Category: សង្គម និងសេដ្ឋកិច្ច

  • មិនធម្មតា​ទេ! មេ​ធំ Facebook មាន​ចំណូល​ជា​មធ្យម​ជិត 6លាន​ដុល្លារ​ក្នុង 1ថ្ងៃ

    មិនធម្មតា​ទេ! មេ​ធំ Facebook មាន​ចំណូល​ជា​មធ្យម​ជិត 6លាន​ដុល្លារ​ក្នុង 1ថ្ងៃ

    ថ្មីៗនេះ សហ​ស្ថាបនិក និង​ជា​មេ​ធំ​របស់ Facebook លោក Mark Zuckerberg បាន​ជួប​នូវ​បញ្ហា​ជាច្រើន​រហូតដល់​ត្រូវ​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​ទៀតផង បន្ទាប់ពី​ទិន្នន័យ​ឯកជន​របស់​អ្នកប្រើប្រាស់​ត្រូវបាន​លួច និង​រំលោភបំពាន។ បើទោះជា​យ៉ាងនេះ​ក្ដី ក៏​មិនអាច​ធ្វើឱ្យ​មហាសេដ្ឋី​វ័យក្មេង​រូបនេះ បាត់បង់​ប្រជាប្រិយភាព និង​ប្រាក់ចំណូល​ឡើយ។ តើ​លោកអ្នក​ចង់ដឹង​ទេ​ថា ក្នុង​មួយថ្ងៃ Mark Zuckerberg រកចំណូលបាន​ប៉ុន្មាន?។

    សារព័ត៌មាន CNBC បាន​ចុះផ្សាយ​ដោយយោង​ទៅលើ​ទិន្នន័យ​របស់​ទស្សនាវដ្ដី Forbes ដែល​បានឱ្យដឹងថា លោក Mark Zuckerberg មាន​ទ្រ​ព​សម្បត្តិ​តម្លៃ 74ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​បើ​យោងតាម​ទិន្នន័យ​នេះដែរ Forbes បាន​បញ្ជាក់ថា ក្នុង​មួយថ្ងៃ​លោក​អាច​ទទួលបាន​ចំណូល​ជា​មធ្យម​ប្រហែល 5.97លាន​ដុល្លារ​អាមេរិក ខណៈដែល​លោក Jeff Bezos ស្ថាបនិក​ក្រុមហ៊ុន​លក់ទំនិញ​អន​ឡាញ​ដ៏​ធំ​មួយ​នៅ​អាមេរិក Amazon មានទ្រព្យ​សម្បត្តិ 132ពាន់​លាន​ដុល្លារ​អាមេរិក និង​រកចំណូលបាន​ជា​មធ្យម 6.8លាន​ដុល្លារ​អា-មេ​រិ​ក​ក្នុង​មួយថ្ងៃ។

    គួរបញ្ជាក់​ផងដែរ​ថា ថ្មីៗនេះ Facebook បាន​ជួប​រឿងអាស្រូវ​បែកធ្លាយ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នកប្រើប្រាស់​ប្រមាណ​ជា 87លាន​នាក់ រហូត​ធ្វើឱ្យ​លោក Mark Zuckerberg មេ​ធំ Facebookត្រូវ​ចេញមុខ​មកសុំ​ទោស​ជា​សាធារណៈ ជាពិសេស​មាន​បណ្ដា​ប្រទេស​មួយចំនួន​ថែមទាំង​គំរាម​បិទ Facebook ចោល​ទៀតផង៕

  • ការស្រាវជ្រាវ​បានបង្ហាញ​ថា ក្មេង​ចំណាយពេល​នៅមុខ​អេក្រង់​កុំព្យូទ័រ​ច្រើន​ម៉ោង

    ការស្រាវជ្រាវ​បានបង្ហាញ​ថា ក្មេង​ចំណាយពេល​នៅមុខ​អេក្រង់​កុំព្យូទ័រ​ច្រើន​ម៉ោង

    មនុស្ស​ជាច្រើន រួមទាំង​អាណាព្យាបាល​នៅ​កម្ពុជា​មួយចំនួន​ផង ប្រហែលជា​គិត និង​បារម្ភ​ថា កូនៗរបស់គាត់​បាន​ចំណាយពេល​នៅមុខ​កញ្ចក់​កុំព្យូទ័រ​កាន់តែច្រើនឡើងៗពីមួយថ្ងៃ​ទៅមួយថ្ងៃ ដែល​ធ្វើឱ្យកូនៗរបស់គាត់​អាច​ជួប​ផលប៉ះពាល់​ផ្នែក​សុខភាព និង​មាន​ភាពទន់ខ្សោយ​សម្រាប់​ការប្រកួតប្រជែង ជាមួយ​មនុស្ស​ជាច្រើន​ផ្សេងទៀត​នៅពេល​គេ​ធំ​ឡើង។

    ជា​ស្ថានភាព​ជាក់ស្តែង មិនមែន​មានតែ​ប្រជាជន​ខ្មែរ​នោះទេ​ដែល​កំពុងស្ថិត​ក្នុងការ​បារម្ភ​ខាងលើ​តាម​ការស្រាវជ្រាវ​របស់​វេទិកា​សេដ្ឋកិច្ចពិភពលោក​បាន​បង្ហាញឱ្យឃើញថា កុមារ​ជាច្រើន​នៅលើ​ពិភពលោក​កំពុងស្ថិត​ក្នុងស្ថានភាពស្រដៀងៗគ្នា​នេះ​ជាពិសេស​នៅ​សហរដ្ឋអាមេរិក។ នៅ​សហរដ្ឋអាមេរិក បើ​យោងតាម​ទិន្នន័យ​នៃ​ការស្ទង់មតិ​របស់​ស្ថាប័ន Gallup បាន​បង្ហាញថា កុមារ​ជា​មធ្យម​បាន​ចំណាយ​ពេលវេលា​ច្រើន​បំផុត​របស់​ពួកគេ​នៅ​ជាមួយនឹង​សកម្មភាព​នានា​ក្នុង​កញ្ចក់​នៃ​ឧបករណ៍​អេឡិចត្រូនិក។

    អាណាព្យាបាល​ជាច្រើន​ដែលមាន​កូន​អាយុ​ចន្លោះ​ពី2 ដល់10ឆ្នាំ បាន​និយាយថា កូន​របស់​ពួកគាត់​បាន​ចំណាយ​ពេលវេលា​ប្រមាណ​ជា 18.6ម៉ោង​ក្នុង​ការរស់នៅ​ជាមួយនឹង​ឧបករណ៍​អេ​ឡិចត្រូ​និក​ជាប្រចាំ​ក្នុង​មួយ​សប្តាហ៍។

