Category: សង្គម និងសេដ្ឋកិច្ច

  • Cilic ផ្តួល​ជើង​ខ្លាំង Djokovic ដើម្បី​លើក​ពាន Queen’s Club

    Cilic ផ្តួល​ជើង​ខ្លាំង Djokovic ដើម្បី​លើក​ពាន Queen’s Club

    កីឡាករ​វាយ​កូន​បាល់ Marin Cilic ដែលមាន​ចំណាត់ថ្នាក់​លេខ1 ប្រចាំ​ព្រឹត្តិការណ៍​បាន​សង្គ្រោះ​ពិន្ទុ​កាត់សេចក្តី 1លើក នៅមុន​ពេល​ផ្តួល​កីឡាករ Novak Djokovic ក្នុង​លទ្ធផល 5-7 7-6 (4) និង6-3 ដើម្បី​ឈ្នះ​ពាន Queen’s Club Championships ជា​លើក​ទី2 របស់គេ​កាលពី​ថ្ងៃអាទិត្យ។

    Cilicដែល​បានឈ្នះ​ពាន​នេះ​ជា​លើកចុងក្រោយ​កាលពី​ឆ្នាំ2012 នោះ បាន​គ្រប់គ្រង​ការប្រកួត​យ៉ាង​ល្អ នៅលើ​ទីលាន ប៉ុន្តែ​បាន​ខ្ជះខ្ជាយ​ពិន្ទុ​ដ៏​សំខាន់​ចំនួន 6លើក​ក្នុង​ការប្រកួត​សិត​បើកឆាក ដែលនាំឱ្យ Djokovic មានឱកាស​វាយបក​វិញ។ កីឡាករ​វាយ​កូន​បាល់​សញ្ជាតិ​ស៊ែ​ប៊ី​វ័យ 31ឆ្នាំ​រូបនេះ បាន​ដណ្តើមយក​ឱកាស​របស់គេ​ដើម្បី​វាយ​កូន​បាល់​យ៉ាង​ល្អ ក៏ដូចជា​ទប់ទល់​នឹង​ការ​វាយ​សេវា​របស់ Cilic មុននឹង​ដណ្តើមបាន​ជ័យជម្នះ​ក្នុងការ​ប្រកួត​សិត​ទី1 ក្រោយពី​ការ​ប្រជែង​គ្នា​អស់​រយៈពេល1ម៉ោង។ ជើង​ខ្លាំង Djokovic បាន​របូត​ត្រឹមតែ 1ពិន្ទុ​គត់​នៃ​ការ​វាយ​សេវា​របស់គេ​អំឡុង​សិត​ទី2 ហើយ​ហាក់ដូចជា​កំពុង​ស្ថិតនៅ​ផ្លូវ​ទៅកាន់​ជ័យជម្នះ​ទៅហើយ ប៉ុន្តែ​កីឡាករ Cilic បាន​វាយបក​វិញ​យ៉ាង​ល្អ ដើម្បី​ដណ្តើមយក​ជ័យជម្នះ​ក្នុងការ​ប្រកួត​សិត​នោះ។

    ស្របពេល​ដែល​ការ​មានប្រៀបផ្សេងៗធ្លាក់​ទៅលើ​រូបគេ​វិញ Cilic បាន​គ្រប់គ្រង​ការប្រកួត​យ៉ាង​ល្អ​នៅក្នុង​ទីលាន​ភាគ​ខាងលិច​នៃ​ទីក្រុង​ឡុង​ដ៍ ខណៈដែល​រូបគេ​បាន​យកឈ្នះ​ក្នុងការ​ប្រកួត​សិត​ចុងក្រោយ ដើម្បី​ឈ្នះ​ពាន​ជា​លើក​ទី1 របស់គេ​នៅ​ឆ្នាំនេះ​តែម្តង៕

    ប្រភពពី៖ Channel News Asia

  • យុវនារី​ត្រូវតែ​ក្លាហាន​លើ​ការសម្រេចចិត្ត​ដើម្បី​ជោគវាសនា​របស់ខ្លួន

    យុវនារី​ត្រូវតែ​ក្លាហាន​លើ​ការសម្រេចចិត្ត​ដើម្បី​ជោគវាសនា​របស់ខ្លួន

    ពីមួយថ្ងៃ ទៅមួយថ្ងៃ ការរស់នៅ និង​បរិបទ​សង្គម បាន​ផ្លាស់ប្តូរ​យ៉ាង​លឿន ដែល​ជំរុញ​ឱ្យ​ការគិត​របស់​មនុស្ស​ចាំបាច់​ត្រូវតែមាន​ការផ្លាស់ប្តូរ​ឱ្យស្រប​ទៅនឹង​ស្ថានភាព និង​តម្រូវការ​របស់​សង្គមជា​ចាំបាច់។ ក្នុង​កាលៈទេសៈ​នេះ បាន​រុញច្រាន​ឱ្យ​និស្សិត​កម្ពុជា​មួយចំនួន ជាពិសេស​ស្ត្រី​ត្រូវ​ទទួលរង​សម្ពាធ​ជុំវិញខ្លួន​ជាច្រើន​លើ​ការសម្រេចចិត្ត​ចំពោះ​អនាគត​របស់ខ្លួន ដូច​ជាការ​ជម្នះ​គំនិត​អវិជ្ជមាន​មួយចំនួន​របស់​អាណាព្យាបាល​ដែល​បង្ខំ​ឱ្យ​រៀន​លើ​ជំនាញដដែលៗ ការគិត​របស់​សង្គម​មិន​ត្រឹមត្រូវ និង​កត្តា​សុវត្ថិភាព​ជាដើម។ ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងអស់នេះ ពួកគេ​ចាំបាច់​ត្រូវតែមាន​ភាពក្លាហាន ក្នុងការ​សម្រេចចិត្ត​ប្រកបដោយ​ភាព​ហ្មត់ចត់ និង​ខ្លាំងក្លា។

    កញ្ញា តោ គឹម​ស៊ី និស្សិត​ឆ្នើម​របស់​កម្ពុជា​ដែល​ទទួលបាន​អាហារូបករណ៍​ទៅ​សិក្សា​ផ្នែក​គណិតវិទ្យា​នៅ​សហរដ្ឋអាមេរិក បាន​លើកឡើងថា យុវតី​កម្ពុជា​ចាំបាច់​ត្រូវតែមាន​ភាពក្លាហាន​ក្នុងការ​សម្រេចចិត្ត និង​គិត​ប្រកបដោយ​ភាព​វិជ្ជមាន ចំពោះ​ការសម្រេចចិត្ត​លើ​ជោគវាសនា​របស់ខ្លួន។ ស្ត្រី​ត្រូវតែ​ហ៊ាន​សម្រេចចិត្ត​ស្វែងរក​ការសិក្សា​ឱ្យបាន​ទូលំទូលាយ ដែល​ពេលខ្លះ​មានកម្ម​វិធី​ផ្លាស់ប្តូរ​ការសិក្សា​នៅក្រៅ​ប្រទេស ឬ​សម្រេចចិត្ត​ក្នុងការ​ដាក់ពាក្យ​ប្រឡង​អាហារូបករណ៍​ទៅ​បរទេស​ជាដើម។

    កញ្ញា តោ គឹម​ស៊ី បាន​និយាយថា៖ “នៅពេលដែល​ខ្ញុំ​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក​ដំបូង​លើ​មុខវិជ្ជា​គណិតវិទ្យា នៅក្នុង​ថ្នាក់​មិនសូវមាន​មនុស្ស​ស្រី​នោះទេ ដែល​ពេលខ្លះ​វា​អាចធ្វើឱ្យ​ខ្ញុំ​មានការ​លំបាក​ខ្លះ​ដែរ តែ​ប្រសិនបើ​យើង​ពិតជា​ស្រឡាញ់​មុខវិជ្ជា​ដែល​យើង​កំពុង​រៀន​មែន វា​នឹង​ធ្វើឱ្យ​យើង​អភិវឌ្ឍ​សមត្ថភាព​បាន​លឿន ហើយ​អាច​ទទួលបាន​ពិន្ទុ​ខ្ពស់​ជាងគេ​ទៀតផង ទោះបី​ស្ថិតក្នុង​កាលៈទេសៈ​ណាក៏ដោយ ហើយ​ចំពោះ​ការ​រាប់អាន​មិត្ត​ភ័ក្តិ​វិញ​ក៏​នឹង​លែង​ជា​បញ្ហា​ចោទ​ដែរ។

