Category: សង្គម និងសេដ្ឋកិច្ច

  • ពិតជាមិនធម្មតាមែន!! ក្មេងជ្រូកព្រៃវ័យ 14ឆ្នាំម្នាក់ អាចនិយាយបានដល់ទៅ 5ភាសា

    ពិតជាមិនធម្មតាមែន!! ក្មេងជ្រូកព្រៃវ័យ 14ឆ្នាំម្នាក់ អាចនិយាយបានដល់ទៅ 5ភាសា

    តាមរយៈសារព័ត៌មានចក្រភពអង់គ្លេស Daily Mail ដែលចេញផ្សាយនៅថ្ងៃទី12 ខែកក្កដា ឆ្នាំ2018 នេះ បានឱ្យដឹងថា ប្អូនប្រុស​ អៈឌុន សាមអន អាយុ 14ឆ្នាំ មានដើមកំណើតនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយបានបន្ដមករស់នៅ និងបន្ដការសិក្សានៅក្នុងប្រទេសថៃតាមរយៈអង្គការសហប្រជាជាតិ UNHCR គឺជាក្មេងប្រុសដំបូងក្នុងចំណោមក្មេងប្រុសក្រុមកីឡាបាល់ទាត់ជ្រូកព្រៃទាំង 12នាក់ ដែលបានសន្ទនាឆ្លើយឆ្លងជាភាសាអង់គ្លេសទៅកាន់អ្នកជួយសង្គ្រោះ ខណៈដែលកំពុងជាប់នៅក្នុងរូងភ្នំថាំលួង។

    អ្នកសារព័ត៌មានអង់គ្លេសបានបន្ដប្រាប់ទៀតថា នៅក្នុងវីដេអូឃ្លីបសម្ភាសជាមួយក្រុមអ្នកជួយសង្គ្រោះ ប្អូនប្រុស អៈឌុន ជាក្មេងដែលមានសុជីវធម៌ជាងគេ ដោយបានលើកដៃសំពះសួរទៅកាន់ក្រុមអ្នកជួយសង្គ្រោះថា «តើថ្ងៃណាទើបអាចចេញទៅវិញបាន ព្រោះនៅពេលនេះ ពួកខ្ញុំជាឃ្លានណាស់» ដែលការសន្ទនានោះជាភាសាអង់គ្លេស។ បើទោះបីជាប្អូនប្រុសមានដើមកំណើតនៅប្រទេសមីយ៉ាន់ម៉ាមែន តែប្អូនប្រុសបានចាកចេញពីគ្រួសារ ហើយមករស់នៅក្នុងព្រះវិហារគ្រិស្តសាសនា ដើម្បីបន្ដការសិក្សានៅក្នុងប្រទេសថៃតាមរយៈ UNHCR។ គ្រូបង្រៀនរបស់ប្អូនប្រុស បានប្រាប់អ្នកសារព័ត៌មានថា កាលអាយុ 7ឆ្នាំ ប្អូនអាចនិយាយភាសាថៃ មីយ៉ាន់ម៉ា និងចិន តាមរយៈការសិក្សានៅក្នុងសាលា។ លុះចម្រើនវ័យបានធំបន្ដិច និងបច្ចុប្បន្ននេះ គេអាចនិយាយបានដល់ទៅ 5ភាសា ដែលរួមមានទាំងឡាវ និងអង់គ្លេស ទៀតផង។

    គួរបញ្ជាក់ផងដែរថា ខណៈនេះ ប្អូនប្រុសកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យខេត្ត ឈៀងរ៉ាយ ក៏ប៉ុន្ដែគ្រូពេទ្យបានអះអាងថា ប្អូនមានសុខភាពល្អរឹងមាំ។ ប្អូនប្រុស អៈឌុន គឺជាក្មេងប្រុសម្នាក់នៅក្នុងចំណោមជនភៀសខ្លួន 400,000 នាក់ដែលភៀសខ្លូនមករស់នៅក្នុងប្រទេសថៃ។ នេះបើតាមការអះអាងរបស់ភ្នាក់ងារអង្គការសហប្រជាជាតិ UNHCR៕

  • បាត់​ខ្លួន 7ឆ្នាំ វិស្វករ​ក្រុមហ៊ុន​ក្រដាស Double A ក្លាយជា​គ្រោងឆ្អឹង​នៅក្នុង​ឡាន​លិច​ទឹក

    បាត់​ខ្លួន 7ឆ្នាំ វិស្វករ​ក្រុមហ៊ុន​ក្រដាស Double A ក្លាយជា​គ្រោងឆ្អឹង​នៅក្នុង​ឡាន​លិច​ទឹក

    កីឡាករ​អត្ត​ព​លិ​កម្នា​ក់បាន​ទៅ​ហ្វឹកហាត់​ហែល​ទឹក​បន្ថែម​នៅក្នុង​បឹង​មួយ​នៅក្នុង​ខេត្ត ចន្ទ​ប៊ុ​រី ប្រទេស ថៃ ក៏​ស្រាប់តែ​ប្រទះឃើញ​រថយន្ត​មួយគ្រឿង​លិច​នៅក្រោម​បាត​បឹង​នោះ ក៏​រត់​ទៅប្ដឹង​ប៉ូលិស​ឱ្យមក​ពិនិត្យមើល ហើយក៏​បានដឹងថា ជា​រថយន្ត​របស់​វិស្វករ​ម្នាក់​ដែល​ធ្លាប់មាន​ការប្រកាស​តាមរក​ពី​សំណាក់​បងប្អូន​ដោយបាន​បាត់​ខ្លួន​កាលពី 7ឆ្នាំមុន និង​បាន​បាត់​ខ្លួន​ក្រោយពី​ទៅ​ជួប​គូស្នេហ៍ ហើយ​នៅក្នុង​រថយន្ត​នោះ​មាន​គ្រោងឆ្អឹង​មនុស្ស ដែល​ប៉ូលីស​សន្និដ្ឋានថា អាចជា​ការធ្វើ​អត្ថ​ឃាត។

    ក្រុមមន្ត្រី​ប៉ូលិស​បាន​យក​រថយន្តស្ទូច​សណ្ដោង​ខ្នាតតូច​មួយ​ចូលមក​ស្ទូច​ស្រង់​អូស​សំណាក​រថយន្ត​ដែល​លិច​នៅក្រោម​ទឹក​នោះ​ឡើងមក គឺជា​រថយន្ត​ម៉ាក ហុងដា ស៊ី​ធី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ គ្រុង​ថេព 4327 ស្ថិតក្នុង​សភាព​មាន​ស្លែ​កាន់​ពេញ​ទាំងអស់ លិច​ក្នុង​បាត​ទឹក​បឹង​ជម្រៅ​ប្រមាណ​ជា 4ម៉ែត្រ ឆ្ងាយ​ពី​មាត់ច្រាំង​ប្រមាណ​ជា 20ម៉ែត្រ។

    ក្រុមប៉ូលិស​បាន​ខំព្យាយាម​ស្រង់​ឡើង​ប្រហែល​ជាជាង 1ម៉ោង​ទម្រាំ​ស្រង់ និង​អូស​រថយន្ត​នោះ​ឡើងមក​លើគោក​បាន។ នៅពេលដែល​នាំមក​ដល់​លើគោក​ហើយ ភ្លាមៗនោះ​ក្រុមប៉ូលិស​បាន​ប្រទះឃើញ​គ្រោងឆ្អឹង​មនុស្ស​ធ្លា​ក់នៅ​រាយប៉ាយ​លើ​ពូក​កៅអី​ខាង​អ្នកបើក និង​លើ​កម្រាល​ក្នុង​រថយន្ត។

    រថយន្ត​នោះ​ស្ថិតក្នុង​សភាព​ចំហ​កញ្ចក់​ខាង​អ្នកបើក ដោយមាន​កូនសោ​ដោត​ជាប់​នៅ​កន្លែង​បញ្ឆេះ​ក្នុង​ទីតាំង on ចំណែក​ចង្កឹះ​លេខ​ស្ថិតក្នុង​ទីតាំង D3។ នៅលើ​កម្រាល​ក្រោម​កៅអី​អ្នកបើក ឃើញ​មាន​ដប​ថ្នាំ​សម្លាប់សត្វ​ល្អិត​មួយ និង​មាន​ដប​ទឹក​សុទ្ធ​មួយ​នៅលើ​កៅអី​អ្នកបើក។

    ទូទាំង​ផ្ទៃ​រថយន្ត​មាន​កំណក​ស្លែ​កាន់​ពេញ​នោះ​ទាំងអស់ ក្រៅពីនោះ ក្រុមប៉ូលិស​នៅបាន​រកឃើញ​មាន​កាបូប​លុយ​មួយ​ស្ថិតនៅលើ​ពូក​កៅអី​ខាងក្រោយ ពិនិត្យមើល​ខាងក្នុង​កាបូប​ឃើញ​មាន​អត្តសញ្ញាណប័ណ្ណ​ឈ្មោះ លោក រឿងឫទ្ធិ ជិត​ថូ រស់នៅ​ខេត្ត ខន​គែន ដែល​ប៉ូលិស​សន្និដ្ឋានថា ជា​របស់​ជនរងគ្រោះ។

    ក្រុមមន្ត្រី​បាន​ពិនិត្យ​វត្ថុតាង​ទាំងអស់នោះ និង​គ្រោងឆ្អឹង ដោយ​រកឃើញថា បំណែក​ឆ្អឹងធំៗនៅសល់​សឹងតែ​គ្រប់​ទាំងអស់ និង​គ្មាន​ស្លាកស្នាម​នៃ​ការ​វាយ​ធ្វើបាប​ណាមួយ​ឡើយ។

    តម​ក មន្ត្រីប៉ូលិស​បានធ្វើការ​ពិនិត្យ​ស្លាក​លេខ​រថយន្ត និង​បានដឹងថា រថយន្ត​មួយគ្រឿង​នោះ​ត្រូវបាន​គេ​ប្រកាស​ស្វែងរក​ព្រមជាមួយ​មនុស្ស​ម្នាក់​ឈ្មោះ រឿងឫទ្ធិ ជិត​ថូ ឬ​ឈ្មោះ​ហៅ​ក្រៅ​ថា កុប កាលពី​ថ្ងៃទី8 ខែវិច្ឆិកា ឆ្នាំ2011 ឬ 7ឆ្នាំ​មកហើយ ដោយ​ឈ្មោះ រឿងឫទ្ធិ​នេះ​បាន​បាត់​ខ្លួន​ពេលធ្វើ​ដំណើរ​ទៅ​ជួប​គូស្នេហ៍​នៅឯ​ខេត្ត ចន្ទ​ប៊ុ​រី និង​តាម​ការស្រាវជ្រាវ​បានឱ្យដឹង​ទៀតថា ជនរងគ្រោះ​គឺជា​វិស្វករ ធ្វើការ​នៅក្នុង​ក្រុមហ៊ុន ដាប់​ប៊​ល អេ ច្រើន​ឆ្នាំ​មកហើយ៕

  • NBC ប្រកាស​ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្នការប្រើ​កម្ចី​ខុសច្បាប់

    NBC ប្រកាស​ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្នការប្រើ​កម្ចី​ខុសច្បាប់

