Category: សង្គម និងសេដ្ឋកិច្ច

  • ខាងផលិតកម្ម YG បកស្រាយមូលហេតុ CL ឡើងគីឡូរហូតដល់មានស្ថានភាពបែបនោះ…

    ខាងផលិតកម្ម YG បកស្រាយមូលហេតុ CL ឡើងគីឡូរហូតដល់មានស្ថានភាពបែបនោះ…

    តាមរយៈសារព័ត៌មាន​ Entertain.naver បានចេញផ្សាយនៅពេលមុននេះបន្ដិចឱ្យដឹងថា មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ ខណៈដែលកំពូលតារាចម្រៀង Kpop នាង CL ឡើងគីឡូរហូតដល់មិនចង់ស្គាល់។ អ្វីដែល​គ្រប់​គ្នា​ សឹង​មិន​ជឿ​នឹង​ភ្នែក​ គឺ​តារា​ស្រី​រូប​នេះ​រីកមាឌ​ជាង​មុន​គួរសម​ ប៉ុន្ដែមានអ្នកគាំទ្រនាងម្នាក់បានលើកឡើងថា នាងឡើងទម្ងន់ដល់ទៅ 78 Kg ហើយគ្រាន់តែ​ពេលឃើញ​សភាព​នាង​បែបនេះ​ អ្នកគាំទ្រ​ផ្ដោតសំខាន់ភ្លាម​ពី​រឿងរ៉ាវ​ប៉ះទង្គិចផ្លូវចិត្ត​មួយចំនួនដែល​កើតមាន​​រវាង​នាង​ជាមួយ​ YG នៅ​មួយ​រយៈ​ចុង​ក្រោយ។

    យ៉ាងណាមិញ YG Entertainment បាននិយាយជាមួយសារពត៌មានថ្ងៃនេះថា « CL ជាមួយខាងផលិតកម្ម គ្មានរឿងជម្លោះអ្វីទាំងអស់ ដោយសារនាងនៅសហរដ្ឋអាមេរិកច្រើនជាងនៅកូរ៉េ ចឹងការផ្លាស់ប្តូរផ្ទះ និងបរិស្ថានធ្វើឱ្យ CL មិនទាន់ស៊ាំតែសុខភាពនាងល្អធម្មតា គ្រាន់តែនាងស្ត្រេសពីការងារ ហើយមិនមានពេលហាត់ប្រាណ ទើបបានជានាងរៀងឡើងគីទ្បូបន្តិច តែប៉ុណ្ណឹងឯង »។

    គួរបញ្ជាក់ផងដែរថា មូលហេតុដែលធ្វើឱ្យម្ចាស់ក្សត្រីយប្រចាំចម្រៀង Kpop រូបនេះត្រូវផ្លាស់ទីលំនៅទៅកាន់សហរដ្ឋអាមេរិក ក៏ព្រោះតែរូបនាងត្រៀមបញ្ចេញអាល់ប៊ុមចម្រៀងថ្មី ដែលបានថតទុកតាំងពីឆ្នាំ 2016 មកម្លេះ។ ហើយបទចម្រៀងរបស់នាងដែលមិនទាន់បានបញ្ចេញប្រមាណជាង 200 បទ និងវីដេអូចម្រៀងជាច្រើនបទទៀតនោះ ក៏មានអ្នកគាំទ្រទម្លាយឱ្យដឹងថា ដោយសារតែម្ចាស់ផលិតកម្ម YG លោក យ៉ាង យ៉ុងស៊ុក មិនព្រមឱ្យនាងបញ្ចេញអាល់ប៊ុមចម្រៀងខ្លួន និងធ្វើឱ្យនាងរងសម្ពាធផ្លូវចិត្ត៕

  • អ្នកគាំទ្រនៅតែទទូចឱ្យ វីរៈ និច និងនាយ ចឺម ក្លាយជាសង្សារនឹងគ្នា

    អ្នកគាំទ្រនៅតែទទូចឱ្យ វីរៈ និច និងនាយ ចឺម ក្លាយជាសង្សារនឹងគ្នា

    តារាចម្រៀងស្រីវ័យក្មេងប្រចាំផលិតកម្មសាន់ដេ កញ្ញា វីរៈ និច កំពុងតែបន្តឡើងកូដខ្លាំង និងទទួលបានការគាំទ្រជាបន្តបន្ទាប់ ទោះបីជាកញ្ញាទើបតែចូលប្រឡូកក្នុងវិថីសិល្បថ្មីៗនេះក៏ដោយ។ ជាក់ស្តែង កាលពីយប់ម្សិលមិញនេះ កញ្ញា វីរៈ និច ព្រមទាំងតារាល្បីៗជាច្រើនដួងទៀត រួមមានដូចជា នាយ ចឺម លោកខាន់ ជេម និង កញ្ញា សុខ ពិសី ជាដើម បានចេញទៅសម្តែងនៅឯប្រទេសកូរ៉េក្នុងរយៈពេល១សប្តាហ៍។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ មួយឈុតបែបសាមញ្ញ របស់ កញ្ញា វីរៈ និច ស្លៀកយប់មិញមុនចេញដំណើរទៅកាន់ប្រទេសកូរ៉េ នាងបានលេងស្ទាយឈុតបែបកីឡាធម្មតាៗ ហើយកាន់តែធ្វើឱ្យ កញ្ញា វីរៈ និច មានភាពលេចធ្លោទៀតនោះ គឺការប្រកៀកស្និទ្ធស្នាលជាមួយនាយ ចឺម។

    នៅពេលមុនចេញដំណើរនោះ តារាចម្រៀងប្រុសនៅសាន់ដេ នាយ ចឺម បានធ្វើការ Live Video និយាយឆ្លងឆ្លើយជាមួយអ្នកគាំទ្រ តែគេបានមើលឃើញថា នៅក្នុងនោះ វីរៈ និច ក៏បានមកអង្គុយកៀកកិតជាមួយនាយ ចឺម ផងដែរ រហូតដល់អ្នកគាំទ្រពោលសរសើថា អ្នកទាំងពីពិតជាគួរឱ្យស្រឡាញ់ និងស័ក្ដសមគ្នាមែនទែន បើបានធ្វើសង្សានឹងគ្នាមិនដឹងល្អយ៉ាងណាទេ។ គួររំឭកផងដែរ កន្លងមកបញ្ហាដែលធ្លាក់លើកឡើងនេះ​ កញ្ញាវីរៈ និច្ច បាន​ចេញ​មុខ​​ឆ្លើយ​តបថា ខ្លួន​ និង​នាយ​ចឺម​ មិន​មាន​ជាប់​ជំពាក់​ចិត្ត​ស្នេហ៍​លើ​គ្នា​នោះ​ទេ ចំណែកឯសកម្មភាព​កន្លង​មក​ដែល​ខ្លួន និង​ នាយចឺម​ ស្និទ្ធស្នាល​នោះ គឺ​ក្នុង​ទម្រង់​ជា​ដៃ​គូ​សិល្បៈ​សុទ្ធសាធ នឹង​រាប់​អាន​គ្នា​ដូច​បង​ប្អូន​ប៉ុណ្ណោះ។

    ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖

    https://www.youtube.com/watch?v=P2wF5RPsJfk

  • តារាស្រី Pinky Savika បញ្ចប់ជម្លោះជាមួយតារាស្រី Tanyares និងបង្ហាញភាពស្អិតរមួតនឹងគ្នាឡើងវិញ

    តារាស្រី Pinky Savika បញ្ចប់ជម្លោះជាមួយតារាស្រី Tanyares និងបង្ហាញភាពស្អិតរមួតនឹងគ្នាឡើងវិញ

    បើតាមគេហទំព័រកម្សាន្ដ Sanook របស់ប្រទេសថៃ បានចេញផ្សាយថា តារាឯកស្រី Pinky Savika ដែលប្រិយមិត្តទាំងអស់គ្នាស្គាល់នាងច្បាស់នៅក្នុងរឿង « ទាសករស្នេហ៍ » និងតារាស្រីជើងចាស់អ្នកនាង Tanyares Engtrakul និងស្វាមីនាងលោក Sanchai Engtrakul ត្រូវបានគេដឹងថា ធ្លាប់មានជម្លោះជាមួយគ្នា រហូតផ្ទុះព័ត៌មានយ៉ាងកក្រើកពេញប្រទេសថៃថែមទៀតផង ។

    កន្លង​មកធ្លាប់មានដំណឹងខ្សឹបខ្សៀវមកថា តារាស្រីជើងចាស់អ្នកនាង Tanyares បានជួបតារាស្រី Pinky Savika នូវទឹកប្រាក់ចំនួន 200 លានបាត ដើម្បីឈប់ទាក់ទង និងរញ៉េរញ៉ៃជាមួយអ្នកស្វាមីនាងទៀត។ តែយ៉ាងណាមិញ Pinky បានបដិសេធថា នាងពុំបានទទួលដឹងឮរឿងនេះឡើយ ហើយអាចចាត់ទុកបានថា ជាប្រមាថយ៉ាងខ្លាំង។

    តែអ្វីដែលមិនគួរជឿនោះថា ពេលវេលាពិតជាអាចជួយឱ្យមនុស្សដែលធ្លាប់មិនត្រូវគ្នា ឱ្យមកនិយាយរកគ្នាវិញបានពិតមែន ។ ជាក់ស្តែងយើងក្រលេកមកមើល នាង Tanyares និង នាង Pinky Savika ទើបតែងាកមកត្រូវរូវគ្នាវិញ ប៉ុន្តែស្រលាញ់គ្នាខ្លាំងដូចជាបងប្អូនបង្កើតយ៉ាងចឹង ។ ប្រភពដដែលបន្ថែមទៀតថា ក្រោយពីងាកមកត្រូវរូវគ្នាវិញហើយ អ្នកទាំងពីរបានចូលរួមកម្មវិធីជាច្រើន រៀបគម្រោងដើរកំសាន្ត ព្រមទាំងបង្ហោះរូបថតផ្អែមល្អែមជាច្រើនសន្លឹកនៅលើគណនីអ៊ីនស្រ្តាក្រាមរៀងៗខ្លួនថែមទៀតផង ៕

  • ឱក សុគន្ធកញ្ញា និងគូដណ្ដឹងកាន់តែផ្អែមល្ហែមខ្លាំងនៅលើបណ្ដាញសង្គម

    ឱក សុគន្ធកញ្ញា និងគូដណ្ដឹងកាន់តែផ្អែមល្ហែមខ្លាំងនៅលើបណ្ដាញសង្គម

    ការក្លាយជាគូដណ្ដឹងគ្នារវាងតារាចម្រៀងល្បីឈ្មោះ ឱក សុគន្ធកញ្ញា និងអ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស លោកអ៊ឹង សុខលី ជាងប៉ុន្មានខែនេះ ធ្វើឱ្យគូស្នេហ៍1គូនេះ លែងលាក់បាំង និងញញើតក្នុងការបណ្ដើរគ្នាដូចមុនទៀតហើយ ខណៈពេលដែលលេចលឺដំណឹងថាពួកគេទាំងពីរនឹងដឹកដៃចូលរោងការនាថ្ងៃខាងមុខដ៏ឆាប់ទៀតផង។ ជាក់ស្តែង​ ក្នុងដំណើរកំសាន្តលើកនេះ ជាមួយ មិត្តភក្តិ និងគូដណ្តឹង ឱក សុគន្ធកញ្ញា បានដាច់ចិត្តបង្ហោះរូបថតតែពីរនាក់ជាលើកដំបូង កាន់ដៃគ្នារត់នៅលើវាលស្មៅដ៏ខៀងខ្ចី ភ្ជាប់ជាមួយពាក្យថា “ខ្លាចវង្វេងផ្លូវ” ឃើញហើយមានអារម្មណ៍ថាពួកគេមានសេចក្តីសុខណាស់។

    ការបណ្ដើរគ្នាជាសាធារណៈរវាងឱក សុគន្ធកញ្ញា និងគូដណ្ដឹងនាង លោកអ៊ឹង សុខលី នេះ ត្រូវបានតារារួមអាជីពជាច្រើនបានសួរនាំពួកគេថា ពេលណាទើបចូលរោងការ ហើយត្រូវសុគន្ធកញ្ញា និងអនាគតប្ដី ឆ្លើយដូចគ្នាថា មិនទាន់គិត បើទោះជាមិត្តភក្ដិជុំវិញខ្លួនសុទ្ធតែជំរុញឱ្យពួកគេចូលរោងការឱ្យឆាប់ៗ ព្រោះគេចង់ឃើញសុគន្ធកញ្ញា គ្រងឈុតកូនក្រមុំក៏ដោយ តែកញ្ញា និងលោកសុខលី និយាយប្រាប់មិត្តភក្ដិថា មិនទាន់ចង់រៀបការឆាប់ៗដូចគ្នា។ ប៉ុន្ដែរឿងដែលធ្វើឱ្យសុគន្ធកញ្ញា រំភើបខ្លាំងនោះ គឺនៅពេលដែលអ្នកនៅជុំវិញខ្លួននាងសុទ្ធតែអះអាងថា នាងនិងលោកសុខលី ស័ក្តិសមគ្នាខ្លាំងណាស់ ដែលធ្វើឱ្យតារាមួយចំនួនថែមទាំងច្រណែនទៀតផង។

    គួររំឭកដែរថា តារាចម្រៀងស្រី ឱក សុគន្ធកញ្ញា បានភ្ជាប់ពាក្យជាមួយលោក អ៊ឹង សុខលី កាលពីថ្ងៃទី18 ខែមិថុនា ឆ្នាំ2018 កន្លងទៅថ្មីៗនេះ ។ ការសម្រេចចិត្តភ្ជាប់ពាក្យនោះ គឺជាលទ្ធផលបន្ទាប់ពីអ្នកទាំងពីរទាក់ទងគ្នា​ដោយបិទបាំងអស់រយៈពេលជាយូរឆ្នាំណាស់មកហើយ ទើបតែកន្លងមក ដែលកញ្ញា សុគន្ធកញ្ញា បានធ្វើពិធីទាំងឡើងផ្ទះ ស្របពេលជាមួយនឹងពិធីចូលស្តីដណ្តឹង ដោយលែងបិទបាំង ដើម្បីបញ្ចប់នូវការរិះគន់៕