    ជាទូទៅ របាយការណ៍​នៃ​ការស្ទង់មតិ​បានបង្ហាញ​ថា កុមារ​មួយចំនួនធំ​បាន​ចំណាយ​ពេលវេលា​ទំនេរ​ប្រមាណ​ជា 4ម៉ោង​ក្នុង​មួយថ្ងៃ​ដោយនៅ​មួយកន្លែង​ហើយ​ប្រើប្រាស់​បណ្តាញ​បច្ចេកវិទ្យា ខណៈដែល​របាយការណ៍​ដដែល​បានបង្ហាញ​ផងដែរ​ថា អាណាព្យាបាល​ជាច្រើន​ចង់​នាំកូនៗទៅលេង​នៅ​ខាងក្រៅ​ដែរ តែ​ពួកគេ​មាន​ឧបសគ្គ​មួយចំនួន​ដូចជា​កត្តា​អាកាសធាតុ និង​កត្តា​ពេលវេលា​ជាដើម។

    នៅ​សហរដ្ឋអាមេរិក​បានរ​ក​ឃើញថា កត្តា​អាកាសធាតុ​មិនល្អ បានធ្វើឱ្យ​កុមារ​ប្រមាណ 36% ត្រូវ​រស់នៅ​ជាមួយ​កញ្ចក់​ទូរស័ព្ទ ឬ​អេក្រង់​នៃ​ឧបករណ៍​អេឡិចត្រូនិក​ផ្សេងទៀត ខណៈ​មាន​ចម្លើយ​ប្រមាណ 34%ផ្សេងទៀត​បង្ហាញថា​បញ្ហា​ដែល​ធ្វើឱ្យ​ក្មេង​មិនអាច​ចេញទៅ​ក្រៅ​បាន គឺ​មនុស្ស​ធំ​រវល់​ហើយ​គ្មាន​អ្នក​នាំ និង 33% ផ្សេងទៀត​បានបង្ហាញ​ថា ក្មេង​ហាក់​មិន​ចង់​ទៅលេង​នៅ​ខាងក្រៅ​ព្រោះ​ក្មេង​ដទៃ​សុទ្ធតែ​លេង​នៅក្នុង​ផ្ទះ ដែល​ធ្វើឱ្យ​កន្លែង​សាធារណៈ​មួយចំនួន​ហាក់​ស្ងប់ស្ងាត់ និង​មិន​សប្បាយ។

    មាន​អាណាព្យាបាល​ត្រឹមតែ 3% តែប៉ុណ្ណោះ​ដែល​បាន​និយាយថា ពួកគេ​ចង់ឱ្យកូនៗរបស់​ពួកគេ​លេង​ជាមួយ​ឧបករណ៍​អេឡិចត្រូនិក។ តែបើ​មើល​ពី​ចំនួន​ក្មេង​វិញ គេ​បានឱ្យដឹងថា កុមារ​ប្រមាណ 58%ពួកគេ​មិន​ចង់​ចេញ​ទៅលេង​នៅ​ខាងក្រៅ​ទេ ព្រោះ​ពួកគេ​ចង់​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក នៅ​មួយកន្លែង៕

  • ស្នាដៃសិល្បៈតន្ត្រីថ្មីពីក្រុមតារាចម្រៀង TMS

    ស្នាដៃសិល្បៈតន្ត្រីថ្មីពីក្រុមតារាចម្រៀង TMS

    បើគិតតាំងពីដើមឆ្នាំ​ រហូតមកដល់ពាក់កណ្តាលឆ្នាំ2018នេះ​ យើងឃើញថាមានទស្សនិកជនមួយចំនួនប្រាកដជាបានស្តាប់ ក៏ដូចជាទស្សនាវីដេអូចម្រៀងថ្មីៗរបស់ក្រុមតារាចម្រៀងប្រចាំ TMS​ ដោយមានការចាក់ផ្សាយតាមរយៈកញ្ចក់ទូរទស្សន៍ CBS​​ ហើយតារាចម្រៀងទាំងអស់ក៏បានចេញសម្តែងតាមការប្រគំតន្ត្រីជាបន្តបន្ទាប់រួចមកហើយផងដែរ។ ដោយមានការជួយជ្រោមជ្រែងពីសំណាក់អ្នកនាង យុគ ចិន្តា ដែលជានាយកប្រតិបត្តិរបស់ TMS និងលោក Dennis Garcia Arce ដែលជាប្រធានផ្នែកតន្ត្រីរបស់ TMS បានខិតខំប្រមូលផ្តុំសិល្បករ និងសិល្បការិនីជាច្រើនមកជ្រកក្រោមដំបូលតែមួយ ដើម្បីហ្វឹកហាត់ និងដុសខាត់ទេពកោសល្យរបស់ពួកគេឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។ ចង់ដឹងថា តើតារាចម្រៀងប្រចាំ TMS មានបទចម្រៀងថ្មីៗ​ និងសកម្មភាពអ្វីខ្លះ តាំងពីចាប់ផ្តើម​រហូតមកទល់ពាក់កណ្តាលឆ្នាំ2018នេះ?​​ ដូច្នេះសូមបន្តការអានព័ត៌មានលម្អិតនៅបន្ទាត់ខាងក្រោមទាំងអស់គ្នា៖

    1. សេម : តារាចម្រៀងដែលមានភាពរ៉ូមែនទិក និងតែងតែទាក់យកបេះដូងរបស់ទស្សនិកជនទាំងអស់រូបនេះ បានចេញនូវវីដេអូចម្រៀងនិពន្ធថ្មី​ ក្រោមចំណងជើងថា “ត្រចៀកស្រាល” និងបទ​ “សុំឱកាស” ដែលស្ថិតនៅក្រោមការគ្រប់គ្រង​ និងផលិតដោយ​ TMS។ ក្រៅពីនេះ លោក សេម ក៏បានចូលរួមសម្តែងនៅក្នុងខ្សែភាពយន្តមួយចំនួន ដែលភាពយន្តទាំងនោះក៏ត្រូវបានចាក់បញ្ចាំងនៅតាមរោងភាពយន្តនានាទូទាំងប្រទេសផងដែរ។

    2. វណ្ណដា : តារាចម្រៀង R&B និង Hip-hop ម្នាក់ដែលកំពុងតែទទួលបានការគាំទ្រពីសំណាក់យុវវ័យនាពេលបច្ចុប្បន្ននេះ និងទើបតែបានចេញនូវវីដេអូចម្រៀងជាផ្លូវការក្រោមចំណងជើងថា “Start & Stop”​ ដែលបទនេះ បានទទួលនូវសន្ទុះគាំទ្រយ៉ាងខ្លាំង ដោយសារតែទឹកដមសំនៀងនៃការច្រៀង អត្ថន័យ ក៏ដូចជារូបភាពកាយវិការនៅក្នុងវីដេអូចម្រៀងដែលមានន័យជ្រាលជ្រៅធ្វើឱ្យចាក់ដោតដល់បេះដូងយុវវ័យ។

