Category: សង្គម និងសេដ្ឋកិច្ច

  • តាំង​គភ៌​ហើយ តើ​នៅតែ​ទៅធ្វើ​ការងារ​ដូច​មុន​បាន​ឬទេ?

    តាំង​គភ៌​ហើយ តើ​នៅតែ​ទៅធ្វើ​ការងារ​ដូច​មុន​បាន​ឬទេ?

    ក្នុង​យុគសម័យ​បច្ចុប្បន្ន ស្ត្រី​យើង​ទោះជា​រៀបការ​ហើយក៏​ដោយ ក៏​នៅតែ​ត្រូវ​ចេញទៅ​ធ្វើការ​ក្រៅ​ផ្ទះ​ដើម្បី​ជួយ​សម្រាល​បន្ទុក​ការចាយវាយ​ក្នុង​គ្រួសារ​ដែរ តែ​នៅពេលណា​ដែល​ស្ត្រី​យើង​ចាប់ផ្ដើម​គិត​ចង់បាន​បុត្រ ឬ​ដឹងខ្លួន​ថា ចាប់ផ្ដើម​មានគភ៌​ហើយ​នោះ ក្ដីកង្វល់​ដែល​តែងតែ​កើតមាន​នោះ​គឺថា តើ​ការចេញ​ទៅធ្វើ​ការងារ​ក្នុងខណៈដែល​ខ្លួនឯង​តាំង​គភ៌​នោះ នឹងមាន​ផលប៉ះពាល់​ដល់​ទារក​ក្នុង​គភ៌​ដែរឬទេ? ថ្ងៃនេះ ឡា​រ៉ែ​ន មាន​ចម្លើយ​មក​ជម្រាបជូនដូចខាងក្រោមនេះ។

    នៅក្នុង​ផ្នែក​វេជ្ជសាស្ត្រ​នៅ​មិនទាន់មាន​ការ
    បញ្ជាក់​យ៉ាងច្បាស់​លាស់​ថា ហាម​ស្ត្រី​ដែល​កំពុង​មានគភ៌​ធ្វើការ​អ្វី​នោះឡើយ មាន​​ត្រឹមតែ​ពាក្យ​ណែនាំ​ថា មិនគួរ​លើក​របស់ធ្ងន់ៗ និង​មិនគួរ​មាន​សភាវ​តានតឹង​ធុញថប់​ក្នុង​អារម្មណ៍​ឡើយព្រោះ​នៅពេល​រាងកាយរបស់​ស្ត្រី​មានគភ៌​តាន-តឹង​ធុញថប់(អាច​បណ្ដាលមកពី​រឿង​ការងារ ឬ​មួម៉ៅ​ធុញថប់​ដោយសារតែ​រឿង​ធ្វើដំណើរ​តាមផ្លូវ​ដែល​កកស្ទះ​ខ្លាំង​)រាងកាយ​នឹង​បញ្ចេញ​សារធាតុ​ម្យ៉ាង​ចេញមក ដែល​បើសិនជា​ការតាំង​គភ៌​ក្នុង​រយៈពេល3ខែ​ដំបូង​ផង​នោះ អាច​នឹងមាន​ឱកាស​រ​លូត​បុត្រ​បាន។ ក្រៅពីនោះ តាម​ធម្មជាតិ​វិញ ក្នុងអំឡុង3ខែ​ដំបូង​នៃ​ការតាំង​គភ៌ ស្ត្រី​មានគភ៌​នឹងមាន​អារម្មណ៍​ថា​ទន់​ល្វើយ​អស់កម្លាំង ដោយសារតែ​ជា​អំឡុង​ពេលដែល​ទារក​ក្នុង​គភ៌​កំពុង​វិ​វ​ឌ្ឍ និង​ធំធាត់​ឡើង ដែលជា​រឿង​ប្រក្រតី ដូច្នេះ​ទើប​ការ​សម្រាក​របស់​ស្ត្រី​មានគភ៌​ត្រូវមាន​ច្រើនជាង​មនុស្ស​ប្រក្រតី។ បើ​រាងកាយ​នឿយ​ល្វើយ​ហើយនៅ​ត្រូវ​ទៅធ្វើ​ការ ហើយ​ត្រូវ​ជួបនឹង​សភាវ​ធុញថប់​តានតឹងផ្សេងៗទៀតផង​នោះ ក៏​នឹង​រឹតតែ​ធ្វើឱ្យ​រាងកាយ​លែង​បាន​សម្រាក និង​អស់កម្លាំង​ខ្លាំង​លើស​ដើម​ទៅទៀត។

    ដូច្នេះ​អ្នក​ដែល​ឆ្លើយតប​នឹង​សំណួរ​ខាងលើ​បានល្អ​បំផុត​នោះ​គឺ ស្ត្រី​មានគភ៌​ខ្លួនឯង​ដែល​គួរតែ​គិតថា ការងារ​ដែល​ទៅធ្វើ​នោះ បើ​ធ្វើ​ហើយ​មាន​សេចក្ដីសុខ ក៏​អាចធ្វើ​តទៅទៀតបាន ព្រោះ​បើ​រាងកាយ​មាន​សេចក្ដីសុខ ក៏​នឹងមាន​ផល​ល្អ​ដល់​ទារក​ក្នុង​គភ៌​ដែរ តែបើ​ដឹងខ្លួន​ថា ធ្វើ​ហើយ​គ្មាន​សេចក្ដីសុខ ត្រូវ​មួម៉ៅ​ធុញថប់ ក៏​គួរតែ​សម្រាកបន្តិច​ទៅ ហើយក៏​គួរតែ​ជ្រើស​រើសយក​កូន​ជា​រឿង​សំខាន់​ជាង​វិញ​ប្រសើរ​ជាង។ ក្រៅពីនេះ​នៅមាន​រឿង​ដែល​គួរ​ប្រយ័ត្នប្រយែង​នៅក្នុង​កន្លែងធ្វើការ រួមទាំង​ការធ្វើដំណើរ​ក្នុងខណៈ​តាំង​គភ៌​ដូចតទៅ ៖

    1. ស្ត្រី​ដែល​កំពុង​តាំង​គភ៌ គួរ​ចៀសវាង​ការធ្វើការងារ​ណា​ដែល​ពាក់ព័ន្ធ​ជាមួយ​ម៉ាស៊ីន X-Ray យ៉ាង​ដាច់ខាត ព្រោះ​ទារក​នៅក្នុង​គភ៌​នឹងមាន​ឱកាស​ពិការ ឬ​កើត​មហារីក​ក្នុង​គ្រាប់​ឈាមស​ដែល​បណ្ដា​លមកពី​កាំរស្មី​បាន។

    2. បើ​លក្ខណៈ​ការធ្វើការងារ​ត្រូវ​ឈរ ឬ​អង្គុយ​ក្នុង​រយៈពេលយូរៗ ក៏​គួរតែ​ផ្លាស់ប្ដូរ​ឥរិយាបថ​រៀងរាល់1ម៉ោង​ម្ដង ជាពិសេស​នៅពេល​ចាប់ផ្ដើម​តាំង​គភ៌​ក្នុងអំឡុងពេល6ខែ​តទៅ ដូចជា ​អាច​ប្រើ​ការដើរ​ទៅមក ឆ្លាស់គ្នា​នឹង​ការ​អង្គុយ​សម្រាក​ជាដើម។

    3. ការចង់​កម្រើកខ្លួន ឬ​ប្ដូរ​ឥរិយាបថ ត្រូវ​ប្រយ័ត្ន​ខ្លួន​ជាពិសេស ព្រោះ​អាច​កើតការ​ពង្រឹង​ខ្លួន​របស់​ស្បូន​បាន បើសិនជា​ផ្លាស់ប្ដូរ​ឥរិយាបថ​លឿន​រហ័ស​ជ្រុល​ពេក។

    4. សម្រាប់​ការធ្វើដំណើរ​ទៅធ្វើ​ការ ឡា​រ៉ែ​ន​ មិន​ណែនាំ​ឱ្យ​ជិះ​ម៉ូតូ​ទេ ទោះជា​តាំង​គភ៌​ប៉ុន្មាន​ខែ​ក៏ដោយ។

    5. បើ​មិនចាំបាច់ មិនគួរ​ធ្វើដំណើរ​ទៅណាឆ្ងាយៗឡើយ ព្រោះ​ការ​ជិះឡានយូរដោយ​មិន​ផ្លាស់ប្ដូរ​ឥរិយាបថ នឹងធ្វើ​ឱ្យ​ឈឺ​ខ្នង ស្ពឹក​តាម​ដៃ-ជើង ព្រោះ​ប្រព័ន្ធ​ឈាម​រត់​អាច​នឹងធ្វើ​ការមិន​បាន​ល្អ​ដូច​ពេល​រាងកាយ​ប្រក្រតីនោះទេ។

    6. គួរ​តម​ការបើកបរ​រថយន្ត​ដោយ​ខ្លួនឯងព្រោះ​ការបើកបរ​រថយន្ត ក្រៅតែពី​ធ្វើឱ្យមាន​អារម្មណ៍​តានតឹង​ធុញថប់​ហើយ នៅមាន​ផល​ដល់​ការពង្រឹង​ខ្លួន​របស់​ស្បូន​ទៀតផង។

    7. ហាម​ទប់​បត់ជើងតូច​ជាដាច់ខាត ព្រោះ​ការ​ទប់​មិន​ព្រមទៅ​បត់ជើងតូច​នឹងធ្វើ​ឱ្យរ​លាក​ប្លោកនោម។ ការ​ទៅធ្វើ​ការ​ក្រៅ​ផ្ទះ ពេលខ្លះ​អាច​នឹង​មិនសូវ​ងាយស្រួល​ក្នុង​ការចូល​បន្ទប់ទឹក ទើប​ស្ត្រី​ជាច្រើន​ជ្រើស​រើសយក​ការ​ទ្រាំ ដូច្នេះ​ស្ត្រី​មានគភ៌​ត្រូវ​រៀបចំ​ផែនការ​រឿង​ការ​បន្ទោបង់​នេះ​ឱ្យ​បានល្អ៕

  • តើ​អ្នកណា​មាន​សិទ្ធិ​ចាត់ចែង​ប្រាក់​បញ្ញើ​នៅ​ធនាគារ ក្នុងករណី​ម្ចាស់​ទទួលមរណភាព?

