Category: សង្គម និងសេដ្ឋកិច្ច

  • Facebook Messenger នឹង​បន្ថែម​មុខងារ​បកប្រែ​ភាសា​ដោយ​ស្វ័យប្រវត្តិក្នុងពេលឆាប់ៗ

    Facebook Messenger នឹង​បន្ថែម​មុខងារ​បកប្រែ​ភាសា​ដោយ​ស្វ័យប្រវត្តិក្នុងពេលឆាប់ៗ

    បច្ចុប្បន្ន​អាចនិយាយបាន​ថា Facebook Messenger គឺជា​កម្មវិធី​ផ្ញើ​សារ​ដ៏​ពេញនិយម និង​មាន​ប្រជាប្រិយភាព​មួយ ខណៈដែល​ចំនួន​អ្នកប្រើប្រាស់​បាន​កើនឡើង​ដល់ 1.9ពាន់​លាន​នាក់ ហើយ​ដើម្បីឱ្យ​កាន់តែ​ងាយស្រួល​ជាងនេះទៅទៀត​នោះ Facebook Messenger នឹងមាន​មុខងារ​បក​ប្រែភាសា (សារ) ដោយ​ស្វ័យប្រវត្តិ។

    យោងតាមការចេញផ្សាយ​របស់សារព័ត៌មាន CNet បានឱ្យដឹងថា ក្រុមហ៊ុន Facebook បាននិងកំពុង​តែ​សាកល្បង​លើ​មុខងារ​ថ្មី គឺ​បកប្រែ​ភាសា រាល់​សារ​ទាំងអស់​ដែល​បាន​ផ្ញើ​តាមរយៈ​កម្មវិធី Facebook Messenger ដោយ​រាល់​សារ​ទាំងនោះ​នឹងត្រូវ​បកប្រែ​ដោយ​ស្វ័យប្រវត្តិ។

    CNet បានបញ្ជាក់​បន្ថែមទៀត​ថា មុខងារ​នេះ​នឹងត្រូវ​ដាក់ឱ្យ​ប្រើ​នៅ​​អាមេរិក និងម៉ិ​ក​សិុកមុនគេ ហើយ​មុខងារនេះអាចនឹងត្រូវ​ប្រកាស​ដា​ក់​ឱ្យប្រើ​ជា​ផ្លូវការ​នៅក្នុង​ព្រឹត្តិការណ៍ F8 នៅក្នុង​ឆ្នាំនេះ។

    ក្រុមអ្នកវិភាគ​បាន​យល់ឃើញថា បើសិនជា Facebook បន្ថែម​មុខងារ​នេះ​មែន នោះ​អ្នកប្រើប្រាស់​កាន់តែ​មាន​ភា​ព​ងាយស្រួល​ក្នុងការ​ទំនាក់ទំនង​គ្នា​ថែម​មួយកម្រិត​ទៀត ហើយ​វា​ក៏​ជា​វិធីសាស្ត្រ​មួយ​សម្រាប់​ទាក់ទាញ​អ្នកប្រើប្រាស់ផងដែរជាពិសេស​គឺ Facebook ក៏​កាន់តែ​ងាយស្រួល​ក្នុងការ​ទាញយក​ផលប្រយោជន៍​ពី Facebook Messenger នេះដែរ៕

  • កម្ពុជា​ខ្វះ​ពលកម្ម​ជំនាញ បើទោះជា​ការអប់រំ​កំពុង​អភិវឌ្ឍ​លឿន​ក៏ដោយ

    កម្ពុជា​ខ្វះ​ពលកម្ម​ជំនាញ បើទោះជា​ការអប់រំ​កំពុង​អភិវឌ្ឍ​លឿន​ក៏ដោយ

    ស្របពេលដែលវិស័យ​អប់រំ​កំពុងធ្វើកំណែទម្រង់ និង​អភិវឌ្ឍ​លឿន និ​ស្សិតជាច្រើន​បាន​ចេញពី​គ្រឹះស្ថានសិក្សា​នានា​នៅ​ទូទាំងប្រទេស​ជា​រៀងរាល់ឆ្នាំដើម្បី​បម្រើ​ការងារនៅក្នុង​វិស័យសំខាន់ៗនៅកម្ពុជាតែ​ទោះជា​យ៉ាងនេះ​ក្តី បញ្ហា​ប្រឈម​របស់​កម្ពុជា​នៅតែមាន ព្រោះ​និស្សិត​មួយចំនួន​មិនបាន​ជ្រើសរើស​ជំនាញ​ឱ្យ​ត្រូវ​នឹង​ទីផ្សារ​ដែល​កំពុង​ត្រូវការ​នោះទេ។

    ឯកឧត្តម អុិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានលើកឡើង​ក្នុង​ទិវា​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ ថា កត្តា​ចម្បង​ដែល​ម្ចាស់​សហគ្រាស ឬ​អ្នកគ្រប់គ្រង​វិស័យ​ឯកជន​កំពុង​ជួបប្រទះ​នាពេល​បច្ចុប្បន្ននេះ គឺ​ការខ្វះខាត​បុគ្គលិក​ជំនាញ​ដើម្បី​បំពេញការងារ​ក្នុង​ស្ថាប័ន​របស់ខ្លួន ខណៈ​អ្នកជំនាញ​បច្ចេកទេស​មាន​ចំនួន​តិច ហើយ​ស្ថាប័នធំៗជាច្រើន​ដណ្តើម​គ្នា​ទាញយក​ទៅធ្វើ​ការងារ។ ចំណុច​នេះ គឺ​បង្ហាញ​ពី​ភាពមិន​ស៊ីចង្វាក់​គ្នា​រវាង​ទីផ្សារការងារ និង​ធនធានមនុស្ស​ដែល​បាន​បណ្តុះបណ្តាល ព្រោះ​មាន​អ្នកស្វែងរក​ការងារ​មួយចំនួន​មិនអាច​រក​ការងារ​ធ្វើបាន ខណៈ​ប្រធាន​ក្រុមហ៊ុន​មួយចំនួន​មិនអាច​ស្វែងរក​បុគ្គលិក​ធ្វើការ​ងារ​បាន។

    ឯកឧត្តម អុិត សំហេង បាន​មានប្រសាសន៍ថា៖ “ការងារសំខាន់ៗដែល​និ​យោ​កជក​កំពុង​ត្រូវការ​ខ្លាំង​នោះ​មានដូចជា ផ្នែក​សណ្ឋាគារ និង​ការ​ស្នាក់-នៅ ផ្នែក​ឡូ​ជី​ស្ទិ​ក និង​ការដឹកជញ្ជូន ផ្នែក​សុខាភិបាល ផ្នែក​អប់រំ និង​បណ្តុះបណ្តាល ផ្នែក​កែច្នៃ​ម្ហូបអាហារ និង​ភេសជ្ជៈ ផ្នែក​ហិរញ្ញវត្ថុ និង​ធានារ៉ាប់រង ផ្នែក​ព័ត៌មានវិទ្យា ផ្នែក​សំណង់ ផ្នែក​វាយ​ន-​ភណ្ឌ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង និង​ផលិតកម្ម​កៅស៊ូ និង​ប្លា​សិ្ទ​ក”។

    បើតាម​ឯកឧត្តម​រដ្ឋមន្ត្រី បានឱ្យដឹង​ផងដែរ​ថាកង្វះ​ធនធានមនុស្ស​នេះ​អាចធ្វើឱ្យ​និយោជក​ជួប​ភាព​រាំងស្ទះ​ក្នុងការ​អភិវឌ្ឍ​ក្រុមហ៊ុន​របស់ខ្លួន ព្រោះ​ពួកគាត់​មិនអាច​អនុវត្តបាន​តាម​ផែនការ​ផលិតកម្ម រាំងស្ទះ​ការពង្រីក​អាជីវកម្ម ការប្រើប្រាស់​បច្ចេក-វិទ្យា​ថ្មី និង​មាន​បញ្ហា​ផលិតភាព​មិនទាន់​ស្របតាម​គោលដៅ​ដែល​ចង់បាន ជាដើម។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ក្រសួង​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ធ្វើកំណែទម្រង់​ស៊ីជម្រៅ​លើ​ផ្នែក​អប់រំ​បច្ចេកទេស និង​វិជ្ជាជីវៈ​តាមរយៈ​ការពង្រឹង​ភាពជា​ដៃគូ រវាង​រដ្ឋ និង​ឯកជន ដើម្បី​ចូលរួម​គាំទ្រ​ការអភិវឌ្ឍ​ជំនាញ​ឱ្យ​ឆ្លើយតប​ទៅនឹង​ទីផ្សារការងារ​ជាក់ស្តែង។

    រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឯកឧត្តម ពេ​ជ សោភ័ន បាន​លើកឡើងថាទីផ្សារការងារ​នៅ​កម្ពុ​ជាមាន​តម្រូវការ​ខ្ពស់​លើ​កម្លាំង​ពលកម្ម​ផ្នែក​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ព្រោះ​កម្ពុជា​ជា​ប្រទេស​កំពុងអភិវឌ្ឍន៍​ដែលត្រូវការកម្លាំង​ពលកម្ម​ជាច្រើន​សម្រាប់​បំពេញ​ឱ្យ​វិស័យ​ឧស្សាហកម្ម សំណង់ និង​វិស័យសំខាន់ៗជាច្រើន​ផ្សេងទៀត។ បច្ចុប្បន្ននេះ កម្ពុជា​បាន​បង្កើត​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ថ្នាក់ជាតិធំៗជាច្រើន​ដែលមាន​សមត្ថភាព​ក្នុងការ​បណ្តុះបណ្តាល និង​ជា​ច្រក​យ៉ាងសំខាន់​សម្រាប់​យុវជន​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​ការងារ​ដើម្បី​ចូលរួមចំណែក​អភិវឌ្ឍ​សង្គម និង​បង្កើន​កម្រិត​នៃ​ការរស់នៅ​ឱ្យ​កាន់តែ​ប្រសើរ ព្រោះ​ការងារ​ផ្នែក​បច្ចេកទេស ជាការ​ងារ​ដែល​អា​ចទ​ទួលបាន​ប្រាក់ឧបត្ថម្ភ​ខ្ពស់ និង​មាន​ទីផ្សារ​ទូលំទូលាយ។

