Category: សង្គម និងសេដ្ឋកិច្ច

  • ជំងឺ​ដែល​តែងកើតមាននៅក្នុងរដូវភ្លៀង

    ជំងឺ​ដែល​តែងកើតមាននៅក្នុងរដូវភ្លៀង

    មួយរយៈ​នេះ​ធាតុអាកាស​នៅក្នុង​ប្រទេស​យើង តិច​ក្តៅ តិច​រងា ថ្ងៃ​ខ្លះ​ភ្លៀង​ក៏​បង្អុរ​ចុះមក​ធ្វើឱ្យ​ទទឹក​សើមគ្រប់ៗគ្នា តែ​អ្វីដែល​គួរឱ្យ​បារម្ភ​នោះ ក៏​ប្រហែលជា​ចៀស​មិន​ផុតពី​រឿង​ជំងឺ​ដ​ង្កា​ត់​ដែល​នឹង​មកជា​មួយ​ទឹកភ្លៀង​នោះឡើយ។ ថ្ងៃនេះ ​ទំព័រ​សុខភាព ឡា​រ៉ែ​ន សូម​នាំ​មិត្ត​អ្នកអាន​ទាំងអស់គ្នា​មក​ត្រៀមខ្លួន​ចាំ​ទប់ទល់​នឹង​រោគា​ដែល​នឹង​មកជា-​មួយ​ទឹកភ្លៀង​ដូចខាងក្រោម​នេះ ៖

    1. ក្រុម​ជំងឺ​ខាង​ប្រព័ន្ធ​ដកដង្ហើម
    ក្នុង​រដូវភ្លៀង ធាតុអាកាស​ចាប់ផ្តើម​ត្រជាក់ និង​មាន​សំណើម​ខ្លាំង ធ្វើឱ្យ​មេរោគ​អាច​រីក​រាលដាល​បាន​យ៉ាង​ឆាប់រហ័ស បើសិន​ជាមាន​មេរោគ​រីក​រាលដាល​នៅក្នុង​ធាតុអាកាស ហើយ​យើង​ដកដង្ហើម​ស្រូប​ចូលទៅក្នុង​សួត អាច​នឹង​បង្ក​ឱ្យ​កើត​ជំងឺ​ខាង​ផ្លូវដង្ហើម​បានជា​ច្រើន ដូចជា ជំងឺ​ផ្តាសាយ គ្រុន​ផ្តាស​សាយ​ធំ និងរលាក​បំពង់​ដង្ហើម។ ដូច្នេះ​គួរ​ចៀសវាង​ការ​ស្ថិតនៅក្នុង​កន្លែង​ដែល​ចង្អៀត​ហប់ ខ្យល់អាកាស​ពិបាក​ចេញចូល និង​ចៀសវាង​ការ​នៅ​ជិត​អ្នក​ដែល​កើត​ជំងឺ​ទាំងនោះ ព្រោះ​មេរោគ​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្សម្នា​ក់បាន​តាមរយៈ​ការដកដង្ហើម ទឹកមាត់ សំបោរ ឬ​កំហាក​ស្លេស្ម​របស់​អ្នកជំងឺ ដោយ​មេរោគ​នឹង​ឆ្លង​ចូល​តាម​ភ្នែក ច្រមុះ និង​មាត់ ឬ​តាមរយៈ​ការដែល​មនុស្ស​បាន​ប៉ះពាល់​វត្ថុ​ដែល​លាយឡំ​ជាមួយ​មេរោគ ដូចជា កន្សែង​ជូត​មុខ ស្លាបព្រា កែវ​ទឹក ការ​ថើប ឬ​ការដែល​ដៃ​ទៅ​ប៉ះ​មេរោគ ហើយ​យកទៅ​ញី​ភ្នែក ឬ​យកទៅ​កាន់​អ្វី​ញ៉ាំ​ជាដើម។

    2. ជំងឺគ្រុនឈាម
    នៅពេល​ធ្លាក់ភ្លៀង នឹង​តែងតែមាន​ទឹក​ដក់​នៅតាម​ទីកន្លែងផ្សេងៗ ធ្វើឱ្យ​កើតមាន​ការរីក​រាលដាល​ពូជ​របស់​មូស​ខ្លា​ដែលជា​ភ្នាក់ងារ​ចម្លងរោគ​គ្រុនឈាម។ បើ​កើត​ជំងឺគ្រុនឈាម អាច​នឹងមាន​កម្តៅ​ខ្លួន​ឡើង​ខ្ពស់​រយៈពេល2-3ថ្ងៃ (អាច​ក្តៅ​ខ្លាំង​ដល់40អង្សា​C) មិន​ឃ្លានបាយ ឈឺក្បាល ឈឺ​ចុក​រួយ​ពេញ​ខ្លួន មុខ​ឡើង​ក្រហម ចំពោះ​អ្នក​ដែលមាន​គ្រាប់​ឈាម​ទាប អាច​មើលឃើញ​ចំណុចឈាមក្រហមៗនៅលើ​ស្បែក បើ​ឃើញ​មានអាការ​ដូចដែល​បាន​រៀបរាប់​មកនេះ ចូរ​កុំ​បង្អង់​យូរ ត្រូវ​ប្រញាប់​ទៅ​មន្ទីរពេទ្យ និង​គួរ​ចៀសវាង​ពី​ទីកន្លែង​ដែលមាន​មូស ព្យាយាម​កុំឱ្យ​មូស​ខាំ ប្រើ​ថ្នាំ​បាញ់សម្លាប់​មូស បំផ្លាញ​ប្រភព​កំណើត​របស់​មូស ដូចជា ផ្កាប់​វត្ថុ​ដែល​ធ្វើឱ្យមាន​ទឹក​ដក់ និង​ចាក់ដី​លុប​កន្លែង​ដែលមាន​ទឹក​ដក់​ជាដើម។

    3. រោគ​ប៉េស្ត
    ជំងឺប៉េស្ត គឺជា​ជំងឺឆ្លង​ដែល​កើតចេញពី​សត្វ​កណ្តុរ​គ្រប់​ប្រភេទ ដោយ​មេរោគ​នឹង​ស្ថិតនៅក្នុង​ទឹកនោម​របស់​សត្វ​កណ្តុរ​ទាំងនោះ ទាំង​កណ្តុរស្រែ កណ្តុរ​ព្រៃ កណ្តុរ​ស្រុក កណ្តុរប្រែង និង​កណ្តុរ​ប្រមេះ ហើយ​មេរោគ​ប៉េស្ត​នេះ​នឹង​ចូលមកក្នុង​រាងកាយ​មនុស្ស​បាន​តាម​រយៈ​ស្នាមដំបៅ ឬ​របួស និង​ស្នាម​រលាត់​ដាច់ផ្សេងៗលើ​រាងកាយ។ ជំងឺ​នេះទោះ​ជាមាន​ថ្នាំ​ព្យាបាល​ឱ្យ​ជា​មែន តែ​ក៏​អាចធ្វើឱ្យ​ស្លាប់​បាន​ដូចគ្នា​ដែរ បើ​បានទទួល​ការព្យាបាល​មិន​ត្រឹមត្រូវ ឬ​យឺតយ៉ាវ។ អ្នកជំងឺ​នឹងមាន​អាការ​គ្រុនក្តៅ​ខ្លាំងភ្លាមៗ ឈឺក្បាល ច្រើនតែ​ឈឺ​សាច់ដុំ​ភ្លៅ និង​កំភួនជើង​យ៉ាងខ្លាំង និង​ភ្នែក​ក្រហម។ ប្រមាណ​ជា5-10%របស់​អ្នក​កើត​ជំងឺ​នេះ អាច​នឹងមាន​អាការ​ធ្ងន់ធ្ងរ ដូចជា ឌី​ហ្សា​នក្រលៀន​លែង​ដំណើរការ ឬ​អាច​ប្រកាច់​ទៀតផង ដូច្នេះ​គួរ​ចៀសវាង​ការដើរ​លុយ​ទឹក លុយ​ភក់​ដែល​ប៉​ប៉ិក​ប៉ប៉ាច់។ អ្នក​ដែល​ធ្វើ​ការងារ​ប្រថុយ-ប្រថាន​នឹង​ជំងឺ​នេះ គួរតែ​ពាក់​ស្រោមដៃ​ជ័រ ពាក់​ស្បែកជើង​ជ័រ​កវែង ការពារ​ខ្លួន​កុំឱ្យ​កើតមាន​របួស ឬ​ដំបៅ​នៅលើ​ជើង ឧស្សាហ៍​លាង​សម្អាត​ដៃ​ឱ្យបាន​ញឹកញាប់ ងូតទឹក​សម្អាត​រាងកាយ​ក្រោយពេល​ចប់​ពី​ការងារ កម្ចាត់​សំរាម​នៅក្នុង​ផ្ទះ និង​កន្លែងធ្វើការ​ចេញ​ឱ្យអស់ ជាពិសេស​កាកសំណល់​ក​ម្ទេ​ច​ចំណីអាហារ ដើម្បី​កុំឱ្យ​ក្លាយជា​ប្រភព​អាហារ​របស់​សត្វ​កណ្តុរ។

    4. ជំងឺឆ្លង​ខាង​ប្រព័ន្ធ​រំលាយ​អាហារ​ដែល​ជួប​ញឹកញាប់
    មានដូចជា ជំងឺ​រាករូសភ្លាមៗ ជំងឺរាក​មួល និង​ពុល​អាហារ​ជាដើម ជំងឺ​ទាំងនេះ​បណ្តាលមកពី​ការទទួល​ទាន​អាហារ​ដែលមាន​ប្រឡាក់ប្រឡូស​មេរោគ​អតិសុខុមប្រាណដែល​បង្ក​ឱ្យ​កើតរោគ​នៅក្នុង​ប្រព័ន្ធ​រំលាយ​អាហារនៅក្នុង​ពោះវៀន ដោយ​អ្នកជំងឺ​នឹងមាន​អាការ​រាក បន្ទោបង់​ចេញមក​រាវ​ដូច​ទឹក អាចមាន​គ្រុនក្តៅខ្លួន ឈឺ​រមួល​នៅក្នុង​ពោះ ហើយ​បើ​មាន​ឆ្លងមេរោគ​មួល​ផង​នោះ អាចមាន​សំបោរ ឬ​ឈាម​លាយឡំ​មកជា​មួយ​លាមក​ទៀតផង។ ក្រៅពីនេះ​នៅមាន​មេរោគ​វីរុស​រលាក​ថ្លើម​ប្រភេទ A និង B ដែល​អាច​ឆ្លង​បាន​តាមរយៈ​ការទទួល​ទាន​អាហារ​ដែល​ប្រឡាក់ប្រឡូស​មេរោគ​ផងដែរ អ្នក​ដែលមាន​អាការ​រលាក​ថ្លើម​នឹងមាន​គ្រុន​ក្តៅខ្លួន ល្វើយ​អស់កម្លាំង មាន​អាការ​ខ្លួន​ឡើង​លឿង ភ្នែក​លឿង ក្អួតចង្អោរ ដូច្នេះ​ទើប​ក្នុង​រដូវភ្លៀង​នេះ​គួរ​ប្រយ័ត្នប្រយែង​រឿង​អាហារ​ការហូបចុក​ជាពិសេស ដោយ​គួរ​ទទួលទាន​តែ​អាហារ​ដែល​ធ្វើ​ឆ្អិនថ្មីៗ ស្អាត និង​ប្រើ​ស្លាបព្រា​សម្រាប់​ដួស​ម្ហូប​ដោយឡែក។

