Category: សង្គម និងសេដ្ឋកិច្ច

  • ទៅលេងទីក្រុងជាប់ឆ្នេរសមុទ្រដ៏ស្រស់ស្អាត Gold Coast ប្រទេសអូស្ត្រាលី

    ទៅលេងទីក្រុងជាប់ឆ្នេរសមុទ្រដ៏ស្រស់ស្អាត Gold Coast ប្រទេសអូស្ត្រាលី

    Gold Cost គឺជាទីក្រុងជាប់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតដែលមានទីតាំងនៅក្នុងរដ្ឋ Queensland ប្រទេសអូស្ត្រាលី ហើយភ្ញៀវទេសចរ៍ប្រមាណ១០លាននាក់បានមកកម្សាន្តនៅក្នុងទីក្រុងដ៏ទំនើបមួយនេះជារៀងរាល់ឆ្នាំ។ Gold Coast ត្រូវបានគេទទួលស្គាល់ថាជាទីក្រុងមួយដែលសម្បូរទៅដោយឆ្នេរដ៏ស្រស់ស្អាតជាច្រើនស្ទើរចាំមិនអស់។

    ប្រសិនបើអ្នកអញ្ជើញទៅកម្សាន្តនៅទីក្រុង Gold Coast អ្នកនឹងទទួលបាននូវទិដ្ឋភាពថ្មីសន្លាង ស្រលះភ្នែក ស្រស់ស្រាយក្នុងអារម្មណ៍ ដោយសារតែទេសភាពដ៏ស្រស់ត្រកាលនៃឆ្នេរសមុទ្រពណ៌ខៀវស្រងាត់ដាច់កន្ទុយភ្នែក និងឆ្នេរខ្សាច់ពណ៌មាសដ៏ស្រស់ស្អាតខ្នាតអន្តរជាតិ។

    នៅក្នុងទីក្រុងជាប់ឆ្នេរសមុទ្រនេះ អ្នកក៏អាចទៅកម្សាន្តនៅកន្លែងដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនកន្លែងទៀតដូចជាៈ កោះ Stradbroke ខាងត្បូង, កំពង់ផែ The Spit, ឆ្នេរខ្សាច់ Main, ឆ្នេរស្ថានសួគ៌ Surfers, ឆ្នេរខ្សាច់ដ៏ស្រស់ស្អាត Broad beach, ឆ្នេរ Mermaid, ឆ្នេរ Nobby, ឆ្នេរ Miami, ឆ្នេរ Burleigh, ឧទ្យានជាតិ Burleigh Heads, ឆ្នេរ Tallebudgera, ឆ្នេរ Palm, ឆ្នេរ Currumbin, សាល Tugun, ឆ្នេរ Billnga, ឆ្នេរ Kirra, ទីក្រុងឆ្នេរ Coolangatta, ឆ្នេរ Greenmount, ឆ្នេរ ្Rainbow Bay, តំបន់ថ្មដុះ Snapper Rocks និងឆ្នេរ Froggies ជាដើម។ នៅទីក្រុង Gold Coast ក៏មានឆ្នេរមួយឈ្មោះថា Duranbah ជាឆ្នេរខ្សាច់ដ៏ល្បីល្បាញ ដែលភ្ញៀវទេសចរភាគច្រើនតែងនិយមទៅសម្រាកកាយ និងកម្សាន្តជាមួយ នឹងការជិះទូកក្តោងលេងយ៉ាងសប្បាយរីករាយ ដោយសារនៅទីនោះទាំងទីកន្លែងទាំងផ្ទៃទឹក និងទាំងអាកាសធាតុគឺមានអំណោយផលដល់ការជិះទូកក្តោងលេងជាខ្លាំង។

    មិនថាការកម្សាន្តបែបណានោះទេ នៅក្នុងទីក្រុងជាប់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតនេះ ពិតជាអាចផ្តល់ឱ្យអ្នកនូវអារម្មណ៍ដ៏ស្រស់ថ្លា និងសប្បាយ រីករាយគ្រប់ពេលវេលា ជាមួយនឹងទីកន្លែងកម្សាន្តដ៏សម្បូរបែប និងកន្លែងសម្រាកកាយដ៏ស្រស់សោភាដូចអ្នកបានទៅដល់ស្ថានសួគ៌ាដ៏ស្រសស្អាតលើសពីការពិពណ៌នាទៅទៀត។ នៅទីនោះអ្នកក៏អាចជ្រើសរើសរបៀបនៃការកម្សាន្តប្រកបដោយភាពសប្បាយរីករាយ ទៅតាមចំណង់ចំណូលចិត្តរបស់អ្នកថែមទៀតផង។ អ្នកក៏អាចទៅទស្សនាការសម្តែងបែបប្រពៃណីរបស់ជនជាតិដើមនៅលើឆ្នេរខ្សាច់ដ៏ស្រស់ស្អាត នៅពេលរាត្រីដ៏សែនមនោរម្យជាមួយគូស្នេហ៍របស់អ្នក ឬជាមួយក្រុមគ្រួសារប្រកបដោយភាពរ៉ូមែនទិកក្រៃលែង ហើយអ្នកអាចដើរលេងតាមឆ្នេរខ្សាច់នាពេលថ្ងៃរៀបលិច ឬថ្ងៃរៀបរះ, ញ៉ាំអាហារប្លែកៗនៅលើកោះ និងអាហារនៅក្នុងតំបន់នីមួយៗនៅក្នុងទីក្រុង Gold Coast, ដើរមើលពីជីវិត និងការរស់នៅរបស់សត្វព្រៃ, ស្ប៉ាខ្លួនបែបធម្មជាតិ ដើម្បីថែរក្សាសម្រស់ និងជួយអ្នកបន្ធូរអារម្មណ៍ពីការនឿយហត់ផ្សេងៗ, ជួលម៉ូតូ ឬរថយន្តជិះលេងជុំវិញទីក្រុង និងការចូលលេងកម្សាន្តជាមួយល្បែងប្លែកៗរបស់ប្រជាជននៅក្នុងតំបន់-ល-។

    ការទៅកម្សាន្តនៅក្នុងទីក្រុង Gold Coast ប្រទេសអូស្ត្រាលីគឺពិតជាមិនធ្វើឱ្យអ្នកខកបំណងនោះទេ ដោយសារតែភាពល្អឥតខ្ចោះនៃទេសភាព និងទីកន្លែងកម្សាន្តបែបធម្មជាតិដ៏សម្បូរបែប ផ្តល់នូវជម្រើសជាច្រើនទៅដល់ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិ ដែលទៅកម្សាន្តនៅលើទីដីជាប់ឆ្នេរសមុទ្រដ៏ល្បីល្បាញមួយនេះ៕

  • ទំនាក់ទំនងជាចំណុចសំខាន់សម្រាប់កសាងភាពជោគជ័យផ្ទាល់ខ្លួន

    ទំនាក់ទំនងជាចំណុចសំខាន់សម្រាប់កសាងភាពជោគជ័យផ្ទាល់ខ្លួន

    នៅក្នុងធាតុសំខាន់ៗដែលនាំឱ្យមនុស្សទទួលបានជោគជ័យទាំងការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន ការធ្វើការងារសម្រាប់ស្ថាប័ន​រដ្ឋ ឬឯកជន និងការធ្វើអាជីវកម្ម ទំនាក់ទំនងជាកូនសោគន្លឹះមួយមិនអាចខ្វះបាន។ នៅពេលដែលមនុស្សកសាងទំនាក់ទំនង​បានល្អ នោះគេនឹងអាចក្លាយជាមនុស្សដែលមានមធ្យោបាយច្រើនបំផុតដើម្បីសម្រេចរាល់ការងារទាំងអស់ដែលគេកំពុងធ្វើ។

