Category: សង្គម និងសេដ្ឋកិច្ច

  • ​ដើម្បីសម្រេចគោលដៅ​អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាត្រូវការអ្នកជំនាញជាច្រើន

    ​ដើម្បីសម្រេចគោលដៅ​អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាត្រូវការអ្នកជំនាញជាច្រើន

    ក្រោយពីការពង្រាយសាលារៀននៅតាមមូល-ដ្ឋាន កម្ពុជា​បាន​​បោះជំហានបន្តមួយផ្សេងទៀតទៅតំបន់ជនបទគឺការពង្រាយ​រោងចក្រសហគ្រាសដើម្បីសម្រេចបានតាមគោលដៅអភិវឌ្ឍន៍ស្របតាមគោលនយោបាយ​អភិវឌ្ឍន៍វិស័យឧស្សាហកម្ម​ឆ្នាំ2025។

    យុទ្ធសាស្រ្ត​យ៉ាងសំខាន់នេះត្រូវបានអ្នកជំនាញមើលឃើញថា​អាចជួយសង្គមជាច្រើនទាំងផ្នែកម៉ាក្រូសេដ្ឋកិច្ច និងមីក្រូសេដ្ឋកិច្ច ដែលធ្វើឱ្យអ្នករកស៊ី​មានភាពងាយស្រួលបញ្ជ្រាបខ្លួនឱ្យ​បានគ្រប់ទីកន្លែងក្នុងប្រទេស។ នៅពេលដែល​សហគ្រាស និង​ចង្វាក់ផលិតកម្មសំខាន់ៗបានរីកលូតលាស់ទៅដល់តំបន់ជនបទ នោះ​ប្រជាជនដែលមានកម្រិតមធ្យម និងអ្នកដែលទទួលបានការអប់រំខ្ពស់​នៅក្នុងខេត្តនីមួយៗ​នឹង​មានឱកាសចូលរួម​បំពេញវិស័យការងារទាំងអស់នោះ ធ្វើឱ្យគាត់ទទួលបានចំណូលខ្ពស់ ហើយអាចកាត់បន្ថយការចំណាយបានយ៉ាងច្រើន។ នៅពេលដែលកម្រិតជីវភាពរបស់អ្នកមានចំណូលមធ្យមប្រសើរឡើង ចរន្តលុយដែលពួកគេចាយវាយមកវិញ នឹងធ្វើឱ្យ​ទីផ្សារនៅក្នុងប្រទេសលើគ្រប់វិស័យមានការរីកលូតលាស់បានលឿន។ តែទោះជាយ៉ាងនេះក្តី គេសង្កេតឃើញថា​ គោលដៅមួយនេះអាចអនុវត្តបានល្អទៅបានលុះត្រាតែមាន​ធនធានមនុស្សគ្រប់គ្រាន់ និងស្របទៅតាមទីផ្សារការងារនៅថ្ងៃអនាគត។

    រដ្ឋមន្រ្តីក្រសួង​ពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរ ស័ក្តិ បានលើកឡើងថា គោលនយោបាយ​អភិវឌ្ឍ​ន៍វិស័យឧស្សាហកម្ម​ គឺផ្តោតសំខាន់​លើការបង្កើតការងារជូនប្រជាជន ជាពិសេស​គឺ​ប្រជាជន​វ័យក្មេង​ដែលមានជំនាញ និងសក្តានុពល​ខ្ពស់ដែលមានសមត្ថភាពចូលរួមក្នុងវិស័យឧស្សាហកម្មទំនើប។ ក្រៅពីនេះ វិស័យបច្ចេកវិទ្យា ព័ត៌មានវិទ្យាក៏មានជាផ្នែកមួយយ៉ាងសំខាន់ដែលកម្ពុជា កំពុងត្រូវការព្រោះបច្ចុប្បន្ននេះវិស័យពាណិជ្ជកម្ម​តាមអេឡិចត្រូនិកក៏កំពុងមានការរីកចម្រើនផងដែរ។

    ឯកឧត្តម ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា៖ “កម្ពុជាបានទទួលការវិនយោគ​ពីក្រុមហ៊ុនធំៗជាច្រើនដូចជារោងចក្រផលិតគ្រឿងបន្លាស់រថយន្ត ខ្សែភ្លើង គ្រឿងអគ្គិសនី និងរោងចក្រជាច្រើនផ្សេងទៀតដែលទាមទារឱ្យមានអ្នកជំនាញ​ និង​អាចស្រូបទាញការងារបានយ៉ាងច្រើន”។

    ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកឡើងផងដែរថា ដើម្បីសម្រេចគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម​ រដ្ឋាភិបាលត្រូវចំណាយ​ទុនប្រមាណ​ជាង12ពាន់លានដុល្លារ សម្រាប់រយៈពេល 10ឆ្នាំ (2015-2025) ដើម្បីវិនិយោគលើការបណ្តុះបណ្តាលវិជ្ជាជីវៈ និងហេដ្ឋារចនាសម្ព័ន្ធនានាដែលគាំទ្រដល់វិស័យឧស្សាហកម្ម។ ដោយក្នុងនោះ កម្ពុជាក៏នឹងបង្កើត​តំបន់​ចង្កោមសហគ្រាសធុនតូច និងមធ្យម​ដើម្បីជំរុញឱ្យ​វិស័យឧស្សាហកម្ម​ទាំងខ្នាតតូច និងខ្នាតធំកាន់តែមានល្បឿនខ្លាំងឡើង។

    រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ហង់ ជួនណារ៉ុន បានលើកឡើងថា ​រដ្ឋាភិបាល​បានដាក់ចេញនូវគោលនយោបាយ​អប់រំមុខវិជ្ជា វិទ្យាសាស្រ្ត​ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា​ (STEM) ដើម្បី​ចូលរួមចំណែកឆ្លើយតបជាមួយនឹងទីផ្សារការងារក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា។ STEM ជាផ្នែកយ៉ាងសំខាន់មួយដែលមានតម្រូវការទីផ្សារខ្ពស់​នៅកម្ពុជាទាំងពេលបច្ចុប្បន្ន និងអនាគត។ ហើយ​ជំនាញនេះ​ក៏មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច ឧស្សាហកម្មនិងកសិ-ឧស្សាហកម្មនៅកម្ពុជា។

