










ជាមោទនភាពមួយសម្រាប់អ្នកសិល្បៈកម្ពុជា ជាពិសេសអ្នកស្ថិតនៅក្នុងចង្កោមតន្ដ្រីករ ខណៈដែលមានអ្នកតំណាងប្រទេស គឺលោក សូ ស្រណោះ ដែលស្គាល់ថាជាបណ្ឌិតខាងផ្នែកព្យាណូចប់មកពីប្រទេសជប៉ុន ត្រូវបានគណកម្មការរបស់ជប៉ុនជ្រើសយករូបលោកឱ្យធ្វើគណៈកម្មការចម្រុះដែលមកពី6ប្រទេសចូលរួមផ្តល់ពិន្ទុ និងវាយតម្លៃនៅក្នុងព្រឹត្តិការណ៍នៃការប្រកួតបង្ហាញទេពកោសល្យខាងព្យាណូ ដែលកំពុងធ្វើឡើងយ៉ាងគគ្រឹកគគ្រេងនៅក្នុងប្រទេសថៃ។
បណ្ឌិតតន្ត្រីករខាងផ្នែកព្យាណូ លោក សូ ស្រណោះ បានធ្វើដំណើរចាកចេញពីកម្ពុជាកាលពីល្ងាចថ្ងៃទី21 ខែកក្កដា កន្លងទៅ ឆ្ពោះទៅកាន់ទីក្រុងបាងកក ប្រទេសថៃ ដើម្បីបំពេញនាទីជាគណៈកម្មការផ្តល់ពិន្ទុ និងវាយតម្លៃលើបេក្ខភាពចូលរួមប្រកួតប្រជែងនៅក្នុងព្រឹត្តិការទេពកោសល្យព្យាណូដ៏ធំប្រចាំឆ្នាំ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ភ្ជាប់ជាមួយនឹងវគ្គចុងក្រោយដ៏សំខាន់ ក្រោមការរៀបចំឡើងដោយស្ថាប័នពាក់ព័ន្ធប្រចាំប្រទេសថៃ រួមជាមួយគណៈកម្មការរបស់ប្រទេសជប៉ុន។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅព្រលានយន្តហោះ ភ្នំពេញអន្តរជាតិ លោក សូ ស្រណោះ បានបញ្ជាក់ថា ដំណើរទៅក្រៅប្រទេសលើកនេះ មិនមែនជាលើកទី1នោះទេ ដោយសារតែពេលកន្លងមក លោកក៏ត្រូវបានគណៈកម្មការអន្តរជាតិ ជ្រើសឱ្យធ្វើជាគណៈកម្មការផ្ដល់ពិន្ទុក្នុងការប្រកួតព្យាណូនៅក្រៅប្រទេសចំនួន4លើករួចមកហើយ។ ការប្រកួតនៅក្នុងប្រទេសថៃលើកនេះ លោកថា ភាគីជប៉ុន ដែលជាអ្នករៀបចំ បានធ្វើការប្រកួតជម្រុះចំនួន3ខែមកហើយ ដោយលោកទើបតែត្រូវបានគណៈកម្មការជប៉ុនជ្រើសឱ្យធ្វើជាគណៈកម្មការផ្ដល់ពិន្ទុ ក្នុងពេលការប្រកួតកំពុងឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រ។ លោកថា កាតព្វកិច្ចលើកនេះ គឺតំណាងឱ្យកម្ពុជា ធ្វើជាអ្នកកាត់ក្ដី ក្នុងចំណោមគណៈកម្មការផ្ដល់ពិន្ទុមកពីជប៉ុន និងថៃផ្សេងទៀត ដើម្បីជ្រើសរើសអ្នកពូកែផ្នែកព្យាណូម្នាក់ ឱ្យក្លាយជាម្ចាស់ពាននៅក្នុងប្រទេសថៃ ខណ:ដែលការប្រកួតនេះ គឺមានតែជនជាតិថៃប៉ុណ្ណោះជាបេក្ខជន។ លោក សូ ស្រណោះ បានបញ្ជាក់ថា លោកនឹងស្នើឱ្យគណៈកម្មការរៀបចំចាប់អារម្មណ៍មកធ្វើព្រឹត្តិការណ៍នេះនៅក្នុងប្រទេសកម្ពុជា ឬយ៉ាងហោចណាស់ ក៏ស្នើឱ្យព្រឹត្តិការណ៍នេះ មានការចូលប្រកួតពីអ្នកជំនាញផ្នែកព្យាណូមកពីប្រទេសផ្សេងៗ ដើម្បីឱ្យលោកអាចបញ្ជូនសិស្សរបស់ខ្លួន ដែលតំណាងឱ្យកម្ពុជា ចូលរួមប្រកួត និងបង្ហាញសមត្ថភាពផងដែរ។
គួររំឭកផងដែរថា លោក សូ ស្រណោះ កាលពីពេលកន្លងទៅធ្លាប់បានបង្ហាញឆន្ទៈ និងមហិច្ឆិតារបស់ខ្លួនក្នុងការនាំយកអ្នកមានទេពកោសល្យខាងផ្នែកព្យាណូតំណាងកម្ពុជា ចូលរួមបង្ហាញសមត្ថភាពនៅលើឆាកអន្តរជាតិ ខណៈដែលបច្ចុប្បន្ន លោកក៏បានបង្កើតជាសាលាបង្រៀនតូរ្យតន្រ្តីនៅម្ដុំបឹងកេងកង1 ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមការអញ្ជើញអ្នកជំនាញមកពីបរទេសជាច្រើនដែលក្នុងនោះភាគច្រើនសុទ្ធតែមានកម្រិតថ្នាក់អនុបណ្ឌិត និងបណ្ឌិតតន្ត្រីផងដែរ៕


នៅក្នុងសង្គមដែលមានការរីកចម្រើនលើកិច្ចគាំពារប្រជាជន កុមារ និងជនងាយរងគ្រោះល្អ សេវាសង្គមកិច្ចគឺជាវិស័យដ៏សំខាន់មួយដែលត្រូវបានគេយកចិត្តទុកដាក់ខ្ពស់។ នៅកម្ពុជា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រួមជាមួយនឹងអង្គការក្រៅរដ្ឋាភិបាលជាច្រើនបាន និងកំពុងប្រតិបត្តិការទៅតាមតួនាទីរៀងៗខ្លួនដើម្បីបម្រើសេវាសង្គមកិច្ចនៅគ្រប់តំបន់។
