Category: សង្គម និងសេដ្ឋកិច្ច

  • 2ខែ​ទៀតប្រឡង​បាក់​ឌុប​ហើយ តើ​សិស្ស​អាចធ្វើ​អ្វីខ្លះ​ក្នុង​រយៈពេល​នេះ?

    2ខែ​ទៀតប្រឡង​បាក់​ឌុប​ហើយ តើ​សិស្ស​អាចធ្វើ​អ្វីខ្លះ​ក្នុង​រយៈពេល​នេះ?

    ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ជា​ដំណើរ​ឆ្លងកាត់​កម្រិត​ម​ធ្យ​ម​សិក្សា​យ៉ាង​ស្វិតស្វាញ​មួយ ព្រោះ​ជីវិត​ជា​សិស្ស​បឋម និង​មធ្យមសិក្សា​សរុប​រយៈពេល12ឆ្នាំ នឹងត្រូវ​កំណត់​ក្នុង​រយៈពេល​តែ2ថ្ងៃនេះ​ប៉ុណ្ណោះ​ថា តើ​អាច​ឆ្លង​ផុត ឬ​មិន​ផុត?។

    ថ្មីៗនេះ ក្រសួង​អប់រំ យុវជន និង​កីឡា​បានប្រកាសថា ដំណើរការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា2017-2018 នេះ​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី20 – 21 ខែសីហា ខាងមុខនេះ។ បើ​គិត​ទៅ រយៈពេល​នេះ​គឺ​សល់​មិន​ដល់ 2ខែ​ទៀត​នោះទេ ហើយ​វា​ក៏​ជា​ពេល​ល្អ​មួយ​ដែល​សិស្ស​អាច​ចាប់ផ្តើម​ត្រៀមខ្លួន​ឱ្យបាន​ល្អ ឬ​ស្តារ​ស្ថានការណ៍ឡើងវិញ ក្នុង​លក្ខខណ្ឌ​ដែល​មិនសូវ​បាន​ប្រឹងប្រែង ឬ​ធ្វេសប្រហែស​ក្នុង​ឆ្នាំ​សិក្សា​នេះ។

    អតីត​សិស្ស​ពូកែ​ទូទាំងប្រទេស​យុវជន សេង វីរៈ​បុត្រ បាន​លើកឡើងថា ​នៅក្នុង​រយៈពេល​នេះ​ជា​ពេលវេលា​ល្អ​មួយ​សម្រាប់​ការ​សង្ខេប​មេរៀន និង​អនុវត្ត​លំ​ហាត់។ ដំណាក់កាល​ជិត​ប្រឡង អាចជា​ដំណាក់កាល​មួយ​ដែល​មេរៀន​ចាប់ផ្តើម​គរ​ខ្លាំង​ហើយ​ប្រសិនបើ​យើង​មិនដឹង​ពិធី​ក្នុងការ​សម្រួល​វា​នោះទេ វា​នឹង​ធ្វើឱ្យ​យើង​មាន​ភាព​រញ៉េរញ៉ៃ ហើយ​មិនដឹង​ចាប់​មេរៀន​មួយណា​មុន។ ស្ថិតក្នុង​ស្ថាន-​ភាពមិន​ស្ងប់ចិត្ត​នេះ យើង​នឹង​អាចមាន​អារម្មណ៍​ថា​ភ័យព្រួយ ហើយ​មិន​អាចមាន​អារម្មណ៍ល្អ​ក្នុងការ​ចងចាំ​មេរៀន រួមទាំង​ការអនុវត្ត​លំ​ហាត់​បានល្អ​នោះទេ ព្រោះ​នៅពេលដែល​មើល​មេរៀន​យើង​នឹក​ឃើញថា​មិនទាន់​ធ្វើ​លំ​ហាត់ ហើយ​ពេលធ្វើ​លំ​ហាត់​នឹង​នឹក​ឃើញថា​មេរៀន​នៅសល់​ច្រើន​មិនទាន់បាន​ចាំ។

    យុវជន សេង វីរៈ​បុត្រ បាន​និយាយថា៖ “ការសង្ខេប​មេរៀន ជា​វិធី​មួយ​ក្នុងការ​បង្រួម​មេរៀន​ដែល​រៀន​ពេញ​មួយឆ្នាំ ឬ​ច្រើន​ឆ្នាំ​ឱ្យ​សល់​ត្រឹមតែ​ជា​ចំណុចខ្លឹមៗ ហើយ​ខ្លី​ងាយស្រួល​យល់ និង​ងាយ​ចាំបាន​ល្អ។ នៅពេលដែល​យើង​បាន​ចំណាយ​ពេលវេលា​ក្នុងការ​សង្ខេប​មេរៀន​បានល្អ វា​នឹង​ធ្វើឱ្យ​យើង​មាន​អារម្មណ៍​ថា​កក់ក្តៅ ព្រោះ​មេរៀនសំខាន់ៗទាំងអស់​ត្រូវ​រៀបចំ​យ៉ាង​មាន​លំដាប់លំដោយ”។

    យុវជន​ខាងលើ​បានលើកឡើង​ផងដែរ​ថា នៅពេលដែល​យើង​បាន​គ្រប់គ្រង​មេរៀនសំខាន់ៗទាំងអស់​នោះបាន​ហើយ យើង​នឹង​អាចមាន​អារម្មណ៍​ថា​ស្ងប់ចិត្ត ហើយ​អាចមាន​អារម្មណ៍​ចែកពេល​វេលា​ដើម្បី​អនុវត្ត​លំ​ហាត់សំខាន់ៗជាច្រើន​សម្រាប់​ត្រៀមប្រឡង។ នៅ​ជិត​ដល់​ថ្ងៃ​ប្រឡង សិស្ស​គ្រាន់តែ​យក​ឯកសារ​ដែល​បាន​សង្ខេប​នោះមក​រំឭក​លម្អិត និង​អនុវត្ត​លំ​ហាត់​តាម​លំដាប់លំដោយយើង​នឹង​អាច​ចូលរួម​ប្រឡង​បាន​ដោយ​មិនមាន​អារម្មណ៍​ថា​ភ័យ​ខ្លាំងពេក ហើយក៏​អាច​កសាង​ទំនុកចិត្ត​បានល្អ​ដើម្បី​ដោះស្រាយ​សំណួរ និង​លំ​ហាត់​ក្នុង​ការប្រឡង​ប្រកបដោយ​ភាពរលូន​ដែរ។

    ស្រប​ជាមួយគ្នានេះដែរ យុវជន ហេង គីម​ហុងសិស្ស​ពូកែ​និទ្ទេស A បាន​ណែនាំ​ថា ក្នុងដំណាក់-កាល​ជិត​ប្រឡង​នេះ សិស្ស​អាច​ប្រមូល​វិញ្ញាសា​ប្រឡងចាស់ៗដែល​គ្រូ​ដាក់ឱ្យ ឬ​លំ​ហាត់​ដែល​ភាគច្រើន​ប្រឡង​ចេញ​កាលពីឆ្នាំមុនៗមក​អនុវត្ត​សាជាថ្មី ដើម្បី​រំឭក​ពីអ្វី​ដែល​បាន​រៀន និង​ដើម្បី​សម្រួច​សមត្ថភាព​ឱ្យបាន​ល្អ​ផងដែរ។ នៅពេលដែល​យើង​បាន​អនុវត្ត​ច្រើន យើង​នឹងមាន​អារម្មណ៍​ថា​យើង​បាន​សាកល្បង​សមត្ថភាព​ប្រឡង​សាកល្បង​ជាច្រើនលើក​ច្រើនសា​រួចរាល់​ហើយ មុនពេល​ថ្ងៃ​ប្រឡង ហេតុនេះ​ដល់​ថ្ងៃ​ប្រឡង​គឺ​គ្មានអ្វី​គួរឱ្យខ្លាច ឬ​គួរឱ្យ​បារម្ភ​នោះទេ តែ​វា​ជា​ថ្ងៃ​ដែល​គួរឱ្យ​រីករាយ​ទៅវិញ​ទេ ព្រោះ​វា​ជា​ថ្ងៃ​ដែល​ត្រូវ​បញ្ចេញ​សមត្ថភាព​ពិតប្រាកដ។

    យុវជន ហេង គីម​ហុង បាន​និយាយថា៖ “សូមកុំ​ធ្វើឱ្យ​ខ្លួនឯង​ស្លន់ស្លោ​ជាមួយនឹង​ដំណាក់កាល​ជិត​ប្រឡង តែ​ត្រូវ​រៀបចំខ្លួន​ឱ្យបាន​ល្អ​តាមរយៈ​ការ​សម្រាក​ខួរក្បាល​ឱ្យ​ល្អ ហើយ​អនុវត្ត​លំ​ហាត់ និង​រំឭក​មេរៀន​ជាប្រចាំ ដើម្បី​បង្កើត​ទម្លាប់​ក្នុងការ​អនុវត្ត ដែល​វា​អាចជួយ​ឱ្យ​យើង​អនុវត្ត​បានល្អនៅពេលដែល​ប្រឡង​ពិតប្រាកដ”។

    យុវជន​ខាងលើ​បានបង្ហាញ​ផងដែរ​ថា ដើម្បី​ស្វែងរក​ឯកសារល្អៗសម្រាប់​សាកល្បង​សមត្ថភាពសិស្សានុសិស្ស​ដែល​ត្រៀមប្រឡង​មធ្យមសិក្សា​ទុតិយភូមិ អាច​ស្វែងរក​សៀវភៅ​កម្រង​វិញ្ញាសា​ដែល​គេ​ចងក្រង និង​ដាក់​លក់បាន​នៅតាម​បណ្ណាគារ ឬ​ស្វែងរក​ឯកសារ​មួយចំនួន​នៅក្នុង​បណ្តាញ​បច្ចេកវិទ្យា​ជាដើម ព្រោះ​នាពេល​បច្ចុប្បន្ននេះ។

