Category: សង្គម និងសេដ្ឋកិច្ច

  • សូដា​ នីតា ធ្វើឱ្យអ្នកគាំទ្រក្ដុកក្តួលអារម្មណ៍ពេលរំឭកដល់វិញ្ញាណក្ខន្ធ សាន ស្រីឡៃ

    សូដា​ នីតា ធ្វើឱ្យអ្នកគាំទ្រក្ដុកក្តួលអារម្មណ៍ពេលរំឭកដល់វិញ្ញាណក្ខន្ធ សាន ស្រីឡៃ

    ដូចដែលប្រិយមិត្តអ្នកគាំទ្រទាំងអស់គ្នាបានដឹងហើយថា កាលពីឆ្នាំកន្លងទៅ តារាចម្រៀងស្រីនៅក្នុងផលិតកម្មរស្មីហង្សមាស អ្នកនាង សាន ស្រីឡៃ បានទទួលមរណភាពដោយសារអំពើបាញ់ប្រហារនៅក្នុងបរិវេណគ្លីនិកកែសម្ផស្សមួយកន្លែងក្នុងរាជធានីភ្នំពេញ ដែលក្នុងអំឡុងពេលនោះ អ្នកនាង សាន ស្រីឡៃ ក៏កំពុងសម្ដែងក្នុងខ្សែភាពយន្តរឿង «រាជិនីភូមិគ្រឹះ» ក្នុងតំណែងជាក្មួយស្រី របស់នាង សូដា នីតា ដែលធ្វើឱ្យអ្នកទាំងពីរមានការប្រស្រ័យទាក់ទងគ្នាយ៉ាងស្អិតល្មួត ប្រៀបដូចមីង និងក្មួយបង្កើតពិតប្រាកដនៅក្រៅសាច់រឿងដូច្នោះដែរ។

    គួរំឭកផងដែរថា ក្រោយពីការបាញ់សម្លាប់អ្នកនាង សាន ស្រីឡៃ ដែលជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសមក មានមិត្តៗសិល្បករជាច្រើននាក់បានបញ្ចេញសាររំលែកទុក្ខទៅកាន់អ្នកនាង និងក្រុមគ្រួសារ។ ក្នុងនោះដែរតារាស្រី សូដា នីតា ដែលជាតារាចម្រៀង និងសម្តែងជើងចាស់បានបង្ហោះសារដ៏ក្រៀមក្រំទៅកាន់អ្នកនាង សាន ស្រីឡៃ ដែលបានទទួលមរណភាពទៅហើយនោះថា «ទៅឱ្យបានស្ងប់សុខណាស្រីឡៃ ក្មេងល្អ ក្មេងឡប់របស់បង បើមានជាតិក្រោយ កុំអភ័ព្វដូចជាតិនេះណាអូន ស្រណោះទើបនិយាយពីថ្ងៃនោះសោះ»។ នេះជាការបង្ហាញអារម្មណ៍ដែលតារាស្រីរូបនេះ ដែលមានក្ដីសោកសង្រេង និងស្ដាយស្រណោះយ៉ាងខ្លាំងចំពោះរូបអ្នកនាង សាន ស្រីឡៃ។

    ដោយឡែកស្រាប់តែនៅពេលថ្មីៗនេះ នាង សូដា​ នីតា បានបង្ហោះសាររំឭកដល់ សាន ស្រីឡៃ ម្ដងទៀត និងបានអះអាងថា នាងនៅតែមានអារម្មណ៍ថា ស្រឡៃ នៅតែហៅឈ្មោះនាងជាប់នឹងត្រចៀក។ «នៅសុខៗមានអារម្មណ៍នឹកក្មេងឡប់របស់មីងម្មាក់នេះខ្លាំងណាស់ សាន ស្រីឡៃ។ ខ្ញុំមានអារម្មណ៍ថា ដូចនាងនៅតែហៅខ្ញុំថា ( អ្នកមីងៗ) នៅក្បែរត្រចៀក ឮដូចពិតតិច ដូចយល់សប្ដិតិច។ តែទោះយ៉ាងណា ក្មេងឡប់ម្នាក់នេះបានរកឃើញទីកន្លែងសុខហើយ…មីងនឹកមែនណា៎ស្រីឡៃ» នេះជាសារនៃអារម្មណ៍ដែលនាងបានបង្ហោះនៅលើហ្វេសប៊ុករបស់ខ្លួន ដែលធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងស្លុតអារម្មណ៍តាមយ៉ាងខ្លាំង៕

     

     

  • អ៊ើនុះ!!!  អ្នកដឹកនាំសម្ដែង រិទ្ធ អូមេហ្កា រិះគន់បទចម្រៀង «ស្រីមុខលុយ» ថា ដូចជារឿងក្ដៅសាច់

    អ៊ើនុះ!!!  អ្នកដឹកនាំសម្ដែង រិទ្ធ អូមេហ្កា រិះគន់បទចម្រៀង «ស្រីមុខលុយ» ថា ដូចជារឿងក្ដៅសាច់

    កំពុងតែមានការភ្ញាក់ផ្អើលខ្លាំងនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ក្រោយពេលដែលតារាសម្ដែងនៅក្នុង MVបទចម្រៀង  «ស្រីមុខលុយ» បានបញ្ចេញឃ្លីបវីដេអូខ្លីដែលបង្ហាញពីសកម្មភាពក្រៅឆាកយ៉ាងសិចស៊ីក្ដៅគគុកនៅលើគ្រែរួចមក ស្រាប់តែថ្មីៗនេះ ខាងផលិតកម្មបានបញ្ចេញវីដេអូបទចម្រៀងរបស់ខ្លួនឱ្យមហាជនបានទស្សនាពេញៗតែម្ដង។

    គ្រាន់តែ MVចម្រៀងបទមួយនេះចេញមិនទាន់បានប៉ុន្មានម៉ោងផង ភ្លាមៗនោះអ្នកដឹកនាំសម្ដែងនៅក្នុងផលិតកម្មថោន លោក រិទ្ធ អូមេហ្កា បានចេញសាររិះគន់ការផលិត MV ចម្រៀងមួយនេះយ៉ាងចាស់ដៃតែម្ដង និងផ្ដោតសំខាន់ទទូចឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គួរចាត់វិធានការលើអ្នកដឹកនាំសម្តែង​ រឺផលិតកម្មនេះ។

    នៅក្នុងសាររបស់អ្នកដឹកនាំសម្ដែងរូបនេះ បានរៀបរាប់ថា « ខ្ញុំឆ្ងល់មួយ ផលិតកម្មសាស្តាហ្នឹង គេផលិតចម្រៀង​ ឬផលិតរឿងPorn? តម្រូវពីផលិតកម្ម​ ឬមកពីអ្នកដឹកនាំសម្តែងគ្មានខួរ? បទចម្រៀង ប៉ារ៉ូលដូចអត់មានស៊ីគ្នានឹងរឿងលើគ្រែសោះ​ ចុះម្តេច MV គ្រប់បទមានតែឱបថើបគ្នាលើគ្រែ​ ក្នុងបន្ទប់ទឹកបែបនេះ? គិតថាធ្វើអ៊ីចឹងទៅល្បីមែន? ការក្បត់វាអាចមានច្រើនរូបភាពមិនចាំបាច់តែ​ …គ្នាបានគេហៅក្បត់ទេ? ចង់ឃើញមុខអ្នកដឹកនាំសម្តែងហ្នឹងមុខម៉េចបានខួរក្បាលគិតចេញតែរឿងអ៊ីចឹង?»។  

