Category: សង្គម និងសេដ្ឋកិច្ច

  • បាក់​ឌុប​ព្រឹក​នេះ​ មិនទាន់​ឃើញ​មាន​ភាពមិនប្រក្រតី តែមាន​សិស្ស​មាន​បញ្ហា​សុខភាព​មួយចំនួន

    បាក់​ឌុប​ព្រឹក​នេះ​ មិនទាន់​ឃើញ​មាន​ភាពមិនប្រក្រតី តែមាន​សិស្ស​មាន​បញ្ហា​សុខភាព​មួយចំនួន

    បើទោះបី​ជាមាន​ការធ្វើ​កំណែរ​ទម្រង់​ប្រព័ន្ធ​អប់រំ​ខ្លាំងក្លា​យ៉ាងណាក៏ដោយ ក៏​យើង​ឃើញ​មាន​សិស្ស​មួយចំនួន​នៅតែ​ហ៊ាន​ល្មើស នឹង​បទបញ្ជារ​របស់​ក្រសួង​អប់រំ​ដដែល ខណៈ​ហ៊ាន​ដល់​ថ្នាក់​ពឹង​ឱ្យគេ​ប្រឡង​ជំនួស​ថែម​ទៀតផង។

    ទោះជា​យ៉ាងនេះ​ក្តី នៅ​ព្រឹក​ដំបូង​នៃ​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​នេះ មិនទាន់មាន​ឃើញ​បញ្ហា​ប្រឈម​ដែល​កើតឡើង​ពី​ភាពមិនប្រក្រតី​នៃ​ការធ្វើ​ខុស​របស់​បេក្ខជន ឬ​គណៈមេប្រយោគ​នៅឡើយ​ទេ តែមាន​ឃើញ​បញ្ហា​មួយចំនួន​គួរឱ្យកត់សម្គាល់​គឺ​សិស្ស​ដែលមាន​ជំងឺ និង​សង្គ្រោះបន្ទាន់​ក្នុង​ថ្ងៃ​ប្រឡង​ម​នេះ​មាន​នៅតាម​មណ្ឌល​ប្រឡង​មួយចំនួន។

    នៅ​ព្រឹក​ថ្ងៃទី 20 ខែសីហា ឆ្នាំ2018 នេះ មាន​បេក្ខជន​មួយចំនួន​វិលមុខ ដួលសន្លប់ ខ្យល់គរ និង​ក្អួត ដែល​តម្រូវឱ្យ​មានការ​ជួយ​បន្ទាន់ភ្លាមៗពី​ក្រុមគ្រូពេទ្យ​ប្រចាំការ ខណៈ​សិស្ស​មួយចំនួន​ត្រូវ​បន្តោង​សារ៉ូ​ម​ដើម្បី​ប្រឡង​បន្តទៀត។ ហេតុនេះ​បេក្ខជន​ប្រឡង និង​អាណាព្យាបាល​សូម​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​សុខភាព​នៅ​ថ្ងៃ​ប្រឡង​យ៉ាងសំខាន់​នេះ។

    ខាងក្រោម​នេះ​ជា​រូបភាព​មួយចំនួន​នៃ​បេក្ខជន​ដែលមាន​បញ្ហា​សុខភាព និង​ត្រូវបាន​សង្គ្រោះ​ពី​ក្រុមគ្រូពេទ្យ​ដើម្បី​ប្រឡង​បន្ត៕

  • កម្ពុជា​ទទួលបាន​ជាង 140លាន​ដុល្លារ​ពី​ការនាំចេញ​ជ័រកៅស៊ូ

    កម្ពុជា​ទទួលបាន​ជាង 140លាន​ដុល្លារ​ពី​ការនាំចេញ​ជ័រកៅស៊ូ

    ត្រឹម​រយៈពេល 7ខែ​ដើមឆ្នាំ2018 កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ​ទៅកាន់​ទីផ្សារ​បរទេស មាន​ចំនួន 100,535 តោន កើនឡើង​ប្រមាណ​ជា20% ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន នេះ​បើតាម​របាយការណ៍​រប​ស់អគ្គ​នាយកដ្ឋាន​កៅស៊ូ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។

    របាយការណ៍​បង្ហាញថា គិត​ចាប់ពី​ខែមករា ដល់​ខែកក្កដា ឆ្នាំ2018 ចំណូល​បាន​ពី​ការនាំចេញ​ជ័រកៅស៊ូ​របស់​កម្ពុជា មាន​ចំនួន​ជាង 140លាន​ដុល្លារ​អាមេរិក ដោយ​តម្លៃ​ជ័រកៅស៊ូ​ជា​មធ្យម គឺ1,412ដុល្លារ​ក្នុង1តោន តម្លៃ​នេះ​ធ្លាក់ចុះ 18% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

    បើ​គិត​មកទល់​ឆ្នាំ2018នេះ កម្ពុ​ជាមាន​ផ្ទៃដី​ដាំ​ដុះ​កៅស៊ូ​សរុប​ចំនួន 436,299ហិកតា ក្នុងនោះ​ផ្ទៃដី​ចៀរ​ជ័រ​មាន​ចំនួន 173,017ហិកតា ស្មើនឹង39% និង​ផ្ទៃដី​ថែទាំ​មាន​ចំនួន 263,281ហិកតា ស្មើនឹង61%។

    សូមបញ្ជាក់ថា នៅ​ឆ្នាំ2017 កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ​ជិត 20ម៉ឺន​តោន មាន​ចំណូល​ប្រមាណ 300លាន​ដុល្លារ​អាមេរិក​ដែល​បាន​ពី​ការនាំ​ចេញពី​កម្ពុជា ទៅកាន់​ទីផ្សារ​បរទេស​មានដូចជា​ប្រទេស​ចិន វៀតណាម សិង្ហ​បុរី និង​ម៉ាឡេស៊ី ជាដើម៕