    ស្រប​ជាមួយគ្នានេះ​ផងដែរ ក្រសួង​អប់រំ យុវជន និង​កីឡា ក៏បាន​ដាក់ចេញ​នូវ​កម្មវិធី​ទូរស័ព្ទ​ថ្មី​មួយទៀត​ដើម្បី​ជួយដល់​សិស្ស​ត្រៀមប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ឱ្យទទួល​បាន​នូវ​ការពន្យល់ និង​ឯកសារ​ជាច្រើន​សម្រាប់​ប្រឡង​សាកល្បង ដោយ​ប្រើប្រាស់ Smart Phone និង​ដឹង​ពិន្ទុភ្លាមៗក្រោយពេល​តេស្ត​សាកល្បង​នេះ​ថែម​ទៀតផង។ កម្មវិធី​នោះ​មាន​ឈ្មោះថា MoEYS App Scan ដែលមាន​សមត្ថភាព​ក្នុងការ​បង្ហាញ​ពី​រូបភាព វីដេអូ និង​ការពន្យល់​ច្បាស់លាស់ ដោយ​សិស្ស​គ្រាន់តែ​យក​កម្មវិធី​នេះ Scan លើ​រូបភាព​ទាំងអស់​ដែលមាន​នៅលើ​សៀវភៅ​សិក្សា​គោល​សម្រាប់​សិក្សា​របស់​ក្រសួង​លើ​មុខវិជ្ជា រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា៕

  • សុភក្រ កុសុម៉ា អៀនខ្លាំងពេក ពេលច្រៀងគូជាមួយ ឆន សុវណ្ណរាជ

    សុភក្រ កុសុម៉ា អៀនខ្លាំងពេក ពេលច្រៀងគូជាមួយ ឆន សុវណ្ណរាជ

    ដូចដែលប្រិយមិត្តទាំងអស់បានស្គាល់ហើយថា ពិធីការិនីដែលមានវោហារស័ព្ទមិនចេះទាល់ជាមួយនឹងភាពកំប្លុកកំប្លែងកញ្ញា សុភក្រ កុសុម៉ា នាងមានសមត្ថភាពផ្នែកសិល្បៈពហុជំនាញតែម្ដង និងជាពិសេសនោះគឺ នាងមានទឹកដមសំឡេងពីរោះបែបស្អកៗ ដែលកាលពីកុមារភាព តារាស្រីរូបនេះចូលចិត្តច្រៀងត្រាប់តាមសំឡេងអ្នកនាង យក់ ថិតរដ្ឋា ហើយត្រូវបានមហាជនប្រសិទ្ធនាមឱ្យនាងថា យក់ ថិតរដ្ឋា Copy ទៀតផង។

    នៅពេលតារាស្រីរូបនេះវិលត្រឡប់ចូលមកកាន់សិល្បៈវិញ គេសម្គាល់ឃើញថា អាជីពជាពិធីការិនីរបស់នាង ហាក់មានប្រជាប្រិយភាពខ្លាំងជាងអាជីពជាតារាចម្រៀង និងសម្ដែង​ តែនៅពេលថ្មីៗនេះ សុភក្រ កុសុម៉ា ត្រូវបានអញ្ជើញឱ្យចូលរួមច្រៀងនៅក្នុងកម្មវិធីមង្គលការដ៏អធិកអធមមួយ ហើយនាងត្រូវបានគេអញ្ជើញឱ្យចាប់ដៃគូច្រៀងជាមួយនឹងគណៈកម្មការនៃកម្មវិធីប្រឡងចម្រៀង Cambodian Idol គឺលោក ឆន សុវណ្ណរាជ។ នៅពេលនោះគេមើលឃើញថា តារាស្រីរូបនេះហាក់ដូចជារាងភ័យៗបន្ដិច នៅពេលបានជួបច្រៀងជាលើកដំបូងជាមួយលោក សុវណ្ណរាជ​ ក្នុងបទ «ភ័ព្វព្រេងវាសនា»។ នាងនិយាយថា «សំខាន់គឺអៀនណាស់ ពេលបកស្រាយបទចម្រៀងជាមួយបងរាជ…»។

    ចង់ដឹងថា តើការបកស្រាយរបស់ សុភក្រ កុសុម៉ា និងឆន សុវណ្ណរាជ មានភាពពីរោះរណ្ដំ និងកំប្លុកកំប្លែងដល់កម្រិតណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖

  • Seafood Paradise ប៊ូហ្វេ ការទទួលទានគ្រឿងសមុទ្រដ៏អស្ចារ្យសម្រាប់អ្នកចូលចិត្តអាហារសមុទ្រ

    Seafood Paradise ប៊ូហ្វេ ការទទួលទានគ្រឿងសមុទ្រដ៏អស្ចារ្យសម្រាប់អ្នកចូលចិត្តអាហារសមុទ្រ

    La Coupole គឺជាជម្រើសដ៏ល្អសម្រាប់អ្នកដែលចូលចិត្តទទួលទានគ្រឿងសមុទ្រ ដោយមានទាំង Sashimi ដែលស្រស់បំផុត អយស្ទ័រ ដែលលោកអ្នកបានទន្ទឹងរង់ចាំជាយូរមកហើយ ព្រមទាំងគ្រឿងសមុទ្រស្រស់ៗនៅលើទឹកកក រួមទាំងបង្គាទឹកសាប ត្រីសាលម៉ុន ក្តាម និងគ្រឿងសមុទ្រស្រស់ៗជាច្រើនទៀត។ នេះគឺជាការទទួលទានអាហារដ៏ល្អឥតខ្ចោះ នាពេលចុងសប្តាហ៍របស់លោកអ្នក សម្រាប់អ្នកដែលចូលចិត្តអាហារសមុទ្រស្រស់ៗ និងមានឱជារសឈ្ងុយឆ្ងាញ់បំផុត។

    សណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា សូមស្វាគមន៍លោកអ្នក មកទទួលទានអាហារសមុទ្រ ជាលក្ខណៈប៊ូហ្វេ ដ៏សម្បូរបែប នៅភោជនីយដ្ឋាន La Coupole នៅរៀងរាល់ថ្ងៃសុក្រ ពីម៉ោង6ល្ងាចតទៅ ជាមួយនឹងការទទួលទានគ្រឿងសមុទ្រ ដែលសុទ្ធតែជាគ្រឿងសមុទ្រល្អៗ មានគុណភាពខ្ពស់ និងនាំចូលពីបរទេសស្រស់ៗតែម្តង។ សូមធ្វើការកក់តុជាមុន តាមរយៈលេខទូរស័ព្ទ 023 999 200 ឬចូលទៅកាន់គេហទំព័រ www.sofitelphnompenh-phokeethra.com/offers/seafood-paradise/​។

    Seafood Paradise ប៊ូហ្វេ តម្លៃត្រឹមតែ $38++ ក្នុងមនុស្សម្នាក់តែប៉ុណ្ណោះ (សម្រាប់អាហារប៊ូហ្វេគ្រឿងសមុទ្រពេលល្ងាច)៕

  • លោក អៀង សុធា​រ៉ា ៖ កុំ​ហូប​អាហារ​ដើម្បី​តែ​ឆ្អែត ត្រូវហូប​ដើម្បី​សុខភាព

    លោក អៀង សុធា​រ៉ា ៖ កុំ​ហូប​អាហារ​ដើម្បី​តែ​ឆ្អែត ត្រូវហូប​ដើម្បី​សុខភាព

    ការទទួល​ទាន​អាហារ​អាចមាន​ផល​ល្អ និង​មាន​ផល​អាក្រក់​សម្រាប់​ខ្លួន​យើង បើសិន​យើង​មិនបាន​ប្រុងប្រយ័ត្ន វា​នឹង​ប៉ះពាល់​សុខភាព​មិន​ខាន នេះ​ជាការ​លើកឡើង​របស់លោក អៀង សុធា​រ៉ា ស្ថាបនិក​ក្រុមហ៊ុន​សហករណ៍​សរីរាង្គ​ខ្មែរ និង​រមណីយដ្ឋាន​ពិ​កនិក(Picnic Resort)។

    នៅក្នុង​បទ​សម្ភាស​ផ្ទាល់​កាលពី​សប្តាហ៍​មុនលោក អៀង សុធា​រ៉ា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ឱ្យ​យកចិត្តទុកដាក់​ចំពោះ​សុខភាព​របស់ខ្លួន​តាម​រយៈ​ការ​ទទួលទាន​អាហារ​ដែលមាន​គុណភាព និង​មាន​សុវត្ថិភាព សម្រាប់​លើកកម្ពស់​សុខភាព។

    “ហូប​អាហារ​មិនមែន​ហូប​ដើម្បី​តែ​បរិមាណ​ទេ និង​ក៏​មិនមែន​ហូប​ឱ្យតែឆ្អែតៗនោះដែរ គឺ​ត្រូវ​ហូប​ដើម្បី​សុខភាព បើកាលណា​យើង​ហូប​ដើម្បី​យកតែ​បរិមាណ​គឺ​មានន័យថា យើង​សន្សំ​លុយ​ទុកសម្រាប់​យកទៅ​ព្យាបាល​ជំងឺ​ហើយ តែបើសិនជា​យើង​ហូប​បន្លែ​ផ្លែឈើ​ដែលមាន​សុវត្ថិភាព និង​គុណ​ភាពល្អ នោះគឺ​យើង​សន្សំ​លុយ​ទុក​នៅផ្ទះ​សម្រាប់​គ្រួសារ​យើង”។

    មនុស្ស​មួយចំនួន​កើតមក​ប្រឹង​តែ​រកប្រាក់ មិន​គិតពី​សុខភាព ដល់ពេល​រកប្រាក់​បាន​ទិញ​ផ្ទះ​ជាច្រើន​កន្លែង តែ​ទីបំផុត​មិនបាន​ដេក​នៅផ្ទះ​ខ្លួនឯង​ទេ គឺ​បាន​ទៅ​ដេក​នៅតែ​មន្ទីរពេទ្យ។

