Category: សង្គម និងសេដ្ឋកិច្ច

  • មិននឹកស្មានថា ស៊ូ ស៊ីរិកា​ លះបង់ដើម្បីសិល្បៈដល់ថ្នាក់ហ្នឹងសោះ…

    មិននឹកស្មានថា ស៊ូ ស៊ីរិកា​ លះបង់ដើម្បីសិល្បៈដល់ថ្នាក់ហ្នឹងសោះ…

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅពេលថ្មីៗនេះបានឱ្យដឹងថា តារាចម្រៀង ស៊ូ ស៊ីរិកា​ បានព្យាយាមលះបង់ជាច្រើនក្នុងការថតបទចម្រៀងដែលមានលាយឡំជាមួយសាច់រឿងខ្លី រហូតភ្លាត់ស្នៀតធ្វើនាងលង់ទឹកមែនទែនទៀតផង តែយ៉ាងណាក៏ដោយ ក៏ក្រុមការងារបានជួយសង្គ្រោះនាងទាន់ពេលវេលាដែរ។ ចម្រៀងមួយបទនោះមានចំណងជើងថា «ឧបសគ្គស្នេហ៍» ដឹកនាំសម្ដែងដោយលោក រិទ្ធ អូមេហ្កា នៅក្នុងផលិតកម្មថោន។

    តាមរយៈវីដេអូដែលបានបង្ហោះនៅលើបណ្ដាញសង្គមនេះត្រូវបានគេមើលឃើញថា ពិតជាគួរឱ្យអាណិតអាសូរតារាស្រីរូបនេះខ្លាំងណាស់នៅពេលដែលនាងកំពុងឈ្លក់ទឹកអាងយ៉ាងខ្លាំង។ រឿងលង់ទឹកនេះហាក់មិនទាន់ស្ងប់បានប៉ុន្មានផងស្រាប់តែនៅថ្ងៃនេះគេឃើញម្ចាស់បទ «ស្រលាញ់បង លើសហើយ» រូបនេះបាន​បង្ហាញ​រូបភាពដ៏គួរអាសូ​រប៉ុន្មានសន្លឹកទៀត ដែលគេមើលឃើញថា ខ្នងរបស់នាងបានរបកស្បែកមកទាំងផ្ទាំងៗ ហាក់បីដូចជាកើតប្រតិកម្មចាញ់កម្ដៅថ្ងៃ។ នាងបានសរសេរសារយ៉ាងខ្លីថា «ឧបសគ្គស្នេហ៍មានច្រើនរសជាតិណាស់ របកស្បែក លង់ទឹក បាក់ដៃនឹងមាននៅវគ្គបន្ត»។

    ដើម្បីឱ្យកាន់តែជាក់ច្បាស់ថា តើតារាស្រីរូបនេះគួរឱ្យអាណិតអាសូរដល់កម្រិតណានោះ សូមទស្សនាវីដេអូសកម្មភាពក្រៅឆាកខាងក្រោមនេះ៖

  • ចំណាត់ថ្នាក់តារាសម្ដែង 10រូប ដែលមានទ្រព្យសម្បត្តិច្រើនជាងគេលើពិភពលោកក្នុងឆ្នាំ2018

    ចំណាត់ថ្នាក់តារាសម្ដែង 10រូប ដែលមានទ្រព្យសម្បត្តិច្រើនជាងគេលើពិភពលោកក្នុងឆ្នាំ2018

    តាមរយៈសារព័ត៌មាន MThai ដែលចេញផ្សាយនៅពេលថ្មីៗនេះបានឱ្យដឹងថា ការចាត់ចំណាត់ថ្នាក់តារាសម្ដែងហូលីវូដ​ដែលមានទ្រព្យច្រើនជាងគេលើពិភពលោករបស់គេហទំព័រ Forbes នៅក្នុងឆ្នាំ 2018 នេះ​បានឱ្យដឹងថា មានតារាសម្ដែង កីឡាករ អ្នកជំនួញទាំងអស់ចំនួន 100នាក់ ដែលជាប់ក្នុងចំណាត់ថ្នាក់អ្នកមានទ្រព្យសម្បត្តិច្រើនជាងគេលើពិភពលោក។ ការចាត់ចំណាត់ថ្នាក់នេះ ត្រូវបានគណនាតាមរយៈទ្រព្យសម្បត្តិដែលទទួលបានច្រើនចាប់តាំងពីថ្ងៃទី1 ខែមិថុនា ឆ្នាំ2017 រហូតដល់ថ្ងៃទី1 ខែមិថុនា ឆ្នាំ2018(រយៈពេល 1ឆ្នាំ) ដែលនៅក្នុងចំណោមនោះ គេសង្កេតឃើញមានតារាសម្ដែងចំនួន 10រូប ស្ថិតនៅលំដាប់លេខរៀងកំពូលៗដែរ។  

    អ្នកដែលស្ថិតនៅលំដាប់លេខរៀងទី1 នោះគឺ  Floyd Mayweather ជាកីឡាករប្រដាល់ជនជាតិអាមេរិក វ័យ 41ឆ្នាំ​ មានទ្រព្យសម្បត្តិដល់ទៅ 285 លានដុល្លារសហរដ្ឋអាមេរិក។

    លំដាប់ទី2 ) លោក George Clooney

    ជាតារាសម្ដែងវ័យ 57ឆ្នាំ មានទ្រព្យសម្បត្តិ 239លានដុល្លារសហរដ្ឋអាមេរិក។

    លំដាប់ទី3 )  Kylie Jenner

    ជាតារាម៉ូដែល និងជាអ្នកជំនួញវ័យ 20ឆ្នាំ មានទ្រព្យសម្បត្តិ 166.5លានដុល្លារសហរដ្ឋអាមេរិក។

    លំដាប់ទី4) លោក Dwayne Johnson(The Rock)

    ជាកីឡាករ-តារាសម្ដែងវ័យ 46ឆ្នាំ មានទ្រព្យសម្បត្តិ 124លានដុល្លារសហរដ្ឋអាមេរិក។

    លំដាប់ទី5) U2

    ជាតន្ត្រីករដែលមានទ្រព្យសម្បត្តិ 118លានដុល្លារសហរដ្ឋអាមេរិក។

    លំដាប់ទី6 ) លោក Coldplay

    ជាតន្ត្រីករមានទ្រព្យសម្បត្តិ 115.5 លានដុល្លារសហរដ្ឋអាមេរិក។

    លំដាប់ទី7 ) លោក Ed Sheeran

    ជាតារាចម្រៀងវ័យ 27ឆ្នាំ មានទ្រព្យសម្បត្តិ 110លានដុល្លារសហរដ្ឋអាមេរិក។

    លំដាប់ទី8 ) លោក Bruno Mars

    ជាតារាចម្រៀងវ័យ 32ឆ្នាំ មានទ្រព្យសម្បត្តិ 100លានដុល្លារសហរដ្ឋអាមេរិក។

    លំដាប់ទី9 ) Katy Perry

    ជាតារាចម្រៀងវ័យ 33ឆ្នាំ មានទ្រព្យសម្បត្តិ 83លានដុល្លារសហរដ្ឋអាមេរិក។

    និងអ្នកដែលជាប់លំដាប់ថ្នាក់ក្រោម10 មាន៖

    លំដាប់ទី20 ) Robert Downey Jr.(Iron man)

    ជាតារាសម្ដែងវ័យ 57ឆ្នាំ មានទ្រព្យសម្បត្តិ 81លានដុល្លារសហរដ្ឋអាមេរិក។

    និងលំដាប់ទី21 ) Taylor Swift

    ជាតារាចម្រៀងវ័យ 28ឆ្នាំ មានទ្រព្យសម្បត្តិ 80លានដុល្លារសហរដ្ឋអាមេរិក៕

  • Woods៖  British Open គឺជា​ឱកាស​ដ៏​ល្អ​ក្នុងការ​ឈ្នះ​ពាន​ធំ​មួយទៀត

    Woods៖  British Open គឺជា​ឱកាស​ដ៏​ល្អ​ក្នុងការ​ឈ្នះ​ពាន​ធំ​មួយទៀត

    កីឡាករ​វាយកូនគោល Tiger Woods បាន​បញ្ជាក់ថា ព្រឹត្តិការណ៍ British Open នឹង​ក្លាយជា​ឱកាស​ដ៏​ល្អ​បំផុត​របស់គេ​ក្នុងការ​ឈ្នះ​ពានរង្វាន់​ធំ​មួយទៀត ហើយ​យុទ្ធនាការ​នេះ អាច​នឹង​ក្លាយជា​សប្តាហ៍​ថ្មី​មួយ​ដើម្បី​បញ្ចប់​ការមិន​ស្គាល់​ឈ្នះ​ពានធំៗសោះ​របស់គេ​រយៈពេល​ច្រើនជាង 1ទសវត្សរ៍ កន្លងមកនេះ។

    ក្នុងពេល​និយាយ​នៅឯ​ទីលាន Carnoustie កាលពី​ថ្ងៃ​អង្គារ ពោលគឺ​រយៈពេល 2ថ្ងៃ​មុនពេល​ការប្រកួត​ជុំ​ទី1 របស់​ព្រឹត្តិការណ៍​នេះ Woods បាន​បញ្ជាក់ថា British Open នឹង​បង្កើតឱ្យមាន​ការប្រើប្រាស់​ថាមពល​តិចតួច ដែលជា​រឿង​ដ៏​ល្អ​សម្រាប់​កីឡាករ​វាយកូនគោល​ម្នាក់​ដែល​ស្ថិតក្នុង​វ័យ​កណ្តាល​ម្នាក់នេះ។

    Tiger Woods walks up the hill towards the 16th green during the first round of the Quicken Loans National golf tournament, Thursday, June 28, 2018, in Potomac, Md. (AP Photo/Nick Wass)