    ក្នុង​គោលដៅ​ចៀសវាង​ហានិភ័យ​ក្នុងការ​ប្រើប្រាស់​កម្ចី​ពី​ក្រុមហ៊ុន​ខុសច្បាប់​មួយចំនួន ធនាគា​រជាតិ​នៃ​កម្ពុជា បានចេញ​សេចក្តីប្រកាស​ថ្មី​មួយ​កាលពី​សប្តាហ៍​មុន អំពាវនាវ​ដល់​ពលរ​ដ្ឋ​កុំឱ្យ​ជឿ​តាម​ការ-ឆបោក ឬ​លួងលោម​របស់​ភ្នាក់ងារ​ក្រុមហ៊ុន​ឥណទាន​ខុសច្បាប់​ដែល​ទើប​មាន​វត្តមានថ្មីៗនៅលើ​ទីផ្សារ​កម្ពុជា។

    ខ្លឹមសារ​នៃ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​ផលវិបាក​នៃ​ការប្រើ​កម្ចី​ខុសច្បាប់ បានឱ្យដឹងថា កន្លងទៅថ្មីៗក៏ដូចជា​ពេលបច្ចុប្បន្ន​នេះដែរ ធនាគារជាតិ​នៃ​កម្ពុជា​បានកត់សម្គាល់​ឃើញថា ថ្មីៗនេះ​ក្រុមហ៊ុន​ឯកជន​មួយចំនួន​បានធ្វើការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​យ៉ាងសកម្ម​តាមរយៈ​បណ្តាញ​សង្គម ការចែក​ខិត្តប័ណ្ណ និង​ផ្ញើ​សារ​តាម​ទូរស័ព្ទ​ជាដើម ដែល​ធ្វើឱ្យ​អ្នកប្រើប្រាស់​កម្ចី​ជួប​ការលំបាក​ជាខ្លាំង។

    ការទទួលយក​កម្ចី​ពី​ក្រុមហ៊ុន​ខុសច្បាប់​នេះ​នឹង​បង្ក​ផល​លំបាក​ជាច្រើន​ដូចជា 1.អតិថិជន​អាច​ប្រឈម​នឹង​បំណុល​វ័ណ្ឌក ដោយសារ​អត្រា​ការប្រាក់ និង​កម្រៃ​សេវាផ្សេងៗខ្ពស់​ខ្លាំង​ជាង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​ស្របច្បាប់ និង​ការ​គណនា​ប្រាក់​ពុំ​ត្រឹមត្រូវ​តាមច្បាប់ និង​បទ​ប្បញ្ញត្តិ។ 2.អតិថិជន​អាច​ប្រឈម​នឹង​ការគំរាមកំហែង កៀបសង្កត់ គ្រោះថ្នាក់ ឬ​ក្នុង​រូបភាពផ្សេងៗដើម្បី​បង្ខំ​ឱ្យ​សង​ប្រាក់​ដើម ការប្រាក់ និង​ប្រាក់​ពិន័យ​ដែល​មិន​សម​ហេតុផល​ទៅ​ក្រុមហ៊ុន​វិញ។ ម្យ៉ាងទៀត 3.ទ្រព្យ​ធានា​របស់​អតិថិជន​អាចត្រូវបាន​ក្រុមហ៊ុន ឬ​អ្នកផ្តល់​កម្ចី​ខុសច្បាប់​នោះ​រឹបអូស​ដោយ​ពុំបាន​ឆ្លងកាត់​ការសម្រេច​ពី​តុលាការ​ជាដើម។

    ករណីនេះ ធនាគារជាតិ​នៃ​កម្ពុជា បាននិងកំពុង​ស្នើសុំ​ការសហការ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ទៅលើ​ក្រុមហ៊ុន ឬ​អ្នកផ្តល់​កម្ចី​ខុសច្បាប់​គ្រប់​រូបភាព​ទាំងអស់ ដែល​កំពុង​ធ្វើ​សកម្មភាព​ប្រាសចាក​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

    ពាក់ព័ន្ធ​ករណីនេះ​អ្នកស្រី វ៉ា ស្រីមុំ ប្រជាពលរដ្ឋ​រស់នៅក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញបានឱ្យដឹងថា ថ្មីៗនេះ​មាន​ភ្នាក់ងារឥណទានថ្មីៗមួយចំនួន ពិសេស​បុគ្គលិក​ក្រុមហ៊ុន​ឥណទាន​មួយ​ដែលមាន​ឈ្មោះថា ឈាង ហ្វុ​ង បាន​ដើរ​ចែក​ខិត្ត-ប័ណ្ណ និង​មាន​ប័ណ្ណ​របស់ខ្លួន ឱ្យទៅ​ប្រជាពលរដ្ឋ​នៅតាម​ផ្ទះនីមួយៗ ហើយ​បាន​ប្រាប់ថា ពួកគេ​ជា​ភ្នាក់ងារឥណទាន​សម្រាប់​ផ្ដល់​លើ​តម្រូវការ​កម្ចី​ទូទៅ ឬ​កម្ចី​សម្រាប់​ទិញ​រថយន្ត និង​ទិញ​ផ្ទះ​ជាដើម ដោយ​អះអាងថា ពួកគេ​ជា​អ្នកមាន​ជំនាញ​វិជ្ជាជីវៈ រក្សា​ការសម្ងាត់​របស់​អ្នក​ខ្ចី មាន​សុវត្ថិភាព ហើយ​ផ្តល់​ប្រាក់កម្ចី​លឿន និង​ងាយស្រួល​ជាដើម។

    អ្នកស្រី​អះអាងថា ពលរដ្ឋ​នៅក្បែរ​លំនៅឋាន​របស់​អ្នកស្រី​ក្នុងភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោកខណ្ឌ​ពោធិ៍​សែន​ជ័យ​នៅ​មិនទាន់មាន​អ្នកណាម្នាក់​ហ៊ាន​ខ្ចីប្រាក់​ពី​ភ្នាក់ងារឥណទាន​ដែល​ទើប​មកដល់ថ្មីៗនោះឡើយ ដោយសារ​ខ្លាច​ជាប់​ការប្រាក់​ខ្ពស់ ឬ​ការប្រាក់​ផ្គួប​ធ្វើឱ្យ​បំណុល​កើន​ឡើងជា​រៀងរាល់ថ្ងៃ​លំបាក​សង និង​លំបាក​ដកខ្លួន​ចេញពី​បំណុល​របស់គេ ដូចដែល​ស្ត្រី​ម្នាក់​បាន​ចាញ់បោក​គេ ហើយ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពីពេល​កន្លង​ទៅនោះ។

    លោក ណុប សូ​នី ប្រធាន​ផ្នែក​ឥណទាន​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ធី​ប៊ី​ប៊ី ខេ​ម​បូ​ឌា ភីអិលស៊ី​មានប្រសាសន៍ថា កន្លងមក​លោក​ក៏​ធ្លាប់​ឮ​អតិថិជន​ត្អូញត្អែរ​ជា​បន្តបន្ទាប់​ផងដែរ អំពី​ប្រតិបត្តិ​ករ​ឥណទាន និង​ក្រុមហ៊ុន​ឥណទាន​មួយចំនួន​ដែល​ដើរ​កៀងគរ​ពលរដ្ឋ​ឱ្យ​ខ្ចីប្រាក់ រួចហើយ​គិតការ​ប្រាក់​ខ្ពស់​រហូត​ដោះស្រាយ​បំណុល​មិន​រួច។ លោក​ថា ថ្មីៗនេះ​មាន​ក្រុមហ៊ុន​ចិន​មួយ​បាន​ដើរ​ផ្តល់​កម្ចី​ឱ្យ​អាជីវករ​តូចតាច និង​អ្នករត់ម៉ូតូឌុប​មួយចំនួន​នៅតាម​ផ្សារ​ឱ្យទទួល​យកប្រាក់​កម្ចីរ​បស់​គេ​ដោយ​មិនចាំបាច់​មានទ្រព្យ​បញ្ចាំ​ច្រើន​ទេ គ្រាន់តែ​ធ្វើ​កិច្ចសន្យា​ខ្ចីប្រាក់ មាន​អត្តសញ្ញាណប័ណ្ណ មាន​កាត​គ្រី​ម៉ូតូ​នោះ​នឹង​អាច​ទទួលបាន​ប្រាក់កម្ចី​តែម្តង ដែល​ភាគច្រើន​ធ្វើ​កម្ចី​ក្រោម 1ពាន់​ដុល្លារ។ ហើយ​ជួនកាល​ខ្ចី​ច្រើនជាង​នេះ គេ​គ្រាន់តែ​យក​ប្លង់ដី(ប្លង់​ទន់)ធ្វើជា​ទ្រព្យ​បញ្ចាំ គឺអាច​ទទួលបាន​កម្ចី​តែម្តង ដោយ​មិនចាំបាច់​មានការ​ទទួល​ស្គា​ល់ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឡើយ។ “ខ្ញុំ​បាន​ជួប​លោក​អ៊ំ​ម្នាក់​នៅ​ផ្សារ គាត់​ប្រាប់ថា ខ្ចីយូរៗទៅ ការប្រាក់​ច្រើនជាង​ប្រាក់​ដើម រហូត​ធ្វើឱ្យ​គាត់​រកប្រាក់​សង​ទៅឱ្យ​ក្រុមហ៊ុន​វិញ​មិនបាន ក៏​សម្រេចចិត្ត​ឈប់​លក់ទំនិញ​ក្នុង​ផ្សារ ហើយ​រត់​គេចខ្លួន​តែម្តង”។

    លោក ណុប សូ​នី ប្រធាន​ផ្នែក​ឥណទាន​នៃ​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធី​ប៊ី​ប៊ី ខេ​ម​បូ​ឌា ភីអិលស៊ី​

    លោក​ថា ករណីនេះ គេ​មិនដឹងថា​ក្រុមហ៊ុន​ឥណទាន​ខុសច្បាប់​ទាំងនោះ គណនា​រូបមន្ត​កំណត់​ការប្រាក់​តាម​វិធីសាស្ត្រ​ណា​ទេ ទើប​ខ្ចីយូរៗទៅ ការប្រាក់​កើនឡើង​ច្រើនជាង​ប្រាក់​ដើម រហូត​ធ្វើឱ្យ​អាជីវករ​មួយចំនួន​បាត់បង់​មុខរបរ​ទទួលទាន​ទៀតផង។ ករណីនេះ​លោក​ក៏​សូម​អំពាវនាវ​ដល់​ប្រជាពល​រដ្ឋ​ទាំងអស់ សូមឱ្យ​មានការ​ប្រុងប្រយ័ត្ន​មុននឹង​សម្រេចចិត្ត​ទទួលយក​កម្ចី​ពី​ក្រុមហ៊ុន​ដែល​មិន​ស្គាល់​ប្រវត្តិ​ច្បាស់លាស់ ចៀសវាង​ជាប់បំណុល​វ័ណ្ឌក រហូតមិនដោះរួច៕

    ធនាគារជាតិនៃកម្ពុជា
  • ខេមរៈ សិរីមន្ដ ឧបត្ថម្ភប្រាក់ 1ពាន់ដុល្លារ ជូនតារាចម្រៀង ចាន់ សម័យ