    អូហូ! ពិតជាមិនធម្មតាមែន ការរិះគន់នេះពិតជាចាក់ដោតដល់ទាំងម្ចាស់ផលិតកម្ម និងអ្នកដឹកនាំសម្ដែងក្នុងបទចម្រៀងនេះដែលបានបង្ហាញឈ្មោះថា «Mr. City»មែន!។ លោក រិទ្ធ បានបន្ដទៀតថា «ខ្ញុំនិយាយព្រោះខ្ញុំទើស​ ហើយក្នុងនាមខ្ញុំជាអ្នកផលិតមួយរូបដែរ ខ្ញុំខ្មាស់គេជំនួស​ គ្មានអ្វីថ្មីបែរជានាំរឿងថោកដល់វិស័យសិល្បៈ មិនបានលើកស្ទួយមកជាន់ពន្លិច​ យកសិល្បៈជាឈ្នាន់ធ្វើរឿងថោកទាប​។ សុំទោសបើខ្ញុំនិយាយខុស​ តែខ្ញុំវាទើសភ្នែកពេក​ ក្រសួងវប្បធម៌គួរចាត់វិធានការលើអ្នកដឹកនាំសម្តែង​ ឬផលិតកម្មនេះ»។

    សូមជម្រាបផងដែរថា បទចម្រៀង «ស្រីមុខលុយ» មានការចូលរួមសម្ដែងឈុតឆាកសិចស៊ីរោលរាលស្រៀវស្រើបរវាងតារាសម្ដែងស្រី កញ្ញា វ៉ាន់ វល័ក្ខ និងលោក សុវណ្ណ ចាន់រតនា នៅក្នុងបទចម្រៀងរបស់ផលិតកម្ម សាស្តា ដែលអ្នកទាំងពីរតម្រូវឱ្យសម្តែងនៅលើគ្រែជាមួយគ្នាស្រស់ៗ ឆៅៗ នូវឈុតឆាកស្រៀវស្រើបកាមារម្មណ៍ពិតៗ ហើយផ្លាស់ប្ដូរអារម្មណ៍សម្ដែងភ្លាមៗ ហួសពីការស្មាននៅក្នុងបន្ទប់ទឹក ដោយមិនមានការកាត់តសូម្បីតែបន្តិច៕

    https://www.youtube.com/watch?v=rL8xIkCPhkY&t=7s

  • ពេល​ខ្ញុំ​តាំង​គភ៌​ខែ​ទី3

    ពេល​ខ្ញុំ​តាំង​គភ៌​ខែ​ទី3

    ពេល​អាយុ​គភ៌​ចូលមក​ដល់​ខែ​ទី3 ទារក​ក្នុង​គភ៌​នឹងមាន​ទំហំ​ប្រមាណ​ជា2.5-3អី​ុ​ញ និង​ទម្ងន់​ប្រហែលជា15ក្រាម​ហើយ។ នៅក្នុង​ខែ​នេះ​ទារក​ក្នុង​គភ៌​ចាប់ផ្ដើម​មាន​វិវឌ្ឍនាការ​របស់​អា​វយ​វៈផ្សេងៗដូចជា ប្រព័ន្ធ​ឈាម​រត់ ប្រព័ន្ធ​បន្ទោបង់​ទឹកមូត្រ​ចាប់ផ្ដើម​ធ្វើការ ថ្លើម​ចាប់ផ្ដើម​សាង​ទឹក-ប្រមាត់ អវយវៈ​បន្ត​ពូជ​ចាប់​ផ្ដើមចេញ​ជា​រូបរាង តែ​នៅ​មិនទាន់​អាច​មើលឃើញ​បាន​ច្បាស់​ថា ជា​ភេទ​ណា​នៅឡើយ​ទេ។

    ក្នុង​ខែ​ទី3នៃ​ការតាំង​គភ៌​នឹងមាន​ការប្រែប្រួលផ្សេងៗដែល​អាចមាន​អារម្មណ៍​ដឹងបាន​ដូចតទៅ ៖
    – ឆាប់​ល្វើយ​អស់កម្លាំង និង​មាន​អារម្មណ៍​ងងុយគេង​ញឹកញាប់​ជាង​ប្រក្រតី។
    – បត់ជើងតូច​ញឹកញាប់។
    – ក្អួតចង្អោរ ឬ​មាន​អាការ​ចាញ់កូន។
    – ទល់លាមក។
    – ហើម​ឆ្អល់ពោះ អាហារ​មិន​រំលាយ ឈឺផ្សា​នៅ​ម្ដុំ​ចុងដង្ហើម។
    – ធុញទ្រាន់​អាហារ និង​ចង់​ញ៉ាំ​អាហារ​ប្រភេទផ្សេង។
    – សុដន់​ចាប់​ផ្ដើមឡើង​តឹង និង​រីកធំឡើង ពណ៌​ស្បែ​កនៅ​បរិវេណ​ក្បាល​សុដន់​ឡើង​ស្រគាំ។
    – ឈឺក្បាល​ម្ដងម្កាល។
    – ឈឺក្បាល​វិលមុខ កើត​ខ្យល់​ញឹកញាប់ ស្រវាំងភ្នែក ដូច្នេះ​ត្រូវ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំង​ឡើង។
    – ទើស​ទែង​ធុញថប់​ត្រង់​ម្ដុំ​ចង្កេះ។
    – ឃ្លាន​ញឹកញាប់ និង​ញ៉ាំ​ច្រើនជាង​មុន។
    – អារម្មណ៍​ប្រែប្រួល ឆាប់​ទន់ជ្រាយ ដូចជា​ឆាប់​យំ​ជាដើម។

    រឿង​ដែល​គ្រូពេទ្យ​ឱ្យ​ស្ត្រី​មានគភ៌​ធ្វើ​នៅក្នុង​ខែ​ទី3នេះ មានដូចជា ៖
    1. ការ​ថ្លឹង​ទម្ងន់​ខ្លួន និង​វាស់​សម្ពាធ​ឈាម។
    2. ពិនិត្យមើល​ជាតិ​ស្ករ និង​សារធាតុ​ទឹករំអិល​ស​ក្នុង​ទឹកមូត្រ។
    3. ស្ដាប់​សំឡេង​លោត​របស់​បេះដូង​​ទារក​
    នៅក្នុង​គភ៌ ដែល​អ្នកនឹង​បានដឹង​ពី​សំឡេង​បេះដូង​លោត​របស់​កូន​អ្នក។
    4. ពិនិត្យមើល​ទំហំ​ស្បូន​ថា មាន​ទំហំ​ប្រក្រតី​ឬទេ?
    5.ពិនិត្យមើល​កម្រិត​រប​ស់​ស្បូន ​ដោយ​ការ​ស្ទាប​លើ​ក្បាលពោះ។
    6. ពិនិត្យមើល​អាការ​ហើម និង​សរសៃឈាម​ត្បៀត​នៅលើ​ជើង និង​បាតជើង។
    7. ពិនិត្យ​អាការ​ខុស​ប្រក្រតីផ្សេងៗ (បើ​មាន)។

    រឿង​ដែល​ត្រូវ​មើលថែទាំ​ជាពិសេស​ក្នុង​ខែ​នេះ​គឺ អាការ​ទល់លាមក។ ស្ត្រី​មានគភ៌​ដែល​កំពុង​តាំង​គភ៌​គួរ​ទទួលទាន​អាហារ​ដែលមាន​ជាតិ​កាក​សរសៃ​ឱ្យបាន​ច្រើនឡើង ញ៉ាំ​ទឹកស្អាត​ឱ្យ​ច្រើនឡើង និង​គួរ​ហាត់ប្រាណ​ក្នុង​ឥរិយាបថ​ដែល​ស័ក្តិសម​ក្នុង​មួយថ្ងៃ​កន្លះ​ម៉ោង។ ក្រៅពី​អាការ​ទល់លាមក​ហើយ អ្នកខ្លះ​អាចមាន​អាការ​ហើម​ឆ្អល់ពោះ​ដែល​ច្រើនតែ​បណ្ដាលមកពី​អាការ​ទល់លាមក ដូច្នេះ​ទើបត្រូវ​ព្យាបាល​អាការ​ទល់លាមក​នេះ​ឱ្យ​ជា។ មិនគួរ​ញ៉ាំ​អាហារ​ឆ្អែត​ជ្រុល​ពេក​ក្នុងមួយពេលៗ និង​មិនគួរ​ញ៉ាំ​បែប​ប្រញាប់​ឡើយ គួរ​ទំពា​អាហារយឺតៗ និង​បន្ថយ ឬ​តម​អាហារ​ណា​ដែល​អាចធ្វើឱ្យ​កើត​ហ្គាស​ក្នុង​ការរំលាយ ដូចជា ស្ពៃក្ដោប​គ្រប់​ប្រភេទ ខ្ទឹមបារាំង និង​សណ្ដែក​គ្រប់​ប្រភេទ។