    3. នាង ប្រាក់សុគន្ធ : តារាចម្រៀងដែលប្រិយមិត្តទាំងអស់គ្នាពិតជាបានស្គាល់ច្បាស់តាម​​រយៈសំឡេងដ៏ស្រទន់របស់គាត់​។​ សុគន្ធ ក៏បានចេញនូវវីដេអូចម្រៀងជាលើកដំបូងរបស់ខ្លួន ដែលស្ថិតនៅក្រោមការគ្រប់គ្រង និងផលិតរបស់ក្រុមហ៊ុន TMS ផងដែរនោះគឺបទ “ខូចចិត្តស្ងាត់ៗ”។ បទនេះដែរ ក៏ត្រូវបានចែករំលែក និងទទួលបានការគាំទ្រយ៉ាងច្រើនតាមរយៈបណ្តាញសង្គមនានាផងដែរ។

    4. ស៊ីរ៉ា : ម្ចាស់បទ “ច្រណែនគេមិនមែនជាខ្ញុំ” បានចេញនូវវីដេអូចម្រៀងថ្មីរបស់ខ្លួនសម្រាប់ឆ្នាំ2018នេះ ដែលបទចម្រៀងនោះមានចំណងជើងថា “ដឹងថាស្រឡាញ់តែខ្វល់ពីអូនខ្លះផង” ដើម្បីជូនទៅដល់ប្រិយមិត្តរបស់នាង។ ស៊ីរ៉ា ក៏បានបន្តទៀតថា ខ្លួនកំពុងតែថតបទចម្រៀងថ្មី ដែលជាចង្វាក់ Pop Rock ដើម្បីត្រៀមចេញជាបន្តបន្ទាប់ផងដែរ។

    5. អ្នកនាង ហង្ស សុជាតា : តារាចម្រៀងម្នាក់ដែលស្ថិតនៅក្នុងបេះដូងទស្សនិកជនជាយូរមកហើយនោះ ក៏បានចេញនូវវីដេអូចម្រៀងបទ “ស្អប់មនុស្សដែលធ្វើឱ្យអ្នកខូចចិត្ត” សម្រាប់ជាចំណីអារម្មណ៍ដល់ទស្សនិកជនរបស់ខ្លួន។ អ្នកនាងបានសន្យាថានឹងខិតខំនាំយកនូវអ្វីដែលថ្មីៗ និងប្លែកៗ ក៏ដូចជាបទចម្រៀងពីរោះៗ សម្រាប់ជាកាដូជូនទៅដល់ទស្សនិកជន ដែលតែងតែគាំទ្រអ្នកនាងកន្លងមកនេះ។

    6. Vartey Ganiva : តារាចម្រៀងស្រីដែលនាងត្រូវបានសារព័ត៌មានបរទេសចុះផ្សាយថាជា “Cambodia’s Queen of Punk” បានចេញនូវវីដេអូចម្រៀងលើកដំបូងរបស់ខ្លួន​ក្រោមចំណងជើងថា “ស្អែកយើងបែកគ្នា” ដែលបទនេះរៀបរាប់ពីនារីទន់ខ្សោយម្នាក់ដែលមានភាពក្លាហានក្រោកឈរឡើងសុំបែកផ្លូវសេ្នហា ដែលពោរពេញទៅដោយការកុហក​បោកប្រាស់។ Vartey ក៏នឹងមានបទចម្រៀងចង្វាក់ Punk និង​បទចម្រៀងមនោសញ្ចេតនាថ្មីៗ​ សម្រាប់ចែកជូនទៅដល់ទស្សនិកជននាពេលឆាប់ៗខាងមុខនេះផងដែរ។

    7. MC Bull : កន្លងទៅថ្មីៗនេះ MC Bull ក៏បានចេញនូវវីដេអូថ្មី សម្រាប់រាំលេងក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ តាមរយៈបទ “រាំតន្ទ្រំជើង”។ MC Bull បានបង្ហើបថា លោកកំពុងតែនិពន្ធ និងថតបទចម្រៀងថ្មីៗ​​ ដើម្បីបំពេញនូវតម្រូវការទីផ្សារ និងអ្នកគាំទ្ររូបលោក ដែលត្រៀមចេញនាពេលឆាប់ៗខាងមុខនេះ។

    8. ផាយ៉ត : ដែលគ្រប់គ្នាស្គាល់ថា ជាតារាចម្រៀងដែលមានប្រជាប្រិយ និងមានភាពក្រមិចក្រមើមនោះ លើកនេះលោកបានចេញនូវវីដេអូចម្រៀងថ្មីក្រោមចំណងជើងថា“រឿងអូន និងបង” ដែលជាបទចម្រៀងបែបមនោសញ្ចេតនាវិញម្តង។ លោកបន្តទៀតថាបទចម្រៀងថ្មីៗរបស់លោកដែលស្ថិតនៅក្រោមការគ្រប់គ្រងផលិតរបស់ក្រុមហ៊ុន TMS កំពុងតែរៀបចំ និងត្រៀមចេញជាបន្តបន្ទាប់ ដើម្បីកំដរអារម្មណ៍ទស្សនិកជន។

    9. Ting Tong : សមាជិកថ្មីរបស់ TMS​ រូបនេះបានប្រាប់ថាវីដេអូចម្រៀងរបស់លោក ដែលមានចំណងជើងថា “ចាំចម្លើយ” ទើបតែចេញជាផ្លូវការថ្មីៗកន្លងមកនេះ។​ លោក​​ Ting Tong បង្ហើបថា​ ខ្លួនមានភាពកក់ក្តៅ និងមានទំនុកចិត្តក្នុងការចូលជាសមាជិករបស់ TMS ក៏ដូចជាការផលិតចម្រៀងថ្មីៗជាបន្តបន្ទាប់ទៀត។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ Ting Tong ត្រូវបានអញ្ជើញជាតំណាងឱ្យប្រទេសកម្ពុជាចូលរួមក្នុងការប្រកួតចម្រៀងអន្តរជាតិមួយនាពេលខាងមុខនេះថែមទៀតផង។

    វត្តមាន ក៏ដូចជាសកម្មភាពរបស់តារាចម្រៀង TMS មិនទាន់អស់នោះទេ! ក្រៅពីចេញនូវបទចម្រៀងថ្មីៗ ពួកគាត់ក៏បានចូលរួមក្នុងកម្មវិធីជាច្រើន ដូចជា កម្មវិធីសម្ពោធរឿង កិច្ចសម្ភាសន៍ និងកម្មវិធីធំៗមួយចំនួនទៀត។ ក្រោមការគ្រប់គ្រងផលិតរបស់ TMS នឹងព្យាយាមនាំយកនូវព្រឹត្តិការណ៍ប្លែកៗ ព្រមជាមួយបទចម្រៀងនិពន្ធថ្មី មកជូនទស្សនិកជន និងអ្នកគាំទ្រគ្រប់ស្រទាប់វណ្ណៈ។​ កុំភ្លេច! រងចាំតាមដានសកម្មភាពតារារបស់ក្រុមហ៊ុន TMS ទាំងអស់គ្នាណា៎!