នៅក្នុងនោះ អង្គការ Plan អន្តរជាតិនៅកម្ពុជាបានបង្ហាញពីមូលហេតុសំខាន់ៗជាច្រើនដែលចាំបាច់ត្រូវមានការអ្នកផ្តល់សេវាសង្គមកិច្ចសម្រាប់សហគមន៍នីមួយៗនៅកម្ពុជា។ អង្គការដែលធ្វើការលើផ្នែកអប់រំនេះបានលើកឡើងថា ទិន្នន័យចុងក្រោយបំផុត បានឱ្យដឹងថា កុមារនៅតែទទួលរងអំពើហិង្សាពីមនុស្សជុំវិញខ្លួន រួមមានមិត្តភ័ក្តិ ឪពុកម្តាយ សាច់ញាតិ និងសមាជិកសហគមន៍ផ្សេង។ អំពើហិង្សានេះប៉ះពាល់ដល់ការអភិវឌ្ឍ និងការចូលរួមរបស់កុមារយ៉ាងខ្លាំង។

ហេតុនេះសហគមន៍នីមួយៗត្រូវមានអ្នកផ្តល់សេវាសង្គមកិច្ច ដែលជាអ្នកស្ម័គ្រចិត្តធ្វើការផ្តល់ការប្រឹក្សាយោបល់ផ្នែកសង្គម និងចិត្តសាស្ត្រដើម្បីជួយដល់កុមាររងគ្រោះក្នុងសហគមន៍។ តាមបទពិសោធនៃអង្គការ Plan បានបង្ហាញថា ឃុំដែលមានអ្នកផ្តល់សេវាសង្គមកិច្ច ធ្វើឱ្យកុមារទទួលរងការរំលោភបំពានធ្ងន់ធ្ងរ មានការចូលរួមក្នុងសហគមន៍ឡើងវិញ៕


Momordica charantia Linn ឬឈ្មោះជាភាសាខ្មែរហៅថា ម្រះ ជារុក្ខជាតិមានដើមជាវល្លិ៍ចូលចិត្តដុះដីធូរ និងមិនមានទឹកដក់។ ម្រះដែលគេនិយមដាំយ៉ាងទូលំទូលាយនោះមាន 2ប្រភេទគឺ ម្រះអាចម៍ចាប ដែលមានលក្ខណៈផ្លែតូចខ្លីមានរសជាតិល្វីងខ្លាំង សាច់ក្រៅគ្រើមធំៗជារាងបន្លា មានសាច់ស្ដើង ងាយស្រួលដាំ និងសម្បូរផ្លែ គេនិយមយកមកស្រុសទទួលទានធ្វើជាអន្លក់ញ៉ាំជាមួយទឹកគ្រឿង ឬប្រហុក។ ឯមួយប្រភេទទៀតគឺ ម្រះចិន ជាពូជដែលនាំចូលមកពីប្រទេសចិន មានផ្លែធំៗ វែងប្រវែង20-30សង់ទីម៉ែត្រ មានពណ៌បៃតងខ្ចី សាច់ក្រាស់មានរសជាតិល្វីងតែបន្តិចបន្តួចប៉ុណ្ណោះ គេនិយមបរិភោគច្រើន ដោយ-សារតែអាចយកមកច្នៃជាម្ហូបបានច្រើនប្រភេទដូចជាស្ងោរ ខ ឆា ញាំ ឬស្រុសជ្រលក់ទឹកគ្រឿងក៏បាន។
** ការដាំដុះ
• ការត្រៀមដី : អាចធ្វើបានដូចគ្នានឹងការត្រៀមដីសម្រាប់ដំណាំវារឡើងទ្រើងឯទៀតៗដែរ។ ដោយសារម្រះជារុក្ខជាតិដែលមានប្រព័ន្ធឫសចាក់ជ្រៅកម្រិតកណ្ដាល ដូច្នេះគួរភ្ជួរដីឱ្យជ្រៅទៅក្រោមប្រមាណជា 25 – 30សង់ទីម៉ែត្រហាលដីសម្លាប់ស្មៅ និងសត្វល្អិតសត្រូវដំណាំចោលប្រមាណ7-10ថ្ងៃ បន្ទាប់មកដាក់ជីលាមកគោ ឬជីកំប៉ុសឱ្យសព្វពេញដី មុននឹងរាស់ជ្រួយដីឱ្យបែកល្អិតម្ដងទៀត រួចទើបលើកជារងតាមលក្ខណៈផ្ទៃដីដាំដុះ ទុកចន្លោះផ្លូវដើរកណ្ដាលរង ដើម្បីងាយស្រួលក្នុងការមើលថែទាំ។
** វិធីការដាំដុះ : ការបណ្ដុះគ្រាប់ម្រះជាមុនមុននឹងយកទៅដាក់ដាំ នឹងធ្វើឱ្យទទួលបានទិន្នផលល្អបំផុត។ ការបណ្ដុះគ្រាប់ម្រះអាចធ្វើបានតាម 3វិធីដូចខាងក្រោម ៖
• វិធីទី 1 ការបណ្ដុះកូននៅលើរង : ការបណ្ដុះកូនដោយវិធីនេះត្រូវជ្រួយដីឱ្យធូរ លាយជាមួយជីលាមកគោ ដើម្បីឱ្យដីកាន់តែធូរខ្លាំងឡើង។ យកគ្រាប់ម្រះមកដាក់ដាំបណ្ដុះជាជួរឆ្ងាយពីគ្នា3សង់ទីម៉ែត្រ រោយលុបដោយដីកម្រាស់ 2 – 3សង់ទីម៉ែត្រ យកចំបើងស្ងួតគ្របពីលើរង រួចស្រោចទឹក 3 – 4ថ្ងៃ។ រង់ចាំរហូតដល់កូនម្រះលាស់ស្លឹក 2សន្លឹក អាយុប្រមាណ 10ថ្ងៃ ទើបអាចដកយកទៅបំបែកដាំលើរងផ្សេងបាន តែមុននឹងដកកូនម្រះ ត្រូវស្រោចទឹកឱ្យជោគដីជាមុនសិន ដើម្បីកុំឱ្យកូនម្រះខូចខាតបាក់ជាំខ្លាំងពេកក្នុងពេលដក។
• វិធីទី 2 ការបណ្ដុះក្នុងថង់ក្រដាស : ចូរយកដីលាយជីលាមកគោដាក់ចូលក្នុងថង់ក្រដាសទំហំ 7 x 8សង់ទីម៉ែត្រត្រៀមទុកជាស្រេច បន្ទាប់មកចូរយកគ្រាប់ម្រះទៅត្រាំទឹកប្រហែល 1ម៉ោងមុននឹងស្រង់យកមកបណ្ដុះនៅក្នុងថង់ 1ថង់ 1គ្រាប់ ស្រោចទឹកឱ្យសើមជោកល្មម។ នៅពេលកូនម្រះលាស់ស្លឹកឡើង 2សន្លឹក សឹមលើកយកទៅដាក់ដាំនៅលើរង។