  • Barcelona បំពេញ​ការផ្ទេរ Vidal ពី​ក្លិប Bayern ក្នុងតម្លៃ​ខ្លួន 27លាន​ផោន

    Barcelona បំពេញ​ការផ្ទេរ Vidal ពី​ក្លិប Bayern ក្នុងតម្លៃ​ខ្លួន 27លាន​ផោន

    ក្លិប Barcelona បាន​បំពេញ​ការចុះហត្ថលេខា​ជាមួយនឹង​ខ្សែបម្រើ Arturo Vidal របស់​ក្លិប Bayern Munich រួចរាល់​ហើយ ដោយ​ខ្សែបម្រើ​វ័យ 31ឆ្នាំ​រូបនេះ​ត្រូវបាន​គេ​ជឿជាក់ថា បាន​យល់ព្រម​លើ​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​រួច​ជាមុន​ស្រេច​ហើយ​ជាមួយនឹង​ក្លិប Barcelona ហើយ​ប្រភព​ជាច្រើន​ក្នុងប្រទេស​អ៊ីតាលី បាន​បញ្ជាក់ថា ការព្រមព្រៀង​គ្នា​ជាមួយនឹង​ក្លិប Bayern ក៏ត្រូវ​បាន​បំពេញ​រួចជាស្រេច​ហើយ​ដែរ។ វា​ត្រូវបាន​គេ​ជឿជាក់ថា តារា​ឆ្នើម​អន្តរជាតិ​ស៊ី​លី​រូបនេះ​នឹង​ផ្ទេរ​ទៅកាន់​កីឡដ្ឋាន Nou Camp សម្រាប់​តម្លៃ​ខ្លួន​ប្រមាណ​ជា 27លាន​ផោន (ស្មើនឹង 35លាន​ដុល្លារ​អាមេរិក)។

    អ្នកយកព័ត៌មាន​ល្បី​របស់​ប្រទេស​អ៊ីតាលី​លោក Fabrizio Romano បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម Twitter ថា «ការព្រមព្រៀង​គ្នា ត្រូវបាន​ឈានដល់​រួចជាស្រេច​សម្រាប់​កីឡាករ​រូបនេះ ក្នុងការ​ចូលរួម​ជាមួយ​នឹង​ក្លិប Barcelona ហើយ​ការផ្ទេរ​នេះ​ត្រូវបាន​បំពេញ​ជា​ផ្លូវការ​ហើយ»។

    ខ្សែបម្រើ​អន្តរជាតិ​ស៊ី​លី​រូបនេះ​ក៏មាន​ជាប់ទាក់ទង​នឹង​ការ​ប្រុង​ផ្ទេរ​ទៅកាន់​ក្លិប Manchester United និង Chelsea កាលពី​ពេលមុន​នោះដែរ ដោយ​ត្រូវបាន​គេ​ជឿជាក់ថា រូបគេ​ត្រូវបាន​ដាក់លក់​ដោយ​ក្លិប​យក្ស​របស់​អាល្លឺម៉ង់​មួយ​នេះ។ Vidal   បាន​រីករាយ​នឹង​អាជីព​ប្រកបដោយ​ភាពជោគជ័យ​មួយ ចាប់តាំងពី​ចាកចេញ​ពី​ក្លិប Colo-Colo នៅ​ប្រទេស​របស់គេ កាលពី​រយៈពេល 11ឆ្នាំមុន។ កីឡាករ​វ័យ 31ឆ្នាំ​រូបនេះ​បានឈ្នះ​ពាន​រាល់​រដូវ​កាល​ទាំង 7លើកចុងក្រោយ​របស់គេ នៅឯ​ក្លិប Juventus និង Bayern

    Barcelona បាន​ចំណាយ​ប្រាក់​ច្រើនជាង 100លាន​ផោន​រួចស្រេច​ទៅហើយ​នៅ​រដូវក្តៅ​នេះ ទៅលើ​ការផ្ទេរ​នានា​សម្រាប់​ខ្សែការពារ​អន្តរជាតិ​បារាំង Clement Lenglet និង​កីឡាករ​ប្រេ​ស៊ី​ល 2នាក់​ទៀត​គឺ Arthur និង Malcom ហើយ​ពួកគេ​ក៏​កំពុងតែ​ស្ថិតក្នុង​ការចរចា​ជាមួយនឹង​ក្លិប Paris Saint-Germain ផងដែរ​ជុំវិញ​ការផ្ទេរ​សម្រាប់​ខ្សែបម្រើ Adrien Rabiot៕

    ប្រភពពី៖ The Sun

  • តារាស្រីថៃ បេឡា បញ្ចេញអារម្មណ៍ពិតក្រោយបានចូលក្រាបបង្គំគាល់សម្ដេចម៉ែ

    តារាស្រីថៃ បេឡា បញ្ចេញអារម្មណ៍ពិតក្រោយបានចូលក្រាបបង្គំគាល់សម្ដេចម៉ែ

    តាមរយៈសារព័ត៌មានថៃ Tvpool ដែលចេញផ្សាយមុននេះបន្ដិចបានឱ្យដឹងថា តារាឯកស្រី បេឡា រ៉ានី ខេមពេន កំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងតាមរយៈរឿង « បុពេសន្និវាស » ដែលបានចាក់បញ្ចាំងនៅក្នុងប្រទេសកម្ពុជា និងធ្វើឱ្យអ្នកគាំទ្រលង់ស្រឡាញ់ការសម្ដែងរបស់នាងយ៉ាងជក់ចិត្តដិតអារម្មណ៍។ ខណៈបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជានាពេលកន្លងទៅថ្មីៗនោះ តារាឯកស្រីរូបនេះ បានទទួលព្រះរាជអនុញ្ញាតិ និងសព្វព្រះហឫទ័យឱ្យចូលក្រាបបង្គំគាល់ សម្តេចព្រះមហាវិរៈក្សត្រិយ៍ នរោត្តម មុនិនាថ សីហនុ ព្រះវិរៈរាជមាតាជាតិ  នាព្រះរាជដំណាក់គន្ធបុផ្ផា ព្រះបរមរាជវាំងកម្ពុជា។

    ក្រោយការបង្គំគាល់ ខណៈនេះតារាឯកស្រី បេឡា បាននិយាយរៀបរាប់ពីអារម្មណ៍ពិត ដែលបានទទួលមហាកត្តិយសក្នុងមួយជីវិតរបស់នាង ដែលមិនអាចកាត់ថ្លៃបានថា « នាងខ្ញុំមានអារម្មណ៍ថាជាកត្តិយសខ្លាំងបំផុត ដែលទ្រង់បានសព្វព្រះរាជហឫទ័យប្រោសឱ្យចូលបង្គំគាល់ ដែលអាចនិយាយបានថា ជាកត្តិយសដ៏ខ្ពង់ខ្ពស់ក្រៃលែង និងជាម្លប់ជ្រកកោន ដែលមិនធ្លាប់គិតសោះថាទទួលបានឱកាសដ៏ថ្លៃថ្លានេះ។ អ្វីដែលជាក្ដីសប្បាយចិត្តខ្លាំងបំផុតនោះគឺ ទ្រង់បានព្រះរាជប្រទានព្រះរាជអំណោយផងដែរ មានទាំងក្រណាត់សូត្រ និងឌីវីឌីចម្រៀងនិងតន្ត្រីដែលទ្រង់បានសព្វព្រះហឫទ័យសម្ដែងផ្ទាល់ ទ្រង់មានព្រះទ័យមេត្តាករុណា»។

    នាង​បានបន្ដថា « ចំណែកឯអ្នកគាំទ្រកម្ពុជា ក៏បានទទួលស្វាគមន៍យ៉ាងមានភាពកក់ក្ដៅ ចាប់តាំងពីពេលទៅដល់ អ្នកគាំទ្រ មករង់ចាំទទួលនៅឯព្រលានយន្ដហោះ និងបានពញ្ញាក់អារម្មណ៍ខ្លាំងណាស់ ក្នុងការច្រៀងចម្រៀងបទ  បុពេសន្និវាស  យ៉ាងពិរោះទៀតផង។ តាំងពីទៅដល់ទៅនោះ មានទាំងផ្កាមកទទួល មានអាវ មានវត្ថុអនុសាវរីយ៍ជាច្រើន សម្ដែងពីទឹកចិត្តល្អខ្លាំងណាស់ ដែលនាងខ្ញុំទទួលបានពីអ្នកគាំទ្រកម្ពុជាម្ដងទៀត។ ដំណើរនៅពេលនោះ បេឡា បានទៅធ្វើការងារ ហើយការងារនោះ អ្នកគាំទ្រនៅតែទទួលរាក់ទាក់យ៉ាងកក់ក្ដៅថែមទៀត ទាំងអ្នកគាំទ្រកម្ពុជា និងជនជាតិថៃ ដែលអមដំណើរទៅជាមួយគ្នា យ៉ាងកក់ក្ដៅលើសគ្រាមុនខ្លាំង។

    ដោយរឿងភាគបានដាក់បញ្ចាំងនៅក្នុងប្រទេសកម្ពុជាមួយរយៈពេលហើយ នោះគឺរឿង បុពេសន្និវាស ហើយអ្នកគាំទ្រទាំងអស់បានស្រែកច្រៀងចម្រៀងក្នុងរឿងខ្លាំង ហើយពួកគេបានចាំពីពាក្យពេចន៍នៅក្នុងរឿងភាគនេះយ៉ាងច្បាស់ ដែលធ្វើឱ្យនាងខ្ញុំសប្បាយចិត្តខ្លាំងណាស់ ក្នុងការស្វាគមន៍យ៉ាងមហិមាដល់ថ្នាក់នេះ រហូតធ្វើឱ្យនាងខ្ញុំ (បេឡា ) មានអារម្មណ៍កក់ក្ដៅ និងចង់ត្រឡប់ទៅត្រឡប់មកឱ្យបានញឹកញាប់។ ប្រសិនបើមានឱកាស បេឡា សន្យាថា និងមកកាន់កម្ពុជាម្ដងទៀតយ៉ាងពិតប្រាកដ »៕

  • Phelps អបអរ​កុមា​រវ័យ 10ឆ្នាំ ដែល​បំបែក​កំណត់ត្រា​របស់គេ

    Phelps អបអរ​កុមា​រវ័យ 10ឆ្នាំ ដែល​បំបែក​កំណត់ត្រា​របស់គេ

    តារា​ឆ្នើម​អូឡាំពិក Michael Phelps បាន​ប្រើប្រាស់​បណ្តាញ​សង្គម Twitter ដើម្បី​អបអរ​ដល់ Clark Kent Apuada ក្រោយពី​កុមារា​វ័យ​ត្រឹមតែ 10ឆ្នាំ​រូបនេះ​បាន​បំបែក​កំណត់ត្រា​រយៈពេល​របស់​គេ​កាលពី​រូបគេ​ស្ថិតក្នុង​វ័យ 23ឆ្នាំ​លើ​វិញ្ញាសា​ហែល​ទឹក​បែប​មេអំបៅ​ចម្ងាយ 100ម៉ែត្រ ក្នុង​ព្រឹត្តិការណ៍ Far West International Championship កាលពី​ចុង​សប្តាហ៍​កន្លងទៅថ្មីៗនេះ។ Phelps ម្ចាស់​មេដាយមាស​អូឡាំពិក23គ្រឿង​បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Twitter ថា៖ «សូម​អបអរសាទរ​ដល់ clark kent សម្រាប់​ការ​បំបែក​កំណត់ត្រា​នេះ។ សូម​រក្សា​ការធ្វើ​បាន​នេះ​ឱ្យ​ល្អ និង​សុបិន​ឱ្យ​ធំ​ទៅមុខទៀត»។

    Apuada បានទទួល​ជ័យជម្នះ​ក្នុងការ​ប្រកួត​ហែល​ទឹក​ចម្ងាយ 100ម៉ែត្រ កុមារ​អាយុ​ក្រោម 10ឆ្នាំ ដោយ​ប្រើពេល 1នាទី និង9:38វិ​នា ពោលគឺ​តិចជាង 1វិនាទី បើ​ធៀប​ទៅនឹង​ថិរវេលា​របស់ Phelps ក្នុង​ព្រឹត្តិការណ៍​ដូចគ្នានេះ​នៅ​រដ្ឋ California កាលពី​ឆ្នាំ1995។ Apuada ដែល​បាន​ហែល​ទឹក​ឱ្យ​ក្រុម Monterey County Aquatic Team ក្នុង​រដ្ឋ California បាន​ប្រកួត​ហែល​ទឹក​អស់​រយៈពេល 4ឆ្នាំ​មកហើយ។ នេះ​បើ​យោងទៅតាម​ការបញ្ជាក់​ពី​គ្រូបង្វឹក​របស់​កុមារា​ដ៏​ឆ្នើម​រូបនេះ។ ការបង្ហាញ​ពី​ទេពកោសល្យ​ដ៏​អស្ចារ្យ​របស់គេ បានធ្វើឱ្យ​រូបគេ​បានទទួល​រហស្សនាម​ថា Superman។

    ទាក់ទង​នឹង​កីឡាករ​វ័យក្មេង​ដ៏​ឆ្នើម​ម្នាក់នេះ រូបគេ​ក៏មាន​ជំនាញ​ផ្នែក​កុំ​ព្យូ​រ​ទ័​រ និង​វិទ្យាសាស្ត្រ​នៅ​សាលារៀន​របស់គេ និង​រៀន​សិល្បៈ​ក្បាច់គុណ ក៏ដូចជា​រៀន​ចុច​ព្យ៉ា​ណូ លោក Dia Riana ដែលជា​គ្រូបង្វឹក បាន​ប្រាប់​បណ្តាញសារព័ត៌មាន CNN ថា៖ «ក្មេង​នេះ មិន​ដូច​ក្មេង​ណា​ផ្សេង​ដែល​ខ្ញុំ​ធ្លាប់បាន​បង្រៀន​ឡើយ»៕

    ប្រភពពី៖ Channel News Asia

  • ជំនឿបែបខុសៗ ដែលអ្នកត្រូវពិចារណាឡើងវិញ!