    ឯកឧត្តម ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា ៖ “បច្ចុប្បន្ននេះកម្ពុជា​បានព្យាយាម​ជំរុញឱ្យមុខវិជ្ជា STEM ស្ថិតក្នុងចំណាប់អារម្មណ៍របស់សិស្សហើយជ្រើសរើសមុខវិជ្ជានេះ​សម្រាប់ជាអាជីពនៅថ្ងៃអនាគត។ ក្រសួងអប់រំ បានរៀបចំកម្មវិធីជារៀងរាល់ឆ្នាំដើម្បីបំផុសឱ្យ​យុវជន​មើលឃើញពីគុណសម្បត្តិរបស់មុខវិជ្ជា STEM ហើយគិតថា​វាជាមុខវិជ្ជាដែល​អាចជួយពួកគេ និងសង្គមបានយ៉ាងប្រសើរ”។

    ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងផងដែរថា ទោះបីជាយ៉ាងនេះក្ តីកម្ពុជា​ក៏នៅមានបញ្ហាប្រឈមមួយចំនួនដែរ ដែលយើងកំពុងដោះស្រាយដើម្បីឱ្យគុណភាពអប់រំឆ្លើយតបជាមួយនឹងទីផ្សារការងារដែលកំពុងត្រូវការ។ បញ្ហាទាំងអស់នោះមានដូចជា​វិសមភាពនៃសិស្សដែលចេញពីសាលា មិនត្រូវគ្នាជាមួយទីផ្សារការងារជាក់ស្តែង បញ្ហាហេដ្ឋារចនាសម្ព័ន្ធនៅតាមទីជនបទ បញ្ហាសម្ភារបរិក្ខារពិសោធន៍ និង​បញ្ហាស្តង់ដារគ្រូបង្រៀន​ជាដើម។

    ជាដំណោះស្រាយនៃបញ្ហាទាំងអស់នេះក្រសួងអប់រំ បាន​ពង្រឹងការបណ្តុះបណ្តាលសមត្ថភាពគ្រូបង្រៀន​ និងកែលម្អឡើងវិញនូវសៀវភៅសិក្សាដើម្បីឱ្យស្របតាមកម្មវិធីសិក្សាថ្មី។ ​លើសពីនេះទៅទៀត​ក្រសួងក៏បាន​បង្កើត​សាលាជំនាន់ថ្មី​ដើម្បីផ្តល់ឱ្យសិស្សនូវបច្ចេកវិទ្យាទំនើបសម្រាប់សិក្សាលើវិស័យ​ STEM នេះឱ្យដល់​គ្រប់ខេត្តក្រុងនៅកម្ពុជា។​ ហើយក្នុងមួយឆ្នាំកម្ពុជា​បានវិនិយោគទឹកប្រាក់ជាច្រើនសម្រាប់ការ​ជំរុញលើវិស័យនេះឱ្យរីកដុះដាលខ្លាំងដោយ​ក្នុងនោះយើងធ្វើការជួសជុល សាងសង់បន្ទប់ពិសោធន៍ បំពាក់កំុព្យូទ័រ និងឧបករណ៍បច្ចេកទេសជាច្រើនផ្សេងទៀតដើម្បីឱ្យសិស្សបានស្វែងយល់ និងចាប់អារម្មណ៍លើមុខវិជ្ជាដែលមានសារៈសំខាន់ទាំងអស់នេះ៕

  • គង់ ចាន់ស្រីមុំ និងស្វាមី ធ្វើបុណ្យសូមសេចក្ដីសុខមុនថ្ងៃសម្រាល

    គង់ ចាន់ស្រីមុំ និងស្វាមី ធ្វើបុណ្យសូមសេចក្ដីសុខមុនថ្ងៃសម្រាល

    តាមរយៈបណ្ដាញទំនាក់ទំនងរបស់អ្នកនាង គង់ ចាន់ស្រីមុំ នៅថ្ងៃទី28 ខែមិថុនា ឆ្នាំ2018នេះ បានឱ្យដឹងថា អ្នកនាង និងស្វាមី បានទៅធ្វើបុណ្យជាមួយព្រះសង្ឃ ដើម្បីសូមសេចក្ដីសុខចម្រើន និងសេចក្ដីសុខសុវត្ថិភាពមុនថ្ងៃសម្រាល។

    អ្នកនាង បានរៀបរាប់ថា «ថ្ងៃនេះ​ ថ្ងៃសីលពេញបូណ៌មី​ ខ្ញុំសូមបួងសួង​ដល់វត្ថុស័ក្តិសិទ្ធិទាំងអស់​ សូមជួយថែរក្សាកូនចៅ និងគ្រួសារឱ្យបានសុខសប្បាយ​ មានសុខភាពល្អ​ និងជួបតែមនុស្សល្អ​ ជូនបុណ្យគ្រប់គ្នាផងចា៎»។

    គួររំឭកដែរថា ប៉ុន្មានថ្ងៃមុននេះគេឃើញ តារាសម្ដែង គង់ ចាន់ស្រីមុំ តែងតែចំណាយពេលវេលា ផ្ដិតយករូបភាពស្អាតៗក្នុងពេលដែលខ្លួនកំពុងពពោះជិតគ្រប់ខែ ដើម្បីបន្សល់ទុកជាអនុស្សាវរីយ៍ និងទោះជាកៀកថ្ងៃសម្រាលកូនក៏ដោយ ក៏អ្នកនាងនៅតែដើរបំពេញការងារមើលការខុសត្រូវហាងរបស់ខ្លួនដដែល។ ក្នុងពេលជាមួយគ្នានោះដែរ អ្នកនាងក៏ទទួលបានការយកចិត្តទុកដាក់ និងមើលថែទាំពីស្វាមីជាទីស្រឡាញ់ផងដែរ។ ដោយឡែក បើងាកមកមើលពីសម្រស់វិញ តារាស្រីរូបនេះនៅតែមានភាពស្រស់ស្អាត និងក្មេងវ័យដដែល បើទោះបីជាពេលនេះ អ្នកនាងកំពុងពពោះក្តី រហូតដល់មានការលាន់មាត់សរសើរយ៉ាងច្រើនពីសំណាក់អ្នកក្នុង និងក្រៅពិភពសិល្បៈ។

