Category: សង្គម និងសេដ្ឋកិច្ច

  • ប្រជាជន​នៅ​តំបន់​ដាច់ស្រយាល​ត្រឹម 16%ប៉ុណ្ណោះ ដែលមាន​ទឹក​សុវត្ថិភាព​ហូប

    ប្រជាជន​នៅ​តំបន់​ដាច់ស្រយាល​ត្រឹម 16%ប៉ុណ្ណោះ ដែលមាន​ទឹក​សុវត្ថិភាព​ហូប

    ទឹកជា​វត្ថុ​សំខាន់បំផុត​សម្រាប់​ការរស់នៅ​របស់​មនុស្ស ហើយ​សម្រាប់​កម្ពុជា​យើង គេ​មើលឃើញថា ការផ្គត់ផ្គង់​ទឹកស្អាត​នៅតាម​តំបន់​ទីប្រជុំជន និង​តំបន់​ជិត​ទីប្រជុំជន មាន​លក្ខណៈ​ល្អប្រសើរ​ច្រើន  តែ​ទោះបីជា​យ៉ាងនេះ​ក៏ដោយ ក៏​បញ្ហា​ទឹកស្អាត​នៅតាម​តំបន់​ទីជនបទ​នៅតែ​ជា​បញ្ហា​ប្រឈម​នៅឡើយ។

    នៅ​ទីជនបទឆ្ងាយៗមួយចំនួន​ដែល​មិនមាន​អណ្តូង​ទឹកស្អាត​ប្រើប្រាស់ ប្រជាជន​នៅតែ​ប្រើប្រាស់​ប្រភពទឹក​ត្រពាំង បឹង ស្ទឹង នៅឡើយ ខណៈដែល​ស្ថានភាព​នៃ​សុវត្ថិភាព​ទឹក​នាពេល​បច្ចុប្បន្ននេះ​មានការ​ថយចុះ ព្រោះ​មានការ​បំពុល​ច្រើន​ពី​ថង់​ប្លា​ស្ទិ​ក រួមទាំង​កាកសំណល់​ពី​ឧស្សាហកម្ម​ជាដើម។

    យោងតាម​របាយការណ៍​របស់​អង្គការ UNICEF បាន​បង្ហាញថា នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ប្រជាជន​នៅតាម​តំបន់​ដាច់ស្រយាល​ត្រឹមតែ 16% ប៉ុណ្ណោះ​ដែលមាន​ទឹក​សុវត្ថិភាព​ប្រើប្រាស់។ ហេតុនេះ​សូមឱ្យ​មានការ​ចូលរួម​ពី​ប្រជាជន​ទូទៅ​នៅ​ទូទាំងប្រទេស​ក្នុងការ​កាត់បន្ថយ​ការ​ចោល​សំរាម​ទៅក្នុង​ទឹក និង​សន្សំសំចៃ​គ្រប់​ដំណក់​ទឹកស្អាត៕

  • ខេត្ត 3 មាន​សក្តានុពលសំខាន់ៗ ដែល​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ស្នើ​ភាគី​ចិន​ជួយ​វិនិយោគ

    ខេត្ត 3 មាន​សក្តានុពលសំខាន់ៗ ដែល​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ស្នើ​ភាគី​ចិន​ជួយ​វិនិយោគ

    រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ឯកឧត្តម ប៉ាន សូរ​ស័ក្តិ បានស្នើ​ប្រតិភូ​ធុរជន​ខេត្ត​ហ៊ូ​ណាន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ឱ្យ​ពិចារណា​វិនិយោគ​នៅក្នុង​ខេត្ត​ចំនួន 3 ដែលមាន​សក្តានុពលសំខាន់ៗរួមមាន​ខេត្តបាត់ដំបង​ដែល​សម្បូរ​ទៅដោយ​ភោគផល​ដំណាំ ផលិតផល​កសិកម្ម ខេត្តសៀមរាប​ដែលមាន​សក្តានុពល​ទេសចរណ៍ និង​ខេត្ត​ព្រះសីហនុ​ដែលមាន​សក្តានុពល​វិស័យ​ឧ​ស្សហកម្ម​សម្រាប់​បម្រើ​ទីផ្សារ​ក្នុងប្រទេស និង​នាំចេញ​ទៅកាន់​ប្រទេស​ចិន។

    ការលើកឡើង​របស់​ឯក​ឧ​ត្ត​ម​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បានធ្វើ​ឡើង​ក្នុងជំនួប​ការងារ​កាលពី​ថ្ងៃទី2 ខែសីហា ឆ្នាំ2018 កន្លងទៅ​នៅ​ទីស្តីការក្រសួង​ជាមួយ​លោក យ៉ាង គ័​រពីង(Yang Guoping) ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Global Ecological Co., Ltd. របស់​ខេត្ត​ហ៊ូ​ណាន ដែល​បាន​ដឹកនាំ​សហការី​មក​សិក្សា​អំពី​លទ្ធភាព​ពង្រីក​រោងចក្រ​ម៉ាស៊ីនកិនស្រូវ ការកែច្នៃ​ផលិតផល​កសិកម្ម​នៅក្នុង​ខេត្តបាត់ដំបង និង​ស្វែងយល់​អំពី​សក្តានុពល​វិនិយោគ​នៅក្នុង​ខេត្តសៀមរាប និង​ខេត្ត​ព្រះសីហនុ​ដែល​អាច​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច និង​ទេសចរណ៍ ក៏ដូចជា​វិស័យ​ផ្សេងទៀត​ដែរ។

    ឯកឧត្តម ប៉ាន សូរ​ស័ក្តិ បាន​លើក​ពី​ចំណុច​មួយចំនួន ដែល​ត្រូវ​ការឱ្យ​ចិន​ជួយ​ដោះស្រាយ​នៅក្នុង​វិស័យ​កសិកម្ម​នេះ ដោយមាន​ប្រសាសន៍​ដូច្នេះ​ថា៖ «ការ​ប្រឈម​នៃ​វិស័យ​ស្រូវ​អង្ករ និង​ដំណាំ​សក្តានុពលផ្សេងៗ រួមមាន ស្វាយ មៀន ពោត និង​ដំឡូង​មី ព្រមទាំង​និយាយ​អំពី​អត្ថប្រយោជន៍​នៃ​ការសាងសង់​ឡស​ម្ងួ​ត​ដើម្បី​រក្សាទុក​កសិផល​បាន​ក្នុង​រយៈពេល​យូរ សំដៅ​ដល់​ការអភិវឌ្ឍ​ខ្សែចង្វាក់​តម្លៃ និង​ការផ្គត់ផ្គង់»។

    បន្ថែម​លើ​នេះ​ឯកឧត្តម​ក៏​សូមឱ្យ​ភាគី​ចិន​ពិចារណា​វិនិយោគ​លើ​ការកែច្នៃ​ផលិតផល​កសិកម្ម​នៅក្នុង​ខេត្តបាត់ដំបង និង​ខេត្តសៀមរាប​ដែលមាន​សក្តានុពល​វិស័យ​ទេសចរណ៍ និង​សម្បូរ​ទៅដោយ​ភោគផល​ដំណាំ​ដែលមាន​សក្តានុពល​សម្រាប់​បម្រើ​ទីផ្សារ​ក្នុងប្រទេស និង​នាំចេញ​ទៅកាន់​ខេត្ត​ហ៊ូ​ណាន ប្រទេស​ចិន​ជាដើម។

