Category: សង្គម និងសេដ្ឋកិច្ច

  • ទីតាំង​មាត់ច្រាំង​ជិត​ផ្សារ​រាត្រី​នឹង​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មិន​ចាញ់​សិង្ហ​បុរី

    ទីតាំង​មាត់ច្រាំង​ជិត​ផ្សារ​រាត្រី​នឹង​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មិន​ចាញ់​សិង្ហ​បុរី

    តំបន់​មាត់ទន្លេ​ជិត​ផ្សារ​រាត្រី​ដែល​បច្ចុប្បន្ន​ជា​កម្មសិទ្ធិ​របស់​កំពង់​ផែ​ស្វយ័ត​រាជធានី​ភ្នំពេញ ដែលមាន​ឃ្លាំង​សំណង់ និង​អគារចាស់ៗសម្រាប់​ស្តុក​ទំនិញ​នឹង​ក្លាយទៅជា​តំបន់​ដែលមាន​សំណង់​អគារ​ពាណិជ្ជកម្ម​ចម្រុះខ្ពស់ៗល្អផ្តាច់គេ​ក្នុង​រាជធានី​ភ្នំពេញ និង​មិន​ចាញ់​អគារ​ពាណិជ្ជកម្មខ្ពស់ៗនៅជាប់​មាត់សមុទ្រ​ក្នុងប្រទេស​សិង្ហ​បុរី​នោះទេ ខណៈដែល​និន្នាការ​សំណង់​នៅ​កម្ពុជា ជាពិសេស​ក្នុង​ទីក្រុង​ភ្នំពេញ និង​បរិមណ្ឌល​នៅតែ​បន្ត​រីកលូតលាស់​ឥតឈប់ឈ​រ។

    មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​នេះ​នឹង​សាងសង់​នៅពេលឆាប់ៗដោយ​ក្រុមហ៊ុន ចៀន ឈឹង ថៃ គ្រុប​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Yuetai Group ដែលជា​ក្រុមហ៊ុន​លំដាប់​យក្ស​របស់​ចិន​នៅលើ​ដី​ដែលជា​អតីត​កំពង់ផែ​ស្វយ័ត​ភ្នំពេញ បន្ទាប់ពី​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ស្ដីពី​ការជួល​ដី​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ចាប់ពី​គល់ស្ពាន​ជ្រោយចង្វារ​មកដល់​ផ្សារ​រាត្រី ដើម្បី​អភិវឌ្ឍ​ជា “មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ The City Gate” ដែលមាន​តម្លៃ​ជាង16ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក។

    តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​បាន​បញ្ជាក់ថា កិច្ចសន្យា​នេះ​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី29 ខែមិថុនា ឆ្នាំ2018 ដែលមាន​កំណត់​ក្នុង​អនុក្រឹត្យ​លេខ32 អនក្រ.បក ចុះ​ថ្ងៃទី9 ខែមីនា ឆ្នាំ2018 ស្ដីពី​ការធ្វើ​អនុ​ប​យោគ​ទីតាំង​ដី​បណ្ដោយ​ទន្លេសាប​ពី​ស្ពាន​ជ្រោយចង្វារ​មកដល់​ផ្សារ​រាត្រី។

    គម្រោង​អភិវឌ្ឍន៍​ជា “មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ The City Gate” នេះ រួមមាន ទី1.ជា​អគារ​បណ្ដុំ​ការិយាល័យ​ពាណិជ្ជកម្ម។ ទី2.ជា​អគារ​មជ្ឈមណ្ឌលសិល្បៈ។ ទី3.ទីធ្លា​សម្ដែង​វប្បធម៌​សិល្បៈ។ ទី4.ទីធ្លា​សម្រាប់​បាញ់​ទឹក។ ទី5.ទីធ្លា​សម្រាប់​រាំ​របាំ​ទឹក និង​ផ្សារ​អណ្ដែត​ទឹក។ ទី6.សួន​កំពង់ផែ។ ទី7.ទីធ្លា​កម្សាន្ដ និង​សួនច្បារ​សាធារណៈ។ ទី8.មជ្ឈមណ្ឌល​ទេសចរណ៍។ ទី9.រាជធានី​ភ្នំពេញ​ដ៏​ឆ្លាត​វៃ។ ទី10.ការិយាល័យ​បច្ចេកវិទ្យា។ ទី11.អគារ​ស្នាក់នៅ​រួម​បែប​វប្បធម៌។ ទី12.អគារ​ស្នាក់នៅ​រួម​បែប​ច្នៃប្រឌិត​ទំនើប និង​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ និង​ទី13.សាល​តាំងពិព័រណ៍ មជ្ឈមណ្ឌល​បេតិកភណ្ឌ​អរូបី​និង​សិប្បកម្ម និង​វិចិត្រសាល​បែប​វប្បធម៌​ព្រះពុទ្ធសាសនា និង​សកម្មភាពផ្សេងៗទៀត។

    កិច្ចសន្យាជួល​នេះ​មាន​រយៈពេល 50ឆ្នាំ ដោយ​គិត​ចាប់ពី​ថ្ងៃទី29 ខែមិថុនា ឆ្នាំ2018 រហូតដល់​ថ្ងៃទី28 ខែមិថុនា ឆ្នាំ2068។ ប្រាក់​ឈ្នូ​ល​លើ​ការ-ជួល​ដី​នេះ គឺជា​ការបង់ប្រាក់​ឈ្នួល​ផ្ដាច់​តែម្ដង​ចំនួន 16.5លាន​ដុល្លារ​អាមេរិក​សម្រាប់​រយៈ​ពេល 50ឆ្នាំ រួមបញ្ចូល​ទាំង​អាករ​លើ​តម្លៃបន្ថែម (VAT) ចំនួន10% រួចជាស្រេច។ ដើម្បី​កែប្រែ​កំពង់ផែ​ស្វយ័ត​នេះ​ទៅ​ជាមួយនឹង​គម្រោង​អភិវឌ្ឍន៍ “មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ The City Gate” នេះ កំពង់ផែ​ស្វយ័ត​ភ្នំពេញ​នៅតែ​បន្ដ​រក្សា​មុខងារ​ប្រតិបត្តិការ​របស់​ទីតាំង​ជួល​ខាងលើ​ជា​ចំណត​ផែ​លើកដាក់​ទំនិញ​ចេញចូល​ក្នុងប្រទេស​ដដែល។

    គួររំឭកថា សំណង់​លំនៅឋាន​សរុប​ក្នុង​ឆ្នាំ2017 មាន​ចំនួន 2.291គម្រោង មាន​ផ្ទៃក្រឡា​សរុប​ចំនួន 5.565.191ម៉ែត្រការ៉េ មាន​ទុនវិនិយោគ​សរុប​ចំនួន 2.230.654.719 ដុល្លារ​អាមេរិក។ ក្នុងនោះ​គម្រោង​អគារ​ខ្ពស់​ចាប់ពី 5ជាន់​ឡើងទៅ​នៅ​រាជធានី​ភ្នំពេញ​ឆ្នាំ2017 មាន​ចំនួន 188គម្រោង​បាន​សាងសង់​រួច និង​កំពុង​សាងសង់​បន្ត។

