Category: សង្គម និងសេដ្ឋកិច្ច

  • គុណប្រយោជន៍នៃការជិះកង់ ដើម្បីសុខភាព

    គុណប្រយោជន៍នៃការជិះកង់ ដើម្បីសុខភាព

    ប្រាកដ​ណាស់ ការ​ជិះ​កង់​​នឹង​ធ្វើឱ្យអ្នក​មាន​សុខភាព​ល្អ​ រីករាយ និងមាន​សេរីភាព​ ហើយក៏​មិន​ចាំបាច់ឱ្យអ្នក​ត្រូវ​ចំណាយ​អ្វី​ច្រើន​នោះទេ​។ អ្នក​អាច​រីករាយ​ជាមួយមជ្ឈដ្ឋាន​ខាងក្រៅ និងអាចកម្សាន្ដជាមួយនឹង​ជីវិត​របស់​អ្នកបានយ៉ាងពេញទំហឹង​។ ការជិះកង​មិន​ត្រឹមតែ​ជាការធ្វើ​លំ​ហាត់ប្រាណ​នោះទេ វា​ថែមទាំង​អាចជួយឱ្យ​អ្នកធ្វើដំណើរ​បាន​យ៉ាង​សប្បាយ​ រក្សារូបរាងកាយ​ឱ្យ​សមសួន និងជួយ​ដល់​បរិស្ថាន​បានទៀត​ផង​។ ការ​ធាក់​កង់​គឺជា​វិធី​ដ៏​ប្រសើរ​បំផុត ក្នុង​ការជួយឱ្យ​អ្នកមាន​សុខភាព​ល្អ ដោយ​មិន​ចាំបាច់​ត្រូវ​ចំណាយ​លុយ​អ្វី​ទាំងអស់ ក្រៅពី​ការកម្សាន្តសប្បាយ ​និង​ការ​ស្រូបយកខ្យល់អាកាស​បរិសុទ្ធ។

    នៅថ្ងៃនេះ ទស្សនាវដ្ដី ឡារ៉ែន សូមជម្រាបជូនពីគុណសម្បត្តិ​ទាំង5​យ៉ាង ដែល​អ្នក​នឹង​ទទួលបាន​ពី​ការ​ជិះ​កង់៖

    1. បញ្ចេញជាតិពុលក្នុងរាងកាយ​
    ជាការហាត់ប្រាណបែប Aerobic Exercise ដែលល្អនោះគឺ ការទាញយកអុកស៊ីហ្សែនទៅដុតបំផ្លាញសារធាតុខ្លាញ់ ដើម្បីកសាងថាមពលក្នុងការបញ្ចេញកម្លាំងរបស់រាងកាយ។ បើនិយាយឱ្យស្រួលយល់គឺ ជាផ្នែកមួយនៅក្នុងជម្រើសហាត់ប្រាណងាយៗ ក្នុងការបញ្ចេញជាតិពុលក្នុងខ្លួន និងជួយសម្រកទម្ងន់បានយ៉ាងល្អ។

    2. សម្រួលផ្លូវដង្ហើម
    ជាផ្នែកមួយនៃការជួយជំរុញឈាមឱ្យហូរវិលបានយ៉ាងស្រួល ដែលវាបានជួយសម្រួលដល់បេះដូង និងផ្លូវដង្ហើមឱ្យប្រសើរឡើងខ្លាំង។ ឈាមអាចនាំយកអុកស៊ីហ្សែ៊នបញ្ចូនទៅផ្នែកផ្សេងៗនៃរាងកាយបានយ៉ាងច្រើន។ ការហាត់-ប្រាណដោយជិះកង់ ជួយជំរុញដោយការរំលាយអាហារ និងបញ្ចូនកាកសំណល់អាហារមិនល្អចេញពីរាងកាយតាមរយៈដំណើរការបញ្ចេញចោលយ៉ាងស្រួល។

    3. កាត់បន្ថយអារម្មណ៍តានតឹង
    តើ​អ្នក​​ធ្លាប់បាន​ធ្វើ​សកម្មភាព​អ្វីខ្លះ នៅពេល​ដែល​អ្នក​កំពុងតែ​មានអារម្មណ៍ស្មុគស្មាញ​នោះ? តើ​អ្នក​មានចេញទៅ​រត់ នៅក្នុង​សួនច្បា​រដែរ​ទេ​? តើ​អ្នក​មាន​បាន​សម្គាល់​ទេ​ថា តើ​អ្នក​អាច​រក្សា​នូវ​ការអនុវត្តទម្លាប់​នេះ​បានប៉ុន្មាន​ដង​?ការ​ធាក់​កង់​គឺជា វិធី​ងាយៗ ដែល​អាច​ឱ្យ​អ្នក​មាន​ភាព​រីករាយ​នឹងបន្ត​ធ្វើ​វា ហើយ​វា​ក៏​ជាអ្នក​ជួយ​បន្ធូរ​នូវ​អារម្មណ៍តានតឹងរបស់​អ្នក​បាន​យ៉ាង​ល្អ​ផងដែរ​។ សុខភាព​ផ្លូវចិត្ត​ល្អ គឺ​ដើរ​តួនាទី​យ៉ាងសំខាន់​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​អ្នក​។ ហើយ​អ្វី​ដែល​ជា​ការប្រសើរ​នោះ​គឺ អ្នក​គួរ​កំណត់យក​ការ​ជិះ​កង់ ជា​ផ្នែក​មួយនៃ​ទម្លាប់​ជា​ប្រចាំថ្ងៃ​របស់​អ្នក​។​

    4. ជួយឱ្យឆាប់គេងលក់ស្រួល
    បន្ទាប់ពីធ្វើការងារហើយ ខួរក្បាលរបស់អ្នកត្រូវការសម្រាក ក៏ប៉ុន្ដែសម័យថ្មីនេះ មនុស្សជាច្រើននិយមប្រើប្រាស់ទូរស័ព្ទជាប់ខ្លួនជានិច្ចដោយមិនចាប់អារម្មណ៍ពីផលប៉ះពាល់ដល់សុខភាពនោះទេ។ បញ្ហានេះ ពេលខ្លះអាចធ្វើឱ្យអ្នកគេងមិនលក់ និងមិនងាយគេង ក៏ព្រោះតែខួរក្បាលនៅតែដំណើរការជាប់រហូត គឺរហូតគិតខុសថា ពេលយប់ទៅជាពេលថ្ងៃ ពេលថ្ងៃទៅជាពេលយប់។ នៅពេលធាក់​កង់ គឺ​អ្នក​កំពុងតែ​ពង្រឹង​សាច់ដុំ​ទាំងអស់របស់​អ្នក​ ប្រព័ន្ធ​គ្រោងឆ្អឹង​ ខួរ​ឆ្អឹងខ្នង​ សន្លាក់​ ប្រព័ន្ធ​​ឈាម​រត់ និងប្រព័ន្ធ​ភាព​សាំ​របស់​អ្នក​។ នៅពេលដែលប្រព័ន្ធឈាមរបស់អ្នករត់បានស្រួល និងមានការបញ្ចេញកម្លាំងច្រើនទៀតនោះ ពិតប្រាកដណាស់ វាធ្វើឱ្យអ្នកនឿយហត់បន្ដិចមែន តែវាក៏ហុចផលឱ្យអ្នកឆាប់គេងលក់ស្រួលបានផងដែរ។