    តើ​អ្នកណា​មាន​សិទ្ធិ​ចាត់ចែង​ប្រាក់​បញ្ញើ​នៅ​ធនាគារ ក្នុងករណី​ម្ចាស់​ទទួលមរណភាព?

    បច្ចុប្បន្ន​គេ​សង្កេតឃើញថា​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​បាន​យល់ដឹង​ពី​អត្ថប្រយោជន៍ និង​សុវត្ថិភាព​នៃ​ការដាក់​ប្រាក់​បញ្ញើ​នៅ​គ្រឹះស្ថាន​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ​នានា​ជាមួយនឹង​ទំនុកចិត្ត​ក៏ដូចជាទទួលបាន​នូវ​ការប្រាក់​ពី​ការដាក់​ប្រាក់​បញ្ញើ​នេះ​ផងដែរ។

    ទន្ទឹមនឹងនោះ​វា​ក៏​អាច​នឹង​កើតមាន​ផលវិបាក​ផ្លូវច្បាប់​មួយចំនួន​ក្នុងករណី​ម្ចាស់​គណនី​ជួបប្រទះ​នឹង​ហេតុការណ៍​ណាមួយ​បណ្តាលឱ្យមាន​គ្រោះថ្នាក់​ជាយថាហេតុ ឈានដល់​ការកើតមាន​វិបត្តិផ្នែក​បញ្ញា​ស្មារតី ឬ​រហូតដល់​បាត់បង់​ជីវិត ដូច្នេះ​តើ​ផលវិបាក​នៃ​ការចាត់ចែង​ទ្រព្យ​ប្រាក់​បញ្ញើ​របស់គាត់​ត្រូវធ្វើ​ដូចម្តេច? តើ​អាច​ឱ្យមាន​ការទទួល​សិទ្ធិ​បន្ត​លើ​ការចាត់ចែង​ប្រាក់​បញ្ញើ​តាមរយៈ​ការទទួល​ស្នង​មរតក​ពី​ម្ចាស់​គណនី(ម្ចាស់​ប្រាក់​បញ្ញើ) ដែល​អសមត្ថភាព ឬ​ទទួលមរណភាព​នោះ​ឬទេ?

    ដើម្បីឱ្យ​សាធារណជន​បាន​ស្វែងយល់​ពី​បញ្ហា និង​ដំណោះស្រាយ​ផ្នែក​ច្បាប់​នានា​ដែល​ពាក់ព័ន្ធ​នឹង​ការចាត់ចែង​ប្រាក់​បញ្ញើ​ជំនួស ឬ​ការចាត់ចែង​ប្រាក់​បញ្ញើ​បន្ត ក្រោយ​ពេលដែល​ម្ចាស់​គណនីអសមត្ថភាព ឬ​ទទួលមរណភាព​នោះ អ្នកយកព័ត៌មាន​នៃ​កាសែត ឡា​រ៉ែ​ន​ពាណិជ្ជ បាន​ជួប​សម្ភាស​ផ្ទាល់​ជាមួយ​លោក ប៉ាន់ វាសនា ស្ថាបនិក​នៃ​មន្ទីរ​សារការី​មេគង្គ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែលមាន​សំនួរ-ចម្លើយ​ដូចខាងក្រោម៖

    1.តើ​អ្វី​ទៅជា​ប្រាក់​បញ្ញើ?

    ប្រាក់​បញ្ញើ​គឺជា​ប្រាក់(ទ្រព្យសម្បត្តិ)ដែល​ម្ចាស់​កម្មសិទ្ធិ​លើ​ប្រាក់​បញ្ញើ(ម្ចាស់​គណនី)បានដាក់​ផ្ញើ​សាច់ប្រាក់​តាម​គ្រប់​ប្រភព​ដែលជា​ចំណូល​របស់ខ្លួន​នៅ​គ្រឹះស្ថាន​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ​ទទួលប្រាក់​បញ្ញើ​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ធ្វើ​ប្រតិបត្តិការ​នេះ​ពី​ធនាគារជាតិ​នៃ​កម្ពុជា។

    ច្បាប់​កំណត់ថា បញ្ញើ​ជា​កិច្ចសន្យា​ដែល​ភាគី​ម្ខាង​ជា​អ្នកទទួល​បញ្ញើ​សន្យា​ទទួលយក​វត្ថុ​បញ្ញើ​ពី​ភាគី​ម្ខាង​ទៀត​ជា​អ្នក​ផ្ញើមក​រក្សាទុក​ក្នុងអំឡុង​ពេលដែល​បានកំណត់​ហើយ​នៅក្រោយ​ពេលដែល​អំឡុងពេល​រក្សាទុក​នោះ​ត្រូវបាន​បញ្ចប់ ត្រូវ​សង​វត្ថុ​ដដែល​នោះ​ទៅឱ្យ​អ្នក​ផ្ញើ​វិញ។

    លើសពីនេះ​ការដាក់​ប្រាក់​បញ្ញើ​អាចធ្វើ​បាន​នៅ​គ្រឹះស្ថាន​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ដែលមាន​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​នៃ​កម្ពុជា គឺ​ដើម្បី​បំពេញ​នូវ​ទំនុកចិត្ត​ស្របច្បាប់​ដល់​ម្ចាស់​ប្រាក់​បញ្ញើ និង​ដើម្បី​សុវត្ថិភាព​ផ្នែក​ហិរញ្ញវត្ថុ​របស់ខ្លួន ពីព្រោះ​មានតែ​គ្រឹះស្ថាន​ធនាគារ ជាពិសេស​ធនាគារពាណិជ្ជ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ប៉ុណ្ណោះ​ដែល​អាចធ្វើ​ប្រតិបត្តិ​ការទទួលប្រាក់​ប​ញ្ញើ​ពី​សាធារណជន​បាន​ស្របតាម​ច្បាប់​ស្តី​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

    2.តើ​បុគ្គល​ណាខ្លះ​អាច​បើក​គណនី​របស់ខ្លួន​នៅ​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដើម្បី​ដាក់​ប្រាក់​បញ្ញើ​បាន?
    ជាគោលការណ៍​ច្បាប់​គ្រប់​បុគ្គល​ទាំងអស់​រួមទាំង​រូបវន្តបុគ្គល និង​នីតិបុគ្គល (ដូចជា​ក្រុមហ៊ុន/អង្គការក្រៅរដ្ឋាភិបាល​នានា/សមាគម ជាដើម) មាន​សិទ្ធិ​បង្កើត​គណនី​សន្សំ ឬ​គណនី​ធនាគារ​ស្របតាម​តម្រូវការ​របស់ខ្លួន​នៅតាម​គ្រឹះស្ថាន​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដើម្បី​រក្សាទុក​ប្រាក់​បញ្ញើ​ឬ​រក្សាទុក​ប្រាក់​សន្សំ​ដោយ​អាច​ទទួលបាន​ការប្រាក់ ឬ​អត្ថប្រយោជន៍​ផ្សេងទៀត​ស្របតាម​ការព្រមព្រៀង និង​គោលនយោបាយ​របស់​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​នោះ។

    ទន្ទឹមនឹងនោះ​ការស្នើ​បើក​គណនី​នៅតាម​គ្រឹះស្ថាន​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ​ត្រូវបាន​ច្បាប់​តម្រូវឱ្យ​បុគ្គល​នោះ(អ្នកស្នើសុំ) ត្រូវបំពេញ​លក្ខខណ្ឌ​មួយចំនួន​ដែល​ក្នុងនោះ​លក្ខខណ្ឌ​សមត្ថភាព​ត្រូវតម្រូវ​ចំពោះ​ម្ចាស់​ស្នើសុំ​បើក​គណនី​ផងដែរ។ ជាគោលការណ៍​ច្បាប់​អ្នកស្នើសុំ​បើក​គណនី​ត្រូវតែ​ជា​ជន​ដែលមាន​នីតិភាព ឬ​ជា​នីតិបុគ្គល។ នីតិភាព​មានន័យថា រាល់​បុគ្គល​ដែលមាន​អាយុ​ស្របច្បាប់​អាចធ្វើ​ការចាត់ចែង​រាល់​កិច្ចការ​នានា​របស់ខ្លួន​ស្របច្បាប់​បាន។

    ជន​ដែល​ដល់​នីតិភាព គឺជា​ជន​ដែលមាន​អាយុ​ចាប់ពី 18ឆ្នាំ​ឡើងទៅ ហើយ​មិនមាន​វិបត្តិ​ផ្នែក​បញ្ញា​ស្មារតី ឬ​ជន​ដែលមាន​អាយុ​ចាប់ពី 16ដល់ 18ឆ្នាំ​ដែល​ច្បាប់​កំណត់ថា​ជន​នោះ​មាន​នីតិភាព​បាន ត្រូវមាន​លិខិតបញ្ជាក់​ត្រឹមត្រូវ​ដូចជា​សំបុត្រអាពាហ៍ពិពាហ៍ ឬ​មាន​ដីកា​សម្រេច​ពី​តុលាការ​បញ្ជាក់ថា ជន​នោះ​មាន​សមត្ថភាព​ស្របច្បាប់​ជាដើម។ ករណី​ម្ចាស់​ស្នើសុំ​បើក​គណនី​ជា​អនីតិជន និង​ជា​នីតិជន​ដែលមាន​វិបត្តិ​ផ្នែក​បញ្ញា​ស្មារតី​ច្បាប់ តម្រូវឱ្យ​ជន​នោះ​ត្រូវមាន​អ្នកតំណាង​ស្របច្បាប់​ដែល​ត្រូវបាន​ជ្រើសតាំង​តាម​ដីកា​សម្រេច​របស់​តុលាការ និង/ឬ​ត្រូវ​បំពេញបែបបទ​ស្នើសុំ​នានា​តាម​ការកំណត់​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​ពាក់ព័ន្ធ​នោះ។