    តាម​របាយការណ៍​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​ឱ្យដឹងថា រយៈពេល 6ខែ​ឆ្នាំ2018 ទាំង​ក្រសួង និង​រាជធានី-ខេត្ត​បានផ្ដល់​លិខិតអនុញ្ញាត​សាងសង់​បាន​ចំនួន 1.643គម្រោង មាន​ផ្ទៃក្រឡា​សំណង់​សុ​រប 5.352.422 ម៉ែត្រការ៉េ មានតម្លៃ​ប៉ាន់ស្មាន 2.153.211,118ដុល្លារ​សហរដ្ឋអាមេរិក។ ទុនវិនិយោគ​របស់​វិស័យ​ឯកជន​មកពីបរទេស គឺមាន​ចំនួន 8ប្រទេស មាន​ចំនួន 21គម្រោង​មាន​ផ្ទៃក្រឡា​សំណង់​សរុប 928.267 ម៉ែត្រការ៉េ​មានតម្លៃ​ប៉ាន់ស្មាន​ទុនវិនិយោគ 394.332.300ដុល្លារ​អាមេរិក៕

  • កាន់តែធំ កាន់រពឹស…កូនភ្លោះរបស់ម៉ាក់ Chompoo Araya តែគួរឱ្យស្រឡាញ់ណាស់

    កាន់តែធំ កាន់រពឹស…កូនភ្លោះរបស់ម៉ាក់ Chompoo Araya តែគួរឱ្យស្រឡាញ់ណាស់

    តាមរយៈសារព័ត៌មាន Teenee​ នៅពេលថ្មីៗនេះបានចេញផ្សាយថា ស្ថិតក្រោមការមើលថែយ៉ាងដិតដល់របស់មនុស្សនៅក្នុងផ្ទះ កូនប្រុសភ្លោះទាំង2 របស់តារាស្រី Chompoo Araya កំពុងធំលូតលាស់យ៉ាងមានសុខភាពល្អពីមួយថ្ងៃទៅមួយថ្ងៃ។

    ដោយផ្អែកលើការបង្ហោះរូបភាពពីសំណាក់តារាស្រីវ័យ 37ឆ្នាំរូបនេះ គេសង្កេតឃើញថា អូនតូច Thunder( ណង សាយហ្វា ) និង Storm ( ណង ផាយុ ) កាន់តែធំ កាន់តែគួរឱ្យក្នាញ់ និងមានហ្វ៊ែនៗអ្នកគាំទ្រស្រឡាញ់ចូលចិត្តយ៉ាងច្រើននៅលើបណ្តាញសង្គម។

    នៅក្នុងនោះផងដែរ មានមតិភាគច្រើនបាននិយាយទៀតថា Thunder និង Storm នៅពេលដែលធំបែបនេះ មានមុខមាត់កាត់ទៅរកលោក Nott WitsarutRungsisingpipat ដែលជាប៉ាប៉ា ខ្លាំងជាងម៉ាក់ៗរបស់ពួកគេ។ គួរំឭកផងដែរថា កន្លងទៅថ្មីនេះៗ កូនភ្លោះរបស់តារាស្រីរូបនេះ បានទទួលតម្លៃខ្លួនក្នុងការថតស្ពតពាណិជ្ជកម្មដល់ទៅជាង 48ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ នេះគឺជារឿងដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ និងកោតសរសើរចំពោះក្រុមគ្រួសាររបស់តារាសម្ដែងស្រីរូបនេះយ៉ាងខ្លាំង ព្រោះបច្ចុប្បន្នកាន់តែមានប្រជាប្រិយភាព និងល្បីល្បាញខ្លាំងឡើង ជាពិសេសគឺ កូនភ្លោះរបស់នាងតែម្ដង៕

    #fruitoftheday 🍒

    A post shared by Araya Alberta Hargate (@chomismaterialgirl) on

  • សាលា​រាជធានី​ភ្នំពេញ​បង្កើត​គម្រោង​ធ្វើ​ឡ​ដុត​សំរាម នៅ​សហគមន៍​អណ្តូង

    សាលា​រាជធានី​ភ្នំពេញ​បង្កើត​គម្រោង​ធ្វើ​ឡ​ដុត​សំរាម នៅ​សហគមន៍​អណ្តូង

    សាលា​រាជធានី​ភ្នំពេញ​បាន​បង្កើត​ឡ​ដុត​សំរាម​មួយកន្លែង​នៅឯ​សហគមន៍​អណ្តូង ស្ថិតនៅក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ក្នុង​បំណង​កាត់បន្ថយ​ការបំពុល​ខ្យល់អាកាស​ពី​សំរាម និង​ដោះស្រាយ​បញ្ហា​កាកសំណល់​ដែល​ប្រជាពលរដ្ឋ​រស់ក្នុង​សហគមន៍​បាន​យកមក​ចាក់ចោល​ដែល​នាំមក​នូវ​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​បរិស្ថាន។

    ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ដែល​បាន​ធ្វើជា​អធិបតី​ក្នុង​ពិធី​នេះ​បាន​មានប្រសាសន៍ថា ឡ​ដុត​សំរាម​នេះ​នឹង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​របៀប​ដែល​ទីក្រុង​ដោះស្រាយ​លើ​បញ្ហា​កាកសំណល់ និង​ការបំពុល​បរិយាកាស។ «ការបង្កើតឱ្យមាន​ឡ​ដុត​សំរាម​នៅក្នុង​សហគមន៍​អណ្តូង​នេះ គឺ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានគិត​គូរ​ជា​យូរ​មកហើយ អំពី​សុខភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ដោយសារតែ​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​សហគមន៍​នេះ (សហគមន៍​អណ្តូង)ភាគច្រើន ជា​ប្រជាពលរដ្ឋ​ចំណាកស្រុក ដែល​មក​រស់នៅ​ផ្ដុំ​គ្នាច្រើន»។

    ជាមួយគ្នា​នោះ ឯកឧត្តម ឃួ​ង ស្រេង ក៏បាន​ជំរុញ​ឱ្យ​អភិបាលខណ្ឌ​សែន​សុខ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​រៀបចំ​ដោះស្រាយ​លំនៅឋាន​ដែល​រង​ផលប៉ះពាល់​ពី​ការស្ថាបនា​ឡ​ដុត​សំរាម​នេះ​ឱ្យ​ពួកគាត់​បាន​ទៅ​រស់នៅក្នុង​កន្លែង​រៀបរយ។

    លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ឱ្យដឹងថា នឹង​ជំរុញ​ឱ្យ​មន្ត្រី​ជំនាញ​ព​ន្លឿ​ន​ការដ្ឋាន​ស្ថាបនា​ផ្លូវ និង​ដាក់លូ​ជូន​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​នោះ​ឱ្យបាន​លឿន​ដើម្បី​បំពេញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​ប្រើប្រាស់​ជា​ប្រយោជន៍​រួម។