    ឯកឧត្តម ពេ​ជ សោភ័ន បាន​មានប្រសាសន៍ថា៖ “បញ្ហា​ដែល​យើង​ជួបប្រទះ​នាពេល​បច្ចុប្បន្ននេះ គឺ​យុវជន​មិនទាន់​ចាប់អារម្មណ៍​ខ្លាំង​លើ​ការជ្រើសរើស​ជំនាញ​បច្ចេកទេស ឬ​មធ្យម​បច្ចេកទេស​សម្រាប់​សិក្សា​នៅឡើយ ហេតុនេះ​យើង​ត្រូវ​បន្ត​ផ្សព្វផ្សាយ និង​ជំរុញឱ្យមាន​សកម្មភាព​ប្រកបដោយ​ភាព​វិជ្ជមាន​ដើម្បី​ណែនាំ​ឱ្យ​យុវជន​កម្ពុជា​ចាប់អារម្មណ៍​លើ​ជំនាញយ៉ាង​មាន​សារៈសំខាន់ទាំងអស់នេះ”។

    បើតាម​ឯកឧត្តម ពេ​ជ សោភ័ន ទិវា​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ជា​ផ្នែក​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​ផ្សព្វផ្សាយ​អំពី​សារៈសំខាន់​នៃ​វិស័យអប់រំ​បច្ចេកទេស និង​វិជ្ជាជីវៈ​នៅ​កម្ពុជា​បច្ចុប្បន្ន​ឱ្យបាន​យល់​ពី​តម្រូវការ​ជាក់ស្តែង​រប​ស់​កម្ពុជា។ យុវជន​កម្ពុជា​គួរ​ចាប់យក​អាជីពលើវិស័យសំខាន់ៗមួយចំនួន​ដែល​អាច​រកប្រាក់​ចំណូល​ខ្ពស់ និង​ត្រៀមខ្លួន​ក្លាយជា​អ្នកជំនាញ​របស់​កម្ពុជា លើ​វិស័យសំខាន់ៗដូចជា​ជំនាញ​គ្រឿងយន្ត អគ្គិសនី អេឡិចត្រូនិក ជំនាញ​សំណង់ និង​វិស្វករ​ជាដើម។

    គួរបញ្ជាក់​ផងដែរ​ថា ថ្មីៗនេះ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ព្យាយាម​សហការ​ជាមួយ​ដៃគូ​ជាតិ និង​អន្តរជាតិ​ដើម្បី​ជំរុញឱ្យមាន​ការបណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ ឱ្យបាន​កាន់តែខ្លាំង និង​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​នានា​ដែល​កំពុង​ជួបប្រទះ​ក្នុង​វិស័យ​ការងារ។ ហើយ​នៅ​ពាក់កណ្តាល​ខែមិថុនា​នេះ ក្រសួង​ការងារ​ក៏បាន​ប្រកាស​បង្កើត​ក្រុមប្រឹក្សា​ជំនាញ​តាម​វិស័យ (Sector Skills Councils – SSCs) ដើម្បី​ជំរុញ​ការអនុវត្ត​គោលនយោបាយ​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ក្នុង​គោលដៅ​ធានា​នូវ​ការឆ្លើយតប​រវាង​កម្លាំង​ពលកម្ម​ជំនាញ និង​តម្រូវការ​ទីផ្សារ​ផ្នែក​បច្ចេកទេស និង​វិជ្ជាជីវៈ៕

  • កម្ពុជា​តម្រង់ទិស​កម្ម​វិធីជាតិ​សម្រាប់​ការអភិវឌ្ឍ​លំនៅឋាន​តម្លៃ​សមរម្យ

    កម្ពុជា​តម្រង់ទិស​កម្ម​វិធីជាតិ​សម្រាប់​ការអភិវឌ្ឍ​លំនៅឋាន​តម្លៃ​សមរម្យ

    រដ្ឋាភិបាល​កម្ពុជា​បានចាប់ផ្តើម​កំណត់​តម្លៃ និង​ហេដ្ឋារចនាសម្ព័ន្ធ​សមស្រប​មួយ​សម្រាប់​គម្រោង​លំនៅឋាន​ផ្តោតលើ​ប្រជាជនមាន​ជីវភាព​មធ្យម​ដែល​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ​នេះ​នឹងត្រូវ​អនុញ្ញាតឱ្យ​សាងសង់​លំនៅឋាន​យ៉ាងតិច 100ឯក​តា​ឡើង និង​ត្រូវមាន​ទីតាំង​ចម្ងាយ20គីឡូម៉ែត្រ​ពី​រាជធានី-ក្រុង ហើយនឹង​ត្រូវ​ដាក់លក់​ក្នុងតម្លៃ​ចន្លោះ​ពី15,000ដុល្លារ ទៅដល់30,000ដុល្លារ​អាមេរិក។ នេះ​បើតាម​ការ​ឱ្យដឹងពី​មន្ត្រី​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

    ក្រុមហ៊ុន​នោះ​ត្រូវតែ​ជា​នីតិបុគ្គល​ដែល​បាន​ចុះបញ្ជី​នៅ​កម្ពុជា​ត្រូវមាន​ទីធ្លា និង​បរិស្ថាន​ល្អ​ត្រឹមត្រូវ មាន​ទីផ្សារ ឬ​មជ្ឈមណ្ឌលផ្សេងៗ។ អ្នក​អភិវឌ្ឍន៍​ត្រូវតែ​សហការ​ជាមួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដើម្បី​បង្កើត​គម្រោង​ឥណទាន​ជាមួយនឹង​អត្រា​ការប្រាក់​ទាប​ដើម្បី​លើកកម្ពស់​លទ្ធភាព​ចំណាយ​របស់​គម្រោង។

    ក្រោម​គោលនយោបាយ​ថ្មី​ការលើកទឹកចិត្ត​ដល់​ …តទៅទំព័រអ្នក​អភិវឌ្ឍន៍​គម្រោង​លំនៅឋាន​ដែលមាន​តម្លៃ​សមរម្យ រួមមាន​ការកាត់បន្ថយ​ពន្ធ និង​ការសម្រួល​ដល់​នីតិវិធី​ការិយាធិបតេយ្យ ដូចជា​ការទទួលបាន​ការអនុញ្ញាត​សាងសង់​ អាជ្ញាប័ណ្ណ​អាជីវកម្ម និង​ឯកសារ​ចាំបាច់​ផ្សេងទៀត។ រដ្ឋាភិបាល​ក៏​នឹង​ផ្តល់​អត្រា​ពិសេស​សម្រាប់​ការបង់ពន្ធ​លើ​ប្រាក់ចំណូល​ពន្ធ​អចលនទ្រព្យ និង​អាករ​លើ​ទំនិញផ្សេងៗទៀត។

    លោក រស់ សីល​វ៉ា អនុ​លេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​ការដាក់សំណើ​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ​ថា ខណៈ​អ្នក​អភិវឌ្ឍន៍​ជាច្រើន​កំពុង​បង្កើត​អគារ​ផ្ទះល្វែងខ្ពស់ៗ តែមាន​មនុស្ស​តិចតួច​ប៉ុណ្ណោះ​កំពុង​ផ្តោតលើ​គម្រោង​សម្រាប់​ផ្នែក​ក្រីក្រ​នៅក្នុង​សង្គម។ លោក​បាន​និយាយថាគោលនយោបាយ​ថ្មី​មាន​គោលបំណង​ជំរុញ​ការវិនិយោគ​លើ​លំនៅឋាន​ដែលមាន​តម្លៃ​សមរម្យ និង​រួមចំណែក​ដល់​ការបង្កើត​គម្រោង​លំនៅឋាន​សម្រាប់​ផ្នែក​មិនសូវមាន​ទ្រព្យសម្បត្តិ​សង្គម បង្កើន​គុណភាព​នៃ​ការសាងសង់​បង្កើន​អត្រា​ម្ចាស់ផ្ទះ និង​លើកកម្ពស់​លទ្ធភាព​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ។

    លោក សំ វ​ង្សី ប្រធាន​អង្គភាព​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​ថ្នាក់កណ្តាល​នៃ​ក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​បាន​មានប្រសាសន៍​ឱ្យដឹងថា “ការដាក់ចេញ​នូវ​គោលនយោបាយ​នេះ គឺ​សំដៅ​រួមចំណែក​ទ្រទ្រង់​ដល់​សកម្មភាព​នៃ​វិស័យ​សំណង់ និង​អចលនទ្រព្យ​ដែលជា​ចន្ទល់​កំណើនសេដ្ឋកិច្ច​ព្រមទាំង​ក្លាយជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​សន្ដិសុខ​សង្គម និង​ជា​ឧបករណ៍​គោលនយោបាយ​សម្រាប់​គាំទ្រ​ការ​អនុវត្ដ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ប្រទេស​រយៈពេល​វែង”។

    សម្រាប់​ការអភិវឌ្ឍ​លំនៅឋាន​តម្លៃ​សមរម្យ​នេះ កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ (UNDP) កំពុង​គាំទ្រ​គម្រោង​លំនៅឋាន​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSEZ) ដែល​នឹង​សាងសង់​លំនៅឋាន​តម្លៃ​សមរម្យ​រាប់ពាន់​ខ្នង​សម្រាប់​កម្មករ​ដែលមាន​ប្រាក់ចំណូល​ទាប។

    ស្របទៅនឹង​ការដាក់ចេញ​នូវ​កម្មវិធី​ជាតិ​នេះ​គេ​ឃើញ​មាន​គម្រោង​ដែល​គាំទ្រ​ដោយ​ UNDP ស្ថិត​លើ​ដំណាក់កាល​រចនា​ស្ថាបត្យកម្ម​នឹងមាន​ការសាងសង់​លំនៅឋាន​ចំនួន 3,136ខ្នង​នៅលើ​ដី​ទំហំ7ហិកតា​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ។ មាន​ទីតាំង​ស្ថិតនៅ​ជាយក្រុង​ភ្នំពេញ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ4 មាន​ផ្ទៃដី 357ហិកតា។ មាន​រោងចក្រ​ជាង 80ទីតាំង នៅក្នុង​នោះ​មាន​កម្មករ 17,000នាក់ ភាគច្រើន​នៃ​ពួកគេ​ជា​កម្មករ​រោងចក្រ។ ការ​រចនា​ប្លង់​ស្ថាបត្យកម្ម​នេះ​នឹងត្រូវ​បញ្ចប់​នៅ​ខែសីហា​ខាងមុខ ហើយ​បើ​គ្មាន​ការប្រែប្រួល​អ្វី​ទេនោះ ការបើក​ការដ្ឋាន​សាងសង់​របស់ខ្លួន​នឹង​ធ្វើឡើង​នៅក្នុង​ខែវិច្ឆិកា​ ចុងឆ្នាំ2018។