    ខេមរៈ សិរីមន្ដ ឧបត្ថម្ភប្រាក់ 1ពាន់ដុល្លារ ជូនតារាចម្រៀង ចាន់ សម័យ

    នៅពេលទទួលបានដំណឹងអំពីស្ថានភាពលំបាកលំបិនរបស់អតីតតារាចម្រៀងល្បីឈ្មោះក្នុងផលិតកម្មព្រះវិហារ គឺលោក ចាន់ សម័យរួចមក គេសង្កេតឃើញថា មានតារាសម្ដែង និងតារាចម្រៀងជាច្រើនរូបបានរួបរួមថវិកាគ្នាបានមួយចំនួនជាទឹកចិត្តសប្បុរសធម៌ជួយដល់លោក ចាន់ សម័យ ដែលបច្ចុប្បន្ននេះលោកកំពុងមានជំងឺ រលាកខួរឆ្អឹងខ្នង ដែលជាមូលហេតុបណ្ដាលឱ្យលោកមិនអាចបន្ដអាជីពជាអ្នកចម្រៀងបានតទៅទៀត។

    ជាក់ស្តែងថ្មីៗនេះ កំពូលតារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជា គឺ​លោក ខេមរៈ សេរីមន្ត ក៏មានទឹកចិត្តអាណិតអាសូរ និងបានជួយជាទឹកប្រាក់ដើម្បីលើកទឹកចិត្តដល់បងប្រុស ចាន់ សម័យ ចំនួន1ពាន់ដុល្លារសហរដ្ឋអាមេរិកដែរ តាមរយៈបងប្រុសរបស់លោក ដោយបានយកទៅប្រគល់ជូនដល់ដៃរបស់អតីតតារាចម្រៀងរូបនោះតែម្តង។ ទឹកចិត្តនេះ ពិតជាធ្វើឱ្យមហាជនជាច្រើនកោតសរសើរពីសណ្តានចិត្តដ៏ល្អរបស់លោក ខេមរៈ សេរីមន្ត  ដែលមិនដែលភ្លេច និងបោះបង់អ្នកសិល្បៈដូចគ្នាដែលជួបការលំបាក ទោះបីជាពេលនេះខ្លួនមានប្រជាប្រិយភាពខ្លាំងប៉ុនណាក៏ដោយ។

    សូមរំឭកផងដែរថា លោក ចាន់ សម័យ ដែលជាតារាចម្រៀងល្បីជំនាន់ទសវត្សរ៍ឆ្នាំ2០០០ ត្រូវបានគេបង្ហោះរូបនៅក្នុងហ្វេសប៊ុកក្នុងសភាពរស់នៅលំបាក ចិញ្ចឹមជីវិតដោយការស្ទួចត្រីចិញ្ចឹមគ្រួសារ។ លោកចាន់ សម័យ បានសម្ងំរស់នៅ ក្នុងផ្ទះជូល ជាមួយប្រពន្ធ និងកូនៗដល់ទៅ 5នាក់(ប្រុស2 ស្រី3) ស្ថិតនៅក្នុងបន្ទុកគ្រួសារ និងកំពុងសិក្សា។ លោក ចាន់ សម័យ បានប្រាប់សប្បុរសជនទាំងអស់ថា លោកនៅតែប្រកាន់ខ្ជាប់នូវពាក្យមួយឃ្លាថា «យើងលំបាក គេក៏មានទុក្ខលំបាករបស់គេដូចគ្នា តារាជាច្រើនសប្បាយៗតែនៅលើឆាក ឬតាមកញ្ចក់ទូរទស្សន៍ប៉ុណ្ណោះ តាមពិតពួកគេក៏មានទុក្ខដូចគ្នា  គ្រាន់តែគេមិននិយាយ យើងក៏មានទុក្ខ អ៊ីចឹងខ្ញុំមិនចង់ទៅរំខានអ្នកណាទេ»៕

  • លោក Dalic៖ ក្រូ​អាស៊ី ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​ប៉ះ​បារាំង​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ World Cup

    លោក Dalic៖ ក្រូ​អាស៊ី ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​ប៉ះ​បារាំង​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ World Cup

    លោក Zlatko Dalic គ្រូបង្វឹក​នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ក្រូ​អាស៊ី កំពុងតែ​ពោរពេញ​ទៅដោយ​ការ​ជឿជាក់ថា ការ​អស់កម្លាំង​នឹងមិន​ក្លាយជា​បញ្ហា​ធំ​ឡើយ​សម្រាប់​ក្រុម​របស់លោក នៅពេលដែល​ពួកគេ​ត្រូវ​ប៉ះ​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​បារាំង ក្នុង​ព្រឹត្តិការណ៍ World Cup វគ្គ​ផ្តាច់ព្រ័ត្រ បើទោះបីជា​ការប្រកួត​ត្រូវ​បន្ថែម 15នាទី 2ដង​ម្ដងទៀត​ក៏ដោយ។

    ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី បាន​វាយបក​ពី​ការ​ដេញតាម​ពីក្រោយ ដើម្បី​កត់ត្រា​ជ័យជម្នះ​ក្នុង​លទ្ធផល 2-1 ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្នុង​ទីក្រុង​ម៉ូស្គូ ខណៈដែល​ខ្សែប្រយុទ្ធ Mario Mandzukic បា​នរក​គ្រាប់​បាល់​ឈ្នះ​នៅ​នាទី​ទី109 ក្រោយពី Ivan Perisic បា​នរក​គ្រាប់​បាល់​តាម​ស្មើ​គ្រាប់​បាល់​បើកឆាក​របស់​ខ្សែការពារ Kieran Trippier។

    ក្រុម​របស់លោក Dalic ពិតជា​អស់កម្លាំង​មែន ប៉ុន្តែ​ពួកគេ​បានធ្វើការ​វាយបក​វិញ​យ៉ាង​ល្អ​ដើម្បី​បញ្ចប់​ការប្រកួត​រយៈពេល 2ម៉ោង​ទាំង​ភាព​រីករាយ និង​ដើម្បី​ដឹកនាំ​ក្រុម​ប្រទេសមួយ​ដែលមាន​ប្រជាជន​តែ​ជាង 4លាន​នាក់​នេះ​ឈានទៅដល់​វគ្គ​ផ្តាច់ព្រ័ត្រ​បានសម្រេច​ជា​លើក​ទី1។

    ប៉ុន្តែ ទោះបីជា​យ៉ាងណា កង្វល់​ដ៏​ធំ​បំផុត​នៅ​មុនពេល​ប្រកួត​នៅ​ថ្ងៃអាទិត្យ​ខាងមុខនេះ គឺ​ការ​គេច​ឱ្យ​ផុតពី​បញ្ហា​អស់កម្លាំង ព្រោះ​ក្រុម​ក្រូ​អាស៊ី​មួយ​នេះ​បាន​លេង​នៅ​នាទី​បន្ថែម 15នាទី 2ដង និង​បន្ថែម​ដោយ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​ទៀតផង​កាលពីពេល​ប្រកួត​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ដា​ណឺ​ម៉ាក និង​ម្ចាស់ផ្ទះ​រុស្ស៊ី ក្នុង​រយៈពេល 2សប្តាហ៍​ចុងក្រោយ​នេះ។

    ក្រុម​ជម្រើសជាតិ​បារាំង​នឹងមាន​ពេល​សម្រាក​ច្រើនជាង​ដល់​ទៅ 24ម៉ោង ដើម្បី​ត្រៀម​សម្រាប់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ក្រោយពី​ផ្តួល​ក្រុម​ជម្រើសជាតិ​បែលហ្ស៊ិក ក្នុង​លទ្ធផល 1-០ ក្នុង​រយៈពេល 90នាទី ក្នុង​ទីក្រុង Saint Petersburg កាលពី​ថ្ងៃ​អង្គារ។

    លោក Dalic បានឱ្យដឹងថា៖ «វា​ពិតជា​អស្ចារ្យ​មែន! ប៉ុន្តែ​នៅ​នាទី​បន្ថែម 15នាទី 2ដង​នេះ គ្មាន​កីឡាករ​រូប​ណា​ចង់​ប្តូរ​ចេញ​ឡើយ។ នេះ​បង្ហាញ​ពី​ឥរិយាបថ និង​ជា​អ្វីដែល​ធ្វើឱ្យ​យើង​មាន​មោទនភាព​យ៉ាងខ្លាំង។ គ្មាន​នរណា​បោះបង់​ការចង់​ឈ្នះ​ចោល​ឡើយ»៕

    ប្រភពពី៖ sports.yahoo.com

  • នាំគ្នាមកស្គាល់ពីប្រវត្តិក្មេងៗកីឡាករបាល់ទាត់ក្រុមជ្រូកព្រៃទាំងអស់គ្នា

    នាំគ្នាមកស្គាល់ពីប្រវត្តិក្មេងៗកីឡាករបាល់ទាត់ក្រុមជ្រូកព្រៃទាំងអស់គ្នា

    តាមរយៈសារព័ត៌មាន Bright TV ដែលចេញផ្សាយនៅថ្ងៃទី11 ខែកក្កដា ឆ្នាំ2018នេះ បានធ្វើការសម្ភាសជាមួយគ្រូបង្វឹក លោក ណុបផៈរ៉ាត់ កាន់ថៈវង្ស ជាគ្រូបង្វឹកស្ម័គ្រចិត្តផ្នែកចិត្តសាស្ត្ររបស់ក្រុមកីឡាករជ្រូកព្រៃ ដែលបានរៀបរាប់ពីចំណង់ចំណូលចិត្ត និងប្រវត្តិរបស់ក្មេងៗជាសមាជិកក្រុមជ្រូកព្រៃទាំងអស់ឱ្យយើងបានដឹងដូចខាងក្រោម។

    1-ប្អូនប្រុស ដម

    ប្អូនប្រុស ដួងផេត ផៈរ៉មថេប ហៅក្រៅ ដម មានអាយុ 13ឆ្នាំ ជាសិស្សមធ្យមសិក្សាថ្នាក់ទី1 ( ត្រូវនឹងថ្នាក់ទី7 ខ្មែរ ) នៃសាលារៀន ម៉ែសាយ ប្រៈសិធថៈសាត។ ប្អូនប្រុស ដម មានឯកលក្ខណៈពិសេសខាងការលេងបាល់ទាត់ ប្រើប្រាស់ជើងបានទាំងសងខាង ចូលចិត្តហាត់ប្រាណ និងអៃដលរបស់គេ គឺកីឡាករបាល់ទាត់ដ៏ល្បីលំដាប់ពិភពលោកគឺ លោក គ្រីស្ទៀណូ រ៉ូណាល់ដូ ជាកម្លាំងជំរុញចិត្តរបស់ប្អូន។

    2-ប្អូនប្រុស ណូត

    ប្អូនប្រុស ប្រៈចាក់ ស៊ុថាំ មានឈ្មោះហៅក្រៅ ណូត អាយុ 14ឆ្នាំ ជាសិស្សមធ្យមសិក្សាថ្នាក់ទី2 ( ត្រូវនឹងថ្នាក់ទី 8 ) នៃសាលារៀនម៉ែសាយ ប្រៈសិធថៈសាត។ គ្រូបង្វឹកបានរៀបរាប់ថា ប្អូនប្រុស ណូត មានការតាំងចិត្តខ្ពស់ក្នុងការហ្វឹកហាត់ឱ្យទាន់សមត្ថភាពរបស់មិត្តភក្ដិ និងព្យាយាមសម្របខ្លួនចូលឱ្យទាន់មិត្តរួមក្រុម និងមានកីឡាករបាល់ទាត់ប្រចាំប្រទេសថៃនៅក្នុងដួងចិត្តគឺ លោក ម៉េសស៊ី ចេ (ឆៈណាធីប) ជាកម្លាំងជំរុញចិត្តរបស់ប្អូន.

