Category: សង្គម និងសេដ្ឋកិច្ច

  • ទីបំផុត គេបានដឹងពីស្ថានភាពជំងឺរបស់លោក យូ ឌីស្កូ នៅប្រទេសឥណ្ឌាហើយ

    ទីបំផុត គេបានដឹងពីស្ថានភាពជំងឺរបស់លោក យូ ឌីស្កូ នៅប្រទេសឥណ្ឌាហើយ

    អស់រយៈពេលជាង 2 ខែហើយដែលលោក យូ ឌីស្កូ បានទៅសម្រាកព្យាបាលជំងឺនៅប្រទេសឥណ្ឌា ដោយសារតែលោកកើតជំងឺក្រលៀន ទឹកនោមប្រៃ និងឈាមសឡើងខ្ពស់ ដែលតម្រូវឱ្យរូបលោកត្រូវវះកាត់ប្តូរក្រលៀនថ្មី ដែលត្រូវចំណាយទឹកប្រាក់ខ្ទង់ម៉ឺនដុល្លារ។

    ស្របគ្នានោះដែរ ខណៈនេះលោក យូ ឌីស្កូ បានចេញពីបន្ទប់ ICU ហើយ និងមានសុខភាពល្អប្រសើរ ធូរស្រាលជាមុនហើយ ព្រមទាំងបានផ្ញើសារមកកាន់អ្នកនាង ចន ច័ន្ទលក្ខិណា ប្រាប់ពីស្ថានភាពជំងឺ និងអាការរបស់លោកនៅពេលនេះ ។​ ដោយផ្អែកលើគណនីអ្នកនាង ចន ច័ន្ទលក្ខិណា កាលពីប៉ុន្មានម៉ោងមុននេះ អ្នកនាងបានសរសេរថា « អរចង់ហោះលោកអើយ បានចេញពីបន្ទប់ ICU ភ្លាម កាន់ទូរស័ព្ទឆាតមកភ្លែត ឆាប់ជាណា ប៉ិ យូ ឌីស្កូ»។ ហើយថ្មីៗនេះ អ្នកនាងបានបន្ដទៀតថា​ «ឈឺប៉ុណ្ណឹងហើយនៅឆ្លៀតផ្ញើសារមកជូនពរគ្នាទៀត គ្នាជូនពរឱ្យប៉ិឯងឆាប់ជា និងឆាប់មានកម្លាំងកំហែងឡើងវិញនឹងអាលបានមកធ្វើការជុំគ្នាវិញ»។

    សូមជម្រាបផងដែរថា ដំណឹងនេះត្រូវបានអ្នកគាំទ្រជាច្រើនមានក្តីរំភើបខ្លាំងណាស់ ហើយសង្ឃឹមថា​ ក្រោយទទួលការព្យាបាលហើយ លោក យូ ឌីស្កូ នឹងអាចត្រឡប់មកកាន់វិថីសិល្បៈបានដូចដើមវិញ។ យ៉ាងណាមិញ សម្រាប់ទស្សនិកជន និងមិត្តសិល្បៈនៅពេលនេះ គឺគ្មានអ្វីក្រៅពីពាក្យពេចន៍ជូនពរលោកដែលកំពុងសម្រាកព្យាបាលនៅទីនោះ ឱ្យប្រកបដោយជោគជ័យ ឆាប់ជាសះស្បើយ និងឆាប់បានត្រឡប់មកកម្ពុជាវិញប្រកបដោយសុខសុវត្ថិភាព៕

  • អេ​ស្ប៉ា​ញ ស្រឡាំងកាំង​ដោយ​បាល់​ប៉េ​ណា​ល់​ទី ខណៈ​រុស្ស៊ី ទៅ​ជួប ក្រូ​អាស៊ី ក្នុង​វគ្គ1/4

    អេ​ស្ប៉ា​ញ ស្រឡាំងកាំង​ដោយ​បាល់​ប៉េ​ណា​ល់​ទី ខណៈ​រុស្ស៊ី ទៅ​ជួប ក្រូ​អាស៊ី ក្នុង​វគ្គ1/4

    អ្នកចាំទី Igor Akinfeev បាន​ក្លាយជា​វីរបុរស ខណៈដែល​ក្រុមបាល់ទាត់​ជម្រើសជាតិ​រុស្ស៊ី បាន​ផ្តួល​ក្រុម​ម្ចាស់​ជើងឯក​ឆ្នាំ2010 ដោយ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី ដើម្បី​ឈានទៅ​កាន់​វគ្គ 8ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ World Cup ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី ដែល​បាន​សង្គ្រោះ​ខ្លួន​ឱ្យ​ផុតពី​ការ​សោកសៅ​ក្នុងការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី កាលពី​ថ្ងៃអាទិត្យ។

    ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​របស់លោក Fernando Hierro បាន​គ្រប់គ្រង​ការប្រកួត​នេះ​ស្ទើរតែ​ទាំងស្រុង នា​កីឡដ្ឋាន Luzhniki ក្នុង​ទីក្រុង​ម៉ូស្គូ ដោយមាន​អត្រា​គ្រប់គ្រង​បាល់​ដល់​ទៅ 74ភាគរយ ប៉ុន្តែ​បាន​បង្កើតឱ្យមាន​ឱកាស​តិចតួច​ប៉ុណ្ណោះ ក៏បាន​ធ្លាក់​ចូលក្នុង​សម្ពាធ​ក្នុងពេល​ឈានដល់​ដំណាក់កាល​ដ៏​សំខាន់បំផុត​នៃ​ការប្រកួត។

    អ្នកចាំទី​ជើងចាស់ Akinfeev បាន​សង្គ្រោះ​បាល់​ប៉េ​ណា​ល់​ទី​ពី​ការ​ស៊ុត​របស់​កីឡាករ Koke និង Iago Aspas ខណៈដែល​រុស្ស៊ី​បានទទួល​ជ័យជម្នះ​ក្នុងការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​ក្នុង​លទ្ធផល 4-3 ដើម្បី​ឈានទៅ​វគ្គ 8ក្រុម​ចុងក្រោយ​ជា​លើក​ទី1 បើ​គិត​ចាប់តាំងពី​ឆ្នាំ1970 ដែល​នៅពេលនោះ​ពួកគេ​បាន​លេង​ក្នុងនាម​ជា​សហភាពសូវៀត។ ការដណ្តើម​បាន​ជ័យជម្នះ​ដ៏​មិន​គួរឱ្យ​ជឿ​នេះ បាន​បង្កើតឱ្យមាន​សក​ម្ម​ភាព​ដ៏​គួរឱ្យ​រំជួលចិត្ត​ជាច្រើន ខណៈដែល​ភ្លៀង​បាន​ធ្លាក់​ចុះមក​យ៉ាងខ្លាំង ហើយ​មានការ​អបអរសាទរ​យ៉ាងខ្លាំង​ក្នុង​ទីក្រុង​ម៉ូស្គូ ដោយ​ប្រជាជន​ក្នុង​តំបន់​បានធ្វើ​ការអបអរ​ដោយ​គ្រវីទង់ជាតិ ចុច​ស៊ី​ភ្លេ​រថយន្ត និង​ស្រែកថា «រុស្ស៊ី»។

    ស្របពេល​ជាមួយគ្នានេះ កាសែត​កីឡា​ប្រចាំថ្ងៃ Marca របស់​អេ​ស្ប៉ា​ញ បានចេញ​ផ្សាយ​ថា៖ «ការធ្លាក់​ចេញ​ក្នុង​វគ្គ 16ក្រុម​ចុងក្រោយ គឺជា​ទំព័រ​ខ្មៅ​មួយ​ផ្សេងទៀត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​យើង»។ កាសែត​ដដែល​បាន​បន្តថា៖ «ការប្រកួត​នេះ ពិតជា​ផ្តល់នូវ​ការភ្ញាក់ផ្អើល។

    អេ​ស្ប៉ា​ញ លេង​បាន​យ៉ាង​អន់ និង​មិន​គិតថា ខ្លួន​ចាកចេញ​ឡើយ​នៅត្រឹមតែ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​ចាប់ផ្តើម។ នេះ​គឺជា​ក្រុម​ដែលមាន​ការបែកបាក់​ដែល​ខ្វះ​នូវ​ការស្រេកឃ្លាន​ដើម្បី​ស៊ូទ្រាំ​នឹង​ការ​ប្រជែង​មួយ​ដែល​ទាមទារ​ឱ្យមាន​សំណាង​ច្រើន ប៉ុន្តែ​ក៏មាន​ការលើកទឹកចិត្ត​ផងដែរ»។