    5. ហុចផលល្អចំពោះបរិស្ថាន
    យើង​ដឹង​ហើយ​ថា ការប្រើ​យាន្ត​ជំនិះ​ផ្សេងៗ​ទៀត ដូចជា ឡាន​ ម៉ូតូ​ រថភ្លើង និងគ្រឿងយន្ត​ផ្សេងៗទៀត​គឺ សុទ្ធតែ​បាន​បំពុល​​ខ្យល់អាកាស​។ ការបំពុល​ដោយគ្មានសំលេង និងបន្សល់​នូវសារជាតិ​កាបូន​ជាច្រើនសន្ធឹកនៅ​ក្នុង​បរិយាកាស​ជុំវិញ​ខ្លួន​យើង​ វាបានបំផ្លាញសុខភាពយើងពីមួយថ្ងៃទៅមួយថ្ងៃ។ ការ​ធាក់​កង់ គឺ​មិន​បាន​បន្សល់​នូវកាកសំណល់​កាបូន​អ្វី​នោះ​ទេ​ព្រោះកង់​មិនចាំបាច់ត្រូវការ​​ប្រេងសាំង ហើយ​វា​ក៏​មិន​បាន​បញ្ចេញ​នូវឧស្ម័ន​ពុល​អ្វី​នោះ​ដែរ​។ ការកាត់បន្ថយ​នូវ​ការប្រើ​គ្រឿងយន្ត​ដែល​មាន​ផ្សែង ហើយងាកមក​ប្រើ​​កង់​ជំនួស​វិញ គឺ​អាច​ជួយកាត់បន្ថយ​នូវ​កម្រិតជាតិពុល ដែល​នឹង​អាច​ផ្តល់ឱ្យ​យើង​រាល់គ្នានូវ​ខ្យល់​ដង្ហើមដ៏បរិសុទ្ធ។ កត្តា​នេះនឹង​ជម្រុញ​ឱ្យមាន​អត្ថប្រយោជន៍​ចំពោះ​មនុស្សជាតិ នៅក្នុង​រយៈពេល​​យូរនាពេលអនាគត ព្រមទាំងមានប្រយោជន៍ដល់សុខភាពជាខ្លាំងថែមទៀតផង​​៕

  • ម៉ៃ សុគន្ធ រិះគន់ ខេមរៈ សិរីមន្ដ រឿងជិះឧទ្ធម្ភាគ​ចក្រមកពុះដីឡូត៍លក់

    ម៉ៃ សុគន្ធ រិះគន់ ខេមរៈ សិរីមន្ដ រឿងជិះឧទ្ធម្ភាគ​ចក្រមកពុះដីឡូត៍លក់

    នាពេលថ្មីៗនេះ លើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាប្រុសដែលមានរហស្សនាម «កំពូលទើស»​ នៅក្នុងពិភពសិល្បៈ គឺលោក ម៉ៃ សុគន្ធ បានបង្ហោះរូបភាពជាច្រើនសន្លឹករបស់កំពូលតារាចម្រៀងប្រុសនៅក្នុងផលិតកម្មរស្មីហង្សមាស លោក ខេមរៈ សិរីមន្ដ ដែលគេមើលឃើញថា ម៉ៃ សុគន្ធ បានឌឺដងផ្លែផ្កាឱ្យសិរីមន្តចំពោះរឿងដែលលោក ខេមរៈ សិរីមន្ដ ជិះឧទ្ធម្ភាគ​ចក្រមកបោះទុនចូលប្រឡូកក្នុងវិស័យអចលនទ្រព្យ ពុះដីឡូត៍លក់។

    ម៉ៃ សុគន្ធ បានបញ្ចេញពាក្យរិះគន់យ៉ាងធ្ងន់ៗដោយមិនខ្លាចរអាថា «ត្រឹមតែទៅលក់ដីនៅម្តុំវាលស្រែមួយរយសោះ ជិះសុទ្ធតែអេលីកុកទែរ(ឧទ្ធម្ភាគចក្រ) មើលតែទៅលក់ពេជ្រនៅឌូបៃ Bodia ថ្មីជានិច្ច អ្នកមានជាន់ថ្មីជាន់ដីអាលាក់ហើយ ឃើញថាឧកញ៉ាល្បីៗមួយចំនួនធំ ដែលមានរបរបើកលក់ដី​​ ឬបុរី គាត់នៅតែរក្សាជំហរដដែល មិនសម្បើមដូចអ៊ីចឹងសោះ ចម្លែកអីតែអ្នកចម្រៀងយើង បានអ៊ីចឹងគេប្រៀបធៀបទៅនឹង ក្ងោក មិនខុសមែន»។

    តែយ៉ាងណាមិញ អ្នកគាំទ្ររបស់តារាចម្រៀង ខេមរៈ សិរីមន្ដ បាននិយាយតប Comment វិញថា «នេះគឺជាសិទ្ធិបុគ្គលទេ គេមានលុយ គេចង់ជិះអី ជារឿងរបស់គេហើយម៉េចក៏ទើសម្ល៉េះ?»៕

  • គុណប្រយោជន៍សរសៃពណ៌សជាប់នឹងសាច់ក្រូច ដែលអ្នកមិនធ្លាប់បានដឹងពីមុន

    គុណប្រយោជន៍សរសៃពណ៌សជាប់នឹងសាច់ក្រូច ដែលអ្នកមិនធ្លាប់បានដឹងពីមុន

    ផ្លែឈើដែលងាយរកទទួលទានបាននោះគឺ “ក្រូច” តែមានមនុស្សជាច្រើននាក់ដែលមិនបានដឹងថា ការទទួលផ្លែក្រូចជាអាហារពេលព្រឹក ជាវិធីសាស្ត្រមួយនៃការតមអាហារបានយ៉ាងប្រសើរបំផុត។ ដោយសារតែសរសៃពណ៌សដែលមានជាប់នឹងសាច់ក្រូចនេះហើយ ដែលជួយឱ្យអ្នកតមអាហារបាន ថែមទាំងមិនប៉ះពាល់ដល់សុខភាពទៀតផង។

    ក្រូច ជាផ្លែឈើដែលត្រូវបានណែនាំឱ្យអ្នកដែលត្រូវការតមអាហារសម្រកទម្ងន់។ ក្នុងក្រូច100ក្រាម មានកាឡូរី45គីឡូកាឡូរី ហើយបើ75ក្រាម មានកាឡូរីរហូតដល់ទៅ34គីឡូកាឡូរីដែលអាចនិយាយបានថា ក្រូចជាផ្លែឈើដែលមានកាឡូរីទាបបំផុត និងសម្បូរទៅដោយវីតាមីនជាច្រើនយ៉ាង។ បើទោះបីជាអ្នកទទួលទានក្រូច3ផ្លែ នោះអ្នកក៏អាចទទួលបានកាឡូរី100គីឡូកាឡូរី ដែលល្អស័ក្ដិសមចំពោះអ្នកដែលនិយមទទួលទានអាហារកំបិុចកំប៉ុក មិនធ្វើឱ្យងាយធាត់បានឡើយ។ ភាគច្រើនមនុស្សទូទៅបានជ្រាបដឹងថា ក្នុងផ្លែក្រូច សម្បូរទៅដោយវីតាមីន C ច្រើន ដែលមានគុណសម្បិត្តជួយរក្សាស្បែកឱ្យភ្លឺរលោង និងជួយឱ្យមានសុខភាពល្អ។ មិនតែប៉ុណ្ណោះ ក្រូចក៏មាននូវសារធាតុ Pectin ដែលអ្នកអាចមើលឃើញថា ជាសរសៃពណ៌សដែលមានជាប់នឹងផ្លែក្រូច មានគុណសម្បត្តិជួយដល់ការធ្វើការរបស់អង់ស៊ីម ដែលនាំមុខការរំលាយអាហារ និងការពារការស្រូបយកសារធាតុខ្លាញ់នៅក្នុងរាងកាយ។

    សរសៃពណ៌ស ដែលជាប់នឹងសាច់ក្រូច ត្រូវបានគេហៅម៉្យាងទៀតថា “សរសៃ Pectin”។ នៅក្នុងសរសៃនេះមាននូវវីតាមីនជាច្រើនយ៉ាងបានផ្សំបញ្ចូលគ្នា និងមានទាំងម៉ូលីគុល Bioflavonoid ដែលគេឱ្យឈ្មោះមួយទៀតថា Hesperidin ផងដែរ។ យ៉ាងណាមិញ “សរសៃ Pectin” មានគុណសម្បត្តិជួយដុតកំឡោចជាតិខ្លាញ់នៅក្នុងរាងកាយ ជួយបន្ថយកូលេស្រ្តូរ៉លនៅក្នុងសរសៃឈាម ធ្វើឱ្យលំហូរវិលរបស់លោហិតហូរបានយ៉ាងប្រសើរ និងប្រមូលផ្ដុំសារធាតុវីតាមីន C ជាដើម។ ទាំងអស់នេះហើយបានជាសរសៃពណ៌សជាប់នឹងសាច់ក្រូចនោះ មានគុណប្រយោជន៍យ៉ាងមហាសាល ក្នុងការថែរក្សាសុខភាពរបស់អ្នក។