    5. ជំងឺភ្នែកក្រហម
    ជំងឺភ្នែកក្រហម បណ្តាលមកពី​មេរោគ​វីរុស​ដែលមាន​នៅក្នុង​ទឹក​កខ្វក់​ខ្ទាតចូល​ភ្នែក ការប៉ះពាល់​ទឹកភ្នែក​របស់​អ្នក​ដែល​កើត​ជំងឺភ្នែកក្រហម ហើយ​យកដៃ​ដែល​ប្រឡាក់​នោះមក​ប៉ះ​ភ្នែក​ខ្លួនឯង ឬ​បានទទួល​មេរោគ​ដែល​ខ្ចាត់ខ្ចាយ​នៅក្នុង​អាកាស ឬ​ក្នុង​អាង​ហែល​ទឹក។ ជាទូទៅ​មេរោគ​នឹង​សម្ងំ​ខ្លួន1-2ថ្ងៃ​មុននឹង​បង្ហាញ​អាការ​ឡើង។ នៅលើ​អ្នក​ដែល​កើត​ជំងឺភ្នែកក្រហម​អាច​ពិនិត្យឃើញ​មេរោគ​បង្ក​ជំងឺ​នៅ​ម្តុំ​បរិវេណ​ភ្នែក និង​ក្នុង​បំពង់ក​បាន​តាំង​ពីថ្ងៃ​បង្ហាញ​អាការ រហូតដល់14ថ្ងៃ​ក្រោយពី​ចាប់ផ្តើម​មាន​អាការ។ វិធី​ការពារ​គឺ កុំ​យកដៃ​ដែល​មិន​ស្អាត​មក​ប៉ះ ឬ​ញី​ភ្នែក លាង​សម្អាត​ដៃ​គ្រប់ពេល​មុននឹង​ប៉ះពាល់​ភ្នែក មិន​ប្រើប្រាស់​កន្សែង​ជូត​មុខ ឬ​ជូត​ខ្លួន​រួមជាមួយ​
    អ្នក​ដែល​កើត​ជំងឺភ្នែកក្រហម សំខាន់បំផុត​ត្រូវការពារ​មិនឱ្យ​ជំងឺឆ្លង​រាលដាល​ពី​ខ្លួនឯង​ទៅ​អ្នកដទៃ៕

  • កំពូល​បន្លែ​ផ្លែឈើ​ទាំង10 ជួយ​លាង​សារធាតុពុល​នៅក្នុង​រាងកាយ

    កំពូល​បន្លែ​ផ្លែឈើ​ទាំង10 ជួយ​លាង​សារធាតុពុល​នៅក្នុង​រាងកាយ

    មាន​ដឹង​ទេ នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​អ្នកមាន​ភាព​ប្រថុយប្រថាន​ជាមួយនឹង​សារធាតុពុល​កម្រិតណា? ឧស្ម័ន​ពុល​ចេញពី​រថយន្ដ សារធាតុ​គីមី​ពន្យារ​អាយុ​អាហារ ល័​ក្ខ​ផ្សំ​អាហារ ដែល​អ្នក​ស្រូប​ចូលទៅក្នុង​រាងកាយ និង​ទទួលទាន​ដោយ​មិនដឹង​ខ្លួន​ជាច្រើន។ ជាធម្មតា​រាងកាយ​រប​ស់មនុស្ស​យើង​មាន​កងចក្រដើម្បី​កម្ចាត់​ជាតិពុល​ចេញពី​រាងកាយ​ស្រាប់​ទៅហើយ តែ​ដោយសារតែ​ការរំលាយ​អាហារ ការបញ្ចេញចោល​តាម​កា​រ​បន្ទោបង់ តាម​ទឹកនោម និង​ញើស​ដែល​ចេញមក​ខាងក្រៅ តែ​ក៏​នៅមាន​សេសសល់​សំណល់​ជាតិពុលខ្លះៗទៀត​ដែល​បញ្ចេញ​ពី​រាងកាយ​មិន​អស់។ ការរស់នៅ​ប្រចាំថ្ងៃ​របស់​មនុ​ស្សគឺ​ពិតជា​មាន​ភាព​ប្រថុយប្រថាន​ជាមួយនឹង​សារធាតុពុល​ជាច្រើន​ប្រភេទ​ណាស់ ប្រភេទ​ខ្លះ​អាច​កម្ចាត់​បាន​យ៉ាង​ងាយស្រួល តែ​ប្រភេទ​ខ្លះទៀត​ពិបាក​នឹង​កម្ចាត់​ចេញ​ខ្លាំងណាស់ ដែលជា​ហេតុ​ធ្វើឱ្យ​កើតមាន​ការកកស្ទះ​នៅក្នុង​រាងកាយ។

    សញ្ញា​ដែល​អាច​បញ្ជាក់​ប្រាប់ថា រាងកាយ​មាន​សារធាតុពុល​នោះ​រួមមាន​ដូចជា ស្បែក​មុខ​មើលទៅ​ជាំខ្មៅ ស្លេកស្លាំង ការចង់ចាំ​មិនសូវ​ល្អឡើង​ពងបែក​មាត់ កើតមុន ខ្មៅ​ត្របកភ្នែក និងឧស្សាហ៍​ឈឺ​ជាដើម។ ជំងឺ​ដែល​ងាយ​នឹង​កើតមានដូចជា ទឹកនោមផ្អែម លើសឈាម គ្រោះ​ក្នុង​តម្រងនោម ចាញ់​អាកាសធាតុ និង​រលាក​ថ្លើម​ជាដើម។ ដោយសារតែ​ជាតិពុល​មានការ​ហុច​ផល​កំណាច​បែបនេះហើយ បានជា​មនុស្ស​យើង​ខិតខំ​រក​វិធី​នៅក្នុង​ការលាង​ជាតិពុល​ចេញពី​រាងកាយ​ដូចជា ការលាង​ជាតិពុល​ដោយសារ​ធាតុ​កាហ្វេ ការលាង​សម្អាត​ជាតិពុល​នៅក្នុង​ពោះវៀនធំ ការទទួល​ទាន​អាហារ​កាក​សរសៃ និង​មាន​វិធី​ធម្មជាតិ​បែបផ្សេងៗជាច្រើន​ទៀត ជាពិសេស​ក៏មាន​វិធីសាស្ត្រ​នៃ​ការ​ទទួលទាន​ផ្លែឈើ ដើម្បី​បណ្ដេញ​ជាតិពុល​ផងដែរ។

    ការលាង​ជាតិពុល គឺជា​ការនាំយក​នូវរ​បស់​ដែល​ខូចខាត​ចេញពី​រាងកាយ ដែលជា​របស់​អាក្រក់ និង​មាន​ភាព​កកកុញ​ប្រមូល​ផ្ដុំគ្នា ឬក៏​របស់​រឹង​ដែលជា​របាំង​នៅក្នុង​ប្រព័ន្ធ​បញ្ចេញ​ចោល។ ចំណុច​អាក្រក់​ដែល​បាន​ពោល​ខាងលើ​នោះ វា​បាន​បង្កើតជា​អាស៊ីត​ដល់​រាងកាយ​យ៉ាងច្រើន និង​ហុច​ផល​ឱ្យ​អ្នក​នឿយហត់ ងាយ​ឈឺ មិន​ស្រស់ស្រាយ តឹង​ណែន​ក្នុង​ពោះ មាន​អាការ​ដូចជា​អាហារ​មិន​រលាយ ងាយ​ខឹង មួម៉ៅ និង​ជាពិសេស​គឺ​គេង​មិន​លក់​តែម្ដង។

    ចំពោះ​ការលាង​ជាតិពុល​ដោយ​ការទទួល​ទាន​បន្លែ​ផ្លែឈើ​ស្រស់​នោះ គឺជា​ការទទួល​ទា​នប​ន្លែ ផ្លែឈើ​ស្រស់​បែប​ជា​អាហារ ឬ​ជា​ទឹក ដែល​បាន​ក្រឡុក​ចូលគ្នា​ជាច្រើន​ប្រភេទ។ ដើម្បី​បណ្ដេញ​ជាតិពុល​តាម​វិធីសាស្ត្រ​នេះ អ្នក​អាចមាន​វិធី​ងាយ​ក្នុងការ​ជ្រើសរើស​បន្លែ​ផ្លែឈើ ដែលមាន​កាក​សរសៃ​នៅក្នុង​បន្លែ និង​ផ្លែឈើ ដែល​ជួយ​លាង​សម្អាត​សារធាតុ​កខ្វក់​នៅក្នុង​រាងកាយព្រមទាំង​ព្យាយាម​ហាត់ប្រាណ ដើម្បីឱ្យ​ជាតិពុល​បាន​បញ្ចេញ​មក​តាម​ញើស។ បន្លែ​ខ្លះទៀត គឺជា​ឱសថ​ផងដែរ មិន​ត្រឹមតែ​ជួយ​បណ្ដេញ​ជាតិពុល​នៅក្នុង​រាងកាយ​បាន​នោះទេ វា​ក៏​អាច​ឃុំគ្រង​សីតុណ្ហភាព​នៅក្នុង​រាងកាយ​បាន​យ៉ាង​ប្រសើរ​ទៀតផង។ យើង​សូម​ណែនាំ​បន្លែ​ផ្លែឈើ​ទាំង10ប្រភេទ ដែលមាន​គុណប្រយោជន៍​ក្នុងការ​កម្ចាត់​ជាតិពុល​ឱ្យ​ចេញពី​រាងកាយ​យ៉ាង​មាន​ប្រសិទ្ធ​ភាព ៖

    1. ស្ពៃ​ខ្មៅ : ជួយ​លាង​ជាតិពុល​ក្នុង​រាងកាយ ជំរុញ​ភាព​ចងចាំ។

    2. ជី​វ៉ាន់ស៊ុយ : ជួយ​កម្ចាត់ និង​បន្ថយ​បាក់តេរី​ដែលជា​ភ្នាក់ងារ​បង្ក​ជំងឺ។

    3. ប្រភេទ​ស្ពៃ​ស្លឹក​រួញ ឬ​ស្ពៃក្រញាញ់ : ជួយ​បន្ថយ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​ជំនួយ​ដល់​ប្រព័ន្ធ​ប្រសាទ។

    4. ត្រកួន​ចិន : ជួយ​កម្ចាត់​ជាតិពុល ជំនួយ​ភ្នែក កាត់បន្ថយ​រោគ​ទឹកនោមផ្អែម និង​កាត់បន្ថយ​អាការ​ក្ដៅ​ក្នុង។

    5. ជី​អង្កាម : ជួយ​បណ្ដេញ​ខ្យល់​នៅក្នុង​ពោះវៀន និង​ជួយ​រំលាយ​អាហារ។

    6. ការ៉ុត : ជំនួយ​កែវភ្នែក ជួយ​ប្រព័ន្ធ​រំលាយ​អាហារ និង​ការពារ​ជំងឺសរសៃប្រសាទ។

    7. ផ្លែ​ប៊ី​ទ្រូ​ត (Beetroot) : បង្កើត​គ្រាប់​ឈាម ការពារ​ជំងឺ​ក្រពះ ជួយ​បណ្ដេញ​ជាតិពុល​ក្នុង​រាងកាយ។

    8. ក្រូចឆ្មារ : សម្បូរ​ទៅដោយ​វីតាមីន C ជួយ​ជំរុញ​ប្រព័ន្ធ​រំលាយ​អាហារ។

    9. ខ្ញី : បន្ថយ​អាការ​អាប់​សែ​នៅក្នុង​រាងកាយ បណ្ដេញ​ខ្យល់​នៅក្នុង​ពោះវៀនធំ និង​ជួយ​សម្រួលការ​បន្ទោបង់។

    10. ផ្លែ​ប៉ោម : ជា​អាហារ​សម្បូរ​ទៅដោយ​កាក​សរសៃ សម្រួល​ដល់​ការរំលាយ​អាហារ និង​បណ្ដេញ​ជាតិពុល​បាន​យ៉ាង​ល្អ ជាពិសេស​ជួយ​គ្រប់គ្រង​ទម្ងន់​មិនឱ្យ​ងាយ​ឡើង​គីឡូ៕