    ក្រោយ​បង្កើត​គណនី​រួច គ្រឹះស្ថាន​ត្រូវ​ផ្តល់​ឯកសារ​បញ្ជាក់​នានា​ដល់​ម្ចាស់​កម្មសិទ្ធិ​នៃ​គណនី​មានដូចជា​សៀវភៅ​គណនី​សន្សំ ឬ​លេខ​គណនី​សម្គាល់​ម្ចាស់​គណនី ឬ​ឯកសារ​បញ្ជាក់​ផ្សេងទៀត​ដែល​ផ្តល់​ដោយ​គ្រឹះស្ថាន។

    ការកាន់កាប់​សៀវភៅ​គណនី ឬ​ការកាន់កាប់​ឯកសារ​ផ្សេង​ដទៃទៀត​ដែល​ផ្តល់​ដោយ​គ្រឹះស្ថាន​បញ្ជាក់ថា បុគ្គល​នោះ(ម្ចាស់​គណនី)មាន​សិទ្ធិ​គ្រប់យ៉ាង​លើ​សាច់ប្រាក់​បញ្ញើ​របស់ខ្លួន ហើយ​ខ្លួន​មាន​សិទ្ធិ​ចាត់ចែង​ស្របតាម​ឆន្ទៈ​របស់ខ្លួន​បាន​គ្រប់ពេល លើកលែងតែ​គណនី​នោះ​ត្រូវបាន​បង្ក​កដោយ​មូលហេតុ​ណាមួយ ដូច​ជាការ​បង្កក​ត្រូវបាន​ធ្វើឡើង​ដោយ​អំណាច​នៃ​ដីកា​រក្សា​ការពារ​របស់​តុលាការ ឬ​សេចក្តីសម្រេច​របស់​តុលាការ​ផ្អែក​តាម​មូលហេតុ​ស្របច្បាប់​ជាអាទិ៍។

    3.តើ​ប្រាក់​បញ្ញើ​នោះ​នឹង​ត្រូវបាន​ចាត់ចែង ឬ​គ្រប់គ្រង​យ៉ាងដូចម្តេច កាលបើ​ម្ចាស់​គណនី​ក្លាយជា​អ​សមត្ថ​ជន?

    កាលណា​បុគ្គល​ម្នាក់​ក្លាយជា​អ​សមត្ថ​ជន ជន​នោះ​ត្រូវបាន​ច្បាប់​កម្រិត​សមត្ថភាព​របស់គាត់​ពិសេស​សិទ្ធិ​ក្នុងការ​ចាត់ចែង​នានា។ អ​សមត្ថ​ជន​ក្នុង​កាលៈទេសៈ​នេះ រួមមាន​ជន​ដែលមាន​អ​នីតិភាព ឬ​ជន​ដែលមាន​សមត្ថភាព​តិចតួច​ពេក​ក្នុងការ​យល់ដឹង និង​វិនិច្ឆ័យ​អំពី​លទ្ធផល​តាមផ្លូវ​ច្បាប់​នៃ​សកម្មភាព​របស់ខ្លួន​ដោយសារ​មាន​វិបត្តិ​ផ្នែក​បញ្ញា​ស្មារតី ឬ​ជន​ដែល​ស្ថិតក្នុង​ស្ថាន​ភាពជា​និរន្តរ៍(ជា​អចិន្ត្រៃយ៍)ដែល​ខ្វះ​សមត្ថភាព​ក្នុងការ​យល់ដឹង និង​វិនិច្ឆ័យ​ដោយសារ​មាន​វិបត្តិ​ផ្នែក​បញ្ញា​ស្មារតី​ដែល​អាច​ឈានដល់​ការធ្វើការ​សម្រេចចិត្ត​ចាត់ចែង​ប្រាក់​បញ្ញើ​របស់ខ្លួន​ត្រូវបាន​កម្រិត​ករណី​បើ​គ្មាន​អ្នកតំណាង​ស្របច្បាប់ ឬ​អ្នកមានអំណាច​មេបា​ទេ។

    អ្នកតំណាង​ស្របច្បាប់​ក្នុងន័យនេះ​គឺជា​ជន​ដែល​ត្រូវបាន​ជ្រើសតាំង​ដោយ​ដីកា​សម្រេច​តុលាការ​ធ្វើជា​តំណាង​ជន​នោះ(ម្ចាស់​គណនី)ហើយ​ដែល​អាចធ្វើ​ការចាត់ចែង​ប្រាក់​បញ្ញើ​ក្នុងនាម និង​ដើម្បី​ផលប្រយោជន៍​របស់​ជន​នោះបាន។ ជាគោលការណ៍​អ្នកតំណាង​ស្របច្បាប់ ឬ​អ្នកមានអំណាច​មេបា​គួរ​ត្រូវបាន​តម្រូវឱ្យ​បង្ហាញ​ឯកសារ​ផ្លូវច្បាប់​នានា​ករណី​ម្ចាស់​គណនី(ម្ចាស់ប្រាក់​បញ្ញើ)ក្លាយជា​អ​សមត្ថ​ជន ឬ​ទទួលមរណភាព ដូចជា​លិខិត​បណ្តាំមរតក​ដីកា សម្រេច​របស់​តុលាការ ឬ​អត្តសញ្ញាណប័ណ្ណ​អ្នកតំណាង ឬ​លិខិតឆ្លងដែន ឬ​ត្រូវបង្កើត​លិខិតធានា​អះអាង​បន្ថែម​ផ្សេងទៀត​លើ​ការចាត់ចែង​ប្រាក់​បញ្ញើ​ឬ​ត្រូវ​បំពេញបែបបទ​ផ្សេងទៀត​តាម​ការកំណត់​របស់​ច្បាប់​ដើម្បី​បញ្ជាក់​ពី​ភាពស្របច្បាប់​ក្នុងការ​ចាត់ចែង​ប្រាក់​បញ្ញើ។

    4.តើ​បុគ្គល​ណាខ្លះ​មាន​សិទ្ធិ​ចាត់ចែង​ទ្រព្យ​ប្រាក់​បញ្ញើ​ករណី​ម្ចាស់​គណនី​ទទួលមរណភាព?

    មរណភាព គឺជា​ស្ថានភាព​មួយ​ដែល​កាត់ផ្តាច់​ទាំងស្រុង​នូវ​សិទ្ធិ​ចាត់ចែង​ដោយផ្ទាល់​របស់​ម្ចាស់​គណនី។ តាមន័យ​ច្បាប់ ទោះបី​បុគ្គល​ម្នាក់​ទទួលមរណភាព​ហើយក៏​ដោយ ទ្រព្យ​ដែលជា​មរតក​រួមទាំង​ប្រាក់​បញ្ញើ​របស់​ម្ចាស់​គណនី​ត្រូវបាន​ផ្ទេរ​ដោយ​ស្វ័យប្រវត្តិ​ទៅ​សន្តតិ​ជន​របស់ខ្លួន(បុគ្គល​ដែល​ត្រូវ​ទទួលបាន​ប្រាក់​បញ្ញើ​តាមច្បាប់​កំណត់) ឬ​អច្ច័យលាភី(ជន​ដទៃទៀត​ក្រៅពី​កូន​ប្តី/ប្រពន្ធបងប្អូន​បង្កើត ឬ​ឪពុកម្តាយ​របស់​ម្ចាស់​ប្រាក់​បញ្ញើ) នៅពេលដែល​ម្ចាស់​គណនី​ទទួលមរណភាព​ហើយ​ដែល​របៀប​នៃ​ការផ្ទេរ​ប្រាក់​បញ្ញើ​នេះ​អាច​ត្រូវបាន​ធ្វើឡើង​ក្រោមរូបភាព​នៃ​សន្តតិ​កម្ម​តាមច្បាប់ (ករណី​ម្ចាស់​ប្រាក់​បញ្ញើ​ទទួលមរណភាព​ដោយ​គ្មាន​បន្សល់​លិខិត​បណ្តាំ​នានា) ឬ​ក្រោមរូបភាព​នៃ​មរតក​តាម​លិខិត​សារការី(លិខិត​មរតកសាសន៍​ដែល​ទទួល​រៀបចំ និង​ផ្តល់​យថាភូត​ភាព​ដោយ​សារការី) ឬ​ក្រោម​ទម្រង់​លិខិត​មរតក​ផ្សេងទៀត។

    ហេតុដូចនេះ​បុគ្គល​ដែលមាន​សិទ្ធិ​ចាត់ចែង​ប្រាក់​បញ្ញើ​របស់​ម្ចាស់​គណនី​អាចមាន​កូន ឬ​ឪពុកម្តាយ ឬ​បងប្អូន​បង្កើត ឬ​បុគ្គល​ដទៃ​ផ្សេងទៀត​ដូច​មានកំណត់​ច្បាស់​ក្នុង​លិខិត​បណ្តាំ​របស់​ម្ចាស់​គណនី​ដែល​ទទួលមរណភាព។

    5.ការចាត់ចែង​ប្រាក់​បញ្ញើ ករណី​ម្ចាស់​ប្រាក់​បញ្ញើ​ពុំមាន​បន្សល់ទុក​លិខិត​បណ្តាំមរតក

    ការទទួល​ទ្រព្យ​មរតក(ប្រាក់​បញ្ញើ)តាមច្បាប់​មានន័យថា បុគ្គល​ដែល​ត្រូវបាន​តុលាការ​សម្រេច​ថា​ជា​សន្តតិ​ជន ឬ​អច្ច័យលាភី​នៃ​ម្ចាស់​ប្រាក់​បញ្ញើ​ដែល​ទទួលមរណភាព​ដោយ​គ្មាន​បន្សល់ទុក​លិខិត​បណ្តាំ ហើយ​អាច​ទទួល​ចំណែក​នៃ​ប្រាក់​បញ្ញើ(ទ្រព្យ​មរតក) តាម​ការកំណត់​របស់​ច្បាប់​ដូច​មាន​បញ្ជាក់​ក្នុង​សេចក្តីសម្រេច​របស់​តុលាការ។