    ការគាំទ្រ​របស់​យូ​អិន​ឌី​ភី​ចំពោះ​គម្រោង​លំនៅឋាន គឺជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ធំ​ជាង​មុន​ដើម្បី​ជួយ​ដល់​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងអស់​នៅក្នុង​ប្រទេស​ដែលមាន​និរន្តរភាព​ក្នុង​រយៈពេល​វែង។ បច្ចុប្បន្ននេះ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន 33កន្លែង​នៅ​ទូទាំងប្រទេស​កម្ពុជា។ វិស័យ​អភិវឌ្ឍន៍​ទាំងនេះ​មាន​សារៈសំខាន់​ចំពោះ​ការកើនឡើង​នៃ​សេដ្ឋកិច្ចកម្ពុជា។

    យោងតាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានឱ្យដឹងថា​និន្នាការ​នៃ​វិស័យ​អចលនទ្រព្យ និង​សំណង់​នៅ​កម្ពុជា​បាន​បង្ហាញថា ចំនួន​ប្រជាជន​របស់​កម្ពុជា​ត្រូវបាន​គេ​រំពឹងថា​នឹង​កើនឡើង​ពី15 ទៅ19លាន​នាក់។ នៅ​ចន្លោះ​ពេលនេះ​រហូតដល់​ឆ្នាំ2030 នឹងមាន​ចំនួន​ប្រជាជន​កើនឡើង​ពី4 ទៅ7លាន​នាក់​ដែល​នឹងធ្វើ​ឱ្យមាន​តម្រូវការ​លំនៅឋាន​ថ្មី​ប្រមាណ​ជា800.000ខ្នង​បន្ថែម​លើ​ចំនួន​លំនៅឋាន​បច្ចុប្បន្ន។ កាលពី​ឆ្នាំ2017 វិស័យ​អចលនទ្រព្យ​មានការ​កើនឡើង​ជាមួយ​នឹង​ការអនុម័ត​ចំនួន 3.418គម្រោង​ហើយ​វិស័យ​សំណង់​បាន​កើនឡើង22% ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ (មាន​ទឹកប្រាក់​រហូតដល់​ទៅ 6.8ពាន់​លាន​ដុល្លារ)ក្នុងនោះ 82%ជា​គម្រោង​លំនៅឋាន។ តាមរយៈ​ការធ្វើ​ស​ន្ទ​ស្សន៍​នៅ​ចន្លោះ​ឆ្នាំ2015 និង2030 កម្ពុជា​នឹងត្រូវ​ការសាងសង់​ផ្ទះ​ថ្មី​ប្រហែល 50.000ខ្នង​ក្នុង​មួយឆ្នាំ​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​លំនៅឋាន​ដែលជា​លទ្ធផល​នៃ​ការធ្វើ​នគរូបនីយកម្ម​យ៉ាង​ឆាប់រហ័ស​របស់​ប្រទេស។

    “វា​ជា​គំនិត​ផ្តួចផ្តើម​ដោយផ្ទាល់​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​គោលនយោបាយ​នេះ​គឺមាន​គោលដៅ​សង្គម​ផង និង​សេដ្ឋកិច្ច​ផង សំដៅ​ធ្វើឱ្យ​ប្រជាជន​ទូទាំងប្រទេស​មាន​លំនៅឋាន​សមរម្យ​អាច​រស់​នៅបាន​ប្រកបដោយ​សុខុមាលភាព សុវត្ថិភាព និង​សេចក្តីថ្លៃថ្នូរ”។ នេះ​បើតាម​ប្រសាសន៍​របស់​ឯកឧត្តម​ វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

    លោក​បន្តថា មិនតែប៉ុណ្ណោះ​គោលនយោបាយ​នេះ​ក៏​នឹង​ផ្តល់ឱកាស​ដល់​យុវជន​ដែល​ទើប​រៀបការ​ហើយ​ថ្មោងថ្មី រួមទាំង​ពលករ​ចំណាកស្រុក​មក​ស្វែងរក​ការងារ​នៅតាម​ទីក្រុង និង​អ្នក​ចង់​មក​រស់នៅក្នុង​ទីក្រុង តែ​មិនទាន់​មានផ្ទះ ឬ​ចង់បាន​ផ្ទះ​លើក​ទី1អាចមាន​លទ្ធភាព​ទទួល​បាន​នូវ​ការផ្គត់ផ្គង់​លំនៅឋាន​ដែលមាន​តម្លៃ​សមរម្យ រួមទាំង​លទ្ធភាព​ក្នុងការទទួលបាន​កម្ចី​ដែលមាន​ការប្រាក់​សមរ​ម្យ​សម្រាប់​ទិញ​លំនៅឋាន​ទៀតផង។

    គួរ​ជម្រាប​ផងដែរ​ថា បច្ចុប្បន្ន​មាន​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ 3ទីតាំង​ដែលមាន​តម្លៃ​ចាប់ពី​ជាង 2ម៉ឺន​ដុល្លារ​អាមេរិក​ឡើង​បាន​គាំទ្រនិង​ជ្រោមជ្រែង​ដោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់។ គម្រោង​ទាំងនោះ​មានដូចជា គម្រោង​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន WorldBridge Land ស្ថិតនៅ​ភូមិ​ទួល​ក្រសាំង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល មាន​ចម្ងាយ 8គីឡូម៉ែត្រ​ពី​ក្រុង​តាខ្មៅ គម្រោង​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន B & BM Development ស្ថិត​តាមផ្លូវ​ជាតិ​លេខ5 មាន​ចម្ងាយ​ប្រមាណ​ជា 22គីឡូម៉ែត្រ​ពី​ក្រុងភ្នំពេញ និង​គម្រោង​ទី3 ជា​ប្រភេទ​លំនៅឋាន​បែប​ខុន​ដូ​ស្ថិតក្នុង​សង្កាត់​ទឹកថ្លា អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ជប៉ុន​អា​រ៉ា​ខា​វ៉ា(Arakawa)។

    លោក ច្រឹ​ក សុខ​នី​ម អគ្គនាយក​ក្រុមហ៊ុន century21 mekong បាន​ប្រាប់​ឡា​រ៉ែ​ន​តាម​ទូរស័ព្ទ​ថា គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ​ដែលជា​គោលការណ៍​របស់​រដ្ឋាភិបាល​នោះ វា​មិនមាន​ផលប៉ះពាល់​អ្វី​ដល់​វិស័យ​អចលនទ្រព្យ​នោះទេផ្ទុយទៅវិញ​វា​ជា​ការជួយ​សម្រាល​បន្ទុក​ដល់​ប្រជា-ពលរដ្ឋ​ក្រីក្រ​មួយចំនួន​ដែលមាន​ជីវភាព​លំបាក ឱ្យ​គាត់​អាចមាន​លទ្ធភាព​ទិញ​នៅបាន។ លោក​បាន​បន្តថា​ជាធម្មតា​គម្រោង​អស់ហ្នឹង​មាន​រួចទៅហើយតែ​មិនសូវមាន​ការគាំទ្រ តែ​ឥឡូវ​ទើប​មានការ​គាំទ្រ​ជា​ផ្លូវការ​ពី​រដ្ឋាភិបាល​ដែល​គម្រោង​នេះ​នឹង​ជួយ​ដល់​ប្រជាជន​យើង ខ្ញុំ​យល់ថា វា​ជាស​ញ្ញា​វិជ្ជមាន​មួយ​សម្រាប់​ប្រជាជន​ផ្ទាល់ និង​មន្ត្រីរាជការ​ដែល​គាត់​អាចមាន​លទ្ធភាព​ទិញ​អចលនទ្រព្យ​ដើម្បី​រស់នៅ​បាន៕

  • បងៗស្រ្តីមេផ្ទះដឹងទេ បន្លែផ្លែឈើ និងអាហារណាខ្លះដែលមិនចាំបាច់ ដាក់ចូលទូទឹកកក?

    បងៗស្រ្តីមេផ្ទះដឹងទេ បន្លែផ្លែឈើ និងអាហារណាខ្លះដែលមិនចាំបាច់ ដាក់ចូលទូទឹកកក?

    បើសួរថា ទូទឹកកកផ្ទះអ្នកណាខ្លះពេញណែនរកកន្លែងដាក់របស់របរមិនគ្រាន់ សូមលើកដៃឡើង! ធានាថាបងៗស្រ្តីមេផ្ទះទាំងឡាយច្បាស់ជានាំគ្នាលើកដៃឡើងព្រឹបមិនខាន ចំណែកអ្នកគ្រូ ឆវី វិញសូមលើកដៃទាំងពីរឡើងតែម្ដង ព្រោះជាមនុស្សចូលចិត្តធ្វើម្ហូប ទើបមានរបស់របរ និងគ្រឿងគ្រៅទុកក្នុងទូទឹកកកច្រើនណាស់។ ដូច្នេះថ្ងៃនេះអ្នកគ្រូ ឆវី សុំនិយាយពីរឿងរបស់របរដែលមិនចាំបាច់ត្រូវរក្សាទុកក្នុងទូទឹកកកម្ដង ដោយសារតែមូលហេតុថា កាលពីម្សិលមិញនាងខ្ញុំប្រុងយករបស់របរដែលទើបទិញមកពីផ្សារទៅទុកក្នុងទូទឹកកក តែពេលបើកទ្វារទូទឹកកកឡើង ក៏ស្រាប់តែភ្ញាក់ឱ្យព្រើតតែម្ដង ព្រោះស្ទើរតែគ្មាននៅសល់ប្រឡោះសម្រាប់ទុកឡើយ ទើបធ្វើឱ្យនឹកឃើញថា មានអាហារ និងបន្លែផ្លែឈើខ្លះអាចទុកក្រៅទូទឹកកកក៏បានដែរ។ ដូច្នេះសូមតាមដានមើល៎ថា តើបន្លែផ្លែឈើ និងអាហារណាខ្លះ ដែលមិនចាំបាច់ដាក់ក្នុងទូទឹកកកក៏បានដូចតទៅ ៖