    ជ័យជម្នះ​នេះ នឹងធ្វើ​ឱ្យ​ក្រុម​ជម្រើសជាតិ​រុស្ស៊ី ធ្វើដំណើរ​ទៅកាន់​វគ្គ 8ក្រុម​ចុងក្រោយ ដោយ​ត្រូវ​ប៉ះ​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី ដែល​បាន​ទម្លាក់​ក្រុម​ជម្រើសជាតិ​ដា​ណឺ​ម៉ាក ដោយ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី 3-2 ក្រោយពី​ការប្រកួត​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ 1-1 ក្នុង​រយៈពេល 120នាទី៕

    ប្រភពពី៖ sport.yahoo.com

  • កម្ពុជានឹងមានសាលា​បណ្តុះបណ្តាល​ ជំនាញ​អចលនទ្រព្យ​នៅចុងឆ្នាំ2018

    កម្ពុជានឹងមានសាលា​បណ្តុះបណ្តាល​ ជំនាញ​អចលនទ្រព្យ​នៅចុងឆ្នាំ2018

    បើ​គ្មាន​ការប្រែប្រួល​ទេនោះ សាលា​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ដីធ្លី និង​ជំនាញ​លក់​អចលន-ទ្រព្យ និង​ចាប់ផ្តើម​ទទួល​សិស្ស​ឱ្យ​ចូលរៀន​ចាប់ពី​ខែសីហា ឆ្នាំ2018ខាងមុខ​នេះហើយ។ នេះ​បើតាម​ការ​ឱ្យដឹងពី​លោក​បណ្ឌិត គីម ហ៊ាង ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា។

    លោក​បណ្ឌិត​បាន​មានប្រសាសន៍​នៅក្រោយពេល​ចុះ​អនុ​ស្សរណៈ​យោគយល់​គ្នា​ជាមួយ​លោក​បណ្ឌិត ជួន រតនៈ សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​សប្តាហ៍​មុន​ថា ឆ្លងតាម​ការពិភាក្សា​ជាច្រើនលើក​ច្រើនសា​អស់​រយៈពេល​ជា​យូរ​មក ភាគី​ទាំង​ពីរបាន​ឯកភាព និង​ព្រមព្រៀងគ្នា​បើកទទួល​សិស្ស​ឱ្យចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ដីធ្លី នៅ​ថ្ងៃទី8 ខែសីហា ឆ្នាំ2018ខាងមុខនេះ ដើម្បី​អបអរសាទរ​ខួប10ឆ្នាំ​នៃ​ការបង្កើត​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា។

    លោក​បន្តថា វគ្គ​សិក្សា​ដំបូង​នេះ រំពឹងថា យ៉ាងហោច​នឹងមាន​និស្សិត និង​អ្នក​កំពុង​បម្រើ​ការងារ​លើ​វិស័យ​អចលនទ្រព្យ​ចំនួន 500នាក់​ចូលរៀន​ជា​លើកដំបូង​សម្រាប់​ផ្តល់​ជា​មូលដ្ឋានគ្រឹះ​ដើម្បី​តម្រង់ទិស​ពួកគាត់​ឱ្យមាន​ជំនាញ ចំណេះដឹង និងវិជ្ជាជីវៈ​កាន់តែច្បាស់​ក្នុងការ​បំពេញការងារ​ឱ្យ​កាន់-តែ​ប្រសើរឡើង។ ចំណែក​និស្សិត​ដែល​ចង់​បម្រើ​ការងារ​លើ​វិស័យ​អចលនទ្រព្យ​ក៏​ចាំបាច់​ត្រូវ​ចូលរៀន​វគ្គ​សិក្សា​នេះ​បន្ថែម​ដែរ ដោយសារ​នៅ​ថ្ងៃ​អនាគត​ដ៏​ឆាប់​ខាងមុខ ការជ្រើសរើស​បុគ្គលិក​ចូលធ្វើការ​លើ​វិស័យ​ដីធ្លី​ចាំបាច់​តម្រូវឱ្យមាន​វិញ្ញាបនបត្រ​ផ្នែក​នេះ​ជា​ចាំបាច់ “កន្លងមកអ្នកណាៗក៏​អាច​រកស៊ី​ក្នុង​វិស័យ​ដីធ្លី​នេះ​បានដែរ ប៉ុន្តែ​ចាប់ពី​កម្ពុជា​បង្កើត​សាលា​នេះ​ឡើង អ្នក​មិនបាន​ចូលរៀន​មិនមាន​ជំនាញ​វិជ្ជាជីវៈ មិនអាច​ធ្វើការ​លើ​វិស័យនេះ​បានទេ ដោយសារតែ​ក្រុមហ៊ុន​ត្រូវការ​បុគ្គលិក ដែលមាន​ជំនាញ​វិស័យ​ដីធ្លី​នេះ​ជា​ចាំបាច់ បើសិនជា​មិនមាន​សញ្ញាបត្រ​នេះ​ទេ គឺ​គេ​មិន​ទទួល​យកមក​ធ្វើការ​នោះឡើយ”។

    ជាមួយគ្នានេះដែរ លោក​បណ្ឌិត ជួន រតនៈ សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​មានប្រសាសន៍ថា វគ្គ​សិក្សា​ដំបូង​នេះ​បង្រៀន​ដោយ​សាស្ត្រាចារ្យ​ក្នុងស្រុក​ដែលមាន​បទពិសោធ​យូរ​ឆ្នាំ និង​មានចំណេះដឹង​សិក្សា​មកពី​សាលាល្បីៗនៅក្រៅ​ប្រទេស រួម​នឹង​ជំនាញ​ពាក់ព័ន្ធ​ផ្លូវច្បាប់​ដែល​ភាគច្រើន​បង្រៀន​ដោយ​មេធាវី​ដែលមាន​ជំនាញ​ផ្នែក​អចលនទ្រព្យ​នេះដែរ។ វគ្គ​សិក្សា​ថ្មី​នេះ​រួមមាន 6មុខវិជ្ជា និង​ចែកជា 2វគ្គ គឺ​វគ្គ 75ម៉ោង និង120ម៉ោង ដែល​បានរៀបចំ​រួចជាស្រេច និង​បាន​ឆ្លងកាត់​ការពិភាក្សា​ជាមួយ​អ្នកជំនាញ​ពាក់ព័ន្ធ​ជាច្រើនលើក​ច្រើនសា ដែល​នឹង​ជួយ​លើកកម្ពស់​ធនធានមនុស្ស​ឱ្យ​កាន់តែ​ប្រសើរឡើង ផ្តល់នូវ​ជំនាញ​វិជ្ជាជីវៈ​បន្ថែមទៀត សម្រាប់​ផ្តល់​ទំនុកចិត្ត​ដល់​អ្នកវិនិយោគ​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក ក្នុងការ​វិនិយោគ​លើ​វិស័យ​ដីធ្លី​នៅក្នុង​ប្រទេស​កម្ពុជា។

    ឯកឧត្តម ម៉ី វ៉ាន់ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម និង​ហិរញ្ញវត្ថុ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ហៅ​ការចុះ​អនុស្សរណៈ​យោគយល់​គ្នា​នេះ​ថា ជា​សមិទ្ធផល​ថ្មី​មួយទៀត​សម្រាប់​វិស័យ​អចលនវត្ថុ​នៅ​កម្ពុជា។ ឯកឧត្តម​បន្តថា យើង​បានដឹងហើយថា សំណង់​អគារខ្ពស់ៗ បុរី​លំនៅឋាន និង​សកម្មភាព​ពុះ​ដីឡូត៍​លក់បាន​រីកចម្រើន​គួរឱ្យកត់សម្គាល់​ជាខ្លាំង​ដែល​បានជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​ឱ្យ​កាន់តែ​ប្រសើរឡើង​ក្នុងការ​កាត់បន្ថយ​អត្រា​ភាពក្រីក្រ ជួយ​ឱ្យ​ជីវភាព​ប្រជាពលរដ្ឋ​ខ្មែរ​កាន់តែ​រីកចម្រើន​ឡើងជា​លំដាប់ រហូតដល់​ធនាគារអភិវឌ្ឍន៍អាស៊ី​ផ្តល់​រហ័ស​នាម​ឱ្យ​ថា ជា​កូន​ខ្លា​សេដ្ឋកិច្ច​អាស៊ី “ក្រៅពី​វិស័យ​វាយ​ន​ភណ្ឌ ទេសចរណ៍ វិស័យ​អចលនវត្ថុ​គឺជា​ចលករ​ដ៏​សំខាន់​ក្នុង​ការជួយ​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឱ្យនៅ​ថេរ​ចំនួន 7ភាគ​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ”។

