Category: សង្គម និងសេដ្ឋកិច្ច

  • ប្រទេស​ចិន​ដាក់​បណ្ដែត​ទឹក​កប៉ាល់ដើរ​ដោយ​​អ៊ីដ្រូសែន-លី​ចូ​ម

    ប្រទេស​ចិន​ដាក់​បណ្ដែត​ទឹក​កប៉ាល់ដើរ​ដោយ​​អ៊ីដ្រូសែន-លី​ចូ​ម

    កប៉ាល់​សេវាកម្ម​ដំបូង​របស់​ប្រទេស​ចិនដែល​​ដំណើរការ​ដោយ​ថ្ម​ផ្ទុក​ថាមពល​អ៊ី​ដ្រ​សែន-លី​ចូ​ម 500 kW កាលពី​ថ្ងៃទី 20 មីនា ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​នៅ​ទីក្រុង Zhongshan ខេត្ត Guangdong។

    ជលយាន​ដែល​ត្រូវបាន​ហៅថា កប៉ាល់ Three Gorges hydrogen ship No.1 នេះ ប្រើប្រាស់​ប្រព័ន្ធ​ថ្ម​ផ្ទុក​ឥន្ធនៈ​អ៊ីដ្រូសែន និង​ថ្ម​ផ្ទុក​អគ្គិសនី​លី​ចូ​ម​ផលិត​ក្នុងស្រុក។ វា​គឺជា​ជំហាន​ថ្មី និង​សំខាន់​មួយទៀត​សម្រាប់​វិស័យ​សាងសង់​កប៉ាល់​ដើរ​ដោយ​ថាមពល​ថ្មី​របស់​ប្រទេស​ចិន ជាការ​បើកផ្លូវ​ឱ្យ​មាន​​ការប្រើប្រាស់​បច្ចេកវិទ្យា​អ៊ីដ្រូសែន​សម្រាប់​កប៉ាល់​ក្នុងស្រុក។

    ដោយមាន​កម្លាំង 500 kW កប៉ាល់​នេះ​អាចធ្វើ​ដំណើរ​បាន 200 គីឡូម៉ែត្រ និង​ល្បឿន 28 គីឡូម៉ែត្រ/ម៉ោង។ កប៉ាល់​នេះ​សមស្រប​សម្រាប់​ការរក្សា​ភាព​ស្អា​តនៃ​បរិស្ថាន ដោយវា​ប្រើប្រាស់​ថាមពល​តិច និង​មិនសូវមាន​សំឡេង​រំខាន​ដូច​កប៉ាល់​ដំណើរការ​ដោយ​ប្រេងម៉ាស៊ូត និង​ប្រេងសាំង។

    កប៉ាល់ Three Gorges hydrogen ship No.1 នឹង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ដឹកជញ្ជូន ល្បាត និង​បំពេញភារកិច្ច​បន្ទាន់​នៅក្នុង​តំបន់​បឹង​ស្តុក​ទឹក Three Gorges (Sanxia)។

    ក្រុមហ៊ុន​សាងសង់​កប៉ាល់​រដ្ឋ​ចិន (CSSC) និង​ក្រុមហ៊ុន​អគ្គិសនី​ចិន Yangtze Power គឺជា​អ្នក​សាងសង់​កប៉ាល់​នេះ​ នៅ​ក្រោម​ការគ្រប់គ្រង​របស់​ក្រុមហ៊ុន Chana Three Gorges (CTG) និង​បានចាប់ផ្ដើម​ការសាងសង់​កាលពី​ខែឧសភា 2022។

    ប្រទេស​ចិន​កំពុងមាន​វឌ្ឍនភាព​យ៉ាងខ្លាំង​ក្លា និង​ឆាប់​រហ័ស ទាក់ទង​នឹង​ការសាងសង់​កប៉ាល់​ដែល​ប្រើប្រាស់​ថាមពល​អ៊ីដ្រូសែន។ ទីផ្សារ​ថ្ម​ផ្ទុក​ថាមពល​អ៊ីដ្រូសែន​ក្នុងស្រុក​ត្រូវបាន​ព្យាករ​ថា​អាច​សម្រេចបាន​ជាង 10 ពាន់​លាន​យុន ប្រហែល​នឹង 1.45 ពាន់​លាន​ដុល្លារ​អាម៉េរិក។ នេះ​ក៏​ព្រោះតែ​ប្រទេស​ចិន​មាន​គោលនយោបាយ​ជំរុញ លើកទឹកចិត្ត​ដល់​ការផលិត និង​ប្រើប្រាស់​កប៉ាល់​ដើរ​ដោយ​ថាមពល​កកើត​ឡើងវិញ ក្នុង​បំណង​កាត់បន្ថយ​ការ​បំ​ភាយ​​កាបូន​ដែលជា​ឧស្ម័ន​ធ្វើឱ្យ​ផែនដី​ឡើងក​ម្ដៅ៕