    កីឡាករ​វ័យ 42ឆ្នាំ​រូបនេះ ដែល​ល្បឿន​នៃ​ការ​វាយកូនគោល​របស់គេ​នៅតែ​ស្ថិត​ក្នុងចំណោម​ល្បឿន​ដ៏​លឿន​បំផុត​បើទោះបី​ឈានដល់​វ័យ​កណ្តាល និង​វះកាត់​សាច់ដុំ​ខ្នង​ជាច្រើនលើក​មកហើយ​នោះ បានឱ្យដឹងថា៖ «អ្នក​មិនចាំបាច់​វាយកូនគោល​ឱ្យបាន​ឆ្ងាយ​នៅលើ​ទីលាន​មួយ​ឡើយ ពិតណាស់ ខ្ញុំ​នឹង​និយាយថា វា​នឹង​ផ្តល់ឱកាស​ដ៏​ល្អ​បំផុត​ក្នុងការ​ឈ្នះ​ពាន​ធំ 1ទៀត»។ ប៉ុន្តែ រូបគេ​ដឹងថា ពេលវេលា​ចេះតែ​ដើរទៅ​មុខ និង​ដឹងថា រូបគេ​នឹងមិន​តែងតែ​អាច​ប្រជែង​ជាមួយនឹង​កីឡាករ​វ័យក្មេង​ជាច្រើន​ទៀតឡើយ។ កីឡាករ​រូបនេះ​បាន​បន្ថែមទៀតថា៖ «កីឡាករ​ជាច្រើន​ដែល​ធ្វើ​បានល្អ កំពុងស្ថិត​ក្នុង​អារម្មណ៍​ដ៏​ល្អ​មួយ ហើយក៏​វាយកូនគោល​បាន​យ៉ាង​ល្អ​ផងដែរ»៕

    ប្រភពពី៖ Channel News Asia

  • Mbappe នឹង​ផ្តល់ប្រាក់ 50ម៉ឺន​ដុល្លារ​ដែល​ខ្លួន​បាន​ពី World Cup ទៅឱ្យ​អង្គការ​សប្បុរសធម៌

    Mbappe នឹង​ផ្តល់ប្រាក់ 50ម៉ឺន​ដុល្លារ​ដែល​ខ្លួន​បាន​ពី World Cup ទៅឱ្យ​អង្គការ​សប្បុរសធម៌

    ខ្សែប្រយុទ្ធ​អន្តរជាតិ​បារាំង Kylian Mbappe វ័យ 19ឆ្នាំ ទទួលបាន​ប្រាក់ 22,300ដុល្លារ​ក្នុង​មួយ​ប្រកួត​នៃ​យុទ្ធនាការ World Cup បូករួម​ទាំង​ប្រាក់​លើកទឹកចិត្ត 350,000ដុល្លារ​ទៀត​សម្រាប់​ការជួយ​ឱ្យ​ក្រុម​ជម្រើសជាតិ​របស់ខ្លួន​ទទួលបាន​ជ័យជម្នះ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ កាលពី​ថ្ងៃអាទិត្យ ដែល​ធ្វើឱ្យ​រូបគេ​ទទួលបាន​ប្រាក់​សរុប​ទាំងអស់ 50ម៉ឺន​ដុល្លារ។ ប៉ុន្តែ ទោះជា​ដូច្នេះ​ក្ដី តារា​ឆ្នើម​វ័យក្មេង​រូបនេះ​បានប្រកាសថា ខ្លួន​នឹង​ផ្តល់ប្រាក់​ទាំងអស់នោះ​ទៅឱ្យ​អង្គការ​សប្បុរសធម៌ Premiers de Cordees។

    ប្រាក់​ចំនួន​នេះ គ្រាន់តែ​ជា​ចំណែក 1ភាគ​នៃ​ប្រាក់ខែ​សរុប​របស់គេ​ប៉ុណ្ណោះ ខណៈដែល​រូបគេ​ទទួលបាន 1.7លាន​ដុល្លារ​ក្នុង​មួយខែ​ពី​ក្លិប​បច្ចុប្បន្ន​របស់គេ​គឺ Paris-Saint Germain ប៉ុន្តែ​ទឹកប្រាក់​កន្លះ​លាន​ដុល្លារ​នេះ នឹងមាន​ន័យ​យ៉ាង​ធំធេង​សម្រាប់​អង្គការ Premiers de Cordees ដែលជា​អង្គការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​នានា​សម្រាប់​កុមារ​ពិការ។

    លោក Sebastien Ruffin អ្នកចាត់ការ​ទូទៅ​រប​ស់​អង្គការ Premiers de Cordee បានឱ្យដឹងថា៖ «Kylian គឺជា​មនុស្ស​ដ៏​អស្ចារ្យ​ម្នាក់។ នៅពេលដែល​កាលវិភាគ​របស់គេ​អនុញ្ញាត គេ​បាន​ចូលមក​ធ្វើ​អន្តរាគមន៍​សម្រាប់​យើង​ទាំង​ភាព​រីករាយ។ រូបគេ​មាន​ទំនាក់ទំនង​យ៉ាង​ល្អ​ជាមួយនឹងក្មេងៗ ដោយ​គេ​តែងតែ​ស្វែងរក​ការប្រើប្រាស់​ពាក្យពេចន៍​យ៉ាង​ត្រឹមត្រូវ​ក្នុងការ​លើកទឹកចិត្ត​ដល់​ពួកយើង»។

    ខ្សែប្រយុទ្ធ​រូបនេះ បាន​ស៊ុត​បាល់​បញ្ចូល​ទី 4គ្រាប់ ក្នុងចំណោម​ការប្រកួត 7លើក​សម្រាប់​ក្រុម​ជម្រើសជាតិ​បារាំង ក្នុង World Cup ក្នុងនោះ​រាប់បញ្ចូល​ទាំង​គ្រាប់​បាល់ 1គ្រាប់​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ កាលពី​ថ្ងៃអាទិត្យ នៅពេលដែល​ក្រុម​របស់គេ បាន​យកឈ្នះ​លើ​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី ក្នុង​លទ្ធផល 4-2។ Mbappe ក៏បាន​ឈ្នះ​រង្វាន់​កីឡាករ​វ័យក្មេង​ឆ្នើម​បំផុត​ប្រចាំ​យុទ្ធនាការ​នេះ​ផងដែរ៕

    ប្រភពពី៖ The Straits Times

  • ធនាគារពិភពលោក ផ្តល់​ឥណទាន​សម្បទាន 200លាន​ដុល្លារ ដើម្បី​ជួយ​វិស័យ2 នៅ​កម្ពុជា

    ធនាគារពិភពលោក ផ្តល់​ឥណទាន​សម្បទាន 200លាន​ដុល្លារ ដើម្បី​ជួយ​វិស័យ2 នៅ​កម្ពុជា

    ភ្នំពេញ៖ ធនាគារពិភពលោក​បាន​សម្រេច​ផ្តល់​សម្បទាន​លើក​ទី2 ដល់​កម្ពុជា​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ 200លាន​ដុល្លារ​អាមេរិក ដ​ម្រា​ប់​កែលម្អ​ប្រព័ន្ធ​អប់រំ​កម្រិត​ឧ​ត្ត​មសិ​ក្សា និង​គម្រោង​គ្រប់គ្រង​សម្បត្តិ​ផ្លូវថ្នល់​ជំហាន​ទី2។

    ជំនួយ​នេះ​នឹង​ជួយ​លើ​គម្រោង​ពង្រឹងសមត្ថភាព​គ្រូបង្រៀន និង​ស្រាវជ្រាវ​សម្រាប់​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ចំនួន5នៅ​កម្ពុជា​រួមមាន​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម សាកលវិទ្យាល័យ​ស្វាយរៀង និង​សាកលវិទ្យាល័យ​បាត់ដំបង។ ជំនួយ​នេះ​ក៏​នឹង​ជួយ​ដល់​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​ឯកជន​មួយចំនួន​ដែលជា​រួម​នឹង​អាចជួយ​ដល់​សិស្ស​សរុប​ប្រមាណ 16,356នាក់​នៅ​ទ​ទូទាំងប្រទេស។

    ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​លើកឡើងថា​គម្រោង​កែលម្អ​វិស័យ​អប់រំ​ផ្នែក​ឧ​ត្ត​មសិ​ក្សា​នេះ​គ្រោង​ចំណាយ​ថវិកា​ប្រមាណ 92.50លាន​ដុល្លារ​អាមេរិក ដែល​ក្នុងនោះ​មាន​ថវិកា​ប្រមាណ 90លាន​ដុល្លារ​ជា​ថវិកា​ឥណទាន​ពី​សហរដ្ឋអាមេរិក និង​ចំនួន 2.5លាន​ដុល្លារ​ជា​ថវិកាបដិភាគ។ គម្រោង​នេះ​នឹង​ផ្តោត​សំខាន់​ដើម្បី​ជំរុញ​ការអប់រំ​លើ​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា និង​កសិកម​ម ដែលជា​ផ្នែក​យ៉ាងសំខាន់​សម្រាប់​អភិវឌ្ឍ​ប្រទេស។

    ចំណែកឯ​ជំហាន​ទី2 គឺ​ហិរញ្ញប្បទាន​បន្ថែម​ប្រមាណ 113លាន​ដុល្លារ​អាមេរិក ដែល​ក្នុងនោះ​ថវិការ​សម្បទាន​ពី​ធនាគា​ពិភពលោក​ចំនួន 110លាន​ដុល្លារ​អាមេរិក និង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​ចំនួន 3លាន​ដុល្លារ​អាមេរិក គឺ​សម្រាប់ធ្វើ​ការវិនិយោគ​លើ​ការស្តារ និង​ពង្រីក​ផ្លូវជាតិ​លេខ4 ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ៕

