Category: សង្គម និងសេដ្ឋកិច្ច

  • កំពូល​ថ្វី​ជើង​របស់ Man City ទទួលបាន​កិច្ចព្រមព្រៀង​ថ្មី ជួយ​រកចំណូលបាន​ច្រើន​បន្ថែមទៀត

    កំពូល​ថ្វី​ជើង​របស់ Man City ទទួលបាន​កិច្ចព្រមព្រៀង​ថ្មី ជួយ​រកចំណូលបាន​ច្រើន​បន្ថែមទៀត

    ខ្សែប្រយុទ្ធ​របស់ Man City កំពូល​ថ្វី​ជើង Erling Haaland បាន​ចុះ​កិច្ចព្រមព្រៀង​ជា​ផ្លូវការ​ជាមួយ​ក្រុមហ៊ុន​ខ្នាត​យក្ស​មួយ ដែល​នេះ​នឹង​ជួយ​ឱ្យ​គាត់​រកចំណូលបាន​រាប់សិប​លាន​ដុល្លារ​ក្នុង​មួយ​រដូវ​កាល។

    យោងតាម L’Équipe ខ្សែប្រយុទ្ធ​ជនជាតិ​ន័​រ​វែ​ស Erling Haaland កំពុង​ទទួលបាន​ប្រាក់បៀវត្សរ៍​ប្រហែល 20 លាន​ផោន/ឆ្នាំ ដោយ​មិនទាន់​គិតដល់​ប្រាក់រង្វាន់ ក្រោយពី​បាន​ចូល​ទាត់​ឱ្យ Man City។ ខ្ទង់​ប្រាក់​នេះ​ជួយ​ឱ្យ Haaland ជាប់​ចំណាត់ថ្នាក់​លេខ​ពីរ បន្ទាប់ពី Kevin De Bruyne (21 លាន​ផោន/ឆ្នាំ)។

    ក៏ប៉ុន្តែ ក្នុង​អនាគត Haaland អាច​នឹង​រកបាន​ប្រាក់​ច្រើនជាង​នេះ​ទ្វេដង តាមរយៈ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ម្ចាស់​ឧបត្ថម្ភ Nike។ ក្រុមហ៊ុន​ផលិត​សម្លៀកបំពាក់ និង​សម្ភារ​កីឡា​អាម៉េរិក Nike បានប្រកាស​បង្ហាញ​កិច្ចព្រមព្រៀង​ឧបត្ថម្ភ​ជាមួយ Erling Haaland។

    ភាគី​ទាំងពីរ​ធ្លាប់មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​តាំងពី Haaland មាន​អាយុ 14 ឆ្នាំ ប៉ុន្តែ​បាន​អស់​សុពលភាព​កាលពី​ខែមករា 2022។ យោងតាម Athletic កិច្ចព្រមព្រៀង​ថ្មី​ជាមួយ Nike នឹង​ជួយ​ឱ្យ Haaland រកប្រាក់​ចំណូល​បន្ថែម 20 លាន​ផោន​ជា​រៀងរាល់ឆ្នាំ ប្រហាក់ប្រហែល​នឹង​ប្រាក់បៀវត្សរ៍​ដែល​កីឡាករ​នេះ​ទទួលបាន​ពី​ក្លឹប Man City។

    ដូច្នេះ ខ្សែប្រយុទ្ធ​ជនជាតិ​ន័​រ​វែ​ស បាន​ចូលរួម​ជាមួយ​ក្រុម​ទូត​របស់ Nike ដែលមាន​សុទ្ធតែ​កំពូល​តារាបាល់ទាត់ រួមមាន​ជាអាទិ៍ Kylian Mbappe, Kevin De Bruyne និង​Cristiano Ronaldo ផងដែរ។

    Haaland ទាត់​បញ្ចូល​ទី​បាន 42 គ្រាប់ ក្នុង 37 ប្រកួត​ដែល​លេង​ឱ្យ Man City នៅក្នុង​រដូវ​កាល​នេះ ក្នុងនោះ​មាន 28 គ្រាប់​នៅឯ​ពានរង្វាន់​លី​គ​កំពូល​អង់គ្លេស។ ក្រៅពីនេះ Haaland ក៏បាន​ក្លាយជា​កីឡាករ​ក្មេង​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ Champions League ដែល​រកបាន 30 គ្រាប់៕

  • ក្រុម​ហ៊ុន​ Toyota ដាក់​បង្ហាញ Lexus RZ អគ្គិសនី​នៅ​ទីផ្សារ​ជប៉ុន

    ក្រុម​ហ៊ុន​ Toyota ដាក់​បង្ហាញ Lexus RZ អគ្គិសនី​នៅ​ទីផ្សារ​ជប៉ុន

    Toyota Motor Corp កាលពី​ថ្ងៃ​ទី 31 មីនា បានបង្ហាញ​រថយន្ត​អគ្គិសនី Lexus RZ EV នៅ​ទីផ្សារ​ជប៉ុន ជា​ផ្នែក​មួយ​ក្នុងការ​ប្រឹងប្រែង​ផលិត​រាល់​ម៉ូ​ដែល​រថយន្ត​អគ្គិសនី​លំដាប់​ប្រណិត​ដែល​បានកំណត់​គោលដៅ​ត្រឹម​ឆ្នាំ 2035។

    ក្រុមហ៊ុន Toyota ឱ្យដឹងថា ម៉ូ​ដែល SUV អគ្គិសនី​នេះ​មានតម្លៃ​ចាប់ពី 66,000 ដល់ 70,700 ដុល្លារ​អាម៉េរិក ហើយ​គ្រោង​នឹង​ដាក់លក់​ក្នុងប្រទេស​ប្រហែល 50 ជាមួយ​នឹង​គោល​ដៅ​​លក់​ឱ្យ​បាន​ប្រហែល 2,700 គ្រឿង​ជា​រៀងរាល់ខែ។

