Category: សង្គម និងសេដ្ឋកិច្ច

  • Tesla យកឈ្នះ​លើ VW, BMW និង Mercedes ក្លាយជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ប្រណិត​លេខ​មួយ​នៅ​អាម៉េរិក

    Tesla យកឈ្នះ​លើ VW, BMW និង Mercedes ក្លាយជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ប្រណិត​លេខ​មួយ​នៅ​អាម៉េរិក

    ការសម្រេចចិត្ត​បញ្ចុះតម្លៃ​រាល់​ម៉ូ​ដែល​រថយន្ត​អគ្គិសនី​របស់ Tesla នៅ​សហរដ្ឋ​អាម៉េរិក កាលពី​ខែមករា​កន្លងទៅ បាន​នាំឱ្យ​មានការ​លក់ដាច់​ខ្លាំង​ក្នុង​ត្រីមាស​ទីមួយ​ឆ្នាំ 2023។

    ការលក់​រថយន្ត​រប​ស់ Tesla នៅ​ទីផ្សារ​អាម៉េរិក​ក្នុង​ត្រីមាស​ទីមួយ​ឆ្នាំនេះ គ្រោង​នឹង​សម្រេចបាន 180,000 គ្រឿង ដែល​នេះ​​នឹង​ជា​ត្រីមាស​ដែល​បង្កើតបាន​កំណត់ត្រា​នៅ​ទីផ្សារ​អាម៉េរិក ហើយក៏​ជា​កំណើន​ខ្ពស់​ជិត 40% ធៀប​នឹង​ត្រីមាស​ទីមួយ​ឆ្នាំ 2022។

    Tesla ក៏​នឹង​ក្លាយជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ប្រណិត​លំដាប់​លេខ​មួយ​នៅ​សហរដ្ឋ​អាម៉េរិក​ក្នុង​ត្រីមាស​នេះ ដោយ​លក់​រថយន្ត​បាន​ច្រើនជាង​ទ្វេដង ធៀប​នឹង BMW ឬ Mercedes-Benz។ ក្រុមហ៊ុន​អាល្លឺម៉ង់​ទាំងពីរ​នេះ លក់​រថយន្ត​អគ្គិសនី​លំដាប់​ប្រណិត​បាន​ជាង 162,000 គ្រឿង ហើយ​នៅតែ​ទាប​ជាង​ប្រហែល 18,000 គ្រឿង ធៀប​នឹង Tesla ម្នាក់ឯង។

    ការកាន់កាប់​បាន 5.1% នៃ​ទីផ្សារនៅ​សហរដ្ឋ​​​អាម៉េរិក ក៏​នឹង​ជួយ​ឱ្យ Tesla ឈរ​ពីលើ​បណ្ដា​ក្រុមហ៊ុន​ផលិត​រថយន្ត​ធម្មតា មានដូចជា Mazda, Subaru រួមទាំង​សាជីវកម្ម Volswagen ដែល​មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ Audi, Bentley, Lamborghini, Porsche និង Volkswagen ផងដែរ​។

  • កម្ពុជា​បំបាក់មុខ​វៀតណាម​នៅ​ពានរង្វាន់​ក្បាច់គុន Vovinam

    កម្ពុជា​បំបាក់មុខ​វៀតណាម​នៅ​ពានរង្វាន់​ក្បាច់គុន Vovinam

    នៅឯ​ពានរង្វាន់​ក្បាច់គុន Vovinam អាស៊ីអាគ្នេយ៍ 2023 ម្ចាស់ផ្ទះ​កម្ពុជា​ដណ្ដើមបាន​មេដាយ​ចំនួន 28 គ្រឿង ក្នុងនោះ​មាន​មេដាយមាស​ចំនួន 10 គ្រឿង ហើយ​ឈរ​លំដាប់​លើ​គេ​បង្អស់។

    នៅមុន​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី 32 (2023 Southeast Asian Games ឬ SEA Games 32) ពានរង្វាន់​មិត្តភាព​អន្តរជាតិ និង​ពានរង្វាន់​ផ្លូវការ​ជាច្រើន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ក៏ត្រូវ​បាន​បើក​ការប្រកួត​ក្នុង​បំណង​បង្កើន និង​វាយតម្លៃ​ឡើងវិញ​នូវ​គុណភាព សមត្ថភាព​របស់​កីឡាករ អត្ត​ព​លិ​ក ក៏ដូចជា​ស្ទាបស្ទង់​សមត្ថភាព​របស់​គូប្រកួត​ជាដើម ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​នៅ SEA Games 32 ដែល​នឹង​ធ្វើឡើង​នៅ​ខែឧសភា 2023 លើ​ទឹកដី​កម្ពុជា។

    ថ្មីៗនេះ ពានរង្វាន់​លំដាប់​តំបន់ «Vovinam» ដែលជា «ក្បាច់​គុនជាតិ» របស់​ប្រទេស​វៀតណាម​ក៏​ទើបតែ​បានបញ្ចប់​នៅក្នុង​រាជធានី​ភ្នំពេញ។ យោងតាម​ប្រកាស​របស់​គណៈកម្មការ ម្ចាស់ផ្ទះ​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​មួយ ដោយ​ដណ្ដើមបាន​មេដាយ​សរុប 28 គ្រឿង ក្នុងនោះ​មាន​មេដាយមាស​ចំនួន 10 គ្រឿង, មេដាយប្រាក់​ចំនួន 9 គ្រឿង និង​មេដាយ​សំរឹទ្ធ​ចំនួន 9 គ្រឿង។