    3-ប្អូនប្រុស មិកស៍

    ប្អូនមានឈ្មោះពិតគឺ ផានុម៉ាត ស៊ែងឌី អាយុ 13ឆ្នាំ ជាសិស្សមធ្យមសិក្សាថ្នាក់ទី2 ( ត្រូវនឹងថ្នាក់ទី 8 ) នៃសាលារៀនម៉ែសាយប្រៈសិធថៈសាត។ ប្អូនប្រុសជាកីឡាករស្លាបការពារដែលមានរូបរាងខ្ពស់ បើប្រៀបធៀបទៅនឹងក្មេងៗមានវ័យស្របាលគ្នា និងជាក្មេងប្រុសដែលចូលចិត្តលេងនៅខ្សែខាងក្រោយណាស់។ ប្អូនប្រុសមានឯកលក្ខណៈពិសេសក្នុងការ ឆក់បាល់ និងបញ្ចូនទៅឱ្យសមាជិកក្រុម និងការពារទី។ កីឡាករដែលប្អូនចូលចិត្តយកគម្រូតាមជាងគេគឺ សើឃីរ៉ូ រ៉ាម៉ស ជនជាតិអេស្ប៉ាញ និងជាកាពីតែនរបស់ក្លិប រ៉េអាល់ ម៉ាឌ្រីត។

    4-ប្អូនប្រុស ទី

    ផៈរ៉មឆៃ ខាំលួង ហៅក្រៅ ទី មានអាយុ 16ឆ្នាំ ជាសិស្សមធ្យមសិក្សាថ្នាក់ទី 4 ( ត្រូវនឹងថ្នាក់ទី10 ) នៃសាលារៀនបានប៉ាយ៉ាង។ ប្អូនប្រុសទី ជាសិស្សដែលមានភាពស្និទ្ធស្នាលជាមួយគ្រូបង្វឹក អេក ខ្លាំងបំផុត និងជាសិស្សដែលគ្រូបង្វឹករូបនោះទុកចិត្តខ្លាំងជាងគេដូចគ្នា។ ដោយសារមានការតាំងចិត្តខ្ពស់ និងយកចិត្តទុកដាក់ក្នុងលេងបាល់ទាត់ ប្អូនប្រុសត្រូវបានលើកទឹកចិត្តឱ្យលេងជាខ្សែបម្រើ ដែលមានថ្វីជើងលឿនបំផុត។

    5-ប្អូនប្រុស អៈឌុន

    ប្អូនមានឈ្មោះពិតថា អៈឌុន សាមអន មានវ័យ 14ឆ្នាំ ជាសិស្សមធ្យមសិក្សាថ្នាក់ទី2 ( ត្រូវនឹងថ្នាក់ទី8) នៃសាលារៀន វៀងផាន។ ប្អូនមានលក្ខណៈពិសេសក្នុងការលេងលឿន ប្រើប្រាស់ជើងបានទាំងសងខាង ហើយញាក់បាល់បានលឿនបំផុត។

    6-ប្អូនប្រុស ផុង

    ប្អូនប្រុសមានឈ្មោះពិតថា ស៊ុមផុង ចៃវង្ស មានអាយុ 13ឆ្នាំ ជាសិស្សមធ្យមសិក្សាថ្នាក់ទី1 ( ត្រូវនឹងថ្នាក់ទី7 ) នៃសាលារៀនម៉ែសាយ ប្រៈសិធថៈសាត។ គ្រូបង្វឹកបានរៀបរាប់ថា ប្អូនប្រុសមានសុខភាពរឺងមាំ និងមានភាពរហ័សរហួនយល់ច្បាស់ពីពិធីការលេងបាល់ ជាខ្សែបម្រើដែលទទួលបាល់បានល្អបំផុត។

    7- ប្អូនប្រុស ប៊ីវ

    ប្អូនប្រុសមានឈ្មោះថា អេករ័តន៍ វង្សស៊ុកចាន់ មានអាយុ 14ឆ្នាំ ជាសិស្សមធ្យមសិក្សាថ្នាក់ទី2 ( ត្រូវនឹងថ្នាក់ទី8 ) នៃសាលារៀន ដារុណរាត​ វិតថៈយ៉ា។ ប្អូនប្រុសមានសមត្ថភាពបញ្ចូនបាល់បានលឿន និងជាក្មេងប្រុសដែលលេងបាល់បានល្អ។

    8-ប្អូនប្រុស តៃតុន

    ប្អូនប្រុសមានឈ្មោះ ឆៈនីន វិប៊ូនរុងរឿង អាយុ 14ឆ្នាំ ជាសិស្សមធ្យមសិក្សាថ្នាក់ទី2 ( ត្រូវនឹងថ្នាក់ទី8 ) នៃសាលារៀន ដារុណរាត វិតថៈយ៉ា។ គ្រូបង្វឹកបានអះអាង ប្អូនប្រុសរូបនេះ ជាក្មេងប្រុសដែលយកចិត្តទុកដាក់ស្ដាប់សម្ដីគ្រូបង្វឹកជាងគេបង្អស់ និងមានគំនិតច្នៃប្រឌិតខ្ពស់ ដែលទាំងអស់នេះជាចំណុចពិសេសក្នុងការលេងបាល់។

    9-ប្អូនប្រុស ម៉ាក

    ប្អូនប្រុសមានឈ្មោះ ម៉ុងឃុន ប៊ុនពៀម ហៅក្រៅ ម៉ាក អាយុ 13ឆ្នាំ ជាសិស្សមធ្យមសិក្សាថ្នាក់ទី1 ( ត្រូវនឹងថ្នាក់ទី7) នៃសាលារៀន ប៉ាមឿត។ គ្រូបង្វឹកបានរៀបរាប់ថា បើទោះបីជាប្អូនប្រុសមានរាងកាយមិនសូវរឹងមាំដូចមិត្តភ័ក្ដិក៏ដោយ តែប្អូនប្រុសជាអ្នកស្រឡាញ់កីឡាបាល់ទាត់ និងលេងជាខ្សែប្រយុទ្ធ។

    10-ប្អូនប្រុស ណៃថ៍

    ភីរៈផាត់ ស៊ុមផៀងចៃ គឺជាឈ្មោះក្នុងបញ្ជីជាតិរបស់ប្អូន ណៃថ៍ មានអាយុ 16ឆ្នាំ ជាសិស្សមធ្យមសិក្សាថ្នាក់ទី3 ( ត្រូវនឹងថ្នាក់ទី9 ) នៃសាលារៀនម៉ែសាយ ប្រៈសិធថៈសាត។ ប្អូនជាអ្នកចាំទី ដែលមានរាងតូចបន្ដិច ក៏ប៉ុន្ដែពូកែចាប់បាល់ស្អិត។

    ទី11 និង 12

    ប្អូនប្រុស ណៈវុធ ថាខាំស៊ុង អាយុ 11ឆ្នាំ និងប្អូន ភិផាត់ ផូ អាយុ 15ឆ្នាំ ជាសិស្សមធ្យមសិក្សាថ្នាក់ទី2 ( ត្រូវនឹងថ្នាក់ទី8 ) នៃសាលារៀនម៉ែសាយ ប្រៈសិធថៈសាត។ អ្នកទាំងពីររូបនេះ គ្រូបង្វឹកបានអះអាងថា មិនសូវមានភាពស្និទ្ធស្នាលជាមួយប៉ុន្មាន ទើបមិនទាន់បានស្គាល់ប្រវត្តិរបស់ប្អូនច្បាស់៕

  • បង្គាបំពងម្សៅស្រួយ

    បង្គាបំពងម្សៅស្រួយ

    មុខម្ហូប បង្គាបំពងម្សៅស្រួយ ពីភោជនីយដ្ឋាន ក្តាមប្រៃ គឺពិតជាឈ្ងុយខ្លាំងណាស់ ស្រួយឆ្ងាញ់ជាប់ចិត្តតែម្តង ដូច្នេះសូមមកមើលពីរៀបធ្វើ និងគ្រឿងផ្សំជាមួយនឹងលោក ផង់ ផាន្នី មេចុងភៅធំ ប្រចាំភោជនីយដ្ឋាន ក្តាមប្រៃ ដែលមានអាសយដ្ឋាននៅ ផ្ទះលេខ41 ផ្លូវលេខ90 សង្កាត់វត្តភ្នំ រាជធានីភ្នំពេញ សូមតាមដានទាំងអស់គ្នា។

    គ្រឿងផ្សំ

    – បង្គាស្រស់ 200ក្រាម
    – ម្សៅបំពង 150ក្រាម
    – ពងមាន់ (ផ្នែកក្រហម) 1គ្រាប់
    – ម្សៅរ៉ូឌី 1ចុងស្លាបព្រាកាហ្វេ
    – ទឹកស្អាត – អំបិល – ខ្លាញ់ កន្លះខ្ទះ
    – បន្លែ : សាលាដ ការ៉ុត និងត្រសក់-ល- – ទឹកជ្រលក់ អាចជា ទឹកត្រីកោះកុង ឬ ទឹកម្ទេស

    វិធីធ្វើ
    ដំបូងត្រូវយកបង្គាស្រស់មកបកសម្បកចេញ និងលាងហូតយកអាចម៍ពីខ្នងរបស់វាឱ្យស្អាត រួចលាយម្សៅបំពងជាមួយនឹងទឹកស្អាត ពងមាន់ និងដាក់អំបិល និងម្សៅរ៉ូឌី កូរចូលគ្នាឱ្យសព្វ និងឡើងខាប់ល្មម។ បន្ទាប់មកយកបង្គាស្រស់ដែលបកលាងរួចនោះមកជ្រលក់នៅក្នុងល្បាយម្សៅបំពង រួចយកទៅបំពងនៅក្នុងខ្ទះ ដែលមានខ្លាញ់ក្តៅខ្លាំង រយៈពេល8នាទីឱ្យម្សៅជំុវិញបង្គាឡើងពណ៌ល្អ និងឆ្អិនបង្គាជាការស្រេច។ អ្នកអាចលម្អមុខម្ហូបនេះជាមួយនឹងសាលាដ ចំណិតការ៉ុត ឬចំណិតត្រសក់នៅលើចាន​​​ គឺកាន់តែគួរឱ្យចង់ទទួលទាន និងស្រស់ស្អាតឡើង៕

