Category: សង្គម និងសេដ្ឋកិច្ច

  • ម៉ៃ សុគន្ធ នៅតែមិនរាថយចំពោះការបញ្ចេញបទ Original Song

    ម៉ៃ សុគន្ធ នៅតែមិនរាថយចំពោះការបញ្ចេញបទ Original Song

    បើទោះជាលោក ម៉ៃ សុគន្ធ ត្រូវបានគេមិនចូលចិត្តពីការរិះគន់របស់លោក និងរឿងទើសអី និយាយហ្នឹងក៏ពិតមែន តែលោកនៅតែបន្តចេញបទចម្រៀងជាហូរហែ ដោយមិនខ្វល់ពីការតិះដៀល និងថែមទាំងរំពឹងថា នឹងមានការគាំទ្រច្រើនពីមិត្តអ្នកស្តាប់ទៀតផង។ ថ្មីៗនេះ លោកបានបញ្ចេញបទចម្រៀងថ្មីដែលមានចំណងជើងថា “សន្យាអាចម៍ឆ្កែ” ដែលធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនងាកមកចាប់អារម្មណ៍ខ្លាំងលើចំណងជើង និងអត្ថន័យនៅក្នុងបទចម្រៀងមួយបទនេះ។

    តាមរយៈ Original Song បទ “សន្យាអាចម៍ឆ្កែ” របស់តារាចម្រៀងដែលធ្លាប់តែចេញមុខបង្ហាញពីរិះគន់មិនសំចៃមាត់លើចំណុចអវិជ្ជមានរបស់តារាប្រុស-ស្រី រួមអាជីពមួយចំនួនចំពោះសកម្មភាព ឬចំណុចខ្វះខាតរហូតមកនោះ ខណៈនេះត្រូវបានគេកត់សម្គាល់ឃើញថា កំពុងតែទទួលបានការគាំទ្រ និងចែករំលែកគ្នាយ៉ាងគគ្រឹកគគ្រេងនៅលើបណ្តាញសង្គមដ៏ពេញនិយម។ បើស្តាប់តាមអត្ថន័យនៃបទចម្រៀង Original Song “សន្យាអាចម៍ឆ្កែ” របស់លោក ម៉ៃ សុគន្ធ នេះហើយ វាគឺជាការច្រៀងរៀបរាប់អំពីជីវិតស្នេហារវាងយុវវ័យប្រុស-ស្រីមួយគូ ដែលស្រឡាញ់គ្នាគ្រាដំបូង និងបាននសន្យាស្បថស្បែសច្ចាថា នឹងចូលស្តីដណ្តឹងគ្នាធ្វើជាគូអនាគតរហូតអស់មួយជីវិត។ ប៉ុន្តែក្រោយមកទៀត បន្ទាប់ពីការស្រឡាញ់គ្នាមិនបានប៉ុន្មានឆ្នាំផង ខាងប្រុសបែរជាក្បត់ពាក្យសន្យាប្រែក្រឡាស់សម្តី ទៅមានស្រីផ្សេង រហូតធ្វើឱ្យនារីជាគូស្នេហ៍មានវិបត្តិផ្លូវចិត្តស្ទើរក្អួតឈាមទៅវិញ។

    ដើម្បីកុំឱ្យខាតពេលរៀបរាប់យូរ សូមទស្សនាវីដេអូពេញខាងក្រោមនេះ៖

    https://www.youtube.com/watch?v=bH42IETunaA

  • ក្មេងស្រី​បេះដូង​ដែក អៀវ “បងប្រុស​ពិការ” ទៅ​សាលារៀន​រាល់ថ្ងៃ

    ក្មេងស្រី​បេះដូង​ដែក អៀវ “បងប្រុស​ពិការ” ទៅ​សាលារៀន​រាល់ថ្ងៃ

    បើក​រឿងរ៉ាវ​ជីវិត​ដ៏​សែន​រញ្ជួយ​ចិត្ត​របស់​កុមារី ចូ ទិ​ង​សួង វ័យ 9ឆ្នាំ រស់នៅក្នុង​មណ្ឌល យូ​ន​ណាន ប៉ែក​ខាងត្បូង​របស់​ប្រទេស​ចិន។ នាង​មាន​បងប្រុស​ម្នាក់​គឺ ចូ ទិ​ង​ហ្វូ អាយុ 12ឆ្នាំ ដែល​ទោះជា​ជើង​របស់​បងប្រុស​ពិការ​ទាំងសងខាង​តាំងពី​កំណើត ធ្វើឱ្យ​មិនអាច​ដើរហើរ​បាន​ដូច​ក្មេង​ដទៃ​មែន តែ​គេ​ក៏​អាច​ទៅណា​មក​ណា​បាន​គ្រប់​ទីកន្លែង​ដែរ ព្រោះ​គេ​មាន​ប្អូនស្រី​ជាទី​ស្រឡាញ់។

    ជា​រៀងរាល់ថ្ងៃ ទិ​ង​សួង​ដ៏​តូច​ល្អិត​ជា​អ្នក​មើលថែទាំ​បងប្រុស​របស់​នាង។ នាង​អៀវ​បងប្រុស​នៅលើ​ខ្នង នាំ​បងប្រុស​ដើរទៅ​សាលារៀន​រាល់ថ្ងៃ មិន​ថា​ជា​ថ្ងៃ​ដែលមាន​ភ្លៀង​ធ្លាក់ ថ្ងៃ​ក្ដៅ​ខ្លាំង ឬ​ព្រិល​ធ្លាក់ ក៏​នាង​នៅតែ​ទៅ “ទោះបី​បង​ដើរ​មិនបាន​ក៏ដោយ ក៏​មិន​អី​ដែរ រូប​ប្អូន​នឹង​ធ្វើជា​ជើងរ​បស់បង នាំ​បង​ទៅ”។

    រឿងរ៉ាវ​សេចក្ដីស្រឡាញ់ និង​សម្ព័ន្ធភាព​របស់​ពីរ​នាក់​បងប្អូនតូចៗមួយគូ​នេះ ត្រូវបាន​លើក​យកមក​បកស្រាយ​នៅក្នុង​វេ​ប​សាយ ដេលី មេ​ល ដោយ​កាលពី​ពេលដែល ទិ​ង​ហ្វូ​ធំ​ឡើង ឪពុកម្ដាយ​របស់គេ​មាន​កង្វល់​យ៉ាងខ្លាំង ព្រោះថា គេ​មិនអាច​ដើរទៅ​រៀន​បាន តែ ទិ​ង​សួង​មិន​ចង់ឱ្យ​បងប្រុស​ត្រូវ​ទុកចោល​នៅផ្ទះ ទើប​នាង​តូច​ស្ម័គ្រចិត្ត​អៀវ​បងប្រុស​ទៅ​សាលារៀន​ដោយ​ខ្លួនឯង និង​តាំង​ពីថ្ងៃ​នោះមក វា​ក៏​ក្លាយជា​កិច្ចការងារ​ប្រចាំ​ថ្ងៃមួយ​របស់​នាង។