    RZ គឺជា​ម៉ូ​ដែល​រថយន្ត​ដំបូង​គេ​របស់ Lexus ដែល​មានតែ​កំណែ​អគ្គិសនី។ Toyota បាន​បញ្ចេញ UX300e ដែលជា​កំណែ​អគ្គិសនី​របស់​ម៉ូ​ដែល Lexus មួយ​ដែល​ដំណើរការ​ដោយ​ម៉ាស៊ីន​សាំង កាលពី​ឆ្នាំ 2020។

    Lexus RZ EV មាន​ថ្ម​ដែល​អាច​ផ្ទុក​អគ្គិសនី​បាន 71.4 គីឡូវ៉ាត់ម៉ោង ជួយ​ឱ្យ​រថយន្ត​អាច​បរបាន​ប្រហែល 490 គីឡូម៉ែត្រ​បន្ទាប់ពី​បញ្ចូល​ថាមពល​មួយ​ពេញ។

    Toyota មាន​គម្រោង​ដំឡើង​ស្ថានីយ​បញ្ចូល​ថាមពល​ចំនួន 100 កន្លែង សម្រាប់​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ជប៉ុន ទន្ទឹមនឹង​ការផ្ដល់​សេវាកម្ម​ថ្មី​សម្រាប់​ម្ចាស់​រថយន្ត​អគ្គិសនី​ដើម្បី​កក់​កន្លែង​សាក់​ថ្ម​រថយន្ត​របស់​ពួកគេ​តាមរយៈ​កម្មវិធី​ទូរស័ព្ទ​ឆ្លាត​វៃ៕

  • ដី​ដែន​ដែល​អាច​ជំនួស​ក្រុមបាល់ទាត់​ជម្រើសជាតិ​ឥណ្ឌូណេស៊ី ចូល​ប្រកួត​វគ្គ​ជម្រុះ World Cup 2026

    ដី​ដែន​ដែល​អាច​ជំនួស​ក្រុមបាល់ទាត់​ជម្រើសជាតិ​ឥណ្ឌូណេស៊ី ចូល​ប្រកួត​វគ្គ​ជម្រុះ World Cup 2026

    ក្រុមបាល់ទាត់​ជម្រើសជាតិ​ឥណ្ឌូណេស៊ី​ទំនងជា​នឹងត្រូវ​ទទួល​ទណ្ឌកម្ម​ពី​សហព័ន្ធ​បាល់ទាត់​ពិភពលោក (FIFA) និង​មិនត្រូវ​បានអនុញ្ញាត​ឱ្យចូល​រួម​ប្រកួត​វគ្គ​ជម្រុះ World Cup 2026។

    ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ បាល់ទាត់​ឥណ្ឌូណេស៊ី​ត្រូវ​ប្រឈម​នឹង​ព័ត៌មាន​ដែល​មិនអាច​អាក្រក់​ជាង​នេះ​ពី FIFA។ បញ្ហា​កើតឡើង​បន្ទាប់ពី​អភិបាលខេត្ត Bali បាន​ជំទាស់​ការចូលរួម​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ U-20 World Cup 2023 (ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​កោះ Bali) ធ្វើឱ្យ FIFA សម្រេចចិត្ត​លុបចោល​ពិធី​ចាប់​លេខចែក​ពូ​ល​សម្រាប់​ការប្រកួត​ដណ្ដើម​ពានរង្វាន់​នេះ។

    ថ្មីៗនេះ FIFA បានសម្រេច​ចិត្ត​លុបចោល​សិទ្ធិ​ក្នុងការ​ប្រារព្ធ​វគ្គ​ផ្ដាច់ព្រ័ត្រ U20 World Cup 2023 របស់​ឥណ្ឌូណេស៊ី។ ប្រការនេះ​មានន័យថា កូនសិស្ស និង​គ្រូបង្វឹក Shin Tae-yong ក្នុងនាម​ជា​ក្រុម​ជម្រើសជាតិ​ឥណ្ឌូណេស៊ី មិនបាន​ចូលរួម​ព្រឹត្តិការណ៍ World Cup 2023 សម្រាប់​វ័យ​ក្រោម 20 ឆ្នាំ។

    ប្រធាន​សហព័ន្ធ​បាល់ទាត់​ឥណ្ឌូណេស៊ី (PSSI) លោក Erick Thohir ទទួលស្គាល់ថា «ឥណ្ឌូណេស៊ី​នឹងត្រូវ​ប្រឈម​ជាមួយនឹង​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​បំផុត​ពី FIFA» លោក​បន្ថែមថា ក្រុមបាល់ទាត់​ជម្រើសជាតិ និង​ថ្នាក់​ក្លឹប​របស់​ឥណ្ឌូណេស៊ី ក៏​ប្រឈម​នឹង​ហានិភ័យ​បាត់បង់​សិទ្ធិ​ចូលរួម​ប្រកួត​នៅ​ពានរង្វាន់​អន្តរជាតិ​នានា។

    «បញ្ហា​នេះ​ធ្វើឱ្យ​បាល់ទាត់​ឥណ្ឌូណេស៊ី​មានការ​ភ័យខ្លាច ព្រោះ​យើង​ធ្លាប់បាន​ឆ្លងកាត់​វា​កាលពី​ឆ្នាំ 2015 រហូតដល់​ឆ្នាំ 2016 ទើប​ទណ្ឌកម្ម​ត្រូវបាន​លុបចោល។ ឥណ្ឌូណេស៊ី​នឹងត្រូវ​ធ្វើ​គ្រប់យ៉ាង​តែម្នាក់ឯង»។