    គួរ​បែង​រំលែក​ការទទួល​ទាន​អាហារ​ចេញ​ជា​ពេលតូចៗ ជំនួស​ឱ្យ​ការទទួល​ទាន​បែប3ពេល​ក្នុង​មួយថ្ងៃ។ អាច​នឹង​បែង​ជា6-7ពេល​ក្នុង​មួយថ្ងៃ ចំណែក​ពេល​ថ្ងៃ (ចន្លោះ​ពេលបាយ​ព្រឹក និង​ថ្ងៃត្រង់) អាចនឹងទទួល​ទាន​ផ្លែឈើ​ដែលមាន​ជាតិ​កាក​សរសៃ​ច្រើន ឬ​ញាំ​បន្លែ​ស្លឹក​បៃតង។ លុះ​ពេល​រសៀល(ចន្លោះពេល​ថ្ងៃត្រង់ និង​ល្ងាច)អាច​នឹង​រក​ផ្លែឈើ ឬ​អាហារ​ចម្អាប​ដែលមាន​សារធាតុ​កាល់ស្យូមច្រើនៗមក​ទទួលទាន​ជំនួយ។ ចំណែក​ពេល​ក្បាល​ព្រលប់ (ក្រោយពេល​បាយល្ងាច និង​មុន​ចូល​គេង) បើ​មាន​អារម្មណ៍​ឃ្លាន ស្ត្រី​មានគភ៌​អា​ចរក​ទឹក​ផ្លែឈើ​ច្របាច់ស្រស់ៗ ផ្លែឈើ​ប្រភេទ​ខ្លះមក​ទទួលទាន ដូចជា​ចេកណាំវ៉ា ឬ​ញ៉ាំ​ទឹកដោះគោ​ក្ដៅឧណ្ហៗមួយ​កែវ ដើម្បី​ជួយ​ឱ្យ​ពោះ​មិន​ទំនេរ​រហូតដល់​ឃ្លាន​ខ្លាំង​បាន៕

  • ការចេះ​ជ្រើសរើស​ទទួលទាន​អាហារ​តាម​វ័យ នឹងធ្វើ​ឱ្យមាន​សុខភាព​ល្អ

    ការចេះ​ជ្រើសរើស​ទទួលទាន​អាហារ​តាម​វ័យ នឹងធ្វើ​ឱ្យមាន​សុខភាព​ល្អ

    មាន​ឈ្មោះថា អាហារ មិនថាតែ​អាហារ​ពេលចម្បងៗ ឬ​បង្អែម​នោះឡើយ ឡា​រ៉ែ​ន​ជឿថា នរណាៗក៏​ត្រូវតែ​បរិភោគ​ដែរ តែ តើ​មាន​ប៉ុន្មាន​អ្នក​ទៅ​ដែល​ចេះ​ជ្រើសរើស​អាហារ​ដែល​លោកអ្នក​ត្រូវ​ទទួលទាន​នោះ​ឱ្យ​សក្តិសម​នឹង​វ័យ និង​មាន​ប្រយោជន៍ មានគុណ​តម្លៃ​ដល់​រាងកាយ​របស់​ខ្លួនឯង?។  យើង​គួរតែ​យកចិត្តទុកដាក់​ក្នុងការ​ជ្រើសរើស​ទទួល​ទាន​អាហារ​តាម​អំឡុងពេល​របស់​អា​យុ ឬ​វ័យ ព្រោះ​ក្នុងអំឡុងពេល​នៃ​វ័យនីមួយៗ មាន​ភាពខុស​ផ្លែ​ក​ពីគ្នា​ខាង​ការវិវឌ្ឍ​របស់​រាងកាយ និង​លក្ខណៈ​ការរស់នៅ។

    ក្នុងអំឡុងអាយុចាប់ពី 20 ឆ្នាំឡើងទៅ ៖ គឺជា​អំឡុង​ពេលដែល​រាងកាយ​មាន​ការវិវឌ្ឍ និង​ចម្រើន​ធំធាត់​ពេញទំហឹង មិនថាតែ​រឿង​ការរៀនសូត្រ  ការធ្វើការងារ​ឡើយ ហើយក៏​ជា​វ័យ​ដែល​សកម្ម មិនចេះ​នឿយហត់  និង​រឹតតែ​សកម្ម​ក្នុង​ជីវិត​ប្រចាំថ្ងៃ​ច្រើន​ប៉ុនណា រាងកាយ​ក៏​រឹតតែ​ដុតបំផ្លាញ និង​ប្រើប្រាស់​កម្លាំង​ថាមពល​ច្រើន​ប៉ុន​នោះដែរ ដូច្នេះ​គួរ​ជ្រើសរើស​ទទួលទាន​អាហារ​ឲ្យ​បាន​សក្តិសម​នឹង​តម្រូវការ​របស់​រាងកាយ។

    ចូរ​ជ្រើសរើស​ទទួលទាន​ពពួក​សាច់សត្វ និង​សណ្តែកផ្សេងៗ រួមទាំង​បាយ និង​ម្សៅ​ជា​លំដាប់​ទីមួយ  តាម​ដោយ​បន្លែផ្លែឈើ​ជា​លំដាប់​ទី​ពីរ  ចំណែកឯ​ទឹកដោះគោ និង​អាហារ​ជំនួស​ជាតិ​កាល់ស្យូមផ្សេងៗដូចជា តៅហ៊ូ ទឹក​សណ្តែក​លឿង​បង្កើន​កាល់ស្យូម​ជា​លំដាប់​ទី​បី និង​ផ្តល់​ភាព​សំខាន់​ចំពោះ​ជាតិ​ខ្លាញ់​ជា​លំដាប់​ក្រោយ​គេ​បង្អស់។

    សាច់​ត្រី​ជា​អាហារ​ជំនួយ​ខួរក្បាល​ដែល​ជួយ​រក្សា​ព្យាបាល​ជញ្ជាំង​កោសិកា​ប្រសាទ​ក្នុង​ខួរក្បាល​ឱ្យ​រឹងមាំ មិនឆាប់​ភ្លេច។ បន្លែ​ពណ៌​បៃតង​ដូចជា ត្រកួន កញ្ឆែត ខាត់ណា សណ្តែកកួរ ជួយ​បំប៉ន​ភ្នែក សាង​ឆ្អឹង និង​ធ្មេញ​ឱ្យ​រឹងមាំ។

