Category: សង្គម និងសេដ្ឋកិច្ច

  • ផ្លូវជាតិ​លេខ4 នឹងមាន​បំពាក់​កាមេរ៉ា​ចាប់​រថយន្ត​បើក​លើស​ល្បឿន

    ផ្លូវជាតិ​លេខ4 នឹងមាន​បំពាក់​កាមេរ៉ា​ចាប់​រថយន្ត​បើក​លើស​ល្បឿន

    ដោយ​សង្កេតឃើញថា ផ្លូវជាតិ​លេខ4 ដែលជា​ផ្លូវជាតិ​ដ៏​សំខាន់​មួយ​ក្នុងការ​ដឹកជញ្ជូន​ទំនិញ​ពី​ភ្នំពេញ​ឆ្ពោះទៅ​កំពង់ផែ​ទឹក​ជ្រៅ​ក្នុង​ខេត្ត​ព្រះសីហនុ ធនាគារពិភពលោក​បាន​អនុម័ត​ថវិកា ផ្តល់​ជា​ជំនួយ​ដល់​កម្ពុជា​ចំនួន 110លាន​ដុល្លារ​ដើម្បី​កែលម្អ​ផ្លូវ-ជាតិ​មួយ​នេះ​ឡើងវិញ និង​រៀបចំ​បំពាក់​ប្រព័ន្ធផ្សេងៗដួច​ជាការ​ដាក់​កាមេរ៉ា​ចាប់​រថយន្ត​ដែល​បើកបរ​លើស​ល្បឿន​កំណត់​ជាដើម។

    តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ធនាគារ​ពិភពលោក​បានឱ្យដឹងថា ការគាំទ្រ​ហិរញ្ញវត្ថុ​បន្ថែម​សម្រាប់​គម្រោង​គ្រប់គ្រង​សម្បត្តិ​ផ្លូវ-ថ្នល់ ជំហាន​ទី2 (RoadAsset Management Project II/RAMP II)នេះ​នឹង​ត្រូវបាន​គេ​រំពឹងថា នឹង​ជួយផ្តល់​ដល់​ការឆ្លើយតបភ្លាមៗ និង​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុងករណី​មាន​ស្ថានភាព​បន្ទាន់ ហើយ​ថែមទាំង​រៀបចំ​ហេដ្ឋារចនា-សម្ព័ន្ធ​ផ្លូវជាតិ ឱ្យ​កាន់តែ​ប្រសើរឡើង តាមរយៈ​ការដាក់​បង្គោល​ភ្លើង​ប្រើ​ពន្លឺព្រះអាទិត្យ រួមទាំង​ការដាក់​កាមេរ៉ា​សុវត្ថិភាព​ក្នុងការ​ទប់ស្កាត់​ការបើកបរ​លើស​ល្បឿន​កំណត់​ផងដែរ។

    ផ្លូវជាតិ​លេខ4 ត្រូវគេ​ដឹងថា ជា​ផ្លូវជាតិ​ត​ភ្ជាប់​រាជធានី​ភ្នំពេញ​ដោយផ្ទាល់​ទៅ​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​របស់​កម្ពុជា​តែមួយគត់​នៅក្នុង​ខេត្ត​ព្រះសីហនុ បច្ចុប្បន្នកំពុង​រង​សម្ពាធ​ចរាចរណ៍​យ៉ាង​មមាញឹក​ឆ្លងកាត់​តំបន់​សេដ្ឋកិច្ច​មួយចំនួន និង​តំបន់កសិកម្ម​ជាច្រើន ក្នុងនោះ​រួមមាន​កសិដ្ឋាន​ខ្នាត​ធំ​ផងដែរ។ នៅក្រោម​ជំនួយ​ហិរញ្ញប្បទាន​បន្ថែម​នេះ បណ្តោយ​ផ្លូវ​ចម្ងាយ​ជាង 200គីឡូម៉ែត្រ​នេះ​នឹង​ទទួលបាន​ការបង្កើន​គុណភាព​ឱ្យ​ល្អ​ជាង​មុន តាមរយៈ​ការ​អ៊ុត​កៅស៊ូ​ថ្មី​ពីលើ និង​ការរៀបចំ​ឡើងវិញ​នូវ​ចិញ្ចើម​សងខាង​ផ្លូវ ការដាក់​លូបង្ហូរទឹក និង​ការធ្វើ​ស្ពាន​នៅក្នុង​តំបន់​ងាយ​លិច​ទឹក​នៅតាម​ដងផ្លូវ​នេះ។

    ឯកឧត្តម ផែង សុវិជ្ជា​នោ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​គម្រោង​បាន​មានប្រសាសន៍ថា៖ “ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កម្ពុជា​ពឹងផ្អែក​លើផ្លូវ​ជាតិ​លេខ4នេះ ដោយសារ​ថា​វា​ជា​ផ្លូវ​តែមួយគត់​សម្រាប់​ត​ភ្ជាប់​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ជាមួយ​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​របស់​កម្ពុជា។ ការកែលម្អ​ស្ថានភាព​ផ្លូវ​ដ៏​សំខាន់​មួយ​នេះ នឹង​ជួយ​កាត់បន្ថយ​ការចំណាយ​ពេលវេលា និង​ការចំណាយ​លើ​ការដឹកជញ្ជូន ដែល​អាចជួយ​ធ្វើឱ្យ​សេដ្ឋកិច្ច​របស់​កម្ពុ​ជាកា​ន់​តែមាន​ភាព​ប្រកួតប្រជែង​ខ្លាំង​ឡើង​ថែមទៀត​នៅក្នុង​តំបន់”។

    ក្រៅពី​ការរៀបចំ​គម្រោង​បែប​ច្នៃប្រឌិត​ដែល​ធន់​នឹង​អាកាសធាតុ​ជាង​មុន ហិរញ្ញប្បទាន​បន្ថែម​នេះ​នឹងត្រូវ​បាន​យកទៅ​ប្រើប្រាស់​ផងដែរ ដើម្បី​បង្កើន​សមត្ថភាព​របស់​ស្ថានីយ​ថ្លឹង​រថយន្ត​បច្ចុប្បន្ន និង​ជួយ​កាត់បន្ថយ​ហានិភ័យ​ដែល​អាច​បណ្តាលមកពី​ការដឹក​ទំនិញ​លើស​ទម្ងន់​អនុញ្ញាត។ សុវត្ថិភាព​ផ្លូវ​នឹងត្រូវ​បានចាត់ទុក​ជាអាទិ​ភាព​ចម្បង តាមរយៈ​ការកំណត់​សញ្ញា​តំបន់​ល្បឿន​មាន​កម្រិត ផ្លូវ​មាន​សុវត្ថិភាព និង​កែលម្អ​ផ្លូវ​ខ្នាតតូច​ភ្ជាប់​ផ្លូវ​ឡើងមក​ផ្លូវជាតិ ដែល​រួមមាន​ទាំង​ការដំឡើង​ស្លាក​សញ្ញា​បង្ហាញផ្លូវ បង្គោល​ភ្លើង​ប្រើ​ដោយ​ថាមពល​ពន្លឺព្រះ-អាទិត្យ និង​កាមេរ៉ា​ចាប់​ល្បឿន​របស់​អ្នកបើកបរ​ទៀតផង។ កិច្ចសន្យា​ម៉ៅការ​ផ្អែកលើ​គុណ​ផល​ការងារ​នឹងត្រូវ​បាន​យកមកប្រើ​ប្រាស់ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​ប្រើប្រាស់​ហិរញ្ញប្បទាន​នេះ​ឱ្យបាន​ដល់​កម្រិត​អតិបរមា។