    ឯកឧត្តម​បន្តថា សាលា​បណ្តុះបណ្តាល​នេះ គឺជា​បរិបទ​មួយ​ថ្មី​សម្រាប់​វិស័យ​ដីធ្លី​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​កំពុងតែ​រីកដុះដាលយ៉ាងខ្លាំង​ដែល​ទាមទារ​ឱ្យ​អ្នកផ្តល់​សេវាកម្ម​ផ្នែក​នេះ មាន​ជំនាញ និង​ក្រមសីលធម៌​ច្បាស់លាស់​តាមរយៈ​វគ្គ​បណ្តុះបណ្តាល​ដែល​គ្រោង​នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ខែសីហាឆាប់ៗខាងមុខ។ ឯកឧត្តម​សង្កត់ធ្ងន់ថា“កន្លងមក​ក្រសួង​ធ្លាប់​ចេញ​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​ចំនួន150 នៅ​កម្ពុជា​ដែលមាន​រយៈពេល 3ឆ្នាំ ហើយ​នៅពេល​ផុតកំណត់​អាជ្ញា​ប័ណ្ណ គាត់​ត្រូវ​បន្ត​ថ្មី គឺ​តម្រូវឱ្យ​គាត់​មាន​វិញ្ញាបនបត្រ​ឆ្លងកាត់​ការសិក្សា​ច្បាស់លាស់ ដែល​ពួកគាត់​ត្រូវ​មក​ចូលរៀន​វគ្គ​ថ្មី​នេះ​ទាំងអស់គ្នា ដើម្បី​ពង្រឹងសមត្ថភាព កែសម្រួល​ជំនាញ​វិជ្ជាជីវៈ​របស់គាត់ និង​ដឹង​ពី​ក្រមសីលធម៌​សម្រាប់​អាជីព ដើម្បី​ផ្តល់​ទំនុកចិត្ត​កាន់តែ​ខ្ពស់​ពី​អតិថិជន ដែល​នេះ​ជា​ឱកាស​មាស ឱកាស​ពេជ្រដែល​ជួយ​តម្រង់ទិស​ឱ្យ​គាត់​មាន​សមត្ថភាព​ប្រសើរឡើង និង​អាចមាន​ការឡើង​ប្រាក់ខែ​ពី​ក្រុមហ៊ុន​បន្ថែម​ទៀតផង”។

    កន្លងមក អ្នកណា​ក៏មាន​សិទ្ធិ​រកស៊ី​អចលនទ្រព្យ​លក់​ដី​នេះដែរ មិនថាតែ​អ្នកជំនាញ ឬ​អ្នក​ម៉ូតូឌុប​នោះទេ ប៉ុន្តែ​ជួនកាល​អ្នកខ្លះ​ចំណាយពេល​ឥតប្រយោជន៍អ្នកខ្លះ​លក់បាន​ក៏​ទទួលបាន​ប្រាក់​កម្រៃជើងសាតែ​អ្នកខ្លះ​លក់បាន​ហើយ​មិន​ទទួលបាន​ប្រាក់​កម្រៃជើងសា និង​ថែមទាំង​មានរឿង​ដល់​ខ្លួនឯង​ថែមទៀតដូច្នេះ​ជំនាញ​នេះ​ពិត​ជាមាន​សារៈសំខាន់​ណាស់ដើម្បី​ផ្តល់ឱកាស​ឱ្យ​អ្នក​មានបំណង​រកស៊ី​ផ្នែក​អចលនទ្រព្យ អាចមាន​ឱកាស​ចូលរៀន​មានចំណេះដឹង​ផ្នែក​ដីធ្លី កសាង​មូលដ្ឋានគ្រឹះ សម្រាប់​បំពេញការងារ​ប្រកបដោយ​វិជ្ជាជីវៈ​ពិតប្រាកដ ចូលរួម​ប្រកួតប្រជែង​ជាមួយ​អ្នក​អាជីព​នៅក្រៅ​ប្រទេស។

    គួរ​បញ្ជាក់ថា ប្រទេស​កម្ពុជា​បានដាក់​គោលដៅ​របស់ខ្លួន​ឱ្យក្លាយ​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅត្រឹម​ឆ្នាំ2030 ហើយនឹង​ក្លាយជា​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ2050 ដូច្នេះ​រាជរដ្ឋាភិបាល​បានដាក់​ចក្ខុវិស័យ​ច្បាស់លាស់ ដើម្បី​ពង្រឹង និង​បង្កើន​ចំណូល​របស់​ប្រជាពលរដ្ឋ​ឱ្យបាន​ខ្ពស់។ ដើម្បី​សម្រេចបាន​គោលដៅ​នេះ គ្រប់​វិស័យ​ទាំងអស់​មិន​ថា​វិស័យ​កសិកម្ម វិស័យ​ទេសចរណ៍ ឬ​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ​នោះទេ សូម្បី​វិស័យ​អចលនទ្រព្យ​ត្រូវតែមាន​សម្ទុះ​ទៅមុខ​ជា​លំដាប់ ដើម្បី​ចូលរួម​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ក្នុង​តំបន់​អាស៊ាន។

    យោងតាម​ទិន្នន័យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ចាប់តាំងពី​ឆ្នាំ2000 ដល់​ឆ្នាំ2017 ក្រសួង​បានចេញ​អាជ្ញាប័ណ្ណ​ដល់​គម្រោង​ជាច្រើន​ដែលមាន​ដើមទុន​ជាង 32,000លាន​ដុល្លារ​ដែលជា​ចំណែក​មួយ​ដ៏​សំខាន់​ក្នុង​ការជួយ​លើកស្ទួយ​កំណើន​សេដ្ឋកិច្ចជាតិ៕

  • សិស្សដែលបារម្ភពីការមិនយល់បាតុភូត មេរៀននឹងលែងកង្វល់ជាមួយកម្មវិធី MoeYS App Scan

    សិស្សដែលបារម្ភពីការមិនយល់បាតុភូត មេរៀននឹងលែងកង្វល់ជាមួយកម្មវិធី MoeYS App Scan

    ពីមួយថ្ងៃទៅមួយថ្ងៃ​ ក្រសួងអប់រំ យុវជន និងកីឡា បានព្យាយាមជំរុញឱ្យ​សិស្សកាន់តែមានភាពងាយស្រួលក្នុងការសិក្សា​ តាមរយៈ​ការបង្កើតក្លិបសិក្សា បង្ហាញការបង្រៀនតាមវីដេអូ បង្កើតសាលាធនធានសិក្សានៅតាមខេត្ត និងចែករំលែក​ឯកសារ​នៅ​ក្នុងបណ្តាញសង្គមជាដើម។ នាពេលថ្មីៗនេះ ក្រសួងបានបោះមួយជំហានកាន់តែធំថែមទៀត តាមរយៈការបង្កើតជា Mobile Apps ដើម្បីឱ្យសិស្សកាន់តែមានភាពងាយស្រួល​សិក្សា ហើយស្វែងយល់បានកាន់តែច្បាស់។ ​

    ដោយមើលឃើញពី​ភាពបត់បែននៃពិភពលោក​ក្នុងសម័យបច្ចេកវិទ្យា ស្របពេលដែល​សិស្សជាច្រើននៅកម្ពុជាមាន Smart Phone ប្រើប្រាស់ ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើត​កម្មវិធីទូរស័ព្ទដៃមួយដែលមានឈ្មោះថា MoEYS App Scan ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា AR (Argument Reality) ដែលអាចផ្តល់ការពន្យល់ជារូបភាព និងវីដេអូដែលមានចលនានៅលើរូបភាព ដោយសិស្សគ្រាន់តែ​ Scan លើរូបភាពដែលមានក្នុងកម្មវិធីសិក្សាគោល​របស់ក្រសួង។ កម្មវិធីនេះ ជំរុញឱ្យកាន់តែមានភាពងាយស្រួល​ដល់សិស្ស និងទាក់ទាញឱ្យ​មានភាពរីករាយក្នុងការសិក្សា​នៅកម្រិតមធ្យមសិក្សា ហើយថែមទាំងអាចជួយគ្រូបង្រៀន​ក៏ងាយស្រួលក្នុងការចាប់ចំណុច​សំខាន់ៗពី​កម្មវិធីដ៏មានសារៈសំខាន់ទាំងអស់នោះ។

    អ្នកនាំពាក្យ​ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម រស់ សាលីន បានលើកឡើងថា បន្ទាប់ពី​សិស្សដែលប្រឡង​មធ្យមសិក្សាទុតិយភូមិ​កាលពីឆ្នាំកន្លងទៅ ចាប់អារម្មណ៍ និងប្រើប្រាស់ច្រើនលើប្រព័ន្ធ​ពង្រឹងសមត្ថភាព​ និងតេស្តសមត្ថភាព​សិស្សថ្នាក់ទី12 រួចមក​ ឯកឧត្តម​រដ្ឋមន្ត្រី​ ក្រសួងអប់រំ បានជំរុញឱ្យបន្តស្វែង​រក​បច្ចកវិទ្យាថ្មីៗ​ដើម្បីសម្រួលដល់ការសិក្សា។ កម្មវិធីនេះនឹង​ជួយជំរុញបន្ថែម​ឱ្យសិ្សកាន់តែមានភាពងាយស្រួលក្នុងការស្វែងរក​ ព្រមទាំងអាចសិក្សា​បានដោយខ្លួនឯង​ បន្ទាប់ពីមានមូលដ្ឋាន​ខ្លះៗក្នុងការសិក្សាជាមួយគ្រូនៅសាលារៀនរួចមក។