    និស្សិត​ឆ្នើម​ដែល​ទទួលបាន​ពិន្ទុ​ខ្ពស់​ជាងគេ​នៅ​សាកលវិទ្យាល័យ Manhattan University ខាងលើ​បានលើកឡើង​ផងដែរ​ថា យើង​ត្រូវតែ​ជឿ​លើ​សមត្ថភាព​របស់​យើង ហើយ​បន្ត​ព្យាយាម​សិក្សាដោយ​យកចិត្តទុកដាក់ និង​ជាមួយ​ទឹកចិត្ត​ស្រឡាញ់​របស់​យើង​ចំពោះ​មុខវិជ្ជា​ដែល​យើង​ចង់​រៀន​ពិតប្រាកដ។ ចំពោះ​ស្ត្រី ជួនកាល​នៅពេលដែល​យើង​សិក្សា​លើ​ជំនាញ​ដែល​គេ​មិនសូវ​រៀន អាច​នឹងមាន​ពាក្យខ្លះៗ មក​បង្អាក់​យើង តែ​ទោះជា​យ៉ាងនេះ​ក្តី ប្រសិនបើ​យើង​នៅតែ​ព្យាយាម​អភិ​វ​ឌ្ឃ​ខ្លួនឯង​ឱ្យ​ច្បាស់ យើង​នឹង​អាច​ទទួលបាន​លទ្ធផល​ល្អ ហើយ​នៅពេល​នោះគេ​នឹង​ឃើញ​ពី​សមត្ថភាព​ពិតប្រាកដ​របស់​យើង។

    ស្របពេល​ជាមួយគ្នានេះដែរ កញ្ញា គង់ ដាលីន និស្សិត​ដែល​ទទួលបាន​ជយលាភី​ជាច្រើន​លើ​ការផលិត​ភាពយន្ត​ខ្លី និង​ថតរូប​បាន​លើកឡើងថា មនុស្សម្នាក់ៗសុទ្ធ​តែមាន​ក្តី​ស្រឡាញ់រៀងៗខ្លួន តែ​ពួកគេ​ត្រូវ​ប្រឈម​ជាមួយនឹង​ឧបសគ្គ​ជាច្រើន​នៅលើ​ផ្លូវ​ឆ្ពោះទៅកាន់​ភាព​ថ្កុំថ្កើង​សម្រាប់​ខ្លួនឯង​នោះ។ ជាធម្មតា​ឪពុកម្តាយ​ទាំងអស់​សុទ្ធតែ​ស្រឡាញ់​កូន តែ​ការសម្រេចចិត្ត​របស់គាត់​មិន​ប្រាកដថា​ត្រូវ​ជាមួយនឹង​ក្តី​ស្រឡាញ់​របស់​កូន​ទាំងស្រុង​នោះទេ ហេតុនេះ​គឺ ទាមទារ​ឱ្យ​យើង​ខ្លួនឯង​ត្រូវមាន​ភាពក្លាហាន​ហ៊ាន​សម្រេចចិត្ត​ដើម្បី​សម្រេច​ក្តី​ស្រមៃ​របស់ខ្លួន។

    សម្រាប់​កញ្ញា នៅពេល​ប្រឡង​ចប់​ថ្នាក់​ទី12 អាណាព្យាបាល​ចង់ឱ្យ​កញ្ញា​សិក្សា​ជំនាញ​ពេទ្យ តែ​កញ្ញា​ផ្ទាល់ មើលឃើញ​ខ្លួនឯង​ថា ជា​មនុស្ស​ខ្លាច​ឈាម និង​ស្រឡាញ់​មុខវិជ្ជា​ភាសា​ខ្មែរ​ច្រើនជាង​វិទ្យាសាស្ត្រ​ពិត ហេតុនេះ​ប្រសិនបើ​សិក្សា​តាម​អាណាព្យាបាល​គាត់​នឹង​រៀន​មិន​ពូកែ ហើយ​ថែមទាំង​ខាតបង់​ពេលវេលា​ច្រើន។ ស្ថិតក្នុង​ស្ថានភាព​នេះ គាត់​ព្យាយាម​បន្តិចម្តងៗក្នុងការបង្ហាញ​ពី​ចំណូលចិត្ត​ពិតប្រាកដ​របស់ខ្លួន​ឱ្យ​អាណាព្យាបាល​ឃើញ ហើយ​ជំរុញ​ខ្លួនឯង​ឱ្យ​ខំ​កាន់តែខ្លាំង​ដើម្បី​ប្រើប្រាស់​សមត្ថភាព​ដែល​ខ្លួន​មាន​ពី​កំណើត​ឱ្យចេញ​ជា​លទ្ធផល​ល្អ។

    កញ្ញា គង់ ដាលីន បាន​និយាយថា៖ “ដើម្បី​ដោះស្រាយ​បញ្ហា ខ្ញុំ​មិន​ព្យាយាម​ជំទាស់ភ្លាមៗនោះទេ តែ​ខ្ញុំ​ត្រូវ​ខំប្រឹងប្រែង​ប្រើប្រាស់​សមត្ថភាព​ដើម្បី​ប្រកួត និង​ចូលធ្វើ​ការងារ​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការផលិត​វីដេអូ និង​កម្មវិធី​ព័ត៌មាន​មួយចំនួន​រហូត​ទទួលបាន​លទ្ធផល​ល្អ។ បន្តិចម្តងៗ ខ្ញុំ​ព្យាយាម​ពន្យល់​ពី​ចំណុចខ្លាំង​របស់ខ្ញុំ​ឱ្យ​ប៉ា​ម៉ាក់​ឃើញ រហូត​គាត់​យល់ថា​ខ្ញុំ​សម​នឹង​មុខវិជ្ជា​ដែល​ខ្ញុំ​ស្រឡាញ់ និង​អនុញ្ញាតឱ្យ​ខ្ញុំ​សិក្សា​លើ​ជំនាញ​នោះ។

    កញ្ញា ដាលីន បានលើកឡើង​ផងដែរ​ថា យុវជន​ត្រូវ​ហ៊ាន​សម្រេចចិត្ត និង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ស្វែងរក​អ្វីដែល​ខ្លួន​ស្រឡាញ់​ពិតប្រាកដ​ដើម្បី​អភិវឌ្ឍ​ខ្លួន​ឱ្យ​ខ្លាំង ហើយ​សិក្សា ឬ​ធ្វើ​ការងារ​ប្រកបដោយ​ថាមពល​វិជ្ជមាន។ នៅពេលដែល​យើង​រកឃើញ​អ្វីដែល​យើង​ស្រឡាញ់​ពិតប្រាកដ​ហើយ យើង​នឹង​អាចធ្វើ​វា​ដោយ​រីករាយ ហើយ​ពេលនោះ​យើង​នឹង​អាច​ស្វែង​រកឃើញ​នូវ​ចំណូលចិត្ត​ជាច្រើនផ្សេងទៀត​ដែលមាន​នៅក្នុង​ខ្លួន ដែល​ផ្តល់ឱកាស​ឱ្យ​យើង​អាចធ្វើ​រឿងរ៉ាវ​ដែលមាន​ប្រយោជន៍​ជាច្រើន​សម្រាប់​សម្រេច​ក្តី​ស្រមៃ​ផ្ទាល់ខ្លួន។