    លោកអ្នកអាចស្វែងរកតារាជាច្រើនទៀតប្រចាំនៅ TMS ក៏ដូចជា CBS ដែលមានទេពកោសល្យ និងប្រកបដោយវិជ្ជាជីវៈ សម្រាប់ការថតខ្សែភាពយន្ត ថត Spot ពាណិជ្ជកម្ម បើកសម្ពោធផ្សេងៗ ឬជាអ្នកតំណាងឱ្យម៉ាកផលិតផលជាដើម។ ប្រិយមិត្តទាំងអស់ អាចទស្សនានូវវីដេអូបទចម្រៀងថ្មីៗរបស់ក្រុមតារាចម្រៀង TMS បានតាមរយៈ Facebook Page: TMS Cambodia និង​ YouTube Channel: CTN Official Channel៕

  • តើកាល់ស្យូម មានប្រយោជន៍យ៉ាងណាខ្លះជាមួយស្រ្តីមានគភ៌?

    តើកាល់ស្យូម មានប្រយោជន៍យ៉ាងណាខ្លះជាមួយស្រ្តីមានគភ៌?

    មានសារធាតុអាហារជាច្រើនដែលចាំបាច់ និងមានប្រយោជន៍យ៉ាងខ្លាំងចំពោះសុខភាពរាងកាយរបស់ស្រ្តីដែលកំពុងតាំងគភ៌​។ ការពិតទៅ ការទទួលទានអាហារដែលល្អ និងមានប្រយោជន៍តាំងពីមុនពេលតាំងគភ៌ ក៏រឹតតែមានផលល្អចំពោះសុខភាពច្រើនដែរ ព្រោះការដែលរាងកាយបានទទួលសារធាតុអាហារល្អៗ ច្បាស់ជាហុចផលល្អដល់សុខភាពទាំងម្ដាយ និងទារកក្នុងគភ៌មិនខាន តែនៅមានរឿងមួយទៀតដែលមានផលយ៉ាងច្រើនដល់ការចម្រើនធំធាត់របស់រាងកាយ នោះគឺការបានទទួលទានអាហារដែលសម្បូរទៅដោយសារធាតុកាល់ស្យូម ព្រោះកាល់ស្យូមនឹងជួយសាងបន្ថែមលើផ្នែកដែលសឹករេចរឹល រួមទាំងជួយសាងបណ្ដុំឆ្អឹង និងធ្មេញឱ្យមានការរីកចម្រើនធំធាត់យ៉ាងរឹងមាំ។

    កាល់ស្យូមមានប្រយោជន៍ចំពោះសុខភាព និងជាសារធាតុរ៉ែដែលចាំបាច់ត្រូវមានច្រើនបំផុតក្នុងរាងកាយ កាល់ស្យូមភាគច្រើនស្ថិតនៅក្នុងឆ្អឹង និងធ្មេញ កាល់ស្យូមមានភាពចាំបាច់ដល់ការធ្វើការងាររបស់ប្រព័ន្ធប្រសាទ ការបង្រួញខ្លួនរបស់សាច់ដុំ-ល- ក្រៅពីនេះកាល់ស្យូមនៅមានប្រយោជន៍ដល់ការបង្កកខ្លួនរបស់ឈាមនៅពេលកើតមានស្នាមរបួសលើរាងកាយទៀតផង។

    កាល់ស្យូម និងស្រ្តីមានគភ៌
    ប្រហែលជាបានដឹងរួចហើយថា នៅលើ
    ស្រ្តីដែលកំពុងតាំងគភ៌ ការបានទទួលកាល់-ស្យូមគ្រប់គ្រាន់តាមតម្រូវការរបស់រាងកាយ នឹងជួយធ្វើឱ្យកម្មវិធីការធ្វើការងាររបស់គ្រប់ប្រព័ន្ធក្នុងរាងកាយដំណើរការទៅយ៉ាងល្អពេញលេញ ព្រោះមកដល់អំឡុងពេលមួយរបស់ការតាំងគភ៌ កាល់ស្យូមនឹងត្រូវបឺតយកទៅប្រើប្រាស់ក្នុងការសាងសាច់ សាងតួខ្លួន សាងឆ្អឹង និងធ្មេញរបស់ទារកក្នុងគភ៌ ដូច្នេះហើយទើប យើងបានឃើញថា ស្ត្រីដែលមានគភ៌ច្រើនតែមានអាការពុកធ្មេញកើតឡើង រួមទាំងរោគឆ្អឹងពុកផងដែរ ដោយសារតែកង្វះជាតិកាល់ស្យូមហ្នឹងឯង។ ដូច្នេះក្នុងមួយថ្ងៃៗនៃការទទួលទានអាហារ ស្រ្តីមានគភ៌គួរតែសង្កត់ធ្ងន់លើអាហារដែលមានជាតិកាល់ស្យូមរួមជាមួយផង ព្រោះវានឹងជួយឱ្យបរិមាណកាល់ស្យូមក្នុងរាងកាយមានគ្រប់គ្រាន់នឹងតម្រូវការរបស់ទាំងម្ដាយ និងកូនរបស់អ្នក​ផងដែរ។

    ស្រ្តីមានគភ៌ និងការខ្វះជាតិកាល់ស្យូម
     ការធ្វើការងាររបស់សាច់ដុំ ប្រព័ន្ធប្រសាទ កម្មវិធីមេតាបូលីហ្ស៊ឹមរបស់កោសិកា នឹងធ្វើការខុសប្រក្រតី។
     ឆ្អឹងនឹងស្ដើង និងផុយស្រួយ។
     ចំពោះស្រ្តីមានគភ៌ដែលមានការខ្វះជាតិកាល់ស្យូមគ្រប់ពេលវេលា និងខ្វះក្នុងរយៈពេល យូរជាប់ៗគ្នា រឿងដែលនឹងកើតឡើងនោះគឺ នឹងធ្វើឱ្យកើតអាការសឹកពុកឆ្អឹងជានិរន្តរ៍។
     លុះដល់អំឡុងពេលមួយរបស់វ័យ នៅ លើស្រ្តីមានគភ៌ ឬអ្នកដែលខ្វះជាតិកាល់ស្យូម នឹងធ្វើឱ្យកម្ពស់ថយចុះ។
     ភាពរឹងមាំ ឬកម្លាំងពលំក្នុងការប្រឹងប្រសូតបុត្រនឹងថយចុះ ឬនៅលើស្រ្តីមួយចំនួនគ្មានកម្លាំងប្រឹងសោះតែម្ដង។