    ឯកឧត្តម រស់ សាលីន បាននិយាយថា៖ “​ជាបឋម​កម្មវិធីនេះអាចមានវីដេអូចំនួន 30មេរៀន ដែលមួយមុខវិជ្ជាមាន​ចំនួន 10មេរៀន លើមុខវិជ្ជា3 គឺ រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា”។

    បើតាមការបញ្ជាក់ជាផ្លូវការរបស់ក្រសួងអប់រំយុវជន និងកីឡា បានឱ្យដឹងថា កម្មវិធី MoEYS App Sacan ក៏មានដាក់បញ្ចូលកម្មវិធី ធ្វើតេស្តសាកល្បងសមត្ថភាព​សម្រាប់សិស្សថ្នាក់ទី12លើមុខវិជ្ជាចំនួន5 រួមមាន គណិតវិទ្យា រូបវិទ្យាគីមីវិទ្យា ជីវវិទ្យា និងប្រវត្តិវិទ្យា។ ប្រព័ន្ធតេស្តសមត្ថភាព និងពង្រឹងសមត្ថភាពសិស្សថ្នាក់ទី12លើមុខវិជ្ជាចំនួន5 រួមមាន គណិតវិទ្យាមាន 214លំហាត់ គីមីវិទ្យា​មាន 357លំហាត់ ជីវវិទ្យាមាន 265លំហាត់ រូបវិទ្យាមាន 95លំហាត់ និងប្រវត្តិវិទ្យាមានចំនួន 138សំណួរ។ កម្មវិធីនេះអាចដំណើរការបានជាមួយនឹងបណ្តាញ Android និងប្រព័ន្ធ iOS ផងដែរ៕

  • មកទៀតហើយ !! ម៉ៃ សុគន្ធ រិះគន់ និងផ្ដាំទៅអ្នកគាំទ្រខ្មែរថា «ល្មមៗបានហើយ កុំជោរពេក»

    មកទៀតហើយ !! ម៉ៃ សុគន្ធ រិះគន់ និងផ្ដាំទៅអ្នកគាំទ្រខ្មែរថា «ល្មមៗបានហើយ កុំជោរពេក»

    នៅពេលថ្មីកន្លងទៅនេះ តារាសម្តែងប្រុសល្បីឈ្មោះប្រចាំប្រទេសថៃ លោក Mark Prin បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយនៅវេលាម៉ោងប្រមាណជា 3និង30នាទីរសៀល ដោយមានអ្នកគាំទ្រកម្ពុជា ជាច្រើនបានឈររង់ចាំទទួលចោមរោមយ៉ាងច្រើនកុះករ។ នៅខណៈដែលលោក Mark Prin បានដើរចេញពីព្រលានយន្តហោះភ្លាម ក៏ឃើញសម្ទុះសម្រុកចូលប្រជ្រៀតខ្លាំងពីសំណាក់អ្នកគាំទ្រ ដោយមានសភាពរញ៉េរញ៉ៃពេក ទោះបីជាមានការយាមកាមពីអង្គរក្សការពារក្តី ក៏នៅតែធ្វើតារាប្រុសរូបនេះដួលនៅក្នុងកណ្ដាលចំណោមក្រុមមនុស្សយ៉ាងណែន ហើយត្រូវប្រញ៉ាប់ក្រោយឡើង ងើបមកវិញភ្លាមៗ។

    ដោយបានឃើញវីដេអូបង្ហាញពីសកម្មភាពមហាជននៅកម្ពុជាគាំទ្រតារាថៃដ៏ខ្លាំងក្លាបែបនេះ លោក ម៉ៃ​ សុគន្ធ ដែលមានរហ័សនាមថាជា តារាពូកែទើស បានបញ្ចេញសារយ៉ាងខ្លីនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយរិះគន់ឡើងថា « ឆ្ងាញ់ណាស់ ឱ្យតែជារបស់គេ (បរទេសល្អទាំងអស់) មិនមែនច្រណែនទេ បុន្តែវាហួសហេតុពេក តារាខ្មែរ ខំណាស់ទាំងសម្ដែងទាំងច្រៀង ទាំងការងារមនុស្សធម៌ ដល់ពេលឃើញ ឬជួបមុខនៅក្រៅម្តងៗ មិនចង់មើលមុខផង ហើយដល់ពេលឈឺរឺស្លាប់វិញ ទុកអន់ជាងខ្មោចឆ្កែសាសន៏គេទៀត ល្មមៗបានហើយ កុំជោរពេក លោកម្ចាស់ផ្កាប់មុខទាំងឡាយអើយ »៕

  • លោក ឡេង ណាវ៉ាត់ត្រា អាណិតសិល្បៈករខ្មែរ គ្មានអ្នកគាំទ្រភ្លូកទឹកភ្លូកដីដូចតារាថៃ

    លោក ឡេង ណាវ៉ាត់ត្រា អាណិតសិល្បៈករខ្មែរ គ្មានអ្នកគាំទ្រភ្លូកទឹកភ្លូកដីដូចតារាថៃ

    បន្ទាប់ពីបានឃើញវីដេអូដែលអ្នកគាំទ្រខ្មែរ បានទៅស្វាគមន៍តារាសិល្បៈករថៃ យ៉ាងប្រជ្រៀតគ្នាណែនណាន់តាន់តាប់ហើយនោះ មានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកខ្មែរមួយចំនួនបានលើកឡើងថា តារាសិល្បៈករថៃ ត្រូវបានអ្នកគាំទ្រឱ្យតម្លៃខ្លាំងជាង តារាសិល្បៈករក្នុងស្រុក។ មិនតែប៉ុណ្ណោះទេ នៅក្នុងនោះ លោកឧកញ៉ាវ័យក្មេង និងជាសិល្បៈករសម្ដែងច្រៀង គឺលោក ឡេង ណាវ៉ាត់ត្រា ក៏បានបញ្ចេញមតិចំពោះបញ្ហានោះផងដែរ។

    លោក ណាវ៉ាត់ត្រា បានយល់ឃើញថា « ខ្ញុំ ឡេង ណាវ៉ាត់ត្រា សូមទោសផង បងប្អូនអើយ ហេតុអ្វីទៅតារាថៃ គេមានតំលៃម្លេះ​ Fanច្រើនណាស់ តារាខ្មែវិញស្លាប់ហើយ អត់មានបង Fan ទៅច្រើនអីចឹងសោះ ខ្ញុំអត់ហ៊ានថាម៉េចទេ សូមបងប្អូនចែកក្ដីស្រលាញ់ ឱ្យសិល្បះខ្មែរខ្លះផង បងប្អូនអើយគ្មាននរណាស្រលាញ់យើងជាងគ្រួសារជនជាតិយើងទេ ខ្ញុំសូមអង្វរបងប្អូនតើបានទេ ខ្ញុំឈឺចាប់ណាស់ ជនជាតិគេមិនដែល យកភ្នែកមើលយើងផង អាណិតអ្នកសិល្បៈខ្មែរផងបងប្អូន ពេលគាត់មានបានពួកគាត់តែងតែជួយបងប្អូនយើងខ្វះខាតជារឿយៗតើ »។ ការលើកឡើងបែបនេះ មិនមែនត្រឹមតែលោកម្នាក់នោះទេ នៅមានតារាសិល្បៈខ្មែរមួយចំនួនទៀត ក៏បានត្អូញត្អែ និងអំពាវនាវសុំសេចក្ដីស្រឡាញ់ពីអ្នកគាំទ្រដូចគ្នា។

