Category: សង្គម និងសេដ្ឋកិច្ច

  • Justin Biber ឱបថើបគូដណ្ដឹងក្នុងឈុតសម្លៀកបំពាក់សិចស៊ីក្ដៅសាច់

    Justin Biber ឱបថើបគូដណ្ដឹងក្នុងឈុតសម្លៀកបំពាក់សិចស៊ីក្ដៅសាច់

    តាមរយៈសារព័ត៌មាន Teenee បានចេញផ្សាយនៅថ្ងៃទី 16 ខែកក្កដា ឆ្នាំ 2018 នេះ បានឱ្យដឹងថា តារាចម្រៀងប្រុស Justin Biber បានបង្ហោះរូបភាពផ្អែមល្ហែមឱបថើបបឺតមាត់គ្នាជាមួយគូដណ្ដឹងរបស់នៅបណ្ដាញទំនាក់ទំនងសង្គម IG នៅក្នុងឈុតសម្លៀកបំពាក់សិចស៊ីក្ដៅសាច់ ដែលទាក់ទាញចិត្តអ្នកគាំទ្ររហូតដល់មានអ្នកចុច Like ដល់ទៅ 6 លាននាក់ ក្នុងរយៈពេល 8 ម៉ោង។

    សូមជម្រាបផងដែរថា គូដណ្ដឹងរបស់តារាចម្រៀងប្រុសរូបនេះត្រូវបានគេស្គាល់ថាជាកញ្ញា Haley Baldwin ដែលអ្នកទាំងពីរចាប់ផ្ដើមស្គាល់គ្នាតាំងពីអំឡុងឆ្នាំ 2009 និងបានទំនាក់ទំនងស្នេហាគ្នារយៈពេល 1 ឆ្នាំ ។ គូស្នេហ៍ទាំងពីរនោះ ជាគូស្នេហ៍វ័យក្មេង ការចាប់ផ្ដើមស្នេហាដំបូងរបស់ពួកគេ គេមើលឃើញថាដូចជាភ្លើងចំបើងដែលឆាបឆេះតែមួយឆាវប៉ុណ្ណោះ។ លុះដល់ឆ្នាំ 2015 ពួកគេទាំងពីបានធ្វើការចាប់ផ្ដើមទំនាក់ទំនងស្នេហាសារជាថ្មី និងបានបង្ហោះរូបគូឱ្យមហាជនបានដឹងផងដែរ។ រហូតដល់ឆ្នាំ 2016 អ្នកទាំងពីរ បានចាប់ផ្ដើមបង្ហាញសកម្មភាពផ្អែមល្ហែមខ្លាំងឡើងៗ ដូចជាឱបថើបបឺតមាត់គ្នា និង មានរូបភាពខ្លះទៀត បានពីភាពសិចស៊ីនៅលើគ្រែតែម្ដង រហូតដល់អ្នកគាំទ្រលាន់មាត់ថា « គូស្នេហ៍សិចស៊ីរោលរាល »។

    ដើម្បីឱ្យកាន់តែជាក់ច្បាស់បន្ថែម សូមទស្សនារូបភាពទាំងអស់ខាងក្រោមនេះ៖

  • Derma Care គ្លីនិកជំនាញខាងថែរក្សាសម្រស់ និងស្បែក បំពាក់ដោយឧបករណ៍ទំនើប

    Derma Care គ្លីនិកជំនាញខាងថែរក្សាសម្រស់ និងស្បែក បំពាក់ដោយឧបករណ៍ទំនើប

    គ្លីនិក Derma Care ដែលជាគ្លីនិកជំនាញខាងថែរក្សាសម្រស់​ និងស្បែក បានបើកដំណើរការនៅក្នុងប្រទេសកម្ពុជាយើងតាំងពីឆ្នាំ2008មកម្ល៉េះ ដោយមានទីតាំងស្ថិតនៅកណ្តាលក្រុងភ្នំពេញ គឺស្ថិតនៅផ្ទះលេខ 161b មហាវិថីព្រះនរោត្តម សង្កាត់បឹងកេងកង 1 ខណ្ឌចំការមនរាជធានីភ្នំពេញ។ ដោយទទួលបានការគាំទ្រពីសំណាក់អតិថិជនក្នុងស្រុក និងក្រៅស្រុកជាច្រើន ជាពិសេសគឺតារាសិល្បៈល្បីៗតែម្តង(អតិថិជនជាង3,000នាក់ និង 30%នៃអតិថិជនសរុប ជាជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជា)។

    គ្លីនិក Derma Care ប្រមូលផ្តុំដោយអ្នកឯកទេសខាងស្បែក ដែលមានបទពិសោធច្បាស់លាស់ និងយូរឆ្នាំ ផ្តល់ជូននូវការពិគ្រោះយោបល់ និងការព្យាបាលយ៉ាងមានប្រសិទ្ធភាពដើម្បីផ្តល់នូវភាពស្រស់ស្អាត និងជួយការពារភាពចាស់ជាងវ័យជូនដល់អតិថិជនគ្រប់ជាតិសាសន៍ ជាមួយនឹងគ្រូពេទ្យឯកទេសពិតប្រាកដ។សេវាកម្មរបស់ គ្លីនិក Derma Care មានដូចជា ៖
    – ឡាស៊ែរ បំបាត់ខ្លាញ់ បន្តឹងស្បែក
    – ម៉ាស៊ីនសម្រករាង
    – ឡាស៊ែរ បំបាក់មុខខ្មូត កាត់ប្រជ្រុយសាច់ដុះ ឫ​ស
    – ឡាស៊ែរ បន្តឹងស្បែកមុខ និងប្រហោងមុខ
    – លើកបន្តឹងត្របកភ្នែកដោយម៉ាស៊ីនផ្លាស្មា
    – ព្យាបាលមុន ដោយពន្លឺ​​ LED
    – ឡាស៊ែរ បង្រួមរន្ធរោម និងរន្ធញើស
    – បញ្ជូលវីតាមីន ជំនួយស្បែកភ្លឺថ្លា
    – ឡាស៊ែរ បំបាត់ជាំមុខ អាចម៍រុយ និងជួយឱ្យស្បែកភ្លឺថ្លា
    – រំលាយខ្លាញ់ដោយម៉ាស៊ីន Ultra S
    – ម៉ាស៊ីនជួយឱ្យស្បែកមុខក្មេងជាងវ័យ
    – ឡាស៊ែរបាញ់លុបស្នាមសាក់
    – ស្ប៉ាខ្លួន
    – ម៉ាស៊ីន​បន្តឹងស្បែកមុខ និងសម្រករាង
    – ម៉ាស្សាមុខ
    – ម៉ាស្សាព្យាបាលមុខ
    – ឡាស៊ែរ បាញ់ជម្រុះរោម
    – ថ្នាំចាក់ជំនួយឱ្យស្បែកសភ្លឺថ្លា​ និងក្មេងជាងវ័យ
    – ស៊ីរ៉ូមវីតាមីន ជំនួយសុខភាព និងស្បែក
    – ថ្នាំចាក់​បំបាត់ភាពជ្រីវជ្រួញ
    – ថ្នាំចាក់បំពេញសាច់
    – ថ្នាំចាក់ជំនួយសុខភាព និងស្បែក
    – វីតាមីនចាក់ជំនួយស្បែកមុខ
    – ថ្នាំចាក់បំបាត់សង្វារ
    – ថ្នាំចាក់រំលាយខ្លាញ់
    – ព្យាបាលសក់ជ្រុះ
    – ការចាក់ខ្សែអំបោះ
    – សេវាបករោមលើដងខ្លួន និងផ្ទៃមុខជាដើម។

    នៅគ្លីនិក Derma Care ក៏មានសេវាកម្មថែរក្សាសម្រស់ ដើម្បីជួយប្រឆាំងនឹងភាពចាស់ជាងវ័យផងដែរ ដោយការប្រឆាំងនឹងភាពចាស់ជាងវ័យនឹងផ្តល់នូវភាពជឿជាក់ដល់លោកអ្នកផ្តល់នូវសុខភាពផ្លូវចិត្តធ្វើឱ្យមានអាយុយឺនយូរព្រោះអាចជួយឱ្យរាងកាយជួសជុលការខូចខាតដែលបណ្តាលមកពីភាពចាស់ និងជួយឱ្យដំណើរការព្យាបាលប្រព្រឹត្តទៅលឿន និងប្រសើរជាងមុន។ ហើយរាល់ការព្រឹក្សា និងវិភាគពីស្ថានភាពស្បែករបស់អតិថិជន គ្លីនិក Derma Care តែងធ្វើការវិភាគឈាមយ៉ាងច្បាស់លាស់ជាមុន ព្រមជាមួយនឹងការព្យាបាល Stemcell, ការព្យាបាលដោយអូហ្សូន, ការព្យាបាលដោយ Colon hydrotherapy, PRP ឬ Stemcell សម្រាប់ការព្យាបាលឆ្អឹង និងសន្លាក់ផងដែរ។ នៅក្នុងគ្លីនិកដ៏ប្រណីតលំដាប់អន្តរជាតិមួយនេះ គឺមានបន្ទប់ពិគ្រោះយោបល់ចំនួន 3ដែលមានភាពធំទូលាយ និងបំពាក់ដោយឧបករណ៍ទំនើបៗនាំចូលពីបរទេស ដើម្បីពិនិត្យស្បែក និងធ្វើការព្យាបាលយ៉ាងត្រឹមត្រូវតាមក្បួនវេជ្ជសាស្រ្តទំនើប ព្រមទាំងបន្ទប់ព្យាបាល និងផ្តល់សេវាកម្មជូនអតិថិជនជាច្រើនទៀត ប្រកបដោយអនាម័យខ្ពស់ និងមានផាសុកភាព។ ហើយម៉ាស៊ីនអេឡិចត្រូនិក និងម៉ាស៊ីនបាញ់ឡាស៊ែររបស់គ្លីនិក Derma Careគឺសុទ្ធសឹងតែជាម៉ាស៊ីនថ្មីបំផុត និងល្អបំផុត ម៉ាក USFDA និងម៉ាក KFDA ដែលជាស្តង់ដាររបស់សហរដ្ឋអាមេរិក អាឡឺម៉ង់ អេស្ប៉ាញ អុីតាលី អុីស្រាអ៊ែល កូរ៉េ និងថៃ ដែលធានាដល់ការព្យាបាលស្បែកប្រកបដោយសុវត្ថិភាព និងទទួលបានប្រសិទ្ភាពដូចបំណងប្រាថ្នា។ គ្លីនិក Derma Care មានក្រុមគ្រូពេទ្យឯកទេសខាងស្បែក និងវេជ្ជបណ្ឌិតដែលមានឯកទេសជំនាញជាជនជាតិខ្មែរ, ថៃ និងកូរ៉េផងដែរ។