    ជំនឿបែបខុសៗ ដែលអ្នកត្រូវពិចារណាឡើងវិញ!

    មនុស្សជាច្រើនប្រហែលជាធ្លាប់បានឮអំពីជំនឿដែលពាក់ព័ន្ធនឹងរឿងសុខភាពខ្លះមកហើយមិនថាតែការទទួលទានផ្អែមខ្លាំងនឹងធ្វើឱ្យអ្នកកើតជំងឺទឹកនោមផ្អែម ឬមានតែអ្នកធាត់ទេដែលមានកូលេស្តេរ៉ូលក្នុងឈាមច្រើន ឬមានតែមនុស្សចាស់អាយុច្រើនទេ ដែលត្រចៀកធ្ងន់ (ស្ដាប់មិនសូវឮ) ដូច្នេះថ្ងៃនេះ ឡារ៉ែន នឹងនាំមិត្តអ្នកអានគ្រប់គ្នាមកពិសោធមើលថា តើជំនឿដែលយើងធ្លាប់បានឮ ឬក៏មានអ្នកខ្លះអាចជឿមកតាំងពីនៅក្មេងៗនោះ មានភាពពិតត្រឹមត្រូវដែរឬទេ?

    1. ​​​​​​​​​​ទទួលទានអាហារដែលមានរសជាតិផ្អែមខ្លាំង ច្រើនតែធ្វើឱ្យកើតជំងឺទឹកនោមផ្អែម
    នៅក្នុងការពិតវិញ មូលហេតុចម្បងរបស់ជំងឺទឹកនោមផ្អែមគឺ ការដែលរាងកាយរបស់អ្នកខ្វះអ័រម៉ូនអីុនស៊ូលីន ដែលមានតួនាទីសំខាន់ក្នុងការរក្សាកម្រិតជាតិស្ករនៅក្នុងឈាម។ បើសិនរាងកាយអាចផលិតអ័រម៉ូនមួយនេះបានជាប្រក្រតី ទោះជាអ្នកទទួលទាន​អាហារផ្អែមប៉ុន-ណា ក៏មិនមានបញ្ហាអ្វីដែរ វាគ្រាន់តែធ្វើឱ្យអ្នកធាត់តែប៉ុណ្ណោះ តែក្នុងករណីដែលអ្នកមានពូជអម្បូររបស់ជំងឺនេះស្រាប់ហើយ ត្រូវតែគ្រប់គ្រងអាហារឱ្យមានតុល្យភាព ទទួលទានអាហារឱ្យគ្រប់5ប្រភេទក្រុម មិនទទួលទានអាហារផ្អែមខ្លាំងជ្រុលពេក ក៏អាចនឹងជួយគ្រប់គ្រងមិនឱ្យអាការរបស់ជំងឺទឹកនោមផ្អែមដែលបង្កប់នៅក្នុងខ្លួនកម្រើកឡើងមកបានឡើង។

    2. មានតែមនុស្សធាត់ៗប៉ុណ្ណោះ ដែលមានកម្រិតកូលេស្តេរ៉ូលនៅក្នុងឈាមខ្ពស់
    មិនមែនជាការពិតជានិច្ចនោះទេ មនុស្សស្គមៗក៏មានឱកាសប្រថុយប្រថាននឹងសភាវនេះដែរ ព្រោះកម្រិតកូលេស្តេរ៉ូលមិនបានវាស់លើទម្ងន់ខ្លួននោះទេ។ មិនថាខ្លួនអ្នកស្គម និងមិនទទួលទានអាហារដែលមានខ្លាញ់ក៏ដោយក៏អាចនឹងមានកូលេស្តេរ៉ូលនៅក្នុងឈាមខ្ពស់ដូចគ្នា បើសិនជាមានពូជអម្បូរដែលធ្វើឱ្យប្រព័ន្ធមេតាបូលីហ្សឹមក្នុងរាងកាយធ្វើការខុសប្រក្រតី រហូតកើតការផលិត និងប្រមូលសន្សំកូលេស្តេរ៉ូលទុកនៅក្នុងក្រសែឈាមច្រើនជ្រុលពេក ដែលនៅក្នុងករណីនេះ អ្នកជំងឺនឹងមិនដឹងខ្លួនទេ ដូច្នេះដើម្បីភាពមិនធ្វេសប្រហែស យើងគួរទៅពិនិត្យឈាមជាប្រចាំរៀងរាល់ឆ្នាំ រួមទាំងព្យាយាមចៀសពីអាហារដែលមានជាតិខ្លាញ់បង្កកខ្លួនច្រើនផង។

    3. ស្បែកសម្បុរស្រអែម ស៊ូជាមួយកម្ដៅថ្ងៃបានល្អជាងស្បែកពណ៌ស
    តាមរយៈការស្រាវជ្រាវរបស់អាល្លឺម៉ង់បានរកឃើញថា កាំរស្មី UV ប្រភេទ A ឬដែលហៅថា UVA មានសមត្ថភាពជ្រៀតជ្រែកចូលទៅបំផ្លាញសាច់ស្បែកស្រទាប់ក្នុងរបស់មនុស្សយើងបាន ដោយមិនចាំបាច់ថា អ្នកមានស្បែកសម្បុរស្រអែម ឬសនោះទេ។ បើអ្នកត្រូវកម្ដៅថ្ងៃដុតខ្លាំងៗ ក៏មានឱកាសប្រថុយក្នុងការកើតជំងឺមហារីកស្បែកបានដូចគ្នា ដូច្នេះ មិនថារូបអ្នកមានស្បែកសម្បុរអ្វីនោះទេ អ្នកគួរតែមើលថែទាំខ្លួនដោយការលាបគ្រីមការពារកម្ដៅថ្ងៃ រួមទាំងស្លៀកសម្លៀកបំពាក់ណាដែលអាចបិទបាំងរាងកាយបានជិតល្អផងបើសិនត្រូវនៅក្រោមពន្លឺថ្ងៃរយៈពេលយូរ។

    4. មានតែមនុស្សចាស់ប៉ុណ្ណោះដែលត្រចៀកធ្ងន់ (ស្ដាប់មិនសូវឮ)
    បច្ចុប្បន្ននេះ យើងច្រើនបានជួបយុវជនយុវនារីដែលមានបញ្ហាខាងការស្ដាប់ឮ ឬត្រចៀកធ្ងន់កាន់តែច្រើនឡើង មូលហេតុមួយផ្នែក គឺបណ្ដាលមកពីការដែលពួកគេចូលចិត្តលេងឧបករណ៍ដែលមានសំឡេងឮខ្លាំងជ្រុលពេកកាលពីនៅវ័យក្មេង ឬនៅពេលធំឡើងត្រូវធ្វើការងារ ឬស្នាក់នៅក្នុងកន្លែងដែលមានបរិស្ថានមិនល្អខាងសំឡេងខ្លាំងៗហ្នឹងឯង។

    5. អ្នកដែលកើតជំងឺលើសឈាម ហាមទទួលទានកាហ្វេ
    ក្នុងចំណុចនេះ អាចនឹងគ្មានភ័ស្តុតាងអះអាងឱ្យបានច្បាស់លាស់នៅឡើយ ទោះជាមានការហាមប្រាមអ្នកជំងឺលើសឈាមទទួល-ទានកាហ្វេក៏ដោយ តែក្នុងការពិតវិញ អ្នកជំងឺទាំងនោះ មានចំនួនមិនតិចទេដែលមានទង្វើចូលចិត្តទទួលទានកាហ្វេជាប្រចាំ និងនៅតែទទួលទានជាបន្ត ដោយគ្មានបង្ហាញពីអាការកម្រើកនៃរោគសញ្ញាណាមួយឡើយ តែយ៉ាងណាក៏ដោយ មានការណែនាំមួយថា មិនគួរទទួលទានកាហ្វេក្នុងមួយថ្ងៃលើសពី4កែវឡើយ។

    6. បើសិនបណ្ដោយឱ្យបាតជើងត្រជាក់នឹងធ្វើឱ្យកើតជំងឺរលាកប្លោកនាម
    ចំពោះការពិតវិញ ប្លោកទឹកមូត្ររបស់យើងនឹងរលាក ឬអត់នោះ គឺអាស្រ័យលើមេ-រោគទេ ជាពិសេសបំផុតមេរោគពីពោះវៀនធំដែលអាចរបូតជ្រៀតចូលទៅក្នុងប្លោកទឹកមូត្ររហូតធ្វើឱ្យកើតអាការរលាកបាន។

    នៅពេលបានដឹងបែបនេះហើយ ត្រូវតែធ្វើការយល់ដឹងពីសុខភាពជាថ្មីហើយ តែយ៉ាងណាក៏ដោយ ការមើលថែទាំសុខភាព គ្រប់គ្រងរឿងអាហារការហូបចុក គេងលក់សម្រាកឱ្យបានគ្រប់គ្រាន់ រួមទាំងហាត់ប្រាណយ៉ាងជាប់លាប់ក៏ជាមូលដ្ឋានគ្រឹះ​ដែលអាចជួយការពារយើងឱ្យនៅឆ្ងាយពីរោគព្យាធិបានដូចគ្នាដែរ៕

  • ក្តី​ស្រមៃ​ធំ​មួយ​របស់​អាណាព្យាបាល គឺ​កូនទទួលបាន​ការសិក្សា​ល្អ និង​សុភមង្គល

    ក្តី​ស្រមៃ​ធំ​មួយ​របស់​អាណាព្យាបាល គឺ​កូនទទួលបាន​ការសិក្សា​ល្អ និង​សុភមង្គល

    គ្រប់​អាណាព្យាបាល​ទាំងអស់ សុទ្ធតែ​ខិតខំ​ប្រឹងប្រែង​គ្រប់​លទ្ធភាព​ដើម្បី​អនាគត​របស់កូនៗ ហើយ​គាត់​ហ៊ាន​លះបង់​អ្វី​គ្រប់យ៉ាង​ដើម្បីឱ្យ​កូន​ទទួលបាន​ការអប់រំ​ល្អ មាន​សុភមង្គល និង​ក្លាយជា​មនុស្ស​ខ្លាំង​ទៅ​ថ្ងៃ​អនាគត។ តែ​ជាទូទៅ ពួកគាត់​គិតថា ការបញ្ជូន​កូន​ឱ្យទៅ​រៀន​ជា​វិធី​គ្រប់គ្រាន់​ហើយ​សម្រាប់​ពួកគេ ខណៈ​ស្ថានភាព​ជាក់ស្តែង​ដែលនាំឱ្យ​ក្មេង​ក្លាយជា​មនុស្ស​ខ្លាំង​នោះ​ក៏ត្រូវ​ការចាំបាច់​នូវ​បរិស្ថាន​ក្នុងការ​រស់នៅ​ល្អ ឬ​គ្រួសារ​មួយ​ដែលមាន​សុភមង្គល​ផងដែរ ទើប​ពួកគេ​អាច​អភិវឌ្ឍ​សក្តានុពល​ប្រកបដោយ​ថាមពល​វិជ្ជមាន​បាន។

    លោក គង់ សំនៀង ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​វ៉េ​ស្ទ​ឡា​ញន៍ អេ​ឌ្យូ​ខេ​សិន​គ្រុប បាន​លើកឡើងថា ដើម្បី​ជំរុញ​ឱ្យ​ក្មេង​ក្លាយជា​មនុស្ស​ខ្លាំង​បាន ពួកគេ​ចាំបាច់​ត្រូវ​ទទួលបាន​ការអប់រំ​ល្អ​ពី​សាលា​ដែលមាន​ប្រព័ន្ធ​អប់រំ​ច្បាស់លាស់ និងរស់នៅ​ក្នុងសង្គម​គ្រួសារ​មួយ​ដែលមាន​ភាពកក់ក្តៅ​សម្រាប់​ពួកគេ។ ហេតុនេះ​អាណាព្យាបាល​ចាំបាច់​ត្រូវតែ​រក្សា​ឱ្យបាន​នូវ​តុល្យភាព​ជីវិត មាន​ទាំង​កម្រិតជីវភាព​ល្អ និង​មាន​សុភមង្គល​ផ្ទាល់ខ្លួន​ផងដែរ​ដើម្បីឱ្យ​កូន​បានរស់នៅ​ជាមួយគ្នា​ប្រកបដោយ​ភាព​រីករាយ ដែលអនុញ្ញាតឱ្យ​ពួកគេ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ដោយ​មិន​ខ្វល់ខ្វាយ​ច្រើន​ពី​រឿង​គ្រួសារ។ ម្យ៉ាងវិញទៀត ប្រសិនបើ​កូន​រៀន​នៅ​សាលា​ល្អ​ហើយ តែ​អាណាព្យាបាល​តែងតែមាន​បញ្ហា​ក្នុង​គ្រួសារ កូន​នោះ​ក៏​នឹងមិន​អាច​រៀន​ពូកែ​បានដែរ ហើយ​ថែមទាំង​អាច​ប៉ះពាល់​អវិជ្ជមាន​សម្រាប់​ការគិត​របស់​ពួកគេ​ថែម​ទៀតផង។