    1. ទឹកឃ្មុំ: អ្នកអាចទុកនៅក្រៅទូទឹកកកបាន ទោះជាបើកប្រើហើយក៏ដោយគ្រាន់តែបិទកគម្របដបឱ្យជិតជាការស្រេច។ អ្នកគ្រូ ឆវី ធ្លាប់ទុកទឹកឃ្មុំទាំងនៅក្រៅ និងក្នុងទូទឹកកកហើយ លទ្ធផលឃើញថា ដបទឹកឃ្មុំដែលដាក់នៅក្រៅទូទឹកកកមានស្រមោចលួចចូលទៅស៊ីទឹកឃ្មុំ ព្រោះតែបិទគម្របមិនជិត។ ចំណែកឯដបទឹកឃ្មុំដែលទុកនៅក្នុងទូទឹកកកក៏មានបញ្ហាដែរ គឺពេលយកចេញមកប្រើការ បែរជាខាប់រឹងចាក់មិនចេញ។ នៅពេលវាដូច្នេះ សូមណែនាំឱ្យទុកនៅក្រៅទូទឹកកក ដោយត្រូវជូតដបឱ្យស្អាត បិទគម្របឱ្យជិត ហើយទុកនៅក្នុងចង្ក្រានបាយវិញប្រសើរជាង។

    2. ផ្លែប៉ោម: បើទុកក្នុងទូទឹកកកច្រើនថ្ងៃពេលយកមកចិតញ៉ាំ រសជាតិនឹងប្រែប្រួល មិនដូចផ្លែដែលមិនបានទុកក្នុងទូទឹកកកនោះទេ។ អ្នកគ្រូ ឆវី មិនប្រាកដក្នុងចិត្ត ក៏ចិតមួយផ្លែទៀត រសជាតិប្រែប្រួលដូចគ្នាដដែល។ ចាប់តាំងពីពេលនោះមក អ្នកគ្រូក៏ទុកផ្លែប៉ោមនៅក្នុងកញ្ច្រែង ហើយដាក់លើតុបាយដែលធ្វើឱ្យរសជាតិនឹងនៅស្រស់ឆ្ងាញ់ដូចមុនមិនប្រែប្រួលឡើយ ថែមទាំងងាយមើលឃើញហើយដូចជាគ្រឿងលម្អតុបាយទៀតផង តែបើចិតរួចហើយញ៉ាំមិនអស់ អ្នកគ្រូ ឆវី សូមណែនាំឱ្យដាក់ក្នុងស្បោង ហើយទុកក្នុងទូទឹកកកណា៎ចា៎ស។

    3. ខ្ទឹមក្រហម ខ្ទឹមស និងខ្ទឹមបារាំង: អាចដាក់ក្នុងកញ្រ្ចែងទុកក្នុងចង្ក្រានបាយបាន ចំណែកអ្នកគ្រូ ឆវី វិញ ចូលចិត្តទិញបែបគេចងជាបាច់ៗមកព្យួរទុកក្នុងចង្ក្រានបាយ។ ធ្លាប់ភ្លេចខ្លួនយកទៅទុកក្នុងទូទឹកកកដែរ ស្រាប់តែមានផ្សិតដុះឡើងជិត ព្រោះធាតុអាកាសក្នុងទូទឹកកកមានសំណើម។ តែបើបកសម្បកហើយប្រើមិនអស់ គួររក្សាទុកក្នុងប្រអប់បិទគម្របឱ្យជិតណែនកុំឱ្យក្លិនវាទៅចូលក្នុងអាហារផ្សេងទៀតក្នុងទូទឹកកក។

    4. ទឹកស៊ីអីុវ ទឹកត្រី-ល-: អ្នកត្រូវបើកប្រើស្ទើរតែរាល់ថ្ងៃ ទើបមិនចាំបាច់ត្រូវទុកក្នុងទូទឹកកកទេ តែអ្នកគ្រូ ឆវី សូមសង្កត់ធ្ងន់លើភាពស្អាតបាតមានអនាម័យ ទើបបន្ទាប់ពីប្រើហើយ ត្រូវជូតដបឱ្យស្អាត និងបិទគម្របឱ្យជិត តែប៉ុណ្ណឹងក៏អស្ចារ្យទៅហើយ។

    5. ប្រេងឆា និងប្រេងប្រភេទផ្សេងៗ: មិនបាច់ទុកក្នុងទូទឹកកកទេ។ អ្នកគ្រូ ឆវីធ្លាប់យកទៅទុកក្នុងទូទឹកកកហើយដល់ពេលយកចេញមកប្រើ ស្រាប់តែឃើញមានដូចជាកករ-សៗដូចស៊ុតសរបស់មាន់ពេញមួយដបតែម្ដង ហើយថែមទាំងចាក់មិនចេញ ត្រូវទុកចោលនៅខាងក្រៅឡើងយូរទម្រាំនឹងប្រើបានធ្វើឱ្យអស់អារម្មណ៍ លែងចង់ធ្វើម្ហូបតែម្ដង។

    6. មើមដំឡូងជ្វា ដំឡូងបារាំង ដំឡូងឈើមើមត្រាវ: ក៏មិនចាំបាច់ដាក់ចូលក្នុងទូទឹកកកដែរ គ្រាន់តែដាក់ក្នុងកញ្រែ្ចងទុកក្នុងចង្រ្កានបាយទៅបានហើយ ធ្វើឱ្យមើមវានៅស្រស់ល្អផង តែបើដាក់ក្នុងទូទឹកកក សម្បកវានឹងទន់ ថែមទាំងបើសិនជាមានស្នាមបែក ឬមុតរយះផងនោះ នឹងធ្វើឱ្យឆាប់ស្អុយរលួយ ឬឡើងខ្មៅទៀតផង។

    7. ត្រឡាច ល្ពៅ -ល-: អាចរក្សាទុកនៅក្រៅទូទឹកកកបាន លើកលែងតែហាន់ជាដុំៗ ឬចំណិតៗហើយ សឹមយកបន្ទះប្លាស្ទិកមករុំខ្ចប់ឱ្យជិតស្អាត រួចយកទៅទុកក្នុងទូទឹកកកចុះ។

    8. តែ ឬម្សៅកាហ្វេ: មិនគួរដាក់ក្នុងទូទឹកកកទេ លើកលែងត្រូវការបំបាត់ក្លិនរបស់វា។ អ្នកអាចប្រើស្លឹកតែស្ងួត និងម្សៅកាហ្វេ ដើម្បីកម្ចាត់ក្លិនមិនល្អនៅក្នុងទូទឹកកកបាន តែអ្នកលែងអាចយកវាមកឆុងញ៉ាំបានហើយ ព្រោះក្លិនវាបានប្រែប្រួលអស់ហើយ។

    9. អាហារកំប៉ុងដែលមិនទាន់បើកញ៉ាំ: លើកលែងតែមានបញ្ជាក់ថា ត្រូវតែដាក់ក្នុងទូទឹកកក និងក្នុងករណីយបើកកំប៉ុងប្រើហើយ គួរចាក់ចេញមកទុកនៅក្នុងភាជនៈ(ចាន ឬថង់-ល-)ផ្សេង មិនគួរទុកនៅក្នុងកំប៉ុងទៀតទេ ព្រោះកំប៉ុងអាចកើតច្រែះបាន។

    ការពិត នៅមានរបស់ជាច្រើនប្រភេទទៀតដែលអាចរក្សាទុកនៅក្រៅទូទឹកកកបាន តែអ្វីដែលប្រាកដនោះគឺ ចង់ទុកនៅក្នុង ឬក្រៅទូទឹកកកក៏ដោយ អ្នកគួរតែសម្អាតវាឱ្យបានស្អាត ព្រោះវានឹងជួយពន្យារអាយុរបស់អាហារ ឬវត្ថុទាំងនោះបានកាន់តែយូរឡើង​៕

  • អតីតតារាចម្រៀងស្រីល្បីឈ្មោះ ចាន់ ចរិយា ចេញមុខស្រាយរឿងត្រូវបានគេយកគណនីដើរបោកខ្ចីលុយ

    អតីតតារាចម្រៀងស្រីល្បីឈ្មោះ ចាន់ ចរិយា ចេញមុខស្រាយរឿងត្រូវបានគេយកគណនីដើរបោកខ្ចីលុយ

    តារាចម្រៀងជើងចាស់គឺអ្នកស្រី ចាន់ ចរិយា បន្ទាប់ពីបាត់មុខតាមរយៈកញ្ចក់ទូរទស្សន៍ជាច្រើនឆ្នាំមកហើយ ស្រាប់តែថ្មីៗនេះ លេចមុខអ្នកស្រីឡាយវីដេអូតាមរយៈសង្គមហ្វេសប៊ុកដែលធ្វើឲ្យមានការភ្ញាក់ផ្អើល បន្ទាប់ពីមានជនមិនស្គាល់មុខបានធ្វើការ Hack គណនីហ្វេសប៊ុករបស់អ្នកស្រី និងបានផ្ញើសារទៅខ្ចីលុយមិត្តភ័ក្តិរបស់អ្នកស្រីជាច្រើននាក់ ដែលមានអ្នកជឿជាក់នឹងបានផ្ញើទៅលុយឱ្យ បើគិតជាទឹកប្រាក់គឺចំនួន400ដុល្លារអាមេរិកហើយ គណនីដែលត្រូវបានគេហែកនោះមានឈ្មោះថា ចាន់ ចរិយា សរសេរជាអក្សរខ្មែរ ។

    អ្នកស្រី ចាន់ ចរិយា បាន Live Video ប្រកាសជាសារធារណថា គណនីអ្នកស្រីមិនបានប្រើប្រាស់ចំនួន5ថ្ងៃកន្លងទៅហើយ ប៉ុន្តែអ្នកស្រីមិនចាប់អារម្មណ៍ថាមានគេហែកទេ ដោយជនមិនស្គាល់មុខនេះបានចូលទៅក្នុងគ្រុបការងារសំខាន់ៗរបស់អ្នកស្រី នឹងបានកូពីរូបភាពថ្មីៗរបស់អ្នកស្រី ពីក្នុងគ្រុបការងារដើម្បីដើរបោកគេគ្រប់គ្នា ដូច្នេះប្រសិនបើមានករណីផ្សេងៗគឺអ្នកស្រីសូមមិនទទួលខុសត្រូវឡើយ ។