  • គន្លឹះថែរក្សាសក់ងាយៗទាំង6យ៉ាងក្នុងរដូវភ្លៀង

    គន្លឹះថែរក្សាសក់ងាយៗទាំង6យ៉ាងក្នុងរដូវភ្លៀង

    នៅពេលដែលរដូវភ្លៀងបានមកដល់ នារីៗពិតជាពិបាកចិត្តបន្ដិចហើយក្នុងការថែរក្សាសរសៃសក់ឱ្យមានសភាពរស់រវើកគ្រប់ពេលវេលា។ បើអ្នកចាប់អារម្មណ៍ខ្លាំងពីបញ្ហាមួយនេះ ទស្សនាវដ្ដី ឡារ៉ែនសូមបង្ហាញជូននូវគន្លឹះទាំង6យ៉ាង ដើម្បីថែរក្សាសុខភាពសក់នារដូវភ្លៀងដូចខាងក្រោមនេះ។

    1. ចៀសវាងធ្វើឱ្យសក់សើមពេញមួយយប់
    សម្រាប់នារីៗដែលត្រូវទឹកភ្លៀង ហើយនៅសើមសក់នៅឡើយនោះ គប្បីជ្រើសរើសវិធីកក់សក់បន្ទាប់ពីត្រូវទឹកភ្លៀងរួច គឺប្រសើរបំផុតដើម្បីការពារជំងឺផ្ដាសាយ ព្រោះប្រសិនបើអ្នកមិនបានកក់សក់ទេ នោះសក់របស់អ្នកនឹងសើមនៅក្នុងរយៈពេលយូរពេញមួយយប់ និងធ្វើឱ្យសក់មានសភាពហើម ហើយមានក្លិនមិនល្អថែមទៀត ចំណែកឯជំងឺដែលនឹងតាមមកជាមួយដូចជាជំងឺផ្តាសាយជាដើមនោះនឹងចូលមកយារយីអ្នកជាមិនខាន។

    2. បន្ទាប់ពីកក់សក់រួច ត្រូវផ្លុំសក់ឱ្យស្ងួត
    ភាគច្រើនដូចដែលអ្នកបានដឹងហើយថាភ្លៀងនឹងធ្លាក់នៅក្នុងអំឡុងពេលល្ងាច បើអ្នកកក់សក់ក្រោយទទឹកទឹកភ្លៀង អ្នកត្រូវធ្វើការផ្លុំសក់ឱ្យស្ងួតមុនពេលចូលគេង ព្រោះមិនត្រូវបណ្ដោយឱ្យសក់សើមពេញមួយយប់នោះទេ។បន្ទាប់ពីផ្លុំសក់ហើយ ចូរប្រើក្រែមលាបបំប៉នសរសៃសក់ ដើម្បីឱ្យសក់មានសភាពរស់រវើកឡើងវិញមុនពេលចូលគេង។ ក៏ប៉ុន្ដែការផ្លុំសក់ជារៀងរាល់ថ្ងៃ ក៏មែនមែនជារឿងល្អសម្រាប់ការថែរក្សាសុខភាពសក់ប៉ុន្មានទេ ព្រោះសក់ងាយនឹងខូចដោយសារកម្ដៅខ្យល់ដែលភាយចេញពីម៉ាស៊ីនផ្លុំសក់។

    3. ចៀសវាងការប្រើផលិតផលថែរក្សាសក់បែបរលើបរលោង និងស្អិត
    ភាគច្រើនផលិតផលថែរក្សាសរសៃសក់មានធាតុផ្សំពីប្រេងច្រើន ក៏ប៉ុន្ដែនៅក្នុងអំឡុងរដូវភ្លៀងនេះ ការប្រើប្រាស់ផលិតផលថែរក្សាសក់ប្រភេទប្រេង គឺវាកាន់តែធ្វើឱ្យសក់របស់អ្នករលើបរលោងខ្លាំង និងស្អិត ពិតជាគួរឱ្យធុញ-ទ្រាន់ខ្លាំងណាស់។ វិធីសាស្ត្រដ៏ល្អមួយដែលអ្នកគួរអនុវត្តជាប្រចាំ គឺការជ្រើសរើសប្រើផលិតផលថែរក្សាសក់ណាដែលមិនសម្បូរដោយជាតិប្រេងច្រើនដូចជា ផលិតផលថែរក្សាសក់សម្រាប់កុមារជាដើម។

    4. អប់សក់ខ្លះ ដើម្បីថែទាំសរសៃសក់ និងស្បែកក្បាល
    អ្នកគប្បីអប់សរសៃសក់របស់អ្នកក្នុងមួយសប្តាហ៍ពី1ទៅ2ដង ដើម្បីជំនួយដល់សរសៃសក់ឱ្យបានជ្រៅ។ ត្រូវប្រើម្រាមដៃម៉ាស្សា ត្រង់ស្បែកក្បាលជារង្វង់មូលឱ្យសព្វ ដើម្បីជំរុញឱ្យឈាមរត់វិលបានល្អ និងជួយឱ្យការផលិតប្រេងពីឫសសក់បានប្រសើរឡើងថែមទៀតផង។

    5. ប្រើកន្សែងសម្ងួតសក់
    បន្ទាប់ពីលាងជម្រះសក់រួច អ្នកអាចយកកន្សែងមកផ្តិតពីគល់ដល់ចុងសក់ ប៉ុន្តែមិនត្រូវយកកន្សែងមករុំជុំវិញក្បាលរបស់អ្នកនោះទេព្រោះវាអាចបំផ្លាញឫសសក់របស់អ្នកបាន។មួយវិញទៀត ប្រសិនបើអ្នកយកកន្សែទៅញីឬត្រដុសនឹងសរសៃសក់ខ្លាំងពេក នោះសក់របស់អ្នក នឹងប្រែជារួញ និងសំពោងជាមិនខាន។ជំនួសដោយកន្សែង អ្នកគួរតែប្រើអាវយឺតណាមួយមកជំនួសវិញ ព្រោះវាទន់ និងផ្តល់ភាពងាយស្រួលជាង។

    6. ហាមប្រើក្រាសសិតសក់ខុស
    អ្នកគួរបញ្ឈប់ការសិតសក់ ដោយប្រើប្រាស់ក្រាសខុសប្រភេទចាប់ពីថ្ងៃនេះតទៅ។ ក្រាសសិតសក់ជ័រ ឬក្រាស់ដែលមានធ្មេញរឹង នឹងធ្វើឱ្យសក់របស់អ្នកចុះខ្សោយ និងខូច។ ហេតុនេះ អ្នកគួរតែប្រើក្រាស់ប្រភេទមូល ដែលមានធ្មេញរង្វើល ព្រោះគេចាត់ទុកវាជាប្រភេទក្រាស់ ដែលធ្វើឱ្យសក់រឹងមាំ ភ្លឺ រលោង និងមានសុខភាពល្អ។ គេធ្លាប់និយាយថា បើចង់បានសក់ទន់រលោងស្អាតទាល់តែ ឧស្សាហ៍សិតសក់ឱ្យបានញឹកញាប់។ ប៉ុន្តែ មានអ្នកមួយចំនួនទៀតក៏បាននិយាយថា សិតសក់ច្រើនដងពេកធ្វើឱ្យខូចសក់ ហេតុនេះ មនុស្សមួយចំនួនបែរជាមិនសូវសិតសក់ឱ្យបានត្រឹមត្រូវ ដូចជាសិតតែចុងៗសក់ជាដើមទៅវិញ។ ជាក់ស្តែង បើអ្នកសិតដល់ស្បែកក្បាល គឺជួយជំរុញការលូតលាស់នៃសក់ តែបើសិតញឹកញាប់ពេកក៏ធ្វើឱ្យជ្រុះសក់ផងដែរ។ ហេតុនេះ អ្នកអាចសិតសក់តែពេលណាដែលចាំបាច់ទៅបានហើយ ដូចជាពេលចងសក់ជាដើម៕

  • វិធីកម្ចាត់ក្លិនទុរេនក្នុងទូទឹកកក និងបន្ទប់ម៉ាស៊ីនត្រជាក់ ធុំក្លិនខ្លាំងប៉ុនណា ក៏បាត់ឈឹងដែរ!

    វិធីកម្ចាត់ក្លិនទុរេនក្នុងទូទឹកកក និងបន្ទប់ម៉ាស៊ីនត្រជាក់ ធុំក្លិនខ្លាំងប៉ុនណា ក៏បាត់ឈឹងដែរ!