    គួរបញ្ជាក់បន្ថែមផងដែរថា ថ្មីៗនេះ មហាជនកំពុងមានការចាប់អារម្មណ៍ខ្លាំងជាមួយនឹងស្ទីលថ្មីនៃការតុបតែងខ្លួន និងស្លៀកពាក់របស់អ្នកម្ដាយវ័យក្មេង គង់ ចាន់ ស្រីមុំ ដែលកំពុងតែមានគភ៌ជិតគ្រប់ខែ និងត្រូវត្រៀមខ្លួន សម្រាលនាថ្ងៃទី7 ខែកក្កដាខាងមុខនេះ។ ដើម្បីត្រៀមស្វាគមន៍ព្រះនាងតូចថ្មីរបស់អ្នកនាង លោក គឹម សីហា កំពូលស្វាមីបណ្ដូលចិត្តអ្នកនាងបានរៀបចំធ្វើកម្មវិធីប្លែកមួយឡើង ដែលមិនធ្លាប់មានពីមុនមក និងឃើញមានវត្តមានភ្ញៀវ មិត្តសិល្បៈ និងសាច់ញាតិបានអញ្ជើញចូលរួមក្នុងកម្មវិធីនោះ អ្នកនាង ស្រីមុំ មានការតុបតែងខ្លួនបែបជាស្រ្ដីមានផ្ទៃពោះ រួមជាមួយនឹងការគ្រងឈុតសម្លៀកបំពាក់គេងយប់ និងការផាត់មុខ ធ្វើសក់ ធ្វើឱ្យទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែនពីសំណាក់មហាជន៕

  • ការបរាជ័យ​របស់ Murray ក្នុង Eastbourne ក្លាយជា​ពពក​ខ្មៅ​ក្នុង Wimbledon

    ការបរាជ័យ​របស់ Murray ក្នុង Eastbourne ក្លាយជា​ពពក​ខ្មៅ​ក្នុង Wimbledon

    កីឡាករ​វាយ​កូន​បាល់ Andy Murray បាន​រង​បរាជ័យ​ក្នុង​លទ្ធផល ៦-៤ និង៦-៤ ក្រោម​ស្នាដៃ​កីឡាករ​ចក្រភព​អង់គ្លេស​ដូចគ្នា Kyle Edmund ក្នុង​ព្រឹត្តិការណ៍ Eastbourne កាលពី​ថ្ងៃ​ពុធ ដើម្បី​ធ្វើឱ្យ​ការចូលរួម​របស់​អតីត​កីឡាករ​មាន​ចំណាត់ថ្នាក់​លេខ1 ក្នុង​ពិភពលោក​រូបនេះ ក្នុង​យុទ្ធនាការ Wimbledon នេះ​ស្ថិតក្នុង​ភាពមិនច្បាស់លាស់។

    Murray ដែលជា​ម្ចាស់​ជើងឯក​ពាន Wimbledon 2 សម័យកាល បាន​ធ្លាក់​ទៅ​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ156 ក្នុង​ពិភពលោក ក្រោយពី​វិល​ទៅកាន់​ការប្រកួត​វិញ​ក្នុង​ព្រឹត្តិការណ៍ Queen’s កាលពី​សប្តាហ៍​មុន ក្រោយពី​បាន​អវត្តមាន​អស់​រយៈពេល 11ខែ ដោយសារតែ​បញ្ហា​របួស​ចង្កេះ។

    កីឡាករ​វ័យ 31ឆ្នាំ​រូបនេះ បាន​រង​បរាជ័យ​ក្នុង​ជុំ​ទី1 ក្នុង​ព្រឹត្តិការណ៍ Queen’s ប៉ុន្តែ​បានទទួល​នូវ​ការជឿជាក់​តាមរយៈ​ការ​ផ្តួល​ម្ចាស់​ជើងឯក​ពានរង្វាន់ធំៗ 3សម័យកាល Stan Wawrinka ក្នុងការ​ប្រកួត​បើកឆាក​នៃ​ព្រឹត្តិការណ៍ Eastbourne កាលពី​ថ្ងៃ​ចន្ទ។

    Murray បាន​ជួប​បញ្ហា​របួស​ចង្កេះ​រប​ស់​គេ​ក្នុង​ការប្រកួត​វគ្គ 1/4 ផ្តាច់ព្រ័ត្រ នា​ព្រឹត្តិការណ៍ Wimbledon កាលពី​ឆ្នាំមុន និង​បានទទួល​ការវះកាត់​កាលពី​ខែមករា។ ព្រឹត្តិការណ៍ Wimbledon នៅ​ឆ្នាំនេះ​នឹង​ចាប់ផ្តើម​ប្រកួត​ជា​ផ្លូវការ​នៅ​ថ្ងៃ​ចន្ទ សប្តាហ៍​ក្រោយនេះ៕

    ប្រភពពី៖ Channel News Asia

  • ចូលរួមរំលែកទុក្ខ!! កញ្ញាឌីជេ អាលីយ៉ា ទទួលមរណភាពហើយ

    ចូលរួមរំលែកទុក្ខ!! កញ្ញាឌីជេ អាលីយ៉ា ទទួលមរណភាពហើយ

    តាមរយៈបណ្ដាញទំនាក់ទំនងហ្វេសប៊ុកលោក អ៊ឹម ជីវ៉ា បានឱ្យដឹងថា កញ្ញាឌីជេ អាលីយ៉ា បានទទួលមរណភាពហើយ នៅវេលាម៉ោង6ទាបភ្លឺព្រឹក ថ្ងៃទី28 ខែមិថុនា ឆ្នាំ2018នេះ ដោយសពនាងយកទៅតម្កល់នៅវត្តទួលអង្គលោក។ នេះជាដំណឹងសោកស្តាយមួយ ដែលឌីជេស្រីរូបនេះ ធ្លាបមានប្រវត្តិជួយសង្គមតាមកម្មវិធីសប្បុរសធម៌ជាច្រើន រួមទាំងចូលរួមចំណែករកជំនួយសប្បុរដល់មន្ទីពេទ្យគន្ធបុប្ផាផងដែរ ។

    គួររំឮកផងដែរថា មុនពេលធ្លាក់ខ្លួនឈឺរហូតចូលសម្រាកនៅបន្ទប់សង្គ្រោះបន្ទាន់គួរឱ្យអាសូរ អាលីយ៉ា ធ្លាប់បានសាងស្នាដៃជាច្រើនក្នុងសង្គមសិល្បៈ បូករួមទាំងការងារសប្បុរសធម៌ជាហូរហែរ។ អំឡុងខែមិថុនា ឆ្នាំ2012អាលីយ៉ា បានផ្តើមគំនិតក្នុងការប្រមូលថវិកាមួយចំនួនពីមិត្តរួមអាជីព និងក្រៅរង្វង់សិល្បៈ ដើម្បីជូនដល់វីរសិល្បករចាប៉ីដ៏ល្បីល្បាញលោកតាភិរម្យ ប្រាជ្ញ ឈួន។ នាងក៏បានដឹកនាំអ្នកសិល្បៈ និងក្រុមការងារមួយចំនួនចុះទៅសាកសួរសុខទុក្ខវីរសិល្បករខាងលើដោយផ្ទាល់ដល់ស្រុកកំណើតភូមិសម៉ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។