    វ័យដែលចាប់ផ្តើមដោយលេខ 3៖ ឈានចូលដល់វ័យ 30ឆ្នាំ មនុស្ស​ជាច្រើន​ចាប់ផ្តើម​ភ័យ តែ​ការចេះ​ជ្រើសរើស​ទទួលទាន​អាហារ​នឹងធ្វើ​ឱ្យ​អ្នក​ឯទៀត​មិនអាច​ស្មានដឹង​ពី​អាយុ​របស់​អ្នកតា​មរយៈ​រូបរាង​មុខមាត់​បានឡើយ ។  ក្នុងអំឡុង​វ័យ​ចាប់ផ្តើម​ជា​មនុស្ស​ចាស់​នេះ តម្រូវការ​ផ្នែក​ថាមពល​នៅតែមាន ព្រោះ​ជា​ចន្លោះ​ជីវិត​នៃ​ការធ្វើការងារ  តែ​ត្រូវ​បន្ថែម​ការប្រុងប្រយ័ត្ន​លើ​រឿង​ខ្លាញ់ និង​កូ​លេ​ស្តេ​រ៉ូ​ល ព្រោះ​អាចមានផលប៉ះពាល់​ដល់​រូបរាង​មុខមាត់​ផ្នែក​ខាងក្រៅ​ដែល​ធ្វើឱ្យ​មើលឃើញ​មានការ​ប្រែប្រួល​បាន​យ៉ាងច្បាស់ ដូច្នេះ​គួរ​ចៀសវាង​អាហារ​ដែលមាន​ជាតិ​ខ្លាញ់​ច្រើន និង​កូ​លេ​ស្តេ​រ៉ូ​ល​ខ្ពស់​ដូចជា សាច់ជ្រូក​បី​ជាន់ ប៊័រ​ដុំ និង​ខ្ទិះ ជាដើម។

    លោកអ្នក​អាច​ជ្រើសរើស​ទទួលទាន​អាហារ​ដែល​ជួយ​កាត់បន្ថយ​ជាតិ​ខ្លាញ់ និង​កូ​លេ​ស្តេ​រ៉ូ​ល​បាន​ដូចជា ត្រី​សមុទ្រជួយ​កាត់បន្ថយ​សម្ពាធ​ឈាម  ពួក​គ្រាប់សណ្តែក​ស្ងួត​ដូចជា សណ្តែកក្រហម សណ្តែកខៀវ សណ្តែក​លឿង ជួយ​កាត់បន្ថយភាព​ប្រថុយ​ពី​ជម្ងឺ​បេះដូង និង​មាន​ប្រូតេអ៊ីន​ខ្ពស់ និង​អាហារ​ដែលមាន​ជាតិ​កាក​សរសៃ​ខ្ពស់​ដែល​ជួយ​ឱ្យ​ឆ្អែត​ពោះ​បានយូរ និង​មាន​ផល​ល្អ​ដល់​ប្រព័ន្ធ​ពោះវៀន​ទៀតផង។

    វ័យដែលចាប់ផ្តើមដោយលេខ 4៖ ដោយសារតែ​សភាព​រាងកាយ​ចាប់ផ្តើម​ប្រែប្រួល ជាពិសេស​ចំពោះ​ស្ត្រី ឯ​បុរស​ក្នុង​វ័យ​នេះ​វិញ​ក៏​ចាប់ផ្តើម​មាន​រោគាផ្សេងៗកើតឡើង​ដែរ តែ​ទាំងអស់នេះ​ការពន្យា​វ័យ និង​ការការពារ​ជំងឺផ្សេងៗដែល​មកជា​មួយ​វ័យ មិនបាន​លំបាកលំបិន​ហួស​ពី​យើង​អាច​ធ្វើបាន​នោះឡើយ ។

    សម្រាប់​​ចន្លោះ​វ័យ​នេះ​តម្រូវការ​ខាង​ថាមពល​នឹង​ថយចុះ តែ​តម្រូវការ​កាល់ស្យូម និង​វិ​តា​មីនផ្សេងៗកើនឡើង ដែល​រាងកាយ​អាចនឹងទទួល​បាន​ពី​បន្លែ​ផ្លែឈើ​ដែលមាន​ជាតិ​កាក​សរសៃ​អាហារ​ខ្ពស់ ហើយ​ថែមទាំង​មាន​សារធាតុ​ប្រឆាំង​រ៉ាឌីកាល់ សេរីទៀតផង។ ឯ​វិ​តា​មីន C ពី​ចំណីអាហារ​ដែល​ងាយ​រក​ទទួលទាន​បាន​នោះ មានដូចជា ផ្លែក្រូច ត្របែក ប៉េងប៉ោះ ត្រសក់ស្រូវជាដើម  ចំណែក​អាហារ​ដែលមាន​វិ​តា​មីន E គឺ ប្រេងសណ្តែក ប៊័រ​សណ្តែក សណ្តែកដី និង​គ្រាប់​អាល់​ម៉ុ​ន។  ក្រៅពីនេះ​គួរទទួលទាន​តៅហ៊ូ ប្រូតេអ៊ីន​ដែលមាន​ជាតិ​ខ្លាញ់​ទាប​ដែល​ផ្តល់​កាល់ស្យូម​ច្រើនជាង​សាច់សត្វផ្សេងៗ និង​គួរ​ចៀសវាង​ភេសជ្ជៈ​ដែលមាន​ជាតិ​អាល់កុល និង​កាហ្វេ​អ៊ី​ន​ផង ។

    វ័យដែលចាប់ផ្តើមដោយលេខ 5៖ ការឈាន​ចូលដល់​វ័យ 50 នេះ មិន​មែនមាន​ផលប៉ះពាល់​ចំពោះតែ​រាងកាយ​ម្យ៉ាង​ប៉ុណ្ណោះ​ទេ  តែ​នៅមាន​ផល​ដល់​សភាពផ្លូវចិត្ត​ផងដែរ  ដើម្បី​ត្រៀមខ្លួន​ទប់ទល់​ជាមួយនឹង​វ័យ​នេះ លោកអ្នក​គួរ​យល់ដឹង​ពី​ការធ្វើការងារ​របស់​រា​ង​កាយ​ដែលមាន​ប្រសិទ្ធភាព​ថយចុះ ជាពិសេស​ប្រព័ន្ធ​ការរំលាយ និង​ការ​បឺត​យក​សារធាតុ​អាហារ ធ្វើឱ្យ​រាងកាយ​ខ្វះ​សារធាតុ​អាហារ​ប្រភេទ​ខ្លះ ។

    ក្នុងអំឡុង​វ័យ​នេះ​លោកអ្នក​អាច​មិនសូវមាន​អារម្មណ៍​ស្រេកទឹក​ប៉ុន្មាន​ទេ តែ​គួរ​ទទួលទាន​ទឹក​ឱ្យបាន​ទៀងទាត់ យ៉ាងតិច​មួយថ្ងៃ8 – 12 កែវ ដើម្បី​ការពារ​ការខ្វះ​ជាតិ​ទឹក​ដោយ​មិនដឹង​ខ្លួន។ គួរ​ទទួលទាន​អាហារ​ដែលមាន​ជាតិ​ខា​បូ​ហាយ​ដ្រេ​ត​ឱ្យ​តិច  សង្កត់ធ្ងន់​លើ​អាហារ​ពពួក​សាច់​ត្រី​ដើម្បី​កុំឱ្យ​ខ្វះ​ជាតិ​ប្រូតេអ៊ីន និង​ពពួក​សាច់សត្វ​ណា​ដែល​ងាយ​រំលាយ។  គួរ​ទទួលបាន​កាល់ស្យូម​ឱ្យ​គ្រប់គ្រាន់ ហើយ​អាហារ​ដែលមាន​កាល់ស្យូម​ខ្ពស់​គឺ​នៅក្នុង​ទឹកដោះ យ៉ា​អួ​ប្រភេទ​ក្រែ​ម និង​ប៊័រ​ដុំ​ជាដើម។

    រឿង​ដែល​សំខាន់​នោះ  គឺ​មិន​ថា​លោកអ្នក​ស្ថិតនៅក្នុង​វ័យ​ណាក៏ដោយ គួរតែ​យកចិត្តទុកដាក់​រឿង​ការហូបចុក​ឱ្យបាន​គ្រប់ពេល ទោះជា​មាន​ជំងឺ ឬ​គ្មាន​ក៏ដោយ។ ក្រៅពីនេះ​គួរ​បង្កើន​ការធ្វើ​ចលនា​ក្នុងមួយថ្ងៃៗឱ្យបាន​ច្រើន និង​ញឹកញាប់ នឹងធ្វើ​ឱ្យមាន​សុខភាព​កាន់តែ​ល្អ​ឡើង និង​កាត់បន្ថយ​ភាព​ធុញថប់ តឹងតែង​បាន​ទៀតផង៕