    អភិបាលខណ្ឌ​ព្រែក​ព្នៅ​លោក សុខ ស​ម្ប​តិ្ត បាន​និយាយថា ឡ​ភ្លើង​ជា​ប្រភេទ​ទីមួយ​នៅក្នុង​ទីក្រុង ហើយនឹង​ត្រូវ​ប្រើ​ធ្វើជា​ការសាកល្បង​គម្រោង​ដែល​ទាក់ទង​នឹង​ការបំពុលធំ។ «វា​មាន​សមត្ថភាព​ដុត​សំរាម​បាន​ចំនួន 5តោន​ក្នុង​មួយថ្ងៃ ប៉ុន្តែ​វា​នឹង​គ្របដណ្តប់​តែ​លើ​ភូមិ​ចំនួន2 ប៉ុណ្ណោះ»។

    លោក​បាន​មានប្រសាសន៍ថា៖ «វា​មិនអាច​ទ្រទ្រង់​សង្កាត់​គោក​រកា​ទាំងមូល​បានទេ ប៉ុន្តែ​វា​អាច​យកទៅ​ប្រើ​ជា​គំរូ​នៅ​សង្កាត់​ដទៃទៀត​បាន»។ លោក​បាន​បញ្ជាក់ថា៖ «វា​ល្អ ពីព្រោះ​នៅពេល​វា​ត្រូវបាន​ប្រើ វា​នឹងមិន​បញ្ចេញ​ផ្សែង​ចូលក្នុង​បរិយាកាស​នោះទេ។ វា​ជួយ​កាត់បន្ថយ​ការចំណាយ ហើយ​វា​នឹង​ជួយ​ធានា​ឱ្យ​សហគមន៍​រក្សា​ភាព​ស្អាតស្អំ​បាន​ទៀតផង»។

    សូមបញ្ជាក់ថា ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅក្នុង​សហគមន៍​ខាងលើ ត្រូវបាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បញ្ជូន​មកពី​សហគមន៍​មិន​រៀបរយ ប៊ុល​ឌិ​ញ សម្បុកចាប ដីក្រហម និង​បុរី​កីឡា តាំងពី​អំឡុង​ឆ្នាំ2016 រហូតមកដល់​បច្ចុប្បន្ន សហគមន៍​ទាំងនោះ​ទទួលបាន​ការអភិវឌ្ឍ​រីកចម្រើន ទាំង​ផ្លូវ បណ្ដាញទឹក- ភ្លើង លូ និង​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​ផ្សេងទៀត​ជាច្រើន៕

  • នាវា​ដឹកជញ្ជូន​អ្នកដំណើរ​សាធារណៈ ព្រែក​ព្នៅ-តាខ្មៅ​សម្ពោធ​ជា​ផ្លូវការ​ហើយ!!!

    នាវា​ដឹកជញ្ជូន​អ្នកដំណើរ​សាធារណៈ ព្រែក​ព្នៅ-តាខ្មៅ​សម្ពោធ​ជា​ផ្លូវការ​ហើយ!!!

    ស្រប​ពេលដែល​ទឹកជំនន់​កំពុង​ហក់​ឡើង​ខ្លាំង ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានដាក់​សម្ពោធ​នាវា​ដឹកជញ្ជូន​អ្នកដំណើរ​សាធារណៈ ព្រែក​ព្នៅ-ភ្នំពេញ-តាខ្មៅ ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​ហើយ​នៅ​ថ្ងៃទី1 ខែសីហា​នេះ។

    ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​មានប្រសាសន៍ថា ការបង្កើតឱ្យមាន​សេវា​នេះ​មាន​គោលបំណង​ដើម្បី​ពង្រីក​វិស័យ​ដឹកជញ្ជូន​ឱ្យមាន​ច្រើន​ជម្រើស ព​ន្លឿ​ន​ការដឹកជញ្ជូន កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ អភិវឌ្ឍ​ខឿនសេដ្ឋកិច្ច​ជាតិ និង​ប្រើ​ឱ្យអស់​លទ្ធភាព និង​សក្ដានុពល​នៃ​ទន្លេ​នៅក្នុង​ប្រទេស។

    ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ផងដែរ​ថា នាវា​ដឹកជញ្ជូន​អ្នកដំណើរ​សាធារណៈ ព្រែក​ព្នៅ-ភ្នំពេញ-តាខ្មៅ ត្រូវ​ឆ្លងកាត់​ចំណត​នាវា ចំនួន5 រួមមាន៖ ចំណត​ឫស្សីកែវ ចំណត​ផ្សារ​ចាស់ ចំណត​ចតុមុខ ចំណត​ច្បារអំពៅ និង​ចំណត​ក្រុង​តាខ្មៅ។

    សូមបញ្ជាក់​ជូន​ថា បច្ចុប្បន្ន​មាន​នាវា​ចំនួន 4គ្រឿង​បាន និង​កំពុង​ប្រតិបត្តិការ ដែល​នាវានីមួយៗអាច​ផ្ទុក​អ្នកដំណើរ​ចន្លោះ​ពី 54នាក់ ទៅ60នាក់ បើកបរ​ក្នុង​ល្បឿន 40គីឡូម៉ែត្រ ចាប់ពី​ម៉ោង 5:30នាទី​ព្រឹក ដល់​ម៉ោង 6:30នាទី​ល្ងាច ជា​រៀងរាល់ថ្ងៃ​ពី​ចំណត​ដើម​ដល់​ចំណត​ចុង​ប្រើ​រយៈពេល​តិចជាង 1ម៉ោង។

    គួរ​រំឭក​ផងដែរ​ថា៖ ចាប់តាំងពី​ដាក់ឱ្យ​ប្រតិបត្តិការ​ជា​បណ្ដោះអាសន្ន​កាលពី​ថ្ងៃទី6 ខែមេសា ឆ្នាំ2018 រហូតដល់​ថ្ងៃទី23 ខែកក្កដា ឆ្នាំ2018 មាន​អ្នកប្រើប្រាស់​សេវា​នេះ​ចំនួន 30,647នាក់ គិត​ជាម​ធ្យ​មាន​អ្នកដំណើរ 200នាក់​ក្នុង1ថ្ងៃ លើសពីនេះ​ទៀត អ្នកប្រើប្រាស់​សេវា​នេះ ទាំង​ជាតិ និង​អន្តរជាតិ​បាន​សម្តែង​សេចក្តី​សាទរ​ចំពោះ​សមិទ្ធផល​ដ៏​ថ្មី​សន្លាង​មួយ​នេះ​របស់​ប្រទេសជាតិ៕

  • ភ្ញៀវទេសចរ​អន្តរជាតិ​កើនឡើង 13%ក្នុង​ឆមាស​ទី1ឆ្នាំនេះ

    ភ្ញៀវទេសចរ​អន្តរជាតិ​កើនឡើង 13%ក្នុង​ឆមាស​ទី1ឆ្នាំនេះ

    ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន​ប្រហែល 3លាន​នាក់​បានមក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ក្នុងអំឡុង​ពាក់កណ្តាល​នៃ​ឆ្នាំ2018 នេះ ពោលគឺ​កើនឡើង 13%។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួងទេសចរណ៍។

