសាស្ត្រ​នៅ​ជិត​ទីតាំងសំខាន់ៗរបស់​រាជធានី​ភ្នំពេញ​ច្រើនជាងគេ​ក្នុងចំណោម​តំបន់​ជាយក្រុង​ទាំង4ទិស ដូចជា​ផ្លូវជាតិ​លេខ1 ផ្លូវជាតិ​លេខ2 លេខ3 លេខ4 និង​ផ្លូវជាតិ​លេខ5។

    លោក​ថា ក្រៅពី​សំណង់​លំនៅឋាន​រស់នៅ​បែប​ស៊ី​វិ​ល័យ​សម័យ​ទំនើប​ហើយ តំបន់​ជ្រោយចង្វារ​នឹង​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ផ្សារ​ទំនើប​ដ៏​សម្បូរបែប ខណៈដែល​អ្នកវិនិយោគធំៗពិសេស​ក្រុមហ៊ុន OCIC បាននិងកំពុង​ត្រៀម​អភិវឌ្ឍ​សំណង់ពិសេសៗ អគារខ្ពស់ៗ នៅ​ទីនោះ​បន្ថែមទៀត។

    គួរ​បញ្ជាក់ថា ចាប់តាំងពី​តំបន់​គល់ស្ពាន​ជ្រោយ-ចង្វារ​ឆ្ពោះទៅ​ទិសខាងកើត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ 6A សំណង់​គ្រប់​ប្រភេទ​បាន​លេចចេញ​រូបរាង​ព្រោងព្រាត ដែល​ក្នុងនោះ​រួមមាន​ដូចជា បុរី​សុភមង្គល បុរី ​The Mekong Royal បុរី​ប៉េង​ហួត បុរី​អរ​គី​ដេ​វីឡា និង​បុរី The Flora ជាដើម៕

  • Midori Sunrise ស្រាក្រឡុកដ៏ពេញនិយមនៅជាន់លំហអាកាស katari

    Midori Sunrise ស្រាក្រឡុកដ៏ពេញនិយមនៅជាន់លំហអាកាស katari

    នៅពេលបច្ចុប្បន្ន ចំពោះប្រភេទស្រាក្រឡុក បានក្លាយទៅជាភេសជ្ជៈដែលមានការពេញនិយមពីសំណាក់មនុស្សសម័យថ្មី គួរឱ្យកត់សម្គាល់ ខណៈដែលតាមរយៈការទទួលទានស្រក្រឡុកបានបង្ហាញពីភាពឡូយឆាយ និងទាន់សម័យ។ ជាមួយគ្នានេះ លោកអ្នកក៏អាចក្លាយជាមនុស្សដែលទាន់សម័យ និងថ្លៃថ្នូរបានដែរ ដោយគ្រាន់តែមកអង្គុយបណ្តែតអារម្មណ៍ក្រេបរសជាតិស្រាក្រឡុក Midori Sunrise នៅលើជាន់លំហរអាកាសរបស់សណ្ឋាគារ Katari ដែលមានទីតាំងស្ថិតនៅអគារលេខ61 ផ្លូវ294 សង្កាត់បឹងកេងកង1 ខណ្ឌចំការមន រាជធានីភ្នំពេញ ឬអាចសាកល្បងធ្វើភេសជ្ជៈដ៏ឆ្ងាញ់ពិសានេះដោយខ្លួនឯងនៅគេហដ្ឋានដោយអនុវត្តតាមវិធីដូចតទៅនេះ។

    គ្រឿងផ្សំ

    • ស្រា Tequila
    • ស្រា Midori
    • ទឹកក្រូចច្របាច់
    • ទឹកកក
    • ទឹកទទឹមក្រហម

    វិធីធ្វើ​

    ប្រសិនបើជាអ្នកជំនាញផ្នែកក្រឡុកស្រាហាក់មិនពិបាកអនុវត្តនោះទេ ប៉ុន្តែប្រសិនបើជាអ្នកមិនធ្លាប់អនុវត្តទាល់តែសោះនោះ អាចមានបញ្ហាបន្តិចបន្តួច ប៉ុន្តែមិនមែនមានន័យថា មិនអាចធ្វើបាននោះទេ។ ជាដំបូង លោកអ្នកគ្រាន់តែស្វែងរកនូវវត្ថុធាតុដើមដូចដែលបានបង្ហាញជូនខាងលើនេះ ដូចជា ស្រា Tequila , ស្រា Midori​​​​្ និងទឹកក្រូចច្របាច់ យកមកចាក់ក្រឡុកបញ្ចូលគ្នា។ បន្ទាប់មកដាក់ទឹកកកចូលក្រឡុកសាជាថ្មីប្រមាណជា10វិនាទី ហើយចាក់ចូលក្នុងកែវ។ ជាចុងក្រោយ ចាក់ទឹកទទឹមក្រហមពីលើ ដើម្បីបន្ថែមក្លិនក្រអូបឈ្ងុយ និងមានពណ៌ស្រស់ស្អាតដល់ភេសជ្ជៈមួយមុខនេះជាការស្រេច៕

  • ឈិត សុវណ្ណបញ្ញា មានទុក្ខក្រៀមក្រំដោយសារលោកយាយបានទទួលមរណភាព

    ឈិត សុវណ្ណបញ្ញា មានទុក្ខក្រៀមក្រំដោយសារលោកយាយបានទទួលមរណភាព

    មួយភ្លែតមុននេះ តារាចម្រៀងស្រីនៅក្នុងផលិតកម្មថោន កញ្ញា ឈិត សុវណ្ណបញ្ញា បានបង្ហោះសារ និងរូបភាពជាច្រើនសន្លឹក ដែលបង្ហាញឱ្យឃើញថា រូបនាងកំពុងតែមានទុក្ខសោកយ៉ាងក្រៀមក្រំ ដោយសារតែលោកយាយរបស់នាងបានទទួលមរណភាពកាលពីយប់ថ្ងៃទី4 ខែឧសភា ឆ្នាំ2018នេះ ដោយរោគាពាធ។

    តារាស្រីរូបនេះ បានបង្ហោះសាររៀបរាប់មួយនៅប៉ុន្មាននាទីមុននេះថា «សូមលោកយាយជាទីស្រឡាញ់នៃចៅបានទៅកាន់ឋានសួគ៌ កូនចៅទាំងអស់នឹករលឹកលោកយាយណាស់»។ គួរបញ្ជាក់ផងដែរថា ខណៈនេះក្រុមគ្រួសាររបស់តារាស្រី ឈិត សុវណ្ណបញ្ញា កំពុងរៀបចំពិធីបុណ្យសពរបស់លោកយាយទៅតាមប្រពៃណីខ្មែរ និងទំនៀមទម្លាប់សាសនា។ នៅក្នុងនោះដែរ គេឃើញមានអ្នកគាំទ្រតារាចម្រៀងស្រីរូបនេះបានបង្ហោះសាររំលែកទុក្ខ និងចូលរួមសោកស្ដាយក្នុងការបាត់បង់មនុស្សជាទីគោរពស្រឡាញ់នៃក្រុមគ្រួសារបញ្ញា។