  • គ្រូបង្វឹក​ក្រុម​អា​ហ្ស​ង់​ទីន​បង្ហើប​ពី​រឿង​អនាគត​របស់ Lionel Messi

    គ្រូបង្វឹក​ក្រុម​អា​ហ្ស​ង់​ទីន​បង្ហើប​ពី​រឿង​អនាគត​របស់ Lionel Messi

    គ្រូបង្វឹក Lionel Scaloni បាន​បង្ហើប​ព័ត៌មានខ្លះៗស្ដីពី​អនាគត​របស់ Lionel Messi នៅក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត​មិត្តភាព​អន្តរជាតិ​រវាង​ប៉ា​ណា​ម៉ា និង គូ​រ៉ា​កាវ (Curacao)។

    ថ្មីៗនេះ គ្រូបង្វឹក Lionel Scaloni បន្ត​រម្លឹក​ដល់​អនាគត​របស់ Messi នៅក្នុង​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន បន្ទាប់ពី​ដណ្ដើមបាន​ជើងឯក World Cup 2022 នៅ​កាតា។ ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត​រវាង ប៉ា​ណា​ម៉ា និង​គូ​រ៉ា​កាវ គ្រូបង្វឹក​វ័យ 44 ឆ្នាំ​បានឱ្យដឹងថា «Messi ប្រាកដជា​តែងតែ​នៅទីនេះ និង​រហូតដល់​គាត់​ចង់​ចាកចេញ​ដោយ​ខ្លួនឯង។ ប្រាកដ​ណាស់ Messi នឹង​បន្ត​នៅ​ជាមួយ​ពួកយើង»។

    «គាត់​មាន​ក្ដី​សុខ​ពេល​បាន​នៅលើ​វាលស្មៅ និង​ក្នុង​ពណ៌​អាវ​របស់​ប្រទេសជាតិ។ ប្រការ​នោះ​នឹង​ល្អ​បំផុត​សម្រាប់​ពួកយើង ហើយ​បើ​ផ្ទុយ​ពីនេះ ខ្ញុំ​នឹង​ព្យាយាម​បញ្ចុះបញ្ចូល​គាត់»។

     

    Messi និង​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន បាន​ជួបជុំគ្នា​ជា​ផ្លូវការ​នៅ​ដើម​សប្ដាហ៍​នេះ​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​មិត្តភាព​អន្តរជាតិ​ពីរ​ប្រកួត។

    Messi ទទួល​បានការ​អបអរ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​អ្នក​គាំទ្រ​នៅ​ពេល​គាត់​ត្រលប់​ទៅ​ដល់​ប្រទេស​អាហ្សង់ទីន

    ក្រុម​អា​ហ្ស​ង់​ទីន​នឹង​ប៉ះ​ក្រុម​ប៉ា​ណា​ម៉ា​នៅ​ម៉ោង 07 ព្រឹក ថ្ងៃទី 24 មីនា (ម៉ោង​នៅ​កម្ពុជា)។ បួន​ថ្ងៃ​ក្រោយមក ពួកគេ​នឹង​ប្រកួត​ជាមួយ​គូ​រ៉ា​កាវ​នៅ​កីឡដ្ឋាន Madre de Ciudades របស់​អា​ហ្ស​ង់​ទីន៕

  • ក្រុមហ៊ុន​ផលិត​រថយន្ត Ford បញ្ចេញ​រថយន្ត Explorer កំណែ​អគ្គិសនី

    ក្រុមហ៊ុន​ផលិត​រថយន្ត Ford បញ្ចេញ​រថយន្ត Explorer កំណែ​អគ្គិសនី

    ក្រុមហ៊ុន Ford បាន​បង្ហើប​ឱ្យដឹង​អំពី Ford Explorer ដែល​ដំណើរ​ដោយ​អគ្គិសនី​ទាំងស្រុង ហើយ​វា​គឺជា​ម៉ូ​ដែល​រថយន្ត​អគ្គិសនី​ទី​បី​របស់​ក្រុមហ៊ុន​នេះ។

    រថយន្ត​ដែល​ត្រូវបាន​ផលិត​នៅ​ប្រទេស​អាល្លឺម៉ង់​នេះ​ត្រូវបាន​អធិប្បាយ​ថា​ជា​រថយន្ត​ដែលមាន​ការរួម​ផ្សំ​រវាង «បច្ចេកទេស​អាល្លឺម៉ង់ និង​ស្ទីល​អាម៉េរិក»។

    Ford ប្រកាសថា Explorer បញ្ចូល​ថាមពល​ថ្ម​ក្នុង​ល្បឿន​ពី 10 ដល់ 80% ក្នុង​រយៈពេល 25 នាទី នៅពេល​ប្រើ​ឆ្នាំង​សាក​រហ័ស DC។ រថយន្ត​នេះ​នឹង​អាច​ប្រើប្រាស់​ស្ថានីយ​បញ្ចូល​ថាមពល​អគ្គិសនី​ចំនួន 500,000 កន្លែង​នៅ​អឺរ៉ុប ចាប់ពី​ឆ្នាំក្រោយ។