    លើសពីនេះ​លោក​រដ្ឋមន្ត្រី ក៏បាន​លើកឡើង​អំពី​សក្តានុពល​ខេត្ត​ព្រះសីហនុ​ដែលជា​ច្រក​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​កម្ពុជា និង​ជា​ខេត្ត​ដែលមាន​កំពង់ផែ​ទឹក​ជ្រៅ និង​កំពង់ផែ​ពហុ​បំណង ព្រមទាំង​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​ប្រមូលផ្តុំ​ទៅដោយ​រោងចក្រ​តូចធំ​ជាង 100ក្រុមហ៊ុន​សម្រាប់​បម្រើ​វិស័យ​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម។

    ជាការ​ឆ្លើយតប​ទៅនឹង​សំណើ​ទាំងនេះ ភាគី​ចិន​បាន​សន្យាថា​នឹង​នាំយក​ព័ត៌មាន​ដែល​លោក​ទទួលបាន​ទាំងនេះ​ទៅ​ជម្រាបជូន​លោក​អភិបាលខេត្ត​ហ៊ូ​ណាន ដែល​នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុ​ជានា​ខែវិច្ឆិកា​ខាងមុខ ព្រមទាំង​ផ្សព្វផ្សាយ​បន្ត​ជូន​សមាគម​ធុរជន និង​វិនិយោគិន​ក្នុងប្រទេស​ចិន និង​ក្នុង​ខេត្ត​ហ៊ូ​ណាន ដើម្បី​ចូលមក​បណ្តាក់ទុន​កាន់តែច្រើន​នៅ​កម្ពុជា សំដៅ​បង្កើត​ឱកាស​ការងារ​ជូន​ប្រជាជន និង​ចូលរួម​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា​ឱ្យ​រីកចម្រើន​ទៅមុខ៕

  • កែប្រែ​ទម្លាប់​គ្មាន​អនាម័យ​ប្រចាំថ្ងៃ ដើម្បី​សុខភាព​ល្អ

    កែប្រែ​ទម្លាប់​គ្មាន​អនាម័យ​ប្រចាំថ្ងៃ ដើម្បី​សុខភាព​ល្អ

    ទម្លាប់​នៃ​ការធ្វើ​អនាម័យ​រាងកាយ​ជាប្រចាំ​ថ្ងៃ គឺជា​រឿង​ដ៏​ល្អ​បំផុត​ដែល​មនុស្ស​គ្រប់រូប​គួរតែ​ធ្វើ ក៏ប៉ុន្តែ​ទម្លាប់​មួយចំនួន​ក៏​អាច​បង្កឱ្យមាន​គ្រោះថ្នាក់​ដល់​សុខភាព​វិញ​ផងដែរ ប្រសិនបើ​អ្នកអនុវត្ត​មិនបាន​ត្រឹមត្រូវ។ បើតាម​អ្នកជំនាញ​សុខភាព​ពិភពលោក​បាន​ប្រាប់​ឱ្យដឹងថា ក្រៅពី​ទម្លាប់​ធ្វើ​អនាម័យ​ខ្លួនប្រាណ មនុស្ស​ជាច្រើន​ក៏​ជាប់​នូវ​ទម្លាប់​ខ្ជិល និង​គ្មាន​អនាម័យ​ប្រចាំថ្ងៃ​ដែល​មើលរំលង ហើយ​អា​ចប​ណ្តោ​ល​ឱ្យ​គ្រោះថ្នាក់​ដល់​សុខភាព បើ​អ្នក​មិន​ព្រម​ផ្លាស់ប្តូរ។

    1. ទម្លាប់​ខ្ជិល​លាងដៃ​ពេល​ចេញពី​បន្ទប់ទឹក ឬ​បង្អន់
    ការលាង​សម្អាត​ដៃ គឺ​ជាម​ធ្យា​បាយ​មួយ​ដែលមាន​ប្រសិទ្ធភាព​បំផុត​ក្នុងការ​ការពារ​ខ្លួនឯង និង​អ្នកដទៃ​កុំឱ្យ​ឆ្លង​មេរោគ។ ប៉ុន្តែ​មនុស្ស​មួយចំនួន​មិនបាន​លាង​សម្អាត​ដៃ​ត្រឹមត្រូវ​នោះទេ ដែលជា​ហេតុនាំឱ្យ​មានកា​រ​ឆ្លង​មេរោគផ្សេងៗ។ សូម​លាង​សម្អាត​ដៃ​ជាមួយនឹង​សាប៊ូ​ឱ្យបាន​ញឹកញាប់ ពេល​ចេញពី​បង្គន់​នៅផ្ទះ ឬ​បង្គន់​តាម​ទីសាធារណ:។

    2. ទម្លាប់​លាងមុខ​ញឹកញាប់
    ការលាង​សម្អាត​ផ្ទៃមុខ គឺ​ជាម​ធ្យា​បាយ​ដ៏​ល្អ​ក្នុងការ​កម្ចាត់​បាក់តេរី និង​កោសិកាងាប់ៗនៅលើ​ស្បែក ធ្វើឱ្យ​ស្បែក​របស់​អ្នក​ស្រស់ថ្លា​ឡើង។ ក៏ប៉ុន្តែ​ការលាង​ផ្ទៃមុខ​ច្រើន​ហួសប្រមាណ អាចធ្វើឱ្យ​ស្បែក​រលាក ដោយសារតែ​ការបាត់បង់​ជាតិ​ខ្លាញ់​នៅលើ​ស្បែក។

    3. ទម្លាប់​ខ្ជិល​ងូតទឹក​ក្រោយពេល​ហាត់ប្រាណ
    នៅពេល​ធ្វើ​លំ​ហាត់ប្រាណ រាងកាយ​របស់​អ្នកនឹង​បែកញើស​ច្រើន ដែលជា​ឱកាស​មួយ​នៃ​ពពួក​បាក់តេរី​តោង​នៅជាប់​នឹង​ស្បែក។ ប្រសិនបើ​អ្នក​មិនបាន​ងូតទឹក​នោះទេ គឺជា​កំហុស​ដ៏​ធំ​មួយ ព្រោះ​អ្នក​អាច​កើតមាន​បញ្ហា​ធំ​ុ​ក្លិន​ខ្លួន កន្ទួល​រមាស់ និង​បញ្ហា​ស្បែក​ឡើង​មុន​លើស្បែកជាមិនខាន។ ប៉ុន្តែ ក្រោយពេល​ធ្វើ​លំ​ហាត់ប្រាណ អ្នក​ត្រូវ​រងចាំ​រយ:ពេល15នាទី ឬ​ចាំ​ឱ្យ​ញើស​ស្ងួត​ជាមុនសិន ទើប​ងូតទឹកបាន។

    4. ទម្លាប់​ប្រើ​ដៃ​ខ្ទប់មាត់​នៅពេល​កណ្តាស់
    ការ​ខ្ទប់​នៅពេល​ក្អក ឬ​កណ្តាស់ ដើម្បី​ទប់​ស្តា​ត់​កុំឱ្យ​សាយភាយ​ទឹកមាត់​ដាក់​អ្នកដទៃ គឺជា​សុជីវធម៌​មួយ​ដ៏​ល្អ​បំផុត។ ប៉ុន្តែ អ្នក​មិនត្រូវ​ប្រើ​ដៃ​ខ្ទប់​នោះឡើយ ព្រោះ​អ្នក​មិនអាច​លាង​សម្អាត​ដៃ​គ្រប់ពេល​នោះទេ ដូច្នេះ​មេរោគ​វា​នឹង​វិល​មករក​រាងកាយ​រប​ស់​អ្នក​វិញ​ជាមិនខាន។ យក​ល្អ អ្នក​ត្រូវមាន​កូនកន្សែង ឬ​ក្រដាសអនាម័យ​នៅជាប់​តាម​ខ្លួន ដើម្បី​ប្រើប្រាស់​នៅពេល​មាន​បញ្ហា​កណ្តាស់ ឬ​ក្អក។