    ជំនួសមុខឱ្យសារព័ត៌មានឡារ៉ែន យើងខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះជាមួយក្រុមគ្រួសារតារាចម្រៀងស្រី ឈិត សុវណ្ណបញ្ញា ផង និងសូមឱ្យវិញ្ញាណក្ខន្ធលោកយាយបានអញ្ជើញទៅកាន់សុខគតិភពកុំបីខាន៕

  • ស៊ូ ស៊ីរីកា ផ្ទុះសង្គ្រាមសម្តី​ជាមួយពិធីការិនី រ័ត្ន ផាវាឌី ពាក់ព័ន្ធរឿងស្នេហាត្រីកោណ?!?

    ស៊ូ ស៊ីរីកា ផ្ទុះសង្គ្រាមសម្តី​ជាមួយពិធីការិនី រ័ត្ន ផាវាឌី ពាក់ព័ន្ធរឿងស្នេហាត្រីកោណ?!?

    ក្រោយពីកើតមានភាពភ្ញាក់ផ្អើលលើបណ្តាញសង្គមហ្វេសប៊ុកពាក់ព័ន្ធនឹងពិធីការិនី រ័ត្ន ផាវាឌី ដែលបានធ្វើការ Live វីដេអូនិយាយពីបុគ្គលម្នាក់ដែលបានដើរនិយាយដើមនាងថា ​យកលុយពីប្រុសចាស់ទៅចិញ្ចឹមប្រុសក្មេងបន្តនោះ បានធ្វើឱ្យអ្នកក្នុងចង្កោមសិល្បៈចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីតារាចម្រៀង ស៊ូ ស៊ីរីកា បញ្ចេញមតិ Comment ឌឺដងផ្លែផ្កាដាក់ទៅវិញរួចមក។​

    គេនៅចាំបានថា កាលពីថ្ងៃទី31 ខែឧសភា ឆ្នាំ2018 កន្លងទៅថ្មីនេះៗ ពិធីការិនីក្នុងកម្មវិធី Happy Life Show របស់ស្ថានីយទូរទស្សន៍ថោន បាន Live និយាយទាំងទឹកភ្នែកខ្សឹកខ្សួល នៅលើគណនីហ្វេសប៊ុករបស់នាងថា «គេបាននិយាយថា ខ្ញុំមានគេចិញ្ចឹម មានប្រុសចាស់ចិញ្ចឹម រួចយកលុយពីប្រុសចាស់ ទៅចិញ្ចឹមប្រុសក្មេង​បន្ត។ អ៊ីចឹង​អ្នកឯងមិនបាច់ដើរនិយាយថា មានអ្នកនោះSponser អ្នកនេះSponser រួចដើរនិយាយដើមខ្ញុំថា ខ្ញុំជាមនុស្សស្រីអស់សាច់ ដែលភាសានេះមានន័យថា មនុស្សប្រុសណាក៏អាចយកខ្ញុំទៅដេកបានដែរ។ អ៊ីចឹងចង់សួរទៅអ្នកដើរបរិហារកេរ្តិ៍គេនោះវិញថា ស្គាល់ខ្ញុំច្បាស់នៅ? ស្គាល់ពីប្រវត្តិខ្ញុំច្បាស់នៅ? បានចូលមករស់នៅក្នុងសង្គមគ្រួសាររបស់ខ្ញុំនៅ? ហើយដឹងថាខ្ញុំជាមនុស្សបែបម៉េចទេ?»។

    កញ្ញាបានបន្តថា «រឿងនេះខ្ញុំខឹងគាត់(អ្នកដើរនិយាយដើម)ឡើងចង់ស្រែកយំទៅហើយ មើលងាយខ្ញុំហួសហេតុពេក។ ខ្ញុំសូមប្រាប់ទៅអ្នកវិញថា មុននឹងនិយាយពីគេ សូមមើលខ្លួនឯងពីក្បាលដល់ចុងជើងផង ថា​ខ្លួនឯងយ៉ាងម៉េច។ សម្រាប់ក្រុមគ្រួសារខ្ញុំ គឺអ្នករកស៊ីលក់ខោអាវ គ្រឿងកាឡៃ បងស្រីខ្ញុំរកស៊ីលក់តាមអនឡាញ ហើយ​បងស្រីខ្ញុំឡើងទៅចិនយកឥវ៉ាន់មកលក់ ដោយបោះដុំនៅអូឡាំពិក និងផ្សារថ្មី ខ្ញុំសារភាពត្រង់តែម្តង ខ្ញុំមិនរស់ដោយសារតែលុយអាណាមកជះចិញ្ចឹម ហៅខ្ញុំទៅដេក​ឱ្យលុយ គឺគ្មាននោះទេ។ តើមាននរណាដឹងថាមាន ហើយស៊ើបច្បាស់ពីខ្ញុំ ដើរលក់ខ្លួនឬអ៊ីចឹងមែន ហៅមក ខ្ញុំសុខចិត្តជូនជាសគុណ ជប់លៀងឱ្យទៀត តែកុំបង្ខូច​ខ្ញុំពេក។ កញ្ញាបានបន្តទៀតថា ប្រវត្តិគ្រួសារខ្ញុំបែបម៉េច បើចង់ច្បាស់ទៅសួរ​នៅខេត្តតាកែវទៅ ព្រោះស្រុកកំណើតខ្ញុំនៅទីនោះ ហើយសួរថាពូជអម្បូរ​ខ្ញុំវាម៉េច​?»។

    ​កា​រ​ប​ញ្ចេ​ញសា​រ​ជា​វី​ដេ​អូ​ទាំ​ង​ទឹ​ក​ភ្នែ​ក​នេះ​ ត្រូ​វ​បា​ន​ម​ហា​ជ​ន​ដា​ក់​កា​រ​ស​ង្ស័​យថា​ ​ទំ​ន​ងជា​កើ​ត​ចេ​ញ​ពី​ស្នេ​ហា​ត្រី​កោ​ណ​រវាង​តា​រា​ច​ម្រៀ​ង​ស្រី​ម្នា​ក់​រ​ប​ស់​ផ​លិ​ត​ក​ម្ម​ថោ​ន​។​​​ ដោយហេតុថា មុនការបញ្ចេញវីដេអូនេះ គេឃើញ​គណនីមួយមានឈ្មោះថា «SouSiryka» បានបង្ហោះ Comment ថា គ្រាប់បើជាងមនុស្សស្រីមួយចំនួន ដែលឱ្យគេចិញ្ចឹមហើយ​យកលុយទៅចិញ្ចឹមប្រុសត ហើយធ្វើចរិតអ្នកមានដើរ​ប៉ាវគេ ណាគេមានខ្លួនយកទៅ»។​