  • ប្អូនប្រុស ទេព ពិសិដ្ឋ បេក្ខជនលេចធ្លោជាងគេក្នុងកម្មវិធី The Voice Kids Cambodia

    ប្អូនប្រុស ទេព ពិសិដ្ឋ បេក្ខជនលេចធ្លោជាងគេក្នុងកម្មវិធី The Voice Kids Cambodia

    បន្ទាប់ពីបានធ្វើការចាក់បញ្ចាំងកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី2 រួចមក គេមើលឃើញថា នៅក្នុងវគ្គ The Blind Audition សប្តាហ៍ដំបូងនេះបេក្ខជនទី1 ដែលបានបង្ហាញខ្លួនគឺ បេក្ខជនមកពីខេត្ត សៀមរាប ដែលមានឈ្មោះថា ទេព ពិសិដ្ឋ មានវ័យ 14ឆ្នាំ បានឡើងមកបង្ហាញសមត្ថភាពច្រៀង ដែលប្រើប្រាស់បច្ចេកទេសសំឡេង ស្រែកខ្លាំងធ្វើឱ្យគ្រូបង្វឹកទាំង 3 នាក់បង្វិលកៅអីមករកប្អូនប្រុសតែម្ដង។

    ប្អូនប្រុសក៏បានជ្រើសរើសចម្រៀងមួយបទរបស់លោក ឆាយ វីរៈយុទ្ធ ដែលមានចំណងជើងថា «ដឹងទេថាខ្ញុំឈឺចាប់» ដែលជាបទតឹង និងមានតុងមេឡូឌីខ្ពស់ តែផ្ទុយទៅវិញ ប្អូនប្រុសបានស្រែកច្រៀងយ៉ាងពេញក​ម្លាំង ដោយមិនបាច់ប្រឹងស្រែកខ្លាំងឡើយ។ សមត្ថភាពមិនធម្មតានេះ បានទាក់ទាញចិត្តមហាជនទាំងអស់ឱ្យចាប់អារម្មណ៍ចំពោះប្អូនប្រុស។

    គួរបញ្ជាក់ដែរថា គណៈកម្មការម្នាក់ៗបានព្យាយាមបញ្ចុះបញ្ចូលដើម្បីឱ្យប្អូនប្រុសចូលមកក្នុងក្រុមរបស់ខ្លួន ប៉ុន្តែចុងក្រោយប្អូនប្រុស ពិសិដ្ឋ ក៏បានជ្រើសរើសយកកញ្ញា ឱក សុគន្ធកញ្ញា ដើម្បីធ្វើជាគ្រូបង្វឹករបស់ខ្លួន។  តោះ! កុំឱ្យខាតពេលយូរ សូមទស្សនាវីដេអូប្អូនប្រុស ពិសិដ្ឋ ដូចខាងក្រោមនេះ៖

  • Brighton បាន​បន្ថែម​ភាព​វេទនា​លើ Man Utd ខណៈ Aguero រកបាន 3គ្រាប់

    Brighton បាន​បន្ថែម​ភាព​វេទនា​លើ Man Utd ខណៈ Aguero រកបាន 3គ្រាប់

    ការភ័យខ្លាច​របស់លោក Jose Mourinho ជុំវិញ​ការមិន​ទិញ​ខ្សែការពារ​កណ្តាល​ថ្មី​ម្នាក់​ត្រូវបាន​បង្ហាញឱ្យឃើញ​យ៉ាងច្បាស់ ខណៈដែល​ភាពទន់ខ្សោយ​នៅ​តំបន់​ការពារ​បានធ្វើឱ្យ​ក្រុម Manchester United របស់លោក​រង​បរាជ័យ​ក្នុង​លទ្ធផល 3-2 នៅលើ​ទឹកដី​ក្រុម Brighton កាលពី​ថ្ងៃអាទិត្យ។

    សម្រាប់​ជា​លើក​ទី1ក្នុង​រយៈពេល​ជិត 2ឆ្នាំ ក្រុម​របស់លោក Mourinho បាន​របូត​គ្រាប់​បាល់​ច្រើនជាង 2គ្រាប់ ខណៈដែល​គ្រាប់​បាល់​ទាំង3 របស់​ក្រុម Brighton បាន​កើតឡើង​នៅមុន​ពេល​តង់​ទី2 តាមរយៈ​កីឡាករ Glenn Murray, Shane Duffy និង Pascal Gross។

    លោក Mourinho បានឱ្យដឹងថា៖ «យើង​បាន​រង​នូវ​ការដាក់ទណ្ឌកម្ម​ដោយសារតែ​កំហុសផ្សេងៗដែល​យើង​បានធ្វើ។ សម្រាប់​ខ្ញុំ នោះ​គឺជា​ចំណុច​សំខាន់​នៃ​ការប្រកួត​នេះ។ យើង​បាន​ប្រព្រឹត្ត​កំហុស​ដ៏​មិន​គួរឱ្យ​ជឿ​ក្នុងដំណាក់កាល​ដ៏​សំខាន់។ កំហុស​ទាំងនោះ​បានសម្លាប់​យើង»។

    ស្របពេល​ជាមួយគ្នានេះ លោក Pep Guardiola បាន​បញ្ជាក់ថា Sergio Aguero គួរតែ​មិនអាច​ធ្វើបាន​ល្អប្រសើរ​ជាង​នេះឡើយ ក្រោយពី​ខ្សែប្រយុទ្ធ​របស់​ក្លិប Manchester City បាន​ស៊ុត​បាល់​បញ្ចូល​ទី 3គ្រាប់ ដើម្បី​ជួយ​ឱ្យ​ក្រុម​របស់ខ្លួន​លត់​ក្រុម Huddersfield យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល 6-1 កាលពី​ថ្ងៃអាទិត្យ។