    ប្រភពអាហារដែលសម្បូរជាតិកាល់ស្យូម
    ប្រភពអាហារដែលមានជាតិកាល់ស្យូម មានច្រើនប្រភេទណាស់ មិនថាតែកាល់ស្យូមដែលមាននៅក្នុងទឹកដោះដែលស្រ្តីមានគភ៌គួរតែទទួលទានជាមធ្យម 1-2កែវក្នុងមួយថ្ងៃ ព្រោះស្រ្តីមានគភ៌ត្រូវការកាល់ស្យូមច្រើនក្នុងមួយថ្ងៃៗដល់ទៅ 1,200មីល្លីក្រាមឯណោះ ដូច្នេះហើយទើបចាំបាច់ត្រូវបានទទួលពីអាហារដែលមានជាតិកាល់ស្យូមខ្ពស់។ សម្រាប់អាហារផ្សេងទៀតដែលជាប្រភពដ៏ល្អរបស់កាល់ស្យូមដែរនោះ មានដូចជាត្រីចង្វាមូល ត្រីតូចៗដែលញ៉ាំបានទាំងឆ្អឹង បន្លែស្លឹកបៃតង ដូចជាបន្លែ ខាត់ណា ប្រូខូលី គ្រាប់ល្ង ឬតៅហ៊ូដុំ ជាដើម។ល៕

  • ជិត​ប្រឡង​បាក់​ឌុប ក្រសួង​ផ្តល់​ឯកសារ​ជំនួយស្មារតី​ដល់​សិស្ស​ថ្នាក់​ទី12

    ជិត​ប្រឡង​បាក់​ឌុប ក្រសួង​ផ្តល់​ឯកសារ​ជំនួយស្មារតី​ដល់​សិស្ស​ថ្នាក់​ទី12

    ក្រោយពេល​កំណែទម្រង់​វិស័យ​អប់រំ ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ចាប់ផ្តើម​មាន​សភាព​តឹងរ៉ឹង​ឡើង ហើយ​ចំណុច​វិជ្ជមាន​ជាច្រើន​ក្នុង​វិស័យ​អប់រំ ក៏​កើតមានឡើង​ទន្ទឹមគ្នា​នឹង​ការជំរុញឱ្យ​សិស្ស​មានការ​ខិតខំ​ប្រឹង​ប្រែង​រៀនសូត្រ​កាន់តែខ្លាំង​ឡើង​ដើម្បី​ប្រឡង​ឱ្យ​ជាប់​នូវ​ដំណាក់កាល​ដ៏​សំខាន់​នេះ។

    ជា​រៀងរាល់ឆ្នាំ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ទប់ស្កាត់​ការ​លេច​ធ្លាយ​វិញ្ញាសា​ប្រឡង ភាពមិនប្រក្រតី​ក្នុងពេល​ប្រឡង និង​ការប្រព្រឹត្ត​អំពើពុករលួយ​ក្នុងការ​ប្រឡងជាដើម។ ស្របពេល​ជាមួយគ្នានេះដែរ ក្រសួង​ក៏បាន​បង្កើត​កម្មវិធី​ជំរុញ​ចំណេះដឹង​កាន់តែច្រើន​ដល់​សិស្ស​នៅតាម​បណ្តា​ខេត្តឆ្ងាយៗឱ្យមាន​សមត្ថភាព​ស្មើនឹង​សិស្ស​នៅ​ទីប្រជុំជន​តាមរយៈ​ការបណ្តុះបណ្តាល​គ្រូ ជំរុញឱ្យមាន​សាលា​ធនធាន​សិក្សា​ដើម្បី​ជំរុញឱ្យមាន​បច្ចេកវិទ្យា​ទំនើប និង​ឧបករណ៍​ពិសោធន៍​នៅតាម​បណ្តា​ខេត្ត រួមទាំង​ការផ្សព្វផ្សាយ​ឯកសារសំខាន់ៗនៅតាម​បណ្តាញ​បច្ចេកវិទ្យា​ជាដើម​ទៀតផង។

    នៅមុន​ឱកាស​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​នេះ ក្រសួង​អប់រំ​បានដាក់​ឱ្យ​សិស្ស​ទាញយក​ឯកសារ​ដោយ​ឥតគិតថ្លៃ​នៅក្នុង​គេហទំព័រ​ផ្លូវការ​របស់ខ្លួន ដោយ​ក្នុងនោះ​មាន​មេរៀន​សង្ខេប និង​លំ​ហាត់គំរូ លើ​មុខវិជ្ជា​គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា​និង​ប្រវត្តិវិទ្យា។ បើទោះបីជា​ឯកសារ​ទាំងអស់នេះ​គ្រាន់តែ​ជា​ជំនួយ​ដល់​សិស្សានុសិស្ស ហើយ​មិនមែនជា​ឯកសារ​ពេញលេញ​សម្រាប់​កម្មវិធីសិក្សា​ថ្នាក់​ទី12ទាំងមូល​ក្តី តែ​ជាទូទៅ​គេ​សង្កេតឃើញថា សិស្ស​អាច​ប្រើប្រាស់​វា​ជា​ប្រភព​យ៉ាងសំខាន់​ក្នុងការ​អនុវត្ត​លំ​ហាត់​សម្រាប់​ត្រៀមប្រឡង​បាន​យ៉ាង​ល្អ។ ឯកសារ​ទាំងអស់នេះ ក៏​ជា​ចំណុច​មូលដ្ឋាន​ដែល​អាចធ្វើឱ្យ​សិស្ស​ប្រើប្រាស់​សម្រាប់​វាស់​ស្ទង់​ពី​សមត្ថភាព​របស់ខ្លួន​មុនពេល​ប្រឡង​ផងដែរ។

    ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកឡើងថា ជានិច្ចកាល​ក្រសួង​បាន​ព្យាយាម​ផ្តល់​ឯកសារសំខាន់ៗដល់​សិស្ស​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ គេហទំព័រ និង​ប្រភព​ជាច្រើន​ទៀត​ដើម្បីឱ្យ​ពួកគេ​អាច​ទាញយក​ឯកសារ​សង្ខេប​ទាំងអស់​នោះបាន​យ៉ាង​ងាយស្រួល ដោយ​មិនចាំបាច់​ចំណាយ​ប្រាក់។ ម្យ៉ាងវិញទៀត យើង​ក៏បាន​ជំរុញឱ្យមាន​ក្លិប​សិក្សា​នៅតាម​សាលា​នានា​ដើម្បី​ធ្វើឱ្យ​យ៉ាងណា​ឱ្យ​សិស្ស​អាចមាន​លទ្ធភាព​ពង្រឹងសមត្ថភាព​ខ្លួនឯងបាន​យ៉ាង​ល្អ ស្រប​ពេលដែល​ក្រសួង​ក៏បាន​បង្ហាញ​វីដេអូ​បង្រៀន​នូវ​មេរៀនសំខាន់ៗយ៉ាង​ទូលំទូលាយ​ដល់​សិស្សានុសិស្ស​នៅ​កម្ពុជា។