    គួរបញ្ជាក់ផងដែរថា មហាជនបានដាក់ការសង្ស័យថា តារាចម្រៀងខាងលើនេះទំនង​ជាមានសង្គ្រាមពាក្យសម្តីជាមួយគ្នា ទើបឈានដល់ដំណាក់កាលខំមិន ( Comment )  និងឡៃហ្វ៍ ( Live ) យកឈ្នះចាញ់រៀងខ្លួនយ៉ាងដូច្នេះ។​ ទោះបីជាយ៉ាងណា សារព័ត៌មាន ឡារ៉ែន មិនទាន់អាចសុំការស្រាយបំភ្លឺពីអ្នកទាំងពីរបាននៅឡើយ៕

  • អូហូ!! វ៉ាន់ វល័ក្ខ ចូលតួខ្លាំង ពេលសម្ដែងឈុតស្រៀវស្រើបជាមួយតួប្រុសរូបនេះ…

    អូហូ!! វ៉ាន់ វល័ក្ខ ចូលតួខ្លាំង ពេលសម្ដែងឈុតស្រៀវស្រើបជាមួយតួប្រុសរូបនេះ…

    ពិតជាគួរឱ្យភ្ញាក់ផ្អើលខ្លាំងមែនទែន នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកដែលត្រូវបានគេមើលឃើញថា តារាសម្ដែងប្រុស សុវណ្ណ ចាន់រតនា បានទម្លាយខ្សែវីដេអូចំនួន 2ឃ្លីប ដែលសម្ដែងឱ្យឃើញពីសកម្មភាពរួមស្នេហាដ៏ក្ដៅរោលរាលនៅលើគ្រែជាមួយតារាសម្ដែងស្រីសិចស៊ី កាចឆ្នាសឆ្នើម កញ្ញា វ៉ាន់ វល័ក្ខ នៅក្នុងបទចម្រៀងរបស់ផលិតកម្ម សាស្តា ដែលមានចំណងជើងថា «ស្រីមុខលុយ»។

    អូហូ! គ្រាន់តែឮចំណងជើងបទចម្រៀងនោះ ប្រិយមិត្តទស្សនិកជនក៏អាចទាយដឹងដែរថា តារាស្រី វ៉ាន់ វល័ក្ខ ត្រូវសម្ដែងជាតួអង្គបែបណា។ តាមរយៈវីដេអូក្ដៅសាច់ខ្លីៗទាំង 2នោះ គេក៏បានឃើញដែរថា តារាស្រីរូបនេះហាក់បីដូចជាចូលតួខ្លាំងខុសពីធម្មតាក្នុងការសម្ដែងជាមួយតារាប្រុសមាឌឌាំងម្នាក់នេះណាស់ ព្រោះមិនត្រឹមតែមានរូបរាងសង្ហាប៉ុណ្ណោះទេ តែគេក៏មានទេពកោសល្យក្នុងការសម្ដែងខ្លាំងណាស់ដែរ។ វីដេអូទាំង 2នោះ គឺអ្នកដឹកនាំតម្រូវឱ្យតួទាំង2 សម្តែងនៅលើគ្រែជាមួយគ្នាស្រស់ៗ ឆៅៗ នូវឈុតឆាកស្រៀវស្រើបកាមារម្មណ៍ពិតៗ ហើយផ្លាស់ប្ដូរអារម្មណ៍សម្ដែងភ្លាមៗ ហួសពីការស្មាន ដោយមិនមានកាត់តសូម្បីតែបន្តិច។

    ដើម្បីកុំឱ្យខាតពេលយូរ សូមទស្សនាវីដេអូខាងក្រោមនេះ៖

  • “ចាប់បដិសន្ធិ” ប្រតិបត្តិការដ៏មហស្ចារ្យរបស់ជីវិត

    “ចាប់បដិសន្ធិ” ប្រតិបត្តិការដ៏មហស្ចារ្យរបស់ជីវិត

    នៅលើពិភពលោកមួយនេះ រឿងដែលអាចហៅបានថា “មហស្ចារ្យ” បានកើតឡើងច្រើន ណាស់។ ការ “ចាប់បដិសន្ធិ” ឡើងនៅក្នុងគភ៌ម្ដាយ ក៏អាចហៅបានថាជារឿងដ៏មហស្ចារ្យមួយដែរ ព្រោះទម្រាំនឹងមេជីវិតមួយហែលវែកហ្វូង ចូលទៅរកស៊ុតញី និងចោះចូលទៅបានសម្រេចនោះមិនមែនជារឿងងាយស្រួលឡើយ។ ទើបមិនគួរឱ្យចម្លែកចិត្តឡើយដែលគូស្វាមីភរិយាទាំងឡាយសុទ្ធតែមានក្ដីរំភើបសោមនស្សជាខ្លាំងនៅពេលដឹងថា មានជីវិតមួយទៀតបាន “ចាប់បដិសន្ធិ” ឡើងហើយនៅក្នុងគភ៌ ដូច្នេះយើងនាំគ្នាមកមើលទាំងអស់គ្នាថា ទម្រាំតែកូនតូចជាទីស្រឡាញ់របស់អ្នកប្រសូតចេញមកនោះ តើមានអ្វីកើតឡើងខ្លះនៅក្នុងគភ៌ម្ដាយ?