• និងវិធីទី 3 ការបណ្ដុះជារួម : ស្រដៀងនឹងការបណ្ដុះសណ្ដែកបណ្ដុះដែរ ដោយត្រូវយកគ្រាប់ម្រះមកដាក់ត្រាំក្នុងទឹកទុកចោលប្រមាណ 1ម៉ោង មុននឹងស្រង់យកមករុំខ្ចប់ដោយក្រណាត់សើមប្រមាណជា 2 – 3ថ្ងៃ រហូតទាល់តែឫសចាប់ផ្ដើមដុះចេញមកពីគ្រាប់។ ចូរជ្រើសរើសគ្រាប់ណាដែលមានឫសដុះចេញមកល្អយកទៅដាក់ដាំ។

នៅពេលបានកូនម្រះ និងត្រៀមដីរួចរាល់ហើយ ចូររៀបចំចម្ងាយក្នុងការដាក់ដាំរវាងជួរនីមួយៗប្រមាណ 1ម៉ែត្រ ដោយត្រូវជីកជារណ្ដៅតូចៗជម្រៅប្រមាណ20-30សង់ទីម៉ែត្រដាក់ជីលាមកគោទ្រាប់បាតរណ្ដៅក្នុងមួយរណ្ដៅប្រមាណ200-300ក្រាម។ យកកូនម្រះមកដាក់ដាំក្នុងមួយរណ្ដៅ 2ដើម មុននឹងរោយដីលុប។ ការដាំម្រះចាំបាច់ត្រូវតែធ្វើទ្រើងឱ្យរឹងមាំ ដើម្បីឱ្យដើមម្រះធំធាត់លូតលាស់ឡើង និងហុចផលបានល្អ។

** វិធីមើលថែទាំ
• ការស្រោចទឹក : គួរស្រោចទឹករៀងរាល់ថ្ងៃក្នុងរដូវក្ដៅ និងឈប់ស្រោចខ្លះក្នុងរដូវភ្លៀង។
•ការដាក់ជី : សម្រាប់ការដាក់ជីចែកចេញជា3ដំណាក់កាល គឺ ដំណាក់កាលត្រៀមដី ឬដាក់ជីទ្រាប់បាតរណ្ដៅ។ ដំណាក់កាលទី 2 ក្នុងអំឡុងពេលដាក់ដាំកូនម្រះហើយបាន 7ថ្ងៃ ឬពេលកូនម្រះចាប់ផ្ដើមរឹងមាំល្អហើយ និងដំណាក់កាលចុងក្រោយ គឺការដាក់ជីនៅពេលដើមម្រះមានអាយុបាន 30ថ្ងៃ។
• ការការពារ និងកម្ចាត់សត្រូវដំណាំ : នៅពេលដើមម្រះអាយុបាន 40ថ្ងៃ នឹងចាប់ផ្ដើមចេញផ្កា ដែលមានជាប់ក្ដឹបទំហំប៉ុនចុងម្រាមកូនដៃ។ ត្រូវចាប់ផ្ដើមរុំខ្ចប់ក្ដឹបម្រះដោយប្រើក្រដាសកាសែតបត់ធ្វើជាថង់ទំហំ 15 x 20សង់ទីម៉ែត្រ ដើម្បីការពារក្នុងរឿងសត្វល្អិតសត្រូវដំណាំដែលចូលមកបំផ្លាញ និងជួយឱ្យផ្លែម្រះមានពណ៌បៃតងខ្ចីស្រស់គួរឱ្យចង់ទទួលទាន។
** វិធីប្រមូលផល
ម្រះ អាចហៅបានថាជារុក្ខជាតិដែលមានអាយុខ្លី ដោយរាប់ពីថ្ងៃដែលចាប់ផ្ដើមដាំ រហូតដល់ថ្ងៃប្រមូលផលបាន គឺប្រមាណជា 45 – 55ថ្ងៃ អាស្រ័យលើពូជដែលយើងជ្រើសរើសដាំ។ ម្រះនឹងឱ្យទិន្នផលជាជំនាន់ៗ ដោយជំនាន់ដំបូងគេហៅថា ម្រះជាប់ដី ឬម្រះដើមដៃ ផ្លែមានលក្ខណៈធំធាត់ តែខ្លី ផ្លែច្រើនតែស្ថិតនៅនឹងគល់ដើមក្បែរៗដី អាចបេះបានមួយថ្ងៃខានមួយថ្ងៃ។នៅពេលប្រមូលផលបាន 3ដង ក៏នឹងដល់ម្រះជំនាន់តូច ឬគេហៅថា ម្រះចុងដើម ផ្លែនឹងមានខ្នាតតូចជាងមុន។ ក្នុងការប្រមូលផលផ្លែម្រះគួរជ្រើសរើសបេះផ្លែដែលនៅខ្ចី មានពណ៌បៃតង និងមានខ្នាតធំតាមដែលត្រូវការបរិភោគ៕


ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសសិស្សថ្នាក់ទី5 និងថ្នាក់ទី6 ឱ្យទៅចូលរួមកម្មវិធី The 15th Mathematics and Science Olympiad នៅខេត្ត Zhejing នៃសាធារណរដ្ឋប្រជាមានិតចិន។
សិស្សដែលនឹងត្រូវបញ្ជូនទៅពីកម្ពុជាមានចំនួន 24នាក់ដែលនឹងចេញទៅប្រទេសចិនចាប់ពីថ្ងៃទី18 ខែកញ្ញា ឆ្នាំ2018 ដល់ថ្ងៃទី4 ខែតុលា ឆ្នាំ2018។ បេក្ខជនអាចដាក់ពាក្យប្រឡងបានដោយគោរពលក្ខខណ្ឌដូចខាងក្រោម។
ទី1. បេក្ខជនត្រូវតែជាសិស្សកំពុងរៀនថ្នាក់ទី5 និងទី6 នៅតាមគ្រឹះស្ថានសិក្សាសាធារណ និងឯកជនក្នុងរាជធានីភ្នំពេញ។
ទី2 . បេក្ខជនត្រូវជាសិស្សដែលមានសមត្ថភាពខ្ពស់លើមុខវិជ្ជាគណិតវិទ្យា វិទ្យាសាស្ត្រ ភាសាអង់គ្លេស និងកុំព្យូទ័រ។
ទី3. បេក្ខជនត្រូវមានសីលធម៌រស់នៅល្អ មានសមត្ថភាពធ្វើការងារជាក្រុម និងមានពេលវេលាចូលរួមវគ្គបំប៉ន។
ចំពោះបេក្ខជនដែលចាប់អារម្មណ៍ក្នុងការដាក់ពាក្យអាចទាក់ទងទៅនាយកដ្ឋានបឋមសិក្សា មុនថ្ងៃទី10 ខែសីហា ឆ្នាំ2018៕