    ចាប់ផ្តើម​ពី​រកឱ្យឃើញ​នូវ​អ្វីដែល​យើង​ស្រឡាញ់​ឱ្យ​ប្រាកដ​ហើយ វា​នឹង​ក្លាយជា​មូលដ្ឋាន​ក្នុងការ​បណ្តុះ​សេចក្តីក្លាហាន ក្នុង​ការធ្វើការងារ​នោះ​ដោយ​មិន​រារែក ដែល​ធ្វើឱ្យ​ការរស់នៅ​ក៏មាន​សេចក្តីសុខ​ក្នុង​ចិត្ត ហើយ​ការងារ ឬ​ការសិក្សា​ក៏​ទទួលបាន​លទ្ធផល​ល្អ​ជាងគេ​ផងដែរ៕

  • នវានុវត្តន៍ និង​សហគ្រិន​ភាពជា​ជំនាញ ដែល​សង្គម​ត្រូវការ​បំផុត​នៅ​ថ្ងៃ​អនាគត

    នវានុវត្តន៍ និង​សហគ្រិន​ភាពជា​ជំនាញ ដែល​សង្គម​ត្រូវការ​បំផុត​នៅ​ថ្ងៃ​អនាគត

    នាពេល​បច្ចុប្បន្ននេះ យើង​សង្កេតឃើញថា​មាន​បញ្ហា​មួយចំនួន​ទាក់ទង​នឹង​ភាពមិន​ស៊ីចង្វាក់​គ្នា​រវាង​ជំនាញ​ដែលមាន​នៅក្នុង​ប្រព័ន្ធ​អប់រំ និង​ជំនាញ​ដែលជា​តម្រូវការ​របស់​សង្គម។

    នៅក្នុង​វិស័យ​អប់រំ​របស់​ប្រទេស​នៅ​លោកខាងលិច ជាទូទៅ​បានបង្ហាញ​លទ្ធ​ផល​ឱ្យដឹងថា បើទោះបីជា​យើង​រកឃើញ​ពិន្ទុ​គុណភាព​នៃ​ភាព​វៃឆ្លាត (IQ) តាំងពី​ឆ្នាំ1990មែន តែ​គេ​សង្កេតឃើញថា សញ្ញាណ​នៃ​ភាព​ច្នៃប្រឌិត​របស់​មនុស្ស​នៅតែ​មិនទាន់មាន​ភាពខ្លាំង​ក្លា​នៅឡើយ។ ការអប់រំ​រៀនសូត្រ តាមបែប​ប្រពៃណី​ត្រូវបាន​គេ​រកឃើញថា​មិនបាន​បង្រៀន​មនុស្ស​ច្រើន​ទេ​អំពី​នវានុវត្តន៍ និង​ការគិត​បែប​សហគ្រិន ខណៈ​ពិភពលោក​បាន​ដើរ​យ៉ាង​លឿន ហើយ​ត្រូវ​ការជំនាញ​ទាំងអស់នេះ។

    ដើម្បីឱ្យ​មនុស្ស​ដើរ​ទាន់​ការប្រែប្រួល​របស់​ពិភពលោក ការអប់រំ​រៀនសូត្រ​ចាំបាច់​ត្រូវតែមាន​ការផ្លាស់ប្តូរ។ ដូចដែល​យើង​បានដឹងហើយថា យើង​រស់នៅក្នុង​ពិភពលោក​ដែលមាន​គ្រឿងយន្ត​ទំនើប និង​មាន​បច្ចេកវិទ្យា​រហូតដល់ AI ទៅហើយ តែ​យើង​នៅតែ​ប្រើប្រាស់​ប្រព័ន្ធ​អប់រំ​ដែល​រៀបចំ​សម្រាប់​មនុស្ស​ធ្វើ​ការងារ​រោងចក្រ​កាលពី​ជាង 200ឆ្នាំមុន​ដដែល។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ប្រទេស​ទាំងអស់​ចាំបាច់​ត្រូវតែ​ផ្តោតលើ​ការពង្រឹង​ជំនាញ និង​ជំរុញ​ឱ្យ​អ្នកសិក្សា​ទទួលបាន​នូវ​ចំណេះដឹង​ដែល​ពិភពលោក​ត្រូវការ​ជា​ជំហាន​បន្តិចម្តង។

    ការអប់រំ និង​រៀនសូត្រ​ពី​សហគ្រិន​ភាពជា​ជំនាញ​ដែល​ពិភពលោក​ត្រូវ​ការជំនាញ​សហគ្រិនភាព គឺជា​ការបង្រៀន​ពី​សារៈសំខាន់​នៃ​នវានុវត្តន៍ និង​គំនិត​ច្នៃប្រឌិត សម្រាប់​ជួយ​មនុស្ស​ឱ្យមាន​ការអភិវឌ្ឍ​ប្រកបដោយ​ភាពបត់បែន ដែល​ធ្វើឱ្យ​ផ្នត់គំនិត​របស់​ពួកគេ​មានការ​រីកចម្រើន (growth mindset) ដើម្បី​ជា​ថាមពល​សម្រាប់​ដោះស្រាយ​បញ្ហាថ្មីៗដែល​នឹង​កើតមានឡើង​សម្រាប់​ការរស់នៅ​របស់​មនុស្ស។ ការបង្រៀន​ជំនាញ​សហគ្រិនភាព​បែប​ថ្មី​នេះ​គឺ មិនមែន​បង្រៀន​លើ​ជំនាញ​គណនេយ្យ ឬ​ការធ្វើ​បទ​បង្ហាញ​ពី​អាជីវកម្ម (pitching) នោះទេ តែ​ជាការ​បង្រៀន​ដែល​ផ្តោតលើ​ការជំរុញ​ទឹកចិត្ត​ឱ្យមាន​ភាព​តស៊ូ ចេះ​ដោះស្រាយ​បញ្ហា និង​វិធីសាស្ត្រ​ដើម្បី​សម្រេច​ចក្ខុវិស័យ​របស់ខ្លួន​ក្នុងការ​អភិវឌ្ឍ​ប្រកបដោយ​ភាព​វិជ្ជមាន។

    ជំនាញ​ទាំងអស់នេះ គឺមាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ទីផ្សារការងារ​នៅ​ថ្ងៃ​អនាគត ហើយ​មនុស្ស​ចាំបាច់​ត្រូវ​ទទួល​នូវ​ចំណេះដឹង​ដើម្បី​ក្លាយជា​ប្រជាជន​សកម្ម​ដែលមាន​សមត្ថភាព​ឆ្លើយតប​បាន​ជាមួយនឹង​ការផ្លាស់ប្តូរ​យ៉ាង​លឿន​របស់​ពិភពលោក។ គោលដៅ​សម្រាប់​ការផ្លាស់ប្តូរ​ប្រព័ន្ធ​អប់រំ​បែប​ថ្មី​នេះ​គឺជា​ចំណុច​អាទិភាព​មួយ​របស់​គោលនយោបាយ​អឺរ៉ុប​នាពេល​បច្ចុប្បន្ននេះ។

    យោងតាម​គម្រោងការ​រ​បស់​សហភាព​អឺរ៉ុប ការបណ្តុះបណ្តាល​ជំនាញ​សហគ្រិនភាព​គឺ​ប​ញ្ជូ​ល​នូវ​ជំនាញសំខាន់ៗជាច្រើន​ដូចជា បំ​ណិ​ន​ជីវិត និង​ជំនាញ​ជាច្រើន​ផ្សេងទៀត​ដែល​អាច​ជំរុញ​ឱ្យ​បង្កើតជា​អាជីវកម្ម។ ចំណេះដឹង​ទាំងអស់នេះ អាចជួយ​អ្នកសិក្សា​ឱ្យមាន​សមត្ថភាព​ក្នុងការ​បង្កើត​គំនិត និង​ឱកាសថ្មីៗ ដើម្បី​បំប្លែង​វា​ឱ្យទៅជា​គុណ​តម្លៃ​សម្រាប់​មនុស្ស​ទូទៅ មិន​ថា​ផ្នែក​ហិរញ្ញវត្ថុ វប្បធម៌ ឬ​សង្គម​នោះទេ។