    ទោះវាជាផ្លែឈើដែលមានរសជាតិឆ្ងាញ់ត្រូវមាត់ ត្រូវចិត្តមនុស្សភាគច្រើនមែន តែត្រូវតែព្រមទទួលស្គាល់ហើយថា ទុរេនគឺ​ជាផ្លែឈើដែលមានក្លិនខ្លាំងបំផុត ជាពិសេសក្នុងរដូវផ្លែទុរេនកំពុងឱ្យផលបែបនេះ ធ្វើឱ្យអ្នកដែលមិនសូវជាចូលចិត្តក្លិនរបស់វានាំគ្នាស្រែកចាចគ្រប់ៗគ្នា​ ចំណែកអ្នកដែលចូលចិត្តវិញ ត្រូវតែមានជាប់ដៃយកទៅផ្ទះទទួលទានជុំគ្នាសឹងតែរាល់ថ្ងៃមិនខាន ប៉ុន្តែបើអ្នកយកទុរេនមកទទួលទានក្នុងផ្ទះហើយ មិនដឹងពីវិធីកម្ចាត់ក្លិនឱ្យបាត់សូន្យឈឹងទៅវិញនោះអាចនឹងធ្វើឱ្យនៅក្នុងផ្ទះមានក្លិនមិនគួរឱ្យបេតីអណ្ដែតវិលវល់ពេញក្នុងនោះរហូតធ្វើឱ្យលែងចង់ចូលផ្ទះក៏អាចថាបានដែរ។ ដូច្នេះជម្រើសដែលល្អ គឺនាំគ្នាមកមើលពីវិធីកម្ចាត់ក្លិនទុរេនបែបងាយៗ ដែលអ្នកគ្រូ ឆវី ធានាថា នឹងធ្វើឱ្យបងៗស្រ្តីមេផ្ទះអាចទទួលទានទុរេនបានបែបសប្បាយៗមិនចាំបាច់ខ្លាចថាមានក្លិននៅជាប់ក្នុងផ្ទះឡើយ។

    1. កាកកាហ្វេ
    ដោយសារតែកាកកាហ្វេមានក្លិនឈ្ងុយ និងស្រស់ស្រាយ ដូច្នេះគ្រាន់តែបងៗស្ត្រីមេផ្ទះដាក់កាកកាហ្វេនៅក្នុងកូនចានចង្កឹះ រួចយកទៅដាក់ចោលនៅជ្រុងណាមួយនៅក្នុងបន្ទប់ តែប៉ុណ្ណឹងកាកកាហ្វេនឹងបឺតយកក្លិនខ្លាំងៗរបស់ទុរេនឱ្យបាត់អស់មិនខាន ព្រមទាំងបានក្លិនក្រអូបស្រស់ស្រាយរបស់កាហ្វេមកជំនួសវិញទៀតផង ហើយបើក្នុងបន្ទប់ណាដែលមានធុំក្លិនទុរេនខ្លាំងក្លានោះ បងៗស្រ្តីមេផ្ទះគ្រាន់តែបន្ថែមបរិមាណកាកកាហ្វេឱ្យច្រើនជាងមុនបន្តិចទៅជាការស្រេច។

    2. ម្សៅប៊េកឃីងសូដា
    មិនថាតែក្នុងទូទឹកកក បន្ទប់ម៉ាស៊ីនត្រជាក់ ឬបន្ទប់ដែលគ្មានបង្អួចនោះឡើយ វត្ថុពហុប្រយោជន៍ដូចជាម្សៅប៊េកឃីងសូដាមួយនេះក៏អាចបំបាត់ក្លិនទុរេនបានដែរ ដោយគ្រាន់តែចាក់ដាក់ចាន ឬកំប៉ុង ហើយយកទៅដាក់នៅត្រង់ចំណុចដែលត្រូវការបំបាត់ក្លិន និងឧស្សាហ៍ប្ដូរម្សៅប៊េកឃីងសូដារៀងរាល់2 – 3ថ្ងៃម្ដង ដើម្បីប្រសិទ្ធភាពដ៏ល្អជាការស្រេច។

    3. ស្លឹកតើយ
    ការកម្ចាត់ក្លិនផ្លែទុរេនទុំដោយស្លឹកតើយក៏មិនពិបាកដែរគ្រាន់តែយកស្លឹកតើយមកបត់ធ្វើជារូបបូ រូបផ្កា ឬចងជាកញ្ចុំហើយយកទៅដាក់នៅត្រង់កន្លែងដែលមានធុំក្លិនទុរេនរហូតដល់ក្លិនក្រអូបប្រហើរឈ្ងប់ចាប់ផ្ដើមរសាយ ឬស្លឹកចាប់ផ្ដើមក្រៀមស្រពោន សឹមយកស្លឹកថ្មីមកប្ដូរ។

    4. ក្រូចលេម៉ុន ឬក្រូចឆ្មារ
    បងៗស្រីមេផ្ទះគ្រាន់តែពុះផ្លែក្រូចឆ្មារ ឬក្រូចលេម៉ុនជាបន្ទះៗ យកទៅដាក់ក្នុងទូទឹកកក តែប៉ុណ្ណឹងបន្ទះក្រូចឆ្មារក៏នឹងជួយបឺតយកក្លិនខ្លាំងៗរបស់ទុរេនចេញអស់ទៅហើយ។

    5. បណ្ដូលរមូរក្រដាសអនាម័យ ក្រដាសកាសែត ឬនំប៉័ងបន្ទះ
    អ្នកគ្រូ ឆវី សូមប្រាប់ទៅចុះថា ក្លិនស្អុយៗនៅក្នុងទូទឹកកកក៏អាចកម្ចាត់បានយ៉ាងងាយដោយរបស់ប្រើប្រាស់ក្នុងផ្ទះដែលមានតម្លៃថោក ដូចជា បណ្ដូលរមូរក្រដាសអនាម័យ ក្រដាសកាសែត និង​បន្ទះនំប៉័ង ដោយអ្នកត្រូវយករបស់ទាំងនេាះណាមួយទៅដាក់ក្នុងទូទឹកកក ហើយបើសិនជាក្រដាស កាសែត ក៏ឆ្មូលវាឱ្យទៅជាដុំជាមុនសិន បើជានំប៉័ងបន្ទះ ក៏ប្រើប្រមាណជា2បន្ទះ និងព្យាយាមប្ដូរ ឱ្យបានញឹកញាប់ផងទើបជាការល្អ។

    6. តែ
    ជាវត្ថុកម្ចាត់ក្លិនទុរេនមួយទៀតដែលឃើញលទ្ធផលច្បាស់ៗតែម្ដង ដោយគ្រាន់តែឆុងទឹកតែដាក់កែវ ហើយយកទៅដាក់ក្នុងទូទឹកកក ឬយកថង់កាកតែដែល ឆុងរួចហើយទៅដាក់ក្នុងទូទឹកកក តែម្ដងក៏បានតែប៉ុណ្ណឹងកាកតែ ក៏នឹងជួយបឺតយកក្លិន ខ្លាំងៗរបស់ទុរេនចេញអស់ហើយថែមទាំងបញ្ចេញក្លិនក្រអូប ប្រហើរតិចៗរបស់តែចេញមកទៀតផង។

    7. ដុំធ្យូង
    បើនិយាយពីជំនួយការក្នុងការបំបាត់ក្លិន គឺមិនអាចអត់ធ្យូងបានឡើយ។ មិនចាំបាច់ប្រាប់ឡើយថា ធ្យូងឈើអាចកម្ចាត់ក្លិនបានតាំងពីក្នុងទូដាក់ឥវ៉ាន់ ទូទឹកកក រហូតទៅដល់ក្នុងបន្ទប់ផ្សេងៗក្នុងផ្ទះទៀតផង ឯវិធីវិញ ក៏ងាយៗ គ្រាន់តែយកដុំធ្យូងឈើទៅដាក់នៅក្នុងទូទឹកកក បន្តិចក្រោយមករន្ធតូចៗនៅលើដុំធ្យូងក៏នឹងបឺតយកក្លិនមិនល្អទាំងឡាយម្ដងបន្តិចៗរហូតដល់អស់ ដែលវាអាចនឹងប្រើពេលយូរបន្តិច តែប្រាកដជាអាចកម្ចាត់ក្លិនបានល្អមែន។

    ក្រៅពីនេះ ការបើកទ្វារ បើកបង្អួច ឬកង្ហារ ដើម្បីឱ្យខ្យល់អាកាសចេញចូលបានល្អ ក៏អាចជួយកម្ចាត់ក្លិនមិនល្អរបស់ទុរេនចេញបានដូចគ្នាដែរ ដូច្នេះបើដឹងខ្លួនថា ចូលចិត្តទទួលទានទុរេន តែមិនចង់ឱ្យក្លិនរបស់ទុរេននៅជាប់ក្នុងផ្ទះយូរនោះ ក៏កុំភ្លេចនាំយកវិធីទាំងនេះទៅប្រើណា៎ចា៎ស៕

  • ភាពជោគជ័យ​ចាប់ផ្តើម​ពី​សេចក្តីក្លាហាន និង​ហ៊ាន​ធ្វើ​រឿង​វិជ្ជមាន​ពី​ក្មេង

    ភាពជោគជ័យ​ចាប់ផ្តើម​ពី​សេចក្តីក្លាហាន និង​ហ៊ាន​ធ្វើ​រឿង​វិជ្ជមាន​ពី​ក្មេង

    ក្លាយជា​បុគ្គល​ដែលមាន​តម្លៃ​សំខាន់​សម្រាប់​គ្រប់គ្នា​ជា​អ្វីដែល​មនុស្ស​ជាច្រើន​ចង់បាន តែ​វិថី​ទៅកាន់​ភាពជោគជ័យ​ក្នុង​ជីវិត​មិនមែនជា​រឿង​ងាយ​នោះទេ ព្រោះ​មាន​មនុស្ស​មិនតិច​ទេ​ជួប​រឿង​ខកចិត្ត​នៅពេលដែល​ខិតខំ​ប្រឹងប្រែង ហើយ​មនុស្ស​ជាច្រើន​ផ្សេងទៀត​មិន​ហ៊ាន​ចាប់​ផ្តើមធ្វើ​រឿងដែលមានប្រយោជន៍​សម្រាប់​ការរស់នៅ​ដោយសារតែ​ហេតុផល​ជាច្រើន ដូចជា​កត្តា​វ័យក្មេង​ពេក ឬ​កត្តា​ភ័យខ្លាច​ជាច្រើន​ទៀត។