    ដូច្នេះការទទួលទានផ្លែក្រូចមួយផ្លែ អ្នកនឹងទទួលបានទាំងវីតាមីន C និង A, សារធាតុ Flavonoid, អង់​ទី​អុក​ស៊ីដង់​, កាល់ស្យូម​, ម៉ាញ៉េ​ស្យូម​, ប៉ូ​តា​ស្យូម​ ជាតិទឹក និងជាប្រភេទអាហារមានជាតិ​សរសៃ រួមបញ្ចូលគ្នាផងដែរ។ ហើយវីតាមីនជាច្រើននៅក្នុងផ្លែក្រូច ផ្ដល់អត្ថប្រយោជន៍ដល់អ្នកក្រោយពេលទទួលទានដូចជា បំបាត់​ការ​ទល់លាមក​, កែសម្រួល​អា​ការឡើង​សម្ពាធ​ឈាម​ខ្ពស់​, បង្ការ​ជំងឺមហារីក, ទប់ស្កាត់​ជំងឺ​បេះដូង​​, ប្រយុទ្ធប្រឆាំង​នឹង​ការឆ្លង​ជំងឺ​បង្កឡើង​ដោយ​វី​រ៉ុស​​ ,ទប់ស្កាត់​ជំងឺ​ស្បែក​, ថែរក្សា​ឆ្អឹង, ធ្វើឱ្យ​ធ្មេញ​​រឹងមាំ​ ​,បង្ការ​ជំងឺ​តម្រង​នោម​, ព្យាបាលជំងឺផ្ដាសាយ, ក្រៅពីនេះគឺជួយបង្ការ និង​ព្យាបាល​ជំងឺ​ជា​ច្រើនទៀត​ដូចជា ជំងឺ​ហឺត​, ជំងឺ​រលាក​ទងសួត​, ជំងឺ​រលាក​សួត​, ជំងឺរបេង​ និងជំងឺ​រលាក​សន្លាក់​ប្រភេទ Rheumatic​ ផងដែរ៕

  • ទេព បូព្រឹក្ស បង្ហាញមុខឪពុកជាមន្ត្រីនគរបាលពាក់ស័ក្តិ5

    ទេព បូព្រឹក្ស បង្ហាញមុខឪពុកជាមន្ត្រីនគរបាលពាក់ស័ក្តិ5

    បើយោងតាមហ្វេសប៊ុកផ្លូវការរបស់ ទេព បូព្រឹក្ស នាងបានបង្ហោះរូបឪពុករបស់នាងមួយសន្លឹក ដោយភ្ជាប់ជាមួយនឹងសារថា «រីករាយថ្ងៃកំណើតលោកពុក សូមឱ្យពុកមានសុខភាពល្អ អាយុវែង»។

    ជាមួយនឹងការបង្ហាញមុខឪពុកនេះផងដែរ ត្រូវបានអ្នកគាំទ្ររបស់នាងចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារមើលឃើញតាមរយៈរូបភាពថា ឪពុករបស់នាង គឺជាមន្ត្រីនគរបាលពាក់ស័ក្តិ5 ជាបុគ្គលមានមុខមាត់គួរសមក្នុងសង្គម តែអ្វីដែលសំខាន់ គឺកញ្ញា ទេព បូព្រឹក្ស បានបង្ហាញពីក្តីគោរពស្រឡាញ់ចំពោះឪពុកជាសាធារណៈ តាមរយៈការបង្ហោះសារជូនពរឪពុកក្នុងថ្ងៃខួបកំណើត។

    ដូចប្រិយមិត្តបានដឹងហើយថា  ទេព បូព្រឹក្ស គឺជាតារាចម្រៀងបែបយុវវ័យមួយដួងដែលមានភាពល្បីល្បាញ និងទទួលបានការគាំទ្រច្រើនពីទស្សនិកជនជាពិសេសយុវវ័យ និងបច្ចុប្បន្នកំពុងតែជោគជ័យលើមុខជំនួញដែលសហការហ៊ុនគ្នាជាមួយនឹងលោក G-Devith ក្នុងការលក់គ្រឿងសម្អាង និងសម្លៀកបំពាក់ និងធ្វើឱ្យមហាជនកោតសរសើរគ្រប់គ្នាថា អ្នកទាំងពីរស័ក្តិសមគ្នាខ្លាំងណាស់ ព្រោះស្ទីលចេញមកបែបយុវវ័យដូចគ្នា៕

  • គ្រាន់តែឆ្លើយសំណួរឱ្យត្រូវ​ យើងនឹងអាចជួយកុមារ​ឱ្យក្លាយជាមនុស្សពូកែបាន

    គ្រាន់តែឆ្លើយសំណួរឱ្យត្រូវ​ យើងនឹងអាចជួយកុមារ​ឱ្យក្លាយជាមនុស្សពូកែបាន

    កុមារមិនស្តាប់ហេតុផល ឬក្លាយជាមនុស្សរឹងទទឹងមិនមែនជាកំហុសកុមារទាំងស្រុងនោះទេ តែវាអាចជាបញ្ហារបស់មនុស្សធំដែលរស់នៅជុំវិញពួកគេ ព្រោះ​ក្មេង​ជាអ្នកដែលមានខួរក្បាលទទេស្អាតហើយ​គ្រប់ឥរិយាបថដែលគេស្តែងឡើង​គឺជាការថតយករូបភាព​ពីមនុស្សធំ។ ម្យ៉ាងវិញទៀត កុមារ​ភាគច្រើន​អាចវិភាគរឿងរ៉ាវគ្រប់យ៉ាងបានដោយផ្អែកលើព័ត៌មានដែលគេទទួលបាន ហេតុនេះប្រសិនបើគេទទួលព័ត៌មានវិជ្ជមានបានច្រើន គេនឹងក្លាយជាមនុស្សល្អ តែប្រសិនបើគេទទួលបានព័ត៌មានអាក្រក់ច្រើន គេនឹងក្លាយជាមនុស្សដែលមិនស្តាប់ហេតុផល ហើយ​ក្លាយជា មេរំខាន និងបង្កើតជាក្តីព្រួយបារម្ភជាច្រើន​សម្រាប់អាណាព្យាបាល។

    យោងតាម​ការស្រាវជ្រាវរបស់អ្នកជំនាញអប់រំ​បានឱ្យដឹងថា​កុមារ​ដែលមានវ័យក្រោម​ 6ឆ្នាំ​ សួរសំណួរប្រមាណ​ជាង 400ដងក្នុងមួយថ្ងៃ។ ព្រោះគេចង់ដឹងគ្រប់យ៉ាងដែលគេបានឃើញ ហើយម្យ៉ាងវិញទៀត​កុមារជាវ័យដែលមានការរីកលូតលាស់លឿនបំផុតហេតុនេះធ្វើឱ្យពួកគេក្លាយជាមនុស្សដែលឃ្លានទាំង​ចំណីអាហារ និង​ព័ត៌មានប្លែកៗសម្រាប់ជីវិត។

    ជាកំហុសឆ្គងមនុស្សធំជាច្រើន​​តែងតែមានការធុញទ្រាន់ចំពោះសំណួរជាច្រើនដែលពួកគេគិតថាឥតប្រយោជន៍ ហើយឆ្លើយឱ្យតែរួចពីមាត់​ និង​មានអាណាព្យាបាលខ្លះ​ស្តីឱ្យ​កូនៗកុំឱ្យសួរច្រើនថែមទៀតផង។ កត្តាទាំងអស់នេះអាចធ្វើឱ្យពួកគេ​ព្យាយាមស្វែងរកចម្លើយដោយខ្លួនឯង ដោយមិនត្រឹមត្រូវ ហើយថែមទាំង​ក្លាយជាមនុស្សដែលមិនសូវយល់ហេតុផល​ថែមទៀតផង។

