Category: សង្គម និងសេដ្ឋកិច្ច

  • ពេជ្រ ថៃ បង្ហាញវត្តមានជាថ្មី បន្ទាប់ពីបួសសងគុណម៉ែចាស់

    ពេជ្រ ថៃ បង្ហាញវត្តមានជាថ្មី បន្ទាប់ពីបួសសងគុណម៉ែចាស់

    កន្លងទៅថ្មីនេះ ម៉ែចាស់ដ៏កម្សត់របស់លោកប្អូន ពេជ្រ ថៃ បានទទួលមរណភាពហើយនៅខេត្តបាត់ដំបង ដោយប្អូនបានទាំងប្រកាសថា នោះជាការបាត់បង់ដ៏ធំមហិមានៅក្នុងជីវិតរបស់លោកប្អូន ដោយសារតែរយៈពេលកន្លងមក ជីដូនមិនខុសពីម្ដាយរបស់លោកប្អូនឡើយនៅពេលដែលឪពុកម្ដាយរបស់លោកប្អូនចេញទៅធ្វើពលករនៅក្នុងប្រទេសថៃ។ លោកប្អូនបានចាកចេញពីរាជធានីភ្នំពេញទៅកំដរជីដូនពេលឈឺធ្ងន់ និងសម្ងំធ្វើបុណ្យនៅទីនោះទាំងអារម្មណ៍ក្ដុកក្ដួល។

    ដើម្បីតបស្នងគុណដល់ម៉ែចាស់ តារាចម្រៀងវ័យក្មេងនៅក្នុងទ្រនំរស្មីហង្សមាសរូបនេះ បានបួសជាព្រះសង្ឃ ដើម្បីសាងកុសលផលបុណ្យជូនម្ដាយចាស់ និងតបស្នងគុណដែលម្ដាយចាស់មួយរូបនេះបានចំណាយពេលស្ទើរតែមួយជីវិតមើលថែរក្សា ថ្នាក់ថ្នម ប្រៀនប្រដៅ រហូតដល់ ពេជ្រ ថៃ បានជោគជ័យដូចសព្វថ្ងៃនេះ។

    គួរបញ្ជាក់ផងដែរថា ក្រោយបញ្ចប់ការធ្វើបុណ្យ និងបួសសងគុណឱ្យម៉ែចាស់ ចំនួន7 ថ្ងៃ រួចរាល់ហើយ ពេលនេះតារាចម្រៀងវ័យក្មេង ពេជ្រ ថៃ បានសឹក និងត្រលប់ចូលមកបន្តសកម្មភាពជាអ្នកសិល្បៈជាថ្មីម្ដងទៀតហើយ តាមរយៈកម្មវិធីប្រគំតន្ត្រីរបស់ស្ថានីយទូរទស្សន៍រស្មីហង្សមាស ដែលធ្វើឱ្យមហាជនពិតជានឹកតារាចម្រៀងវ័យក្មេងរូបនេះជាខ្លាំង។ ជាមួយគ្នានោះដែរ នៅពេលដែល ពេជ្រ ថៃ បកស្រាយបទ ខ្លុយស្នេហ៍ត្នោតទេ ធ្វើឱ្យមហាជនជាច្រើនកម្សត់តាម ស្ទើរតែស្រក់ភ្នែក។ ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ:

    https://www.youtube.com/watch?v=kB91dmI72bM

     