    លោកស្រី អុីហ្គូ​ណា ដូ​ប្រា​ចា នាយិកា​គ្រប់គ្រង​ធនាគារពិភពលោក​ប្រចាំ​នៅ​កម្ពុជា មានប្រសាសន៍ថា៖“ការខ្វះចន្លោះ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ជាការ​-ប្រឈម​ដ៏​ធំ​មួយ​ដល់​សមត្ថភាព​ប្រកួតប្រជែង និង​ការអភិវឌ្ឍ​វិស័យ​ឯកជន។ គម្រោង​ដែល​នឹង​កែលម្អ​ស្ថានភាព​ផ្លូវជាតិ​លេខ4នេះ​នឹង​ជួយ​ដោះស្រាយ​ភាព​ប្រឈម​ទាំងនោះ ហើយ​វា​នឹង​ពង្រីក​កាលានុវត្តភាព​ផ្នែក​សេដ្ឋកិច្ច​សម្រាប់​ពលរដ្ឋ​កម្ពុជា”។

    គួរ​បញ្ជាក់ថា ហិរញ្ញ​ប្ប​ទាន​បន្ថែម​នេះ​បាន​ពង្រីក​វិសាលភាព​របស់​គម្រោង RAMP II ដែល​បានអនុម័ត​កាលពី​ខែឧសភា ឆ្នាំ2016 ក្នុង​គោលដៅ​កែលម្អ​ផ្លូវជាតិ​ក្នុង​ខេត្តកំពត ព្រះសីហនុ ត្បូងឃ្មុំ និង​ខេត្តក្រចេះ។​ កញ្ចប់​ហិរញ្ញប្បទាន​នេះ​នឹង​ជួយ​សម្រួល​ដល់​ការឆ្លើយតបភ្លាមៗផងដែរ ក្នុងករណី​ស្ថានភាព​មាន​វិបត្តិ ឬ​ស្ថានភាព​បន្ទាន់​ណាមួយ​ដែល​ចាំបាច់។

    មូលនិធិ​បន្ថែម​សម្រាប់​គាំទ្រ​គម្រោង​ដែល​ពង្រីក​រហូតដល់រ​យៈ​ពេល 8ឆ្នាំកន្លះ​នេះ បានផ្តល់​ហិរញ្ញវត្ថុ​ដោយ​សមាគម​អភិវឌ្ឍន៍​អន្តរជាតិ ដែលជា​ផ្នែក​មួយ​របស់​ក្រុម​ធនាគារពិភពលោក​សម្រាប់​ប្រទេស​ក្រីក្រ។ មូលនិធិ​នេះ​ជា​ឥណទាន​ដែល​គ្មាន​ការប្រាក់ហើយនឹង​ត្រូវ​ទូទាត់​សង​ក្នុង​រយៈពេល 38ឆ្នាំ រាប់ទាំង​ដំណាក់កាល​អនុគ្រោះ​រយៈពេល 6ឆ្នាំ​ផងដែរ៕

  • នៅទីបំផុតក្មេងៗក្រុមបាល់ទាត់ជ្រូកព្រៃ បានចេញផុតពីរូងភ្នំទាំងអស់គ្នាដោយសុវត្ថិភាព

    នៅទីបំផុតក្មេងៗក្រុមបាល់ទាត់ជ្រូកព្រៃ បានចេញផុតពីរូងភ្នំទាំងអស់គ្នាដោយសុវត្ថិភាព

    តាមរយៈសារព័ត៌មានថៃ Teenee ដែលចេញផ្សាយនៅរសៀលថ្ងៃម្សិលមិញនេះ បានឱ្យដឹងថា បន្ទាប់ពីទន្ទឹងរង់ចាំអស់រយៈពេលរហូតដល់ 18ថ្ងៃ សម្រាប់ប្រតិបត្តិការជួយសង្គ្រោះក្មេងៗនៃក្រុមបាល់ទាត់ជ្រូកព្រៃ និងគ្រូបង្វឹកម្នាក់ រហូតមកដល់ថ្ងៃចុងក្រោយម្សិលមិញនេះ នៅក្នុងដួងចិត្តប្រជាជនថៃ និងមនុស្សទូទាំងពិភពលោក ពិតជាមានសេចក្ដីត្រេកអររីករាយយ៉ាងខ្លាំងចំពោះដំណឹងល្អ ខណៈដែលក្រុមជ្រូកព្រៃទាំង 13នាក់ បានចេញពីរូងភ្នំដោយសុខសុវត្ថិភាពហើយ។

    អាចនិយាយបានថា រហូតដល់វិនាទីចុងក្រោយដែលមនុស្សជាច្រើនបានទន្ទឹងរង់ចាំ ការប្រតិបត្តិការក៏ធ្វើបានសម្រេចដូចការគ្រោងទុករបស់លោក ណារ៉ុងស័ក្ដិ មេបញ្ជាការប្រតិបត្តិការជួយសង្គ្រោះពិតមែន។ លោកបានថ្លែងឱ្យដឹងកាលពីថ្ងៃម្សិលមិញថា ការធ្វើប្រតិបត្តិការនៅក្នុងថ្ងៃចុងក្រោយនេះ យើងរំពឹងថា នឹងបញ្ចប់ការជួយសង្គ្រោះដោយការយកក្រុមជ្រូកព្រៃទាំង 5នាក់ដែលនៅសល់នោះចេញមកឱ្យខាងតែបាន ប្រសិនបើអាកាសធាតុនៅតែអំណោយផល និងគ្មានការរំខានពីភ្លៀង។ ប្រតិបត្តិការលើកទី3 នេះ យើងសង្ឃឹមថា នឹងធ្វើឡើងបានឱ្យលឿនជាងថ្ងៃម្សិលមិញ និងម្សិលម្ង៉ៃ ដោយកាលពីថ្ងៃដំបូង យើងចំណាយពេលអស់ 11ម៉ោង និងថ្ងៃទី2 នៃប្រតិបត្តិការ យើងចំណាយពេលតែ 9ម៉ោងប៉ុណ្ណោះ លឿនជាងថ្ងៃដំបូង 2ម៉ោង។ នៅថ្ងៃនេះយើងបានរៀបផែនការថា ត្រូវនាំក្មេងៗក្រុមជ្រូកព្រៃ 4នាក់ចេញមកមុនគេ បន្ទាប់មកគ្រូបង្វឹក និងក្រុមជំនួយការស៊ីល 3នាក់ និងគ្រូពេទ្យ រួ​មទាំងអស់ 9នាក់ចេញពីក្នុងរូងភ្នំឱ្យបាន ប្រសិនបើគ្មានអ្វីខុសប្លែកទេនោះ។