    លទ្ធផល​នៃ​ការបង្រៀន​ពី​គំនិត​ច្នៃប្រឌិត មានតម្លៃ​ជា​សកល​សម្រាប់​មនុស្ស​មុខ​វិជ្ជា​ដែល​ផ្តល់​គុណ​តម្លៃ​ប្រកបដោយ​និរន្តរភាព​នាពេល​បច្ចុប្បន្ននេះ គឺ​គំនិត​ច្នៃប្រឌិត និង​នវានុវត្តន៍ ព្រោះ​ជំនាញ​នេះ​អាចបង្កើត​ឱ្យមាន​សមិទ្ធ​ផល​គ្រប់យ៉ាង ជាមួយនឹង​ការទាញយក​ប្រយោជន៍​ជា​និរន្តរ៍​ពី​ការដោះស្រាយ​បញ្ហា​មនុស្ស។

    អ្នកជំនាញ​រកឃើញថា នៅពេលដែល​ប្រព័ន្ធ​អប់រំ​ចាប់ផ្តើម​ងាក​មក​បង្រៀន និង​បំផុស​ឱ្យមាន​គំនិត​ច្នៃប្រឌិត​នោះ​អ្នកសិក្សា​នឹង​លែងមាន​ភាព​ធុញទ្រាន់​ទៀតហើយ ព្រោះ​អ្វីដែល​គេ​កំពុង​ធ្វើ​គឺ​បំបែក​មូលដ្ឋានគ្រឹះ​នៃ​គំនិតចាស់ៗដើម្បី​បង្កើតជា​ផលិតផល ឬ​សមិទ្ធផល​ថ្មី​ដែលមាន​ប្រយោជន៍។ គំនិត​ទាំងអស់នេះ​អាច​នឹង​ផ្តល់ឱកាស​ជាច្រើន​ដើម្បី​បង្កើតជា​គំនិត​ឆ្លាត​វៃ​ដែល​អាច​ជំនួយ​ដល់​ការធ្វើ​អាជីវកម្ម ព្រមទាំង​ដំណោះស្រាយថ្មីៗដែល​ធ្វើឱ្យ​ការរស់នៅ​របស់​មនុស្ស​កាន់​តែមាន​ភាពងាយស្រួល។

    ឧស្សាហកម្ម សេវាកម្ម និង​ផលិតកម្មផ្សេងៗ រួមទាំង​បច្ចេកវិទ្យា​នឹង​លែង​ក្លាយជា​រឿង​ថ្មី​ពេក​ហើយ​សម្រាប់​មនុស្ស​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ទៀត ហេតុនេះ​គំនិត​ច្នៃប្រឌិត​លើ​របស់​ទាំងអស់នោះ​នឹង​ក្លាយជា​គន្លឹះ​ប្រកបដោយ​គុណ​តម្លៃ ដើម្បី​បន្ត​អភិវឌ្ឍ និង​ទាញយក​ប្រយោជន៍​ពី​វិស័យសំខាន់ៗទាំងអស់នោះ៕

  • ឈឹម សក្តា រិះគន់រឿងផ្សាយពាណិជ្ជកម្មហួសហេតុពេកនៅលើរឿងភាគ

    ឈឹម សក្តា រិះគន់រឿងផ្សាយពាណិជ្ជកម្មហួសហេតុពេកនៅលើរឿងភាគ

    មានមហាជនមួយចំនួនបានលើកឡើងថា រឿងភាគល្បីៗរបស់ស្ថានីយទូរទស្សន៍ក្នុងស្រុក បើទោះបីជារឿងមួយនេះ មានភាពល្អមើលខ្លាំងកម្រិតណាក៏ដោយ ក៏ទស្សនិកជនគ្មានអារម្មណ៍នៅក្នុងការទស្សនាដែរ ព្រោះថា សាច់រឿងមានរយៈពេលខ្លី និងមានលោតចេញនៅបណ្ដាផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មរបស់ អ្នកឧបត្ថម្ភមមកច្រើនពេក រហូតដល់បាត់ និងបាំងប្លង់ថតស្អាតៗ ព្រមទាំង ទស្សនាទៅមិនជក់ចិត្តដិតអារម្មណ៍នេះទេ។ គេបានលើកឡើងទៀតថា ប្រសិនបើនៅតែបន្ដសកម្មភាពបែបដូចនេះទៀតនោះ ច្បាស់ណាស់ ជាទស្សនិកខ្មែរងាកទៅជួលឌីសរឿងភាគបរទេស ឬមើលទូរទស្សន៍បរទេស ជាជាងមើលពាណិជ្ជកម្មនៅក្នុងទូរទស្សន៍ក្នុងស្រុក។

    បន្ទប់ពីមានការលើកពីមតិមហាជនហើយមក តារាសម្ដែងមានឈ្មោះល្បីលោក ឈឹម សក្ដា គេមើលឃើញលោកបានមានមតិផងដែរថា « រឿងល្អមើលយ៉ាងណាក៏ដោយ បើផ្សាយពាណិជ្ជកម្មហួសហេតុពេក កុំថាឡើយទូរទស្សនិកជន សូម្បីតែខ្ញុំសម្ដែងខ្លួនឯងក៏អត់មានអារម្មណ៍មើលដែរ!!! មែនអត់??? » ។ តើប្រិយមិត្តទាំងអស់គ្នាគិតយ៉ាងដែរ ចំពោះបញ្ហាមួយនេះ។

    គួរបញ្ជាក់ផងដែរថា បើទោះបីមានការលើកនិយាយពីបញ្ហាមួយនេះក្ដី ក៏មានមតិតិចតួចមួយចំនួនបាននិយាយថា « បើអត់មានពាណិជ្ជកម្ម តើអ្នកថត ឬផលិតករបានអីរស់? » ។ តែយ៉ាងណាមិញ មហាជននៅតែមានការសំណូមពរទៅកាន់ម្ចាស់ស្ថានីយទូរទស្សន៍ ឱ្យមានវិធានការក្នុងរៀបចំការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួនឡើងវិញ ដើម្បីឱ្យសន្ទុះនៃការគាំទ្ររឿងភាគខ្មែរ កើនឡើងដោយពុំមានការរំខានអារម្មណ៍ខណៈកំពុងតែទស្សនា៕

  • ប៉ុន្មាន​សន្លឹក​របស់ ទឹម រដ្ឋា បង្ហាញ​សាច់​ពោះ​ដ៏​ស្លី​ម​សខ្ចី​ដូច​បណ្ដូលចេក

    ប៉ុន្មាន​សន្លឹក​របស់ ទឹម រដ្ឋា បង្ហាញ​សាច់​ពោះ​ដ៏​ស្លី​ម​សខ្ចី​ដូច​បណ្ដូលចេក

    តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម​អ៊ី​ន​ស្ដា​ក្រាម​របស់​អ្នកនាង ទឹម រដ្ឋា នៅ​ថ្ងៃទី 23ខែមិថុនា ឆ្នាំ2018 នេះ​បាន​បង្ហោះ​រូបភាព​សិច​ស៊ី​បញ្ចេញ​សាច់​ពោះ​យ៉ា​ងា​ស្លី​ម សខ្ចី ដូចជា​បណ្ដូលចេក​ជាច្រើន​សន្លឹក និង​តាមរយៈ​រូបភាព​ទាំងនេះ​បានធ្វើឱ្យប្រុសៗមួយចំនួន​ដែល​បានឃើញ​ហើយ​ខំ​សម្លឹង​ស្ទើរតែ​ជ្រុះ​គ្រាប់ភ្នែក។ ទោះ​យ៉ាងនេះ​ក្ដី នៅលើ IG ផ្ទាល់ខ្លួន​របស់​នាង គេ​ទើប​ឃើញ​នាង បញ្ចេញ​រូបភាព​ស្លៀក​ប៊ី​គី​នី​សិច​ស៊ី​គួរ​ឲ្យ​ចង់​គយគន់​របស់​នាង។ ជាក់ស្ដែង​អ្នកគាំទ្រ​នាង​ជាច្រើន​បាន​ពោល​សរសើរ​ពី​រាងកាយ​សិច​ស៊ី​របស់​នាង​ទៀតផង។