    ការធ្វើដំណើររបស់មេជីវិត
    បន្ទាប់ពីខាងប្រុសបង្ហូរទឹកអសុចិដែលមានមេជីវិតចំនួនដ៏ច្រើនរាប់រយលានក្បាលចូលទៅក្នុងរន្ធស្បូនរបស់ខាងស្រីហើយ មេជីវិតទាំងនោះនឹងហែលវែកទឹករំអិលក្នុងបរិវេណរន្ធស្បូនឆ្ពោះទៅរកមាត់ស្បូនដែលមានភាពស្ដើង និងយឺតយារយ៉ាងល្អក្នុងអំឡុងពេលទម្លាក់ស៊ុតញី ហើយហែលបន្តចូលទៅក្នុងប្រអប់ស្បូន ឆ្លងកាត់បំពង់បង្ហូរស៊ុតឆ្ពោះទៅរកដៃស្បូន។ ជា-ទូទៅមេជីវិតនឹងហែលវែកកាយទៅមុខដោយល្បឿន 2-3មីល្លីម៉ែត្រក្នុងមួយនាទី តែនឹងហែលទៅមុខបានយឺតក្នុងអំឡុងពេលឆ្លងកាត់រន្ធស្បូនដែលមានសភាពជាអាស៊ីត ហើយនឹងហែលលឿនឡើងនៅពេលឆ្លងផុតមាត់ស្បូនចូលទៅក្នុងប្រអប់ស្បូនដែលមានសភាពជាជាតិក្បុងដែលទម្រាំតែហ្វូងមេជីវិតធ្វើដំណើរទៅដល់ដៃស្បូន ចំនួនបានថយចុះអស់ជាច្រើន ធ្វើឱ្យនៅសល់មេជីវិតចំនួនមិនច្រើនប៉ុន្មានឡើយដែលមានឱកាសហែលទៅដល់ស៊ុតញី និងមានមេជីវិតតែមួយក្បាលគត់ ដែលអាចចោះចូលទៅក្នុងពពុះស៊ុតបានសម្រេច។ បន្ទាប់ពីចោះចូលទៅបានហើយ មេជីវិតនឹងផ្ដាច់កន្ទុយចេញ និងរំលាយផ្នែកក្បាលដើម្បីបញ្ចេញក្រូម៉ូហ្សូមទាំង 23ដើមដែលផ្ទុកនៅខាងក្នុងឱ្យចូលទៅរកស៊ុតញី ដើម្បីចាប់គូជាមួយក្រូម៉ូហ្សូម 23ដើមទៀតនៅក្នុងពពុះស៊ុត និងរួមចូលគ្នាក្លាយជាកោសិកាតែ1 ដែលមានន័យថា ការ “ចាប់បដិសន្ធិ” បានកើតឡើងហើយ។

    វិវឌ្ឍនាការរបស់កោសិកា និងការធ្វើដំណើររបស់តួកំណើត
    បន្ទាប់ពីមានការ “ចាប់បដិសន្ធិ” ឡើង រហូតកើតជាកោសិកាហើយ កោសិកានឹងធ្វើការបំបែកខ្លួនបែបទ្វេគុណយ៉ាងឆាប់រហ័សពី1 ទៅជា2 ពី2 ទៅជា4 ពី4 ទៅជា8 ជារឿយៗ រហូតដល់មានរាប់រយកោសិកា និងក្នុងពេលជាមួយគ្នានោះឯង ស៊ុតដែលបានទទួលការរួមផ្សំ និងក្លាយជាតួកំណើតនេះនឹងរំកិលសន្សឹមៗទៅបង្កប់ខ្លួនក្នុងប្រអប់ស្បូន ដែលជាទូទៅ នឹងប្រើពេលវេលាក្នុងការធ្វើដំណើរប្រមាណជាមួយសប្ដាហ៍។ នៅពេលតួកំណើតអាចបង្កប់ខ្លួននៅក្នុងសាច់ភ្នាសប្រអប់ស្បូនបានយ៉ាងរឹងមាំល្អហើយ ទើបអាចហៅបានថា ការ “ចាប់បដិសន្ធិ” លើកនេះចប់សព្វគ្រប់យ៉ាងពេញលេញហើយ។ បន្ទាប់ពីនោះ តួកំណើតនឹងវិវឌ្ឍខ្លួនជាបណ្ដើរៗរឿយៗ ដោយនឹងប្រើពេលវេលាប្រមាណ 9ខែ ឬ40សប្ដាហ៍ ក៏នឹងវិវឌ្ឍចប់សព្វគ្រប់យ៉ាងពេញ-លេញ និងត្រៀមខ្លួនរួចជាស្រេចក្នុងការប្រសូតចេញមកពិភពខាងក្រៅ៕

  • Man Utd ធ្វើឱ្យ Fred ក្លាយជា​កីឡាករ​ចំណូល​ថ្មី​មុនគេ​របស់ខ្លួន​នៅ​រដូវក្តៅ​នេះ

    Man Utd ធ្វើឱ្យ Fred ក្លាយជា​កីឡាករ​ចំណូល​ថ្មី​មុនគេ​របស់ខ្លួន​នៅ​រដូវក្តៅ​នេះ

    ក្លិប Manchester United បាន​ឈានដល់​ការព្រមព្រៀង​គ្នា​មួយ​ជាមួយនឹង​ក្លិប Shakhtar Donetsk ដើម្បី​ចុះហត្ថលេខា​ជាមួយនឹង​ខ្សែបម្រើ​អន្តរជាតិ​ប្រេ​ស៊ី​ល Fred ក្នុងតម្លៃ​ខ្លួន​ប្រមាណ​ជា 52លាន​ផោន (ស្មើនឹង 69លាន​ដុល្លារ​អាមេរិក)។

    Man United បានប្រកាស​ពី​ព័ត៌មាន​នេះ ក្នុង​សេចក្តីថ្លែងការណ៍​ដ៏​ខ្លី​មួយ​នៅលើ​គេហទំព័រ​ផ្ទាល់ខ្លួន​របស់​ពួកគេ​តាមរយៈ​ការបញ្ជា​ក់ថា៖ «ក្លិប Manchester United ពិតជា​រីករាយ​ណាស់​ក្នុងការ​ប្រាប់ថា យើង​បាន​ឈានដល់​ការ​ព្រមព្រៀងគ្នា​ជាមួយនឹង​ក្លិប Shakhtar Donetsk សម្រាប់​ការផ្ទេរ Frederico Rodrigues de Paula Santos (Fred)។ ការប្រកាស​បន្ថែមទៀត​នឹងត្រូវ​ធ្វើឡើង​ក្នុងពេលឆាប់ៗនេះ។

    Fred បាន​ចូល​លេង​ក្នុងពេល​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល បាន​យកឈ្នះ​លើ​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី 2-0 ក្នុងការ​ប្រកួត​មិត្តភាព​នា​កីឡដ្ឋាន Anfield កាលពី​ថ្ងៃអាទិត្យ ប៉ុន្តែ​នៅតែមាន​ភាព​ខ្មាស់អៀន​ទៅលើ​អនាគត​របស់គេ នៅពេលដែល​ត្រូវបាន​ចោទសួរ​ដោយ​បណ្តាញសារព័ត៌មាន​ប្រេ​ស៊ី​ល​ក្រោយពី​ការប្រកួត​នេះ។

    កីឡាករ​វ័យ 25ឆ្នាំ​រូបនេះ ដែល​បាន​ចូលរួម​ជាមួយនឹង​ក្លិប Shakhtar ដោយ​ចេញពី​ក្លិប Inter Milan កាលពី​ឆ្នាំ2013 ត្រូវបាន​បញ្ចូល​ឈ្មោះ​ក្នុង​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល សម្រាប់​យុទ្ធនាការ World Cup ក្នុងប្រទេស​រុស្ស៊ី។