    គួរបញ្ជាក់ផងដែរថា ប្រតិបត្តិការទី 3 នៅថ្ងៃចុងក្រោយ បានសម្រេចដូចផែនការដែលបានគ្រោងទុក ដោយបាននាំអ្នកទាំង 5នាក់ដែលនៅសល់ចេញពីរូងភ្នំចេញមកបានសម្រេចដោយសុវត្ថិភាពហើយ។ នៅវេលាម៉ោង17 និង55នាទី ជ្រូកព្រៃទី9 ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យឈៀងរ៉ាយ និងវេលាម៉ោង18 និង20នាទី ជ្រូកព្រៃទី10 -11 និង12 ត្រូវបានបញ្ជូនដល់ដៃក្រុមគ្រូពេទ្យបឋមសង្រ្គោះ និងត្រៀមបញ្ជូនទៅមន្ទីរពេទ្យឈៀងរ៉ាយជាបន្ត។ ជាចុងក្រោយ នៅវេលាម៉ោង18 និង22 នាទីបន្ទាប់ គ្រូបង្វឹកត្រូវបានក្រុមជួយសង្គ្រោះនាំចេញពីរូងភ្នំថាំលួង មកដល់ខាងក្រៅដោយសុវត្ថិភាព។

    សូមជម្រាបបន្ថែមថា ក្រុមជ្រូកព្រៃទាំង 13នាក់ ខណៈនេះកំពុងសម្រាកព្យាបាល និងតាមដានសុខភាពនៅក្នុងមន្ទីរពេទ្យរយៈពេល 7ថ្ងៃ ទើបគ្រូពេទ្យអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះបាន៕

  • ក្ដៅៗ!! ក្មេងជ្រូកព្រៃទី 9 នឹងទី10 ចេញពីរូងភ្នំហើយ

    ក្ដៅៗ!! ក្មេងជ្រូកព្រៃទី 9 នឹងទី10 ចេញពីរូងភ្នំហើយ

    តាមរយៈសារព័ត៌មាន Khaosod ដែលចេញផ្សាយមុននេះបន្ដិច បានឱ្យដឹងថា អ្នកសារព័ត៌មានថៃបានរាយការណ៍មកថា ក្មេងៗក្រុមជ្រូកព្រៃទី 9 និង ទី 10​ បានចេញផុតមកដល់មាត់រូងភ្នំថាំលួង នៅវេលាម៉ោង 16 និង 12 នាទី និង 16 និង 33 នាទី ជាបន្ដបន្ទាប់តាមលំដាប់លំដោយ ។

    នៅវេលាម៉ោង 16 និង 12 នាទី មន្ដ្រីជួយសង្គ្រោះបាននាំក្មេងជ្រូកព្រៃទី 9 ចេញមកមាត់រូងភ្នំបានដោយសុវត្ថិភាព និងបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ បន្ទាប់មក នៅវេលាម៉ោង 16 និង 33 នាទីក្រោយ ស្រាប់តែទទួលដំណឹងថា ក្មេងជ្រូកព្រៃទី 10 បានចេញមកដល់មាត់រូងភ្នំថាំលួង និងបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

    យ៉ាងណាមិញ គួរ​បញ្ជាក់ដែរថា ក្រុមជ្រូកព្រៃទី 11-13 កំពុងធ្វើដំណើរមកជាបន្ដបន្ទាប់ តាមផែនការដែលគ្រោងទុកឱ្យមានការជួយសង្គ្រោះ បានចេញដល់មាត់រូងភ្នំយ៉ាងរហ័សបំផុត៕

  • ក្រុមហ៊ុនវៀតណាម​ គ្រោង​សាងសង់​រោងចក្រ​ផលិត​ដែក​នៅ​ខេត្ត​ព្រះសីហនុ

    ក្រុមហ៊ុនវៀតណាម​ គ្រោង​សាងសង់​រោងចក្រ​ផលិត​ដែក​នៅ​ខេត្ត​ព្រះសីហនុ

    ដោយ​មើលឃើញ​ពី​តម្រូវការ​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា ក្រុមហ៊ុន​អន្តរជាតិ​មួយ​មកពី​ប្រទេស​វៀតណាម​គ្រោង​បោះទុន​វិនិយោគ​ប្រមាណ​ជា 500លាន​ដុល្លារ​សាងសង់​រោងចក្រ​ផលិត​ដែក​នៅ​ខេត្ត​ព្រះសីហនុ​នៅពេលឆាប់ៗខាងមុខ។

    សម្រាប់​ការឆ្លើយតប​ចំពោះ​គម្រោង​នេះ អភិបាលខេត្ត​ព្រះសីហនុ ឯកឧត្តម យន្ត មីន បាន​មានប្រសាសន៍ថា ក្រុមហ៊ុន​មកពី​វៀតណាម​ដែល​ចាប់អារម្មណ៍​បណ្តាក់ទុន​នៅក្នុង​ខេត្ត​នេះ គួរតែ​ស្វែងរក​ទីតាំង​ដី​នៅ​តំបន់​ស្រុក​ស្ទឹងហាវ ព្រោះ​អនាគត​ទីនោះ​ក៏មាន​កំពង់ផែ​ទឹក​ជ្រៅ និង​មាន​ដី​ប្រហែល 200ហិកតា​អាចឆ្លើយតប​នឹង​តម្រូវការ​សម្រាប់​ការវិនិយោគ​ធ្វើ​រោងចក្រ​នេះ​បាន។ ឯកឧត្តម​បន្តថាក​តា្ដ​សំខាន់​ដែល​ធ្វើឱ្យ​អ្នកវិនិយោគ​បរទេស​បន្ដ​ចាប់អារម្មណ៍​ស្វែងរក​ឱកាសដាក់ទុន​វិយោគ​រកស៊ី​នៅ​ខេត្ដ​នេះគឺ​កត្តា​សន្ដិភាព ច្បាប់​ការពារ​អ្នកវិនិយោគ និង​សក្តានុពល​ធម្មជាតិ​រប​ស់​ខេត្ដ​ព្រះសីហនុ។ លោក​បញ្ជាក់ថា2ឆ្នាំ​ចុង​ក្រោយនេះ​ខេត្ត​ព្រះសីហនុ បានក្លាយ​ទៅជា​គោលដៅ​យ៉ាងសំខាន់​មួយ​របស់​អ្នកវិនិយោគ​មកពី​តំបន់ផ្សេងៗនិង​មកពី​បរទេស ហើយ​សព្វថ្ងៃ​ការណ៍​នេះ​បាននិងកំពុង​ធ្វើឱ្យ​ខេត្ត​ព្រះសីហនុ​មានការ​អភិវឌ្ឍ​យ៉ាងលឿន​ទៅមុខ ដោយបាន​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កាន់តែច្រើនឡើង។

    ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ

    ខេត្ដ​ព្រះសីហនុ ពិតជា​ទីតាំង​ស័ក្តិសម​ក្នុងការ​ដាក់ទុន​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម វាយ​ន​ភណ្ឌ ឧស្សាហកម្ម​ ទេសចរណ៍ សំណង់ និង​អចលនទ្រព្យជាដើម។ល។ ម្យ៉ាងវិញទៀត អ្វីដែល​សំខាន់បំផុត​នោះ គឺ​ប្រទេស​កម្ពុ​ជាមាន​សុខសន្ដិភាព​ពេញលេញ ក្នុងនោះ​ខេត្ដ​ព្រះសីហនុ​ក៏​ធានាបាន​នូវ​សន្ដិសុខសុវត្ថិភាព​ខ្ពស់​ដែរ ជាមួយនិង​ធនធានធម្មជាតិ​ដ៏​សម្បូរបែប ផ្ទៃដី​នៅ​ទំនេរ​ធំ​ទូលាយ រួមទាំង​កោះល្អៗចំនួន 32កោះ ជាពិសេស​នោះ គឹ​ប្រព័ន្ធ​គមនាគមន៍​សម្បូរបែប។ ខេត្ដ​ព្រះសីហនុ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​ចាត់ទុកជា​ប៉ូល​សេដ្ឋកិច្ច​មួយ​ក្នុងចំណោម​ប៉ូល​សេដ្ឋកិច្ច​ទាំង3 (រាជធានី​ភ្នំពេញ ខេត្ដ​សៀមរាប និង​ខេត្ដ​ព្រះសីហនុ) ដោយ​ប្រកាស​ប្រែក្លាយ​ខេត្ដ​នេះ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​តែមួយគត់​ក្នុងប្រទេស​កម្ពុជា។

    កត្តា​ដែល​ជំ​រុញឱ្យ​វិនិយោគិន​បរទេស​ចូលមក​បណ្តាក់ទុន លើ​វិស័យ​ឧស្សាហកម្ម​ជា​បន្តបន្ទាប់​នោះ គឺ​ដោយសារ​ខេត្ត​ព្រះសីហនុ​ជា​ខេត្ត​មួយ​ក្នុងចំណោម​ខេត្ត​ចំនួន3 នៅក្នុង​ប្រទេស​កម្ពុជា​ដែលមាន​ព្រលានយន្តហោះ​អន្តរជាតិ​ដឹក​អ្នកដំណើរ​តាមផ្លូវ​អាកាស មាន​កំពង់ផែ​ទឹក​ជ្រៅ​ដែល​អាច​ដឹកទំនិញ​ធុន​ធ្ងន់​ឆ្លងកាត់​ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ​តាមផ្លូវ​ទឹក មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ធំជាងគេ ដែល​អាច​សាងសង់​រោងចក្រ​សហគ្រាស​បានយ៉ាងច្រើន មាន​ផ្លូវ​រថភ្លើង​ក្នុងការ​ដឹកទំនិញ​ចូលមក​ទីក្រុង​ភ្នំពេញ ហើយ​អ្វីដែល​ពិសេស​នោះ គឺ​រដ្ឋាភិ-បាល​គ្រោង​នឹង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ទីក្រុង​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ ដែលមាន​ចម្ងាយ​តិចជាង200គីឡូម៉ែត្រ​នាពេលឆាប់ៗនេះ​ទៀតផង ក្នុង​គោលបំណង​ផ្តល់​ភាពងាយស្រួល ចំណេញ​ពេលវេលា​ក្នុងការ​ធ្វើដំណើរ ឬ​ដឹកជញ្ជូន​ទំនិញផ្សេង៕

  • ប្រជាជន​កម្ពុជា​ចូលចិត្ត​បង្កើត​អាជីវកម្ម​ដោយ​ខ្លួនឯង

    ប្រជាជន​កម្ពុជា​ចូលចិត្ត​បង្កើត​អាជីវកម្ម​ដោយ​ខ្លួនឯង

    បច្ចុប្បន្ន​យើង​សង្កេតឃើញថា ការបង្កើត​អាជីវកម្ម​ខ្នាតតូច និង​មធ្យម​មាន​ភាព​ផុសផុល​គួរឱ្យកត់-សម្គាល់ ដែល​អាជីវកម្ម​មួយចំនួន​បង្កើតឡើងតាមៗគ្នា ជាហេតុ​នាំឱ្យមាន​ការប្រកួត​ប្រជែង​យ៉ាងខ្លាំង​នៅលើ​ទីផ្សារ។ ម្ចាស់​អាជីវកម្ម​ខ្លះ​មិនសូវ​បានគិត និង​វិភាគ​ពី​ហានិភ័យ​ជាច្រើន​ដែល​អាច​នឹង​កើតឡើង​បន្ទាប់ពី​បើក​ដំណើរការ ហើយ​មិនបាន​ប៉ុន្មាន​ក៏​បិទ​ទៅវិញ។

    អ្នកជំនាញ​សេដ្ឋកិច្ច​បាន​ពន្យល់​អំពី​អ្វីដែល​ហៅថា សហគ្រិនភាព ឬ​ភាពជា​ម្ចាស់​នៃ​សហគ្រាសដែល​ការធ្វើ​ខ្លួន​ជា​ម្ចាស់​នៃ​សហគ្រាស​នេះ សហគ្រិន​ត្រូវមាន​ចំណេះដឹង​លើ​ការគ្រប់គ្រង​ទាំង​ផ្នែក​ធនធានមនុស្ស និង​ផ្នែក​ហិរញ្ញវត្ថុ រួមទាំង​ការចេះ​សម្លឹងមើល​ទីផ្សារ​ផងដែរ ទើប​អាជីវកម្ម​របស់ខ្លួន​អាច​ទទួលបាន​ជោគជ័យ ឬ(Sustainable Growth) ការធ្វើឱ្យមាន​កំណើន​ប្រកបដោយ​ចីរភាព​សម្រាប់​អាជីវកម្ម។

    ឯកឧត្តម វ​ង្សី វិស្សុត​រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​មានប្រសាសន៍ថា កម្ពុជានៅតែ​ស្វាគមន៍​ការវិនិយោគ​ផ្ទាល់​ពី​បរទេស តែ​យើង​ក៏​ចង់ឃើញ​វិនិយោគិន​ខ្មែរ​ងើបឡើង​កាន់តែច្រើន​នៅក្នុង​បរិយាកាស​ប្រកួតប្រជែង​មួយ​ប្រកបដោយ​ការ​ស្មើភាព និង​យុត្តិធម៌​រវាង​អ្នក​ក្នុងស្រុក និង​អ្នក​ក្រៅ​ស្រុក​ដែរ។