    5. ទម្លាប់​ប្រើ​ច្រាស់​ដុសធ្មេញ​សើម
    ការប្រើប្រាស់​ច្រាស់​ដុសធ្មេញ​សើមមិនមែនជា​រឿង​ល្អ​សម្រាប់​សុខភាព​នោះទេ ព្រោះ​សំណើម គឺ​ជាទី​ជំរក​ដ៏​ល្អ​បំផុត​សម្រាប់​ពពួក​បាក់តេរី​ក្នុងការ​បង្កាត់​ពូជ ហើយ​បាក់តេរី​ទាំងនេះ​នឹង​ចូលទៅក្នុង​មាត់ ដែល​បង្កឱ្យមាន​បញ្ហា​ធ្មេញ និង​អញ្ចាញធ្មេញ។ វិធី​ដ៏​ល្អ​បំផុត អ្នក​ត្រូវ​ទុក​ច្រាល​ដុសធ្មេញ នៅ​កន្លែង​ដែលមាន​ខ្យល់អាកាស​ចេញចូល​បានល្អ ដើម្បីឱ្យ​ច្រាស់​ស្ងួត ហើយ​រៀងរាល់​រយ:ពេល​ពី3ទៅ6ខែ គួរតែ​ដូរ​ច្រាស់​ថ្មី​ចេញ​ម្តង។

    6. ទម្លាប់​ប្រើ​សំឡី​ត្បាល់​ត្រចៀក
    ជាធម្មតា អ្នក​តែងតែមាន​ទម្លាប់​ប្រើប្រាស់​សំឡី​ត្បាល់​ត្រចៀក ដើម្បី​សម្អាត​កាកសំណល់ផ្សេងៗចេញពី​រន្ធ​ត្រចៀក។ ក៏ប៉ុន្តែ​បើ​អ្នក​រុក​សំឡី​ចូលទៅក្នុង​កាន់តែខ្លាំង វា​នឹង​រុញច្រាន​អាចម៍ត្រចៀក​ចូល​កាន់តែ​ជ្រៅ​ដែរ ដូច្នេះ​ប្រសិនបើ​មាន​អាចម៍ត្រចៀក​ច្រើន គួរតែ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ ដើម្បី​រក​ដំណោះស្រាយ​បញ្ហា​នេះ៕

  • ញាក់សាច់ !! រ៉ាប៊ី និងអាតី បញ្ចេញក្បាច់រាំបទថ្មី « លុយ លុយ លុយ»

    ញាក់សាច់ !! រ៉ាប៊ី និងអាតី បញ្ចេញក្បាច់រាំបទថ្មី « លុយ លុយ លុយ»

    អតីតពិធីការិនីប៉ុស្តិ៍ហង្សមាស ផាន វីរ៉ាទី ហៅរ៉ាប៊ី ដែលក្លាយទៅជាតារាចម្រៀងផលិតកម្មថោន នោះ ពេលនេះមានទីផ្សារចម្រៀងលេចធ្លោគ្រាន់បើ ឈរលេខ2 នៅថោន បន្ទាប់ពីមាស សុខសោភា ទៀតផង ហើយថែមទាំងមានព័ត៌មានថា ថ្មីៗនេះ ស្រីស្អាតរូបនេះបានធ្វើឱ្យលោកថៅកែថោន ពេញចិត្តស្តូក បន្ទាប់ពីនាងធ្វើឱ្យជោគជ័យខ្លាំងតាមរយៈបទ « មាន់ស្រែ » ដែលមិនត្រឹមតែក្នុងប្រទេសប៉ុន្នោះទេ ប៉ុន្តែក៏ត្រូវប្រជាជនក្នុងបណ្តាលប្រទេសជិតខាងខ្មែរ យកទៅរាំតាមទៀតផង។

    ជាក់ស្តែង គ្រាន់តែត្រលប់មកពីបំពេញការងារនៅឯបរទេសភ្លាម កញ្ញា រ៉ាប៊ី មិនសម្ងំលាក់ខ្លួនពេលយូរទេ ក៏បានបញ្ចេញនៅបទថ្មី ដែលមានចំណងជើងថា « លុយ លុយ លុយ» ដែលមានចង្វាក់ភ្លេងពិរោះ និងមានក្បាច់រាំឡូយខ្លាំងទៀតផង ហើយមើលទៅគឺមិនចាញ់បទ “មាន់ស្រែ” ប៉ុន្មានដែរ។ ក្រោយបានមើលភ្លាម អ្នកទស្សនាពិតជាចង់មើល MV បទថ្មីរបស់ កញ្ញា រ៉ាប៊ី ថាតើប្លែកជាង បទ “មាន់ស្រែ” យ៉ាងណាខ្លាំង។

    កុំឱ្យរង់ចាំយូរតោះរាំលេងកម្សាន្ត បទថ្មី « លុយ លុយ លុយ» ច្រៀងដោយ​ តារាចម្រៀងប្រចាំផលិតកម្មថោន កញ្ញា រ៉ាប៊ី ទាំងអស់គ្នា ទាំងបទភ្លេង និងទស្សនីយភាពក្បាច់រាំ ភ្លឺច្បាស់ត្រជាក់ភ្នែក ជាពិសេសមួយបទនេះ នឹងធ្វើឱ្យទស្សនិកជនប្លែកភ្នែក និងបានរីករាយ ឡើងរាំលេងកម្សាន្ត តាមចង្វាក់ភ្លេង ខាងក្រោមនេះ៖

  • សូមផ្អាកលេង Facebook ហើយងាកមក ប្រើវាឱ្យត្រឹមត្រូវបើមិនចង់ធ្លាក់បាក់ឌុប

    សូមផ្អាកលេង Facebook ហើយងាកមក ប្រើវាឱ្យត្រឹមត្រូវបើមិនចង់ធ្លាក់បាក់ឌុប

    នៅក្នុងសម័យបច្ចេកវិទ្យានេះ​ សិស្សស្ទើរតែ100% មានប្រើប្រាស់ទូរស័ព្ទទំនើប និងបណ្តាញសង្គម ដែលវាអាចផ្តល់ទាំងគុណសម្បត្តិ និងគុណវិបត្តិដល់ពួកគេយ៉ាងច្រើន។ មានសិស្សមិនតិចទេដែល​បានជ្រុលខ្លួន​លេងបណ្តាញសង្គម​ច្រើន​ហួសហេតុរហូតដល់ធ្វើឱ្យ​ការសិក្សារបស់ខ្លួនត្រូវធ្លាក់ចុះ ឬ​ចំណាយពេលវេលាច្រើនហួសក្នុងការ​ប្រើប្រាស់ Facebook ហើយទើបភ្ញាក់ខ្លួនពេលជិតប្រឡង ហេតុនេះ​ដើម្បីស្តារស្ថានការណ៍​មុនពេលប្រឡងនេះ ពួកគេអាចកែប្រែស្ថានការណ៍អាក្រក់បានខ្លះ ដោយការ​បង្វែ​ទិសដៅពីការប្រើប្រាស់បណ្តាញសង្គម​បែបអវិជ្ជមាន​មកប្រើដើម្បីជួយដល់ការសិក្សាវិញ។