    គួរបញ្ជាក់ផងដែរថា កន្លងទៅថ្មីណេះៗ ដោយមានវីដេអូបង្ហាញពីសកម្មភាពមហាជននៅកម្ពុជាគាំទ្រតារាថៃដ៏ខ្លាំងក្លាបែបសឹងតែមិនជឿនោះ  អតីតបេក្ខភាព Cambodian Idol រដូវកាលទី១ លោក អ៊ាម វន្នី ជាតារាចម្រៀង និងអ្នកនិពន្ធឯករាជ្យ ក៏បានធ្វើការចែករំលែក និងបញ្ចេញយោបល់យ៉ាងខ្លីនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា« នៅពេលដែលយើងភ្លេចអោយតម្លៃគ្នាឯង នោះអ្នកដ៏ទៃគឺមានតម្លៃជាងហើយ។ គេមិនមានអ្វីខុសទេ នេះជាការដើរទៅមុខមួយជំហ៊ានមុនយើងវិញម្តងតែប៉ុណ្ណោះ។ ខ្ញុំជឿថាខ្មែរយើងមិនចិត្តអាក្រក់នោះទេ»។ នេះក៏ជាសារមួយ នៃការអង្វរកឱ្យអ្នកគាំទ្រខ្មែរ ផ្ដល់តម្លៃជូនសិល្បករខ្មែរខ្លួនឯង។ តើប្រិយមិត្តទាំងអស់គ្នាយល់យ៉ាងណាដែរ ចំពោះបញ្ហានេះ ?៕

  • របរ​ចិញ្ចឹម​ក្រួច​ឆាប់​បាន​ផល និង​មាន​ទីផ្សារ​លក់​ចេញ​ច្រើន

    របរ​ចិញ្ចឹម​ក្រួច​ឆាប់​បាន​ផល និង​មាន​ទីផ្សារ​លក់​ចេញ​ច្រើន

    ការចិញ្ចឹម​សត្វ​ក្រួច​គឺជា​របរ​មួយ​ថ្មី​មួយ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទើប​ចាប់ផ្តើម​ចិញ្ចឹម​យកសា​ច់លក់​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដោយសារតែ​ការចិញ្ចឹម​ក្រួច​ឆាប់​ទទួលបាន​ផល​ និង​ងាយស្រួល​លក់​ចេញ​នៅតាម​ទីផ្សារ​នានា ដែល​ភាគច្រើន​គេ​យកទៅ​អាំង​លក់​នៅតាម​ដងផ្លូវ និង​លក់​នៅតាម​បណ្តា​ភោជនីយដ្ឋានផ្សេងៗទៀត។

    លោក ឃុ​ត សាវ​រី ម្ចាស់​កសិ​ដ្ឋា​ន​ចិញ្ចឹម​ក្រួចនៅ​ភូមិ​ស្វាយ​ធំ សង្កាត់​អំ​ពឹ​លក្រុង​កំពត ខេត្តកំពត​បានឱ្យដឹង​ថា លោក​បាន​ចាប់យក​របរ​ចិញ្ចឹម​ក្រួច​នេះ អស់​រយៈពេល​ប្រមាណ​ជា 8ឆ្នាំ​មកហើយ ដោយ​មិនបាន​រៀន​ពីសា​លាប​ច្ចេកទេស ឬ​រៀន​បន្ត​ពី​អ្នកណាម្នាក់​នោះទេ ពោលគឺ​លោក​បាន​ព្យាយាម​ចិញ្ចឹម និង​បង្កាត់​ពូជ​តាម​ការយល់​ដឹងខ្លួន​ឯង​ជាច្រើនលើក​ច្រើនសា ទើប​ទទួលបាន​ជោគជ័យ និង​ដឹង​ពី​បច្ចេកទេស​ចិញ្ចឹម​ដោយ​ខ្លួនឯង។

    លោក​និយាយថា ដំបូង​ឡើយ​លោក​បានឃើញ​គេ​ចិញ្ចឹម​នៅក្នុង​ខេត្តបាត់ដំបងពេលនោះ​លោក​បាន​ទិញ​ពង​ក្រួច​យកមក​ភ្ញាស់​សាកល្បង​ចំនួន 4លើក​ជា​បន្ត-បន្ទាប់​ទើប​ទទួលបាន​លទ្ធផល។ ក្រោយពី​ដឹង​ពី​បច្ចេកទេស​ចិញ្ចឹម​ហើយ លោក​ក៏បាន​ទិញ​មេ​ក្រួច​យកមក​ចិញ្ចឹម​ដោយខ្លួនឯង​ដែលមាន​ចំនួន​កាន់តែច្រើនឡើងៗជា​បន្តបន្ទាប់ រួច​ក៏​ចាប់ផ្តើម​បង្កើតជា​កសិដ្ឋាន​ដោយ​ធ្វើ​ទ្រុង​ចិញ្ចឹម​ឱ្យ​ផុតពី​ដី​ដើម្បី​ការពារ​ពី​ជំងឺ​ផ្សេង។

    ការចិញ្ចឹម​ក្រួច​អាចមាន​ចំនួន​តិច ឬ​ច្រើន​អាស្រ័យ​ទៅតាម​ទំហំ​ដី ឬ​កសិដ្ឋាន​ដែល​យើង​ចង់បាន ប៉ុន្តែ​ដើម្បី​ចិញ្ចឹម​ក្រួច​ឱ្យបាន​លទ្ធផល​ល្អ គេ​ត្រូវ​ចេះ​ជ្រើស​រើសយក​ពូជ​ណា​ដែលមានមាឌធំៗមក​ទុក​បង្កាត់​ពូជ​ជា​ឧទាហរណ៍​មេ​ក្រួច​ចំនួន80ក្បាល​គេ​ត្រូវដាក់​ក្រួច​ឈ្មោល​ចំនួន20ក្បាល​ដើម្បីឱ្យ​វា​រស់នៅ​ជាមួយគ្នា​ដើម្បី​បន្ត​ពូជ​ចេញ​ជា​ស៊ុត​សម្រាប់​យកមក​ភ្ញាស់ យក​កូនចិញ្ចឹម​យកសា​ច់លក់​នៅលើ​ទីផ្សារ​នេះ។

    ដំណាក់កាល​ដំបូង​គេ​ដា​ក់វា​ឱ្យ​ធ្វើការ​បង្កាត់​ពូជ ដោយ​ដាក់​ក្រួច​ញី​ឱ្យនៅ​ជាមួយ​ក្រួច​ឈ្មោល និង​ថែទាំ​ដោយ​ការផ្តល់​ចំណី និង​ផ្តល់​ទឹក​ឱ្យបាន​គ្រប់គ្រាន់ ដែល​ចំណី​របស់​វា គេ​អាច​ផលិត​ដោយ​ខ្លួនឯង​ក៏បាន ឬ​រក​ទិញ​ពី​ក្រុមហ៊ុន​លក់​ចំណី​សត្វ​ក៏បាន ហើយ​សម្អាត​ទីកន្លែង​ចិញ្ចឹម​ជាប្រចាំ​ដើម្បីឱ្យ​ក្រួច​មាន​សុខ​ភាពល្អ កុំ​ឱ្យមាន​មេរោគ​ដែល​អាច​បង្ក​ទៅជា​ជំងឺផ្សេងៗបាន។ បន្ទាប់ពី​វា​រស់នៅ​ជាមួយគ្នា​បាន​ប្រមាណ​ជា 1ខែ 20ថ្ងៃ​មក ក្រួច​ញី​ចាប់ផ្តើម​ផ្ដល់​ស៊ុត​ជា​បន្តបន្ទាប់ រួចហើយ​គេ​ត្រូវ​ជ្រើសរើស​ស៊ុត​ណា​ដែលល្អៗយកទៅដាក់​នៅលើ​ធ្នើរ​ក្នុង​ទូ​ភ្ញាស់​ដែល​គេ​រៀបចំ​ទុកជា​ស្រេច ចំណែក​ទូ​ភ្ញាស់​ពង​ក្រួច​នោះ​ម្ចាស់​កសិដ្ឋាន​ចាំបាច់​ត្រូវ​រៀបចំ​ប្រព័ន្ធ​ទឹក-ភ្លើង​ឱ្យបាន​ល្អ​ទុកជាមុន ដូចជាដាក់​កង្ហារ​បឺត​កម្ដៅ​ចេញ នៅពេលដែល​អាកាសធាតុ​ក្តៅ​ខ្លាំង និង​ត្រូវដាក់​ធុង​ទឹក​ពីក្រោម​ដើម្បីឱ្យ​ទូ​មាន​សំណើម​ហប់​ជាប្រចាំ។ អំឡុងពេល 16ថ្ងៃក្រោយ​មក​ពង​ក្រួច​ចាប់ផ្តើម​ញាស់ ដែល​ពេល​នោះគេ​ត្រូវយក​កូន​ក្រួចតូចៗទាំងនោះ​ទៅ​ដាក់​ក្នុង​ទ្រុង​មួយ​ដាច់ដោយឡែក ធ្វើការ​ថែទាំ​ដាក់​ទឹក​ដាក់​ចំណី​ឱ្យ​រយៈពេល​ត្រឹមតែ 1ខែ​កន្លះ​ក្រោយមក​ក្រួច​នឹង​ធំធាត់​អាច​ចាប់​លក់បាន ដែលជា​ទូទៅ​ក្រួច1ក្បាល​មានតម្លៃ​ចន្លោះ​ពី 2,000 – 2,500រៀល។