    រៀងរាល់​ព្រឹក​មុន​ទៅ​សាលា ទិ​ង​សួង​តែង​ភ្ញាក់​ឡើងមក​មើលថែទាំ​បងប្រុស លប់មុខ និង​លាង​ដៃជើង​ឱ្យ​បងប្រុស ជួយ​គាត់​ស្លៀកពាក់​តុបតែង​ខ្លួន និង​បន្ទាប់ពីនោះ​ក៏ អ៊ឹ​ប! លើក​បងប្រុស​ដាក់​លើ​ខ្នង​អៀវ នាំ​ដើរទៅ​សាលារៀន។ រៀងរាល់ថ្ងៃ​វា​ប្រៀបដូចជា​ការ​ផ្សងព្រេង​នឹង​គ្រោះថ្នាក់​ដែរ ទិ​ង​សួង​ត្រូវ​ប្រយ័ត្នប្រយែង​នៅពេល​នាំ​បងប្រុស​ឆ្លងថ្នល់ និង​ថែមទាំង​ត្រូវ​ឡើងជណ្ដើរ​ជាច្រើន​កាំ​ទៀត​ទម្រាំ​នឹង​ដល់​គោលដៅ និង​មិន​ថា​ធាតុអាកាស​អាក្រក់​ប៉ុនណា​ឡើយ នាង​តូច និង​បងប្រុស​មិនដែល​ទៅដល់​សាលា​យឺត​ម៉ោង​ម្ដងណា​ឡើយ។

    បងប្អូន​ពីរ​នាក់​ត្រកូល ចូ រៀន​នៅ​សាលារៀន​របស់​រដ្ឋ​ក្នុង​តំបន់ ហេ ជឺ កួ ពួកគេ​រៀន​ថ្នាក់​ជាមួយគ្នា ទើបបាន​នៅ​ជាមួយគ្នា​ជាប់​រហូត។ នៅពេល​ចេញពី​រៀន ទិ​ង​សួង​ក៏​នឹងធ្វើ​ដូច​កាលពី​ពេលព្រឹក​ដែរ គឺ​អៀវ​បងប្រុស​របស់​នាង​ត្រឡប់ទៅផ្ទះ​វិញ។ បន្ទាប់ពីនោះ ទាំងពីរ​នាក់​បងប្អូន​ក៏​នឹងធ្វើ​កិច្ចការ​ផ្ទះ និង​រំឭក​មេរៀន​ជាមួយគ្នា ដែល​នៅពេល​ធ្វើ​រួចហើយ ទិ​ង​សួង​មិនបាន​ចេញទៅ​រត់​លេង ឬ​គេង​លក់​សម្រាក​ឡើយ នាង​តូច​នៅ​ធ្វើ​ការងារ​ផ្ទះ​បន្តទៀត។

    មនុស្ស​ជាច្រើន​អាច​នឹង​នឹក​ឆ្ងល់​ថា តើ​ឪពុកម្ដាយ​របស់​ពួកគេ​ទៅណា? ហេតុម្ដេច​មិន​នាំ​កូន​ទៅ​សាលារៀន? និង​ហេតុ​អី​បាន​បណ្ដោយឱ្យអ្វីៗគ្រប់យ៉ាង​ធ្លាក់​មកលើ​រូប​កូនស្រី​ដ៏​តូច​មួយ ដែលមាន​អាយុ​ត្រឹមតែ 9ឆ្នាំនេះ​ទៅវិញ?។ ចម្លើយ​ក៏​គឺ ឪពុកម្ដាយ​របស់​ពួកគេ​ទាំងពីរ ក៏​ជា​ជនពិការ​ដូចគ្នា​ដែរ ធ្វើឱ្យ​ទិ​ង​សួង​ក្លាយជា​កម្លាំង​សំខាន់​របស់​គ្រួសារ។ នាង​ធ្វើ​កិច្ចការ​គ្រប់យ៉ាង តាម​ដែល​នាង​អាច​ធ្វើបាន តាំងពី​ស្រោច​ទឹក​បន្លែ ដាក់​បាយ​ជ្រូក លាងចាន និង​ធ្វើ​ម្ហូបអាហារ​ឱ្យ​គ្រួសារ​បរិភោគ។

    ចំណែក លីវ​យ៉ាន គ្រូ​នៅឯ​សាលា បាន​បង្ហើប​ឱ្យដឹងថា ខាង​សាលា​បានដឹង​អំពី​រឿងរ៉ាវ​ក្ដី​លំបាក​របស់​ពីរ​នាក់​បងប្អូន​នេះហើយ និង​បាន​ស្នើថា នឹង​រៀបចំ​រក​បន្ទប់​ស្នាក់នៅជិតៗសាលារៀន​ឱ្យ​ពួកគេ​ទាំងពីរ ដើម្បី​កុំឱ្យ​ពិបាក​ត្រូវ​ទៅមក​រៀងរាល់ថ្ងៃ​បែបនេះ និង​រីករាយ​បញ្ចុះ​ថ្លៃ​ចំណាយ​ក្នុង​ការសិក្សា​ឱ្យ​ទាំងពីរ​នាក់​ទៀតផង ហើយ​បន្ទប់​ស្នាក់នៅ​នោះ​ស្ថិតនៅ​មិន​ឆ្ងាយ​ពីសា​លា​ប៉ុន្មាន​ឡើយ ត្រឹមតែ​ប្រមាណ​ជា 500ម៉ែត្រ​ប៉ុណ្ណោះ ដែល​ធ្វើឱ្យ​ទិ​ង​សួង​នៅតែ​ត្រូវ​អៀវ​បងប្រុស​របស់​នាង​ទៅ​រៀន​ដូច​មុន​ដដែល។

    ខ្ញុំ​គ្មាន​ថ្ងៃ​ទុក​គាត់​ចោល​ឱ្យនៅតែ​ម្នាក់ឯង​ជាដាច់ខាត ខ្ញុំ​នឹង​នៅតែ​ធ្វើខ្លួន​ជា​ឈើច្រត់​ឱ្យ​គាត់​រហូត​តទៅ” នាង​តូច ទិ​ង​សួង អះអាង​យ៉ាង​ម៉ឺងម៉ាត់៕

    សូម​ទស្សនា​ឃ្លិប​វីដេអូ

    https://www.youtube.com/watch?v=7m7ok3Z6G_M

  • អ្នកដឹកនាំ​សម្ដែង រិ​ទ្ធ អូ​មេ​ហ្កា បញ្ចេញ​អារម្មណ៍​ពិត​ចំពោះ​ភាព​លះបង់​របស់​តារា​ស្រី ស៊ូ ស៊ី​រី​កា

    អ្នកដឹកនាំ​សម្ដែង រិ​ទ្ធ អូ​មេ​ហ្កា បញ្ចេញ​អារម្មណ៍​ពិត​ចំពោះ​ភាព​លះបង់​របស់​តារា​ស្រី ស៊ូ ស៊ី​រី​កា

    ក្រោយពេល​ទម្លាយ​សកម្ម​ភាព​ក្រៅ​ឆាក​សម្ដែង​របស់​តារាចម្រៀង​ស្រី​ល្បីឈ្មោះ​ក្នុង​ផលិតកម្ម ថោ​ន គឺ​កញ្ញា ស៊ូ ស៊ី​រី​កា ដែលមាន​ភាព​លះបង់​ខ្ពស់​ក្នុង​ការសម្ដែង​វីដេអូ​បទ​ចម្រៀង «ឧបសគ្គ​ស្នេហ៍»  ដែលជា​ការបកស្រាយរ​ប​ស់លោក ហាក់ និង​ក្រោម​ការដឹកនាំ​សម្ដែង​របស់​ផលិតករ​ល្បីឈ្មោះ​ប្រចាំ​ផលិតកម្ម​ថោ​ន លោក រិ​ទ្ធ អូ​មេ​ហ្គា(Rith Omega) ខណៈ​នេះ​ពិតជា​ទទួលបាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​មហាជន​អ្នកគាំទ្រ​មែន បើទោះបីជា​សាច់រឿង​ទាំងមូល​មិនទាន់បាន​លាតត្រដាង​នៅឡើយ​ក្ដី តែ​យ៉ាងណាមិញ តារា​ឯក​ស្រី ស៊ូ ស៊ី​រី​កា ពិតជា​ទទួល​បានការ​សរសើរ​ពី​សំណាក់​អ្នកដឹកនាំ​សម្ដែង​ផ្ទាល់ រួមទាំង​ក្រុមការងារ​ទាំងអស់​ចំពោះ​ភាព​អត់ធ្មត់​របស់​នាង​ទម្រាំ​បាន​ថត​មួយ​បទ​នោះ​ចប់។