    ឯកឧត្តម​ វ​ង្សី វិស្សុត​របាន​គូសបញ្ជាក់​ទៀតថា កន្លងមក​រាជរដ្ឋាភិបាល​បាន​ជួយ​ទ្រទ្រង់​ច្រើន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ដោយ​ក្នុងនោះ ទី1. បាន​ជួយកាត់បន្ថយ​ថ្លៃដើម​ក្នុង​ការធ្វើ​ធុរកិច្ច​តាមរយៈ​ការកាត់បន្ថយ​ថ្លៃ​ដឹកជញ្ជូន និង​កាត់​បន្ថយថ្លៃ​អគ្គិសនី ព្រមទាំង​បាន​បង្កើត​មូលនិធិ​បណ្តុះបណ្តាល​សម្រាប់​ជួយ​ដល់​សហគ្រិន​ដែល​ខ្វះ​ជំនាញ​នៅពេល​ចាប់ផ្តើម​ដំបូង​ជាដើម។ ទី2.ខាង​ផ្នែក​យុត្តិកម្ម និង​បាន​ជួយ​សម្រួល​ដល់​កិច្ចការ​ពាណិជ្ជកម្ម ការអនុគ្រោះ​ពន្ធ និង​ការបន្ធូរបន្ថយ​ពន្ធ ព្រមទាំង​ជួយ​រៀបចំ​បញ្ជីស្នាម​គណនេយ្យ​ឱ្យ​កាន់តែ​សាមញ្ញ​ដើម្បី​បង្កលក្ខណៈ​ឱ្យ​សហគ្រាស​ធុន​តូច និង​មធ្យម​បាន​ចូលទៅក្នុង​វិស័យ​ផ្លូវការ។ និង​ទី3. ជួយ​ផ្នែក​ហិរញ្ញប្បទាន​តាមរយៈ​ការបង្កើត​ធនាគារ SME ក្នុងពេលឆាប់ៗខាងមុខនេះ។ ក្រៅពីនេះ​យើង​ក៏​នឹង​កសាង​នូវ​ប្រព័ន្ធ​អេកូឡូស៊ី​មួយដែល​កាន់តែ​អនុគ្រោះ​ថែមទៀត​ដើម្បី​លើកកម្ពស់​បរិយាកាស​ប្រកួតប្រជែង​ដែល​ធានា​ដល់​ការលូតលាស់​នៃ​សហគ្រិន​តាមរយៈ​ក្របខ័ណ្ឌ​ច្បាប់​ចាំបាច់​មួយចំនួន ដូចជា​ច្បាប់​ក្ស័យធន ច្បាប់​ប្រកួតប្រជែង និង​ការការពារ​កម្មសិទ្ធិបញ្ញា​ជាដើម។

    ឯកឧត្តម វ​ង្សី វិស្សុត ក៏បាន​លើកឡើង​ផងដែរ​ថា នៅក្នុង​ក្របខ័ណ្ឌ​នៃ​មូលនិធិ​លើកកម្ពស់​សហគ្រិនភាព​ដែលជា​គំនិត​ផ្តួចផ្តើម​ថ្មី​របស់​រាជរដ្ឋាភិបាល​នេះ នឹង​ជួយ​លើកកម្ពស់​សហគ្រិនភាព​តាមរយៈ​ការជួយ​កសាង​សមត្ថភាព និង​ការផ្តល់សេវា​ប្រឹក្សា​យោបល់ រួមទាំង​ការបង្កើត​បណ្តាញ​ទំនាក់ទំនង​ទាំង​សម្រាប់​ការស្វែងរក​ប្រភព​ហិរញ្ញប្បទាន​ពី​ធនាគារ និង​ទាំង​ទទួលបាន​ចំណេះដឹង​ជំនាញ​បច្ចេកវិទ្យា​ចំណេះធ្វើ​ពិសោធ និង​គំនិតថ្មី។ ចំពោះ​ការគ្រប់គ្រង​មូលនិធិ​គាំទ្រ​នេះ​ក៏​នឹងមាន​ការចូលរួម​ពី​វិស័យ​ឯកជន​ផងដែរ ពីព្រោះថា សហគ្រិនភាព​គឺជា​ដំណើរ​នៃ​ការរៀបចំ​អាជីវកម្ម និង​ជា​កិច្ចការ​មួយ​ដែល​មានការ​ប្រឈម​ខ្ពស់​នឹង​ហានិភ័យ​នៃ​ការបរាជ័យ​ផងដែរ។ ប្រទេស​កម្ពុជា​នៅ​ត្រូវការ​ឧកញ៉ា​ជាច្រើនរូប​ថែមទៀត ឬក៏​សហគ្រិនចំណានៗជាច្រើន​ទៀត​ដើម្បី​ជួយ​ឱ្យ​ប្រទេសជាតិ​ឈាន​ឡើងជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ2030 និង​ជា​

    ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ2050។ នេះ​បើតាម​ការលើកឡើង​រប​ស់​ឯកឧត្តម វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​នៅក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី “ការលើកកម្ពស់​សហគ្រិន​ភាព​នៅ​កម្ពុជា”។

    លោក​បណ្ឌិត ចាប សុថា​រិ​ទ្ធ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​បាន​ពន្យល់​បន្ថែ​ម​ថា ការណ៍​នេះ​សំដៅ​ទៅលើ​ក្រុមហ៊ុន​ទាំងឡាយណា​ដែល​បាន​ឈរជើង​នឹង​ក្នុង​ទីផ្សារ និង​មានលទ្ធភាព​បន្ថែមទៀត​ក្នុងការ​អភិវឌ្ឍ​ក្រុមហ៊ុន​នោះ​ឱ្យ​រីកចម្រើន​លើស​មួយកម្រិត​ទៀត។ ដូច្នេះ​ដើម្បី​ធានា​ក្នុងការ​អភិវឌ្ឍ​អាជីវកម្ម​ប្រកបដោយ​ស្ថិរភាព​នោះ សហគ្រិន​ក៏ត្រូវ​ស្គាល់ និង​យល់​ពី​តម្រូវការ​ទីផ្សារ​ឱ្យបាន​ច្បាស់ និង​ធ្វើយ៉ាងណា​ដើរ​ឱ្យបាន​មុន​គូប្រកួត​ប្រជែង​ផងដែរ។