    ក្រុម​ម្ចាស់​ជើងឯក​របស់លោក Guardiola បាន​បើក​យុទ្ធនាការ​នៅលើ​ទឹកដី​របស់​ពួកគេ ជាមួយនឹង​ការបង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អឥតខ្ចោះ ហើយ Aguero បាន​បន្ត​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​មុត​ស្រួច​របស់គេ​នៅលើ​ទីលាន។

    លោក Guardiola អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Man City ពិតជា​រំភើប​ចំពោះ​ការបង្ហាញ​ពី​ទម្រង់​លេង​ដ៏​ល្អ​របស់ Aguero និង​បាន​ទទួលស្គាល់ថា ខ្សែប្រយុទ្ធ​របស់លោក​កំពុងតែ​ឈានទៅ​កាន់​កម្រិត​ថ្មី​មួយ៕

    ប្រភពពី៖ Channel News Asia

  • ស្វែង សុជាតា ទទូចអង្វរសូមជួបមុខកូនៗ ដែលបានបែកគ្នា10ឆ្នាំ មកហើយ

    ស្វែង សុជាតា ទទូចអង្វរសូមជួបមុខកូនៗ ដែលបានបែកគ្នា10ឆ្នាំ មកហើយ

    ដូចដែលប្រិយមិត្តបានស្គាល់រួចមកហើយថា អ្នកនាង ស្វែង សុជាតា ជាតារាសម្ដែងជើងចាស់ ឆ្នាស់ឆ្នើមដែលមានប្រជាប្រិយភាពខ្លាំងនៅក្នុងពិភពសិល្បៈខ្មែរ និងជាតួស្រីដំបូងដែលមានភាពលេចធ្លោក្នុងភាពយន្ដហូលីវូដ ដែលដឹកនាំដោយអ្នកនាង Angelina Jolie។ ខណៈនេះអ្នកនាងបានបើកបេះដូងផ្ដល់ការសម្ភាសអំពីប្រវត្តិដ៏ជូរជត់ និងរឿងរ៉ាវបែកបាក់ស្វាមី កាលពី 10ឆ្នាំមុនរបស់អ្នកនាង និងបានទទូចអង្វរថា សុំឱ្យអ្នកនាងបានជួបកូនៗ ជាទីស្រឡាញ់របស់អ្នកនាង ដោយសុំត្រឹមតែជួបមុខប៉ុណ្ណោះ។

    ស្វែង សុជាតា បាននិយាយថា មូលហេតុដែលធ្វើឱ្យនាងត្រូវលែងលះគ្នា គឺមិនមែនស្វាមីរបស់នាងជាមនុស្សអាក្រក់នោះទេ ប៉ុន្តែមកពីនាងរស់នៅមិនចុះសម្រុងគ្នា ខណៈនាង គឺជាអ្នកសិល្បៈ មិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ស្វាមី។ អ្នកនាងបន្តថា នៅឆ្ងាយគឺ ណាយចិត្ត បានន័យថា ពេលនាងរវល់នឹងការងារសិល្បៈច្រើន ក៏មានស្រីម្នាក់ទៀតចូលមកធ្វើអ្វីគ្រប់យ៉ាងបានច្រើនជាងនាង ស្វាមីរបស់នាងនឹងរីករាយជាមួយគេ។ បើនិយាយឱ្យចំ គឺដោយសារតែនាងគ្មានពេលវេលាគ្រប់គ្រាន់ និងស្វាមីនាងមិនយល់ពីអ្នកសិល្បៈ ទើបបណ្ដាលឱ្យបែកបាក់គ្នា។

    អ្នកនាង ស្វែង សុជាតា បានថ្លែងទាំងបង្ហូរទឹកភ្នែកថា មកទល់នឹងបច្ចុប្បន្ននេះ នាងមិនបាននឹកស្តាយស្រណោះអ្វី ចំពោះស្វាមីរបស់នាងនោះទេ ហើយនាងក៏បានធ្វើជាមនុស្សស្រីដែលរឹងមាំម្នាក់សម្រាប់ខ្លួនឯងដែរ តែអ្វីដែលនាងចង់បានពីស្វាមីរបស់នាង គឺសូមឱ្យស្វាមីរបស់នាង អនុញ្ញាតឱ្យនាងបានជួបកូន ព្រោះនាង និងកូនបានបែកគ្នា 10ឆ្នាំមកហើយ ពោលចាប់តាំងពីលែងលះគ្នាមក ស្វាមីរបស់នាងមិនឱ្យនាងជួបមុខកូនឡើយ»។

    គួរបញ្ជាក់ផងដែរថា អ្នកនាង ស្វែង សុជាតា សង្ឃឹមថា អតីតស្វាមីរបស់អ្នកនាងនឹងបានឃើញ និងស្ដាប់ការសម្ភាសនេះហើយ នឹងអនុញ្ញាតឱ្យអ្នកនាងបានជួបកូន៕

  • Sun ដឹក​នាំ​ឱ្យ​ចិនឈ្នះ​មេដាយមាស​ជា​បន្ត​បន្ទាប់​ក្នុង Asian Games

    Sun ដឹក​នាំ​ឱ្យ​ចិនឈ្នះ​មេដាយមាស​ជា​បន្ត​បន្ទាប់​ក្នុង Asian Games

    កីឡាករ​ហែល​ទឹក Sun Yang បាន​​ដឹកនាំ​ឱ្យ​ចិន ឈ្នះ​មេដាយមាស​ជា​បន្ត​បន្ទាប់ កាល​ពី​ថ្ងៃ​អាទិត្យ ខណៈ​ដែល​ក្រុម​​ខ្លាំង​ប្រចាំ​តំបន់​មួយនេះ​បាន​ចាប់​ផ្តើម​យុទ្ធ​នាការ​នៃ​ព្រឹត្តិការណ៍ Asian Games ឆ្នាំ​2018របស់​ពួកគេ​​ តាម​រយៈ​ការ​​ឈរ​លើលេខរៀងទី​1​ជា​បណ្តោះ​អាសន្ន​នៅ​លើ​តារាង​មេដាយ​។