    លោក រិ​ទ្ធ អូ​មេ​ហ្គា បាន​ប្រាប់​សារព័ត៌មាន​ឡា​រ៉ែ​ន​ថា អាច​និយាយថា មិនមាន​ការសម្ដែង​បទ​ណា សុទ្ធតែ​ពិបាក​សម្រាប់​តារាចម្រៀង​កញ្ញា ស៊ូ ស៊ី​រី​កា ដូច​បទ «ឧបសគ្គ​ស្នេហ៍» ដែល​លោក​សម្ងំ​ដឹក​ឱ្យ​នាង​នោះទេ ព្រោះ​នៅក្នុង​បទ​នេះ លោក​តម្រូវឱ្យ​នាង​លោតទឹក​ក្នុង​កម្ពស់12ម៉ែត្រ ហើយ​លង់ និង​ឈ្លក់ទឹក​មែនទែន និង​កុំ​តែ​បានការ​ជួយសង្គ្រោះ​ពី​ក្រុមការងារ​ទាន់ពេល កុំ​អី​ប្រហែលជា​អាច​ប៉ះពាល់​ដល់​អាយុជីវិត​នាង​មែនទែន​ទៀតផង។ លោក​បន្ដថា មួយ​រឿងនេះ ចំណាយពេល​ថត​ដល់​ទៅ 4ថ្ងៃ​ពេញ ដោយ​ក្នុង​មួយថ្ងៃ​ត្រូវ​ថត​ដល់​ម៉ោង 4ភ្លឺ ព្រោះតែ​លោក​ចង់បាន​សាច់រឿង​មួយ ដែលមាន​ច្រើន​ប្លង់ ទាំង​ប្លង់​យប់​ផង ថ្ងៃ​ផង ហើយ​ស៊ូ ស៊ី​រី​កា គឺជា​តួអង្គ​ដែល​ប្រឈម​ការលំបាក​ពេញ​មួយ​សាច់រឿង​ដែល​លោក​ប្រឹងប្រែង​សរសេរ​ឡើង​នេះ។

    លោក រិ​ទ្ធ បាន​ចាត់ទុកថា ការសម្ដែង​មួយ​បទ​នេះ គឺ​នាង​លះបង់​បានល្អ​ហួស​ពី​ការរំពឹងទុក ជាពិសេស​ត្រង់ចំណុច​លោតទឹក និង​ឈ្លក់ទឹក​មែនទែន ហើយ​នៅតែ​ថតចុះឡើងៗ ទម្រាំ​តែ​បាន​ត្រូវ​ប្លង់​ល្អ​ទៀត។ ក្នុងនោះ នាង​ក៏ត្រូវ​ថត​ហាល​ក្ដៅ​រាល់ថ្ងៃ ដល់​ថ្នាក់​របកស្បែក ដូច​គេ​បកស្បែក​ទាំងផ្ទាំងៗផងដែរ ប៉ុន្តែ​នាង​នៅតែ​តស៊ូ​រហូត​ទាល់តែ​ចប់។

    គួរបញ្ជាក់​ផងដែរ​ថា មួយ​បទ «ឧបសគ្គ​ស្នេហ៍» នេះ ទាំង​អ្នកដឹកនាំ​សម្ដែង ក្រុមការងារ និង​តារាចម្រៀង​បាន​រំពឹងទុក​ថា ជោគជ័យ​ខ្លាំង​សម្រាប់​ការគាំទ្រ ដោយសារតែ​អត្ថន័យ​សាច់រឿង ទេពកោសល្យ​សម្ដែង ការដាក់​មនោសញ្ចេតនា​ចូល​តួ​មិនធម្មតា​ឡើយ។ កញ្ញា ស៊ូ ស៊ី​រី​កា  វិញ​ក៏បាន​និយាយថា ដើម្បី​តម្រូវ​តាម​សាច់រឿង​ដែល​អ្នកដឹកនាំ​ចង់បាន ទើប​នាង​តស៊ូ​សម្ដែង​មួយ​បទ​នេះ ហើយ​ការលះបង់​របស់​នាង​នៅក្នុង​បទ​ចម្រៀង​ល្បី​មួយ​នេះ គឺជា​ក្ដី​ស្រឡាញ់​ពេញចិត្ត​ខ្លាំង​បំផុត​ចំពោះ​ភាព​តស៊ូ​ក្នុង​វិថី​សិល្បៈ។ នាង​ក៏​រំពឹង​ដូចគ្នា​ដែរ​ថា ការប្រឹងប្រែង​របស់ខ្លួន​នឹង​ទទួលជោគជ័យ​នៅពេល MV ទាំងមូល​ត្រូវ​បានចេញ​បង្ហោះ​ជា​ផ្លូវការ៕

  • ដាំ​ប្រទាល​កន្ទុយក្រពើ​តិចតួច​នៅផ្ទះ អាច​រកចំណូលបាន​ពី6-8ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ

    ដាំ​ប្រទាល​កន្ទុយក្រពើ​តិចតួច​នៅផ្ទះ អាច​រកចំណូលបាន​ពី6-8ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ

    ប្រទាល​កន្ទុយក្រពើ គឺជា​ប្រភេទ​ដំណាំ​ដែល​ងាយស្រួល​ដាំ ហើយ​អាច​យកទៅ​ច្នៃ​ធ្វើជា​ថ្នាំ​ព្យាបាល​ជំងឺផ្សេងៗ និង​មិន​ត្រឹមតែ​យកទៅ​ធ្វើជា​ឱសថ​បុរាណ​ដ៏​ស័ក្តិ​សិទ្ធិនោះទេ ថែមទាំង​អាច​យកទៅ​កែច្នៃ​ធ្វើជា​ភេសជ្ជៈ ទទួលបាន​ការពេញនិយម​ពី​អតិថិជន​ទៀតផង។

    កសិករ​ឈ្មោះ គង់ ថុល រស់នៅ​ភូមិ​កូន​ជ្រែ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង បាន​ប្រាប់ថា ដើមឡើយ​ប្រទាល​កន្ទុយក្រពើ ភាគច្រើន​គេ​ដាំ​នៅក្នុង​របង​ផ្ទះ ដោយ​អ្នកភូមិ​ដាំ​មួយ​គុម្ព ពីរ​គុម្ព​ប៉ុណ្ណោះ គឺ​ទុក​សម្រាប់​ធ្វើជា​ឱសថ​កែរោគផ្សេងៗតាមបែប​ចាស់​-បុរាណ ដូចជា​ប្រើ​សម្រាប់​បន្ថយកម្ដៅ​ក្នុង​ខ្លួន ព្យាបាល​ក្រពះ ពោះវៀន​ជាដើម។ ដោយសារបច្ចុប្បន្ន​មាន​តម្រូវការ​នៅលើ​ទីផ្សារ ទើប​អ្នកភូមិ​របស់គាត់​ចាប់ផ្ដើម​នាំគ្នា​ដាំច្រើនឡើងៗ ដោយ​មួយគ្រួសារៗមាន​ពី4 ទៅ10រងនៅក្បែរៗផ្ទះ ហើយក៏​មិនបាន​ដាំ​ជា​ចម្ការធំៗរាប់សិប​ហិកតា​ដូច​ដំណាំផ្សេងៗឡើយព្រោះ​តម្រូវការ​មានកំណត់ ប៉ុន្តែ​ប្រសិនបើ​មាន​ក្រុមហ៊ុន​សហគ្រាស​ណា​កុម្ម៉ង់​ទិញ​មាន​កុងត្រា​ត្រឹមត្រូវ​នោះ ពួកគាត់​នឹង​ខំប្រឹង​ដាំ​ឱ្យបាន​ច្រើន។