    លោក នឹម ឈុន្នី ស្ថាបនិក​ស្ថាប័នបណ្តុះបណ្តាល Anakot Asia Academy បានលើកឡើងថា ក្រោយពេលលោកបញ្ចប់ការសិក្សានៅបរទេសពាក្យសម្តីមួយឃ្លាដែលលោក​គ្រូរបស់លោក​បាននិយាយ ហើយបង្កើតជាការចងចាំល្អជាងគេ គឺ​“ទំនាក់ទំនងគឺជាជីវិត ហើយជីវិតគឺទំនាក់ទំនង”។ ហេតុនេះទំនាក់ទំនងសំខាន់ខ្លាំងណាស់សម្រាប់បុគ្គលម្នាក់ៗ ព្រោះបើគ្មានទំនាក់ទំនងនោះទេមនុស្សនឹងមិនអាចរីកចម្រើនបានឡើយ ព្រោះមនុស្សត្រូវការពឹងពាក់គ្នា ហើយក៏ត្រូវការជួយគ្នាទៅវិញទៅមកដើម្បីសម្រេចគោលដៅ​ជាវិជ្ជមានទាំងអស់គ្នា។ លោកថា ដើម្បីឱ្យទំនាក់ទំនងធ្វើទៅបានល្អលុះត្រាតែមាន​ចំណុចសំខាន់2យ៉ាងគឺ ពូកែស្តាប់ និង​ទំនុកចិត្ត។

    លោក នឹម ឈុន្នី ស្ថាបនិក​ស្ថាប័នបណ្តុះបណ្តាល Anakot Asia Academy

    លោក នឹម ឈុន្នី បាននិយាយថា៖ “​មនុស្សដែលពូកែទំនាក់ទំនងគឺជាមនុស្សដែលពូកែស្តាប់បំផុត ព្រោះក្រោយពេលដែលគេបានយល់ពីរឿងរ៉ាវទាំងអស់ពាក់ព័ន្ធនឹងបញ្ហាដែលគេត្រូវទាក់ទងហើយ គឺគេអាចបង្កើតដំណោះស្រាយបានយ៉ាងល្អ និង​អាច​ក្លាយជាមនុស្សដែលគេចូលចិត្តទៀផង”។

    អ្នកអប់រំផ្នែក​ផ្លូវចិត្តខាងលើបានលើកឡើងថាចំណុចសំខាន់មួយផ្សេងទៀតសម្រាប់ទំនាក់ទំនងគឺ ទំនុកចិត្ត។ មិនថា​ការធ្វើការងារក៏ដោយ ទំនាក់ទំនងស្នេហា ឬគ្រួសារក៏ដោយ បើគ្មានការទុកចិត្តគ្នាទេ ប្រាកដណាស់មិនអាច​ធ្វើដំណើររួមគ្នា ឬបង្កើតទំនាក់ទំនងល្អជាមួយគ្នាបាននោះទេ ហេតុនេះ​មុននឹងមានទំនាក់ទំនងល្អលុះត្រាតែយើងកសាងខ្លួនឯងឱ្យក្លាយជាមនុស្សដែលគួរទុកចិត្តបានជាមុនសិន។

    លោកបញ្ជាក់ផងដែរថា អគារ​ធំមួយអាចសាងសង់បន្តទៅមុខទៀតបានលុះត្រាតែមានគ្រឹះរឹងមាំជាមុនសិន ហេតុនេះ​មុននឹងបន្ត​អភិវឌ្ឍទំនាក់ទំនងឱ្យបានល្អលុះត្រាតែ​យើងម្នាក់ៗ​កសាងឈ្មោះឱ្យល្អ និយាយតែអ្វីដែលជាការពិត ហើយ​មានភាពហ្មត់ចត់​ក្នុងការធ្វើការងារជាមួយមនុស្សដទៃ។

    ស្របជាមួយនឹងបញ្ហានេះដែរ ព្រះតេជគុណ គូ សុភាព សាស្រ្តាចារ្យនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា​បានមានសង្ឃដីកាថា មនុស្សដែលមានភាពច្បាស់លាស់ ម៉ាត់ណាម៉ាត់ហ្នឹង និងជាមនុស្សដែលអាចជឿទុកចិត្តបាន ភាគច្រើនជាមនុស្សដែលទទួលបានជោគជ័យក្នុងជីវិត។ ព្រះតេជគុណក៏បានលើកជាឧទាហរណ៍ជាក់ស្តែងផងដែរពីការងើបឡើងវិញរបស់អ្នកជំនួញម្នាក់ដែលបាន​ខាតបង់ទ្រព្យសម្បត្តិស្ទើរអស់ពីខ្លួនដោយសារតែការឆេះឃ្លាំង​ទំនិញរបស់គាត់។ តែអ្វីដែលជាលក្ខណៈពិសេសរបស់ឈ្មូញនោះគឺជាមនុស្សដែលបានបង្កើតកេរ្តិ៍ឈ្មោះល្អក្នុងការធ្វើអាជីវកម្ម​របស់ខ្លួន​ដែលគាត់អាចធ្វើឱ្យដៃគូអាជីវកម្មរបស់គាត់ទុកចិត្តគាត់បាន ហើយនៅតែបន្តផ្តល់លុយឱ្យគាត់ខ្ចីរាប់ម៉ឺនដុល្លារដោយមិនបារម្ភច្រើន រហូតធ្វើឱ្យគាត់​អាចស្តារឡើងវិញនូវស្ថានការណ៍អាក្រក់សម្រាប់ជីវិតគាត់បាន។

    ព្រះតេជគុណ គូ សុភាព សាស្រ្តាចារ្យនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា

    ព្រះតេជគុណ គូ សុភាព បានមានសង្ឃដីកាថា៖ “​ឈ្មួញម្នាក់ដែលអាចស្តារទំនាក់ទំនង​ល្អក្នុងការរកស៊ីបាននោះគឺដោយសារតែគាត់ជាមនុស្សច្បាស់លាស់ មានភាពប្រាកដនិយម បើគាត់ថាត្រូវសងលុយថ្ងៃណាគឺគាត់ត្រូវតែសងនៅថ្ងៃនោះហើយទំនិញដែលគាត់ប្រគល់ជូន​ចំនួនប៉ុន្មានគឺគាត់ប្រគល់ជូនគ្មានបាត់ឡើយសូម្បីតែបន្តិចបន្តួចក៏ដោយ។ ហេតុនេះ​គាត់នៅតែអាចក្លាយជាមនុស្សដែលមាន​គេគាំទ្រជុំវិញខ្លួនដដែលបើទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ”។

    ព្រះតេជគុណ គូ សុភាព បានបន្ថែមទៀតថា ហេតុនេះបើចង់ឱ្យក្លាយខ្លួនជាមនុស្សដែលមានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន ចាំបាច់ត្រូវតែ​គោរពគោលការណ៍សំខាន់ៗមួយចំនួនគឺមុននឹង​និយាយស្តី ឬ​មុននឹង​បង្ហាញ​អ្វីមួយជាសាធារណៈត្រូវគិតគូរឱ្យបានល្អិតល្អន់ជាមុនសិនថា សាររបស់យើងនោះប៉ះពាល់ដល់អ្នកដទៃ ឬធ្វើឱ្យ​គេឈឺចាប់​ និងបញ្ហាដែរទេ។ បន្ទាប់មក​ទៀត​ត្រូវ​និយាយអ្វីដែលមនុស្សគ្រប់គ្នារីកចម្រើន ព្រោះអ្នករាល់គ្នានឹងរីករាយជាមួយអ្វីដែលយើងបានចែករំលែក ហើយ​រក្សាបាននូវទំនាក់ទំនងប្រកបដោយភាពវិជ្ជមាន ដែលអាចធ្វើឱ្យយើងបន្តដំណើរនៃការរស់នៅបានយ៉ាងប្រសើរ តាមរយៈការទទួលសេចក្តីគោរពស្រឡាញ់ពីមនុស្សជុំវិញខ្លួន។ ទីបំផុតយើងនឹង​អាចក្លាយជាមនុស្សដែលគេគ្រប់គ្នាចំណាំថាឱ្យតែសេពគប់ជាមួយយើងគឺអាចទទួលបានភាពរីកចម្រើន ហើយពេលនោះស្ថានភាពនៃការរស់នៅនឹងកាន់តែប្រសើរឡើង ព្រោះមនុស្សល្អៗនឹងស្ថិតនៅជុំវិញខ្លួនយើងច្រើនឡើងៗ៕

  • និន្នាការ​នៃ​ការទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ QR Code កំពុង​កើនឡើង

    និន្នាការ​នៃ​ការទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ QR Code កំពុង​កើនឡើង

    ស្រប​ពេលដែល​វិស័យ​បច្ចេកវិទ្យា​កំពុង​រីកចម្រើន​ខ្លាំង បានធ្វើឱ្យ​ការទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ QR Code ក៏​កំពុងមាន​ការរីកចម្រើន​ខ្លាំង​នៅលើ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា​ដែរ​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។