    លោក​ថា ការហូប​គឺ​ត្រូវ​កំណត់ឱ្យ​ច្បាស់​សម្រាប់​បរិមាណ​សម​ល្មម​សម្រាប់​ខ្លួន​យើងម្នាក់ៗ ហើយ​ត្រូវ​កំណត់​ខ្លួនឯង​ថា ត្រូវ​ហូប​អ្វី និង​មិនត្រូវ​ហូប​អ្វី។ បើសិនជា​យើង​ហូប​អាហារ​មានគុណ​ភាព វា​នាំឱ្យ​យើង​មាន​សុខភាព​ល្អ ធ្វើឱ្យ​យើង​ក្លាយជា​មនុស្ស​ពូកែ​គិត ពូកែ​ធ្វើការ មាន​កម្លាំង​សម្រាប់​បំពេញការងារ​ប្រចាំថ្ងៃ។

    ដូច​លោក​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ធ្លាប់បាន​លើកឡើងថា “you are what you eat”មានន័យថា បើ​យើង​ហូប​អី យើង​ជា​មនុ​ស្សបែប​នោះ។ ហូប​អាហារ​ល្អ​មាន​គុណភាព​នាំឱ្យ​សុខភាព​យើង​ល្អ ហូប​អាហារ​គ្មាន​គុណភាព ឬ​មាន​ជាតិគីមី​ពុល​នាំឱ្យ​យើង​ខូចសុខភាព ខាតបង់​ទាំង​ប្រាក់ ខាតបង់​ទាំង​ពេលវេលា និង​បង្ក​ឱ្យ​លំបាក​ឈឺចាប់​ក្នុង​រាងកាយ​ថែមទៀត។

    ដើម្បី​លើកកម្ពស់​សុខភាព​ពលរដ្ឋ លោក​បាន​ព្យាយាម​ដាំ​បន្លែ​ជាច្រើន​ទីតាំង​ចាប់ពី​ឆ្នាំ2014មកដោយ​ដំបូង​ឡើយ​ចាប់ផ្តើម​ដាំ​បន្លែ​សរីរាង្គ​នេះ​នៅ​រមណីយដ្ឋាន ពិ​កនិក តាមផ្លូវ​ជាតិ​លេខ4 (ចម្ងាយ33គីឡូម៉ែត្រ​ពី​អាស្រម​លោកយាយ​ម៉ៅ) ដែល​ដាំ​នៅលើ​ដី​តែ​កន្លះ​ហិកតា​ប៉ុណ្ណោះ ឥឡូវ​កើន​ដល់4ហិកតា ជា​ដំណាំ​សរីរាង្គ​សុទ្ធ100% សម្រាប់​ផ្គត់ផ្គង់​នៅ​អាហារ​ដ្ឋា​ន​នៃ​រមណីយដ្ឋាន​ពិ​កនិក និង​ផ្គត់ផ្គង់​ឱ្យទៅ​ផ្សារ​សហករណ៍​សរីរាង្គ​ខ្មែរ​ក្រុងភ្នំពេញ​ផងដែរ ហើយ​បាន​ពង្រីក​ការដាំ​ទៅ​ចម្ការ​មួយ​ផ្សេងទៀត​នៅ​ឃុំ​ជ្រោយ​ស្វាយ​ក្នុង​ស្រុកស្រែ​អំ​បិល​ដែលមាន​ដី​ទំហំ86ហិកតា ដោយ​លោក​បាន​ដាំ​បន្លែ 30ហិកតា ក្រៅពីនោះ​គឺ​ដាំ​ដើមឈើ​ធម្មជាតិផ្សេងៗ ដូចជា​គគីរ កកោះ និង​ផ្តៅ​ជាដើម និង​ទុក​ដី​មួយចំនួនទៀត​ធ្វើជា​អាង​ស្តុក​ទឹក​សម្រាប់​ស្រោចស្រព​ដំណាំ​នៅ​រដូវប្រាំង។

    ដូច្នេះ​ចម្ការ​ទី1មាន​លក្ខណៈ​ជាក​សិ​-ទេសចរណ៍ និង​ចម្ការ​ទី2មាន​លក្ខណៈ​ជា​ចម្ការ​បរិស្ថាន ហើយ​សុទ្ធតែជា​បន្លែ​សរីរាង្គ​សុទ្ធ100%។ ក្រុមហ៊ុន​របស់លោក​ទ​ទួលបាន​វិញ្ញាបនបត្រ​បញ្ជាក់​គុណភាព​សរីរាង្គ​ពី​សហគមន៍​អ៊ឺរ៉ុប​លើក​ទី1 ដំបូង​គេ​នៅ​ប្រទេស​កម្ពុជា​យើង​កាលពី​ឆ្នាំ2017កន្លងទៅ។

    ចម្ការ​សរីរាង្គ គឺ​មានន័យថា ទាំងទឹក ទាំង​ខ្យល់ អាកាសធាតុ ជី​កសិកម្ម ពូជ​ដំណាំ​ដែល​យកមក​ផលិត​បន្លែ សុទ្ធតែជា​របស់​ធម្មជាតិ100% ហើយ​សូម្បី​ការដឹកជញ្ជូន ការរក្សា​ទុក គឺត្រូវធ្វើ​ឡើង​តាម​គោលការណ៍​ស្តង់ដារ​គុណភាព​សុទ្ធ100%ដែរ ហើយ​គេ​មិនអាច​វាយតម្លៃ​ដោយ​ភ្នែក​ទទេ​បានទេ លុះត្រាតែ​យកទៅ​ពិនិត្យ​ក្នុង Lab (មន្ទីរពិសោធន៍) ហើយ​រក​មិនឃើញ​មាន​ជាតិគីមី​ពុល​សោះ ទើប​ហៅថា បន្លែ​សរីរាង្គ។

    ឧទាហរណ៍​ដូចជាទឹក​ដែល​យកមក​ស្រោច​ដំណាំ​នោះ​ជា​ទឹកស្អាត ដោយ​ក្រុមហ៊ុន​បាន​ជីក​អណ្តូង​មាន​ជម្រៅ 120ម៉ែត្រ​ដែលមាន​ប្រភពទឹក​ចេញពី​ថ្ម ដូចជា​ទឹកជ្រោះ​ដែល​យើង​អាច​ទទួលទាន​បាន មិន​ប៉ះពាល់​សុខភាពចំណែក​ការដឹកជញ្ជូន​វិញ រថយន្ត​ក៏ត្រូវ​មាន​ម៉ាស៊ីនត្រជាក់ និង​កន្លែង​ស្តុក​ទុក​គឺជា​ទីតាំង​ដែលមាន​ម៉ាស៊ីនត្រជាក់​ដើម្បី​រក្សាទុក​បន្លែ​កុំឱ្យ​ខូចគុណភាព ហើយ​បើ​នៅ​ជិត​ចម្ការ​របស់​យើង​មាន​ចម្ការ​បន្លែ​ដែល​គេ​ដាំ​ដុះ​ដោយ​ប្រើ​ជីគីមី ដូចជា​បាញ់ថ្នាំ ដាក់​ជីគីមី ហើយ​ហូរ​តាម​ទឹក​មកដល់​បន្លែ​របស់​យើងនោះ​ក៏​វា​មិនអាច​ធ្វើឱ្យ​បន្លែ​យើង​ក្លាយជា​បន្លែ​សរីរាង្គ100%ដែរ។

    បច្ចុប្បន្ន​លោក​ក៏បាន​សហការ​ជាមួយ​កសិករ​មួយចំនួន​ដើម្បីឱ្យ​ពួកគាត់​រៀន​ពី​របៀប​ដាំ​ដុះ​បន្លែ​សរីរាង្គ​នេះដែរ ហើយ​នៅពេលដែល​ពួកគាត់​ធ្វើបាន ក្រុមហ៊ុន​លោក​នឹង​ទទួល​ទិញ​បន្លែ​ទាំងនោះ​យកមក​ដាក់លក់​នៅក្នុង​ហាង​សហករណ៍​សរីរាង្គ​ខ្មែរ និង​លក់​ចេញទៅ​ផ្សារ​បន្លែ​សរីរាង្គផ្សេងៗទៀត។

    ដើម្បី​ជា​ជំនួយ​ដល់​ពលរដ្ឋ លោក​បានបង្ហាញ​ពី​វិធីសាស្ត្រ​ពិនិត្យមើល​ពី​ភាពខុសគ្នា​រវាង​បន្លែ​ធម្មជាតិ និង​បន្លែ​គីមី​ដែល​វិធី​ពិនិត្យ​នេះ​ចែកចេញជា 4ដំណាក់កាល និង​ខ្លួន​យើង​គឺជា​មន្ទីរពិសោធន៍​មួយ​ដ៏​ធំ តែ​យើង​មិន​ដែលមាន​ទម្លាប់​ប្រើ​ទេ។

    ក្នុងនោះ​រួមមាន ទី1.យើង​ពិនិត្យមើល​ដោយ​ប្រើ​ភ្នែក​ទទេ ឧទាហរណ៍​ថា យើង​ដាំ​សាលាដ​ខ្លួនឯង​ដោយ​ប្រើ​ជីធម្មជាតិ ពេល​ដាំ​បាន​ហើយ​យើង​ទៅ​ទិញ​បន្លែ​មាន​ជាតិគីមី​ពី​ផ្សារ​មក​ដាក់​ជិតគ្នា​ហើយ​អង្គុយ​មើល​មួយថ្ងៃ 3-4ដងៗ មើលយូរៗទៅ​យើង​នឹង​សង្ស័យ យើង​នឹង​ឃើញ​ពី​ភាពខុសគ្នា​មិន​ខាន។ ទី2.បន្ទាប់មក​យើង​ប្រើ​ដៃ​ចាប់​កាន់​ស្ទាប មិនបាច់​មើល​ក៏បាន ហើយ​គិតថា មួយណា​ទន់ មួយណា​ស្វិតមួយណា​ស្រួយ ពេលនោះ​យើង​ប្រាកដជា​ដឹង​មិន​ខាន។