    លោក គង់ សំនៀង បាន​មានប្រសាសន៍ថា៖ “ក្នុងការ​រស់នៅ​របស់​មនុស្ស​យើងម្នាក់ៗ អ្នកណា​ក៏មាន​បញ្ហា​ដែរ ដូចជា​បញ្ហា​គ្រួសារ បញ្ហា​ការងារបញ្ហា​អាជីវកម្ម ឬ​បញ្ហាផ្សេងៗទៀត​ដែល​មិនអាច​ចៀសផុត។ តែ​ស្របពេល​ជាមួយគ្នានេះ យើង​ក៏មាន​កាតព្វកិច្ច​យ៉ាងសំខាន់​មួយទៀត គឺ​ដើរតួនាទី​ជា​ឪពុកម្តាយ​ប្រកបដោយ​ភាព​ទទួលខុសត្រូវ​ខ្ពស់។ហេតុនេះ​ដើម្បី​បំពេញ​តួនាទី​យ៉ាង​មានតម្លៃ​នេះ​បានល្អ អាណាព្យាបាល​ចាំបាច់​ត្រូវតែ​សិក្សា​ឱ្យបាន​ច្រើន​ដើម្បី​អភិវឌ្ឍ​ជីវិត​រស់នៅ​ឱ្យ​កាន់តែ​ប្រសើរ​សម្រាប់​ជា​គំរូ​ដល់​កូន និងកសាងសុភមង្គលគ្រួសារទាំងមូល”។

    លោក គង់ សំនៀង បានលើកឡើងផងដែរថា ឆ្លើយតបនឹងបញ្ហានេះ សាលារៀនវ៉េស្ទឡាញន៍ សាខាព្រែកលៀប នឹងផ្តល់ជូននូវកម្មវិធីសិក្សាពិសេសមួយដែលមានឈ្មោះថា កម្មវិធីអប់រំសម្រាប់គ្រួសារ ដែលផ្តល់ឱកាសឱ្យអាណាព្យាបាលបានសិក្សាពីវិធីសាស្រ្តបង្កើនសេចក្តីសុខ សុភមង្គលសម្រាប់ក្រុមគ្រួសារ កសាងទំនុកចិត្តលើខ្លួនឯងសម្រាប់បុត្រធីតា បង្កើនជំនាញ និងសមិទ្ធផលក្នុងការសិក្សា ព្រមទាំងកាត់បន្ថយបញ្ហាផ្សេងៗដែលបុត្រធីតាត្រូវប្រឈមមុខនាថ្ងៃអនាគតថែមទៀតផង។ កម្មវិធីនេះក៏នឹងផ្តល់ជូនឱ្យអាណាព្យាបាលនូវគំនិតសម្រាប់អភិវឌ្ឍន៍ និងបង្កើនប្រសិទ្ធភាពការងារ ក៏ដូចជាអាជីវម្ម និងមុខរបររបស់អាណាព្យាបាលសិស្សតាមរយៈកម្មវិធីអប់រំមួយចំនួនដូចជា ទម្លាប់ 7យ៉ាងដ៏មានប្រសិទ្ធភាពសម្រាប់គ្រួសារ កម្មវិធីអភិវឌ្ឍន៍អាជីពការងារ និងភាពជាអ្នកដឹកនាំដ៏មានប្រសិទ្ធភាព និងកម្មវិធីអភិវឌ្ឍន៍អាជីវកម្មជាដើម។

    អ្នកជំនាញអប់រំខាងលើបានលើកឡើងផងដែរថា ដើម្បីទទួលបាននូវប្រភពពុទ្ធិដ៏មានតម្លៃទាំងអស់នេះអាណាព្យាបាលគ្រាន់តែចុះឈ្មោះកូនរបស់គាត់នៅសាលារៀនវ៉េស្ទឡាញន៍ សាខាព្រែកលៀប ក្នុងបវេសនកាលថ្មីខាងមុខនេះ គាត់នឹងអាចមានឱកាសសិក្សាពីមេរៀនសំខាន់ៗដើម្បីអភិវឌ្ឍជីវិតស្របពេលដែលកូនរបស់ពួកគាត់ទទួលបានការសិក្សាពីចំណេះជំនាញប្រកបដោយគុណភាពខ្ពស់។

    អ្នកស្រី សូ សុភក្តិ ជាម្ចាស់អាជីវកម្ម និងជាអាណាព្យាបាលសិស្សមួយរូបបានលើកឡើងថាអ្នកស្រីមានការភ្ញាក់ផ្អើលនៅពេលដែលគាត់បានដឹងពីកម្មវិធី ចុះឈ្មោះសិក្សាកូនបានទាំងគ្រួសារនេះ ព្រោះអ្នកស្រីជាអ្នករកស៊ីផង និងជាអ្នកគ្រប់គ្រងលើកូនៗផង។ អ្នកស្រីសង្កត់ធ្ងន់ថាពេលខ្លះ យើងម្នាក់ៗរវល់តែគិតរឿងរកស៊ី ភ្លេចគិតពីកូន ហើយពេលខ្លះគិតតែពីគ្រួសារភ្លេចគិតពីមុខរបរ ខណៈពេលខ្លះទៀតមានបញ្ហាប្រឈមច្រើនក្នុងពេលជាមួយគ្នា ដែលបណ្តាលឱ្យខ្វល់ខ្វាយច្រើន និងប៉ះពាល់ដល់ការរស់នៅ។ ប្រសិនបើកូនរបស់គាត់បានសិក្សាក្នុងសាលាល្អមួយ ហើយថែមទាំងមានកន្លែងប្រឹក្សាយោបល់ និងបន្ថែមគំនិតល្អៗដល់គាត់បន្ថែមទៀតនោះ អ្នកស្រីនឹងមិនរារែកក្នុងការចុះឈ្មោះសម្រាប់កូននោះទេ។

    អ្នកស្រី សូ សុភក្តិ បាននិយាយថា៖ “អាណាព្យាបាលមួយចំនួន រួមទាំងរូបខ្ញុំផង ពេលខ្លះពិតជាចង់ទទួលបានចំណេះដឹងបន្ថែមពីការពង្រីកមុខរបរ ការដឹកនាំការងារ និងគ្រួសារឱ្យកាន់តែល្អ តែនិយាយត្រង់ខ្ញុំលំបាកស្វែងរកកន្លែងរៀន និងមិនដាច់ចិត្តទៅរៀន។ ប្រសិនបើសាលារបស់កូនៗមានបន្ថែមវគ្គទាំងអស់នេះសម្រាប់ឪពុកម្តាយ ខ្ញុំអាចរីករាយនឹងធ្វើការសាកល្បង ហើយក៏អាចយកឈ្នះភាពរារែករបស់ខ្លួនឯងបានដែរ”។

    អ្នកស្រី សុភក្តិ បានបន្ថែមផងដែរថា ប្រសិនបើជីវភាពរស់នៅក្នុងគ្រួសារមានសុភមង្គល និងភាពរឹងមាំផ្នែកហិរញ្ញវត្ថុនោះ កូនៗក៏នឹងទទួលបាននូវឱកាស រួមទាំងភាពកក់ក្តៅច្រើនពីគ្រួសារ។ នៅពេលនោះហើយដែលជាពេលមានសេចក្តីសុខជាងគេសម្រាប់ឪពុកម្តាយ ព្រោះគាត់នឹងអាចចំណាយពេលវេលាច្រើនក្នុងការផ្តល់ក្តីស្រឡាញ់កាន់តែច្រើនដល់កូនៗ ស្របពេលដែលគាត់មានទីប្រឹក្សាល្អដែលស្ថិតនៅកន្លែងសិក្សារបស់កូនៗផ្ទាល់តែម្តង៕

  • លោកស្រី យឹម រ៉ា​ដែ​ត​ ជា​សហគ្រិន​ស្ត្រី​ឆ្នើម​តាំងចិត្ត​តស៊ូ​នឹង​អាជីវកម្ម​រហូត​ដង្ហើមចុងក្រោយ

    លោកស្រី យឹម រ៉ា​ដែ​ត​ ជា​សហគ្រិន​ស្ត្រី​ឆ្នើម​តាំងចិត្ត​តស៊ូ​នឹង​អាជីវកម្ម​រហូត​ដង្ហើមចុងក្រោយ

    សព្វថ្ងៃ​ពិភពលោក​មានការ​ផ្លាស់​ប្តូរ​ច្រើន ដូច្នេះ​ការអភិវឌ្ឍសមត្ថភាព​របស់​មនុស្ស​មិនមាន​ដែន​កំណត់​នោះទេ ស្ត្រី​នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ត្រូវ​ប្រឈមមុខ​ជាមួយ​នឹង​បញ្ហា​ជាច្រើន​ដែល​តម្រូវឱ្យមាន​ការអភិវឌ្ឍ​សមត្ថភាព ទាំង​ការសិក្សា ការបំពេញ​ការងារ និង​ការធ្វើ​អាជីវកម្ម​ជាដើម។ ដើម្បី​អាច​ទទួលបាន​ជោគជ័យ​ និង​សម្រេច​គោលដៅ ក៏ដូចជា​ក្តី​សុ​បិ​ន្ត​ប្រកបដោយ​ភាព​ត្រចះត្រចង់​ស្ត្រី​ត្រូវមាន​ភាព​Challenge ការតាំង​ចិត្ត​ខ្ពស់ ការរុករក​ការស្រាវជ្រាវ​នូវ​វិធីសាស្ត្រ​ និង​បច្ចេកទេស​នៃ​ការគ្រប់គ្រង​ក៏ដូចជា​ភាព​ច្នៃប្រឌិត ​និង​ការបង្កើត​ថ្មី​ស្ត្រី​ត្រូវមាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង​ និង​ចេះ​ផ្តល់​កម្លាំងចិត្ត​ឱ្យ​ខ្លួនឯង​ត្រូវមាន​ក្តីសង្ឃឹម ​និង​តស៊ូ​ចំពោះ​ឧបសគ្គ​ទាំងឡាយ ដែល​គឺជា​ការតស៊ូ​មិន​ព្រម​បោះបង់។

    លោកស្រី យឹម រ៉ា​ដែ​ត នាយិកា​មជ្ឈមណ្ឌល Global Art Cambodia ក៏​ជា​ស្ត្រី​ឆ្នើម​មួយរូប​ដែល​បាន​ខិតខំ​ប្រឹងប្រែង​គ្រប់​លទ្ធភាព ជាមួយនឹង​ភាពរឹងមាំ និង​ឆន្ទៈ​ខ្ពស់​ប្រកបដោយ​ថាមពល​នៃ​ភាព​វិជ្ជមាន​បានសម្រេច​គោលដៅ​ជា​សហគ្រិន​ស្ត្រី​ក្នុងនោះ​ក៏បាន​ចូលរួមចំណែក​ជួយ​ដល់​សង្គម​តាម-រយៈ​ការផ្តល់​ការ​នូវ​ការសិក្សាអប់រំ​ចំណេះដឹង​ផ្នែក​គំនូរ​ច្នៃប្រឌិត​ដល់កុមារតូចៗផងដែរ។

    នៅ​សប្តាហ៍​នេះ អ្នកយកព័ត៌មាន​នៃ​កាសែត​ឡា​រ៉ែ​ន​ពាណិជ្ជ បានធ្វើ​បទសម្ភាសជាមួយនឹង​លោកស្រី យឹម រ៉ា​ដេ​ត ពី​ដំណើរ​ជីវិត និង​គ​ន្លឺះសំខាន់ៗក្នុងការ​គ្រប់គ្រង​ និង​ដឹកនាំ​អាជីវកម្ម ដើម្បី​ជា​ទុននៃ​គំនិត​សម្រាប់​ការពិចារណា​ក៏ដូចជា​ការចែករំលែក​ដល់​អ្នក​ចង់​បើក​អាជីវកម្មផ្សេងៗបាន​សិក្សា​ស្វែងយល់​ និង​ទុកជា​បទពិសោធផងដែរ។

    លោកស្រី យឹម រ៉ា​ដែ​ត ចូលរួមក្នុងកម្មវិធី WOMAN OF TH FUTURE AWARDS

    1.លោកស្រី​ជា​សហគ្រិន​ស្ត្រី​មួយរូប​ដែល​បាន​យកចិត្តទុកដាក់​ខ្លាំង​លើ​ការអប់រំ។ តើ​លោកស្រី​អាច​ជម្រាប​ពី​ការអប់រំ និង​ជីវិត​នៅ​កុមារភាព​បានដែរ​ឬទេ?
    តាមពិតទៅ​បើ​និយាយ​ពី​កុមារភាព ប្រហែលជា​មិនសូវមាន​ចំណុច​ចាប់អារម្មណ៍​ខ្លាំងពេក​នោះទេ ព្រោះ​ខ្ញុំ​ជា​មនុស្ស​ដែល​គិតតែ​ពី​រៀន ហើយ​មិនសូវ​រវីរវល់​ច្រើន​ពី​ការសប្បាយ​ការលេង​ច្រើន​ដូច​ក្មេង​ដទៃ​តែ​អ្វី​ដែលជា​ចំណុច​ល្អ​នោះ​គឺ​ខ្ញុំ​ទទួលបាន​លទ្ធផល​គួរសម​ក្នុង​ការសិក្សា គឺ​តាំងពី​តូច​មក​ខ្ញុំ​ទទួលបាន​ចំណាត់ថ្នាក់​លេខ2រហូត។ ពេលខ្លះ​ខ្ញុំ​ក៏​ឆ្ងល់​ និង​សួរ​ខ្លួនឯង​ថា ហេតុអ្វី​បានជា​ខ្ញុំ​មិនអាច​ទទួលបាន​លេខ1 តែ​ទោះជា​យ៉ាងនេះ​ក្តី ខ្ញុំ​នៅតែ​អាចមាន​ទឹក-ចិត្ត​ច្រើន​ក្នុង​ការបន្ត​ការខិតខំ​ប្រឹងប្រែង រហូត​បាន​ក្លាយជា​សិស្ស​ពូកែ​ជាប់​ចំណាត់ថ្នាក់​លេខ2 ប្រចាំ​អនុវិទ្យាល័យ​វត្ត​កោះ និង​ជា​តំណាង​អនុវិទ្យាល័យ​វត្ត​កោះ ទៅ​ចូលរួម​ប្រឡង​ទូទាំងប្រទេស​ផ្នែក​រូបវិទ្យា​នៅ​ខេត្តសៀមរាប​ផងដែរ ឆ្នាំ2001នោះ​ជា​ឆ្នាំ​ដំបូង​ដែល​ក្រសួង​អប់រំ បើកឱកាស​ឱ្យ​សិស្ស​ទូទាំងប្រទេសប្រឡង​សិស្ស​ពូកែ ដែល​នេះ​ក៏​ជា​មោទនភាព​មួយ​សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ និង​ក្រុមគ្រួសារ។