    ផលិផលថែរក្សាសម្រស់ស្បែក និងព្យាបាលបញ្ហាស្បែកនៅគ្លីនិក Derma Care មានដូចជា ម៉ាក DrGL គឺជាផលិតផលថែរក្សាស្បែកដ៏ល្បីល្បាញរបស់លោកវេជ្ជបណ្ឌិត Dr.GeorgiaLee ដែលមានការទទួលស្គាល់ និងល្បីល្បាញទូទាំងពិភពលោក ស័ក្តិសមសម្រាប់ប្រភេទស្បែករបស់ប្រជនជននៅក្នុងតំបន់អាស៊ី។ ផលិតផលម៉ាក Face Inc គឺជាផលិតផលដំបូងសម្រាប់ស្បែក និងល្អបំផុតសម្រាប់ថែទាំស្បែក ជួយដោះស្រាយបញ្ហាទូទៅនៃស្បែក ដូចជា ស្បែកកើតមុន បំបាត់ស្នាមជាំ សម្រាប់ស្បែកខ្មៅស្រអាប់ និងស្បែកដែលមានស្នាមជ្រីវជ្រួញ ឱ្យស្រស់ស្អាតផូរផង់ឡើងវិញ។

    សម្រាប់ព័ត៌មានបន្ថែមសូមទូរស័ព្ទទៅកាន់លេខ 088 606 8888 / 077 606 888 ឬចូលទៅកាន់ទំព័រFacebook: derma-care skin clinic / Instagram : dermacare.kh។
    ទទួលបាននូវសម្រស់ស្បែកដ៏ស្រស់ស្អាតជាទីគាប់ចិត្តជាមួយនឹង គ្លីនិក Derma Care កម្ពុជា៕

  • បារាំង លើក​ពាន World Cup ជាលើក​ទី​២ ក្រោយ​ផ្តួល​ក្រូ​អាស៊ី ចាស់​ដៃ​នៅ​ម៉ូស្គូ

    បារាំង លើក​ពាន World Cup ជាលើក​ទី​២ ក្រោយ​ផ្តួល​ក្រូ​អាស៊ី ចាស់​ដៃ​នៅ​ម៉ូស្គូ

    ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​បារាំង បាន​ឈ្នះពាន World Cup ជាលើក​ទី​២ តាម​រយៈ​ការ​បញ្ចប់​ក្តី​សុបិន​របស់​​ក្រុម​ជម្រើស​ជាតិ​​ក្រូ​អាស៊ី នៃការលើកពាន​ជាលើក​ទី​១ តាមរយៈ​ការ​ដណ្តើម​បាន​ជ័យជម្នះក្នុងលទ្ធ​ផល ៤-២ កាល​ពី​ថ្ងៃ​អាទិត្យ ក្នុង​ការ​ប្រកួត​មួយ​ក្នុង​ចំណោម​ការ​ប្រកួត​ដ៏​រំភើប​បំផុត​​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ សម្រាប់​រយៈពេល​ជាច្រើន​ទស​វត្សរ៍កន្លង​មក​នេះ​។

    បារាំង បាន​នាំ​មុខ ២-១ នៅ​ត្រឹម​តង់​ទី​១ ក្រោយពី​ការ​ធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួន​ឯង​ពី​ខ្សែ​ប្រយុទ្ធ Mario Mandzukic និង​ការ​ស៊ុត​បាល់​ប៉េណាល់​១​គ្រាប់​ពី Antoine Griezmann ដែល​ត្រូវ​បាន​ផ្តល់​ឲ្យ​ដោយ​វី​ដេអូ​ជំនួយ​ការ​អាជ្ញា​កណ្តាល (VAR) ខណៈ​ដែល Ivan Perisic បាន​តាមស្មើ​វិញ​ក្នុង​រយៈពេល​ដ៏ខ្លី​សម្រាប់​ក្រុម​ជម្រើស​ជាតិក្រូ​អាស៊ី​។ គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​យ៉ាងល្អ​ពីសំណាក់​ខ្សែ​បម្រើ Paul Pogba និង​ខ្សែ​ប្រយុទ្ធ Kylian Mbappe នៅ​ពាក់​កណ្តាល​តង់​ទី​២ បាន​ជួយ​ឲ្យ​បារាំង ស្ថិតនៅ​ផ្លូវ​ឆ្ពោះ​ទៅកាន់​កា​រលើកពាន Mandzukic បាន​វាយ​បក​១​គ្រាប់​ទៀត​ដោយ​សារ​តែ​ការ​ធ្វេស​ប្រហែស​របស់​អ្នក​ចាំទី Hugo Lloris ដើម្បី​បង្កើត​ឲ្យ​មាន​​ការ​រន្ធត់​ចិត្ត​ក្នុង​រយៈពេល​២០​នាទីចុងក្រោយ​។

    ទោះ​បី​ជា​យ៉ាង​ណា បារាំង បាន​​​រា​រាំង​ការ​វាយ​សម្រុក​យ៉ាងល្អ​របស់​ក្រូ​អាស៊ី ដើម្បី​លើកពាន World Cup ជាលើក​ទី​២ ក្រោយពី​ការ​ឈ្នះពាន​ជាលើក​ទី​១​របស់​ពួកគេ​នៅលើ​ទឹកដីខ្លួន​ឯង​កាលពី​២០ឆ្នាំ​មុន និង​មិន​បណ្តោយ​ឲ្យ​មាន​ការ​ខកចិត្ត​ជាលើក​ទី​២កាលពី​២ឆ្នាំមុន ដែល​នៅ​ពេល​នោះ​ពួក​គេ​បាន​រង​បរា​ជ័យ​​ក្នុង​ព្រឹត្តិ​ការណ៍ Euro វគ្គ​ផ្តាច់​ព្រ័ត្រ ក្រោមស្នា​ដៃក្រុម​ជម្រើស​ជាតិ​ព័រ​ទុយ​ហ្គាល់ នៅ​ទីក្រុង​ប៉ារីស​​។ ក្រោយ​ពី​ត្រូវ​បាន​លើក​បោះ​ចុះ​ឡើង​ដោយ​កីឡាករ​របស់​លោក​បន្ទាប់​ពី​​ការ​ប្រកួត​ក្រោម​ដំណក់​ទឹកភ្លៀង លោក Didier Deschamps គ្រូបង្វឹក​របស់​បារាំង បាន​ឲ្យ​ដឹង​ថា៖ «ពិត​ណាស់​​អស្ចារ្យ​ណាស់​។ វា​ជា​ក្រុម​វ័យ​ក្មេង​មួយ​ដែល​ស្ថិតក្នុង​ចំណាត់​ថ្នាក់​​កំពូល​លលើ​ពិភព​លោក​។ ម្ចាស់​ជើង​ឯក​ខ្លះ​មាន​វ័យ​ត្រឹម​តែ​១៩​ឆ្នាំ​ប៉ុណ្ណោះ​»​៕


    ប្រភពពី៖ Reuters

  • ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត​ស្រូវ​ខ្នាត​ធំនៅក្នុង​ខេត្តចំនួន2 ត្រៀមខ្លួន​ជួយ​កសិករ​ក្នុង​រដូវ​ប្រមូល​ផល

    ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត​ស្រូវ​ខ្នាត​ធំនៅក្នុង​ខេត្តចំនួន2 ត្រៀមខ្លួន​ជួយ​កសិករ​ក្នុង​រដូវ​ប្រមូល​ផល

    ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត​ស្រូវ​ចំនួន2 ត្រូវ​បានដាក់​សម្ពោធ​ឱ្យប្រើ​ប្រាស់​នៅក្នុង​ខេត្ត2 ផ្សេងគ្នា គឺ​ខេត្តបាត់ដំបង និង​ខេត្តកំពង់ធំ ដែល​ឃ្លាំង​ស្តុក​ស្រូវ និងឡស​ម្ងួ​ត​ទាំង2 នេះ​នឹង​ជួយ​ដល់​ប្រជាកសិករ​បាន​ច្រើន​ក្នុង​រដូវ​ប្រមូល​ផល​ស្រូវ​ខាងមុខនេះ។

    ទី1-ឃ្លាំង​ស្តុក​ស្រូវ​ចំនួន 5ម៉ឺន​តោន និងឡស​ម្ងួ​ត​ស្រូវ​ដែលមាន​សមត្ថភាព​ស​ម្ងួ​តបាន1,500តោន​ក្នុងមួយថ្ងៃ​ដែល​ធំជាងគេ​នៅក្នុង​ខេត្តកំពង់ធំ ស្ថិតក្រោម​គម្រោង​វិនិយោគពិសេស​ក្នុង​ទម្រង់​ជា​បំណុល​របស់​រាជរដ្ឋាភិបាល​កម្ពុជាជាមួយ​ក្រុមហ៊ុន​អេ​ម​រុ​រ៉ា​យស៍(ខេ​ម​បូ​ឌា) ខូ​អិ​ល​ធី​ឌី តាមរបៀប“សាងសង់ប្រតិបត្តិការ-និង​ទូទាត់​សំណង”(B.O.P.=Build, operate, and pay compensation)ក្នុងតម្លៃ​សរុប​ចំនួន 5លាន​ដុល្លារ​អាមេរិក​ត្រូវបានដាក់ឱ្យ​ដំណើរការ​នៅក្នុង​ខេត្តកំពង់ធំ។

    ទី2-ឃ្លាំង​ស្តុក​ស្រូវ​ដែល​អាច​ស្តុក​ស្រូវ​បាន20ម៉ឺន​តោន និង​ឡស​ម្ងួ​ត​ដែលមាន​សមត្ថភាព​ស​ម្ងួ​តស្រូវ​បាន 3ពាន់​តោន​ក្នុង1ថ្ងៃ ដែលជា​ឃ្លាំង​ស្តុក​ស្រូវ និង​ឡស​ម្ងួ​ត​ខ្នាត​ធំជាងគេ​នៅ​កម្ពុជា​ស្ថិតក្រោម​គម្រោង​វិនិយោគ​ពិសេស​ក្នុង​ទម្រង់​ជា​បំណុល​របស់​រាជរដ្ឋាភិបាល​កម្ពុជាជាមួយ​ក្រុមហ៊ុន​ធនាគារ​ស្រូវ (កម្ពុជា) ភីអិលស៊ី តាមរបៀប“សាងសង់-ប្រតិបត្តិការ-និង​ទូទាត់​សំណង” (B.O.P) ក្នុងតម្លៃ​សរុប​ចំនួន 15លាន​ដុល្លារ​អាមេរិក​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​នៅក្នុង​ខេត្តបាត់ដំបង។