     

    ចំណែក​ចម្ងាយ​ផ្លូវ​ដែល Explorer អាច​បរបាន នឹងត្រូវ​បានប្រកាស​នា​ពេលខាងមុខ ហើយ​អតិថិជន​អាច​បញ្ជា​ទិញ​ជាមុន​ចាប់ពី​ចុងឆ្នាំ​នេះ (សម្រាប់​តំបន់​អឺរ៉ុប)។ Ford Explorer មាន​ពីរ​កំណែ​គឺ Explorer និង Explorer Premium។ តាម​ការគ្រោងទុក វា​នឹងមាន​តម្លៃ​ក្រោម 73,000 ដុល្លារ​អាម៉េរិក។

    Ford Explorer

    ក្រុមហ៊ុន Ford កន្លងមក​បាន​សន្យាថា នឹង​លក់​តែ​រថយន្ត​អគ្គិសនី​ប៉ុណ្ណោះ​នៅ​តំបន់​អឺរ៉ុប ចាប់ពី​ឆ្នាំ 2030 ដើម្បី​ចូលរួម​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នៅ​ទូទាំង​សកលលោក៕

  • AI បំប្លែង​សំណេរ​ទៅជា​វីដេអូ​ដោយ​ប្រើពេល​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ

    AI បំប្លែង​សំណេរ​ទៅជា​វីដេអូ​ដោយ​ប្រើពេល​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ

    Runway បានបង្ហាញ​ឧបករណ៍ AI មួយ​ដែលមាន​សមត្ថភាព​កែប្រែ​សំណេរ​អត្ថបទ​ឱ្យទៅជា​វីដេអូ​ ដោយ​ស៊ីពេល​យ៉ាងខ្លី​ស្ទើរតែ​មិនគួរ​ឱ្យ​ជឿ។

    កាលពី​ថ្ងៃទី 20 មីនា Runway ដែលជា​ក្រុមហ៊ុន AI (បញ្ញា​សិប្បនិម្មិត) មួយ​នៅ​សហរដ្ឋ​អាម៉េរិក បានបង្ហាញ​ឧបករណ៍ Gen-2 អនុញ្ញាតឱ្យ​បង្កើត​វីដេអូ​ពី​រូបថត​ធម្មតា ឬ​ពី​អត្ថបទ​ជា​សំណេរ។ ឧទាហរណ៍ នៅពេល​អ្នកបញ្ចូល​ឃ្លា «ឆ្មា​មួយ​ក្បាល​ដើរ​ក្រោម​ភ្លៀង» AI នឹង​បង្កើត​វីដេអូ​មួយ​មាន​រយៈពេល​បី​វិនាទី​ទាក់ទង​​នឹង​អត្ថន័យ​ក្នុង​​សំណេរ​នេះ។

    Runway ចាប់កំណើត​តាំងពី​ឆ្នាំ 2018 គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ល្បីឈ្មោះ​មួយ​ស្ដីពី​បញ្ញា​សិប្បនិម្មិត មិន​ចាញ់ OpenAI ប៉ុន្មាន​ឡើយ និង​មាន​បុគ្គលិក​ធ្វើការ​ជាង 40 នាក់។ ក្រុមហ៊ុន​នេះ​កំពុងផ្ដល់​សេវាកម្ម​វ៉ែ​ប​សៃ ដែល​ជួយ​ឱ្យ​អ្នកប្រើប្រាស់​កែលំអ​វីដេអូ​រហ័ស ដូចជា​ការបន្ថែម​បាតុភូត និង​លុប​រូបភាព​ខាងក្រោយ​ជាដើម។

     

    កាលពី​ឆ្នាំ 2019 Runway បានបង្ហាញ​កម្មវិធី​កែ​វីដេអូ​ដែលមាន​ឈ្មោះថា Gen-1។ ឧបករណ៍​នេះ​ផ្ដោតទៅលើ​ការកែប្រែ​វីដេអូ ការបញ្ចូល​ទិដ្ឋភាព 3D ជាដើម​ដោយប្រើ​ប្រាស់ AI។ Gen-2 នៅតែ​យោងទៅលើ Gen-1 ប៉ុន្តែ​ផ្ដោត​សំខាន់​ទៅលើ​ការបង្កើត​វីដេអូ​ពី​អត្ថបទ​សំណេរ រូបថត ឬ​សំណេរ​បូក​រូបថត។ ក៏​ប៉ុន្តែ​ភាពច្បាស់​របស់​វីដេអូ​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ AI ទាំងនេះ​មិនទាន់​ល្អ​នៅឡើយ ហើយ​វា​ក៏​មិនទាន់មាន​សំឡេង​ផងដែរ។