    ចំណែក​វៀតណាម បើទោះជា​ម្ចាស់ និង​ឈរ​លំដាប់​លេខ​មួយ​ក្នុង​វិញ្ញាសា​ក្បាច់គុន Vovinam នៅ SEA Games 31 ត្រូវ​ឈរ​លំដាប់​ទី​ពីរ​ក្នុងការ​ប្រកួត​នេះ។ ក៏ប៉ុន្តែ នេះ​គ្រាន់តែ​ជាការ​ប្រកួត​មុន SEA Games 32 ដូច្នេះ​មិនទាន់​អាច​វាយតម្លៃ​ជា​ផ្លូវការ។ ក្រុម​របស់​វៀតណាម រកបាន​មេដាយ​សរុប 19 គ្រឿង ក្នុងនោះ​មាន​មេដាយមាស 8 គ្រឿង, មេដាយប្រាក់ 11 គ្រឿង នៅក្នុង​ការប្រកួត​រយៈ​ពេល​បី​ថ្ងៃ។

    ចំណាត់ថ្នាក់​បន្ទាប់​គឺ មី​យ៉ាន់​ម៉ា ដោយ​ដណ្ដើមបាន​មេដាយមាស 5 គ្រឿង ប្រាក់ 4 គ្រឿង និង​សំរឹទ្ធ 21 គ្រឿង, ថៃ​រកបាន​មេដាយមាស 3 គ្រឿង ប្រាក់ 5 គ្រឿង និង​សំរឹទ្ធ 4 គ្រឿង ខណៈ​ឥណ្ឌូណេស៊ី​ដណ្ដើមបាន​មេដាយមាស 3 គ្រឿង និង​សំរឹទ្ធ 15 គ្រឿង។

    នៅ SEA Games 32 ដែល​នឹង​ធ្វើឡើង​នៅ​ខែឧសភា​ខាងមុខ វិញ្ញាសា Vovinam ក៏​នឹងមាន​មេដាយ​សរុប​ចំនួន 30 ឈុត ជាមួយនឹង​វិញ្ញាសា​ចំនួន​ពីរ​គឺ ការសម្ដែង និង​ការប្រកួត៕

  • ក្រុមហ៊ុន​អូស្ត្រាលី​ផលិត​សាច់​បណ្ដុះ​ដែល​មាន​ផ្ទុក DNA របស់​ដំរី​ដែល​បាន​ផុត​ពូជ​

    ក្រុមហ៊ុន​អូស្ត្រាលី​ផលិត​សាច់​បណ្ដុះ​ដែល​មាន​ផ្ទុក DNA របស់​ដំរី​ដែល​បាន​ផុត​ពូជ​

    ក្រុមហ៊ុន Vow ផលិត​សាច់​ដំរី​មេមម៉តដែល​បាន​ផុត​ពូជ​តាំង​ពីយូរ ដើម្បី​បញ្ជាក់​អំពី​សក្ដានុពល​របស់​សាច់ដែល​បណ្ដុះ​ពី​កោសិកា។

    Vow សហការ​ជាមួយ​សាស្ត្រាចារ្យ​ Ernst Wolvetang មក​ពី​វិទ្យាស្ថាន​បច្ចេកទេស​ជីវសាស្ត្រអូស្ត្រាលី នៃ​សាកលវិទ្យាល័យ​ Queensland ដើម្បី​បង្កើត​ប្រូតេអ៊ីន​សាច់​ដុំ​ដំរី​មេមម៉ត (Mammoth)។ ក្រុម​ស្រាវជ្រាវ​បានរៀប​លំដាប់​​ DNA ​សម្រាប់​ប្រូតេអ៊ីន myoglobin របស់​ដំរី​មេមម៉ត ដែល​ជា​ប្រូតេអ៊ីន​សាច់​ដុំ​សំខាន់​ជាង​គេ​បង្អស់​​ផ្ដល់​រស​ជាតិ​ជា​សាច់​ និង​ប្រើ​ប្រាស់​ DNA ដើម្បី​បន្ថែម​ទៅ​កន្លែង​ដែល​មិន​ពេញលេញ​។ លំដាប់​ DNA នេះ​ ក្រោយ​មក​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​កោសិកាដើម fibroblast ដែល​យក​ពី​សត្វ​ចៀម ហើយ​បណ្ដុះ​ឱ្យ​បាន​ច្រើន​ជាង​មុន​ 20 ពាន់​លាន​កោសិកា​ដែល​ក្រុម​ហ៊ុន​ប្រើប្រាស់​ក្នុងការ​បណ្ដុះ​សាច់​ដំរី​មេមម៉ត។

    យោង​តាមលោក Wolvetang វិធី​សាស្ត្រ​នេះ​ផ្ដល់​លទ្ធផល​យ៉ាង​ឆាប់​រហ័ស​ និង​ងាយស្រួល​ ដោយ​ចំណាយ​ពេល​តែ​ពីរ​សប្ដាហ៍ប៉ុណ្ណោះ​។ លោក​បន្ត​ថា គ្រប់​គ្នា​នឹង​រារែក​ក្នុង​ការ​បរិភោគ​សាច់​ដំរី​មេមម៉ត ព្រោះ​តែ​វា​ចម្លែក​ និង​នៅ​ថ្មី​ថ្មោង​។ ក៏ប៉ុន្តែ បើ​គិត​អំពី​បរិស្ថាន និង​មនុស្សធម៌​ លោក Wolvetang យល់​ថា សាច់​បណ្ដុះ​ក្នុង​បន្ទប់​ពិសោធន៍​ពិត​ជា​មាន​ន័យ​។