    ប្រភព​ឯកសារ​សំខាន់​ដែល​ក្រសួង​ផ្តល់ជូន​ទាំងអស់នេះ ជា​ប្រភេទ​ឯកសារ PDF ដែល​អនុញ្ញាតឱ្យ​សិស្ស​អាច​ទាញយក​ដើម្បី​បោះពុម្ព​ប្រើប្រាស់​ដោយ​ខ្លួនឯង។ ហើយ​ក្នុង​ឯកសារ​ទាំងអស់នោះគឺជា​ឯកសារ​ដែលមាន​គណៈកម្មកា​រ​រៀបចំ​យ៉ាង​ច្បាស់លាស់ និង​មាន​គណៈកម្មការ​ត្រួតពិនិត្យ​យ៉ាង​ល្អិតល្អន់ មុននឹង​អនុញ្ញាតឱ្យ​ប្រើប្រាស់ ដើម្បី​ធានាថា វា​ពិត​ជាមាន​អត្ថប្រយោជន៍​សម្រាប់​ការសិក្សា​ដល់​សិស្ស​ទូទៅ​នៅ​កម្ពុជា​ប្រាកដ​មែន។

    ប្រភព​ឯកសារ​ខ្លះ ដូចជា​ឯកសារ​ប្រវត្តិវិទ្យា​ជាដើម គឺអាច​ធ្វើឱ្យ​សិស្ស​មាន​សមត្ថភាព​ក្នុងការ​វិភាគ ស្វែងយល់ និង​វាយតម្លៃ ដោយ​ទាញយក​បទពិសោធ​ពី​ប្រវត្តិសាស្ត្រ​សម្រាប់​ជា​ចំណេះដឹង​សម្រាប់​ការរស់នៅ​ជាក់ស្តែង​ក្នុងសង្គម ហើយ​ថែមទាំង​ធ្វើឱ្យ​សិស្ស​មាន​ភាពងាយស្រួល​ក្នុងការ​ប្រើប្រាស់​ទៀតផង ព្រោះ​វា​ជា​ប្រភេទ​មេរៀនខ្លីៗដែល​សង្ខេប​ដោយ​អ្នកជំនាញ។

    ចំពោះ​មុខវិជ្ជា​វិទ្យាសាស្ត្រ​ពិត​វិញ​គឺ ភាគច្រើន​ជា​ប្រភេទ​លំ​ហាត់​អនុវត្តន៍​ដើម្បី​ពង្រឹង​ចំណេះដឹង និង​ដោះស្រាយ​លំ​ហាត់ ដោយ​ការទាញយក​និយមន័យ​ច្បាប់ និង​រូបមន្ត​យកមកប្រើ​ប្រាស់។ ម្យ៉ាងវិញទៀត វា​ក៏​ជួយ​ឱ្យ​សិស្ស​មាន​ភាពងាយស្រួល​ក្នុងការ​សិក្សា និង​ចងចាំ​មេរៀន​ថែម​ទៀតផង ព្រោះ​លំ​ហាត់​ដែល​បានដាក់​ចេញ​នោះ ភាគច្រើន​ត្រូវបាន​រៀបចំ​ដោយមាន​លំដាប់លំដោយ​ត្រឹមត្រូវ ជាមួយនឹង​វិធីប្លែកៗទៀតផង៕

  • ជីជី រំភើបចិត្តខណៈរបរថ្មីមួយទៀតលេចជារូបរាងពេញលេញដូចក្ដីស្រម៉ៃ

    ជីជី រំភើបចិត្តខណៈរបរថ្មីមួយទៀតលេចជារូបរាងពេញលេញដូចក្ដីស្រម៉ៃ

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី 8 ខែ មិថុនា ឆ្នាំ 2018 នេះ គេមើលឃើញថា កញ្ញា ជីជី ក្រៅពីអាជីពជាពិធីការិនី និងតារាសម្ដែងដ៏មានប្រជាប្រិយភាពហើយនោះ ថ្មីៗនេះ នាងបានបន្ថែមមុខរបរក្នុងដៃមិនខុសពីតារាមួយចំនួនដែរគឺហាងអាហារ «I’m Spicy Soup» បន្ទាប់ពីតារាស្រីរូបនេះ បានបើកសាកល្បងអស់រយៈពេលច្រើនថ្ងៃ ដើម្បីភក្សរសជាតិអាហារមុនពេលបើកសម្ពោធជាផ្លូវការផងដែរ។

    តារាស្រីសាច់សខ្ចីរូបនេះ បានបញ្ជាក់ថា​ « មិនធ្លាប់រំពឹងទុក ថាមានហាងស៊ុបហិរនេះ ដោយសារជាអាហារដែលចេះធ្វើ ហើយចូលចិត្តញាំជាប្រចាំ។ គម្រោងត្រឹមតែលក់តាម online លេងៗ ជាមួយបងស្រី ហើយផ្តើមពី3តុ ខាងមុខ ហាងខោអាវ ក្រោយមក ភ្ញៀវច្រើន ក៏សំរេចចិត្ត យកហាងខោអាវមកធ្វើជាហាងស៊ុប វិញ ដោយគ្មានការព្រៀងទុក។ ឥលូវនេះ ក្លាយជាហាងស៊ុបពេញរូបរាងកន្លែងធំជាងមុន។ អរគុណ អតិថិជនដែលតែងតែគាំទ្រ និង អរគុណ បងៗ មិត្តភក្តិ ដែលចូលរួមកាលពីម្សិលមិញនេះ»។

    សូមជម្រាបផងដែរថា​ ការបើកសម្ពោធហាងថ្មីមួយនេះរបស់តារាស្រីរូបនេះ និងបងស្រីនាង គេឃើញមានការអញ្ជើញតារាសិល្បៈល្បីៗមកចូលរួម ដែលធ្វើ​ឱ្យកម្មវិធីរបស់កញ្ញា កាន់តែមានភាពសប្បាយរីករាយទ្វេដង និងបានសម្ដែងក្ដីអបអរដល់ ជីជី មានទាំងបាច់ផ្កាចំរុះព័ណ៌ផងដែរ៕

  • ច្បាស់ហើយ !! ម្ដាយក្មេកលោកព្រាប សុវត្ថិ​​ ទទួលស្គាល់ សាត រស្មី ជាចៅប្រសាហើយ

    ច្បាស់ហើយ !! ម្ដាយក្មេកលោកព្រាប សុវត្ថិ​​ ទទួលស្គាល់ សាត រស្មី ជាចៅប្រសាហើយ

    ថ្មីៗនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះតារាសម្តែងសាច់សខ្ចីអ្នកម៉េម៉ាយ សាត រស្មី បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល បន្ទាប់ពីមានការបែកធ្លាយរូបភាពថតរួមគ្នាជាមួយក្រុមគ្រួសារលោក ព្រាប សុវត្ថិ ព័ត៌មាននេះបានធ្វើឱ្យទស្សនិកជន មានការងឿងឆ្ងល់យ៉ាងខ្លាំង ពីទំនាក់ទំនងមួយនេះ។