ហ្វីលីពីន បានបញ្ជាក់ជាថ្មីកាលពីថ្ងៃអាទិត្យថា ខ្លួននឹងនៅតែបញ្ជូនក្រុមកីឡាបាល់បោះផ្នែកបុរសឱ្យទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ឬ Asian Games ក្នុងប្រទេសឥណ្ឌូនេស៊ីដដែល ក្រោយពីបានប្រកាសដកខ្លួនបន្ទាប់ពីជម្លោះនៅលើទីលានប្រកួតជាមួយនឹងក្រុមកីឡាករអូស្ត្រាលី ក្នុងការប្រកួតជម្រុះ World Cup កាលពីដើមខែកក្កដាកន្លងទៅ។
ក្រុមកីឡាបាល់បោះរបស់ហ្វីលីពីន បានប្រកាសពីការដកខ្លួនចេញពីយុទ្ធនាការកីឡាបាល់បោះ កាលពីថ្ងៃទី27 ខែកក្កដា ដោយសារតែអង្គភាពគ្រប់គ្រងកីឡាបាល់បោះអន្តរជាតិហៅកាត់ថា FIBA បានដាក់ពិន័យព្យួរកីឡាករ 10នាក់ និងគ្រូបង្វឹក 2នាក់របស់ពួកគេ ជុំវិញការផ្ទុះជម្លោះវាយតប់គ្នាមួយកាលពីថ្ងៃទី២ ខែកក្កដា ដោយកីឡាករ និងអ្នកគាំទ្របានវាយទាត់ធាក់គ្នានៅលើទីលានប្រកួត។ ប៉ុន្តែ ទោះបីជាយ៉ាងណា ជំនួយការពិសេសម្នាក់របស់លោកប្រធានាធិបតី Rodrigo Duterte បានប្រកាសកាលពីថ្ងៃអាទិត្យថា សហព័ន្ធជាតិ និងក្របខ័ណ្ឌលីកកីឡាបាល់បោះអាជីពរបស់ប្រទេសនេះ បានយល់ព្រមបញ្ជូនក្រុមមួយ ខណៈដែលការសម្រេចចិត្តនេះ ត្រូវបានអះអាងដោយអ្នកចាត់ការទូទៅរបស់ក្រុមបាល់បោះហ្វីលីពីន។

លោក Christopher Go ដែលជាជំនួយការពិសេស បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយដែលប្រកាសពីការចូលរួមក្រុមរបស់ក្រុមហ្វីលីពីនថា៖ «យើងមិនមានកាតព្វកិច្ចអ្វីដែលត្រូវតែឈ្នះឡើយ តែយើងមានកាតព្វកិច្ចក្នុងការរក្សាការព្យាយាម និងធ្វើឱ្យបានល្អបំផុតតាមដែលយើងអាចធ្វើបានជារៀងរាល់ថ្ងៃ។ នេះគឺជាមោទនភាពរបស់ហ្វីលីពីន។ គ្មានអ្វីដែលបង្រួបបង្រួមសង្គមហ្វីលីពីន ល្អប្រសើរជាងនៅលើទីលានកីឡាបាល់បោះឡើយ»៕
ប្រភពពី៖ Channel News Asia

ការសម្រេចចិត្តមានគភ៌(យកបុត្រ) គឺជារឿងមួយដែលស្ត្រីទាំងឡាយបានគិតគូរ ពិចារណា ហើយថែមទាំងបានពិភាក្សាជាមួយគូជីវិត(ស្វាមី) យ៉ាងល្អិតល្អន់ច្បាស់លាស់ហើយទៀតផង។ ដូច្នេះខាងក្រោមតទៅនេះគឺជាចំណេះដឹងល្អៗដែលស្ត្រីទាំងឡាយគួរតែបានដឹងទុកជាចំណេះដឹង ដើម្បីដំណើរជីវិតឱ្យបានល្អក្នុងអំឡុងពេលតាំងគភ៌(រយៈពេល 9ខែ) ព្រោះថា នៅពេលស្ត្រីមានគភ៌មានសុខភាពល្អទាំងកាយ និងចិត្តនោះ កូនសម្លាញ់ដែលនៅក្នុងផ្ទៃក៏នឹងមានសុខភាពល្អដូចគ្នាដែរ។
1. ស្ត្រីធាត់ ប៉ះពាល់ផ្លូវចិត្តទារក
ការតាមដានលទ្ធផលថយទៅក្រោយវិញនៅលើមនុស្សចំនួន2,303នាក់ដែលមានអាយុជាមធ្យម20ឆ្នាំ និងមានបុរសជិតពាក់កណ្ដាលនោះ បានរកឃើញថា បន្ទាប់ពីកាត់ឥទ្ធិពលរឿងអាយុរបស់ម្ដាយ ការសិក្សា និងប្រាក់ចំណូល សភាវជ្រៀតជ្រែកនៅពេលប្រសូតចេញហើយការដែលពួកគេមានម្ដាយធាត់ ឬមានទម្ងន់ខ្លួនលើសពីកំណត់កម្រិតមុនពេលតាំងគភ៌នោះ បានបង្កើនភាពប្រថុយប្រថានដល់កូនដែលអាចនឹងមានអាការគិត ឬធ្វើអ្វីផ្ដេសផ្ដាស់នៅពេលមានអាយុ20ឆ្នាំឡើង រហូតដល់ទៅ54%ឯណោះ។
យន្តការដែលនៅពីក្រោយសម្ព័ន្ធភាពនេះនៅមិនទាន់ប្រាកដច្បាស់នៅឡើយ តែអាចនឹងពាក់ព័ន្ធនឹងការដែលពួកគេមានម្ដាយធាត់ ហើយបង្កើនភាពប្រថុយប្រថានដល់សភាវជ្រៀតជ្រែកនៅពេលកើតជំងឺពាក់ព័ន្ធនឹងមេតាបូលីហ្ស៊ឹម និងម៉ូលីគុលដែលពាក់ព័ន្ធជាមួយការក្លាយរលាកជាដើម។ ដូច្នេះហើយទើបការត្រៀមខ្លួនធ្វើជាអ្នកម្ដាយ ត្រូវចាប់ផ្ដើមតាំងពីពេលមុនតាំងគភ៌ឯណោះ ហើយភោជនាហារក៏រាប់ថាជាបច្ច័យមួយដែលនឹងនាំឆ្ពោះទៅរកការតាំងគភ៌ដែលទទួលបានជោគជ័យដែរ។
2. តើអាយុមានផលប៉ះពាល់ដល់ការតាំងគភ៌មែនឬ?