    គួរបញ្ជាក់ផងដែរថា អតីតតារាចម្រៀងមនោសញ្ចេតនារូបនេះ និងធ្លាប់ជាតារាឯកស្រីក្នុងពិភពបទចម្រៀងកាយវិការ karaoke គឺជាតារាស្រីល្បីឈ្មោះមួយរូបកាលពីទសវត្សរ៍ 90-2000 ហើយអ្នកស្រីក៏ធ្លាប់ធ្វើជាពិធីការិនីរបស់ស្ថានីយ៍ទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ11 និងទូរទស្សន៍ប៉ុស្ថិ៍លេខ9។ បច្ចុប្បន្ននេះអ្នកស្រីនៅតែបន្តអាជីពជាតារាចម្រៀង ថ្វីបើតារារូបនេះមិនសូវលេចមុខតាមរយៈកញ្ចក់ទូរទស្សន៍ ប៉ុន្តែអ្នកស្រីតែងតែមានវត្តមានតាមរយៈកម្មវិធីជប់លៀង អាពាហ៍ពិពាហ៍ ខួបកំណើតផ្សេងៗ ក៏ដូចជាតាមរយៈកម្មវិធីធំៗរបស់កំពូលថ្នាក់ដឹកនាំ ៕

    សូមទស្សនាវីដេអូខាងក្រោមនេះ៖

  • អ៊ិន សុភិន ពន្លះរឿងថាលោកជំពាក់លុយផ្សាយពាណិជ្ជកម្ម

    អ៊ិន សុភិន ពន្លះរឿងថាលោកជំពាក់លុយផ្សាយពាណិជ្ជកម្ម

    នៅពេលថ្មីៗនេះ លោក អិន សុភិន ដែលគេស្គាល់ថាជាចាងហ្វាងផលិតកម្ម មហាហង្ស ត្រូវបានគេអុចអាលថាលោកជំពាក់លុយផ្សាយពាណិជ្ជកម្មលើបណ្ដាញផ្សព្វផ្សាយ ហើយមិនធ្វើការបង់លុយ។ ភា្លមៗ លោកបានធ្វើការបង្ហាញពីប្រតិកម្មឆ្លើយតប និងបានបញ្ជាក់ពីមូលហេតុមួយចំនួនដែលនាំឱ្យមានការចុះផ្សាយបែបនោះ។

    លោកបានសរសេរនៅលើហ្វេសប៊ុកថា«សូមអរគុណដល់អ្នកសារពត៍មានមូយចំនួនដែលចង់ឱ្យខ្ញុំល្បីដល់ថ្នាក់ចុះផ្សាយពត៌មានមិនពិតថា រូបខ្ញុំជំពាក់លុយថ្លៃផ្សាយពាណិជ្ជកម្មគេមិនសង ខ្ញុំចង់ប្រាប់ទៅពួកអ្នកសារពត៌មានមួយចំនួនដែលចុះផ្សាយវិញថា តើមានឯកសារណាមួយដែលខ្ញុំជំពាក់គេ ពួកអ្នកជាមនុស្សគួប្រើខួក្បាលជាមនុស្ស កុំប្រើខួក្បាលជាឆ្កែចរិតថោកទាបជាងសត្វទៅទៀត ចូលចិត្តណាស់អារឿងបរិហាកេរ៏របស់អ្នកដ៏ទៃដើម្បីផលប្រយោជន៏ការសែតខ្លួនឯងនោះ។ ខ្ញុំមិនខ្មាសគេទេព្រោះមិនពិត សូមប្រើវិជ្ជាជីវះឱ្យបានត្រឹមត្រូវបើគ្មានភស្តុតាងកុំចេះតែចុះនាំឱ្យប្រជាជនទូទៅអស់ជំនឿលើសារពត៌មាននៅកម្ពុជា!»។

    ជាមួយនឹងការបង្ហោះបែបនេះ លោកក៏បានពន្យល់ថា ហេតុផលដែលនាំឱ្យមានការចុះផ្សាយបែបនោះ គឺដោយសារតែលោករវល់នឹងកិច្ចការផ្សេងច្រើន ហើយបុគ្គលិកមិនបានទូទាត់ថ្លៃសាំងរបស់អ្នកកាសែត ដែលបានចុះទៅយកព័ត៌មានពីខ្លួននោះមិនទាន់ពេលប៉ុណ្ណោះ ទើបនាំអោយមានរឿងនោះ។ យ៉ាងណាមិញ លោកថានោះមិនមែនជាលុយផ្សព្វផ្សាយពាណិជ្ជកម្មដូចអ្វីដែលអ្នកកាសែតនោះចុះផ្សាយទេ គឺគ្រាន់តែជាថ្លៃសាំងមួយដែលក្រុមហ៊ុនលោកផ្ដល់ជូន ក្នុងពេលអញ្ចើញឱ្យអ្នកកាសែតទៅយកព័ត៌មាននៅពេលក្រុមហ៊ុនមានការការងារសិល្បៈណាមួយត្រូវបានរៀបចំប៉ុណ្ណោះ។

    លោកសារភាពថា ខ្លួនមានការធ្វេសប្រហែសក្នុងការរៀបចំថវិកាទាំំងនោះឱ្យអ្នកកាសែត ដោយសារសម្អាងថា អ្នកកាសែតទាំងនោះមានការងារច្រើនជាមួយក្រុមហ៊ុន និងម្យ៉ាងបណ្ដាលមកពីលុយនោះជាកញ្ចប់មួយតូច ដែលលោក និងក្រុមការងារទៅគិតគូរលើការចំណាយផ្សេងៗច្រើនជាង។ លោកថា លោកមិនដែលកើតមានបញ្ហារឿងកញ្ចប់ថ្លៃសាំងអ្នកសារព័ត៌មាននោះទេ ប៉ុន្តែបណ្ដាលមកពីបណ្ដាប៉ុស្ដិ៍ទូរទស្សន៍ និងរោងកុន ក៏មិនទាន់បង្វិលលុយឱ្យលោកនោះដែរ ទើបបណ្ដាលឱ្យលោកធ្វេសប្រហែសក្នុងការបង្វិលលុយនេះ តែក៏មិននឹកស្មានថាអ្នកកាសែតមួយចំនួន គឺគ្រាន់តែបើកលុយដែលក្រុមហ៊ុនរបស់លោកផ្ដល់អោយក្នុងនាមថ្លៃសាំងនោះមិនទាន់ក៏បែរជាប្រកាសថា លោកជំពាក់លុយថ្លៃផ្សាយពាណិជ្ជកម្មដូចការប្រកាសបែបហ្នឹងនោះដែរ ដោយលោកបញ្ជាក់ថា ការប្រកាសបែបនេះ គឺហាក់ដូចជាលោកទិញទំព័រផ្សព្វផ្សាយនៅលើកាសែត ហើយមិនទទួលខុសត្រូវដោយមិនបង់លុយឱ្យ។ លោកប្រកាសឱ្យអ្នកកាសែតទាំងអស់មកយកលុយនៅក្រុមហ៊ុនរបស់លោក ខណៈដែលលោកក៏បានប្រកាសថា ការពិតថវិកាដែលខ្វះលើអ្នកកាសែតនោះ លោកក៏បានឮថា ក្រុមការងាររបស់លោកនឹងបើកឱ្យនៅសប្ដាហ៍នេះផងដែរ ដោយសារតែខាងប៉ុស្ដិ៍ទូរទស្សន៍ក៏បង្វិលលុយទាំងម៉ឺនដុល្លារឱ្យលោកក្រោយពីជំពាក់ច្រើនខែ ប៉ុន្តែមិនទាន់បានគិតគូរផង ក៏ស្រាប់តែមានការបង្ហោះបង្ខូចឈ្មោះបែបនោះ។

    សូមជម្រាបថា លោកអ៊ិន សុភិន សម្ដែងការខកចិត្ត ចំពោះបណ្ដាញផ្សព្វផ្សាយដែលបានផ្សាយពីលោក ខណៈដែលពេលកន្លងមក លោក និងក្រុមអ្នកសារព័ត៌មានក៏មានការងារត្រូវធ្វើជាមួយគ្នាជិតស្និទ្ធ ដែលមិនគួរថាត្រឹមតែបញ្ហាយឺតយ៉ាវ ហើយក៏ជាលុយតិចតួចដែលលោករវល់តែខ្វាយខ្វល់នឹងកិច្ចការធំផ្សេងប៉ុណ្ណឹង ស្រាប់តែឈានដល់ការបង្ខូចឈ្មោះលោក៕

  • CPL កំពុង​ទទួល​បានការ​គាំទ្រ​ខ្លាំង​លើ​ ការបណ្តុះបណ្តាល​ជំនាញ​លក់​អចលនទ្រព្យ

    CPL កំពុង​ទទួល​បានការ​គាំទ្រ​ខ្លាំង​លើ​ ការបណ្តុះបណ្តាល​ជំនាញ​លក់​អចលនទ្រព្យ

    ដើម្បី​ជួយ​ឱ្យ​ភ្នាក់ងារ​អចលនទ្រព្យ​នៅក្នុង​រាជធានី​ភ្នំពេញ​ក៏ដូចជា​នៅតាម​ខេត្ត​នានា​មាន​ជំនាញ​ច្បាស់លាស់​ក្នុង​ការលក់​អចលនទ្រព្យ​ប្រកបដោយ​វិជ្ជាជីវៈ​ត្រឹមត្រូវ និង​ទទួលបាន​ជោគជ័យ ក្រុមហ៊ុនស៊ី​ភី​អែល ខេ​ម​បូ​ឌា ប្រ​ភើ​ធី លី​មី​ធី​ត (CPL) បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​ជំនាញ​លក់​អចលនទ្រព្យ​នេះ​ជា​រៀងរាល់ខែ ហើយ​ទទួលបាន​ការចាប់អារម្មណ៍ និង​ចូល​រូ​ម​ពី​សិក្ខាកាម​ជាច្រើន​រហូត​សឹង​មិនមាន​កន្លែង​អង្គុយ​ទៀតផង។