    កសិករ​ខាងលើ​អះអាងថា មកទល់​បច្ចុប្បន្ន​លោក​បាន​បង្កើត​កសិដ្ឋាន​យ៉ាង​ធំ​មួយ​ក្នុង​ទី​រួម​ខេត្តកំពត​នោះ ដោយ​មួយថ្ងៃ​អាច​ផលិត​ក្រួច​សាច់​លក់​ចេញ​បាន​ប្រមាណ​ជា400 ទៅ500ក្បាល​ក្នុង​មួយថ្ងៃ នេះ​ សម្រាប់​រដូវវស្សា​ដែល​មិនសូវមាន​បុណ្យទានផ្សេងៗ រីឯ​នៅ​រដូវប្រាំង​នៅពេលដែល​សម្បូរ​បុណ្យទាន​ច្រើន លោក​អាច​ផលិត​បាន​ចំនួន600 ទៅ700ក្បាល ក្នុង​មួយថ្ងៃ​សម្រាប់​ចាប់​លក់​ទៅឱ្យ​ម៉ូយ​ដែលមាន​ទាំង​ម៉ូយ​នៅក្នុង​ខេត្តកំពត បណ្តា​ខេត្ត​មួយចំនួនទៀត និង​ទីក្រុង​ភ្នំពេញ​ផងដែរ។ ហើយ​ដោយសារតែ​សាច់​ក្រួច​មានការ​កុម្ម៉ង់​ទិញ​កាន់តែច្រើនឡើងៗ លោក​បានសម្រេច​បង្កើត​កសិដ្ឋាន​ធំ​មួយទៀត​នៅ​ក្រុងព្រះសីហនុ ដែលមាន​សមត្ថភាព​ផលិត​ក្រួច​សាច់​លក់បាន​ចំនួន​ដល់​ទៅ500 ទៅ600ក្បាល​ក្នុង​មួយថ្ងៃ​សម្រាប់​រដូវវស្សា ចំណែក​រដូវប្រាំង​វិញ​លក់​ចេញ​បាន​ចន្លោះ​ពី1,500 ទៅ2,000ក្បាល​ក៏មានដែរ។

    លោក​និយាយថា របរ​ចិញ្ចឹម​ក្រួច​លក់​នៅតែមាន​តម្រូវការ​នៅលើ​ទីផ្សារ ដោយសារតែ​ម៉ូយ​ងាយស្រួល​យកទៅ​អាំង ឬ​ធ្វើ​ម្ហូប​លក់ និង​ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​អតិថិជន ហើយ​នៅពេលឆាប់ៗលោក និង​បង្កើត​សាខា​មួយទៀត​នៅ​ខេត្តសៀមរាប​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​នៅក្នុង​ខេត្ត​នោះ​ឱ្យមាន​ភាពងាយស្រួល និង​មាន​មហិច្ឆតា​បង្កើត​ឱ្យបាន​គ្រប់​ខេត្ត-ក្រុង​ទៀតផង។ ជាមួយគ្នានេះ លោក​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​សូម​ឱ្យជួយ​គាំទ្រ​ផលិតផល​ក្នុងស្រុក ជាជាង​គាំទ្រ​ផលិតផល​នាំចូល​ពី​ក្រៅប្រទេស ដើម្បី​រួមចំណែក​លើកកម្ពស់​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ ក៏ដូចជា​ការចូលរួម​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​យើង​ឱ្យបានកាន់តែច្រើនឡើងៗផងដែរ៕

  • ភ្ញាក់ផ្អើល !! បវរកញ្ញាវៀតណាមគ្រង​សម្លៀក​បំពាក់របាំ​បុរាណ​ខ្មែរ​ស្អាតខ្លាំងណាស់

    ភ្ញាក់ផ្អើល !! បវរកញ្ញាវៀតណាមគ្រង​សម្លៀក​បំពាក់របាំ​បុរាណ​ខ្មែរ​ស្អាតខ្លាំងណាស់

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេប៊ុកនៅពេលថ្មីនេះៗ បានឱ្យដឹងថា ទំព័រគណនីហ្វេសប៊ុកផ្លូវការមួយមានឈ្មោះថា ASEAN Beauty Pageant បាន​បង្ហាញ​នូវ​សម្រស់ Miss Universe Vietnam ឆ្នាំ​2013គឺ កញ្ញាTruong Thi May ក្នុង​ឈុត​សម្លៀក​បំពាក់​របាំ​បុរាណ​ខ្មែរ​ជា​ច្រើន​ឈុត មាន​ដូច​ជា​ឈុត​របាំ អប្សរា ឈុត​នាយ​រោង​ជា​ដើម។

    ជាមួយការបង្ហាញ​រូបភាព​ទាំង​អស់នោះ ធ្វើ​ឱ្យអ្នកគាំទ្រខ្មែរ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ចំពោះ​ការ​គ្រង​ឈុត​របាំ​ព្រះរាជ​ទ្រព្យ​ខ្មែរ​របស់​បវរ​កញ្ញា​វៀតណាម​រូប​នេះ ពិតជាមានសម្រស់ស្អាតខ្លាំងមែនទែន ហើយ​មួយភ្លែតសឹងតែមិនជឿថា នាងជាជនជាតិវៀតណាមឡើយ ពោលគឺនាងមានសម្រស់ដូចជានារីអីចឹងដែរ។

    សូមជម្រាបផងដែរថា អ្វីដែលប្រិយមិត្តកោតសរសើរខ្លាំងជាងនោះទៅទៀត គឺ​ទឹក​ចិត្ត​របស់​បវរកញ្ញា​រូប​នេះ​ដែល​នៅ​គាំទ្រ​ និង​ស្រលាញ់​សិល្បៈវប្បធម៌​ខ្មែរ ដោយ​ហេតុ​ថា​នាងមានឈាមជ័រសែស្រឡាយឪពុក​ម្តាយ​ជា​ខ្មែរ។ ក្រៅពីមានអ្នកពោលសរសើរ ក៏មានមតិរិះគន់តិចតួចដែរ ទៅលើចំណុចកំហុសឆ្គងបន្ដិចនៃការគ្រង​សម្លៀក​បំពាក់​បុរាណ​ខ្មែរ​របស់បវរកញ្ញាវៀតណាម។ Truong Thi May វ័យ​30​ឆ្នាំ មាន​ដើម​កំណើត​និង​ឪពុក​ម្តាយ​ជា​ខ្មែរ​កម្ពុជា​ក្រោម ប៉ុន្តែ​នាង​បាន​កើត និងចម្រើនវ័យ​នៅ​ប្រទេស​វៀតណាម នាង​ក៏​ជាប់​ជា Miss Ethnic វៀតណាម​ផង​ដែរ៕

  • បច្ចេកវិទ្យា​ឌីជីថល​ត្រូវបាន​ប្រើប្រាស់​ជា​យុទ្ធសាស្ត្រ​ទីផ្សារ

    បច្ចេកវិទ្យា​ឌីជីថល​ត្រូវបាន​ប្រើប្រាស់​ជា​យុទ្ធសាស្ត្រ​ទីផ្សារ

    បច្ចេកវិទ្យា​ឌីជីថល​បាន​ជំរុញ​ឱ្យអ្វីៗនៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ការផ្លាស់ប្ដូរ។ បច្ចុប្បន្ន​យើង​ឃើញ​មាន​ដំណើរការ​កម្មវិធី​អន​ឡាញ​ដោយ​ប្រើប្រាស់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ជាច្រើន​កើន​ឡើងជា​បន្តបន្ទាប់ ហើយ​ការប្រើប្រាស់​បច្ចេកវិទ្យា​តាមរយៈ​កម្មវិធី​ក្នុង​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន​លើ​អាជីវកម្ម​ទូទាត់​ប្រាក់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ទៀតសោត ក៏​កំពុង​តែមាន​ប្រជាប្រិយភាព​ផងដែរ ព្រោះ​វា​ជួយ​សម្រួល​ដល់​ការទិញ​ទំនិញ ការ​វេរ​លុយ និង​ការបង់ថ្លៃ​សេវាកម្មផ្សេងៗជាដើម។ល។

    ក្រៅពីនេះទៀត​យើង​ឃើញ​មាន​ធនាគារធំៗ ដូចជា​ធនាគារ​ABA ធនាគារ​អេស៊ីលីដា​ជាដើម ក៏មាន​កម្មវិធីផ្សេងៗប្រើ​នៅលើ​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​នដែល​អតិថិជន​របស់​ធ​នាគារ​អាច​ចូល​មើល​គណនី​របស់ខ្លួន​បាន និង​អាច​ទូទាត់​សេវាកម្ម ដូចជា​បង់ថ្លៃ​ទឹកភ្លើង ថ្លៃ​ត​បណ្ដាញ​អុីន​ធើ​ណិ​ត ទិញ​ទំនិញ បង់ថ្លៃ​សាលា បញ្ចូល​ទឹកប្រាក់​តាម​ទូរស័ព្ទដៃ និង​ផ្ទេរប្រាក់ ជាដើម​បាន​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង។