    អ្នកស្រី​បាន​បន្តថា ប្រទាល​កន្ទុយក្រពើ ចាប់ពី​ដាំ​រហូតដល់ 8ខែ​គឺអាច​កាត់​លក់បាន​ហើយ និង​មិន​ពិបាក​ថែទាំ​អ្វី​ឡើយ គ្រាន់តែ​ស្រោច​ទឹក និង​ដាក់​ជីលា​មក​គោ​តែប៉ុណ្ណោះ ហើយក៏​មិនចាំបាច់​ប្រើ​ជីគីមី ឬ​ថ្នាំ​សម្លាប់​សត្វល្អិត​អ្វី​ដែរ ព្រោះ​គ្មាន​សត្វល្អិតណា​មក​បំផ្លាញ​នោះទេ ចំណែកឯ​តម្លៃ​វិញ​ក៏​មិនសូវ​ជា​ឡើង-ចុះ​ប៉ុន្មាន​ដែរ ហើយ​ឈ្មួញ​តែង​ចុះមក​ទិញ​ដល់ផ្ទះ​តែម្តង ដោយ​ក្នុង1គុម្ព​បាន​តម្លៃ​ពី 3,000រៀល ទៅ4,000រៀល​ដែរ និង​អាច​កាត់​វិលជុំ​បាន​រាល់ថ្ងៃ ដែល1ថ្ងៃៗអាច​កាត់​បាន​ប្រមាណ​ពី20ទៅ30គុម្ព​ដែរ។ឈ្មួញកណ្តាល​ម្នាក់​ឈ្មោះ យ៉េ​ងឡេង​ហេង នៅ​ភូមិ​ព្រះ​ប្រសប់ ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​បានឱ្យដឹងថា លោក​បាន​ប្រកប​របរ​ទិញ​-លក់​ប្រទាល​កន្ទុយក្រពើ ដើម្បី​យកទៅ​ធ្វើ​ភេសជ្ជៈ អស់​រយៈពេល​ជាង 6ឆ្នាំ​មកហើយ ហើយ​តែង​មក​ទិញ​នៅ​ពី​អ្នកភូមិ​កូន​ជ្រែ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល​នេះ​ជាប្រចាំ។

    លោក​បាន​បន្តថា ជា​រៀងរាល់ថ្ងៃ​លោក​តែង​មក​ទិញ​ប្រទាល​កន្ទុយក្រពើ​នៅទីនេះ យកទៅ​បោះ​ដុំ​ឱ្យ​ម៉ូយ​នៅ​ផ្សារ​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង​យកទៅ​កែច្នៃ​ធ្វើ​ទឹក​ប្រទាល​កន្ទុយក្រពើ​លក់​ខ្លួនឯង​ផងដែរ និង​ក្នុង1ថ្ងៃ​អាច​លក់បាន​ប្រមាណ​ជាង 200ដប​ដែរ និង​លក់បាន 2,000រៀល​ក្នុង​មួយ​ដប ហើយ​ទឹក​ប្រទាល​នេះ​មានគុណ​ប្រយោជន៍​ច្រើនណាស់ គឺ​ជួយ​បញ្ចុះ​កម្ដៅ​ក្នុង​ខ្លួន ធ្វើឱ្យ​ស្បែ​កមាន​សំណើម​ស្រស់ថ្លា និង​ថែមទាំង​ជួយ​ព្យាបាល​ជំងឺ​ក្រពះ ពោះវៀន​បាន​យ៉ាង​ស័ក្តិសិទ្ធិ​ទៀតផង។

    មេឃុំ​ព្រែក​អំបិល លោក ឃុ​ត ខុន បាន​មានប្រសាសន៍ថា ប្រជាពលរដ្ឋ​ភូមិ​កូន​ជ្រែ​នេះ ប្រមាណ​ជាង 30ភាគរយ​បាន​ដាំ​ប្រទាល​កន្ទុយក្រពើនៅក្បែរៗលំនៅឋាន ហើយ​ពេល​លក់​មិនចាំបាច់​កាត់​យកទៅលក់​នៅ​ផ្សារ​ទេ គឺមាន​ម៉ូយ​គេ​មក​កាត់​ដល់ផ្ទះ​ស្រេច​តែម្ដង ឯ​ចំណូល​ដែល​បាន​ពី​ការលក់​ប្រទាល​កន្ទុយក្រពើ​នេះ បាន​ជួយ​ឱ្យ​អ្នកភូមិ​មាន​ជីវភាព​កាន់តែ​ល្អប្រសើរ​ឡើង​ទៀតផង៕

  • ពិភពលោក​កំពុង​ចាប់អារម្មណ៍​ដាំ​ដើមឈើ​ឡើងវិញ​ដោយ​ប្រើ​បច្ចេកវិទ្យា

    ពិភពលោក​កំពុង​ចាប់អារម្មណ៍​ដាំ​ដើមឈើ​ឡើងវិញ​ដោយ​ប្រើ​បច្ចេកវិទ្យា

    ការប្រើប្រាស់​ធនធានធម្មជាតិ ជាពិសេស​ព្រៃឈើ​នៅលើ​ពិភពលោកបានក្លាយ​ជា​ចំណុច​គួរឱ្យ​ព្រួយបារម្ភ​មួយ​របស់​មនុស្សជាតិ ព្រោះ​បើតាម​ទិន្នន័យ​ដែល​ចេញ​ដោយ​វេទិកា​សេដ្ឋកិច្ចពិភពលោកបានបង្ហាញ​ថា ​ជា​មធ្យមយើង​ប្រើ-ប្រាស់​ដើមឈើ​អស់​ប្រមាណ 15ពាន់​លាន​ដើម​ក្នុង​មួយឆ្នាំ ខណៈ​ការដាំ​ឡើងវិញ​មាន​ចំនួន​ត្រឹមតែ9ពាន់​លាន​ដើម​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ។ ផ្អែក​តាម​ទិន្នន័យ​នេះ យើង​ឃើញថា​ពិភពលោក​បាន​បាត់បង់​ដើមឈើ​ជាង 6ពាន់​លាន​ដើម​ក្នុងមួយឆ្នាំៗ ដែល​ចំនួន​នេះ​ជា​កត្តា​សំខាន់​មួយ​ចាំបាច់​ត្រូវ​យកចិត្តទុកដាក់។

    កត្តា​ដែលនាំឱ្យ​មានការ​ដាំ​ដើមឈើ​ឡើងវិញ​យឺត​នេះ ត្រូវបាន​គេ​ឃើញថា វា​បណ្តាលមកពី​បញ្ហា​តម្លៃ​ចំណាយ​នៃ​ការដាំ និង​ថែទាំ រួមទាំង​កត្តា​ប្រឈម​មួយចំនួនទៀត។ ហេតុនេះហើយ​ទើប​អ្នកវិទ្យាសាស្ត្រ​នៅ​គ្រប់​ប្រទេស​លើ​ពិភពលោក​បាន​ខិតខំ​ប្រឹងប្រែង​ស្រាវជ្រាវ រុករក គ្រប់​មធ្យោបាយ​ដើម្បី​ធ្វើយ៉ាងណា​បំពេញ​ដី​ទំនេរ​ដែល​នៅសល់​លើ​ពិ​ភព​លោក ដោយ​ការដាំ​ដើមឈើ​ឡើងវិញ ជាមួយនឹង​ការចំណាយ​ទាប តែ​បាន​ផល​ច្រើន។