    តារា​សម្ដែង និង ជាតា​រា​ម៉ូ​ដែល​និយម​លេងខ្លួនប្លែកៗតាមបែប​បរទេស​រូប​នេះ កំពុង​ទាញ​បានការ​ចាប់អារម្មណ៍​ពី​សំណាក់​មហាជន​ជាថ្មី បន្ទាប់ពី​នាង​បាន​ស្លៀក​ឈុត​ប៊ី​គី​នី​ដ៏​សិច​ស៊ី បង្អួតរាង​ដ៏​ស្រ​លូន​ក្នុង​អាង​ហែល​ទឹក​យ៉ាង​ស៊ី​អារម្មណ៍​បង្ហោះ​ចែកចាយ​លើ​បណ្ដាញ​សង្គម IG ។ គេ​មើលឃើញថា នាង​ក៏បាន​បង្ហាញ​នូវ​ភាព ស៊ិ​ច​ស៊ី​របស់ខ្លួន ក្នុង​ឈុត​ប៊ី​គី​នី​ហែល​ទឹក យ៉ាង​ស៊ី​អារម្មណ៍ ដោយ​មិន​ញញើត​ឡើយ។

    ចង់ដឹងថា រូបរាង​អ្នកនាង ទឹម រដ្ឋា បង្ហាញ​ភាព​សិច​ស៊ីសាច់​ក្បាលពោះ​ដ៏​ស្លី​ម​ដល់​កម្រិតណា​នេះ សូម​ទស្សនា​រូបភាព​ទាំងឡាយ​ខាងក្រោម​នេះ៖

  • អ៊ឺម ជីវ៉ា ក្ដុកក្ដួលអារម្មណ៍ ខណៈឃើញឌីជេ អាលីយ៉ា ចូលសង្គ្រោះបន្ទាន់ទាំងសភាព….

    អ៊ឺម ជីវ៉ា ក្ដុកក្ដួលអារម្មណ៍ ខណៈឃើញឌីជេ អាលីយ៉ា ចូលសង្គ្រោះបន្ទាន់ទាំងសភាព….

    នៅពេលប៉ុន្មានម៉ោងមុននេះបន្ដិច តារាសម្ដែងប្រុស អ៊ឺម ជីវ៉ា បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលមើលឃើញថា លោកបានយកចិត្តទុកដាក់ចំពោះស្ថានភាពជំងឺរ៉ាំរ៉ៃរបស់ តារាស្រី អាលីយ៉ា និងបានទៅសួរសុខទុក ព្រមទាំងបង្ហាញអារម្មណ៍ស្រណោះស្រណោក ខណៈដែលតារាស្រីបានចូលទៅសង្គ្រោះបន្ទាន់ទាំងសភាពស្បែកដណ្ដប់ឆ្អឹង។

    លោក អ៊ឹម ជីវ៉ា បានបញ្ជាក់ថា « យប់នេះមកមើលសិល្បៈការិនី Dj អាលីយ៉ាសង្រ្គោះន្ទាន់ ដោយសារជំងឺសួតធ្ងន់ធ្ងរ នៅមន្ទីពេទ្យកាល់ម៉ែត្រ។ ពុទ្ធោអើយពេលជួបនាងភ្លាមខ្ញុំស្ទើតែមិនជឿថា អាលីយ៉ា ព្រោះនាងពិតជាស្គមស្លែកស្លាំងខ្លាំងណាស់ សូម្បីតែសាច់ញាតិក៏គ្មានអ្នកណាមកមើលនាងដែរ ។ ទោះបីខ្ញុំកំពុងតែមានទុក្ខធំ ក៏ខ្ញុំឆ្លៀតមកមើលដែរព្រោះក្នងនាមសិល្បករដូចគ្នាត្រូវចេះជួយគ្នាក្នងគ្រាមានអាសន្ន ជាពិសេសប្រហែលជាដំណាក់កាលចុងក្រោយរបស់នាងហើយ តែក៏សូមអរគុណលោកគ្រូអ្នកគ្រូ វិជ្ជបណ្ឌិតនៅមន្ទីពេទ្យកាល់ម៉ែត្រដែលជួយព្យាបាល Dj អាលីយ៉ា មិនយកថវិការ »។ លោកបន្ដថា លោកមានតែទឹកចិត្តនិងថវិការផ្ទាល់ខ្លួនបន្តិចបន្តួចជូនដល់នាង ដើម្បីព្យាបាលបន្តតែប៉ុណ្ណោះ ធ្វើម្ដេចទេ អ្នកធម្យមជួយអ្នកអត់ អ្នកអត់ជួយអ្នកឈឺចឹងទៅសិល្បៈនៃការចែករំលែកនោះ ។

    សូមជម្រាបបន្ថែមថា តារាស្រីរូបនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ដោយសារជម្ងឺរលាកទងសួតរ៉ាំរ៉ៃ និងធ្វើទុក្ខរហូតធ្វើឱ្យរូបនាងធ្លាក់ខ្លួនស្គមស្លេកស្លាំងបែបនេះ ស្របពេលដែលរូបនាងនៅតែទន្ទឹងរង់ចាំយុត្តិធម៌ពីច្បាប់ បណ្ដាលឱ្យនាងកើតមានជំងឺផ្លូវចិត្តមួយកម្រិតបន្ថែមទៀត។ ខណៈនេះ គេមើលឃើញថា នាងនៅសម្រាកព្យាបាលតែម្នាក់ឯង ដោយគ្មានញាតិណានៅចាំមើលថែរក្សា និងគ្មានប្រាក់បង់ថ្លៃព្យាបាលឡើយ និងរំពឹងថា មានការជួយជ្រោមជ្រែងឧបត្ថម្ភពីសំណាក់មិត្តសិល្បៈរួមអាជីព៕

  • ការបង្ហាញវត្តមានរបស់តារាស្រី ឆុំ វត្តី មានប្រជាប្រិយភាពខ្លាំងជាងមុននៅរសៀលថ្ងៃម្សិលមិញនេះ

    ការបង្ហាញវត្តមានរបស់តារាស្រី ឆុំ វត្តី មានប្រជាប្រិយភាពខ្លាំងជាងមុននៅរសៀលថ្ងៃម្សិលមិញនេះ

    ខ្សែភាពយន្តប្រវត្តិសាស្រ្តខ្មែរ«ហ្លួងព្រះស្តេចកន»នឹងត្រូវចាក់បញ្ចាំងសារជាថ្មីម្ដងទៀតកាលពីរសៀលថ្ងៃទី 22 ខែមិថុនាឆ្នាំ ២2018 នេះ ក្នុងនោះកញ្ញា ឆុំ វត្តី គឺជាតួអង្គមហេសីស្តេចកន ដែលជាតួឯកក្នុងរឿង ក៏បានមកចូលរួមបង្ហាញវត្តមានជូនពុកម៉ែបងប្អូននៅក្នុងការត្បាញក្រមា 1000 ម៉ែត្រ ព្រមទាំងបានចូលរួមសម្ដែងឈុតខ្លីជាមួយតួអង្គ ហ្លួងព្រះស្ដេចកន គឺលោក រស់ សោភណ្ឌ ចែកជូនអ្នកគាំទ្របានទស្សនាកម្សាន្ដសប្បាយផងដែរ។

    ខ្សែភាពយន្តបែបប្រវត្តិសាស្រ្តខ្នាតធំរឿង  «ហ្លួងព្រះស្តេចកន»នេះ ត្រូវបានគេមើលឃើញថា មានបងប្អូនខ្មែរដែលមិនទាន់បានទស្សនា អញ្ចើញមកទស្សនាជាច្រើនអ្នកយ៉ាងភ្លូកទឹកភ្លូកដី បើទោះបីជាថ្ងៃម្សិលមិញ អាកាសធាតុមិនអំណោយផលក៏ដោយ ក៏នៅតែមានអ្នកគាំទ្រខ្លាំងស្កាត់មកយ៉ាងច្រើននាក់។ ដោយឡែក តារា​សម្ដែង​ថ្មី ឆុំ វត្តី ដែលមាន​ប្រជាប្រិយភាពខ្លាំង​ដោយរឿងខ្នាតធំមួយនេះ បើទោះបីជាមមាញឹកយ៉ាងណាក៏ដោយ ក៏នាងមិនអាចខកខានមិនមកចូលរួមបានដែរ នាងនៅតែមកស្វាគមន៍ ថតរូបជាមួយអ្នកគាំទ្រ ព្រមទាំងលេងហ្កេមជាមួយគ្នា ដើម្បីបានរង្វាន់យ៉ាងច្រើនសន្លឹកសន្ធាប់ផងដែរ។