    លោក​ឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន CPL និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា មានប្រសាសន៍ថា ដោយ​មើលឃើញថា វិស័យ​អចលនទ្រព្យ​នៅតែ​បន្ត​រីកចម្រើន​ទៅមុខ​ឥតឈប់ឈរ ហើយ​ភ្នាក់ងារ​មួយចំនួន​នៅតាម​បណ្តា​ខេត្ត​នានា​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​មិនទាន់មាន​ជំនាញ​ច្បាស់លាស់​ក្នុងការ​ក្លាយខ្លួនជា​ភ្នាក់ងារ​អចលនទ្រព្យ​ឱ្យស្រប​តាមផ្លូវ​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រុមហ៊ុន CPL បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​នេះ​ឡើង​ដើម្បីឱ្យ​ពួកគាត់​មានចំណេះ និង​ជំនាញ​ពិតប្រាកដ​ក្នុង​វិស័យនេះ​ដើម្បី​ទទួលជោគជ័យគ្រប់ៗគ្នា។

    លោក​មានប្រសាសន៍ថា វគ្គ​បណ្តុះបណ្តាល​នេះ​ចាប់ផ្តើម​រៀបចំឡើង​នៅ​ដើមឆ្នាំ2018 ដោយមាន​ការចូលរួម​ពី​សិក្ខាកាម​ដែលមាន​បំណង​ធ្វើជា​ភ្នាក់ងារ​អចលនទ្រព្យ​នៅក្នុង​រាជធានី​ភ្នំពេញនិង​តាម​បណ្តា​ខេត្ត ហើយ​អ្វីដែល​ពិសេស​ជាងនេះទៀត​នោះ គឺមាន​ថៅកែ​ពុះ​ដីឡូត៍​លក់ ឧកញ៉ា និង​បណ្ឌិត​មួយចំនួន​ក៏បាន​មក​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​ខាងលើ​នេះដែរ ដែល​ធ្វើឱ្យ​លោក​ឧកញ៉ា​មានការ​ភ្ញាក់ផ្អើល និង​នឹកស្មាន​មិន​ដល់​ថា​មានការ​គាំទ្រ​ដល់​ថ្នាក់​នេះឡើយ “គោលបំណង​របស់​CPL គឺ​យើង​គ្រាន់តែ​ចង់​ធ្វើការ​បណ្តុះបណ្តាល​លើ​ភ្នាក់ងារ​អចលនទ្រព្យ​ដើម្បី​ឱ្យមាន​ជំនាញ​ត្រឹមត្រូវ​ដើម្បី​អាច​ផ្តល់​សេវាកម្ម​ក្នុង​ការលក់​ជូន​អតិថិជន​ឱ្យទទួល​បាន​ជោគជ័យប៉ុន្តែ​ជាក់ស្តែង គឺមាន​ទាំង​ថៅកែ​ក្រុមហ៊ុន​ពុះ​ដី​ឡូ​តិ៍ លោក-​ឧកញ៉ា លោក​បណ្ឌិត មក​ចូលរៀន​វគ្គ​បណ្តុះបណ្តាល​នេះ​កាន់តែច្រើនឡើងៗ រហូត​គ្មាន​កន្លែង​អង្គុយ និង​មិន​ហ៊ាន​ទាំង​ទទួល​ការ​កក់​ឈ្មោះ​ចូលរៀន​ទុក​មុន​ទៀតផង”។

    ចាប់ពី​ដើមឆ្នាំ2018 មក​ក្រុមហ៊ុន​បណ្តុះបណ្តាល​បាន 3វគ្គ​ហើយ ដែលមាន​សិក្ខាកាម​ចូលរួម​សរុប​ចំនួន 250នាក់។ ក្រោយពី​បានទទួល​ការបណ្តុះបណ្តាល​រួច មាន​សិក្ខាកាម​ជាច្រើន​បានចេញ​ទៅរក​ស៊ី​ធ្វើជា​ឈ្មួញកណ្តាល​ក្នុង​ការទិញ-លក់​ដី និងទទួលបាន​ជោគជ័យ​លើ​ការងារ​របស់ខ្លួន​ជាច្រើន ដោយ​លក់បាន​ច្រើន​កន្លែងផ្សេងៗគ្នា និង​ទទួលបានកម្រៃជើងសា​ច្រើន​គួរឱ្យ​ចាប់អារម្មណ៍​ជាខ្លាំង។

    ជំនាញ​ដែល​សិក្ខាកាម​ទទួលបាន​ពី​វគ្គ​បណ្តុះបណ្ដាល​ខាងលើ រួមមាន​ការយល់ដឹង​អំពី​ផ្លូវច្បាប់​ពាក់ព័ន្ធ​ក្នុង​ការទិញ-លក់អចលនទ្រព្យ ចៀសវាង​ការកើតមាន​បញ្ហាផ្សេងៗ ជំនាញ​ចរចា​ក្នុង​ការលក់​យ៉ាង​មាន​ប្រសិទ្ធភាព ជំនាញ​រៀបចំ​ឯកសារ​មើល​ប្លង់​កម្មសិទ្ធិ​ដីធ្លី និង​ជំនាញ​វាយតម្លៃ​អចលនទ្រព្យ​ជាដើម។ ត្រង់ចំណុច​នេះ​លោក​ឧកញ៉ា​បាន​បញ្ជាក់ថា ក្រុមហ៊ុន​បានរៀបចំ​ប្រព័ន្ធ(System) មួយ​នៅក្នុង​កុំព្យូទ័រ​ដែល​ជួយ​សម្រួល​ដល់​ទាំង​អ្នកលក់ និង​អ្នកទិញ ដោយ​គ្រាន់តែ​វាយ​បញ្ចូល​ឈ្មោះ​ទីតាំង​ដី​ត្រង់ចំណុច​ណាមួយ រួចហើយ​ប្រព័ន្ធ​នោះ​នឹង​បង្ហាញ​ពី​តម្លៃ​ឱ្យ​អ្នកលក់ និង​អ្នកទិញ​អាច​ទទួលយកបាន​ទាំងសងខាង​ដោយ​មិន​លម្អៀង​ដូច​មាត់​មនុស្ស​ចេះតែ​ថា​នោះទេ។ ជាធម្មតា​យើង​ដឹង​ហើយ​ថា អ្នកលក់​ចង់បាន​តម្លៃ​ខ្ពស់ ចំណែក​អ្នកទិញ​ចង់បាន​តម្លៃ​ទាប ដូច្នេះ​ដើម្បីឱ្យ​ការចរចា​លើ​ការទិញ-លក់​ឆាប់​ត្រូវ​គ្នា ភាគី​ទាំងពីរ​អាច​បញ្ចូល​ទីតាំង​ដី​ទៅក្នុង​ប្រព័ន្ធ​នេះ នឹង​ឆាប់​រក​ចំណុចកណ្តាល​ត្រូវ​គ្នា​បាន​ឆាប់រហ័ស។

    លោក​ឧកញ៉ា​បញ្ជាក់ថា ក្រៅពី​គ្រូ​បណ្តុះបណ្តាល​វគ្គ​ខាងលើ​ហើយ ក្រុមហ៊ុន​ក៏មាន​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ជាច្រើន​នៅក្នុង​តំបន់​អាស៊ី​ដែលមាន​បទពិសោធ​ខ្ពស់ និង​យូរ​ឆ្នាំ​ដើម្បី​ផ្លាស់ប្តូរ​ចំណេះ ជំនាញ និង​បទពិសោធ​ដល់​បុគ្គលិក និង​សិក្ខាកាម​នៅ​វគ្គ​បន្តបន្ទាប់​ទៀត ឱ្យ​ពួកគេ​មាន​សមត្ថភាព​កាន់តែខ្លាំង​ឡើងដូច​បណ្តា​ប្រទេស​នៅក្នុង​តំបន់។

    សិក្ខាកាម​ដែល​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ខាងលើ លោក​បណ្ឌិត ជា ចំរើន មានបាន​ប្រសាសន៍ថាទោះបី​លោក​មាន​សញ្ញាបត្រ​បណ្ឌិត ធ្លាប់ធ្វើ​ការងារធំៗជាច្រើន​ក៏ដោយ ក៏ប៉ុន្តែ​លោក​នៅ​មិនទាន់មាន​ជំនាញ​ខាង​ទិញ-លក់​ដីធ្លី​នៅឡើយ​ទេ ដែល​នេះ​ជាហេតុ​ធ្វើឱ្យ​លោក​រួម​នឹង​សហការី​ជាច្រើន​នាក់​សម្រេចចិត្ត​ចូលរៀន​វគ្គ​បណ្តុះបណ្តាល​នេះ ដើម្បី​បាន​យល់ដឹង​កាន់តែច្បាស់​ក្នុងការ​ប្រកប​របរ​លើ​ជំនាញ​អចលនទ្រព្យ​នេះ។ លោក​បញ្ជាក់​ដូច្នេះ​ថា “ថ្វីដ្បិតតែ​ខ្ញុំ​មាន​សញ្ញាបត្រ​ដល់​ថ្នាក់បណ្ឌិត​ក៏ដោយ ប៉ុន្តែ​នៅក្នុង​អាជីវកម្ម​នេះ​វា​មាន​ជំនាញ​ខុសពី​ជំនួញ​អាជីព ឬ​អាជីវកម្មផ្សេងៗទៀត។ នៅពេលដែល​ខ្ញុំ​ចូលនិវត្តន៍ ខ្ញុំ​គិតថា​នឹង​ប្រើ​ពេលវេលា​ដែល​នៅ​សេសសល់​សម្រាប់​ចូលរួម​ការងារ​លើ​វិស័យ​អចលន-ទ្រព្យ​នេះ​នៅពេល​បច្ចុប្បន្ន ក៏ដូចជា​ទៅ​អនាគត”។