    ទី3.គឺ​ច្រមុះ ពេលដែល​យើង​កាន់​ហើយ យើង​ឈ្លី​វា​យកមក​ហិត​ម្តងមួយៗ យើង​នឹង​ដឹង​ពី​ក្លិន​ដែល​ខុសគ្នា​មិន​ខាន និង​ទី4.យើង​ទំពា​ញំៗ ហើយ​គិតពី​រសជាតិ​បន្លែ​ទាំងពីរ​នោះ យើង​នឹងមាន​អារម្មណ៍​ថា​ខុសគ្នា មួយ​រមាស់មាត់ និង​ពេល​លេប​ចូលទៅរ​មាស់ក ដូច​ជាមាន​អ្វីមួយ​ធ្វើឱ្យ​យើង​ដឹងថាមិន​ស្រួល រកកល​ចង់​ក្អួត សរុបទៅ​គឺ​រសជាតិ​ខុសគ្នា​តែម្ដង។

    របស់​ធម្មជាតិ​មានទឹកផ្អែមៗ មាន​រសជាតិ​មិន​ស្ងួត​ប្រហេតប្រហាត​នោះទេ។ លោក​បន្ត​មានប្រសាសន៍ថា ការ​ញ៉ាំ​អាហារ​ដែលមាន​ជាតិគីមីពេល​ញ៉ាំ​រួច​ជួនកាល​យើង​មិន​ត្រឹមតែ​ពុល និង​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​រាងកាយ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ពុល និង​ប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ត​ថែម​ទៀតផង ដូចជា​ធ្វើឱ្យមាន​អារម្មណ៍​ឆាប់​មួម៉ៅ ឆាប់​ខឹង​ជាដើម-ល- ហើយ​ការ​ញ៉ាំ​អាហារ​មាន​ជាតិពុល បន្តិចម្តងៗវា​នឹង​ធ្វើឱ្យ​យើង​កើត​ជំងឺផ្សេងៗ ចំពោះ​មនុស្ស​ចាស់យូរៗទៅ​អាច​កើត​ជំងឺ​ទឹកនោមផ្អែមលើសឈាម និង​មហារីក​ជាដើម។ ចំពោះ​កុមារ​វិញយូរៗទៅ រៀន​មិន​ឆ្លាត ប្រាជ្ញា​មិន​វាងវៃ​រហ័សរហួន​ជាដើម។

    ប្រវត្តិ​ពី​កុមារភាព និង​ការតស៊ូ
    លោក អៀង សុធា​រ៉ា កើត​នៅក្នុង​ឆ្នាំ1963 នៅ​ស្រុក​បាភ្នំ ក្នុង​ខេត្តព្រៃវែង ដោយមាន​ឪពុក​ជា​គ្រូពេទ្យ​ស្រុក សម័យ​សង្គមរាស្ត្រនិយម​ដែល​គេ​ឱ្យ​រហស្សនាម​ថា “គ្រូពេទ្យ​ចិត្តល្អ” ដោយសារតែ​ព្យាបាល​អ្នកក្រីក្រ​មិន​យកប្រាក់។

    កាល​នៅ​វ័យ​កុមារ គ្រួសារ​លោក​មាន​ជីវភាព​លំបាក​មិន​ខុសពី​គ្រួសារ​មួយចំនួន​ឡើយ គឺ​អាយុ​ត្រឹម 6ឆ្នាំ​លោក​ត្រូវ​ទូល​ពោត​ស្ងោរ​លក់ និង​ចិញ្ចឹម​មាន់​លក់។ ប៉ុន្តែ​ដើម្បី​អនាគត​កូន នៅពេល​អាយុ​បាន 6ឆ្នាំ ឳ​ពុក​របស់លោក​បាន​បញ្ជូន​រូបលោក​ឱ្យមក​ស្នាក់នៅ​ក្រុងភ្នំពេញ​ជាមួយ​គ្រួសារ​សាច់ញាតិ​ដើម្បី​ចូលរៀន​នៅ​សាលា​ឯកជន​មួយ​ក្នុង​ឆ្នាំ1969 ប៉ុន្តែ​ជា​អកុសល​នៅ​ឆ្នាំ1970 រដ្ឋប្រហារ​ក៏បាន​កើតឡើង ក្រោយមក​គ្រួសារ​របស់លោក​ត្រូវបាន​សង្គ្រាម​បំបែក​ជា​ពីរ។

    គ្រួសារ​យាយ​តា​ត្រូវបាន​កៀរ​ទៅ​នៅក្នុង​តំបន់​រំដោះ​របស់​ខ្មែរក្រហម​ក្នុង​ឆ្នាំ1972 ឯ​ឪពុកម្ដាយ​របស់លោករ​ត់ម​កនៅ​ស្រុក​ពាមរ។ ក្នុងពេល​ស្រុក​កើតសង្គ្រាម ឪពុក​របស់លោក​បាន​ឈប់​ធ្វើ​ពេទ្យ និង​ងាក​មក​ប្រកប​របរ​រត់​រ៉ឺម៉ក​ម៉ូតូ​ដើម្បី​រកប្រាក់​ចិញ្ចឹម​គ្រួសារ​វិញ​ម្ដង ប៉ុន្តែ​ដោយ​គិតថា របរ​នោះ​មិនអាច​ចិញ្ចឹម​គ្រួសារ​រស់ គាត់​ក៏​សម្រេចចិត្ត​នាំ​កូន​ផ្លាស់​ទីលំនៅ​ទៅ​ខេត្តបាត់ដំបង នៅ​ភូមិ​ថ្នល់​បត់​ដែល​ស្ថិតនៅ​ចន្លោះ​ភ្នំ​តូច និង​ភ្នំ​ធំ ចំណែកឯ​រូបលោក​ក៏បាន​ចូលរៀន​នៅ​ទីនោះ​បន្តទៀត​នៅ​សាលា “សុវណ្ណ​គិរី” នៅ​អំឡុង​ឆ្នាំ1973 តែដោយសារ​តែ​នឹក​ក្រុមគ្រួសារ និង​នឹក​ស្រុក​ពេក ក៏​នាំគ្នា​ត្រឡប់មក​ស្រុក​វិញ​នៅ​ឆ្នាំ1973ដដែល​នោះដែរ។

    ពេលមកដល់​ស្រុក​វិញលោក​ហាក់​មានសំណាង​ជាងគេ គឺ​បាន​រៀន​នៅក្នុង​របប​ប៉ុលពត​កាន់កាប់​ចាប់តាំងពី​អំឡុង​ឆ្នាំ1973ដល់1975 ដោយបាន​ចូលរៀន​ថ្នាក់​ទី1នៅ​សាលាបឋមសិក្សា “ពោធិ៍​បឹង” តែដោយសារ​រៀន​ពូកែ គ្រូ​ក៏​ឱ្យ​ផ្លោះ​ចូល​ថ្នាក់​ទី2 បន្ត​មក​ទី3 ហើយ​ឡើង​ថ្នាក់​ទី4 ដែលជា​ថ្នាក់​បញ្ចប់​នៅ​សម័យ​ប៉ុលពត។ នៅ​ឆ្នាំ1976 ដល់​ឆ្នាំ1978 គ្រួសារ​លោក​ត្រូវគេ​បញ្ជូន​ឱ្យទៅ​នៅ​ខេត្តពោធិ៍សាត់ ហើយ​រូបលោក​ត្រូវគេ​ឱ្យ​រកត្រី​ដើម្បី​ធ្វើ​ម្ហូប​សម្រាប់​កងកុមារ​ដែល​មាន​ចំនួន 500នាក់។

    នៅ​ចុងឆ្នាំ1978 ដដែល​នោះ មុនពេល​ពួក​វៀតណាម​ចូលមក​ដល់ លោក​ត្រូវបាន​គេ​បញ្ជូន​ឱ្យទៅ​នៅ​ភ្នំ​ទ្រនាប់​គគីរ ដើម្បី​សង់ផ្ទះ 10ខ្នង​សម្រាប់​មនុស្ស 500នាក់។

    ក្រោយពី​វៀតណាម​វ៉ៃ​ដាច់​ឆ្នាំ1979 លោក​បាន​ដើរ​ពី​ស្រុក​ស្វាយដូនកែវ នៃ​ខេត្តពោធិ៍សាត់​មកកាន់​ស្រុកកំណើត​វិញ​ដោយបាន​ចំណាយពេល​ដល់​ទៅ 4ខែ​ឯណោះ ហើយ​មាន​ម្ដងនោះ​រូបលោក​បាន​ឈឺ​ប៊ិះ​នឹង​ស្លាប់​នៅតាម​ផ្លូវ​ទៀតផង។

    ពេលមកដល់​ស្រុក​វិញ​ក៏​រកស៊ី​លក់​ត្រី​លក់​មាន់​ដូច​មុន​ទៀត បន្ទាប់មក​ឪពុក​លោក​បាន​នាំ​រូបលោក​មក​ភ្នំពេញ​ឱ្យ​ស្នាក់នៅ​មណ្ឌល​កុលាប2 (មណ្ឌលកុមារ​កំព្រា​ក្នុង​សាលា​អង្គអេង) រួចមក​នៅ​មណ្ឌល​កុលាប3(នៅ​សណ្ឋាគារ​អ៊ី​ន​ធើ​ខន់​បច្ចុប្បន្ន) ហើយ​បាន​បន្ត​រៀន​រហូត​ប្រឡង​ចូល​ពេទ្យ។

    ពេល​រៀន​ពេទ្យ​ចប់ ក៏​ទៅរក​កាន់​ប៉ុស្តិ៍​ការងារ​នៅ​ខេត្តបាត់ដំបង​នៅ​ឆ្នាំ1991 តែដោយសារ​សង្គ្រាម​នៅ​ទីនោះ​មិនទាន់​ចប់ លោក​ក៏​ត្រឡប់មក​ភ្នំពេញ​វិញ​ហើយ​បើក​គ្លីនិក​មើលជំងឺ​នៅ​ម្ដុំ​ផ្សារ​ដើម​គ និង​នៅ​ជិត​វត្ត​សន្សំ​កុសល ដែលមាន​ឈ្មោះថា “ពេទ្យ​ចំរើន” ហើយ​ឆ្លៀតពេល​រៀន​ភាសា​អង់គ្លេស​បន្ថែម​ទៀតផង។