    អនាគត ឧបករណ៍​នេះ​នឹង​ត្រូវបាន​កែសម្រួល​ដើម្បី​ជួយ​ដល់​ស្ថាបត្យករ វិចិត្រករ និង​ផលិតករ​ភាពយន្ត​ប្រែក្លាយ​គំនិត​ឱ្យទៅជា​វីដេអូ​បាន​លឿន និង​ការចំណាយ​ទាប។

    ទោះជា​យ៉ាងណាក៏ដោយ មនុស្ស​មួយចំនួន​មានការ​ព្រួយបារម្ភ​អំពី​ផលវិបាក​ដែល​បង្កើតឡើង​ដោយ​បញ្ញា​សិប្បនិម្មិត​នេះ ក្នុងនោះ​មានមតិ​ជាច្រើន​យល់ថា Gen-2 អាច​ត្រូវបាន​ក្រុមមនុស្ស​ទុច្ចរិត​ប្រើប្រាស់​ដូច​ទៅនឹង Deepfake ដោយ​ពួកគេ​អាចបង្កើត​វីដេអូ​ក្លែងក្លាយ​ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ក្នុង​បំណងឆ​បោក​។ល។

    បច្ចុប្បន្ន Gen-2 មានការ​កំណត់​សិទ្ធិ​ចូល​ប្រើប្រាស់ ដោយ​តម្រូវឱ្យ​ចុះឈ្មោះ និង​រង់ចាំ។ យោងតាម​ក្រុមហ៊ុន Runway សិទ្ធិ​ចូល​ប្រើប្រាស់​នឹងត្រូវ​បាន​ពង្រីក​​បន្ថែម​នា​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ៕

  • Griezmann រងរបួស​ផ្លូវចិត្ត​នៅពេល Mbappe ក្លាយជា​ប្រធាន​ក្រុម​ជម្រើសជាតិ​បារាំង

    Griezmann រងរបួស​ផ្លូវចិត្ត​នៅពេល Mbappe ក្លាយជា​ប្រធាន​ក្រុម​ជម្រើសជាតិ​បារាំង

    ខ្សែប្រយុទ្ធ Antoine Griezmann ពិចារណា​អំពី​ការចាកចេញ​ពី​ក្រុមបាល់ទាត់​ជម្រើសជាតិ​បារាំង បន្ទាប់ពី​គ្រូបង្វឹក Didier Deschamps ប្រគល់​តួនាទី​ជា​ប្រធាន​ក្រុម​ទៅឱ្យ Kylian Mbappe។

    «Griezmann អន់ចិត្ត និង​ឈឺចិត្ត ពេល​គ្រូបង្វឹក Deschamps រំលង​ចោល​គាត់ និង​ប្រគល់​តួនាទី​ប្រធាន​ក្រុម​ឱ្យ Kylian Mbappe» ទំព័រ Le Figaro រាយការណ៍​ដូច្នេះ​កាលពី​ថ្ងៃទី 21 មីនា។ «Griezmann កំពុង​ពិចារណា​លើ​អនាគត​នៅក្នុង​ក្រុម​ជម្រើសជាតិ​បារាំង»។

    យោងតាម​ទំព័រ L’Équipe គ្រូបង្វឹក Deschamps ជ្រើស​យក​ខ្សែប្រយុទ្ធ Kylian Mbappe ឱ្យធ្វើជា​ប្រធាន​ក្រុម​ជម្រើសជាតិ​បារាំង ជំនួស​អ្នកចាំទី Hugo Lloris ដែល​បាន​ចាក​ចេញក្រោយ World Cup 2022។ ការសម្រេចចិត្ត​ចុងក្រោយ​អាច​នឹងត្រូវ​បានប្រកាស​ក្នុង​ថ្ងៃទី 23 មីនា។ កាលពី​ថ្ងៃទី 20 មីនា Deschamps បញ្ជាក់ថា ការជ្រើសរើស​របស់លោក​គឺ​ដើម្បី​ផលប្រយោជន៍​រួម​របស់​ក្រុម​ទាំងមូល។

     

    បើទោះជា​មាន​ព័ត៌មាន​ពី Le Figaro ខ្សែប្រយុទ្ធ Griezmann នៅតែ​បង្ហាញ​ភាពសប្បាយ​រីករាយ​ពេល​​ឡើង​ទៅ​ប្រកួត​ឱ្យ​​​ក្រុម​ជម្រើសជាតិ។ កីឡាករ​របស់​ក្លឹប Atletico Madrid ទើបតែ​ឈានចូល​ដល់​វ័យ 32 កាលពី​ថ្ងៃទី 21 មីនា។