សំណួរ : តើអាយុមានផលប៉ះពាល់ដល់ការតាំងគភ៌មែនឬ? តើអ្វីដែលគេតែងនិយាយថា បើមានកូនពេលអាយុច្រើន កូនប្រសូតចេញមកហើយអាចនឹងមានសតិបញ្ញាមិនសូវល្អ(មិនសូវគ្រប់ទឹក) តើមែនឬទេ? ហើយព្រោះអ្វី?
ចម្លើយ : តាមរយៈការសិក្សាស្រាវជ្រាវបានរកឃើញថា ស្ត្រីដែលតាំងគភ៌ក្រោយអាយុ35ឆ្នាំឡើងទៅ មានឱកាសកើតបញ្ហាក្នុងការតាំងគភ៌ទាំងលើម្ដាយ និងទារក ច្រើនជាងស្ត្រីដែលតាំងគភ៌ក្នុងអាយុតិចជាង35ឆ្នាំ ហើយបញ្ហាមួយទៀតនោះក៏គឺ ភាពរឹងប៉ឹងមាំមួនរបស់ទារកក្នុងគភ៌ដូចជា មានឱកាសក្នុងការកើតមកមានបញ្ហាខាងខួរក្បាល និងរាងកាយបាន ដូច្នេះបើស្ត្រីណាម្នាក់តាំងគភ៌ក្រោយអាយុ35ឆ្នាំនោះ គ្រូពេទ្យនឹងធ្វើការពិនិត្យទឹកភ្លោះ ដើម្បីវិនិច្ឆ័យទារកក្នុងគភ៌ថា តើមានភាពខុសប្រក្រតីខាងក្រូម៉ូហ្សូមឬទេ?
3. ចង់បានកូនភ្លោះ ប្រុស1 ស្រី1 តើអាចធ្វើបានទេ?
សំណួរ : នាងខ្ញុំចង់បានកូនភ្លោះបែបប្រុស1 ស្រី1 តើសម័យនេះអាចធ្វើបានឬទេ?
ចម្លើយ : ការមានកូនភ្លោះ ជាការតាំងគភ៌ដែលមិនប្រក្រតីតាមធម្មជាតិ ដែលនឹងមានបញ្ហាកើតឡើងជាច្រើនក្នុងអំឡុងការមើលថែទាំគភ៌ ដូច្នេះប្រហែលជាពិបាកខ្លាំងណាស់ដែលនឹងមានលោកគ្រូពេទ្យណាម្នាក់ធ្វើបានតាមស្តង់ដារខាងវេជ្ជសាស្ត្រអាចផ្ដល់សេវាកម្មដល់អ្នកស្រីបានតាមតម្រូវការនេះ។ តែបើតាមទ្រឹស្ដីវិញ គឺអាចធ្វើបានដោយការធ្វើបដិសន្ធិខាងក្រៅរាងកាយ ដែលគេហៅថាទារកបំពង់កែវ និងពិនិត្យមើល
ក្រូម៉ូហ្សូមភេទពេលដែលនៅជាតួកំណើត មុននឹងដាក់ចូលទៅវិញ។ យ៉ាងណាក៏ដោយ ទោះជាដាក់ចូលទៅវិញមែន តែប្រភេទប្រុស1 ស្រី1នេះក៏មិនបានមានន័យថា ទាំងពីរនឹងចម្រើនធំធាត់ប៉ុនៗគ្នាដែរ អាចនឹងស្វិតមួយ ឬស្វិតទាំងពីរក៏មាន(ពិបាកថែទាំ) ហើយថ្លៃចាយវាយដ៏សែនថ្លៃកប់ពពកនោះក៏នឹងក្លាយជាអាសាឥតការទៅដែរ។
4. ផ្សែង និងក្លិនបារីបង្កគ្រោះថ្នាក់ដល់ទារកក្នុងគភ៌
ក្នុងអំឡុងពេលតាំងគភ៌ ស្ត្រីមានគភ៌មិនគួរនៅជិតអ្នកជក់បារីជាដាច់ខាត ដើម្បីភាពរឹងប៉ឹងមាំមួនរបស់ទារកក្នុងផ្ទៃ ព្រោះសារធាតុផ្សេងៗពីផ្សែងបារីដែលអ្នកបានស្រូបចូលទៅដោយមិនបានជក់ដោយខ្លួនឯងនោះ មានផលប៉ះពាល់ខ្លាំងជាងសេពដោយខ្លួនឯងទៅទៀត ព្រោះវានឹងមានផលប៉ះពាល់ទាំងលើការចម្រើនធំធាត់ និងវិវឌ្ឍនាការរបស់ទារកក្នុងគភ៌យ៉ាងពិតប្រាកដ គ្រាន់តែថាតិច ឬច្រើនតែប៉ុណ្ណឹងឯង។ ក្រៅពីនេះនៅមានការសិក្សាស្រាវជ្រាវនៅលើសត្វពិសោធន៍ដែលបានរកឃើញថា បើសិនទទួលបានសារធាតុពុលពីផ្សែងបារី នឹងធ្វើឱ្យងាយនឹងកើតសភាវរលូតបុត្រខ្លាំងឡើង មានឱកាសប្រសូតបុត្រដែលមិនសមប្រកបមុនពេលកំណត់ ឬទារកក្នុងគភ៌អាចនឹងកើតមកពិការតាំងពីកំណើតក៏មាន។ វិធីដែលល្អ អ្នកគួរឱ្យស្វាមីរបស់អ្នកចេញទៅជក់បារីនៅខាងក្រៅផ្ទះ ក្នុងកន្លែងដែលស្រឡះ និងហាមជក់បារីនៅក្នុងផ្ទះជាដាច់ខាត រួមទាំងនៅក្នុងរថយន្តដែលអ្នកជិះជាមួយទៀតផង។
5. តើស្ត្រីមានគភ៌គេងលក់ស្រួល នឹងធ្វើឱ្យទារកក្នុងគភ៌គេងលក់ស្រួលដែរឬទេ?