    ក្រោយមក​នៅ​ឆ្នាំ1993 លោក​បានធ្វើ​ការឱ្យ​អ៊ុនតាក់​ជា​អ្នកបកប្រែ​អត្ថបទ​ឱ្យ​វិទ្យុ​អ៊ុនតាក់។ រហូត​ឆ្នាំ1994 បានធ្វើការ​នៅ​ក្រុមហ៊ុន​ឯកជន រហូតមកដល់​ឆ្នាំ1996 លោក​បានចាប់ផ្តើម​បើក​ក្រុមហ៊ុន​ខ្លួនឯង​ឈ្មោះថា “អៀង​គ្រុប”។

    ចាប់ពីពេលនោះ​មក លោក​បានធ្វើការ​លើ​វិស័យ​អចលនទ្រព្យ និង​សាងសង់​សំណង់​អគារផ្សេងៗហើយថ្មីៗនេះ​លោក​បាន​សហការ​ជាមួយ​ជនបរទេស​សង់​ខុន​ដូ ARAKAWA Residence ក្រៅពីនេះ​លោក​នៅមាន​ក្រុមហ៊ុន​ជាច្រើន​ផ្សេងទៀត ដូចជា​ក្រុមហ៊ុន​កសិកម្ម​ដែលមាន​ដាំ​បន្លែ និង​ផ្លែឈើ​សរីរាង្គ​ជាច្រើន​កន្លែង ហាង​សហករណ៍​សរីរាង្គ​ខ្មែរ រមណីយដ្ឋាន​ពិ​កនិក អគារ Belleview ក្រុមហ៊ុន Lotus គ្រុប​ដែលមាន 6ក្រុមហ៊ុន​ផ្សេងគ្នា​ដូចជា Lotus Radio, Lotus Tours, Lotus Publication, Lotus Khmer Food និង​ Lotus Retreat Residence និង​ការងារ​បន្ថែម​ផ្សេងទៀត​ដូចជា​មូលនិធិ​អៀង​ដែល​ជួយ​ដល់​សាលារៀន និង​ជា​ប្រធាន​សមាគម​ពាណិជ្ជកម្ម និង​វិនិយោគ​កម្ពុជា-ជប៉ុន (CJBI) ជាដើម។

    បំណង​ទៅ​ថ្ងៃ​អនាគត​លោក​ប្ដេជ្ញា​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន មាន​គុណភាព​ខ្ពស់ និង​មានការ​ទទួលស្គាល់​កាន់តែខ្លាំង​ឡើង​នៅលើ​ឆាក​អន្តរជាតិ។ ចូលរួម​ក្នុងការ​សាងសង់​លំនៅឋាន​តម្លៃ​ទាប​សម្រាប់​ប្រជាជន​ខ្មែរ​ដើម្បី​ជួយ​ឱ្យ​ប្រជាជន​យើង​មាន​លំនៅឋាន​រស់នៅ​សមរម្យ​ទាំងអស់គ្នា។

    លោក​ចូលរួម​ជួយ​ដល់​សង្គម​ខ្មែរ​តាមរយៈ​ទ្រឹស្ដី​ព្រះពុទ្ធសាសនា គឺ​ការអប់រំ​មនុស្ស​ឱ្យមាន​សីលធម៌ និង​គុណធម៌​ជាដើម និង​មួយទៀត គឺ​ការជួយ​ថែរក្សា​សិល្បៈ​វប្បធម៌​របស់​ខ្មែរ​ដែលមាន​តាំងពី​ដូនតា​យើង​មក ដូចជា ល្ខោនបាសាក់ យឺ​កេ អា​យ៉ៃ ចាប៉ីដងវែង និងសិល្បៈ​ច្រើន​ទម្រង់​ទៀត​ប្រមាណ​ជាជាង 20ប្រភេទ​ឱ្យនៅ​គង់វង្ស​ល្អ និង​រីកចម្រើន​តទៅ៕

    លោក អៀង សុធា​រ៉ា ស្ថាបនិក​ក្រុមហ៊ុន​សហករណ៍​សរីរាង្គ​ខ្មែរ ថតនៅ​រមណីយដ្ឋាន​ពិ​កនិក(Picnic Resort)
    លោក អៀង សុធា​រ៉ា ក្នុងកម្មវិធីសិក្ខាសាលាផ្តល់ព័ត៌មានបន្ថែមពី លំនៅឋាន អារ៉ាខាវ៉ា
    លោក អៀង សុធា​រ៉ា ថតរូបជុំគ្នាក្នុងពិធីបញ្ចុះបឋមសិលាសម្ភោធបើកការដ្ឋានសាងសង់ លំនៅឋាន អារ៉ាខាវ៉ា
  • ញាក់សាច់ !! គង់ វង្សយ៉ាទី ឡើងកូដក្នុងមួយកម្មវិធីមានតម្លៃខ្លួនដល់ទៅ….

    ញាក់សាច់ !! គង់ វង្សយ៉ាទី ឡើងកូដក្នុងមួយកម្មវិធីមានតម្លៃខ្លួនដល់ទៅ….

    តារាសម្ដែង និងពិធីការិនី ប្រចាំកម្មវិធី “រាត្រីកម្សាន្ដ” របស់ស្ថានីយទូរទស្សន៍ CTN កញ្ញា គង់ វង្សយ៉ាទី មួយរយៈចុងក្រោយនេះគេសង្កេតឃើញថា មិនសូវមានទីផ្សារសម្ដែងភាពយន្ដពីក្នុងដៃហើយដូចមុនទៀតឡើយ បើទោះបីជាកន្លងមក នាងបានសាងកេរ្តិ៍ឈ្មោះតាមរយៈការសម្ដែងក៏ដោយ។ ប្រិយមិត្តអ្នកគាំទ្ររូបនាងមួយចំនួនធំបានលាន់មាត់ថា ឃើញតែតារាស្រីរូបនេះមានមុខនៅលើកញ្ចក់ទូរទស្សន៍ធ្វើជាពិធីការិនីតែប៉ុណ្ណោះ សូម្បីតែការសម្ដែងវីដេអូចម្រៀង ឬភាពយន្ដធំក្ដី ក៏បាត់មុខនាង មិនដែលឃើញដែរ។

    ពិធីការិនីលេចធ្លោរទាំងរូបសម្រស់និងក្ដោបកម្មវិធីនៅCTNបានយូរដោយគ្មានកុងត្រានោះ ធ្លាប់បានបង្ហើបថា ក្នុងមួយកម្មវិធីការធ្វើជា MCនៅតាមខេត្តនាងទទួលបានតម្លៃចាប់ពី500ទៅ700និងឈានដល់ជិត1000ដុល្លារទៀតផង ដែលនោះហើយជាមូលហេតុនាំឱ្យនាង មិនទទួលទីផ្សារសម្ដែង ពោលគឺ អាជីពជាពិធីការីអាចរកចំណូលបានច្រើនជាង រហូតដល់អាចសរុបទៅក្នុង1ខែៗក៏អាចរកប្រាក់បានម៉ឺនដុល្លាផងដែរ។

    គួរបញ្ជាក់ផងដែរថា គង់ វង្សយ៉ាទី ធ្លាប់លេចធ្លោរតាមរយៈការសម្ដែង​បទចម្រៀងល្បីៗ​របស់ផលិតកម្មសាន់​ដេជាច្រើន​បទមក​ហើយ តែចុងក្រោយនេះគេមិនសូវឃើញនាងបានថតMVបទថ្មីៗដូចមុនទៀតទេ ព្រោះនាងថាចង់​រកលុយ​ជាពិធីការិនីនៅខែក្ដៅនេះច្រើនជាងការសម្ដែង៕

  • នោះ !! អ៊ីវ៉ា ប្រកាស Account នៅក្នុង Tik Tok មិនមែនជារបស់នាងទេ

    នោះ !! អ៊ីវ៉ា ប្រកាស Account នៅក្នុង Tik Tok មិនមែនជារបស់នាងទេ

    ពិតជាភ្ញាក់ផ្អើលមែនទែន ខណៈដែលតារាចម្រៀងស្រីសំឡេងផ្អែមកញ្ញា អ៊ីវ៉ា បានចេញសារប្រកាសមិនទទួលស្គាល់គណនីវីដេអូបែបកំប្លែង ដែលមានអ្នកនិយមលេងនៅក្នុងបណ្ដាញ Tik Tok នោះ នាងបានប្រកាសថា មិនមែនជា Account របស់នាង ពោលគឺមានអ្នកយកវីដេអូររបស់នាងទៅបង្ហោះ។

    ដោយសារប្រជាប្រិយភាពរបស់នាងមានការគាំទ្រច្រើន ទើបបានមានអ្នកទៅតាមដានសកម្មភាពវីដេអូរបស់នាងនៅក្នុងTik Tok រហូតដល់ 46.9 ពាន់នាក់ ហើយមានអ្នកគាំទ្រខ្លាំងដល់ទៅ 193. 2 ពាន់នាក់ទៅហើយ តែជាអកុសល នោះមិនមែនជាគណនីពិតរបស់នាងឡើយ។ កញ្ញា អ៊ីវ៉ា បានបញ្ជាក់ថា « នេះមិនមែនជាaccount របស់នាងខ្ញុំទេ សូមបងប្អូនកុំយល់ច្រលំ help share »។

    គួរបញ្ជាក់ផងដែរថា មួយរយៈចុងក្រោយនេះ តារាចម្រៀងស្រីហាក់បីដូចជាស្ងប់ស្ងាត់បន្ដិចនៅក្នុងការចេញបទចម្រៀង តែនាងបានផ្ដាំផ្ញើទៅកានប្រិយមិត្តអ្នកគាំទ្រនាងថា « សុំទោសដែលឱ្យប្រិយមិត្តរង់ចាំបទថ្មីរបស់នាងខ្ញុំយូរ ជួបគ្នាឆាប់ៗនេះ »។ តើអាចដែរទេ តារាស្រីរូបនេះនឹងចេញបទចម្រៀងនៅក្នុងផលិតកម្មថោន ប្រិយមិត្តគិតយ៉ាងណាដែរ?៕