    បើសិនជា​ការបារម្ភរ​បស់​ប្រធាន PSSI បាន​កើតឡើង​ពិតមែន ឥណ្ឌូណេស៊ី​នឹងត្រូវ​ប្រឈម​នឹង​ការបាត់បង់​សិទ្ធិ​ចូលរួម​វគ្គ​ផ្ដាច់ព្រ័ត្រ Asian Cup 2023 ក៏ដូចជា​វគ្គ​ជម្រុះ World Cup 2026។

    បាល់ទាត់​ឥណ្ឌូណេស៊ី និង​ស្រីលង្កា​គឺជា​ស្ថាប័ន​ដែល​ទទួល​ទណ្ឌកម្ម​ពី FIFA ព្រោះតែ​បាន​បណ្ដោយឱ្យ​រដ្ឋាភិបាល​ជះឥទ្ធិពល​មិនល្អ។

    ក្រោយពី​ឥណ្ឌូណេស៊ី​ត្រូវបាន​ដកហូត​សិទ្ធិ​ចូលរួម​វគ្គ​ជម្រុះ​នៅ World Cup 2026 ដែនដី​ដែល​អាច​ចូលមក​ជំនួយ​គឺ​ប្រជុំ​កោះ Mariana។ ប្រជុំ​កោះ​នេះ​បាន​ចូល​ជា​សមាជិក AFC តាំងពី​ឆ្នាំ 2020 និង​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ក្នុងការ​ចូលរួម​រាល់​ការប្រកួត​របស់​តំបន់​អាស៊ី។ ប្រជុំ​កោះ Mariana រួមមាន​ដែនដី Guam របស់​សហរដ្ឋ​អាម៉េរិក និង​ប្រជុំ​កោះ Mariana ខាងជើង​ដែលជា​ដែនដី​សម្ព័ន្ធ​របស់​សហ​រដ្ឋ​អាម៉េរិក នៅ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វ៊ិ​ក៕

  • ស្ថានីយ​ផលិត​អគ្គិសនី​ពី​ខ្យល់ និង​ព្រះអាទិត្យ​ធំជាងគេ​លើ​លោក​ស្ថិតនៅ​កណ្ដាល​សមុទ្រ​ខ្សាច់

    ស្ថានីយ​ផលិត​អគ្គិសនី​ពី​ខ្យល់ និង​ព្រះអាទិត្យ​ធំជាងគេ​លើ​លោក​ស្ថិតនៅ​កណ្ដាល​សមុទ្រ​ខ្សាច់

    (ប្រទេស​ចិន) – ស្ថានីយ​ផលិត​អគ្គិសនី​ពី​កម្លាំង​ខ្យល់ និង​កម្ដៅ​ព្រះអាទិត្យ Kubuqi ផ្គត់ផ្គង់​អគ្គិសនី 40 ពាន​លាន​គីឡូវ៉ាត់ម៉ោង (kWh) ជា​រៀងរាល់ឆ្នាំ ស្មើនឹង 1/10 នៃ​ការប្រើប្រាស់​អគ្គិសនី​នៅ​ខេត្ត Hebei ដែលមាន​ប្រជាជន 75 លាន​នាក់។

    ស្ថានីយ​ផលិត​អគ្គិសនី​ពី​កម្លាំង​ខ្យល់ និង​កម្ដៅ​ព្រះអាទិត្យ​ធំជាងគេ​លើ​លោក Kubuqi កំពុង​ត្រូវបាន​ស្ថាបនា​លើ​សមុទ្រ​ខ្សាច់ Kubuqi ប្រទេស​ចិន ក្នុងនោះ គ្រឿងចក្រ​រាប់រយ​កំពុង​ឈូសឆាយ​ពង្រាបដី។ នៅពេល​រួចរាល់​ជា​ស្ថាពរ ជាមួយនឹង​សមត្ថភាព​ដែល​បាន​ដំឡើង 16 លាន​គីឡូវ៉ាត់ (kW) ស្ថានីយ Kubuqi អាច​ផ្គត់ផ្គង់​អគ្គិសនី 40 ពាន់​លាន kWh ជា​រៀងរាល់ឆ្នាំ ដល់​តំបន់ Beijing, Tianjin និង Hebei ជំនួស​ឱ្យ​ការដុត​ធ្យូងថ្ម​ប្រហែល 6 លាន​តោន និង​កាត់បន្ថយ​ឧស្ម័ន​កាបូន​ប្រហែល 16 លាន​តោន។

    អគ្គិសនី 40 ពាន​លាន kWh នេះ ប្រហាក់ប្រហែល​នឹង 1/10 នៃ​បរិមាណ​អគ្គិសនី​ដែល​បាន​ប្រើប្រាស់​ប្រចាំឆ្នាំ​នៅក្នុង​ខេត្ត Hebei ជា​ខេត្ត​ដែលមាន​ប្រជាជន​ប្រហែល 75 លាន​នាក់។ គម្រោង Kubuqi បានចាប់ផ្ដើម​ស្ថាបនា​តាំងពី​ខែធ្នូ 2022។

    នៅឯ​សមុទ្រ​ខ្សាច់ Tengger របស់​ខេត្ត Ningxia គម្រោង​ស្ថានីយ​អគ្គិសនី​ព្រះអាទិត្យ​ធំជាងគេ​នៅ​ប្រទេស​ចិន ក៏​កំពុង​ត្រូវបាន​ស្ថាបនា។ ពេល​រួចរាល់ ស្ថានីយ​នេះ​នឹង​ផលិត​អគ្គិសនី​បាន​ប្រហែល 5.78 ពាន់​លាន kWh ជា​រៀងរាល់ឆ្នាំ ដែល​ស្មើនឹង 1/7 នៃ​ស្ថានីយ Kubuqi។