    ម្ចាស់​មេដាយមាស​អូឡាំពិក​ 3​សម័យកាល​រូបនេះ ត្រូវ​បាន​ធ្វើ​ឱ្យ​​ផ្ទុះ​​កំហឹង​យ៉ាង​ខ្លាំង​ ដោយ​សារ​តែ​​កំហុសក្នុងពេល​បង្ហូត​ទង់​ជាតិ​ ក្នុង​កម្ម​វិធី​ប្រគល់​មេដាយ​របស់​គេ ប៉ុន្តែ​​មិនមែន​នៅមុន​ពេល​រូប​គេ​បាន​យកឈ្នះ​ដោយ​ងាយ​ក្នុងការ​ប្រកួត​ហែល​ទឹក​ចម្ងាយ​ 200​ម៉ែត្របែប​សេរី លើ​កីឡាករ​ជប៉ុន Katsuhiro Matsumoto នោះ​ឡើយ​។ ក្នុង​ទិដ្ឋភាព​​ប្រកប​ដោយ​ភាព​ជ្រួល​ច្របល់ Sun វ័យ​ 26​ឆ្នាំ បាន​ទាម​ទារ​ឱ្យ​មានការ​រៀប​ចំ​កម្ម​វិធី​​ប្រគល់​មេដាយ​ជាថ្មី នៅ​ពេល​ដែល​បង្គោល​ទង់​ជាតិ​ បាន​ដួល​ខណៈ​ដែល​​រូបគេ​​កំពុង​ច្រៀង​​​ចម្រៀង​ជាតិរបស់​ប្រទេសខ្លួន​យ៉ាង​មាន​មោទ​ន​ភាព​។

    ប្រទេស​ចិន បាន​បញ្ចប់​ថ្ងៃ​ទី​1 តាម​រយៈ​ការ​ឈ្នះមេដាយមាស​ចំនួន​7 ដើម្បី​ឈរ​ពី​លើ​ប្រទេស​ជប៉ុន ដែល​បាន​ឈ្នះ​មេដាយមាស​3 និង​កូរ៉េ​ខាង​ត្បូងដែល​បាន​ឈ្នះមេដាយមាស​2​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ កីឡាករ​ចិន​ម្នាក់​ទៀត​គឺ Sun Peiyuan ដែល​បាន​ឈ្នះ​​មេដាយមាស​ជាលើក​ទី​1 ​របស់ចិនក្នុង​​​​ព្រឹត្តិការណ៍ Asian Games លើវិញ្ញាសា​ Wushu ផ្នែក​បុរសនោះ បាន​យកឈ្នះ​លើ​កីឡាករ​ជើង​ខ្លាំង​របស់​ឥណ្ឌូនេស៊ី Edgar Xavier Marvelo ដើម្បី​ឈ្នះ​មេដាយប្រាក់​៕

    ប្រភព​ពី៖ Channel News Asia

  • សួនផ្កា​ឈូករ័ត្ន ប្រចាំខេត្ត ណៈខនរ៉ាតស៊ីម៉ា កំពុងសម្ញែងភ្នែកទេសចរ

    សួនផ្កា​ឈូករ័ត្ន ប្រចាំខេត្ត ណៈខនរ៉ាតស៊ីម៉ា កំពុងសម្ញែងភ្នែកទេសចរ

    តោះៗ !! នៅថ្ងៃនេះ សូមនាំអារម្មណ៍ប្រិយមិត្តទៅកម្សាន្ដទៅតំបន់​ភូមិភាគ​ឥសាន​ប្រទេស​ថៃ ដែលកំពុងអំណោយផលអាកាសធាតុ​ត្រដ៏ជាក់ និង​អំណោយផល​ដល់​រុក្ខជាតិដែលកំពុង​ចេញ​ផ្កា​រីក​ស្គុសស្គាយ រំលេច​បានជា​ទស្សនីយភាព​ដ៏ស្រស់​ត្រ​កាស​សម្រាប់​ភ្ញៀវទេសចរ​។​

    ​ដំណើរ​ទៅកាន់តំបន់ទេសចរណ៍​នោះ ភ្ញៀវទាំងអស់​ត្រូវ​ប្រើពេល 3 ម៉ោងក្នុងការចាកចេញ​ពី​ទីក្រុង​បាងកក​។ នោះគឺ «សួនផ្កា​ឈូករ័ត្ន» ជាវាល​កម្រាលព្រំ​ពណ៌​លឿង​ដ៏​ធំធេង​ក្នុងទីក្រុង ​ណៈខនរ៉ាតស៊ីម៉ា ខេត្ត ណៈខនរ៉ាតស៊ីម៉ា កំពុងសម្ញែងសម្រស់ជាទី​ទាក់ទាញ​ចំណាប់អារម្មណ៍​ជនជាតិ​ថៃ​យ៉ាងខ្លាំង​។ តំបន់រមណីដ្ឋានចៃប្រឌិតបែបធម្មជាតិមួយនេះ ពិតជាស័ក្ដសមចំពោះការថតរូប​ជុំ​មិ​ត្ដ​ភក្ដិ ក្រុមគ្រួសារ និង​គូសង្សារ​ពេល​បុណ្យ​ឈប់សម្រាក​។ វា​ជា​ឱកាស​កម្សាន្ដ​រីករាយ​ទៅកាន់​ទីជនបទ​ប្រទេស​ថៃ​។