    ជា​ដំណោះស្រាយ​ក្រុមហ៊ុន BioCarbon Engineering របស់​អង់គ្លេស បាន​បង្កើត Drone ប្រភេទ​ថ្មី​ដើម្បី​ដាំ​ដើមឈើ​ឡើងវិញ ក្នុងតម្លៃ​ធូរ​ថ្លៃ ឆាប់រហ័ស និង​ទទួលបាន​ផល​ខ្ពស់។ Drone ប្រភេទ​ថ្មី​នេះ​អាច​ដាំ​ដើមឈើ​នៅ​គ្រប់កន្លែង​ទាំងអស់ រួមទាំង​កន្លែង​ដែល​មនុស្ស​ពិបាក​ទៅដល់។

    ជា​ដំណាក់កាល​ដំបូង Drone នឹងធ្វើ​ការ​ស្គែ​ន​ទៅលើ​សណ្ឋាន​ដី​ដើម្បី​បង្កើត​ផែនទី​ជា​រូបភាព 3D បន្ទាប់មក​វា​នឹង​បង្ហាញ​លទ្ធផល​នៃ​ការ​គណនា​ពី​ចំនួន​គ្រាប់​រុក្ខជាតិ​ដែល​ត្រូវ​ប្រើប្រាស់​ដើម្បី​ដាំ​លើ​ផ្ទៃដី​ទាំងអស់នោះ។ Drone ទាំងនេះ​អាចធ្វើ​ការដាំដុះ​បាន​រហូតដល់​ទៅ 100,000ដើម​ក្នុង​មួយថ្ងៃ ហើយ​ប្រសិនបើ​គេ​ប្រើ​វា​ជា​ក្រុម​យើង​អាច​នឹង​ដាំ​ដើមឈើ​បាន​រហូតដល់​ទៅ 1ពាន់​លាន​ដើម​ក្នុង​មួយឆ្នាំ។

    ប្រព័ន្ធ​នៃ​ការដាំ​ដើមឈើ​ថ្មី​នេះ ត្រូវបាន​គេ​ប៉ាន់​ស្មានថា​អាច​នឹង​បណ្តុះ​ដើមឈើ​បាន​លឿន​ជាង​វិធីសាស្ត្រ​ធម្មតា​ដល់​ទៅ 10ដង និង​ចំណាយ​តិចជាង​ការដាំដុះ​ដោយ​ដៃ​ចំនួន 20%។ មូល​ហេតុដែល​នាំឱ្យមាន​ភាព​ចំណេញ​នេះ គឺ​មកពី​វា​មិន​ត្រូវការ​ពេលវេលា​យូរ​ក្នុង​ការដាំ​នោះទេ ព្រោះ​វា​ជា​គ្រឿង​ម៉ាស៊ីន​ដែល​មិន​ដើរ​លើដី ឬ​ចាំបាច់​ទាល់​-តែមាន​ផ្លូវ​ទើប​ចូលទៅ​ដាំ​បាន​នោះទេ។ Drone នឹង​ហោះ​លើ​ផ្ទៃដី​ដើម្បី​ព្រោះ​គ្រាប់​រុក្ខជាតិ​ជាមួយនឹង​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​បំផុត។

    អ្នកជំនាញ​បានធ្វើការ​សាកល្បង Drone ប្រភេទ​នេះ​នៅលើ​កន្លែង​ជាច្រើន ហើយ​ពួកគេ​ក៏​ធ្លាប់បានសាកល្បង​ដាំ​ដើមឈើ​ឡើងវិញ នៅ​តំបន់សំខាន់ៗក្នុងប្រទេស​អូស្ត្រាលី​ថែម​ទៀតផង។ លើសពីនេះទៅទៀត វា​ក៏​នឹង​ក្លាយជា​ឧបករណ៍​យ៉ាងសំខាន់​ក្នុង​ការជួយ​ដល់​វិស័យ​កសិកម្ម ដែល​កំពុង​ត្រូវការ​ជំនួយ​ជា​ចាំបាច់​ពី​បច្ចេកវិទ្យា​ដែលមាន​ផលប៉ះពាល់​តិច​បំផុត៕

  • គ្រូ អេក ប្រាប់មូលហេតុពិត ដែលនាំក្មេងៗក្រុមជ្រូកព្រៃចូលរូងភ្នំថាំលួង

    គ្រូ អេក ប្រាប់មូលហេតុពិត ដែលនាំក្មេងៗក្រុមជ្រូកព្រៃចូលរូងភ្នំថាំលួង

    តាមរយៈសារព័ត៌មាន Mthai បានចេញផ្សាយនៅពេលថ្មីៗនេះ បានឱ្យដឹងថា ក្រុមកីឡាករជ្រូកព្រៃ អាខាដេមី ទាំង 13នាក់ បានបង្ហាញវត្តមាន និងផ្ដល់បទសម្ភាសជាលើកដំបូងបន្ទាប់ពីបានចេញពីរូងភ្នំថាំលួង តាមរយៈកញ្ចក់ទូរទស្សន៍ថៃនាវេលាម៉ោង 6ល្ងាចថ្ងៃម្សិលមិញនេះ ដែលមានការចូលរួមពីសំណាក់ អាណាព្យាបាល អង្គភាពស៊ីល គ្រូពេទ្យមន្ទីរពេទ្យខេត្តឈៀងរ៉ាយ និងអ្នកសារព័ត៌មានថៃ និងអន្ដរជាតិជាច្រើនរូប។

    នៅក្នុងនោះដែរ លោកគ្រូបង្វឹក អេក បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានពីមូលហេតុនៃការធ្វើដំណើរចូលទៅក្នុងរូងភ្នំថាំលួងថា មុនពេលនោះបន្ដិច ពួកយើងបានពិភាក្សាគ្នានៅក្នុងក្រុមរបស់យើងបន្ទាប់ពីបេសកកម្មធាក់កង់នៅបរិវេណជើងភ្នំរួចហើយថា នឹងចូលទៅលេងក្នុងរូងភ្នំថាំលួងជាមួយគ្នាជាលក្ខណៈផ្ទាល់ខ្លួន។ គ្រូបង្វឹកធ្លាប់ចូលទៅរួចមកហើយជាមួយប្អូនៗខ្លះនៅក្នុងក្រុម។ បន្ទាប់ពីបានបញ្ចប់ការប្រកួតបាល់ ពួកយើងក៏នាំគ្នាធ្វើដំណើរចូលទៅក្នុងរូងភ្នំភ្លាមៗតែម្ដង ដោយបានបញ្ជាក់ប្រាប់គ្រប់គ្នាទុកជាមុនថា នឹងត្រូវចេញពីរូងភ្នំមកវិញនៅវេលាម៉ោង 17គត់(5ល្ងាច)។ ដោយសារតែត្រូវជូនប្អូន តៃតាន់ ទៅរៀនកួរឱ្យទាន់ពេលវេលាវិញ។

    គ្រូបង្វឹកបាននិយាយពីអំឡុងពេលជាប់នៅក្នុងរូងភ្នំថា នៅពេលដើរត្រឡប់មកវិញ ក៏ប្រទះឃើញទឹកជន់ចូលមកបិទច្រកចេញ-ចូលយ៉ាងជ្រៅ ពេលនោះគ្រប់គ្នាបានព្យាយាមផ្ដល់កម្លាំងចិត្តគ្នាទៅវិញទៅមក និងព្យាយាមតាំងស្មារតី និងសតិអារម្មណ៍យ៉ាងខ្លាំង។ បន្ទាប់មកក៏ព្យាយាមកាយខ្សាច់ជាចង្អូរដើម្បីឱ្យទឹកស្រកចេញ ក៏ប៉ុន្ដែទឹកមិនស្រកចុះសោះ ទើបពួកយើងនាំគ្នាស្វែងរកកន្លែងសម្រាក ដោយរំពឹងថា ថ្ងៃស្អែកទឹកនឹងស្រកអស់ទៅវិញ។ សូមបញ្ជាក់ថា គ្រប់គ្នាសុទ្ធតែអាចហែលទឹកបានទាំងអស់គ្នា គ្រាន់តែមានអ្នកខ្លះមិនសូវចំណាប់ប៉ុណ្ណោះ។