    លោកស្រី សូ ផន​ណា​រី នាយិកា​រង​ប្រតិបត្តិ​នៃ​ធនាគារ​អេស៊ីលីដា មានប្រសាសន៍ថា ចាប់តាំងពី​ធនាគារ​អេស៊ីលីដា​បានដាក់​ឱ្យប្រើ​ប្រព័ន្ធ QR Code រយៈពេល​ប្រមាណ​ជា 1ឆ្នាំ​រហូតមកទល់​បច្ចុប្បន្ន មាន​អតិថិជន​ប្រមាណ​ជាង 60ម៉ឺន​នាក់​បាន និង​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ខាងលើ​ក្នុងការ​ទូទាត់​សាច់ប្រាក់​ទិញ​ទំនិញ ឬ​ផ្ញើ​ប្រាក់​ទៅកាន់​ដៃគូ​ពាណិជ្ជកម្ម​ផ្សេង។ លោកស្រី​អះអាងថា កត្តា​ដែល​ធ្វើឱ្យ​អតិថិជន​ងាក​មកប្រើប្រាស់​ប្រព័ន្ធ​ខាងលើ​មាន​ចំនួន​កាន់តែច្រើន​នេះ គឺ​ដោយសារ​ក្រុម​អ្នក​បច្ចេកវិទ្យា​របស់​ធ​នាគារ​បានរៀបចំ​ឱ្យមាន​ភាពងាយស្រួល​សម្រាប់​ដាក់ឱ្យ​អតិថិជន​ប្រើប្រាស់​ប្រព័ន្ធ​ខាងលើ​ប្រកបដោយ​សុវត្ថិភាព។ “Application នៃ​ប្រព័ន្ធ QR Code ដែលមាន​ឈ្មោះថា “អេស៊ីលីដា​ទាន់​ចិត្ត‟ ត្រូវបាន​ផលិត​ដោយ​ក្រុម IT ក្នុង​ធនាគារ​ដែល​បានរៀបចំ Function ឱ្យ​អតិថិជន​មាន​ភាពងាយស្រួល​ក្នុងការ​ចាត់ចែង​សាច់ប្រាក់​បាន​គ្រប់ពេល​គ្រប់​វេលា និង​ទូទាត់​បាន​លឿន”។

    លោកស្រី​បន្តថា អតិថិជន​ដែល​ប្រើ​ប្រព័ន្ធ​នេះ​មាន​ភាពងាយស្រួល​ក្នុង​ការតភ្ជាប់​ប្រព័ន្ធ QR Code ទៅ​លេខ​គណនី​ដែលមាន​នៅក្នុង​ធនាគារ ងាយស្រួល​ក្នុងការ​ផ្ទេរប្រាក់​ទៅក្នុង​គណនី​ធនាគារ ឬ​គណនី​របស់​ដៃគូ​អាជីវកម្មផ្សេងៗទៀត។ លើសពីនេះ​វា​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ទូទាត់​ទំនិញ ការទិញ​កាត​ទូរស័ព្ទ សម្រួល​ដល់​ការបង់ថ្លៃ​ទឹកភ្លើង ឬ​អាច​ផ្ញើ​ប្រាក់​ទៅកាន់​គណនី​អេស៊ីលីដា​ទាន់​ចិត្ត​របស់​មិត្ត​ភ័ក្តិ​សម្រាប់​ចងដៃ​ការ ឬ​ចូល​បុណ្យផ្សេងៗក៏បាន។

    តែ​យ៉ាងណាក៏ដោយ លោកស្រី​អំពាវនាវ​ដល់​អតិថិជន​ឱ្យមាន​ការប្រុងប្រយ័ត្ន​ចំពោះ​ការផ្ទេរ​ប្រាក់ ដោយ​មុននឹង​ផ្ទេរ​ត្រូវ​ពិនិត្យមើល​លេខ​កូដ និង​ពិនិត្យ​ឈ្មោះ​អ្នក​ដែល​ត្រូវផ្ញើឱ្យៗបាន​ច្បាស់ ព្រោះថាជូន​កាល​អាច​ច្រឡំ​លេខ​កូដ និង​អាច​ចូលទៅ​កាន់​គណនី​អ្នកផ្សេង ដែលនាំឱ្យ​មានការ​លំបាក​ក្នុងការ-​អន្តរាគមន៍​ឱ្យ​ភាគី​ដែល​យើង​ផ្ញើ​ច្រឡំ​ឱ្យគេ​នោះ​ផ្ញើ​ត្រឡប់មកវិញ។ តែ​លោកស្រី​បាន​បញ្ជាក់ថា បើ​ជួប​ករណីនេះ​សូម​ទំនាក់ទំនង​មក​ការិយាល័យ​អេស៊ីលីដា​ជាបន្ទាន់ ដើម្បី​បង្កក​ប្រាក់​នោះ​កុំ​ឱ្យគេ​ដកយក​ទៅប្រើ​ប្រាស់​បាន ហើយ​សឹម​អន្តរាគមន៍​ទាក់ទង​តាម​ក្រោយ។ ជាមួយនឹង​កំណើន​អតិថិជន​កើនឡើង​យ៉ាង​ឆាប់រហ័ស​នេះ ធនាគារ​អេស៊ីលីដា​បានដាក់​ផែនការ​នៅ​ដំណាច់ឆ្នាំ2018 នឹងមាន​អតិថិជន​កើនឡើង​ដល់ 80ម៉ឺន​នាក់​ដែល​នឹង​បន្ត​ការប្រើប្រាស់​ប្រព័ន្ធ QR Code របស់​ធនាគារ​អេស៊ីលីដា ដោយសារ​មានការ​បញ្ចុះតម្លៃ​នៅតាម​ហាង​លក់ទំនិញផ្សេងៗជាច្រើន។

    លោក​បណ្ឌិត ឡាយ សុខ​ហេង សាស្ត្រាចារ្យ​សេដ្ឋកិច្ច​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដែល​បាន​ស្រាវជ្រាវ​លើ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (Fintech) មានប្រសាសន៍ថា កត្តា​ដែលនាំឱ្យ​ប្រជាជន​កម្ពុជា​ងាក​ទៅប្រើ​ប្រាស់​ប្រព័ន្ធ QR Code នេះ ដោយសារ​កត្តា​តម្រូវការ​ស្រប​ពេលដែល​ជីវភាព​របស់​ពលរដ្ឋ​ខ្មែរ​​កាន់តែ​មាន​ភាពប្រសើរឡើង។ លោក​ថា ប្រព័ន្ធ​នេះ​ផ្តល់​ភាពងាយស្រួល មិនចាំបាច់​ឱ្យ​ពួកគាត់​ដាក់​ប្រាក់សុទ្ធ​តាម​ខ្លួន​នាំឱ្យមាន​ហានិភ័យ​លើ​ការបាត់បង់ ឬ​អំពើចោរកម្មផ្សេងៗ ពោល​គ្រាន់តែ​គាត់​មាន​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ហើយ​បង្កើត​គណនី​ជាមួយ​ក្រុមហ៊ុន​ណាមួយ នោះ​គាត់​អាច​ទូទាត់​សាច់ប្រាក់​បាន​គ្រប់ពេលវេលា​រាល់ពេល​ទិញ​ទំនិញ​តាម​ផ្សារ​ដោយមាន​ការបញ្ចុះ​តម្លៃ​ជា​ភាគរយ​ជាការ-​លើកទឹកចិត្ត​ទៀតផង។

    លោក​ថា ម្យ៉ាងទៀត គឺ​កត្តា​ផ្គត់ផ្គង់ និយតករ​ដែលជា​ធនា​គារ​កណ្តាល​បាន​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​វិនិយោគផ្សេងៗអាច​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មី​បាន​គ្រប់​ប្រភេទ ប៉ុន្តែ​ស្ថិតក្រោម​ការគ្រប់គ្រង​ដោយNBC។ លោក​បញ្ជាក់ថា “អ៊ីចឹង​ហើយ​បានជា​ក្រុមហ៊ុន​វិនិយោគថ្មីៗបាន​នាំយក​បច្ចេកវិទ្យា​នេះ​មក​ប្រើ ដើម្បី​ឱ្យមាន​ភាពងាយស្រួល និង​មាន​លក្ខណៈ​ទាន់សម័យ ហើយ​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ថា​នៅ​ទីក្រុង ឬ​ជនបទ​នោះទេ ភាគច្រើន​មាន​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ប្រើគ្រប់ៗគ្នា ដែល​ងាយស្រួល​ក្នុង​ការប្រើ​ប្រព័ន្ធ​ទូទាត់​សាច់ប្រាក់​តាម QR Codeនេះ‟។