    លោក​បាន​បន្ថែមថា សម្រាប់​អាជីវ​កម្មនេះ គេ​ផ្តោតលើ​ចំណុច​សំខាន់3 ទី1. សមត្ថភាព ទី2.គឺ​អាជីព ទី3.គឺ​សម្ព័ន្ធមេត្រីភាព។ សមត្ថភាព​ត្រូវមាន​ធាតុ​ផ្សំ​មួយចំនួនទៀត គឺ​ចំណេះដឹង ទេពកោសល្យ និង​គុណធម៌ ចំណែក​អាជីព គឺ​ផ្តោតលើ​មុខរបរ ព្រោះថា នៅពេល​បន្តទៅទៀត​យើង​នឹងមាន​មុខរបរ​ផ្នែក​អចលនទ្រព្យ ទិញ លក់ ជូ​ល ដីធ្លី​ផ្ទះសំបែង ហើយ​ដើម្បី​ប្រកប​អាជីព​នេះ​បាន​លុះត្រាតែ​យើង​មក​រៀន​ពី​អ្នក​ដែលមាន​បទពិសោធ​ជោគជ័យ លើ​អាជីព​នេះ​ពិសេស គឺ​លោក​ឧកញ៉ា ចេង ខេង តែម្តង​ដែលមាន​បទពិសោធ​ជោគជ័យ​លើ​វិស័យនេះ​យូរ​ឆ្នាំ ហើយ​លោក​បាន​បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​នេះ​ឡើង​ទុក​សម្រាប់​មនុស្ស​ជំនាន់ក្រោយៗទៀត​ដើម្បី​ផ្តល់​ការងារ​ឱ្យ​ពួកគេ​បាន​កាន់តែច្រើន។

    លោក​បាន​បញ្ជាក់ថា ការ​មក​សិក្សា​វគ្គ​នេះ សិក្ខាកាម​ទទួលបាន​ចំណេះដឹង​ច្រើន ដូចជា​ចំណេះដឹង​ពី​ច្បាប់ វិធីសាស្ត្រ​វាយតម្លៃ​អចលនទ្រព្យ វិធីសាស្ត្រ​លក់​អចលនទ្រព្យ វិធីសាស្ត្រ និង​យុទ្ធសាស្ត្រ​ទាក់ទាញ​ឱ្យ​អតិថិជន​ចាប់អារម្មណ៍​ទិញ​ជាដើម ដូចជា​ថា តើ​ហេតុអ្វី​បានជា​យើង​ត្រូវ​ទិញ​ដី ព្រោះ​យើង​ដឹង​ហើយ​ថា​ដី​ទិញ​ទុក​អាច​ឡើងថ្លៃ តែបើ​ទុក​លុយ​យូរ លុយ​អាច​ចុះថោក៕

    លោក​ឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន CPL
    ក្រុមសិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាលរបស់ក្រុមហ៊ុន CPL
  • លី ចាន់សីហា បង្កើតផលិតផលប្រ៊េនឈ្មោះកូនស្រី និងគ្រោងនឹងវីឡាថ្មីសម្រាប់កូនស្រី 

    លី ចាន់សីហា បង្កើតផលិតផលប្រ៊េនឈ្មោះកូនស្រី និងគ្រោងនឹងវីឡាថ្មីសម្រាប់កូនស្រី 

    តារាសម្តែងដែលទស្សនិកជនស្គាល់នាងថាជាតារាទឹកភ្នែក នៅក្នុងភាពយន្ដខ្នាតធំ « មរណមាតា » ដែលជាស្នាដៃដឹកនាំរឿងរបស់លោក ហ្វៃ សំអាង គឺអ្នកនាង លី ចាន់សីហា ដែលថ្មីៗនេះ ទើបតែបានប្រសូតបុត្រីមួយមានអាយុ 5 ខែហើយ មានរូបឆោមស្រស់ស្អាត មិនចាញ់ម្ដាយឡើយ។ មួយរយៈមុន អ្នកនាងបាន​បាត់មុខពីសិល្បៈអស់រយៈពេលជាយូរខែ ដោយសារតែនាងជាប់សម្រាលបុត្រ តែបច្ចុបប្បន្ននាងបានប្រាប់ថា នាងបានវិលមកកាន់សិល្បៈសារជាថ្មីម្ដងទៀតហើយ តែមិនទទួលការងារច្រើនដូចមុនទេ ព្រោះចង់ទុកពេលផ្ទាល់ខ្លួនខ្លះសម្រាប់មើលថែទាំកូនស្រី។

    ជាមួយគ្នានេះដែរ សីហា បានបង្ហាញមុខសម្ភាសន៍នៅក្នុងកម្មវិធីកម្សាន្ដក្នុងស្រុកមួយ ដែលនាង បានលើកឡើងពីកូនស្រីជាគ្រាប់ពេជ្រតែមួយ ហើយនាងបានបង្កើតផលិតប្រ៊េនមួយ ដោយបានដាក់ឈ្មោះកូនស្រីផ្ទាល់ និងទុកជាកាដូអាជីពសម្រាប់កូននាថ្ងៃអនាគត។ នាងថា «ពាក់ព័ន្ធនឹងមុខរបរផ្ទាល់ខ្លួន ក្រៅពីការងារសិល្បៈ នាងខ្ញុំក៏មានបើសំអាងការមួយដែល គឺសំអាងការ លី ចាន់សីហា ខណៈថ្មីៗនេះ ក្រៅពីសំអាងការ នាងខ្ញុំក៏មាននាំចូលផលិតផលសំអាងគ្រឿងក្រអូប ផ្តាច់មុខមកពីប្រទេសថៃផងដែរ ដោយផលិតផលនេះ គឺដាក់ប្រេនឈ្មោះកូនស្រីតែម្តង គឺ Fendi »។

    អ្នកនាងបានបន្ដទៀតថា ដោយសារតែស្រលាញ់ក្មេងៗខ្លាំង នៅថ្ងៃអនាគតអាចអ្នកគ្រោងនឹងយកកូនប្រាំនាក់ ប៉ុន្តែបច្ចុប្បន្ននាង មិនទាន់ចង់យកមួយទៀតនោះទេ ពោលគឺទុកពេលឱ្យក្តីស្រលាញ់កាន់តែច្រើន ទៅកូនស្រីដំបូងសិន និងងាកមកពង្រីកអាជីព និងមុខរបរផ្ទាល់ខ្លួន ព្រមទាំងបំពេញគោលបំណងនៅថ្ងៃអនាគតគឺជាទិញវីឡាឱ្យកូនស្រីតែម្តង។

    គួរបញ្ជាក់ផងដែរថា តារាស្រីរូបនេះ ពិតជាអ្នកម្តាយមួយរូបមានទំនួលខុសត្រូវខ្លាំងណាស់ ចំពោះកូនស្រី ពោលគឺមានគម្រោងជាស្រេចក្នុងការរៀបចំអនាគតសម្រាប់កូនស្រីដ៏ល្អ៕

  • អង់គ្លេស ទៅ​វគ្គ 16ក្រុម ខណៈ​ជប៉ុន និង​កូ​ឡុំ​ប៊ី រក្សា​ក្តីសង្ឃឹម​ក្នុង World Cup

    អង់គ្លេស ទៅ​វគ្គ 16ក្រុម ខណៈ​ជប៉ុន និង​កូ​ឡុំ​ប៊ី រក្សា​ក្តីសង្ឃឹម​ក្នុង World Cup

    ក្រុមបាល់ទាត់​ជម្រើសជាតិ​អង់គ្លេស បាន​កក់​កៅអី​របស់​ពួកគេ​ទៅកាន់​វគ្គ 16ក្រុម​ចុងក្រោយ​នៃ​យុទ្ធនាការ World Cup ក្រោយពី​ពួកគេ​បាន​ផ្តួល​ក្រុម​ជម្រើសជាតិ​ប៉ា​ណា​ម៉ា យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល 6-1 ដោយ​ខ្សែប្រយុទ្ធ Harry Kane បាន​ស៊ុត​បាល់​បញ្ចូល​ទី3គ្រាប់​កាលពី​ថ្ងៃអាទិត្យ។

    បច្ចុប្បន្ន Kane រកបាន5គ្រាប់​ក្នុងប្រទេស​រុស្ស៊ី ដើម្បី​ឡើងឈរ​ពីលើ​ខ្សែប្រយុទ្ធ Cristiano Ronaldo និង​RomeluLukaku ក្នុងការ​ប្រជែង​ដណ្តើម​ស្បែកជើង​មាស ខណៈដែល​ក្រុម​របស់​អាមេរិក​កណ្តាល​មួយ​នេះ ត្រូវបាន​ទម្លាក់​ចេញ​ត្រឹម​វគ្គ​ចែក​ពូ​ល​រួម​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ទុយ​នី​ស៊ី។ ក្រុមបាល់ទាត់​ជម្រើសជាតិ​បែលហ្ស៊ិក និង​អង់គ្លេស ដែល​នឹងត្រូវ​ជួបគ្នា​ក្នុង​ទីក្រុង Kaliningrad នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​ប្រជែង​ដណ្តើមយក​ចំណាត់ថ្នាក់​លេខ1ក្នុង​ពូ​ល G នោះ សុទ្ធសឹង​មាន6ពិន្ទុ​ដូចគ្នា ក្រោយពី​ការប្រកួត 2លើក និង​មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ស្មើគ្នា។ លោក AliouCisse គ្រូបង្វឹក​នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​សេ​ណេ​ហ្គា​ល់ បាន​ប្រាប់​តារា​ឆ្នើម Sadio Mane ឱ្យ​បង្កើន​ទម្រង់​លេង​របស់ខ្លួន​ក្នុង​យុទ្ធនាការ World Cup បើទោះបី​ខ្សែប្រយុទ្ធ​របស់​ក្លិប Liverpool រូបនេះ បាន​ស៊ុត​បាល់​បញ្ចូល​ទី1គ្រាប់ ក្នុងពេល​ពួកគេ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ 2-2 ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ជប៉ុន កាលពី​ថ្ងៃអាទិត្យ​ក៏ដោយ។ ខ្សែប្រយុទ្ធ​បម្រុង Keisuke Honda បា​នរក​គ្រាប់​បាល់​តាម​ស្មើ​វិញ​នៅ​រយៈពេល12នាទីចុងក្រោយ ខណៈដែល​ជប៉ុន បានធ្វើការ​វាយបក2លើក ដើម្បី​តាម​ស្មើ​សេ​ណេ​ហ្គា​ល់ ក្នុងការ​ប្រកួត​នា​កីឡដ្ឋាន Yekaterinburg Arena ដែល​ធ្វើឱ្យ​ពូ​ល H ស្ថិតក្នុង​លក្ខ​ខណៈ​បើកចំហ។