    របាយការណ៍​ដែល​បានចេញ​ផ្សាយ​ដោយ​ក្រសួងទេសចរណ៍​បាន​បញ្ជាក់ថា ការ​ព្យាករ​រំពឹងថា​ប្រទេស​កម្ពុជា​នឹង​ទទួលបាន​ភ្ញៀវទេសចរ​បរទេស​ចំនួន 6,2លាន​នាក់​ក្នុង​ឆ្នាំ2018 ដែល​នឹង​កើនឡើង​ដល់12%។ នៅ​ឆ្នាំ2020 ក្រសួង​រំពឹងថា​នឹងមាន​ចំនួន​ភ្ញៀវទេសចរ 7លាន​នាក់​ដែល​នឹង​នាំមក​នូវ​ចំណូល 5ពាន់​លាន​ដុល្លារ​អាមេរិក និង​បង្កើត​ឱកាស​ការងារ​ដោយផ្ទាល់ 1លាន​នាក់ និង15លាន​នាក់​នៅត្រឹម​ឆ្នាំ2030 ដោយ​នាំមក​នូវ​ចំណូល​សរុប 10ពាន់​លាន​បង្កើត​នូវ​ឱកាស​ការងារ​ប្រមាណ2លាន​នាក់។

    ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បានបញ្ជាក់​ឱ្យដឹងថា បច្ចុប្បន្ន​វិស័យ​ទេសចរណ៍​រួមចំណែក 13% នៃ​ផលិតផល​ក្នុងស្រុក​សរុប GDP ។ លោក​បន្តថា៖ «រដ្ឋាភិបាល​បន្ត​អភិវឌ្ឍ​ប្រទេស​ជា​គោលដៅ​ទេសចរណ៍​ស្អាត និង​បរិស្ថាន ដោយ​ផ្តោតលើ​និរន្តរភាព និង​ការទទួលខុសត្រូវ។ ជា​ទិសដៅ​ទេសចរណ៍​ដ៏​ល្បីល្បាញ​ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​រាប់លាន​នាក់​ជា​រៀងរាល់ឆ្នាំ​ដោយមាន​សន្តិភាព និង​សុវត្ថិភាព​សម្រាប់​ភ្ញៀវទេសចរ​កម្ពុជា»។

    ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ ក៏បាន​បញ្ជាក់​នៅក្នុង​ពិព័រណ៍​ទេសចរណ៍ថ្មីៗនេះ​ថា​ទេសចរណ៍​ក្នុងស្រុក​កំពុង​កើនឡើង​ផងដែរ ដោយ​ចំនួន​ប្រជាជន​កម្ពុជា​ជ្រើសរើស​ការធ្វើដំណើរ​ទេស​ចរណ៍​ក្នុងប្រទេស​កម្ពុជា​កើនឡើង 6%។ ចំនួន​នៃ​ការកើនឡើង​នៃ​អ្នកទេសចរ​មាន​តួនាទី​សំខាន់​ក្នុង​ការជួយ​រដ្ឋាភិបាល​ឱ្យសម្រេចបាន​ទិសដៅ​ទេសចរណ៍​របស់ខ្លួន។ «ខ្ញុំ​ជឿថា​តាមរយៈ​ពិព័រណ៍​នេះ ជា​លើកដំបូង​នៅ​កម្ពុជា​យើង​នឹង​ខិត​កាន់តែ​កៀក​ដល់​គោលដៅ​របស់​យើង​ក្នុងចំណោម​ទេសចរ​ក្នុងស្រុក​ចំនួន11លាន​នាក់​ត្រឹម​ឆ្នាំ2018 និង19លាន​នាក់​ក្នុង​ឆ្នាំ2025»។

    លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ភ្នាក់ងារទេសចរណ៍​កម្ពុជា (CATA) បាន​និយាយថា​ភាពជោគជ័យ​របស់​វិស័យនេះ​គឺ​អាស្រ័យ​លើ​សមត្ថភាព​របស់​រដ្ឋា​ភិ​បាល​ក្នុងការ​អភិវឌ្ឍ និង​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​រដ្ឋាភិបាល​បរ​ទេស។ «មាន​សក្តានុពល​ជាច្រើន​ហើយ​ដើម្បី​ធានាថា យើង​ធ្វើឱ្យបាន​ច្រើន​បំផុត​យើង​ត្រូវធ្វើ​ពិពិធ​កម្ម និង​ពង្រីក​ការផ្តល់ជូន​របស់​យើង​ព្រមទាំង​បង្កើន​គុណភាព​នៃ​សេវាកម្ម​ដែល​យើង​ផ្តល់ជូន​ភ្ញៀវទេសចរ»។

    ឯកឧត្តម ថោង ខុន ក៏បាន​ថ្លែង​នៅក្នុង​ពិធី​តែងតាំង​រូប​ឯកឧត្តម​ជា «សមាជិក​នៃ​បណ្ឌិតសភា​ទេសចរណ៍​អឺរ៉ុប»(31-07-18)ដោយបាន​គូសបញ្ជាក់ថា វិស័យ​ទេសចរណ៍​ត្រូវបាន​ចាត់ទុកជា​មាស​បៃតង​ចូលរួម​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច និង​សង្គម​បង្កើត​ការងារ កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន និង​ចូលរួម​ទ្រទ្រង់​ដល់​ការធ្វើសមាហរណកម្ម​តំបន់។ ជាក់ស្តែង​ឆ្នាំ2017 វិស័យ​ទេសចរណ៍​នាំមក​នូវ​ប្រាក់ចំណូល 3,638លាន​ដុល្លារ​អាមេរិក​ចាក់​បញ្ចូល​ក្នុង​សេដ្ឋកិច្ចជាតិ និង​បង្កើត​ការងារ​ដោយផ្ទាល់​ដល់​ពលរដ្ឋ​ប្រមាណ​ជាង 62ម៉ឺន​នាក់៕

  • វិស័យ​ឧស្សាហកម្ម ផ្តល់​ការងារ​ជូន​ពលរដ្ឋ​ខ្មែរ​ចំនួន​ជាង 1លាន​នាក់

    វិស័យ​ឧស្សាហកម្ម ផ្តល់​ការងារ​ជូន​ពលរដ្ឋ​ខ្មែរ​ចំនួន​ជាង 1លាន​នាក់

    វិស័យ​ឧស្សាហកម្ម​បន្ត​ដើរតួនាទី​ជា​ប្រភព​ដ៏​ចម្បង​នៃ​កំណើន​សេដ្ឋកិច្ចកម្ពុជា និង​បាន​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង 1លាន​នាក់​មកទល់​ត្រឹម​ឆមាស​ទី1 ឆ្នាំ2018នេះ។ នេះ​បើ​យោងតាម​របាយការណ៍​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម។