    ចំពោះយុទ្ធសាស្ត្ររំលែកសមាជិកក្រុមជ្រូកព្រៃ ដើម្បីជម្លៀសចេញពីរូងភ្នំមកក្រៅនោះ គ្រូបង្វឹកបានប្រាប់ថា លោកបានពិភាក្សាជាមួយអង្គភាពស៊ីល និងលោកគ្រូពេទ្យ ដោយបានសង្កេតមើលថា គ្រប់គ្នាមានសុខភាពរាងកាយ និងផ្លូវចិត្តល្អ ទើបជ្រើសរើសឱ្យអ្នកដែលមានផ្ទះនៅឆ្ងាយ បានចេញមកមុន និងតាមការស្ម័គ្រចិត្តរបស់ប្អូនៗខ្លួនឯងផង។ គួរបញ្ជាក់ដែរថា គ្រូបង្វឹក និងក្មេងៗក្រុមជ្រូកព្រៃ បានសម្ដែងអារម្មណ៍សោកស្ដាយយ៉ាងខ្លាំងចំពោះវីរភាពនៃការលះបង់ក្នុងការជួយសង្គ្រោះពួកគេរបស់លោក សាម៉ាន គុណាន់  ឬឈ្មោះហៅក្រៅ ចា សែម ជាអ្នកវាយប្រហារក្រោមផ្ទៃទឹកស្ម័គ្រចិត្ត ជំនាន់ទី 30 មានអាយុ 38 ឆ្នាំផងដែរ។ បន្ទាប់បានចាកចេញពីមន្ទីរពេទ្យ អ្នកទាំង 13នាក់ នឹងទៅគោរពវិញ្ញាណក្ខន្ធលោក សាម៉ាន គុណាន់ ដោយការដឹងគុណ និងអាល័យគ្រាចុងក្រោយ៕

  • Hamilton សម្លឹង​រក​ការបង្អាក់​ការអបអរ​របស់ Vettel នៅ Hockenheim ថ្ងៃអាទិត្យ

    Hamilton សម្លឹង​រក​ការបង្អាក់​ការអបអរ​របស់ Vettel នៅ Hockenheim ថ្ងៃអាទិត្យ

    ក្នុង​រយៈពេល​តិចជាង 2សប្តាហ៍ ក្រោយពី​ជួប​ភាពជូរចត់​បន្ទាប់ពី​ការប្រណាំង​រថយន្ត​ក្នុង​ព្រឹត្តិការណ៍ British Grand Prix នោះ កីឡាករ Lewis Hamilton នឹង​សម្លឹង​រក​ការផ្តល់​ការខកចិត្ត​ដល់​កីឡាករ Sebastian Vettel នៅ​ទីក្រុង Hockenheim ថ្ងៃអាទិត្យ ចុង​សប្តាហ៍​នេះ ខណៈដែល​កីឡាករ​អាល្លឺម៉ង់​រូបនេះ បាន​បំបាក់​ការអបអរ​របស់ Hamilton រួចជាស្រេច​នៅលើ​ទីលាន Silverstone។

    ស្រប​ពេលដែល​ព្រឹត្តិការណ៍​នៃ​ការប្រណាំង​រថយន្ត Formula One ពិភពលោក ឆ្ពោះទៅកាន់​ពាក់កណ្តាល​រដូវ​កាល​របស់ខ្លួន ហើយ​ការ​ប្រជែង​ដណ្តើម​ជ័យជម្នះ​កាន់តែ​មាន​ភាព​ក្តៅគគុក ស្រប​ពេលដែល Vettel ដែល​កំពុង​តែមាន​ពិន្ទុ​នាំមុខ​លើ​តារាង​ពិន្ទុ​រួម មានឱកាស​មួយ​នេះ ក្នុងការ​ផ្តល់នូវ​ការរីករាយ​មួយ​ផ្សេងទៀត​សម្រាប់​ក្រុម Ferrari ខណៈដែល​ក្រុម Mercedes របស់​កីឡាករ Hamilton ក៏​សម្លឹង​រក​ការស្តារ​មុខមាត់​ត្រឡប់មកវិញ​ផងដែរ។

    Vettel កំពុងតែ​នាំមុខ​ពីលើ Hamilton ចំនួន 8ពិន្ទុ ក្រោយពី​ការទទួល​ជ័យជម្នះ​របស់គេ​នៅលើ​ទឹកដី​នៃ​ចក្រភព​អង់គ្លេស ហើយ​និង​ស្រេកឃ្លាន​ក្នុងការ​ដណ្តើម​យកជ័យ​ជម្នះ 1ផ្សេងទៀត​ពី​ក្រុមគ្រួសារ មិត្ត​ភ័ក្តិ និង​អ្នកគាំទ្រ​របស់គេ ដើម្បី​ធានាថា រូបគេ​នឹងមាន​ពិន្ទុ​នាំមុខ​ដាច់​ក្នុងពេល​សម្រាក​នា​រដូវ​ក្តៅ។ ជាមួយគ្នានេះ វា​ក៏​នឹង​ផ្តល់នូវ​ការពេញចិត្ត​ដល់​លោក Maurizio Arrivabene ប្រធាន​ក្រុម Ferrari ផងដែរ ក្រោយពី​ការប្រណាំង​នៅ​អង់គ្លេស ដើម្បី​បង្ហាញថា Mercedes គួរតែ​មានការ​ខ្មាស់អៀន​ចំពោះ​ក្រុម Ferrari៕

    ប្រភពពី៖ Sport.yahoo.com

  • Liverpool នឹង​បំពេញ​ការផ្ទេរ​អ្នកចាំទី Alisson ក្នុងតម្លៃ​ខ្លួន​ខ្ពស់បំផុត

    Liverpool នឹង​បំពេញ​ការផ្ទេរ​អ្នកចាំទី Alisson ក្នុងតម្លៃ​ខ្លួន​ខ្ពស់បំផុត

    អ្នកចាំទី​អន្តរជាតិ​ប្រេ​ស៊ី​ល Alisson ត្រូវបាន​រំពឹងទុក​ថា នឹង​ចុះហត្ថលេខា​ជាមួយនឹង​ក្លិប Liverpool លើ​កុងត្រា​រយៈពេល 5ឆ្នាំ ក្នុងតម្លៃ​ខ្លួន 75លាន​អឺរ៉ូ (ស្មើនឹង 87.3លាន​ដុល្លារ​អាមេរិក) ដែលជា​តម្លៃ​ខ្លួន​ជាប់​កំណត់ត្រា​ពិភពលោក​សម្រាប់​អ្នកចាំទី​រូបនេះ។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​បណ្តាញសារព័ត៌មាន​នានា​កាលពី​ថ្ងៃ​ពុធ។