    លោក​បន្តថា កម្ពុ​ជាមាន​សហគ្រិន​ច្រើនជាងគេ បើ​ប្រៀបធៀប​នឹង​បណ្ដា​ប្រទេស​ផ្សេងទៀត​នៅក្នុង​តំបន់ ដោយសារ​ប្រជាពលរដ្ឋ​កម្ពុជា​ចូលចិត្ត​បង្កើត​អាជីវកម្ម​ដោយ​ខ្លួនឯង ប៉ុន្ដែ​អាជីវកម្ម​ទាំងនោះ​នៅតូចៗនៅឡើយ ដូច្នេះ​ពួកគេ​គួរតែ​យល់ដឹង​បន្ថែម​ពី​សហគ្រិនភាព​ដើម្បី​អាច​វាយលុក​ចូល​ទីផ្សារ​បាន។ “លក្ខណសម្បត្តិ​របស់​ស​ហ​គ្រិន​ទូទៅ​គឺ​ត្រូវមាន​ភាពក្លាហាន​ក្នុងការ take risks ឬក៏​ប្រថុយប្រថានព្រោះ​យើង​មាន​ក្ដី​ស្រមៃ ប៉ុន្ដែ​បើ​យើង​អត់​ហ៊ាន​ប្រថុយ​ដើម្បី​ទៅ​បង្កើត ឬ​ធ្វើ​វា​ឡើង យើង​នឹង​អត់​បានជោគជ័យ​មកវិញ​ទេ ហើយក៏​ត្រូវ​មានគំនិត​ច្នៃប្រឌិត និង​មាន flexibility ការចេះ​បត់បែន ប៉ុន្ដែ​មិនមែន​បត់បែន​ទៅរក​ផ្លូវ​អាក្រក់​នោះទេ យើង​បត់បែន​ទៅតាម​ស្ថានភាព​របស់​សង្គម ហើយ​និង​ស្ថានភាព​របស់ business (អាជីវកម្ម)”៕

  • Twitter សម្រេចបិទជាង 70លានគណនី ដើម្បីបន្ថយការចែករំលែកព័ត៌មានមិនពិត

    Twitter សម្រេចបិទជាង 70លានគណនី ដើម្បីបន្ថយការចែករំលែកព័ត៌មានមិនពិត

    បណ្ដាញទំនាក់ទំនងសង្គមរបស់អាមេរិក Twitter បានសម្រេចបិទគណនីអ្នកប្រើប្រាស់ជាបណ្ដោះអាសន្នប្រមានជាង 1លាននាក់ក្នុងមួយថ្ងៃ កាលពីថ្មីៗដែលសរុបទាំងអស់​មានជាង 70លានគណនីហើយដែលត្រូវបានបិទ។

    យោងតាមការចេញផ្សាយរបស់សារព័ត៌មានវ៉ាស៊ីនតោនប៉ុស្ដិ៍ បានឱ្យដឹងថា មូលហេតុដែល​បណ្ដាញសង្គម Twitter ធ្វើការបិទគណនីទាំងនោះ ដើម្បីកាត់បន្ថយនៃលំហូរព័ត៌មានមិនពិត​នៅលើបណ្ដាញសង្គម Twitter។

    ទីភ្នាក់ងារព័ត៌មាន Reuters បានចេញផ្សាយថា ក្នុងរយៈពេល 2ខែ គឺខែឧសភា និងមិថុនា ក្រុមហ៊ុន Twitter បានបិទគណនីជាង 70លាន ដោយគណនីត្រូវបានខាងក្រុមការងារ Twitter រកឃើញថា បានបង្ហោះ និងចែករំលែកព័ត៌មានមិនពិត ប៉ុន្តែគណនីទាំងនោះ អាចនឹងបើកឱ្យ​ប្រើប្រាស់វិញនៅពេលដែលមានការតវ៉ា ឬប្ដឹងទាមទារពីសំណាក់អ្នកប្រើប្រាស់ដែលមាន​ហេតុផលសមរម្យ។

    មិនមែនមានតែ Twitter ទេ ដែលធ្វើបែបនេះ សូម្បីតែ​បណ្ដាញសង្គម Facebook ក៏បានអនុវត្តវិធីដូចគ្នានេះដែរ ប៉ុន្តែខាងក្រុមហ៊ុន Facebook មិនទាន់​ប្រកាសឱ្យដឹងជាផ្លូវការ ហើយមូលហេតុដែល​បណ្ដាញសង្គមទាំងនេះ ធ្វើការទប់ស្កាត់ការចែក​រំលែកព័ត៌មានមិនពិត គឺដោយសារតែទីភ្នាក់ងារសន្តិសុខជាតិអាមេរិករកឃើញថា ការផ្សព្វផ្សាយព័ត៌មានមិនពិតកំពុងតែសាយភាយខ្លាំងនៅលើបណ្ដាញសង្គម ដែលជាហេតុបង្កឱ្យមាន​ចលាចល។

    គួរបញ្ជាក់ផងដែរថា ថ្មីៗនេះក្រសួងមហាផ្ទៃ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ក្រសួង​ព័ត៌មានរបស់កម្ពុជា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​រួមគ្នា​មួយ ក្នុងគោលដៅ​ប្រឆាំង និងទប់ស្កាត់ រាល់​ការផ្សព្វផ្សាយ ឬ​ចែករំលែក​ខ្លឹមសារ​ព័ត៌មាន ឬ​សារ​ជា​អក្សរ សំឡេង រូបភាព វីដេអូ ឬ​ក្នុង​ទម្រង់ផ្សេងៗ ដែលមាន​ចេតនា​បង្ក​ជា​ចលាចល​បណ្ដាលឱ្យ​អន្តរាយ​ដល់​វិស័យ​ការពារជាតិ សន្តិសុខ​ជាតិ ទំនាក់ទំនង​ជាមួយ​ប្រទេស​ដទៃ សេដ្ឋកិច្ចជាតិ សណ្ដាប់ធ្នាប់​សាធារណៈ ការរើសអើង និង​វប្បធម៌ ប្រពៃណីជាតិ៕

  • Mark Zuckerberg​ ពោលសរសើរក្រុមអ្នកជំនាញជួយសង្គ្រោះក្មេងៗនៅក្នុងរូងភ្នំថាំលួង

    Mark Zuckerberg​ ពោលសរសើរក្រុមអ្នកជំនាញជួយសង្គ្រោះក្មេងៗនៅក្នុងរូងភ្នំថាំលួង

    តាមរយៈសារព័ត៌មាន Teenee ដែលចេញផ្សាយមុននេះបន្ដិច បានឱ្យដឹងថា នៅទីបំផុតបន្ទាប់ពីទំព័រហ្វេសប៊ុក Thai NavySEALបានបង្ហោះសារថា បាននាំក្រុមជ្រូកព្រៃបាន 8នាក់ចេញពីរូងភ្នំថាំលួងក្នុងរយៈពេល 2ថ្ងៃដោយសុវត្ថិភាព និងសម្រេចភារកិច្ចផ្សេងទៀតបានយ៉ាងរលូនរួចមក តាមរយៈហេតុការណ៍នេះបានធ្វើឱ្យបិតាហ្វេសប៊ុកលោក Mark Zuckerberg​ ចូលមកបញ្ចេញមតិ និងសម្ដែងក្ដីរីករាយចំពោះក្រុមជួយសង្គ្រោះក្មេងៗកីឡាករបាល់ទាត់ ក្រុមជ្រូកព្រៃ នេះដែរ។