    ស្របពេលជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា រួមទាំង​អ្នក​អប់រំជាច្រើន​បាន​ចែករំលែកឯកសារយ៉ាងទូលំទូលាយ​តាមបណ្តាញបច្ចេកវិទ្យាដោយប្រភពព័ត៌មានសំខាន់ៗទាំងអស់នោះសុទ្ធតែ​ចំណុចប្រកបដោយគុណតម្លៃសម្រាប់ការត្រៀមប្រឡង។ លើសពីនេះទៅទៀត ក្រសួងអប់រំ ក៏បានដាក់ចេញនូវកម្មវិធីធ្វើតេស្តសាកល្បងសមត្ថភាពដោយខ្លួនឯងផ្ទាល់​តាមបណ្តាញ​បច្ចេកវិទ្យា និងសៀវភៅ​ជំនួយ​ដល់សិស្សស្ទើរជារៀងរាល់ថ្ងៃនៅក្នុងទំព័រ Facebook ផ្លូវការរបស់ក្រសួង ដែលសិស្សអាចទាញយក​ទៅប្រើប្រាស់បាន។ ម្យ៉ាងវិញទៀត មាន​អ្នកអប់រំ​ជាច្រើន​ក៏​បានដាក់បញ្ចូលនូវ​វិញ្ញាសាប្រឡង ឬឯកសារដែល​ធ្លាប់ប្រឡងពីឆ្នាំមុនៗ ជាមួយ​នឹងការពន្យល់​សម្រាប់ជួយដល់សិស្ស​ដើម្បីស្វែងយល់មុនពេលប្រឡង។

    រដ្ឋមន្ត្រីនៃក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ហង់ ជួនណារ៉ុន បានលើកឡើងថាកាលពីមុន​យើងចងក្រងឯកសារ ឬស្រាវជ្រាវ​តាមបែបបុរាណដែលធ្វើឱ្យមានការពិបាកស្វែងរក​ តែបច្ចុប្បន្ននេះ​បច្ចេកវិទ្យាមានការរីកចម្រើន​ ហេតុនេះស្ថាប័ន​អប់រំក៏បានប្រើប្រាស់បច្ចេកវិទ្យា​ដើម្បី​ជួយសម្រួលដល់ការសិក្សារបស់សិស្សឱ្យកាន់តែមានភាពងាយស្រួលក្នុងការស្វែងរកឯកសារ និងយល់កាន់តែច្បាស់ពីការអនុវត្តជាក់ស្តែង។ ហេតុនេះយុវជន​កម្ពុជា​គួរ​បង្វែរពេល​ប្រើប្រាស់បណ្តាញ សង្គមដើម្បី​ជំនួយដល់ការសិក្សា ព្រោះ​ការសិក្សាតាម​បច្ចេកវិទ្យា​អាចធ្វើឱ្យសិស្សចំណេញពេលវេលាច្រើនណាស់។ តាមរយៈបច្ចេកវិទ្យាសិស្សមិនចាំបាច់អង្គុយរៀន​ជាមួយគ្រូគ្រប់ពេលនោះទេ ហើយសិស្សក៏អាច​ទាញយកឯកសារ​បានងាយស្រួល​ ដោយមិនចំណាយលុយ និងមានភាពទូលំទូលាយថែមទៀតផង។

    អតីតសិស្សនិទ្ទេស A យុវជន ហេង គីមហុង បានលើកឡើងថា​ សិស្សគួរបង្វែរពេលលេងបណ្តាញសង្គម មកប្រើប្រាស់វាឱ្យមានប្រសិទ្ធភាព​ដើម្បីជាជំនួយដល់ការសិក្សាវិញ ព្រោះ​ប្រសិនបើយើង​មិនចេះប្រើប្រាស់បណ្តាញសង្គម វានឹងក្លាយជាគ្រឿងរំខានខ្លាំងដល់ការសិក្សា និងថែមទាំងធ្វើឱ្យយើងខាតបង់ពេលវេលាច្រើនឥតប្រយោជន៍ថែមទៀតផង។ ផ្ទុយមកវិញ ប្រសិនបើយើង​ចេះប្រើប្រាស់​បណ្តាញសង្គម​ត្រឹមត្រូវ យើងនឹងចំណេញពេលវេលា​ច្រើន​ ហើយថែមទាំងអាច​រក​ឃើញគន្លឹះល្អៗជាច្រើន​ដែលអាចដោះស្រាយចម្ងល់​ដែលយើងធ្លាប់មាន​បានយ៉ាងល្អទៀតផង។

    យុវជន ហេង គីមហុង បាននិយាយថា៖ “​ការសិក្សា ជាពិសេស​ផ្នែកវិទ្យាសាស្រ្តពិត ចាំបាច់ត្រូវការយល់ឱ្យកាន់តែច្បាស់ពី​ហេតុផល​ និងឫសគល់សំខាន់ៗនៃមេរៀន​ មុននឹង​អាចយករូបមន្តមកប្រើប្រាស់បាន ហើយជាធម្មតា​នៅក្នុងការសិក្សា​នៅសាលាយើងមិនសូវបាន​អនុវត្ត ឬពិសោធជាក់ស្តែងនោះទេ ហេតុនេះ​ប្រសិនបើយើងចេះប្រើប្រាស់បណ្តាញសង្គមឱ្យ​ត្រឹមត្រូវ យើងនឹងអាចស្វែងរកប្រភពវីដេអូដែលមានការពន្យល់លម្អិតបានយ៉ាងលឿន និង​មានប្រសិទ្ធភាព”។

    អតីតសិស្សពូកែខាងលើបានលើកឡើងផងដែរថា ម្យ៉ាងវិញទៀត ដោយសារតែ​បច្ចុប្បន្ននេះ​យុវជនជាច្រើនចេះភាសាអង់គ្លេស វាកាន់តែមានភាពងាយស្រួលថែមទៀតក្នុងការស្រាវជ្រាវ។ នៅពេលដែលយើងមើលមេរៀន ឬមិនយល់ត្រង់ចំណុចណានោះ ពីមុនយើងចាំបាច់ត្រូវ​រកគ្រូ ឬសិស្សច្បងដើម្បីសួរ ហើយប្រសិនបើគ្មានពួកគេទេនោះ យើងនឹងមិនអាចរៀនទៅមុខនោះទេ។ តែឥឡូវនេះមិនដូចពីមុននោះទេ រាល់ពេលដែលយើងឆ្ងល់នៅកន្លែងណាមួយ ហើយត្រូវការពន្យល់ យើងអាចស្រាវជ្រាវ​រក​សេចក្តីពន្យល់បានយ៉ាងលម្អិតពីមេរៀននីមួយៗ។ នៅពេលដែលបច្ចេកវិទ្យាដើរលឿន ការសិក្សាក៏កាន់តែងាយស្រួល និងសម្បូរបែបដូចគ្នា តែគួរឱ្យស្តាយ ដោយសារតែមានសិស្សជាច្រើនមិនព្រមធ្វើវាឱ្យមានប្រយោជន៍៕