    រូបរាង​របស់​ដំរីមេមម៉ត​ដែល​បាន​ផុតពូជា​អស់​កាល​ជាយូរ​មក​ហើយ

    គម្រោង​ខាងលើ​នេះត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​បំណង​បញ្ជាក់​អំពី​សក្ដានុពល​របស់​សាច់​បណ្ដុះ​ពី​កោសិកា​ដោយ​មិន​​ចាំបាច់​សម្លាប់​សត្វ​ ទន្ទឹម​នឹង​ការ​បង្ហាញ​អំពី​ទំនាក់​ទំនង​រវាង​ការ​ផុត​ពូជ​របស់​សត្វ​ព្រៃ​ និង​វិបត្តិ​អាកាសធាតុ​។ ប្រហិត​សាច់​ដំរី​មេមម៉ត​ត្រូវ​បាន​បង្ហាញ​កាល​ពី​ថ្ងៃទី 28 មីនា​នៅ Nemo ដែល​ជា​សារមន្ទីរ​វិទ្យា​សាស្ត្រ​របស់​ប្រទេស​ហូឡង់​៕

  • ដណ្ដើមបាន​ជើងឯក​នៅ Merlion Cup ក្រុម U-22 ម៉ាឡេស៊ី «គំរាម​ផ្លូវចិត្ត» ដល់ក្រុម​នានា​របស់​ SEA Games នៅ​កម្ពុជា

    ដណ្ដើមបាន​ជើងឯក​នៅ Merlion Cup ក្រុម U-22 ម៉ាឡេស៊ី «គំរាម​ផ្លូវចិត្ត» ដល់ក្រុម​នានា​របស់​ SEA Games នៅ​កម្ពុជា

    ក្រុមបាល់ទាត់​ជម្រើសជាតិវ័យ​ក្រោម​ 22 ឆ្នាំរបស់​ម៉ាឡេស៊ី (U-22 ម៉ាឡេស៊ី) បាន​យកឈ្នះ​លើ​ក្រុម​ហុងកុង និង​ដណ្ដើមបាន​ពានរង្វាន់​មិត្តភាព​អន្តរជាតិ Merlion Cup នៅមុន​ពេល SEA Games 32 មកដល់។

    នៅសល់តែ​ជិត​មួយខែ​ទៀត​ប៉ុណ្ណោះ ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ SEA Games 32 នឹង​ចាប់ផ្ដើម​ធ្វើឡើង ​ជា​ផ្លូវ​ការ​​នៅ​កម្ពុជា។ បច្ចុប្បន្ន ក្រុមបាល់ទាត់​ជម្រើសជាតិ U-22 នានា​នៅក្នុង​តំបន់​កំពុងតែ​ញាប់ដៃ​ញាប់ជើង​ត្រៀមខ្លួន​ដើម្បី​អាច​ដណ្ដើមបាន​ជ័យ​ជ​ន្នះ​នៅក្នុង​វិញ្ញាសា​បាល់ទាត់​បុរស​នៅ SEA Games 32។

    ក្នុង​គ្រា​ដែល U-23 ថៃ និង U-23 វៀតណាម​កំពុង​ប្រជែង​គ្នា​នៅឯ​ពានរង្វាន់​មិត្តភាព​អន្តរជាតិ U-23 Doha Cup 2023 គេ​ឃើញថា U-22 ម៉ាឡេស៊ី​ក៏​ចូលរួម​ប្រកួត​នៅឯ​ពានរង្វាន់ Merlion Cup 2023។ ពានរង្វាន់ Merlion Cup 2023 មាន​បួន​ក្រុម​ចូលរួម រួមមាន U-22 កម្ពុជា, U-22 ហុងកុង, U-22 ម៉ាឡេស៊ី និង​ក្រុម​ម្ចាស់ផ្ទះ U-22 សិង្ហ​បុរី។

     

    ខាងលើនេះ​គឺជា​ពានរង្វាន់​ដែល​ត្រូវបាន​ចាត់ទុកថា​សំខាន់​នៅ​​មុន​ព្រឹត្តិការណ៍ SEA Games 32 ចូលមក​ដល់។ នៅឯ​ពានរង្វាន់ Merlion ក្រុម U-22 ម៉ាឡេស៊ី​បានបង្ហាញ​សមត្ថភាព​ដ៏​លេចធ្លោ​របស់ខ្លួន។ ក្រោយពី​បាន​ផ្ដួល​កម្ពុជា​ដោយ​លទ្ធផល 4-2 ក្រុម U-22 ម៉ាឡេស៊ី​ក៏បាន​ប៉ះ​នឹង U-22 ហុងកុង។