    ក្រុម​បារាំង​ចាប់ផ្ដើម​ចូល​ប្រកួត​ក្នុង​វគ្គ​ជម្រុះ Euro 2024 ដោយ​ការ​ប៉ះ​នឹង​ក្រុម​ហូ​ឡង់​នៅ​ថ្ងៃទី 24 មីនា​ខាងមុខ។ បី​ថ្ងៃក្រោយ​ការប្រកួត​នោះ Griezmann និង​មិត្ត​រួម​ក្រុម​បារាំង​នឹងត្រូវ​ជួប​ក្រុម​អៀរ​ឡង់។ ពូ​ល B ដែលមាន​បារាំង ក៏​នៅមាន​ពីរ​ក្រុម​ទៀត​គឺ ក្រិ​ក និង​ហ្ស៊ី​ប្រា​ល់តា៕

  • Mercedes-Benz វិនិយោគ​រាប់ពាន់​លាន​ដុល្លារ​លើ​ការផលិត​ឡាន​អគ្គិសនី

    Mercedes-Benz វិនិយោគ​រាប់ពាន់​លាន​ដុល្លារ​លើ​ការផលិត​ឡាន​អគ្គិសនី

    ទស្សនាវដ្ដី Automobilwoche រាយការណ៍​ថា ក្រុមហ៊ុន Mersedes-Benz នឹង​វិនិយោគ​រាប់​ពាន់​លាន​ដុល្លារ​អាម៉េរិក​ដើម្បី​ធ្វើ​ទំនើបកម្ម​បណ្ដា​រោងចក្រ​របស់​ពួកគេ​នៅ​ប្រទេស​ចិន អាល្លឺម៉ង់ និង​ហុង​គ្រី​នាពេលខាងមុខ ក្នុង​បំណង​ត្រៀមខ្លួន​ដើម្បី​​ផ្លាស់ប្ដូរ​ទៅរក​រថយន្ត​អគ្គិសនី និង​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន។

    សហភាព​អឺរ៉ុប​បានកំណត់​គោលដៅ​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ឱ្យបាន​ពាក់កណ្ដាល​សម្រាប់​រថយន្ត​ដឹក​ភ្ញៀវ​ត្រឹម​ចុង​ទសវត្សរ៍​នេះ និង​កំពុង​ស្វែងរក​កិច្ចព្រមព្រៀង​ស្ដីពី​កាលបរិច្ឆេទ​ចុងក្រោយ​គឺ​នៅ​ឆ្នាំ 2035 ដើម្បី​បញ្ចប់​ការលក់​រថយន្ត​ដើរ​ដោយ​ឥន្ធនៈផូស៊ីល។

    ក្រុមហ៊ុន Mercedes បានឱ្យដឹងថា ពួកគេ​នឹង​លក់​តែ​រថយន្ត​អគ្គិសនី​ចាប់ពី​ចុង​ទសវត្សរ៍​នេះ នៅពេល​លក្ខខណ្ឌ​ទីផ្សារ​អនុញ្ញាត។ ប្រធាន​ផ្នែក​ផលិត Joerg Burzer របស់ Mercedes បាន​និយាយថា «យើង​កំពុង​វិនិយោគ​ប្រាក់​ឡើងដល់​រាប់ពាន់​លាន​ដុល្លារ​សម្រាប់​រោងចក្រនីមួយៗក្នុងពេល​ខាងមុខ»។ លោក​បន្តថា ខ្ទង់​ប្រាក់​វិនិយោគ​នេះ​នឹង​ប្រើប្រាស់​នៅក្នុង​បណ្ដា​រោងចក្រ​នៅ​រដ្ឋធានី​របស់​ប្រទេស​ចិន ទីក្រុង Rastatt របស់​អាល្លឺម៉ង់ និង Kecskemet របស់​ហុង​គ្រី។

    Automobilwoche ក៏បាន​រាយការណ៍​ថា Mercedes ក៏​កំពុង​ពិនិត្យ​លទ្ធភាព​ពង្រីក​រោងចក្រ​​ផលិត​រថយន្ត​អគ្គិសនី​នៅ​សហរដ្ឋ​អាម៉េរិក ជាទី​ដែល​ក្រុមហ៊ុន​នេះ​នឹង​ទទួលបាន​អត្ថប្រយោជន៍​ច្រើន​ពី​គោលនយោបាយ​ឧបត្ថម្ភ​របស់​រដ្ឋាភិបាល​ទៅតាម​ច្បាប់​កាត់បន្ថយ​អតិផរណា​ដែល​បង្កើតឡើង​កាលពី​ឆ្នាំមុន៕

  • ក្រសួង​ណែនាំ​ដល់​ក្រុម​ហ៊ុន​ទេសចរណ៍ ដាក់​បង្ហាញ​តម្លៃ​​សេវា​កម្ម​ជូន​អតិថិជន

    ក្រសួង​ណែនាំ​ដល់​ក្រុម​ហ៊ុន​ទេសចរណ៍ ដាក់​បង្ហាញ​តម្លៃ​​សេវា​កម្ម​ជូន​អតិថិជន

    នាទី​រសៀល​ថ្ងៃទី 21 មីនា 2023 ក្រសួងទេសចរណ៍​បានប្រកាស​សារាចរ​ណែនាំមួយ​ដែល​តម្រូវ​​ឱ្យ​​គ្រប់​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍ រៀបចំ​ដាក់​បង្ហាញ​តម្លៃ​លើ​បញ្ជីរាយនាម​សេវាកម្ម​ ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​ទេសចរ​ក្នុងការ​សម្រេចចិត្ត។