  • ព្រាប សុវត្ថិ ប្រាប់អតិថិជនប្រយ័ត្នចាញ់បោកគម្រោងក្លែងក្លាយដែលមិនមែនជារបស់លោក

    ព្រាប សុវត្ថិ ប្រាប់អតិថិជនប្រយ័ត្នចាញ់បោកគម្រោងក្លែងក្លាយដែលមិនមែនជារបស់លោក

    ពិតជាកក្រើកវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីកំពូលតារាចម្រៀងល្បីល្បាញនៅក្នុងប្រទេសកម្ពុជា លោក ព្រាប សុវត្ថិ ស្រាប់តែបានប្រកាសចាប់ដៃជាមួយឧកញ៉ាវ័យក្មេង លោក ឡេង ណាវ៉ាតត្រា ដែលត្រូវគេស្គាល់ថា ជាអ្នកជំនួញវ័យក្មេង ដែលជោគជ័យលើវិស័យអចលនទ្រព្យទាំងលើជំនួញពុះដីឡូតិ៍លក់ និងសង់បុរីនោះ។ អ្នកទាំងពីរបានប្រកាសដាក់ទុនរួមគ្នាជាង5លានដុល្លារ ធ្វើជំនួញពុះដីលក់លើទំហំ​ដីជាង13ហិកតានៅម្ដុំផ្សារព្រៃទទឹង លើផ្លូវជាតិលេខ3 ។

    ដើម្បីផ្ដល់ទំនុកចិត្តដល់អតិថិជនដែលជាអ្នកគាំទ្ររបស់លោកផ្ទាល់ និងជៀសវាងការបោកបញ្ឆោតពីជនខិលខូចបានយករូបថតរបស់លោកទៅចុះផ្សព្វផ្សាយដោយពុំមានការអនុញាត្តិ ទាំងដែលមិនមែនជាគម្រោងរបស់លោកនោះ កំពូលតារាចម្រៀងរូបនេះ បានសរសេរបញ្ជាក់នៅលើហ្វេសប៊ុករបស់លោកថា « ជំរាបសួរអ៊ុំប្រុសអ៊ុំស្រីពូមីង នឹងបងប្អូនយុវ័យទាំងអស់ ខ្ញុំបាទ ព្រាប សុវត្ថិ សូមថ្លែងអំណរ អរគុណយ៉ាងជ្រាវជ្រៅ ដែលបានគាំទ្រនឹងស្រលាញ់ខ្ញុំបាទកន្លងមកនៅក្នុងវិស័យសិល្បៈ ដោយនាពេលថ្មីៗនេះខ្ញុំបាទបានបង្កើតវិស័យអចលនទ្រព្យ ដើម្បីជាតម្រូវការនៃការស្រលាញ់ និងមានទំនុកទុកចិត្ត។

    សូមជំរាបថា៖ គម្រោងខ្ញុំបាទមុនៗ បានលក់ដាច់អស់ហើយ​ ។ ដើម្បីឱ្យកាន់តែមានភាពជឿជាក់ និងទទួលបានព័ត៍មានកាន់តែច្បាស់លាស់ ហើយមិនយល់ច្រទ្បំនោះ ​ព្រោះថាមានបណ្តាញសង្គម (Pages) មួយចំនួននៅក្នុង Facebook និងបណ្តាព័ត៍មានមួយចំនួន ដែលបានយករូបថតនឹងសកម្មភាពរបស់ខ្ញុំបាទ ទៅចុះផ្សព្វផ្សាយដោយពុំមានការអនុញាត្តិ! ដែលមិនមែនជាគម្រោង របស់ខ្ញុំ ។ (សូមប្រុងប្រយ័ត្ន)
    សូមបញ្ជាក់ម្តងទៀតថាៈ Page ដែល Post លក់បោកបញ្ឆោតតាមរយៈយករូបភាពនានា! ក្រុមការងាររបស់ខ្ញុកំពុងស្រាវជ្រាវនឹងរៀបចំឯកសារតាមនិតិវិធី ច្បាប់ ។ ថ្មីៗនេះ ខ្ញុំបាទកំពុងរៀបចំគម្រោងល្អៗ ពិសេសនោះគឺ ​គម្រោង (ព្រាប ​សុវត្ថិ នឹងទ្បេង ណាវ៉ាត្រា) ដែលជាទីតាំង ដ៏ល្អសម្រាប់ការជ្រើសរើសរបស់អតិថិជនរបស់យើង ដែលប្រកបទៅដោយភាពជឿជាក់។ (ប្រសិនបើគ្មានទីតាំងណាល្អ ដាច់ខាតខ្ញុំមិនជ្រើសរើសសម្រាប់អតិថិជនខ្ញុំឡើយ) »៕

  • អគារ​ពាណិជ្ជកម្ម​ភ្លោះ​លំដាប់​អន្តរជាតិ ត្រូវបាន​សាងសង់​នៅ​ខេត្ត​ព្រះសីហនុ

    អគារ​ពាណិជ្ជកម្ម​ភ្លោះ​លំដាប់​អន្តរជាតិ ត្រូវបាន​សាងសង់​នៅ​ខេត្ត​ព្រះសីហនុ

    ដោយ​មើលឃើញ​សក្តានុពល​ពាណិជ្ជកម្ម​ក្នុង​ខេត្ត​ព្រះសីហនុ​ដែលជា​ខេត្ត​ជាប់មាត់​សមុទ្រ​របស់​ប្រទេស​កម្ពុជា ក្រុម​វិនិយោគិន​បរទេស​បាន​ចូលមកបណ្តាក់ទុន​យ៉ាងច្រើន​ជា​បន្តបន្ទាប់​នៅ​មួយរយៈ​ចុងក្រោយ​នេះ។ ឧទាហរណ៍ អគារ​ពាណិជ្ជកម្ម​ភ្លោះ​លំដាប់​អន្តរជាតិ​ដ៏​ធំ​មួយ​បានចាប់ផ្តើម​សាងសង់ឡើង​ហើយ​នៅក្នុង​ខែសីហា ឆ្នាំ2018នេះ។

    លោក ឈី​វ គួរ​ស៊ី​ញ ប្រធាន​ប្រតិបត្តិ​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​មួយ​មកពី​ប្រទេស​ចិន​ដែល​គ្រប់គ្រង​លើ​គម្រោង​មួយ​នេះ​បាន​មានប្រសាសន៍ថា ដោយ​មើលឃើញ​សក្តានុពល​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម របស់​ខេត្ត​ជាប់មាត់​សមុទ្រ​របស់​ប្រទេស​កម្ពុជា ក្រុមហ៊ុន​បានសម្រេច​បោះទុន​វិនិយោគ​ក្នុង​ទឹកប្រាក់​រាប់លាន​ដុល្លារ​សាងសង់​អគារ​ពាណិជ្ជកម្ម​ពហុមុខ​ងារ លំដាប់ថ្នាក់​អន្តរជាតិ​នៅ​ដើមខែ​សីហា ឆ្នាំ2018នេះ ដែល​វា​ជា​ចំណែក​មួយ​ជួយ​ឱ្យ​សរសៃឈាម​សេដ្ឋកិច្ច​របស់​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ​មាន​ភាពរស់រវើក និង​រឹងមាំ​ខ្លាំង​ថែមមួយកម្រិត​ឡើង​ទៀត ដោយ​អគារ​ទាំងនេះ​ធ្វើឡើង​ក្នុង​បំណង​បម្រើឱ្យ​វិស័យ​ពាណិជ្ជកម្ម​ទូទៅ និង​ជាពិសេស​រង់ចាំ​ទទួលភ្ញៀវ​ទេសចរ​ចិន​ដែល​នឹង​មក​ស្នាក់នៅ និង​កម្សាន្ត​ប្រទេស​កម្ពុជា​ចំនួន​ប្រមាណ​ជា2លាន​នាក់​នា​ឆ្នាំ2020ខាងមុខ។