    ការឆ្លើយសំណួររបស់ក្មេងតូចៗដោយយកចិត្តទុកដាក់ អាចធ្វើឱ្យពួកគេមានភាពកក់ក្តៅ ហើយមិនចង់នៅក្បែរ​ឧបករណ៍អេឡិចត្រូនិកច្រើនពេកនោះទេ ព្រោះ​ពួកគេមានភាពស្និទ្ធស្នាលច្រើន​ជាមួយមនុស្សធំ និងចង់នៅក្បែរមនុស្សធំដើម្បីទទួលបានចម្លើយ​ល្អៗសម្រាប់ពួកគេ។ ម្យ៉ាងវិញទៀត អាណាព្យាបាលក៏អាចប្រើប្រាស់វិធីមួយចំនួន​ដើម្បីកាត់បន្ថយសំណួរប្រកបដោយភាពវិជ្ជមាន ឬ​នាំពួកគេទៅកាន់ពិភព​អប់រំ​ប្រកបដោយ​គំនិតស៊ីជម្រៅ និងហេតុផល​ល្អៗជាច្រើន​សម្រាប់ជីវិតដែលវាជាមូលដ្ឋានគ្រឹះក្នុងការកសាងចរិតលក្ខណៈ និង​ឥរិយាបថល្អសម្រាប់ក្មេងៗ។

    កូនក្មេងឆ្លាតៗភាគច្រើនចូលចិត្តសួរមាតាបិតាពីនេះពីនេាះ

    មនុស្សធំគួរតែសប្បាយចិត្តនៅពេលដែល​ក្មេងសួរសំណួរ​ថ្មីៗ ហើយ​ឆ្លើយប្រាប់គេដោយហេតុផលជាក់ស្តែងចំពោះរាល់ចម្ងល់ទាំងអស់នោះ។ ក្រៅពីនេះ​អាណាព្យាបាល​ក៏អាចចាប់យកចម្ងល់តូចមួយរបស់ក្មេងទៅពង្រីកឱ្យគេរីករាយក្នុងការស្វែងយល់​ដោយ​នាំពួកគេឱ្យមើលឃើញពីពិភពជាក់ស្តែងពាក់ព័ន្ធនឹង​អ្វីដែលគេសួរបានយ៉ាងល្អ។ ជាឧទាហរណ៍ ប្រសិនបើក្មេង​សួរពី​ប្រភេទបន្លែ យើងអាច​នាំពួកគេទៅកាន់សួនបន្លែដែលដាំនៅក្បែរផ្ទះ យកសៀវភៅវចនានុក្រមរូបភាព ឬស្វែងរកឱកាសល្អណាមួយដើម្បីនាំពួកគេទៅផ្សារ​ដើម្បីបង្ហាញពួកគេឱ្យឃើញពីប្រភេទបន្លែជាច្រើនទៀតដែលគេមិនទាន់ស្គាល់ ហើយបើពួកគេចាប់អារម្មណ៍ខ្លាំងពីវា យើងក៏អាចពន្យល់ពួកគេពីវិធីដែលគេដាំវាបានថែមទៀតផង។

    ថ្វីត្បិតតែប្រភពព័ត៌មានខ្លះ វាមើលទៅដូចជាច្រើនហួសពីអ្វីដែលជាការគិតរបស់ក្មេង តែ​ធាតុពិត​សម្តីដែលក្មេងៗបានស្តាប់នឹងក្លាយជា​ប្រភព​ព័ត៌មានសម្រាប់ពួកគេ និង​អាចជួយរំឭកគេឱ្យមានការចងចាំបានកាន់តែល្អនៅពេលដែលគេជាប់ករណីជាក់ស្តែង។ ស្ថានភាពនេះហើយដែលយើងឃើញថា​ពេលខ្លះ​ក្មេងៗ មួយចំនួន​អាចដោះ-ស្រាយបញ្ហាបានល្អ ឬមានភាពឆ្លាតវៃជាងក្មេងដទៃ គឺដោយសារតែគេចំណាំនូវព័ត៌មាន​ងាយៗដែលមនុស្សធំណែនាំបានច្រើន។

    វិធីសាស្រ្តល្អមួយផ្សេងទៀតដើម្បី​នាំក្មេងឱ្យ​យល់កាន់តែច្បាស់ពីការរស់នៅ និង​រីករាយជាមួយនឹង​សំណួរដែលគេសួរ អាណាព្យាបាល​អាច​ព្យាយាមអានរឿងខ្លីៗសម្រាប់កុមារ​ឱ្យបានច្រើន​ដើម្បីយកទៅនិយាយបន្តប្រាប់ពួកគេ នៅពេលដែលគេសួរពីហេតុផលនៃការរស់នៅ។

    ជាទូទៅ រឿងកុមារ ជាប្រភេទរឿងដែល​មាន​តួអង្គតិច ងាយចាំ តែ​បញ្ចប់ដោយ​តម្លៃអប់រំ​ល្អៗ សម្រាប់នាំក្មេងឱ្យ​ក្លាយជាមនុស្សពូកែ ហេតុនេះ​ក្នុងករណីដែលក្មេងមិនទាន់ចេះអានដោយខ្លួនឯងអាណាព្យាបាល​អាច​ជ្រើសរើស​យក​វិធីនេះទៅប្រើប្រាស់បាន ព្រោះនៅពេលដែលពួកគេឆ្ងល់ពីរឿងណាមួយ​ដែលពិបាកពន្យល់​ យើងអាចលើករឿងខ្លីៗដែលពាក់ព័ន្ធនឹងចំណុចនោះដើម្បីប្រាប់គេ។ នេះជាវិធីដ៏ទាក់ទាញមួយដែលអ្នកជំនាញអប់រំណែនាំ ព្រោះវាអាចធ្វើឱ្យក្មេងរីករាយ​ក្នុងការទទួលចម្លើយ ហើយថែមទាំង​អាចរៀន​ពីចំណុចល្អៗដោយមិនបាច់បង្ខំ។

    ម្យ៉ាងវិញទៀត ដើម្បីឆ្លើយតបនឹងរឿង​រ៉ាវ​នានាដែលកុមារឆ្ងល់ឱ្យបានល្អ អាណាព្យាបាល​ក៏អាចយកចិត្តទុកដាក់​កត់ចំណាំ​រឿង​រ៉ាវដែលពួកគេសួរមួយចំនួន​ ដើម្បី​ប្រាប់គេជាក់ស្តែងនៅពេលមានឱកាសល្អនាំគេធ្វើដំណើរទៅកាន់កន្លែងថ្មីៗ ឬ​ឃើញរឿង​ជាក់ស្តែងមួយចំនួន​ដោយចៃដន្យ ដើម្បីឱ្យគេបានសិក្សា ហើយយល់កាន់តែច្បាស់៕

  • Angelina Jolie កំពុងព្យាយាមបញ្ចប់រឿងលែងលះជាមួយ Brad Pitt ឱ្យលឿនបំផុត

    Angelina Jolie កំពុងព្យាយាមបញ្ចប់រឿងលែងលះជាមួយ Brad Pitt ឱ្យលឿនបំផុត

    តាមរយៈសារព័តមាន TMZ នៅពេលថ្មីៗនេះបានឱ្យដឹងថា មេធាវីថ្មីរបស់កំពូលតារាសម្ដែងស្រីបបូរមាត់ស្រស់ Angelina Jolie ទើបតែដាក់ឯកសារស្របច្បាប់ស្នើឱ្យចៅក្រមចេញដីកាលែងលះរបស់នាងចុងក្រោយនៅឆ្នាំនេះ។ អ្នកនាង Angelina Jolie ហាក់បីដូចជាមានជំងឺធុញទ្រាន់នឹងរង់ចាំការលះលែងជាមួយលោក Brad Pitt  ហើយក៏កំពុងសុំឱ្យចៅក្រមប្រញាប់ចេញដីការលែងលះបញ្ចប់អាពាហ៍ពិពាហ៍របស់នាង និងដោះស្រាយបញ្ហាការគ្រប់គ្រងកូនៗក្នុងបន្ទុកដល់អ្នកនាង។