    ក្នុងការ​ប្រកួត U-22 ម៉ាឡេស៊ី រកបាន​ពីរ​គ្រាប់​នៅក្នុង​តង់​ទី​ពីរ ខណៈដែល U-22 ហុងកុង​រកបាន​មួយ​គ្រាប់។ ចប់​ការប្រកួត U-22 ម៉ាឡេស៊ី​ឈ្នះ​ក្នុង​លទ្ធផល 2-1 និង​ដណ្ដើមបាន​តំណែង​ជើងឯក​នៃ​ពានរង្វាន់​មិត្តភាព អន្តរ​ជាតិ​ Merlion Cup 2023។

    ជ័យជម្នះ​ខាងលើ​របស់ U-22 ម៉ាឡេស៊ី គឺជា​ការព្រមាន​ដល់​បណ្ដា​ក្រុម​ជម្រើសជាតិ​ដែល​នឹងចូលរួម​ប្រកួត​​ បាល់​ទាត់​នៅ​ SEA Games 32 ដែល​នឹង​ត្រូវ​បាន​រៀប​ចំឡើង​នៅ​កម្ពុជា​នាពេលខាងមុខ៕

  • រកបាន​ពីរ​គ្រាប់​ឱ្យ​ព័រទុយហ្កាល់ Ronaldo ធ្វើឱ្យ​កំណត់ត្រា​របស់ខ្លួន​កាន់តែ​ឃើញច្បាស់

    រកបាន​ពីរ​គ្រាប់​ឱ្យ​ព័រទុយហ្កាល់ Ronaldo ធ្វើឱ្យ​កំណត់ត្រា​របស់ខ្លួន​កាន់តែ​ឃើញច្បាស់

    នៅពេល​ស៊ុត​បញ្ចូល​ទី​របស់​លុច​សំបួ​បាន​ពីរ​គ្រាប់ ជួយ​ឱ្យ​ព័រទុយហ្កាល់​ឈ្នះ 6-0 Cristiano Ronaldo បានធ្វើឱ្យ​កំណត់ត្រា​របស់ខ្លួន​កាន់តែ​លេចធ្លោ​មិន​ធ្លាប់មាន​នាពេល​កន្លង​នៅក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ពិភពលោក។

    ក្នុងការ​ប្រកួត​ជើង​ទី​ពីរ​នៃ​វគ្គ​ជម្រុះ​នៅ​ពានរង្វាន់ Euro 2024 ក្រុមបាល់ទាត់​ជម្រើសជាតិ​ព័រទុយហ្កាល់​បន្ត​យកឈ្នះ​យ៉ាង​ធំធេង​នៅពេល​ផ្ដួល​លុច​សំបួ​ក្នុង​លទ្ធផល 6-0 ក្នុងនោះ Ronaldo រួមចំណែក​បាន​ពីរ​គ្រាប់។ ការ​ទាត់​បញ្ចូល​ទី​គូប្រជែង​របស់​កំពូល​តា​រា​បាល់ទាត់​វ័យ 38 ឆ្នាំ​រូបនេះ ​គឺជា​ចំណុច​លេចធ្លោ​ជាងគេ​នៅក្នុង​ការប្រកួត​លើក​នេះ។

    ជាង​នេះ ការ​ស៊ុត​បញ្ចូល​ទី​ពីរ​គ្រាប់​ខាងលើ​ក៏បាន​ជួយ​ឱ្យ CR7 បង្កើន​ភាពលេច​ធ្លោ​ដល់កំណត់​ត្រា​ដែល​មិន​ធ្លាប់មាន​ពីមុនមក​នៅក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់។ ជាក់ស្ដែង Ronaldo បាន​ក្លាយជា​កីឡាករ​ដំបូង​គេ​ដែល​រកបាន​គ្រាប់​បាល់​ជូន​​ក្រុម​ជម្រើសជាតិ​ក្នុង​រយៈពេល 20 ឆ្នាំ​បន្តបន្ទាប់។

     

    សមិទ្ធផល​នេះ​បានចាប់ផ្ដើម​​មាន​រូប​រាង​តាំងពី​ឆ្នាំ 2004 នៅពេល CR7 រួមចំណែក 7 លើក​ក្នុងការ​ស៊ុត​បញ្ចូល​ទី​ជូន​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់។ ក្រោយមក ថ្វី​ជើង​បែប​នោះ​ក៏​​ត្រូវ Ronaldo រក្សាបាន​រហូតដល់​ប​ច្ចុ​ប្បន្ន។ រាប់​ពី​ដើមឆ្នាំ 2023 CR7 រកបាន​បួន​គ្រាប់ជូន​ក្រុម​ព័រទុយហ្កាល់ ក្រោយពី​ការប្រកួត​ពីរលើក​ជាមួយ លិច​តិ​ន​ស្តា​ញ (Liechtenstein) និង​លុច​សំបួ នៅ​វគ្គ​ជម្រុះ Euro 2024។

    https://www.youtube.com/watch?v=PnC-ayvCECQ

    មុនពេល​បង្កើត​បានកំណត់​ត្រា​ដ៏​គួរឱ្យ​ពេញចិត្ត​នេះ Ronaldo រួម​នឹង Robbie Keane គឺជា​កីឡាករ​ដែល​តែងតែ​រកបាន​គ្រាប់​បាល់​ជូន​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់​ នៅ​ក្នុង​រយៈពេល 19 បន្តបន្ទាប់។ តួលេខ​នេះ​ចំពោះ Lionel Messi របស់​អា​ហ្ស​ង់​ទីន គឺ 18 ឆ្នាំ​បន្តបន្ទាប់៕