ការគេងលក់របស់មាតា ក្រៅពីនឹងជួយមិនឱ្យនឿយល្វើយអស់កម្លាំងហើយ ក្នុងអំឡុងពេលសម្រាកគេងលក់នោះនៅធ្វើឱ្យការហូរវិលរបស់លោហិតក្នុងរាងកាយឆ្ពោះទៅរកស្បូនដំណើរការបានល្អផងដែរ ធ្វើឱ្យទារកក្នុងគភ៌បានទទួលសារធាតុអាហារ និងអុកស៊ីហែ្ស៊នក្នុងបរិមាណដែលគ្រប់គ្រាន់នឹងតម្រូវការក្នុងការចម្រើនធំធាត់ឡើងនៅក្នុងគភ៌។ ខណៈពេលជាមួយគ្នា នៅពេលដែលស្ត្រីមានគភ៌គេងលក់ស្រួល រាងកាយក៏នឹងសម្រាក ផ្លូវចិត្តក៏នឹងធូរស្រាលដូចគ្នា ទារកពិតជានឹងបានដឹងតាំងពីនៅក្នុងគភ៌អំពីសេចក្ដីសុខរបស់មាតាដែលកំពុងពពោះ ទារកក៏នឹងមានសេចក្ដីសុខសប្បាយទៅជាមួយដែរ ធ្វើឱ្យមានវិវឌ្ឍនាការខួរក្បាលល្អ។ ដូច្នេះហើយទើបកុមារដែលកើតចេញពីម្ដាយដែលមានសេចក្ដីសុខកាយសប្បាយចិត្ត មិនធុញថប់តានតឹងខឹងច្រើន និងគេងសម្រាកបានគ្រប់គ្រាន់ គឺជាកុមារដែលងាយស្រួលចិញ្ចឹម និងមានសុខភាពរឹងមាំល្អហ្នឹងឯង៕ (នៅមានត)

ក្រុម Manchester City ហាក់បានបង្ហាញពីការត្រៀមលក្ខណៈរួចរាល់របស់ខ្លួនក្នុងការការពារពានក្របខ័ណ្ឌ Premier League ដែលនឹងចាប់ផ្តើមនៅចុងសប្តាហ៍នេះ ក្រោយពីពួកគេបានផ្តួលក្រុម Chelsea ដែលជាម្ចាស់ជើងឯក FA Cup ក្នុងលទ្ធផល 2-០ កាលពីថ្ងៃអាទិត្យ តាមរយៈគ្រាប់បាល់ទាំង 2គ្រាប់របស់ខ្សែប្រយុទ្ធ Sergio Aguero។
នៅថ្ងៃនៃការភ្លក្សរសជាតិជាលើកទី1 ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ Chelsea លោក Maurizio Sarri ដែលត្រូវបានតែងតាំងជំនួសកន្លែងរបស់លោក Antonio Conte សម្រាប់រដូវក្តៅនេះ ក្រុម Chelsea បានធ្លាក់ក្រោមការគ្រប់គ្រងទាំងស្រុងរបស់ក្រុម Man City ដែលជាម្ចាស់ការពារតំណែងជើងឯក Premier League។
ក្រោយពីបានលើកពានកាលពីរដូវកាលមុនជាមួយនឹងពិន្ទុដ៏ខ្ពស់ជាងកំណត់ត្រា ក្រុមរបស់លោក Pep Guardiola បានរកគ្រាប់បាល់នាំមុខមុនតាមរយៈកីឡាករ Aguero ដែលបានពង្រឹងការគ្រប់គ្រងរបស់ក្រុម Man City ជាមួយនឹងគ្រាប់បាល់ទី2 ក្រោយពីសម្រាកតង់ទី1។

ទាក់ទងនឹងការវិលទៅរកភាពខ្លាំងភ្លាមៗរបស់ក្រុមលោកបន្ទាប់ពី World Cup លោក Guardiola បានឱ្យដឹងថា៖ «វាមិនមែនជារឿងងាយឡើយសម្រាប់យើងទាំងអស់គ្នា វាមានភាពស្មុគស្មាញ ប៉ុន្តែក្រោយពីសម្រាកពីការលេង ពួកគេបានបង្ហាញពីការប្រជែងដ៏ស្វិតស្វាញ។ ខ្ញុំពិតជាគោរពពួកគេ»។
ទោះបីជាយ៉ាងណា ក្រុមចុងក្រោយគេដែលបានឈ្នះពាន Community Shield ហើយបន្តធ្វើដំណើរទៅលើកពាន Premier League គឺក្រុម Manchester United ក្នុងរដូវកាលឆ្នាំ2010-2011៕
ប្រភពពី៖ Sky Sports

នៅពេលដែលស្ត្រីតាំងគភ៌ពពោះមកដល់ខែទី4នេះ ទារកនៅក្នុងគភ៌នឹងមានទំហំប្រមាណជា4អីុញហើយ ហើយការបានទទួលអាហារតាមរយៈទងសុកចាប់ផ្ដើមមានប្រតិកម្មឡើងដែរ ដូចជា ការបឺតជញ្ជក់ សាច់ភ្នាសធ្មេញរបស់ទារកចាប់ផ្ដើកខ្លួនឡើង ចាប់ផ្ដើមឃើញមានម្រាមដៃ ម្រាមជើងច្បាស់ឡើងហើយ។ ក្នុងខែទី4របស់ការតាំងគភ៌ នឹងមានការប្រែប្រួលផ្សេងៗដែលស្ត្រីមានគភ៌អាចមានអារម្មណ៍ដឹងបានដូចតទៅ ៖
* ស្ត្រីមានគភ៌ខ្លះនៅតែមានអាការអស់កម្លាំង និងនឿយល្វើយ។
* ឈឺបត់ជើងតូចញឹកញាប់ជាងខែកន្លងទៅ។
* អាការចាញ់កូនធូរស្រាលឡើងជាបណ្ដើរៗ និងបាត់អស់ (អ្នកខ្លះអាចនៅមាននៅឡើយតែជារួមបានធូរស្រាលឡើងហើយ)។
* នៅតែមានអាការទល់លាមក និងអាចកើតមានឫសដូងបាត ហើយបើអ្នកណាធ្លាប់កើតឫសដូងបាតពីមុនផង អាចនឹងកើតអាការរលាកក្លាយបាន។