    មេធាវីថ្មីរបស់អ្នកនាង បានសរសេរបញ្ជាក់ក្នុងឯកសារបណ្ដឹងថា លោក Brad Pitt មិនត្រូវចិញ្ចឹមកូនទេ ពោលគឺ «សិទ្ធទាមទារចិញ្ចឹមកូន» ចាប់តាំងពីពេលដែលពួកគេបានសម្រេចចិត្តបែកគ្នាកាលពី 2ឆ្នាំមុន។ លោកបន្ដថា លោក Brad Pitt មិនទទួលស្គាល់ការចរចាលើរឿងសិទ្ធិទាមទារចិញ្ចឹមកូននេះឡើយ តែ Jolie ចង់ឱ្យចៅក្រមចេញដីកាគាំទ្រនាងជាផ្លូវការ ចំពោះការមានប្រតិកម្មប្រឆាំងនឹងលោក Brad ជាអតីតស្វាមី។

    គួរបញ្ជាក់ផងដែរថា នាង Jolie គ្រោង​នឹង​យក​កូន​ចិញ្ចឹម​ម្នាក់​ទៀត នៅ​ពេល​ដែល​នាង​ថត និងផ្សព្វ​​ផ្សាយ​ខ្សែ​ភាពយន្ត​ថ្មី រឿង Maleficent 2 រួច​រាល់ ហើយ​វា​ក៏​ដល់​ពេល​វេលាដែល​នាង និងBrad ត្រូវតែចប់​សព្វ​គ្រប់​ដែរ។ យ៉ាងណាមិញ រឿងរ៉ាវនីមួយៗមិនទាន់បានបញ្ចប់ស្រួលបួលផង ស្រាប់មានលេចរឿងភ្ញាក់ផ្អើលមួយទៀតឡើង គឺនាងបាន​លុប​ចោល​ការ​សម្ដែង​របស់​នាង ក្នុង​រឿង​ថ្មី ​”Come Away” ដែល​ជា​រឿងរ៉ាវ​ពីពេល​មុន​របស់​រឿង “Peter Pan” និង ​”Alice in Wonderland”។ តារា​សម្ដែង​ស្រី​រូប​នេះ បាន​ទាក់ទង​ទៅ​ផលិតករ​ដើម្បី​ប្រាប់​ពួកគេ​ថា នាង​បាន​លុប​ចោល​គម្រោង​ថត​រឿង​ថ្មី​នោះ​ហើយ ដែល​បង្កឱ្យ​​គ្រប់គ្នា​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំងចំពោះការសម្រេចចិត្តរបស់នាង៕

  • ជីវប្រវត្តិសំខាន់ៗរបស់​ព្រឹទ្ធាចារ្យ «យូ បូ» គ្រូធំ​ផ្នែក​សារព័ត៌មាន និង​អ្នកនិពន្ធ​កម្ពុជា

    ជីវប្រវត្តិសំខាន់ៗរបស់​ព្រឹទ្ធាចារ្យ «យូ បូ» គ្រូធំ​ផ្នែក​សារព័ត៌មាន និង​អ្នកនិពន្ធ​កម្ពុជា

    នៅក្នុង​វិស័យ​តែង​និពន្ធ​កម្ពុជា មាន​មនុស្ស​តិច​ណាស់​ដែល​មិន​ស្គាល់​ព្រឹទ្ធាចារ្យ យូ បូ ស្ថាបនិក​ដ៏​សំខាន់​មួយរូប​នៅ​សមាគម​អ្នកនិពន្ធ​ខ្មែរ សាស្ត្រាចារ្យ​អក្សរសាស្ត្រ និង​ជា​អតីត​អ្នកសារព័ត៌មាន​ជើងចាស់​របស់​កម្ពុជា។

    លោក​ព្រឹទ្ធាចារ្យ យូ បូ បានកើត​នៅ​ថ្ងៃទី6 ខែមេសា ឆ្នាំ1942 រស់នៅក្នុង​សង្កាត់​ដង្កោ ស្រុក​ដង្កោ ខេត្តកណ្តាល ដែល​បច្ចុប្បន្ន​ជា​ខណ្ឌដង្កោ​នៃ​រាជធានី​ភ្នំពេញ។ លោក​បានបញ្ចប់​ការសិក្សា​ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ​នៅ​ឆ្នាំ1962 ហើយ​ចាប់ផ្តើម​អាជីព​ជា​សាស្ត្រាចារ្យ​អក្សរសាស្ត្រ​ខ្មែរ​នៅ​ឆ្នាំ1962 ដល់​ឆ្នាំ1963 និង​បាន​ចូល​ជា​សមាជិកសមាគម​អ្នកនិពន្ធ​ខ្មែរ​នៅ​ថ្ងៃទី13 ខែមិថុនា ឆ្នាំ1963។

    ក្រោយ​ចូល​ជា​សមាជិកសមាគម​អ្នកនិពន្ធ​ខ្មែរ​បាន​មួយឆ្នាំ លោក​សាស្ត្រាចារ្យ យូ បូ បាន​ចូល​បម្រើ​ការងារ​ជា​អ្នកសារព័ត៌មាន​នៃ​កាសែត​មាតុភូមិ និង​បាន​អភិវឌ្ឍ​ក្លាយជា​និពន្ធ​នាយក​របស់​កាសែត​សុភ​មិត្រ​នៅ​ឆ្នាំ1967 ហើយ​ស្ថិតនៅលើ​វិស័យ​សារព័ត៌មាន​នេះដែរ លោក​បាន​ផ្លាស់​ទៅធ្វើជា​ចាងហ្វាង​កាសែត​រាស្ត្រនិយម។ ក្រោយមក​ចន្លោះ​ពី​ឆ្នាំ1970 ដល់​ឆ្នាំ1975 លោក​នៅតែ​បន្តធ្វើ​ការងារ​ជា​អ្នកសារព័ត៌មាន តែ​លោក​បាន​បន្ថែម​អាជីព​មួយទៀត គឺជា​អ្នកនិពន្ធ​សៀវភៅ​ប្រលោមលោក។

    ក្រោយ​របប​កម្ពុជា​ប្រជាធិបតេយ្យ នៅ​ចន្លោះ​ឆ្នាំ1979 ដល់​ឆ្នាំ1990 លោក​ព្រឹទ្ធាចារ្យ យូ បូ បាន​ធ្វើជា​មន្ត្រី​នៃ​ក្រសួង​វប្បធម៌ ហើយ​នៅ​ចន្លោះ​ឆ្នាំ1993 លោក​បាន​ងាក​មក​ចាប់​អាជីព​ជា​អ្នកសារព័ត៌មាន​វិញ ដែល​កាលណោះ​លោក​ជា​ចាងហ្វាង​កាសែត​យុត្តិធម៌ មុននឹង​ចាប់ផ្តើម​រៀបចំ​បង្កើត​សមាគម​អ្នកនិពន្ធ​ខ្មែរ​ជាថ្មី​ឡើងវិញ នៅ​ថ្ងៃទី12 ខែមេសា ឆ្នាំ1993ដដែល​នោះ។

    ទន្ទឹមនឹងនេះ លោក​ក៏បាន​ចាប់​អាជីព​ជា​សាស្ត្រាចារ្យ​អក្សរសាស្ត្រ​ខ្មែរ​ឡើងវិញ​ផងដែរ នៅ​ចន្លោះ​ឆ្នាំ1993 ដល់​ឆ្នាំ1995។ ស្របពេល​ជាមួយគ្នា​នោះ​លោក​ក៏បាន​បំពេញ​តួនាទី​ជា​អ្នកបកប្រែ​ភាសា​ឱ្យ​អ៊ុនតាក់​ផងដែរ នៅក្នុង​ខេត្តបន្ទាយមានជ័យ បន្ថែម​ពីលើ​អាជីព​របស់លោក​ជា​សាស្ត្រាចារ្យ និង​ចាងហ្វាង​សារព័ត៌មាន។

    លោក​ព្រឹទ្ធាចារ្យ យូ បូ បាន​បន្សល់ទុក​ស្នាដៃ​ជាច្រើន​ក្នុង​វិស័យ​អក្សរសាស្ត្រ និង​ការ​តែង​និពន្ធ តាមរយៈ​កា​បណ្តុះបណ្តាល​យុវជន​ខ្មែរ​ជាច្រើន និង​បង្កើត​ស្នាដៃ​និពន្ធ​ប្រកបដោយ​គុណ​តម្លៃ។ ស្នាដៃ​និពន្ធ​របស់លោក​ដែលមាន​ការគាំទ្រ​ច្រើន​មានដូចជា៖