  • សង្គ្រាម​តម្លៃ​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ថៃ ឡើង​កម្ដៅ​ខ្លាំង​ពេល​ពិព័រណ៍ Bangkok Motor Show ចាប់ផ្ដើម

    សង្គ្រាម​តម្លៃ​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ថៃ ឡើង​កម្ដៅ​ខ្លាំង​ពេល​ពិព័រណ៍ Bangkok Motor Show ចាប់ផ្ដើម

    សង្គ្រាម​តម្លៃ​រថយន្ត​អគ្គិសនី​បាន​រីក​រាលដាល​ដល់​ប្រទេស​ថៃ ក្នុងនោះ​បណ្ដា​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​ចិន ជប៉ុន និង​កូរ៉េខាងត្បូង បញ្ចុះតម្លៃ​ខ្លាំង​សម្រាប់​បណ្ដា​ម៉ូ​ដែល​ថ្មី​ដែល​ពួកគេ​បង្ហាញ​នៅក្នុង​ពិព័រណ៍​រថយន្ត​អន្តរជាតិ​ប្រចាំឆ្នាំ​របស់​ប្រទេស​ថៃ​ដែល​បាន​សម្ពោធ​បើក​កាលពី​ថ្ងៃទី 22 មីនា 2023។

    នៅក្នុង​ពិព័រណ៍​ខាងលើ BYD បានបង្ហាញ​រថយន្ត​អគ្គិសនី​ប្រភេទ​ hatchback ថ្មី​តម្លៃ 23,457 ដុល្លារ​អាម៉េរិក ស្មើនឹង​ពាក់កណ្ដាល​នៃ​តម្លៃ​មធ្យម​នៅ​ទូទាំង​ពិភពលោក របស់​រថយន្ត​អគ្គិសនី​មួយគ្រឿង។ BYD ក៏​បាន​ប្រកាស​ចាប់ផ្ដើម​ទទួល​ការបញ្ជាទិញ​សម្រាប់​រថយន្ត BYD Dolphin នៅ​ប្រទេស​ថៃ។

    គូប្រជែង​នានា​នឹងត្រូវ​ធ្វើសង្គ្រាម​តម្លៃ​ ក៏ដូចជា​រយៈពេល​នៃ​ការប្រគល់​ទំនិញ ដើម្បី​ប្រកួត​ជាមួយនឹង BYD។ កាលពី​ខែកុម្ភៈ BYD បានប្រគល់ SUV Atto 3 គ្រឿង​ទី 10,000 នៅ​ប្រទេស​ថៃ។

     

    Tesla ចាប់ផ្ដើម​ប្រគល់​ទំនិញ​នៅ​ប្រទេស​ថៃ​ក្នុងពេល​ដំណាលគ្នា​នោះ ហើយក៏​បាន​បង្កើតឱ្យមាន​ការចាប់ផ្ដើម​នៃ​សង្គ្រាម​បញ្ចុះតម្លៃ​នៅតាម​បណ្ដា​ទីផ្សារ ដែល​នេះ​បាន​នាំមក​នូវ​ជោគជ័យ​ច្រើន​ដល់​ក្រុម​ហ៊ុន​អាម៉េរិក​មួយ​នេះ​។ ភ្លាមនោះ BYD ក៏​បញ្ចុះតម្លៃ​ជា​មធ្យម 1,299 ដុល្លារ។ Nissan និង Toyota របស់​ជប៉ុន តាម​ពីក្រោយ​ដោយ​ការបញ្ចុះ​តម្លៃ​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ចិន។

    ពិព័រណ៍​រថយន្ត​អន្តរជាតិ​បាងកក 2023 (2023 Bangkok International Motor Show) បានចាប់ផ្ដើម​ជា​ផ្លូវការ​តាំង​ពី​ថ្ងៃទី 22 មីនា និង​អូស​បន្លាយ​​រហូតដល់​ថ្ងៃទី 02 មេសា 2023។ នេះ​គឺជា​ព្រឹត្តិការណ៍​ពិព័រណ៍​រថយន្ត​ធំ និង​គួរ​ទុកចិត្ត​បំផុត​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ ពិព័រណ៍​នេះ​មាន​អាយុកាល 44 ឆ្នាំ​មកហើយ៕

  • ប្រធាន​ក្លឹប​បញ្ជាក់​ជា​ផ្លូវការ៖ អនាគត​របស់ Messi នៅ PSG ត្រូវបាន​លាតត្រដាង

    ប្រធាន​ក្លឹប​បញ្ជាក់​ជា​ផ្លូវការ៖ អនាគត​របស់ Messi នៅ PSG ត្រូវបាន​លាតត្រដាង

    ប្រធាន​ក្លឹប PSG Nasser Al Khelaifi ថ្មីៗនេះ​បាន​និយាយ​ដល់​រឿង​អនាគត​របស់ Lionel Messi ក្នុង​គ្រា​ដែល​ព័ត៌មាន​នេះ​ទទួលបាន​ចំណាប់អារម្មណ៍​ច្រើន​ពី​អ្នកគាំទ្រ។