* សុដន់រីកធំឡើងទៀត តែមិនមានអាការតឹងណែនទេ។
* អាហារមិនរំលាយ ឆ្អល់ពោះ ហើមពោះ និងមានការភើញឹកញាប់។
* អាចមានអាការឈឺក្បាលម្ដងម្កាល អាចនឹងខ្យល់គ ងងឹតមុខ វិលមុខញឹកញាប់ ជាពិសេសពេលដែលផ្លាស់ប្ដូរឥរិយាបថផ្សេងៗដូចជា ងើបពីអង្គុយ ឬក្រោកពីដំណេកយ៉ាងឆាប់រហ័ស។
* មានអាការតឹងច្រមុះ ហូរឈាមចេញតាមច្រមុះ ហ៊ឹងត្រចៀក អាចងាយនឹងមានឈាមចេញពេលដុសធ្មេញទៀតផង។
* មានអារម្មណ៍ឃ្លានញឹកញាប់ និងញ៉ាំបានច្រើនឡើង។
* អាចមានអាការហើមតឹងនៅលើខ្នងជើង ម្រាមដៃ និងផ្ទៃមុខ។ អាចមានអាការត្បៀតសរសៃឈាមនៅលើជើងទាំងសងខាង។
* ធ្លាក់សច្រើនឡើង។
* ចុងខែទី 4 អាចបានឮសំឡេងលោតរបស់បេះដូងទារកនៅក្នុងគភ៌តាមរយៈការពិនិត្យពោះ។
* នៅតែមានអារម្មណ៍ទន់ជ្រាយ ងាយប្រែប្រួល។ ស្ត្រីមានគភ៌គួរតែមានអារម្មណ៍ត្រេកអរ និងពេញចិត្តនឹងការតាំងគភ៌ ប្រយ័ត្នការវិលវល់ក្នុងអារម្មណ៍ អាចមានអារម្មណ៍ឆាប់ធុញទ្រាន់ និងមិនមានសមាធិក្នុងការធ្វើការងារ។
រឿងដែលគ្រូពេទ្យឱ្យអ្នកធ្វើក្នុងខែនេះ មានដូចជា ៖
1. ថ្លឹងទម្ងន់ខ្លួន និងវាស់សម្ពាធឈាម។
2. ពិនិត្យជាតិស្ករ និងសាធាតុស៊ុតសក្នុងទឹកមូត្រ។
3. ស្ដាប់សំឡេងលោតរបស់បេះដូងទារកនៅក្នុងគភ៌។
4. ការស្ទាបអង្អែលក្បាលពោះ ដើម្បីពិនិត្យមើលទំហំ និងកម្ពស់់របស់ស្បូន។
5. ពិនិត្យមើលអាការហើមរបស់ដៃជើង និងសរសៃឈាមនៅម្ដុំចុងជើង។
6. ពិនិត្យរកមើលអាការខុសប្រក្រតីផ្សេងៗដែលអាចនឹងកើតឡើង(បើមាន)។
រឿងដែលស្ត្រីមានគភ៌ត្រូវមើលថែទាំជាពិសេសក្នុងខែនេះគឺ :
1. សម្ពាធឈាម : ព្រោះជាទូទៅក្នុងអំឡុង 6ខែដំបូងរបស់ការតាំងគភ៌ សម្ពាធឈាមនឹងធ្លាក់ចុះទាបបន្តិចបន្តួច រហូតចូលដល់ខែទី 7 ទៅរហូតដល់ពេលប្រសូត សម្ពាធឈាមនឹងខ្ពស់ឡើង។ ក្នុងករណីដែលសម្ពាធឈាមឡើងខ្ពស់ និងទម្ងន់ខ្លួនកើនឡើងយ៉ាងឆាប់រហ័ស មានអាការហើមនៅលើដៃ ជើង និងផ្ទៃមុខ ឬពិនិត្យរកឃើញសារធាតុស៊ុតសនៅក្នុងទឹកមូត្រផងនោះ បញ្ជាក់ថា មានអាការជ្រៀតជ្រែករបស់
ការតាំងគភ៌យ៉ាងធ្ងន់ធ្ងរ ឬគភ៌មានជាតិពុលដែលនឹងមានគ្រោះថ្នាក់ដល់ម្ដាយ និងទារកក្នុង
គភ៌ ក៏ប៉ុន្តែជាប្រក្រតីគ្រូពេទ្យនឹងនៅចាំពិនិត្យរក
មើលសភាវដែលខុសប្រក្រតីទាំងនេះជាប្រចាំស្រាប់ហើយ ដូច្នេះទើបមិនចាំបាច់មានកង្វល់ខ្លាំងពេកទេ។
2. កម្រិតជាតិស្ករនៅក្នុងទឹកមូត្រ : ការពិនិត្យ
ឃើញជាតិស្ករនៅក្នុងទឹកមូត្រអាចមិនមែន-
ជាជំងឺទឹកនោមផ្អែមនោះទេ ព្រោះក្នុងខណៈ
ពេលតាំងគភ៌ ការធ្វើការរបស់អ័រម៉ូនអុីនស៊ូលីន
នឹងមិនអាចធ្វើការបានពេញទំហឹងឡើយ ដោយ-
សារតែស្បូននឹងផលិតសារធាតុប្រឆាំងអុីនស៊ូ-
លីនឡើង ដើម្បីគ្រប់គ្រងមិនឱ្យជាតិស្ករនៅក្នុងឈាមរបស់ម្ដាយឆ្លងចូលទៅក្នុងទារកច្រើន
ជ្រុលពេក រហូតអុីនស៊ូលីនមិនអាចគ្រប់គ្រងកម្រិតជាតិស្ករបានតាមប្រក្រតី ធ្វើឱ្យកម្រិត
ជាតិស្ករក្នុងឈាមអាចខ្ពស់ជាងកម្រិតប្រក្រតី ហើយក្រលៀននឹងមានតួនាទីបញ្ចេញចោលមួយចំនួន។ លុះនៅពេលប្រសូតបុត្រហើយ កម្រិតជាតិស្ករក្នុងឈាមក៏នឹងត្រឡប់មករក
សភាវប្រក្រតីវិញដោយឯកឯង។ មានតែអ្នកខ្លះ
ដែលមានទម្ងន់ខ្លួនច្រើនអាចនឹងអភិវឌ្ឍទៅជា
ជំងឺទឹកនោមផ្អែមនៅពេលអនាគតបាន។ ចំណែក
អ្នកដែលកើតជំងឺទឹកនោមផ្អែមស្រាប់ហើយ គួរ
បញ្ជាក់ប្រាប់គ្រូពេទ្យដែលមើលថែគភ៌ឱ្យបានដឹង ដើម្បីគេបានមើលថែទាំយ៉ាងដិតដល់។
3. សភាវឈាមស្លេក : ជាអាការដែលច្រើនតែកើតឡើងចំពោះស្ត្រីតាំងគភ៌ ដោយសារតែ