    – រឿង មាគ៌ា​សុខ
    – រឿង បុរស​ឈើចាក់ធ្មេញ
    – រឿង គ្រូពេទ្យ​អាយុ 190ឆ្នាំ
    – រឿង នារី​បាត់​ខ្លូន
    – រឿង ទេពធីតា​កោះ​ចេនឡា
    – រឿង ដាវ​ដោះ​ក្រមុំ
    – រឿង ក្រុម​កុមារ​ឃ្លោក​ទិព្វ
    – រឿង ភ្លើង​ស្នេហ៍​ភក្តី
    – រឿង ង្វៀង ម៉ាញ់​ត្វិ​ន (ប្រលោមលោក​បកប្រែ​ពី​ភាសា​វៀតណាម​មកជា​ភាសា​ខ្មែរ)៕

  • អាហារូបករណ៍ Chevening បានមក​ដល់​ទៀតហើយ​សម្រាប់​យុវជន​កម្ពុជា

    អាហារូបករណ៍ Chevening បានមក​ដល់​ទៀតហើយ​សម្រាប់​យុវជន​កម្ពុជា

    អាហារូបករណ៍ Chevening សម្រាប់​ឆ្នាំ​សិក្សា 2019-2020 បាន​បើក​ឱ្យ​ដាក់ពាក្យ​ជាថ្មី​ម្តង​ទៀតហើយ​ចាប់ពី​ថ្ងៃទី6 ខែសីហា ដល់​ថ្ងៃទី6 ខែវិច្ឆិកា ឆ្នាំ2018នេះ។

    Chevening គឺជា​អាហារូបករណ៍​អន្តរជាតិ​សម្រាប់​រដ្ឋាភិបាល​ដែល​ផ្តល់ឱកាស​ឱ្យ​សិស្ស​មកពី​ប្រទេស​នានា​ក្នុង​ពិភពលោក​ដែលមាន​ភាពជា​អ្នកដឹកនាំ​ខ្ពស់ ឬ​ដែលជា​អ្នក​បន្តវេន​ក្នុងការ​ដឹកនាំ​សង្គម មានឱកាស​ដើម្បី​បន្ត​ការសិក្សា​នៅ​ចក្រភព​អង់គ្លេស។ អាហារូបករណ៍​នេះ​ផ្តល់ជូន​សម្រាប់​អ្នកជំនាញឆ្នើមៗមកពី​ប្រទេស​កម្ពុជា​សម្រាប់​ការសិក្សា​ថ្នាក់អនុបណ្ឌិត​រយៈពេល​មួយឆ្នាំ​លើ​មុខវិជ្ជា​នានា​នៅក្នុង​សាកលវិទ្យាល័យ​នៅ​អង់គ្លេស។

    អាហារូបករណ៍ Chevening ផ្តល់ឱ្យ​នូវ​ការឧបត្ថម្ភ​ផ្នែក​ថវិកា​ទាំងស្រុង​សម្រាប់​ការសិក្សា និង​ការ​ស្នាក់​នៅក្នុង​ចក្រភព​អង់គ្លេស​សម្រាប់​រយៈពេល​សិក្សា ដែល​ផ្តល់ឱកាស​ឱ្យ​និស្សិត​ទទួលបាន​នូវ​ចំណេះដឹង​សម្រាប់​ការអភិវឌ្ឍ​សង្គម និង​ទទួលបាន​បទពិសោធ​សម្រាប់​ការ​ស្នាក់នៅ​ក្នុងប្រទេស​អង់គ្លេស តាមរយៈ​ការស្វែងយល់​ពី​របៀបរ​បប​នៃ​ការរស់នៅ វប្បធម៌ ការគិត និង​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នកជំនាញ​មកពី​ប្រទេសផ្សេងៗទៀត​លើ​ពិភពលោក។

    ប្រសិនបើ​យុវជន​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​ដែលមាន​សក្តានុពល​ក្នុង​ភាពជា​អ្នកដឹកនាំ​ចាប់អារម្មណ៍ និង​មាន​ប្រវត្តិ​សិក្សា​ល្អ អាចទាក់ទង​ដាក់ពាក្យ​បាន​តាមរយៈ​គេហទំព័រ https://www.chevening.org/cambodia/

  • ក្រូចពោធិ៍សាត់​ខ្មែរ មាន​រសជាតិ​ឆ្ងាញ់ លក់ដាច់​ខ្លាំង​នៅលើ​ទីផ្សារ

    ក្រូចពោធិ៍សាត់​ខ្មែរ មាន​រសជាតិ​ឆ្ងាញ់ លក់ដាច់​ខ្លាំង​នៅលើ​ទីផ្សារ

    ក្រូចពោធិ៍សាត់​ខ្មែរ ជា​ប្រភេទ​ផ្លែឈើ​ដែល​ផ្តល់​រសជាតិ​ជូរអែម​ឆ្ងាញ់ មិន​ចាញ់​ក្រូច​នាំចូល​ពី​បរទេស​នោះទេ ហើយ​ថែមទាំង​សម្បូរ​ដោយ​វីតាមីនល្អៗបំប៉ន​សុខភាព​មនុស្ស​ទៀតផង ដោយសារតែ​ការដាំដុះ​ដំណាំ​ហូប​ផ្លែ​របស់​កសិករ​ខ្មែរ​យើង​មិន​ប្រើ​ថ្នាំ​គីមី​ដូច​ផ្លែឈើ​នាំចូល​ពី​ប្រទេសជិតខាង​ហ្នឹងឯង។

    អ្នកនាង សេង ឆាយ​ដា​ឡែ​ន ម្ចាស់​ចម្ការ​ក្រូចពោធិ៍សាត់ ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងស្រុក​វាលវែង ខេត្តពោធិ៍សាត់​មានប្រសាសន៍ថា ដោយ​មើលឃើញ​ពី​តម្រូវការ​ផ្លែឈើ​ធម្មជាតិ របស់​ប្រជាពលរដ្ឋ​ខ្មែរ គ្រួសារ​របស់​អ្នកនាង​បានចាប់ផ្តើម​មុខរបរ​ដាំ​ក្រូចពោធិ៍សាត់​តាំងពី​ឆ្នាំ2013 មក នៅលើ​ផ្ទៃដី​ជិត 1ហិកតា ដើម្បី​សាកល្បង​ប្រមូល​ផល​លក់​នៅលើ​ទីផ្សារជាមុនសិន មុននឹង​សម្រេច​ពង្រីក​ការដាំដុះ​បន្ថែម។ ដោយមាន​ការគាំទ្រ​ច្រើន​ពី​អតិថិជន បាន​ជំរុញ​ឱ្យ​គ្រួសារ​របស់​អ្នកនាង​សម្រេច​បន្ថែម​ថវិកា​ពង្រីក​ការដាំដុះ​ដំណាំ​ក្រូចពោធិ៍សាត់​នេះ​ឱ្យបាន​កាន់តែច្រើនឡើងៗ ដែល​មកទល់​បច្ចុប្បន្ន​នេះ​មាន​ទំហំ​សរុប​ប្រមាណ​ជា 2ហិកតា​ហើយ និង​ទើបតែ​ឱ្យ​ផល​ពេញលេញ​ក្នុង​រយៈពេល1-2ឆ្នាំ​ចុងក្រោយ​នេះឯង។