    ទាំងនេះ​សបញ្ជាក់​ឱ្យឃើញថា យុទ្ធសាស្ត្រ​ទីផ្សារ​តាមរយៈ​បច្ចេកវិទ្យា​ឌីជីថល​ស្មា​ត​ហ្វូ​ន​កំពុង​តែមាន​ប្រជាប្រិយ​ភាពខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា ព្រោះ​វា​មាន​ភាពបត់បែន រហ័ស ងាយស្រួល និង​មាន​សុវត្ថិភាព ដែល​វា​បានបង្ហាញ​ពី​សេដ្ឋកិច្ចកម្ពុជាក្នុង​ជំហាន​មួយ​ឆ្ពោះទៅរក​សេដ្ឋកិច្ច​ឌីជីថល​ដែលមាន​ការផ្លាស់ប្ដូរ ការ​ជឿនលឿន ច្នៃប្រឌិត និង​ប្រកបដោយ​បច្ចេកវិទ្យា​ថ្មី។

    កម្មវិធី Pi Pay ក៏ដូចជា Aeon Wallet Cambodia គឺជា​វេទិកា​ទូទាត់​ប្រាក់​ប្រកប​ដោយភាព​ច្នៃប្រឌិត និង​មិនចាំបាច់​ដាក់​សាច់ប្រាក់​តាម​ខ្លួន​នៅពេល​ប្រតិបត្តិ​ការទូទាត់​នោះទេ។ វា​ជា​ប្រព័ន្ធ​ទូទាត់​សាច់ប្រាក់​តាម Mobile App ដែល​អតិថិជន​អាច Download ដាក់​ក្នុង​ទូរស័ព្ទដៃ​ដោយ​គ្រាន់តែ​បញ្ចូល​ប្រាក់​នៅតាម​បញ្ជរ Pi Pay ឫ​បញ្ជរ Aeon Wallet Cambodia ហើយ​បន្ទាប់មក​ក៏​អាចធ្វើ​ប្រតិបត្តិ​ការទិញ​ទំនិញ និង​ទូទាត់​ប្រាក់​ដោយ​មិនចាំបាច់​ប្រើប្រាស់​សាច់ប្រាក់​ដែល​ធ្វើឱ្យ​អ្នកមាន​ទំនុកចិត្ត និង​សុវត្ថិភាព។

    ផ្នែក​ធ្វើដំណើរ​វិញ យើង​អាចធ្វើ​ការហៅ​រ៉ឺម៉ក ឬ​តាក់ស៊ី​ជិះ​តាមរយៈ​កម្មវិធី​របស់​ក្រុមហ៊ុន​នៅក្នុង​ប្រទេស​កម្ពុជា​ដែលមាន​ដូចជា PassApp, Grab Cambodia, Taxi Cambodia, We Go Taxi ជាដើម។ តាមរយៈ​ទូរស័ព្ទដៃ​របស់​ពួកគេ អតិថិជន​មានការ​ពេញចិត្ត​ជាមួយ​នឹង​តម្លៃថោក​គួរសម​នៃ​សេវា​កម្មនេះ​ព្រោះ​គេ​អាច​កំណត់​គោលដៅ​ធ្វើដំណើរ និង​មើលឃើញ​ពី​ចម្ងាយ​ដែល​ពួកគេ​កំពុង​ជិះ​បាន​យ៉ាង​ងាយស្រួល​ផងដែរ។

    អ្នកជំនាញ​ទីផ្សារ​បាន​ហៅ​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​របស់​ក្រុមហ៊ុន​អាជីវកម្ម​នាពេល​បច្ចុប្បន្ន​ថា ជា​យុទ្ធសាស្ត្រ​ទីផ្សារ ពីព្រោះថា ការផ្តល់​សេវាកម្ម​ឱ្យ​ដល់ដៃ​អតិថិជន​តាមរយៈ​បច្ចេកវិទ្យា​គឺជា​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន ឬ​អាជីវកម្ម​នោះ ដោយសារ​នៅលើ​ពិភពលោក​បច្ចុប្បន្ន​គេ​ផ្តោតទៅលើ​បច្ចេកវិទ្យា​ច្រើន ហើយ​កម្ពុជា​យើង​ក៏​គេសង្កេតឃើញថា​មាន​កំណើន​ច្រើន​គួរសម​ក្នុង​ការប្រើ​យុទ្ធសាស្ត្រ​ទីផ្សារ​តាមរយៈ​បច្ចេកវិទ្យា ឌីជីថល​នេះ។

    លោក យក់ ចំរើន​ឫទ្ធិ អគ្គនាយក​ក្រុមហ៊ុន​ហ្វ័​រ​តេបាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា៖ “ទីផ្សារ​ប្រសិនបើ​គេ​យក​មនុស្ស​ម្នាក់​ទាក់ទង​អតិថិជន​ក្នុង1ថ្ងៃ បាន​អតិថិជន​តែ3-5នាក់​ប៉ុណ្ណោះ តែបើ​គេ​ប្រើ​បច្ចេកវិទ្យា វិញ​អាចបាន​ដល់​ទៅ​មនុស្ស​រាប់ម៉ឺន រាប់សែន​នាក់ នេះ​ជា​យុទ្ធសាស្ត្រ​ទីផ្សារ​មួយ ដែល​យុទ្ធសាស្ត្រ​មួយ​នេះ​ធ្វើឱ្យ​តម្លៃ​ដើម​ធ្លា​ក់ទាប”។ លោក​បន្តថា យុទ្ធសាស្ត្រ​ទីផ្សារ​តាមរយៈ​បច្ចេកវិទ្យា​ឌីជីថល​កំពុងតែ​មានកំ​ណើ​ន ព្រោះថា​ប្រជាជន​កម្ពុជា​មិន​ថា​ចាស់ ឬ​ក្មេង​នោះទេ នរណាៗក៏មាន​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​នទំនើបៗប្រើ​ដែរ សូម្បីតែ​ពលរដ្ឋ​នៅ​ទីជនបទ ព្រោះ​វា​មាន​ភាពងាយស្រួល​ខ្លាំង​ក្នុងការ​ប្រើប្រាស់់ និង​ទាន់សម័យ លើកលែងតែ​អ្នកប្រើប្រាស់​ទូរស័ព្ទ​ធម្មតា​ដែល​មិនមែនជា Smart Phone តែប៉ុណ្ណោះ។

    លោក យក់ ចំរើន​ឫទ្ធិ អគ្គនាយក​ក្រុមហ៊ុន ​ហ្វ័​រ​តេ

    ទាក់ទង​នឹង​ការប្រើប្រាស់​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​វិញ ការប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​នេះ​នៅ​ប្រទេស​កម្ពុ​ជាមាន​លក្ខណៈ​ពេញនិយម​យ៉ាងខ្លាំង ដូច្នេះហើយ​ទើប​បណ្តា​ក្រុមហ៊ុន​អាជីវកម្ម​ជាច្រើន​អាច​ប្រើប្រាស់​បណ្ដាញ​នេះ​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​អំពី​ទំនិញ និង​សេវាកម្ម​របស់​ក្រុមហ៊ុន​គេ​បាន ដូច​ជាការផ្តល់ព័ត៌មាន​ទៅកាន់​អតិថិជន កម្មវិធី​ប្រូ​ម៉ូ​សិន ដំណោះស្រាយ​បញ្ហា​របស់​អតិថិជន ការលើកទឹកចិត្ត​ដល់​អតិថិជន ការណែនាំ​ក្នុងការ​ប្រើប្រាស់​ផលិតផល និង​សេវាកម្មផ្សេងៗទៀត​ដែលមាន​ប្រយោជន៍​ដល់​ពួកគេ និង​ការធ្វើឱ្យ​អតិថិជន​ចុច​គាំទ្រ ឬ​បញ្ចេញ​មតិយោបល់ ហើយ​និង​អនុញ្ញាតឱ្យ​អតិថិជន​អាច​ទាញយក​កម្មវិធី​​ចូល​មើល ឬ​ប្រើប្រាស់​សេវាកម្ម​របស់​ក្រុមហ៊ុន​បាន​កាន់តែ​ងាយស្រួល​ទៀតផង។