  • ផ្លែឈើ9ប្រភេទ ​ជួយ​កាត់បន្ថយ​អាការ​លើសឈាម ដែល​អ្នក​មិនគួរ​មើលរំលង

    ផ្លែឈើ9ប្រភេទ ​ជួយ​កាត់បន្ថយ​អាការ​លើសឈាម ដែល​អ្នក​មិនគួរ​មើលរំលង

    ជំងឺលើសឈាម ជា​ប្រភេទ​ជំងឺ​ស្ងប់ស្ងាត់​ដែល​មិនសូវ​បង្ហាញ​ពីស​ញ្ញា ឬ​អាការ​តាម​រាងកាយ ដោយ​អ្នកជំងឺ​រោគ​មួយ​នេះ ត្រូវ​ទទួល​ការព្យាបាល​យ៉ាង​យកចិត្តទុកដាក់​ជា​រៀងរហូត​ជាមួយ​គ្រូពេទ្យ​ជំនាញ។ ក៏ប៉ុន្ដែ ប្រសិនបើ​លោកអ្នក​ចង់​កាត់បន្ថយ​អាការ​ជំងឺ​ឱ្យបាន​ធូរស្រាល​ជាមុន ដោយ​មិន​ចង់​ប្រើប្រាស់​ឱសថ ទស្សនាវដ្ដី ឡា​រ៉ែ​ន សូម​ណែនាំ​អាហារ និង​ផ្លែឈើ ដែល​បរិភោគ​ហើយ អាចជួយ​បន្ថយ​អាការ​លើសឈាម​បាន​ដូចគ្នា។

    1. ចេក
    ជា​ប្រភេទ​ផ្លែឈើ​ដែល​អាចជួយ​កាត់បន្ថយ​អាការ​លើសឈាម​បាន ត្រូវបាន​គេ​ចាត់បញ្ចូល​នៅក្នុង​អម្បូរ​ផ្លែឈើ​ដែល​សម្បូរ​ទៅដោយ​សារធាតុ​ប៉ូ​តា​ស្យូ​ម ឬ​ជា​ផ្លែឈើ​ដែលមាន​ប៉ូ​តា​ស្យូ​ម​ច្រើន​បំផុត។ ផ្លែ​ចេក ក្រៅពី​សម្បូរ​ទៅដោយ​សារធាតុ​ប៉ូ​តា​ស្យូ​ម​ហើយ​នោះ វា​ក៏​ជា​ផ្លែឈើ​ដែលមាន​សូ​ដ្យូ​មតិ​ច​ផងដែរ។ ដូច្នេះហើយ​បានជា​ផ្លែ​ចេក អាចជួយ​ដល់​ប្រព័ន្ធ​បេះដូង និង​សរសៃឈាម​ដែលមាន​ប្រសិទ្ធភាព​បំផុត​តែម្ដង។

    2. ផ្លែស្វាយ
    ស្វាយ ក៏​ជា​ផ្លែឈើ​ដែល​ជួយ​កាត់បន្ថយ​អាការ​លើសឈាម​បាន​ដូចគ្នា​ដែរ ព្រោះ​នៅក្នុង​ផ្លែស្វាយ​មាន​សារធាតុ​អាហារ​ដែល​សំខាន់​ចំពោះ​ប្រព័ន្ធ​បង្ហូរឈាម​នៃ​សរសៃឈាម ដូចជា ប៉ូ​តា​ស្យូ​ម។ ដោយ​ផ្លែស្វាយ 100ក្រាម មាន​បរិមាណ​ប៉ូ​តា​ស្យូ​ម​ចំនួន186មី​លី​ក្រាម ហើយ​អ្វីដែល​សំខាន់​ជាង​នេះ ផ្លែស្វាយ មាន​សាច់​ពណ៌​លឿង​ដែល​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​រ៉ាឌីកាល់​សេរី ដែល​អ្នកវិទ្យាសាស្ត្រ​ស្រាវជ្រាវ​នៅក្នុង​មជ្ឈមណ្ឌល Hypertension Research បាន​បង្ហើប​ប្រាប់ថា ការទទួល​ទាន​អាហារ​ដែលមាន​សារធាតុ Beta Carotene ដូចដែល​មាននៅ​ក្នុង​សាច់​ផ្លែស្វាយ នោះ​អាចជួយ​កាត់បន្ថយ​អាការ​លើសឈាម​បាន​ផងដែរ។

    3. ផ្លែ Apricots (អែប​ព្រី​ខូ​ត)
    ផ្លែឈើ​មួយ​នេះ​មាន​សាច់​ពណ៌​លឿង ដែលជា​ផ្លែឈើ​ពិបាក​រក​បំផុត​នៅក្នុង​ប្រទេស​របស់​យើង តែ​យ៉ាងណាក៏ដោយ​វា​ក៏​ត្រូវបាន​គេ​ចាត់​ចូល​ជា​ប្រភេទ​ផ្លែឈើ​ដែល​អាច​កាត់បន្ថយ​អាការ​លើសឈាម​ផងដែរ។ គេ​សង្កេតឃើញថា នៅក្នុង​ប្រទេស​យើង​មិនបាន​លក់​ជា​ផ្លែឈើ​ស្រស់​នោះទេ មានតែ​ជា​ប្រភេទ​ដំណាប់​ច្រើនជាង។ តែ​យ៉ាងណាក៏ដោយ បើទោះបីជា​ដំណាប់ ក៏​វា​មាន​ផ្ទុក​នូវ​សារធាតុ​វីតាមីន C , Beta Carotene និង​អាហារ​កាក​សរសៃ​ដូចគ្នា​ដែរ ដែល​លោកអ្នក​អាច​ពិចារណា​ក្នុងការ​ជ្រើសរើស​យកមក​ទទួលទាន​បាន​ដោយ​មិន​លំបាក​ចិត្ត។

    4. ក្រូច
    ក្រៅពី​រសជាតិ​ជូរ​ផ្អែម​នៃ​សាច់​ក្រូច​ហើយ​នោះ ក្រូច​ក៏​ជា​ផ្លែឈើ​ដែលមាន​ហ្វៃ​បឺ​រ​ច្រើន វីតាមីន​C ច្រើន និង​ជា​ប្រភេទ​ផ្លែឈើ​ដែល​ជួយ​បន្ថយ​អាការ​លើសឈាម​មួយ​ប្រភេទ​ទៀត​ដ៏​គួរឱ្យ​ចាប់អារម្មណ៍។ ក្រូច​ជា​ផ្លែឈើ​ដែល​ងាយ​រក​ទិញ​យកមក​ទទួលទាន ហើយ​វា​មាន​លក់​សឹងតែ​គ្រប់​រដូវ​កាល​តែម្ដង ហើយ​អ្វីដែល​សំខាន់​នោះ ផ្លែក្រូច​ក៏​ជា​ប្រភេទ​ផ្លែឈើ​ដែលមាន​ជាតិ​កាក​សរសៃ​អាហារ ដែល​អាច​បំ​លែង​ទៅជា​សារធាតុចិញ្ចឹម​ផ្សេងទៀត​បាន​យ៉ាង​ងាយ​ទៀតផង។

    5. ផ្លែ​បឺ​រ
    បឺ​រ ជា​ផ្លែឈើ​ដែលមាន​អាស៊ី​អូ​លិ​ក ដែលជា​អាស៊ីត​ជួយ​ក្នុងការ​គ្រប់គ្រង​អាការ​លើសឈាម​បាន​មួយ​កម្រិត។ ក្រៅពីនេះ វា​ក៏មាន​សារធាតុ​ប៉ូ​តា​ស្យូ​ម ហ្វូ​លេ​ត វីតាមីន C និង​ជាតិ​សរសៃ ដែល​សុទ្ធសឹង​ជា​ប្រភេទ​សារធាតុចិញ្ចឹម​ដែលជា​ជំនួយ​ដល់​បេះដូង និង​ប្រព័ន្ធ​សរសៃឈាម។ សំខាន់​ជាងនេះទៅទៀត អាស៊ីត​មួយ​ប្រភេទ​នេះ ក៏​ជួយ​កាត់បន្ថយ​សារធាតុ​ខ្លាញ់ និង​កូ​ឡេ​ស្តូ​រ៉​ល​ដែលមាន​នៅក្នុង​សរសៃឈាម​បាន​ថែម​ទៀតផង។ ទើប​វា​ត្រូវបាន​ជួយ​ដល់​ប្រព័ន្ធ​បង្ហូរឈាម នៅក្នុង​សារពាង្គកាយ​របស់​អ្នក​ឱ្យមាន​សភាព​ងាយស្រួល និង​ជួយ​គ្រប់គ្រង​អាការ​លើសឈាម​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

    6. ឪឡឹក
    បើតាម​ការសិក្សា​ស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល American Journal of Hypertension បាន​បង្ហាញថា ផ្លែ​ឪឡឹក​បាន​ជួយ​បញ្ចុះ​គ្រាប់​ឈាម​ចំពោះ​អ្នកជំងឺ​លើសឈាម រួមទាំង​អ្នកជំងឺ​ដែលមាន​អាយុ​ច្រើន​ផងដែរ ព្រោះ​នៅក្នុង​ផ្លែឈើ​មួយ​ប្រភេទ​នេះ​សម្បូរ​ទៅដោយ​សារធាតុ Beta Carotene ច្រើន​បំផុត។

    7. ផ្លែ​ត្រសក់ស្រូវ
    ផ្លែ​ត្រសក់ស្រូវ ជា​ផ្លែឈើ​ដែលមាន​សាច់​ពណ៌​ទឹកក្រូច​ខ្ចី មាន​សារធាតុ​ប្រឆាំង​រ៉ាឌីកាល់​សេរី​ដូចជា Beta Carotene ល្មម​សមគួរ និង​មាន​បរិមាណ​វីតាមីន C ច្រើន។ បើ​ត្រឹមតែ​ផ្លែ​ត្រសក់ស្រូវ ¼ នៃ​ផ្លែ​ទាំងមូល អ្នក​អាច​ទទួលបាន​វីតា​មីន​C គ្រប់គ្រាន់​តាមបរិមាណ​ដែល​រាងកាយ​ត្រូវការ​នៅក្នុង​មួយថ្ងៃ។ វា​ក៏​ជា​ប្រភេទ​ផ្លែឈើ​ដែល​ត្រូវបាន​គេ​ចាត់ទុក​ក្នុង​ការជួយ​បន្ថយ​អាការ​លើសឈាម​បានដែរ ព្រោះ​វា​នៅមាន​ជាតិ​កាក​សរសៃ​ច្រើន កាឡូរី​ទាប និង​ជួយ​រក្សា​ទម្ងន់​បាន​ប្រសើរ​ទៀតផង។

    8. ផ្លែ​គី​វី ( Kiwi )
    គី​វី ជា​ប្រភេទ​ផ្លែឈើ​ដែលមាន​គុណ​តម្លៃ​ខាង​អាហារ​យ៉ាង​អស្ចារ្យ សម្បូរ​ទៅដោយ​វីតាមីន C ប៉ូ​តា​ស្យូ​ម និង​ហ្វៃ​បឺ​រ ដែលមាន​គុណប្រយោជន៍​ចំពោះ​ការកាត់បន្ថយ​អាការ​លើសឈាម​បាន​យ៉ាង​ល្អ។ វា​ក៏មាន​គុណប្រយោជន៍​ជួយ​ព្យាបាល​អ្នក​ដែលមាន​អាការ​តឹង​ពោះ អាហារ​មិន​រំលាយ អ្នក​គួរតែ​សាកល្បង​ទទួល​ទានផ្លែឈើ​មួយ​ប្រភេទ​នេះ មួយថ្ងៃ​ពីរ​ផ្លែ​ជាប្រចាំដើម្បី​ជួយ​ដល់​ពោះវៀន និង​ក្រពះ​របស់​អ្នក។