    លោក រស់ សីល​វ៉ា អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានថ្លែងថា៖ “ឃ្លាំង​ស្តុក​ស្រូវរបស់​ក្រុមហ៊ុន អេ​ម​រុ​រ៉ា​យស៍ (ខេ​ម​បូ​ឌា) ខូ​អិ​ល​ធី​ឌី គឺជា​សមិទ្ធផល​ថ្មី​របស់​រាជរដ្ឋាភិបាល​សម្រាប់​ជា​មជ្ឈមណ្ឌល​ប្រមូល​ទិញស្រូវ និងកិន​កែច្នៃស្រូវ-អង្ករដែលមាន​លទ្ធភាព​ប្រមូល​ទិញស្រូវ​មួយ​ភាគ​ធំ​នៅក្នុងតំបន់​ខេត្តកំពង់ធំ និងខេត្តព្រះវិហារ ពិតជា​រួមចំណែក​យ៉ាង​មាន​ប្រសិទ្ធភាព​ដើម្បី​ដោះស្រាយបញ្ហា​កង្វល់​របស់​កសិករ ជាពិសេស​ការធ្លាក់ចុះ​នៃ​តម្លៃ​ស្រូវ​ដោយ​គ្មាន​ហេតុផល”។

    លោក​បន្តថា យន្តការ​អន្តរាគមន៍​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់ចេញ​ជា​បន្តបន្ទាប់​តាមរយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ ជា​ប្រតិបត្តិ​ការអនុវត្ត​គម្រោង​ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត​ស្រូវ​ដែល​នឹង​បង្កើន​ការប្រមូល​ទិញស្រូវ​ក្នុង​បរិមាណ​ច្រើន និង​ងាយស្រួល​ក្នុងការ​គ្រប់គ្រង​ស្តុក​ស្រូវ​នៅក្នុង​តំបន់សំខាន់ៗ និង​ធ្វើឱ្យ​តម្លៃ​ស្រូវ​របស់​កសិករ​ល្អប្រសើរ​ឡើង​ទៀតផង ជាពិសេស​តម្លៃ​ស្រូវ​សែន​ក្រអូប​បាន​កើន​ឡើងដល់​ប្រមាណ 1,200រៀល/គីឡូក្រាម​នា​រដូវ​ប្រមូល​ផល​ឆ្នាំ2017-2018 បើ​ធៀប​នឹង​អំឡុងពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ដែល​បាន​ប្រមាណ​តែ 900រៀល/គីឡូក្រាម​ប៉ុណ្ណោះ។

    លោក កៅ ថាច អគ្គនាយក​នៃ​ធនាគារ​អភិវឌ្ឍន៍ជនបទ RDB(Rulral Development Bank of Cambodia)បាន​បញ្ជាក់ថា ដោយមាន​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តាមរយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ បានធ្វើការ​ទម្លាក់ឥណទាន​ជា​បន្តបន្ទាប់​ដល់​ក្រុមហ៊ុន​ប្រមូល​ទិញស្រូវ និង​រោង​ម៉ាស៊ីនកិនស្រូវ​ដើម្បី​ធ្វើការ​ទិញស្រូវ​ពី​បងប្អូន​ប្រជាកសិករ​តាម​តម្លៃ​ទីផ្សារ ហើយ​តាមរយៈ​យន្តការ​នេះ​បានធ្វើឱ្យ​ទីផ្សារ​ស្រូវ និង​តម្លៃ​ស្រូវ​របស់​បងប្អូន​មាន​ស្ថិរភាព និង​មានតម្លៃ​តាម​ស្តង់ដារ​ឡើងវិញ។ ទន្ទឹមនេះ ដើម្បី​ដោះស្រាយ​លើ​បញ្ហា​ឃ្លាំង​ស្តុក​ស្រូវ និង​ឡស​ម្ងួ​ត​ស្រូវ​ខ្នាត​ធំ រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​យន្តការ​អន្តរាគមន៍​ពិសេស​ក្នុង​ទម្រង់​ជា​បំណុល ដោយ​អនុញ្ញាតឱ្យ​វិស័យ​ឯកជន​ទទួល​គម្រោង​ធ្វើ​ប្រតិបត្តិ​ការសាងសង់​ឃ្លាំង​ស្តុក​ស្រូវ និង​ឡស​ម្ងួ​ត​ស្រូវ ដែលមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ស្រូបយក​ស្រូវ​របស់​បងប្អូន​នៅក្នុង​តំបន់។

    លោក​សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន​អេ​ម​រុ​រ៉ា​យស៍​បាន​ថ្លែងប្រាប់​ឡា​រ៉ែ​ន​ថា ការដែល​ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត​ស្រូវ​នៅ​ខេត្តកំពង់ធំ​មាន​ទំហំ​តូច​ជាង​ឡស​ម្ងួ​ត និង​ឃ្លាំង​ស្តុក​នៅ​ខេត្តបាត់ដំបង​នោះ គឺ​ទី1-ដោយសារ​រដ្ឋាភិបាល​កំ​ណ​ត់​តំបន់ គឺ​នៅ​តំបន់​នេះ​ការប្រមូល​ផល​ពី​កសិករ​នឹង​គ្រប់គ្រាន់​សម្រាប់​ទំហំ​ឃ្លាំង និង​ឡស​ម្ងួ​ត​ដែល​បានដាក់​ឱ្យប្រើ​ប្រាស់​នេះ។ ដូច្នេះ​យើង​ជា​ក្រុមហ៊ុន​ឯកជន ត្រូវអនុវត្ត​ទៅតាម​គម្រោង​ថវិកា​របស់​រដ្ឋាភិបាល។ ទោះជា​មាន​ទំហំ​តូច​ជាង​ឡ និង​ឃ្លាំង​នៅ​បាត់ដំបង​មែន តែ​ឡ និង​ឃ្លាំង​នៅ​កំពង់ធំ​របស់​អេ​ម​រុ​រ៉ា​យស៍​នេះ​ជាប់​លេខ​រៀង​ទី2 ដែរ។

    លោក សារ៉ន បាន​បន្តថា ការទទួលបាន​សមិទ្ធ​ផលនេះ អេ​ម​រុ​រ៉ា​យស៍​មាន​ក្តី​រីករាយ​ច្រើន៖ ទី1-ដោយសារ​ឡ និង​ឃ្លាំង​នេះ​មាន​បំពាក់​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​ដែលមាន​លក្ខណៈ​ស្វ័យប្រវត្តិ សូម្បីតែ​ទូរស័ព្ទ​ស្មា​ត​ក៏​អាច​ចុច​បញ្ជា​បានដែរ។ ទី2-ការដែល​ឡស​ម្ងួ​ត​មាន​លក្ខណៈ​ទំនើប គឺ​ជួយ​កាត់បន្ថយ​ថ្លៃដើម​ដោយ​មិន​ប្រើ​ពលកម្ម​មនុស្ស​ច្រើន។ ទី3-ជាការ​ជួយ​រក និង​បង្កើត​ទីផ្សារ​ឱ្យ​កសិករ​មិនចាំបាច់​ឱ្យ​គាត់​ទៅ​លក់​ដល់​ប្រទេស​ថៃ ឬ​វៀតណាម​ទេ គឺ​យើង​មាន​ទីផ្សារ​នៅក្បែរ​គាត់។ ទី4-យើង​បង្កើត​ក្រុម​សហគមន៍​ផលិត(មាន​ជាង 50សហគមន៍)ដែល​គាត់​ផលិត រួច​លក់​ឱ្យ​ឡស​ម្ងួ​ត​យើង​ដែល​បច្ចុប្បន្ន​មាន 1ម៉ឺន​គ្រួសារ និង​គ្រោង​បង្កើន​ឱ្យបាន10ម៉ឺន​គ្រួសារ ដែល​អាច​ផ្គត់ផ្គង់​ការផលិត​ស្រូវ​មក​ឡស​ម្ងួ​ត​ចំនួន 20ម៉ឺន​តោន​ក្នុង1ឆ្នាំ(ដែល​មួយឆ្នាំ​យើង​អាច​ប្រមូល​ផល​បាន 3ដង)។

    ដោយឡែក​ឃ្លាំង​ស្តុក​ស្រូវ​ទំហំ 200,000តោន និង​ឡស​ម្ងួ​ត​ដែលមាន​សមត្ថភាព​ស​ម្ងួ​ត​ស្រូវ3000តោន​ក្នុង1ថ្ងៃ ដែលជា​ឃ្លាំង​ស្តុក​ស្រូវ និង​ឡស​ម្ងួ​ត​ខ្នាត​ធំជាងគេ​នៅ​កម្ពុជា​ដែលមាន​តម្លៃ​សរុប​ចំនួន 15លាន​ដុល្លារ​អាមេរិក​ដែលមាន​លទ្ធភាព​ប្រមូល​ទិញស្រូវ​មួយ​ភាគ​ធំ​នៅ​តំបន់​ភាគ​ខាងលិច​នៃ​ប្រទេស​ក៏បាន​ប្រកាស​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ដែរ ដោយ​លោក ជូ គឹម​ឡេង រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

    លោក រដ្ឋលេខាធិការ​បាន​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន​ឱ្យ​ពង្រីក​ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត​ស្រូវ​ឱ្យបាន​កាន់តែ​ធំ និង​មាន​លក្ខណៈ​ស្តង់ដារ​ក្នុងការ​រក្សាទុក​ស្រូវ-អង្ករ​ឱ្យមាន​គុណភាព​ល្អ សំដៅ​ធានាបាន​នូវ​ស្ថិរភាព​ថ្លៃ​ស្រូវ-អង្ករ​សម្រាប់​បងប្អូន​ប្រជាកសិករ និង​បម្រុង​ទុក​ស្រូវ-អង្ករ​គ្រប់គ្រាន់​សម្រាប់​បម្រើឱ្យ​ការនាំចេញ​ប្រកបដោយ​និរន្តរភាព​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការនាំ​អង្ករ​ចេញ1លាន​តោន។