    អ្វីដែលគេកាន់តែកោតសរសើអំពីទឹកចិត្តនាង គឺក្នុងអំឡុងខែកក្កដា ឆ្នាំ2012 នាងក៏បានផ្តួចផ្តើមបង្កើតព្រឹត្តិការណ៍ប្រគំតន្ត្រី និងសម្តែងទស្សនីយភាពសិល្បៈដ៏ធំមួយ ​ ​នៅ​សាល​មហោស្រព​ចតុមុខ​មាន​ ឈ្មោះ​ថា​«​តន្រ្តី​មនុស្ស​ធម៌​រៃអង្គាស​ប្រាក់​ជួយ​កុមារ​កំព្រា»​។ គេក៏ចាប់អារម្មណ៍ទៅលើសកម្មភាពនៃការចូលរួមដោយស្ម័គ្រចិត្តរបស់តារាស្រីរូបនេះជាមួយសិល្បករដទៃក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តជាច្រើនឆ្នាំបន្តបន្ទាប់គ្នាផងដែរ។ មុនពេលបាត់មុខពីការងារសិល្បៈកាលពីអំឡុងចុងខែកញ្ញា ឆ្នាំ2016 តារាស្រីរូបនេះ ធ្លាប់បានចូលរួមដោយស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីសប្បុរសធម៌នៅសាកលវិទ្យាល័យន័រតុន ដើម្បីរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។ នៅមានសកម្មភាពសង្គមជាច្រើនទៀតដែលតារាស្រីរូបនេះធ្លាប់បានចូលរួមចំណែកជាមួយសិល្បករដទៃជួយដល់សង្គម។

    ជំនួសមុខឱ្យសារព័ត៌មានឡារ៉ែន ​និងសិល្បៈករ-សិល្បៈការិនី យើងសូមអំពាវនាវដល់សាច់ញាតិរបស់នាង បើទោះខុសឆ្គងបែបណាគួរតែមកជួយគាត់វិនាទីចុងក្រោយនេះផង កុំទុក្ខអ្នកនាងឱ្យចោលអីចឹង និងសូមឱ្យវិញ្ញាណក្ខន្ធ អ្នកនាង បានទៅកាន់សុគតិភព៕

  • អីយ៉ា ! នី រតនា ក៏បានសម្ដែងក្នុងរឿងបុរាណនេះដែរ…

    អីយ៉ា ! នី រតនា ក៏បានសម្ដែងក្នុងរឿងបុរាណនេះដែរ…

    ប៉ុន្មានម៉ោងមុននេះបន្ដិច តារាចម្រៀងសំឡេងផ្អែម លោក នី រតនា បានបង្ហោះរូបភាពទាំងនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក និងអ៊ីនស្ដាក្រាមរបស់លោកដែលស្ដែងឱ្យឃើញថា លោកបានចូលរួមសម្ដែងក្នុងរឿងភាគបុរាណដ៏ល្បីមួយ ដែលនឹងចាក់បញ្ចាំងនៅក្នុងពេលឆាប់ៗនេះ។

    រូបភាពគូជាមួយតារាស្រី យ៉ែម ស្រីពេជ្រ ដែលជាតួស្រីម្នាក់នៅក្នុងរឿងភាគបុរាណ «កូនពស់កេងកង​» នោះ លោក នី រតនា បានរៀបរាប់ថា «អរុណសួស្ដីបងប្អូនទាំងអស់គ្នា សុខសប្បាយជាទេ?? ហើយមាននឹកខ្ញុំអត់ហ្នឹង?? ថ្ងៃនេះខ្ញុំទំនេរក៏ឆ្លៀតមកខេត្តកំពត ចាក់ផ្កាទុកលក់ ក្រែងលោបានលុយខ្លះធ្វើដំណើរទៅភ្នំពេញវិញ » ។ គ្រាន់តែបង្ហោះរូបភាពប៉ុន្មានសន្លឹកនេះភ្លាម អ្នកគាំទ្រលោកភ្ញាក់ផ្អើលគ្រប់ៗគ្នា ហើយនាំគ្នានឹកស្មានមិនដល់ថា លោកក៏បានសម្ដែងរឿងល្បីមួយនេះផងដែរ។

    គួរបញ្ជាក់ផងដែរថា លោក នី រតនា បន្ទាប់ពីបានភ្ជាប់ពាក្យជាមួយគូដណ្ដឹងស្រស់សោភាបានប៉ុន្មានខែមក គេសង្កេតឃើញថា លោកនិយមបង្ហាញភាពផ្អែមល្ហែមដូចស្ករតាំងម៉ែ និងរៀបរាប់ Status ទ្រឹស្តីស្នេហាប្លែកៗដូចជា «ពាក្យថាស្រឡាញ់ មិនស្មើនឹងទង្វើដែលបង្ហាញថាស្រឡាញ់នោះទេ ដូច្នេះជីវិតគូ គឺត្រូវតែរៀនឱ្យចេះផ្សំគ្រឿងជីវិត ភ្លក្សឱ្យត្រូវរសជាតិជីវិតគូ ដាច់ខាតកុំឱ្យប្រៃពេក កុំឱ្យផ្អែមពេក កុំឱ្យសាបពេក និងកុំឱ្យហឹរពេក ទើបជីវិតគូស្ថិតស្ថេរយូរអង្វែង»។ តើមានអ្នកគាំទ្រប៉ុន្មាននាក់ ដែលមិនច្រណែនគូដណ្ដឹងរបស់លោក?៕

  • សណ្ឋាគារ ជូលីណា ភ្នំពេញ សណ្ឋាគារដំបូងគេ ដែលសាងសង់យ៉ាងស្រស់ឆើតឆាយបំផុតក្នុងឆ្នាំ1993

    សណ្ឋាគារ ជូលីណា ភ្នំពេញ សណ្ឋាគារដំបូងគេ ដែលសាងសង់យ៉ាងស្រស់ឆើតឆាយបំផុតក្នុងឆ្នាំ1993