    ដោយសារតែ​ប្រព័ន្ធ​នេះ​ទើប​ចូលមក​ដល់ទី​ផ្សារ​ប្រទេស​កម្ពុ​ជានា​អំឡុងពេលថ្មីៗនេះ ទើប​តម្រូវឱ្យ​មានការ​ចំណាយ​ពេលវេលា​សិក្សា​ឱ្យបាន​ច្រើន​ក្នុងការ​ប្រើប្រាស់​ប្រព័ន្ធ​នេះ​ដោយ​សុវត្ថិភាព។ ប៉ុន្តែ​យ៉ាងណា​នោះ មកទល់​បច្ចុប្បន្ននេះ​មិនទាន់មាន​ព័ត៌មាន​អំពី​ការលួចបន្លំ​សាច់ប្រាក់​តាម​ទូរស័ព្ទដៃ​នៅឡើយ​ទេ តែ​ទោះយ៉ាងណា​វា​ទាមទារ​ឱ្យមាន​ការប្រុងប្រយ័ត្ន​លើ​លេខ​កូដ​សម្ងាត់​នៅលើ​ទូរស័ព្ទដៃ​របស់ខ្លួន ហើយ​ចៀសវាង​កុំ​ទុក​ទូរស័ព្ទ​ចោល នាំឱ្យ​មានការ​លួច​ប្រើ ឬ​វេរ​លុយ​ក្រៅផ្លូវការ​ដោយ​មិនដឹង​ខ្លួន។

    ធនាគារជាតិ​នៃ​កម្ពុជា​បាននិងកំពុង​ពិនិត្យមើល និង​វាយតម្លៃ​ប្រព័ន្ធ​ផាត់ទាត់​ជាតិ និង​ប្រព័ន្ធ​សេវា​ទូទាត់​រហ័ស​ធៀប​ជាមួយ​គោលការណ៍​របស់​ហេដ្ឋារចនាសម្ព័ន្ធ​ទីផ្សារ​ហិរញ្ញវត្ថុ(PFMI) ដើម្បី​ពង្រឹង និង​កែលម្អ​ប្រព័ន្ធ​ផាត់ទាត់​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត។ ស្ថិតក្នុង​ដំណាក់កាល​ដំបូង ធនាគារជាតិ​នៃ​កម្ពុជា​បាន​បង្កើត​ក្រុមការងារ​វាយតម្លៃ​ដែលមាន​សមាជិក​មកពី​នាយកដ្ឋាន​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់ នាយកដ្ឋាន​ពត៌មាន​វិទ្យា និង​នាយកដ្ឋាន​ប្រតិបត្តិការ។

    គួរ​បញ្ជាក់ថា បច្ចុប្បន្ននេះ​កម្ពុជា​បាននិងកំពុង​ប្រើប្រាស់​នូវ​សេវាកម្ម​ទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​ប្រតិបត្តិ​សាច់ប្រាក់​ថ្មី​នេះ​មានដូចជា WingPay, Pi Pay, AEON Wallet និង​អេស៊ីលីដា​ទាន់​ចិត្ត៕

  • អ្នកនាង សឿ សុធារ៉ា ប្រកាសលក់សម្លៀកបំពាក់មួយទឹក ដើម្បីជួយមន្ទីរពេទ្យគន្ធបុប្ផា និងបងប្អូនរងគ្រោះទឹកជំនន់

    អ្នកនាង សឿ សុធារ៉ា ប្រកាសលក់សម្លៀកបំពាក់មួយទឹក ដើម្បីជួយមន្ទីរពេទ្យគន្ធបុប្ផា និងបងប្អូនរងគ្រោះទឹកជំនន់

    តារាសម្ដែងស្រីដែលធ្លាប់មានកេរ្តិ៍ឈ្មោះល្បាញល្បីក្នុងពិភពសិល្បៈខ្មែរ អ្នកនាង សឿ សុធារ៉ា ថ្មីៗនេះត្រូវបានគេមើលឃើញថា អ្នកនាងមិនសូវមានសកម្មភាពសិល្បៈដូចមុនទេ នោះហាក់បីដូចជាអ្នកនាង បានលាឈប់ពីសិល្បៈទៅហើយ។ តែយ៉ាងណាមិញ រាល់ព័ត៌មានដែលទាក់ទងនឹងជីវភាពឯកជនរបស់អ្នកនាង និងក្រុមគ្រួសារ មហាជនលោកនៅតែបន្ដតាមដានពីសកម្មភាពរបស់អ្នកនាងដដែល។ ថ្មីៗនេះទៀតសោត តាមរយៈគណនីបុរសម្នាក់ ដែលមានភាពស្និតស្នាលនឹងក្រុមគ្រួរសាររបស់អ្នកនាង បានទម្លាយថា អ្នកនាង សឿ សុធារ៉ា គ្រោងធ្វើការ Live Video លក់សម្លៀកបំពាក់មួយទឹក ដើម្បីជួយមន្ទីរពេទ្យគន្ធបុប្ផា និងបងប្អូនរងគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅតាមបណ្ដាខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា។

    ប្រភពពីគណនីហ្វេសប៊ុកនោះបានរៀបរាប់ថា « ជំរាបសួរមិត្តភក្តិបងប្អូនទាំងអស់គ្នានៅក្នុងបណ្តាញសង្គមហ្វេសបុក នៅថ្ងៃសៅរ៍-អាទិត្យនេះចាប់ពីម៉ោង3រសៀលទៅ ខ្ញុំជាបងមួយបងស្រី សឿ សុធារ៉ា ចាប់ផ្តើម live video លក់សំលៀកបំពាក់មួយទឹករបស់គាត់ ហើយថវិកាដែលបានមកពីការលក់សំលៀកបំពាក់របស់ពួកខ្ញុំនឹងយកទៅ បរិច្ចាគជូនទៅដល់មន្ទីរពេទ្យគន្ធបុប្ផា នឹង បងប្អូនដែលកំពុងតែជួបប្រទះគ្រោះទឹកជំនន់។ សូមកុំភ្លេចជួយទិញផងណា រាល់ការទិញសំលៀកបំពាក់របស់ខ្ញុំ ទិញអាវចំនួនបីថែមជូនក្រែម1ដើម ទិញអាវប្រាំថែមជូនចំនួន2ដើម ទិញដប់អាវថែមជូនដបទឹកមួយនឹងក្រែមចំនួន5ដើម ទិញសំលៀកបំពាក់យើងខ្ញុំក៏ដូចចូលរួមការងារសង្គមផងដែរ ជាពិសេសជួយដល់ មន្ទីរពេទ្យគន្ធបុប្ផាតែម្តង អ្នករង់គ្រោះព្រោះទឹកជំនន់ផងដែរសូមអរគុណ ជួយចែករំលែកផងណាបាទ» ។

    គួររំឭកដែរថា សឿ សុធារ៉ា បានបាត់បង់ការងារសិល្បៈទាំងស្រុងទៅហើយ នៅរយៈពេលចុងក្រោយនេះ បើទោះជានាងបានទម្លាក់ខ្លួនមុននេះ ដោយប្រកាសថា ទទួលសម្តែងជាតួយ៉ាងណាក៏ព្រម។ ប៉ុន្តែ បណ្តាផលិតករមួយចំនួន ក្រៅពីនិយាយដូចគ្នាថា ពិបាកទាក់ទងនោះ ពួកគេហាក់បំភ្លេចសុធារ៉ា ចង្កោមថតភាពយន្តទៅហើយ។ សឿ សុធារ៉ា និងប្តីសាពូន មីដាដា ដែលបាត់បង់ប្រាក់ចំណូលពីសិល្បៈទាំងស្រុងដូចគ្នា ហើយងាកមកសម្រុកយកកូនទាំងពីរឱ្យទាល់តែបាន ដែលកូនស្រីទី1 ឈ្មោះសាពូន ដារ៉ាពិមាន សព្វថ្ងៃមានអាយុ 6ឆ្នាំជាង និងកូនប្រុសទី 2 មានឈ្មោះ សាពូន ដារ៉ាបុរស មានអាយុប្រមាណ6-7 ខែហើយ ៕

  • ចាប់ផ្តើម​អាជីវកម្ម​ដំបូង​មាន​ចំណុច​ប្រុងប្រយ័ត្ន​អ្វីខ្លះ?