    គួរកត់សម្គាល់ដែរថា ប្រិជាប្រិយភាពរបស់តារាស្រីនេះ កាន់តែមានភាពល្បីល្បាញខ្លាំងជាមុន ដោយសារតែនាង បានចូលសម្ដែងរឿងភាគបុរាណខ្មែរបានជាច្រើនរឿង រហូតដល់នាង ត្រូវបានទស្សនិកជនពោលសរសើរថា នាងជាតារាខ្មែរ ដែលមានមុខមាត់ និងការស្លៀកពាក់បែបបុរាណខ្មែរសមសួនបំផុត។

    សូមជម្រាបបន្ថែមថា ថ្ងៃ​ទី24 នេះ ជាថ្ងៃបញ្ចប់នៃការបញ្ជាំងរឿងល្អឯកមួយនេះ ក៏នឹង​មាន​វត្តមាន​តារា​ដ៏​ល្បី​ប្រចាំ​​កម្ពុជា​គឺ ស៊ិន យូ​ប៊ីន និង​ ខាត់ វៃ​ហាំង។ ដូច្នេះ​​អ្នក​គាំទ្រ​ អាច​ទៅ​​ជួប​ផ្ទាល់ ឬ​ថតរូប​ជាមួយ​ពួក​គេ​បាន​​ដោយ​សេរី​​។

    នៅ​ថ្ងៃ​ចុងក្រោយ​ដដែល​នេះ​ ក៏​​មាន​ការ​លេង​ហ្គេម​ថ្មី​មួយទៀត ដែល​នឹង​ផ្ដល់​ជូនពាន​រ​ង្វាន់​ដល់​អ្នក​​​ជាប់​ជ័យលាភី​​ចំនួន​3រូប។ ឯ​​អ្នក​ដែល​មិន​ទទួល​បាន​ជោគជ័យ​ ក៏​ទទួល​បាន​រ​ង្វាន់​លួង​ចិត្ត​ជាច្រើន​ដែរ​។ កុំភ្លេចទៅចូលរួមទាំងអស់គ្នាណា ៕

  • ចិន និង​អាមេរិក ជា​ប្រទេស​ដែល​បោះពុម្ព​សៀវភៅ​ចេញ​ច្រើនជាងគេ​លើ​ពិភពលោក

    ចិន និង​អាមេរិក ជា​ប្រទេស​ដែល​បោះពុម្ព​សៀវភៅ​ចេញ​ច្រើនជាងគេ​លើ​ពិភពលោក

    ទោះបីជា​ពិភពលោក​ក្នុងសម័យ​បច្ចេកវិទ្យា​នាពេល​បច្ចុប្បន្ននេះ​មានការ​ប្រែប្រួល​យ៉ាង​លឿន​ដែល​ធ្វើឱ្យ​មនុស្ស​មួយចំនួនធំ​មាន​ភាព​រវល់​ខ្លាំង​ហើយ​ការកម្សាន្ត​កាន់​តែមាន​ច្រើន​សម្រាប់​មនុស្សក្តី ក៏​ការអាន​នៅតែ​ជា​អាហារ​គំនិត​ដែល​មនុស្ស​ត្រូវការ។ សៀវភៅល្បីៗជាច្រើន​ត្រូវបាន​គេ​រកឃើញថា បាន​លក់​ចេញ​រាប់លាន​ក្បាល ហើយ​សៀវភៅ​ខ្លះ​ក៏​អាច​រក្សា​ប្រជាប្រិយភាព​បានច្រើន​ឆ្នាំ​ទៀតផង។

    ចាប់ពី 2ឆ្នាំមុន​រហូតមកដល់​បច្ចុប្បន្ន គេ​សង្កេតឃើញថា​អ្នក​បោះពុម្ពផ្សាយ​បានចេញ​ផ្សាយ​សៀវភៅ​ប្រមាណ 1.6លាន​ក្បាល​នៅលើ​ពិភពលោក ហើយ​ក្នុងនោះ​សៀវភៅ ប្រមាណ​ជាង80ម៉ឺន​ក្បាល​ត្រូវបាន​គេ​រកឃើញថា​មកពី​ប្រទេសធំៗចំនួន2 គឺ​សហរដ្ឋអាមេរិក និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

    យោងតាម​ទិន្នន័យ​របស់​សមាគម​បោះពុម្ពផ្សាយ​អន្តរជាតិ (IPA: International Publishers Association) ដែលមាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង Geneva បាន​បញ្ជាក់ថា ប្រទេស​ចិន និង​សហរដ្ឋអាមេរិក​ជា​ប្រទេសមួយ​ដែល​បោះពុម្ព​សៀវភៅ​ចេញ​ច្រើនជាងគេ លើ​ពិភពលោក​ក្នុង​រយៈពេលថ្មីៗនេះ។

    របាយការណ៍​ដែល​បានបង្ហាញ​ផងដែរ​ថា នៅក្នុង​ចំណោម​សៀវភៅ​ទាំងអស់​ដែល​ត្រូវបាន​គេ​បោះពុម្ពផ្សាយ​នៅលើ​ពិភពលោក មាន​ចំណែក​ពី​ប្រទេស​ចិន​ចំនួន 28% និង​សហរដ្ឋអាមេរិក​ចំនួន 20%។ បើ​គិត​ជារួម​ប្រទេស​ទាំងពីរ​នេះ បាន​បោះពុម្ព​សៀវភៅ​ប្រមាណ 48% គឺ​ជិត​ពាក់កណ្តាល​នៃ​ចំនួន​សៀវភៅ​ដែល​ត្រូវបាន​ចេញផ្សាយ​ក្នុង​ពិភពលោក​ទាំងមូល។

    ចំនួន​ដែល​ត្រូវបាន​រាប់​ក្នុង​របាយការណ៍​នេះ គឺ​រាប់បញ្ចូល​ទាំង​ការបោះពុម្ព​សាជាថ្មី ដោយ​គ្រឹះស្ថានបោះពុម្ពផ្សាយ។ ហើយ​តាមរយៈ​ទិន្នន័យ​នេះ​បានបង្ហាញ​ឱ្យឃើញថា ចិន​បោះពុម្ពផ្សាយ​សៀវភៅ​ចំនួន 470ពាន់​ក្បាល ខណៈ​អាមេរិក​បានចេញ​ផ្សាយ​សៀវភៅ​ចំនួន 339ពាន់​ក្បាល ដែល​តាម​ពីក្រោយ​ដោយ​ចក្រភព​អង់គ្លេស​ដែល​ចេញផ្សាយ​ចំនួន 173ពាន់​ក្បាល និង​បារាំង​ចំនួន 106.8ពាន់​ក្បាល។

    យោងតាម​ឯកសារ​ដ៏​សំខាន់​នេះ យើង​សង្កេតឃើញថា ប្រទេស​ដែល​បាន​បោះពុម្ពផ្សាយ​សៀវភៅ​ច្រើនជាងគេ​លើ​ពិភពលោក​ភាគច្រើន​ជា​ប្រទេស​ដែលមាន GDP ខ្ពស់ៗបំផុត​លើ​ពិភពលោក។

    ស្របតាម​គំនិត​នេះ​គេ​អាច​ទាញ​ចេញ​ជា​សេចក្តី​សន្និដ្ឋានថា ការអាន​អាច​ជំរុញ​មនុស្ស​ឱ្យមាន​គុណភាព​នៃ​ជីវិត​ខ្ពស់ ដែល​អាច​ចូលរួមចំណែក​បាន​យ៉ាងខ្ពស់​ក្នុងការ​អភិវឌ្ឍ​គុណភាព​សង្គម តាមរយៈ​ការអប់រំ។