    គម្រោង Kubuqi បានចាប់ផ្ដើម​ស្ថាបនា​តាំងពី​ខែធ្នូ 2022

    ចំណែក​នៅក្នុង​តំបន់ Xinjiang បណ្ដាញ​អគ្គិសនី​ចរន្តជាប់ (DC) តង់ស្យុង​ខ្ពស់ កំពុង​នាំយក​ថាមពល​ស្អាត​ទៅកាន់​តំបន់​ជាច្រើន​នៅ​ភាគ​ខាងកើត​ប្រទេស​ចិន។

    ជា​សរុប បណ្ដា​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​កម្លាំង​ខ្ស​ល់ និង​កម្ដៅថ្ងៃ​លើ​សមុទ្រ​ខ្សាច់​នៅ​ប្រទេស​ចិន នឹងមាន​សមត្ថភាព​ដែល​បាន​ដំឡើង ស្មើនឹង 450 លាន​គីឡូវ៉ាត់៕

  • Rotwild RX275 ជា​កង់​អគ្គិសនី​ឡើង​ភ្នំ​មហា​ស្រាល ប៉ុន្តែ​តម្លៃ​វិញ​ក៏ «មិនធម្មតា»

    Rotwild RX275 ជា​កង់​អគ្គិសនី​ឡើង​ភ្នំ​មហា​ស្រាល ប៉ុន្តែ​តម្លៃ​វិញ​ក៏ «មិនធម្មតា»

    កង់​អគ្គិសនី​ឡើង​ភ្នំ​មហា​ស្រាល Rotwild RX275 មាន​ទម្ងន់​មិន​ដល់ 16 គីឡូក្រាម គឺជា​ផលិតផល​របស់​ក្រុមហ៊ុន Rotwild នៅ​ប្រទេស​អាល្លឺម៉ង់។

    Rotwild RX275 មាន​ទម្ងន់​ត្រឹមតែ 15.86 គីឡូក្រាម ជា​ទម្ងន់​ដែល​ធ្វើឱ្យ​កង់​ឡើង​ភ្នំ​ស្ទើរ​តែ​ទាំង​អស់​នៅ​ក្នុង​បច្ចុប្បន្ន​ត្រូវ «សុំ​ខ្មាស»។ កង់​អគ្គិសនី​ឡើង​ភ្នំ​នេះ​បំពាក់​ប្រព័ន្ធ​ផលិត​​កម្លាំង TQ HPR50 ដែលមាន​ទម្ងន់​តែ 1,850 ក្រាម។ កង់​អគ្គិសនី​ Rotwild RX275 មាន​ថាមពល 250 វ៉ា​ត់ អាច​បង្កើនល្បឿន​ក្នុង​រយៈពេល 30 វិនាទី។

    ពេល​ស្ថិត​ក្នុងការ​បង្កើនល្បឿន ថាមពល​របស់​កង់​នេះ​ក៏​នឹង​កើន​ដល់ 300 វ៉ា​ត់ ជួយ​ឱ្យ​អ្នកជិះ​​ឆ្លង​ផុត​កំណាត់​ផ្លូវ​ទួល​ដោយ​មិនត្រូវ​លើស​កម្លាំង។

    Rotwild ផលិត​កង់​អគ្គិសនី RX275 ជា​ពីរ​កំណែ និង​មានតម្លៃ​ថ្លៃ។ កំណែ​ស្ដង់ដា​ Rotwild RX275 Pro មានតម្លៃ​ប្រហែល 10,275 ដុល្លារ​អាម៉េរិក។ បើសិន​ចំណាយ​បន្ថែម​ប្រហែល 3,000 ដុល្លារ​ទៀត អ្នកនឹង​ទិញ​បានកំណែ Rotwild RX275 Ultra ដែល​មាន​តម្លៃ 13,520 ដុល្លារ៕

  • ក្រុមហ៊ុន​ស្វ៊ី​ស​អភិវឌ្ឍ​យន្តហោះ​អ៊ីដ្រូសែន​​ដឹក​អ្នកដំណើរ​ «លឿន​ជាង​សំឡេង​​ប្រាំ​ដង»

    ក្រុមហ៊ុន​ស្វ៊ី​ស​អភិវឌ្ឍ​យន្តហោះ​អ៊ីដ្រូសែន​​ដឹក​អ្នកដំណើរ​ «លឿន​ជាង​សំឡេង​​ប្រាំ​ដង»

    ក្រុមហ៊ុន Destinus ទទួល​ការឧបត្ថម្ភ​ពី​ក្រសួង​វិទ្យាសាស្ត្រ​អេ​ស្ប៉ា​ញ​ដើម្បី​អភិវឌ្ឍ​យន្តហោះ​អ៊ីដ្រូសែន​មួយ​ប្រភេទ​ដែលមាន​ល្បឿន​លឿន​ជាង​សំឡេង​​ប្រាំ​ដង។

    ក្រុមហ៊ុន​របស់​ស្វ៊ី​ស Destinus បានប្រកាសថា ពួកគេ​កំពុង​ចូលរួម​កម្មវិធី​មួយ​ដែល​ដឹកនាំ​ដោយ​ក្រសួង​វិទ្យាសាស្ត្រ​អេ​ស្ប៉ា​ញ ដើម្បី​អភិវឌ្ឍ​យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​​ប្រាំ​ដង (hypersonic aircraft) ដែល​ប្រើប្រាស់​ឥន្ធនៈ​អ៊ីដ្រូសែន។ ក្រៅពី Destinus សាកលវិទ្យាល័យ​នានា​នៅ​អេ​ស្ប៉ា​ញ ក៏ដូចជា​បណ្ដា​ក្រុមហ៊ុន និង​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​ក៏​ចូលរួម​អនុវត្ត​គម្រោង​នេះ។