    ចាប់ផ្តើម​អាជីវកម្ម​ដំបូង​មាន​ចំណុច​ប្រុងប្រយ័ត្ន​អ្វីខ្លះ?

    ការធ្វើ​អាជីវកម្ម ជា​រឿង​សំខាន់​សម្រាប់​បុគ្គលម្នាក់ៗដែលមាន​ក្តី​ស្រមៃ និង​ក្តីសង្ឃឹម​ចង់​ធ្វើ​ជំនួញ តែ​ពេលខ្លះ​វា​ក៏បាន​ក្លាយជា​បទពិសោធ​ដ៏​ឈឺចាប់ ដែល​បង្កើតជា​របួសស្នាម​យូរអង្វែង​របស់​ពួកគេ​ផងដែរ​ប្រសិនបើ​អាជីវកម្ម​ខាតបង់ ឬ​បិទ​ទៅវិញ​ដោយសារ​បញ្ហា​ណាមួយ​នោះ។ គួរ​ពិចារណា​ថា​តើ​ត្រូវ​ធ្វើការ​ឱ្យគេ​សិន ឬ​ចាប់​ផ្តើមធ្វើ​ជំនួញ​នៅក្នុង​វ័យក្មេង​ដែលមាន​ទុន​តិចតួច?

    លោកស្រី សំ លី​ណា អគ្គនាយិកា​ក្រុមហ៊ុន Ellesse បាន​លើកឡើងថា លោកស្រី​ធ្លាប់ធ្វើ​អាជីវកម្ម​តាំងពី​នៅ​វ័យក្មេង ដោយ​ធ្លាប់​ដាក់​ទូរស័ព្ទ​សាធារណៈ ធ្លាប់​បង្រៀន​គេ​តាម​ផ្ទះ និង​រកស៊ី​តិចតួច​ផ្សេងទៀត។ លោកស្រី​បាន​សម្រេចចិត្តថា​ធ្វើការ​វិនិយោគដោយ​ចាប់ផ្តើម​ពី​ការយក​ខ្លួនឯង​ធ្វើជា​ដើមទុន គឺ​ខិតខំ​ប្រឹងប្រែង​គ្រប់​លទ្ធភាព​លើ​ការកសាង​សមត្ថភាព ក្នុងការ​ស្វែងរក​គន្លឹះ​សម្រាប់​ដោះស្រាយ​បញ្ហា​ជាក់ស្តែង​ក្នុង​អាជីវកម្ម។

    លោកស្រី សំ លី​ណា អគ្គនាយិកា​ក្រុមហ៊ុន Ellesse

    លោកស្រី សំ លី​ណា បាន​និយាយថា៖ “មុន​នឹងធ្វើ​អាជីវកម្ម​យើង​ចាំបាច់​ត្រូវ​ស្វែងរក​សក្តានុពល​របស់​ខ្លួន​ឱ្យឃើញ​ជាមុនសិន ព្រោះ​មនុស្សម្នាក់ៗសុទ្ធ​តែមាន​សក្តានុពលរៀងៗខ្លួន ហេតុនេះ​បើ​យើង​មានការ​ច្នៃប្រឌិត ឬ​ជំនាញ​ណាមួយ​សម្រាប់ធ្វើ​អាជីវកម្ម នោះ​ខ្លួន​យើង​អាច​នឹង​ជា​ដើមទុន​សំខាន់​សម្រាប់ធ្វើ​វា‟។

    សហគ្រិន​ខាងលើ​បានលើកឡើង​ផងដែរ​ថាយុវជន​យើង​បច្ចុប្បន្ន​ដែល​កំពុង​សិក្សា​នៅ​មហាវិទ្យាល័យ​តែងតែ​ស្រមៃ​ថា​ចង់​ធ្វើ​ជំនួញ ចង់​ជោគជ័យ និង​ចង់បាន​រឿងល្អៗជាច្រើន​ទៀត តែ​ជាក់ស្តែង​នៅពេលដែល​សួរ​គាត់​ឱ្យ​ពិតប្រាកដ​ថា​គាត់​ចង់​ធ្វើ​អ្វី​ឱ្យ​ច្បាស់ ហើយ​បាន​សម្រួច​សមត្ថភាព​អ្វីខ្លះ​ដើម្បី​ធ្វើ​អាជីវកម្ម​នោះ គាត់​អាច​នឹងមាន​ការរារែក ឬ​មិនមាន​ភាពច្បាស់លាស់។ ហេតុ​នេះ​បើ​មិន​ចង់ឱ្យ​ខកចិត្ត​ក្នុង​រឿង​អាជីវកម្ម​ត្រូវតែ​ធ្វើយ៉ាងណា​អភិវឌ្ឍ​ខ្លួន​ឱ្យមាន​ជំនាញ ឬ​សមត្ថភាព​ពិតប្រាកដ​ដើម្បី​ដោះស្រាយ​បញ្ហា​នានា​ជាមុនសិន។ ចំណុច​សំខាន់​មួយទៀត​គឺ​ត្រូវ​ចេះ​ចំណាយ​ឱ្យ​ត្រូវ​ខ្ទង់ ព្រោះ​សម្រាប់​អ្នករកស៊ី​ថ្មីថ្មោង​ពេលខ្លះ​គាត់​គិតថា​ក្រុមហ៊ុន​គាត់​តូច គាត់​មិន​ហ៊ាន​ចំណាយលុយ​ច្រើន​ដើម្បី​ជួល​បុគ្គលិកខ្លាំងៗនោះទេ ហើយ​គាត់​សុខចិត្ត​អង្កន់​លុយ​នោះ​ទៅ​ជួល​បុគ្គលិក​ដែល​ធ្វើ​ការងារ​មិនកើត​ជាច្រើន ដោយ​ភ្លេច​ថា​ការ​ចំណាយលុយ​ជួល​មនុស្ស​ខ្លាំង​គឺជា​ការវិនិយោគ មិនមែនជា​ការចំណាយ​ខ្ជះខ្ជាយ​នោះទេ។ ប្រសិនបើ​អ្នករកស៊ី​ចំណាយ​មិន​ត្រឹមត្រូវ នោះ​អាជីវកម្ម​អាច​នឹងមាន​បន្ទុក​ច្រើន ហើយ​ងាយ​ខាតបង់។

    លោកស្រី​បានបញ្ជាក់​ផងដែរ​ថា ចំណុច​សំខាន់​មួយទៀត​ដែល​ត្រូវ​ដឹង​គឺ ត្រូវ​ហ៊ាន​វិនិយោគ​លើ​ការអភិវឌ្ឍ​ខ្លួនឯង​ជាប្រចាំ។ កុំ​ខ្លា​ចនឹង​រៀនសូត្រ​បន្ថែម​នូវ​អ្វីដែល​ចំណេញ​សម្រាប់​អាជីវកម្ម ហើយ​កុំ​ស្តាយ ព្រោះ​ពេលខ្លះ​យើង​ស្តាយ​លុយ​ក្នុងការ​រៀនសូត្រ​មួយ​វគ្គ​រាប់រយ​ដុល្លារ តែ​ភ្លេច​គិតថា ប្រសិនបើ​យើង​មិន​រៀន ហើយ​អាជីវ​កម្ម​យើង​ដួល​គឺ​ខាតបង់​អស់​ច្រើន​ជាងនេះទៅទៀត។