    រូបគេ​នឹង​ក្លាយជា​កីឡាករ​ចំណូល​ថ្មី​ដំបូង​គេ​នៅ​រដូវក្តៅ​នេះ របស់លោក Jose Mourinho អ្នកចាត់ការ​ទូទៅ​រប​ស់ Man United ដែល​ក៏​កំពុងតែ​ស្ថិត​យ៉ាង​ប្រកៀក​ក្នុង​ការបំពេញ​ការផ្ទេរ​ខ្សែការពារ DiogoDalot ពី​ក្លិប Porot ផងដែរ៕

    ប្រភពពី៖ Daily Mail

  • រុស្ស៊ី សម្លឹង​រកមើល​ការធ្វើឱ្យ​បាល់ទាត់​ស្ថិតក្នុង​ទីតាំង​នាំមុខគេ​នៅ World Cup 

    រុស្ស៊ី សម្លឹង​រកមើល​ការធ្វើឱ្យ​បាល់ទាត់​ស្ថិតក្នុង​ទីតាំង​នាំមុខគេ​នៅ World Cup 

    ប្រទេស​ឯកោ​រុស្ស៊ី នឹងត្រូវ​បើកទ្វារ​ចំហ ដើម្បី​រៀបចំ​យុទ្ធនាការ World Cup ក្នុង​រយៈពេល 1សប្តាហ៍​ទៀត ក្រោម​ការតុបតែង​រចនា​ប្រកបដោយ​ភាពស្រស់​បំព្រង និង​ល្អ​ប្រណីត ដើម្បី​ធ្វើឱ្យ​ប្រទេស​ម្ចាស់​ផ្ទះមួយ​នេះ ចាក​ចេញពី​ភាព​ត្រជាក់។

    ការអបអរសាទរ​រ​យៈ​ពេល 1ខែ​ពេញ​នៃ​កីឡា​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​របស់​ពិភពលោក​មួយ​នេះ អាច​នឹងត្រូវ​រំខាន​ដោយ​ការបារម្ភ​អំពី​ការរើសអើង​ជាតិ​សាសន៍ និង​អំពើហិង្សាផ្សេងៗ ក៏ដូចជា​ជម្លោះ​ផ្នែក​ការទូត​ដែរ។ ប៉ុន្តែ លោក Vladimir Putin មិនមាន​ភាពស្រពេចស្រពិល​ក្នុងការ​បង្កើតឱ្យមាន​ព្រឹត្តិការណ៍​ដ៏​ធំ​បំផុត និង​រំភើប​បំផុត ដែល​រុស្ស៊ី​មិន​ធ្លាប់​បានឃើញ​នេះឡើយ ចាប់តាំងពី​ព្រឹត្តិការណ៍​អូឡាំពិក​រដូវក្តៅ ក្នុង​ទីក្រុង​ម៉ូស្គូ កាលពី​ឆ្នាំ1980ម្ដង​រួចមក។

    កីឡដ្ឋាន​ចំនួន12 ក្នុង​ទីក្រុង11 ជាប់​តំបន់​អឺរ៉ុប ក្នុងប្រទេស​ដ៏​ធំជាងគេ​បំផុត​ក្នុង​ពិភពលោក កំពុង​ត្រៀមលក្ខណៈ​រួចរាល់​ហើយ ក្រោយពី​បំពេញ​ការ​លាប​ពណ៌​ជា​លើកចុងក្រោយ​របស់ខ្លួន​រួចរាល់។ តារាឆ្នើមៗជាច្រើន​ចាប់ពី​ខ្សែប្រយុទ្ធ​អន្តរជាតិ​ប្រេ​ស៊ី​ល Neymar រហូតដល់ Lionel Messi របស់​អា​ហ្ស​ង់​ទីន និង Cristiano Ronaldo របស់​ព័រ​ទុយ​ហ្គា​ល់ សុទ្ធសឹង​កំពុងតែ​ត្រៀម​ធ្វើការ​ប្រជែង​គ្នា​ដើម្បី​ទទួលបាន​សិទ្ធិ​លើក​ពាន​ឈ្មោះថា Jules Rimet Trophy នា​ថ្ងៃទី15 ខែកក្កដា។

    ស្ទើរតែ​គ្រប់​មនុស្ស នៅក្នុង​ពិភពលោក បាន​ចាប់អារម្មណ៍​ទៅលើ​យុទ្ធនាការ World Cup ចុងក្រោយ​គេ ក្នុងប្រទេស​ប្រេ​ស៊ី​ល កាលពី​ឆ្នាំ2014។ ក្នុង​យុទ្ធនាការ​នោះ ក្រុម​ម្ចាស់ផ្ទះ បាន​ចាញ់​ទាំង​អាម៉ាស់​ក្នុង​លទ្ធផល 7-1 ក្រោម​ស្នាដៃ​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ តែ​នៅពេលដែល​ត្រូវបាន​ស្នើឱ្យ​ជ្រើសរើស​ក្រុម​ដែល​អាច​ឈ្នះ​ពាន​នៅ​ឆ្នាំនេះ លោក Putin បាន​ឆ្លើយថា៖ «ក្រុម​ម្ចាស់ផ្ទះ»៕

    ប្រភពពី៖ Channel News Asia

  • ធ្លាយ​រឿង ព្រះកាយ ច័ន្ទ លួចលាក់​ស្នេហ៍​ក្រៅ​ឆាក​ជាមួយ លោក ឆា​នី សូ

    ធ្លាយ​រឿង ព្រះកាយ ច័ន្ទ លួចលាក់​ស្នេហ៍​ក្រៅ​ឆាក​ជាមួយ លោក ឆា​នី សូ

    ស្រប​ពេលដែល​ប្រជាប្រិយភាព​កំពុង​តែមាន​ភាព​ពុះកញ្ជ្រោល​ខ្លាំង​តាមរយៈ​ការសម្ដែង​នៅក្នុង​ខ្សែភាពយន្ត​ភាគ​ខ្មែរ ដែល​ចាក់​បញ្ចាំង​នៅលើ​កញ្ចក់​ទូរទស្សន៍ប៉ុស្តិ៍​លេខ5 រឿង “ទណ្ឌកម្ម​ស្នេហ៍”ក្នុងនាម​ជា​តួឯក​ស្រី​នោះ ពេលនេះ​តារា​សម្ដែង​ស្រី​រាង​ខ្ពស់ស្រឡះ ដែល​តែង​យក​ឪពុក​ដើរ​តាម​ប្រៀប​ដូច​កង​រក្សា​សុវត្ថិភាព កញ្ញា ព្រះកាយ ច័ន្ទ ត្រូវបាន​គេ​ទម្លាយ​អាថ៌កំបាំង​មក​ថា មិន​ត្រឹមតែ​ជាការ​សម្ដែង​បែប​គូស្នេហ៍​នៅក្នុង​សាច់រឿង​ជាមួយ​តួឯក​ប្រុស លោក ឆា​នី សូ នោះទេ ភាពជាក់ស្ដែង​នៅក្រៅ​ឆាក​ឯណេះ​វិញ អ្នក​ទាំងពីរ​ក៏​កំពុងតែ​សាង​ភាព​ល្អូកល្អិន​យ៉ាង​ស្អិតល្មួត​ជាមួយគ្នា​ផងដែរ។