    គម្រោង​ខាងលើ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ដំបូង​ពី​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ​ចំនួន 12 លាន​អឺរ៉ូ។ ខ្ទង់​ប្រាក់​នេះ​នឹងត្រូវ​ប្រើប្រាស់​សម្រាប់​ការសាងសង់​មូលដ្ឋាន​ធ្វើតេស្ត​ម៉ាស៊ីន​អ៊ីដ្រូសែន​នៅក្បែរ​ទីក្រុង​ម៉ា​ឌ្រី​ដ។

    ក្រុមហ៊ុន​របស់​ស្វ៊ី​ស Destinus បានធ្វើ​តេស្ត​យន្តហោះ​ច្រើន​ម៉ូ​ដែល​នៅក្នុង​អំឡុង​ពីរ​ឆ្នាំ​កន្លង។ យន្ត​ហោះ​គំរូ​​ដំបូង​គឺ​យន្ត​ហោះ​មាន​ល្បឿន​ជិត​ស្មើនឹង​ល្បឿន​របស់​សំឡេង មាន​ទំហំ​តូច បញ្ជា​ពី​ចម្ងាយ និង​មាន​ឈ្មោះថា Jungfrau ដែល​ធ្វើតេស្ត​កាលពី​ឆ្នាំ 2021។ យន្តហោះ​គំរូ​ដើមទី​ពីរ​មាន​ឈ្មោះថា Eiger មាន​ទំហំ​ធំ​ជាង​យន្តហោះ​គំរូ​ទី​មួយ និង​បាន​​ហោះហើរ​សាកល្បង​កាលពី​ឆ្នាំ 2022។

    គោលដៅ​របស់ Destinus គឺ​ការផលិត​យន្តហោះ​ដែលមាន​ល្បឿន​លឿន​ជាង​សំឡេង​ប្រាំ​ដង (Mach 5) ឬ​លឿន​ជាង​នេះ។ ល្បឿន​នេះ​គឺ​លឿន​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​យន្តហោះ Concorde ដែលមាន​ល្បឿន​លឿន​ជាង​សំឡេង​ក្រោម ៥ ដង និង​​បាន​ឈប់​ដំណើរការ​កាលពី​ឆ្នាំ 2003។ យន្តហោះ Concorde ធ្លាប់​ហោះហើរ​ក្នុង​ល្បឿន Mach 2.04 ដែល​លឿន​ជាង​សំឡេង​លើសពី​ពីរដង)។ ល្បឿន​របស់​សំឡេង​គឺ​ប្រហែល 1,200 គីឡូ​ម៉ែត្រ/ម៉ោង។

    តាម​ផែនការ បច្ចេកវិទ្យា​របស់ Destinus នឹង​ជួយ​ឱ្យ​ការហោះហើរ​ពី Frankfurt (អាល្លឺម៉ង់) ទៅកាន់ Sydney (អូស្ត្រាលី) ចំណាយពេល​តែ​បួន​ម៉ោង​និង 15 នាទី ជំនួស​ឱ្យ 20 ម៉ោង​នាបច្ចុប្បន្ន។

    ថាមពល​អ៊ីដ្រូសែន បច្ចុប្បន្ន​​គឺជា​ប្រធានបទសំខាន់​​របស់​គម្រោង​ស្រាវជ្រាវ និង​អភិវឌ្ឍ​បច្ចេកវិទ្យា​ជាច្រើនក្នុង​ពិភពលោក​ ដោយសារតែ​លក្ខណៈ «បៃតង» របស់​វា ដោយ​​​បំ​ភាយ​តែ​កម្ដៅ និង​ទឹក​នៅក្នុង​ចំហេះ​របស់​អ៊ីដ្រូសែន៕

  • អតីត​គ្រូបង្វឹក​ថៃ៖ «ការដណ្ដើម​មាស SEA Games ចំពោះ U-22 ថៃ គឺ​មិន​ពិបាក»

    អតីត​គ្រូបង្វឹក​ថៃ៖ «ការដណ្ដើម​មាស SEA Games ចំពោះ U-22 ថៃ គឺ​មិន​ពិបាក»

    អតីត​ប្រធាន​គ្រូបង្វឹក​ក្រុមបាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម 23 ឆ្នាំ​របស់​ប្រទេស​ថៃ (U-23 ថៃ) វាយតម្លៃ​ខ្ពស់​ទៅលើ​ឱកាស​ដណ្ដើម​មេដាយមាស​របស់ U-22 ថៃ នៅក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី 32 (SEA Games 32) ដែល​នឹង​ធ្វើឡើង​នៅ​កម្ពុជា​នាពេលខាងមុខ។

    ទំព័រ Siam Sport របស់​ថៃ បាន​រាយការណ៍​ថា លោក Worawut Srimakha អតីត​ប្រធាន​គ្រូបង្វឹក​របស់​ក្រុម U-23 ថៃ ថ្មីៗនេះ​បានធ្វើ​ការអះអាង​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​ស្ដីពី​ឱកាស​ក្នុង​ការដណ្ដើម​មេដាយមាស​នៅ SEA Games 32។

    Siam Sport ឱ្យដឹងថា លោក Srimakha វាយតម្លៃ​ខ្ពស់​ទៅលើ​ជំនាន់​កីឡាករ​បច្ចុប្បន្ន​របស់​ថៃ រួម​នឹង​ក្រុម​គ្រូបង្វឹក ក្រោយពី​ការប្រកួត​របស់ «ក្រុម​ដំរី​ចម្បាំង» នៅ Doha Cup 2023។