    កិច្ចព្រមព្រៀង​រវាង Messi នឹង​ក្លឹប PSG នឹង​អស់​សុពលភាព​នៅត្រឹម​ខែមិថុនា​ខាងមុខ។ ការណ៍​ដែល​មិនទាន់​សម្រេច​លើ​ការពន្យារ​សុពលភាព​នៅ​ប៉ារីស បាន និង​កំពុង​ធ្វើឱ្យមាន​ដំណឹង​ចចាមអារ៉ាម​ជាច្រើន​ទាក់ទង​នឹង​អនាគត​របស់ Messi ក្នុង​នោះ​មាន​ព័ត៌មាន​ខ្លះ​ថា M10 បាន​គិត​ដល់​ការ​ចាក​ចេញ​ទៅ​រក Barcelona។

    បញ្ហា​ខាងលើ​ប្រហែលជា​បានឮ​ដល់​ប្រធាន​ក្លឹប PSG លោក Nasser Al Khelaifi ដែលនាំឱ្យ​លោក​បញ្ចេញ​ប្រតិកម្ម។ អ្នក​មាននៅ​កាតា​រូបនេះ​អះអាងថា Messi បច្ចុប្បន្ន​នៅតែ​ជា​ទ្រព្យ​ដ៏​សំខាន់បំផុត​មួយ​របស់ PGS ហើយ​អនាគត​របស់ Messi នៅក្នុង​ក្លឹប ប្រាកដជា​នឹងត្រូវ​បាន​ធានា។

     

    «គ្រប់គ្នា​ចង់ដឹងថា មាន​អ្វី​កំពុង​កើតឡើង។ យើង​កំពុងធ្វើការ​ដើម្បី​រក្សា Lionel Messi រួម​នឹង Kylian Mbappe និង Sergio Ramos» ប្រធាន​ក្លឹប PSG លោក Nasser Al Khelaifi ថ្លែង​ដូច្នេះ និង​បន្តថា «ក្លឹប​នឹង​វិភាគ​នូវ​អ្វីដែល​កំពុង​ធ្វើ​ដើម្បី​ធានាថា អាច​រួម​រស់​ជាមួយ​ពួកគេ​បានយូរ​អង្វែង។ …ប៉ុន្តែ​ខ្ញុំ​យល់ថា ប្រការ​សំខាន់​គឺថា យើង​ត្រូវតែ​ផ្ដោតទៅលើ​ផ្នែក​ដែល​នៅសល់​ក្នុង​​រដូវ​កាល​នេះ»។

    ប្រធានក្លឹប PSG លោក Nasser Al Khelaifi (ឆ្វេង) និង Lionel Messi កាលពីឆ្នាំ 2021

    យោងតាម​សារព័ត៌​មានបារាំង Messi និង PSG បាន​ព្រមព្រៀងគ្នា​ដោយ​ពាក្យសម្ដី​ស្ដីពី​ការពន្យារ​សុពលភាព​នៃ​កិច្ចសន្យា តាំងពី​ខែធ្នូ 2022។ ប៉ុន្តែ ពួកគេ​មិនទាន់បាន​​ចុះហត្ថលេខា​ជា​ផ្លូវការ។

    Messi ទំនងជា​ចង់ឱ្យ PSG ក្លាយជា​ក្រុមបាល់ទាត់​ដែល​ប្រកបដោយ​ភាព​ប្រកួតប្រជែង។ ដូច្នេះ រហូត​ដល់ពេល​ក្រុមប្រឹក្សាភិបាល​ក្លឹប​នេះ​លើកឡើង​នូវ​គម្រោង​ដែល​ប្រកប់ដោយ​ការទាក់ទាញ ទើប M10 យល់ព្រម​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ថ្មី៕

  • ពិធី​ដង្ហែ​ភ្លើងគប់ SEA Gamers 32 ចាប់ផ្ដើម​ចេញដំណើរ​ពី​វៀតណាម

    ពិធី​ដង្ហែ​ភ្លើងគប់ SEA Gamers 32 ចាប់ផ្ដើម​ចេញដំណើរ​ពី​វៀតណាម

    ពិធី​ដង្ហែ​ភ្លើង​គប់ស៊ីហ្កេម 32 (SEA Games 32) ត្រូវ​បាន​សម្ពោធ​បើក​​ជា​ផ្លូវការ​ដោយ​ចាប់ផ្ដើម​ដង្ហែ​ចេញពី​រដ្ឋធានី​ហាណូយ​ប្រទេស​វៀតណាម។

    ព្រឹក​ថ្ងៃទី 24 មីនា ពិធី​ដង្ហែ​ភ្លើង​គប់ SEA Games 32 ត្រូវបាន​ប្រារព្ធ​ឡើង​នៅឯ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​វៀតណាម។ នេះ​គឺជា​ព្រឹត្តិការណ៍​ចាប់ផ្ដើម​សម្រាប់​ការធ្វើដំណើរ​ឆ្លងកាត់ 11 ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​របស់​ភ្លើង​គប់ SEA Games 32 មុននឹង​​ត្រលប់​ចូលមក​កាន់​ទឹកដី​កម្ពុជា។

    នៅក្នុង​ព្រឹត្តិការណ៍​នេះ​ក៏មាន​វត្តមាន​របស់លោក​ជំទាវ ជា គឹម​ថា ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​វៀតណាម រួម​នឹង​ឯកអគ្គរដ្ឋទូត ​មន្ត្រីការទូត​នៃ​បណ្ដា​ប្រទេស​អាស៊ាន ក៏ដូចជា​ក្រុមមន្ត្រី​វៀតណាម កីឡាករ និង​និស្សិត​ប្រមាណ 300 នាក់។