    សារាចរ​ណែនាំ​របស់​ក្រសួងទេសចរណ៍ មាន​ចំណុច​ត្រូវអនុវត្ត​មួយចំនួន ដូចខាងក្រោម៖

    1). គ្រប់​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​ទាំងអស់ ត្រូវ​រៀបចំ​ឱ្យមាន​ជា​បញ្ជីរាយនាម​សេវាកម្ម ដោយមាន​ភ្ជាប់​ជាមួយ​តម្លៃ (ដូច​មាន​បញ្ជាក់​ក្នុង​ប្រកា​សលេខ ០៥២ ប្រក.ចុះ​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ស្ដីពី​កាតព្វកិច្ច​បង្កើត​ប្រើប្រាស់ និង​បិទ​ផ្សាយ​បញ្ជីរាយនាម​សេវាកម្ម​ទេសចរណ៍) ក្រោម​ទម្រង់​ដូចតទៅ៖

    – ត្រូវ​សរសេរ​ជា​ភាសា​ខ្មែរ​នៅខាងមុខ ឬ​នៅ​ពីលើ និង​ភាសា​អង់គ្លេស នៅ​បន្ទាប់ ឬ​បន្ទាត់​ខាងក្រោម និង​ភាសាបរទេស​ទី​បី​នៅ​បន្ទាប់​ទៀត អាស្រ័យ​តាម​ស្ថានភាព​ជាក់ស្ដែង​នៃ​អតិថិជន​របស់​អាជីវ​កម្ម។

    – ប្រភេទ​នៃ​សេវាកម្ម​ទេសចរណ៍នីមួយៗ គួរ​មាន​បង្ហាញ​ជា​រូបភាព ឬ​ការបរិយាយ​សេវាកម្ម។

    – ត្រូវមាន​ដាក់តាំង​បង្ហាញ​នៅ​បរិវេណ​ខាងមុខ​ទីតាំង​អាជីវកម្ម ឬ​កន្លែង​ងាយ​មើលឃើញ ។

    – ត្រូវមាន​បញ្ជាក់​ពី​សេវាកម្ម​ដែល​ភ្ជាប់​ជាមួយ និង​ព័ត៌មានផ្សេងៗបន្ថែមទៀត ដែល​ចាំបាច់​សម្រាប់​ជា​មូលដ្ឋាន​ពិចារណា​ជ្រើសរើស​ដោយ​ភ្ញៀវ។

    – ត្រូវមាន​បញ្ជាក់​តម្លៃ​ឱ្យបាន​ជាក់លាក់ និង​ការប្រើប្រាស់​តម្លៃ​តាម​ជម្រើស​បន្ថែមផ្សេងៗដែលមាន។

    – ត្រូវ​ផ្ដល់ជូន​ភ្ញៀវទេសចរ​មុនពេល​ពួកគេ​សម្រេចចិត្ត​ប្រើប្រាស់ ឬ​ទទួលយក​សេវាកម្ម​ទេសចរណ៍។

    2). ចំពោះ​សេវាកម្ម​ម្ហូបអាហារ តូប​លក់​ម្ហូបអាហារ តូប​លក់​អាហារ​ចល័ត ដែល​ប្រកប​អាជីវកម្ម​ជា​លក្ខណៈ​តូចតាច ឬ​ការគ្រប់គ្រង​លក្ខណៈ​គ្រួសារ ក៏ត្រូវ​អនុវត្តតាម​កា​រ​ណែនាំ​ដូច​បានបញ្ជាក់​ជូន​ខាង​លើ ឬ​យ៉ាងហោច​ត្រូវមាន​ដាក់តាំង​បង្ហាញ​ជា​រូបភាព ឬ​ទម្រង់​ងាយស្រួលផ្សេងៗ អំពី​ម្ហូបអាហារ ដែលមាន​ជូន​ភ្ញៀវ​ពិសា​ដោយមាន​បញ្ជាក់​តម្លៃ​ជាក់លាក់។

    3). ការដាក់​ឈ្មោះ​សេវាកម្ម និង​ឈ្មោះ​មុខម្ហូបនីមួយៗ ត្រូវគោរព​តាម​អត្តសញ្ញាណ​ជាតិ សាសនា វប្បធម៌ ប្រពៃណី និង​ទ​នៀម​ទម្លាប់​ខ្មែរ។

    4). ចំពោះ​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍ ដែល​ពុំ​អនុវត្តតាម​ការណែនាំ គឺជា​កម្មវត្ថុ​នៃ​ការដកហូត​អាជ្ញា​បណ្ណ ទេសចរណ៍ ស្របតាម​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន។

  • តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី 21 ដល់ថ្ងៃទី 31 ខែមីនា 2023

    តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី 21 ដល់ថ្ងៃទី 31 ខែមីនា 2023

    យោង​តាម​ប្រកាស​​ស្ដី​ពីតម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី 21 ដល់ថ្ងៃទី 31 ខែមីនា 2023 របស់​ក្រសួង​ពាណិជ្ជកម្ម សាំងធម្មតា​នឹង​ត្រូវ​លក់​ 4,200 រៀល​/លីត្រ (ចុះ ១០០ រៀល) និង​ប្រេង​​ម៉ាស៊ូតត្រូវ​លក់​ 4,050 រៀល​/លីត្រ ធ្លាក់​ថ្លៃ ២០០ រៀល ធៀប​នឹង​រយៈ​ពេល​កន្លង​។
  • មួយ​គ្រាប់​ទៀត​ប៉ុណ្ណោះ Messi នឹង​ធ្វើឱ្យ​គ្រប់គ្នា​ស្រែក​ជា​ថ្មី​ថា «អស្ចារ្យ»

    មួយ​គ្រាប់​ទៀត​ប៉ុណ្ណោះ Messi នឹង​ធ្វើឱ្យ​គ្រប់គ្នា​ស្រែក​ជា​ថ្មី​ថា «អស្ចារ្យ»

    Lionel Messi អាចបំបែក​កំណត់​ត្រា​បច្ចុប្បន្ន​របស់​ខ្លួន​​​មួយទៀត បើសិន​ទាត់​បញ្ចូល​ទី​បាន​មួយ​គ្រាប់​នៅក្នុង​ការប្រកួត​មិត្តភាព​អន្តរជាតិ​ ​រវាង​អា​ហ្ស​ង់​ទីន និង​ប៉ា​ណា​ម៉ា​នាពេលខាងមុខ​នៅក្នុង​ក្របខណ្ឌ FIFA Day។

    នៅក្នុង​ការប្រកួត​មិត្តភាព​អន្តរជាតិ​ក្នុង​ក្របខណ្ឌ FIFA Day ដែល​ជិត​មកដល់ ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​នឹងត្រូវ​ប៉ះ​ក្រុម​ប៉ា​ណា​ម៉ា ដែល​ខ្សោយ​ជាង​គ្រប់ផ្នែក ហើយ​នេះ​នឹង​ជា​ឧបសគ្គ​​ងាយស្រួល​បំផុត​ចំពោះ Albiceleste (ក្រុមបាល់ទាត់​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន)។ Messi ក៏បាន​ត្រលប់​ទៅកាន់​អា​ហ្ស​ង់​ទីន​រួចហើយ​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​នេះ។

    មួយរយៈ​ពេល​ខ្លី​ចុងក្រោយ​នេះ ស្ថានភាព​របស់ El Pulga នៅ​ក្លឹប PSG កំពុងតែ​ជួប​បញ្ហា​មួយចំនួន ក្នុងនោះ​មាន​តាំង​ពី​​កិច្ចព្រមព្រៀង​រវាង M10 និង PSG រហូតដល់​រឿង​អ្នកគាំទ្រ​បង្ហាញ​ប្រតិកម្ម​មិនល្អ​ចំពោះ​កំពូល​តារាបាល់ទាត់​រូបនេះ។

    ក៏ប៉ុន្តែ នៅ​ក្នុង​ការប្រកួត​មិត្តភាព​អន្តរជាតិ​នាពេលខាងមុខ កំណត់ត្រា​ថ្មី​កំពុងតែ​រង់ចាំ Messi ហើយ​នេះ​គឺជា​ឱកាសល្អ​ដើម្បីឱ្យ M10 ស្ដារ​ស្ថានការណ៍​ឡើងវិញ។ ជាក់ស្ដែង Messi មាន​វ័យ 35 ឆ្នាំ រកបាន 701 គ្រាប់​ក្នុង​ក្របខណ្ឌ​ថ្នាក់​ក្លឹប និង 98 គ្រាប់​នៅ​ថ្នាក់​ជម្រើសជាតិ។ ដូច្នេះ នៅ​ខ្វះ​តែមួយ​គ្រាប់​ទៀត​ប៉ុណ្ណោះ Messi នឹងមាន 800 គ្រាប់​ក្នុង​ដៃ។

    ប៉ា​ណា​ម៉ា បច្ចុប្បន្ន​ត្រូវបាន​គេ​វាយតម្លៃ​យ៉ាង​ទាប​ស្ដីពី​សមត្ថភាព​គ្រប់ផ្នែក បើ​ធៀប​នឹង​អា​ហ្ស​ង់​ទីន។ យ៉ាងនេះ​ហើយ​ទើប​គ្រប់គ្នា​អាច​ព្យាករ​បាន​ថា គ្រាប់​បាល់​ទី 800 របស់ Messi នឹង​មិនមាន​ឧបសគ្គ​អ្វីមក​រារាំង​បាន​ឡើយ។