    យ៉ាងមិញ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក គេមើលឃើញថា ម្តាយក្មេងរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានបង្ហោះរូបភាព និងធ្វើការប្រកាសក្តែងៗលើបណ្តាញសង្គម ដើម្បីស្រាយចម្ងល់ដ៏រសើបមួយនេះ ដោយបាននិយាយថា«សាត រស្មី គឺជាអនាគតចៅប្រសារបស់ខ្ញុំ » ដែលធ្វើអោយទស្សនិកជនមានការស្រឡាំងកាំងតែម្តង។ គួរបញ្ជាក់ដែរថា កញ្ញា សាត រស្មី មានទំនាក់ទំនងស្នេហានឹងក្មួយប្រុសសង្ហាលោកព្រាប សុវត្ថិ គឺមានរយៈពេលយូរហើយដែរ គ្រាន់តែអ្នកទាំង2មិនបានបង្ហាញជាសាធារណៈតែប៉ុណ្ណោះ។

    គួររំឭកផងដែរថា កន្លងមកនៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នាកាលសម្ពោធរឿងរបស់ផលិតកម្ម LD តារាស្រីរូបនេះធ្លាប់បានបង្ហើបថា «សម្រាប់រឿងអាស្រូវនោះ និយាយរួមខ្ញុំអត់ខ្វល់ផង ព្រោះរឿងនោះ មិនមែនជារឿងឥឡូវ តាំងពី10ឆ្នាំមុន ហើយក៏ខ្ជិលខ្វល់ព្រោះ រឿងអត់ប្រយោជន៍ ។ មកទល់នឹងពេលនេះ ខ្ញុំបានរកអ្នកស្អំបេះដូង បានជាង1ឆ្នាំ ហើយគេដឹងរឿងនេះដែរ គេអត់ប្រកាន់នោះទេ» ។​ នេះបានសបញ្ជាក់ឱ្យដឹងថា ការបង្កាត់ភ្លើងស្នេហ៍ជាមួយបុរសក្មួយប្រុសសង្ហាលោកព្រាប សុវត្ថិ គឺកើតឡើងពីចិត្តនឹងចិត្ត ហើយអ្នកគាំទ្ររំពឹងថា នាងនឹងមានដំណឹងល្អចូលរោងការឆាប់ៗនេះ៕

  • លោក Southgat ឈឺក្បាលលើការជ្រើសរើសក្រុមអង់គ្លេស ក្រោយផ្តួលកូស្តារីកា

    លោក Southgat ឈឺក្បាលលើការជ្រើសរើសក្រុមអង់គ្លេស ក្រោយផ្តួលកូស្តារីកា

    លោក Gareth Southgate បានទទួលស្គាល់ថា លោក «មានការសម្រេចចិត្តដ៏លំបាក» ជាច្រើនដែលត្រូវធ្វើ ជុំវិញកាជ្រើសរើសទាំង 11នាក់ដំបូងរបស់លោកសម្រាប់ការប្រកួតបើកឆាកក្នុងពូលរបស់ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសក្នុងយុទ្ធនាការ World Cup ជាមួយនឹងក្រុមជម្រើសជាតិទុយនីស៊ី ក្នុងរយៈពេល 10ថ្ងៃទៀត ក្រោយពីក្រុមដែលមានការផ្លាស់ប្តូរកីឡាករច្រើនរបស់លោក បានបង្ហាញពីទម្រង់លេងដ៏គួរឱ្យទាក់ទាញនៅពេលប្រកួតជាមួយនឹងក្រុមកូស្តារីកា។

    ខ្សែប្រយុទ្ធ Marcus Rashford និងខ្សែបម្រើ Ruben Loftus-Cheek បានបង្ហាញពីទម្រង់លេងដ៏គួរឱ្យទាក់ទាញក្នុងពេលយកឈ្នះលើក្រុមបាល់ទាត់ជម្រើសជាតិកូស្តារីកា ក្នុងលទ្ធផល 2-០ ក្នុងទីក្រុង Leeds កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីផ្តល់ឱ្យអ្នកចាត់ការទូទៅរូបនេះមានហេតុផលជាច្រើនដែលត្រូវពិចារណា នៅមុនពេលការធ្វើដំណើររបស់ក្រុមអង់គ្លេសទៅកាន់យុទ្ធនាការ World Cup នៅថ្ងៃអង្គារសប្តាហ៍ក្រោយ។

    លោក Southgate បានឱ្យដឹងថា៖ «ពិតណាស់ វាកាន់តែលំបាក។ មានការសម្រេចចិត្តធំៗជាច្រើនដែលត្រូវធ្វើ ប៉ុន្តែ ស្ថិតក្នុងវិធីដ៏ល្អមួយ។ ប្រសិនបើខ្ញុំគិតថា ខ្ញុំមិនមាននរណាម្នាក់ក្នុងការលេងក្នុងទីតាំងនេះ ឬក្នុងទីតាំងនោះ វានឹងក្លាយជាស្ថានភាពដ៏លំបាក។ យើងបានស្នើឱ្យកីឡាករផ្តល់ឱ្យយើងនូវការប្រជែងគ្នាសម្រាប់កៅអីផ្សេងៗ ហើយពួកគេធ្វើបាន។ យើងត្រូវការជម្រើសជាច្រើន»។

    គ្រូបង្វឹករូបនេះបានប្រាប់បន្ថែមទៀតថា៖ «អ្វីដែលបានធ្វើឱ្យខ្ញុំរីករាយនោះគឺថា Marcus Rashford បានរីករាយនឹងកីឡាបាល់ទាត់របស់គេនៅរាត្រីនេះ។ រូបគេលេងបានយ៉ាងល្អ ជាមួយនឹងភាពមុតស្រួចយ៉ាងពិតប្រាកដ»៕

    ប្រភពពី៖ The Guardian

  • Liverpool ចង់​បំពេញ​ការ​ផ្ទេរ Fekir ពីក្លិប Lyon មុនយុទ្ធ​នា​ការ World Cup

    Liverpool ចង់​បំពេញ​ការ​ផ្ទេរ Fekir ពីក្លិប Lyon មុនយុទ្ធ​នា​ការ World Cup

    ក្រុម​ហង្សក្រហម Liverpool កំពុង​តែ​ជំ​រុញ​ឱ្យ​មាន​ការ​ផ្ទេរ​មួយ​ត្រូវ​បំពេញ​ជាផ្លូវការ​ដើម្បី​ចុះហត្ថលេខា​ជា​មួយ​នឹង​ខ្សែ​បម្រើ Nabil Fekir ដែលមកពី​ក្លិប Lyon នៅមុន​ពេល​រូប​គេ​​ធ្វើ​ដំណើរ​ទៅកាន់​យុទ្ធ​នា​ការ World Cup ជា​មួយនឹងក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​​បារាំង​។ នេះ​បើយោង​​តាម​ប្រភព​ព័ត៌​មាន​នា​នា​របស់ Sky Sports​។