    «ខ្ញុំ​មានតែ​ឱកាស​តាមដាន​ការប្រកួត​ពីរលើក​របស់ U-23 ថៃ។ ទទួលស្គាល់ថា ខ្ញុំ​មាន​អារម្មណ៍ល្អ​ចំពោះ​ក្រុម U-23 ថៃ​បច្ចុប្បន្ន ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​គ្រូបង្វឹក Sritaro ជា​អ្នក​ដែល​ទើបតែ​បាន​ដឹកនាំ​ក្រុម​ដណ្ដើមបាន​ចំណាត់ថ្នាក់​លេខ​បួន​នៅ Doha Cup 2023» លោក Srimakha បាន​ប្រាប់ Siam Sports ដូច្នេះ។

    https://www.youtube.com/watch?v=rLJgJdQ1XCE

    ក្រុម U-23 ថៃ ប៉ះនឹង​ក្រុម​កាតា​ នៅ Doha Cup 2023

    លោក Srimakha បន្តថា «…ខ្ញុំ​ជឿថា នៅ SEA Games 32 ក្រុម U-22 ថៃ នឹងមិន​ជួប​ការលំបាក​ឡើយ ក្នុងការ​ដណ្ដើម​មេដាយមាស»។

    លោក Srimakha គឺជា​អតីត​គ្រូបង្វឹក​បាល់ទាត់​ដ៏​ឆ្នើម​របស់​ប្រទេស​ថៃ និង​ធ្លាប់បាន​ដឹកនាំ U-23 ថៃ ដណ្ដើមបាន​តំណែង​ជើងឯក​នៅ SEA Games លើក​ទី 29 ដែល​បាន​ធ្វើឡើង​នៅ​ម៉ាឡេស៊ី​កាលពី​ឆ្នាំ 2017៕

    យោងតាម​ម្ចាស់ផ្ទះ​កម្ពុជា ការចាប់​លេខចែក​ពូ​ល​វិញ្ញាសា​បាល់ទាត់​នៅ SEA Games ទី 32 នឹងត្រូវ​បានធ្វើ​ឡើង​នៅ​ថ្ងៃទី 05 មេសា ក្នុងនោះ​បាល់ទាត់​បុរស​នឹង​ចាប់ផ្ដើម​ការប្រកួត​ពីថ្ងៃ​ទី 29 មេសា ឆ្នាំ 2023៕

  • Cristiano Ronaldo និងភរិយា Rodriguez លែងទិញកាដូជូនគ្នាក្នុងថ្ងៃខួប

    Cristiano Ronaldo និងភរិយា Rodriguez លែងទិញកាដូជូនគ្នាក្នុងថ្ងៃខួប

    តារា​ម៉ូ​ដែល Georgina Rodriguez និយាយថា Ronaldo មិន​ជូន​អំណាយ​សម្រាប់​ថ្ងៃ​ខួបកំណើត​ដល់​នាង ហើយ​នាង​ក៏​ឈប់​ជូន​កាដូ​ជារ​យន្ត​ស្ព័​រ​ដល់ Ronaldo។

    យោងតាម​ទំព័រ BP កាលពី​ថ្ងៃទី 29 មីនា Rodriguez បានឱ្យដឹងថា ចាប់ពី​ឆ្នាំនេះ​នឹង​ឈប់​ជូន​កាដូ​រថយន្ត​ដល់ Ronaldo នៅ​ថ្ងៃបុណ្យទាន ឬ​ថ្ងៃ​ខួប។ «ខ្ញុំ​នឹងមិន​ទិញ​រថយន្ត​ស្ព័​រ​ឱ្យ​គាត់ ព្រោះ​ពួកវា​មិន​មានន័យ​ពិសេស។ យើង​មិនមែនជា​មនុស្ស​ដែល​យក​ទ្រព្យ​ជាធំ។ Ronaldo មាន​ស្ទើរ​គ្រប់យ៉ាង​ដែល​គាត់​ចង់បាន មិនត្រូវ​ការទិញ​បន្ថែម​អ្វី​ទៀត​ទេ» តារា​ម៉ូ​ដែល Rodriguez និយាយ​ដូច្នេះ។

    Ronaldo មាន​ចំណូលចិត្ត​ក្នុង​ការទិញ​រថយន្ត​ប្រណិត ដូច្នេះ Rodriguez តែងតែ​ទិញ​រថយន្តថ្លៃៗជូន​ដៃគូ​ជីវិត​នៅក្នុង​ពិធី​ខួបសំខាន់ៗ។ យោងតាម​ទំព័រ Marca កាដូ​ដែល​តារ​ម៉ូ​ដែល​រូបនេះ​បាន​ជូន​ដល់ Ronaldo កាលពីពេលថ្មីៗនេះ គឺ​រថយន្ត Rolls Royce Dawn ដែលមាន​តម្លៃ​ជាង 300 លាន​ដុល្លារ​អាម៉េរិក។

    Rodriguez ក៏បាន​ឱ្យដឹងថា Ronaldo ​លែង​ជូន​កាដូ​ជា​របស់​ថ្លៃ​ដល់​នាង។ «ខួបកំណើត​ខ្ញុំ​តែង​ជាន់គ្នា​នឹង​កាល​បរិច្ឆេទ​ទាត់​បាល់រ​បស់​គាត់ ដូច្នេះ យើង​កម្រ​បាន​នៅក្បែរ​គ្នា។ ឆ្នាំនេះ ខ្ញុំ​ទទួលបាន​កាដូ​ជា​ពេលវេលា​ពី Ronaldo។ ពួកយើង​ជប់លៀង​ជាមួយកូនៗ និង​ញាតិ​ជិតស្និទ្ធ» តារា​ម៉ូ​ដែល​នេះ​បន្ថែម​ដូច្នេះ។