    ទិន្នន័យការបោះពុម្ពសៀវភៅរបស់ប្រទេសមួយចំនួន

    តែ​ទោះជា​យ៉ាងនេះ​ក្តី គេ​សង្កេតឃើញថា នៅក្នុង​ប្រទេស​ដែលជា​ទីផ្សារ​សៀវភៅសំខាន់ៗទាំង 25 ចិន​ស្ថិតក្នុង​ពិន្ទុ​ទាប​លើ​ការចេញ​ចំណងជើងថ្មីៗដែល​ក្នុង​ចំនួន​មនុស្ស​មួយ​លាន​នាក់ ប្រទេស​ចិន​បានចេញ​សៀវភៅ​ដែលជា​ចំណងជើង​ថ្មី​ចំនួន​ត្រឹមតែ 335ចំណងជើង​ប៉ុណ្ណោះ ខណៈ​អាមេរិក​បានចេញ​សៀវភៅ​ថ្មី​ចំនួន 1,043ចំណងជើង ក្នុងចំណោម​មនុស្ស​មួយ​លាន​នាក់៕

  • ដាំ​ខ្ញី​លើដី​មិន​ដល់ 1ហិកតា​ផង អាច​លក់បាន​ជាង 60លាន​រៀល​ក្នុង1ឆ្នាំ

    ដាំ​ខ្ញី​លើដី​មិន​ដល់ 1ហិកតា​ផង អាច​លក់បាន​ជាង 60លាន​រៀល​ក្នុង1ឆ្នាំ

    កសិករ​ដាំ​ខ្ញី​នៅក្នុង​ភូមិ​ចុង​កោះ​ខាងកើត ឃុំ​ខ្សាច់​ជ​ន្លា ស្រុក​ស្អាង ខេត្តកណ្តាល មាន​សេចក្តី​រីករាយ​យ៉ាងខ្លាំង ដ្បិត​ដំណាំ​ខ្ញី​ឆ្នាំនេះ​ឡើងថ្លៃ​ខ្ពស់ 1គីឡូក្រាម 6,000រៀល ហើយ​ខ្ញី​ដែល​ដាំបាន​មិន​ដល់​មួយ​ហិកតា​ផង​នោះ ត្រូវ​ម៉ួ​យ​ម៉ៅ​យក​ទាំងអស់​ក្នុងតម្លៃ​ដល់​ទៅ 66លាន​រៀល​ឯណោះ។

    លោក វ៉ា ម៉េង​ឡាយ កសិករ​ដាំ​ខ្ញី​នៅក្នុង​ភូមិ​ឃុំ​ខាងលើ​មានប្រសាសន៍ថា គ្រួសារ​លោក​បាន​ចាប់យក​មុខរបរ​ដាំ​ខ្ញី​នេះ​តាំងពី​ឆ្នាំ2004 រហូតមកទល់​បច្ចុប្បន្ន ដោយសារ​ដំណាំ​ប្រភេទ​នេះកសិករ​ជាច្រើន​មើលរំលង មិនសូវ​ដាំ​ដុះ​នៅ​ខេត្តផ្សេងៗក្នុងប្រទេស​កម្ពុជា ទើប​ធ្វើឱ្យ​ដំណាំ​ខ្ញី​មាន​ទីផ្សារ​ខ្ពស់​ជា​រៀងរាល់ឆ្នាំ មិន​លំបាក​លក់​ចេញ​ទេ​ក្រោយពី​ប្រមូល​ផល​រួច។

    លោក​បន្តថា កាលពី​ឆ្នាំមុន​ខ្ញី​មានតម្លៃ​ទាប​ត្រឹមតែ 2,000 ទៅ2,500រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូក្រាម ប៉ុន្តែ​ដោយសារ​ឆ្នាំនេះ​មិនសូវមាន​កសិករ​ដាំ បានធ្វើឱ្យ​ទីផ្សារ​ខ្ញី​ឡើងថ្លៃ​ខ្ពស់កប់ពពក ដោយ​លក់បាន​មួយ​គីឡូក្រាម​ដល់​ទៅ 6,000រៀល ដែលជា​តម្លៃ​មិន​ធ្លាប់មាន​នៅលើ​ទីផ្សារ​ក្នុង​ឆ្នាំកន្លងៗមក ធ្វើឱ្យ​គ្រួសារ​របស់លោក​មានកា​រ​សប្បាយចិត្ត និង​មាន​កម្លាំង​ដាំ​ខ្ញី​នៅឆ្នាំក្រោយៗទៀតផង។

    យ៉ាងណាក៏ដោយ លោក​មិន​បានដឹង​ច្បាស់​ថា តើ​បណ្ដាលមកពី​មូលហេតុ​អ្វី​បានជា​ធ្វើឱ្យ​មើម​ខ្ញី​ឡើងថ្លៃ​ខ្លាំង​ក្នុងឆ្នាំនេះ​ទេ ប៉ុន្តែ​ប្រហែលជា​មកពី​មិនសូវមាន​កសិករ​ដាំ​ច្រើន​ដូចឆ្នាំមុនៗ ទើប​ធ្វើឱ្យ​ម៉ូយ​ដណ្តើម​គ្នា​ទិញ ហើយ​ម៉ៅ​យក​ទាំង​ចម្ការ​តែម្តង ដែល​ធ្វើឱ្យ​ម្ចាស់​ចម្ការ​មិន​លំបាក​ចំណាយ​ថ្លៃ​ពលកម្ម​ក្នុងការ​ដកយក​មើម​ដឹក​ទៅ​លក់​នៅ​ផ្សារ​នោះឡើយ។ ទោះជា​ដំណាំ​ខ្ញី​ត្រូវ​ប្រើ​រយៈពេល​ដាំ​ដុះ​ខ្លី និង​ឆាប់​បាន​ប្រមូល​ផល​ក៏ដោយ ក៏​គេ​អាច​ដាំ​បានតែ​ម្តង​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ ដោយសារតែ​ត្រូវ​រង់ចាំ​ដល់​រដូវ​អស់​ទឹកភ្លៀង​សិន​ទើប​អាច​ដាំ​បានជា​ថ្មី ព្រោះថា បើសិន​ជាមាន​ភ្លៀងធ្លាក់​ខ្លាំង កូន​ខ្ញី​អាច​នឹង​រលួយ​ងាប់​ដើម​ទៅវិញ​ធ្វើឱ្យ​យើង​ខាតបង់​លុយកាក់​ច្រើន​ក្នុង​ការទិញ​ពូជ​យកមក​ដាំ។

    ជាទូទៅ​ខ្ញី​ត្រូវបាន​គេ​ដាំ​នៅ​ចន្លោះ​ខែមករា​ដល់​ខែកុម្ភៈ​រៀងរាល់ឆ្នាំនីមួយៗ ហើយ​រហូតដល់​ខែមិថុនា កក្កដា ឬ​ខែសីហា​ទើប​គេ​ប្រមូល​ផល​អស់ និង​អាស្រ័យទៅលើ​ទឹកទន្លេ​ក្នុង​រដូវវស្សា​ថា តើឡើង​លឿន ឬ​យឺត បើ​ទឹកទន្លេ​ក្នុង​រដូវវស្សា​ឡើង​លឿន គេ​ត្រូវតែ​ប្រញាប់​ដក​លក់​មិនអាច​ទុក​យូរ​បានទេ។ ចំពោះ​វិធីសាស្ត្រ​ដាំ​ដុះ​វិញ ខ្ញី​មិនមែនជា​ដំណាំ​ដែល​លំបាក​ថែទាំ ដូច​ដំណាំ​មួយចំនួនទៀត​នោះទេ ព្រោះថា មិនសូវមាន​សត្វល្អិត​យក​យាយី​ឡើយ។