    វា​មិន​ទាន់​មាន​ការ​ផ្ទេរ​មួយ​កើត​ឡើង​រវាង​​ក្លិប​​ដែល​ទាក់​ទង​​ទាំង​2 ​ឡើយ ប៉ុន្តែ Liverpool ត្រូវ​បាន​​រំពឹង​ទុក​ថា នឹង​ព្យា​យាម​​បំពេញ​ការ​ព្រមព្រៀង​គ្នា​​មួយ​នៅមុន​ពេលថ្ងៃ​សៅរ៍​នេះ ជាមួយ​នឹង​តម្លៃខ្លួន​ 60​លាន​អឺ​រ៉ូ (ស្មើ​នឹង​ 71​លាន​ដុល្លារ​អាមេរិក​)​។ Fekir ដែល​អាច​លេង​ទាំង​ក្នុង​តំបន់​បម្រើ និង​ប្រយុទ្ធ​នោះ នឹង​ត្រូវ​បំពេញ​កន្លែង​ទំនេរមួយ​ដែល​ត្រូវ​បាន​ចាក​ចេញ​​ដោយ​ខ្សែ​បម្រើ​ដ៏មាន​ឥទ្ធិ​ពល Philippe Coutinho ទៅកាន់​ក្លិប Barcelona កាលពី​ខែមករា​។ ខ្សែ​បម្រើ​វ័យ​ 24ឆ្នាំ​រូបនេះ គឺ​ជា​សមា​ជិក​ម្នាក់​​នៃ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​បារាំង សម្រាប់​យុទ្ធ​នាការ World Cup នា​ពេល​ខាង​មុខនេះ​។

    Liverpool ពិត​ជា​ចង់​បំពេញ​ការ​ផ្ទេរ​មួយ​នេះ នៅមុន​​ពេល Fekir ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​រុស្ស៊ី ក្រោយពី​​ការ​ប្រកួត​កម្តៅ​សាច់​ដុំ​ជាលើក​ចុងក្រោយ​របស់​ក្រុម​ជម្រើស​ជាតិ​បារាំង ជាមួយ​នឹងក្រុម​ជម្រើស​ជាតិ​សហ​រដ្ឋ​អាមេរិក នៅ​ថ្ងៃ​សៅរ៍នេះ​​។ Fekir បាន​ស៊ុត​បាល់​បញ្ចូល​ទី​ 24​គ្រាប់​នៅ​​រដូវ​កាល​នេះ ដើម្បី​ជួយ​ឱ្យ​ក្រុម Lyon ឈ្នះ​សិទ្ធិ​ទៅ​ប្រកួតក្រប​ខ័ណ្ឌ Champions League តាម​រយៈ​ការ​បញ្ចប់​ក្នុង​​ចំណាត់ថ្នាក់​លេខ​3 នៅលើ​តារាងក្រ​ប​ខ័ណ្ឌ Ligue 1​៕

    ប្រភព​ពី៖ Sky Sports

  • គ្រាន់តែ ឌុច សុភា បង្ហាញខ្លួននៅក្នុងរឿងភាគថ្មីភ្លាម អ្នកគាំទ្រអន្ទះសាចង់តាមដានតែម្ដង

    គ្រាន់តែ ឌុច សុភា បង្ហាញខ្លួននៅក្នុងរឿងភាគថ្មីភ្លាម អ្នកគាំទ្រអន្ទះសាចង់តាមដានតែម្ដង

    គ្រាន់តែឃើញការបង្ហាញវត្តមានជាថ្មីរបស់តារាសម្ដែង ឌុច សុភា តាមរយៈរឿងភាគថ្មីរបស់ស្ថានីយទូរទស្សន៍ហង្សមាសភ្លាម បានបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងភ្លេតតែម្ដង។ បើតាមការទម្លាយវីដេអូ Trailer នៅលើផេករស្មីហង្សមាស រឿងភាគចំណងជើងថា «ផ្កាថ្ម» គេសង្កេតឃើញមានតារាសម្ដែងល្បីៗជាច្រើនដួងបានចូលរួមសម្ដែងនៅក្នុងរឿងភាគល្អមួយនេះ ជាពិសេសមានវត្តមានសម្ដែងដោយអ្នកនាង ឌុច សោភា ផងដែរ។

    នៅចាំបានថា ការបាត់មុខពីការសម្ដែងខារ៉ាអូខេ និងភាពយន្ដអស់រយៈពេល 3 ឆ្នាំមកនេះ អ្នកនាង ឌុច សុភា ក៏ហាក់បីដូចជាបាត់មុខពីពិភពសិល្បៈខ្មែរដូចគ្នាដែរ ដោយគេសង្កេតឃើញថា អ្នកនាងមិនមានសម្ដែងរឿង ឬវីដេអូចម្រៀង MV ណាមួយឡើយ។ គួបញ្ជាក់ផងដែរថា បទចម្រៀងដែលតារាស្រីរូបនេះបានសម្ដែងចុងក្រោយគេមុនពេលបាត់មុខនោះ គឺបទ “Call មកបង ម្ដេចសុំលេខគេ” របស់ផលិតកម្មរស្មីហង្សមាស កាលពីឆ្នាំ 2014 ដែលជាច្រៀងដោយលោក ព្រាប សុវត្ថិ ហើយក៏ជាបទដែលនិពន្ធទំនុកច្រៀងដោយលោក សុខ ចាន់ផល ផងដែរ។

    តែដោយឡែក​ នៅពេលបានឃើញអ្នកនាង ឌុច សុភា បង្ហាញវត្តមានថ្មីសន្លាង និងទេពកោសល្យសម្ដែងរឿងជាថ្មីម្ដងទៀតនោះ បានធ្វើឱ្យអ្នកគាំទ្រអន្ទះសា និងអត់ទ្រាំរង់ចាំទស្សនារឿង «ផ្កាថ្ម» នៅមិនសុខបក់មិនល្ហើយ។ អ្នកគាំទ្រភាគច្រើនលាន់មាត់ថា `« រង់ចាំការសម្ដែងរបស់ ឌុច សុភា យូរណាស់ហើយ។ មើលហើយមើលទៀត អត់ទ្រាំលែងបាន ព្រោះថាវាល្អមើលពេក អគុណហង្សមាសដែលផលិតរឿងដែលល្អល្អបែបនេះហើយជួយលើកស្ទួយវប្បធម៌ខ្មែរទៀតទ្រាំទ្ររហូត »។

    អូហូ!! គ្រាន់តែ Trailer​ ទាក់ទាញកម្រិតនេះទៅហើយ ចុះទម្រាំដល់ថ្ងៃបញ្ចាំងទៀត មិនដឹងភ្លូកទឹកភ្លូកដីចាំទស្សនាប៉ុនណានោះទេ..។ សូមប្រិយមិត្តទាំងអស់កុំខកខានទស្សនារឿង «ផ្កាថ្ម» ដែលសម្ដែងដោយតារាស្រី ឌុច សុភា ឱ្យសោះ ធានាថា នាងបញ្ចេញទេពកោសល្យសម្ដែងគ្រប់រសជាតិតែម្ដង៕

    https://www.youtube.com/watch?v=s1rIb1xFOCA