    បើ​និយាយ​ពី​ចំណង់​ចំណូលចិត្ត​វិញ គឺ​ខ្ញុំ​ជា​មនុស្ស​ដែល​ចូលចិត្ត​រៀន​ភាសា​ច្រើន និង​ចូលចិត្ត​អាន​សៀវភៅ។ មិន​ថា​ភាសា​អង់គ្លេស បារាំង អេ​ស្ប៉ា​ញ​ ឬចិនទេ ពេល​រៀន​ខ្ញុំ​តែងតែ​ឆាប់​ចាំបាន បើទោះបីជា​ភាសា​ដែល​អាច​ប្រើប្រាស់​បានជា​ផ្លូវការ​មានតែ​ភាសា​អង់គ្លេស​ក៏ដោយ។ ចំពោះ​ភាសាផ្សេងៗទៀត​ខ្ញុំ​អាច​ស្តាប់ និង​និយាយបាន តែ​មិន​ផ្លូវការ​ដូច​ភាសា​អង់គ្លេស​នោះទេ។ តាំងពី​តូច​មក​គឺ​ខ្ញុំ​តែងតែមាន​ក្តី​ស្រមៃ​ថា​ខ្ញុំ​ចង់​ដើរ​ស្វែងយល់​ឱ្យបាន​ច្រើន​ពី​ស្រុក​គេ​និង​ក៏​ចង់​រស់នៅ​ស្រុក​គេ​ផងដែរ។ ហេតុនេះ​អ្វីដែល​ខ្ញុំ​ចូលចិត្ត​ពី​ក្មេង​គឺមាន​លក្ខណៈ​ជា​បរទេស​ច្រើន ព្រោះ​បើ​សួរ​ពី​រឿងរ៉ាវ​បរទេស​ខ្ញុំ​ប្រហែលជា​ដឹង​ច្រើន​ជាង​រឿងរ៉ាវ​មួយចំនួន​ក្នុងស្រុក​យើង។

    នៅ​ឆ្នាំ2002ខ្ញុំ​បាន​ប្រឡង​ជាប់​អាហារូបករណ៍​នៅ​សាកលវិទ្យាល័យ2គឺ​ផ្នែក​សេដ្ឋកិច្ច​ព័ត៌មានវិទ្យា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច (RULE) និង​មួយទៀត​គឺ​នៅ​វិទ្យាស្ថាន​ភាសាបរទេស (IFL)។ ពេលនោះ​ជា​ពេល​លំបាកព្រោះ​ជំនាន់​របស់ខ្ញុំ​ជា​ជំនា​ន់ទី1ដែល​សាលា RULEបើក​មហាវិទ្យាល័យ​សេដ្ឋកិច្ច​ព័ត៌មានវិទ្យា ហេតុនេះ​ក្រសួង​បាន​យក​ឆ្នាំ​ដែល​ខ្ញុំ​រៀន​នេះ​ជា​ឆ្នាំ​ដក​ពិសោធហេតុនេះហើយ​ទើប​ធ្វើឱ្យ​ពួកយើង​ពេលខ្លះ​មិនសូវ​ពេញចិត្ត​ជាមួយនឹង​កម្មវិធី​សិក្សា​ប៉ុន្មាន​ទេ​ចំណែកឯ និស្សិត​ជំនាន់ក្រោយៗអាចមាន​កម្មវិធីសិក្សា​ល្អ​ជាង​ជំនាន់​ខ្ញុំ។

    2.តើ​ក្រោយ​ពេលដែល​លោកស្រី​បញ្ចប់​មហាវិទ្យាល័យ លោកស្រី​បាន​បន្ត​ការសិក្សា​បន្តទៀត ឬ​បានចេញ​ធ្វើ​ការងារ​នៅក្នុង​ស្ថាប័ន​ណាខ្លះ?
    តាមពិតទៅ ខ្ញុំ​ចេញ​ធ្វើ​ការងារ​តាំងពី​ខ្ញុំ​រៀន​នៅ​ឆ្នាំ​ទី3មក​ម្លេ៉ះ។ ការងារ​ដំបូង​របស់ខ្ញុំ​គឺ ធ្វើការ​ងារ​នៅ​ក្រុមហ៊ុន​ទេសចរណ៍ ហើយ​វា​ក៏​ជាការ​ងារ​ដែល​លំបាក​ផងដែរ​សម្រាប់​ខ្ញុំ ព្រោះ​ខ្ញុំ​មិនមាន​បទពិសោធ ឬ​ចំណេះដឹង​ផ្នែក​ទេសចរណ៍​នេះ​សោះ។ អ្វីដែល​អាចឱ្យ​ខ្ញុំ​ធ្វើការ​ងារ​នេះ​បាន​គឺ មកពី​ខ្ញុំ​ចេះ​ភាសា​ច្រើន ព្រោះ​ខ្ញុំ​បាន​រៀន​ភាសា​អង់គ្លេស​តាំងពី​អាយុ8ឆ្នាំ ហើយ​មេ​នៅ​កន្លែង​នេះ​គឺជា​ជនជាតិ​ស្កុ​តលែ​នដែល​ពេល​ដាក់ពាក្យ​ភ្លាម​ក៏​ជាប់​បានធ្វើ​ការងារ​ភ្លាម។ ការងារ​ពេលនោះ ខ្ញុំ​គឺជា​ភ្នាក់ងារ​ប្រឹក្សា​យោបល់​ផ្នែក​ទេសចរណ៍ ដែល​ភាគច្រើន​ភ្ញៀវ​មកពី​បរទេស​ដូចជា​អង់គ្លេស អាមេរិក និង​ប្រទេស​អឺរ៉ុប។

    ក្រោយមកទៀត​ខ្ញុំ​ក៏បាន​ធ្វើការ​ងារ​នៅ​ក្រុមហ៊ុន​ដឹកជញ្ជូន MAERSK ដែល​កាលនោះ​ក្រុមហ៊ុន​នោះ​ជា​ក្រុមហ៊ុន​ដឹកជញ្ជូន​ធំជាងគេ​នៅ​កម្ពុជា។ បន្ទាប់មកទៀត​ក៏​ធ្វើការ​ងារ​នៅ​ក្រុមហ៊ុន​សវន​ករ Intertek និង​ចុងក្រោយ​បាន​ចូលធ្វើ​ការងារ​នៅ​ស្ថានទូត​អូស្ត្រាលី​ផ្នែក​ពិគ្រោះ​យោបល់​លើ​សេវាកម្ម​ទិដ្ឋាការ (VISA) សម្រាប់​អ្នក​ដាក់​ទិដ្ឋាការ​ទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី​ជា​លក្ខណៈ​ប្តី​ប្រពន្ធ និង​អ្នកស្នើសុំ​ទិដ្ឋាការ​ទៅ​សិក្សា។

    ក្រោយ​ធ្វើ​ការងារ​នៅ​ស្ថានទូត​អូស្ត្រាលី បាន​មួយឆ្នាំ​ខ្ញុំ​ក៏បាន​រៀបការ ហើយ​ស្វាមី​របស់ខ្ញុំ​ក៏បាន​ទទួល​អាហារូបករណ៍ Australian Development Scholarship (ADS)។ ដើមឆ្នាំ2009 ខ្ញុំ​ក៏បាន​លាឈប់​ពី​ការងារ​នៅ​ស្ថានទូត​អូស្ត្រាលី​ដើម្បី​ទៅ​រស់នៅ​អូស្ត្រាលី​ជាមួយ​គាត់​ដើម្បី​ស្វែងរក​ឱកាស​ការងារ និង​ការសិក្សា​នៅ​ទីនោះ​ផង។ នៅពេលនោះ​ក៏​ជា​ពេលវេលា​មួយ​ដែល​ខ្ញុំ​បាន​ជួប​រឿង​ជាច្រើន ដូចជា​បទពិសោធ​ជីវិត​ព្រោះ​ត្រូវ​រៀន​ខ្លួនឯង​ថ្នាក់អនុបណ្ឌិត​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ​ផង​ធ្វើ​ការងារ​ផង ហើយ​មាន​បុត្រ​ដោយ​ចៃដន្យ​ផង​ គឺមាន​អនុស្សាវរីយ៍​ច្រើន​មែនទែន​រយៈពេល3ឆ្នាំ​ដែល​រស់នៅ​ប្រទេស​អូស្ត្រាលី​នោះ។ តែ​ទោះជា​យ៉ាងនេះ​ក្តី យើង​អាច​ឆ្លងកាត់​ដំណាក់កាល​ទាំងអស់នោះ និង​បានបញ្ចប់​ការសិក្សា2ឆ្នាំ​ដោយ​ជោគជ័យ ហើយ​បាន​ត្រឡប់មក​ស្រុក​ខ្មែរ​វិញ​នៅ​ចុងឆ្នាំ2011។ បន្ទាប់មក​បាន​ជួយ​ស្វាមី និង​ក្រុមគ្រួសារ​ក្នុងការ​រៀបចំ​ធ្វើ​អាជីវកម្ម​ដំបូងបង្អស់​គឺ​ហាង Toys & Me និង​នៅ​ឆ្នាំ2012 ហើយ​គ្រួសារ​ក៏​ចាប់ផ្តើម​ទិញ Franchise Global Art បន្ត​ពី​ជនជាតិ​ឥណ្ឌូនេស៊ី​ដែល​គាត់​ត្រូវ​ត្រឡប់​ទៅ​ប្រទេស​គាត់​វិញ​ហើយ​ពេលនោះ Global Artទើប​មាន​តែមួយ​សាខា​ដែលមាន​កូនសិស្ស​ប្រហែល50នាក់​ទេ គ្រួសារ​ខ្ញុំ​ក៏​ទិញ​បន្ត​ពី​គាត់​ហើយ​បើក​ដំណើរការ​មកដល់​សព្វ​ថ្ងៃនេះ។ បច្ចុប្បន្ននេះ ​Global Art មាន10សាខា​ហើយ​ដែល 5សាខា​ជា​របស់​យើង​ខ្លួនឯង និង5សាខា​ទៀត​យើង​លក់​Franchiseទៅឱ្យ​ដៃគូរ​របស់​យើង ។

    លោកស្រី យឹម រ៉ា​ដែ​ត ឡើងទទួលពានរង្វាន់

    3. តើ​អ្វីខ្លះ​ជាការ​តស៊ូ ដែល​លោកស្រី​ចងចាំ​បំផុត​ក្នុង​ជីវិត?
    បើ​និយាយ​ពីបទ​ពិសោធការងារ ពេលដែល​ខ្ញុំ​ចងចាំ និង​តស៊ូ​បំផុត​គឺ​នៅពេលដែល​ខ្ញុំ​ចាប់ផ្តើម​បើក​អាជីវកម្ម​ខ្លួនឯង​តែម្តង។ នៅពេលដែល​ធ្វើការ​ងារ​ឱ្យគេ គឺ​ខ្ញុំ​អត់​ដែលមាន​សម្ពាធ​ការងារ​ណាមួយ​ដែល​ធ្វើឱ្យ​ខ្ញុំ​ពិបាក​ និង​ស្មុ​គស្មាញ នោះឡើយ ព្រោះ​ការងារ​ជា​រៀងរាល់ថ្ងៃ​គឺ 8ម៉ោង​ ចប់​ម៉ោង​ការងារ​គឺ​ខ្ញុំ​មិនមាន​គិត​អ្វី​ច្រើន​នោះទេ។ តែ​ក្រោយ​ពេលដែល​ខ្ញុំ​ចាប់ផ្តើម​បើក​អាជីវកម្ម​ខ្លួនឯង​គឺ​ខ្ញុំ​អត់​មាន​ពេល​ឈប់សម្រាក​ថ្ងៃបុណ្យ​ឫ​ថ្ងៃ​ចុង​សប្តាហ៍​ដូច​កាលពី​ធ្វើ​ការងារ​ឱ្យគេ​នោះទេ។ ការគិត​របស់ខ្ញុំ​វា​កើនឡើង​ច្រើនជាង​មុន រហូតដល់​មានពេលខ្លះ​បើ​អាច​អត់​គេង​បាន​ក៏​ខ្ញុំ​អត់​គេង​ដែរ ព្រោះថា​ការចាប់ផ្តើម​អាជីវកម្ម​ដំបូង​គឺ​វា​មាន​លក្ខណៈ​លំបាក​ខ្លាំង ដើម្បី​ធ្វើយ៉ាងណា​ជំ​រុញឱ្យ​អាជីវកម្ម​នោះ​មានការ​អភិវឌ្ឍ​លឿន និង​ទប់​លំនឹង​បានល្អ។