    កាលពីឆ្នាំ1993 ប្រទេសកម្ពុជាយើងនៅមិនទាន់មានស្ថិរភាពផ្នែកសន្តិភាពសង្គមនៅឡើយទេ តែនៅពេលនោះ សណ្ឋាគារ ជូលីណា ភ្នំពេញ (Juliana Phnom Penh Hotel) បានសាងសង់ឡើងនៅលើផ្ទៃដីទទេឱ្យចេញជារូបរាងសណ្ឋាគារដ៏ល្អប្រណីត និងស្រស់ឆើតឆាយបំផុតនៅពេលនោះ។ សណ្ឋាគារ ជូលីណា ភ្នំពេញ បានរំលេចរូបរាងដ៏ស្រស់សង្ហា ប្រៀបដូចជាទេវតាជប់និមិត្ត ធ្វើឱ្យប្រជាជនកម្ពុជា ក៏ដូចជាជនបរទេសដែលមកស្នាក់នៅ និងមកកម្សាន្តនៅប្រទេសកម្ពុជាមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង។ មកទល់ពេលនេះ សណ្ឋាគារ ជូលីណា ភ្នំពេញ នៅតែដក់ជាប់នៅក្នុងចិត្ត និងការចងចាំរបស់ប្រជាជនខ្មែរ ដោយសណ្ឋាគារនេះស្ថិតនៅចំកណ្តាលទីប្រជុំជនដ៏សំខាន់ និងពោរពេញដោយមនុស្សយ៉ាងច្រើនកុះករនៃរាជធានីភ្នំពេញ គឺនៅខាងក្រោយសាលាបឋមសិក្សា និងវិទ្យាល័យ បាក់ទូក តែម្តង។

    សណ្ឋាគារ ជូលីណា ភ្នំពេញ បានបើក ដំណើរការ និងបម្រើលើវិស័យសណ្ឋាគារ និងភោជនីយដ្ឋានលំដាប់អន្តរជាតិ រយៈពេល 25ឆ្នាំមកហើយ ពោលគឺសណ្ឋាគារនេះបានសម្ពោធបើកដំណើរការតាំងពីថ្ងៃទី1 ខែកក្កដា ឆ្នាំ1993មកម្លេ៉ះ ដោយមានការគាំទ្រពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិពីគ្រប់ទិសទីនៃពិភពលោក ដូចជា ប្រជាជនមកពីតំបន់អាសីុ ដូចជា ប្រទេសចិន ថៃ សាំងហ្គាពួរ ម៉ាឡេសីុ និងភ្ញៀវទេសចរមកពីបណ្តាប្រទេសនៅប៉ែកអឺរ៉ុបជាដើម។

    បើតាមបទសម្ភាសជាមួយនឹងលោក Sakchai Tangkoblap នាយកគ្រប់គ្រងនៃសណ្ឋាគារ ជូលីណា ភ្នំពេញ បានឱ្យដឹងថា សណ្ឋាគារដែលមានរចនាបទតុបតែងដ៏ស្រស់ស្អាតតាមបែបប្រពៃណីខូឡូនីល (Traditional Colonial) ទាំងរូបរាងខាងក្រៅ និងផ្ទៃលម្អខាងក្នុងគឺល្អប្រណីតខ្លាំងណាស់។ ជាមួយនឹងការលម្អដោយរុក្ខជាតិពណ៌បៃតងស្រស់ គ្រប់ទីកន្លែង និងលម្អដោយអំពូលភ្លើងគ្រីសស្តាល់តាមបែបទាន់សម័យ បានធ្វើសណ្ឋាគារ ជូលីណា ភ្នំពេញ លេចធ្លោតែម្តង ពេលដែលលោកអ្នកបានចូលទៅដល់ខាងក្នុងសណ្ឋាគារ លោកអ្នកនឹងទទួលបាននូវអារម្មណ៍ស្រស់ស្រាយ និងប្លែកភ្នែកជា-មួយនឹងការរចនាដ៏ល្អឯកគ្មានពីរ។ សណ្ឋាគារ ជូលីណា ភ្នំពេញ ផ្តល់នូវសេវាកម្មស្នាក់នៅ ដែលមានបន្ទប់រហូតដល់ទៅ100បន្ទប់ ដែលបែងចែកជា2ប្រភេទបន្ទប់ គឺបន្ទប់ Superior (បង្ហាញពីទេសភាពនៅខាងក្រោយនៃសណ្ឋា-គារ) និងបន្ទប់ Deluxe (បង្ហាញពីទេសភាពនៅខាងមុខអាងហែលទឹក) ដែលផ្តល់ជូនជាមួយនឹងអាហារពេលព្រឹកបែបប៊ូហ្វេដ៏សម្បូរបែប។ ក្រៅពីសេវាកម្មកន្លែងស្នាក់នៅ នៅក្នុងសណ្ឋាគារ ជូលីណា ភ្នំពេញ ក៏មានភោជនីយដ្ឋានចំនួន2ភោជនីយដ្ឋាន ក្នុងនោះមាន ភោជនីយដ្ឋានចិន ដែលមានវត្តមានបម្រើជូនអាហារបែបជនជាតិចិនដ៏ឆ្ងាញ់ពិសាតាំងពីឆ្នាំ1997មកមេ្ល៉ះ និងបើកបម្រើជូនអតិថិជនពីម៉ោង10ព្រឹករហូតដល់ម៉ោង10យប់ និងភោជនីយដ្ឋានមួយទៀត ជាភោជនីយដ្ឋានប៊ូហ្វេ ដែលមានអាហារកម្រិតអន្តរជាតិ គឺមានអាហារបែបបស្ចិមប្រទេស បែបអាសីុដ៏ល្បីល្បាញ (អាហារថៃ និងអាហារបែបខ្មែរ) ដោយបច្ចុប្បន្នបានបើកបម្រើអាហារប៊ូហ្វេពេលល្ងាចពីម៉ោង6ល្ងាចដល់ម៉ោង9យប់ (ឬអាចកក់ទុកមុនសម្រាប់លោកអ្នកដែលមានបំណងចង់មកទទួលទានអាហារប៊ូហ្វេនាពេលថ្ងៃត្រង់)។ សណ្ឋាគារ ជូលីណា ភ្នំពេញ ក៏មានបន្ទប់សម្រាប់រៀបចំកម្មវិធីខួបកំណើត កម្មវិធីជប់លៀង អង្គប្រជុំ សិក្ខាសាលាកម្រិតជាតិ និងអន្តរជាតិ ដោយខាងសណ្ឋាគារមានបន្ទប់ប្រជុំចំនួន3 និងមានកន្លែងសម្រាប់រៀបចំកម្មវិធីតូចធំយ៉ាងរីករាយចំនួន4កន្លែង ដើម្បីឱ្យអតិថិជនជ្រើសរើសរៀបចំកម្មវិធីរបស់ខ្លួនយ៉ាងពេញចិត្ត ដោយទទួលភ្ញៀវបានពី25នាក់ដល់300នាក់ ទៅតាមទីតាំងរៀបចំកម្មវិធី ដែលអតិថិជនជ្រើសរើស (បន្ទប់តូចទទួលភ្ញៀវបានពី40-50នាក់, បន្ទាប់ទំហំមធ្យមទទួលបានភ្ញៀវពី70-100នាក់ និងបន្ទប់ធំទទួលភ្ញៀវបានពី200-300នាក់)។ សម្រាប់លោកអ្នកដែលនិយមចូលចិត្តភាពស្ងប់ស្ងាតក្នុងការទទួលទានអាហារក៏ដូចជាការក្រេបនូវរសជាតិស្រាក្រឡុក និងស្រាក្រហម ស្រាវីស្គីដែលមានប្រភពដើមមកពីប្រទេសល្បីខាងផលិតស្រាដែលមានរសជាតិឆ្ងាញ់ និងមានគុណភាពខ្ពស់ នៅសណ្ឋាគារ ជូលីណា ភ្នំពេញ ក៏មានបារបែបទាន់សម័យ និងស្រស់ស្អាតទាក់ភ្នែកមួយកន្លែងផងដែរ ដែលស្ថិតនៅខាងស្តាំដៃ នៅពេលដែលលោកអ្នកអញ្ជើញចូលមកដល់កន្លែងទទួលភ្ញៀវផ្នែកខាងក្នុងនៃសណ្ឋាគារ។​ Lobby Bar នៃសណ្ឋាគារ ជូលីណា ភ្នំពេញ បានបម្រើអតិថិជនទាំងអស់ពីម៉ោង5ល្ងាចដល់ពាក់កណ្តាលអធ្រាត្រ និងផ្តល់ជូន Happy Hour ដល់អតិថិជនពីម៉ោង5ល្ងាចដល់ម៉ោង6ល្ងាច។ ហើយលោកអ្នកក៏អាចរីករាយជាមួយនឹងការហែលទឹកលេង និងហាត់ប្រាណដើម្បីសុខភាព និងភាពស្រស់ស្អាត ដែលមកបម្រើជូនពីម៉ោង6ព្រឹកដល់ម៉ោង9យប់ និងបើកបន្ទប់ស្ទីម-សូណាលក្ខណៈឯកជនដ៏ស្ងប់ស្ងាត់ ស្រឡះអារម្មណ៍ ដែលបើកពីម៉ោង1ថ្ងៃដល់ម៉ោង9យប់។ សេវាកម្មនេះផ្តល់ជូនអតិថិជន ដែលមកស្នាក់នៅក្នុងសណ្ឋាគារ ជូលីណា ភ្នំពេញដោយឥតគិតថ្លៃ ហើយខាងសណ្ឋាគារក៏បើកស្វាគមន៍ដល់អតិថិជនគ្រប់ជាតិសាសន៍មកពីខាងក្រៅផងដែរ។ លើសពីនេះទៅទៀត សណ្ឋាគារ ជូលីណា ភ្នំពេញ ក៏មានកន្លែងម៉ាស្សាបែបថៃបុរាណដ៏ល្បីល្បាញ ដើម្បីបម្រើជូនអតិថិជនរបស់ខ្លួនផងដែរ គឺបើកពីម៉ោង10ព្រឹកដល់ម៉ោង10យប់ជារៀងរាល់ថ្ងៃ។

    សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.julianahotels.com៕

    លោក Sakchai Tangkoblap នាយកគ្រប់គ្រងនៃសណ្ឋាគារ ជូលីណា ភ្នំពេញ
  • នាំគ្នាមកស្គាល់ រោងភាពយន្ដចំណាស់ទាំង 6កន្លែងនៅខេត្តបាត់ដំបង

    នាំគ្នាមកស្គាល់ រោងភាពយន្ដចំណាស់ទាំង 6កន្លែងនៅខេត្តបាត់ដំបង

    រោងភាពយន្តនៅក្នុងទីរួមខេត្តបាត់ដំបងដែលធ្លាប់ល្បឺល្បាញ និងបានសាងឡើងនៅសម័យសង្គមរាស្រ្តនិយម  បច្ចុប្បន្នរោងភាពយន្តមួយចំនួនបានបាត់រូបរាងទៅហើយ និងមួយចំនួនទៀតកំពុងប្រឈមនឹងការចាស់ទ្រុឌទ្រោម ហើយរោង​ភាពយន្ដ​មួយចំនួនក្នុងចំណោមនោះ ក៏មានការចាប់អារម្មណ៍ពីផលិតករភាពយន្ដបរទេស និងក្នុងស្រុកចាប់អារម្មណ៍ពីទីតាំងក្នុងការផលិតខ្សែភាពយន្តដើម្បីលើកស្ទួយ អនុរក្ស និងគាំពាផងដែរ។ ជាក់ស្ដែងដូចជានៅក្នុងរឿង «ដុំហ្វីលចុងក្រោយ» ដែលបានផ្តិតយកទីតាំងនៅក្នុង​រោងភាពយន្តប្រាសាទមាស ជាដើម។ ខាងក្រោមនេះជាបណ្ដាឈ្មោះរោងភាពយន្តដ៏ល្បីល្បាញនៅខេត្តបាត់ដំបងកាលពីសម័យមុន៖

    1- រោងភាពយន្ត បាត់ដំបង

    2- រោងភាពយន្ត សង្កែ

    3- រោងភាពយន្ត ហាប់ឈុនសួស្តី

    4- រោងភាពយន្ត ប្រាសាទមាស

    5- រោងភាពយន្ត ហាប់ប៊ីសម័យ

    6- រោងភាពយន្ត អេដែន

  • Messi និង​Rojoសង្គ្រោះ​អា​ហ្សង់ទីន ដើម្បី​ទៅ​ជួប​បារាំង ក្នុង​វគ្គ ​16ក្រុម ខណៈ​ក្រូ​​អាស៊ី ប៉ះដា​ណឺ​ម៉ាក

    Messi និង​Rojoសង្គ្រោះ​អា​ហ្សង់ទីន ដើម្បី​ទៅ​ជួប​បារាំង ក្នុង​វគ្គ ​16ក្រុម ខណៈ​ក្រូ​​អាស៊ី ប៉ះដា​ណឺ​ម៉ាក