  • វីរបុរស​ទាំង 7 អ្នក​ជួយសង្គ្រោះ​ក្រុម​ជ្រូកព្រៃ

    វីរបុរស​ទាំង 7 អ្នក​ជួយសង្គ្រោះ​ក្រុម​ជ្រូកព្រៃ

    ទីភ្នាក់ងារ​ព័ត៌មាន ថេ​ឡេ​ក្រា​ហ្វ របស់​ប្រទេស​អង់គ្លេស បាន​រាយការណ៍​ថា ប្រតិបត្តិ​ការនាំក្មេងៗក្រុមបាល់ទាត់ “ជ្រូកព្រៃ អា​ខា​ដេ​មី” 12នាក់ និង​គ្រូបង្វឹក​ម្នាក់​ចេញពី​រូងភ្នំ ថាំ​លួង ឃុន​ណា​ម នាង​ណន ក្នុងស្រុក មែ​សាយ ខេត្ត ឈៀង​រ៉ា​យ ភាគ​ខាងជើង​នៃ​ប្រទេស​ថៃ គឺជា​ការជួយ​សង្គ្រោះ​នៅក្រោម​ដី​ដ៏​សែន​គ្រោះថ្នាក់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ហើយ​ក្រុមមន្ត្រី​របស់​ថៃ​ក៏បាន​ទទួល​ការជួយ​យកអាសា​ពី​អ្នក​មុជទឹក​ដ៏​ល្អ និង​ពូកែ​បំផុត​របស់​ពិភពលោក​ចំនួន​ជាង 90នាក់។

    តែ​អ្នក​ប្រយុទ្ធ​ដែល​នាំមុខគេ​នៅក្នុង​ប្រតិបត្តិការ​ជួយសង្គ្រោះ​ក្នុង​រូងភ្នំ​របស់​ថៃ​ក្នុង​គ្រានេះ​គឺ បុរស​ជនជាតិ​អង់គ្លេស 7នាក់ ដែល​សុទ្ធតែជា​អ្នក​ដែលមាន​បទពិសោធ​ដ៏​ច្រើន​អនេក​តាមរយៈ​ការ​លុកលុយ​កម្សាន្ត​នៅក្រោម​ទឹក​ដ៏​សែន​ត្រជាក់ ក្នុង​រណ្ដៅ​រ៉ែ​រហោស្ថាន និង​រូង​ថ្លើមថ្ម​ទាំង​នៅក្នុង​ប្រទេស​អង់គ្លេស និង​វេ​លស៍។

    វីរបុរស​អ្នក​សង្គ្រោះ​ទាំង 7នាក់​នោះ​គឺ ៖

    វើ​ណន ឬ វើ​ន” អាន់​វើធ

    វើ​ណន អាន់​វើធ ដែល​ធ្លាប់​រស់នៅក្នុង​ទីក្រុង សេន​ត៍ អាល់​បាន​ស៍ តែ​ពេលនេះ​បានមក​តាំង​លំនៅ​នៅក្នុង​ប្រទេស​ថៃ​ហើយ​នោះ ជា​បុរស​អង់គ្លេស​ដំបូង​គេ​ដែល​ទៅដល់ និង​នៅក្នុង​កន្លែងកើតហេតុ។ គាត់​ជា​អ្នក​មុជទឹក​មាន​បទពិសោធ​ដែល​រស់នៅ​ក្បែរ​រូងភ្នំ​មួយ​នេះ និង​ជា​អ្នកទំនាក់ទំនង​ដ៏​សំខាន់​ម្នាក់​ក្នុងការ​បញ្ចុះបញ្ចូល​ក្រុមមន្ត្រី​របស់​ថៃ​ឱ្យ​អញ្ជើញ​អ្នក​ចំណាន​ការ​មកពី​ប្រទេស​អង់គ្លេស។

    “ពេលដែល​អង្គភាព ស៊ី​ល របស់​ថៃ​ចូលទៅក្នុង​រូងភ្នំ តែ​មិនឃើញ​មាន​អ្វី​សោះ ព្រោះ​ទឹក​នៅ​ក្នុងនោះ​វា​ល្អក់​ខ្លាំងពេក ពួកគេ​ក៏​នាំគ្នា​ចេញមក​វិញ” លោក ឆៃ​យុន ស្រ៊ី​សៈ​មុទ សមាជិក​គណៈ​គ្រប់គ្រង​ខេត្ត ឈៀង​រ៉ា​យ ដែលជា​មិត្ត​ភ័ក្តិ​របស់ អាន់​វើធ ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន ដេលី​មេ​ល។ “តែ​គាត់​ស្គាល់​ជនជាតិ​អង់គ្លេស​ជាច្រើន​នាក់​ដែល​អាចជួយ​បាន​យ៉ាងពិត​ប្រាកដ”

    ច​ន វ៉ូ​ឡាន់​ថេ​ន និង រិ​គ ស្ទែ​ន​តាន់

    នៅពេល​បានទទួល​ភ្លើង​បៃតង​ពី​ខាង​រដ្ឋបាល​ថៃ​ហើយ លោក​អាន់​វើធ ក៏​ទាក់់ទង​ទៅ ច​ន វ៉ូ​ឡាន់​ថេ​ន ទីប្រឹក្សា​ផ្នែក​អៃ​ធី នៅក្នុង​ទីក្រុង ប្រ៊ី​ស្ថ​ល និង រិ​គ ស្ទែ​ន​តាន់ អតីតមន្ត្រី​ពន្លត់​អគ្គិភ័យ​ក្នុង​តំបន់ មិ​ដ​លែ​ន​ដ៍ ឱ្យមក​ជួយ​គ្នា​ភ្លាម​តែម្ដង ដោយ​អ្នក​ទាំងពីរ​នោះ​ស្ថិតនៅក្នុង​សមាគម​អ្នក​ជួយសង្គ្រោះ​គ្រោះភ័យ​ក្នុង​រូងភ្នំ​នៃ​ប្រទេស​អង់គ្លេស ដែល​លោក​អនុប្រធាន​សមាគម​គឺ​លោក ប៊ី​ល វ៉ៃ​ហៅ​ស៍ បាន​បញ្ជាក់ថា ទាំងពីរ​នាក់​ហ្នឹង​គឺ “អេ ធី​ម”(A Team) ឬ​កំពូល​អ្នក​មុជទឹក​ដ៏​កំពូល​ហ្នឹងឯង។

    នៅ​ទីបំផុត លោក​វ៉ូ​ឡាន់​ថេ​ន និង​លោក​ស្ទែ​ន​តាន់ ក៏​មិន​ធ្វើឱ្យ​ខកបំណង​ដែរ នៅពេលដែល​ពួកគេ​ក្លាយជា​មនុស្ស​ដំបូង​គេ​ដែល​រកឃើញក្មេងៗក្រុម​ជ្រូកព្រៃ និង​គ្រូបង្វឹក​នៅក្នុង​រូងភ្នំ​ថាំ​លួង ម្ដុំ​ទួល​ដោះ​ក្រមុំ(នើ​ន​នុំ​សាវ)ដែល​ស្ថិតនៅ​ឆ្ងាយ​ពី​មាត់​រូងភ្នំ​ប្រមាណ​ជា 2.5ម៉ា​យល៍​កាលពី​ថ្ងៃទី2 កក្កដា​កន្លងទៅ។

    លោក វ៉ៃ​ហៅ​ស៍ បាន​រៀបរាប់​នៅក្នុង​កម្មវិធី “Today” របស់​ស្ថានីយ​វិទ្យុ “Radio4” កាលពី​សប្ដាហ៍​មុន​ថា “ទាំងពីរ​នាក់​បានក្លាយ​ជា​អ្នក​នាំមុខ​ក្នុង​ការចូល​រូងភ្នំ ព្រោះតែ​ពួកគេ​មាន​ជំនាញ និង​ភាព​ចំណាន។ មួយ​ក្នុងចំណោម​រឿង​ដែល​ពួកគេ​ត្រូវធ្វើ​មុនគេ​បង្អស់​ក្នុងការ​ពុះពារ​ចូលទៅក្នុង​នោះ​គឺ ការដាក់​ខ្សែ​នាំ​ផ្លូវ ដើម្បីឱ្យ​ពួកគេ​អាច​ត្រឡប់មកវិញ​បាន និង​ឱ្យ​អ្នក​ឯទៀត​ចូលទៅ​តាម​បានដែរ”។

    លោក វ៉ូ​ឡាន់​ថេ​ន និង​លោក​ស្ទែ​ន​តាន់ បាន​សាង​កេរ្តិ៍ឈ្មោះ​ឱ្យ​ខ្លួនឯង​រហូត​ក្លាយជា​ផ្នែក​មួយ​ក្នុងចំណោម​អ្នក​មុជទឹក​ជួយសង្គ្រោះ​ក្នុង​រូងភ្នំ​ដែល​អស្ចារ្យ​បំផុត​ក្នុង​ពិភពលោក។ ទាំងពីរ​នាក់​ជា​អ្នកស្ម័គ្រចិត្ត​នៅក្នុង​ធី​ម​ជួយសង្គ្រោះ​ក្នុង​រូងភ្នំ សៅ​ធ៍ និង​មិ​ដ​វេ​លស៍ ដែល​ក្នុង​ឆ្នាំ2010 ពួកគេ​បានធ្វើ​កំណត់ត្រា​ពិភពលោក​ក្នុងការ​មុជទឹក​ក្នុង​រូងភ្នំ​ក្នុង​ចម្ងាយ​ផ្លូវ​ដ៏​ឆ្ងាយ​បំផុត ដោយបាន​ចូលទៅក្នុង​រូងភ្នំ​នៅ​ភាគ​ខាងជើង​របស់​ប្រទេស​អេ​ស្ប៉ា​ញ​បាន​ឆ្ងាយ​ដល់​ទៅ 5.5ម៉ា​យល៍(ប្រមាណ​ជា 9គីឡូម៉ែត្រ)ដោយ​ឧបករណ៍​មុជទឹក​ដែល​ពួកគេ​កែច្នៃ​ឡើងជា​ពិសេស។

    រ៉ូ​ប៊ើ​ត ហា​ពើ​រ៍

    អ្នកគ្រប់គ្រង​លើ​ប្រតិបត្តិការ​របស់​អ្នក​មុជទឹក​ជនជាតិ​អង់គ្លេស​ផ្សេងទៀត​ក្នុងការ​បញ្ជាក់​ពី​ទីកន្លែង​របស់​ក្រុម​ជ្រូកព្រៃ​ទាំង 13នាក់​នៅក្នុង​រូងភ្នំ​នោះ មិនមែនជា​នរណា​ផ្សេង​ឡើយ គឺ​លោក រ៉ូ​ប៊ើ​ត ហា​ពើ​រ៍ អ្នក​ចំណាន​ការ​ផ្នែក​ល្អាង​ភ្នំ និង​រន្ធ​បង្ហុយជ្រៅៗលើ​រូងភ្នំ មកពី​ទីក្រុង សាំ​មើ​រ៍​សិត វ័យ 70ឆ្នាំ​ដែល​ធ្វើដំណើរ​មក​ប្រទេស​ថៃ​ព្រមជាមួយ​លោក វ៉ូ​ឡាន់​ថេ​ន និង​លោក ស្ទែ​ន​តាន់ ហ្នឹងឯង។