    យោងទៅលើ​សមិទ្ធផល​ទាំង2 នេះ ប្រជាកសិករ​ក្នុង​តំបន់​នឹង​ធានា​រក្សាបាន​នូវ​តម្លៃ​ស្រូវ​តាម​ទីផ្សារ​សម្រាប់​រយៈពេល​វែង និង​ដោះស្រាយ​បញ្ហា​កង្វល់​លើ​ការខូចខាត​ស្រូវ​របស់​បងប្អូន​បាន​ទៀតផងហើយ​ក្នុងនោះ​រួមទាំង​ការកាត់បន្ថយ​ថ្លៃដើម​ផលិត និង​តម្លៃ​ដឹកជញ្ជូន​របស់​កសិករ​មកកាន់​ទីផ្សារ​ទៀតផង៕

  • វិធីមើលថែទាំស្បែកក្នុងរដូវភ្លៀង

    វិធីមើលថែទាំស្បែកក្នុងរដូវភ្លៀង

    មួយរយៈនេះធាតុអាកាសងងឹតស្រទុំ ថ្ងៃខ្លះមានទាំងភ្លៀងធ្លាក់មកខ្លាំងទៀតផង ព្រះអាទិត្យមិនសូវជា​បង្ហាញ​ខ្លួន​​ឱ្យឃើញ​ដូចពេលរដូវក្តៅប៉ុន្មាន​ទេ នារីៗជាច្រើននាំគ្នារអ៊ូរទាំពីភាពសើមប៉ប៉ិកប៉ប៉ាក់របស់ស្បែក និងបញ្ហាស្បែក​ដែល​កើត​ឡើង ដូច្នេះថ្ងៃនេះ ឡារ៉ែន មានគន្លឹះល្អៗក្នុងការមើលថែទាំស្បែកស្អាតៗរបស់អ្នក​ក្នុងរដូវភ្លៀងបែបនេះមក​ជម្រាប​ជូន​ដូចខាងក្រោម៖

    ធាតុអាកាសដែលអុកមម៉ុកងងឹតស្រទុំបែបនេះ មនុស្សជាច្រើនតែងយល់ច្រឡំថា មិនចាំបាច់ប្រើ​គ្រីមការពារ​កម្តៅ​ថ្ងៃ​ទេ ព្រោះមិនសូវមានពន្លឺថ្ងៃក្តៅខ្លាំងប៉ុន្មានឡើយ ថែមទាំងខ្លាចថា ស្បែកនឹងឡើងស្អិតប៉ប៉ិកប៉ប៉ាក់ទៀតផង តែការពិតវិញ ទោះ​ជា​គ្មាន​ពន្លឺព្រះអាទិត្យមែន តែនៅក្នុងអំឡុងពេលថ្ងៃ ក៏នៅតែមានកាំរស្មី UV ដែលយើងមើលមិនឃើញចូលមកបំផ្លាញ​ស្រ-ទាប់​ស្បែកខាងក្នុង ដែលនាំឱ្យមាន​បញ្ហាស្លាកស្នាមមុនអាយុដែរ និងរួមទាំងកាំរស្មី UV ដែលចេញមកពីឧបករណ៍អគ្គិសនីទាំង​ឡាយដូចជាកុំព្យូទ័រ និងអំពូលភ្លើងជាដើម ដូច្នេះបើអ្នកធ្វេសប្រហែសមិនលាបគ្រីមការពារពន្លឺថ្ងៃនៅថ្ងៃណាមួយនោះ វាដូច​ជា​ការបើកឱកាសឱ្យកាំរស្មី UV ចូលមកដុតបំផ្លាញស្បែកដូច្នោះដែរ។ ឡារ៉ែន សូមណែនាំថា គួរជ្រើសរើសប្រើគ្រីមការពារ​ពន្លឺ​ថ្ងៃ​ណាដែលអាចការពារបានទាំង​កាំរស្មី UVA, UVB និងអនុមូលឥស្សរៈរៀងរាល់ពេលព្រឹកដោយជ្រើសរើសយករូបមន្ត​ការពារ​ទឹក មិនស្អិតប៉ប៉ិកប៉ប៉ាក់ស្បែក​​ដែលនាំ​ឱ្យ​​រំខានចិត្ត។

    ចំណែកនារីៗដែលត្រូវតុបតែងមុខទៅធ្វើការរៀងរាល់ថ្ងៃវិញ យើងសូមណែនាំថា គួរជ្រើស-រើសប្រើម្សៅ មេកអាប់​ដែល​​មាន​រូប​​​មន្ត​​ការពារទឹក ជាពិសេសបរិវេណកែវភ្នែក មិនដូច្នេះទេអាចនឹងបានក្លាយទៅជាភ្នែកខ្លាឃ្មុំភែនដាមិនខានហើយ​នៅពេលល្ងាចត្រូវលាងគ្រឿងសម្អាងឱ្យស្អាតហ្មត់ចត់ផង ព្រោះនៅក្នុងរដូវភ្លៀងងាយនឹងកើតមុនណាស់។ សម្អាតដោយឃ្លីន​ស៊ីងលាងគ្រឿង​សម្អាង និងជ្រើសរើសប្រើហ្វូមលាងមុខណាដែលមិនធ្វើឱ្យស្បែកមុខស្ងួតក្រៀម។ បន្ទាប់ពីលាងសម្អាតផ្ទៃ​មុខ​ហើយ អ្នកគួរជូតសម្អាត​ដោយថូននើរ៍ ដើម្បីសម្រួលសភាពស្បែកដែលអាចជ្រើសរើសប្រើបែបរូបមន្ត​កម្ចាត់សារធាតុ​ពុល​ដែល​នៅសេសសល់នៅលើផ្ទៃមុខ (Detoxifying Toner) ដើម្បីឱ្យស្បែកសម្រួលតុល្យភាព និងកម្ចាត់សារធាតុអនុមូលឥស្សរៈ ដើម្បីភាពស្រស់បស់ និងកាត់បន្ថយ​ការកើតមុនពីកាកសំណល់ដែលនៅសេសសល់លើផ្ទៃមុខ និងបញ្ចប់ដោយការលាប​គ្រីម​ថែ​បំប៉នស្បែកនៅពេលយប់ឱ្យនៅតែ​ស្រស់ស្អាត​សម្រាប់ព្រឹកថ្ងៃស្អែក។

    ក្រៅពីនេះ មិនត្រូវបណ្តែតបណ្តោយក្នុងការមើលថែទាំសុខភាពរាងកាយ ដើម្បីឱ្យស្បែកស្អាតចេញមកពីខាងក្នុង ដោយ​ការគេងសម្រាកឱ្យបានគ្រប់គ្រាន់ បរិភោគអាហារដែលមានគុណប្រយោជន៍ ដោយអាចទទួលទានវីតាមីន និងសារធាតុ​អំបិលរ៉ែ រួមទាំងការហាត់ប្រាណជាប់ជាប្រចាំ ហើយដែលសំខាន់នោះគឺគួរទទួលទានទឹកស្អាតក្នុងមួយថ្ងៃឱ្យបាន8-10កែវ ដោយ​ក្រេបតិចៗជាប់រហូតពេញមួយថ្ងៃ ដើម្បីរក្សាភាពស្រស់បស់របស់ស្បែក៕

  • វត្ថុតុបតែងផ្ទះបង្កើនជោគលាភ បន្ថែមសេចក្ដីសុខក្នុងគ្រួសារ

    វត្ថុតុបតែងផ្ទះបង្កើនជោគលាភ បន្ថែមសេចក្ដីសុខក្នុងគ្រួសារ

    និយាយពីការរៀបចំតុបតែងផ្ទះមកច្រើនលេខហើយ ថ្ងៃនេះ ឡារ៉ែន សូមនិយាយអំពីវត្ថុ​សិរីមង្គលក្នុងការយកមកដាក់តាំងលម្អនៅក្នុងផ្ទះ ដើម្បីបង្កើនសេចក្ដីសុខ បន្ថែមលាភសំណាងឱ្យក្រុមគ្រួសារចម្រុងចម្រើនរុងរឿងវិញម្ដង។

    ការជ្រើសរើសវត្ថុតុបតែងលម្អផ្ទះ ជាទូទៅច្រើនតែជ្រើសរើសតាមការនិយមចូលចិត្ត និងឡៃហ្វ៍ស្តាយល៍របស់បុគ្គលម្នាក់ៗ ឬអ្នកខ្លះអាចនឹងជ្រើសរើសតាមស្តាយល៍របស់ផ្ទះ ដើម្បីឱ្យវត្ថុតុបតែងលម្អ និងផ្ទះមើលទៅស៊ីគ្នា ខណៈពេលជាមួយគ្នា អ្នកខ្លះក៏ជ្រើសរើសក្នុងការតុប-តែងដោយការរកវត្ថុសិរីមង្គលមកដាក់តាំង ដើម្បីបង្កើនទ្រព្យ បង្កើនបារមី ទាំងតាមជំនឿដែលជឿតៗគ្នាមក និងតាមជំនឿតាមសាស្រ្តាហុង-ស៊ុយ។ អត្ថបទខាងក្រោមនេះ ឡារ៉ែន សូមណែ-នាំមិត្តអ្នកអានទៅស្គាល់វត្ថុតុបតែងផ្ទះ ដែលមិនត្រឹមតែផ្ដល់នូវភាពស្រស់ស្អាតប៉ុណ្ណោះទេតែនៅមានអត្ថន័យល្អទៀតផង ដោយវត្ថុនីមួយៗបានទទួលនូវការនិយមយកមកដាក់តាំងលម្អផ្ទះជាយូរមកហើយ ដូច្នេះតើវត្ថុតុបតែងលម្អទាំងនោះមានអត្ថន័យអ្វីបង្កប់ខ្លះនោះ សូមអានជាបន្ត។