    ស្របពេល​ជាមួយគ្នានេះ លោក Jose Pekerman គ្រូបង្វឹក​នៃ​ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី បាន​ផ្ញើ​ជ័យជម្នះ 3-០ លើ​ក្រុម​ប៉ូឡូញ ក្នុងការ​ប្រកួត World Cup លើ​ក្រុម​ប៉ូឡូញ ទៅឱ្យ​ខ្សែបម្រើ Carlos Sanchez កាលពី​ថ្ងៃអាទិត្យ ក្រោយពី​មាន​ព័ត៌មាន​ថា កីឡាករ​រូបនេះ​បានទទួល​ការ​គំរាម​សម្លាប់​សម្រាប់​ការទទួល​កាត​ក្រហម​របស់គេ​ពេល​ប្រកួត​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ជប៉ុន៕

    ប្រភពពី៖ Sport24

  • អុញ​នុះ ដល់ក​បណ្ដោយ!!! ញ៉ែម សុគន្ធ ត្រូវ​គណនី​ហ្វេ​ស​ប៊ុ​ក​មួយទៀត​ទម្លាយ​ថា​ជា «ខ្ទើយ​លាក់​មុខ» ក្រោយ​ភ្ជាប់ពាក្យ​រួច

    អុញ​នុះ ដល់ក​បណ្ដោយ!!! ញ៉ែម សុគន្ធ ត្រូវ​គណនី​ហ្វេ​ស​ប៊ុ​ក​មួយទៀត​ទម្លាយ​ថា​ជា «ខ្ទើយ​លាក់​មុខ» ក្រោយ​ភ្ជាប់ពាក្យ​រួច

    រឿងរ៉ាវ​របស់​តារា​សម្ដែង​ប្រុស ញ៉ែម សុគន្ធ នៅតែ​កើតមាន​ជា​បន្តបន្ទាប់​អំពី​ព័ត៌មាន​ដែលថា​ជា​ប្រុស​ស្រឡាញ់​ភេទ​ដូចគ្នា បើទោះបីជា​តារា​រាង​ខ្ពស់​សង្ហា​រូបនេះ​បាន​ភ្ជាប់ពាក្យ​ជាមួយ​នារី​រូប​ស្រស់​សោភា​ម្នាក់​ហើយ​ក្ដី ប៉ុន្ដែ​មកទល់ពេលនេះ ក៏​នៅតែមាន​ការទម្លាយ​រឿង​របស់លោក​ថា ធ្លាប់មាន​ប្រវត្តិ​ទាក់ទង​គ្នា​ជាមួយ​ក្មេងប្រុស និង​មាន​សម្ព័ន្ធ​ស្នេហ៍​ភេទ​ដូចគ្នា​ក្រៅ​រង្វង់​សិល្បៈ​ជា​បន្តបន្ទាប់​ដដែល។

    ដូច​កាលពីពេល​កន្លង​ទៅនេះ ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​កមួយ​បាន​ទម្លាយ​រឿង​តារា​ប្រុស ញ៉ែម សុគន្ធ បាន​សុំ​មើល​ប្រដាប់ភេទ​របស់ខ្លួន និង​ថែមទាំង​បាន​អះអាងថា ញ៉ែម សុគន្ធ​ជា​ពូ​របស់ខ្លួន​ថែមទៀត​ផង។ ហើយ​នៅពេលថ្មីៗនេះ​ទៀត ស្រាប់​តែមាន​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ម្នាក់ទៀត​បាន​ទម្លាយ​ថា តារា​ប្រុស​រូបនេះ​បាន​ទាក់ទង​រូបគេ ហើយ​ក្រោយមក​បាន​បោះបង់​រូបគេ​ចោល ដោយបាន​បញ្ជាក់យ៉ាងច្បាស់ៗថា ញ៉ែម សុគន្ធ «ជា​ខ្ទើយ​លាក់​មុខ»។

    នៅក្នុង​សំណេរ​នោះ​មានការ​រៀបរាប់​ដូច្នេះ​ថា ៖ «ខ្ញុំម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ សំណាង សូម​បកស្រាយ​រឿង​ពិត​ខ្លះ ស្តីពី​តារា​សម្ដែង ញ៉ែម សុគន្ធ វា​គួរ​ឲ្យ​សង្វេគ​ណាស់ អាណិត​ណាស់ និង​អាម៉ាស់​ជាទីបំផុត ដែល​តារា​រូបនេះ​ធ្វើឱ្យ​សង្គម​សិល្បៈ​អាប់ឱន និង​ធ្វើឱ្យ​ជីវិត​មនុស្ស​ម្នាក់​ត្រូវ​រង​នូវ​ភាពអយុត្តិធម៌ ព្រមទាំង​នារី​ម្នាក់​ជា​គូ​ដណ្តឹង​របស់លោក ញ៉ែម សុគន្ធ នឹងត្រូវ​អាម៉ាស់​នៅ​ថ្ងៃ​អនាគត ជាពិសេស​លោក​ញ៉ែម សុគន្ធ មុខ​ក្រាស់​មិនចេះ​ខ្មាស សូម្បីតែ​ខ្ញុំម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ សំណាង ក៏​គាត់​ស៊ី​ខ្ញុំ​ហើយ​បោះបង់​ខ្ញុំ​ចោល​ដែរ ដូច្នេះ​ខ្ញុំ​សូម​បញ្ចាក់​ឱ្យ​ច្បាស់​ក្នុងថ្ងៃនេះ​ថា ញ៉ែម សុគន្ធ ជា​ប្រភេទ​ស៊ី​ទាំងប្រុស ស៊ី​ទាំងស្រី ឬ​ហៅថា​ខ្ទើយ​លាក់​មុខ។ គាត់​បាន​លេង​ជាមួយ​ខ្ញុំ​តាំងពី​គាត់​នៅ​ជិះ​ទ្បាន​ឆ្លាម ពណ៌​ស្ករ ម្ល៉េះ នៅក្រោយ​វត្ត​បទុម គឺ​លេង​នៅក្នុង​ទ្បាន​តែម្តង គាត់​ស៊ី​ប្រុស​មិន​រើសមុខ ក្រោយមក​ក៏​លេចឮ​មានរឿង​អាស្រូវ​ជាមួយ​ក្មួយប្រុស​គាត់​ដែលជា​ម្ចាស់​គណនី ឈ្មោះ សុវណ្ណ រិ​ទ្ធ តែ​ខ្ញុំ​មិនដឹងថា សុវណ្ណ រិ​ទ្ធ មាន​ចំណងស្នេហា​ជាមួយ​គាត់​ឬ​យ៉ាងណាទេ តែ​បែរជា​ខាង​គ្រួសារ​របស់ សុវណ្ណ រិ​ទ្ធ ថា​គាត់​ហ្នឹង​បែក​ថ្នាំ​ទៅវិញ ខ្ញុំ សំណាង គិតថា​សុវណ្ណ រិ​ទ្ធ មិនមែន​បែក​ថ្នាំ និយាយ និង​ស​សេរ​ផ្តេសផ្តាស់​នោះទេ តែ​តាមមើល គ្រាន់តែ​គ្រួសារ​គេ​ចង់ទុក​មុខ​ឱ្យ និង​លាក់បាំង​ធាតុពិត​របស់ លោក​ញ៉ែម សុគន្ធ តែ​ប៉ុណ្ណឹង តាមពិត​គាត់​ជា​ខ្ទើយ​លាក់​មុខ​មែន ហើយ​បាន​លេង​ប្រដាប់ភេទ​ខ្ញុំ​ក្នុង​ទ្បាន​គាត់​ជា​ច្រើនដង​ទៀតផង។ ដូច្នេះ​សូម​បងប្អូន​ជ្រាប​ពីមុខ​មាត់​ពិត​របស់​តារា​រូបនេះ កុំឱ្យ​គាត់​ដើរ​បំផ្លាញ​កិត្តិយស​របស់​មនុស្ស​ប្រុស និង​មនុស្ស​ស្រី​ដទៃ​ផ្សេងទៀត។ និយាយ​ទៅ​បងប្រុស​ឈ្មោះ​សុវណ្ណ រិ​ទ្ធ ដែលជា​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក ដែល​ធ្លាប់មាន​រឿងអាស្រូវ​ជាមួយ ញ៉ែម សុគន្ធ នោះ​មិនដឹង​ជា​យ៉ាងម៉េច​ទេ​ឥ​ទ្បូ​វ ហើយក៏​បាត់​លែងឃើញ​លេង​ហ្វេ​ស​ប៊ុ​ក យូរ​មកហើយ ប្រហែល​គាត់​ត្រូវ​សាច់ញាតិ​គាត់​បរិហារកេរ្ដិ៍ រឿង​ថា​គាត់​បែក​ថ្នាំ​ក៏​មិនដឹង តែបើ​សុវណ្ណ រិ​ទ្ធ ពិត​អ៊ីចឹង​មែន ខ្ញុំ​សរសើរ​គាត់​វិញ ព្រោះ​គាត់​ជា​មនុស្ស​ធម្មតា1រូប តែ​គាត់​ចេះ​ខ្មាស់​គេ​ដល់​ថ្នាក់​បិទ​ហ្វេ​ស​ប៊ុ​ក​ឈប់​លេង ចុះ​បែរជា លោក​ញ៉ែម សុគន្ធ វិញ​ជាតា​រា​ល្បី​មួយរូប ម៉េច​ក៏​ថោកទាប​មិនចេះ​ខ្មាស​គេ​អ៊ីចឹង? ផ្តាំ​ទៅ​លោក ញ៉ែម សុគន្ធ កុំ​ដើរ​បំផ្លាញ អនាគត​ក្មេងប្រុស និង​នារី​ជា​គូ​ដណ្តឹង​ឱ្យ​ខ្មាស់​គេ​ទៀត​អី។ សូម​អរគុណ និង​ជំរាបលា»។

    បើទោះជា​យ៉ាងនេះ​ក្ដី ការទម្លាយ​រឿងនេះ​ត្រូវបាន​មហាជន​សង្ស័យ និង​មើលឃើញថា​ជា​គណនី​ក្លែងក្លាយ​មួយ​ដែល​មានបំណង​ចង់​ធ្វើបាប​លោក ញ៉ែម សុគន្ធ តែប៉ុណ្ណោះ។ គួរបញ្ជាក់​ផងដែរ​ថា សារព័ត៌មាន ឡា​រ៉ែ​ន នៅ​មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​ពី​តារា​ប្រុស​រូបនេះ​បន្ថែម​បានទេ​នៅពេល​ព្រឹក​នេះ៕