     

    លោកជំទាវ ជា គឹម​ថា គឺជា​អ្នក​ប្រកាស​កម្មវិធី​សម្ពោធ​បើក​ព្រឹត្តិការណ៍​ដង្ហែ​ភ្លើង​គប់។ ភ្លើង​គប់​ផ្លូវការ​របស់ SEA Games 32 ត្រូវបាន​អត្ត​ព​លិ​ក​វៀតណាម ប្រតិភូ​​តំណាង​នានា ​កីឡាករ និង​និស្សិត​រាប់រយ​នាក់ ដង្ហែ​ពី​ស្ថានទូត​កម្ពុជា ទៅកាន់ ហូ ហ្វា​ង គា​ម និង​ត្រលប់​មកកាន់​កន្លែង​ដើម។

    ដល់​ថ្ងៃទី 25 មីនា ភ្លើង​គប់ SEA Games 32 នឹង​ចាក​ចេញពី​វៀតណាម ដើម្បី​ធ្វើដំណើរ​ឆ្លងកាត់​បណ្ដា​ប្រទេស​អាស៊ីអាគ្នេយ៍​ជា​បន្តបន្ទាប់​រួមមាន ហ្វ៊ី​លី​ពី​ន ព្រុយ​ណេ ឥណ្ឌូណេស៊ី ទី​ម័​រ​ខាងកើត ម៉ាឡេស៊ី សិង្ហ​បុរី ថៃ មី​យ៉ាន់​ម៉ា និង​ឡាវ។

    ពី​ប្រទេស​ឡាវ ភ្លើង​គប់ SEA Games 32 នឹង​ត្រលប់​មកកាន់​កម្ពុជា​នៅ​ថ្ងៃទី 27 មេសា 2023។ នៅទីនេះ ភ្លើង​​គប់​នឹងត្រូវ​បាន​ដង្ហែ​កាត់​តាម​ទីតាំង​មួយចំនួន​រហូតដល់​ថ្ងៃ​សម្ពោធ​បើក​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្កេ​ម 32 នៅ​ថ្ងៃទី 05 ឧសភា 2023 នៅឯ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ៕

  • «The Eras Tour» ​ជា​ឆាក​តន្ត្រី​​ធំជាងគេ​បំផុត​ក្នុង​អាជីព​របស់ Taylor Swift

    «The Eras Tour» ​ជា​ឆាក​តន្ត្រី​​ធំជាងគេ​បំផុត​ក្នុង​អាជីព​របស់ Taylor Swift

    ត្រលប់​មកកាន់​ទេសចរណ៍​តន្ត្រី (concert tour) ថ្មី​ដែលមាន​ឈ្មោះថា «The Eras Tour» Taylor Swift មិនបាន​ធ្វើឱ្យ​ទស្សនិកជន​ខកចិត្ត​ឡើយ នៅពេល​នាំមក​នូវ​ទស្ស​និ​យ​ភាព​ចំនួន 44 ប្រកបដោយ​ភាព​ទាក់ទាញ។

    ចម្រៀង​ចំនួន 44 បទ​ដែល​ដកស្រង់​ពី​អាល់​ប៊ុ​ម​ចំនួន​ដប់ មាន​ថេរវេលា​ជាង​បី​ម៉ោង​គឺជា​ដំណើរការ​អាជីព 17 ឆ្នាំ​នៅក្នុង​ការនិពន្ធ និង​ច្រៀង​របស់ Taylor Swift។

    ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ដំបូង​នៅក្នុង​ដំណើរ​ទេសចរណ៍​តន្ត្រីរ​បស់ Taylor Swift លើក​នេះ ត្រូវបាន​ធ្វើឡើង​នៅឯ​កីឡដ្ឋាន State Farm នាទី​ក្រុង Glendale (រដ្ឋ Arizona សហរដ្ឋ​អាម៉េរិក)។ នេះ​ក៏​ជា​ឆាក​សម្ដែង​ធំជាងគេ​បំផុត​នៅក្នុង​អាជីព​របស់​កំពូល​តារា​ចម្រៀង​វ័យ 35 ឆ្នាំ​រូបនេះ។

     

    ឆាក​សម្ដែង «The Eras Tour» ត្រូវបាន​វិនិយោគ​យ៉ាង​អស្ចារ្យ ដោយមាន​អេក្រង់ Led ខ្នាត​យក្ស រួម​នឹង​ប្រព័ន្ធ​ពន្លឺ​ភ្លើងពណ៌​ដែល​ត្រូវបាន​គិតគូរ​យ៉ាង​ល្អិតល្អន់ ធានា​សម្រាប់​ការប្រែប្រួល​ជា​បន្តបន្ទាប់​ទៅតាម​ប្រធានបទ ចម្រៀងនីមួយៗរបស់ Taylor Swift។