    របាយការណ៍​បង្ហាញថា វិស័យនេះ​គាំទ្រ​ដោយ​កំណើន​រឹងមាំ នៃ​វិស័យ​សំណង់ កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង និង​ការកើនឡើង​ជា​លំដាប់​នៃ​វិស័យ​កម្មន្តសាល​មិនមែន​កាត់ដេរ ជាពិសេស​គ្រឿងបន្លាស់​យានយន្ត ទោចក្រយាន និង​បរិក្ខារ​អគ្គិសនី ដែល​អំណោយផល​ពី​កត្តា​ខាងក្រៅ និង​ខាងក្នុង។

    កត្តា​ខាងក្រៅ គឺ​ភាពប្រសើរឡើង​នៃ​ស្ថានភាព​សេដ្ឋកិច្ចពិភពលោក ជាពិសេស​ប្រទេស​គោលដៅ​នាំចេញចម្បងៗ ដូចជា​សហរដ្ឋអាមេរិក អឺរ៉ុប កាណាដា និង​ជប៉ុន ដែល​បាន​ជំរុញ​កំណើន​តម្រូវការ​នាំចេញ និង​ការវិនិយោគ​ក្នុងស្រុក។ ទន្ទឹមនេះ​កត្តា​ខាងក្នុង​មានដូចជា ស្ថិរភាព​នយោបាយ និង​ម៉ាក្រូសេដ្ឋកិច្ច ការរីកចម្រើន​សមត្ថ​ភាព​ជំនាញ ការពង្រីក​បណ្តាញ​អគ្គិសនី​និង​គមនាគមន៍ ទីតាំង​ភូមិសាស្ត្រ និង​ការលើកទឹកចិត្ត​អនុគ្រោះ​ពន្ធ​របស់​រាជរដ្ឋាភិបាល​សម្រាប់​អ្នកវិនិយោគ។

    ការនាំចេញ​សម្លៀកបំពាក់​កាត់ដេរ និង​ស្បែកជើង​មាន​កំណើន 11.1% នៅ​ឆមាស​ទី1 ឆ្នាំ2018 ខ្ពស់ជាង​ឆមាស​ទី1ឆ្នាំមុន 6.9%។ ការនាំចេញ​ផលិតផល​កម្មន្តសាល​មិនមែន​កាត់ដេរ សម្រេចបាន​កំណើន​ខ្ពស់​គួរឱ្យកត់សម្គាល់ ក្នុង​កម្រិត​បរិមាណ 2.3ដង ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដោយសារ​ការពង្រីក​ការវិនិយោគ​ដែលមាន​ស្រាប់ និង​ការវិនិយោគថ្មីៗ ព្រមទាំង​បរិយាកាស​ធុរកិច្ច​ល្អប្រសើរ សម្រាប់​វិស័យ​ទាំងនេះ។

    ឧស្សាហកម្ម​បម្រើ​ក្នុងស្រុក ជាពិសេស​ឧស្សាហកម្ម​កែច្នៃ​ចំណីអាហារ មាន​កំណើន​ខ្ពស់​ប្រមាណ​ជា 26%។ ការបើក​រោងចក្រ​ថ្មី​នៅក្នុង​វិស័យ​ឧស្សាហកម្ម​ត្រូវបាន​ប៉ាន់ប្រមាណ​ថា នឹងមាន 73រោងចក្រ​កើនឡើង 58.7% ធៀប​នឹង​ឆមាស​ទី1ឆ្នាំមុន៕

  • ចង់បាន​សំណង់​មាន​គុណភាព​ស្តង់ដារ​អន្តរជាតិ ជ្រើស​រើសយក LBL

    ចង់បាន​សំណង់​មាន​គុណភាព​ស្តង់ដារ​អន្តរជាតិ ជ្រើស​រើសយក LBL

    LBLConstruction គឺជា​ក្រុមហ៊ុន​សាងសង់​សំណង់​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ដែល​បង្កើតឡើង​ដោយ​អ្នកជំនាញ​ជាតិ និង​អន្តរជាតិ​តាំងពី​ឆ្នាំ1991មក ហើយ​ក៏មាន​អតិថិជន​ជាច្រើន​បានមក​ទទួលយក​សេវាកម្ម​សាងសង់​ពី​ក្រុមហ៊ុន​ខាងលើ ដោយ​ការសាងសង់​បាន​ផ្តោត​សំខាន់​ទៅលើ​គុណភាព និង​សោភណភាព​ដែលមាន​លក្ខណៈ​ស្តង់ដារ​លំដាប់​អន្តរជាតិ។

    លោក Jerome Luciani-Khao អនុប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន LBL Construction មានប្រសាសន៍ថា ក្រុមហ៊ុន​លោក​បាន​បង្កើតឡើង​ដោយ​អ្នកជំនាញ​វិស្វកម្ម និង​ស្ថាបត្យកម្ម​ជនជាតិ​បារាំង​ចាប់តាំងពី​ឆ្នាំ1991នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ទទួលបាន​ការគាំទ្រ​ពី​អតិថិជន​ក្នុងការ​សាងសង់ គម្រោង​សំណង់​ប្រណីតធំៗលំដាប់ថ្នាក់​អន្តរជាតិ​ចំនួន​ជាង 300ក្រុមហ៊ុន​រហូតមកទល់​បច្ចុប្បន្ន។

    អគារ Exchange Square

    គម្រោង​សំណង់ធំៗ និង​ប្រណីត​ទាំងនោះ រួមមាន​សណ្ឋាគារ Amansara ‘La villa Princiere  អគារ​សហគមន៍​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា(European Union Compound), សាលា​ភ្នំពេញ​អន្តរជាតិ(ISPP),គម្រោង​សាងសង់​ព្រលានយន្តហោះ​ខេត្ត​ព្រះសីហនុ (Sihanouk International Airport) ព្រលានយន្តហោះ​ខេត្តសៀមរាប(Siem Reap Airport)ស្នាក់ការ​កណ្តាល​ក្រុមហ៊ុន​តូយ៉ូតា(Toyota headquarters), ហាង​កាហ្វេ STARBUCKS’,ធនាគារ​សហ​ពាណិជ្ជក.អ(UCB Head office), សណ្ឋាគារ​សុខា (SOKHA Hotel & Resort), La Residence d’Angkor ខេត្តសៀមរាប និង​មជ្ឈមណ្ឌល Hongkong Land ,សណ្ឋាគារ ឡឺ រ៉ូយ៉ាល់ (Raffles Hotel & Resorts)“ជួសជុល​ឡើងវិញ” ជាដើម។ ហើយ​បច្ចុប្បន្ន ក្រុម​អ្នកជំនាញ​របស់​ក្រុមហ៊ុន​កំពុង​បន្ត​ការសាងសង់​អាហា​រដ្ឋា​ន​លំដាប់ថ្នាក់​អន្តរជាតិ​នៅក្នុង​អាកាសយានដ្ឋានភ្នំពេញ​អន្តរជាតិ (Cambodia Airport) និង​គម្រោង​អគារ​ក្រុមហ៊ុនធំៗ និង​សណ្ឋាគារប្រណីតៗ រួម​នឹង​អគារ​ស្នាក់នៅ និង​បំពេញការងារ​រប​ស់បុ​គ្គ​លិ​ក​ស្ថានទូត​បរទេស​ប្រចាំ​នៅ​កម្ពុជា​ទៀតផង។