    «សួនផ្កា​ឈូករ័ត្ន» នេះមានទំហំ​ផ្ទៃដី 500 រ៉ៃ ត្រូវបាន​ប្រែក្លាយជា​ទីឋាន​ដ៏​មាន​ប្រជាប្រិយភាព​មួយ ខណៈ​ភ្ញៀវ​នាំគ្នា​ថតរូប​បង្ហោះ​ពេញ​បណ្ដាញ​សង្គម​ជាមួយ​ផ្កាឈូករ័ត្ន កំពុង​រីក​ព្រោងព្រាត។ នៅ​ក្រៅឆ្ងាយពីក្រុង​ណៈខនរ៉ាតស៊ីម៉ា នៅមាន​សួនផ្កា​ឈូករ័ត្ន​ប៉ុន្មាន​កន្លែង​ផងដែរ​។ ផ្កាឈូករ័ត្ន វា​ជា​ដំណាំ​លើសពី​អត្ថប្រយោជន៍​គ្រាប់ និង​ប្រេង ព្រមទាំង​គោលដៅ​ទេសចរណ៍​ថែមទៀត​។ គួរបញ្ជាក់ដែរថា ក្នុងការមកកម្សាន្ដនៅក្នុង «សួនផ្កា​ឈូករ័ត្ន» ដ៏ធំល្វឹងល្វើយដាច់កន្ទុយភ្នែកមួយនេះ ភ្ញៀវទេសចរត្រូវទិញសំបុត្រចូលកម្សាន្ដ ដែលមានតម្លៃ 20 បាត៕

  • កាដូ 5យ៉ាង​ ដែល​កូន​ចង់បាន​ពី​ឪពុកម្ដាយ​បំផុត

    កាដូ 5យ៉ាង​ ដែល​កូន​ចង់បាន​ពី​ឪពុកម្ដាយ​បំផុត

    ក្នុងឱកាសពិសេសៗ អ្នកគ្រូ ឆវី ជឿថា​ អាណាព្យាបាល​ជាច្រើន​ប្រហែលជា​ត្រៀម​វត្ថុ​អនុស្សាវរីយ៍ ឬ​កាដូ​សម្រាប់​ឱ្យ​កូន​ជាទី​ស្រឡាញ់ខ្លះៗហើយ​មើលទៅ តែ​សម្រាប់​ផ្ទះ​ណា​ដែល​កំពុង​ស្វែងរក​កាដូ​ដែល​ត្រូវចិត្ត​មិនទាន់បាន​នោះ អ្នកគ្រូ ឆវី សូម​ណែនាំ​តែម្ដងទៅ​ចុះ​ថា កាដូ​កំពូល​វិសេស5ប្រអប់ 5យ៉ាង​តទៅ​នេះ ជឿ​ចុះ​ថា កូនៗគ្រប់​ផ្ទះ​នឹង​ចង់បាន​យ៉ាងពិត​ប្រាកដ។ មិន​ខុសពី​កាដូ​ដ៏​សែន​ពេញចិត្ត​ដែលកូនៗធ្លាប់​ចង់បាន​នោះឡើយ ដូច្នេះ​សូម​លោកឪពុក​អ្នក​ម្ដាយ​នាំគ្នា​មក​មើលថា កាដូ​កំពូល​វិសេស​ដែលកូនៗចង់បាន​នោះ តើ​លោកអ្នក​អាចឱ្យ​កូន​បាន​ឬទេ?

    កាដូ​ប្រអប់​ទី1 ៈ ឪពុកម្ដាយ​ស្រឡាញ់គ្នា និង​បង្ហាញ​សេចក្ដីស្រឡាញ់​នោះ​ឱ្យ​កូន​បានឃើញ
    កាដូ​ប្រអប់​នេះ អាចធ្វើ​បាន​យ៉ាង​ងាយ គ្រាន់តែ​ឪពុកម្ដាយ​ស្រឡាញ់គ្នា បង្ហាញ​ពី​សេចក្ដីស្រឡាញ់ ក្ដីបារម្ភ​កង្វល់​ដែលមាន​ចំពោះ​គ្នា​ឱ្យ​កូន​បានឃើញ​ប៉ុណ្ណោះ។ ហេស… មើលទៅ​ដូចជា​មិនឃើញ​មាន​ពាក់ព័ន្ធ​អី​ជាមួយកូនៗសោះ តែ​ការពិត​វិញ នៅពេលដែល​កូន​បានទទួល​វា​ហើយកូន​នឹងមាន​អារម្មណ៍ល្អ មាន​សេចក្ដីសុខ មាន​អារម្មណ៍​កក់ក្ដៅ និង​មាន​ភាពជឿជាក់​នឹងនរ​ខាង​ផ្លូវចិត្ត​ខ្លាំង​សម្បើម​ណាស់។

    កាដូ​ប្រអប់​ទី2 ៈ សាង​បរិយាកាស​សុខសាន្ត​ក្នុងផ្ទះ
    កាដូ​ប្រអប់​នេះ​នឹង​មក​ក្នុង​រូប​បែប​នៃ​ការនិយាយស្ដី ការប្រតិបត្តិ​ចំពោះកូនៗ និង​ចំពោះ​គ្នា​ទៅវិញទៅមក​របស់​សមា​ជិ​ក​គ្រប់គ្នា​នៅក្នុង​ផ្ទះ​ក្នុង​ផ្លូវ​វិជ្ជមាន។ នៅពេល​កូន​បានទទួល កូន​នឹង​បាន​គំរូ​ដ៏​ល្អ​ក្នុង​ការគិត ការនិយាយ ការមើលអ្វីៗជុំវិញខ្លួន បរិយាកាស​បែបនេះ​ពេញ​ទៅដោយ​ថាមពលល្អៗ ស្ថិតក្នុង​រលកធាតុអាកាស​កម្រិត​ខ្ពស់។ ថាមពល​ល្អ​ច្បាស់​ជា​នឹង​ធ្វើឱ្យ​កើតរឿងល្អៗតាម​មក ដូច្នេះ នៅពេល​ក្នុងផ្ទះ​យើង​ពោរពេញ​ទៅដោយ​បរិយាកាស​សុខសាន្ត មិនថាតែ​យើង​ចង់​អភិវឌ្ឍ ឬ​ឈាន​ដើរទៅ​ទិស​ខាង​ណា ក៏​មិន​ពិបាកធ្វើ​ដែរ។ អ្នកគ្រូ ឆវី ធានាថា បរិយាកាស​បែប​ហ្នឹង វា​ល្អ​មែនទែន!!។