  • គួរសរសើរ!! មិននឹកស្មាន Rith Omega លើកទឹកចិត្តដល់សិស្សប្រលងបាក់ឌុបដល់ម្លឹង…

    គួរសរសើរ!! មិននឹកស្មាន Rith Omega លើកទឹកចិត្តដល់សិស្សប្រលងបាក់ឌុបដល់ម្លឹង…

    នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់លោក ឃុន ធារិទ្ធិ ហៅ Rith  Omega ត្រូវគេឃើញបង្ហោះពីសកម្មភាពយ៉ាងកម្រ ដែលធ្វើឱ្យអ្នកដឹកនាំសម្ដែងប្រចាំនៅក្នុងផលិតកម្មថោនរូបនេះ ទទួលបាននូវការសរសើរយ៉ាងខ្លាំង ជុំវិញសកម្មភាពដែលលោកបានធ្វើដោយផ្ទាល់ នៅតាមមណ្ឌលប្រលងរបស់សិស្សសាលានៅខេត្តបាត់ដំបង។ គេមើលឃើញលោកឈរចែកទឹកសុទ្ធ និងភេសជ្ជៈប្រចាំហាងឆប់ឆាហ៍របស់លោកនៅបាត់ដំបង ដល់មណ្ឌលប្រលងតែម្ដង និងសរសេរនៅលើហ្វេសប៊ុកថា « សុខចិត្តបោះចោលការងារដោយផ្ទាល់ ដើម្បីលើកទឹកចិត្តដល់អ្នកប្រលង»។

    បើតាមវីដេអូ និងរូបភាពដែលបានបង្ហោះ គឺលោក និងក្រុមការងារបានដឹកភេសជ្ជៈទាំងកែវៗ ជាមួយនឹងទឹកសុទ្ធរហូតដល់រាប់រយយួរ ហើយឈរចែកដល់សិស្សនៅតាមមណ្ឌលប្រលងតែម្ដង ដើម្បីចែកជូនដល់អ្នកប្រលងនៅក្នុងតាម មណ្ឌលវិទ្យាល័យសោហឺ មណ្ឌលវិទ្យាល័យព្រះមុន្នីវង្ស និងមណ្ឌលវិទ្យាល័យសម្ដេចឪ ដែលសុទ្ធតែជាមណ្ឌលប្រលងសំខាន់ៗប្រចាំនៅទីរួមខេត្តបាត់ដំបង។ មិនត្រឹមតែបេក្ខជនប្រលងប៉ុណ្ណោះទេ សូម្បីតែក្រុមសមត្ថកិច្ច និងអាណាព្យាបាលមួយចំនួន ក៏ត្រូវគេឃើញថា បានទទួលភេសជ្ជៈ និងទឹកសុទ្ធពីលោក និងក្រុមការងារ ដែលកំពុងឈរចែកជូនដោយផ្ទាល់ផងដែរ។

    លោកបានបង្ហោះនៅលើហ្វេសប៊ុកបន្ដថា « សម្រចចិត្តចុះចែកទឹកសុទ្ធជូនដល់បេក្ខជនប្រលងនៅម៉ោងចូលប្រលង និងម៉ោងចេញម្ដងទៀត ខណៈដែលលោកក៏ត្រូវឃើញលើកដាក់ទឹកសុទ្ធ និងភេសជ្ជៈពីមណ្ឌលមួយទៅមណ្ឌលមួយ ដើម្បីឱ្យសិស្សប្រលងនៅក្នុងមណ្ឌលប្រលងទាំង3 បានទទួលភេសជ្ជៈ និងទឹកសុទ្ធមិនគិតថ្លៃ»។ គេឃើញលោក និងក្រុមការងារឈរចែកទឹកសុទ្ធទាំងភ្លៀងនោះផង ក្នុងថ្ងៃប្រលងចុងក្រោយកាលពីពេលរសៀល។

    ទង្វើ និងសកម្មភាពរបស់លោក បានធ្វើឱ្យម្នាក់ៗមានការកោតសរសើរយ៉ាងខ្លាំង ជាពិសេសក្នុងពេលដែលលោកត្រូវគេដឹងថារវល់នឹងការងារមុខជំនួញ និងដឹកនាំថតMV សឹងមិនមានពេលសម្រាក ប៉ុន្តែបែរជាបានបង្ហាញមុខក្រឡឺមឈរចែកទឹកសុទ្ធដោយផ្ទាល់ នៅមុខមណ្ឌលប្រលងក្នុងខេត្តបាត់ដំបង ដោយលោកឈរចែករហូតដល់អស់ទឹកសុទ្ធរាប់រយយួរដែលបានបម្រុងទុក។ យ៉ាងណាមិញ មិនទាន់ដឹងថាអ្វីដែលជំរុញឱ្យលោកសម្រេចចិត្តធ្វើសកម្មភាពមួយនេះ យ៉ាងលំបាកដល់ម្លឹងនោះទេ ប៉ុន្តែយោងតាមអ្វីដែលលោកបង្ហោះគឺដើម្បីចូលរួមលើកទឹកចិត្តដល់បេក្ខជនបេក្ខនារីដែលបានចូលរួមប្រលងថ្នាក់បាក់ឌុប ឱ្យកាន់តែមានកម្លាំងចិត្ត៕