    ដើមក្រូចពោធិ៍សាត់​ខ្មែរដែលកំពុងឱផល

    អ្នកនាង ដា​ឡែ​ន បានឱ្យដឹងថា ក្រូចពោធិ៍សាត់​ចាប់ផ្តើម​ឱ្យ​ផល​ក្នុងអំឡុង​ខែ​មិនា ហើយ​អាច​បេះ​បាន​ច្រើន​ពេញលេញ​នៅ​ខែកក្កដា ឬ​សីហា ដោយ​ក្នុង​មួយ​ដើម​គេ​អាច​បេះ​បាន​ប្រមាណ​ពី 300 ទៅ400ផ្លែ​ឯណោះ ហើយ​អាច​បេះ​បាន​រហូតដល់​ខែតុលា​ទើប​អស់​ផ្លែ​ទៅវិញ ដែល​សរុបទៅ​ចំនួន 2ហិកតា នេះ កសិករ​អាច​ប្រមូល​ផល​បានជា​មធ្យម​ប្រមាណ​ជា 100 ទៅ150ស្លឹក​ឯណោះ(1សឹ្ល​ក​ស្មើនឹង10ផ្លូន 1ផ្លូន​ស្មើនឹង4ឡូ 1ឡូ​ស្មើ12ផ្លែ)។ ម្ចាស់​ចម្ការ​ក្រូចពោធិ៍សាត់​ខាងលើ​បញ្ជាក់ថា ដោយសារ​ក្រូច​មាន​រសជាតិ​ជូរអែម​ឆ្ងាញ់ និង​មិនមាន​សារធាតុ​គីមី​ផង​នោះ បានធ្វើឱ្យ​ក្រូចពោធិ៍សាត់​ខ្មែរ​មានការ​គាំទ្រ​ច្រើន​ពី​អតិថិជន​នៅតាម​បណ្តា​ខេត្តផ្សេងៗ ដូចជា​ខេត្តពោធិ៍សាត់​ខ្លួនឯង កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់សោម និង​ពិសេស​អតិថិជន​នៅ​ទីក្រុង​ភ្នំពេញ ដែលមាន​ទាំង​អតិថិជន​ទិញ​រាយ និង​អតិថិជន​ទិញ​យកទៅលក់​បន្ត​នៅតាម​ផ្សារ និង​នៅតាម​ហាង​បន្លែ​ធម្មជាតិ ឬ​ផ្សារ​ទំនើបល្បីៗមួយចំនួន និង​លក់​តាម​អន​ឡាញ​ទៀតផង។ សម្រាប់​តម្លៃ​បោះ​ដុំ​វិញ ក្រូចពោធិ៍សាត់​គេ​អាច​លក់បាន​ក្នុងតម្លៃ 9,500រៀលទៅ11,000រៀល​ក្នុង​មួយ​ឡូ នេះ​សម្រាប់​តម្លៃ​បោះ​ដុំ ហើយ​បើសិន​យកទៅ​លក់រាយ​បន្ត គេ​អាច​លក់បាន​ក្នុងតម្លៃ 17,000រៀល ទៅ18,000រៀល​ក្នុង​មួយ​ឡូ។ ទោះជា​វា​មានតម្លៃ​ថ្លៃ​ជាង​ក្រូច​នាំចូល​ពី​ប្រទេសជិតខាង​បន្តិច​ក៏ពិតមែន ប៉ុន្តែ​ក្រូចពោធិ៍សាត់​ខ្មែរ​មានការ​គាំទ្រ​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ខ្មែរ ព្រោះ​ប្រមូល​ផល​បាន​សឹងតែ​ផ្គត់ផ្គង់​មិន​គ្រប់​តម្រូវការ​របស់​ម៉ូយ​នៅលើ​ទីផ្សារ​ផង ហើយ​បើ​នៅតែមាន​ការគាំទ្រ​ច្រើន​ដូច្នេះ នារី​ម្ចាស់​ចម្ការ​ខាងលើ​នឹង​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​ឱ្យបាន​ចំនួន​កាន់តែច្រើន​ថែមទៀត​ដែរ។

    ចំពោះ​លក្ខណៈ​សម្គាល់​វិញ ក្រូចពោធិ៍សាត់​ខ្មែរ​មាន​លក្ខណៈ​ខុសពី​ក្រូច​នាំចូល​ពី​បរទេស នៅត្រង់ថា ក្រូច​ខ្មែរ​មាន​សម្បក​ក្រាស់ មាន​ផ្លែ​ធំ-តូច​នៅ​លាយឡំ​គ្នា មាន​ពណ៌​ខៀវ​លាយ​លឿងតិចៗនៅលើ​សម្បក តែ​សម្រាប់​ក្រូច​វៀតណាម​វិញ​បើ​តូច គឺ​តូច​ស្មើ និង​បើ​ធំ គឺ​ធំ​ស្មើគ្នា ព្រោះ​គេ​មាន​បច្ចេកទេស​ដាំ​ដុះ​បានល្អ ប៉ុន្តែ​ភាគច្រើន​មានប្រើ​សារធាតុ​គីមី ហើយ​មាន​សម្បុរ​សម្បក​ពណ៌​ខៀវ​រលោង​ល្អ និង​មាន​សម្បក​ស្តើង។

    ក្រូចពោធិ៍សាត់​ខ្មែរ កំពុងឱ្យផល

    អ្នកនាង ដា​ឡែ​ន អ្នកជំនាញ​ខាង​ដំណាំ​ក្រូច​បាន​បញ្ជាក់ថា ក្រូចពោធិ៍សាត់​មិន​ពិបាក​ដាំ​និង​ថែទាំដូច​ដំណាំ​មួយចំនួនទៀត​នោះទេ ប៉ុន្តែ​ក្រូច​ត្រូវការ​ដី​ដែលមាន​ជីវជាតិ​ល្អ​គួរសម​ដែរ ទើប​ដាំ​ទៅ​ដើម​វា​លូតលាស់​បានល្អ និង​ឱ្យ​ផ្លែ​ច្រើន។

    ចំពោះ​វិធីសាស្ត្រ​ដាំ​ដុះ​វិញ ដំបូង​គេ​ភ្ជួរ​ដី​ជាមុន​ដើម្បី​សម្លាប់​ស្មៅ និង​ជួយ​ឱ្យ​ដី​ធូរ​នៅ​ស្រទាប់លើៗធ្វើឱ្យ​សន្សើម​ធ្លាក់ចុះ​ល្អ​ទៅដល់​ស្រទាប់ដី​ខាងក្រោម។ បន្ទាប់ពី​ភ្ជួរ​ដី​រួច គេ​កាប់​រណ្តៅ​ទំហំ​មួយ​ម៉ែត្រ4ជ្រុង មាន​ជម្រៅ​កន្លះ​ម៉ែត្រ ឬមួយ​ម៉ែត្រ​ក៏បាន ដោយ​រណ្តៅនីមួយៗត្រូវ​ឃ្លាតឆ្ងាយ​ពីគ្នា​ចម្ងាយ 5ម៉ែត្រ។​ បន្ទាប់ពី​កាប់​រណ្តៅ រួច​គេ​អាចដាក់​ជីធម្មជាតិ ដូចជា​កូនឈើតូចៗលាយ​ជាមួយ​ជី​លាមក​សត្វ​ជាការ​ទ្រាប់​បាត​រណ្តៅ ទើប​យក​កូនដើម​ក្រូចពោធិ៍សាត់​ដែល​គេ​ផ្សាំ​រួច​ទៅ​ដាំ​នៅតាម​រណ្តៅនីមួយៗ ហើយ​ថែទាំ​ដោយ​ការ​ស្រោច​ទឹក តែ​មិនបាច់​ស្រោច​ជាប្រចាំ​ទេ ដោយសារ​ដើម​ក្រូច​មិនសូវ​ជា​ត្រូវការ​ទឹក​ប៉ុន្មាន​ឡើយ​គឺ​ស្រោច​ទៅតាម​លក្ខខណ្ឌ​អាកាសធាតុ។

    កសិករកំពុងបេះក្រូចពោធិ៍សាត់​ខ្មែរ

    ក្រៅពី​ស្រោច​ទឹក​ហើយ គឺ​ត្រូវ​ជម្រះ ឬ​បាញ់ថ្នាំ​សម្លាប់​ស្មៅ​ចោល ហើយ​ដាក់​ជីធម្មជាតិ​បន្ថែមខ្លះៗទៀត​ធ្វើឱ្យ​កូន​ក្រូច​លូតលាស់​បានល្អ។ ត្រឹមតែ​រយៈពេល 2ឆ្នាំ វា​នឹង​ចាប់ផ្តើម​ឱ្យ​ផល តែ​ផ្លែ​ដំបូង​បាន​ចំនួន​ត្រឹមតែ 3 – 4ផ្លែ​ប៉ុណ្ណោះ​ក្នុង​មួយដើមៗ រហូតដល់​ដើម​ក្រូច​អាយុ​បាន 4ឆ្នាំ​ទើប​វា​ឱ្យ​ផល​បាន​ពេញលេញ ដោយ​ក្នុង​មួយដើមៗគេ​អាច​បេះ​បាន​ចន្លោះ​ពី300 ទៅ400ផ្លែ។