  • ចង់​មាន  E.Q.  ខ្ពស់​ត្រូវតែ​អាន…5 តិច​និក ការអភិវឌ្ឍ​ភាព​ឆ្លាត​វៃ​ខាង​អារម្មណ៍

    ចង់​មាន  E.Q.  ខ្ពស់​ត្រូវតែ​អាន…5 តិច​និក ការអភិវឌ្ឍ​ភាព​ឆ្លាត​វៃ​ខាង​អារម្មណ៍

    បច្ចុប្បន្ននេះ​ដូចដែល​យើងទាំងអស់គ្នា​បានដឹងហើយថា ក្រៅពី​សមត្ថភាព​ក្នុង​ការគិត​វិភាគ ការប្រើ​ហេតុផល និង​ការគិត​គណនា​ដែល​ហៅថា I.Q.  ហើយ​នោះ មនុស្ស​យើង​គួរ​មាន​ភាព​ឆ្លាត​វៃ​ខាង​អារម្មណ៍ ឬ​ដែល​ហៅថា E.Q. គួប​គូ​គ្នា​ជាមួយ​ផង ដែលវា​នឹង​ជួយ​ឱ្យ​ការ​ដំណើរការ​ជីវិត​រស់នៅ​ប្រព្រឹត្តទៅ​យ៉ាង​ចម្រើន និង​មាន​សេចក្តីសុខ។

    អ្នក​ដែលមាន E.Q. (Emotional Quotient) ខ្ពស់​នឹងមាន​ថាមពល​ផ្លូវចិត្ត​ដែល​ល្អ ពឹងពាក់​លើ​ខ្លួនឯងបាន មាន​ឥស្សរភាព

    អាច​ទទួល​ដឹង និង​យល់​ទាំងពី​អារម្មណ៍​របស់​ខ្លួនឯង និង​របស់​អ្នកដទៃ រហូតដល់​អាច​សម្រួល ឬ​គ្រប់គ្រង​អារម្មណ៍​បាន​ស័ក្តិសម​នឹង​ស្ថានការណ៍ ដូច្នេះ​ការអភិវឌ្ឍ​ភាពឆ្លាតវាងវៃ​ខាង​អារម្មណ៍​ជា​រឿង​សំខាន់​មួយ ដែល​យើង​អាចធ្វើ​បាន​ដោយ​ប្រើ​តិច​និក​ដូចខាងក្រោម​នេះ៖

    ដឹង
    ទាន់

    ហ្វឹកហាត់​ឱ្យដឹង​ទាន់​ពី​អារម្មណ៍​របស់​ខ្លួនឯង​ឱ្យបាន​ញឹកញាប់ តាមរយៈ​ការ​ប្រាប់​ខ្លួនឯង​ឱ្យបាន​ថា ខណៈ​នេះ​កំពុងមាន​អារម្មណ៍​យ៉ាងម៉េច និង​ទទួល​ដឹង​ឱ្យបាន​ពី​ភាពប្រែប្រួល​ខាង​អារម្មណ៍​របស់​ខ្លួនឯង​ដែល​កំពុង​កើតឡើង។

    ចាត់ការអារម្មណ៍ខ្លួនឯង

    នៅពេល​កើត​អារម្មណ៍​អវិជ្ជមាន ដូចជា​មួម៉ៅ មិន​ពេញចិត្ត សោកសៅ ខូចចិត្ត ចូរ​ដឹង​ទាន់​ពី​អារម្មណ៍​ទាំងនោះ និង​រិះរក​វិធី​ចាត់​ការដែល​ស័ក្តិសម។

    យល់ពីអារម្មណ៍អ្នកដទៃ

    ផ្តល់នូវ​ការយកចិត្តទុកដាក់ ចាប់អារម្មណ៍​ចំពោះ​អារម្មណ៍​អ្នកដទៃ រួមទាំង​តបស្នង​ឱ្យគេ​ដឹងថា យើង​យល់ និង​យល់ចិត្ត និង​អាណិត​មេត្តា។

    សាងកម្លាំងដឹកនាំផ្លូវចិត្តដល់ខ្លួនឯង

    រំឭក​ឡើងវិញ​នូវ​អ្វីដែល​សំខាន់​ចំពោះ​ជីវិត ស្វែងរក​ប្រយោជន៍​ពី​ឧបសគ្គ សម្លឹង​ពិភពលោក​ក្នុងន័យ​វិជ្ជមាន សាង​អត្ថន័យក្នុង​ជីវិត និង​ផ្តល់​កម្លាំងចិត្ត​ដល់​ខ្លួនឯង។

    ស្គាល់ពីការសាងសម្ព័ន្ធភាពដែលល្អ

    មានទឹក​ចិត្តល្អ មេត្តា​អនុគ្រោះ ចែករំលែក ហ៊ាន​សម្តែង​ចេញ​យ៉ាង​សមរម្យ និង​រៀន​យល់ដឹង​ពី​ការបង្ហាញ​គំនិត​យោបល់ជំទាស់​យ៉ាង​រីកចម្រើន។

    អ្នក​ដែលមាន​ភាព​ឆ្លាត​វៃ​ខាង​អារម្មណ៍ នឹងមាន​ប្រៀប​ជាង​អ្នកដទៃ​ក្នុងការ​រស់នៅ និង​មានដំណើរ​ជីវិត​ដែល​នឹង​ប្រកបទៅដោយ​សេចក្តីសុខ សន្តិភាព និង​សម្បូរ​ទៅដោយ​សម្ព័ន្ធមិត្ត និង​មាន​អ្នក​គោរព​ស្ងើចសរសើរ​ច្រើន៕

  • ការរៀប​ផែនការ​មើលថែទាំ​សុខភាព​ខ្លួនឯង និង​សមាជិកគ្រួសារ

    ការរៀប​ផែនការ​មើលថែទាំ​សុខភាព​ខ្លួនឯង និង​សមាជិកគ្រួសារ

    ការរៀបចំ​ផែនការ​មើលថែទាំ​សុខភាព​ខ្លួនឯង និង​សមាជិកគ្រួសារ​គឺជា​រឿង​ដែល​មានគុណ​តម្លៃ​ជាទីបំផុត ព្រោះ​ក្រៅពី​ជា​រឿង​ដែល​ជួយ​ជំរុញ​ឱ្យ​យើង​ខ្លួនឯង និង​សមាជិក​ក្នុង​គ្រួសារ​កើត​ភាព​ក្លៀវក្លា​ស្វាហាប់​ក្នុងការ​មើលថែទាំ​សុខភាព​ហើយ​នោះ វា​ថែមទាំង​ជា​រឿង​ដែល​ជួយ​ឱ្យ​កើតមាន​សម្ព័ន្ធភាព​ដ៏​ល្អ​រវាង​សមាជិក​គ្រប់គ្នា​ក្នុង​ក្រុមគ្រួសារ កើតមាន​សេចក្តីស្រឡាញ់​ក្នុង​ក្រុមគ្រួសារ ដែល​នឹង​ជួយ​ដោះស្រាយ​បញ្ហាផ្សេងៗបាន​យ៉ាង​ល្អ និង​នាំ​ឆ្ពោះទៅរក​ការ​មាន​គុណភាព​ជីវិត​ដែល​ល្អ​នាពេល​អនាគត​បាន។