    កាដូ​ប្រអប់​ទី3 ៈ ឱ្យ​សេចក្ដីស្រឡាញ់​បែប​គ្មាន​លក្ខខណ្ឌ (Unconditional Love)
    ក្មេងៗគ្រប់រូប​ត្រូវការ​សេចក្ដីស្រឡាញ់ ហើយ​ប្រភេទ​របស់​សេចក្ដីស្រឡាញ់​ដែលក្មេងៗត្រូវការ​ខ្លាំង​បំផុត​នោះ​គឺ សេចក្ដីស្រឡាញ់​បែប​គ្មាន​លក្ខខណ្ឌ គ្មាន​ចង់បាន​អ្វី​មកវិញ​ទាំងអស់ មិន​ថា​យ៉ាងណា ក៏​ឪពុកម្ដាយ​នៅតែ​ស្រឡាញ់កូន។ កាដូ​ប្រអប់​នេះ នៅពេល​កូន​បានទទួល​ហើយកូន​នឹងមាន​អារម្មណ៍​ថា ខ្លួនឯង​ជាម​នុស្ស​សំខាន់ជា​មនុស្ស​ពិសេស និង​កូន​មាន​អារម្មណ៍​ថា ខ្លួនឯង​មានគុណ​តម្លៃ។

    កាដូ​ប្រអប់​ទី4 ៈ ឱ្យ​ពេលវេលា​ទៅ​កូន
    កាដូ​ប្រអប់​នេះ នៅពេល​កូន​បានទទួល កូន​នឹងមាន​អារម្មណ៍​ថា ឪពុកម្ដាយ​ស្រឡាញ់​រូបគេគេ​ជាម​នុស្ស​សំខាន់​សម្រាប់​ឪពុកម្ដាយ ឪពុកម្ដាយ​រៀប​លំដាប់​ភាព​សំខាន់​ចំពោះ​គេ​មុនអ្វីៗទាំងអស់។ “ក្មេងៗវាស់​បរិមាណ​សេចក្ដីស្រឡាញ់ពី​ចំនួន​ពេលវេលា​ដែល​ឪពុកម្ដាយ​មាន​ចំពោះ​គេ”។

    កាដូ​ប្រអប់​ទី5 ៈ ឱ្យ​ការទទួលស្គាល់​នូវ​អ្វី​ដែលជា​រូបគេ (កូន)
    មនុស្ស​គ្រប់រូប​កើតមក​មាន​ភាព​ពិសេស មាន​ឯក​លក្ខណៈ​ដោយឡែក​របស់ខ្លួន​ដែល​មិន​ដូច​អ្នកណា យើង​កើតមក​ដើម្បី​សាង​ភាពខុសប្លែក​ពីគ្នា សាង​រឿងល្អៗឱ្យ​ពិភពលោក​មួយ​នេះ។ កូនៗយើង​ក៏​ដូចគ្នា​ដែរ កាដូ​ប្រអប់​នេះ យើង​ឱ្យ​កូន​បាន​ដោយ​ការទទួលស្គាល់​នូវ​បុគ្គ​លិកលក្ខណៈ​ប្រចាំ​ខ្លួន​របស់​កូន ទទួលស្គាល់ថាកូន​មាន​ភាពត្រឹមត្រូវ មាន​រស​និយម មាន​ចំណូលចិត្ត មាន​ចំណាប់អារម្មណ៍ មាន​ក្ដី​ស្រមៃ​របស់​ខ្លួនគេ។ ទទួលស្គាល់​នូវ​គំនិត​យោបល់ និងអ្វីៗគ្រប់យ៉ាង​ដែលជា​រូបគេ។

    កាដូ ឬ​អំណោយ ឬ​វត្ថុ​អនុស្សាវរីយ៍​ដែល​ប្រគល់​ទៅឱ្យ​កូន ក្រៅពី​ការទទួលស្គាល់​នូវ​ភាពជា​រូបគេ​ហើយ ថែមទាំង​ជាការ​មិន​ព្យាយាម​ផ្លាស់ប្ដូរ​កូន ឱ្យ​កូន​ក្លាយជា​អ្វី ឬ​ទៅ​តាមបែប​ដែល​យើង​ត្រូវការ​ទៀតផង។ ឧបត្ថម្ភ​គាំទ្រ​ឱ្យ​កូន​ប្រើប្រាស់​កាដូ​ប្រអប់​នេះ​ឱ្យអស់​តម្លៃ ដោយ​អនុញ្ញាតឱ្យ​កូន​នាំយក​ឯក​លក្ខណៈពិសេស​ដែល​មិន​ដូច​អ្នកណា​របស់គេ​មក​ប្រើ​ឱ្យ​កើត​ប្រយោជន៍​ចំពោះ​ពិភពលោក​មួយ​នេះ ព្រោះ​ពិភពលោក​នា​យុគសម័យ​ខាងមុខ មិន​ត្រូវការ​មនុស្ស​ដដែលៗដែលធ្វើតាមៗគ្នា​នោះទេ តែ​ត្រូវការ​អ្នកដឹកនាំ​ដែល​មក​សាង​ភាពខុសប្លែក និង​អ្វីដែល​ថ្មី៕

  • វិវឌ្ឍនាការរបស់ក្មេងអាយុ13ខែយ៉ាងណាខ្លះ ដែលអ្នកម្ដាយត្រូវដឹង!

    វិវឌ្ឍនាការរបស់ក្មេងអាយុ13ខែយ៉ាងណាខ្លះ ដែលអ្នកម្ដាយត្រូវដឹង!