    សំណង់អគារ សណ្ឋាគារ សុខា ភ្នំពេញ

    អ្វីដែល​ធ្វើឱ្យ​ក្រុមហ៊ុន​មានការ​គាំទ្រ​ខ្លាំង​ពី​អតិថិជន​សម្រាប់​សាងសង់​គម្រោងធំៗចំនួន​ជាង 300ក្រុមហ៊ុន​ខាងលើ គឺ​ដោយសារ​ក្រុមហ៊ុន​មាន​អ្នកជំនាញ​ផ្នែក​វិស្វករ​សំណង់ និង​ស្ថាបត្យកម្ម​ជាតិ និង​អន្តរជាតិ​ជាច្រើន​នាក់​ធ្វើការ​រួមជាមួយ​គ្នា ហើយ​ពួកគេ​សុទ្ធតែ​បាន​ឆ្លងកាត់​ការសិក្សា​ពី​សាលា​ជំនាញ​ក្នុង និង​ក្រៅប្រទេស មាន​បទពិសោធ​យូរ​ឆ្នាំ ដោយ​មិន​ធ្វើឱ្យ​អតិថិជន​ខកបំណង​នោះឡើយ។

    លោក​បញ្ជាក់ថា “យើង​មិន​ធ្វើឱ្យ​អតិថិជន​ខកបំណង​ឡើយ​យើង​មាន​អ្នកជំនាញ​សាងសង់​ច្បាស់លាស់ ពួកគេ​មាន​ភាព​ប៉ិនប្រសប់​ពោល គឺ​សុទ្ធតែជា​វិស្វករ និងស្ថាបត្យករ​មាន​ជំនាញ​ច្បាស់លាស់ មាន​បទពិសោធ​យូរ​ឆ្នាំ ហើយ​ពិសេស​ក្រុមហ៊ុន​មានការ​ធានា និង​ទទួលខុសត្រូវ​ច្បាស់លាស់​ទាំង​សេវាកម្ម គុណភាព សោភណភាព បរិ​ដ្ឋា​ន ពិសេស​បញ្ចប់​គម្រោង​សាងសង់​តាម​ពេលវេលា​កំណត់​របស់​អតិថិជន។

    ក្រៅពីនេះ ក្រុមហ៊ុន​តែង​ផ្តល់​ការប្រឹក្សា​ជាមួយ​អតិថិជន ចាប់ពី​ដំណាក់កាល​ចុះកិច្ចសន្យា​សាងសង់​លើកដំបូង រហូតដល់​ការសាងសង់​បញ្ចប់​ជា​ស្ថាពរ ដើម្បីឱ្យ​អតិថិជន​មាន​ជម្រើស​ច្រើន​ក្នុង​ការកែលម្អ​ទៅតាម​ការចង់បាន​រប​ស់​ខ្លួន។ លើសពីនេះ​ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន​តែង​នៅជាប់​ជាមួយ​បុគ្គលិក​គ្រប់​ជាន់ថ្នាក់ តាំងពី​ថ្នាក់​ស្ថាបត្យករ រហូតដល់​បុគ្គលិក-កម្មករ​ប្រើ​កម្លាំង​សុទ្ធសាធ ដើម្បី​ជួយ​ពិនិត្យ​ឱ្យ​ប្រាកដថា សំណង់​នោះ​ពិត​ជាមាន​គុណភាព​ស្តង់ដារ ទៅតាម​ការចង់បានរ​បស់​អតិថិជន 100% មិនឱ្យ​ខកបំណង​ឡើយ។

    សំណង់អគារ UCB ដែលកំពុងសាងសង់

    កេរ្តិ៍ឈ្មោះ​របស់​ក្រុមហ៊ុន​មាន​ភាពល្អ​ឥតខ្ចោះ​ក្នុងការ​សាងសង់​សំណង់​គ្រប់​ប្រភេទ ដែល​ត្រូវបានគេទទួលស្គាល់​ថា ជា​ក្រុមហ៊ុន​នាំមុខគេ​មួយ​នៅលើ​ទីផ្សារ​សំណង់​កម្ពុជា ក៏ដូចជា​នៅលើ​ទីផ្សារ​អាស៊ាន​ទាំងមូល​ដែរ។ បច្ចុប្បន្ន LBL មាន​បុគ្គលិក​ជា​អ្នកជំនាញ​ក្នុងស្រុក និង​ក្រៅ​ស្រុក​សរុប​ប្រមាណ 300នាក់ មានដូចជា​វិស្វករ អ្នកគ្រប់គ្រង​គម្រោង និង​ស្ថាបត្យករ​និង​មាន​បុគ្គលិក-កម្មករ​បំពេញការងារ​ពលកម្មផ្សេងៗប្រមាណ​ជា 2,000នាក់​បន្ថែមទៀត​សម្រាប់​រង់ចាំ​ជួយ​ឱ្យ​គម្រោង​សាងសង់​បញ្ចប់​ជា​ស្ថាពរ​តាម​កាលកំណត់ ឬ​អាច​នឹង​បញ្ចប់​មុនពេល​កំណត់​ទៀតផង។

    ចាប់តាំងពី​ដំណាក់កាល​ដំបូង ក្រុមហ៊ុន LBL តែង​ប្រកាន់ខ្ជាប់​នូវ​គុណ​តម្លៃ​លើ​ចំណុចសំខាន់ៗចំនួន3 គឺ1.ការគោរព សុវត្ថិភាព និង​ភាពបត់បែន​របស់​អតិថិជន។ 2.ជាមួយនឹង​បទពិសោធ​រយៈពេល 27ឆ្នាំ​នៃ​ជំនាញ និង​សេវាកម្ម​សាងសង់​លំដាប់​ស្តង់ដារ​អន្តរជាតិ​ដែល​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ទីផ្សារ​សំណង់​ដ៏​ល្អឥតខ្ចោះ​មួយ​នៅក្នុង​សតវត្សរ៍​ចុងក្រោយ​និង 3.គុណ​តម្លៃ គឺ​ស្ថិតនៅ​ដំណាក់កាល​ឈាន​មុនគេ​នៅក្នុង​ទស្សនវិស័យ និង​ក្រមសីលធម៌​ការងារ​របស់​ក្រុមហ៊ុន។

    លើសពីនេះ​ក្រុមហ៊ុន​មាន​អ្នកជំនាញ​ដែល​អាចជួយ​សន្សំសំចៃ​ថវិកា​សាងសង់ ចៀសវាង​ការចំណាយ​ថ្លៃដើម​ខ្ជះខ្ជាយ និង​ជួយ​បញ្ចប់​គម្រោង​ដោយ​ជោគជ័យ​ទៅតាម​កិច្ចសន្យា​ដែល​បានកំណត់។