  • តើមូលហេតុអ្វីខ្លះដែលធ្វើឱ្យបុគ្គលិកខ្លាំងៗមួយចំនួន ​ចេញរកស៊ី​ខ្លួនឯងមិនជោគជ័យ?

    តើមូលហេតុអ្វីខ្លះដែលធ្វើឱ្យបុគ្គលិកខ្លាំងៗមួយចំនួន ​ចេញរកស៊ី​ខ្លួនឯងមិនជោគជ័យ?

    មនុស្សជាច្រើនមានចម្ងល់ថា ហេតុអ្វីបានជាមនុស្ស​ពូកែៗដែលគេធ្លាប់មើលឃើញ​ថាជាអ្នកដឹកនាំក្រុមហ៊ុនស្តង់ដារធំៗ ឬ​ជាអ្នកពូកែផ្នែកលក់​ដែលជួយអាជីវកម្មធំៗឱ្យទទួល​បានជោគជ័យ​ តែបែរជាបរាជ័យក្នុងជំនួញផ្ទាល់ខ្លួននៅពេលពួកគាត់ចេញទៅធ្វើអាជីវកម្មទៅវិញ?។

    ស្ថាបនិក ​និង​ជា​អគ្គនាយក​​ក្រុមហ៊ុន​ Mekong Properties​ លោក​ ថាច ​ចាន់នី ​បានលើកឡើងថា មនុស្សពូកែភាគច្រើនដែល​ធ្វើការឱ្យគេ និងអាចធ្វើឱ្យក្រុមហ៊ុន​ធំៗដំណើរការបានល្អដោយសារការរួមចំណែករបស់ខ្លួនខណៈបុគ្គលិកខ្លះបានវិវឌ្ឍខ្លួនរហូតក្លាយជា​ប្រធានផ្នែកលក់ និងជាបុគ្គលសំខាន់ៗក្នុងកម្រិតអ្នកគ្រប់គ្រង​ តែពេលបើកអាជីវកម្មផ្ទាល់ខ្លួនបែរជាបរាជ័យនោះ គឺដោយសារតែបរិយាកាសនៃអាជីវកម្ម។ លោកថា អ្នកចេញរកស៊ីដំណាលគ្នាជាមួយលោកមួយ-ចំនួនធំបានក្ស័យធន ហើយមានមនុស្សតិចតួចប៉ុណ្ណោះដែលអាចឈរជើងបាន​ក្នុងពិភពអាជីវកម្មជាក់ស្តែង ដែលអ្នកទាំងអស់នោះសុទ្ធតែមាន សមត្ថភាពខ្លាំងៗ។ អ្នកដែលមិនអាចទៅមុខបានភាគច្រើនជាមនុស្ស ដែលមានអំនួត​លើសមត្ថភាព តែមិនមានបទពិសោធក្នុងអាជីវកម្មពិត។