    លោក​បន្ដថា ទីក្រុង​ព្រះសីហនុ​បាន​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​តាមរយៈ​ការអភិវឌ្ឍ​ទៅជា​ទីក្រុង​អន្ដរជាតិ​ដែលមាន​ឆ្នេរ​ខ្សាច់​ដ៏​ស្រស់ស្អាត សណ្ឋាគារ​លំដាប់​ផ្កាយ5 មជ្ឈមណ្ឌល​ទិញ​ទំនិញ តំបន់​កម្សាន្ត​លំដាប់​កំពូល និង​ភោជនីយដ្ឋានល្បីៗមក​ប្រមូលផ្តុំ​នៅ​ទីក្រុង​មួយ​នេះ​ដែល​ធ្វើឱ្យ​ទីក្រុង​នេះ​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​ពេញនិយម​នៅ​តំបន់​អាស៊ីអាគ្នេយ៍។

    លោក​បាន​បន្តទៀតថា គម្រោង​សាងសង់​អគារ​ពហុមុខ​ងារ​នេះ​មានឈ្មោះ ព្រី​នស៍ ធាន ស៊ី វ៉ាន នឹង​ស្ថិតនៅលើ​ទំហំ​ផ្ទៃដី​សរុប​ជាង 3ហិកតា រចនា​ដោយ​ក្រុមហ៊ុន​អន្តរជាតិ​លំដាប់​កំពូល ដោយ​គម្រោង​ពហុមុខ​ងារ​នេះ​រួមមាន សណ្ឋាគារ​លំដាប់​ផ្កាយ5 និង​ផ្កាយ6 សណ្ឋាគារ​ប៊ូ​ទិ​ក អា​ផាត​មិន និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជាដើម ដែល​នឹងមាន​ផ្តល់ជូន​នូវ​សេវាកម្ម​លំនៅឋាន និង​ពាណិជ្ជកម្ម​លំដាប់ថ្នាក់​អន្តរជាតិ។

    គម្រោង​នេះ​ក៏មាន​រួមបញ្ចូល​នូវ​ផ្សារ​ទំនើប សាល​ពិព័រណ៍ សាលសន្និសីទ​អន្តរជាតិ លំនៅឋាន សេវាកម្ម ពាណិជ្ជកម្ម ភោជនីយដ្ឋាន អាង​ហែល​ទឹក​ទំនើប ក្លិប​ទូក​ល្បឿន​លឿន-ល-ជាពិសេស​គម្រោង​នេះ​ក៏មាន​ចំណតរថយន្ត​ដ៏​ទំនើប និង​ធំ​ទូលាយ​ទំហំ 25,000ម៉ែត្រការ៉េ​ផងដែរ។

    ពាក់ព័ន្ធ​នឹង​ករណីនេះ លោក​ឧកញ៉ា​នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន​ផ្តល់​សេវា​អចលនទ្រព្យ (KFA)បាន​មានប្រសាសន៍ថា ខេត្ត​ព្រះសីហនុ​ជា​ខេត្ត​ជាប់មាត់​សមុទ្រ និង​ជា​ប៉ូល​សេដ្ឋកិច្ច​ដ៏​ធំ​មួយ​របស់​កម្ពុជា​ដែល​ស័ក្តិសម​នឹង​ទទួលបាន​ការវិនិយោគ​លើ​គ្រប់​វិស័យ​ពី​សំណាក់​វិនិយោគិន​ទាំង​ក្នុង និង​ក្រៅប្រទេស។ខេត្ត​ដ៏​ល្អ​ស្អាត​មួយ​នេះ​មាន​សក្តានុពល​ដោយសារ​តែមាន​មាត់សមុទ្រ មាន​ភាព​អំណោយផល​ពី​ធម្មជាតិ ផ្តល់នូវ​សោភណភាព និង​ទេសភាព​ស្រស់ស្អាត​សម្រាប់​ការរស់នៅ​ជាទី​មនោ​រម្យ មាន​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ផ្លូវ​ដឹកជញ្ជូន​ជាច្រើន ដូចជា​ផ្លូវ​រថយន្ត​ល្បឿន​លឿន​ដែលមាន​រយៈ​ចម្ងាយ​ខ្លី​ជាង​ផ្លូវជាតិ​លេខ4 មាន​ផ្លូវដែក និង​ផ្លូវអាកាស និង​ផ្លូវ​សមុទ្រ​ពិសេស​មាន​កំពង់ផែ​ទឹក​ជ្រៅ អំណោយផល​នៅក្នុងការ​ដឹកជញ្ជូន​ទំនិញ​ចូលមកក្នុង និង​ចេញទៅ​ក្រៅប្រទេស។

    ក្រៅពី​ស្ថិរភាព​សេដ្ឋកិច្ច និង​នយោបាយ​ហើយ រដ្ឋាភិបាល​បាន​លើកទឹកចិត្ត​ដល់​វិនិយោគិន​បរទេសឱ្យ​ចូលមក​បណ្តាក់ទុនរ​ក​ស៊ី​នៅ​កម្ពុជា​កាន់តែច្រើនដោយ​អនុញ្ញាតឱ្យ​វិនិយោគិន​បរទេស​អាច​បើក​ក្រុមហ៊ុន​ដោយផ្ទាល់ មាន​សិទ្ធិ​កាន់កាប់​ភាគហ៊ុន100% និង​មានការ​សម្រួល​ការបង់​ពន្ធ ជាដើម ដែល​ធ្វើឱ្យ​អ្នកវិនិយោគ​ទៅ​បណ្តាក់ទុន​រកស៊ី​លើ​គ្រប់​វិស័យ​នៅ​តំបន់​នោះ​មាន​ទាំង​វិស័យ​ទេសចរណ៍រោងចក្រ​ឧស្សាហកម្ម វិស័យ​អចលនទ្រព្យ​ និង​សំណង់​ជាដើម ដើម្បី​ក្លាយជា​ចំណែក​មួយ​ជួយ​លើកកម្ពស់​សេដ្ឋកិច្ច​ខេត្ត និង​សេដ្ឋកិច្ចជាតិ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែម​មួយកម្រិត​ទៀត៕

  • ការនាំចេញ​ផលិតផល​សម្លៀកបំពាក់ និង​ស្បែកជើង​កើនឡើង 9.3% ក្នុង​ឆមាស​ទី1

    ការនាំចេញ​ផលិតផល​សម្លៀកបំពាក់ និង​ស្បែកជើង​កើនឡើង 9.3% ក្នុង​ឆមាស​ទី1

    យោងតាម​ក្រសួងពាណិជ្ជកម្ម​បានឱ្យដឹងថាការនាំចេញ​របស់​វិស័យ​កាត់ដេរ​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​តម្លៃ 3.7 ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល 6ខែ​ដំបូង​នៃ​ឆ្នាំនេះ បាន​កើនឡើង 9.3%។ លទ្ធផល​ដ៏​រឹងមាំ​នៃ​វិស័យនេះ​ក៏បាន​កើនឡើង​ផងដែរ​នៅក្នុង​អំឡុងពេល​ដ៏​រសើប​មួយ​សម្រាប់​ប្រទេស​កម្ពុជាដោយ​ប្រទេសមួយ​នេះ​បាន​ប្រារព្ធ​ការស្ទង់មតិ​តាមរយៈ​ការបោះឆ្នោត​ថ្នាក់ជាតិ​នីតិកាល​ទី 6 របស់ខ្លួន។