    9. ផ្លែ​ទំពាំងបាយជូរ​ក្រៀម
    ការលើកឡើង​របស់ United States Department of Agriculture បាន​បង្ហាញថា ផ្លែ​ទំពាំងបាយជូរ​ក្រៀម​កន្លះ​ពែង​កាហ្វេមាន​សារធាតុ​ប៉ូ​តា​ស្យូ​ម​ដល់​ទៅ456មី​លី​ក្រាម ដែល​អាច​ចាត់ទុកជា​ប្រភេទ​ផ្លែឈើ​ដែលមាន​គុណប្រយោជន៍​ចំពោះ​ការកាត់បន្ថយ​អាការ​លើសឈាម​បាន​យ៉ាង​ប្រសើរ។ អ្នក​គួរ​ជ្រើសរើស​ផ្លែ​ទំពាំងបាយជូរ​ក្រៀម​ណា ដែលមាន​ការបញ្ជាក់​ពី​បរិមាណ​ស្ករ​ទាប ឬ​មិនគួរ​ទទួលទានច្រើន​លើស​កំណត់​ពេក​ឡើយ ព្រោះ​ជាតិ​ស្ករ​ដែលមាន​នៅក្នុង​ទំពាំងបាយជូរ​ក្រៀម​អាចធ្វើឱ្យ​អ្នក​ធាត់​បាន​ដោយ​មិនដឹង​ខ្លួន៕

  • អាជីវកម្ម​មិនមែន​ចេះតែ​បើក​តាម​នឹកឃើញ​នោះទេ មិន​ដូច្នោះ​ទេ​អ្នកនឹង​ទឹកភ្នែក​មិន​ខាន

    អាជីវកម្ម​មិនមែន​ចេះតែ​បើក​តាម​នឹកឃើញ​នោះទេ មិន​ដូច្នោះ​ទេ​អ្នកនឹង​ទឹកភ្នែក​មិន​ខាន

    មុន​ចាប់ផ្តើម​រកស៊ី​ចំណុច​សំខាន់បំផុត​ដែល​ត្រូវមាន គឺ​គំនិត​អាជីវកម្ម ហើយ​វា​គឺជា​ចំណុច​សំខាន់បំផុត​ព្រោះ​ដំណាក់កាល​ចាប់ផ្តើម​នេះ​ទាមទារ​ឱ្យមាន​ការយកចិត្តទុកដាក់ និង​ហេតុផល​ច្បាស់លាស់​ដើម្បី​រកស៊ី ដោយ​ដាក់ចិត្ត ដាក់​កាយ បញ្ចេញ​អស់​នូវ​កម្លាំង​ថាមពល និង​ជាពិសេស​ថវិកា​ដើម្បី​ធ្វើ​វា​ឱ្យ​ជោគជ័យ។

    លោក សេង ពិសិដ្ឋ អគ្គនាយក​ក្រុមហ៊ុន Anussa Event plainer បាន​លើកឡើងថា ជំនួញ​មិន​ខុសពី​ជំនាញ​នោះទេ គឺ​ចាំបាច់​ត្រូវការ​ការត្រៀមខ្លួន​ឱ្យបាន​ល្អ រៀនសូត្រ​ឱ្យបាន​ច្បាស់លាស់ និង​រៀបចំ​ឱ្យ​ហ្មត់ចត់ បើ​មិន​ដូច្នោះ​ទេ​យើង​នឹង​ខកចិត្ត។ មាន​អ្នកខ្លះ​ឃើញ​គេ​ជោគជ័យ ហើយ​ចេះតែ​នឹក​គិតថា​គំនិត​របស់ខ្លួន​អាច​ដើរ​បាន ឬ​អាច​កើតជា​លុយ​បាន ក៏​ខ្ចីលុយ​ឪពុកម្តាយ លក់​ផ្ទះ លក់​ឡាន ដើម្បី​ធ្វើ​ជំនួញ បន្ទាប់មក​កន្លះ​ឆ្នាំក្រោយ មាន​បញ្ហា​បែកបាក់​គ្រួសារ ព្រោះ​អ្វីដែល​គាត់​គិត មិន​ដូច​អ្វីដែល​ចេញ​មកជា​លទ្ធផល​ជាក់ស្តែង​នោះទេ។ ហេតុនេះ​មុននឹង​ធ្វើ​ជំនួញ​ត្រូវ​គិត​ឱ្យបាន​ច្បាស់លាស់​ជាមុនសិន​ថា តើ​យើង​រួចរាល់​ហើយ​ឬ​នៅ​សម្រាប់​ការធ្វើ​ជំនួញ? បើ​មិនទាន់​រួចរាល់​ទេ​សូម​សន្សំ​សិន​ទៅ។ សន្សំ​កន្លែង​នេះ​គឺ​ត្រូវ​សន្សំ​ធនធាន សន្សំ​កម្លាំង សន្សំ​បទពិសោធ និង​សន្សំ​ទំនាក់ទំនង ដើម្បី​ចេញ​ប្រឡូក​ក្នុង​ការរកស៊ី​ដែល​ពោរពេញ​ដោយ​គ្រោះថ្នាក់ និង​ការប្រកួតប្រជែង។

    លោក សេង ពិសិដ្ឋ អគ្គនាយក​ក្រុមហ៊ុន Anussa Event plainer

    លោក សេង ពិសិដ្ឋ បាន​និយាយថា៖ “ជំនួញមិនមែន​សម្រាប់​គ្រប់គ្នា​ទេ តែ​ជំនួញ​គឺ​សម្រាប់​មនុស្ស​ពូកែ តែ​សហគ្រិនភាព​អាច​ប្រើប្រាស់​សម្រាប់​គ្រប់គ្នា​បាន”។

    អគ្គនាយក​ក្រុមហ៊ុន​ខាងលើ​បានលើកឡើង​ផងដែរ​ថា នៅ​ស្រុក​ណា​ក៏​ដូច​ស្រុក​ណា​ដែរ អ្នក​ដែល​អាច​ទទួលជោគជ័យ​បាន​ទាល់តែ​ជា​អ្នកខ្លាំង និង​ពូកែ ដែលមាន​សមត្ថភាព​ក្នុង​ការធ្វើការងារលំបាកៗតស៊ូ ហើយ​ស្វិតស្វាញ​ខ្លាំង​ជាមួយនឹង​អ្វីដែល​ខ្លួន​ធ្វើ។ ហេតុនេះ​ជា​អ្នកជំនួញ​ចាំបាច់​ត្រូវតែ​ហ្មត់ចត់ហើយ​ខ្លាំង​អាច​ប្រឈមមុខ​ជាមួយនឹង​រឿងលំបាកៗជាច្រើន​នៅក្នុង​ពិភព​អាជីវកម្ម​ជាក់ស្តែង​មិនមែន​គ្រាន់តែ​គិត​នោះទេ តែ​ជា​អ្នកធ្វើ​សកម្មភាព​ជាក់ស្តែង និង​ដោះស្រាយ​បញ្ហា​ជាក់ស្តែង។ ជា​អ្នករកស៊ី​កុំ​គិតថា​គេ​ស្រួល ហើយ​កុំ​គិតថា​ធ្វើ​វា​ទាន់​មានឱកាសព្រោះ​គ្មានទេ​ឱកាសស្រាប់ៗសម្រាប់​អ្នករកស៊ី តែបើ​គេ​ជា​អ្នករកស៊ី​ពិតប្រាកដ​គេ​នឹង​ក្លាយជា​អ្នកបង្កើតឱកាស។ ពេលខ្លះ​យើង​គិតថា គំនិត​របស់​យើង​អាច​រកស៊ី​បាន ហើយ​អាចធ្វើឱ្យ​យើង​ក្លាយជា​អ្នកមាន តែ​ពេល​អនុវត្ត​ជាក់ស្តែង​ទើប​យើង​ដឹងថា ការរកស៊ី​ទូលំទូលាយ​ខ្លាំងណាស់ ព្រោះ​មាន​ហេតុផល 100ផ្សេងគ្នា​ដែល​ធ្វើឱ្យ​យើង​បរាជ័យ តែមាន​ហេតុផល​ត្រឹមតែ2 ឬ3ប៉ុណ្ណោះ​ដែល​ធ្វើឱ្យ​យើង​ជោគជ័យ ហេតុនេះ​កុំ​ជ្រួលជ្រើម​ដោយ​គ្មាន​មូលដ្ឋាន។

    ចំណុច​ល្អ​សម្រាប់​អ្នក​ទូទៅ​ដែល​មិនទាន់​ចេញ​រកស៊ី គឺអាច​កសាង​សហគ្រិនភាព​ដើម្បី​ធ្វើខ្លួន​ឱ្យ​ក្លាយជា​បុគ្គល​សំខាន់​ក្នុង​ស្ថាប័ន និង​កសាង​កេរ្តិ៍ឈ្មោះ​ឱ្យ​ល្អ (personal branding) ពី​ឥឡូវឱ្យ​ហើយ ព្រោះ​ប្រសិនបើ​យើង​មានគំនិត​សហគ្រិនភាពយើង​នឹង​ព្យាយាម​ធ្វើ​រឿងល្អៗជាច្រើន​ដើម្បី​ជួយ​ស្ថាប័ន​រហូត​យើង​ក្លាយជា​មនុស្សដែលសមជាងគេ​ក្នុង​ការដំឡើង​ប្រាក់ខែ ឬ​តួនាទី ហើយយើង​ក៏​ជាម​នុស្សដែល​មិន​បំផើម​ក្រុមហ៊ុន​គេ​ចោល​នោះទេ។ មនុស្ស​ដែល​ចេះ​សាង​ឈ្មោះ​ល្អ ជា​អ្នកដែលមាន​ទំនាក់ទំនង​ល្អ មិនមែន​សប្បាយ​ដូច​យុវជនយើងមួយចំនួនដែល​កំពុង​សប្បាយ​ចេញពី​មួយកន្លែង​ទៅមួយ​កន្លែង​ដោយហេតុ​ផល​គ្រាន់តែ​ប្រាក់ខែ​ខុសគ្នា​បន្តិចបន្តួច ឬ​មិន​ពេញ​ចិត្តនឹង​កន្លែង​ ដែល​ធ្លាប់​ធ្វើការនោះទេ តែ​គេ​ភាគច្រើន​ជាអ្នកដែល​បាន​បង្កើត​សមិទ្ធផល​ល្អ និង​រៀនសូត្រ​យ៉ាង​ល្អិតល្អន់ ស្របពេល​ដែល​គេ​កសាង​ទំនាក់ទំនង​ល្អ​សម្រាប់​ការធ្វើ​អាជីវកម្ម​ជាក់ស្តែង។ ពេលនោះ​យើង​នឹង​លែង​គិតថា ការរកស៊ី​មិនមែន​ត្រង់ភ្លឹង​ដែល​គ្រាន់តែ​គិត​ហើយ​ធ្វើ ក៏​ជោគជ័យ​នោះទេ តែ​វា​ពោរពេញ​ដោយ​ភាពបត់បែន​ខ្ពស់បំផុត។

    លោក ហ៊ុន ចាន់​សាន ស្ថាបនិក និង​ជានា​យក​ស្ថាបត្យករ​របស់​ក្រុមហ៊ុន Re-Edge Architecture & Design ការធ្វើ​អាជីវកម្ម គឺ​ចាំបាច់​ត្រូវតែ​ធ្វើ មាន​ហេតុផល​ច្បាស់លាស់ ហើយ​ប្រភេទ​អាជីវកម្ម​នោះ​ត្រូវតែ​ជា​អ្វីដែល​មានន័យ​សម្រាប់​ជីវិត​យើង និង​ស្របទៅតាម​ជំនាញ​ដែល​យើង​មាន។ លោក​បានបញ្ជាក់​ផងដែរ​ថា ដោយសារតែ​ឪពុកម្តាយ​លោក​ជា​អ្នកមាន​ធនធាន លោក​ក៏បាន​ទៅ​សិក្សា​នៅ​បរទេស​ដោយ​ចំណាយធនធាន​ផ្ទាល់ខ្លួន ហើយ​ក្រោយ​បញ្ចប់​ការសិក្សា តាមពិតទៅ​លោក​អាចធ្វើ​ការងារនៅ​បរទេស​បាន តែដោយសារ​តែ​លោក​គិតថា អាជីព​ជា​ស្ថាបត្យករ គឺមាន​លក្ខណៈ​ផ្ទាល់ខ្លួន ប្រសិនបើ​លោក​ធ្វើ​បម្រើ​ការងារ​នៅ​បរទេស លោក​គ្រាន់តែ​ជា​អ្នកជំនាញ​ធ្វើការ​ឱ្យគេ​តែប៉ុណ្ណោះ ហេតុនេះ​លោក​ក៏​បានមក​កម្ពុជា​វិញ​ដើម្បី​ធ្វើជា​សាស្ត្រាចារ្យ មុនពេល​ប្រឡូក​ក្នុង​អាជីវកម្ម​ផ្ទាល់ខ្លួន។