    អ្នកចាំទី​វ័យ 25ឆ្នាំ​រូបនេះ​បច្ចុប្បន្នកំពុង​លេង​ឱ្យ​ក្លិប Roma ក្នុងប្រទេស​អ៊ីតាលី នឹង​កាត់បន្ថយ​ថ្ងៃ​សម្រាក​វិស្សមកាល​របស់ខ្លួន ដើម្បី​ទទួល​ការពិនិត្យ​សុខភាព នៅ​ទីក្រុង Merseyside ក្រោយពី​ត្រូវបាន​អនុញ្ញាតឱ្យ​ធ្វើការ​ពិភាក្សា​ដោយផ្ទាល់​ជាមួយនឹង​ក្លិប Liverpool។ កាសែត Liverpool Echo បានចេញ​ផ្សាយ​ថា៖ «ការប្រកាស​ជា​ផ្លូវការ​មួយ ប្រហែលជា​នឹងត្រូវ​ធ្វើឡើង​ក្នុង​រយៈពេល​ពី 24ម៉ោង ទៅ 48ម៉ោង​ទៀត»។

    ការផ្ទេរ​នេះ​នឹងធ្វើ​ឱ្យ​ក្លិប​យក្ស​នៅ Anfield មួយ​នេះ​ចំណាយ​ប្រាក់ 75លាន​អឺរ៉ូ ដើម្បី​បំបែក​កំណត់ត្រា​នៃ​ការផ្ទេរ​នៅ​អង់គ្លេស ដែល​ត្រូវបាន​ចំណាយ​ដោយ​ក្លិប Manchester City សម្រាប់​ការទិញ​យក​អ្នកចាំទី Ederson ពី​ក្លិប Benficaកាលពី​រដូវ​កាល​មុន។ ក្លិប Liverpool សង្ឃឹមថា នឹង​ចុះហត្ថលេខា​ជាមួយនឹង​អ្នកចាំទី​ថ្មី​ម្នាក់​ដើម្បី​ជំនួស​កន្លែង​របស់ Loris Karius ក្រោយពី​ការបង្ហាញ​ពី​ទម្រង់​លេង​មិន​បានល្អ​របស់គេ​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Champions League វគ្គ​ផ្តាច់ព្រ័ត្រ។

    Chelsea ក៏​ត្រៀមលក្ខណៈ​រួចរាល់​ផងដែរ​ក្នុងការ​ផ្ទេរ Alisson ប្រសិនបើ​អ្នកចាំទី Thibaut Courtois ចាកចេញ ប៉ុន្តែ​ក្លិប Liverpool បាន​បញ្ចេញ​សកម្មភាព​យ៉ាង​រហ័ស​ជាង​ក្នុងការ​នាំយក​អ្នកចាំទី​ដែលជា​គោលដៅ​ទី1 របស់​ពួកគេ។ ក្លិប Chelsea មិនបាន​ដាក់សំណើ​អ្វី​ឡើយ។ សូមបញ្ជាក់ថា Alisson បាន​ផ្ទេរ​មកពី​ក្លិប Internacional ទៅកាន់​ក្លិប Roma កាលពី​ឆ្នាំ២០១៦ ក្នុងតម្លៃ​ខ្លួន​តែ 7.5លាន​អឺរ៉ូ​ប៉ុណ្ណោះ៕

    ប្រភពពី៖ Channel News Asia

  • ធនាគារជាតិៈ អត្រាកំណើន​នាំឱ្យ​សេដ្ឋកិច្ចកម្ពុជា​មាន​ភាព​រឹងមាំ

    ធនាគារជាតិៈ អត្រាកំណើន​នាំឱ្យ​សេដ្ឋកិច្ចកម្ពុជា​មាន​ភាព​រឹងមាំ

    ធនាគារជាតិ​នៃ​កម្ពុជា (NBC) បាន​ដំឡើង​ការ​ព្យាករ​ពី​កំណើនសេដ្ឋកិច្ច​របស់ខ្លួន​សម្រាប់​ឆ្នាំ2018 នេះ​ដល់7% ធៀប​នឹង​ការ​ព្យាករ​កាលពី​ខែមករា​ត្រឹមតែ 6,9%។ ក្នុង​របាយការណ៍​ប្រចាំឆមាស​ទី1 ធនាគារជាតិ​បានឱ្យដឹងថា ភាពរឹងមាំ​នៃ​សេដ្ឋកិច្ច​នេះ​ត្រូវបាន​គាំទ្រ​ដោយ​វិស័យ​ទេសចរណ៍ 12,5% កំណើន​នាំចេញ 11,6% និង​កំណើន​ក្នុង​វិស័យ​សំណង់ 11,5%  នៅ​ឆមាស​ទី1ឆ្នាំនេះ។ នេះ​បើ​យោងតាម​របាយការណ៍​ធ​នាគារ​ជាតិ​នៃ​កម្ពុជា។

    លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​បាន​មានប្រសាសន៍ថា៖ «សេដ្ឋកិច្ចកម្ពុជា​បាន​បន្ត​រីកចម្រើន​ប្រកបដោយ​ភាពជឿជាក់ ជាពិសេស​ក្នុង​វិស័យ​នាំចេញ និង​ទេសចរណ៍​ជាមួយនឹង​កំណើន​រឹងមាំ​នៃ​វិស័យ​សំណង់ និង​ការបន្ត​ងើបឡើង​នៃ​វិស័យ​កសិកម្ម​ជាស​ញ្ញា​វិជ្ជមាន​មួយ ដែល​ធ្វើឱ្យ​កំណើនសេដ្ឋកិច្ច​ក្នុង​ឆ្នាំ2018 អាច​រក្សាបាន​ល្បឿន​ខ្ពស់ និង​រឹងមាំ»។ ឯកឧត្តម ថ្លែងថា​តួលេខ​នេះ​មាន​ភាព​វិជ្ជមាន និង​បង្ហាញថា ប្រទេស​កម្ពុ​ជាមាន​កំណើន​យ៉ាងច្រើន​ក្នុង​ឆមាស​ទី1 ឆ្នាំ2018។

    របាយការណ៍​ប្រចាំឆមាស​ទី1 នេះ​បាន​ឱ្យដឹងទៀតថា ទុនបម្រុង​រូបិយប័ណ្ណ​អន្តរជាតិ​បាន​កើនឡើង​ដល់ 9.1ពាន់​លាន​ដុល្លារ ដែល​អាច​ធានា​ដល់​ការ​នាំចូល​ទំនិញ និង​សេវា​ប្រមាណ 6ខែ​ដែលជា​កម្រិត​ខ្ពស់​សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍន៍​ដែលជា​ទូទៅ​មាន​កម្រិត​តែ 3ខែ​ហើយ​រំពឹងថា នឹង​កើន​ឡើងដល់​ប្រមាណ 10ពាន់​លាន​ដុល្លារ​នៅ​ដំណាច់ឆ្នាំ2018 ដែល​អាច​ធានាបាន​នូវ​ការ​នាំចូល​ទំនិញ និង​សេវាកម្ម​សម្រាប់​រយៈពេល 6ខែ​ខាងមុខ និង​ពង្រឹង​ទំនុកចិត្ត​វិនិយោគិន​លើ​ភាពរឹងមាំ​នៃ​សេដ្ឋកិច្ចកម្ពុជា។

    ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​បន្ត​មាន​ស្ថិរភាព​ដែល​រួមចំណែក​ចម្បង​ដោយ​ការបន្ត​រក្សាបាន​នូវ​ស្ថិរភាព​ថ្លៃ និង​តម្លៃ​ប្រាក់រៀល រំពឹងថា​ស្ថិតក្នុង​អត្រា​ដែល​អាច​គ្រប់គ្រង​បាន 3%សម្រាប់​រយៈពេល​ពេញ​មួយឆ្នាំ ខណៈដែល​អតិផរណា​នៅ​ឆមាស​ទី1នឹង​បាន​ថយ​ចុះមក​ត្រឹម 2,6%។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ធនាគារជាតិ។