    គុណតម្លៃរបស់ការរៀបផែនការមើលថែទាំសុខភាពរបស់សមាជិកក្នុងគ្រួសារ

    ពាក្យ​ថា “សុខភាព​ល្អ” នៅលើ​មនុស្សម្នាក់ៗអាច​នឹង​ខុសប្លែក​ពីគ្នា​តាមតែ​សភាវ​សង្គម ឬ​រូប​បែប​របស់​ជីវិត​ដែល​ខុសប្លែក​ពីគ្នា តែ​ជារួម​ទៅ “សុខភាព​ល្អ” យ៉ាងហោចណាស់​ក៏ត្រូវ​តែមាន​ន័យ​ពី ភាព​ឥតខ្ចោះ​របស់​ទាំង​រាងកាយ និង​ផ្លូវចិត្ត ដោយ​រឿងល្អៗដែល​កើតឡើង​នេះ​នឹង​កើតឡើង​បាន​ដោយសារ​ការមើល​ថែទាំ យកចិត្តទុកដាក់​លើ​ប្រព័ន្ធផ្សេងៗដែល​សំខាន់​របស់​រាងកាយ។

    ការដែល​នឹងមាន​សុខភាព​ល្អ​បាន​នោះ មិនថាតែ​ជា​សុខភាព​របស់​ខ្លួនឯង ឬ​សមាជិក​ក្នុង​គ្រួសារ​នោះឡើយ មិនមែនជា​រឿងដែល​កើតឡើង​បាន​ដោយ​ក្តី​ចៃដន្យ​នោះទេ តែ​ចាំបាច់​ត្រូវមាន​ការរៀប​ផែនការ​ក្នុងការ​មើលថែទាំ​សុខភាព​ជាមុន​ដែល​វា​នឹង​ជួយ​ឱ្យ​កើត​ផល​ល្អ​ដូចតទៅ​នេះ ៖

    – អាច​នឹង​កំណត់​វិធី​ការ ឬ​ជ្រើសរើស​រូប​បែប​ដែល​ស័ក្តិសម​ជាមួយ​ការ​ដំណើរការ​ជីវិត​របស់​យើង​ខ្លួនឯង ឬ​សមាជិក​ក្នុង​ក្រុមគ្រួសារ​បាន​យ៉ាង​ស័ក្តិសម។

    – អាច​នឹង​កំណត់​អំឡុងពេល​ក្នុងការ​មើលថែទាំ​សុខភាព​បាន​យ៉ាង​សមស្រប ដូចជា អាច​នឹងមាន​កិច្ចការងារ​ហាត់ប្រាណ​នៅពេល​ព្រឹក ឬ​ចំពោះ​គ្រួសារ​ខ្លះ​អាច​នឹងមាន​ពេលទំនេរ​នៅពេល​ល្ងាច ក៏​កំណត់​ធ្វើ​កិច្ចការងារ​បង្កើន​សុខភាព​នៅពេល​ល្ងាច​ក៏បាន ឬ​អាច​នឹង​កំណត់​អំឡុងពេល​ក្នុងការ​ពិនិត្យ​សុខភាព​របស់​សមាជិក​ក្នុង​គ្រួសារ​ប្រចាំឆ្នាំ​បាន​យ៉ាង​ត្រឹមត្រូវ។

    – ជាការ​ប្រុងប្រយ័ត្ន​លើ​សុខភាព​ទាំង​របស់​ខ្លួនឯង និង​សមាជិកគ្រួសារ មិនឱ្យ​ឈឺ​ថ្កាត់​ដោយ​ជំងឺផ្សេង។ ជាការ​សាង​សុខភាព ដែល​នឹង​ល្អប្រសើរ​ជាង​ត្រូវ​មក​ជួសជុល​សុខភាព ឬ​ព្យាបាល​នៅពេល​ក្រោយ។

    – ជួយ​ក្នុង​ការរៀប​ផែនការ​រឿង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក្នុង​គ្រួ​សារបាន​យ៉ាង​ល្អប្រសើរ ដោយសារតែ​មិនចាំបាច់​ត្រូវ​ចាយវាយ​ប្រាក់​ទៅលើ​ការព្យាបាល​ខ្លួន។

    – ធ្វើឱ្យ​គុណភាព​ជីវិត​ទាំង​របស់​ខ្លួនឯង និង​សមាជិក​ក្នុង​ក្រុមគ្រួសារ​កាន់តែ​ល្អប្រសើរ​ឡើង។

    គោលការណ៍ក្នុងការរៀបផែនការថែទាំសុខភាពរបស់សមាជិកក្នុងក្រុមគ្រួសារ

    – ពិនិត្យ​មើលរូប​បែប​ការរស់នៅ​របស់​ស​មា​ជិ​ក​ក្នុង​ក្រុមគ្រួសារ​ថា តើ​យ៉ាងណាដែរ? ដោយសារតែ​ការមើល​ថែទាំ​សុខភាព​របស់​សមាជិក​គ្រួសារ​នេះ មិនមែន​ជាការ​ធ្វើឡើង​ដោយ​សមាជិក​ណា​ម្នាក់ តែ​ម្នាក់​ហើយនឹង​ទទួលបាន​ជោគជ័យ​នោះទេ ប៉ុន្តែ​ត្រូវ​អាស្រ័យ​លើ​ការសហការ​រួមដៃគ្នា​ពី​សមាជិកគ្រួសារ​ទាំងអស់​ជាសំខាន់។

    – តាមរយៈ​ព័ត៌មាន​ដែល​ទទួលបាន ចូរ​នាំយកមក​កំណត់​ជា​ផែនការ​ក្នុងការ​មើលថែទាំ​សុខភាព​របស់​សមាជិក​ក្នុង​គ្រួសារ ដែល​អាច​ធ្វើឡើង​ចំពោះ​សមាជិក​ណា​ម្នាក់ ឬ​អាច​នឹងធ្វើ​ឡើងជា​រួមទាំង​អស់​គ្នា​តែម្ដង។

    – នៅពេល​កំណត់​ផែនការ​ក្នុងការ​មើលថែទាំ​សុខភាព​របស់​សមាជិក​គ្រួសារ​បាន​ហើយ ត្រូវ​ដំណើរការ​ទៅតាម​នោះ និង​វាយតម្លៃ​ជាដំណាក់ៗថា តើ​សមាជិក​ទាំងអស់​ក្នុង​គ្រួសារ​អាច​ប្រតិបត្តិការ​តាម​ផែនការ​នោះបាន​ដែរឬទេ ឬក៏​យ៉ាងណា?៕

  • គីម ច័ន្ទបូរមី ទទួលបានការចាប់អារម្មណ៍ខ្លាំង ខណៈបង្ហាញម៉ូដឈុតឈុតកិន្នរ2018

    គីម ច័ន្ទបូរមី ទទួលបានការចាប់អារម្មណ៍ខ្លាំង ខណៈបង្ហាញម៉ូដឈុតឈុតកិន្នរ2018

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅពេលថ្មីៗនេះ បានមើលឃើញថា តារាសម្ដែង និងបង្ហាញម៉ូដកញ្ញា គីម ច័ន្ទបូរមី បានធ្វើឱ្យមហាជនអ្នកគាំទ្រនៅក្នុងបណ្ដាញសង្គម ចាប់អារម្មណ័ចំពោះរូបសម្រស់របស់នាង ខណៈដែលនាង បានគ្រងឈុតកិន្នរ2018ច្នៃថ្មី បែបសម័យ-បុរាណ និងបង្ហាញនៅឱ្យឃើញនៅក្នុងបរិវេណវាលមេរុ ក្នុងកម្មវិធីត្បាញក្រម៉ា 1000 ម៉ែត្រ។