    លោកស្រី ស្រូ​យ សុជាតិ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​កម្មវិធី The Perspectives Cambodia បាន​លើកឡើងថា សូមកុំ​រង់ចាំ​ពេលវេលា តែ​ត្រូវ​ព្យាយាម​អភិវឌ្ឍ​សមត្ថភាព​របស់ខ្លួន​ពីថ្ងៃ​នេះ​ដើម្បី​រួមចំណែក​ក្លាយជា​គ្រាប់ពូជ​យ៉ាង​មាន​ប្រយោជន៍​សម្រាប់​កម្ពុជា។ យុវជន​ខ្លះ​យក​លេស​ថា​រវល់​នេះ រវល់​នោះ ហើយ​មិន​ព្រម​ចូលរួម​ក្នុង​សកម្មភាព​ប្រកបដោយ​ភាព​វិជ្ជមាន ទើប​ធ្វើឱ្យ​ពួកគេ​បាត់បង់​ឱកាស​ក្នុងការ​អភិវឌ្ឍ​ខ្លួនឯង និង​ឱកាស​បង្កើត​រឿងល្អៗជាច្រើន​ផ្សេងទៀត​សម្រាប់​ភាពជោគជ័យ​ក្នុង​ជីវិត។ សូម​ចាប់ផ្តើម​ពិចារណា​ស្វែងរក​ឱកាស​ដើម្បី​ចាប់ផ្តើម​សកម្មភាព​ដែលមាន​ប្រយោជន៍​ពី​ពេលនេះ ទោះ​សកម្មភាព​ដែល​យើង​ធ្វើ​នោះ​ស្ថិតក្នុង​រូបភាព​តូចក្តី ឬ​ធំក្តី ឱ្យតែ​វិជ្ជមាន និង​មិន​ប៉ះពាល់​ដល់​សង្គម គឺ​យើង​អាច​ទាញយក​ប្រយោជន៍​បាន​ទាំងអស់។ ក្រោយ​ពេលដែល​យើង​មាន​ភាព​សកម្ម​ក្នុង​ការងារ​ហើយ យើង​ក៏​នឹង​ទទួលបាន​បទពិសោធ​ជាច្រើន​ដែល​មនុស្ស​ជាច្រើន​ផ្សេងទៀត​មិនមាន ដែល​វា​ជំ​រុញឱ្យ​យើង​ក្លាយជា​មនុស្ស​ខ្លាំង។

    លោកស្រី ស្រូ​យ សុជាតិ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​កម្មវិធី The Perspectives Cambodia

    លោកស្រី ស្រូ​យ សុជាតិ បាន​និយាយថា៖ “ភាពរឹងមាំ និង​តម្លៃ​នៃ​ជីវិត មិនមែន​កើតឡើង​ដោយសារតែ​ចំណេះដឹង និង​ភាព​ឆ្លាត​វៃ​របស់​យើង​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​កើតឡើង​ដោយសារ​ទំនាក់ទំនង​ល្អ ក្នុងការ​ចែករំលែក​ស​កម្ម​ភាព​ដែល​ស្តែង​ចេញពី​ភាពខ្លាំង​របស់​បុគ្គលម្នាក់ៗលើ​ការងារ​រួម​ដើម្បី​ឆ្ពោះទៅរក​គោលដៅ​ប្រកបដោយ​ភាព​វិជ្ជមាន។ នៅពេលដែល​យើង​ចាប់ផ្តើម​ប្រើប្រាស់​ជីវិត​របស់​យើង​ប្រកបដោយ​ប្រយោជន៍​សម្រាប់​អ្នកដទៃ ឬ​សង្គម យើង​នឹង​ទទួលបាន​មកវិញ​នូវ​ការគោរព រួមទាំង​ទំនាក់ទំនង​ប្រកបដោយ​ភាពស្មោះត្រង់ និង​ភាព​វិជ្ជមាន”។

    លោកស្រី សុជាតិ បានបញ្ជាក់​ផងដែរ​ថា មនុស្ស​ណា​ក៏​ចាំបាច់​ត្រូវមាន​ពេល​ចាប់ផ្តើម​ដ៏​ល្អ​ដែរ ហើយ​មុន​នឹងធ្វើ​រឿងធំៗបាន យើង​ចាំបាច់​ត្រូវអនុវត្ត​ការងារ​ពីតូចៗ និងសាមញ្ញៗទៅ ដើម្បី​បន្សាំ​ុខ្លួនឯង​ជាមួយនឹង​រឿង​លំបាក​មុននឹង​ឈាន​ជើង​ចូលទៅ​កាន់​ឧបសគ្គលំបាកៗដទៃទៀត។ ការចាប់ផ្តើម​ដ៏​ល្អ​របស់​យុវជន នឹងធ្វើ​ឱ្យ​ពួកគេ​អាច​រស់នៅ​ប្រកបដោយ​ថាមពល ក្នុងការ​អភិវឌ្ឍ​ខ្លួនឯង ឱ្យ​ក្លាយជា​ធនធានមនុស្ស ឬ​សមាជិក​សង្គម​ប្រកបដោយគុណតម្លៃ​សម្រាប់​សង្គម​នា​ថ្ងៃ​អនាគតដែល​វា​នឹង​អាច​រុញច្រាន​ឱ្យ​សង្គម​មានការ​អភិវឌ្ឍ​ល្អ​ផងដែរ។

    កញ្ញា នាង សុ​វាត​នា ឬ​ DJ Nana

    ស្រដៀង​គ្នា​នេះដែរ កញ្ញា នាង សុ​វាត​នា ឬ​គ្រប់គ្នា​ស្គាល់​ថា​ជា DJ Nana ដែលជា​អ្នកធ្វើការងារ​ស្និទ្ធ​ជាមួយនឹង​យុវជន​បាន​លើកឡើងថា ក្នុងនាម​ជា​អាណាព្យាបាល ជា​ឪពុកម្តាយ ឬ​ជា​ថ្នាក់ដឹកនាំ គាត់​ជា​អ្នកបង្កើត​ក្មេង និង​ជា​អ្នកជំរុញ​ក្មេង​ឱ្យ​ល្អ តែ​គាត់​មិន​មែនមាន​តួនាទី​ជា​អ្នកកំណត់​អនាគត​ក្មេង​នោះទេ ព្រោះ​បើ​ចង់ឱ្យ​ក្មេង​ក្លាយជា​មនុស្ស​ដែល​ជោគជ័យ​លុះត្រាតែ​គាត់​មាន​សិទ្ធិ​ក្នុងការ​សម្រេចចិត្ត ហើយ​ធ្វើ​អ្វីដែល​គាត់​មាន​ភាពប៉ិនប្រសព្វ។ ចំណែកឯ​តួនាទី​របស់​អ្នកគ្រប់គ្រង​គឺ ជា​អ្នក​ដែល​ផ្តល់​ចំណេះដឹង ជំនាញ និង​បទពិសោធ​សម្រាប់​ពួកគាត់​ក្នុងការ​ពិចារណា ដើម្បីឱ្យ​គាត់​មាន​សមត្ថភាព​ដើរ​ដោយ​ខ្លួនឯង​ប្រកបដោយ​ភាព​ប៉ិនប្រសប់ នឹង​រឹងមាំ។ កញ្ញា​បានបញ្ជាក់​ផងដែរ​ថា ជាធម្មតា​ទេ ដែល​អាណាព្យាបាល​មិនសូវ​ចង់​ផ្តល់​សិទ្ធិ​ឱ្យ​កូន​ច្រើន ព្រោះ​ពួកគាត់​បារម្ភ​ថា​ពេល​ដែលកូន​មាន​សិទ្ធិ ឬ​សេរីភាព ​គាត់​នឹង​រឹងទទឹងមិនសូវស្តាប់បង្គាប់ តែ​ប្រសិនបើ​យើង​គិត​មួយ​ជ្រុង​ទៀត​គឺ​យើង​អាច​ធ្វើជាអ្នក​តម្រង់ទិស ស្រប​ពេលដែល​គាត់​ អភិវឌ្ឍ​សមត្ថភាពខ្លួនឯង​តាំងពីវ័យ ក្មេងៗ ដើម្បីឱ្យ​គាត់​មាន​បទពិសោធឱ្យបាន​ច្រើនមុនពេលគាត់​នឹងក្លាយជា​មនុស្ស​ដែល​ត្រូវ​សម្រេចចិត្ត​លើ​វាសនា​ជីវិត​ដោយ​ខ្លួនឯង។

    កញ្ញា នាង សុ​វាត​នា បាន​និយាយថា៖ “ខ្ញុំ​ជាម​នុស្ស​ដែលមាន​ការចាប់ផ្តើម​លឿន ហេតុនេះ​ខ្ញុំ​ឆាប់​ទទួលបាន​ប្រាក់ចំណូល ជោគជ័យ​លឿន​មិនមែនជា​រឿង​ចម្លែក ឬ​ពូកែ​អ្វី​នោះទេ តែ​មកពី​ខ្ញុំ​មាន​បទពិសោធ​ច្រើន​តាំងពី​វ័យក្មេង​មក”។

    កញ្ញា នាង សុ​វាត​នា បានលើកឡើង​ផងដែរ​ថា គាត់​ក្លាយជា​តារា ឬ​ពិធី​ការិនី​នៅ​អាយុ 25ឆ្នាំ ហើយ​ក្លាយជា​អ្នកបកប្រែ​ម្នាក់​ដែលមានចំណូលនៅអាយុ20ឆ្នាំ។ បើ​គិត​ទៅ​វា​ជា​រឿង​អស្ចារ្យ​ណាស់​ដែល​ក្មេងស្រី​មិនទាន់​រៀន​ចប់​មហាវិទ្យាល័យ​មាន​អាជីព​នៅ​វ័យ​នេះ តែ​វា​មិន​ចម្លែក​ពេក​នោះទេ​បើ​គិតពី​ការចាប់ផ្តើម​របស់គាត់។ ឪពុក​គាត់​បាន​បណ្តោយឱ្យ​គាត់​ចាប់ផ្តើម​ការងារ​ជា​អ្នកបកប្រែ​តាំងពី​អាយុ 15ឆ្នាំ ដែល​គិត​ទៅ​រហូតដល់​អាយុ 20ឆ្នាំ​គាត់​មាន​បទពិសោធ 5ឆ្នាំ​រួច​បាត់ទៅហើយ ហេតុនេះ​វា​មិន​ចម្លែក ឬ​អស្ចារ្យ​ណាស់ណា​ទេ​ក្នុងការ​រកចំណូលបាន​នៅ​វ័យ​នេះ៕