    បន្ទាប់ពី​ភារកិច្ច​តាមរក​ក្រុមក្មេងៗជ្រូកព្រៃ​ចប់សព្វគ្រប់ លោក ហា​ពើ​រ៍ ក៏​ធ្វើដំណើរ​ត្រឡប់​ទៅ​ប្រទេស​វិញ​កាលពី​ថ្ងៃទី5 កក្កដា​កន្លងទៅ ដោយមាន​លោក វីរៈ​ស័ក្តិ ខូវៈ​ស៊ុ​រ៉ាត់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​កីឡា​របស់​ថៃ​ជូន​ដំណើរ​រហូត​ទៅដល់​អាកាសយានដ្ឋាន និង​បាន​ថ្លែងអំណរគុណ​លោក ហា​ពើ​រ៍ ដែល​បាន​បំពេញ​តួនាទី​យ៉ាង​អស់ពី​សមត្ថភាព និង​លះបង់ និង​ពិតជា​អ្នកជំនាញ​អាជីព​ដ៏​ខ្លាំង​អស្ចារ្យ​មែន។

    គ្រី​ស ជី​វេ​ល​ល៍ និង​ចេ​សាន់ ម៉ា​ល់​លិ​សាន់

    គ្រី​ស ជី​វេ​ល​ល៍ និង​ចេ​សាន់ ម៉ា​ល់​លិ​សាន់ ធ្វើដំណើរ​មក​ចូលរួម​ក្នុង​ប្រតិបត្តិការ​នាំខ្លួនក្មេងៗក្រុម​ជ្រូកព្រៃ​ចេញពី​រូងភ្នំ ដោយសារ​ពួកគេ​ជា​សមាជិក​របស់ “ក្រុម​អ្នក​មុជទឹក​ក្នុង​រូងភ្នំ”(Cave Diving Group)ដែលជា​សមាគម​អ្នក​មុជទឹក​ក្រោម​ដី​ស្ម័គ្រ ចិត្ត​ដ៏​ចំណាស់​បំផុត​នៅក្នុង​ប្រទេស​អង់គ្លេស។

    លោក ជី​វេ​ល​ល៍ និង​លោក​ម៉ា​ល់​លិ​សាន់ បានទទួល​ការលើកតម្កើង​ថា ជា​អ្នកជំនាញការ​ផ្នែក​ការ​មុជទឹក​នៅក្នុង​រូងភ្នំចង្អៀតៗ ដោយ​លោក​ម៉ា​ល់​លិ​សាន់​ធ្លាប់បាន​ជួយសង្គ្រោះ​ជីវិត​អ្នកពិនិត្យ​រូងភ្នំ​ជនជាតិ​អង់គ្លេស 6នាក់​ចេញពី​ក្នុង​រូងភ្នំ ខេ​បា ដេ អាល់​ប៉ា​សាត់ ក្នុងប្រទេស​ម៉ិ​ក​ស៊ិ​ក​រួចមកហើយ និង​ស្ថិតនៅក្នុង​ក្រុម​អ្នក​បំបែក​ឯតទគ្គ​កម្ម​មុជ​ទឹកបាន​ឆ្ងាយ​បំផុត​ក្នុង​ពិភពលោក​ជាមួយ​លោក វ៉ូ​ឡាន់​ថេ​ន និង​លោក​ស្ទែ​ន​តាន់​ទៀតផង។

    ចំណែកឯ​លោក ជី​វេ​ល​ល៍ វិញ​ជា​សមាជិក BCRC ធ្លាប់​ចូលទៅ​ពិនិត្យ​រូងភ្នំថ្មីៗនៅក្នុង​ប្រទេស​អង់គ្លេស និង​ក្រៅប្រទេស​ជាច្រើន​រួចមកហើយ រួមទាំង​រូងភ្នំ ហួ​អាត់​ឡា ក្នុងប្រទេស​ម៉ិ​ក​ស៊ិ​ក ដែលជា​រូងភ្នំ​ជ្រៅ​បំផុត​នៅ​ប៉ែក​ប្រទេស​លោកខាងលិច។ លោក​ជាមួយ​សមាជិក​ដទៃទៀត​ក្នុង​ក្រុម​ធ្លាប់បាន​ចូលទៅ​ដល់​ចំណុច​ជ្រៅ​បំផុត​នៅក្នុង​រូងភ្នំ​ដែល​ល្បីល្បាញ​ថា ជា​ចំណុច​ដ៏​អាថ៌កំបាំង​បំផុត​មួយ​ក្នុង​ពិភពលោក​នេះ​ទៀតផង។

    ធី​ម អ៊ែ​ក​តុ​ន

    លោក ធី​ម អ៊ែ​ក​តុ​ន អ្នក​មុជទឹក​វ័យ 39ឆ្នាំ​ក៏​ស្ថិតក្នុង​ក្រុម​អ្នកប្រតិបត្តិ​ការជួយ​សង្គ្រោះ​ក្រុម​ជ្រូកព្រៃ​ចេញពី​រូងភ្នំ​ថាំ​លួង​ដែរ ដោយ​លោកធំ​ធាត់​ឡើង​នៅក្នុង​ទីក្រុង ហា​វិ​ជ ចាប់ផ្ដើម​មុជទឹក​ក្នុង​ឯ​សមុទ្រ​ខាងក្រៅ​មណ្ឌល អេស​ឆេ​ក មុននឹង​ផ្លាស់​មក​រស់នៅ​ក្នុងប្រទេស​ថៃ​កាលពី 12ឆ្នាំមុន និង​បច្ចុប្បន្ននេះ​លោក​មាន​ធុរកិច្ច​ផ្ទះសំណាក់​មួយ​ជាមួយ “ទុក” ភរិយា​ជនជាតិ​ថៃ​របស់លោក។

    កាលពី​ឆ្នាំ2003 លោក​បាន​ចូលទៅក្នុង​ហេតុការណ៍​មហា​រលក​យក្ស ស៊ូណាមិ ដែល​បោកបក់​កម្ទេច​ភាគខាងត្បូង​របស់​ប្រទេស​ថៃ និង​បានទទួល​ការកោតសរសើរ​ពី​សំណាក់​លោក​ឯកអគ្គរាជទូត​នៃ​ប្រទេស​អង់គ្លេស​នាពេលនោះ​ទៀតផង ព្រោះ​លោក​បាន​ជួយសង្គ្រោះ​ជីវិត​មនុស្ស​ជាច្រើន​នៅពេលដែល​ភូមិ​មួយ​ដែល​លោក​បាន​បើក​សាលា​បង្ហាត់​មុជទឹក​ត្រូវបាន​លិចទៅ​ក្នុង​ទឹក។

    លោក អ៊ែ​ក​តុ​ន បានទទួល​ការអញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​ប្រតិបត្តិការ​ជួយសង្គ្រោះ​ក្រុម​ជ្រូកព្រៃ​នេះ ក្រោយពី​បាន​ទាក់ទង​ជាមួយ​ក្រុម​ស៊ី​ល​របស់​ថៃ ហើយ​លោក​បាន​ចូលទៅក្នុង​រូងភ្នំ​ថាំ​លួង​ជាច្រើន​ដង៕

  • 10 សញ្ញា​ដាស់តឿន​ថាជីវិត​គូ​ចាប់ផ្ដើម​មាន​បញ្ហា

    10 សញ្ញា​ដាស់តឿន​ថាជីវិត​គូ​ចាប់ផ្ដើម​មាន​បញ្ហា

    នៅពេល​មនុស្ស​ពីរ​នាក់​កើតមាន​សេចក្ដីស្នេហា​រវាង​គ្នា​និង​គ្នា​ហើយ ការចង់​រស់នៅ​ជិតដិត​នែបនិត្យ​ក្បែរ​គ្នា គឺជា​ក្ដី​ប្រាថ្នា​យ៉ាងខ្លាំង​ក្លា រហូត​នាំ​ឆ្ពោះទៅរក​ការរួម​រស់នៅ​ជាមួយគ្នា តែមាន​ច្រើន​គូ​ណាស់​ដែល​បន្ទាប់ពី​នោះមក​ក៏​កើត​អាការ​ទឹកឃ្មុំ​លែង​ផ្អែម​ដូច​កាលពី​ថ្ងៃ​ម្សិល​ បន្ទាប់ពី​រួមរស់​នៅ​ជាមួយគ្នា​បាន​មួយរយៈ​ពេល​មក ហើយ​ពេលនោះ​សញ្ញា​ដាស់តឿន​ក៏​ចាប់ផ្ដើម​លេចចេញ​មកឱ្យ​ឃើញថា ជីវិត​ស្នេហ៍​នឹង​កើត​បញ្ហា​ហើយ…។

    1. ចាប់ផ្ដើម​មាន​អារម្មណ៍​សប្បាយចិត្ត​ឡើង​ពេល​បាន​នៅ​ម្នាក់ឯង : ពេលណា​ក៏ដោយ​ដែល​អារម្មណ៍​មួយ​នេះ​កើតឡើង គឺ​បញ្ជាក់ថា ក្ដី​នឹកនា​ស្នេហា​រវាង​គ្នា និង​គ្នា​ចាប់ផ្ដើម​ថយចុះ​ហើយ។ ជីវិត​ស្នេហ៍ គឺ​ចំណង​ផ្លូវចិត្ត​ដែល​មើលមិនឃើញ​ខ្សែ​សម្ព័ន្ធ​នៃ​ស្នេហា តែ​យើង​អាច​ដឹងបាន និង​ប៉ះពាល់​បាន បើទោះបីជា​ពេលខ្លះ​រស់នៅ​ឆ្ងាយ​ពីគ្នា​មែន តែ​ក៏​នៅតែ​នឹក​ស្រមៃ​រកគ្នា​ជានិច្ច ប៉ុន្តែ​នៅពេលណា​ដែល​ខ្លួន​អ្នក ឬ​គូស្នេហ៍​របស់​អ្នក​ចាប់ផ្ដើម​នឹកនា​ដល់​គ្នា​កាន់តែ​តិចទៅៗ នោះ​បង្ហាញថា ទោះ​មាន ឬក៏​អត់​រូបអ្នក(ឬ​គេ) ក៏​គ្មាន​ន័យ​អ្វី​ក្នុងការ​រស់នៅ​ដែរ។ នេះ​ជាស​ញ្ញា​ដាស់តឿន​ដំបូង​គេ​ដែល​បង្ហាញថា បញ្ហា​ចាប់ផ្ដើម​កើត​ហើយ។

    2. ឃើញ​ពួកម៉ាក និង​ការងារ​ល្អ​ជាង : ជា​អាការ​បន្ត​ពី​ចំណុច​ដំបូង​មក​គឺម្នាក់ៗព្យាយាម​រកហេតុ​ផល​ដែល​ធ្វើ​ម៉េច​ឱ្យ​ជួបគ្នា​កាន់តែ​តិច​ទៅ មិនថាតែ​ការ​អាង​លេស​ថា មានកា​ងារ​ច្រើន​រហូត​គ្មាន​ពេល ឬ​មាន​ពិធីជប់លៀង​ជាមួយ​មិត្ត​ភក្តិ ឬ​ជាប់​ប្រជុំ​នៅតាម​ខេត្ត រួមទាំង​ព្យាយាម​រក​ការងារ​មក​ធ្វើឱ្យ​ច្រើន​ហួសហេតុ ជាពិសេស​គ្មាន​ការឈប់​សម្រាក​នៅ​ថ្ងៃ​ឈប់​ចុង​សប្ដាហ៍ និង​ព្យាយាម​ធ្វើការ Over time ទាំង​មិន​ចង់បាន​លុយ​ទៀតផង។