    កសិករ​ខាងលើ​ដដែល​បាន​អះអាងថា មុននឹង​ដាំ គេ​ត្រូវ​ភ្ជួរ​ដី​ហាល​ចោល​ឱ្យ​ឆ្អិន​ចំនួន4 ទៅ6លើក ដើម្បីឱ្យ​ងាប់​ស្មៅ​អស់ និង​សម្លាប់​មេរោគ​ចង្រៃ​ចោល​ជាមុន។ នៅ​រៀង​រាល់ពេល​ភ្ជួរ​រួច កសិករត្រូវ​រាស់​បំបែក​ដុំ​ដីធំៗឱ្យ​បែក​អស់​ជាមុន​ដើម្បីឱ្យ​ដី​ម៉ដ្ឋ​ល្អ រួច​ទើប​លើក​រង​ឱ្យ​ខ្ពស់​ផុតពី​ទឹក ចំណែក​រងនីមួយៗមាន​ទំហំ​ទទឹង​ជិត 2ម៉ែត្រ។

    បន្ទាប់​ពីលើ​ករង​រួចហើយ គេ​ត្រូវយក​ពូជ​មើម​ខ្ញី​មក​កាត់ចោល​ខ្លះ​ទុក​តែ​ខ្នែង​ណាល្អៗ រួច​ទុកចោល (មិនបាច់​យក​អ្វី​គ្រប​ទេ) រយៈពេល 3ថ្ងៃ ទៅ 1សប្តាហ៍ ទើប​គេ​យក​មើម​ខ្ញី​ពូជ​នោះ​ទៅ​ដាក់​ដាំនៅលើ​រងនីមួយៗ ចន្លោះ​ពីគ្នា​ប្រហែលជា(3តឹក​កន្លះ)35សង់ទីម៉ែត្រ​ពី​គុម្ព​មួយ​ទៅ​គុម្ព​មួយ។ នៅពេល​ដាក់​ដាំ​រួច គេ​ត្រូវធ្វើ​ធ្នើរ និង​យក​ចំបើង​ស្ងួត​ទៅ​គ្របពីលើ ទុកចោល​រយៈពេល​ប្រហែលជា 10ថ្ងៃ​នៅពេល​ឃើញ​មើម​ខ្ញី​ដុះ​ពន្លក​ឡើង​ហើយ ទើប​ចាប់ផ្តើម​ស្រោច​ទឹក​មួយថ្ងៃម្តងៗ រហូតដល់​កូន​ខ្ញី​អាយុ3ខែ បាន​គេ​អាចដាក់​ជី​ដើម្បី​ជំនួយ​មើម​ឱ្យ​រីក​ធំ​មាន​ទម្ងន់​កាន់តែ​ធ្ងន់។

    គួរ​បញ្ជាក់ដែរថា ខ្ញី​ជិត​មួយ​ហិកតា​នេះ ត្រូវបាន​កសិករ​ខាងលើ​ចំណាយ​ដើមទុន​អស់​ប្រមាណ​ជា 20លាន​រៀល សម្រាប់​យកទៅ​ចំណាយ​លើ​ការទិញ​ពូជ ភ្ជួរ​រាស់​ដី ទិញ​សាំង​សម្រាប់​ចាក់​ម៉ាស៊ីនបូមទឹក​ស្រោច និង​ទិញ​ជី​ដាក់​ជំនួយ​មើម ដែលជា​ជីធម្មជាតិ​តែប៉ុណ្ណោះ​ចៀសវាង​កុំឱ្យ​ខូច​ដី។ ក្នុងដំណាក់កាលដំបូងៗ នៅពេលដែល​ដើម​ខ្ញី​នៅតូចៗនោះ ដើម្បីឱ្យ​ចំណេញ​ផ្ទៃដី និង​កុំឱ្យ​ខាត​ពេលវេលា​ផង​នោះ កសិករ​ខាងលើ​បាន​យក​កូន​ខ្ទឹម​ទៅ​ដាក់​ដាំ​នៅតាម​ចន្លោះ​រងនីមួយៗ ហើយ​នៅពេល​វា​ធំ គាត់​បាន​ដក​ប្រមូល​លក់ បាន​ប្រាក់​ប្រមាណ​ជាង20លាន​រៀល រួច​បាត់ទៅហើយ៕

  • អារម្មណ៍មិនល្អ​ ធ្វើឱ្យ​ស្បែក​មាន​បញ្ហាធំជាងមុន

    អារម្មណ៍មិនល្អ​ ធ្វើឱ្យ​ស្បែក​មាន​បញ្ហាធំជាងមុន

    ភាពស្រស់ស្អាត​មិនមែន​ទទួល​បានមក​តែ​ពី​ការតុបតែង​ផ្នែក​ខាងក្រៅ​តែមួយ​មុខ​នោះទេ ប៉ុន្តែ​ផ្នែក​ខាងក្នុង​នៃ​អារម្មណ៍​ក៏មាន​សារសំខាន់​ណាស់ដែរ។ នៅពេលដែល​អ្នកមាន​អារម្មណ៍​មិនសូវ​ល្អ មាន​ភាព​ខ្វាយខ្វល់​ច្រើនពេក​នោះ មានន័យថា អ្នក​កំពុងតែ​បើកដៃ​ឱ្យ​បញ្ហា​មួយ​ចំនូ​នដូចជា ស្បែក​ស្ងួត ជំងឺ​មុន ស្នាម​ជ្រីវជ្រួញ និង​បញ្ហា​ជាំខ្មៅ ចូលមក​លុកលុយ​លើ​ស្បែក​របស់​អ្នក​ហើយ។ មូលហេតុ​នៃ​បញ្ហា​អស់ទាំង​នេះ​កើតឡើង​ដោយ​មូលហេតុ​ដូចជា៖
    ស្បែក​ស្ងួត : ដោយសារតែ​ភាព​តានតឹង​នៅក្នុង​អារម្មណ៍​រ៉ាំរ៉ៃ បង្កើន​ការបញ្ចេញ​អ័រម៉ូន​ខ​ទី​សូល ដែលជា​ភ្នាក់ងារ​ធ្វើឱ្យ​ស្បែក​មិន​ស្រូប​យកជាតិ​ទឹក ទើប​បង្ក​ឱ្យ​ស្បែក​បាត់បង់​ជាតិ​សំណើម មិន​ភ្លឺ​ថ្លា។

    កើតមុន : ភាព​តានតឹង​ក្នុង​អារម្មណ៍​ធ្វើឱ្យ​រលាក​ស្បែក និង​ងាយ​កើត “មុន” ហើយ​ច្រើនតែ​កើត​ហើយ​បាត់ទៅ​វិញ​ជា​ញឹកញាប់។

    ស្នាម​ជ្រីវជ្រួញ : អ័រម៉ូន​ខ​ទី​សូល​ជា​ភ្នាក់ងារ​ជំរុញ​ឱ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើនឡើងខ្ពស់ ហើយ​ជាតិ​ស្ករ​កំណាច ដែល​ងាក​មកបំផ្លាញ​សរសៃទឹក​ប្រូ​តេ​អ៊ីន និង​អ៊ី​ឡា​ស្ទី​នដែលជា​ប្រូ​តេអ៊ីន​សំខាន់​ក្នុង​ការជួយ​ឱ្យ​ស្បែក​តឹង និង​ផូរផង់​ល្អ ទើប​បង្ក​ឱ្យ​ស្បែក​ងាយ​កើត​ស្នាម​ជ្រីវជ្រួញ។

    ឡើង​ក្រហមជាំ : នៅពេល​មាន​អារម្មណ៍​តានតឹង ពេលនោះ​ឈាម​នឹង​បាញ់​ខ្លាំង ជាហេតុ​នាំឱ្យ​សរសៃឈាម​ឆ្មារ រីក​មាឌ​ធ្វើឱ្យ​ស្បែក​ស្តើង ឡើង​ក្រហម ផ្សារ​មាស់ ងាយក្រហាយ ហើយ​បើ​មាន​អាការ​ស្បែក​ឡើង​ក្រហម​យូរ​ជាង​ធម្មតា​នោះ សបញ្ជាក់​ថា ភាព​តានតឹង​ក្នុង​អារម្មណ៍​របស់​អ្នក​បានធ្វើឱ្យ​ប្រព័ន្ធ​ការពារ​ចុះខ្សោយ​ហើយ៕