  • ធនធានមនុស្ស​ផ្នែក​ទេសចរណ៍​បាន​ ក្លាយជា​ប្រធានបទ​សំខាន់​សម្រាប់​កម្ពុជា

    ធនធានមនុស្ស​ផ្នែក​ទេសចរណ៍​បាន​ ក្លាយជា​ប្រធានបទ​សំខាន់​សម្រាប់​កម្ពុជា

    ទេសចរណ៍​ជា​ផ្នែក​សំខាន់​មួយ​នៃ​វិស័យ​សេវាកម្ម និង​ត្រូវបាន​គេ​រាប់​ថា​ជា​មាស​បៃតង ឬ​ឧស្សាហកម្ម​ផ្សែង​តិច​បំផុត ដែលមាន​សមត្ថភាព​បង្កើន​ថវិកាជាតិ​យ៉ាងច្រើន​ជា​រៀងរាល់ឆ្នាំ។ ទោះជា​យ៉ាងនេះ​ក្តី វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ត្រូវបាន​គេ​រកឃើញថា​នៅមាន​បញ្ហា​ធនធានមនុស្ស ដែល​ទាមទារ​ឱ្យ​យកចិត្តទុកដាក់​បណ្តុះបណ្តាល​បន្ថែម​ដើម្បី​បំពេញតម្រូវការ​ជាក់ស្តែង​នាពេល​បច្ចុប្បន្ន និង​អនាគត។

    ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ថ្លែងថា វិស័យ​ទេសចរណ៍​ត្រូវបាន​ពិភពលោក​ចាត់ទុកថា ជា​វិស័យ​ដែលមាន​ភាព​ធន់​នឹង​ហានិភ័យ (resilient) និង​ជា​សសរស្តម្ភ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​សកលលោក។ ទោះបី​ជាមាន​បញ្ហា​អស្ថិរភាព​ក្នុងប្រទេស​មួយចំនួន បញ្ហា​វិបត្តិ​សេដ្ឋកិច្ច និង​បញ្ហា​មួយចំនួនទៀត​លើពិភពលោកក៏ដោយ ក៏​ទេសចរណ៍​នៅលើ​ពិភពលោក​គ្មាន​ការ​ថមថយ ហើយ​រក្សាបាន​នូវ​កំណើន​ដដែល។ ជាក់ស្តែង​នៅ​ឆ្នាំ2017 មាន​ភ្ញៀវទេសចរ​ប្រមាណ 1,323លាន​នាក់​បានធ្វើ​ដំណើរ​ទេសច​រណ៍​លើ​ពិភពលោក​ក្នុង​កំណើន 7% ហើយ​រួមចំណែក​បាន​ប្រមាណ 10% នៃ GDP របស់​ពិភពលោក។ វិស័យនេះ​ក៏បាន​បង្កើត​ការងារ​ជាច្រើន​សម្រាប់​ប្រជាជន​នៅក្នុង​ប្រទេសនីមួយៗលើ​ពិភពលោក។ ហេតុនេះ​យើង​ចាំបាច់​ត្រូវតែ​ពង្រឹងសមត្ថភាព និង​រួមគ្នា​ដាក់ចេញ​គោលដៅ​រួម​ដើម្បី​ជំរុញឱ្យមាន​ការអភិវឌ្ឍ​ជំនាញ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់​តំបន់ ដើម្បី​ឆ្លើយតប​ជាមួយនឹង​ទីផ្សារការងារ​សកលលោក​ដែល​កំពុងមាន​ការរីក​ចម្រើន។

    ឯកឧត្តម ថោង ខុន បាន​មានប្រសាសន៍ថា៖ “កម្ពុជា​ត្រូវការ​អ្នកជំនាញ​ទេសចរណ៍​ជាច្រើន​នាក់​ដើម្បី​ធ្វើ​ការងារ​ក្នុង​វិស័យនេះ​ដូចជា ជំនាញ​បដិ-សណ្ឋារកិច្ច ជំនាញ​ចុងភៅ ជំនាញ​ផ្នែក​សណ្ឋាគារ និង​ជំនាញ​ជាច្រើន​ផ្សេងទៀត​ដែល​ពាក់ព័ន្ធ​នឹង​ទេសចរណ៍”។

    ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​ធ្លាប់បាន​បញ្ជាក់​ផងដែរ​ថាកម្ពុជា​ត្រូវការ​ធនធានមនុស្ស​ប្រមាណ​ជាង 1លាន​នាក់​បន្ថែម​ដើម្បី​បំពេញ​ទីផ្សារការងារ​ផ្នែក​ទេស-ចរណ៍ដែលកំពុងតែមានការ​អភិវឌ្ឍ​ខ្លាំង ជាពិសេស​អ្នក​ដែលមាន​ជំនាញ​ទេសចរណ៍​អាស៊ាន។ ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​នេះ ក្រសួងទេសចរណ៍ និង​ភាគី​ពាក់ព័ន្ធ​ត្រូវ​សហការ​ចូលរួម​បង្កើត​ការងារ​ផ្ទាល់​ឱ្យបាន​ប្រមាណ 1លាន​នាក់ ហើយ​ត្រូវ​ជំរុញឱ្យមាន​អ្នកជំនាញ​យ៉ាងតិច 50% មាន​វិញ្ញាបនបត្រ ឬ​សញ្ញាបត្រ​បញ្ជាក់​សមត្ថភាព​ស្របតាម​ស្តង់ដារ​ជាតិ និង​អាស៊ាន តាមរយៈ​ការបណ្តុះបណ្តាល ឬ​ការវាយតម្លៃ​សមត្ថភាព។

    ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​នេះដែរ ថ្មីៗនេះ​កម្ពុជា​បានរៀបចំ​សន្និសីទ​អន្តរជាតិ​ស្តីពី​កិច្ចព្រមព្រៀង​ទទួលស្គាល់​គ្នា​ទៅវិញទៅមក​លើ​អ្នកជំនាញទេសចរណ៍​អាស៊ាន ក្រោម​ប្រធានបទ អភិវឌ្ឍន៍​ធនធានមនុស្ស​ដើម្បី​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព។ កម្មវិធី​នេះ​ផ្តោតលើ​ចំណុច​សំខាន់​ចំនួន5គឺ ទី1 បញ្ហា​ប្រឈម​ក្នុង​ការផ្តល់​សេវាកម្ម​ទេស​ចរណ៍​ប្រកបដោយ​គុណភាពនៅក្នុង​បរិបទ​នៃ​ការប្រកួតប្រជែង​ពិភពលោក។ ទី2 ផ្តោតលើ​ការងារ និង​កំណើនសេដ្ឋកិច្ច ដែល​និយាយ​ពី​ការបង្កើត​ឱកាស​ការងារ និង​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ចពិភពលោក​ប្រកបដោយ​និរន្តរភាព។ ទី3 កិច្ចព្រមព្រៀង​ទទួលស្គាល់​គ្នា​ទៅវិញ-​ទៅម​កលើ​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន (MRA-TP) និង​ក្របខ័ណ្ឌ​គតិយុត្ត​លើ​ផ្នែក​ទេសចរណ៍។ ទី4 គឺ​ការទទួលស្គាល់​គុណវុឌ្ឍិ​អាស៊ាន ជា​គោលដៅ​អនាគត​នៃ​ការបណ្តុះបណ្តាល​ទេសចរណ៍ និង​ទី5 គឺ​កិច្ចពិភាក្សា​អំពី ASEAN MRA-TP វិថី​ឆ្ពោះទៅកាន់​ស្មារតី​នៃ​ការអនុវត្ត​កិច្ចព្រមព្រៀង​ទទួល​ស្គាល់គ្នា​ទៅវិញទៅមក​លើ​អ្នកជំនាញ​អាស៊ាន។

    ប្រធាន​ផ្នែក​ស្តង់ដារ និង​វាយតម្លៃ​គ្រូ​បង្គោល​អាស៊ាន លោក ជួប រតនា បាន​លើកឡើងថា ការអប់រំ​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​ជា​រឿង​សំខាន់​សម្រាប់​កម្ពុជា តែ​កម្ពុជា​នៅមាន​ចំណុច​ខ្វះខាត​មួយចំនួន​លើ​បញ្ហា​ធនធានមនុស្ស ដូចជាកង្វះខាត​អ្នកជំនាញ ខណៈ​សាលា​បណ្តុះបណ្តាល​របស់​យើង​នៅមាន​តិចតួច​នៅឡើយ ហើយ​អ្នកធ្វើការងារ​ក្នុង​ផ្នែក​មួយចំនួន​នៃ​វិស័យ​ទេសចរណ៍​មិនទាន់មាន​សញ្ញាបត្រ ឬ​ជា​អ្នក​ដែលមាន​សញ្ញាបត្រ​ផ្សេង។ លោក​បាន​បញ្ជាក់ថា មាន​ប្រធាន​ផ្នែក និង​អ្នកធ្វើការងារ​ក្នុង​វិស័យ​ទេសចរណ៍​ខ្លះគាត់​ផ្លាស់ប្តូរ​ការងារ​ពី​អ្នក​ទីផ្សារ គ្រប់គ្រង ឬ​ផ្នែកផ្សេងៗទៀត ហេតុនេះ​គាត់​ធ្វើ​ការងារ និង​រៀន​ពី​ការងារ​ត​គ្នា។ ជា​ដំណោះស្រាយ ក្រសួង​បាន​សហការ​បង្កើត​សាលា​ជាតិ​ទេសចរណ៍2បន្ថែមទៀត​នៅចុងឆ្នាំ2019 ដើម្បី​ជំរុញ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញដោយផ្ទាល់​នៅក្នុង​ស្ថាប័ន​របស់គាត់​ផ្ទាល់ ហើយចេញ​សញ្ញាបត្រ​ជំនាញ​ជូន​គាត់​ក្រោយ​ពេលដែល​គាត់​មានចំណេះដឹង​ច្បាស់លាស់​លើ​បញ្ហា​នេះ។

    លោក ជួប រតនា បាន​និយាយថា៖ “ការបណ្តុះបណ្តាល​លើ​ជំនាញ​ទេសចរណ៍​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ព្រោះ​នៅពេលដែល​និស្សិត និង​យុវជន​កម្ពុជា​ចាប់យក​ជំនាញ​នេះ​ច្រើន​ជា​អាជីព យើង​នឹង​អាចមាន​ធនធាន​គ្រប់គ្រាន់​ក្នុងការ​អភិវឌ្ឍ និងធ្វើការ​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​នានា​បាន​យ៉ាង​មាន​ប្រសិទ្ធភាព”។