    ករណី​អនុវត្ត​ជាក់ស្តែង​បុគ្គល​មាន​សិទ្ធិ​ទទួល​បន្ត​ប្រាក់​បញ្ញើ​ក្នុងករណី​ម្ចាស់​ប្រាក់​បញ្ញើ​ទទួលមរណភាព​គ្មាន​លិខិតបញ្ជាក់​ជា​សេចក្តីសម្រេច​របស់​តុលាការ​គួរតែមាន​លិខិតបញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន​ដូចជា​មេឃុំ/ចៅសង្កាត់(លិខិត​តំណ​វង្ស​ត្រកូល) ឬ​លិខិតបញ្ជាក់​ពី​គុណ​ភាពជា​សន្តតិ​ជន​ដែល​បញ្ជាក់​ដោយសារ​ការី​ដែល​បញ្ជាក់​ច្បាស់លាស់​ពី​បុគ្គល​ដែលមាន​លក្ខណសម្បត្តិ​ជា​សន្តតិ​ជន​ដែល​ត្រូវ​ទទួល​បន្តម​រត​ករួ​ម​ទាំង​ប្រាក់​បញ្ញើ​ដោយមាន​ការចុះហត្ថលេខា​យល់ព្រម​ពី​សន្តតិ​ជន (កូន​ឬ​ឪពុកម្តាយ ឬ​បងប្អូន​បង្កើត)របស់​ជន​នោះ​ជាដើម ហើយ​និង​លិខិតធានា​អះអាង​របស់​អ្នកទទួល​សិទ្ធិ​ចាត់ចែង​បន្ត​ប្រាក់​បញ្ញើ​ជាអាទិ៍​ដើម្បី​បញ្ចៀស​ការជំទាស់​នានា​អាច​នឹង​កើតឡើង​នាពេល​អនាគត។

    6.ការចាត់ចែង​ប្រាក់​បញ្ញើ​ករណី​ម្ចាស់​ប្រាក់​បញ្ញើ​បន្សល់ទុក​នូវ​លិខិត​ប​ណ្តាំ​មរតក​នានា​ក្រៅពី​លិខិត​បណ្តាំ​មរកត​ដែល​រៀបចំ​ដោយសារ​ការី

    ការទទួល​បានទ្រព្យ​មរតក(ប្រាក់​បញ្ញើ) ករណីនេះ​អាចជា​ករណី​ម្ចាស់​ប្រាក់​បញ្ញើ​បាន​បន្សល់ទុក​នូវ​លិខិត​បណ្តាំមរតក​ឯកជន​ជាអាទិ៍​ដែល​ម្ចាស់​ប្រាក់​បញ្ញើ​កាល​នៅរស់​បាន​សរសេរ​ទុក​លិខិតបណ្តាំ​របស់ខ្លួន​ហើយ​រក្សាទុក​ទីកន្លែង​សម្ងាត់​ណាមួយ​ហើយ​ក្រោយ​ថ្ងៃ​មរណភាព​របស់​ជន​នោះ​សន្តតិ​ជន ឬ​ជន​ដែល​ត្រូវ​ទទួលបាន​ចំណែក​ដូច​មានកំណត់​ក្នុង​លិខិត​បណ្តាំ​បែបនេះ​ត្រូវដាក់​ពាក្យស្នើសុំ​ចែក​ចំណែក​ទៅ​តុលាការ។ តុលាការ​ត្រូវ​សម្រេច​ផ្អែក​តាម​ឆន្ទៈ​របស់​ម្ចាស់​បណ្តាំ​ករណី​ទម្រង់​របស់​លិខិត​ស្របតាម​ការកំណត់​រប​ស់​ច្បាប់។

    ដូចនេះ​បុគ្គល​ដែល​តុលាការ​បញ្ជាក់ថា​ជា​សន្តតិ-ជន​ត្រូវយក​សេចក្តីសម្រេច​របស់​តុលា​ការដែល​បញ្ជាក់​ពី​សិទ្ធិ​ស្នង​មរតក ឬ​លិខិតបញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន​ដូចជា​មេឃុំ/ចៅសង្កាត់(លិខិត​តំណ​វង្ស​ត្រកូល) ឬ​លិខិតបញ្ជាក់​ពី​គុណ​ភាពជា​សន្តតិ​ជន​ដែល​បញ្ជាក់​ដោយសារ​ការី​ដែល​បញ្ជាក់​ច្បាស់លាស់​ពី​បុគ្គល​ដែលមាន​លក្ខណសម្បត្តិ​ជា​សន្តតិ​ជន​ដែល​ត្រូវ​ទទួល​បន្ត​មរតក រួមទាំង​ប្រាក់​បញ្ញើ​ដោយមាន​ការចុះហត្ថលេខា​យល់ព្រម​ពី​សន្តតិ​ជន​មក​បង្ហាញ​ដល់​គ្រឹះស្ថាន​ដោយ​ភ្ជាប់​នូវ​ឯកសារ​ភ័ស្តុតាងផ្សេងៗទៀត​តាម​ការកំណត់​របស់​គ្រឹះស្ថាន​ស្របតាម​ច្បាប់។

    7.ការចាត់ចែង​ប្រាក់​បញ្ញើ ករណី​ម្ចាស់​ប្រាក់​បញ្ញើ​បន្សល់ទុក​នូវ​លិខិត​ប​ណ្តាំ​មរតក​ដែល​រៀបចំ​ដោយសារ​ការី(មរតកសាសន៍​តាម​លិខិត​សារការី)

    លិខិត​បណ្តាំមរតក​តា​ម​លិខិត​សារការី​ជា​លិខិត​ដែល​ទទួល​រៀបចំ​ដោយសារ​ការី​តាម​ឆន្ទៈ​ផ្ទាល់​ដោយ​ម្ចាស់​ប្រាក់​បញ្ញើ​កាលដែល​បុគ្គល​នោះ​នៅរស់​ដោយបាន​កំណត់​បែង​ចែក​ប្រាក់​បញ្ញើ​របស់ខ្លួន​ដល់​អ្នកទទួល​សិទ្ធិ​ស្នង​ណា​ម្នាក់ (កូនៗ ឬ​ឪពុកម្តាយ ឬ​បងប្អូន​បង្កើត ឬ​បុគ្គលផ្សេងៗទៀត) នៅ​ចំពោះមុខ​សារការី។

    ករណីនេះ​កាលបើ​ម្ចាស់​ប្រាក់​បញ្ញើ​ទទួលមរណភាព​អ្នកទទួល​សិទ្ធិ​ស្នង​អាច​យក​លិខិត​បញ្ជាក់ថា​ខ្លួន​ជា​អ្នកទទួល​សិទ្ធិ​ស្នង(សន្តតិ​ជន ឬ​អច្ច័យលាភី) ដែល​ចេញ​ដោយសារ​ការី​ទៅ​បង្ហាញ​ដល់​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដើម្បី​ទទួលបាន​សិទ្ធិ​ចាត់ចែង​ប្រាក់​បញ្ញើ​ដែលជា​ផ្នែក​មួយ​នៃ​ទ្រព្យ​មរតក​បន្សល់ទុក​ដោយ​ម្ចាស់​ប្រាក់​បញ្ញើ ឬ​គ្រឹះស្ថាន​ត្រូវធ្វើ​ការផ្ទេរ​ប្រាក់​បញ្ញើ(ទ្រព្យមរតក) មក​គណនី​របស់​មន្ទី​រ​សារការី​ដែល​ទទួលបន្ទុក​សំណុំរឿង​សន្តតិ​កម្ម​នោះ​តាមរយៈ​លិខិត​ផ្ទេរសិទ្ធិ​របស់​អ្នកទទួល​សិទ្ធិ​ស្នង(សន្តតិ​ជន ឬ​អច្ច័យលាភី)ដើម្បី​ធ្វើការ​ជម្រះបញ្ជី​សន្តតិ​កម្ម រួមទាំង​ធ្វើការ​ចាត់ចែង​ទ្រព្យ​មរតក​របស់​ម្ចាស់​ប្រាក់​បញ្ញើ​ដែល​ទទួលមរណភាព​ស្រប​តាម​ឆន្ទៈ​របស់គាត់​ដូច​មាន​បញ្ជាក់​ក្នុង​លិខិត​បណ្តាំមរតក​ដែល​បានរៀបចំ​ឡើង​ដោយសារ​ការី​ដែល​ច្បាប់​ចាត់ទុកជា​មរតកសាសន៍​ជា​លិខិតយថាភូត។

    8.តើ​គ្រឹះស្ថាន​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ​មាន​សិទ្ធិ​ចាត់ចែង​ទ្រព្យ​ប្រាក់​បញ្ញើ បានដែរ​ទេ ករណី​ម្ចាស់​គណនី​ទទួលមរណភាព​ហើយ​គ្មាន​បន្សល់ទុក​នូវ​អ្នកទទួល​សិទ្ធិ​ស្នង​ណា​ម្នាក់?

    ក្នុងករណី​ណាក៏ដោយ បើសិនជា​ប្រាក់​បញ្ញើ (ទ្រព្យ​មរតក)ដែល​មិន​ត្រូវបាន​ចាត់ចែង​ស្របតាម​អំឡុង​ពេលដែល​កំណត់ដោយ​ច្បាប់ ដោយ​មូលហេតុ​មិនមាន​អ្នកទទួល​សិទ្ធិ​ស្នង(គ្មាន​សន្តតិ​ជនឬ​អច្ច័យលាភី ឬ​គ្មាន​បុគ្គល​ដែលមាន​និស្ស័យ​ពិសេស​តាម​ការកំណត់​របស់​ច្បាប់)ទេនោះ ប្រាក់​បញ្ញើ(ទ្រព្យ​មរតក) ត្រូវ​ធ្លាក់​ជា​ទ្រព្យ​របស់​រដ្ឋ៕

  • មាតុចក្រហ្វីលម៍ទម្លាយរឿងថ្មីមកទៀតហើយ « ទារុណកម្មខ្មោច » !!

    មាតុចក្រហ្វីលម៍ទម្លាយរឿងថ្មីមកទៀតហើយ « ទារុណកម្មខ្មោច » !!