    នៅពេលដែល​វា​ធំ កសិករ​ត្រូវ​ចេះ​ថែទាំ ដោយ​ត្រូវ​កាត់​ស្លឹក ឬ​មែ​កណា​មិនល្អ​ចោល ដើម្បី​ទុកឱ្យ​ដើម​មាន​កម្លាំង​ស្រូបយក​ជីវជាតិ​ពីដី​ទៅ​ចិញ្ចឹម​មែក​ណា​ដែលល្អៗ ដើម្បីឱ្យ​វា​ហុច​ផល​បាន​កាន់តែ​ច្រើនឡើង។

    ក្រូចពោធិ៍សាត់​ខ្មែរ ដែលទើបប្រមូលផលបាន

    អ្នកជំនាញ​ខាង​ភោជនាហារ​បាន​និយាយថាក្រូចពោធិ៍សាត់​ជា​ផ្លែឈើ​ប្រភេទ​ល្អ​មួយ ដែល​សម្បូរទៅដោយ​វីតាមីន​C និង​ជាតិ​កាក​សរសៃ​ខ្ពស់ និង​សម្បូរ​ជាតិ​ស្ករ​ពី​ធម្មជាតិ ដែល​ជួយផ្តល់​កម្លាំង​ថាមពលភ្លាមៗដល់​អ្នក​ទទួលទាន។ ម្យ៉ាងទៀត​ក្រូចពោធិ៍សាត់​មាន​ផ្ទុក​នូវ​សារធាតុ Limonin ឬ Limonin Glucoside និង Hesperidin សម្រាប់​ទប់ស្កាត់​ជំងឺមហារីក ហើយ​អាច​ទប់ស្កាត់​ជំងឺ​បេះដូង​ទៀតផង ក្រៅពី​នោះគេ​អាច​យក​សម្បក​ផ្លែក្រូច​ពោធិ៍សាត់​ទៅ​ហាល​ឱ្យ​ស្ងួត ហើយ​ហាន់​ជា​ចំណិតតូចៗឆុង​ជំនួស​ស្លឹក​តែ​ទទួលទាន​រាល់ថ្ងៃ ព្រោះ​វា​អាចជួយ​កាត់បន្ថយ​សារជាតិ​ខ្លាញ់​ដែលមាន​ក្នុង​សារពាង្គកាយ​របស់​មនុស្ស​យើង​បាន​យ៉ាង​ល្អ​ទៀតផង៕

  • ខាត់ សុឃីម ព្យាយាមលក់សម្លៀកបំពាក់មួយទឹក ជួយប្អូនប្រុសកម្សត់ត្រូវឡានកិនជើង

    ខាត់ សុឃីម ព្យាយាមលក់សម្លៀកបំពាក់មួយទឹក ជួយប្អូនប្រុសកម្សត់ត្រូវឡានកិនជើង

    នៅពេលថ្មីៗនេះ តារាពហុជំនាញ ខាត់ សុឃីម ក៏បានចូលរួមយ៉ាងសកម្មផងដែរក្នុងការស្វែងរកការឧបត្ថម្ភនានាជួយដល់កុមារកម្សត់ខាងលើ ហើយអ្នកនាងក៏បានប្រកាសត្រៀមដាក់លក់សម្លៀកបំពាក់របស់អ្នកនាងផ្ទាល់ដើម្បីប្រមូលថវិកាបន្ដិចបន្ដួច ជួយឧបត្ថម្ភការព្យាបាលសង្គ្រោះជីវិតកុមារ លី ហេង ដែលត្រូវឡានកុងតឺន័រកិនដាច់ជើងមួយចំហៀងយ៉ាងគួរឱ្យអាណោចអាធម្ម និងកំពុងត្រូវការជំនួយបន្ទាន់ក្នុងការព្យាបាលនៅប្រទេសវៀតណាម។  

    ដោយនឹកសោកស្តាយ និងអាណិតអាសូរកុមារាកម្សត់នោះខ្លាំងពេក អ្នកនាងខាត់ សុឃីម បានខំព្យាយាមប្រឹងប្រែងស្វះស្វែងរកជំនួយសប្បុរសធម៌ ទាំងអារម្មណ៍ក្ដុកក្តួលនៅពេលធ្វើការ​ Live Video លក់សម្លៀកបំពាក់។ តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម បានបង្ហោះសារថា៖ សួស្តីអូនៗបងៗ នៅចាំក្មេងប្រុសដែលជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវឡានកិនដែរឬទេ គាត់ត្រូវកាត់ជើងចោល គាត់ត្រូវកាត់ប្រដាប់ភេទទៀត អាសូរណាស់ កូនគេកូនឯង ហើយគាត់ឥឡូវកំពុងតែត្រូវការជំនួយខ្លាំងដើម្បីសង្គ្រោះឱ្យផុតពីមច្ចុរាជ100% អ៊ីចឹងមានតែសង្ឃឹមលើបងប្អូនយើងទាំងអស់គ្នា តិចក្តីច្រើនក្តីតាមសទ្ធា ម៉ាក់អូនយៀនធានា100% នៃថវិកានឹងទៅដល់ដៃអាណាព្យាបាលក្មេងដោយគ្មានបាត់មួយកាក់មួយសេនឡើយ បើអ្នកចង់ចូលរួមឆាតមក​ខ្ញុំនឹងធ្វើការឡាយផ្ទាល់ លក់ខោអាវ1ទឹករបស់ខ្ញុំ ដើម្បីជួយក្មួយ បានប៉ុន្មានយកប៉ុណ្ណឹង មក មក មហាមិត្ត រួមគ្នា ធ្វើបុណ្យ។

    ខណៈអ្នកនាង ខាត់ សុឃីម កំពុងធ្វើការ Live លក់សម្លៀកបំពាក់ដើម្បីជួយដល់ក្មេងកម្សត់ខាងលើ ក្នុងនោះក៏មានអ្នកទស្សនា និងសប្បុរសជនជាច្រើនបានចូលជាវភ្លាមៗនូវសម្លៀកបំពាក់ដែលពួកគេស្រឡាញ់ ហើយក៏ជាចំណែកមួយដើម្បីជួយដល់កុមារកម្សត់ផងដែរ។

    សូមជម្រាបបន្ថែមថា ក្មេង​ប្រុសកម្សត់មានវ័យ 8ឆ្នាំនោះត្រូវបានឡានធុនធ្ងន់បើកកិនពីលើជើង បណ្តាលឱ្យរងរបួសធ្ងន់ រហូតត្រូវខាងមន្ទីរពេទ្យសម្រេចកាត់ជើងដែលរងរបួសនោះចេញដើម្បីសង្រ្គោះជីវិតរបស់ប្អូន ហើយពេលនេះប្អូនកំពុងតែការទទួលការព្យាបាលសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យមួយក្នុងប្រទេសវៀតណាម។ ដោយសារតែក្រុមគ្រួសាររបស់ប្អូនមានជីវភាពខ្វះខាត មិនមានថវិកាគ្រប់គ្រាន់ក្នុងការព្យាបាលរបួសដ៏ធ្ងន់ធ្ងររបស់ប្អូន ធ្វើឱ្យមហាជនជាច្រើនមិនអាចមើលនឹងភ្នែកបាន ក៏នាំគ្នាជួយស្វះស្វែងរកការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់។ បើទោះជាមានការជួយឧបត្ថម្ភ ពីសប្បុរសជននានាហើយក្ដី ប៉ុន្តែការចំណាយផ្សេងៗក៏នៅតែត្រូវការបន្ថែមនៅឡើយ ព្រោះនៅពេលនេះប្អូនប្រុស លី ហេង កំពុងស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅឡើយ៕