    របាយការណ៍​នេះ​ឱ្យដឹងថា៖ «ក្នុងករណី​ដែល​មូលធននឹង​ហូរ​ត្រឡប់​ទៅ​អាមេរិក​វិញ នោះ​ប្រាក់​ដុល្លារ​អាច​នឹង​ឡើងថ្លៃ​ដែល​បញ្ហា​នេះ​នឹងដាក់​សម្ពាធ​លើ​ភាព​ប្រកួតប្រជែង​ការនាំចេញ​របស់​កម្ពុជា ដោយសារ​កម្ពុជា​មា​នក​ម្រិ​ត​ដុល្លា​រូបនីយកម្ម​ខ្ពស់»។

    កំណើន​ប្រាក់​ឈ្នួល​អប្បបរមា​ក្នុង​វិស័យ​កាត់ដេរ​ដែលមាន​កម្រិត​ខ្ពស់ជាង​ប្រទេស​មួយចំនួន​ក្នុង​តំបន់ និង​និន្នាការ​អនុវត្ត​គោលនយោបាយ​គាំពារ​និយម និង​លទ្ធភាព​ឈានដល់​សង្គ្រាម​ពាណិជ្ជកម្ម​ក៏​អាច​បង្ក​ផលប៉ះពាល់​ដល់​ការនាំចេញ​របស់​កម្ពុជា​ផងដែរ។ ទោះជា​យ៉ាងណា​សេដ្ឋកិច្ចកម្ពុជា​អាច​ប្រឈម​ហានិភ័យ​មួយចំនួន​ផងដែរ​ពី​បរិយាកាស​ហិរញ្ញវត្ថុ និង​ស្ថានភាព​សេដ្ឋកិច្ចពិភពលោក។

    យោងតាម​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អត្រាកំណើន​របស់​កម្ពុ​ជា​ត្រូវបាន​ប៉ាន់ប្រមាណ​ថា​មាន7% សម្រាប់​ឆ្នាំ2018 និង​ឆ្នាំ2019។ អត្រា​អតិផរណា​នឹងត្រូវ​បាន​គេ​រក្សា​នៅត្រឹម 3.2% នៅក្នុង​ឆ្នាំ 2018 និង3.5% នៅ​ឆ្នាំ2019។ អត្រាកំណើន​GDP ក្នុង​មនុស្សម្នាក់ៗត្រូវបាន​ព្យាករ​ថា នឹងមាន 6.6 ភាគរយ​នៅក្នុង​ឆ្នាំ2018 ប៉ុន្តែ​ធ្លាក់ចុះ​បន្តិច​ទៅ 2.6ភាគរយ​នៅ​ឆ្នាំ2019៕

  • ឆមាស​ទី1ឆ្នាំនេះ ប្រាក់ចំណូល​ពន្ធគយ​កើនឡើង​ចំនួន 27.8ភាគរយ

    ឆមាស​ទី1ឆ្នាំនេះ ប្រាក់ចំណូល​ពន្ធគយ​កើនឡើង​ចំនួន 27.8ភាគរយ

    យោងតាម​សេចក្តីថ្លែងការណ៍​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ (GDCE = The General Department of Customs and Excise)បានឱ្យដឹងថា នាយកដ្ឋាន​បាន​ប្រមូលប្រាក់​ចំនួន 1.2 ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល 6ខែ​ដំបូង​នៃ​ឆ្នាំនេះ។

    ការកើនឡើង​ប្រាក់ចំណូល គឺ​ដោយសារតែ​ការប្រមូល​ពន្ធគយ​ពី​ការ​នាំចូល​យានយន្ត​ដែល​បាន​កើនឡើង 40,5% ថាមពល និង​ប្រេង​ដែល​បាន​កើនឡើង 10,5% និង​សម្ភារ​សំណង់​ដែល​បាន​កើនឡើង 26,6%។

    ឯកឧត្តម គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​បាន​មានប្រសាសន៍ថា​កំណើន​យ៉ាង​ឆាប់រហ័ស​នៃ​ប្រាក់ចំណូល​បាន​ឆ្លុះបញ្ចាំង​ពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេសជាតិ និង​ស្ថិរភាព​នយោបាយ។ ការរីកចម្រើន​គួរឱ្យកត់សម្គាល់​នៃ​ពាណិជ្ជកម្ម​អន្ដរជាតិ​ក៏​នាំឱ្យមាន​ការកើនឡើង​នូវ​ចំណូល​ពន្ធ​នេះដែរ។ លោក​បញ្ជាក់ថា៖ «កត្តា​សំខាន់​ដែល​គាំទ្រ​ការកើនឡើង​នេះ គឺ​ស្ថិរភាព​នយោបាយ​របស់​ប្រទេស​ដែល​ធានា​ដល់​កំណើន​ពាណិជ្ជកម្ម ការវិនិយោគ ការផលិត និង​ការប្រើប្រាស់»។

    ឯកឧត្តម​បានលើកឡើង​ថា​ក្នុង​ឆមាស​ទី1 ឆ្នាំ2018នេះ ចំណូល​សរុប​ដែល​ប្រមូល​ដោយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា មាន​ប្រមាណ 4.736ប៊ី​លាន​រៀល ឬ​ប្រមាណ​ជា1,172លាន​ដុល្លារ​អាមេរិក។ តួលេខ​ចំណូល​នេះ​ត្រូវជា​ប្រមាណ 56.7%នៃ​ផែន​ការដែល​កំណត់ដោយ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ2018។ បើ​ធៀប​នឹង​ឆមាស​ទី1 ឆ្នាំ2017 ចំណូល​នេះ​កើនឡើង​ប្រមាណ27.8% ដែល​ក្នុងនោះ​ចំណូល​ពីមុខ​ទំនិញ​យានយន្ត​មាន​កំណើន40.5% មុខទំនិញ​ប្រេង និង​ថាមពល​កើនឡើង 10.5% គ្រឿងសំណង់​កើនឡើង 26.6% និង​មុខទំនិញ​ចម្រុះ​ផ្សេងទៀត​មាន​កំណើន 27%។

    ឯកឧត្តម​បានឱ្យដឹង​ដែរ​ថា ប្រភេទ​ពន្ធ និង​អាករសំខាន់ៗដែល​ប្រមូលបាន​ដោយ​គយ មាន​ពន្ធគយ(ពន្ធ​នាំចូល) អាករ​ពិសេស និង​អាករ​លើ​តម្លៃបន្ថែម(VAT)។ នៅក្នុង​ឆមាស​ទី1 ឆ្នាំ2018នេះ បើ​ប្រៀបធៀប​នឹង​ឆមាស​ទី1 ឆ្នាំ2017 លទ្ធផល​ចំណូល​តាម​ប្រភេទ​ពន្ធ​មានការ​ប្រែប្រួល​ដូចតទៅ៖ ពន្ធគយ​មាន​កំណើន​ជិត 16% អាករ​ពិសេស​មាន​កំណើន 39.4% ហើយ​VAT មាន​កំណើន 27%។

    សេចក្តីថ្លែងការណ៍​ក៏បាន​និយាយ​ផងដែរ​ថា ការនាំ​ចូល​បាន​កើនឡើង 17% ខណៈដែល​ការនាំចេញ​បាន​កើនឡើង 7%។ ការប្រមូល​ពន្ធគយ​បាន​កើនឡើង13% សម្រាប់​ការនាំចេញ​សម្លៀកបំពាក់​និង 53%សម្រាប់​ការនាំចេញ​អង្ករ និង​ស្រូវ។

    កាលពី​ឆ្នាំមុន GDCE បាន​ប្រមូល​ប្រាក់ចំណូល​ពន្ធ​ចំនួន 1.9 ពាន់​លាន​ដុល្លារ។ ប្រាក់ចំណូល​របស់ GDCE កើនឡើង 28 %៕