    អ្នកគាំទ្រ​ដែល​បាន​ចូលមក​ទស្សនា​ការប្រគំ​តន្ត្រី «The Eras Tour» នេះ ត្រូវបាន​ធានាថា «ពុំមាន​អារម្មណ៍មិនល្អ» ចំពោះ​ខន​សឺត​របស់ Taylor Swift៕

    https://www.youtube.com/watch?v=nPgcjoINjTA

    https://www.youtube.com/watch?v=WCgHhQI0PYk

    Taylor Swift កំពុង​ច្រៀង ស្រាប់​តែ​លោត​ចូល​ទឹក​ហែលទៅបាត់

  • Toshiba ជិត «លក់ខ្លួន» ក្នុងតម្លៃ​ជាង 15 ពាន់​លាន​ដុល្លារ​អាម៉េរិក

    Toshiba ជិត «លក់ខ្លួន» ក្នុងតម្លៃ​ជាង 15 ពាន់​លាន​ដុល្លារ​អាម៉េរិក

    ក្រុមហ៊ុន​បច្ចេកវិទ្យា​ខ្នាត​យក្ស​អាយុកាល 140 ឆ្នាំ​របស់​ជប៉ុន Toshiba ជិត​បញ្ចប់​ដំណាក់កាល​លំបាក​នៅពេល​ព្រម​ទទួលយក​សំណើសុំ​ទិញ​ក្នុងតម្លៃ​ពីរ​ទ្រី​លាន (2,000,000,000,000) យេន។

    យោងតាម​ប្រកាស​កាលពី​ថ្ងៃទី 23 មីនា ក្រុមប្រឹក្សាភិបាល Toshiba ឱ្យដឹងថា បាន​​អនុម័ត​សំណើ​ទិញ​របស់​ក្រុមហ៊ុន​មួយក្រុម​ដែល​ដឹកនាំ​ដោយ Japan Industrial Partners (JIP)។ Toshiba ឱ្យដឹងថា ក្រុមហ៊ុន​ជប៉ុន 17 ស្ថាប័ន និង​ធនាគារ​ក្នុង​ស្រុក 6 ស្ថាប័ន​ នឹងចូលរួម​អនុវត្ត​ដំណើរការ​ទិញដូរ​មួយ​នេះ។

    តម្លៃ​ពីរ​ទ្រី​លាន​យេន (15.3 ពាន់​លាន​ដុល្លារ​អាម៉េរិក) នេះ ​គឺ​ស្មើនឹង 4,620 យេន/ហ៊ុន (ភាគហ៊ុន​របស់ Toshiba)។ តួលេខ​នេះ​ក៏​ខ្ពស់ជាង 9.7% ធៀប​នឹង​តម្លៃ​ភាគហ៊ុន Toshiba កាលពី​ថ្ងៃទី 23 មីនា 2023។

     

    ករណី​ទិញដូរ​ក្រុមហ៊ុន​នេះ​អាចជា​ការបញ្ចប់​ដំណាក់កាល​លំបាក​ច្រើន​ឆ្នាំ​របស់ Toshiba។ ច្រើន​ឆ្នាំ​មកនេះ ក្រុមប្រឹក្សាភិបាល​របស់ Toshiba រួម​នឹង​រាជរដ្ឋាភិបាល​ជប៉ុន និង​ភាគ​ហ៊ុ​និកធំៗនៅ​បរទេស ខ្វែងគំនិត​គ្នា​ទាក់ទង​នឹង​អនាគត​របស់​ក្រុមហ៊ុន​នេះ។ ក្រុម​អ្នកវិនិយោគ​ចង់​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​រក​​ប្រាក់ចំណូល ខណៈដែល​រាជរដ្ឋាភិបាល​ជប៉ុន​បែរជា​ផ្ដល់​អាទិភាព​ដល់​ការរក្សា​បណ្ដាញ​ពាណិជ្ជកម្ម និង​បច្ចេកវិទ្យាសំខាន់ៗ មិនឱ្យ​ធ្លាក់​ទៅ​ក្នុង​ដៃ​បរទេស។

    យោងតាម Bloomberg បើសិន​ការទិញ​ដូរ​នេះ​បាន​ជោគជ័យ វា​នឹង​ក្លាយ​ជាមួយ​ក្នុងចំណោម​ការទិញ​ដូរ​ក្រុមហ៊ុន​ធំ​បំផុត​នៅ​អាស៊ី​ក្នុងឆ្នាំនេះ។ វា​ក៏​នឹង​ក្លាយ​ជាមួយ​ក្នុងចំណោម​ការទិញ​ដូរ​ភាគហ៊ុន​ក្រុមហ៊ុន​ឯកជន​ធំ​បំផុត​នៅ​ប្រទេស​ជប៉ុន គិត​មក​ដល់​បច្ចុប្បន្ន។

    កាលពីដើម​ឆ្នាំមុន ភាគ​ហ៊ុ​និក​នានា​មិនបាន​យល់ព្រមតាម​​សំណើ «បំបែក» Toshiba របស់​ក្រុមប្រឹក្សាភិបាល ដែល​ជា​​វិធីសាស្ត្រ​ជំនួស​ឱ្យ​ការ «លក់ខ្លួន» ទៅឱ្យ​មូលនិធិ​ឯកជន ដែល​ក្រុម​អ្នកវិនិយោគ​ចង់បាន។ បរាជ័យ​របស់​ផែនការ​នេះ​បាន​ជំរុញ​ឱ្យ​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ស្វែងរក​ជម្រើស​ដទៃទៀត​ដើម្បី​ចាត់ចែង​អនាគត​របស់ Toshiba ក្នុងនោះ​ក៏មាន​ការលក់ខ្លួន​ផងដែរ​។ JIP ត្រូវបាន​ជ្រើសរើស​ជា​អ្នកទិញ​អាទិភាព​កាលពី​ខែតុលា 2022៕