    ជាក់ស្ដែង តារាសម្ដែងស្រីដ៏ស្រស់ស្អាតមុខមានមន្តស្នេហ៍បែបនារីខ្មែររូបនេះ គេកត់សម្គាល់ឃើញថា នាងហាក់ដូចជាមានប្រជាប្រិយភាពខ្លាំង ជាមួយនឹងសម្រស់ដ៏ស្រស់ផូរផង់ នឹងមានទឹកមុខសុភាពរាបសារ ស័ក្តិសមខ្លាំង នៅពេលដែលនាងស្លៀកសម្លៀកបំពាក់ ជាប្រពៃណីខ្មែរ។ ជាការពិតណាស់ ក្នុងឈុតមួយដែលរំលេចមកុដអប្សរា បានធ្វើឲ្យតារាសម្ដែងដ៏មានមន្តស្នេហ៍ គីម ច័ន្ទបូរមី ហាក់ដូចជារំលេចឡើង នូវសម្រស់ដ៏ស្រស់ផូរផង់ រឹតតែមានភាពទាក់ទាញ ស្រស់ស្អាត ជាមួយសាច់សរខ្ចី រូបរាងដ៏គួរឲ្យក្នាញ់ បានធ្វើឲ្យបុរសៗ មិនតិចនាក់ឡើយ ដែលកំពុងឈ្លក់វង្វេងនឹងរូបសម្រស់ របស់នារីអប្សរារូបនេះ ដែលបានរំលេចខ្លួនឡើង ដូចជាអប្សរាបែបនេះ។

    សូមជម្រាបថា ក្រោយប្រឡូកក្នុងអាជីពសិល្ប:ជាង 2ឆ្នាំនេះ តារាស្រីមួយដួងនេះត្រូវបានទស្សនិកប្រដូចថា មុខមាត់មិនចាញ់តារាថៃប៉ុន្មាននោះទេ ហើយនាងបានច្បាមយកតំណែងតួឯក មិនក្រោម 7រឿងហើយនិងបានថតស្ពតពាណិជ្ជកកម្មឱ្យផលិតផល ជាច្រើនទៀត ។ ជាមួយនឹងភាពលេចធ្លោ ក្នុងវិស័យសិល្ប: តារាស្រីដែលកំពុងធ្វើឲ្យបេះដូងប្រុសៗឈ្លក់វង្វេង នឹងសម្រស់នាង ហើយធ្លាប់មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ផលិតករថៃផងដែរ ៕

  • គូស្នេហ៍ អៀ ម៉ីលិ ប្រកាសថា មិនក្បត់គ្នាបើទោះបីជារស់នៅឆ្ងាយគ្នាយ៉ាងណា

    គូស្នេហ៍ អៀ ម៉ីលិ ប្រកាសថា មិនក្បត់គ្នាបើទោះបីជារស់នៅឆ្ងាយគ្នាយ៉ាងណា

    បន្ទាប់ពីតារាសម្ដែងស្រីសិចស៊ីសាច់សខ្ចីកញ្ញា អៀ ម៉ីលិ ហៅអូនម៉ី បានបង្ហាញ​ពីមុខ​មាត់​គូស្នេហ៍​របស់​នាង​ជា​និស្សិត​មកពី​បរទេស ដែលមិន​ត្រឹមតែ​មានចំណេះដឹង​ខ្ពស់និងមានរូបរាង​សង្ហា​ទៀតផងនោះ អ្វីដែលគួរ​ឱ្យចាប់អារម្មណ៍​នោះគឺ ពួកគេ​ទាំងពីរនាក់​បាន​សម្តែង​ជាមួយគ្នា​នៅក្នុងវីដេអូចម្រៀងយ៉ាង​ផ្អែមល្ហែម​មានចំណងជើងថា«កម្មសិទ្ធិផ្ដាច់មុខ» ដែលទុកជាអនុស្សាវរីយពេលនឹកគ្នា ដែលធ្វើមហាជនច្រណែនចំពោះភាពស្អិតរមួតរបស់អ្នកទាំងពីរ លើសពីស្ករទាំងម៉ែទៅទៀត។

    បើតាមការបញ្ជាក់ពីរបស់គូស្នេហ៍អូនម៉ី ដែលគេមើលឃើញមានឈ្មោះហ្វេសប៊ុកថា Sakkal បានប្រាប់ថា បទនេះចំណាយពេលមិនដល់មួយខែក្នុងការតែងនិពន្ធសាច់ភ្លេងនិងទំនុកថ្មីទាំងអស់ តែលិទ្ធផលមានអ្នកគាំទ្រច្រើនរហូតនឹកស្មានមិនដល់។ លោកបានប្រាប់ឱ្យដឹងថា«ក្រោយពីបានរស់នៅជិតគ្នារយៈពេលខ្លីមក ពួកយើងមានអនុស្សាវរីយច្រើនណាស់។ ពេលនេះខ្ញុំត្រូវបែកចេញពី អូនម៉ី មកបន្ដការសិក្សានៅប្រទេសឥណ្ឌា រយៈពេលយូរទៀត ដូច្នេះខ្ញុំតែងបទនេះទុកជាអនុស្សាវរីយ សម្រាប់ស្នេហារបស់ពួកយើង និងចែកជូនដល់ប្រិយមិត្ដដែលមានរឿងរ៉ាវស្នេហាដូចជាខ្ញុំទស្សនាផង។ យ៉ាងណាខ្ញុំក៏មានគម្រោងផលិតបទថ្មីមួយបទទៀតបង្ហាញពីអារម្មណ៍ និងចិត្ដនឹករបស់ពួកយើងទាំងពីរចំពោះគ្នាទៅវិញទៅមក គ្រាដែលរស់នៅឆ្ងាយពីគ្នារយៈពេលយូរ។ ពិសេសចង់បង្ហាញថាពួកយើងរស់នៅឆ្ងាយមែនតែមិនមានចិត្ដក្បត់គ្នាឡើយ»។

    គួរបញ្ជាក់ផងដែរថាវីដេអូខចម្រៀងមួយបទនេះ គូស្នេហ៍អូនម៉ី បានចំណាយថវិកាប្រមាណជាង 6000 ដុល្លារដើម្បីថតជាMV ដែលផ្ដិតយករូបភាព និងទេសភាពស្អាតនាទឹកដីខេត្ត កោះកុង ។ អត្ថន័យបទចម្រៀងទាំងមូល​បានបង្ហាញពីអារម្មណ៍របស់បុរសម្នាក់ដែលស្រលាញ់សង្សារសំណព្វចិត្ដរបស់ខ្លួនស្មគ្រ័ចិត្ដតាមមើលថែមិនថាមានរឿងអ្វីកើតឡើងនោះទេ។ ពោលគឺ ខ្លឹមសារចង់បញ្ជាក់ថា ក្ដីស្រលាញ់គឺជាកម្មសិទ្ធផ្ដាច់មុខរបស់រូបលោកតែម្នាក់ និងមិនព្រមឱ្យបុរសដទៃមកលូកលាន់អូនម៉ីបានឡើយ៕

    https://www.youtube.com/watch?v=Si19jyTTQD8

  • ចុម!! ឱក សុគន្ធកញ្ញា បញ្ចេញកាបូប «ASK Brand» ជាប៊្រេនផ្ទាល់ខ្លួន

    ចុម!! ឱក សុគន្ធកញ្ញា បញ្ចេញកាបូប «ASK Brand» ជាប៊្រេនផ្ទាល់ខ្លួន

    នៅពេលថ្មីៗនេះ តារាចម្រៀងស្រីប្រចាំផលិតកម្មហង្សមាសកញ្ញា ឱក សុគន្ធកញ្ញា មិនត្រឹមតែជាកំពូលតារាចម្រៀងស្រីជួរមុខ​ដែលមានប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសនេះទេ នាងក៏ជាតារាស្រីដែលមានជំនួញផ្ទាល់ខ្លួននៅក្នុងដៃផងដែរ។ អ្វីដែលគេកត់សម្គាល់ឃើញនាពេលបច្ចុប្បន្ននេះគឺ តារាចម្រៀងស្រីរូបនេះ បានបង្កើតយីហោកាបូបថ្មីដែលខ្លួនឯង ដែលមានប្រ៊េនឈ្មោះ «ASK Brand» ដែលជាកាបូបយួដៃ  បានធ្វើឲ្យទស្សនិកជនអ្នកគាំទ្រនាងចាប់អារម្មណ៍យ៉ាងខ្លាំង។