    លោក​ ថាច ​ចាន់នី ស្ថាបនិក ​និង​ជា​អគ្គនាយក​​ក្រុមហ៊ុន​ Mekong Properties​

    លោក ថាច ចាន់នី បាននិយាយថា៖ “មានអ្នកខ្លះ​កាន់តំណែងជា Sale director ហើយ​គាត់ស្គាល់បុគ្គលសំខាន់ៗច្រើន បន្ទាប់មក​ក៏ចេញរកស៊ី តែបានដួលទៅវិញក្នុងរយៈពេលមួយ។ បញ្ហាគឺត្រង់​គាត់​គិតថា ​មុខតំណែងរបស់គាត់សំខាន់ គាត់ចេះពីការងារដែលគាត់កំពុងធ្វើអស់ហើយ​ និងអាច​រកស៊ីបានហើយ តែគាត់ភ្លេចគិតថា ​នៅពីក្រោយភាពជោគជ័យនៃអាជីវកម្មមួយ គេត្រូវការ​ការចូលរួមពីផ្នែកជាច្រើនផ្សេងទៀត”។

    សហគ្រិនដដែលបានលើកឡើងផងដែរថា អ្នកធ្វើការងារ គឺជាអ្នកកសាងបណ្តាញ និងមានសមត្ថភាពខ្ពស់ក្នុងពិភពការងារ ដែលមានអ្នកខ្លះ​បានចាក់ឫសកែវយ៉ាងជ្រៅជាយូរឆ្នាំ រហូតទទួលបានផ្លែផ្កាល្អ។ ក្រោយពេលគាត់ចេញទៅបើកអាជីវកម្មខ្លួនឯង គឺហាក់បីដូចជាគាស់ដើមឈើមួយដែលមានផ្លែផ្កានោះទៅដាក់ដាំនៅទីកន្លែងថ្មី ដែលមានបរិយាកាសថ្មីមួយផ្សេង​ដែលមិនប្រាកដថា តើដើមឈើនោះអាចទប់ទល់នឹងជីវជាតិដីថ្មីនោះបានកម្រិតណា ហើយអាចបន្តរស់ ឬងាប់នៅរយៈពេលណាមួយឡើយ។ កត្តានេះអាចធ្វើឱ្យគាត់ត្រូវចំណាយពេលវេលាច្រើន ដើម្បីសិក្សាពីបញ្ហាប្រឈមថ្មីៗជាច្រើនផ្សេងទៀតនៅក្នុងអាជីវកម្ម​ ដើម្បីបន្តអភិវឌ្ឍ​ឱ្យខ្លាំងបំផុតតាមដែលអាចធ្វើទៅបាន បើមិនដូច្នោះទេគាត់នឹងដួលវិញក្នុងពេលណាមួយ​នៃដំណើរអាជីវកម្មនោះ។ ជាដំណោះស្រាយ​ អ្នក​រកស៊ី​គួរបើកចិត្តឱ្យទូលាយ​សិក្សាឱ្យសព្វជ្រុងជ្រោយដោយកុំមោទនភាពខ្លាំងពេក ដើម្បីស្វែងរកបទពិសោធជាក់ស្តែងដែលអាចជួយគាត់ឱ្យ​​រកឃើញវិធីល្អៗជាច្រើន ដែលសមនឹងអាជីវកម្មរបស់គាត់យកទៅអភិវឌ្ឍ ឬដោះស្រាយបញ្ហា​ប្រឈមនានា។