    Rodriguez កើត​ឆ្នាំ 1995 ក្នុង​គ្រួសារ​ក្រីក្រ ដែលមាន​ឪពុក​ធ្លាប់​ជា​ជនល្មើស​​ពាក់ព័ន្ធ​នឹង​ការជួញដូរ​គ្រឿងញៀន។ Rodriguez ធ្លាប់​ប្រាប់ថា ម្ដាយ​នាង​មិនមាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ទិញ​សម្លៀកបំពាក់ និង​បង់ថ្លៃ​សាលា​ឱ្យ​នាង​ទៀតផង។ Rodriguez បាន​ជួប Ronaldo កាលពី​ឆ្នាំ 2016 ពេល​នាង​កំពុងធ្វើការ​នៅឯ​ហាង Gucci និង​បាន​ទាក់ទង​គ្នា​តាំងពី​ពេលនោះ៕

  • U-22 ថៃ ឬ​​​ម្ចាស់​​ជើងឯក​វៀតណាម អាច​នឹង​ត្រូវ​ជម្រុះ​​ភ្លាម​ៗ​​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​នៅ SEA Games លើក​ទី 32

    U-22 ថៃ ឬ​​​ម្ចាស់​​ជើងឯក​វៀតណាម អាច​នឹង​ត្រូវ​ជម្រុះ​​ភ្លាម​ៗ​​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​នៅ SEA Games លើក​ទី 32

    ទំព័រសារព័ត៌មាន Thairath យល់ថា ម្ចាស់ផ្ទះ​កម្ពុជា​កំពុងតែ​ប្រើ​ល្បិច​​នៅក្នុង​ការចាប់​លេខ​សម្រាប់​​វិញ្ញាសា​បាល់ទាត់​បុរស​ដែល​ចូល​រួម​​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​ឆ្នាំ 2023 (2023 Southeast Asian Games – 32nd SEA Games – SEA Games លើក​ទី 32​)។

    ព្រឹក​ថ្ងៃទី 30 មីនា​នេះ ព័ត៌មាន​ស្ដីពី​ពិធី​ចាប់​លេខចែក​ពូ​ល​សម្រាប់​វិញ្ញាសា​បាល់ទាត់​បុរស និង​នារី​របស់ SEA Games លើក​ទី 32 ត្រូវបាន​ប្រកាស​ជា​ផ្លូវការ។ ពិធី​នេះ​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី 05 មេសាខាងមុខ នៅឯពហុ​​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ។ បាល់ទាត់​បុរស​នឹង​ជា​វិញ្ញាសា​ដែល​ចាប់ផ្ដើម​មុនគេ​បង្អស់ ពោលគឺ​នៅ​ថ្ងៃទី 29 មេសា ដល់ 16 ឧសភា 2023។

    ទំព័រសារព័ត៌មាន Thairath របស់​ថៃ យល់ថា ម្ចាស់ផ្ទះ​កម្ពុជា​កំពុង​ប្រើប្រាស់​ល្បិចកល នៅពេល​មិន​ប្រកាស​ជា​ផ្លូវការ​នូវ​រូបមន្ត​ចាប់លេខ​ចែក​ពូ​ល​របស់​វិញ្ញាសា​បាល់ទាត់​បុរស។ Thairath ក៏បាន​សរសេរថា ទំនងជា U-22 ថៃ នឹងត្រូវ​ទម្លាក់​ចុះមក​ក្នុង​ក្រុម​គ្រាប់ពូជ​ទី​ពីរ​នៃ​វិញ្ញាសា​បាល់ទាត់​បុរស​នៅ SEA Games លើក​ទី 32​។

    បច្ចុប្បន្ន​មាន​ព័ត៌មាន​មួយចំនួន​និយាយថា U-20 វៀតណាម​ក្នុងនាម​ជា​ក្រុម​ជើងឯក នឹងត្រូវ​បានដាក់​ទៅក្នុង​ក្រុម​គ្រាប់ពូជ​ទីមួយ​ដែលមាន U-20 កម្ពុជា។ ពេលនោះ U-22 ថៃ​នឹងត្រូវ​រុញ​ចុះ​មកក្នុង​ក្រុម​គ្រាប់ពូជ​ទី​ពីរ បើ​ទោះ​បាន​ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ SEA Games លើក​ទី 31 ដែល​បាន​ធ្វើឡើង​នៅ​វៀតណាម។

    សារព័ត៌មាន​ថៃ​យល់ថា U-22 ថៃ អាច​នឹង​ប៉ះ​ក្រុម​ជើងឯក​វៀតណាម​ភ្លាម​ៗ​​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​របស់ SEA Games លើក​ទី 32​។ លើកចុងក្រោយ​បំផុត​ដែលក្រុម​ថៃ និង​វៀតណាម​​បាន​ប៉ះគ្នា​​​ក្នុង​​វគ្គ​សន្សំ​ពិន្ទុ គឺ​នៅ SEA Games លើក​ទី 30 ​ធ្វើឡើង​នៅ​ហ្វ៊ី​លី​ពី​ន ដែល​កាលណោះ ក្រុម​ជម្រើសជាតិ​ថៃ​ត្រូវ​ហាលអាវ​តាំងពី​វគ្គ​សន្សំ​ពិន្ទុ បន្ទាប់ពី​ការប្រកួត​ដែលមាន​លទ្ធផល 2-2។