    គ្រូ​បណ្តុះបណ្តាល​ខាងលើ​បាន​លើកទឹកចិត្ត​ឱ្យ​យុវជន និង​ប្រជាជន​កម្ពុជា​ងាក​ចំណាប់អារម្មណ៍​មក​សិក្សា ឬជ្រើសរើស​ផ្នែក​ទេសចរណ៍​ជា​អាជីព​ដើម្បី​អភិវឌ្ឍ​សមត្ថភាព និង​ជីវភាព​របស់ខ្លួន​ឱ្យ​កាន់តែ​ប្រសើរ និង​ដើម្បី​ចូលរួមចំណែក​អភិវឌ្ឍ​សង្គម​ឱ្យមាន​ធនធានមនុស្ស​សម្បូរបែប​ប្រកបដោយ​សមត្ថភាព​ខ្ពស់៕

  • FASMEC នឹងដាក់​លក់​ផលិតផល​របស់ខ្លួន​ នៅ​ទីផ្សារ​អន្តរជាតិ​តាម​ប្រព័ន្ធ​អន​ឡាញ

    FASMEC នឹងដាក់​លក់​ផលិតផល​របស់ខ្លួន​ នៅ​ទីផ្សារ​អន្តរជាតិ​តាម​ប្រព័ន្ធ​អន​ឡាញ

    ក្នុងពេលឆាប់ៗនេះ សហគ្រិន​កម្ពុជា​ដែលជា​សមាជិក​របស់​សម្ព័​ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា(Federation of Small and Medium Enterprises Associations of Cambodia)ដែល​ហៅ​កាត់​ថា FASMEC អាច​នឹង​ដាក់តាំង​បង្ហាញ និង​លក់​នូវ​ផលិតផល​របស់ខ្លួន​នៅលើ​គេហទំព័រ​លក់ទំនិញ​ថ្មី​មួយ​ដែលមាន​ឈ្មោះថា SMEXASEAN.com។ នេះ​បើតាម​ការ​ឱ្យដឹងពី​លោក​ឧកញ៉ា តែ តាំង​ប៉ ប្រធាន​សម្ព័ន្ធ​សមាគម​នេះ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ ជាមួយ​ក្រុមហ៊ុន​ពហុ​ផលិតផល SRAM & MRAM Resources Limited ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍។

    ការចាប់ផ្តើម​ដំណើរការ​ MEXASEAN.com ជា​តម្រូវការ​មួយ​សម្រាប់​វិស័យ​សាជីវកម្ម និង​រដ្ឋាភិបាល​ដើម្បី​ផ្តួចផ្តើម​បើកផ្លូវ​ឆ្ពោះទៅរក​ភាពចាំបាច់​ដើម្បី​បំពេញ​នូវ​សកម្មភាព​អាជីវកម្ម​ដោយ​ផ្តល់​ដល់​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​នូវកម្លាំង​រុញច្រាន​ចាំបាច់​ដើម្បី​ដំណើរការ​ជាមួយនឹង​ក្រុមហ៊ុនធំៗមិនចាំបាច់​ព្រួយបារម្ភ​អំពី​ភាពប្រាកដប្រជា​នៃ​ការស្វែងរក​អ្នកទិញ ឬ​អ្នកលក់​នោះទេ។ សម្រាប់​សេដ្ឋកិច្ចកម្ពុជា​ដែល​បច្ចុប្បន្ន​កំពុងមានបញ្ហា​ដោយសារតែ​ខ្វះ​គំនិត​ផ្តួចផ្តើម​ក្នុង​ការតភ្ជាប់​ផលិតផល​របស់ខ្លួន​ទៅនឹង​ទីផ្សារ​ពិភពលោក។

    លោក​ឧកញ៉ា តែ តាំង​ប៉ បាន​ថ្លែងថា ការចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា(MoU)ជាមួយ​ក្រុមហ៊ុន SRAM & MRAM ក្នុង​គោលបំណង​អភិវឌ្ឍ​គេហទំព័រ“smexasean.com”ដើម្បី​បម្រើ​ជាទី​ផ្សារ​មួយ​ក្នុង​ការភ្ជាប់​ទំនាក់ទំនង​ផលិតផល​របស់​កម្ពុជា​ទៅ​ទីផ្សារ​ក្នុង​តំបន់។ ការ​គួបផ្សំ​គ្នា​នេះ​នឹង​ជួយ​ដល់​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​ដើម្បី​ឈានទៅរក​កន្លែង​ដែលមាន​សុពលភាព​របស់ខ្លួន​ជាមួយ​ប្រទេសជិតខាង​នៅក្នុង​អាស៊ាន។

    លោក​បាន​មានប្រសាសន៍​បញ្ជាក់ថា៖ “សមាជិក​របស់​យើងឆាប់ៗនេះ​នឹងមាន​គេហទំព័រ​មួយ​ដើម្បី​ដាក់​បង្ហាញ និង​លក់​ផលិតផល​របស់​ពួកគេ​តាម​នីតិវិធី​កាន់តែ​ងាយស្រួល និង​ការចំណាយ​កាន់តែ​ទាប​ដើម្បី​ឱ្យទៅដល់​អតិថិជន​ជា​ទិសដៅ​នៅក្នុង​ទីផ្សារ​អន្តរជាតិ”។ បើតាម​ការឱ្យ​ដឹង​អំពី smexasean.com គេហទំព័រ​នេះ​មានមុខ​ងារ​ដូច​ទៅនឹង​គេហទំព័រ​របស់​ក្រុមហ៊ុន Alibaba នៅ​ប្រទេស​ចិន​ដូច្នោះ​ដែរ ប៉ុន្តែ​មានតែ​ផលិតផល​កម្ពុជា​ប៉ុណ្ណោះ ហើយ​បន្ទាប់ពី​កិច្ចព្រមព្រៀង​នេះ ក្រុមការងារ​បច្ចេកទេស​នឹង​ដឹកនាំ​ធ្វើការ​បង្ហាញ(រ៉ូ​ដ​សូ Road show)ដើម្បី​អប់រំ​សមាជិក​ប្រហែល 300នាក់​របស់ FASMEC អំពី​អត្ថប្រយោជន៍​របស់​គេហ​ទំព័រ​ទីផ្សារ​អន​ឡាញ​ថ្មី​នេះ និង​នីតិវិធី​ក្នុង​ការដាក់​បង្ហាញ និង​ការលក់ទំនិញ​ដើម្បី​រួមគ្នា​ប្រតិបត្តិការ​ទីផ្សារ។

    នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​បានឱ្យដឹងថាគេហទំព័រ​លក់ទំនិញ​មួយ​នេះ​នឹង​ជួយ​ម្ចាស់​សហគ្រាស​ធុន​តូច និង​មធ្យម​ឱ្យ​ភ្ជាប់​ទំនាក់ទំនង​ផលិតផល​របស់​ពួកគេ​ទៅកាន់​ទីផ្សារ​ក្នុង​តំបន់។ ក្រុមហ៊ុន​ SRAM MRAM សម្រេចបាន​កិច្ចព្រមព្រៀង​ស្រដៀង​គ្នា​នេះដែរ​ជាមួយ​សមាគម SME នៅក្នុង​ប្រទេស​ជាច្រើន​ក្នុង​តំបន់​អាស៊ាន លើកលែងតែ​ប្រទេស​សិង្ហ​បុរី និង​ប្រ៊ុយណេ​ប៉ុណ្ណោះ។ ប៉ុន្តែ​នៅ​មិនទាន់មាន​ព័ត៌មាន​លម្អិត​ដែល​អាច​រកបាន​ស្ដីពី​ពេលវេលា និង​នីតិវិធី​នៅក្នុង​ការចុះបញ្ជី​ផលិតផល​នៅក្នុង​ទីផ្សារ​អន​ឡាញ​នេះ​នៅឡើយ​ទេ។

    លោកស្រី កែវ មុំ នាយិកា​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ​លី​លី​បាន​មានប្រសាសន៍ថា៖ “ការចុះ​កិច្ចព្រមព្រៀង​របស់​សមា​គម SME ក្នុង​ការបើក​ទីផ្សារ​អន​ឡាញ​នេះ​វា​ជា​ដំណើរ​ការល្អ​មួយ ខ្ញុំ​គាំទ្រ​ប្រសិនបើ​ធ្វើទៅបាន​ត្រឹមត្រូវ ឬ​ធ្វើ​ការរៀបចំ​ឱ្យបាន​ល្អ ពីព្រោះ​ការបើក​អន​ឡាញ​មាន​គោលបំណង​អភិវឌ្ឍ​គេហទំព័រ “smexasean.com”ដើម្បី​ភ្ជាប់​ផលិតផល​ខ្មែរ​ទៅនឹង​ទីផ្សារ​ក្នុង​តំបន់”។

    លោកស្រី​បាន​បន្ថែមថា ដោយសារតែ​បច្ចុប្បន្ន​ទីផ្សារ​ពិភពលោក​បាន​ងាក​ទៅរក​ទីផ្សារ​បែប​បច្ចេកវិទ្យា ឬ​ទីផ្សារ​អន​ឡាញ​ដើម្បី​ទិញ-លក់ទំនិញ​ច្រើន។ ដូច្នេះ​ចំពោះ​ផលប្រយោជន៍​នៃ​ទីផ្សារ​អន​ឡាញ​នេះ​គឺ​ពិត​ជាមាន​សម្រាប់​សហគ្រាស​យើង ពីព្រោះ​យើង​អាច​លក់​ផលិតផល​លើ​អន​ឡាញ​បាន ហើយ​យើង​ក៏​អាចជួយ​ដល់​សមាជិក​ក្នុង​ការរក​ទីផ្សារ​ដើម្បី​លក់​ផលិតផល ដែល​អាចធ្វើឱ្យ​យើង​ទទួលបាន​ផលប្រយោជន៍​ទាំងអស់គ្នា ឯ​សហព័ន្ធ​ក៏​ទទួលបាន​ជោគជ័យ​ដែរ។