    លោក ហ៊ុន ចាន់​សាន នា​យក​ស្ថាបត្យករ​ក្រុមហ៊ុន Re-Edge Architecture & Design

    លោក ហ៊ុន ចាន់​សាន បាន​និយាយថា៖ “ខ្ញុំ​ជឿថាអ្នក​ទាំងអស់គ្នា​ប្រហែល​បានឃើញ​ភាពជោគជ័យ​របស់ខ្ញុំ បានឃើញ​នូវ​អ្វីដែល​ខ្ញុំ​បានទទួល ហើយ​ប្រហែលជា​ឆ្ងល់​ហើយ​ថា ហេតុអ្វី​បានជា​ខ្ញុំ​ធ្វើបាន?។ តែ​អ្នក​ទាំងអស់គ្នា​អាច​ភ្លេច​ពី​ឧបសគ្គ​ដែល​ខ្ញុំ​បាន​ជួប​យ៉ាងច្រើន”។

    លោក ចាន់​សាន បានលើកឡើង​ផងដែរ​ថា បើ​និយាយ​ពី​អាជីវកម្ម​របស់លោក គឺ​បែង​ចែកចេញជា 2ដំណាក់កាល។ ដំណាក់កាល​ដំបូង គឺជា​ដំណាក់-​កាលដែល​ធ្វើ​អាជីវកម្ម​ជាមួយនឹង​ម្ចាស់​ភាគហ៊ុន​ដទៃទៀត និង​ដំណាក់កាល​ទី2 គឺ​ដំណាក់កាល​ដែលមាន​សេរីភាព​ក្នុងការ​គ្រប់គ្រង​ក្រុមហ៊ុន​ដោយ​ខ្លួនឯង។ ដំបូង​ឡើយ​ក្រុមហ៊ុន​របស់លោក​មាន​ម្ចាស់​ហ៊ុនធំៗចំនួន 3នាក់​ដោយ​ក្នុងនោះ​លោក​ជា​ស្ថាបត្យករ ម្នាក់ទៀត​ជា​វិស្វករ និង​ម្នាក់ទៀត​ជា​អ្នក​ដែលមាន​ជំនាញ​រកស៊ី។ តែ​ក្រោយមក​ដោយសារតែ​មានប​ញ្ហា​មួយចំនួន​ដែលជា​បញ្ហា​ផ្ទៃក្នុង ដែលមាន​ភាពយឺតយ៉ាវ​ក្នុងការ​សម្រេច​ការងារ​នានា​មុននឹង​យក​ផលិតផល​ឱ្យ​អតិថិជន និង​បញ្ហា​ផ្សេងទៀត​ដែល​អ្នកជំនាញ​ខាង​រកស៊ី​មិនសូវ​ឱ្យ​តម្លៃ​ខាង​ស្ថាបត្យកម្ម គឺ​គេ​គិតតែ​ពី​ការ​រកលុយ​ឱ្យបាន​ច្រើនស្របពេល​ដែល​លោក​គិតពី​ការ​ផ្តោតលើ​មោទនភាព​នៃ​អាជីព ក៏​ធ្វើឱ្យ​មានការ​ប្រេះឆា។ ម្យ៉ាងវិញទៀត ដៃគូ​អាជីវកម្ម​គេ​នៅពេលដែល​រកស៊ីយូរៗទៅ​ក៏មាន​គំនិត​ចង់​ធ្វើ​អ្វី​ផ្សេង និង​ស្រប​ពេលដែល​មានការ​លូកដៃ​ពី​ឪពុកម្តាយ​របស់គាត់​ក៏​ធ្វើឱ្យមាន​បញ្ហា​កើតឡើង រហូតដល់​ទ្រាំ​រយៈពេល 4ឆ្នាំ​ជាមួយគ្នា មុននឹង​សម្រេចចិត្ត​បែក​គ្នា។

    បណ្តុំហាងលក់ទំនិញមួយកន្លែងក្នុងរាជធានីភ្នំពេញ

    ក្នុង​កាលៈទេសៈ​នោះ ដោយសារតែ​លោក​ជា​អ្នក​ស្រឡាញ់​អាជីវកម្ម​ស្ថាបត្យកម្ម​នេះ​ខ្លាំង ហើយ​ឈ្មោះ​ដែល​ដាក់​នោះ​មានន័យ​ខ្លាំង​សម្រាប់​ជីវិត​លោកត្រូវ​ទទួលបន្ទុក​ទិញ​ហ៊ុន​ពី​ដៃគូ​ក្នុង​រយៈពេល​ខ្លី។ ដំណាក់​កាលនោះ គឺជា​ដំណាក់កាល​លំបាក​មួយ ហើយ​អ្វីដែល​កាន់តែ​ប្រឈម​ទៅទៀត​នោះ គឺ​លោក​ត្រូវ​លូកដៃ​ទៅក្នុង​រឿង​ជាច្រើន​ទៀត​ដូចជា​ត្រូវ​ទៅគ្រប់​គ្រង​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​ក្រុមហ៊ុន ផ្នែក​ទីផ្សារ ផ្នែក​ហិរញ្ញវត្ថុ ផ្នែក​រដ្ឋបាល និង​ផ្នែកផ្សេងៗទៀត​របស់​ក្រុមហ៊ុន​បន្ថែម​ពីលើ​ផ្នែកស្ថាបត្យកម្ម​ដែល​លោក​មាន​ជំនាញ។ នៅពេលនោះ​មានកំហុសជាច្រើន​បានកើត​ឡើង​នៅក្នុងដំណើរការ​ក្រុមហ៊ុន តែ​លោក​នៅតែ​មានគំនិត​មួយ​ថា បើ​គេ​គិតថា​គាត់​មិនអាច​ធ្វើបាន លោកនឹងត្រូវ​បង្ហាញថា អាជីព​ជា​ស្ថាបត្យករ​ក៏​អាច​គ្រប់គ្រង​អាជីវកម្ម ឬ​ដើរតួ​ជា​អាជីវករ​បានដែរ។ ហេតុនេះ​បន្តិចម្តងៗ លោក​បានប្រែក្លាយ​បញ្ហា​ប្រឈម​ទាំងនោះ​ដោយ​ទ្រាំ​សិក្សា​ពី​ផល​លំបាក​ទាំងអស់នោះរហូត​ដំណើរការ​ក្រុមហ៊ុន​នោះ​ដោយមាន​តុល្យភាព៕

  • ប្រាក់កម្ចី និង​ប្រាក់​បញ្ញើ​ក្នុង​វិស័យ​ធនាគារពាណិជ្ជ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន​កំណើន​លូតលាស់​រឹងមាំ

    ប្រាក់កម្ចី និង​ប្រាក់​បញ្ញើ​ក្នុង​វិស័យ​ធនាគារពាណិជ្ជ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន​កំណើន​លូតលាស់​រឹងមាំ

    វិស័យ​ហិរញ្ញវត្ថុ​ក្នុងស្រុក​បាន​បន្ត​កំណើន​យ៉ាងខ្លាំង​ដែលថ្មីៗនេះ​ធនាគារជាតិ​នៃ​កម្ពុជា (NBC = National Bank of Cambodia) បានបង្ហាញ​ពី​ធនាគារពាណិជ្ជ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ (MFIs)ដែល​កំពុង​ត្រូវបាន​មើលឃើញថា កំណើន​ឥណទាន និង​ប្រាក់​បញ្ញើ​មាន​កំណើន​លូតលាស់​រឹងមាំ​នៅ​ឆមាស​ទី1 ឆ្នាំ2018។ នេះ​បើ​យោងតាម​របាយការណ៍​ពាក់កណ្តាល​ឆ្នាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា (NBC) ។

    បច្ចុប្បន្ននេះ​មាន​គណនី​ប្រាក់​បញ្ញើ 5.6 លាន​នៅក្នុង​ធនាគារពាណិជ្ជ និង​MDI និង​គណនី​ប្រាក់កម្ចី 2,6 លាន​នៅក្នុង​ធនាគារពាណិជ្ជ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ។ នៅក្នុង​ធនាគារពាណិជ្ជ​ និង​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬ​MDIs(Microfinance Deposit-taking Institutions)ប្រាក់​បញ្ញើ​បាន​កើនឡើង22% ដែលមាន​ចំនួន​ច្រើនជាង 21ពាន់​លាន​ដុល្លារ ខណៈ​ប្រាក់កម្ចី​កើនឡើង18,8%ស្មើនឹង​ជិត22,5ពាន់​លាន​ដុល្លារ។ទន្ទឹមនឹងនោះ ក្នុង​វិស័យ​ធនាគារ​ប្រាក់កម្ចី​ភាគច្រើន​បាន​លក់រាយ(17,4%)លក់ដុំ(11,7%)សំណង់(9,9%) និង​កសិកម្ម ព្រៃឈើ និង​ជលផល(9,8%)។

    របាយការណ៍​ក៏បាន​បញ្ជាក់ដែរថា ប្រាក់កម្ចី​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​បាន​កើនឡើង 4.85 ពាន់​លាន​ដុល្លារ​ក្នុងអំឡុង​ឆមាស​ទីមួយ​នៃ​ឆ្នាំ2018 ពោលគឺ​កើនឡើង34.2%។ ប្រជាជន​កម្ពុជា​រហូត​ដល់ 1.8លាន​នាក់​បាន​ខ្ចីប្រាក់​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​ចំណុច​ខ្លះ​អំឡុង​ឆមាស​ទីមួយ​នៃ​ឆ្នាំនេះ។ ប្រាក់កម្ចី​ភាគច្រើន​ត្រូវបាន​យកចេញ​ដោយ​សហគ្រិនតូចៗនៅក្នុង​វិស័យ​កសិកម្ម (23.8%) ពាណិជ្ជកម្ម(18.2%) សេវាកម្ម (10.3%)ការដឹកជញ្ជូន(4.7%) និង​សំណង់(4.3%)។

    របាយការណ៍​នេះ​បានឱ្យដឹង​ទៀតថា “គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បានធ្វើឱ្យ​សេវា​ហិរញ្ញវត្ថុ​របស់ខ្លួន​មាន​លក្ខណៈ​ចម្រុះ​បែប​ជាមួយ​សេវា​ផ្ទេរប្រាក់​ធនាគារ​ចល័ត សេវា​អេ​ធី​អឹម និង​សេវា​ធានារ៉ាប់រង​ខ្នាតតូច”។ ការគ្រប់គ្រង​ប្រាក់កម្ចី​នៅតែមាន​ប្រសិទ្ធភាព​ដោយសារតែ​កម្រិត​នៃ​ប្រាក់កម្ចី​មិន​ដំណើរការ​គឺមាន​កម្រិត​ទាប 3.1 ភាគរយ​សម្រាប់​ធនាគា​រ និង5ភាគរយ​សម្រាប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ។