    យោងតាម​ភាព​ល្បីឈ្មោះ​បោះ​សំឡេង​នៅលើ​គម្រោង​សាងសង់​ចាប់តាំងពី​ឆ្នាំ1991រហូតមកទល់​ឆ្នាំ2018នេះ LBL Construction បាន និង​តែង​ខិតខំ​អភិវឌ្ឍ​ខ្លួន​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន​លើ​ផ្នែក​សេវាកម្ម​សាងសង់ និង​គុណភាព​កម្រិត​កំពូល​នៅក្នុង​ទីផ្សារ​សំណង់​នៅ​កម្ពុជា​ក៏ដូចជា​គម្រោង​សាងសង់​សំណង់​ក្នុង​តំបន់​អាស៊ី​ផងដែរ។

    សម្រាប់​អតិថិជន​ដែលមាន​គម្រោង​សាងសង់ អាចមក​ពិភាក្សា​ជាមួយ​អ្នកជំនាញ​ក្រុមហ៊ុន​ដែលមាន​ស្ថាបត្យករ​ប្រមាណ 17នាក់ និង​វិស្វករ​ចំនួន 70នាក់ ដែល​អាច​ប្រឹក្សា​រាល់​គម្រោង​នានា ទាំង​ការ​រចនា និង​ការសាងសង់​បាន​ដោយ​ងាយស្រួល៕

  • តារាសម្តែង ឈិន សារ៉ាត់ សម្រក់ទឹកភ្នែកអាណិតកុមារារងគ្រោះថ្នាក់ចរាចរណ៍រហូតត្រូវពេទ្យកាត់ជើង

    តារាសម្តែង ឈិន សារ៉ាត់ សម្រក់ទឹកភ្នែកអាណិតកុមារារងគ្រោះថ្នាក់ចរាចរណ៍រហូតត្រូវពេទ្យកាត់ជើង

    ដូចដែលប្រិយមិត្តបានស្គាល់ហើយថា លោក ឈិន សារ៉ាត់ ជាតារាសម្ដែងមានឈ្មោះល្បីមួយរូបក្នុងប្រទេសកម្ពុជា ខណៈនេះលោកបានសម្តែងអារម្មណ៍ក្តុកក្តួលបំផុត រហូតនិយាយអួលដើមក សម្រក់ទឹកភ្នែកនៅពេលបានឃើញកុមារាម្នាក់រងគ្រោះថ្នាក់ចរាចរណ៍ និងតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះជើងមួយចំហៀងរបស់គេ ក៏ត្រូវលោកគ្រូពេទ្យសម្រេចកាត់ចេញដើម្បីសង្រ្គោះជីវិត យ៉ាងនឹកស្មានមិនដល់។ លោក សារ៉ាត់ នឹកសោកស្តាយ និងអាណិតអាសូរកុមារាកម្សត់នោះខ្លាំងណាស់ ទើបខំប្រឹងប្រែងស្វះស្វែងរកជំនួយសប្បុរសធម៌ជួយដល់កុមាររងគ្រោះ និងក្រុមគ្រួសាររបស់គេដែលកំពុងខ្វះខាត។

    តារាសម្ដែងប្រុសរូបនេះ បានប្រាប់ឱ្យដឹងថា ខ្លួនមានក្ដីតក់ស្លុតខ្លាំងមែនទែន នៅពេលឃើញកុមារាដ៍ស្រស់ស្អាតធ្លាប់តែមានរាងកាយមាំទាំពេញលក្ខណៈ បែរជាមកជួបគ្រោះអកុសល រងគ្រោះថ្នាក់រហូតត្រូវពេទ្យកាត់ជើងម្ខាង។ ក្រោយឃើញពេទ្យសម្រេចធ្វើបែបនេះហើយ និងបានឃើញក្មួយប្រុសលើកដៃសំពះសុំឱ្យគេជួយផងនោះ កាន់តែធ្វើឱ្យលោកនឹកស្រណោះខ្លាំង រហូតដល់ស្រក់ទឹកភ្នែកនិយាយទាំងអួលដើមកថា គិតមើលទៅដូចជាសុបិន្តអាក្រក់អ៊ីចឹង ធ្លាប់តែដើរបាន ជិះកង់ទៅរៀន រត់លេងកើត តែឥឡូវបែរជាមកបាត់ជើងម្ខាង សួរថា តើមានអារម្មណ៍ហេងហាង និងទទួលយកម្តេចនឹងកើតទៅ?។ ដូចនេះមានតែម្នាក់ៗខំលើកទឹកចិត្តក្មួយឱ្យច្រើន ព្រោះគ្នាគ្មានអ្វីក្រៅពីយំ​ ហើយឈឺចាប់ជាមួយមុខមាត់ស្លូតបូតដ៏គួរឱ្យអាណិតនោះទេ។ ឃើញដូច្នេះហើយ ទើបមិត្តសិល្បករមួយចំនួន និងសប្បុរសជននានាបានរួមគ្នារៃអង្គាសប្រាក់តាមសទ្ធាចូលតាមរយៈលោកជាទឹកចិត្តដើម្បីជួយដល់កុមារាកម្សត់នោះ លោកសូមអរគុណ។ តាមរយៈរូបភាពនេះលោកសូមអំពាវនាវដល់បងប្អូនទាំងអស់ គប្បីគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ចៀសវាងការជួបគ្រោះថ្នាក់ដែលនឹងធ្វើឱ្យមានវិបត្តិទៅថ្ងៃក្រោយ និងបើកបរដោយការយោគយល់គ្នា និងមានសីលធម៌ល្អជាសំខាន់។

    សូមជម្រាបបន្ថែមថា ក្មេង​ប្រុសកម្សត់នោះមានវ័យ 8ឆ្នាំត្រូវបានឡានធុនធ្ងន់បើកកិនពីលើជើង បណ្តាលឱ្យរងរបួសធ្ងន់ រហូតត្រូវខាងមន្ទីរពេទ្យសម្រេចកាត់ជើងដែលត្រូវរបួសនោះចេញដើម្បីសង្រ្គោះជីវិតរបស់ប្អូន ហើយពេលនេះប្អូនកំពុងតែទទួលការសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យមួយក្នុងប្រទេសវៀតណាម។ ដោយសារតែក្រុមគ្រួសាររបស់ប្អូនមានជីវភាពខ្វះខាត មិនមានថវិកាគ្រប់គ្រាន់ក្នុងការព្យាបាលរបួសដ៏ធ្ងន់ធ្ងររបស់ប្អូន ធ្វើឱ្យមហាជនជាច្រើនមិនអាចមើលនឹងភ្នែកបាន ក៏នាំគ្នាជួយស្វះស្វែងរកការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់។ បើទោះជាមានការជួយឧបត្ថម្ភ ពីសប្បុរសជននានាហើយក្ដី ប៉ុន្តែការចំណាយផ្សេងៗក៏នៅតែត្រូវការបន្ថែមនៅឡើយ ព្រោះនៅពេលនេះប្អូនប្រុស លី ហេង កំពុងស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅឡើយ។ ប្អូនប្រុសបានរៀបរាប់ក្នុងវីដេអូថា រូបគេមានការឈឺចាប់ខ្លាំងណាស់ សូមក្តីអាណិតមេត្តាជួយផង ព្រោះគ្រួសាររបស់គេនៅខ្វះខាតថវិកាដើម្បីបន្តការព្យាបាល៕