    កំណើន​នៃ​សកម្មភាព​នាំចេញ​ផលិតផល​សម្លៀកបំពាក់ និង​ស្បែក​ជើងបាន​កើនឡើង​យ៉ាងរឹងមាំ​ក្នុងអំឡុង​ឆមាស​ទី 1 នៃ​ឆ្នាំនេះ បើទោះបីជា​មានការ​ព្រមានថ្មីៗពី​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ដែលជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​របស់​កម្ពុជា​ថា​ពួកគេ​អាច​នឹង​លុបចោល​ពាណិជ្ជកម្ម​ដែល​ពេញចិត្ត​នៅ​កម្ពុជា ប្រសិនបើ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​មិនត្រូវ​បាន​កែលម្អ។

    យោងតាម​តួលេខ​ពី​ក្រសួង​នេះ​បានឱ្យដឹងថា ការដឹកជញ្ជូន​វាយ​ន​ភណ្ឌ​ទៅកាន់​ប្លុក​អឺរ៉ុប​បាន​កើនឡើង 10.66% ដែលមាន​តម្លៃ​សរុប​ជាង 1.6 ពាន់​លាន​ដុល្លារ ខណៈ​សហរដ្ឋអាមេរិក​វិញ​បាន​កើនឡើង 10.73 ភាគរយ និង​មានតម្លៃ 858លាន​ដុល្លារ។ ទីផ្សារ​ទាំង2 នេះ​រួមចំណែក 72%លើ​ការនាំចេញ​សរុប​របស់​កម្ពុជា។

    ការនាំចេញ​ទៅកាន់​ប្រទេស​កាណាដា​បាន​កើនឡើង​ជាង 9% ដែលមាន​តម្លៃ 324លាន​ដុល្លារ​ខណៈ​ការនាំចេញ​ទៅកាន់​ពិភពលោក​បាន​កើនឡើង 10.10% និង​មានតម្លៃ 850លាន​ដុល្លារ។

    លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការរង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បាន​និយាយថា ការអនុវត្ត​ជារួម​លើ​វិស័យនេះ​មាន​លក្ខណៈគួរឱ្យ​ចាប់អារម្មណ៍ ជាពិសេស​បានគិត​គូរ​ថា ការបោះឆ្នោត​ថ្នាក់ជាតិ​បានធ្វើឱ្យ​មានការ​ព្រួយបារម្ភ​ដល់​វិនិយោគិន​ជាច្រើន។ សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​នឹង​បន្ត​ក្លាយជា​ទីផ្សារ​ដ៏​សំខាន់បំផុត​របស់​យើង ដែល​ត្រូវមាន​ទំនុកចិត្ត​ថា​ទំនាក់ទំនង​រវាង​ប្រទេស​យើង​នឹង​ប្រសើរឡើង​តាមរយៈ​ការយល់ដឹង និង​ការគោរព​គ្នា​ទៅវិញទៅមក។

    លោក ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន​ប្រាប់​សារព័ត៌មាន ឡា​រ៉ែ​ន​ថា៖ “ដូច​យើង​បានដឹងហើយថា កម្ពុជា​យើង​ធ្វើ​ពាណិជ្ជកម្ម​ជា​អន្តរជាតិ ដូច្នេះ​ទីផ្សារ​កម្ពុ​ជាមាន​ច្រើន​យើង​បាន​បើកទូលាយ​គ្រប់​ប្រទេស​ក្នុងការ​នាំចេញ​មាន​ច្រើន​ទិសដៅ ប៉ុន្តែ​ការងារ​ដែល​លេចឮ​ព័ត៌មាន​មក​ថា នឹង​បិទ​ការនាំចេញ​ពាណិជ្ជកម្ម​ដោយ​សហគមន៍​អឺរ៉ុប​នោះ នៅ​មិនទាន់​ឃើញ​មាន​ទេ គឺ​នៅមាន​របាយការណ៍​ទៅមក​នៅឡើយ តែ​យ៉ាងណា ក៏​យើង​នៅមាន​ច្រក​ដទៃទៀត​ដែរ ព្រោះ​យើង​ធ្វើ​ពាណិជ្ជកម្ម​ដោយ​ទូលំទូលាយ​មិន​ធ្វើ​តែ​ចំពោះ​នរណាម្នាក់​ឡើយ”។

    លោក ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​

    លោក​ថ្លែងថា ចំនួន​លើកទឹកចិត្ត​ក្នុង​កំណើន​នាំចេញ គឺជា​លទ្ធផល​នៃ​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​ប្រទេស។ ស្ថិរភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​មាន​សារៈសំខាន់​សម្រាប់​សកម្ម​ភាព​ធុរកិច្ច និង​ការវិនិយោគ។ នេះ​ជា​ប្រភេទ​បរិស្ថាន​ពាណិជ្ជកម្ម​ដែល​ប្រទេស​យើង​ត្រូវការ​ដើម្បី​ធានាឱ្យមាន​ការអភិវឌ្ឍ​បន្ថែមទៀត មិន​ត្រឹមតែ​សម្រាប់​វិស័យ​ដែល​ផ្ដោតលើ​ការនាំចេញ​ទេ ប៉ុន្តែ​សម្រាប់​សេដ្ឋកិច្ច​ទាំងមូល។

    យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​សេវា​នាំចេញ-នាំចូល​នៃ​ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្នុង​រយៈពេល 6ខែ នៃ​ឆ្នាំ2018 នេះ ការនាំ​ទំនិញ​ចេញពី​កម្ពុជា រួមមាន៖ វាយ​ន​ភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និង​អង្ករ​ជាដើម។ល។ រួមទាំង​ការបញ្ជាទិញ​របស់​ម៉ាកល្បីៗទូទាំង​ពិភពលោកដូចជា​ម៉ាក អា​ឌី​ដាស (Adidas) និង​អេ​ច្ឆ អេ​ន អឹម (H&M)ជាដើម នៅតែ​បន្ត​កើតមាន ដែល​បង្ហាញថាទាំង​ការបញ្ជាទិញ ក៏ដូចជា​ការនាំចេញរ​បស់​កម្ពុជានឹង​នៅតែ​ល្អប្រសើរ ដោយសារ​ប្រទេស​កម្ពុជា​រក្សាបាន​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ ពិសេស​ស្ថានភាព​នយោបាយ​ស្ថិតក្នុង​ភាពប្រក្រតី ក្រោយ​ការបោះឆ្នោត​ត្រូវបាន​បញ្ចប់។

    កាលពីពេលថ្មីៗនេះ ធនាគារជាតិ​នៃ​កម្ពុជា​បានចេញ​ផ្សាយ​ការ​ព្យាករ​សេដ្ឋកិច្ច​ចុងក្រោយ​របស់ខ្លួន ដោយបាន​ដាក់​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​សម្រាប់​ឆ្នាំនេះ​ចំនួន 7% ដែល​គាំទ្រ​ដោយ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ ទេសចរណ៍ និង​សំណង់។ “តាម​ទស្សនវិស័យ ម៉ាក្រូសេដ្ឋកិច្ច​របស់​ប្រទេស​នេះ​មាន​ភាពរឹងមាំ ដោយ​ការនាំចេញ​សម្លៀកបំពាក់ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុងការ​ជំរុញ​កំណើន​ជាតិ”។