    បង្ហាញ​លើ​ចំណុច​នេះដែរ​លោក ឃួន សុ​ភ័​ទ្ធ អគ្គនាយក​ក្រុមហ៊ុន Marakot Technology បាន​លើកឡើងថា មុននឹង​ចាប់ផ្តើម​អាជីវកម្ម​លោក​មានបទពិសោធ 15ឆ្នាំ​ក្នុង​ការងារ​ហិរញ្ញវត្ថុ និង​បច្ចេកវិទ្យា។ ហើយ​ក្រុមហ៊ុន​លោក​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដែល​ផ្តល់​កម្មវិធី​សម្រាប់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ហេតុនេះ​អាជីវ​កម្មនេះ​គឺ​ត្រូវ​នឹង​ជំនាញ​ដែល​លោក​មានហើយ​លោក​ក៏បាន​ពិចារណា​ច្បាស់លាស់​ពី​ទីផ្សារ និង​លំហូរ​សាច់ប្រាក់​ច្បាស់លាស់​ជាមុន​ដើម្បី​បង្ការ​បញ្ហា។ លោក​ថា ការរកស៊ី​គឺ​ដូច​ជាការ​ដាំបាយ​ដូច្នោះ​ដែរ បើ​យើង​មាន​ឆ្នាំង​ធំ​ពេក មាន​អង្ករ​ច្រើនពេក ហើយ​អុស​របស់​យើង​តិច នោះ​យើង​មិនអាច​ដាំបាយ​ឱ្យ​ឆ្អិន​បាន​នោះទេ។ ការដាក់​លុយ​វិនិយោគ​គឺ​ដូចជា​ការដាក់​អុស​ដាំបាយ​ដែរ ប្រសិនបើ​ឆ្នាំ​ងធំ​ហួស អង្ករ​ច្រើន​ហួស យើង​ដាក់​លុយ​ទៅ​ប៉ុន្មាន​ក៏​មិន​គ្រប់​ដែរ ទីបំផុត​យើង​អាច​ខាតបង់​ទាំង​លុយកាក់​ច្រើន ហើយ​ថែមទាំង​បាត់បង់​អាជីវកម្ម​នោះ​ថែម​ទៀតផង។

    លោក ឃួន សុ​ភ័​ទ្ធ អគ្គនាយក​ក្រុមហ៊ុន Marakot Technology

    លោក ឃួន សុ​ភ័​ទ្ធ បាន​និយាយថា៖ “ការធ្វើ​អាជីវកម្ម​ដំបូង​ឡើយ​គឺ​ត្រូវ​គិតគូ​រឱ្យបាន​ល្អិតល្អន់​បំផុត​ និង​ត្រូវ​ចេះ​ប្រមាណ​ខ្លួន។ ប្រសិនបើ​យើង​ចាប់​ផ្តើមដំបូង គួរ​ស្វែងរក​អាជីវកម្ម​ណា​ដែល​ចំណាយ​ល្មម​តាម​ទុន​ដែល​យើង​មាន ហើយ​បើ​លក់​ផលិតផល​ក៏​អាច​ស្វែងរក​ផលិតផល​ណា​ដែល​មិនចេះ​ហួស​កាលបរិច្ឆេទ​ដើម្បី​កុំឱ្យ​ខាតបង់​នៅពេលដែល​យើង​មិនទាន់​លក់ដាច់​ច្រើន ព្រោះ​ពេលខ្លះ​អាជីវកម្ម​ថ្មី​គឺអាច​ត្រូវការ​ពេលវេលា ហេតុនេះ​បើ​វា​ខាតបង់​ក៏​អាច​ខាតបង់​ត្រឹម​កម្រិត​ដែល​អាច​ទទួលយកបាន”។

    សហគ្រិន​ខាងលើ​បានលើកឡើង​ផងដែរ​ថា អ្នកខ្លះ​បើក​អាជីវកម្ម តែ​ខ្លួនឯង​បែរជា​ទៅធ្វើ​ការងារ​ឱ្យគេ​ទៅវិញ ពេលខ្លះ​ការធ្វើ​បែបនេះ​ធ្វើឱ្យ​យើង​ខាតបង់ ព្រោះថា​ប្រសិនបើ​មិនមាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​មើល​លើ​អាជីវកម្ម​ខ្លួនឯង​ទេនោះ វា​នឹង​ពិបាក​អភិវឌ្ឍ​ទៅមុខ​ណាស់។ នៅពេលដែល​យើង​រវល់​ធ្វើ​ការងារ​ឱ្យគេ​មិនមាន​ពេល​គ្រប់គ្រាន់​ដើម្បី​ដោះស្រាយ​បញ្ហា​អតិថិជន​របស់ខ្លួន យើង​អាច​នឹង​លក់​មុខ​ខ្លួនឯង ហើយ​ខាតបង់​ធ្ងន់ធ្ងរ ហើយ​ការងារ​ដែល​ធ្វើ​ឱ្យគេ​ក៏​គ្មាន​គុណភាព​ដែរ៕

  • យូ ឌីស្កូ បញ្ជាក់ពីអាការ និងការចំណាយថ្លៃថ្នាំអស់មួយជិវិត

    យូ ឌីស្កូ បញ្ជាក់ពីអាការ និងការចំណាយថ្លៃថ្នាំអស់មួយជិវិត

    ក្រោយពេលធ្លាក់ខ្លួនធ្ងន់ធ្ងរ រហូតប្រកាសស្វែងរកជំនួយ ពីសប្បុរសជន ដើម្បីចេញទៅសង្គ្រោះជីវិត នៅក្រៅប្រទេស ដោយសារជំងឺក្រលៀន និងទឹកនោមប្រៃនោះ តារាសម្តែងលោក យូ ឌីស្កូ ទីបំផុតក៏ទទួលបានការជួយស្រោចស្រង់ជីវិត តាមរយៈការជួយឧបត្ថម្ភ ពីទស្សនិកជនទាំងក្នុង និងក្រៅក្រទេស។ ជាមួយគ្នានេះ លោក យូ ឌីស្កូ បានបង្ហើបឱ្យពីស្ថានភាពអាការនាពេលបច្ចុប្បន្ន និងការចំណាយលើសេវាព្យាបាលនៅក្នុងប្រទេសឥណ្ឌា ដែលក្នុងនោះគ្រូពេទ្យ ក៏តម្រូវឱ្យរូបលោក ត្រូវលេបថ្នាំអស់មួយជីវិតទៀតផង។

    ជាក់ស្តែង ក្រោយពេលបានធូបន្តិចហើយ លោក យូ ឌីស្កូ កាលពីម្សិលមិញបានបង្ហាញមុខជាលើដំបូងក្នុងកិច្ចសំភាសន៍ជាមួយលោក ហេង ឡុង ដើម្បីប្រាប់នៅរឿងរ៉ាវនាៗទាក់ទងនឹងជីវិតរបស់លោក នៅពេលនេះ និងថ្ងៃអនាគត។ ក្នុងវីដេអូ លោក បានបញ្ជាក់ថា ពេលនេះគឺលោកមានអាការធូស្រាលហើយ ក្រោយការវះកាត់ប្តូក្រលៀនបានជោគជ័យ 100ភាគរយ នៅប្រទេសឥណ្ឌា។ យ៉ាងណាពេលនេះ ត្រូវសម្រាកនៅផ្ទះឱ្យបានច្រើន ទៅណាមកណាត្រូវពាក់ម៉ាស់ជាប់ ដើម្បីការពារការឆ្លងជំងឺពីអ្នកមនុស្សដទៃ និងតមអាហារ ហើយត្រូវលេបថ្នាំរហូតអស់រយៈមួយជីវិត។ ចំពោះថ្នាំសង្កូវត្រូវចំណាយយ៉ាងតិច 300 ដុល្លាក្នុងមួយខែ ហើយខណៈនេះគឺលោកអាចនឹងច្រៀងបាន ប៉ុន្តែមិនអាចដកម៉ាសបានឡើយ។

    គួរបញ្ជាក់ដែរថា បើតាមការលើកឡើងរបស់សាមីខ្លួន លោកយូ ឌីស្កូ បានឱ្យដឹងថា ក្រោយពេលដែលទទួលបានការវះកាត់ ដោយជោគជ័យ ជីវិតរបស់លោកពេលនេះប្រៀបបាន នឹងមនុស្សដែលមានជីវិតពីរ ឬអាចនិយាយបានថា ជាការប្រទានជីវិតថ្មីអ៊ីចឹងដែរ។ លោក យូ ឌីស្កូ បានបញ្ជាក់ថា ចំពោះការចំណាយលើការព្យាបាល និងវះកាត់ប្តូរក្រលៀន នៅប្រទេសឥណ្ឌានេះ គឺត្រូវចំណាយថវិកាអស់រហូត5ម៉ឺនដុល្លារ ដែលថវិកាទាំងនេះ ជាលុយដែលបានមកពីការបរិច្ចាគ របស់សប្បុរសជននានា៕