    1. តុក្កតាឆ្មាបក់ដៃ
    ម៉ានេគិ នេកុ ឬឆ្មាបក់ដៃ រូបចម្លាក់ឆ្មាតុក្កតាមុខមាត់គួរឱ្យស្រឡាញ់ គឺជារឿងតំណាលបុ-រាណរបស់វត្ត Gotokuji ក្នុងប្រទេសជប៉ុន។ ជនជាតិជប៉ុនជឿថា ឆ្មាគឺជាសត្វនាំលាភសំណាងជួយទាក់ទាញអតិថិជន និងភាពមានបាន។ ជំនឿដែលថានេះ មានឥទ្ធិពលលើមនុស្សម្នាទូទាំងពិភពលោក អ្នកទេសចរដែលមានឱកាសបានទៅលេងប្រទេសជប៉ុននិយមទិញឆ្មាបក់ដៃនេះមកដាក់តាំងលម្អផ្ទះដើម្បីបង្កើនលាភសំណាង និងបារមី។ក្រៅពីរូបចម្លាក់ឆ្មាហើយ ពណ៌ និងលក្ខណៈអាកប្បកិរិយារបស់ឆ្មាបក់ដៃនៅបានប្រាប់អំពីអត្ថន័យដែលផ្សេងៗពីគ្នាទៀតផង ដូចជា ឆ្មាបក់ដៃពណ៌សនឹងនាំមកនូវសេចក្ដីសុខ ឆ្មាបក់ដៃពណ៌ខ្មៅនឹងជួយការពារការឈឺថ្កាត់ ពណ៌បៃតង និងខៀវនឹងនាំមកនូវភាពជោគជ័យលើការងារ ពណ៌ក្រហមនឹងជួយការពាររឿងអាក្រក់ចង្រៃ ពណ៌មាសនឹងនាំមកនូវភាពមានបាន និងស្ថិតស្ថេរ ពណ៌ផ្កាឈូកជួយទាក់ទាញសេចក្ដីស្រឡាញ់ឱ្យចូលមកក្បែរខ្លួន។ អ្នកណាដែលចង់បង្កើនផ្នែកណាមួយដល់ជីវិត សាកល្បងរកឆ្មាបក់ដៃតាមពណ៌នីមួយៗមកដាក់តាំងលម្អផ្ទះបាន។

    2. រូបតុក្កតាក្រុមគ្រួសារ
    ផ្ទះដែលកក់ក្ដៅ ជាផ្ទះដែលមានសមាជិកក្នុងក្រុមគ្រួសាររស់នៅជួបជុំគ្នា តែសម្រាប់អ្នកនៅលីវដែលចាំបាច់ត្រូវបែកគ្រួសារ និងរស់នៅក្នុងផ្ទះតែម្នាក់ឯង បើត្រូវការគូជីវិត ឬចង់ចាប់ផ្ដើមកសាងគ្រួសារថ្មីនោះ “តុក្កតាក្រុមគ្រួសារ” គឺជាវត្ថុតុបតែងផ្ទះដែលនឹងជួយជំរុញឱ្យឆាប់បានលែងនៅលីវ ព្រោះការដាក់តាំងវត្ថុតុបតែងលម្អ ដែលបង្ហាញពីអត្ថន័យទៅដល់ក្រុមគ្រួសារនឹងធ្វើឱ្យមានអារម្មណ៍កក់ក្ដៅក្នុងចិត្ត បង្ហាញពីភាពត្រៀមរួចជាស្រេចក្នុងការមានគ្រួសារ។ ថាមពលទាំងអស់នេះនឹងជំរុញឱ្យកាន់តែឆាប់បានជួបគូជីវិតខ្លាំងឡើង។ ចំណែកផ្ទះណាដែលមានក្រុមគ្រួសាររស់នៅជួបជុំគ្នាស្រាប់ហើយ រូបចម្លាក់ក្រុមគ្រួសារនៅមានន័យពីសាមគ្គីភាព និងក្ដីស្រឡាញ់យ៉ាងស្អិតល្មួតទៀតផង។

    3 សត្វកុកពណ៌ផ្កាឈូក (Flamingo)
    សត្វកុកពណ៌ផ្កាឈូក ជាសត្វសិរីមង្គលដែលមានអត្ថន័យល្អស្មើនឹងសត្វនាគ និងសត្វតោដែរ ជាយានជំនិះរបស់អាទិទេពនៃភាពគង់វង្ស។ ជនជាតិចិនជឿថា បើមានរូបភាព ឬរូបចម្លាក់សត្វកុកពណ៌ផ្កាឈូកនៅក្នុងផ្ទះ នឹងជួយបង្កើនឱ្យសុខភាពរឹងប៉ឹង អ្នករស់នៅក្នុងផ្ទះអាយុវែង និងអត្ថន័យមួយទៀតគឺ មានភាពចម្រើនរុងរឿង ឬព្រេងវាសនា មុខនាទីការងារទៅមុខល្អរលូន និងបង្កើនការរៀនសូត្រឱ្យល្អ។ នៅពេលចង់ជូនពរឱ្យនរណាម្នាក់មានសុខភាពអាយុយឺនយូរ គេច្រើនតែយករូបភាព ឬរូបចម្លាក់សត្វកុកពណ៌ផ្កាឈូកទៅជូនជាវត្ថុអនុស្សាវរីយ៍។

    4. ត្រីមួយគូ
    ទីណាខ្វះសេចក្ដីស្រឡាញ់ និងគ្មានភាពសាមគ្គី ក៏ពិបាកនឹងមានសេចក្ដីសុខបានណាស់ដូច្នេះហើយទើបបើចង់បង្កើនជោគលាភសំណាង និងសេចក្ដីសុខ ត្រូវសាងសេចក្ដីស្រឡាញ់ និងសាមគ្គីភាពជាមុនសិន។ ការរៀបចំហុងស៊ុយផ្ទះបែបចិន គេនិយមប្រើប្រើសត្វត្រីជាវត្ថុជួយបង្កើនរឿងរបស់សម្ព័ន្ធភាពក្នុងក្រុមគ្រួសារ ជាថាមពលវិជ្ជមានឱ្យសមាជិកក្នុងក្រុមគ្រួសារស្រឡាញ់ចូលចិត្តគ្នាជាធ្លុងមួយ រស់នៅរួមគ្នាយ៉ាងស្រុះស្រួលដូចត្រីដែលតែងតែអាស្រ័យនៅជាគូៗ ជាហ្វូងៗ ឆ្លុះបញ្ចាំងឱ្យឃើញពីសេចក្ដីស្រឡាញ់ដែលត្រីទាំងពីរក្បាលមានចំពោះគ្នា និងឆ្លុះបញ្ចាំងឱ្យឃើញនូវគុណតម្លៃរបស់សម្ព័ន្ធភាពរបស់មនុស្សនៅក្នុងក្រុមគ្រួសារហ្នឹងឯង៕

  • បទ​វិភាគ៖ ស៊ើប​ចេញពី​សាកសព​វិស្វករ​ក្រដាស​ស្លាប់​ក្រោម​បាត​បឹង 7ឆ្នាំ 7អាថ៌កំបាំង

    បទ​វិភាគ៖ ស៊ើប​ចេញពី​សាកសព​វិស្វករ​ក្រដាស​ស្លាប់​ក្រោម​បាត​បឹង 7ឆ្នាំ 7អាថ៌កំបាំង

    រកឃើញ​គ្រោងឆ្អឹង​របស់​បុរស​វិស្វករ​ក្រុមហ៊ុន​ក្រដាស​ល្បីឈ្មោះ​ដែល​ខាង​សាច់ញាតិ​បាន​ប្ដឹង​ប៉ូលិស​ថា បាត់​ខ្លួន​សូន្យឈឹង​ជាង 7ឆ្នាំ​នៅក្នុង​រថយន្ត​ដែល​លិច​នៅក្នុង​បាត​បឹង “ណង​ណា​ម​ខាវ” ដែលមាន​ជម្រៅ​ជាង 5ម៉ែត្រ នៅក្នុង​ខេត្ត​ចន្ទ​ប៊ុ​រី ដែល​ដំណាក់កាល​ដំបូង ប៉ូលិស​បាន​ប្រទះឃើញ​ដប​ថ្នាំ​សម្លាប់សត្វ​ល្អិត​នៅ​ក្នង​រថយន្ត រហូត​ធ្វើឱ្យ​អ្នកពាក់ព័ន្ធ​ទាំងឡាយ​សន្និដ្ឋាន​អំពី​មូលហេតុ​នៃ​ការស្លាប់​នេះ​ថា ប្រហែល​បណ្ដាល​ពី​ការធ្វើ​អត្ថ​ឃាត។

    1 . បើកឡាន​ទម្លាក់​ចូលទៅក្នុង​បាត​បឹង​ដែលមាន​ទឹក​ជម្រៅ​ជាង 5ម៉ែត្រ។
    2 . រយៈពេល 7ឆ្នាំ​ទើប​មាន​មនុស្ស​ប្រទះឃើញ។
    3 . សភាព​សាកសព នៅសល់តែ​ឆ្អឹង។
    4 . ដំណាក់កាល​ដំបូង រកឃើញ​មាន​ដប​ថ្នាំ​សម្លាប់​សត្វល្អិត​នៅក្នុង​រថយន្ត។
    5 . មន្ត្រីប៉ូលិស​សន្និដ្ឋាន​ដំណាក់កាល​ដំបូង​ថា ជនរងគ្រោះ​ចេតនា​ធ្វើ​អត្ថ​ឃាត។

    តែ​អ្វីដែល​ពិសេស​បំផុត​នោះ​គឺ…តើ​បំណែក​ឆ្អឹង​ដែល​នៅ​សេសសល់ រួមទាំង​ដប​ថ្នាំ​សម្លាប់​សត្វល្អិត​ដែល​ប្រទះឃើញ នឹង​នាំ​ឆ្ពោះទៅ​ការស្វែងរក​មូលហេតុ​នៃ​ការស្លាប់​ដែល​ពិតប្រាកដ​បានដែរ​ឬទេ?