    ស្ថាន​ភាពលំបាក​ទាំងអស់​នោះ​គឺ​រាប់បញ្ចូល​ទាំង​ការគ្រប់គ្រង​បុគ្គលិក ព្រោះ​វា​ខុសពី​ការគ្រប់គ្រង​បុគ្គលិក​ដែល​កាល​ខ្ញុំ​នៅ​ធ្វើការ​ឱ្យគ េ​ការទទួល​ខុសត្រូវ​កើនឡើង​ទ្វេដង។ បុគ្គលិក​ខ្លះ​ទោះបីជា​បាន​បណ្តុះបណ្តាល​ហើយ ​តែ​នៅតែ​មិនទាន់​អាចមាន​សមត្ថភាព​ធ្វើ​ការកើត ក៏​នៅតែ​បន្ត​បណ្តុះបណ្តាល និង​បន្ត​ព្យាយាម​ដោះស្រាយ​បញ្ហា​សព្វគ្រប់​បែបយ៉ាង​ដោយ​ខ្លួនឯង។

    នៅពេលដែល​បើក Global art ដំបូង​បំផុត ខ្ញុំ​មាន​ភាពលំបាក​ខ្លាំង ព្រោះ​ខ្ញុំ​មិនមាន​បទពិសោធ និង​ជំនាញ​ក្នុងការ​គូរ​ទាល់តែសោះ ហើយក៏​មិនដែល​ធ្វើ​ការងារ​ជាមួយ​កូនក្មេង​ដែរ វា​ខុសគ្នា​ទាំងស្រុង​ពី​ជំនាញ​ដែល​ខ្ញុំ​រៀន។ ការចាប់ផ្តើម​អាជីវកម្ម​ដំបូង​បំផុត​នេះ​មាន​មនុស្ស​ជាច្រើន​គាត់​បន្ទោស ដោយ​លើកឡើងថា ខ្ញុំ​មិនចេះ​មើល​ក្មេង ​និង​មិនមាន​ជំនាញ​ផ្នែក​សិល្បៈ តើ​ខ្ញុំ​អាច​ទៅគ្រប់​គ្រង​អាជីវកម្ម​មួយ​នេះ​យ៉ាងម៉េច​កើត​ទៅ? តែ​គំនិត​ទាំងនេះ​មិនអាច​រាំងស្ទះ​ខ្ញុំ​បាន​នោះទេ ព្រោះ​អ្វីដែល​ខ្ញុំ​តាំងចិត្ត​ធ្វើ​គឺ​ខ្ញុំ​ត្រូវតែ​ធ្វើឱ្យបាន ព្រោះ​ខ្ញុំ​មាន​ឆន្ទៈ​ក្នុងការ​ធ្វើ​វា។

    ចាប់ផ្តើម​អាជីវកម្ម​ដំបូង​នៅ​ឆ្នាំ​ទី1 និង​ឆ្នាំ​ទី2 គឺ​ពិតជា​មាន​ភាព​ស្មុ​គស្មាញ​ច្រើន​ខ្លាំង ទម្រាំ​តែ​អាច​វិវឌ្ឍមកដល់​បច្ចុប្បន្ននេះ។ ជាងនេះទៅទៀត​ខ្ញុំ​ត្រូវ​ចេញទៅ​ប្រទេសផ្សេងៗជាច្រើន​ដើម្បី​ស្រាវជ្រាវ និង​រៀន​ពី​គេ ព្រោះ​ទីផ្សារ​នៃ​ប្រទេសនីមួយៗគឺ​ខុសគ្នា​ទៅតាម​វប្បធម៌ ផ្នត់គំនិត និង​របៀបរបប​នៃ​ការរស់នៅ។ តែ​ទោះជា​យ៉ាងនេះ​ក្តី មកដល់​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ខ្ញុំ​ឃើញថា​ទោះបី​ជាមាន​បញ្ហា​ប្រឈមជាច្រើន​ត្រូវ​ដោះស្រាយ តែ​ខ្ញុំ​មាន​អារម្មណ៍​ថា​វា​មាន​សភាព​ធូ​រស្រាល​ច្រើន​ទាំង​ការគ្រប់គ្រង​បុគ្គលិក​ក៏មាន​លក្ខណៈ​រលូន​ច្រើន និង​ផ្នែកផ្សេងៗទៀត​នៃ​អាជីវកម្ម​ក៏​ដំណើរការ​បានល្អ​ដែរ។

    ខ្ញុំ​តែងតែ​ចងចាំ​នូវ​ពាក្យចាស់​មួយ​ឃ្លា​ថា “សមុទ្រ​ជ្រៅ តែ​ជ្រៅ​មិន​ដល់​ចិត្ត​មនុស្ស ហើយ​ចិត្ត​មនុស្ស​ក៏​មុត​ជាង​កំបិត​ដែរ”។ ហេតុនេះ​ការលំបាក​ក្នុង​ជីវិត​របស់ខ្ញុំ​ដែល​ខ្ញុំ​ធ្លាប់​ឆ្លងកាត់​តាំងពីក្មេង​រហូត​មកដល់ពេលនេះ​គឺ​វា​ធ្វើឱ្យ​ចិត្ត​របស់ខ្ញុំ​កាន់តែ​មុត​ខ្លាំង​ឡើងជា​លំដាប់។ នៅពេលដែល​ជួប​បញ្ហា ខ្ញុំ​តែង​ជំរុញ​ខ្លួនឯង​បន្ថែមទៀតថា ខ្ញុំ​ត្រូវតែ​ខិតខំ​ធ្វើការ​ងារ​ដែល​ខ្ញុំ​ប្រឈម​ឱ្យដល់​ដង្ហើមចុងក្រោយ។ ភាព​មានះ និង​ការ​ប្រឈម​ជាមួយនឹង​បញ្ហា​ទាំងអស់​នេះហើយ ដែល​ធ្វើឱ្យ​ខ្ញុំ​អាច​ជម្នះរាល់​បញ្ហាលំបាក​ទាំងឡាយ​នៅក្នុង​ជីវិត​បាន។

    ដោយហេតុ​នេះហើយ​ទើប​ខ្ញុំ​តែងតែ​ចូលរួម​ក្នុងការ​ចែករំលែក​នូវ​បទពិសោធល្អៗដល់​មនុស្ស​គ្រប់​រូបខ្ញុំ​ក៏បាន​ចូលរួម​ក្នុង​កម្មវិធី​មួយចំនួន​ដែលសព្វថ្ងៃ​ ខ្ញុំ​ក៏​ជា​សមាជិក​របស់​សហព័ន្ធ​ស្ត្រី​អ្នកជំនួញ​នៅ​ស្រុក​ខ្មែរ​ហើយក៏​ទើបតែ​ទទួលបាន​ពានរង្វាន់ថ្មីៗនេះដែរ​ដែល​ខ្ញុំ​តែងតែបាន​ផ្តល់ជូន​ជាពិសេស​គឺ​សហគ្រិន​ស្ត្រី ដើម្បី​ជួយផ្តល់​កម្លាំងចិត្ត​ដល់​ពួកគាត់​នៅពេលដែល​គាត់​កំពុងតែ​ជួប​នូវ​បញ្ហាលំបាក និង​ដំណោះស្រាយ​បញ្ហាផ្សេងៗក្នុង​ដំណើរ​ជីវិត​នៅពេលដែល​គាត់​ត្រូវការ​ជំនួយ។

    ខ្ញុំ​ធ្លាប់​ជួប​បញ្ហា​ដោយ​ខ្លួនឯង ហើយ​ពេល​ខ្ញុំ​ជួ​បបញ្ហាលំបាក​ទាំងអស់នោះ​មិនមាន​អ្នកណា​អាចជួយ​ខ្ញុំ​បាន​នោះទេ​ខិតខំ​ស្វែងរក​ព័ត៌មាន​ដោយ​ខ្លួនឯង ហេតុនេះ​ទើប​ខ្ញុំ​យល់​ពី​អារម្មណ៍​មួយ​នេះ​ច្បាស់។ ខ្ញុំ​ជឿជាក់ថា​នេះ​ជា​ទង្វើ​ប្រកបដោយ​កុសល​ល្អ​មួយ​ដែល​វា​អាច​នឹង​ជួយ​ឱ្យមាន​មនុស្សល្អៗនៅ​ជុំវិញខ្លួន​ខ្ញុំ មកជួយ​ខ្ញុំ​វិញ​នៅពេលដែល​ខ្ញុំ​ជួប​ការលំបាក​នៅក្នុង​ជីវិត​នៅ​ថ្ងៃ​ត​ទៅមុខទៀត។ ម្យ៉ាងទៀត​ខ្ញុំ​ចង់​រស់នៅ​ដោយ​បន្សល់ទុកនូវ​កេ​រ្តី៍​ឈ្មោះ និង​គុណ​តម្លៃ​វិជ្ជមាន​សម្រាប់​មនុស្ស​ទូទៅ​នៅ​ជុំវិញខ្លួន​ផងដែរ។

    4.ដូច​យើង​គ្រប់គ្នា​ដឹង​ហើយ​ថា​ការចាប់ផ្តើម​អាជីវកម្ម​ដំបូង (start Up) អ្នកណា​ក៏​ជួប​រឿង​លំបាក​ខ្លាំង​ដែរ។ តើ​លោកស្រី​អាច​ចែករំលែក​បានទេ​ពី​គន្លឹះ​ក្នុង​ការជំរុញឱ្យ Start up នោះ​អាចឈរជើង​បានយូរ​នៅក្នុង​ទីផ្សារ?
    និយាយ​ទៅ​ កន្លែង​ណា​ក៏ដូចជា​កន្លែង​ណា​ដែរប្រសិនបើ​យើង​ជួប​អ្នក​ដែល​ទើបនឹង​បង្កើត​អាជីវកម្ម​ដូចគ្នា គាត់​ប្រាកដជា​និយាយ​ហើយ​ថា​គាត់​មិនមាន​ទេ​បទពិសោធដំបូង ហើយ​ពេលខ្លះទៀត​ក៏​មិនមាន​ចំណេះដឹង​ក្នុងការ​គ្រប់គ្រង​ឱ្យបាន​ល្អ​ដែរ។ នៅពេលដែល​គាត់​ជួប​បញ្ហា​មិនមាន​អ្នកណា​ជួយ​ប្រឹក្សា​យោបល់​ដល់​គាត់ ហើយ​ពេលខ្លះ​គាត់​ក៏​គ្មាន​បណ្តាញ​ទំនាក់ទំនង​ដើម្បី​ជួយ​គាត់​នោះដែរ។

    ទម្រាំ​ខ្ញុំ​ដើរមក​ដល់ពេលនេះ​គឺ​ខ្ញុំ​ត្រូវ​សិក្សា​ស្វែងយល់​ដោយ​ខ្លួនឯង​ពីមួយ​ជំហាន​ទៅមួយ​ជំហានទាំង​ខ្ញុំ​មិនមាន​បទពិសោធន៍​លើ​អាជីវកម្ម​នេះ​ទាល់តែសោះ។ ការងារ និង​ការអប់រំ​ជាច្រើន​ដែល​ខ្ញុំ​ធ្លាប់មាន​គឺ​មិន​ពាក់ព័ន្ធ​គ្នា​ជាមួយនឹង​អាជីវកម្ម​ដែល​ខ្ញុំ​កំពុង​ធ្វើ រហូត​ពេលខ្លះ​ខ្ញុំ​ធ្លាប់​ដាក់​សំណួរ​ដើម្បី​សួរ​ខ្លួនឯង​ថា តើ​ខ្ញុំ​អាចធ្វើ​វា​កើត​ឬ​មិនកើត?

    ទោះជា​យ៉ាងនេះ​ក្តី ខ្ញុំ​នៅតែមាន​ចិត្ត​មួយ​ដែល​ដាស់តឿន​ខ្លួនឯង​ថា អ្វីដែល​ខ្ញុំ​ត្រូវធ្វើ​គឺ​កុំ​បោះបង់ចោល​ឱ្យសោះ ព្រោះ​មនុស្ស​ជាច្រើន​ផ្សេងទៀត​គេ​លំបាក​ជាង​យើង ហេតុនេះ​នៅពេលដែល​យើង​មានឱកាស​ហើយ​សូមកុំ​បោះបង់ចោល​ឱ្យសោះ។ អ្វី​ក៏​មនុស្ស​អាចធ្វើ​បានដែរ គ្រាន់តែ​វា​ត្រូវការ​ពេលវេលា ដើម្បី​សិក្សា​ពី​បញ្ហា​ឱ្យបាន​ច្បាស់លាស់​ជាង​មុន ដើម្បី​ស្វែងរក​ដំណោះស្រាយ​ប្រកបដោយ​ភាព​ឆ្លាត​វៃ​ថា​ តើខ្ញុំ​ត្រូវ​ប្រឈម​ជាមួយនឹង​បញ្ហា​ទាំងអស់នោះ​ដោយ​របៀប​ណា។

    ហើយ​អ្វីដែល​ខ្ញុំ​នៅតែ​ប្រកាន់​ភ្ជាប់​នោះ​គឺ “ជីវិត​ជា​មេទ័ព ទោះបីជា​ស្ថិតក្នុង​ស្ថានភាព​ណាក៏ដោយ​យើង​ចាំបាច់​ត្រូវតែ​ស្ថិត​នៅមុខ​គេ​ជានិច្ច ដើម្បីឱ្យ​ក្រុម​ដែល​នៅ​ខាងក្រោយ​យើង​មាន​ភាពកក់ក្តៅ​ថា​មេ​មិន​បោះបង់​គាត់​ចោល​នោះទេ”។ ហេតុនេះ​ទោះបី​ជាមាន​បញ្ហា​ធ្ងន់ធ្ងរ​យ៉ាងណាក៏ដោយ យើង​ចាំបាច់​ត្រូវតែ​តស៊ូ​ប្រឈមមុខ​ដោះស្រាយ ​និង​រៀបចំ​ចាត់ចែង​ឱ្យ​ហើយ​ទើប​យើង​អាច​ងាក​ទៅធ្វើ​អ្វី​ផ្សេងទៀត​បាន។