    ការចិញ្ចឹមកូនអាចជារឿងពិបាកសម្រាប់លោកឪពុកអ្នកម្ដាយថ្មោងថ្មី ព្រោះការមានកូនគឺជាចំណុចចាប់ផ្ដើមនៃការរស់នៅបែបក្រុមគ្រួសារដែលគ្រប់បរិបូរណ៍ ដូច្នេះរឿងដែលលោកឪពុកអ្នកម្ដាយត្រូវប្រតិបត្តិនោះគឺ ការយកចិត្តទុកដាក់ និងតាមដានវិវឌ្ឍនាការរបស់កូនក្នុងគ្រប់អំឡុងវ័យ ដើម្បីជំរុញ និងបង្កើនវិវឌ្ឍនាការគ្រប់ផ្នែកដល់កូនតូច។ ថ្ងៃនេះ យើងនាំគ្នាមកពិនិត្យមើលពីវិវឌ្ឍនាការរបស់កូនតូចអាយុ 13ខែជាមួយ ឡារ៉ែន ទាំងអស់គ្នា។

    វិវឌ្ឍនាការរបស់ក្មេងអាយុ13ខែ ផ្នែកសតិបញ្ញា និងការរៀនយល់ដឹង
    ការដែលកូនចាប់ផ្ដើមធ្វើដោយខ្លួនឯង មិនត្រូវការឱ្យអ្នកណាមកបី-ពរូបគេទៅកន្លែងផ្សេងៗដូចកាលពីមុននោះ មានន័យថា គេមានភាពត្រៀមខ្លួនរួចរាល់ហើយក្នុងការឈានឆ្ពោះទៅកាន់ពិភពលោកដ៏ធំទូលាយដោយខ្លួនឯងហើយ។ កូននឹងចាប់ផ្ដើមពិនិត្យមើលវត្ថុផ្សេងៗ ចាប់ផ្ដើមចាប់កាន់របស់របរ ក្មេងខ្លះអាចនឹងចាប់ផ្ដើមគូរជារាងខ្សែវែងដោយខ្មៅដៃដែលនៅក្នុងដៃ តែគ្រាន់តែជាការគូសវាសទូទៅប៉ុណ្ណោះ មិនមែនជារូបរាងអ្វីមួយនោះទេ។ ក្មេងខ្លះទៀតអាចនឹងចាប់កាន់ស្លាបព្រាញ៉ាំបាយបាន តែក៏នៅមិនទាន់អាចបញ្ចុកចូលមាត់ខ្លួនឯងបាននៅឡើយ។

    វិវឌ្ឍនាការរបស់ក្មេងអាយុ13ខែ ផ្នែកភាសា និងការទំនាក់ទំនង
    ការទំនាក់ទំនងឆ្លើយឆ្លងជាមួយមនុស្សដទៃរបស់ក្មេងវ័យនេះ ក្មេងនឹងចាប់ផ្ដើមមានពាក្យសម្ដីមួយម៉ាត់ៗដែលមានអត្ថន័យ ដូចជា ម៉ាក់ម៉ាក់ ឬប៉ាប៉ា ជាដើមបានហើយ និងទោះជាកូនតូចទើបនឹងចេះនិយាយបានតែប៉ុន្មានម៉ាត់មែន តែក៏នឹងមានវិធីក្នុងការប្រាប់ឱ្យលោកឪពុកអ្នកម្ដាយបានដឹងថា គេត្រូវការអ្វី ដូចជា ចង្អុលឱ្យដាក់គេចុះទៅដីនៅពេលត្រូវការចុះដី ឬទាញដៃ ទាញអាវឪពុកម្ដាយនៅពេលគេត្រូវការឱ្យឪពុកម្ដាយងាកមកចាប់អារម្មណ៍រូបគេ និងមើលទៅហាក់ដូចជាគេស្ដាប់យល់ពីអ្វីដែលឪពុកម្ដាយនិយាយបានល្មមសមគួរហើយ ដូចជាពេលលោកអ្នកលេងជាមួយគេ ឬប្រាប់ឱ្យគេធ្វើអ្វីជាដើម។ នៅពេលប្រើពាក្យសម្ដីងាយៗជាមួយគេ ដូចជា “អ៊ើ…ចាំមើលមើល៍ វានឹងយ៉ាងម៉េចវិញ បើ…”​ កូនតូចនឹងមើលទៅប្រៀបដូចជាអ្នកសាកល្បងតូចមួយ គេកំពុងរៀនយល់ដឹង មើលប្រតិកម្មតបស្នងរបស់វត្ថុផ្សេងៗ ឬមនុស្សជុំវិញខ្លួនមើលថា តើនឹងទៅជាយ៉ាងម៉េចវិញ…បើ…ដូចជាសាកល្បងយកកូនពែងទម្លាក់ទៅលើដី ឬសាកល្បងយកដៃទៅប្រឡូកប៉ូកប៉ាកជាមួយចំណីអាហារដែលនៅក្នុងចានខាងមុខខ្លួន…កូននឹងចាំសង្កេតមើលថា តើនឹងមានអ្វីកើតឡើងនៅពេលដែលគេធ្វើបែបហ្នឹង ហើយដោយសារតែការចងចាំរបស់កូនតូចនៅមិនទាន់អភិវឌ្ឍពេញទំហឹង ទើបកូនចូលចិត្តធ្វើរឿងមួយនោះដដែលៗ។

    សម្រាប់ក្មេងវ័យនេះ មានរឿងមួយទៀតដែលអ្នកម្ដាយនឹងត្រូវផ្ដល់ភាពសំខាន់ដែរនោះគឺ រឿងការទទួលយកវ៉ាក់សាំងការពារជំងឺរបស់កូនតូចដែលនឹងមានវ៉ាក់សាំងសំខាន់ៗជាច្រើនមុខ​ដែលនឹងត្រូវចាក់នៅក្នុងអំឡុងពេលនេះ ដូចជា វ៉ាក់សាំងការពារជំងឺគ្រុនរលាកស្រោមខួរ នឹងវ៉ាក់សាំងការពារជំងឺគ្រុនស្វិតដៃជើងជាដើម។