    ថ្ងៃនេះ គេហទំព័រ ​ឡា​រ៉ែ​ន ​សូម​នាំយក​បទ​វិភាគ​របស់​អ្នកជំនាញការ​ថៃ​ខាង​ផ្នែក​ស៊ើបអង្កេត​តាមរយៈ​សាកសព​មក​វិភាគ​យ៉ាង​ស៊ីជម្រៅ​ថា តើ​អ្វី​គឺជា​រឿង​ដែល​គួរ​បកស្រាយ​ឱ្យបាន​ច្បាស់ មុននឹង​សរុប​បញ្ចប់​រឿងក្ដី​ដែល​បាន​ប្រើពេល​វេលា​តាមរក​យូរ​រហូតដល់​ទៅ 7ឆ្នាំ​ទម្រាំ​នឹង​រកឃើញ​សាកសព​បុរសរងគ្រោះ​ដែល​បាត់​ខ្លួន​សូន្យឈឹង​យ៉ាង​គ្មាន​ដំណឹង​នេះ!។

    យើង​នាំគ្នា​ទៅ​ដេញតាម​ដំណើររឿង និង​ហេតុការណ៍​ម្ដង​មួយជំហានៗតាម​ដែល​ប្រភពព័ត៌មាន​អ្នកជំនាញការ​ផ្នែក ស៊ើបអង្កេត​តាមរយៈ​សាកសព​ទាំងអស់គ្នា​ដូចតទៅ…។

    ចំណុច​ដំបូងៈ ការដែល​រថយន្ត​រប​ស់ជន​រងគ្រោះ​ធ្លាក់​ចូលទៅ​នៅក្នុង​បាត​បឹង​ដែលមាន​ទឹក​ជ្រៅ​បែប​នោះបាន ក្នុងអំឡុង​ពេលដែល​កើតហេតុថ្មីៗ កាលពី 7ឆ្នាំមុន​នោះ វា​ត្រូវតែមាន​នៅសល់​ស្នាម​កង់​រថយន្ត​បង្ហាញឱ្យឃើញខ្លះៗមិន​ខាន ជាពិសេស​បំផុត​សភាព​នៅ​កន្លែងកើតហេតុ​ជាដើម។ ក្រៅពីនេះ​រថយន្ត​ដែល​ធ្លាក់ចូល​ទៅក្នុង​ទឹកថ្មីៗ អំឡុងពេលដំបូងៗ វា​នឹង​បង្ហាញឡើង​នូវ​កំណកប្រេង​ម៉ាស៊ីន​ដែល​អណ្តែត​ឡើង​មកលើ​ផ្ទៃ​ទឹក ដែល​តាម​ដែល​បានដឹង​មក ចំណុចកើតហេតុ​នោះ​ស្ថិត​នៅក្បែរ​ស្ថាប័ន​រាជការ​មួយទៀត​ផង។

    សំណួរ​ដែល​សំខាន់​គឺ…តើ​វា​អត់​មាន​នរណាម្នាក់​សង្កេតឃើញ​សោះតែ​ម្ដង​ឬ?

    ខ្នាត​មនុស្ស​យើង​ដើរ​លុយ​វាលស្មៅ​ចូលទៅ វា​នៅមាន​បន្សល់​ស្នាម​ផ្លូវ​ដើរ​ដែល​អាច​សង្កេតឃើញ​បាន ចុះ​ករណីនេះ រថយន្ត​មួយគ្រឿង​ទាំងមូល?!? ហេតុ​អី​ក៏…។

    ក្រៅពីនេះ តើ​ជម្រៅ​ទឹក​នៅក្នុង​បឹង​នៅមាន​កម្ពស់​ស្មើ​រហូត ឬ​មានការ​ប្រែប្រួល​ដែរឬទេ ក្នុងអំឡុង​រយៈពេល 7ឆ្នាំកន្លងមក? តើ​វា​មិនមាន​អំឡុងពេល​ណាមួយ​សោះតែ​ម្ដង​ឬ ដែល​កម្ពស់​ទឹក​ក្នុង​បឹង​មិន​ស្រក​ចុះ​ដល់​កម្រិត​ទាប​បំផុត​រហូត​សង្កេតឃើញ​រថយន្ត​ដែល​លិច​នោះ? ជាពិសេស​ក្នុង​រដូវក្ដៅ​ហួតហែង?!។

    ខណៈពេល​ជាមួយគ្នា តើ​វា​គួរ​ដែរឬទេ ដែល​ត្រូវតែមាន​ការធ្វើ​ត្រាប់​ហេតុការណ៍​នៃ​ថ្ងៃ​ដែល​រថយន្ត​ធ្លាក់ចូល​ទៅក្នុង​ទឹក​បឹង​នោះ​សា​ឡើងវិញ ដើម្បី​ពិនិត្យមើល​ពី​ល្បឿន​របស់​រថយន្ត​ក្នុង​ថ្ងៃកើតហេតុ​នោះ​ថា តើ​វា​រត់​ចុះ​ទៅដោយ​ល្បឿន​ប៉ុន្មាន? ព្រោះ​ល្បឿន​របស់​រថយន្ត ជា​អ្វីដែល​អាច​បញ្ជាក់បាន​ថា តើ​វា​ជា​ឧប្បត្តិហេតុ​គ្រោះថ្នាក់ ឬ​ចេតនា​ធ្វើ​អត្ថ​ឃាត?

    ចំណុច​ទី2 : DNA ពី​ឆ្អឹង​ដែល​ប្រទះឃើញ​នៅក្នុង​រថយន្ត ដើម្បី​បញ្ជាក់​ពី​តួ​បុគ្គល។ សួរថា តើ​ត្រួតពិនិត្យបាន​ឬទេ? តាម​ទ្រឹស្ដី​គឺ ពិនិត្យ​បាន! តែ​ភាពលំបាក ឬ​ស្រួល វា​អាស្រ័យ​លើ​ភាព​រលួយ​ស្អុយ​របស់​ឆ្អឹង។ បើសិន​បណ្ដូល​ឆ្អឹង​ផ្នែក​ខាងក្នុង​នៅ​ល្អ ការពិនិត្យ​ DNA វា​នឹង​បង្ហាញឡើង។ នៅពេល​បាន​លទ្ធផល​ហើយ សឹម​ទៅ​តាមរក​លក្ខណៈ​បុគ្គល​មក​ប្រៀបធៀប​តាមរយៈ​មនុស្ស​ក្នុង​ក្រុមគ្រួសារ​ដើម្បី​អះអាងថា ពិតជា​អ្នកស្លាប់​នោះ​មែន!។

    ចំណុច​ទី3 : នៅពេល​មើលឃើញថា កញ្ចក់​រថយន្ត​បាន​បើកចំហ​ចោល សំណួរ​ដែល​គួរតែ​កើតមាន​តាម​មក​នោះ​គឺ តើ​វា​អាចទៅរួច​ដែរឬទេ​ថា កម្ទេច ឬ​បំណែក​របស់​សាកសព​មួយចំនួន វា​គួរតែ​អណ្ដែត​ឡើងមក​មុន​ហ្នឹង​ដែរឬទេ? ព្រោះ​សាកសព​ពេលដែល​វា​ស្អុយរលួយ​ពេញទំហឹង វា​នឹង​ហើម ហើយ​មាន​សម្ពាធ​រុញ​ឡើង​ខ្លាំង។

    ចំណុច​ទី4 : ឆ្អឹង​ដែល​នៅ​សេសសល់​នោះ តើ​មាន​ច្រើន​គ្រប់គ្រាន់​សម្រាប់​ត​ភ្ជាប់​ទៅដល់​មូលហេតុ​នៃ​ការស្លាប់​បាន​ឬទេ? ដូចជា បើ​ត្រូវ​បាញ់សម្លាប់ ត្រូវ​ចាក់​សម្លាប់ ស្លាកស្នាម​ដែល​ប្រទះឃើញ​នៅក្នុង​គ្រោងឆ្អឹង​នោះ វា​នឹង​បញ្ជាក់ប្រាប់​បាន តែ​បើសិនជា​ការស្លាប់​ដែល​មិន​ពាក់ព័ន្ធ​នឹង​ការធ្វើឱ្យ​បាក់ឆ្អឹង…ដូចជា ផឹកថ្នាំ​សម្លាប់​សត្វល្អិត​ធ្វើ​អត្ថ​ឃាត ត្រូវ​ច្របាច់ក ត្រូវ​រឹត​ក ឬ​ត្រូវ​ខ្សែភ្លើង​ឆក់-ល- បែបនេះ…ទើប​ឆ្អឹង​ដែល​ប្រទះឃើញ វា​មិនអាច​ផ្ដល់​ចម្លើយ​អំពី​មូលហេតុ​នៃ​ការស្លាប់​ដែល​ពិតប្រាកដ​បានឡើយ។

    ចំណុច​ទី5 : ការរកឃើញ​ដប​ថ្នាំ​សម្លាប់​សត្វល្អិត​នៅក្នុង​រថយន្ត​ដែល​កើតហេតុ ចំពោះ​ការយល់ឃើញ​ផ្ទាល់ខ្លួន វា​គ្រាន់តែ​ជា​ហេតុផល​បន្ទាប់បន្សំ​មួយ​ប៉ុណ្ណោះ ព្រោះ​វា​អាច​គ្រាន់តែ​ជា​វត្ថុ​មួយ​ដែល​ប្រទះឃើញ​នៅក្នុង​រថយន្ត​ទូទៅ តែ​បើសិនជា​សួរថា តើ​វា​ជា​ចំណុច​ដែល​ធ្វើឱ្យ​អាច​អះអាង​ពី​មូលហេតុ​នៃ​ការស្លាប់​បាន​ឬទេ​នោះ?  ជា​ផ្ទាល់ខ្លួន​យល់ឃើញថា ដូចជា​មិនអាច​ទេ!។

    នោះ​ដោយសារតែ…ការផឹក​ថ្នាំពុល​សម្លាប់​ខ្លួន វា​ស្លាប់​ដោយសារ​ថ្នាំពុល​បញ្ចេញ​ឥទ្ធិពល​ឆាប់រហ័ស ធ្វើឱ្យ​ប្រព័ន្ធ​បេះដូង​លែង​ធ្វើការ ថ្លើម​គាំង ប្រព័ន្ធ​ដង្ហើម​លែង​ធ្វើការ ដូច្នេះ​ការពិសោធ​ចំពោះ​រឿងនេះ ត្រូវតែ​ពិនិត្យមើល​អវយវៈ​ខាងក្នុង​ទាំងអស់នោះ តែ​ក្នុងករណីនេះ អវយវៈ​ដែល​អាច​បញ្ជាក់ប្រាប់​បាន​នោះ វា​លែងមាន​នៅសល់​អស់​ទៅហើយ!។

    ចំណុច​ទី6 : ឆ្អឹង​ដែល​ប្រទះឃើញ​ទាំងនោះ វា​លិច​នៅក្នុង​ទឹក​អស់​រយៈពេល​យូរ​មកហើយ បើ​អ្នកស្លាប់​នោះ​ផឹកថ្នាំ​សម្លាប់សត្វ​ល្អិត​មែន ថ្នាំ​សម្លាប់​សត្វល្អិត​នោះ វា​សាបរលាប​ទៅជា​មួយ​ទឹក​អស់ហើយ ប្រហែលជា​គ្មាន​នៅសល់​ប្រឡាក់ប្រឡូស​នៅក្នុង​ឆ្អឹង​ទៀត​យ៉ាងពិត​ប្រាកដ។

    វា​មិន​ដូច​ការ​ត្រូវគេ​លួច​ដាក់​ថ្នាំពុល​សម្លាប់ ដូចជា​ការឱ្យ​ផឹក ឬ​ហូប​សារធាតុ​លោហៈ​ធ្ងន់ ដូចជា​សារធាតុ​សម្លាប់សត្វ​កណ្ដុរ​ចូលទៅក្នុង​រយៈពេល​យូរ 5 ទៅ10ឆ្នាំ​នោះទេ បែប​នោះ​យើង​អាច​ពិនិត្យ​រកឃើញ​បាន ព្រោះ​វា​នឹង​ទៅ​ប្រមូល​សន្សំ​នៅតាម​ធ្មេញ ឬ​ឆ្អឹង​របស់​អ្នកស្លាប់។

    ចំណុច​សំខាន់​មួយទៀត​ដែល​ចង់​លើក​ជា​សំណួរ​ដែរនោះ​គឺ (ចំណុច​ទី7) នៅពេលដែល​បើសិនជា​ជនរងគ្រោះ​សម្រេចចិត្ត​ផឹកថ្នាំ​សម្លាប់ខ្លួន​ហើយ​នោះ ហេតុ​អី​ចាំបាច់​នៅ​ត្រូវ​បើកឡាន​ទម្លាក់​ចូលទៅក្នុង​ទឹក​ទៀត​ធ្វើ​អី…?!