    លោកស្រី យឹម រ៉ា​ដែ​ត ថតរូបជុំគ្នាជាមួយកូនសិស្សដែលជាប់ពានរង្វាន់ទៅប្រទេសម៉ាឡេសុី

    5. តើ​លោកស្រី​មាន​វិធីសាស្រ្តអ្វីខ្លះ​ដើម្បី​គ្រប់គ្រង​ការងារ​ក៏ដូចជា​គ្រប់គ្រង​បុគ្គលិក​ទាំងអស់?
    នៅពេលដែល​ខ្ញុំ​ចាប់ផ្តើម Global art ដំបូង ខ្ញុំ​មិនសូវ​ដឹង​ពី​ចរិតលក្ខណៈ​នៃ​អាជីវកម្ម​នេះ​ប៉ុន្មាន​នោះទេ ព្រោះ​ខ្ញុំ​មិនមាន​ជំនាញ​ពាក់ព័ន្ធ​ទាល់តែសោះ។ ចំពោះ​ការគ្រប់គ្រង​ក៏​មិនសូវមាន​ដែរ ព្រោះ​ខ្ញុំ​ធ្លាប់តែ​ធ្វើការ​ឱ្យគេ ដែល​ផ្នត់គំនិត​នៃ​ការធ្វើការងារ​ឱ្យគេ គឺ​ខុសគ្នា​ឆ្ងាយ​ណាស់​ពី​ការធ្វើ​អាជីវកម្ម​ខ្លួនឯង។ ការធ្វើការងារ​ឱ្យគេ​គឺ​យើង​គិតតែ​ពី​ការទទួល-ខុសត្រូវ​មួយផ្នែក​របស់​យើង​តែប៉ុណ្ណោះ តែ​ចំពោះ​អាជីវកម្ម​ខ្លួនឯង​វិញ យើង​ចាំបាច់​ត្រូវតែ​ធ្វើឱ្យ​អស់ពី​ចិត្ត ហើយ​ដោះស្រាយ​នូវ​បញ្ហា​គ្រប់យ៉ាង​ដើម្បីឱ្យ​អាជីវកម្ម​ដើរទៅ​មុខ និង​រស់​បន្តទៀត។ បញ្ហា​ប្រឈម​សំខាន់​ជាងគេ​ទី1 នោះ​គឺ​បញ្ហា​បុគ្គលិក ព្រោះ​មនុស្សម្នាក់ៗមានការ​អប់រំ និង​មកពី​បរិស្ថាន​ខុសគ្នា មានគំនិត​ខុសគ្នា។ ប្រសិនបើ​យើង​មិន​ពូកែ​ក្នុងការ​ទំនាក់​ទំនងជា​មួយ​ពួកគាត់ វា​នឹង​ធ្វើឱ្យ​ការដឹកនាំ​របស់​យើង​ជួប​ភាពលំបាក។

    ពេលខ្លះ​នៅពេលដែល​យើង​ជួបគ្នា​ជាមួយ​ម្ចាស់​អាជីវកម្ម​នានា គាត់​តែងតែ​និយាយថា​ពួកគាត់​ពិបាក​ស្វែងរក​បុគ្គលិក ហើយ​ពេលខ្លះ​បាន​បុគ្គលិក​មកហើយ​បុគ្គលិក​មិនសូវមាន​សមត្ថភាព​ដែល​ទាមទារ​ពេលវេលា​ច្រើន​ក្នុងការ​បណ្តុះបណ្តាល​ពួកគាត់។ ចំណែកឯ​បុគ្គលិក​ខ្លះទៀត គាត់​មាន​សមត្ថភាព​ហើយ តែ​យើង​មិនអាច​ទាញ​ទឹកចិត្ត​គាត់​ឱ្យ​រួម​ដំណើរ​ជាមួយ​យើង​បានយូ ព្រោះ​ទស្សនវិស័យ​របស់គាត់​ខុសពី​ទស្សនវិស័យ​របស់​ក្រុមហ៊ុន។ ជា​ដំណោះស្រាយ រាល់​ពេលដែល​បុគ្គលិក​ចូលមក​ធ្វើ​ការងារ​គឺ​ខ្ញុំ​តែងតែ​ចែករំលែក​ឱ្យ​គាត់​ដឹង​ពី​ទិសដៅ និង​ទស្សនវិស័យ​របស់ខ្ញុំ និង​ក្តី​ស្រមៃ​របស់ខ្ញុំ​ក្នុងការពង្រីក​អាជីវកម្ម​មួយ​នេះ។ ហើយ​ខ្ញុំ​តែងតែ​ប្រាប់​ពួកគាត់​ថា យើង​គួរតែ​ដើរ​រួមគ្នា មាន​បេះដូង​តែមួយ​ជាមួយគ្នា ដើម្បី​សម្រេច​ក្តី​ស្រមៃ​រួម​ទើប​យើង​អាច​អភិវឌ្ឍ​ក្រុមហ៊ុន​បានល្អ​ជាមួយគ្នា ហើយ​នៅពេល​ដែលមាន​បញ្ហា​យើង​ត្រូវ​ចែករំលែក​ជាមួយគ្នា កុំឱ្យ​យើង​ខាត​ពេល​ទាំងអស់គ្នា។ ប្រសិនបើ​អ្នក​គិតថា មក​ធ្វើការ​នៅទីនេះគ្រាន់តែ​មក​បណ្តោះអាសន្ន ឬ​ដើម្បី​តែ​ប្រាក់ខែ សូមកុំ​ឱ្យ​ខាត​ពេល​ទាំងអស់គ្នា​អី។

    ទោះជា​យ៉ាងនេះ​ក្តី ការគ្រប់គ្រង​បុគ្គលិក គឺ​យើង​ទុក​រយៈពេល​សម្រាប់​សិក្សា​ពីគ្នា ហេតុនេះ​ក្នុង​រយៈពេល​សាកល្បង​ប៉ុន្មាន​ខែ​ដំបូង យើង​នឹង​អាច​ដឹង​ហើយ​ថា​អ្នកណាខ្លះ​អាចធ្វើ​ការងារ​ជាមួយគ្នា​បាន ហើយ​អ្នកណា​ខ្លះទៀត​មិនអាច​ធ្វើ​ការងារ​ជាមួយ​យើង​បានយូរ។

    បញ្ហា​មួយទៀត​ដែល​ខ្ញុំ​ត្រូវ​ដោះស្រាយ​គឺ បុគ្គលិក​របស់ខ្ញុំ​មាន​ចម្រុះ​ជាតិ​សាសន៍ គឺមាន​ខ្មែរ​ផង មាន​ហ្វីលីពីន​ផង មាន​អាមេរិក​ផង មាន​នេ​ប៉ាល់ និង​មាន​ជនជាតិ​អង់គ្លេស។ ហេតុនេះ​បញ្ហា​វប្បធម៌ និង​ផ្នត់គំនិត​ខុសគ្នា​ក៏​ចាំបាច់​ត្រូវតែ​ដោះស្រាយ​បើ​មិន​បែបនេះ​ទេ​ពួកគាត់​នឹងមាន​ភាព​ប្រទាំង​ប្រ​ទើស​គ្នា​គ្រប់ពេល។ ក្នុង​កាលៈទេសៈ​នេះ​អា​ចរាប់ថា​សំណាងល្អ​ដែរ ដែល​ខ្ញុំ​ធ្លាប់ធ្វើ​ការងារ និង​សិក្សា​នៅ​បរទេស​ដែលមាន​លក្ខណៈ​ចម្រុះ​ជាតិ​សាសន៍ ខ្ញុំ​អាចមាន​ជំនាញ​ក្នុងការ​ទំនាក់ទំនង និង​ដោះស្រាយ​បញ្ហា​ទាំងអស់នេះ​បាន។

    ជា​ថ្នាក់​ដឹកនាំ​យើង​ត្រូវ​គិត ​និង​ថ្លឹងថ្លែង ពី​ផលប៉ះពាល់​រវាង​ផលប្រយោជន៍​ក្រុមហ៊ុន និង​ផលប្រយោជន៍​របស់​បុគ្គ​លិ​ក។ ពេលខ្លះ​ដំណាក់កាល​នេះ​ក៏​ធ្វើឱ្យ​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​មានការ​ឈឺចាប់​ខ្លះ​ដែរ​នៅពេលដែល​ត្រូវ​បញ្ឈប់​បុគ្គលិក​មាន​កំហុសតែ​កាលៈទេសៈ​ខ្លះ​គឺ​ចាំបាច់​ត្រូវតែ​អនុវត្ត​ទៅតាម​ស្តង់ដារ​នៃ​ការគ្រប់គ្រង។ ទោះជា​យ៉ាងនេះ​ក្តី ដោយសារតែ​ខ្ញុំ​ជា​មនុស្ស​ដែល​ធ្វើការ​ដោយ​ផ្តោតលើ​មនោសញ្ចេតនា​ច្រើន ខ្ញុំ​តែងតែ​ផ្តល់ឱកាស​សម្រាប់​បុគ្គលិក​ទាំងអស់ ព្រោះ​គ្មាន​អ្នកណាម្នាក់​មិនចេះ​ខុស​នោះទេ អ្វីដែល​សំខាន់​គឺ​កុំ​ខុស​រឿងដដែល។

    ហេតុនេះហើយ​ទើប​នៅទីនេះ បុគ្គលិក​របស់ខ្ញុំ​តែងតែ​ប្រើប្រាស់​បេះដូង​ទៅធ្វើ​ការងារ ដែល​ឱ្យ​គាត់​អាចអនុវត្ត​បានល្អ​ទៅតាម​តួនាទី និង​លក្ខខណ្ឌ​ការងារ​របស់គាត់​ដែល​ផ្តល់​ឱកាសល្អ​ដល់​ខ្ញុំ​ក្នុងការ-​ដកខ្លួន​ទៅ​គិតពី​ឱកាស​អាជីវកម្ម​ដទៃទៀត​បាន។

    6.មកដល់​បច្ចុប្បន្ននេះ តើ Global Art មានសាខា​ប៉ុន្មាន​កន្លែង ​និង​មាន​បុគ្គលិក​ប៉ុន្មាន​នាក់​ហើយ?
    បច្ចុប្បន្ននេះ Global Art មាន​សាខា10កន្លែង​ហើយ ដោយ​ក្នុងនោះ 5កន្លែង​ជា​របស់ខ្ញុំ​ផ្ទាល់ និង5កន្លែង​ផ្សេងទៀត​គឺ​ខ្ញុំ​លក់​សិទ្ធ​អាជីវកម្ម​ឱ្យគេ (franchise)។ នៅក្នុង​សាខា​ទាំង 5កន្លែង​ប្រសិនបើ​បូករួម​ទាំង​ក្រុម​ស្នូល​នៅ​ស្នាក់ការ​កណ្តាល គឺមាន​បុគ្គលិក​សរុប​ទាំងអស់23នាក់។

    ជា​រចនាសម្ព័ន្ធ ដោយសារ​ខ្ញុំ​ទទួល Master Franchise មាន​សិទ្ធ​ក្នុងការ​ចែកចាយ​អាជីវកម្ម និង license បន្តទៀត​សម្រាប់​ទីផ្សារ​នៅក្នុង​ស្រុក​ខ្មែរ​គឺ​យើង​បែងចែក​បុគ្គលិក​ជា 2ក្រុម ដោយ​មួយក្រុម​គឺ​ធ្វើ​ការងារ​នៅតាម​មជ្ឈមណ្ឌល​នីមួយ​របស់​យើង និង​មួយក្រុម​ទៀត​ជា​ក្រុម​ស្នូល​ដែល​ធ្វើការ​នៅ​ស្នាក់ការ​ធំ​ចាំ​ជួយ​ដោះស្រាយ​គ្រប់​បញ្ហា​របស់​សាខានីមួយៗ។

    7.តើ​លោកស្រី​ធ្វើ​ដូចម្តេច​ដើម្បី​រក្សាបាន​លំនឹង​នៃ​គុណភាព​សម្រាប់​សាខានីមួយៗឱ្យ​ស្មើគ្នា​បាន?
    បញ្ហា​ភាពមិន​ស្មើគ្នា​នៃ​គុណភាព​របស់​សាខានីមួយៗ គឺ​ភាគច្រើន​កើត​លើ​អាជីវកម្ម​លក់​សិទ្ធ​អាជីវកម្ម (franchise) តែ​សម្រាប់​យើង​ជា​ស្ថាប័ន​អប់រំ មិនសូវមាន​បញ្ហា​ទាំងអស់នោះ​ប៉ុន្មាន​ទេ ព្រោះ​ពាក្យ​ថា franchise គឺ​យើង​មាន​ស្តង់ដារ និង​ប្រព័ន្ធគ្រប់គ្រង​ត្រឹមត្រូវ​សម្រាប់​សាខា​ទាំងអស់។ នៅ​គ្រប់​សាខា​ទាំងអស់​គឺ​យើង​តែងតែ​តម្រង់ទិស​ពួកគាត់​មុនពេល​គាត់​ទិញ​សិទ្ធ​ិអាជីវ​កម្មនេះ ស្របពេល​ដែល​យើង​ក៏មាន​បុគ្គលិក​មួយក្រុម​ផ្សេងទៀត​សម្រាប់​ឆែក​គុណភាព​នៃ​ការអប់រំ​ជា​រៀងរាល់​មួយខែ​ម្តង។ ក្រៅពីនេះ​យើង​ក៏មាន​ក្រុម​បុគ្គលិក​សម្រាប់​ជួយ​ដោះស្រាយ​បញ្ហា និង​តាមដាន​រាល់​ដំណើរការ​តាម​មជ្ឈមណ្ឌលនីមួយៗ ដោយ​សូម្បីតែ​ភ្លើង​ដាច់ ឬ​មាន​បញ្ហា​អ្វី​តិចតួច​ក៏​យើង​សុំឱ្យ​គាត់​កែតម្រូវ​ឡើងវិញ​ដែរ ដើម្បី​កុំឱ្យ​មានការ​ប៉ះពាល់។