    នៅទីបំផុតខាងផលិតកម្ម មាតុចក្រហ្វីលម៍ បានទម្លាយរូបភាព Poster រឿងថ្មីរបស់ខ្លួនបន្ទាប់ពីរឿង « ធ្មប់ » គឺរឿង « ទារុណកម្មខ្មោច » ដែលជាប្រភេទរឿងភ័យរន្ធត់ លួសព្រលឹង ព្រឺព្រួច អន្ទងវិញ្ញាណ ដែលធ្វើឱ្យអ្នកទស្សនានៅក្នុងរោងកុន តក់ស្លុតស្ទើតែដង្ហក់ដង្ហើមតាមសាច់រឿង។

    ពីអ្នកដឹកនាំរឿង ខ្មោចដើមចេកជ្វា និង ធ្មប់ គឺលោក ហ៊ុយ យ៉ាឡេង បានប្រាប់អ្នកគាំទ្រស្នាដៃរបស់លោកទាំងអស់ថា រឿង « ទារុណកម្មខ្មោច » គ្រោងនឹងដាក់បង្ហាញខ្លួននាពេលឆាប់ៗខាងមុខនេះហើយ។ លោករំពឹងទុកយ៉ាងខ្លាំងថា ប្រភេទខ្មោចមួយនេះ នឹងជោគជ័យខ្លាំង ព្រោះថា ភាពយន្តមួយនេះ លោកបានលះបង់សាច់និងឈាម ដាក់កាយក្នុងការផលិតដើម្បីឱ្យកុនខ្មែរ កាន់តែមានវឌ្ឍនភាពទៅកាន់សាកលលោក។ លោកបានទទូចឱ្យប្រិយមិត្តអ្នកគាំទ្រ កុំភ្លេចរង់ចាំ និងទៅទស្សនាភាពយន្ដដ៏ល្អមួយនេះ។

    គួរបញ្ជាក់ផងដែរថា គ្រាន់តែដាក់បង្ហាញ Poster រឿងថ្មីមួយនេះមិនបានប៉ុន្មាននាទីផង សង្កេតឃើញថា មានអ្នកគាំទ្រជាច្រើនបានចូលទៅ Comment សួរនាំលោកពីថ្ងៃបញ្ចាំងយ៉ាងភ្លូកទឹកភ្លូកដីតែម្ដង។ ដើម្បីឱ្យកាន់តែជាក់ច្បាស់​ សូមទស្សនារូបភាពទាំងអស់ខាងក្រោមនេះ៖

  • តារា​ឆ្នើម​យុទ្ធ​គុន​ចម្រុះ McGregor សម្តែង​ការសោកស្តាយ​ចំពោះ​ជម្លោះ​វាយតប់

    តារា​ឆ្នើម​យុទ្ធ​គុន​ចម្រុះ McGregor សម្តែង​ការសោកស្តាយ​ចំពោះ​ជម្លោះ​វាយតប់

    តារា​ឆ្នើម​យុទ្ធ​គុន​ចម្រុះ (MMA) របស់​អៀរ​ឡង់ Conor McGregor បានបង្ហាញ​ខ្លួន​ក្នុង​រយៈពេល​ដ៏​ខ្លី​មួយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយសារតែ​ការប្រើប្រាស់​តួនាទី​របស់គេ ក្នុង​ជម្លោះ​វាយតប់​គ្នា​មួយ​នៅលើ​រថយន្ត ហើយ​ក្រោយមក បាន​សម្តែង​ការសុំ​អភ័យទោស សម្រាប់​សកម្មភាព​រប​ស់​គេ។

    McGregor វ័យ 29ឆ្នាំ ត្រូវបាន​ចោទប្រកាន់​ពីបទ​ល្មើស​ជាច្រើន​ដូចជា ការវាយប្រហារ និង​ការប្រើប្រាស់​ឥរិយាបថ​បែប​ឧក្រិដ្ឋកម្ម ក្រោយពី​បានធ្វើការ​វាយប្រហារ​រ​ថ​យន្ត​ក្រុង​មួយគ្រឿង ដែល​ពោរពេញ​ដោយ​កីឡាករ​របស់ UFC នៅឯ Barclays Center កាលពី​ខែមេសា។

    មេធាវី​របស់ McGregor និង​រដ្ឋអាជ្ញា កំពុងតែ​ពិភាក្សា​ទៅលើ​រឿងក្តី​នេះ ហើយ​តុលាការ Brooklyn Criminal Court បានផ្តល់​ពេលវេលា​ដល់​ពួកគេ​បន្ថែមទៀត​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ធ្វើការ​ងារ​លើ​ការរៀបចំផ្សេង។ McGregor ត្រូវបាន​បញ្ជា​ឱ្យ​វិល​ទៅកាន់​តុលាការ​វិញ នា​ថ្ងៃទី26 ខែកក្កដា ខាងមុខនេះ។

    តារា​ឆ្នើម​វាយ​ដាក់​ទ្រុង​រូបនេះ បាន​សុំ​អភ័យទោស​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​នេះ ក្រោយពី​ការបង្ហាញ​ខ្លួន​ក្នុង​តុលាការ ដែល​បាន​ចំណាយពេល​ត្រឹមតែ​រយៈពេល​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ។ McGregor បានឱ្យដឹងថា៖ «ខ្ញុំ​ពិតជា​សោកស្តាយ​ពី​សកម្មភាព​របស់ខ្ញុំ ដែល​បានធ្វើឱ្យ​ស្ថិតនៅ​ទីនេះ នៅថ្ងៃនេះ។ ខ្ញុំ​យល់​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​ករណីនេះ ហើយ​ខ្ញុំ​ពោរពេញ​ដោយ​ក្តី​សង្ឃឹមថា វា​នឹងត្រូវ​ដោះស្រាយ​ក្នុងពេលឆាប់ៗនេះ»។

    McGregor ប្រឈមមុខ​នឹង​ការជាប់គុក​ដល់​ទៅ​រយៈពេល 7ឆ្នាំ ប្រសិនបើ​ត្រូវ​កាត់ទោស​រាល់​ករណី​ទាំងអស់ ប៉ុន្តែ រូបគេ​មិន​ត្រូវបាន​រំពឹងទុក​ថា​នឹង​ទទួលបាន​ការកាត់ទោស​ធ្ងន់ធ្ងរ​បែប​នោះឡើយ។ McGregor ត្រូវបាន​ដោះលែង​ជាមួយនឹង​ប្រាក់​ធានា 5០,០០០ដុល្លារ ក្រោយពី​ការឃាត់ខ្លួន​របស់គេ​លើ​ការវាយប្រហារ​លើ​រថយន្ត​ក្រុង​មួយ​របស់​កីឡាករ​ជា​គូប្រជែង​ដែល​បានធ្វើឱ្យ​អត្ត​ព​លិ​ក២នាក់​រងរបួស៕

    ប្រភពពី៖ The Guardian

  • អ្នកគាំទ្រក្ដុកក្ដួលស្រក់ទឹកភ្នែក ខណៈទស្សនាវីដេអូកញ្ញា រ៉ាប៊ី ទម្លាយរឿងពិតរបស់ឪពុក

    អ្នកគាំទ្រក្ដុកក្ដួលស្រក់ទឹកភ្នែក ខណៈទស្សនាវីដេអូកញ្ញា រ៉ាប៊ី ទម្លាយរឿងពិតរបស់ឪពុក

    នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការរបស់ផលិតកម្មថោន បានបង្ហោះវីដេអូខ្លីរបស់កញ្ញា រ៉ាប៊ី បានរៀបរាប់ទាំងអារម្មណ៍ពិតយ៉ាងអួលដើមក ពោរពេញទៅដោយមនោសញ្ចេតនាស្រឡាញ់ពុក  ដែលស្ដែងពីអារម្មណ័ពិតកាលនៅវ័យកុមារ នាងតែងតែធ្វើឱ្យឪពុកម្ដាយព្រួយបារម្ភ និងគិតគូរពីអនាគតនាងរហូតមកដល់ពេញវ័យ និងបានសាងកំហុសឆ្គងមួយចំនួនតូចដែលធ្វើឱ្យលោកទាំងពីរពិបាកចិត្ត។

    នៅក្នុងវីដេអូខ្លីនោះ ម្ចាស់បទចម្រៀង «មាន់ស្រែ» បានលើកឡើងពីប្រវត្តិជូរចត់របស់ឪពុកនាងដែលជាអតីតទាហានមួយរូបបានខិតខំតស៊ូខ្លាំងណាស់ អត់ធ្មត់អត់ទ្រាំជាមួយការងារលំបាកច្រើនយ៉ាងដើម្បីទំនុកបម្រុងចិញ្ចឹមក្រុមគ្រួសារ រហូតដល់រូបនាងបានធំដឹងក្ដី និងមានការងារមួយច្បាស់លាស់។ អ្វីដែលខ្លួននាងស្រឡាញ់ និងគោរពនោះគឺ លោកឪពុកបានខិតខំរកមកបំពេញចិត្តនាង បើទោះជាត្រូវចំណាយកម្លាំងញើសឈាមអស់ច្រើនប៉ុនណា ក៏លោកមិនខ្លាចនឿយហត់អ្វីទាំងអស់។ សារជាវីដេអូប្រវត្តិពិតរបស់ឪពុកកញ្ញា រ៉ាប៊ី បានធ្វើឱ្យមហាជនជាច្រើននាក់ស្រក់ទឹកភ្នែកនៅពេលដែលបានទស្សនាហើយ។

    តោះ! ចង់ដឹងថា តារាស្រី រ៉ាប៊ី បង្ហាញក្ដីស្រឡាញ់បែបណាចំពោះលោកឪពុករបស់នាងនោះ សូមទស្សនាវីដេអូ ដូចខាងក្រោម៖