    ទ្រព្យសកម្ម​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​បាន​កើនឡើង17.5%(ឆ្នាំ​លើ​ឆ្នាំ)ដល់149ទ្រី​លាន​រៀល ដែល​គាំទ្រ​ដោយ​កំណើន​មូលនិធិ​កម្ចីដើមទុន​របស់​គ្រឹះស្ថាន និង​ប្រាក់​បញ្ញើ​របស់​អតិថិជន។ មូលនិធិ​កម្ចី​បាន​កើនឡើង29% ដល់15.8ទ្រី​លាន​រៀល ដើមទុន​មាន​កំណើន23.3% ដល់17.5ទ្រី​លាន​រៀល ប្រាក់​បញ្ញើ​របស់​អតិថិជន21.9%ដល់86.6ទ្រី​លាន​រៀល និង​ឥណទាន​កើនឡើង18.8% ដល់90.8ទ្រី​លាន​រៀល។ ទន្ទឹមនឹងនេះ​ចំនួន​គណនី​ប្រាក់​បញ្ញើ​បាន​កើនឡើង​ដល់5.6លាន​គណនីហើយ​គណនី​ឥណទាន​មាន​ចំនួន 2.6លាន​គណនី។

    ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ និង​ការកើនឡើង​នៃ​តម្រូវការ​ពី​ប្រជាជន​កម្ពុជា​បាន​ជំរុញ​ឱ្យ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​អភិវឌ្ឍ និង​ធ្វើឱ្យ​ប្រសើរឡើង​ដោយ​ការបង្កើត​សាខា​បន្ថែម​សេវាកម្ម​ជាច្រើន​ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​គុណភាព​នៃ​ផលិតផល និង​ប្រតិបត្តិ​ការបង្កើន​សាច់ប្រាក់ និង​ពង្រឹង​អភិបាលកិច្ច​ល្អ។ នេះ​ជាការ​ឆ្លុះបញ្ចាំង​ថា គ្រឹះស្ថាន​មីក្រូ-ហិរញ្ញវត្ថុ និង​វិស័យ​ធនាគារ​នៅតែ​បន្ត​បង្ហាញ​ពី​កំណើន​ដ៏​រឹងមាំ និង​មាន​សុខភាព​ល្អ​ដែល​ឆ្លុះបញ្ចាំង​ពី​ការពិត​ដែលថា មាន​ដើមទុន និង​សាច់ប្រាក់​គ្រប់គ្រាន់។

    លោកជំទាវ ជា សិរី អគ្គនាយិកា​នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ថ្លែងថា ហានិភ័យ​នៅក្នុង​ឧស្សាហកម្ម​ធនាគារ​ត្រូវបាន​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព​ដែល​បានធ្វើ​ឱ្យមាន​កំណើន​យ៉ាងរឹងមាំ។

    លោកជំទាវ ជា សិរី អគ្គនាយិកា​នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​

    លោកជំទាវ​បានមានប្រសាសន៍ថា៖ “បច្ចុប្បន្ន​ប្រទេស​កម្ពុ​ជាមាន​តុល្យភាព​នៃ​ការទូទាត់​ប្រាក់​លើសពី 289.4 លាន​ដុល្លារ ឬ2.4% នៃ​ផលិតផល​ក្នុងស្រុក​សរុប​ដែល​ទាប​ជាង​កាលពី​ឆ្នាំមុន​នៅពេល​វា​មាន​ចំនួន 8.5% នៃ​ផលិតផល​ក្នុងស្រុក​សរុប”។

    ទោះជា​ឱនភាព​គណនី​ចរន្ត​បាន​កើនឡើង​ពី 8.4 ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ផ.ស.ស​ក្នុងអំឡុង​ពាក់កណ្ដាល​ទីមួយ​នៃ​ឆ្នាំ2017 ដល់9.5ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប (1.1 ពាន់​លាន​ដុល្លារ)នាពេល​បច្ចុប្បន្ន​ក្ដី ក៏​លំហូរ​នៃ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​បាន​កើនឡើង28.4% ដែរ​ក្នុងអំឡុងពេល 6ខែ​ដំបូង​នៃ​ឆ្នាំនេះ។

    បច្ចុប្បន្ន​គិត​ត្រឹម​ពាក់កណ្តាល​ឆ្នាំ2018 ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ព្រមទាំង​គ្រឹះស្ថាន​ឥណទាន​ជនបទ​នៅ​កម្ពុជា​សរុប​មាន​ចំនួន433។ ក្នុង​របាយការណ៍​បញ្ជា​ក់ថា បច្ចុប្បន្ន​នៅ​កម្ពុ​ជាមាន​ធនាគារ54 រួមមាន ធនាគារពាណិជ្ជ39(ធនាគារ​បរទេស12 ធនាគារ​ក្នុងស្រុក12 និង​បុត្រ​សម្ព័ន្ធ​ធនាគារ 15) រួមទាំង​ធនាគារ​ឯកទេស​ចំនួន15(ធនាគារ​រដ្ឋ1)។ ចំណែក​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​វិញ មាន​ចំនួន​សរុប 379 ក្នុងនោះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន​មាន 7ស្ថាប័ន គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ 70ស្ថាប័ន និង​គ្រឹះស្ថាន​ឥណទាន​ជនបទ​ចំនួន 302ស្ថាប័ន។ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បានធ្វើ​ប្រតិបត្តិការគ្រប​ដណ្តប់​ទូទាំង​រាជធានី-ខេត្ត​ដោយមាន​ការិយាល័យ​សរុប​ចំនួន1,375កន្លែង និង​បានផ្តល់​ការងារ​ដល់​បុគ្គលិក​ចំនួន32,171នាក់។

    បន្ថែម​ពីលើ​នេះ បណ្តាញ​ប្រតិបត្តិការ​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ នៅតែ​បន្ត​ពង្រីក​នៅតាម​តំបន់​នានា ជាពិសេស​តំបន់​ជនបទ ដែល​បានរួម​ចំណែក​យ៉ាងសំខាន់​ដល់​យន្តការ​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ និង​កម្រិតជីវភាព​ប្រជាជន និង​បាន​ឆ្លើយតប​ទៅនឹង​តម្រូវការ​សេវា​ហិរញ្ញវត្ថុ​របស់​អតិថិជន​ក្នុងការ​ប្រកប​អាជីវកម្ម​ប្រចាំថ្ងៃ។ ជាក់ស្តែង​សព្វថ្ងៃនេះ គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ មាន​សាខា​រហូត 2,262កន្លែង និង​ម៉ាស៊ីន​ដក និង​ដាក់​ប្រាក់​ស្វ័យប្រវត្តិ​អេ​ធី​អឹម (ATM) ចំនួន1,910ម៉ាស៊ីន៕

  • ផ្លែមៀន​ខ្មែរ​សាច់​ក្រាស់ រសជាតិ​ផ្អែមឈ្ងុយ លក់បានថ្លៃ

    ផ្លែមៀន​ខ្មែរ​សាច់​ក្រាស់ រសជាតិ​ផ្អែមឈ្ងុយ លក់បានថ្លៃ

    កសិករ​ដាំ​មៀន​បានបង្ហាញ​ពី​ក្តី​រីករាយ ខណៈដែល​រដូវ​ប្រមូល​ផល​មៀន​មកដល់ ដើម​មៀន​បានផ្តល់​ផ្លែ​ច្រើន​ដែលមាន​សាច់​ក្រាស់​ល្អ មាន​រសជាតិ​ឈ្ងុ​ញ​ឆ្ងាញ់ និង​មានការ​គាំទ្រ​ខ្លាំង​ពី​អ្នក​បរិភោគ​នៅលើ​ទីផ្សារ និង​លក់បាន​ថ្លៃ​ខ្ពស់​ទ្វេដង បើ​ធៀប​នឹងមៀន​នាំចូល​ពី​ប្រទេសជិតខាង។

    អ៊ំស្រី សួស សំអាត រស់នៅ​ក្នុងភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ដែល​ទើប​កាត់​ចេញពី​ខេត្តកណ្តាល​ចូលមក​ទឹកដី​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ មានប្រសាសន៍ថា ដើមឡើយ​អ៊ំស្រី​រស់នៅ​សហរដ្ឋអាមេរិក​ជាមួយកូនៗឯណោះ​ទេ ប៉ុន្តែ​ដោយសារ​ចង់​រស់នៅ​ស្រុក​ខ្មែរ​ជាង ទើប​អ៊ំស្រី​បានមក​ទិញ​ដី​របស់​អ្នកភូមិ​ខាងលើ​ដែលមាន​ទទឹង 10ម៉ែត្រ និង​បណ្តោយ 160ម៉ែត្រ ដែលមាន​ដើម​មៀន​ផ្លែ​ស្រាប់ និង​ដំណាំ​គួបផ្សំផ្សេងៗមួយចំនួនទៀត។

    អ៊ំស្រី សួស សំអាត

    ក្រោយពី​ទិញ​ដី និង​មក​រស់នៅ​ទីនេះ​មិនបាន​មួយឆ្នាំ​ផង ដើម​មៀន​ក៏​ចាប់ផ្តើម​ហុច​ផល ហើយ​អាច​បេះ​លក់បានបណ្តើរៗតាំងពី​ពេលនោះ​មក ដោយមាន​ការគាំទ្រ​ច្រើន​ពី​អ្នកធ្វើដំណើរ​ឆ្លងកាត់​ភូមិ តែង​ឈប់​រថយន្ត-ម៉ូតូ​ទិញ​ជា​ហូរហែ​ឥត​ដាច់ និង​លក់​មិនដែល​សល់​ទេ ហើយ​ថែមទាំង​លក់បាន​ថ្លៃ​ជាង​មៀន​ធម្មតា​នៅលើ​ទីផ្សារ​ទៀតផង។ ពោលគឺ ពេល​ដើមរដូវ 1គីឡូ​ថ្លៃ 15,000 ទៅ20,000រៀល និង​កណ្តាល​រដូវ​នេះ​អាចមាន​តម្លៃ​ចន្លោះ​ពី10,000 ទៅ15,000រៀល។ “មៀន​របស់​អ្នកភូមិ​ចំពុះក្អែក ក៏ដូចជា​អ្នកភូមិ​កោះក្របី​ដែរ គឺជា​មៀន​ធម្មជាតិពិតៗ មិន​ប្រើ​ថ្នាំ​គីមី​បញ្ជា​ឱ្យចេញ​ផ្លែ​នោះទេ វា​មាន​សាច់​ក្រាស់ និង​មាន​រសជាតិ​ផ្អែម​ឈ្ងុយ ហើយ​មាន​បងប្អូន​ខ្មែរ​យើង​មក​ទិញ​ដល់ផ្ទះ មិនបាច់​យកទៅលក់​នៅ​ផ្សារ​នាំ​លំបាក​ទេ គឺ​បេះ​លក់​តែ​មុខផ្ទះ​ខ្លួនឯង​ក៏មាន​អ្នកធ្វើដំណើរ​មក​ឈប់​ទិញ​ជា​ហូរហែ​ជាប់​មិន​ដាច់​រៀងរាល់ថ្ងៃ” អ៊ំស្រី សំអាត បន្ថែម។

    ក្រោយពី​ឃើញ​មៀន​ខ្មែរ​ផ្លែ​ល្អ និង​មានការ​គាំទ្រ​ច្រើន​ដូច្នេះ អ៊ំស្រី​បាន​ទិញ​ដី​អ្នកភូមិ​នៅ​ទល់មុខ​នោះ​ទៀត ហើយ​ដាំ​មៀន​ឱ្យបាន​កាន់តែ​ច្រើនឡើង ដែល​រហូតមកទល់​ស​ព្វ​ថ្ងៃ អ៊ំស្រី​ដាំ​បាន​ប្រមាណ​ជិត 20ដើម​ទៀតហើយ ដែល​ដើមតូចៗអាច​ប្រមូល​ផល​បាន​ប្រហែល100 ទៅ200គីឡូ និង​ដើម​ធំ​អាច​បាន​ចន្លោះ​ពី 200គីឡូ ទៅ400គីឡូ​ក្នុងមួយឆ្នាំៗ ដោយមួយឆ្នាំៗ វា​នឹង​ផ្តល់​ផល 2ដង។ លើក​ទី1 ចាប់ផ្តើម​ផ្លែ ចន្លោះ​ពី​ខែមករា ដល់​ខែមេសា និង​លើក​ទី2 ផ្តល់​ផល​ចន្លោះ​ពី​ខែមិថុនា ដល់​ខែកញ្ញា​រៀងរាល់ឆ្នាំនីមួយៗ ដូច្នេះ​គ្រាន់តែ​ប្រមូល​ផល​មៀន​ក្នុងមួយឆ្នាំៗ ក៏​អាចធ្វើឱ្យ​ជីវភាព​គ្រួ​សារបាន​ធូរធារ​ដែរ មិនចាំបាច់​ចំណាយលុយ​ទិញ​ថ្នាំ​គីមី​បាញ់​នោះទេ គ្រាន់តែ​ជួល​គេ​ឱ្យ​ឡើង​កាច់​មែក​ចាស់​ចេញ មែក​ថ្មី​ក៏​នឹង​លាស់​ស្លឹក​ខ្ចី​ឡើង ហើយ​ផ្តល់​ផ្លែផ្កា​ច្រើន​មិន​ខាន។