    ស្ដាប់​សំណួរ​នេះហើយ ចង់​និយាយថា ត្រឹមតែ​ផឹកថ្នាំ​ពុល​នោះ វា​ស្លាប់​បាត់ទៅហើយ ចាំបាច់​ទៅ​បើកឡាន​ទម្លាក់​ចូល​ទឹក​ធ្វើ​អី​ទៀត ដូច្នេះ​វា​ដូចជា​មិនសូវមាន​ហេតុ​មាន​ផល​ត្រឹមត្រូវ​ប៉ុន្មាន​សោះ?!

    ដូច្នេះ តើ​វា​នឹងមាន​ភាព​អាចទៅរួច​ឬទេ​ដែលថា ការដែល​រថយន្ត​ធ្លាក់ចូល​ទៅក្នុង​ទឹក​បែប​នោះ វា​អាច​កើតឡើង​ព្រោះតែ​កើត​ឧប្បត្តិហេតុ​អ្វីមួយ ឬ​អាចមាន​អ្នកណា​ដែល​មិនមែនជា​អ្នកស្លាប់​នោះ ធ្វើឱ្យ​រថយន្ត​ធ្លាក់ចូល​ទៅក្នុង​ទឹក​ឬ​យ៉ាងណា?!

    នេះ​នៅ​មិនទាន់​រាប់…ពី​រឿង​ដែល​គួរឱ្យ​ចម្លែក​ចិត្ត​មួយ​ប្រការ​ទៀត​គឺ…អូ​ខេ! នៅពេល​បើសិន​ជាមាន​ចេតនា​ចង់​បើកឡាន​ទម្លាក់​ចូលទៅក្នុង​ទឹក​បឹង​ដើម្បី​សម្លាប់ខ្លួន​ហើយ​នោះ តើ​ចាំបាច់​បើក​កញ្ចក់​ឡាន​ចោល​ធ្វើ​អី?!

    ហេតុ​អី​បានជា​អ្នកស្លាប់​នោះ​គិត​អ្វីដែល​វា​ស្មគ​ស្មាញ​ដល់​ថ្នាក់​ហ្នឹង?  និយាយ​មែនទែនទៅ បើសិន​អ្នកស្លាប់​នោះ​គិតថា​ចង់​ធ្វើ​អត្ថ​ឃាត​ហើយ​នោះ ជំនួស​ឱ្យ​ការ​ប្រុង​ផឹកថ្នាំ​សម្លាប់​សត្វល្អិត ហើយ​បើកឡាន​បោះពួយ​ទម្លាក់​ចូល​ទឹក មកជា​លោតទឹក​សម្លាប់ខ្លួន​វិញ វា​មិន​ងាយស្រួល​ជាង និង​មិន​ស្មុគស្មាញ​ច្រើន​ផង​ទេ​ឬ?

    ដូច្នេះ​តើ​នេះ វា​ជា​អាថ៌កំបាំង​លើ​អាថ៌កំបាំង​ដែរឬទេ? និង​ដូច្នេះ ទោះជា​ធ្វើ​អត្ថ​ឃាត អំពើ​ឃាតកម្ម ឬ​ឧប្បត្តិហេតុ​ក្ដី ក៏​មិនគួរ​ប្រញាប់​សរុប​បញ្ចប់​រឿងក្ដី​លឿន​ពេក​នោះទេ…៕

                                                                                                   ប្រែ​សម្រួល​ដោយ​ ទិ​ទី​តំ​តា​តូ

  • អង់គ្លេស សម្លឹង​រក​ការបញ្ចប់ World Cup ទាំង​ភាព​រីករាយ ពេល​ប៉ះ បែលហ្ស៊ិក ថ្ងៃ​សៅរ៍

    អង់គ្លេស សម្លឹង​រក​ការបញ្ចប់ World Cup ទាំង​ភាព​រីករាយ ពេល​ប៉ះ បែលហ្ស៊ិក ថ្ងៃ​សៅរ៍

    លោក Gareth Southgate អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​អង់គ្លេស បាន​ទទួលស្គាល់ថា ការប្រកួត​នៅ​ថ្ងៃ​សៅរ៍​នេះ ជាមួយនឹង​ក្រុម​ជម្រើសជាតិ​បែ​ល​ហ្ស៊ី​ក នឹង​ផ្តល់នូវ​ឱកាស​ក្នុង​ការបញ្ចប់​ក្នុង​យុទ្ធនាការ​នេះ ដោយ​ជ័យជម្នះ​បើទោះបី ការប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ3 ក្នុង World Cup គឺជា​ការប្រកួត​មួយ​ដែល​មិនមាន​ក្រុម​ណា​ចង់​លេង​ក៏ដោយ។

    ការរង​បរាជ័យ​យ៉ាង​ខកចិត្ត​ក្នុង​លទ្ធផល 2-1 ក្រោម​ស្នាដៃ​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី ក្រោយពី​នាទី​បន្ថែម 15នាទី 2ដង បាន​រារាំង​មិន​ឲ្យ​អង់គ្លេស ធ្វើដំណើរ​ទៅ​ប្រជែង​ដណ្តើមពាន World Cup ជា​លើក​ទី2 ដោយ​ត្រូវធ្វើ​ការប្រកួត មួយ​នឹង​ក្រុម​បែលហ្ស៊ិក ដើម្បី​ដណ្តើម​លេខ3 ជំនួស​វិញ។

    ក្រុម​បែលហ្ស៊ិក​របស់លោក Roberto Martinez ដែល​បាន​រង​បរាជ័យ​ក្រោម​ស្នាដៃ​ក្រុម​ជម្រើសជាតិ​បារាំង 1-0 ក្នុង​វគ្គ4 ក្រុម​ចុងក្រោយ​នោះ បានបញ្ចប់​ដោយ​ឈរ​លេខ1 ក្នុង​ពូ​ល G ពីលើ​ក្រុម​អង់គ្លេស ក្រោយពី​គ្រាប់​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​របស់​ខ្សែប្រយុទ្ធ Adnan Januzaj បាន​កាត់សេចក្តី ក្នុងការ​ប្រកួត​នៅ​ទីក្រុង Kaliningrad។

    ក្នុងការ​ប្រកួត​នោះ គ្រូបង្វឹក​ទាំង2 បាន​ផ្លាស់ប្តូរ​កីឡាករ​ជាច្រើន​ក្នុង​ជម្រើស​ទាំង 11នាក់​ដំបូង​របស់លោក ហើយ​ការផ្លាស់ប្តូរ​ដូចគ្នានេះ អាច​នឹង​ធ្វើឡើង​ម្តងទៀត​ក្នុង​ទីក្រុង Saint Petersburg ស្របពេល​កីឡាករ​បម្រុង​ជាច្រើន​អាច​នឹង​ចូល​លេង​ក្នុង​ជម្រើស​ដំបូង។

    លោក Southgate ដែល​ក្រុម​របស់លោក​បានទទួល​ការកោតសរសើរ​ចំពោះ​ការ​សាមគ្គីភាព​របស់​ពួកគេ​ក្នុងនាម​ជា​ប្រទេសមួយ​នោះ បាន​ឲ្យ​ដឹងថា៖ «រឿង​ដ៏​ស្មោះត្រង់​បំផុត​នោះ​គឺថា វា​មិនមែនជា​ការប្រកួត​មួយ​ដែល​ក្រុម​ណាមួយ​ចង់​លេង​ឡើយ»។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង 9យប់៕

    ប្រភពពី៖ Sport24

  • CL ឆ្លើយតបរឿងមិនបន្ដកុងត្រាជាមួយក្រុមហ៊ុន YG

    CL ឆ្លើយតបរឿងមិនបន្ដកុងត្រាជាមួយក្រុមហ៊ុន YG

    តាមរយៈសារព័ត៌មាន Teenee នៅព្រឹកថ្ងៃសុក្រ ទី 13 ខែកក្កដា ឆ្នាំ 2018 នេះ បានឱ្យដឹងថា មានដំណឹងលេចឮជាច្រើនដែលពាក់ព័ន្ធជាមួយតារាចម្រៀងស្រី CL នៅក្នុងការវិចវង្វឹចចេញពីទ្រនំ YG Entertainmen ដោយមានការសង្ស័យថា នាងមិននឹងបន្ដកុងត្រាជាមួយក្រុមហ៊ុននោះទៀតឡើង។

    កាលពីថ្ងៃទី 11 ខែកក្កដា ឆ្នាំ 2018 អ្នកគាំទ្រនាងជាច្រើនបានបង្ហោះសារនិយាយទៅកាន់នាងថា « សូមមេត្តាកុំចាកចេញពី YG Entertainmen អីណា៎ ខ្ញុំស្រឡាញ់អ្នក ម្ចាស់ក្សត្រីយ៍ @chaelincl BLACKJACK និង YG យើងនៅរង់ចាំគាំទ្រអ្នកហូត។ ថែរក្សាសុខភាពផងណា »។