    លោកឪពុកអ្នកម្ដាយទាំងឡាយសូមកុំភ្លេចតាមដានវិវឌ្ឍនាការរបស់កូនតូចក្នុងគ្រប់អំឡុងវ័យ ព្រមទាំងបង្កើនវិវឌ្ឍនាការរបស់កូនតូចឱ្យបានជាប់លាប់ផង។ ដោយក្ដីស្រឡាញ់ និងបារម្ភពី ទស្សនាវដ្ដី ឡារ៉ែន៕

  • ទៅលេងកោះស្ថានសួគ៏ Seychelles

    ទៅលេងកោះស្ថានសួគ៏ Seychelles

    ប្រសិនបើបាននឹកគិតទៅដល់ឆ្នេរសមុទ្រដ៏ស្រស់បំព្រង នោះអារម្មណ៍នៃក្តីសប្បាយរីករាយក៏ហាក់ដូចជាផុសចេញមកភ្លាមៗតែម្តង ហេតុនេះហើយបានជា ឡារ៉ែន ចង់នាំអារម្មណ៍មិត្តអ្នកអានទៅកម្សាន្តនៅតំបន់មួយដែលប្រជុំទៅដោយកោះដ៏ស្រស់ស្អាតជាច្រើននៅ Seychelles វិញម្តង។

    Seychelles គឺជាប្រទេសដ៏តូចមួយស្ថិតនៅក្នុងមហាសមុទ្រឥណ្ឌា ដែលសម្បូរទៅដោយប្រជុំកោះជាច្រើន។ ពេលដែលអ្នកបានទៅដល់ Seychelles អ្នកពិតជាទទួលបាននូវអារម្មណ៍ថ្មីសន្លាងមួយ ដែលអ្នកពិបាករកបាននូវទីកន្លែងផ្សេងទៀត ដោយសារតែនៅទីនោះសម្បូរទៅដោយទីកន្លែងល្បីៗ និងស្រស់ស្អាតជាច្រើន ដែលអ្នកត្រូវទៅកម្សាន្ត។ នៅពេលដែលអ្នកបានទៅកម្សាន្ត និងទស្សនានូវទេសភាពដ៏ស្រស់ត្រកាល ដែលមានតែមួយគ្មានពីរនៃរមណីយដ្ឋានធម្មជាតិដ៏ស្រស់បំព្រងមួយនេះរួចហើយនោះ អ្នកពិតជាមិនចង់ត្រឡប់មកវិញនោះទេ។ ទីកន្លែងកម្សាន្តសំខាន់ៗ ព្រមទាំងសម្បូរទៅដោយភ្ញៀវទេសចរដ៏ច្រើនកុះករមានដូចជា ៖

    កោះ Mahe គឺជាកោះដ៏ធំជាងគេនៅ Seychelles ហើយក៏ជាទីកន្លែងដែលមានចំនួនប្រជាជនរស់នៅច្រើនជាងគេផងដែរ។ ទៅដល់ទីនោះ អ្នកអាចទស្សនាតំបន់ល្បីៗជាច្រើនដូចជា ប៉មនាឡិការបស់ក្រុង Victoria, សារមន្ទីរប្រវិត្តិសាស្ត្រជាតិ, Codevar Craft Center ជាកន្លែងដែលអ្នកអាចទិញវត្ថុអនុស្សាវរីយ៍ដ៏ច្រើនសម្បូរបែប, សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ, ឧទ្យានធម្មជាតិ, ឆ្នេរ Beau Vallon ដែលជាឆ្នេរធំជាងគេ និងល្បីល្បាញជាងគេនៅក្នុងទឹកដីកោះ Mahe នេះ ហើយអ្នកក៏អាចទៅទស្សនាទេសភាពនៃកោះ និងតំបន់ទេសចរណ៍ល្បីៗផ្សេងទៀត ដែលមាននៅលើកោះដ៏ធំនេះផងដែរ។

    កោះ La Digue គឺជាកោះធំជាងគេ ស្ថិតក្នុងចំណាត់ថ្នាក់ទី4 នៅក្នុងចំណោមប្រជុំកោះទាំងឡាយនៅក្នុទឹកដី Seychelles។ កោះនេះត្រូវបានគេទទួលស្គាល់ និងនិយមទៅសម្រាកលំហែកាយនៅទីនោះ ដោយសារតែខ្សាច់នៅលើកោះនេះមានភាពម៉ដ្ឋទន់ ពណ៌សក្បុស គឺជាប្រភេទខ្សាច់ដែលស្រស់ស្អាតខ្លាំងណាស់។

    កោះ Aldabra Atoll ជាកោះដែលសម្បូរទៅដោយផ្កាថ្មជាងគេបំផុតមួយនៅក្នុងចំណោមកោះផ្កាថ្មធំៗបំផុតក្នុងពិភពលោក។ នៅពេលអ្នកបានទៅទស្សនានៅលើកោះមួយនេះ សូមកុំឱ្យរំលងការមុជទឹកមើលផ្កាថ្មដ៏ស្រស់ស្អាត និងមើលពពួកមច្ឆា ព្រមទាំងពពួកមានជីវិតនៅក្រោមបាតសមុទ្រដ៏រស់រវើក និងសម្បូរបែបគួរឱ្យចង់ទស្សនា និងស្វែងយល់ក្រៃលែង។

    លើសពីនេះទៅទៀត ទីប្រជុំកោះ Seychelles ក៏នៅមានកោះ និងឆ្នេរសមុទ្រជាច្រើនទៀតដែលអ្នកទេសចរអាចទៅលំហែកាយ និងទៅកម្សាន្ត ដើម្បីស្រូបយកខ្យល់អាកាសបែបធម្មជាតិពិតៗ ដូចជាកោះ Curieuse, កោះ Moyenne,​​ កោះ Silhouette, កោះ Ste. Anne និងទីកន្លែងកម្សាន្តជាច្រើនទៀត៕