  • លោក ហួត ជា៖ ចាប់ផ្តើម​ធ្វើ​ជំនួញ គួរ​យក​គំរូ​តាម​ការដាំ​ដើមឈើ

    លោក ហួត ជា៖ ចាប់ផ្តើម​ធ្វើ​ជំនួញ គួរ​យក​គំរូ​តាម​ការដាំ​ដើមឈើ

    លោក ហួត ជា ប្រធាន​ក្រុមហ៊ុន ហួត​ជា​ផ្គត់ផ្គង់​សម្ភារ​សំណង់ ដ៏​ធំ​មួយ​នៅ​កម្ពុជា មានប្រសាសន៍ថា ការចាប់ផ្តើម​ធ្វើ​ជំនួញ​ប្រៀបដូចជា​ការដាំ​ដើមឈើ​ពី​តូច ហើយ​ប្រឹង​ថែទាំ​យូរ​ទៅ​វា​នឹង​លូតលាស់​ធំឡើងៗ តែបើ​យើង​ដាំ​ដើមឈើ​ធំ​ស្រាប់​ ជួនកាល​ដើមឈើ​នោះ​អាច​ងាប់​ទៅវិញ​ក៏មានដែរ។

    លោក​មានប្រសាសន៍​សង្ក​ត់​ធ្ងន់​ថា ក្រុមហ៊ុន ហួត​ជា បង្កើតឡើង​កាលពី​ថ្ងៃទី1 ខែមករា ឆ្នាំ2010ដែល​បោះទុន​វិនិយោគ​ត្រឹមតែ5,000ដុល្លារ​ប៉ុណ្ណោះហើយ​មាន​បុគ្គលិក​តែ 2នាក់​ប៉ុណ្ណោះ គឺ​រូបលោក​ផ្ទាល់ និង​បុគ្គលិក​ម្នាក់ទៀត​ដែល​ខិតខំ​អស់ពី​កម្លាំងកាយ-ចិត្ត​ក្នុងការ​ស្វែងរក​ទីផ្សារ​លក់​ចេញ​ផលិតផល​របស់​ក្រុមហ៊ុន និង​ខិត​ខំរៀន​បន្ថែម​ដើម្បី​យកចំណេះ ទៅ​រៀបចំ​ដំណើរការ​ក្រុមហ៊ុន​ឱ្យ​កាន់តែ​រីកចម្រើន។ មិនបាន​បោះទុន​រកស៊ី​ក្នុង​ទឹកប្រាក់​រាប់លាន​ដុល្លារ​ដូច​ក្រុមហ៊ុន​មួយចំនួនទៀត​នោះទេ “ត្រង់នេះ​ខ្ញុំ​ចង់​បញ្ជាក់ថា ការវិនិយោគ​ប្រៀបដូចជា​ការដាំ​ដើមឈើ​ពី​តូច ហើយ​ខំប្រឹង​ថែទាំ​ស្រោច​ទឹក​ដាក់​ជី ដើមឈើ​នោះ​នឹង​រីកលូតលាស់​ឡើង​ធំ​មិន​ខាន ហើយ​ការរកស៊ី​ដាក់ទុន​ធំ​តែម្តង ប្រៀបដូចជា​ការ​គាស់ដើមឈើ​ធំ​មួយ​ដើម​ទៅ​ដាំ​ដូច្នោះ​ដែរ វា​នឹងមាន​លទ្ធផល2 ចេញមក​វិញ គឺអាច​ងាប់ និង​អាច​រស់”។

    ដើមឡើយ លោក​គឺជា​បុគ្គលិក​ផ្នែក​ទីផ្សារ​នៅក្នុង​ក្រុមហ៊ុន​ផលិត​ស្រា​មួយ ប៉ុន្តែ​ដោយ​សម្លឹង​ឃើញថា​កម្ពុជា​ជា​ប្រទេស​កំពុងអភិវឌ្ឍន៍​លើ​វិស័យ​សំណង់​ដែល​កាន់តែ​រីកដុះដាល​ឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​នោះ ទើប​លោក​សម្រេចចិត្ត​ឈប់​ធ្វើការ​ឱ្យគេហើយ​ប្រឹង​ប្រមែប្រមូល​ដើមទុន​បាន​ចំនួន​ប្រហែល5,000ដុល្លារ សម្រាប់​បើក​ដំណើរការ​ក្រុមហ៊ុន​ជា​លើកដំបូង។ មាន​ភាពខ្វះខាត​យ៉ាងខ្លាំង សូម្បីតែ​រថយន្ត​ដឹកទំនិញ​ឱ្យ​អតិថិជន​ក៏​គ្មាន​ដែរ តែដោយសារ​ការ​ខំព្យាយាម និង​ខំប្រឹង​អស់ពី​កម្លាំង​ពលកម្មកម្លាំង​ប្រាជ្ញា និង​ពេលវេលា ទើប​ធ្វើឱ្យ​ក្រុមហ៊ុន​រីកលូតលាស់​លឿន​រហ័ស មកទល់​បច្ចុប្បន្ន​បង្កើត​បាន 22សាខា មាន 8សាខា​នៅក្នុង​រាជធានី​ភ្នំពេញនិង​តាម​ខេត្ត​មាន​សក្តានុពល​មួយចំនួន ដូចជា​កំពង់សោម ក្រុងកែប បាត់ដំបង បន្ទាយមានជ័យព្រះវិហារ សៀមរាប កំពង់ចាម កំពង់ធំ បាវិត និង​ស្ទឹងត្រែង​ជាដើម ដែល​សព្វថ្ងៃ​មាន​បុគ្គលិក​ប្រមាណជា​ជិត 300នាក់​ឯណោះ។

    អ្វីដែល​ធ្វើឱ្យ​ក្រុមហ៊ុន​រីកចម្រើន​ឡើង​នោះ គឺ​ក្រុមហ៊ុន​ផ្អែកទៅលើ​កត្តាសំខាន់ធំៗចំនួន3 ទី1.គឺ​អ្នកផ្គត់ផ្គង់ ត្រូវមាន​ភាពស្មោះត្រង់​ជាមួយគ្នា។ ទី2.កត្តា​បុគ្គលិក សម្រាប់​បុគ្គលិក​គឺ​យើង​មិន​ត្រឹម​ស្រឡាញ់​តែ​មាត់​ទេ គឺ​យើង​ត្រូវ​ផ្តល់​អត្ថប្រយោជន៍ និង​លក្ខខណ្ឌល្អៗ ផ្តល់​ក្តីសង្ឃឹម​ដល់​ពួកគេ​សម្រាប់​ថ្ងៃ​អនាគត​ផង និង​ទី3.កត្តា​អតិថិជន គឺ​នៅពេលដែល​យើង​មាន​ផលិត​ផលគុណ​ភាពល្អ តម្លៃ​ល្អ ហើយ​មាន​បុគ្គលិក​ធ្វើការ​បម្រើសេវា​កម្មបាន​ល្អ​ហើយនោះ នឹងមាន​ការគាំទ្រ​ពី​អតិថិជន​មិន​ខាន។ បន្ទាប់ពី​ក្រុមហ៊ុន​ដំណើរការ​ហើយ អ្វីដែល​យើង​ត្រូវ​ប្រយ័ត្ន​ឱ្យបាន​ខ្លាំង​បំផុត​នោះ​គឺ ប្រាក់​ចំណូល​ដែល​រកបាន គឺ​យើង​ត្រូវធ្វើ​ការចាយវាយ​ដោយ​ប្រយ័ត្ន​បំផុត បើសិនជា​ចាយ​ខុស​ខ្ទង់​ណាមួយ អាច​នឹង​ធ្វើឱ្យ​ក្រុមហ៊ុន​ខាតបង់ ពេលនោះ​ភាពបរាជ័យ​កាន់តែ​ខឹ​ត​ជិត​មករក​ហើយ។

    បើ​គេ​ក្រឡេក​ទៅ​មើល​អតីតកាល​វិញ លោក ហួត ជា មិនមែនជា​កូនអ្នកមាន​ធូរធារ​នោះទេ ពោលគឺ​លោក​ជា​កុមារកំព្រា គ្មាន​ឪពុក​ហៅ​នឹង​គេ​តាំងពី​ដឹងក្តី​មក ដោយសារ​ឪពុក​របស់លោក​បាន​បាត់​បង់ជីវិត​ក្នុងសម័យ​ប៉ុលពត ដែល​ធ្វើឱ្យ​ខ្សែជីវិត​លោក និង​គ្រួសារ​របស់លោក​រស់នៅ​ជួប​ការលំបាក​យ៉ាងខ្លាំង ជីវភាព​គ្រួសារ​ទាំងមូល​ត្រូវ​ពឹងផ្អែក​ទៅលើ​ជិវិត​ម្តាយ​ជា​ស្ត្រី​មេម៉ាយ​ដែល​គ្មាន​ទ្រព្យ​អ្វី​បន្សល់ទុក​ក្រៅពី​បាតដៃ​ទទេ​ឡើយ។