    សកម្មភាពអ៊ំប្រុស កំពុងបះផ្លែមៀន

    ជាមួយគ្នានេះដែរ អ្នកស្រី សុខ វ​ណ្ណី អាជីវករ​ទិញ​ផ្លែ​មៀន​លក់​បន្ត ក៏បាន​ឱ្យដឹង​ដែរ​ថា មៀន​ហុច​ផល​តិច​នៅ​រដូវប្រាំង ចន្លោះ​ពី​ខែមករា ដល់​ខែមេសា និង​ហុច​ផល​ច្រើន​ពេលចេញ​ផ្លែ​លើក​ទី2 ចន្លោះ​ពី​ខែមិថុនា ដល់​ខែកញ្ញា។ អ្នកស្រី​បន្តថា នៅពេលដែល​មៀន​មិនសូវ​ឱ្យ​ផល ផ្លែ​មៀន​ខ្មែរ​លក់បាន​តម្លៃ​ខ្ពស់ជាពិសេស​ក្នុង​រដូវ​បុណ្យទាន ដូចជា​ចូលឆ្នាំ​ចិនយើង​អាច​លក់បាន​ចន្លោះ​ពី 20,000រៀល ទៅ30,000រៀល​ក្នុង​មួយ​គីឡូក្រាម ឬ​បើ​មាន​តម្រូវការ​ខ្លាំង​អាច​លក់រាយ​បាន​ដល់ 40,000រៀល​ក្នុង​មួយ​គីឡូក្រាម​ក៏មានដែរ។ ប៉ុន្តែ​សម្រាប់​រដូវ​ដែល​កំពុង​ប្រមូល​ផល​នេះ អាច​លក់បាន​ចន្លោះ​ពី 13,000រៀល ទៅដល់16,000រៀល ដែល​លក់រាយ​ខ្លះ និង​មួយចំនួនទៀត​បោះ​ឱ្យ​ម៉ូយ​យកទៅលក់​បន្ត​នៅក្នុង​រាជធានី​ភ្នំពេញ។

    អ្នកស្រី​បញ្ជាក់ថា នៅ​រៀង​រាល់ពេល​ដែលមៀន​ផ្តល់​ទិន្នផល គ្រួសារ​គាត់​តែង​ដើរ​ប្រមូល​ទិញ​ផ្លែ​មៀន​ពី​អ្នកភូមិ ដែលជា​មៀន​ធម្មជាតិ​គ្មាន​ជាតិគីមី100% យកមក​លក់រាយ​បន្ត​មួយចំនួន និង​មួយចំនួនធំ​បោះ​ឱ្យ​ម៉ូ​យមក​ទិញ​ដល់​កន្លែង ដោយ​មិនចាំបាច់​ដឹក​ទៅ​លក់​នាំ​ខាត​ពេល​នោះទេ ហើយ​អាច​រកប្រាក់​ចំណូល​បាន​គួរសម​សម្រាប់​ដោះស្រាយ​ជីវភាព​នៅក្នុង​គ្រួសារ​ផងដែរ។

    គួរ​បញ្ជាក់ថា អ្នកភូមិ​ចំពុះក្អែក និង​អ្នកភូមិ​កោះក្របី និយម​ដាំ​ដើម​មៀន​តាមរបៀប​ធម្ម​ជាតិ​នៅមុខ​ផ្ទះ ឬ​ក្រោយ​ផ្ទះ​ក្នុង​ដីឡូត៍នីមួយៗ ដើម្បី​ឱ្យមាន​ម្លប់​ត្រជាក់​ដល់​ការរស់នៅ​ផង និង​ផ្តល់​ផ្លែផ្កា​ដើម្បី​លក់បាន​ប្រាក់ចំណូល​ច្រើន​គួរសម​សម្រាប់​លើកកម្ពស់​ជីវភាព​គ្រួសារ​ទៀតផង ដោយ​ក្នុង​មួយដើមៗ បើសិនជា​ម៉ៅ​ដាច់​ឱ្យ​ម៉ូយ​ក៏​អាច​បាន​ប្រាក់ 100ដុល្លារ​ជាង​ដែរ​ក្នុង​មួយរដូវ។

    ដើម​មៀន​ត្រូវបាន​គេ​ដាំ​ឆ្ងាយ​ពីគ្នា​ពីមួយ​ដើម ទៅមួយដើមៗប្រវែង 5ម៉ែត្រ ដែល​ការ​ទុកចន្លោះ​ដី​ឱ្យនៅ​សល់​ធំ​បែបនេះ គឺ​ដោយសារតែ​ដើម​មៀន​ជា​រុក្ខជាតិ​ដែលមាន​មែក​បែក​សាខា​នៅពេល​វា​ធំ​ឡើង។

    ចាប់តាំងពី​ពេល​ដាំ ប្រសិនបើ​គេ​ឧស្សាហ៍​ជ្រុំដី​ដាក់​ជី​នៅតាម​គល់​របស់​វា នោះ​ដើម​មៀន​នឹង​ឆាប់​ធំ ហើយ​ត្រឹម​តែមួយ​ឆ្នាំកន្លះ​ប៉ុណ្ណោះ វា​នឹង​ផ្តល់​ផល​ជាបណ្តើរៗ ហើយ​ដើម​មៀន​ជា​រុក្ខជាតិ​ដែលមាន​អាយុ​វែង និង​ហុច​ផល​ឱ្យ​យើង​ប្រមូលបាន​ដល់ 30ឆ្នាំ​ក៏​មិនទាន់​ងាប់​ដើម​ទៅវិញ​ផង៕

  • ទីតាំង​មាត់ច្រាំង​ជិត​ផ្សារ​រាត្រី​នឹង​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មិន​ចាញ់​សិង្ហ​បុរី

    ទីតាំង​មាត់ច្រាំង​ជិត​ផ្សារ​រាត្រី​នឹង​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មិន​ចាញ់​សិង្ហ​បុរី

    តំបន់​មាត់ទន្លេ​ជិត​ផ្សារ​រាត្រី​ដែល​បច្ចុប្បន្ន​ជា​កម្មសិទ្ធិ​របស់​កំពង់​ផែ​ស្វយ័ត​រាជធានី​ភ្នំពេញ ដែលមាន​ឃ្លាំង​សំណង់ និង​អគារចាស់ៗសម្រាប់​ស្តុក​ទំនិញ​នឹង​ក្លាយទៅជា​តំបន់​ដែលមាន​សំណង់​អគារ​ពាណិជ្ជកម្ម​ចម្រុះខ្ពស់ៗល្អផ្តាច់គេ​ក្នុង​រាជធានី​ភ្នំពេញ និង​មិន​ចាញ់​អគារ​ពាណិជ្ជកម្មខ្ពស់ៗនៅជាប់​មាត់សមុទ្រ​ក្នុងប្រទេស​សិង្ហ​បុរី​នោះទេ ខណៈដែល​និន្នាការ​សំណង់​នៅ​កម្ពុជា ជាពិសេស​ក្នុង​ទីក្រុង​ភ្នំពេញ និង​បរិមណ្ឌល​នៅតែ​បន្ត​រីកលូតលាស់​ឥតឈប់ឈ​រ។

    មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​នេះ​នឹង​សាងសង់​នៅពេលឆាប់ៗដោយ​ក្រុមហ៊ុន ចៀន ឈឹង ថៃ គ្រុបជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Yuetai Group ដែលជា​ក្រុមហ៊ុន​លំដាប់​យក្ស​របស់​ចិន​នៅលើ​ដី​ដែលជា​អតីត​កំពង់ផែ​ស្វយ័ត​ភ្នំពេញ បន្ទាប់ពី​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ស្ដីពី​ការជួល​ដី​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ចាប់ពី​គល់ស្ពាន​ជ្រោយចង្វារ​មកដល់​ផ្សារ​រាត្រី ដើម្បី​អភិវឌ្ឍ​ជា “មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ The City Gate” ដែលមាន​តម្លៃ​ជាង16ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក។

    តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​បាន​បញ្ជាក់ថា កិច្ចសន្យា​នេះ​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី29 ខែមិថុនា ឆ្នាំ2018 ដែលមាន​កំណត់​ក្នុង​អនុក្រឹត្យ​លេខ32 អនក្រ.បក ចុះ​ថ្ងៃទី9 ខែមីនា ឆ្នាំ2018 ស្ដីពី​ការធ្វើ​អនុ​ប​យោគ​ទីតាំង​ដី​បណ្ដោយ​ទន្លេសាប​ពី​ស្ពាន​ជ្រោយចង្វារ​មកដល់​ផ្សារ​រាត្រី។

    គម្រោង​អភិវឌ្ឍន៍​ជា “មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ The City Gate” នេះ រួមមាន ទី1.ជា​អគារ​បណ្ដុំ​ការិយាល័យ​ពាណិជ្ជកម្ម។ ទី2.ជា​អគារ​មជ្ឈមណ្ឌល​សិល្បៈ។ ទី3.ទីធ្លា​សម្ដែង​វប្បធម៌​សិល្បៈ។ ទី4.ទីធ្លា​សម្រាប់​បាញ់​ទឹក។ ទី5.ទីធ្លា​សម្រាប់​រាំ​របាំ​ទឹក និង​ផ្សារ​អណ្ដែត​ទឹក។ ទី6.សួន​កំពង់ផែ។ ទី7.ទីធ្លា​កម្សាន្ដ និង​សួនច្បារ​សាធារណៈ។ ទី8.មជ្ឈមណ្ឌល​ទេសចរណ៍។ ទី9.រាជធានី​ភ្នំពេញ​ដ៏ឆ្លាត​វៃ។ ទី10.ការិយាល័យ​បច្ចេកវិទ្យា។ ទី11.អគារ​ស្នាក់នៅ​រួម​បែប​វប្បធម៌។ ទី12.អគារ​ស្នាក់នៅ​រួម​បែប​ច្នៃប្រឌិត​ទំនើប និង​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ និង​ទី13.សាល​តាំងពិព័រណ៍ មជ្ឈមណ្ឌល​បេតិកភណ្ឌ​អរូបី និង​សិប្បកម្ម និង​វិចិត្រសាល​បែប​វប្បធម៌​ព្រះពុទ្ធសាសនា និង​សកម្មភាពផ្សេងៗទៀត។

    កិច្ចសន្យាជួល​នេះ​មាន​រយៈពេល 50ឆ្នាំ ដោយ​គិត​ចាប់ពី​ថ្ងៃទី29 ខែមិថុនា ឆ្នាំ2018 រហូតដល់​ថ្ងៃទី28 ខែមិថុនា ឆ្នាំ2068។ ប្រាក់​ឈ្នូ​ល​លើ​ការជួល​ដី​នេះ គឺជា​ការបង់ប្រាក់​ឈ្នួល​ផ្ដាច់​តែម្ដង​ចំនួន16.5លាន​ដុល្លារ​អាមេរិក​សម្រាប់​រយៈ​ពេល 50ឆ្នាំ រួមបញ្ចូល​ទាំង​អាករ​លើ​តម្លៃបន្ថែម (VAT)ចំនួន10% រួចជាស្រេច។ ដើម្បី​កែប្រែ​កំពង់ផែ​ស្វយ័ត​នេះ​ទៅ​ជាមួយនឹង​គម្រោង​អភិវឌ្ឍន៍ “មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ The City Gate” នេះ កំពង់ផែ​ស្វយ័ត​ភ្នំពេញ​នៅតែ​បន្ដ​រក្សា​មុខងារ​ប្រតិបត្តិការ​របស់​ទីតាំង​ជួល​ខាងលើ​ជា​ចំណត​ផែ​លើកដាក់​ទំនិញ​ចេញចូល​ក្នុងប្រទេស​ដដែល។