    នៅពេល​គ្រាប់​បាល់​បាន​កើន​ដល់ 800 គ្រាប់ Lionel Messi ត្រូវ​ជាប់​ចំណាត់ថ្នាក់​លេខ​បី​ក្នុង​បញ្ជី​ចំណាត់ថ្នាក់​កីឡាករ 10 នាក់​ដែល​ស៊ុត​បញ្ចូល​ទី​បាន​ច្រើនជាងគេ​នៅក្នុង​អាជីព។ បច្ចុប្បន្ន ក្នុង​បញ្ជី​ចំណាត់ថ្នាក់​នេះ កីឡាករ​ដែល​ឈរ​នៅ​លើ​​គេ​បង្អស់​គឺកំពូល​កីឡាករ​​របស់​ព័រទុយហ្កាល់ Cristiano Ronaldo ដោយ​រកបាន 828 គ្រាប់ និង​លេខ​ពីរ​គឺ 805 គ្រាប់​របស់​អតីត​កំពូល​កីឡាករ​របស់​ប្រទេស​អូទ្រីស Josef Bican ខណៈ​ដែល​លេខ​បី​បាន​ទៅលើ Lionel Messi ដោយ​រកបាន 799 គ្រាប់៕

  • មិត្តស្រី​របស់​មហាសេដ្ឋី Jeff Bezos ចំណាយ​ពីរលាន​ដុល្លារ​ដើម្បី​ផលិតភាព​យន្ត

    មិត្តស្រី​របស់​មហាសេដ្ឋី Jeff Bezos ចំណាយ​ពីរលាន​ដុល្លារ​ដើម្បី​ផលិតភាព​យន្ត

    ពិធី​ការិនី Lauren Sanchez ចំណាយ​ប្រាក់​ពីរលាន​ដុល្លារ​សម្រាប់​ការផលិត​ភាពយន្ត​ដំបូង​របស់ខ្លួន និង​អញ្ជើញ​កូនស្រី​របស់​មិត្ត​ប្រុស (មហាសេដ្ឋី Jeff Bezos) មក​ចូលរួម​សម្ដែង។

    យោងតាម Insider កាលពី​ថ្ងៃទី 20 មីនា Sanchez ទើបតែ​បានចាប់ផ្ដើម​ផលិតភាព​យន្ត​រឿង The Golden Door តាមរយៈ​ផលិតកម្ម Adventure & Fellowship របស់​អ្នកស្រី។ MC រូបនេះ​ចំណាយ​ប្រាក់​ផ្ទាល់ខ្លួន​ប្រហែល​ពីរលាន​ដុល្លារ អញ្ជើញ Daniella Kertesz និង Megalyn Echikunwoke មក​សម្ដែង​ជា​តួអង្គ​សំខាន់។ កូនស្រី​របស់ Jeff Bezos ធ្វើជា​សិស្ស​ហាត់​ការ និង​សម្ដែង​ជា​តួអង្គ​មួយ​ក្នុង​ភាពយន្ត​នេះ។ គម្រោង​នេះ​ត្រូវ ​ថត​ប្រហែល 20 ថ្ងៃ​នៅ Topanga រដ្ឋ California។

    Lauren Sanchez កើត​ឆ្នាំ 1969 នៅ​សហរដ្ឋ​អាម៉េរិក។ អ្នកស្រី​គឺជា​តារា​សម្ដែង ពិធី​ការិនី និង​ជា​ម្ចាស់​ផលិតកម្ម​ភាពយន្ត។ អ្នកស្រី​បាន​ឆ្លងកាត់​អាពាហ៍ពិពាហ៍​ពីរលើក និង​មានកូន​បីនាក់។ មុនពេល​បានរួម​រស់​ជាមួយ​លោក Bezos អ្នកស្រី Lauren ធ្លាប់ជា​ភរិយា​របស់ Patrick Whitesell ដែលជា​អ្នកមាន​មួយរូប​ក្នុង​វិស័យ​សិល្បៈ​កំសាន្ត។

     

    លោក Bezos និង​អ្នកស្រី Lauren បាន​ទា​ក់​ទង​គ្នា​ចាប់ពី​ឆ្នាំ 2018 និង​ត្រូវបាន​គេ​ជឿថា បាន​ភ្ជាប់ពាក្យ​កាលពី​ខែធ្នូ 2019។ អ្នកស្រី Lauren ធ្លាប់​ត្រូវបាន​គេ​ចាត់ទុកថា​ជា «មនុស្ស​ទី​បី» ដែល​បាន​បណ្ដាលឱ្យ​លោក Bezos និង​អ្នកស្រី MacKenzie Scott ត្រូវ​លែងលះគ្នា។

    លោក Bezos និង​អ្នកស្រី Lauren
    លោក Bezos និង​គ្រួសារ​កាលពីមិន​ទាន់​បែកបាក់