    ខ្សែ​ប្រយុទ្ធ Lionel Messi ត្រូវបាន​ទទួលស្គាល់​ថាបានជួយ​​សង្រ្គោះ​ការ​ប្រកួត​ដ៏​រន្ធត់​ចិត្ត​​បំផុត​រយៈ​ពេល​90នាទីនៃ​អាជីពជាកីឡាករបាល់ទាត់​របស់​គេ ខណៈ​ដែល​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​យ៉ាងល្អ​ឥត​ខ្ចោះ​​របស់​ខ្សែ​ការ​ពារ Marcus Rojo នៅ​រយៈ​ពេល​​ 4​នាទី​ចុង​ក្រោយបាន​រក្សា​ក្តី​សង្ឃឹ​មក្នុងព្រឹត្តិ​ការណ៍ World Cup របស់​គេ និង​ក្រុម​ជម្រើស​ជាតិ​អា​ហ្សង់ទីន​បន្តទៅទៀត តាម​រយៈ​ការ​ដណ្តើម​បាន​ជ័យជម្នះ​ក្នុងលទ្ធផល 2-1 លើ​ក្រុម​​ជម្រើស​ជាតិនីហ្សេរី​យ៉ា ដើម្បី​​ឈាន​ទៅ​កាន់​វគ្គ​ 16ក្រុម​ចុងក្រោយ​។

    គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ជាលើក​ទី​1 ​របស់ Messi ក្នុង​យុទ្ធ​នា​ការ​នេះ បាន​ធ្វើ​ឱ្យ​ក្រុម​ម្ចាស់​ជើង​​ឯក​ពិភព​​លោក​ 2​សម័យ​កាល​មួយ​នេះ ចាប់​ផ្តើម​លេងបានយ៉ាងល្អ​ឥត​ខ្ចោះ​នៅក្នុង​ទីក្រុង Saint Petersburg ប៉ុន្តែ ​ការ​ស៊ុត​បាល់​ប៉េ​ណាល់​ទី​នៅនាទីទី​51 ​របស់ Victor Moses បាន​ធ្វើ​ឱ្យ​ក្រុម​របស់​លោក Jorge Sampaoli ប្រឈមមុខ​នឹ​ងការ​ធ្លាក់​ចេញ​ពីយុទ្ធនាការត្រឹម​វគ្គ​ចែកពូល​យ៉ាង​អាម៉ាស់ ​មុន​ពេល Rojo សង្គ្រោះ​ក្រុម​របស់ខ្លួន​នៅ​ពេល​ជិត​បញ្ចប់​ការ​ប្រកួត​។ នៅពេល​ដែល​ត្រូវ​បាន​​សួរ​ថា តើវា​ជា​ការ​ប្រកួត​ដ៏​តាន​តឹង​​បំផុត​នៃ​អាជីព​របស់​គេ ឬ​យ៉ាង​ណានោះ?  Messi បាន​ឱ្យ​ដឹង​​ថា៖ «ខ្ញុំ​មិន​បានចង​ចាំ​​ពី​​ភាព​តាន​តឹង​បែប​ណា​ឡើយ​។ វា​អាស្រ័យ​ទៅ​លើ​ស្ថាន​ភាព និង​អ្វី​ដែល​យើង​កំពុង​តែ​ដណ្តើម​យក​»​។

    ជ័យ​ជម្នះ​នេះនឹង​ត្រូវ​ធ្វើ​ឱ្យ​អា​ហ្សង់ទីន ជួប​ការ​ប្រកួត​ដ៏​ស្វិត​ស្វាញ​មួយ​ទៀត​ក្នុង​វគ្គ​ 16​ក្រុម​ចុងក្រោយ ដោយ​ពួក​គេ​នឹង​ត្រូវ​ប៉ះ​ជា​មួយ​នឹងក្រុម​ជម្រើស​ជាតិ​បារាំង​ ដែល​បាន​​បញ្ចប់​ក្នុងលទ្ធផល​ស្មើ ០-០ ជា​មួយនឹងក្រុម​ជម្រើស​ជាតិ​ដា​ណឺ​ម៉ាក ក្នុងការប្រកួត​​ចុងក្រោយ​នៃ​ពូល​របស់​ពួក​គេ នៅ​ថ្ងៃ​ដដែលនោះ​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ក្រុមបាល់​ទាត់​​ជម្រើស​ជាតិ​​ក្រូ​អាស៊ី ដែល​បាន​​ផ្តួលក្រុម​ជម្រើស​ជាតិ​អ៊ីស្លង់ ក្នុង​លទ្ធផល 2-1 ក្នុងការប្រកួត​ចុងក្រោយ​នៃពូល​របស់​ពួកគេ​នោះ នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម​ជម្រើស​ជាតិដា​ណឺ​ម៉ាក ក្នុង​វគ្គ​ 16ក្រុមចុងក្រោយ​៕

    ប្រភពពី៖ Worldsoccertalk

  • ពុទ្ធោ!! មិននឹកស្មានថា ខាត់ វ៉ៃហាំង ធ្វើបាប ស៊ីន យូប៊ីន សាហាវដល់ថ្នាក់ហ្នឹងសោះ…

    ពុទ្ធោ!! មិននឹកស្មានថា ខាត់ វ៉ៃហាំង ធ្វើបាប ស៊ីន យូប៊ីន សាហាវដល់ថ្នាក់ហ្នឹងសោះ…

    ពិតជាវីដេអូពញ្ញាក់អារម្មណ៍មហាជនអ្នកគាំទ្រទៀតហើយ ដោយកាលពីពេលថ្មីៗនេះ តារាសម្ដែងប្រុសដែលកំពុងមានប្រជាប្រិយភាពខ្លាំង លោក ខាត់ វ៉ៃហាំង បានបញ្ចេញវីដេអូធ្វើបាបតារាស្រីកញ្ញា ស៊ីន យូប៊ីន ម្ដងទៀត  តែលើកនេះអ្នកគាំទ្រមានអារម្មណ៍ថា គួរឱ្យអាណិតតារាស្រីរូបនេះណាស់។

    ស៊ីន យូប៊ីន ត្រូវបាន ខាត់ វ៉ៃហាំង ធ្វើបាបម្ដងទៀតហើយ បន្ទាប់ពីថ្ងៃកំណើតរបស់ខ្លួន។ តាមរយៈវីដេអូដែលបានបង្ហោះនោះ គេមើលឃើញថា លោក ខាត់ វ៉ៃហាំង បានយកម្សៅម្រេចម៉ដ្ឋ ដែលទើបតែហែកពីកញ្ចប់ថ្មីៗ ចាក់ចូលទៅក្នុងកាហ្វេទឹកដោះគោទឹកកក បន្ទាប់មកក៏ដើរសំដៅយកទៅឱ្យតារាស្រី ស៊ីន យូប៊ីន ដែលនាងបានត្រេកអរដោយសារបានទទួលកាហ្វេពីសំណព្វចិត្ត ហើយលើកផឹកភ្លាមដោយមិនបានដឹងខ្លួនជាមុនឡើយ។