    ជាច្រើនលើក​ច្រើនសា​ណា​ស់មក​ហើយ ដែល​កញ្ញា ព្រះកាយ ច័ន្ទ បានចេញ​មុខ​ធ្វើការ​បដិសេធ​ទៅនឹង​ព័ត៌មាន​ច​ចាម​អារ៉ាម​ពាក់ព័ន្ធ​ទៅនឹង​ការបង្កើត​ចំណង​ស្នេហ៍​ថ្មោងថ្មី​ជាមួយ​តារា​សម្ដែង​ប្រុស​រួម​អាជីព គឺ​លោក ឆា​នី សូ ដែល​បច្ចុប្បន្ន​ក៏​ជា​ដៃគូ​ពិធីករ​នៅក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​ប្រចាំ​សប្ដាហ៍ Carabao Spark Concert នៅ​មណ្ឌល​កម្សាន្ត Spark & Tawandang។ យ៉ាងណាក៏ដោយ​បើទោះជា​ការព្យាយាម​ចេញមុខ​បកស្រាយ​បែបណាក៏ដោយ រហូតមកដល់​ពេលនេះ កម្ដៅ​នៃ​ព័ត៌មាន​ដ៏​រសើប​មួយ​នេះ​នៅតែ​មិនទាន់​ថមថយ​នៅឡើយ ផ្ទុយទៅវិញ មានតែ​ធ្វើឱ្យ​សាយភាយ​កាន់តែខ្លាំង​លើស​ដើម។

    តប​ទៅនឹង​សំណួរ​របស់​អ្នកសារព័ត៌មាន​កាលពី​ពេល​កន្លងទៅនេះ ព្រះកាយ ច័ន្ទ បាន​ទទួលស្គាល់ថា ទំនាក់ទំនង​រវាង​រូបនាង​ជាមួយនឹង​លោក ឆា​នី សូ ពិត​ជាមាន​ភាពស្និទ្ធស្នាល​ប្រាកដ​មែន ប៉ុន្តែ​វា​មិនមាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ចំណង​ស្នេហ៍​លួចលាក់​ដូច​ការលើកឡើង​នោះទេ។ នាង​បាន​បញ្ជាក់ទៀតថា កាលដែល​គេ​គ្រប់គ្នា ក៏ដូចជា​ក្រុមការងារ​បានឃើញ​ទំនាក់ទំនង​បែប​ស្និទ្ធស្នាល ក៏​ព្រោះតែ​ភាគច្រើន​នាក់​ទាំងពីរ​ធ្វើការ​រួមគ្នា​ជា​ដៃគូ​ជាប្រចាំ មិនថាតែ​ការសម្ដែងខ្សែភាពយន្ត ការថត​ស្ប៉ត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ក៏ដូចជា​ការងារ​ជា​ពិធីករ-ពិ​ការិនី​នៅក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​នោះទេ។ “ការងារ​គឺជា​ការងារ ការ​រាប់អាន​គឺជា​លក្ខណៈ​មិត្តភក្ដិ​រួម​អាជីព​តែប៉ុណ្ណោះ គ្មាន​រឿង​ស្នេហា​អ្វី​កើតឡើង​នោះទេ” នេះ​ជាការ​បញ្ជាក់​ពី​កញ្ញា ព្រះកាយ ច័ន្ទ។

    យ៉ាងណាមិញ សម្រាប់​អ្នកតាមដាន​សកម្មភាព​តារា​ខ្មែរ​បាន​លើកឡើងថា “ក្រដាស​មិនអាច​ខ្ចប់​ភ្លើង​បាន​នោះទេ” ការពិត​នៅតែ​ជាការ​ពិត បើទោះជា​នាង​បាន​ព្យាយាម​បដិសេធ​យ៉ាងណាក្ដី ប៉ុន្តែ​រាល់​ទង្វើ និង​សកម្មភាព​របស់​នាង​ និង​តារា​សម្ដែង​ប្រុស​មាឌធំ​ខ្ពស់​ម្នាក់នេះ ពិតជា​មិនអាច​បិតបាំង​ការពិត​បាន​នោះឡើយ ហើយ​គេ​ក៏​នៅតែ​បន្ត​រង់ចាំ​មើលថា តើ​នាង​អាច​គេចវេស​ពី​ការពិត​បានយូរ​ប៉ុណ្ណា​ទៀត៕

  • ការអនុគ្រោះ​ឱ្យ​បង់ពន្ធ​ប្រថាប់​ត្រាតែ1ដង​ចុងក្រោយ​លើ​ការផ្ទេរកម្មសិទ្ធិ​អចលនទ្រព្យ កំណត់​ត្រឹម​ចុងឆ្នាំ2018

    ការអនុគ្រោះ​ឱ្យ​បង់ពន្ធ​ប្រថាប់​ត្រាតែ1ដង​ចុងក្រោយ​លើ​ការផ្ទេរកម្មសិទ្ធិ​អចលនទ្រព្យ កំណត់​ត្រឹម​ចុងឆ្នាំ2018

    ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​បង់ពន្ធ​ប្រថាប់ត្រា​លើ​ការ​កាត់​ប្លង់ដី​ដែល​កន្លងមក​មាន​ភាព​ស្មុគស្មាញ​ក្នុងការ​សើរើ​អំពី​ការបង់ពន្ធ​ប្រថាប់ត្រា​នោះ រាជរដ្ឋាភិបាល​តាមរ​យៈ​សាលា​រាជធានី​ភ្នំពេញ​បានអនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​បង់ពន្ធ​ប្រថាប់ត្រា​នេះ​តែ​មួយដង (មិនបាច់​សើរើ) នៅត្រឹម​ថ្នាក់​ខណ្ឌ ដោយ​ទុក​រយៈពេល​ឱ្យ​រហូត​មុន​ដំណាច់ឆ្នាំ2018។

    ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​សរសេរ​នៅលើ​ទំព័រ​ហេ្វ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់លោក​ថា ដោយ​ពិនិត្យឃើញ​ពី​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​ដើម្បី​ជួយ​សម្រួល​ដល់​ម្ចាស់​កម្មសិទ្ធិ​អចលនទ្រព្យ​ចុងក្រោយ​គេ​ដែល​ពុំមាន​លទ្ធភាព​បង់ពន្ធ​ប្រថាប់ត្រា​ច្រើនដង​គ្រប់​ដំណាក់កាល​នៃ​ការផ្ទេរកម្មសិទ្ធិ​អចលនទ្រព្យ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន ឯកភាព និង​អនុញ្ញាត​ជាគោលការណ៍​ដើម្បី​បន្ត​ផ្តល់​ការអនុគ្រោះ​ឱ្យ​ម្ចាស់​កម្មសិទ្ធិ​អចលនទ្រព្យ​ចុងក្រោយ​គេ​បង់ពន្ធ​ប្រថាប់​ត្រាតែ​មួយដង​លើ​ការផ្ទេរកម្មសិទ្ធិ​អចលនទ្រព្យ​ដែល​កន្លងមក​ធ្លាប់បាន​ផ្ទេរ​បន្ត​ដៃ​គ្នា​ពី​ម្នាក់​មក​ម្នាក់​ច្រើន​ដងនោះ​នៅត្រឹម​ថ្នាក់​សង្កាត់-ខណ្ឌ ហើយ​កំណត់​សុពលភាព​នៃ​ការអនុវត្ត​ការងារ​នេះ​ត្រឹម​ថ្ងៃទី31 ខែធ្នូ ឆ្នាំ2018តែប៉ុណ្ណោះ។

    ជាមួយគ្នានេះ​លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​មានប្រសាសន៍ថា កាលពី​ឆ្នាំ 2016កន្លងទៅ រាជរដ្ឋាភិបាល​ធ្លាប់បាន​អនុគ្រោះ​ដល់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​កម្មសិទ្ធិ​អចលនទ្រព្យ​បង់ពន្ធ​ប្រថាប់ត្រា​តែមួយ​លើកចុងក្រោយ​នៅត្រឹម​ថ្នាក់​សង្កាត់-ខណ្ឌ​នេះ​ម្តង​រួចមកហើយ ហើយ​បច្ចុប្បន្ន​ដោយ​សង្កេតឃើញ​ថា ប្រជាពលរដ្ឋ​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ នៅ​មិនទាន់បាន​កាត់​ប្លង់ និង​បង់ពន្ធ​ប្រថាប់ត្រា​នៅឡើយ ទើប​រាជរដ្ឋាភិបាល​បានអនុញ្ញាត​ជាគោលការណ៍​អនុគ្រោះ​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​បង់ពន្ធ​ប្រថាប់ត្រា​នេះ​ឱ្យបាន​គ្រប់គ្នា​នៅមុន​ដំណាច់ឆ្នាំ2018នេះ​កុំឱ្យ​ខកខាន។

    ឯកឧត្តម ឃួង ស្រេង (ឆ្វេង) អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំ

    លោក​ថា បើសិនជា​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​កម្មសិទ្ធិ​អចលនទ្រព្យ​ណា​ម្នាក់​ខកខាន​មិនបានកា​ត់​ប្លង់ និង​បង់ពន្ធ​ប្រថាប់ត្រា​ឱ្យបាន​មុន​កាលកំណត់ គឺ​ដំណាច់ឆ្នាំ2018នេះ​ទេ គេ​នឹង​ជួប​ការលំបាក​ដោយ​ត្រូវ​សើរើ​ពី​ម្ចាស់​ដើមដំបូង ដែល​មានន័យថា បើសិន​ប្លង់ដី​មួយកន្លែង​មាន​អ្នកទិញ-លក់តៗគ្នា​ចំនួន 3លើក នោះ​ម្ចាស់​កម្មសិទ្ធិ​អចលនទ្រព្យ​ចុងក្រោយ​គេ​នឹងត្រូវ​បង់​ទាំង 3លើក​នោះ​ឡើងវិញ ទើប​អាច​កាត់​ប្លង់​ទទួលស្គាល់​តាមផ្លូវ​ច្បាប់​បាន។ តែ​យ៉ាងណា​លោក​មិនបាន​ប្រាប់ឱ្យដឹង​អំពី​នីតិវិធី​នៃ​ការបង់ពន្ធ​ប្រថាប់ត្រា​លើក​នេះឡើយ ដោយ​លោក​លើកឡើងថា នេះ​ជា​ការងារ​បច្ចេកទេស។

    លោក សេង ចន្ថា ម្ចាស់​អចលនទ្រព្យ​មួយកន្លែង​នៅក្នុង​ខណ្ឌដង្កោ​បាន​មានប្រសាសន៍ សាទរ​ទៅនឹង​ចំណាត់ការ​របស់​រាជរ​ដ្ឋា​ភិ​បាល​ដែល​បានប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​បង់ពន្ធ​ប្រថាប់ត្រា​តែមួយលើកចុងក្រោយ​នៅត្រឹម​ថ្នាក់​សង្កាត់ និង​ខណ្ឌ​នេះ។

    លោក​ថា លោក​បាន​ទិញ​ដី​មួយ​ប្លង់​មាន​ទំហំ 5ម៉ែត្រ​គុណ​នឹង25ម៉ែត្រ នៅក្នុង​សង្កាត់​ទៀន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នៅ​មិនទាន់បាន​កាត់​ប្លង់ និង​បង់ពន្ធ​ប្រថាប់ត្រា​នៅ​ថ្នាក់​ក្រសួង​នៅឡើយ ពោលគឺ​បាន​កាត់ឈ្មោះ​នៅត្រឹម​ថ្នាក់ភូមិ និង​សង្កាត់​តែប៉ុណ្ណោះ ហើយ​បើសិនជា​រដ្ឋាភិបាល​អនុ​គ្រោះ​បែបនេះ លោក​នឹង​រក​ពេលទំនេរ​ណាមួយ​ទៅ​បង់ពន្ធ​ប្រថាប់ត្រា​នេះ​ឱ្យបាន​ទាន់ពេលវេលា​មិនឱ្យ​ខកខាន​ឡើយ។