    យើង​ក៏មាន​ក្រុម​បុគ្គលិក​ក្នុង​ការជួយ​ប្រឹក្សា​យោបល់ ក្រុម​បុគ្គលិក​រៀបចំ​រចនា Graphic design និង​ជួយ​ក្នុងការ​តម្រង់ទិស​ឱ្យស្រប​ទៅតាម​ស្តង់ដារ​ជា​លក្ខណៈ​អន្តរជាតិ ព្រោះ Global Art ជា Franchise មកពី​ប្រទេស​ម៉ាឡេស៊ី​សព្វថ្ងៃ​មាននៅ 18ប្រទេស​ដែល​សុទ្ធ​តែមាន​ទំនាក់​ទ​នង​ស្អិតរ​មួ​ត​ជាមួយគ្នា។

    ចំពោះ​គ្រូបង្រៀន​វិញ ក៏​យើង​មានការ​បណ្តុះបណ្តាល​គាត់​ត្រឹមត្រូវ យ៉ាងហោចណាស់ 3ខែ​ទើប​អនុញ្ញាតឱ្យ​គាត់​ចេញ​បង្រៀន​បាន។ ចំណែកឯ​រដ្ឋបាល និង​គណនេយ្យ​ក៏​យើង​មាន​ប្រព័ន្ធ​មួយ​ទាក់ទង​គ្នា​យ៉ាង​ហ្មត់ចត់​ដើម្បី​ធានា​ពី​គុណភាព និង​ភាពច្បាស់លាស់​នៃ​ការគ្រប់គ្រង។

    លើសពីនេះទៅទៀត យើង​ក៏​គ្រប់គ្រង​បាន​ដិតដល់​ផងដែរ​ពី​សម្ភារប្រើប្រាស់​នៅក្នុង​មជ្ឈមណ្ឌលនីមួយៗ ដើម្បី​ធានា​ពី​គុណភាព​ដែល​ផលិតផល​របស់​យើង​ផលិត​នៅ​ប្រទេស​កូ​រេ៉ ព្រោះ Global Art មិន​អនុញ្ញាតឱ្យ​អាណាព្យាបាល​សិស្ស​យក​សម្ភារ ឬ​Color ពី​ខាងក្រៅ​ចូល​នោះទេ។

    លោកស្រី យឹម រ៉ា​ដែ​ត ឡើងប្រគល់ពានរង្វាន់ក្នុងកម្មវិធី National Art Competition 2017

    8.តើ Global Art មាន​សារៈសំខាន់​យ៉ាងដូចម្តេចខ្លះ​ក្នុងការ​អប់រំ​កុមារ​ឱ្យ​ក្លាយជា​ធនធាន​ដ៏​មានតម្លៃ​សម្រាប់​ថ្ងៃ​អនាគត?
    មកដល់​ចំណុច​នេះ​ខ្ញុំ​ចង់​ជម្រាប​ផងដែរ​ថា​កាលពី3ឆ្នាំមុន​អាណាព្យាបាល​មួយចំនួន​គាត់​យល់ច្រឡំ​ថា Global Art គ្រាន់តែ​ជា​សាលាបង្រៀន​គូរគំនូរ។ តែ​ធាតុពិត គឺ​មិនមែន​បែប​នោះទេ អ្វីដែល​យើង​បង្រៀន​គឺ​បង្រៀន​កុមារ​ឱ្យ​គាត់​មានគំនិត​ច្នៃប្រឌិត​ដោយ​យក​គំនូរ​ជាយា​នសម្រាប់​បកប្រែ​ក្តី​ស្រមៃ​របស់គាត់។

    អ្វីដែល​យើង​បង្រៀន​គឺ​គំនូរ​ពាណិជ្ជកម្ម (commercial art) មិនមែន​គំនូរ​សិល្បៈ (fine art) នោះទេ។ គំនូរ​បែប​ពាណិជ្ជកម្ម​គឺជា​ប្រភេទ​គំនូរ​ដែល​យើង​បណ្តុះ​នូវ​ក្តី​ស្រមៃ ការដោះស្រាយ​បញ្ហា និង​គំនិត​ច្នៃប្រឌិត​នៅក្នុង​ក្រដាស មិនមែន​ឃើញ​បែបណា​គូរ​បែប​នោះ ឬ​គូររូបដូចៗទៅនឹង​អ្វី​ដែលជា​ស្ថានភាពពិតៗដូច​គំនូរ​បែប fine art នោះទេ។

    បើ​គិត​ឱ្យដល់​ទៅ​គេ​រកឃើញថា​អនាគត​ទៅ​អ្វីដែល​មនុស្ស​ត្រូវការ​បំផុត​លើ​ពិភពលោក​គឺ​ជំនាញ​ច្នៃប្រឌិត ហេតុនេះ​ភាព​ច្នៃប្រឌិត​គឺជា​រឿង​សំខាន់បំផុត​ដែល​កុមារ​ត្រូវ​ចេះ។ ដូច​យើង​បាន​មើលឃើញ​ជាក់ស្តែង​ហើយ​ថា តាំងពី​ក្បាល​ដល់​ចុងជើង​របស់​យើង​គឺ​កើតឡើង​ពី​ការ​គូរ​ព្រាង (sketch)ទាំងអស់។ សម្លៀកបំពាក់​ក៏​កើតចេញពី​ការ​គូរ ឡាន​ម៉ូតូ​ក៏​កើតចេញពី​ការ​គូរ គ្រឿង​គ្រប់យ៉ាង​ដែល​យើង​ប្រើប្រាស់​ក៏​កើតចេញពី​ការ​គូរ​ដែរ ហេតុនេះ​ការ​គូរ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​អាចជួយ​ឱ្យក្មេងៗមាន​មូលដ្ឋានគ្រឹះ​ក្នុងការ​ស្វែងរក​គំហើញថ្មីៗ ឬ​ឌី​ហ្សា​ញ​ជា​ពាណិជ្ជកម្ម​សម្រាប់​អាជីវកម្ម​នៅ​ថ្ងៃ​អនាគត​ជាដើម។

    យើង​បានឃើញ​ហើយ​ថា ក្មេងៗនៅ​ប្រទេស​គេ​មាន​ភាព​ច្នៃប្រឌិតខ្ពស់ៗណាស់ ហើយ​មាន​ភាពក្លាហាន​ខ្លាំង​ក្នុងការ​បកស្រាយ​នូវ​ក្តី​សុ​បិ​ន្ត​របស់​គេង ហេតុនេះ​យើង​ក៏​ចង់ឱ្យ​កុមារ​កម្ពុជា​អាចធ្វើ​បាន​បែប​នោះដែរ តាមរយៈ​ការប្រមូល​យកក្តី​ស្រមៃ និង​គំនិត​ច្នៃប្រឌិត​របស់​ពួកគេ​មក​ដាក់​លើ​ក្រដាស។

    ក្មេង​មិន​អាចមាន​សមត្ថភាព​ក្នុងការ​ពន្យល់​នូវ​អ្វីដែល​គេ​គិត​ជា​ពាក្យសម្តី​នោះទេ ហេ​ត​នេះហើយ​ទើប​យើង​ព្យាយាម​បង្រៀន​គាត់​ឱ្យ​គាត់​ចេះ​បកប្រែ​នូវ​ក្តី​ស្រមៃ និង​ភាព​ច្នៃប្រឌិត​ទាំងអស់នោះ​លើ​ផ្ទាំងគំនូរ ដោយ​ការពន្យល់ និង​បង្កើត​ភាព​ស្មុ​គស្មាញ​បន្តិចម្តងៗ ស្រប​ពេលដែល​គាត់​អាច​កម្សាន្ត​ជាមួយនឹង​សិល្បៈ រហូតដល់​គាត់​ក្លាយជា​មនុស្ស​ដែល​ពោរពេញ​ដោយ​ភាព​ច្នៃប្រឌិត​ម្នាក់។

    9.តើ​លោកស្រី​មាន​សារ​អ្វី​ដើម្បី​ផ្តាំផ្ញើ និង​ចែករំលែក​ទៅដល់​មនុស្ស​ទូទៅ​នៅ​កម្ពុជា និង​ជាពិសេស​គឺ​ស្ត្រី​ដើម្បី​ជំរុញ​ទឹកចិត្ត និង​បង្កើត​ភាពរឹងមាំ?
    ក្នុងនាម​ជា​ស្ត្រី​ម្នាក់​ដែល​កំពុង​ធ្វើ​អាជីវកម្ម ខ្ញុំ​ចង់ឃើញ​ស្ត្រី​ដទៃទៀត​មាន​ភាពរឹងមាំ និង​មាន​កម្លាំងចិត្ត​ខ្ពស់​ក្នុងការ​ជម្នះ​ជាមួយនឹង​ឧបសគ្គ​ក្នុង​ដំណើរ​ជីវិត និង​អាជីវកម្ម​ដែល​កើតមាន​ចំពោះមុខ។ ខ្ញុំ​ជឿជាក់ថា អ្នកណា​ក៏​ធ្លាប់​ជួប​រឿង​បរាជ័យ​ដែរ ហើយ​អ្នកណា​ក៏​ធ្លាប់​ជួប​បញ្ហា​ដែរ ហើយ​ដើម្បី​ជម្នះ​បញ្ហាលំបាក​ទាំងអស់នោះ គឺ​យើង​ត្រូវតែដើរ​ចូលទៅ​ជម្នះ​វា​ឱ្យបាន​ដោយ​ខ្លួនឯង ប្រកបដោយ​ភាព​វិជ្ជមាន។ សូម​ចំណាយ​ពេលវេលា​ដើម្បី​សួរ​ខ្លួនឯង ហើយ​មើល​ឡើងវិញ​ថា​យើង​ត្រូវធ្វើ​បែបណាខ្លះ​ដើម្បី​ដើរ​ឱ្យដល់​គោលដៅ ហើយ​កុំ​បោះបង់ចោល​ឱ្យសោះ​នៅពេលដែល​យើង​ជួប​រឿង​បរាជ័យ ឬ​រឿង​ខកចិត្ត​មួយចំនួន​នៅក្នុង​ដំណើរ​ជីវិត។ ឱ្យ​តែមាន​កម្លាំងចិត្ត យើង​នឹង​អាច​ដើរ​រហូតដល់​ចំណុច​ជោគជ័យ​គ្រប់យ៉ាង មិន​ថា​អាជីវកម្ម ឬ​ការ​រស់នៅក្នុង​ជីវិត​នោះទេ។

    ហេតុនេះ​កុំ​ដើរ​ផ្លូវដដែលៗ ឬ​កុំ​នៅតែ​ម្នាក់ឯង​នៅពេលដែល​យើង​ជួប​ឧបសគ្គ។ អ្វីដែល​យើង​ត្រូវធ្វើ​គឺ យើង​អាច​ស្វែងរក​សមាគម ឬ​បុគ្គលល្អៗជាច្រើន​ដែល​អាច​ប្រឹក្សា​យោបល់ និង​លើកទឹកចិត្ត​យើង រួមទាំង​ជំរុញ​ភាព​វិជ្ជមាន​ឱ្យ​កាន់តែច្រើន​នៅក្នុង​ខ្លួន​ដើម្បី​បន្តដំណើរ​ប្រកបដោយ​ថាមពល​ឆ្ពោះទៅរក​ការសម្រេច​ក្តី​ស្រមៃ។

    ហើយ​ក្នុងនាម​ជា​ម្តាយ និង​ជា​មេផ្ទះ​ម្នាក់​វិញ ខ្ញុំ​ជំរុញ​ឱ្យ​ស្ត្រី​ទាំងអស់​រក្សា​ឱ្យបាន​នូវ​តុល្យភាព​សម្រាប់​គ្រួសារ ជាពិសេស​ម្រា​ប់កូន។ មិនត្រូវ​បណ្តោយឱ្យ​ខ្លួនឯង​បាក់​ទឹកចិត្ត​នោះទេ ព្រោះ​យើង​មាន​ភាពទទួល​ខុសត្រូវ​ច្រើន​លើ​អាជីវកម្ម​ផង និង​គ្រួសារ​ផង។ យើង​ចាំបាច់​ត្រូវតែ​ផ្តល់​ជីវិត​ប្រកបដោយ​ការទទួលខុសត្រូវ និង​ភាព​រីករាយ​ដល់​ពួកគេ ហើយ​នៅ​ដំណាក់កាល​ដំបូង​ចាប់ពី​ពេលដែល​ពួកគាត់​ចាប់កំណើត ដល់ 5ឆ្នាំ ក្មេង​ត្រូវការ​ភាពកក់ក្តៅ និង​ការយកចិត្តទុកដាក់​ខ្ពស់បំផុត។ យើង​ចាំបាច់​ត្រូវ​ធ្វើជា​គំរូ​ល្អ​ដល់​ពួកគេ ដើម្បីឱ្យ​ពួកគេ​សិក្សា​ស្វែងយល់​ពី​យើង និង​បន្ត​ទម្លាប់​នៃ​ការទទួលខុសត្រូវ​នេះ​ទៅកាន់​ពួកគេ​ដើម្បី​ឱ្យគេ​ក្លាយជា​ធនធានមនុស្ស​យ៉ាង​មានតម្លៃ​សម្រាប់​សង្គម​នា​ថ្ងៃ​អនាគត៕