    កុមារ ហួត ជា ចាប់កំណើត​នៅ​ឆ្នាំ1980 ក្នុងភូមិ​សៃ​វ៉ា ឃុំ​ព្រៃ​ផ្តៅ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ក្នុងចំណោម​បងប្អូន​ប្រុស-ស្រី​ចំនួន 5នាក់ លោក​គឺជា​កូនពៅ​ក្នុង​គ្រួសារ​មួយ​ដែល​មានតែ​បាតដៃ​ទទេ​ដែល​បន្សល់ទុក​ដោយ​សម័យ​ប៉ុលពត។ រហូតដល់​អាយុ 6ឆ្នាំ លោក ហួត ជា បានចាប់ផ្តើម​ចូលរៀន​ថ្នាក់​ទី1 នៅក្នុង​សាលាបឋមសិក្សា​ភ្ញី​មាស ស្ថិត​ក្នុងភូមិ សៃ​វ៉ា​នោះ តែ​ទោះជា​កើត​ក្នុង​គ្រួសារ​ត្រកូល​អ្នកក្រ គ្មាន​ប្រាក់​គ្រប់គ្រាន់​ចាយវាយ​ប្រចាំថ្ងៃ​ដូច​កូន​គេ​អ្នកមាន​ទ្រព្យ​ក្តី ក៏​កុមារា ហួត ជា មិនដែល​ខកខាន​ទៅ​សាលា​មួយថ្ងៃ​ណា​ឡើយ ហើយ​បាន​ខិតខំ​សិក្សា​រៀនសូត្រ​ផង ខំ​ដើររក​ជញ្ជាត់​កូន​ត្រី​កូន​កំពឹស​សម្រាប់​យកមក​ធ្វើជា​ម្ហូប​ហូប​ប្រចាំថ្ងៃ​ផង រហូត​ទទួលបាន​ងារ​ពី​អ្នកភូមិ​ថា​ជា “កូន​ឧស្សាហ៍” ទៀតផង។

    ទោះជា​កើតជា​កូន​កសិករ​ក្រខ្សត់ មានជីវិត​ប្រឈម​នឹង​ការបោះបង់ចោល​ការសិក្សា​ក៏ដោយ ក៏ប៉ុន្តែ​ដោយសារតែ​ការចង់​ស្វែងរក​ចំណេះដឹង​សម្រាប់​ធ្វើជា​ប្រទីប​បំភ្លឺ​ជីវិត បំភ្លឺ​ទាំង​គ្រួសារ​ផង​នោះ បានធ្វើឱ្យ​កុមារ ហួត ជា ចាប់ផ្តើម​ពុះពារ​ក្នុង​ឆាកជីវិត ពោលគឺ រៀន​បាន​ត្រឹម​ថ្នាក់​ទី3 កុមារ ហួត ជាមានការ​ដឹងក្តី ដឹង​ខុស ដឹង​ត្រូវ និង​ចាប់ផ្តើម​ចេះ​គិតគូរ​ក្នុង​ជីវិត​ហើយ។ ពេលទំនេរ​ពី​ការសិក្សាកុមារ​ក្រីក្រ​រូបនេះ​មិនបាន​ដើរលេង​ដូច​កូន​គេ​នៅក្នុង​ភូមិ​ដទៃទៀត​ទេ ពោលគឺ​តែង​ឆ្លៀតពេល​ទំនេរ​ទៅ​ស៊ីឈ្នួល​ដក​ស្ទូង​ឱ្យ​អ្នកជិតខាង គ្រាន់​បាន​ប្រាក់​ជួយ​សម្រាល​ទុក្ខលំបាក​ក្នុង​ក្រុមគ្រួសារ។ លោក​មាន​ប្រសា​ស​ន៏​ថា “ក្រៅពី​ការងារ​រៀនសូត្រ ខ្ញុំ​បាន​ទៅ​ជួយ​ឃ្វាលគោ មើលថែទាំ​ដាក់​ចំណី​សត្វ​ទា ស៊ីឈ្នួល​ដកសំណាប ស្ទូង ច្រូត នេះ​ជា​ជីវិត​ពិត​របស់ខ្ញុំ ហើយ​រហូតដល់​អាយុ​បាន 12ឆ្នាំ ខ្ញុំ​រុញ​រទេះដឹក​ទឹក​លក់​ឱ្យគេ​ទៀត ដើម្បី​យកលុយ​មក​ផ្គត់ផ្គង់​ការសិក្សា​រៀនសូត្រ”។ ដោយសារ​មាន​ការជួយជ្រោមជ្រែង​ពី​ម្តាយ ពី​បងប្អូន និង​អ្នកស្រុក-អ្នកភូមិ​ដែល​រស់នៅ​ជិតខាង ធ្វើឱ្យ​កុមារ ហួត ជា តស៊ូ​សិក្សា​រៀនសូត្រ​រហូតដល់​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ(បាក់​ឌុប)ជា​ស្ថាពរ​នៅក្នុង​ឆ្នាំ1998 ហើយ​បាន​បន្ត​មក​ដាក់ពាក្យ​ប្រឡង​ចូលរៀន​នៅ​​វិទ្យាស្ថាន​ជាតិ​គ្រប់គ្រង​ក្នុង​ក្រុងភ្នំពេញ​ដែល​បច្ចុប្បន្ន​ត្រូវបាន​ប្តូរ​ឈ្មោះ​ទៅជា មហាវិទ្យាល័យ​ជាតិ​គ្រប់គ្រង។

    ក្នុងនាម​ជា​កូន​អ្នកស្រែ​ដែល​គ្មាន​ញាតិ​ផៅ​នៅក្នុង​ទីក្រុង យុវជន ហួត ជា បាន​ទៅ​រស់នៅក្នុង​សំណង់​អនាធិបតេយ្យ​ក្នុង​ខ្ទម​កញ្ចាស់​មួយ​ក្នុង​សង្កាត់​បឹងត្របែក​ធ្វើជា​ទីជម្រក​ស្នាក់នៅ​បណ្តោះអាសន្ន។ “ក្រោយពី​បាន​កន្លែង​ស្នាក់អាស្រ័យ​ហើយ ខ្ញុំ​គិតថា​មាន​លំនឹង​ក្នុង​ខ្លួន​បន្តិច​ហើយ ក៏​ខំប្រឹង​សិក្សា​បណ្តើរ ស្វែងរក​ការងារ​ធ្វើ​បណ្តើរ ហើយក៏​រកបាន​ការងា​រ​ជា​អ្នក​បើកឡាន​នៅក្នុង​ក្រុមហ៊ុន​មួយ​ដែល​នេះ​ជា​ក្តីសង្ឃឹម​ថ្មី​មួយ​ដែល​នាំមក​នូវ​ជោគជ័យ​ក្នុងការ​សិក្សា​រៀនសូត្រ”។ នៅពេល​ប្រជុំម្តងៗលោក​តែង​បាន​ឡើង​បញ្ចេញមតិ​កែលម្អ​ស្ថានភាព​លក់​របស់​ក្រុមហ៊ុន រហូតដល់​ប្រធាន​ក្រុមហ៊ុន​មើលឃើញ និង​ទទួលស្គាល់ថា លោក​ជា​អ្នកមាន​សមត្ថភាព​ម្នាក់ និង​មិន​សម​ធ្វើជា​អ្នក​បើកឡាន​ទៀតឡើយ ទើប​បានទទួល​ការដំឡើងឋានៈ​ឱ្យ​ក្លាយជា​បុគ្គលិក​ទីផ្សារ​ក្នុង​ក្រុមហ៊ុន​នោះ​តែម្តង។ នោះ​ហើយ​គឺជា​ចំណុច​ចាប់ផ្ដើម​នៃ​ការងារ​ជា​អ្នក​ទីផ្សារ​លើកដំបូង​របស់​លោក។ បន្ទាប់ពី​ធ្វើការ​ជា​បុគ្គលិក​ទីផ្សារ​បាន​មួយរយៈ​មក លោក​បាន​ផ្លាស់​ទៅ​ក្រុមហ៊ុន​មួយទៀត​ក្នុងតួនាទី​ជា​ប្រធាន​ផ្នែក​ទីផ្សារ​វិញ​ម្ដង។

    បន្ទាប់ពី​ទទួលបាន​ជោគជ័យ​ក្នុង​អាជីព​ជា​អ្នកគ្រប់គ្រង​ទីផ្សារ​របស់​ក្រុមហ៊ុន​ទាំង​ប៉ុន្មានខាងលើ និង​ដោយ​បានដឹង​ច្បាស់​ថា ខ្លួនឯង​មាន​បទពិសោធ​គ្រប់គ្រាន់​ក្នុងការ​ដឹកនាំ​ក្រុមហ៊ុន ស្រប​ពេលដែល​វិស័យ​សំណង់​កំពុងមាន​ការរីកចម្រើន​នៅក្នុង​ប្រទេស​ផង​នោះ លោក​ក៏បាន​សម្លឹង​ឃើញ​ឱកាស​នៅលើ​ទីផ្សារ​កម្ពុជា។

    នៅ​ថ្ងៃទី1 ខែមករា ឆ្នាំ2010 លោក​ក៏បាន​បង្កើត​ដេប៉ូ​លក់​គ្រឿង​សម្ភារ​សំណង់​ជាមួយនឹង​ទឹកប្រាក់​ដើមទុន​ដ៏​តិចតួចស្តួចស្តើង​បំផុត ប៉ុន្តែ​មានការ​គាំទ្រ​ខ្លាំង​នៅលើ​ទីផ្សារ។