    គួររំឭកផងដែរថា កាលពីថ្ងៃខួបកំណើត កញ្ញា ស៊ិន យូប៊ីន គម្រប់អាយុ23ឆ្នាំនោះ ក៏លោក ខាត់ វ៉ៃហាំង បានSurprise នាងយ៉ាងចាស់ដៃដូចគ្នាដែរ។ នៅពេលនោះរូបលោកទៅ Surprise កញ្ញា ស៊ីន យូប៊ីន ដល់ផ្ទះ យ៉ាងសាហាវជាមួយនឹងស៊ុតមាន់ និងម្សៅ បានជះចំកណ្ដាលមុខនាង ឡើងមើលលែងចង់ស្គាល់ថា ជារូបនាងទៅហើយ ក្រោយពេលពួកគេលេងSurpriseនាងបែបនេះ។ ជាមួយនឹងវីដេអូនោះដែរ បានធ្វើឱ្យមហាជន និងជាពិសេសហ្វ៊ែនៗរបស់អ្នកទាំង2 ទប់សំណើចស្ទើរតែមិនជាប់ នៅពេលបានឃើញ តារាប្រុសរូបនេះ Surprise កញ្ញា ស៊ីន យូប៊ីន សាហាវដល់ថ្នាក់នេះ។

    ចង់ដឹងថា តើលើកនេះ  ខាត់ វ៉ៃហាំង ធ្វើបាប ស៊ីន យូប៊ីន ប្លែកដល់កម្រិតណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ៕

  • Joshua ត្រូវតែប៉ះ Povetkin បើ​មិន​អ៊ី​ចឹងទេ ត្រូវ​​បាត់​បង់ខ្សែ​ក្រវាត់ WBA

    Joshua ត្រូវតែប៉ះ Povetkin បើ​មិន​អ៊ី​ចឹងទេ ត្រូវ​​បាត់​បង់ខ្សែ​ក្រវាត់ WBA

    អ្នកប្រដាល់ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​ពិភព​លោក Anthony Joshua​ របស់​ចក្រ​ភព​អង់គ្លេស ត្រូវ​បាន​កំណត់​រយៈ​ពេលឱ្យ​ 24​ម៉ោង ដើម្បី​យល់​ព្រម​​ទទួលយកការ​ប្រកួត​មួយ​ជា​មួយ​​នឹងកីឡាករ​ប្រដាល់​រុស្ស៊ី Alexander Povetkin បើមិន​អ៊ី​ចឹង​ទេ គេអាចត្រូវ​ប្រឈមមុខនឹង​​ការ​បាត់​បង់​ខ្សែ​ក្រវាត់ជើងឯក​​មួយខ្សែរបស់​គេ​។

    Joshua ទើបតែបាន​ទទួល​ខ្សែក្រវាត់​របស់​អង្គការកីឡា​​ប្រដាល់​ពិភព​លោក ឬ​ហៅកាត់​ថា WBO ទម្ងន់​ធ្ងន់មួយខ្សែទៀតថែមពីលើ​​ខ្សែក្រវាត់របស់ស្ថាប័ន WBA និង​ IBF ដែល​រូបគេកំពុង​គ្រប់គ្រង​​ស្រាប់ហើយ នៅ​ពេល​​ដែល​រូបគេ​បានផ្តួល​កីឡាករជនជាតិ​នូ​វែល​សេ​ឡង់ Joseph Parker ក្នុង​ទីក្រុង Cardiff កាល​ពី​ខែមីនា​កន្លងទៅ។ ចាប់​តាំងពី​ពេល​នោះមក លោក Eddie Hearn​ ដែល​ជា​អ្នក​រៀប​ចំ​​ការ​ប្រកួត​របស់ Joshua បាន​ព្យា​យាម​​រៀប​ចំ​​ការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​រួម​មួយ ជាមួយនឹងអ្នកប្រដាល់ Deontay Wilder ប៉ុន្តែនៅមិន​​​ទាន់​បាន​ចុះកិច្ច​ព្រម​ព្រៀង​​ណាមួយ​ជាមួយ​នឹង​ភាគី​របស់​​អ្នកប្រដាល់​អាមេរិក​រូបនោះនៅ​ឡើយ​ ហើយស្ថា​ប័ន WBA ពិត​ជា​ធុញ​ទ្រាន់​នឹង​ការ​រង់​ចាំនេះខ្លាំងណាស់ ​ដោយបច្ចុប្បន្ន WBA បាន​ប្រាប់ Joshua ថា រូប​គេត្រូវ​តែឡើង​ប្រកួត​ជាមួយ​​ Povetkin ដែល​ជា​គូប្រជែង​កើត​ចេញពីការ​ជ្រើសរើស​របស់​ពួកគេ​។

    លោក Gilberto Mendoza ប្រធានស្ថាប័ន WBA បាន​ឱ្យ​ដឹង​នៅក្នុង​សេចក្តីថ្លែង​​ការណ៍មួយ កាលពីថ្ងៃ​អង្គារ ​ថា៖ «នៅ​ថ្ងៃ​នេះ WBA បាន​ស្នើ​សុំ​ចម្លើយ​ពី​ក្រុមរបស់ Anthony Joshua ទាក់​ទង​នឹង​ការ​ប្រកួត​របស់​គេ​ជាមួយ​នឹង​អ្នក​ប្រជែងដ​ណ្តើម​ខ្សែក្រវាត់ Alexander Povetkin»​។ ប្រធាន​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «WBA បាន​អនុ​ញ្ញាត​ឱ្យ​មាន​ការ​ពន្យារ​ពេល​រយៈ​ពេល​ 1ខែ​ដើម្បី​ធ្វើ​ការ​ចរ​ចា​ជាមួយ​នឹង Povetkin និង​ការ​ពិភាក្សា​កំពុង​បន្ត​ជាមួយ​នឹង Deontay Wilder​។ វា​ហាក់​បង្ហាញថា ក្រុម​ការ​ងារ​របស់ Wilder មិន​ចង់​ចុះ​កុង​ត្រា ហេតុនេះការ​ប្រកួត​រវាង Joshua និង Povetkin ត្រូវ​​តែ​កើត​ឡើង​ភ្លាមៗ​»​៕

    ប្រភព​ពី៖ Sport24