    នៅ SEA Games លើក​ទី 31 ក្រុម​ជម្រើសជាតិ U-22 ថៃ និង​វៀតណាម សុទ្ធតែ​ត្រូវបាន​ដាក់ចូល​ក្នុង​ក្រុម​គ្រាប់ពូជ​ទីមួយ។ ពួកគេ​ក្រោយមក​ក៏បាន​ប្រកួត​យ៉ាង​ល្អ រហូតដល់​បាន​ជួបគ្នា​នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ជាទី​ដែល​ក្រុម​វៀតណាម​ដណ្ដើមបាន​មេដាយមាស។

    ក្រុមបាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម 22 ឆ្នាំ​របស់​កម្ពុជា ត្រូវបាន​ដាក់ចូល​ក្នុង​ក្រុម​គ្រាប់ពូជ​ទីមួយ។ ចំណែក​អាយុ​វិញ ម្ចាស់ផ្ទះ​កម្ពុជា​ក៏បាន​កាត់បន្ថយឱ្យ​​មក​នៅ​ត្រឹម U-22 និង​កំណត់​មិនឱ្យ​មាន​កីឡាករ​លើស​អាយុ។ មុន​នោះ ការកំណត់​អាយុ​កីឡាករ​បាល់​ទាត់​​នៅ SEA Games លើក​ទី 31 គឺ U-23+3៕

  • Nokia រៀប​ផែន​ការនាំ​អ៊ី​ន​ធើ​ណិ​ត 4G ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ

    Nokia រៀប​ផែន​ការនាំ​អ៊ី​ន​ធើ​ណិ​ត 4G ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ

    ក្រុមហ៊ុន​បច្ចេកវិទ្យា Nokia នឹង​នាំយក​បណ្ដាញ​អ៊ី​ន​ធើ​ណិ​ត 4G ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ​តាមរយៈ​រ៉ុក្កែត SpaceX នៅ​ចុងឆ្នាំ 2023 ក្នុងទិសដៅ​ផ្គត់ផ្គង់​សម្រាប់​តម្រូវការ​ទំនាក់ទំនង​របស់​មនុស្ស​ក្នុង​ទី​អវកាស។

    Luis Maestro Ruiz De Temino ប្រធាន​វិស្វករ​របស់ Nokia បានឱ្យដឹងថា ក្រុមហ៊ុន​នេះ​នឹង​ចាប់ផ្ដើម​រៀប​គម្រោង​នាំយក​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត 4G ឡើងទៅ​ដាក់​លើ​ឋាន​ព្រះ​ចន្ទ​ក្នុងអំឡុង​ប៉ុន្មាន​ខែ​ខាងមុខ។ ផែនការ​នេះ​គ្រោង​នឹង​សម្រេចបាន​នៅ​ចុងឆ្នាំ 2023។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន CNBC។

    ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត 4G របស់ Nokia នឹង​ត្រូវបាន​ផ្គត់ផ្គង់​ដោយ​ស្ថានីយ​មួយ​ដែលមាន​អង់​តែ​ន។ ស្ថានីយ​នេះ​នឹងត្រូវ​បាន​ដំឡើង​ក្នុង​យាន​ចុះចត​លើ​ព្រះ​ចន្ទ Nova-C ដែល​រចនា​ដោយ​ក្រុមហ៊ុន​អវកាស​អាម៉េរិក Intuitive Machines។ យាន​បើកបរ​ស្វ័យប្រវត្ត​លើដី​ព្រះ​ចន្ទ​មួយគ្រឿង​ដែល​ដំណើរការ​ដោយ​ថាមពលព្រះអាទិត្យ​ក៏​នឹងត្រូវ​បានដាក់​ឱ្យ​ដំណើរការ។

    យោងតាម Nokia ការតភ្ជាប់​ប្រព័ន្ធ LTE នឹង​ត្រូវបាន​បង្កើតឡើង​រវាង​យានអវកាស និង​យាន​ចុះចត។ យាន​ចុះចត​នឹង​ត្រូវបាន​បញ្ចេញ​ពី​រ៉ុក្កែត SpaceX ហើយ​ចុះចត​លើ​មាត់​ភ្នំភ្លើង Shackleton នៅ​ភាគខាងត្បូង​ឋាន​ព្រះ​ចន្ទ។

    ក្រុមហ៊ុន Nokia ឱ្យដឹងថា ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​នេះ​នឹង​ត្រូវបាន​ប្រើប្រាស់​ក្នុង​បេសកកម្ម​ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ Artemis 1 របស់​ណា​សា។ ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​នេះ​មិន​ត្រឹមតែ​អនុញ្ញាតឱ្យ​អ្នក​អវកាស​ទាក់ទង​គ្នា​បាន​នោះទេ តែ​ក៏​នឹង​ជួយ​គាំទ្រ​ដល់​ភារកិច្ច​មួយចំនួន​មានដូចជា ការបញ្ជា​យាន​ស្វ័យប្រវត្ត​ពី​ចម្ងាយ ការបញ្ជូន​វីដេអូ​ផ្សាយ​ផ្ទាល់ និង​ការផ្ញើ​ទិន្នន័យ​ពី​ព្រះ​ចន្ទ​មកកាន់​ផែនដីភ្លាមៗផងដែរ។

    មួយ​ក្នុងចំណោម​ការរំពឹង​ធំជាងគេ​របស់ Nokia នៅក្នុង​បេសកកម្ម​បង្កើត​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​លើ​ឋាន​ព្រះ​ចន្ទ គឺ​ការស្វែងរក​ទឹកកក​នៅលើ​ផ្ទៃ​របស់​ពិភព​រណប​មួយ​នេះ៕