    លោក យក់ ចំរើន​ឫទ្ធិ បាន​បញ្ជាក់ថា ចំពោះ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​នេះ គេ​អាច​ប្រើប្រាស់​ក្នុង​យុទ្ធសាស្ត្រ​បាន​ច្រើន​មុខ ដូចជា​ម៉ា​កេ​ធី​ង​គឺ គេ​ធ្វើយ៉ាងណា​ឱ្យ​អតិថិជន​ស្គាល់​អំពី​ក្រុមហ៊ុន​របស់គេ ឯ​ក្រុម​ sales វិញ​ធ្វើយ៉ាងណា​ផ្សព្វផ្សាយ​លក់​ផលិតផល​របស់ខ្លួន​ឱ្យបាន​ច្រើន។ ដូច្នេះ​គេហទំព័រ​ហ្វេ​ស​ប៊ុ​កវា​មាន​ប្រយោជន៍​ត្រង់​ថា​វា​ជា​ social media។ លោក​បាន​បន្តទៀតថា ឱ្យតែ​មានការ​ប្រាស្រ័យ​ទាក់ទង​គ្នា​បាន គេ​អាច​ទំនាក់ទំនង​ព័ត៌មាន អាចផ្តល់ព័ត៌មានព្រោះ​វា​មានតម្លៃ​ថោក មិន​ចំណាយ​ពេលវេលា​ច្រើនដូច្នេះ​តាមរយៈ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​នេះ គឺ​ងាយស្រួល​បំផុត។ ក្នុង​អត្ថប្រយោជន៍ផ្សេងៗច្រើនយ៉ាង​ទៀតការបង្កើត​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រៅពី​សម្រាប់​ផ្សព្វផ្សាយ​ពី​អាជីវកម្ម​របស់​ពួកគេ និង​បង្កើន​អតិថិជន​ហើយ គេ​អាច​ពង្រឹង​អាជីវកម្ម​ឱ្យ​ក្រុមហ៊ុន​របស់គេ​កាន់តែ​រីកចម្រើន​ទៅមុខ​បាន​ទៀតផង។

    ជាក់ស្តែង​ការផ្សព្វផ្សាយ​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ធនាគារ​មួយចំនួនធំ​ដូចជា កម្មវិធី សេវាកម្ម​ដែល​បាន​បង្កើតថ្មីៗ ធនាគារ​ទាំងនោះ​បានធ្វើ​ការទាក់ទាញ​ដល់​អតិថិជន​ខ្លួន​ឱ្យ​ងាក​មក​សាកល្បង​ប្រើប្រាស់​នូវ​អ្វី​ដែលជា​បច្ចេកវិទ្យា​ទំនើប​របស់ខ្លួន។

    ក្នុងពេល​ប​ច្ចុ​ប្ប​នេះ​ថ្វីដ្បិតតែ​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត​មិនទាន់មាន​សេវា​គ្របដណ្ដប់​នៅ​ទូទាំងប្រទេស​ពេញលេញ​នៅឡើយ​ជាពិសេស​នៅតាម​ទីជនបទ ប៉ុន្តែ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​នឹង​កំពុង​បំពេញ​នូវ​ប្រព័ន្ធ​ទំនើបកម្ម​នៃ​បច្ចេកវិទ្យា​ឌីជីថល​នេះ​ឱ្យបាន​សព្វគ្រប់​នៅ​ឆ្នាំ2020។ នេះ​បើតាម​ប្រសាសន៍​របស់​ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ដ្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍។

    ចំពោះ​ប្រព័ន្ធ​សេវា​អុីន​ធើ​ណិ​ត 3Gវិញ នៅតាម​ទីក្រុង-ខេត្ត​នៅ​ទូទាំងប្រទេស សេវា​អុីន​ធើ​ណិ​ត​មាន​ល្បឿន​តែ60% ហើយ​សម្រាប់​សេវា​អុីន​ណិ​ត​4G ដែល​ប្រើ​នៅតាម​បណ្ដា​ជនបទ​មាន​សេវា​ល្បឿន​លឿន​បំផុត​ត្រឹមតែ 17%ប៉ុណ្ណោះ ចំណែក​នៅ​ទី​ក្រុងមាន​ដល់57% ដូច្នេះ​រាជរដ្ឋាភិបាល​ត្រូវ​អន្ដរាគមន៍​ និង​ធ្វើ​ទំនើបកម្ម​លើ​វិស័យ​សេវា​អុីន​ធើ​ណិ​ត​នេះ​ឱ្យមាន​ភាពល្អប្រសើ​ជាង​នេះ ដោយសារ​ការប្រើប្រាស់​ប្រព័ន្ធ​សេវា​អុីន​ធើ​ណិ​ត​តាម​ទូរស័ព្ទ​វា​អាចជួយ​ដល់​ចំណូល​ថវិកាជាតិ​ផងដែរ។ តាម​ការដាក់​ស​ន្ទ​ស្សន៍​នៅ​ឆ្នាំ2020 ប្រព័ន្ធ​អុីន​ធើ​ណិ​ត​នឹងមាន​ល្បឿន​លឿន​នៅតាម​ទីក្រុង​ដល់100% ចំណែក​នៅតាម​ជនបទ​នឹងមាន​ល្បឿន​លឿន​ប្រមាណ 80% ហើយ​នឹងមាន​ប្រជាពលរដ្ឋ​ខ្មែរ​ប្រើប្រាស់​គ្រប់ 100%នៅ​ទូទាំងប្រទេស៕

  • នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Intel លាឈប់​ពី​តំណែង ក្រោយ​ធ្លាយ​ព័ត៌មាន​មាន​ទំនាក់ទំនង​ជាមួយ​បុគ្គលិក

    នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Intel លាឈប់​ពី​តំណែង ក្រោយ​ធ្លាយ​ព័ត៌មាន​មាន​ទំនាក់ទំនង​ជាមួយ​បុគ្គលិក

    នាយក​ប្រតិបត្តិ (CEO) ក្រុមហ៊ុន​ផលិត Chip ដ៏​ធំ និង​ល្បីល្បាញ​លំដាប់​ពិភពលោក Intel បាន​លាឈប់​ពី​តំណែងភ្លាមៗ បន្ទាប់ពី​ក្រុមប្រឹក្សាភិបាល​បាន​រកឃើញថា មាន​ទំនាក់ទំនង​កិច្ចសន្យា​ខុសច្បាប់​ជាមួយនឹង​បុគ្គលិក​ដែល​ល្មើ​សនឹង​ច្បាប់​របស់​ក្រុមហ៊ុន។

    យោងតាម​ការចេញផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters បានឱ្យដឹងថា នាយក​ប្រតិបត្តិក្រុមហ៊ុន​ផលិត Chip ធំជាងគេ​របស់​អា​មេ​​រិ​ក លោក Brian Krzanich បាន​លាឈប់​ពី​តំណែង ដោយសារតែ​លោក​បាន​ល្មើស​នឹង​ច្បាប់​របស់​ក្រុមហ៊ុន។

    ក្រុមហ៊ុន Intel បានកំណត់​ច្បាប់​ថា រាប់​ចាប់ពី​តំណែង​នាយក ឬ​ប្រធាន​គ្រប់គ្រង​ឡើងទៅ គឺ​មិន​អនុញ្ញាតឱ្យ​ចុះកិច្ចសន្យា​ក្រៅ​ផ្លូវច្បាប់​ណាមួយ​ជាមួយនឹងបុគ្គលិកឡើយ ហើយបើសិនជាក្រុមហ៊ុន​រកឃើញថា មាន​បុគ្គល​ណាមួយ​ល្មើ​សនឹង​ច្បាប់​នេះ នឹងត្រូវ​បញ្ឈប់​តួនាទីភ្លាម។

    ពាក់ព័ន្ធ​នឹង​ករណីនេះ ខាង​ក្រុមហ៊ុន Intel មិនបាន​បង្ហាញ​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ការ​ល្មើសច្បាប់​នេះឡើយ ដោយ​គ្រាន់តែ​បង្ហើប​ឱ្យដឹងថា លោក Robert Swan បច្ចុប្បន្ន​ជា​ប្រធាន​ហិរញ្ញវត្ថុ ត្រូវបាន​ជ្រើសតាំង​ឱ្យ​ឡើងកាន់តំណែង​នាយក​ប្រតិបត្តិ​ស្ដីទី ខណៈដែល​ពេលនេះ ក្រុមហ៊ុន Intel កំពុងតែ​ស្វែងរក​បុគ្គល​ដែលមាន​សមត្ថភាព​ទាំង​នៅក្នុង និង​ក្រៅ​ក្រុមហ៊ុន​ដើម្បី​មកកាន់​តំណែង​នាយក​ប្រតិបត្តិ​នេះ។

    គួរបញ្ជាក់​ផងដែរ​ថា លោក Krzanich វ័យ 58ឆ្នាំ ដែលជា​វិស្វករ​អគ្គិសនី ត្រូវបានតែងតាំង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Intel កាលពី​ខែឧសភា ឆ្នាំ2013៕