    ដោយមើលឃើញថា តារាសិល្បៈជាច្រើននាក់ បានឆ្លៀតពេលទំនេររបស់ខ្លួន ងាកមកលក់ឥវ៉ាន់តាម Online ស្ទើរតែគ្រប់គ្នាទៅហើយនោះ ទើបធ្វើឱ្យតារាស្រីរូបនេះ មានគំនិតបង្កើតប្រ៊េនកាបូបផ្ទាល់ខ្លួន និងដាក់បង្ហោះលក់នៅលើបណ្ដាញសង្គមហ្វេសប៊ុកផងដែរ ។ បើតាមគណនីរបស់នាង ក៏បានឱ្យដឹងថា នាងបានបង្កើតយីហោផ្ទាល់ខ្លួន និងចាប់ផ្តើមដំណើរការ លក់ចាប់ពីពេលនេះទៅ ដោយមានឈ្មោះថា «ASK Brand» និងត្រូវបានគេឃើញថា មានតម្លៃសមរម្យមួយ ដែលអ្នកគាំទ្រអាចទទួលយកបាន។ ជាការពិត ក្រោយពីយីហោថ្មីបានបង្ហាញខ្លួនយ៉ាងពេញលេញ អមដោយតារាស្រីមានឈ្មោះល្បីរូបនេះ ជាអ្នកបង្ហាញម៉ូដផ្ទាល់ទៀតនោះ គឺពិតជាធ្វើឱ្យ «ASK Brand» កាន់តែមានការចាប់អារម្មណ៍យ៉ាងភ្លូកទឹកភ្លូកដី ពិសេសអ្នកគាំទ្រនាងក៏បានជូនពរឱ្យតារាស្រីរូបនេះកាន់តែជោគជ័យ ថែមទៀតលើមុខជំនួញថ្មី។

    ដើម្បីឱ្យដឹងកាន់តែច្បាស់ពីកាបូបឈ្មោះថា «ASK Brand» មានភាពទាន់សម័យដល់សុភាពនារី យ៉ាងណានោះ សូមទស្សនារូបភាព ខាងក្រោមទាំងអស់គ្នា៖

  • យុវជន​សូមកុំ​ខ្លាច​ភាព​ខុសគេ

    យុវជន​សូមកុំ​ខ្លាច​ភាព​ខុសគេ

    យុវជន​ជា​ផ្នែក​យ៉ាងសំខាន់​ក្នុង​វិស័យ​ធនធានមនុស្ស​នៅ​កម្ពុជា ព្រោះ​កម្ពុជា​ជា​ប្រទេស​កំពុងអភិវឌ្ឍន៍​ដែល​ត្រូវការ​ជា​ចាំបាច់​នូវ​កម្លាំង​ពលកម្ម និង​អ្នកជំនាញ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការជំរុញឱ្យ​វិស័យសេដ្ឋកិច្ច និង​ផ្នែកផ្សេងៗទៀត​ដើម្បី​ឱ្យមាន​ថាមពល​កាន់តែខ្លាំង។

    បញ្ហា​លំហូរ​ការងារ និង​ការអភិវឌ្ឍ​សមត្ថភាព​ផ្ទាល់ខ្លួន​របស់​យុវជន ជា​បញ្ហា​ប្រឈម​យ៉ាងសំខាន់​ដែល​ត្រូវ​យកចិត្តទុកដាក់​ខណៈ​ក្រសួង​អប់រំ និង​ស្ថាប័ន​ការងារ​កំពុង​ព​ន្លឿ​ន​ការងារ​នានា​ពាក់ព័ន្ធនឹង​ការជំរុញ​គុណភាព​នៃ​ការអប់រំ និង​ការចែករំលែក​ព័ត៌មានសំខាន់ៗពាក់ព័ន្ធ​នឹង​វិស័យ​ការងារ​នៅ​កម្ពុជា។

    លោកស្រី ស្រូ​យ សុជាតិ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​កម្មវិធី The Perspectives Cambodia បាន​លើកឡើងថា ជា​សិស្ស-និស្សិត​ចាំបាច់​ត្រូវ​មានគំនិត​វិជ្ជមាន​ក្នុងការ​ប្រឹងប្រែង​កំណត់​វាសនា​របស់ខ្លួន។ ប្រសិនបើ​យើង​ត្រាំត្រែង​តែ​ជាមួយនឹង​បញ្ហា​យើង​នឹងមិន​អាចមាន​គំនិត​វិជ្ជមាន​ក្នុងការ​ខំប្រឹងប្រែង​បាន​នោះទេ ហេតុនេះ​ដើម្បី​ទទួលបាន​លទ្ធផល​ល្អ​ក្នុង​ជីវិត ត្រូវ​ចាប់ផ្តើម​ពី​ខ្លួនឯង​ជាសំខាន់​បំផុត។

    លោកស្រី ស្រូ​យ សុជាតិ បាន​និយាយថា៖ “ពេល​ឃើញ​គេ​ទទួលបាន​លទ្ធផល​ល្អ ទទួលបាន​ប្រាក់ខែ​ច្រើន សូមកុំ​បន្ទោស​ទៅ​អ្នកណា​ទាំងអស់ អ្វីដែល​សំខាន់​គឺ​មើល​ឡើងវិញ​ពី​ការខិតខំ​ប្រឹងប្រែង​របស់​ខ្លួនឯង។ ជា​ឧ​ទារ​ហណ៍ ប្រសិនបើ​ក្រុមហ៊ុន​មួយ​មាន​គ្នា​រាប់រយ​នាក់ ប្រសិនបើ​យើង​ជា​មនុស្ស​ម្នាក់​ដែល​ដូច​គេ​ដូច​ឯង​ក្នុងចំណោម​នោះ កុំ​សង្ឃឹម​ឱ្យសោះ​ថា​យើង​នឹង​អាច​ទទួលបាន​លទ្ធផល ឬ​តំណែង​លើសគេ​ទាំងនោះ។

    លោកស្រី ស្រូ​យ សុជាតិ បានលើកឡើង​ផងដែរ​ថា ចំណុច​សំខាន់​របស់​យុវជន​គឺ​ការបន្ត​កម្លាំងចិត្ត​ក្នុង​ការខិតខំ​ប្រឹងប្រែង​ឱ្យអស់​លទ្ធភាព​ដើម្បី​ផ្លាស់ប្តូរ​ខ្លួនឯង​ឱ្យមាន​សមត្ថភាព​ខ្លាំង​លើសពី​អ្នកដទៃ​ដែល​កំពុងតែ​ស្ថិតនៅ​កន្លែង​ដែល​យើង​ឈរ។ ហេតុនេះ​សូមកុំ​ខ្វល់​ខ្លាំងពេក​ពី​ចំណុច​អវិជ្ជមាន ថា​គ្មាន​ខ្សែ​មិនអាច​ធ្វើ​ការងារ​ល្អ ឬ​ខ្លួនឯង​ស្ថិតក្នុង​លក្ខខណ្ឌ​បែបនេះ ឬ​លក្ខខណ្ឌ​បែប​នោះ មិនអាច​ថ្កុំថ្កើង​បាន តែ​ត្រុ​វ​គិតថា យើង​ជា​មនុស្ស​ម្នាក់​ក្នុងសង្គម​ដែល​ពោរពេញ​ដោយ​ការប្រកួតប្រជែង គេ​អាចធ្វើ​អ្វី​បាន យើង​ក៏​អាច​ធ្វើបាន​ដូចគ្នា​ដែរ ហើយ​ចំណុច​សំខាន់​នោះ​គឺ​ត្រូវ​បន្ត​ចិញ្ចឹមចិត្ត​ដើម្បី​អភិវឌ្ឍ៕