  • ឱក សុគន្ធកញ្ញា បង្ហាញវត្តមានក្នុងសកម្មភាពត្បាញក្រមាយ៉ាងភ្ញាក់ផ្អើល

    ឱក សុគន្ធកញ្ញា បង្ហាញវត្តមានក្នុងសកម្មភាពត្បាញក្រមាយ៉ាងភ្ញាក់ផ្អើល

    នៅពេលថ្មីនេះ កំពូលតារាចម្រៀងស្រី ប្រចាំផលិតកម្មរស្មីហង្សមាស និងជាម្ចាស់យីហោកាបូបប៊្រេនដ៍ ASK គឺកញ្ញា ឱក សុគន្ធកញ្ញា ត្រូវបានគេមើលឃើញថា មានភាពរវល់ជាមួយការងារជាច្រើននៅក្នុងពិភពសិល្បៈស្ទើររកពេលសម្រាកគ្មានឡើយ តែទន្ទឹមនឹងភាពមមាញឹកនោះ នាងបានធ្វើឱ្យអ្នកគាំទ្រខ្លួនភ្ញាក់ផ្អើលជាខ្លាំង ដោយនាងបានឆ្លៀតយកពេលរបស់ខ្លួនដើម្បីទៅចូលរួមត្បាញក្រមាប្រវែង1,000ម៉ែត្រ កាលពីថ្ងៃទី14 ខែមិថុនា ឆ្នាំ2018 ម្សិលមិញ។

    តាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់កញ្ញា ក៏ដូចជានៅក្នុង IG របស់តារាស្រីឆ្នើមរូបនេះ ក៏បានរៀបរាប់ឱ្យដឹងដែរថា «ជឿថា ខ្មែរ​ធ្វើ​បាន…! ខ្ញុំ​បាន​ចូល​រួម​ត្បាញ​ក្រមា​ 1,000 ម៉ែត្រ ទុក​ជា​អនុ​ស្សាវរីយ៍ចុះអ្នកវិញ..? តើបងប្អូនបានចូលរួមហើយឬនៅ?»។ ពិតណាស់ តារាស្រីរូបនេះបានថតរូបជាមួយអ្នកគាំទ្រ និងតារាល្បីៗរួមទ្រនំ ព្រមជាមួយតារាសម្ដែងវ័យក្មេងជាច្រើននាក់ផងដែរ។

    គួរបញ្ជាក់ផងដែរថា ក្រមាជាវត្ថុចាំបាច់មួយដែលបងប្អូនខ្មែរយើងនិយមប្រើប្រាស់ មិនថាចាស់ មិនថាក្មេង តែងតែស្គាល់ថាក្រមាខ្មែររបស់យើងជាវត្ថុប្រើប្រាស់ដែលមានប្រយោជន៍ច្រើនយ៉ាងណាស់។ ស្របពេលឃើញសកម្មភាពរបស់អាយដលបែប​នេះអ្នកគាំទ្របាននាំគ្នានិយាយថា ឱក សុគន្ធកញ្ញា ពិតជាតារាស្រីមួយរូបគួរឱ្យគោរពស្រឡាញ់មែន មិនថាខ្លួនរវល់យ៉ាងណាក៏ដោយ ក៏នៅតែឆ្លៀតពេលដើម្បីចូលរួមការងារសង្គមទៀតដែរ។ កុំភ្លេចណា៎! សូមអញ្ជើញទៅចូលរួមទាំងអស់គ្នា ដើម្បីត្បាញក្រមាស្នាដៃកូនខ្មែររបស់យើងពិតៗ៕

  • ចុំ ស្ងាត់ៗ!  អតីតគូដណ្ដឹងតារាកំប្លែង វ៉ាន់ នី​ឡា ភ្ជាប់ពាក្យតែម្ដង

    ចុំ ស្ងាត់ៗ!  អតីតគូដណ្ដឹងតារាកំប្លែង វ៉ាន់ នី​ឡា ភ្ជាប់ពាក្យតែម្ដង

    ចុំ! ពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលស្ងាត់ៗស្រាប់តែធ្លាយដំណឹងអតីត​គូ​ដណ្តឹង​តារា​កំប្លែង កញ្ញា វ៉ាន់ នី​ឡា គឺលោកផន រង្សី បាន​សម្រេចចិត្ត​ភ្ជាប់ពាក្យជាមួយគូសំណព្វចិត្តថ្មី ដែលគេមើលឃើញថានាងនារី​រូបស្រស់​ម្នាក់។​ បន្ទាប់ពីចំណងស្នេហាត្រូវបានប្រេះឆា​ជាមួយ​តារា​កំប្លែង​ប្រចាំស្ថានីយ​ទូរទស្សន៍​ស៊ី​ធី​អិនកញ្ញា វ៉ាន់ នី​ឡា នៅពេលថ្មីៗនេះលោក ផន រង្សី ត្រូវបានអ្នកលេងបណ្ដាញសង្គមទម្លាយរូបថតប៉ុន្មាន​សន្លឹក ដែលគេមើលឃើញថា លោកបានប្រារព្ធពិធីភ្ជាប់ពាក្យនៅព្រឹកថ្ងៃទី14 ខែមិថុនា ឆ្នាំ2018 ម្សិលមិញនេះ។

    សូមជម្រាបដែរថា លោក ផន រង្សី​ អតីតគូដណ្តឹង កញ្ញា វ៉ាន់ នីឡា បានភ្ជាប់ពាក្យម្ដងទៀតជាមួយកញ្ញា  ហ៊ុន អាប៉ូ ដែលជាកូនអ្នករស់នៅភ្នំពេញ ដោយមានសាច់ញាតិចាស់ទុំទាំងសងខាងបានដឹងឮ និងពេញចិត្តពេញថ្លើមទៀតផង។ ស្រីស្អាតរូបនេះត្រូវបានគេស្គាល់ថាជាកូនស្រីអ្នកភ្នំពេញ សព្វថ្ងៃជានិស្សិតឆ្នាំ​ទី4 នៅ​សាកល​វិទ្យាល័យ បៀល​ប្រាយ ផ្នែក​គណនេយ្យ ព្រមជាមួយមុខរបរមួយ ជាអ្នកលក់ផលិតផលតាម Online​ផងដែរ។ បើតាមប្រភពស្និទ្ធស្នាលនឹងលោក ផន រង្សី បានបញ្ជាក់ថា លោកនឹងគ្រោងចូលរោងការនៅ​ខែ​មីនា ឆ្នាំ​2019 ខាង​មុខ​នេះ​។

    បើក្រឡេក​មក​មើលខាង​តារា​កំប្លែង វ៉ាន់ នី​ឡា ឯណេះវិញ ហាក់​បីដូចជាមិនមានការ​ចាប់អារម្មណ៍​អ្វីចំពោះដំណឹង​នោះទេ ។ កន្លងមក​ស្រី​ស្អាត​រូបនេះ ​តែងតែ​បង្ហាញ​រូបភាព​ស្វ៊ី​ត​ស្វ៊ី​ត​ជាមួយ​បុរស​វ័យក្មេង​ម្នាក់ ​តែ​នាងបាន​អះអាងថា​ ជា​មិត្តភ័ក្តិ។ វ៉ាន់ នី​ឡា សព្វថ្ងៃនេះក្រៅពីអាជីពជាតារា​កំប្លែងហើយ ​គេសង្កេតឃើញនាង​ក៏បាន​ចូលរួម​ថត​រឿង និងសម្អាងការជាច្រើន​ផងដែរ៕

  • 5រឿងដែលកូនកំលោះកូនក្រមុំមិនគួរឱ្យកើតមានក្នុងពិធីមង្គលការ

    5រឿងដែលកូនកំលោះកូនក្រមុំមិនគួរឱ្យកើតមានក្នុងពិធីមង្គលការ

    បើមិនចង់ឱ្យពិធីមង្គលការរបស់អ្នកក្លាយជារឿងដែលមិនគួរឱ្យពេញចិត្ត និងត្រូវគេនាំយកទៅនិយាយក្រោយចប់ពិធីក្នុងន័យមិនល្អនោះ ក៏មិនគួរធ្វើរឿង5យ៉ាងខាងក្រោមនេះជាដាច់ខាត ព្រោះនឹងធ្វើឱ្យកូនកំលោះកូនក្រមុំត្រូវគេមើលឃើញថាជាមនុស្សគ្មានសុជីវធម៌ និងមិនផ្ដល់កិត្តិយស ឬមិនយកចិត្តទុកដាក់ចំពោះភ្ញៀវដែលមកចូលរួមពិធីរបស់ខ្លួន។

    1. ត្រៀមវត្ថុអនុស្សាវរីយ៍មកមិនគ្រប់គ្រាន់ តាមគោលការណ៍ ការត្រៀមវត្ថុអនុស្សាវរីយ៍មង្គលការត្រូវតែត្រៀមឱ្យបានគ្រប់នឹងចំនួនភ្ញៀវដែលបានអញ្ជើញ ជារឿងដែលកូនកំលោះកូនក្រមុំមិនអាចមើលរំលងបានឡើយព្រោះបើវត្ថុអនុស្សាវរីយ៍មិនគ្រប់ នឹងធ្វើឱ្យភ្ញៀវដែលមិនបាន មានអារម្មណ៍ខកចិត្ត និងមិនសប្បាយចិត្តហ្នឹងឯង។

    2. ចែកសំបុត្រអញ្ជើញកៀកពេលខ្លាំងពេកការចែកសំបុត្រអញ្ជើញមង្គលការ ត្រូវទុកពេលវេលាឱ្យភ្ញៀវបានត្រៀមខ្លួនខ្លះផងដែល បើសិនជាចែកបែបកៀកពេលខ្លាំងពេក វានឹងធ្វើឱ្យភ្ញៀវមិនសូវសប្បាយចិត្ តហើយអាចនឹងគិតថាជាសំបុត្រដែលសល់ពីអ្នកដទៃ ដូច្នេះគួរកំណត់ពេលវេលាចែកសំបុត្រអញ្ជើញឱ្យបានច្បាស់លាស់ កុំរង់ចាំដល់កៀកពេលខ្លាំងពេក។

    3. ទុកឱ្យភ្ញៀវរង់ចាំពិធីការយូរពេក ការដំណើរការកម្មវិធីផ្សេងៗគួរតែប្រព្រឹត្តទៅតាមកាលវេលា ដែលបានកំណត់នៅលើសំបុត្រអញ្ជើញ មិនគួរបណ្ដោយឱ្យពេលវេលារំកិលទៅខុសកាលកំណត់ឡើយ ព្រោះអាចបណ្ដាលឱ្យភ្ញៀវដែលមកចូលរួមត្រូវរង់ចាំយូរ។ វិធីដែលល្អ គួរត្រៀមឱ្យរួចជាស្រេច គួរពិនិត្យមើល ឬហាត់សមមុនពេលធ្វើពិធីមែនទែនក៏ជាការល្អដែរ។