    កម្មករ-កម្មការិនីកំពុងធ្វើការក្នុងរោងចក្រផលិតស្បែកជើងមួយកន្លែង

    សូមបញ្ជាក់ថា សហភាព​អឺរ៉ុប​បាន​និយាយថាខ្លួន​នឹង​លុបចោល​គម្រោង​អ្វី​គ្រប់យ៉ាង​ដែល​មិនមែនជា​អាវុធ(EBA= the Everything But Arms scheme)ដែល​អនុញ្ញាតឱ្យ​កម្ពុជា​នាំ​ចេញទៅ​ទីផ្សារ​អឺរ៉ុប និង​កូតា​ដោយ​ឥតគិតថ្លៃ ប្រសិនបើ​ស្ថានភាព​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​មិនមាន​ភាពប្រសើរឡើង។

    សហភាព​អឺរ៉ុប គឺជា​គោលដៅ​នាំចេញ​នាំមុខគេ​របស់​កម្ពុជា​ដែលមាន​ចំនួន 40%នៃ​ការនាំចេញ​សរុប។ ទាំងអស់នេះ​បាន​កើនឡើង​យ៉ាងខ្លាំង​ក្នុង​ប៉ុន្មាន​ឆ្នាំថ្មីៗនេះ ដោយ​កើនឡើង 227% ចន្លោះ​ពី​ឆ្នាំ2011 និង​ឆ្នាំ2016 និង​ឈានដល់ 5ពាន់​លាន​ដុល្លារ​គិត​ជា​តម្លៃ​កាលពី​ឆ្នាំទៅ​មិញ។ បច្ចុប្បន្ន​កម្ពុជា​ស្ថិតនៅ​លំដាប់​ទី2 ក្នុងចំណោម​អ្នកទទួលផល​ពី EBA ទាក់ទង​នឹង​បរិមាណ​ជួញដូរ៕

  • ហ៊ិន ច័ន្ទនីរ័ត្ន បង្ហាញក្បាច់រាំ Kiki Challenge ឡើងឡូយកប់ !!

    ហ៊ិន ច័ន្ទនីរ័ត្ន បង្ហាញក្បាច់រាំ Kiki Challenge ឡើងឡូយកប់ !!

    ពិធីការិនី និងតារាសម្ដែង កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ដែលមានប្រិយមិត្តជាច្រើនបាន ស្គាល់ថាជា តារាស្រីដែលមាន សម្លេងពិរោះ ព្រមទាំងមានសម្រស់ស្រស់ស្អាតដូចតារាកូនកាត់ ។ ដោយអាជីពជាអ្នកសិល្បៈ មានភាពជោគជ័យ ធ្វើឱ្យកញ្ញា មាន ភាពល្បីល្បាញក្នុងពេលបច្ចុប្បន្ន។ យ៉ាងណាមិញ គេសង្កេតឃើញថាកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន មានសន្ទុះក្នុងទីផ្សារសិល្បៈខ្លាំងមែនទែនមិនថាការ សម្ដែងខ្សែភាពយន្ដ ការថតស្ពតផ្សាយពាណិជ្ជកម្មផលិតផលធំផ្សេងៗ ជាច្រើនទៀត។

    ដោយឡែក នៅពីពេលថ្មីៗនេះ បទ KiKi (KeKe) ឬ In My Feelings របស់តារាចម្រៀង Drake ដ៏ពិរោះ និងមានចង្វាក់រាំឡូយ កំពុងមានភាពពេញនិយមនៅលើបណ្ដាញសង្គម បានទាក់ទាញចិត្តតារាស្រីចរិតស្រគត់ស្រគំ ហ៊ិន ច័ន្ទនីរ័ត្ន ទ្រាំមិនបានក៏បង្ហាញក្បាច់រាំបែប Challenge សប្បាយៗជាមួយបទនេះផងដែរ ធ្វើឱ្យមហាជនសរសើរថាកញ្ញាពិតជារាំបានឡូយមិនធម្មតាមែន។ នាងក៏បានបង្ហោះវីដេអូនេះនៅលើបណ្ដាញអ៊ីនស្ដាក្រាមរបស់នាង ដែលមានអ្នកគាំទ្រដល់ទៅ 124 ពាន់នាក់ឯណោះ។

    ចង់ដឹងថា កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បង្ហាញក្បាច់រាំបែបណា សូមទស្សនាវីដេអូខាងក្រោមនេះ:

    #kikidoyoulovemechallenge 😜 my break time #forfun

    A post shared by Hinchanniroth🇰🇭 (@hin_channiroth) on

  • សូមរំលែកទុក្ខ !! ម៉ែចាស់របស់ ពេជ្រ ថៃ បានទទួលមរណភាពហើយ

    សូមរំលែកទុក្ខ !! ម៉ែចាស់របស់ ពេជ្រ ថៃ បានទទួលមរណភាពហើយ

    កុមារា ពេជ្រ ថៃ មានអាយុត្រឹមតែអាយុ13ឆ្នាំ ប៉ុន្តែបានក្លាយទៅជាតារាចម្រៀងទាំងវ័យក្មេងក្នុងផលិតកម្មរស្មីហង្សមាស​ បន្ទាប់ពីប្រលងជាប់ក្លាយជាម្ចាស់ជ័យលាភីក្នុង កម្មវិធី The Voice Kids Cambodia 2017។ សព្វថ្ងៃ កុមារា ពេជ្រ ថៃ កំពុងតែទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងជាមុន ព្រោះតែរូបគេមានចរិតរស់រាយ កំប្លែង ស្គាល់ចាស់ស្គាល់ទុំ ជាហេតុធ្វើឱ្យរូបគេទៅណាមកណាទទួលបានការស្រលាញ់ រាប់អានពី សិល្បះករ សិល្បះការនីជាច្រើនរូបផងដែរ។

    ប៉ុន្តែកាលពីពេលថ្មីៗនេះ ប្អូនប្រុស ពេជ្រ ថៃ បានជាប់ទុក្ខជាទំងន់ ដោយសារតែម៉ែចាស់ (លោកយាយ) ជាទីស្រលាញ់ ដែលខំចិញ្ចឹមបីបាច់ថែរក្សា ពេជ្រ ថៃ តាំងពីតូច បានលាចាកលោកទៅចោល ពេជ្រ ថៃហើយ។ ក្នុងនោះផងដែរ ពេជ្រ ថៃ ក៏បានបង្ហោះនៅលើបណ្តាញសង្គមឱ្យដឹងផងដែរថា “ម៉ែចាស់របស់ខ្ញុំបានទទួលមរណៈភាពហើយ សូមឱ្យម៉ែចាស់ទៅកាន់សុគតិភព ហើយចៅប្រាថ្នាជាតិណាណាសូមឱ្យក្លាយជាចៅលោកយាយជានិច្ច”។

    ទើបតែតែងកំណាព្យជូនជីដូប៉ុន្មានថ្ងៃមុនសោះ ស្រាប់តែត្រូវឃ្លានពីជីដូនដែលបានមើលថែខ្លួនទាំងពីតូចពបាត់ទៅហើយ។ ចុងក្រោយក៏សូមចូលរួមរំលែកទុក្ខ និងសូមឱ្យដួងវិញាណក្ខន្ធលោកយាយទៅកាន់សុគតិភព កុំបី ឃ្លៀងឃ្លាតឡើយ៕