    លោក Mark Zuckerberg បាននិយាយថា «ពីអ្នកទាំងគ្នានៅលើបណ្ដាញសង្គមហ្វេសប៊ុក ខ្ញុំសូមចូលសម្ដែងក្ដីត្រេកអរ និងស្ងើចសរសើរចំពោះភាពក្លាហានរបស់ក្រុមជួយសង្គ្រោះយ៉ាងអស្ចារ្យ ដែលសម្រេចបាននូវការនាំក្រុមជ្រូកព្រៃ 8នាក់ចេញពីរូងភ្នំប្រកបដោយសុវត្ថិភាព។ សូមឱ្យសំណាងល្អ ចំពោះដំណើរការប្រតិបត្តិការរបស់អ្នកទាំងអស់គ្នា ដែលនៅសល់ក្មេងៗកីឡាករ 4រូប និងគ្រូបង្វឹកមួយរូបទៀត សូមឱ្យបានចាកចេញមកទាំងអស់គ្នាដោយសុខសុវត្ថិភាព»។

    សូមជម្រាបបន្ថែមថា ខណៈនេះគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យធំក្នុងខេត្តឈៀងរ៉ាយ បានអនុញ្ញាតឱ្យអាណាព្យាបាលរបស់ក្មេងៗក្រុមជ្រូកព្រៃ បានឃើញមុខកូនៗឆ្លងកាត់តាមផ្ទាំងកញ្ចក់សិន នៅមិនទាន់បានបើកឱ្យចូលទៅកាន់គ្រែសម្រាកព្យាបាលនៅឡើយទេ៕

  • ក្ដៅៗ!! ប្រតិបត្តិការជួយសង្គ្រោះ «ក្រុមជ្រូកព្រៃទាំង 5នាក់» ឈុតចុងក្រោយចាប់ផ្ដើមហើយ!

    ក្ដៅៗ!! ប្រតិបត្តិការជួយសង្គ្រោះ «ក្រុមជ្រូកព្រៃទាំង 5នាក់» ឈុតចុងក្រោយចាប់ផ្ដើមហើយ!

    តាមរយៈសារព័ត៌មាន Thairath ដែលចេញផ្សាយកាលពីប៉ុន្មាននាទីមុននេះបន្ដិច បានឱ្យដឹងថា នៅវេលាម៉ោង10 និង 08នាទីព្រឹកមិញនេះ ប្រតិបត្តិការលើកទី3 ដើម្បីជួយសង្គ្រោះក្រុមជ្រូកព្រៃឈុតចុងក្រោយ ដែលកំពុងជាប់នៅក្នុងរូងភ្នំថាំលួងទាំង 5នាក់នោះបានចាប់ផ្ដើមហើយ។

    លោក ណារ៉ុងស័ក្ដិ មេបញ្ជាការប្រតិបត្តិការជួយសង្គ្រោះ បានគូសបញ្ជាក់ពីគម្រោងប្រតិបត្តិការលើកទី3 នេះថា ក្រុមអ្នកជួយសង្គ្រោះស្ម័គ្រចិត្ត 19នាក់ បានចាប់ផ្ដើមដើរចូលទៅក្នុងរូងភ្នំថាំលួង ដោយក្រុមអ្នកមុជទឹកបានដើរចូលទៅមុនគេបង្អស់។ លោកបានបន្ដទៀតថា ការធ្វើប្រតិបត្តិការនៅក្នុងថ្ងៃនេះ យើងរំពឹងថា នឹងបញ្ចប់ការជួយសង្គ្រោះដោយការយកក្រុមជ្រូកព្រៃទាំង 5នាក់ដែលនៅសល់នោះចេញមកឱ្យខាងតែបាន ប្រសិនបើអាកាសធាតុនៅតែអំណោយផល និងគ្មានការរំខានពីភ្លៀង។ ប្រតិបត្តិការលើកទី3 នេះ យើងសង្ឃឹមថា នឹងធ្វើឡើងបានឱ្យលឿនជាងថ្ងៃម្សិលមិញ និងម្សិលម្ង៉ៃ ដោយកាលពីថ្ងៃដំបូង យើងចំណាយពេលអស់ 11ម៉ោង និងថ្ងៃទី2នៃប្រតិបត្តិការ យើងចំណាយពេលតែ 9ម៉ោងប៉ុណ្ណោះ លឿនជាងថ្ងៃដំបូង 2ម៉ោង។ នៅថ្ងៃនេះយើងបានរៀបផែនការថា ត្រូវនាំក្មេងៗក្រុមជ្រូកព្រៃ 4នាក់ចេញមកមុនគេ បន្ទាប់មកគ្រូបង្វឹក និងក្រុមជំនួយការស៊ីល 3នាក់ និងគ្រូពេទ្យ រួ​មទាំងអស់ 9នាក់ចេញពីក្នុងរូងភ្នំឱ្យបាន ប្រសិនបើគ្មានអ្វីខុសប្លែកទេនោះ។ នេះបើតាមការបញ្ជាក់របស់លោក ណារ៉ុងស័ក្ដិ។

    គួរបញ្ជាក់ផងដែរ ក្មេងៗក្រុមជ្រូកព្រៃ 4នាក់ដែលនាំចេញមកបានកាលពីថ្ងៃម្សិលមិញនេះ មានសុខភាពរឹងមាំល្អ ក៏ប៉ុន្ដែ មានប្អូនខ្លះមានអាការស្គមខ្លាំង  និងមានការត្រួតពិនិត្យបេះដូងនៅក្នុងបន្ទប់សង្គ្រោះរយៈពេល 24ម៉ោង ដើម្បីតាមដានសភាពរាងកាយជាបន្ដ។ គេរំពឹងទុកថា រយៈពេល 48ម៉ោងទៅមុខទៀត ប្រសិនបើគ្មានប្រទះឃើញមានមេរោគដែលបង្កគ្រោះថ្នាក់ទេនោះ ពួកគេនឹងត្រូវអនុញ្ញាតឱ្យអាណាព្យាបាលបានចូលសួរសុខទុក្ខដោយមានផ្ទាំងកញ្ចក់ឃាំងកណ្ដាលរយៈពេល 2 ម៉ោង​ និងត្រូវស្គែនសម្លាប់មេរោគជាមុនសិន មុនពេលចូលជួបមុខគ្នា។ ហើយប្រមាណជា 7ថ្ងៃទៀត បើគ្មា​នអ្វីគួរឱ្យបារម្ភទេនោះ គ្រូពេទ្យនឹងអនុញ្ញាតឱ្យក្មេងៗ ត្រឡប់ទៅផ្ទះបាន៕

  • ឡស​ម្ងួ​ត​ស្រូវ​ធំជាងគេ​នៅ​ខេត្តកំពង់ស្ពឺ ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់

    ឡស​ម្ងួ​ត​ស្រូវ​ធំជាងគេ​នៅ​ខេត្តកំពង់ស្ពឺ ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់

    ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត​ស្រូវ​ធំជាងគេ​នៅ​ខេត្តកំពង់ស្ពឺ ដែលមាន​សមត្ថភាព​ស្តុក​ស្រូវ​បាន 5ម៉ឺន​តោន និង​ឡ​ដែល​អាច​ស​ម្ងួ​ត​ស្រូវ​បាន​ចំនួន 1,500តោន​ក្នុង​មួយថ្ងៃ ត្រូវ​បានដាក់​សម្ពោធ​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​កាលពី​ម្សិលមិញ។