កើតសភាវខ្វះសារធាតុដែក។ វិធីការពារគឺងាយ
បំផុត ចូរជ្រើសរើសញ៉ាំអាហារដែលមានសារធាតុ
ដែកខ្ពស់ ឬញ៉ាំថ្នាំបំប៉នសារធាតុដែកបន្ថែមក្នុងមួយថ្ងៃ 30មីល្លីក្រាម។
4. អាការតឹងច្រមុះ និងអាចមានឈាមហូរចេញមកតាមច្រមុះ : ជាអាការដែលជួបប្រទះ
ញឹកញាប់នៅលើស្ត្រីមានគភ៌ ដោយសារតែ
អ័រម៉ូនប្រូជេស្ទើរ៉ូននៅក្នុងឈាមមានកម្រិតខ្ពស់។ ស្ត្រីមានគភ៌អាចការពារអាការនេះបានដោយខ្លួនឯង ដោយញ៉ាំវីតាមីន C ក្នុងមួយថ្ងៃ 250ក្រាម ធ្វើឱ្យអាការហូរឈាមច្រមុះចុះថយទៅវិញបាន។
5. ធ្លាក់ស : ក្នុងអំឡុងពេលតាំងគភ៌នឹងមាន
ធ្លាក់សច្រើនឡើងជាបន្តបន្ទាប់រហូតដល់
អំឡុងពេលមុនប្រសូត។ វិធីកែបញ្ហានេះ គ្រាន់តែ
ស្ត្រីមានគភ៌ឧស្សាហ៍ថែទាំ សម្អាតឱ្យបានជាប់-
លាប់ និងកុំឱ្យមានភាពសើមផ្អាប់។ បើសិនធ្លាក់សមានពណ៌ ឬក្លិនប្រែប្រួលខុសពីមុន មានអាការរមាស់ ឬឈឺផ្សាក្រហាយ គួរប្រញាប់ទៅប្រឹក្សាជាមួយគ្រូពេទ្យដែលពិនិត្យគភ៌៕

ថ្ងៃនេះទស្សនាវដ្តី ឡារ៉ែន សូមណែនាំពីឱសថបុរាណ ដែលអាចព្យាបាលអាការរមាស់លើស្បែកបានដោយមិនចាំបាច់ទៅពឹងពាក់គ្រូពេទ្យឡើយ។ លោកអ្នកជ្រាបទេថា អាការរមាស់ស្បែកកើតពីខ្យល់ពុល មេរោគឱកាសនិយម រោគសើស្បែក និងរោគឃ្លង់ ទាំងនេះលោកអ្នកអាចកាត់បន្ថយអាការឈឺចាប់ដោយសារការរមាស់បានជាមួយឱសថបុរាណ4ប្រភេទនេះ។ បើតាមការចង្អុលបង្ហាញរបស់សៀវភៅឱសថលំដាប់ថ្នាក់ពិភពលោក Reader’s Digest បានប្រាប់ថា ឱសថបុរាណដែលងាយស្រួលរកទិញនៅក្បែរខ្លួនបំផុត មានដូចជា ល្មៀត ប្រេងអូលីវ គ្រាប់ល្ង និងប្រទាលកន្ទុយក្រពើអាចពន្យារ និងបន្ថយអាការរមាស់បានយ៉ាងពូកែស័ក្ដិសិទ្ធិ។
1. ប្រេងអូលីវ
ប្រេងអូលីវ មានអាស៊ីតខ្លាញ់អូមេហ្កា 3ច្រើនបំផុត និងមានគុណសម្បត្តិជួយកាត់បន្ថយអាការរមាស់ដែលកើតឡើងនៅលើស្បែកយ៉ាងពូកែ។ លោកអ្នកគ្រាន់តែយកប្រេងអូលីវក្ដៅឧណ្ហៗ (យកប្រេងទៅកម្តៅ) រួចយកមកលាបលើបរិវេណស្បែកដែលមានសភាពរមាស់ជាការស្រេច។
2. គ្រាប់ល្ង
គ្រាប់ល្ង ជាប្រភេទគ្រាប់ធញ្ញជាតិដែលសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា 3 ដូចគ្នា ដែលមានគុណប្រយោជន៍ជួយព្យាបាលអាការរមាស់ និងរលាកនៅលើស្បែកបានយ៉ាងមានប្រសិទ្ធភាព។ ដោយលោកអ្នកគ្រាន់តែទទួលទានគ្រាប់ល្ងមួយថ្ងៃ 2-3ស្លាបព្រាកាហ្វេ ជារៀងរាល់ថ្ងៃតែប៉ុណ្ណោះ។
3. ម្សៅល្មៀត
ល្មៀត មានគុណសម្បត្តិជួយបន្ថយអាការរលាក ឬអាប់សែដែលកើតមាននៅលើស្បែក។ បើត្រឹមតែទទួលទានម្សៅល្មៀតមួយថ្ងៃ 1ស្លាបព្រាកាហ្វេជាប្រចាំថ្ងៃនោះ វានឹងជួយកាត់បន្ថយអាការរមាស់ និងរលាកស្បែកផ្សេងៗ បើទោះជាមានរោគសើស្បែកក៏ដោយ។
4. ប្រទាលកន្ទុយក្រពើ
សាច់សរសៃជែលរបស់ប្រទាលកន្ទុយក្រពើ គឺជាឱសថបុរាណដែលអាចជួយព្យាបាលអាការរមាស់ និងអាប់សែស្បែកបាន ថែមទាំងមានគុណសម្បត្តិព្យាបាលការរលាកខ្លាំង និងពងបែកលើស្បែកបានយ៉ាងពូកែស័ក្ដិសិទ្ធិ។ លោកអ្នកគ្រាន់តែយកសាច់ជែលរបស់ប្រទាលកន្ទុយក្រពើមកបិទពីលើស្បែកដែលរលាក ឬរមាស់ ហើយផ្អាប់ចោលរយៈពេលមួយសន្ទុះ រួចលាងដោយទឹកស្អាតចេញជាការស្រេច។
មិនថារោគសើស្បែក រលាកស្បែក កន្ទួលក្រហមលើស្បែក រមាស់ស្បែកខ្លាំង ឬមានបញ្ហាស្បែកអាប់សែក៏ដោយ លោកអ្នកអាចពិចារណាប្រើប្រាស់ឱសថបុរាណខាងលើនេះ ដើម្បីព្យាបាល និងកាត់បន្ថយអាការឈឺចាប់ រមាស់បានយ៉ាងពូកែស័ក្ដិសិទ្ធិ ដោយមិនមានក្ដីកង្វល់ឡើយ៕