  • ស្ពានដ៏អស្ចារ្យនៅវៀតណាម នាំលោកអ្នកទៅកាន់ពិភពរឿង «Lord Of The Rings»

    ស្ពានដ៏អស្ចារ្យនៅវៀតណាម នាំលោកអ្នកទៅកាន់ពិភពរឿង «Lord Of The Rings»

    ាតមរយៈគេហទំព័រ Boredpanda បានឱ្យដឹងថា ស្ពាន​មួយ​ខ្សែ​ដែល​ស្ថិត​នៅ​ក្រៅ​ទីក្រុង Da Nang ក្នុង​ប្រទេស​វៀតណាម កំពុង​តែ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជា​ច្រើន ដោយ​សារ​តែ​ការ​រចនា​ដ៏​ស្រស់​ស្អាត និង​អស្ចារ្យ​របស់​ខ្លួន។ ស្ពាន​ដ៏អស្ចារ្យមួយនេះត្រូវបានគេឱ្យឈ្មោះ​ថា Golden Bridge ដែល​មាន​កម្ពស់ 1,400ម៉ែត្រ​លើ​កម្ពស់​ទឹក​សមុទ្រ នៅ​លើ​ជ្រលងភ្នំ Ba Na មើលឃើញ​នូវ​ទេសភាព​ដ៏​ស្រស់​ស្អាត​នៃ​ទី​ជនបទ។

    ផ្លូវ​ដើរ​នៅ​លើ​ស្ពាន​ពណ៌​មាស​នេះ មានអមដោយផ្កា  Lobelia Chrysanthemums ដែលមានពណ៌ស្វាយស្រស់បំព្រង និងមាន​ប្រវែង​ជិត 150ម៉ែត្រ ជាមួយ​នឹង​ការ​រចនា​រូបរាង​កោង​យ៉ាងឆើតឆាយ ដោយការ​រចនា​ស្ពាន​នេះ​គឺ​ជាស្នាដៃរបស់​ក្រុមហ៊ុន​មួយ​ឈ្មោះ​ថា TA Landscape Architecture។

    សូមជម្រាបផងដែរថា ​អ្វីដែល​កាន់តែ​អស្ចារ្យ និង​ធ្វើ​ឱ្យ​គ្រប់​គ្នា​ចាប់អារម្មណ៍​ខ្លាំង​នោះ​គឺ ដៃ​យក្ស​មួយ​គូ​ដែល​ទ្រ​ពី​ក្រោម​ស្ពាន។ «ដៃ​យក្សមួយ​គូ​នោះ​មើល​ទៅ​ហាក់​បី​ដូច​ជា​ថ្ម ប៉ុន្តែ​តាម​ពិត​វា​គឺ​ជា​ដែកថែប និង​សំឡី​កែវ (fiberglass) ដែលស្រោបពីលើ» នេះបើតាមការបញ្ជាក់របស់វិស្វករ។ វា​ត្រូវ​បាន​សាងសង់​ឡើង​ដោយ​ចំណាយ​ពេល​ជិត 1ឆ្នាំ ខណៈ​រចនាសម្ព័ន្ធ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​វិនិយោគ ដែល​មាន​ទំហំ​ទឹក​ប្រាក់ 2ពាន់​លាន​ដុល្លារ ដើម្បី​នាំ​យក​ភ្ញៀវ​ទេសចរ 1,5លាន​នាក់​ជា​រៀង​រាល់​ឆ្នាំ។

    យ៉ាងណាមិញ ទាំងទេសភាពពីលើកំពូលភ្នំ និងទម្រដៃយក្សដ៏សែនធំនោះ ហាក់បីដូចជាកំពុងនាំអារម្មណ៍ភ្ញៀវ​ទេសចរ​ជា​ច្រើនទៅកាន់ពិភពក្នុងរឿងបុរាណ  «Lord Of The Rings» អីចឹងដែរ។ ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖

    https://youtu.be/bqsILQ8ZyL4

  • Higuain នឹងចូលរួម​ជាមួយ​ក្លិប AC Milan ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពី Juventus

    Higuain នឹងចូលរួម​ជាមួយ​ក្លិប AC Milan ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពី Juventus

    ខ្សែប្រយុទ្ធ​អន្តរជាតិ​អា​ហ្ស​ង់​ទីន Gonzalo Higuain ត្រូវបាន​រំពឹងទុក​ថា នឹង​ផ្ទេរ​ទៅកាន់​ក្លិប AC Milan ក្នុង​កិច្ចសន្យា​រយៈពេល 1រដូវ​កាល​ពេញ​ពី​ក្លិប​ដែល​លេង​ក្នុង​ក្របខ័ណ្ឌ Serie A ដូចគ្នា​គឺ Juventus ក្រោយពី​ការចូលរួម​របស់​តារា​ឆ្នើម Cristiano Ronaldo កាលពី​ដើមខែ​នេះ​ជាមួយនឹង​ក្លិប​សេះបង្កង់​មួយ​នេះ។

    ក្លិប AC Milan នឹង​ចំណាយ​ប្រាក់ 18លាន​អឺរ៉ូ (ស្មើនឹង 21លាន​ដុល្លារ​អាមេរិក) សម្រាប់​ការខ្ចី​ជើង​នេះ ជាមួយនឹង​ជម្រើស​ទិញយក​ដាច់​ក្នុងតម្លៃ​ខ្លួន 36លាន​អឺរ៉ូ នៅពេល​ចុងរដូវ​កាល​ខាងមុខនេះ។ ក្លិប Chelsea របស់​ក្របខ័ណ្ឌ Premier League បាន​ចាប់អារម្មណ៍​ទៅលើ Higuain វ័យ 30ឆ្នាំ ប៉ុន្តែ​ខ្សែប្រយុទ្ធ​អន្តរជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ ហាក់ដូចជា​ត្រូវតែ​បន្ត​នៅក្នុង​ក្របខ័ណ្ឌ Serie A។

    Higuain បាន​ផ្ទេរ​ទៅកាន់​ក្លិប Juventus កាលពី​ឆ្នាំ2016 សម្រាប់​តម្លៃ​ខ្លួន 90លាន​អឺរ៉ូ និង​បាន​ស៊ុត​បាល់​បញ្ចូល​ទី 40គ្រាប់​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Serie A  76លើក។ ប៉ុន្តែ ការ​ទិញយក Ronaldo ដ៏​មិន​នឹកស្មាន​ដល់​ពី​ក្លិប Real Madrid មានន័យថា រូបគេ​គឺជា​ជំនួស​លើស​ទៅនឹង​តម្រូវការ​ក្នុង​ក្រុម​របស់លោក Max Allegri៕

    ប្រភពពី៖ BBC