    3. ចាប់ផ្ដើម​កើត​បញ្ហា​រឿង​លុយកាក់ : បើជា​ការរក្សា​ទុកដាក់​លុយកាក់​រួមគ្នា ក៏​នឹង​ចាប់ផ្ដើម​មានការ​សួរដេញដោល​ពី​ការចាយវាយ​របស់ម្នាក់ៗយ៉ាង​ល្អិតល្អន់ ទាំង​កាល​ពីមុនមក​តែង​ទុកចិត្ត និង​មិនដែល​សួរនាំ​គ្នា​សោះ ឬ​បើជា​ការ​ទុកដាក់​លុយកាក់រៀងៗខ្លួន​វិញ ក៏​នឹង​ចាប់ផ្ដើម​លែង​និយាយ​ពី​ប្រាក់ចំណូល​របស់​គ្នា​ទៅវិញទៅមក រួមទាំង​អាចមាន​ការចាប់​ថ្នាក់​បាន​ថា មានការ​លាក់បាំង​លុយកាក់​មិនឱ្យ​គ្នា​ដឹង​ទៀតផង។ អាការ​បែបនេះ ជា​អា​ការដែល​មិនសូវ​ជា​ល្អ​ប៉ុន្មានឡើយ​ក្នុងការ​មាន​សម្ព័ន្ធ​ស្នេហ៍​ដែល​រលូន​ល្អ​នោះ។

    4. កើតក្ដី​ប្រយ័ត្នប្រយែង និង​សង្ស័យ​គ្នា : ធ្លាប់តែ​ទុកចិត្ត​គ្នា មិនដែល​សួរនាំ​លើ​រឿងរ៉ាវ​ពាក់ព័ន្ធ​នឹង​រឿង​ការងារសោះ ក៏​នឹង​ចាប់ផ្ដើម​សួរដេញដោល។ទៅណា​ជាមួយ​មិត្ត​ភក្តិ​ប្រុស(ឬ​ស្រី)ក៏​នឹង​ចាប់ផ្ដើម​កើតមាន​អារម្មណ៍​សង្ស័យថា មាន​នោះ មាន​នេះ អ្នកខ្លះ​ក៏​លួច​មើល​សំណេរ​ដែល​សរសេរ​ផ្ញើ​ទៅ​គ្នា មិនថាតែ​ក្នុង​ទូរស័ព្ទ ឬ​អុីម៉ែល និង​មានការ​សួរដេញដោល​គ្នាត្រង់ៗថា ដែល​ប្រាប់ថា​ទៅ​កន្លែង​នោះ ធ្វើការ​នោះ ទៅជា​មួយម្នាក់​នោះ ជា​រឿង​ពិត​មែនឬ? ទៀតផង។

    5. ភាពស្ងប់ស្ងាត់​ចាប់ផ្ដើម​បាត់អស់ : កើតការ​ឈ្លោះប្រកែក​គ្នា​ឡើង សូម្បីតែ​រឿង​តូចតាច និង​មិនសូវមាន​ការព្រម​ចុះចាញ់​គ្នា​ដូច​កាលពីពេល​ស្រឡាញ់គ្នាថ្មីៗឡើយ ហើយ​ពេល​ឈ្លោះប្រកែក​គ្នា ក៏​នឹង​ព្យាយាម​យកឈ្នះ​ដោយ​មិន​ព្រមស្ដាប់​ហេតុផល​របស់​គ្នា​ទៅវិញទៅមក​ឡើយ។ ប្រកាសច្បាស់ៗតែម្ដង​ថា “ខ្ញុំ​ត្រូវ បង​ឯង(ឬ​អូន​ឯង)ខុស!” និង​គ្មាន​ខាង​ណាមួយ​ទទួលស្គាល់​កំហុស ឬ​ហាមាត់​សុំទោស​ដូច​កាល​គ្រា​មុន​ឡើយ។

    6. ចាប់ផ្ដើម​កុហក​គ្នា និង​លែង​ទុកចិត្ត​គ្នា​តទៅទៀត : ត​ពី​ការ​កើតក្ដី​ប្រយ័ត្នប្រយែង និង​សង្ស័យ​គ្នា បើ​សម្ព័ន្ធភាព​ចាប់ផ្ដើម​អាក្រក់ទៅៗខ្លាំង​ជាង​មុន ក៏​នឹង​ចាប់ផ្ដើម​កុហក​ក្នុង​រឿង​ដែល​មិន​ចង់ឱ្យ​អ្នក​ម្ខាង​ទៀត​ដឹង ហើយទោះជា​ចាប់​កុហក់​បាន ក៏​នៅតែ​ខំ​រក​ផ្លូវ​កុហក់​ថែមទៀត​ ដោយ​វិធីផ្សេងៗ ធ្វើឱ្យ​ចាប់ផ្ដើម​លែង​ទុកចិត្ត​គ្នា​ទៅវិញទៅមកហើយ​នៅពេលនោះ សេចក្ដីស្នេហា​ក៏​នឹង​ចាប់ផ្ដើម​ចាកចេញ​ចោល។

    7. មើលឃើញ​អ្នកផ្សេង​ល្អ​ជាង : ការមើលឃើញ​អ្នកផ្សេង​ដែល​ដើរ​ចូលមកក្នុង​ជីវិត​ល្អ​ជាង​អ្នក​ដែល​នៅ​ជាមួយ​នោះជា​សញ្ញា​ដាស់តឿន​មួយ​ដែល​ចាប់ផ្ដើម​គិតថា អ្នក​ដែល​នៅ​ជាមួយ​នោះ​លែងមាន​តម្លៃ រួមទាំង​ខ្លួនឯង​ក៏មាន​ជម្រើស​ដែល​អាច​នឹង​ល្អ​ជាង​ទៀតផង នៅពេលនោះ​ហើយ​ដែល​ការចាប់ផ្ដើម​មើលឃើញរ​បស់​ថ្មី​ល្អ​ជាង​របស់​ចាស់​បានក​កើតឡើង។

    8. ប្រកែក និង​គេចវេះ​ពី​ការ​មាន​ភេទ​សម្ព័ន្ធ : ព្យាយាម​ក្នុងការ​គេចវេះ​ពី​ការប៉ះពាល់​ខ្លួនប្រាណ​គ្នា គេច​ចៀស​ពី​ការចូល​គេង​ដំណាលគ្នា ឬ​ក្នុង​រយៈដំបូងៗទោះ​ជាមាន​សម្ព័ន្ធ​សង្វាស​នឹង​គ្នា​ក៏ដោយក៏​នឹងមាន​អារម្មណ៍​ថា លែង​ដូច​ពីមុន លែងមាន​សេចក្ដីសុខ​ដូច​មុន និង​ព្យាយាម​ក្នុងការ​រិះរក​វិធី​មិន​ឱ្យមាន​ភេទ​សម្ព័ន្ធ​នឹង​គ្នា បើ​ធ្វើបាន។ បើសិនជា​បែបនេះហើយ សម្ព័ន្ធភាព​ស្នេហ៍​ចាប់ផ្ដើម​ពិបាក​នឹង​ព្យាបាល​ហើយ។

    9. រក​វិធី​គេង​បន្ទប់​ផ្សេងគ្នា : រួច​ហើយក៏​មកដល់​ការមិន​ចង់​គេង​រួម​គ្រែ​ជាមួយគ្នា គឺជា​សញ្ញា​ដាស់តឿន​ចុងក្រោយ មុននឹង​បែកបាក់​ជា​ស្ថាពរ។

    10. ចាប់ផ្ដើម​មាន​ម្នាក់​និយាយ​ពាក្យ​ថា “លែងលះ” : គេ​តែង​និយាយថា បើ​មិន​ចង់​លែងលះគ្នា​មែនទែន​ទេនោះ ទោះជា​ឈ្លោះប្រកែក​គ្នា មិន​ពេញចិត្ត​គ្នា​យ៉ាងណាក៏ដោយក៏​សុំឱ្យ​ចៀស​ពី​ពាក្យ​ថា “លែងលះ” ឱ្យបាន​ឆ្ងាយ និង​យូរ​បំផុត ព្រោះ​នៅពេល​ចាប់ផ្ដើម​មាន​នរណាម្នាក់​នឹក​ដល់​រឿងនេះ នោះ​បង្ហាញថា អាច​នឹង​មកដល់​ចំណុច​ដែល​លែងមាន​ការ​បែរ​ត្រឡប់ក្រោយ​ហើយ ហើយបើ​រឹតតែ​លែង​ទុក​នៅក្នុង​ចិត្ត ហើយ​និយាយ​ចេញមក​ផង​នោះ អាច​ចាប់ផ្ដើម​រាប់​ថយក្រោយ​ដល់​ថ្ងៃ​ដែល​នឹង​ចែកផ្លូវ​គ្នា​ជា​និរន្តរ៍​បាន​ហើយ។

    អ្នកគ្រូ ឆវី ចង់​ផ្ដាំ​ថា សេចក្ដីស្នេហា នៅពេល​កើតឡើង​ហើយ និង​បើ​ចង់​ឱ្យនៅ​ស្ថិតស្ថេរ​គង់វង្ស ត្រូវតែ​ឧស្សាហ៍​បន្ថែម​សេចក្ដីស្រឡាញ់​ឱ្យ​គ្នា​មួយថ្ងៃបន្តិចៗ មើល​ឃើញតែ​អំពើ​ល្អ​របស់​គ្នា​មួយថ្ងៃបន្តិចៗ តែ​សុំឱ្យ​ស្រឡាញ់គ្នា​ឱ្យច្រើនៗ និង​យូរអង្វែង៕

  • មជ្ឈមណ្ឌល​មន្ទីរពិសោធន៍​ឧស្សាហកម្ម​ថ្មី នឹង​បញ្ចប់​ការសាងសង់​នៅ​ដំណាច់ឆ្នាំ2019

    មជ្ឈមណ្ឌល​មន្ទីរពិសោធន៍​ឧស្សាហកម្ម​ថ្មី នឹង​បញ្ចប់​ការសាងសង់​នៅ​ដំណាច់ឆ្នាំ2019

    មន្ទីរពិសោធន៍​ថ្មី​មួយ​សម្រាប់​ធ្វើតេស្ត​ពិសោធ​ផលិតផល​ក្នុងស្រុក និង​ចេញ​លិខិតបញ្ជាក់​គុណភាព​នាំចេញ នឹង​បើក​ឱ្យ​ដំណើរការ​នៅ​ដំណាច់ឆ្នាំ2019ខាងមុខ។ នេះ​បើតាម​ការ​ឱ្យដឹងពី​ឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម។