  • ស្ងាត់ៗ !! អ្នកស្រី អម្ពរ ទេវី បានវិលត្រឡប់មកកម្ពុជាម្ដងទៀតហើយ

    ស្ងាត់ៗ !! អ្នកស្រី អម្ពរ ទេវី បានវិលត្រឡប់មកកម្ពុជាម្ដងទៀតហើយ

    ប៉ុន្មានម៉ោងមុននេះបន្ដិច តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកបានឱ្យដឹងថា អតីតតារាសម្តែងជើងចាស់ល្បីឈ្មោះអ្នកស្រី អម្ពរ ទេវី បានត្រឡប់មកកម្ពុជាជាថ្មីម្ដង​ ដើម្បីចូលរួមសម្តែងភាពយន្តភាគថ្មីមួយគឺរឿង« ម្ចាស់ក្រោលដំរី”» ដែលអ្នកស្រីរំពឹងទុកថានឹងទទួលបានការគាំទ្រខ្លាំងចំពោះរូបអ្នកស្រី។ ដោយឡែក ទន្ទឹមនឹងការបង្ហាញវត្តមានជាលើកទី 2 នៅក្នុងទឹកដីកំណើត គេសង្កេតឃើញថា អ្នកគាំទ្ររបស់អ្នកស្រី អម្ពរ ទេវី រួមទាំងបណ្ដាអ្នកសារព័ត៌មាន បានទៅរង់ចាំទទួលអ្នកនាងដោយផ្ទាល់នៅក្នុងបរិវេណព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ។

    ​បើតាម​ប្រភព​មួយ​បាន​បង្ហើប​ប្រាប់ថា អ្នកស្រី អម្ពរ ទេវី បាន​មកដល់​ស្រុកកំណើត​កាលពី​ម្សិលមិញ ដើម្បី​ចូលរួម​បន្ដសម្តែង​នៅក្នុង​រឿង​ភាគ​ខ្នាត​ធំឱ្យ​ស្ថានីយ៍ទូរទស្សន៍​មួយ តែ​ដោយ​មិន​ចង់ឱ្យមាន​ការភ្ញាក់ផ្អើល​ទើប​អ្នកស្រី​មក​ស្ងាត់ៗបន្ទាប់ពី​ថត​រឿង​ចប់ អ្នកស្រី​នឹង​ឡើង​យន្តហោះ​ចេញទៅ អាមេរិក ភ្លាម ។ ម្យ៉ាងវិញទៀត​អ្នកស្រី អម្ពរ ទេវី មិន​ចូលចិត្ត​ភាព​អ៊ូរ​អរ​ឡើយ ។​ ​អ្នកស្រី អម្ពរ ទេវី មក​លើក​នេះ​តែម្នាក់ឯង​ប៉ុណ្ណោះ ហើយ​អ្នកស្រី​មិន​ស្នាក់នៅ​ស្រុកខ្មែរយូរ​ដូច​មុនពេល​មុន​ឡើយ ដោយសារ​ប្រញាប់​ត្រឡប់​ទៅបំពេញការងារ​នៅ អាមេរិក វិញ ពីព្រោះ​អ្នកស្រី​សុំច្បាប់​គេ​បាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ ។

    គួរបញ្ជាក់ផងដែរថា ក្រៅពី​អ្នកនាង អម្ពរ ទេវី ក៏មាន​ការចូលរួម​សម្តែង​ពី​សំណាក់​ដៃគូ​ដ៏​សក្តិសម​របស់ អ្នកនាង​គឺ​លោក ទេព រិ​ន​ដា​រ៉ូ ។ សម្រាប់​តួឯក​គឺ​លោក អ៊ុន សិទ្ធា និង ស្រី​ស្អាត ឆុំ វ​ត្តី ។​ ក្រៅពីនេះក៏មានការចូលរួមសម្តែងពីសំណាក់តារាល្បីៗជាច្រើនដែលមានដូចជាលោក ជា សំណាង និង នាងអ៊ីត ជាដើម ៕

  • ត្រជាក់ភ្នែកជាមួយបឹងព្រលិតដ៏ស្រស់ត្រកាលនៅខេត្តឧដនថានី ប្រទេសថៃ

    ត្រជាក់ភ្នែកជាមួយបឹងព្រលិតដ៏ស្រស់ត្រកាលនៅខេត្តឧដនថានី ប្រទេសថៃ

    គេហទំព័រឡារ៉ែន សូមនាំអារម្មណ៍ប្រិយមិត្តទាំងអស់ទៅកម្សាន្ដនៅរមណីយដ្ឋាន «បឹងព្រលិត» ដែលមានទីតាំងស្ថិតនៅក្នុងស្រុកគុមផៈវ៉ាពី ខេត្តឧដនថានី ក្នុងបរិវេណបឹងណងថាន ជាបឹងធម្មជាតិដ៏ធំជាងគេនៅក្នុងខេត្តមួយនេះ ដែលរួមមានធនធានធម្មជាតិជាច្រើនដូចជា ត្រីទឹកសាប សត្វស្លាបគ្រប់ប្រភេទ និងរុក្ខវារីដ៏ល្អស្រស់ត្រកាល។

    តំបន់ទេសចរណ៍ធម្មជាតិច្នៃប្រឌិតដ៏ស្រស់ស្អាតមួយនេះ បានបង្កើតឡើងក្នុងអំឡុងខែធ្នូ ឆ្នាំ2016  ដែលសម្បូរទៅដោយមានផ្កាព្រលិតពណ៌ក្រហមខ្ចីដែលរីកស្គុះស្គាយពេញផ្ទៃបឹង ធ្វើឱ្យភ្ញៀវទេសចរមើលឃើញប្រៀបដូចជាសមុទ្រព័ណ៌ក្រហមខ្ចីក្នុងអំឡុងខែធ្នូ រហូតដល់ខែកុម្ភៈ លុះដល់ខែមិនា បរិមាណផ្កាព្រលិតត្រូវបានថយចុះវិញ។

    ជារៀងរាល់ឆ្នាំ ប្រជាជនថៃបាននាំកូនចៅទៅកម្សាន្ដ ស្រូបយកខ្យល់ធម្មជាតិ និងចូលរួមកម្មវិធីបុណ្យផ្សេងៗជារៀងរាល់ឆ្នាំ។ នៅក្នុងមានរួមមានកម្មវិធីជាច្រើនដូចជា ការសម្ដែងរបស់សិស្សសាលា ការប្រកួតគូរគំនូរធម្មជាតិ និងរូបថតទេសភាពបឹងព្រលិត ការប្រកួតបវរកញ្ញាបឹងព្រលិត ការប្រកួតចម្រៀងស្រុកស្រែប្រុស-ស្រី ការប្រកួតតន្ត្រីកណ្ដាលបឹង ការប្រកួតរបាំ និងការប្រកួតស្នាដៃផលិតចំណីអាហារប្រចាំតំបន់ ភូមិមួយផលិតផលថ្មីទៀតផង។

     

    ចំពោះការចូលទស្សនាតំបន់កម្សាន្ដបែបធម្មជាតិមួយនេះ លោកអ្នកត្រូវចំណាយប្រាក់ 40បាតទាំងភ្ញៀវជាតិ និងអន្ដរជាតិ ដើម្បីទុកជាការជួយឧបត្ថម្ភផ្នែកអនាម័យ និងសម្អាតបរិស្ថានតំបន់ទេសចរណ៍មួយនេះ។ ប្រសិនបើលោកអ្នកចង់ជិះទូកកម្សាន្ដ ថតរូបលេងនៅកណ្ដាលបឹង ត្រូវចំណាយបន្ថែម 150បាតសម្រាប់ទូកមួយដែលអាចជិះបានពី 2 – 3នាក់ និង 600បាតសម្រាប់ទូកដែលអាចផ្ទុកមនុស្សបាន 6-10នាក់ ហើយការជិះទូកជិះកម្សាន្ដនេះត្រូវបានកំណត់ត្រឹមរយៈពេលតែ 1ម៉ោង ឬអាចបន្ថែមបាន 30នាទីទៀត។