    លោក​ថា កាលពី​ឆ្នាំ2013 គ្រួសារ​លោក​បាន​ទិញ​ដី​មួយ​ប្លង់​នៅ​ជិត​ផ្សារ​ទួល​ពង្រ ដោយ​កាត់ឈ្មោះ​ត្រឹម​ថ្នាក់​សង្កាត់​តែប៉ុណ្ណោះ ហើយ​កន្លងទៅ​ប៉ុន្មាន​ឆ្នាំ​ក្រោយមក​លោក​មានបំណង​លក់​ដី​នោះ​ទៅឱ្យ​អ្នកទិញ​បន្ទាប់​ទៀត ប៉ុន្តែ​ថ្នាក់​សង្កាត់​មិន​ហ៊ាន​ចុះហត្ថលេខា​ទទួលស្គាល់​ការទិញ-លក់​ដី​នោះឡើយ ដោយសារតែ​មិនបាន​បង់ពន្ធ​ប្រថាប់ត្រា​កាត់ឈ្មោះ​ពី​ម្ចាស់​ដើម​មក ដែល​ធ្វើឱ្យ​ការងារទិញ-លក់​ដី​នោះ​ជួប​ការលំបាក និង​ស្មុគស្មាញ​ជាខ្លាំង ដោយ​ត្រូវ​តម្រូវឱ្យ​រក​ម្ចាស់​ដើម និង​ម្ចាស់​បន្ទាប់មក​កាត់ឈ្មោះ​បង់ពន្ធ​ប្រថាប់ត្រា​ជាមុន​ទើប​អាច​លក់​បន្តទៀត​បាន។

    ជាទូទៅ​ការផ្ទេរកម្មសិទ្ធិ​អចលនវត្ថុ​ត្រូវបាន​ចែកជា​ពីរ គឺ​ការផ្ទេរកម្មសិទ្ធិ​អចលនវត្ថុ​ប្លង់​ទន់ និង​ប្លង់រឹង។ ចំពោះ​ការផ្ទេរសិទ្ធិ​លើ​អចលនវត្ថុ​ដែលមាន​ប្លង់​ទន់ តាម​ធម្មតា​ធ្វើឡើង​តាមរយៈ​សេចក្តីបញ្ជាក់​លើ​លិខិត​ផ្ទេរសិទ្ធិ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​ចាប់ពី​កម្រិត​រដ្ឋបាល​ថ្នាក់ភូមិ ឬ​ឃុំ/សង្កាត់ ឬ​អាច​រហូតដល់​ស្រុក/ខណ្ឌ។ ជាទូទៅ​ដំណើរការ​ផ្ទេរសិទ្ធិ​បែបនេះ​មាន​លក្ខណៈ​ងាយស្រួល ឆាប់រហ័ស ប៉ុន្តែ​បច្ចុប្បន្ន​ការផ្ទេរសិទ្ធិ​ប្លង់​ទន់​ក៏​តម្រូវឱ្យ​បង់ពន្ធ​ប្រថាប់ត្រា 4% ផងដែរ។

    ចំណែក​អចលនវត្ថុ​ដែលមាន​ប្លង់រឹង​វិញ គូភាគី​អាច​តាក់តែង​កិច្ចសន្យា​ដែលមាន​ចែង​អំពី​លក្ខខណ្ឌ​សិទ្ធិ និង​កាតព្វកិច្ច​របស់​គូភាគី​យ៉ាង​លម្អិត រាប់បញ្ចូល​ទាំង​ដំណាក់កាល​បង់ប្រាក់​ថ្លៃ​ទិញ​អចលនវត្ថុ​ដោយ​អនុលោម​ទៅតាម​ដំណាក់កាល​នៃ​ការចាត់ចែង​ផ្ទេរសិទ្ធិ។ ក៏ប៉ុន្តែ​កិច្ចសន្យា​បែបនេះ​គ្រាន់តែ​ជា​ឯកសារ​នៃ​ការ​ព្រមព្រៀងគ្នា​ជា​លក្ខណៈ​ឯកជន​រវាង​គូភាគី​តែប៉ុណ្ណោះ ដោយ​មិនអាច​យកទៅ​ចាត់ចែង​ផ្ទេរកម្មសិទ្ធិ​បានឡើយ។ ដើម្បី​ចាត់ចែង​ផ្ទេរសិទ្ធិ​លើ​អចលនវត្ថុ​បាន គូភាគី​ត្រូវ​បំពេញបែបបទ​លើ​លិខិតយថាភូត​របស់​រដ្ឋបាល​សុរិយោដី​និង​ផ្តិត​ស្នាម​មេដៃ​នៅ​ចំពោះមុខ​មន្ត្រី​មាន​សមត្ថកិច្ច។

    ឯកសារ​គាំទ្រ​ដែល​ត្រូវការ​នៅក្នុង​ដំណើរការ​ផ្ទេរសិទ្ធិ​នេះ រួមមាន​ជាអាទិ៍ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិតបញ្ជាក់​អត្តសញ្ញាណ​ណាមួយ​ផ្សេងទៀត​ក៏បាន​ដែល​អាជ្ញាធរ​សុរិយោដី​អាច​ទទួលយកបាន ហើយ​ក្នុងករណី​ដែល​ភាគី​ណាមួយ​ជា​នីតិបុគ្គល​ក្រុមហ៊ុន ម្ចាស់​ហ៊ុន​ត្រូវធ្វើ​លិខិត​ប្រគល់​សិទ្ធិ​ដើម្បី​អនុញ្ញាតឱ្យ​អ្នកតំណាង​ជា​រូបវ័ន្ត​បុគ្គល​បំពេញ​កិច្ច​ក្នុងនាម​នីតិបុគ្គល​ដែល​អាច​តម្រូវឱ្យ​មានកា​រ​បញ្ជាក់​ពី​មេធាវី និង/ឬ​ពី​អាជ្ញាធរ​ឃុំ/សង្កាត់។

    នៅពេល​មន្ត្រី​សុរិយោដី​បំពេញ​នីតិវិធី និង​បែបបទ​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​រួចហើយ ច្បាប់​តម្រូវឱ្យ​បង់ពន្ធ​ប្រថាប់ត្រា​លើ​ការផ្ទេរសិទ្ធិ​លើ​អចលនវត្ថុ (ដែល​បច្ចុប្បន្ន​អត្រាពន្ធ​គឺ 4%នៃ​តម្លៃ​អចលនវត្ថុ​ដែល​វាយតម្លៃ​ដោយ​អាជ្ញាធរ​ពន្ធដារ)។ ក្រោយពី​បាន​បង់ពន្ធ​ត្រឹមត្រូវ​រួចរាល់​ហើយ អាជ្ញាធរ​សុរិយោដី​នឹង​បញ្ចប់​នីតិវិធី​នៃ​ការផ្ទេរសិទ្ធិ ដោយ​ធ្វើការ​ចុះបញ្ជី​ការផ្ទេរ​នេះ​ក្នុង​កំណត់ត្រា​ផ្លូវការ និង​ចារ​និទ្ទេស​ន៍​សម្គាល់ការ​ផ្ទេរសិទ្ធិ​នៅលើ​ឯកសារ​ប័ណ្ណកម្មសិទ្ធិ ជាការ​បញ្ចប់​ដំណើរការ​ផ្ទេរសិទ្ធិ​ជា​ផ្លូវការ និង​ដោយ​ស្របច្បាប់៕