    4. មិនរៀបចំកន្លែងអង្គុយជូនភ្ញៀវការយកចិត្តទុកដាក់ និងមើលថែទាំចំពោះភ្ញៀវដែលមកចូលរួមក្នុងពីធីមង្គលការ ជារឿងមួយដែលកូនកំលោះកូនក្រមុំគួរតែធ្វើ និងជាសុជីវធម៌មួយដែលមិនអាចមើលរំលងបានឡើយ ព្រោះនឹងធ្វើឱ្យភ្ញៀវមានអារម្មណ៍រំភើប ពេញចិត្ត និងរីករាយជាមួយពិធីមង្គលការរបស់អ្នក។

    5. មានបញ្ហាជាមួយមនុស្សដែលមិនត្រូវគ្នាអាចមានខ្លះដែរដែលភ្ញៀវមកចូលរួមពិធីជាមនុស្សដែលមិនត្រូវគ្នា ដោយអាចជាភ្ញៀវរបស់កូនក្រមុំ ឬជាភ្ញៀវខាងកូនកំលោះដែលកូនកំលោះ ឬកូនក្រមុំគួរតែអត់ធ្មត់សង្កត់អារម្មណ៍ទុកសិន កុំឱ្យមានរឿងក្នុងពិធីមង្គលការរបស់អ្នកជាដាច់ខាត មិនដូច្នោះទេពិធីមង្គលការរបស់អ្នកនឹងដួលរលំខ្ទេចខ្ទីអស់មិនខាន៕

  • លោក​ពូ​ទីន អប​​អរ​គ្រូបង្វឹក​រុស្ស៊ី ក្រោយ​​ក្រុមជម្រើសជាតិរបស់ខ្លួនលត់​ក្រុមអា​រ៉ា​ប៊ី​សា​អ៊ូ​ឌីត

    លោក​ពូ​ទីន អប​​អរ​គ្រូបង្វឹក​រុស្ស៊ី ក្រោយ​​ក្រុមជម្រើសជាតិរបស់ខ្លួនលត់​ក្រុមអា​រ៉ា​ប៊ី​សា​អ៊ូ​ឌីត


    លោក Stanislav Cherchesov គ្រូបង្វឹក​​នៃក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​​រុស្ស៊ី បាន​បញ្ជាក់​ថា លោក​បាន​ទទួល​សារ​អប​អរ​សាទរ​ពីសំណាក់​លោក​ប្រធា​នា​ធិបតី​ Vladimir Putin ក្រោយ​ពីក្រុម​ម្ចាស់ផ្ទះ World Cup មួយនេះ បាន​ផ្តួល​ក្រុម​ជម្រើស​ជាតិ​អា​រ៉ាប៊ី​សា​អ៊ូឌីត​ ក្នុង​លទ្ធផល 5-០ ក្នុង​ការ​ប្រកួត​បើក​ឆាក​នៃ​យុទ្ធ​នា​ការ​នេះ កាល​ពីថ្ងៃព្រហស្បតិ៍​។

    ក្រុមរ​បស់​លោក Cherchesov បាន​ឈាន​ទៅកាន់​ការប្រកួត​នា​កីឡដ្ឋាន Luzhniki ក្នុង​ទីក្រុង​ម៉ូស្គូ ក្រោម​សម្ពាធ​ដ៏​ធំ ដើម្បី​​បង្ហាញ​​ពី​ទម្រង់​លេង​ប្រកប​ដោយ​ភាព​ទាក់​ទាញ​។ ក្រុម​ជម្រើស​ជាតិ​រុស្ស៊ី មិនដែលស្គាល់​ឈ្នះ​សោះ​អស់​រយៈពេលច្រើន​ជាង​ 8​​ខែមក​ហើយ និង​បាន​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​70 ​ក្នុង​ពិភព​លោក ដែលនេះ​ជា​ចំណាត់ថ្នាក់​ទាប​ជាង​គេ​បំផុត​ក្នុង​ចំណោម​ក្រុម​ទាំង​32 ​ក្នុង​ព្រឹត្តិ​ការណ៍ World Cup​។ ប៉ុន្តែ ក្រុម​ម្ចាស់​ផ្ទះមួយនេះ បាន​​បង្ហាញ​ពី​ភាព​ជឿជាក់​ម្តង​ទៀត ជាមួយ​នឹង​ការ​បង្ហាញពី​ទម្រង់​លេង​ដ៏គួរ​ឱ្យកត់សម្គាល់​។ ពួក​គេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់​នៅ​ពេលជិត​បញ្ចប់​ការ​ប្រកួត ហើយ​​កីឡាករ​របស់​ក្រុម​ជម្រើស​ជាតិ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌីត បាន​សម្តែង​នូវ​ការ​ខកចិត្ត​យ៉ាង​ខ្លាំង ក្រោយពី​បញ្ចប់​ការ​ប្រកួត​​ភ្លាម​ៗ​។ លោក Putin បាន​ញញឹម​ជាច្រើន​លើក ខណៈ​ដែល​លោក​បាន​ទស្ស​​នា​ការ​ប្រកួត​ពី​កៅអីក្នុង​ប្រអប់ VIP ជាមួយ​នឹង​​ព្រះ​អង្គ​ម្ចាស់​អារ៉ា​ប៊ី​សា​អ៊ូ​ឌីត Mohammed bin Salman​។

    កីឡាករ IuryGazinsky បាន​​ស៊ុត​បាល់​បញ្ចូល​ទី​ក្រោយពី​លេង​បាន​រយៈពេល​ 12​នាទី ហើយ Denis Cheryshev បាន​បន្ថែម​​គ្រាប់បាល់​ទី​2 នៅមុន​ពេល​សម្រាក​តង់​ទី​1 ក្រោយពី​​ចូល​លេង​ជំនួស​កន្លែង​របស់​កីឡាករ Alan Dzagoev ដែលមាន​​របួស​​។ ខ្សែ​ប្រយុទ្ធ ArtemDzuyba បាន​ស៊ុត​បាល់​បញ្ចូល​ទី​​គ្រាប់បាល់​ទី​3 ​មុន​ពេល​ក្រុមម្ចាស់ផ្ទះរក​បាន​គ្រាប់​បាល់​បន្ថែម​ទៀត​នៅពេល​ជិត​បញ្ចប់​ការ​ប្រកួត​ពី​សំណាក់​កីឡាករ Cheryshev និង AleksandrGolovin និងបាន​បំពេញ​ជ័យជម្នះ​​ដ៏​កក់​ក្តៅ​ជាលើក​ទី​1 ​របស់​រុស្ស៊ី ចាប់​តាំងពី​ខែ​តុលា ឆ្នាំទៅដើម្បី​ចាប់​ផ្តើម​យុទ្ធ​នា​ការ​ក្នុង​ពូល A របស់​ពួក​គេ បានយ៉ាងល្អ​​ឥត​ខ្ចោះ​​តែម្តង​​៕

    ប្រភព​ពី៖ Channel News Asia

  • ទឹកប្រាក់​មូលនិធិ​អន្តរជាតិ IFAD ផ្តោតទៅលើ​គម្រោង​ថ្មី ជំរុញ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម

    ទឹកប្រាក់​មូលនិធិ​អន្តរជាតិ IFAD ផ្តោតទៅលើ​គម្រោង​ថ្មី ជំរុញ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម

    មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម (International Fund for Agricultural Development ហៅ​កាត់​ថា IFAD) បានសម្រេច​ផ្តល់​ថវិកា 64លាន​ដុល្លារ​ដល់​កម្ពុជា​បន្ថែម​លើ​គម្រោង​ដែល​កំពុង​អនុវត្ត​បច្ចុប្បន្ន និង​គម្រោង​ថ្មី ដែល​ក្នុងនោះ​ថវិកា​ចំនួន 12លាន​ដុល្លារ​អាមេរិក​សម្រាប់​បន្ថែ​ម​លើ​គម្រោង​ដែល​កំពុង​អនុវត្ត​បច្ចុប្បន្ន និង​ចំនួន 52លាន​ដុល្លារ​អាមេរិក​ សម្រាប់​គម្រោង​ថ្មី​ដែល​ផ្តោតលើ​ការជំរុញ “ទីផ្សារ​កសិកម្ម និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​កសិកម្ម និង​ជនបទ” ដោយ​គ្រោង​នឹង​អនុវត្ត​ពី​ឆ្នាំ 2019-2021។ នេះ​បើតាម​ការ​ឱ្យដឹងពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

    ទឹកប្រាក់​ដ៏​ច្រើន​នេះ​ទទួលបាន​ក្រោយពេល លោក ណៃ​ជេ​ល ប្រេត​ត៍ (Nigel Brett) ប្រធាន​អង្គការ ​IFAD បាន​វាយតម្លៃ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ដឹកនាំ និង​គ្រប់គ្រង​លើ​ការអនុវត្ត​គម្រោង​ក្រោម​ក្របខ័ណ្ឌ​ហិរញ្ញប្បទាន​របស់ ​IFAD ប្រកបដោយ​ជោគជ័យ និង​ប្រសិទ្ធភាព​ខ្ពស់។

    សូមបញ្ជាក់ថា ចំពោះ​ទិសដៅ និង​យុទ្ធសាស្ត្រ​នៃ​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​ IFAD សម្រាប់​ពេលខាងមុខ​នេះ ពោលគឺ​មិន​ត្រឹមតែ​ផ្តោតលើ​ផលិតកម្ម​ដើម្បី​សន្តិសុខ​ស្បៀង​ប៉ុណ្ណោះ​ទេ គឺ​ត្រូវផ្តោតលើ​ការអភិវឌ្ឍ​កសិកម្ម និង​កាត់បន្ថយ​ភាពក្រីក្រ​នៅ​ជនបទ​ដោយ​នឹង​ធ្វើឱ្យ​កាន់តែ​រឹងមាំ និង​មាន​និរន្តរភាព​ជាង​មុន​ដែល​រួមមាន “ការលើកកម្ពស់​ផលិតភាព​កសិកម្ម ពាណិជ្ជនីយកម្ម និង​ពិពិធ​កម្ម​កសិកម្ម ”ដើម្បី​លើកស្ទួយ​ជីវភាព និង​វិបុលភាព​របស់​ប្រជាកសិករ​កម្ពុជា។