    គួររំឭកថា សំណង់​លំនៅឋាន​សរុប​ក្នុង​ឆ្នាំ2017មាន​ចំនួន 2.291គម្រោង មាន​ផ្ទៃក្រឡា​សរុប​ចំនួន5.565.191ម៉ែត្រការ៉េ មាន​ទុនវិនិយោគ​សរុប​ចំនួន2.230.654.719 ដុល្លារ​អាមេរិក។ ក្នុងនោះ​គម្រោង​អគារ​ខ្ពស់​ចាប់ពី 5ជាន់​ឡើងទៅ​នៅ​រាជធានី​ភ្នំពេញ​ឆ្នាំ2017 មាន​ចំនួន 188គម្រោង​បាន​សាងសង់​រួច និង​កំពុង​សាងសង់​បន្ត។ តាម​របាយការណ៍​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​ឱ្យដឹងថា រយៈពេល6ខែ​ឆ្នាំ2018 ទាំង​ក្រសួង និង​រាជធានី-ខេត្ត​បានផ្ដល់​លិខិតអនុញ្ញាត​សាងសង់​បាន​ចំនួន 1.643គម្រោង មាន​ផ្ទៃក្រឡា​សំណង់​សុ​រប 5.352.422 ម៉ែត្រការ៉េ មានតម្លៃ​ប៉ាន់ស្មាន 2.153.211,118ដុល្លារ​សហរដ្ឋអាមេរិក។ ទុនវិនិយោគ​របស់​វិស័យ​ឯកជន​មកពី​បរទេស គឺមាន​ចំនួន 8ប្រទេស មាន​ចំនួន 21គម្រោងមាន​ផ្ទៃក្រឡា​សំណង់​សរុប 928.267 ម៉ែត្រការ៉េមានតម្លៃ​ប៉ាន់ស្មាន​ទុនវិនិយោគ 394.332.300
    ដុល្លារ​អាមេរិក៕

  • ឈួន សុវណ្ណឆៃ ចែករំលែកធនធានផ្ទាល់ខ្លួនជូនកុមារកំព្រា

    ឈួន សុវណ្ណឆៃ ចែករំលែកធនធានផ្ទាល់ខ្លួនជូនកុមារកំព្រា

    កាលពីម្សិលមិញនេះតារាចម្រៀងសំឡេងក្រលួច ឈួន សុវណ្ណឆៃ បានរៀបចំកម្មវិធីចុះចែកអំណោយដល់កុមារកំព្រាជាច្រើនរូបនៅអង្គការបណ្តុះបណ្តាលនិងថែរក្សាកុមារកំព្រាដែលស្ថិតនៅភូមិទី1 (ដីអំបិល)ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺក្នុងបរិយាកាសរីករាយប្រកបដោយភាពស្និតស្នាលរាក់ទាក់។ នេះជាលើកទី2ហើយដែលអ្នកនាងឈួន សុវណ្ណឆៃផ្តួចផ្តើមគំនិតចុះជួយក្មួយៗកុមារកំព្រាដោយជូនដំណឹងដល់សប្បុរសជនមិត្តភក្តិជិតដិត និងអាជីវករតាមផ្សារដើម្បីបានគ្រឿងឧបភោគបរិភោគនិងសម្លៀកបំពាក់ខ្លះៗជូនប្អូនៗ។

    អ្នកនាងឈួន សុវណ្ណឆៃ បានប្រាប់ថាមិនដឹងជាបែបណានោះទេក្នុងចិត្តអោយតែមកដល់ទីនេះគឺសប្បាយចិត្តបំផុតដែលបានជួយដល់ប្អូនៗនៅទីនេះព្រោះគ្នាលំបាកហើយអត់មានឪពុកម្តាយមើលថែរក្រៅពីរស់នៅអង្គការ។ អ្នកនាងថាឱកាសលើកនេះនាងបានបង្កើតបរិយាកាសស្និតជាមួយប្អូនៗជាច្រើនដូចជាលេងហ្គេមការច្រៀងការរាំកម្សាន្តហើយក៏បានផ្តាំផ្ញើអោយក្មួយត្រូវយកចិត្តទុកដាក់រៀនសូត្រអោយបានចេះដឹងធ្វើជាមនុស្សល្អមនុស្សមានចំនេះនៅក្នុងសង្គម។ អំណោយដែលទទួលបានមានទឹកស៊ីអ៊ីវ ទឹកត្រី ត្រីខ អង្ករ5បាវ មី សម្លៀកបំពាក់ និងរបស់របរមួយចំនួនទៀតផងដែរ។ ការផ្តល់នូវអំណោយនេះបានមកពីអ្នកស្គាល់នាងដូចជាមិត្តភ័ក្រ្តឃើញនាងប្រកូកប្រកាសតាមហ្វេសបុកក៏ជួយតាមទឹកចិត្តហើយក៍មានអាជីវកនៅផ្សារថ្មីក៏ដូចជាប្អូនស្រីបង្កើតឈួន សុវណ្ណដាលីនមកពីអាមេរិកក៏ស្ម័គ្រជួយ។ អ្នកនាងនឹងឈ្លៀតយកពេលវេលាណាមួយអោយបានច្រើនដើម្បីពាំនាំរបស់របរជួយដល់កុមារនៅទីនេះនាងចូលចិត្តនិងស្រឡាញ់ណាស់។

    លោកចំរើនដែលជាមិត្តជិតដិតរបស់សុវណ្ណឆៃបានអោយដឹងថាលោកក៏បានរួមសហការជាមួយអ្នកនាងសុវណ្ណឆៃដើម្បីបង្កើតនិងរកជំនួយអោយបានច្រើនហើយបានជួយខ្លះដែរ។ បើទោះផ្លូវឆ្ងាយតែសប្បាយចិត្តដែលបានចែករំលែកក្តីស្រឡាញ់ដល់ប្អូនៗអោយបានកក់ក្តៅព្រោះតាមដឹង1ថ្ងៃប្រើអង្ករអស់1បាវ៕

  • ភ្ញាក់ផ្អើល !! សភាពស្បែកមុខរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ក្លាយជាបែបនេះ

    ភ្ញាក់ផ្អើល !! សភាពស្បែកមុខរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ក្លាយជាបែបនេះ

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនាពេលថ្មីៗនេះ គេមើលឃើញថា កំពូលតារាសម្តែងជើងចាស់ និងជាប្រធានសមាគមសិល្បៈខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះរូបភាពជាច្រើនសន្លឹកដែលធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលចំពោះសភាពស្បែកមុខរបស់អ្នកនាង ដែលមើលទៅកំពុងមានបញ្ហាសើស្បែក។

    ជាទូទៅគេមើលឃើញសម្រស់របស់អ្នកនាង ចន ច័ន្ទលក្ខិណា វិញហាក់ដូចមិនចាស់ទៅតាមអាយុឡើយ ពោលគឺអ្នកនាងនៅតែមើលទៅក្មេង និងស្អាតមិនចាញ់តារាសិល្បៈស្រីៗក្មេងៗឡើយ។ ប៉ុន្តែ កាលពីយប់មិញនេះ មហាជនមានការភ្ជាក់ផ្អើល ក្រោយពីបានឃើញសាច់មុខរបស់ អ្នកនាង ចន ច័ន្ទលក្ខិណា ប្រែជាមានស្នាជាំខុសប្រក្រតី។

    ដោយផ្អែកលើគណនី អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះសារបែបនេះថា: «មុខអាក្រក់បែបនេះបើខ្ញុំ live video លក់សម្លៀកបំពាក់មានអ្នកទិញឬអត់ ? ខ្ញុំមិនខ្លាចនិងបង្ហាញមុខអាក្រក់អញ្ចឹងទេ ខ្ញុំជាខ្ញុំ»។ ទោះបីជាយ៉ាងណា អ្នកគាំទ្របានធ្វើការសង្ស័យថា ប្រហែលជា អ្នកនាង ចន ច័ន្ទលក្ខិណា ធ្វើការកែសម្ផស្សថ្មីនៅលើផ្ទៃមុខជាមិនខាន ចំណែកអ្នកខ្លះបានផ្តល់កម្លាំងចិត្តដល់អ្នកនាងថា ទោះអ្នកនាងបែបនេះ ក៏ពួកគេនៅតែគាំទ្រជានិច្ច។ ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖

  • អាមេរិកត្រៀមបង្ហាញកម្មវីធីប្រកួតចម្រៀងលំដាប់ពិភពលោក « The King Of Masked Singer » ក្នុងពេលឆាប់ៗនេះ

    អាមេរិកត្រៀមបង្ហាញកម្មវីធីប្រកួតចម្រៀងលំដាប់ពិភពលោក « The King Of Masked Singer » ក្នុងពេលឆាប់ៗនេះ

    តាមរយៈសារព័ត៌មាន Koreaboo ដែលចេញផ្សាយមុននេះបន្ដិចបានឱ្យដឹងថា កម្មវិធីប្រកួតចម្រៀងលំដាប់ពិភពលោក « The King Of Masked Singer American » និងត្រៀមចាក់បញ្ចាំងនៅលើទឹកដីសហរដ្ឋអាមេរិកហើយ ដែលជាការរៀបចំឡើងដោយស្ថានីយទូរទស្សន៍ FOX ។

    កម្មវិធី The King Of Masked Singer ជាកម្មវិធីកម្សាន្ដដ៏ល្បីមួយរបស់ប្រទេសកូរ៉េ ដែលជាអ្នកផលិតកម្មវិធីនេះឡើង និងមានចែកចាយបន្ដធ្វើកម្មវិធីនេះនៅតាមបណ្ដាលប្រទេសនានាទៀតដូចជា ថៃ ឥណ្ឌូនេស៊ី និងចិន ។ ហើយតារាចម្រៀងដែលចូលរួមប្រកួត គឺតម្រូវឱ្យច្រៀងចម្រៀងចេញពីបេះដូងរបស់ពួកគេស្ថិតក្នុងកំបាំងស្រោមមុខ តែការសម្រេចលទ្ធផលក្រោមការបោះឆ្នោតពីសំណាក់អ្នកគាំទ្រ និងការសម្រេចចិត្តពីគណៈកម្មការដែលបានចូលរួមជាភ្ញៀវកិត្តយស។

    គួរបញ្ជាក់ដែរថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយទំនើបដ៏ធំរបស់សហរដ្ឋអាមេរិក គឺស្ថានីយទូរទស្សន៍ FOX បានទិញសិទ្ធិរៀបចំឡើងវិញធំនេះសម្រាប់ទស្សនិកជនអាមេរិក ហើយក្រុមហ៊ុនបានដាក់ឈ្មោះជាថ្មីថា “The Masked Singer” ប៉ុន្តែវានៅតែស្ថិតក្រោមច្បាប់នៃការប្រកួតប្រជែងរបស់ម្ចាស់ដើមដដែរ។ អ្នកដែលអ្នកចូលរួមប្រកួតបានអាចជា តារាចម្រៀង តារាសម្ដែង តារាបង្ហាញម៉ូដ ឬតារាពហុជំនាញជាដើម ដែលអាចបកស្រាយបទចម្រៀងស្ទាយប្លែកបានយ៉ាងពិរោះ។

    ដើម្បីឱ្យជាក់ច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

    https://youtu.be/oode4PFfhG4