    ឯកឧត្ដម ចម ប្រសិទ្ធ បានឱ្យដឹង​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ទីតាំង​ដែល​មន្ទីរពិសោធន៍​ដែល​កំពុង​ត្រូវបាន​សាងសង់​ដោយបាន​ថ្លែងថា៖ «មន្ទីរពិសោធន៍​នេះ​នឹង​ក្លាយជា​មជ្ឈមណ្ឌល​ធំ និង​ទំនើប​បំផុត​មួយ​នៅ​កម្ពុជា និង​ជា​មជ្ឈមណ្ឌល​មន្ទីរពិសោធន៍​ឧស្សាហកម្ម​ទី2 នៅ​កម្ពុជា» ដោយ​ការសាងសង់​ត្រូវ​រំពឹងថា នឹង​បញ្ចប់​នៅ​ចុងឆ្នាំ2019 ហើយ​វា​នឹង​ក្លាយជា​គន្លឹះ​សំខាន់​ក្នុង​ការជំរុញ​សេដ្ឋកិច្ច និង​បង្កើត​ការងារ។

    បើតាម​មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​បានឱ្យដឹងថា មជ្ឈមណ្ឌល​មន្ទីរពិសោធន៍​នេះ​នឹង​ស្ថិតនៅក្រោម​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា(ISC ៖ The Institute of Standards of Cambodia) ហើយ​វា​នឹង​ត្រូវបាន​បំពាក់​ដោយ​ឧបករណ៍​មន្ទីរពិសោធន៍ទំនើបៗដើម្បី​ពិសោធ​ផលិតផល​គ្រប់​ប្រភេទ​សម្រាប់​នាំចេញ និង​ធានាថា ផលិតផល​ទាំងនោះ​ត្រឹមត្រូវ​តាម​ស្តង់ដារ​ជាតិ និង​អន្តរជាតិ ហើយក៏​អាច​ប្រកួតប្រជែង​ជាមួយនឹង​ផលិតផលផ្សេងៗទៀត​បានដែរ។

    លោក អ៊ុំ សុថា អ្នកនាំពាក្យ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ប្រាប់​គេហទំព័រ​ឡា​រ៉ែ​ន​តាម​ទូរស័ព្ទ​ថា ការពង្រីក​សមត្ថភាព​មជ្ឈមណ្ឌល​មន្ទីរពិសោធន៍​នេះ​បានចែង​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី3 របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី5 ក្នុង​គោលបំណង​ចូលរួមចំណែក​ពង្រឹងគុណភាព​ផលិតផល​របស់​ខ្មែរ។

    លោក​បន្តថា គោលការណ៍​ដែល​យើង​ទៅធ្វើ​ការប្រកួតប្រជែង​ខាងក្រៅ វា​ផ្តោតទៅលើ​គុណ​ភាពជា​ចម្បង ដូច្នេះ​ដើម្បីឱ្យ​ប្រាកដថា ទំនិញ​យើង​ត្រូវ​ស្តង់ដារ​ឬ​នៅ? យើង​ត្រូវ​លើកទឹកចិត្ត​ផ្នែក​ឯកជន ធ្វើយ៉ាងណា​ឱ្យ​គាត់​ងាក​មក​ផលិត​តាម​ស្តង់ដារ ដែល​អាច​ជ្រៀតចូល​ទីផ្សារ​ក្រៅប្រទេស​ក៏បាន​និង​ប្រកួតប្រជែង​ក្នុងស្រុក​ក៏បាន គឺ​យើង​ត្រូវ​ពង្រីក​សមត្ថភាព​ក្នុង​មន្ទីរពិសោធន៍​ឧស្សាហកម្ម​កម្ពុជា។

    លោក​បញ្ជាក់ថា កន្លងមក​យើង​មាន​មន្ទីរពិសោធន៍​ឧស្សាហកម្ម​ចាស់ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ5 តែមាន​ទំហំ​តូច និង​ឧបករណ៍​ក៏​មិន​ទំនើប​ដែរ។ ថ្វីដ្បិតតែ​មន្ទីរពិសោធន៍​យើង​ត្រូវបាន​ទទួលស្គាល់​ពី​ស្ថាប័ន​ពិសោធន៍​អន្តរជាតិ ទទួលបាន ISO ពី​អង្គការ​ស្តង់ដារ​អន្តរជាតិ​ហើយ​ថា មន្ទីរពិសោធន៍​របស់​យើង​មានលទ្ធភាព សមត្ថភាព​វាយតម្លៃ និង​ធ្វើ​ពិសោធន៍​លើ​ផលិតផល​របស់​យើង​បាន​មែន​ក្ដី តែ​នៅ​មិនទាន់​ឆ្លើយតប​ទៅនឹង​ទំហំ​រោងចក្រ-សិប្បកម្ម​ដែល​កំពុង​រីកចម្រើន​នាពេល​សព្វថ្ងៃនេះ​ទេ ព្រោះ​គ្រាន់តែ​រោងចក្រ យើង​មាន​ប្រមាណ​ជាង1,600កន្លែង ឯ​សហគ្រាស​ធុន​តូច និង​មធ្យម​មាន​ប្រមាណ​ជា10ម៉ឺន ដូច្នេះ​ការពង្រីក​មន្ទីរពិសោធន៍​ថ្មី​ជាការ​ចាំបាច់​ណាស់។

    លោក​បន្តថា គម្រោង​នេះ​ថ្មី តែ​អង្គភាព​មិនមែន​ថ្មី​ទេ ដែលថា​ថ្មី​នោះ​គឺ ការពង្រីក​សមត្ថភាព​ព្រោះ​មន្ទីរពិសោធន៍​ថ្មី​នេះ​នឹង​ត្រូវបាន​បង្កើតឡើង​ដោយមាន​កម្ពស់ 7ជាន់ ដែលមាន​សមត្ថភាព​ធំ​ជាង​មុន និង​បំពាក់​ដោយ​ឧបករណ៍ទំនើបៗជាង​បន្ទប់ពិសោធន៍​ដែលមាន​ស្រាប់​នៅក្នុង​ខណ្ឌឫស្សីកែវ​នោះ និង​ប្រហែលជា​ត្រូវ​ចំណាយ​ច្រើន​ទៀតផង តែ​យើង​ក៏មាន​បណ្តា​ប្រទេស​ជាច្រើន​ចង់​ជួយ​ជា​ឧបករណ៍​ពិសោធន៍ទំនើបៗដែរ ប៉ុន្តែ​ដោយសារ​យើង​មិនទាន់មាន​មន្ទីរពិសោធន៍ធំៗដែល​អាចដាក់​ឧបករណ៍​ពិសោធន៍ទំនើបៗទាំង​នោះបាន ទើប​យើង​ត្រូវខិតខំ​រៀបចំ​ទីតាំង​ថ្មី​នេះ​សិន។

    អ្នកនាំពាក្យ​ក្រសួង​រូបនោះ​បានបញ្ជាក់​ទៀតថា៖ «គោលបំណង​របស់​មជ្ឈមណ្ឌល​មន្ទីរពិសោធន៍​ថ្មី​របស់​យើង គឺ​ដើម្បី​ជួយ​ដល់​ក្រុមហ៊ុន​ផលិតកម្ម​ក្នុងស្រុក ក្នុង​វិស័យ​ឧស្សាហកម្ម និង​សិប្បកម្ម​ទាំងមូល»។ លោក​បាន​បន្ថែមថា រដ្ឋាភិបាល​នឹង​ចាប់ផ្តើម​ធ្វើការ​ចរចា​ជាមួយ​ប្រទេស​អ្នកទិញ​ដើម្បីឱ្យ​ពួកគេ​ទទួលស្គាល់​លទ្ធផល​នៃ​មន្ទីរពិសោធន៍​នេះ។

    លោក​បញ្ជាក់ថា មន្ទីរពិសោធន៍​ថ្មី​នេះ​នឹងត្រូវ​ធ្វើឱ្យ​ដំណើរការ តែ​រោងចក្រ-សហគ្រាស​ត្រូវ​បង់ថ្លៃ​សេវា​តាម​មុខទំនិញ ឬ​ផលិតផល​ដែល​ខ្លួន​បាន​ផលិត ប៉ុន្តែ​មានពេលខ្លះ​ផលិតផល​ដែល​ត្រូវ​វិភាគ​យើង​មិន​ទាមទារ​ឱ្យមាន​ការបង់ថ្លៃ​សេវា​ទេ ឧទាហរណ៍​ដូចជា​ផលិតផល​មាន​ជាតិពុល ឬ​ផលិតផល​ដែល​យើង​សង្ស័យ ក្រុមអធិការកិច្ច​យើង​នឹង​ចុះទៅ​ធ្វើ​តែម្តង ក្នុង​គោលដៅ​ការពារ​ផលប្រយោជន៍​សាធារណៈ។

    លោក​បញ្ជាក់ថា មួយវិញទៀត វា​គឺជា​តម្រូវការ​មួយ​ដែល​យើង​ត្រូវធ្វើ​ពិសោធន៍​ឱ្យគេ និង​ជូន​ដល់​វិស័យ​ឯកជន​ក្នុងនាម​ជា​អ្នកផ្តល់​សេវា​ឱ្យ​អតិថិជន​ថា តើ​ផលិតផល​របស់​ពួកគេ​ត្រូវ​តាម​កម្រិតស្តង់ដារ និង​មាន​គុណភាព​គ្រប់គ្រាន់​ឬទេ? គេ​ត្រូវយក​ផលិតផល​នោះ​ទៅ​មន្ទីរពិសោធន៍ ដើម្បី​គេ​ទទួលបាន​វិញ្ញាបនបត្រ​ដែល​បញ្ជាក់​ពី​ផលិតផល​របស់គេ។ នៅពេលដែល​គេ​ទទួលបាន​វិញ្ញាបនបត្រ​បញ្ជាក់​ពី​គុណភាព​នៃ​ផលិតផល​ពី​មជ្ឈមណ្ឌល​មន្ទីរពិសោធន៍​យើង​ហើយ ផលិតផល​របស់​ក្រុមហ៊ុន-សហគ្រាស ទាំងនោះ​នឹងមាន​កម្រិតស្តង់ដារ​ត្រឹមត្រូវ​តែម្តង។

    លោក​បាន​បន្ថែមថា វិស័យ​ឯកជន គាត់​នឹង​លែង​ព្រួយបារម្ភ​ពី​បញ្ហា​នាំ​ផលិតផល​ចេញ​ទៀតហើយ ព្រោះ​ផលិតផល​ដែល​បាន​ឆ្លងកាត់​មន្ទីរពិសោធន៍​ថ្មី​នេះ​នឹងមាន​ការទទួលស្គាល់​ជា​អន្តរជាតិ ដោយហេតុថា មន្ទីរពិសោធន៍​ថ្មី​របស់​យើង​នេះ​មានការ​ទទួលស្គាល់​ពី​ស្ថាប័ន​អន្តរជាតិ​រួចហើយ។ យើង​កំពុង​រង់ចាំ​មន្ទីរពិសោធន៍​ថ្មី​ដែល​យើង​រំពឹងថា នឹងធ្វើ​ឱ្យអ្វីៗកាន់​តែមាន​ភាពប្រសើរ​ឡើង និង​កាន់តែ​ងាយស្រួល​សម្រាប់​យើង ព្រោះអ្វីៗដែល​យើង​រំពឹងទុក និង​ចាប់​ផ្តើមធ្វើ​នេះ គឺ​ក្នុង​គោលបំណង​ជួយ​ដល់​វិស័យ​ឯកជន​ក្នុងទិសដៅ​ជំរុញ​ការរីកចម្រើន​សេដ្ឋកិច្ច​របស់​ប្រទេស​យើង៕