    មិនយូរប៉ុន្មាន តារាស្រី CL ក៏បានឆ្លើយតបថា “មានមនុស្សតំណាង YG ជាច្រើនកំពុងឆ្ងល់ពេលនេះ។ ដូចដែលអ្នកគ្រប់ឃើញ ខ្ញុំស្រឡាញ់អ្នកទាំងអស់គ្នា។ អរគុណសម្រាប់គ្រប់គ្នា ដែលតែងតែផ្តល់ការគាំទ្រខ្ញុំ” ។ ទោះជាមានការឆ្លើយតបបែបនេះក្តីក៏យើងនៅមិនទាន់ដឹងថា តារាចម្រៀងស្រីរូបនេះ នឹងសម្រេចចិត្តចាកចេញពី YG Entertainment ឬយ៉ាងណានោះទេ? ខណៈដែលបទថ្មីរបស់ CL ហាក់ដូចជាស្ងប់ស្ងាត់ មិនទាន់ចេញផ្សាយនៅឡើយ៕

     

  • ដាំ​ដើម​ស្រកានាគ​ងាយស្រួល​ថែទាំ និងមាន​អតិថិជន​គាំទ្រ​ច្រើន​នៅលើ​ទីផ្សារ

    ដាំ​ដើម​ស្រកានាគ​ងាយស្រួល​ថែទាំ និងមាន​អតិថិជន​គាំទ្រ​ច្រើន​នៅលើ​ទីផ្សារ

    ស្រកានាគ​ជា​ប្រភេទ​ដំណាំ​ហូប​ផ្លែ​ដែល​កសិករ​ចាប់ផ្តើម​ដាំ​ដុះ​កាន់តែច្រើនឡើងៗនៅក្នុង​ប្រទេស​កម្ពុជា ដោយសារ​ដំណាំ​ប្រភេទ​នេះ​កសិករ​ងាយស្រួល​ថែទាំ ផ្តល់​ផល​យូរ​ឆ្នាំ និង​មានការ​គាំទ្រ​នៅលើ​ទីផ្សារ។

    លោក ឈិន ហុក​ថៃ កសិករ​ដាំ​ដើម​ស្រកានាគ​នៅក្នុង​ភូមិ​អូ​របេង ឃុំ​មេស​ជ្រៃ ស្រុក​ស្ទឹងត្រង់​ ខេត្តកំពង់ចាម មានប្រសាសន៍ថា លោក​ទើបតែ​ចាប់ផ្តើម​ដាំ​ស្រកានាគ​នៅលើ​ផ្ទៃដី​ប្រមាណ​ជា1ហិកតា​ក្នុង​រយៈពេល 2ឆ្នាំ​មុននេះ​ប៉ុណ្ណោះប៉ុន្តែ​ស្រកានាគ​ចាប់ផ្តើម​ឱ្យ​ផល​ជាបណ្តើរៗហើយ ដោយ​ក្នុង​មួយ​គុម្ព​អាច​បេះ​ផ្លែ​បានចំនួន 5គីឡូ​ក្នុង​រយៈពេល​មួយឆ្នាំ “ស្រកា-នាគ​ឱ្យ​ផល​តាំងពី​មួយឆ្នាំ​ដំបូង​មកម៉្លេះប៉ុន្តែ​ដំបូង​ឡើង វា​ឱ្យ​ផល​តិចតួច​ប៉ុណ្ណោះរហូតដល់​ឆ្នាំ​ទី2 ទើប​វា​ចេញ​ផ្លែ​ច្រើនទៅៗលុះដល់់​អាយុ 3ឆ្នាំ វា​ចាប់ផ្តើម​ឱ្យ​ផ្លែ​ពេញលេញ​តែម្ដង ដោយ​ក្នុង​មួយគុម្ពៗគេ​អាច​ប្រមូល​ផល​បាន​ចំនួន 20គីឡូក្រាម ឬ​លើស​ហ្នឹង​ទៅទៀត​ក្នុង​មួយឆ្នាំ”។

    ស្រកានាគ​ផ្តល់​ផល​ទាំង​រដូវប្រាំង និង​រដូវវស្សា ប៉ុន្តែ​វា​នឹង​ផ្លែ​ច្រើន​នៅពេល​ដែលមាន​ភ្លៀង​ធ្លាក់​ខ្លាំង គឺ​ចាប់ពី​ខែឧសភា រហូតដល់​ខែតុលា ទើប​វា​ចាប់ផ្តើម​ធ្លាក់​ទិន្នផល​ចុះ​ទៅវិញ​បន្តិចម្តងៗ ហើយ​បើ​កសិករ​នៅតែ​បន្ត​ស្រោច​ទឹក វា​ក៏​នៅតែ​ផ្តល់​ផល​បន្តទៀត គ្រាន់​តែមាន​ចំនួន​តិចតួច​ប៉ុណ្ណោះ។ លោក​បន្តថា ក្រោយពី​ប្រមូល​ផល​ហើយ ផ្លែ​ស្រកានាគ​ខ្មែរ​មាន​ម៉ូ​យមក​ទទួល​ទិញ​ជាប្រចាំ​ដល់​ចម្ការ​តែម្តង ដោយ​ក្នុង​មួយ​គីឡូក្រាម​បោះ​ដុំ​បាន​តម្លៃ4,000រៀល ទៅ5,000រៀល ហើយ​គេ​យកទៅ​បោះ​ដុំ​បន្ត​នៅលើ​ទីផ្សារ​ក្នុងតម្លៃ7,000រៀល ទៅ8,000រៀល និង​ម៉ូយ​យកទៅ​លក់រាយ​បន្តទៀត​មួយ​គីឡូ​តម្លៃ10,000រៀល ទៅ12,000រៀល តាម​តូច​តាម​ធំ “ការលក់​បាន​ថ្លៃ ហើយ​មាន​ម៉ូយ​ទិញ​ច្រើន​នេះ ដោយសារ​ស្រកានាគ​ខ្មែរ​ដាំ​ដុះ​តាមរបៀប​ធម្មជាតិ​មិន​ប្រើ​ថ្នាំ​គីមី ហើយ​រសជាតិ​របស់​វា​ផ្អែម​ឆ្ងាញ់ ខុសពី​ស្រកានាគ​នាំចូល​ពី​ក្រៅប្រទេស ដូចជាស្រកានាគ​នាំ​មកពី​វៀតណាម ឬ​ថៃ”។

    សម្រាប់​បច្ចេកទេស​ដាំ​ដុះ កសិករ​ខាងលើ​បានផ្តល់​មតិយោបល់​ចែករំលែក​ថា មុននឹង​ដាំ​កសិករ​អាច​ភ្ជួរ​ដី​ឱ្យ​ងាប់​ស្មៅ​ជាមុនសិន​ក៏បាន ឬ​មិនបាច់​ភ្ជួរ​ដី​ជាមុន​ក៏បាន ដោយ​គ្រាន់តែ​ដាំ​បង្គោល​ចម្ងាយ​ពីគ្នា 3ម៉ែត្រ 4ជ្រុងស្មើៗគ្នា​ពីមួយ​គុម្ព​ទៅមួយ​គុម្ព ពេល​ដាំ​បង្គោល​រួចហើយ​គេ​ចាប់ផ្តើម​ជ្រំដី​ជុំវិញ​បង្គោល​នោះ រួច​កាច់​ដើម​ស្រកានាគ​មក​ដោត​ដាំ​ចំនួន 3 ទៅ4ដើម​ក្នុង​មួយគុម្ព។ លុះ​ដាំ​រួច កសិករ​ត្រូវដាក់​ជី​បំប៉ន​កូនដើម​ស្រកានាគ​ជា​លើកដំបូង ហើយ​ស្រោច​ទឹក​ដើម្បីឱ្យ​កូន​ស្រកានាគ​លូតលាស់​បានល្អ នៅពេល​ស្រកានាគ​លូតលាស់​ចាប់​ឫស​តោង​បង្គោល​ឡើង​ហើយ គេ​អាច​ស្រោច​ទឹក​ក៏បាន ឬ​មិនបាច់​ស្រោច​ទឹក​ក៏បាន ព្រោះថា ដើម​ស្រកានាគ​នេះ​ធន់​នឹង​កម្តៅ និង​មិនសូវ​ត្រូវការ​ទឹក​នោះទេ ទោះជា​រដូវប្រាំង​ខ្លាំង​ក៏ដោយ តែ​វា​ក៏​ចាញ់​ទឹក​ដែរ ពិសេស​គេ​មិនដែល​ដាំ​នៅ​លើដី​ដែលជា​វាល​បាត​ទំនាប​ទេ ព្រោះ​អាច​នឹងមាន​ដក់​ទឹក​ពេល​ភ្លៀង​ធ្លាក់​ខ្លាំង ធ្វើឱ្យ​ដើម​ស្រកានាគ​រលួយ​ងាប់​ដើម​អស់។

    ស្រកានាគ​ផ្តល់​ផល​យូរ​ឆ្នាំ​ចន្លោះ​ពី15 ទៅ20ឆ្នាំ រស់​បានយូរ​ដូចដើម​ដំបងយក្ស​ដែរ ប៉ុន្តែ​ទុក​យូរ​ឆ្នាំ​ពេក​វា​នឹង​ដុះ​ស៊ុបទ្រុប​ឡើង​ខ្លាំង ដែល​ពេល​នោះគេ​ត្រូវ​កាប់ឆ្ការ​រំលាយចោល​ដើម្បី​រៀបចំ​ការដាំដុះ​សាជាថ្មី​ឡើងវិញ។

    ដោយសារ​ឃើញ​ពី​តម្រូវការ​ទីផ្សារ​ផ្លែ​ស្រកានាគ​ធម្មជាតិ​នេះ​កើនឡើង​ខ្លាំងទើប​កសិករ​នៅក្នុង​ឃុំ​មេស​ជ្រៃ ចាប់ផ្តើមដាំ​ដើម​ស្រកានាគ​នេះ​កាន់តែច្រើនឡើងៗ និង​ដោយសារតែ​ទីតាំង​ខាងលើ​ជា​ប្រភេទ​ដីក្រហម​មាន​ជីវជាតិ​ខ្លាំង ដូច្នេះ​មិនបាច់​ប្រើ​ជី ក៏​វា​ផ្តល់​ផល​អាច​បេះ​ផ្លែ​លក់ រក​ចំណូល​បន្ថែម​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ក្នុង​គ្រួសារ​ឱ្យ​កាន់តែប្រសើរឡើងៗបានដែរ៕