    ដោយសារ​មានការ​គាំទ្រ​ខ្លាំង​នេះហើយ ដែល​ធ្វើឱ្យ​ក្រុមហ៊ុន​របស់លោក​មាន​អតិថិជន​កាន់តែច្រើនឡើងៗពីមួយថ្ងៃ​ទៅមួយថ្ងៃ រហូត​មានការទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ ក្នុងនោះ​ក្រុមហ៊ុន​របស់លោក​ទទួល​បាន​ប័ណ្ណសរសើរ​ពី​ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រុមហ៊ុនធំៗពី​បរទេស​ថា ជា​កំពូល​អ្នក​ចែកចាយ​ដ៏​វៃឆ្លាត​ក្នុង​ចំណោម​ប្រទេស4 មាន​វៀតណាម កម្ពុជា ឡាវ និង​ថៃ ដែល​ប្រគល់ឱ្យ​ដោយ​គណៈកម្មការ​ចែកចាយ​ផលិតផល​ក្នុង​ប្រទេស​ថៃ​នៅ​ពី​ឆ្នាំ2011កន្លងទៅ ហើយ​បន្ត​ទទួលបាន​ប័ណ្ណសរសើរ​ទាំង​ក្នុង និង​ក្រៅប្រទេស​ជាច្រើន​ថែមទៀត។

    លោក ហួត ជា ប្រធាន​ក្រុមហ៊ុន ហួត​ជា​ផ្គត់ផ្គង់​សម្ភារ​សំណង់

    សម្រាប់​ទស្សនវិស័យ​ទៅ​ថ្ងៃ​អនាគត ក្រុមហ៊ុន​ផ្គត់ផ្គង់​សំណង់​ក្នុងស្រុក​មួយ​នេះ បាន​រៀបចំខ្លួន​រួចជាស្រេច​ក្នុងការ​ប្រកួតប្រជែង​ទីផ្សារ​ជាមួយ​ក្រុមហ៊ុន​មកពី​ក្រៅប្រទេស​ទាំងឡាយ ហើយ​រំពឹងថា​នឹង​ពង្រីក​សាខា​ឱ្យបាន​ច្រើន​ដាច់​គេ​ទាំង​នៅក្នុង​ប្រទេស​កម្ពុជា ក្នុងការ​ផ្គត់ផ្គង់​សម្ភារ​សំណង់​គ្រប់​ប្រភេទ​ទៅដល់​អតិថិជន រួមទាំង​សេវាកម្ម និង​គុណភាព ឱ្យបាន​កាន់តែ​ប្រសើរឡើង​ថែម​ទៀតផង៕

  • ក្ដុកក្តួលអារម្មណ៍!! កូនស្រីកវី អ៊ុំ ដរ៉ា សម្រក់ទឹកភ្នែករៀបរាប់ស្ថានភាពជំងឺឪពុក

    ក្ដុកក្តួលអារម្មណ៍!! កូនស្រីកវី អ៊ុំ ដរ៉ា សម្រក់ទឹកភ្នែករៀបរាប់ស្ថានភាពជំងឺឪពុក

    កញ្ញា សំ ថារ័ត្ន ដែលគេស្គាល់ថាជាកីឡាការិនីថ្នាក់ជាតិផ្នែកល្បុក្កតោ និងជាតួស្រីនៅក្នុងរឿង « ការពារឧក្រិដ្ឋជន » ក៏ត្រូវជាកូនស្រីកវីល្បីឈ្មោះ លោក អ៊ុំ ដរ៉ា បានពោលពាក្យយ៉ាងកម្សត់លាយឡំដោយទឹកភ្នែក ព្រោះតែស្ថានភាពជំងឺឪពុកហាក់មិនធូរស្បើយ។ ទោះជាយ៉ាងណានាងនៅតែមិនទាន់អស់សង្ឃឹម ទេគឺនៅតែបន្តព្យាយាមស្វែងរកការព្យាបាលព្រោះតែសង្ឃឹមថាឪពុកនឹងអាចងើបឈរឡើងវិញបាន។

    ម្ចាស់និពន្ធបទ « បិតាវីយូឡុង» លោក អ៊ុំ ដរ៉ា ធ្លាប់ល្បីឈ្មោះខ្លាំង នៅក្នុងអំឡុងទសវត្សឆ្នាំ60 លោកបាននិពន្ធបទចម្រៀងជាច្រើន ហើយបទចម្រៀងដែលល្បាញខ្លាំងរហូតមកដល់បច្ចុប្បន្នមានដូចជា បទចម្រៀងរបស់លោកសិន ស៊ីសាមុតមានបទ« រូបអូនហ្នឹងហើយ» និង « ថ្ងៃណាមានសង្ឃឹម» បទច្រៀងដោយអ្នកស្រី រស់ សេរីសុទ្ធា មានបទ« ឈប់ស្រលាញ់អូនទៅ », «នេះឬផលបុណ្យ? », « ស្រលាញ់អូនដល់ណា» ,«ចាស់ជូរឯម» ជាដើម។ ភាពល្បីល្បាញរបស់លោកហាក់មិនបានធ្វើឲ្យជីវភាពរស់ក្នុងភាពស្រណុកសុខស្រួលសមនិងកេរ្តិ៍ឈ្មោះសោះព្រោះតែវ័យឈានដល់79ឆ្នាំ ហើយក៏ កំពុងមានជំងឺប្រចាំកាយឈឺផ្នែកឆ្អឹងត្រគាក ខាងឆ្វេងដើរមិនរួចជាច្រើនឆ្នាំមកហើយ។ ទោះបីជាមានជំងឺប្រចាំកាយជាយូរ កូនស្រីកវីឆ្នើមរូបនេះថ្លែងទាំងមិនអស់សង្ឃឹមថានាង និងក្រុមគ្រួសារបានសម្រេចចិត្តសាជាថ្មី ដែលផ្ដល់ការព្យាបាលឆ្អឹង ឪពុកនាង ទៅអោយលោកវេជ្ជបណ្ឌិតខ្មែរបុរាណ ព្រោះថាទៅមើលពេទ្យវិទ្យាសាស្ត្រ គេលែងទទួលព្យាបាលឆ្អឹងលោកពុកហើយ ដោយសារពុកចាស់ជ្រុល ហើយខ្សោយមិនអាចទប់ទល់បាននូវការអនុវត្តព្យាបាលរបស់ពេទ្យទេ។ ដូច្នេះ មានតែវិធីអាគមផ្សំអាយុ ដែលប្រហែលនឹងអាចជួយឪពុកនាងបាន។ នាងថាថ្លៃព្យាបាលក៏អស់មិនតិចដែរអាចដល់ទៅ 2ពាន់ដុល្លារអាមេរិកឯណោះ។

    ទោះបីជាមិនមានលទ្ធភាពប៉ុន្តែនាងចង់តស៊ូនឹងការងារជាច្រើនតាមតែអាចធ្វើបានព្រោះតែកូនៗចង់ឃើញឪពុកឈរបាន មានតែត្រូវប្រឹងរកលុយ។ ទោះបីជានាងស្ថានភាពជំងឺឪពុកមិនដូចដើម100 ភាគរយ ក៏យ៉ាងហោចណាស់ ក៏អាចធ្វើឱ្យឪពុកនាងបានថយការឈឺចាប់ និងក្រោកឈរបានវិញ និងចង់ឱ្យពុក អង្គុយឱ្យបានយូរ និងកូតវីយូឡុងអោយពួកនាងស្ដាប់ទៀត។ នាងថាបើឪពុកនាងឈរបានវិញមែន នាងនឹងសុំគេ ឡើងឆាកតន្ត្រីណាមួយជាមួយគ្នា ហើយឪពុកនាងលេងវីយូឡុង ហើយនាងជាអ្នកច្រៀង ។ នាងពោលទាំងទឹកភ្នែកថា «អរគុណឪពុក ដែលបានសហការជាមួយកូនអំឡុងពេលកូននៅមើលថែ ពេលដែលពុកស្ថិតក្នុងដង្ហើមផិតផើយ ប្រឹងរស់បន្តជីវិត ដើម្បីជាជនគំរូ សម្រាប់សង្គមគ្រួសារ និងប្រទេសជាតិ និងអោយកូនៗបានមើល និងរៀនសូត្រតាម ទោះបីពុកមិនបានសម្ដីវោហារស្ដីប្រដៅដូចពុកគេដទៃ តែទង្វើរ ដែលពុកបានបង្ហាញ គឺមានន័យណាស់ទៅហើយ»។

    នាងបន្ដថា ស្ថានភាពគ្រួសារយើងពីមុន វេទនា ឥឡូវនេះពួកយើងបានអង្គុយគ្រាន់ សង្ឃឹមថាថ្ងៃខាងមុខ ពួកយើងនឹងបានឈរយ៉ាងស្រស់ស្រាយក្ដីសុខបំផុត។ នាងតែងត្រលប់ទៅមើលរូបថត និងអនុស្សាវរីយ៍លោកពីមុនៗ ស្រក់ទឹកភ្នែក ស្ដាយ ស្ដាយពុកប្រញាប់ធ្លាក់ខ្លួនឈឺ ពុកអត់ទាន់បានដេញធាក់កូនៗអោយរៀនភ្លេងរៀននិពន្ធអីផង។ ក៏មិនដែលឮពុកអួតប្រាប់កូនមួយម៉ាត់ថា « ឪពីមុនល្បីដែរណា! អួតមួយម៉ាត់ពីរអី អត់អាលីង»។
    នាងបន្តថាលោកឪលោកម៉ែ កូនសុំទោស ដែលមិនបានដើរតាមផ្លូវឪ ឪបានចំណូលមិនឈឺសាច់ដូចកូនមែន តែឪចុករោយចង្កេះ ឈឺក្បាល ស្រ្តេស ព្រោះឪប្រើខួរក្បាលគិតច្រើន។ នាងថា” រឿងធ្វើការបំរើជាតិ គឺកូនគិតថា កូនដើរផ្លូវជាមួយឪ អ៊ីចឹង សូមឪ និងម៉ែ កុំខកចិត្តឡើយ៕