    បន្ថែម​លើ​នេះ IFAD នឹង​សហការ​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​ដើម្បី​រៀបចំ​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​កិច្ចសហប្រតិបត្តិការ​ផ្តល់​ហិរញ្ញប្បទាន​ថ្មី​សម្រាប់​ឆ្នាំ 2021-2026 ដែល​យុទ្ធសាស្ត្រ​នេះ​នឹងមាន​សង្គតិភាព​ទាំងស្រុង​ជាមួយ​ទិសដៅ​ជា​អាទិភាព និង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល និង​ក្នុង​ទំហំ​ហិរញ្ញប្បទាន​កាន់តែ​ធំ​ជាង​មុន។

    លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការ​នាពេល​អនាគត​ជាមួយ​អង្គការ IFAD នឹង​ផ្តោតលើ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម និង​ការកាត់បន្ថយ​ភាពក្រីក្រ​នៅក្នុង​តំបន់​ជនបទ។ វា​នឹង​ស្វែងរក​ការលើកកម្ពស់​និរន្តរភាព និង​ធានា​សន្តិសុខ​ស្បៀង ក៏ដូចជា​ការបង្កើន​ផលិតភាព និង​ការលើកកម្ពស់​ការធ្វើ​ពិពិធ​កម្ម​នៅក្នុង​វិស័យនេះ។

    រដ្ឋាភិបាល​នឹង​ព្យាយាម​ទាក់ទាញ​ការវិនិយោគ​បន្ថែមទៀត​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស​ប្រព័ន្ធធារាសាស្ត្រ​ខ្នាតតូច និង​មធ្យម និង​ផ្លូវតូចៗសម្រាប់​ការដឹកជញ្ជូន​កាន់តែ​ប្រសើរ។ យើង​ក៏មាន​គោលបំណង​បញ្ចុះតម្លៃ​អគ្គិសនី​សម្រាប់​កសិករ​ផងដែរ។

    លោក​បណ្ឌិត Nigel Brett ក្នុងឱកាស​ជួប​ជាមួយ​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា ប្រមាញ់ និង​នេសាទ​បាន​កោតសរសើរ​ចំពោះ​ការសហការ​រួមគ្នា​អនុវត្ត៖ 1-គម្រោង​សម្រាប់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម និង​ការពង្រឹង​អំណាច​សេដ្ឋកិច្ច (PADEE=The Project for Agriculture Development and Economic Empowerment) 2-គម្រោង​បង្កើន​បច្ចេកវិទ្យា​ថាមពល​កកើតឡើង​វិញ​នៅ​កម្ពុជា (SRET=Scaling-up of Renewable Energy Technologies in Rural Cambodia)។

    3-គម្រោង​កសិកម្ម​សម្រាប់​កម្មវិធី​ច្នៃប្រឌិត​ថ្មី ភាព​ធន់ និង​ពង្រីក (The Agriculture Services Program for Innovation, Resilience and Extension = ASPIRE) ជាពិសេស​កម្មវិធី ASPIRE នេះ ទទួលបាន​លទ្ធផល​យ៉ាង​ល្អប្រសើរ ទើប​ធ្វើឱ្យ​អង្គការ IFAD មាន​គម្រោង​បន្ថែម​ទុន​ឧបត្ថម្ភ​ជាង 12លាន​ដុល្លារ​ទៀត​ដើម្បី​ជំរុញ​កម្មវិធី​នេះ​ឱ្យ​គ្របដណ្តប់​ទូទាំងប្រទេស និង52លាន​ដុល្លារ​សម្រាប់​គម្រោង​ថ្មី។

    លោក ហ៊ាន វណ្ណ​ហន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​បាន​ប្រាប់​ឡា​រ៉ែ​ន​តាម​ទូរស័ព្ទ​ថា​លោក​បាន​ឯកភាព​លើ​ការបន្ថែម​ទុន​ឧបត្ថម្ភ​លើ​គម្រោង​ចាស់ និង​ថ្មី​របស់​អង្គការ IFAD នេះ និងបាន​ណែនាំ​ថា ដើម្បី​បង្ហាញ​ពី​វឌ្ឍនភាព និង​លទ្ធផល​ដែល​ទទួលបាន​ពី​កម្មវិធី​នេះ យើង​នឹងមាន​ការរៀបចំ​កិច្ចប្រជុំ ឬ​ជា​សិក្ខាសាលា​ដើម្បី​ធ្វើជា​ស្នូល​តម្រង់ទិស​ក្នុងការ​អនុវត្ត​ឱ្យ​ទទួលបាន​ជោគជ័យ​បន្ថែមទៀត​គឺ​ត្រូវ​គិតគូរ​ដល់​បម្រែបម្រួល​អាកាសធាតុ ការគ្រប់គ្រង និង​ប្រើប្រាស់​ធារាសាស្ត្រ​កសិកម្ម​ប្រកបដោយ​ប្រសិទ្ធភាព និង​និរន្តរភាព​ការកំណត់​តំបន់​ដាំ​ដុះ​ស្របតាម​គុណភាព​ដី បរិមាណ​ទឹក​ដែលមាន ជំរុញ​ការធ្វើ​ទំនើបកម្ម​កសិកម្ម និង​លើកស្ទួយ​អាហារូបត្ថម្ភ​ដល់​ប្រជាជន។

    លោក​បញ្ជាក់ថា៖ “នេះ​ជា​គម្រោង​ដែលមាន​ស្រាប់ និង​បានទទួល​ទុន​បន្ថែមចំនួន 12លាន​ដុល្លារ។ តែ​ចំពោះ​ទឹកប្រាក់​លើ​គម្រោង​ថ្មី​ចំនួន 52លាន​ដុល្លារ​នោះ សុំ​មិន​ឆ្លើយ​ទេ​ព្រោះ​វា​ជា​គម្រោង​ថ្មី មិនដឹងថា​វា​មាន​ទំហំ​ប៉ុនណា និង​មាន​ពាក់ព័ន្ធ​ទៅលើ​វិស័យ​អ្វីខ្លះ​នៅឡើយ​ទេ បើ​ឆ្លើយ​ទៅ ខ្លាច​វា​មិន​ចំ​ទិសដៅ​របស់​គម្រោង។

    លោក ម៉េង សក្តិ​ភូ​សិត ជា​មន្ត្រី​កម្មវិធី​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ប្រចាំ​កម្ពុជា​ក៏បាន​មានប្រសាសន៍​ដែរ​ថា ប្រាក់12លាន​ដុល្លារ​នេះ​នឹងត្រូវ​អនុវត្ត​បន្ត​ទៅលើ​កម្មវិធី2 របស់​អង្គការ IFAD នៅ​កម្ពុជា។ កម្មវិធី​សេវាកម្ម​កសិកម្ម​សម្រាប់​ការច្នៃប្រឌិត​ថ្មី ភាព​ធន់ និង​ពង្រីក ដែល​ត្រូវបាន​គេ​ស្គាល់​ផងដែរ​ថា ASPIRE នោះ​នឹង​ប្រកបដោយ​និរន្តរភាព​សម្រាប់​ទីផ្សារ​កសិកម្ម​ដែលជា​កម្មវិធី​មួយ​កំពុង​បន្ត។

    លោក ម៉េង សក្តិ​ភូ​សិត បានបញ្ជាក់​ទៀតថា ចំណែកឯ​គម្រោង​ថ្មី​នេះ​វា​គ្រាន់តែ​ជា concept note វា​នឹង​បង្ហាញ​រូបរាង​នៅ​ចុង​ឆ្នាំនេះ តែ​គម្រោង​នេះ​មាន​ចំណុច​ដែល​នឹង​ផ្តោតទៅលើ​ការកសាងភាពជា​សហគ្រិន និង​ការលើកកម្ពស់​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​វិស័យ​កសិកម្ម។ កម្មវិធី​ដែល​ឥឡូវនេះ​កំពុង​ស្ថិតនៅលើ​ក្រដាស​គំនូរ​នឹង​ស្វែងរក​ការគាំទ្រ​ពី​សហគ្រាស​ធុន​តូច និង​មធ្យម​នៅតាម​តំបន់​ភូមិសាស្ត្រ​ដែលមាន​សក្តានុពល​ខ្ពស់​សម្រាប់​គាំទ្រ​ទីផ្សារ​កសិកម្ម។

    លោក​បាន​បន្តថា៖ “គម្រោង​នេះ​មានន័យថា​ជា​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងការ​លើកទឹកចិត្ត​ឱ្យ​ពាណិជ្ជករ​អាជីវករ និង​សហគ្រិន​ចូលរួម​អភិវឌ្ឍ​វិស័យ​កសិកម្ម។ គម្រោង​មាន​ច្រើន​អាចជា​ទីផ្សារ​សម្រាប់​កសិក​ម្ម​អាចជា​ការកសាង​ផ្លូវ ថាមពល អគ្គិសនី ប្រព័ន្ធ​សូ​ឡា-ល- តែ​ជា​មូលដ្ឋាន​ធំ​យើង​លើកទឹកចិត្ត​ឱ្យ​វិស័យ​ឯកជន​ចូលរួម​ជាមួយ​យើង​ដោយ​យើង​នឹង​ពិភាក្សា​ជាមួយ​វិស័យ​ឯកជន​ជាមុនសិន ទើប​យើង​អាច​ទទួលបាន​អ្វីដែល​លេចចេញ​ជា​គម្រោង​ថ្មី​នេះ​ក្នុងការ​ជំរុញ​នូវ​ការលើកកម្ពស់​សហគ្រិន​ភាព​ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​នេះ។ ចាប់តាំងពី​ឆ្នាំ 1996មក IFADបានផ្តល់​ប្រាក់កម្ចី​សម្បទាន​ជាង 200លាន​ដុល្លារ​ហើយ​ដល់​ប្រទេស​កម្ពុជា”៕