    ប៉ុន្តែ​លោកស្រី​បានបង្ហាញ​ក្តីបារម្ភ​ផងដែរ​ចំពោះ​អាជីវកម្មតូចៗមួយចំនួន​នៅក្នុង​ស្រុក​យើង មាន​ច្រើន​ដែល​ពុំទាន់​មាន​ការប្រើ​គេហទំព័រ​ឱ្យបាន​ទូលំទូលាយ​នៅឡើយ។ អាជីវកម្ម​ទាំងនោះ​ពុំទាន់​ពង្រីក​ខ្លួន​ទៅតាម​ទីផ្សារ​អន​ឡាញ​បាន​នៅឡើយ នេះ​ជាការ​លំបាក និង​ជា​បញ្ហា​ធំ​នៅក្នុង​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ពីព្រោះ​បើ​គាត់​ចង់​ពង្រីក​ខ្លួន​ក៏​ពិបាក​ដែរ ដោយសារតែ​បញ្ហា​ហិរញ្ញវត្ថុ​របស់គាត់​មាន​តិច។

    លោកស្រី​បាន​យល់​យ៉ាង​ដូច្នេះ​ថា៖ ប៉ុន្តែ​ចំពោះ​ការដាក់​ផលិតផល​ទៅក្នុង​ទីផ្សារ​អន​ឡាញ យើង​អាច​រំពឹងថា ប្រសិនបើ​លោក​ឧកញ៉ា​ប្រធាន​គាត់​អាចជួយ​ដល់​អាជីវកម្មតូចៗបាន គាត់​អាច​ប្រមូលផ្តុំ​ផលិតផល​របស់​សមាជិក​ទៅ​ដាក់​ក្នុង​អន​ឡាញ​របស់គាត់​បាន​ច្រើន នោះ​គឺជា​ការចូលរួមចំណែក​ដ៏​ធំ​មួយ​ដល់​សមាជិក ហើយ​ប្រសិនបើ​គាត់​អាចមាន​ទីផ្សារ​ស្តុក​ទំនិញ​ថែមទៀត​នោះ​រឹតតែ​ប្រសើរ ព្រោះ​សហគ្រាស​ខ្លះ​គាត់​មិនអាច​បញ្ជូន​ទំនិញ​ត្រឹមតែ​មួយកញ្ចប់ ឬមួយ​កេស​បានទេ ព្រោះ​ផលិតផល​រោងចក្រ វា​ពិបាក​ក្នុងការ​ដឹកជញ្ជូន ដូច្នេះ​យើង​ត្រូវ​រក​ចំណុចកណ្តាល​ណាមួយ​ដើម្បីឱ្យ​ដំណើរការ​នៃ​ការប្រើប្រាស់​ទីផ្សារ​អន​ឡាញ​របស់​យើង​អាច​ដំណើរការ​ទៅមុខ​ដោយ​រលូន បើ​ពុំ​ដូច្នោះ​ទេ​យើង​ជឿថា​នឹង​ពិបាក​ក្នុងការ​ទទួលបាន​ជោគជ័យ​ណាស់៕

    លោកស្រី កែវ មុំ នាយិកា​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ​លី​លី
    កម្មវិធីការជំរុញផលិតផលខ្មែរ (SMEs)ចូលទៅក្នុងទីផ្សារពិភពលោក
  • ចុម! ស្ងាត់ៗតារាចម្រៀងហង្សមាស ឃី សុឃុន ភ្ជាប់ពាក្យ??

    ចុម! ស្ងាត់ៗតារាចម្រៀងហង្សមាស ឃី សុឃុន ភ្ជាប់ពាក្យ??

    ពិតជាគួរឱ្យភ្ជាក់ផ្អើលបំផុត ដែលតារាចម្រៀងនៅក្នុងទ្រនំរស្មីហង្សមាសម្នាក់ទៀតគឺលោក ឃី សុឃុន ដែលជាម្ចាស់បទល្បី « ធ្វើម្ដេចយើងក្រ » បានភ្ជាប់ពាក្យជាមួយគូស្នេហ៍យ៉ាងស្ងាត់ៗ ដោយមិនមានអ្នកគាំទ្រណាម្នាក់បានដឺងដំណឹងជាមុន លុះដល់លោកបានបង្ហោះរូបភាពជាមួយអតនាគតភរិយានៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក ទើបបណ្ដាលឱ្យអ្នកគាំទ្រលោកស្រឡាំងកាំងគ្រប់គ្នា នឹងបានជូនពរលោក។

    ប៉ុន្មានខែមុននេះ តារាចម្រៀងថ្មោងថ្មីនៅក្នុងទ្រនំធំមួយនេះទើបតែបានភ្ជាប់ពាក្យជាមួយកូនស្រីអ្នកជំនួញ គឺលោក នី រតនា ដោយមានអ្នកគាំទ្រជាច្រើននាក់ បានបង្ហោះសារច្រណែនផង ជូនពរផង រំភើបផង ញាប់ញ័រផងយ៉ាងភ្លូកទឹកភ្លូកដី។ តែដោយឡែក តារាចម្រៀងប្រុសរូបនេះវិញ ហាក់បីដូចជាស្ងប់ស្ងាត់បន្ដិច មិនសូវជាអធឹកអធ័មដូចតារាដទៃ។ គូដណ្ដឹងរបស់លោក ឃី សុឃុន ត្រូវបានគេស្គាល់ឈ្មោះគណនីហ្វេសប៊ុកថា « BoTrey Toch Nuz Eii » ។ លោក​បាន​អះអាងថា​នៅ​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍​លោក​និង​អញ្ជើញ​មិត្ត​រួម​អាជីព​ទាំងអស់បានចូលរួម ។

    សូមជម្រាបផងដែរ ទោះជា​យ៉ាងនេះ​ក្តីអតីតបេក្ខភាព The Voice Cambodia រដូវកាលទី 2 រូបនេះនៅមិនបាន​ប្រាប់ថា​ គ្រោងនឹង​ចូល​រោងការ​នៅពេលាណា​នោះទេ ។ អនាគត​ភរិយា​របស់លោក ឃី សុឃុន មានមុខមាត់​ស្រស់ស្អាត​មិន​ចាញ់​អ្នកសិល្បៈ​ប៉ុន្មាន​ឡើយ ។ មុន​និង​សម្រេចចិត្ត​ភ្ជាប់ពាក្យ​អ្នក​ទាំង​ពីរបាន​ស្វែងយល់​ចិត្តថ្លើម​គ្នា​ទៅវិញទៅមក ។ ចុងក្រោយនេះគេសម្គាល់ឃើញតារាចម្រៀងប្រចាំ ផលិតកម្មហង្សមាសបានភ្ជាប់ពាក្យជាបន្តបន្ទាប់ដែលមានដូចជា លោក នី រតនា និង តារាចម្រៀងល្បី សុគន្ធកញ្ញា ជាដើម ៕

  • ដេននី ក្វាន់ ប្រកាសលក់សម្លៀកបំពាក់របស់ខ្លួនចែកទានដល់អ្នកក្រក្សត់

    ដេននី ក្វាន់ ប្រកាសលក់សម្លៀកបំពាក់របស់ខ្លួនចែកទានដល់អ្នកក្រក្សត់

    នៅថ្ងៃទី 25 ខែមិថុនា ឆ្នាំ 2018 នេះ តារាសម្ដែងស្រីសិចស៊ី ដេននី ក្វាន់ បានធ្វើការប្រកាស់នៅបណ្ដាញទំនាក់ទំនងសង្គហ្វេសប៊ុករបស់ខ្លួន ក្នុងការប្រមូលសម្លៀកបំពាក់ដែលខ្លួនបានប្រើប្រាស់ ដែលមានសភាពនៅល្អប្រើនៅឡើយនោះ ដាក់លក់នៅក្នុងតម្លៃសមរម្យមួយ ដើម្បីប្រមូលថវិកាទៅចែកទានដល់លោកយាយលោកតា ដែលមានជីវភាពក្រលំបាកនៅក្នុងខេត្តកំពង់ស្ពឺ ។

    ដោយមានទឹកចិត្តសប្បរុសធម៌ និងបានឃើញពីទុក្ខលំបាករបស់មនុស្សចាស់ តារាស្រីសាច់ខ្ចីរូបនេះ បានប្រាប់ឱ្យដឹងថា « ស្អែកនេះខ្ញុំ និងឡាយលក់សំលៀកបំពាក់មួយទឹករបស់នាងខ្ញុំ ដើម្បីយកលុយទៅចែកទានដល់យាយតាក្រខ្សត់នៅខេត្តកំពង់ស្ពឺ..។ រៀបចំសំលៀកបំពាក់មួយទឹករបស់នាងខ្ញុំ សម្រាប់លក់នៅថ្ងៃស្អែក ដើម្បីយកលុយទៅចែកទានដល់ចាស់ក្រខ្សត់ »។ ដូច្នោះហើយតារាស្រី និងធ្វើការឡាយវីដេអូនៅលើហ្វេសប៊ុក ដើម្បីលក់សម្លៀកបំពាក់របស់ខ្លួន ប្រសិនបើបងប្អូនប្រិយមានចំណាប់អារម្មណ៍ចង់ចូលរួមកម្មវិធីសប្បុរសធម៌នេះ អាចទស្សនាការឡាយវីដេអូរបស់នាងបាន។

    គួរបញ្ជាក់ផងដែរថា ភាពស្រស់ស្អាតជារឿងមួយឡែក ក៏ប៉ុន្ដែទឹកចិត្តសប្បុរសធម៌ និងក្ដីស្រឡាញ់ចំពោះប្រជាជនក្រីក្រ គឺជារឿងសំខាន់មួយដើម្បីជួយការងារសង្គម។ ដោយមើលឃើញថា តារាស្រីបានបញ្ឈប់ការស្លៀកពាក់សិចស៊ី ហើយងាកមកចូលរួមកម្មវិធីសប្បុរសធម៌ជាច្រើនកន្លងមក បានធ្វើ​ឱ្យមហាជនកាន់តែគាំទ្រនាង និងស្ញើចសរសើពីទឹកចិត្តរបស់នាង និងក្រុមការងារនាងផងដែរ៕