    គួរបញ្ជាក់ផងដែរថា ចំពោះពេលវេលាដែលផ្កាព្រលិតចាប់ផ្ដើមរីកបង្អួតសម្រស់គឺ ចាប់ពីម៉ោង 6ព្រឹក  ដល់ម៉ោង11ថ្ងៃត្រង់តែប៉ុណ្ណោះ លុះដល់ពេលរាងរសៀលបន្ដិច ផ្កាទាំងនោះនឹងចាប់ផ្ដើមរួមក្រពុំវិញ។ បើតាមការបញ្ជាក់របស់គេហទំព័រ Kapookបានឱ្យដឹងថា ក្នុងមួយថ្ងៃៗតំបន់ទេសចរណ៍ច្នៃប្រឌិតមួយនេះអាចរកចំណូលបានដល់ទៅរាប់លានបាតឯណោះ។ លោកអ្នកអាចទទួលទានអាហារថៃគ្រប់ប្រភេទនៅទីនោះ ឬយកអាហារទៅពិសាដោយខ្លួនឯងក៏បាន។ អ៊ីចឹង នៅចាំអីទៀត តោះទៅទស្សនាទាំងអស់គ្នា…៕

  • តារាចម្រៀងថៃ ទិក ឈិរ៉ូ ប្រកាសប្រគំតន្ត្រីខ្នាតយក្សចុងក្រោយរួមគ្នាជាមួយលោក ខេមរៈ សិរីមន្ដ

    តារាចម្រៀងថៃ ទិក ឈិរ៉ូ ប្រកាសប្រគំតន្ត្រីខ្នាតយក្សចុងក្រោយរួមគ្នាជាមួយលោក ខេមរៈ សិរីមន្ដ

    តាមរយៈសារព័ត៌មាន Thairath បានចេញផ្សាយនៅពេលថ្មីៗនេះ ដែលដឹងថា បន្ទាប់ពីបានផ្អាកការងារសិល្បៈអស់រយៈពេលជិត 32​ឆ្នាំ ការត្រឡប់មកវិញរបស់លោក ទិក ឈិរ៉ូ នៅពេល កាន់តែបង្កភាពភ្ញាក់ផ្អើលកាន់តែខ្លាំងជាងមុនថែមទៀត។ បិតាចម្រៀងប៉បដ៏ល្បីនៅក្នុងប្រទេសថៃរូបនេះ បានប្រកាសរៀបចំការប្រគំតន្ត្រីខ្នាតយក្សនៅក្នុងប្រទេសថៃ ជាមួយនឹងកំពូលតារាចម្រៀងកម្ពុជា លោក ខេមរៈ សិរីមន្ដ ស្របពេលដែលខ្លួនបានចេញអាប់ប៊ុមចម្រៀងរួមគ្នាមានចំណងជើងថា « Sad Man »។

    លោក ទិក ឈិរ៉ូ បានបញ្ជាក់ថា ការត្រឡប់មកប្រគំតន្ត្រីខា្នតធំនៅគ្រានេះ គឺជាពេលវេលាចុងក្រោយហើយ ដែលលោកធ្វើការជួបជុំ និងរៀបចំការប្រគំតន្ត្រីរបស់ខ្លួនបែបនេះ។ លោកថា ចំពោះភាពសហការជាមួយកំពូលតារាចម្រៀងកម្ពុជា ខេមរៈ សិរីមន្ដ គឺជាឱកាសថ្មីមួយដែលបានសាងប្រវត្តិសាស្ត្រក្នុងវិស័យសិល្បៈថៃ-កម្ពុជា។ គួររំឭកដែរថា តារាចម្រៀងសំឡេងធ្ងន់ លោក ខេមរៈ សិរីមន្ត បានចាប់ដៃគូបង្កើតអាល់ប៊ុមចម្រៀងរួមគ្នា ជាមួយនឹងតារាចម្រៀងថៃ លោក ទិក ឈិរ៉ូ ដោយបានធ្វើសន្និសីទកាសែត នៅទីក្រុងបាងកក ប្រទេសថៃ កន្លងរួចមកហើយ នៅរង់ចាំតែថ្ងៃនៃការប្រគំតន្ត្រីខ្នាតធំដែលគ្រោងរៀបចំនៅពេលឆាប់ៗខាងមុនេះទេ។

    ដើម្បីឱ្យកាន់តែជាក់ច្បាស់បន្ថែម សូមទស្សនាវីដេអូខាងក្រោមនេះ ៖

  • កីឡាករ​ហែល​ទឹក 5នាក់​ដែល​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​ក្នុង Asian Games

    កីឡាករ​ហែល​ទឹក 5នាក់​ដែល​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​ក្នុង Asian Games

    កីឡាករ 5នាក់​ដែល​អាច​នឹង​បង្កើតឱ្យមាន​ចំណាប់អារម្មណ៍​ខ្លាំង​ក្នុង​វិញ្ញាសា​ហែល​ទឹក ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃអាទិត្យ​នេះ​នាទី​ក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូនេស៊ី រួមមាន៖

    កីឡាករ Sun Yang របស់ចិន
    កីឡាករ​ហែល​ទឹក​ដ៏​ឆ្នើម​រូបនេះ​បានឈ្នះ​មេដាយមាស​អូឡាំពិក 3គ្រឿង​លើ​វិញ្ញាសា​ហែល​សេរី(Free style) និង​ក្រោយពី​ចាញ់​ក្នុង​ការប្រកួត​ហែល​ចម្ងាយ 400ម៉ែត្រ​នៅ​ទីក្រុង Rio កាលពី 2ឆ្នាំមុន​នោះ រូបគេ​ដណ្តើមបាន​ជ័យជម្នះ​ក្នុងការ​ប្រកួត​ហែល​សេរី​ចម្ងាយ 200ម៉ែត្រ។

    កីឡាករជប៉ុន Kosuke Hagino

    កីឡាករ​ដ៏​ឆ្នើម​រូបនេះ បានទទួល​ជ័យជម្នះ​ក្នុងការ​ប្រកួត​ហែល​ចម្រុះ​ក្បាច់​ឯកត្តជន​ចម្ងាយ 400ម៉ែត្រ និង​បានឈ្នះ​មេដាយប្រាក់ ដោយ​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ2 បន្ទាប់ពី​តារា​ឆ្នើម​អាមេរិក Michael Phelps លើ​វិញ្ញាសា​ហែល​ចម្ងាយ 200ម៉ែត្រ។

    កីឡាការិនីជប៉ុន Rikako Ikee

    ជាមួយនឹង​ទឹកមុខ​ប្រកបដោយ​ស្នាមញញឹម Ikee គឺជា​តារា​ឆ្នើម​ថ្មី 1រូប​សម្រាប់​ប្រទេស​របស់​នាង។ កីឡាការិនី​វ័យ 18ឆ្នាំ​រូបនេះ​បានឈ្នះ​មេដាយមាស​ក្នុង​ព្រឹត្តិការណ៍ Pan Pacific លើ​វិញ្ញាសា​ហែល​បែប​មេអំបៅ​ចម្ងាយ 100ម៉ែត្រ ហើយ​នាង​ក៏បាន​ឈ្នះ​មេដាយប្រាក់​ក្នុងការ​ប្រកួត​ហែល​បែប​សេរី ចម្ងាយ 200ម៉ែត្រ​ផងដែរ។

    កីឡាករសិង្ហបុរី Joseph Schooling

    ក្រោយពី​បាន​បង្កើត​ភាព​អស្ចារ្យ​តាមរយៈ​ការ​ឈ្នះ​មេដាយមាស​ក្នុង​វិញ្ញាសា​ហែល​បែប​មេអំបៅ ចម្ងាយ100ម៉ែត្រ ក្នុង​ព្រឹត្តិការណ៍ Asian Games កាលពី​ឆ្នាំ2014 រួចមក Schooling បាន​យកឈ្នះ​កីឡាករ Phelps ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​ក្នុង​ទីក្រុង Rio លើ​វិញ្ញាសា​ដូចគ្នានេះ។

    កីឡាករកាហ្សាក់ស្ថាន Dmitriy Balandin

    ក្រោយពី​ទទួលបាន​ជ័យជម្នះ​ក្នុងការ​ប្រកួត​ហែល​ទឹក​បែប​កង្កែប​ក្នុង​ព្រឹត្តិការណ៍ Asian Games ឆ្នាំ2014 កីឡាករ Balandin បានក្លាយ​ម្ចាស់​ជើងឯក​អូឡាំពិក​លើ​កីឡាហែលទឹក​ដំបូង​គេ​របស់​កា​ហ្សា​ក់​ស្ថាន នៅពេល​រូបគេ​បានឈ្នះ​មេដាយមាស​ក្នុង​វិញ្ញាសា​ហែល​ចម្ងាយ 200ម៉ែត្រ កាលពី 2ឆ្នាំមុន៕

    ប្រភពពី៖ Channel News Asia