    ឯក​ឩ​ត្ត​ម កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ​បាន​លើកឡើងថា កន្លងមក​ដោយ​មើលឃើញ​ពី​បញ្ហា​តម្លៃ​ស្រូវ​នៅលើ​ទីផ្សារ​មានការ​ធ្លាក់ចុះ​ដោយ​មិន​សម​ហេតុផល ជាពិសេស​កាលពី​ឆ្នាំ2016 ដែល​នៅពេលនោះ​រាជរដ្ឋាភិបាល​បាន​រិះរក​ដំណោះស្រាយ​បន្ទាន់​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​តម្លៃ​ស្រូវ​របស់​កសិករ​មាន​ស្ថិរភាព​ឡើងវិញ។

    ឯកឧត្តម បន្តថា ភ្លាមៗប្រមុខ​រាជរដ្ឋាភិបាល​បាន​ទម្លាក់​កញ្ចប់​ឥណទាន​ពិសេស​បន្ទាន់​មួយ​តាមរយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ​ដើម្បី​ផ្ដល់ជូន​ដល់​បណ្តា​រោង​ម៉ាស៊ីន​ទាំងឡាយណា​ដែលមាន​តម្រូវការ​ឥណទាន​ក្នុងការ​ប្រមូល​ទិញស្រូវ​ក្នុងតម្លៃ​ទីផ្សារ។

    ទន្ទឹមនេះ​ជា​ដំណោះស្រាយ​យូរអង្វែង រាជរដ្ឋាភិបាល​បាន​ទម្លាក់​នូវ​ឥណទាន​ពិសេស​បន្ថែម​មក​ធនាគារ​អភិវឌ្ឍន៍ជនបទ ដើម្បី​ធ្វើជា​ប្រតិបត្តិ​ករ​អនុវត្ត​គម្រោង​ផ្តល់​ឥណទាន​ជូន​ក្រុមហ៊ុន​ឯកជន​ឱ្យធ្វើ​ការសាងសង់​ឃ្លាំង​ស្តុក​ស្រូវ និង​ឡស​ម្ងួ​ត​ស្រូវ ដែល​ក្នុងនោះ​មាននៅ​ខេត្តបាត់ដំបង​មានលទ្ធភាព​ស្តុក​ស្រូវ​បាន​ចំនួន 2សែន​តោន និង​មានលទ្ធភាព​ស​ម្ងួ​ត 3,000តោន​ក្នុង​មួយថ្ងៃ និង​នៅ 3តំបន់​ផ្សេងទៀត រួមមាន​ខេត្តកំពង់ធំ តាកែវ និង​ព្រៃវែង ហើយ​តំបន់នីមួយៗមាន​សមត្ថភាព​ស្តុក​ស្រូវ​បាន​ចំនួន 5ម៉ឺន​តោន និង​ឡ​ដែលមាន​សមត្ថភាព​ស​ម្ងួ​ត​ស្រូវ​បាន​ចំនួន 1,500តោន​ក្នុង​មួយថ្ងៃ។

    បន្ទាប់ពី​យន្តការ​នេះ​បានដាក់​ចេញមក តម្លៃ​ស្រូវ​របស់​បងប្អូន​ប្រជាពលរដ្ឋ​បាន​ស្ទុះ​ងើបឡើង​វិញ​ពី​ចន្លោះ 1,150រៀល ទៅ1,200រៀល​ក្នុង​មួយ​គីឡូក្រាម​ក្នុងពេល​បច្ចុប្បន្ននេះ។

    គួរ​បញ្ជាក់ថា ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត​ដែល​ធំជាងគេ​នៅក្នុង​ខេត្តកំពង់ស្ពឺ​នេះ ស្ថិតក្រោម​គម្រោង​វិនិយោគ​ពិសេស​ក្នុង​ទម្រង់​ជា​បំណុល​របស់​រាជរដ្ឋាភិបាល​នៃ​កម្ពុជា ជាមួយ​ក្រុមហ៊ុន​ខ្មែរ​ហ្វូ​ត គ្រុប ភីអិលស៊ី តាមរបៀប “សាងសង់-ប្រតិបត្តិការ-និង​ទូទាត់​សំណង” (B.O.P.) ក្នុងតម្លៃ​សរុប​ចំនួន 5លាន​ដុល្លារ​អាមេរិក៕

  • កំពូលតារាចម្រៀងរ៉ុក Liam Gallagher ច្រៀងលើកទឹកចិត្តដល់ក្មេងៗក្រុមជ្រូកព្រៃកុំឱ្យភ័យខ្លាច

    កំពូលតារាចម្រៀងរ៉ុក Liam Gallagher ច្រៀងលើកទឹកចិត្តដល់ក្មេងៗក្រុមជ្រូកព្រៃកុំឱ្យភ័យខ្លាច

    តាមរយៈគេហទំព័រកម្សាន្ដ sanook ដែលបានបង្ហោះនៅពេលមុននេះបន្ដិចបានឱ្យដឹងថា កំពូលតារាចម្រៀងរ៉ុកជនជាតិអង់គ្លេស និងជាអ្នកនិពន្ធបទចម្រៀងដ៏ល្បីល្បាញលោក Liam Gallagher បានបង្ហោះទំនុកច្រៀងបទ «Stop Crying Your Heart Out» អមជាមួយបទចម្រៀងដែលលោកបានបកស្រាយដោយផ្ទាល់ អធិដ្ឋានជាកម្លាំងចិត្តសម្រាប់ក្មេងៗក្រុមជ្រូព្រៃ ដែលកំពុងជាប់នៅក្នុងរូងភ្នំ ថាំ​លួង ខេត្តឈៀងរ៉ាយ ប្រទេសថៃ កុំឱ្យមានការភ័យខ្លាចឱ្យសោះ។

    ដោយផ្អែកលើគណនីធ្វីតធើររបស់កំពូលតារាចម្រៀងរូបនេះ បានសរសេរសារថា «Any words to Thai Kids trapped in cave RKID ?» មានន័យ តើមានពាក្យអ្វីនិយាយទៅកាន់ក្មេងៗជនជាតិថៃ ដែលកំពុងជាប់នៅក្នុងរូងភ្នំខ្លះទេ?។ លោកបន្ដឆ្លើយថា “Hold up hold on don’t be scared” មានន័យថា “អត់ធ្មត់សិនទៅ កុំភ័យខ្លាច” ។

    គួរបញ្ជាក់ផងដែរថា បទចម្រៀង “Stop Crying Your Heart Out” ជាបទដែលល្បីបំផុតនៅអំឡុងឆ្នាំ2002 ដែលនិពន្ធដោយលោក និងបងប្រុសរបស់លោកដែលមានឈ្មោះ Noel Gallagher ដែលជាម្ចាស់បទដើម និងបានបញ្ចេញលក់នៅក្នុងអាល់ប៊ុមចម្រៀង «Heathen Chemistry»៕​