    ងាកមកឧកញ៉ាវ័យក្មេង ចិត្រ សិរីសុភ័ក្ត្រ ដែល​ជា​ម្ចាស់​ក្រុមហ៊ុន Luxury Smile & MONSNE​ កាហ្វេ បានលើកឡើងថា ​ការធ្វើអាជីវកម្ម​ជោគជ័យចាំបាច់ត្រូវមានភាពបត់បែន និង​ចេះគ្រប់គ្រងបុគ្គលិកឱ្យបានល្អ បើមិនដូច្នេះទេ​យើងអាចនឹងខាតបង់បានគ្រប់ពេល។ បុគ្គលិកជាទ្រព្យសម្បត្តិសំខាន់សម្រាប់ក្រុមហ៊ុន ហើយដើម្បីដឹកនាំបុគ្គលិកឱ្យបានល្អ លុះត្រាតែអ្នកដឹកនាំចេះ​យកបេះដូងបុគ្គលិកឱ្យបាន។ ទោះជាយ៉ាងនេះក្តី​ ការយកបេះដូងបុគ្គលិកមកបាន មិនមែនជារឿងងាយនោះទេ វាទាមទារឱ្យមានការពន្យល់ណែនាំ និង​លើកទឹកចិត្តច្រើនបំផុត ដើម្បីឱ្យបុគ្គលិក​បើកចិត្តទទួលយកក្តីស្រឡាញ់ពីអ្នកគ្រប់គ្រង។ ប្រសិនបើអ្នកគ្រប់គ្រងព្យាយាមបង្ហាញក្តីស្រឡាញ់ទៅ​ថ្នាក់ក្រោម តែបុគ្គលិក​មិនបើកចិត្តដើម្បី​ទទួល​យកក្តីស្រឡាញ់នោះ យើងនៅតែមិនអាចធ្វើការងារបានល្អជាមួយគ្នាដដែល ហើយ​អាជីវកម្ម​អាចប្រឈមបញ្ហាច្រើន ព្រោះ​មានរឿងជាច្រើនដែលមិនយល់ពីគ្នាដែលមិនអាចធ្វើឱ្យសេវាកម្មមានគុណភាពល្អបាន។

    លោកឧកញ៉ា ចិត្រ សិរីសុភ័ក្ត្រ

    លោកឧកញ៉ា ចិត្រ សិរីសុភ័ក្រ្ត បាននិយាយថា៖ “ដើម្បីដឹកនាំការងារបានល្អ លុះត្រាតែយើង​ចេះសម្របខ្លួនជាមួយនឹងបរិយាកាស​នៃ​ការងារជាមួយគាត់បានល្អ ហើយ​យល់ច្បាស់ពីតម្រូវការជាក់ស្តែងរបស់សមាជិកផ្ទាល់ក្នុងក្រុមហ៊ុនមិនមែនអនុវត្តតែតាមទ្រឹស្តី​ដែលធ្លាប់ដឹងពីខាងក្រៅមកនោះទេ”។

    លោកឧកញ៉ា ចិត្រ សិរីសុភ័ក្ត្រ បានលើកឡើងផងដែរថា ​លោកធ្លាប់សិក្សានៅសហរដ្ឋអាមេរិកតែចំណេះដឹងទាំងអស់នោះ ពេលខ្លះមិនអាចប្រើប្រាស់បាននៅកម្ពុជាទាំងស្រុងនោះទេសម្រាប់ការគ្រប់គ្រងបុគ្គលិក និងអាជីវកម្ម​។ ដើម្បីអនុវត្តការដឹកនាំអាជីវកម្មបានល្អលុះត្រាតែ​សិក្សាបន្ថែមពី​តម្រូវការរបស់​ប្រជាជនខ្មែរ វប្បធម៌នៃការធ្វើការងារ និង​រៀបចំ​វិធីសាស្ត្រជាច្រើនផ្សេងទៀត​ដើម្បី​ជំរុញទឹកចិត្ត​ និងឆន្ទៈរបស់ពួកគាត់ឱ្យបានច្រើន ទើបអាច​ឱ្យការងារអនុវត្តបានទៅដោយរលូន និងឈរជើងបានយូរ។ លោកថា មនុស្សម្នាក់ៗមិនដូចគ្នាទេ ហេតុនេះ​ទាល់តែ​ព្យាយាមឱ្យបានច្រើនពីការដឹកនាំខាងក្នុងខ្លួនឯងរបស់អ្នកដឹកនាំផង និងចិត្តសាស្ត្ររបស់បុគ្គលិកឱ្យល្អផងទើបអាច​ដំណើរការអាជីវកម្មបានល្អ៕

  • ដាំ​ដើម​ប៉ា​ស្យុ​ង​លើដី1ហិកតា ប្រមូល​ផល​ក្នុង1ថ្ងៃ​បាន150 – 200Kg

    ដាំ​ដើម​ប៉ា​ស្យុ​ង​លើដី1ហិកតា ប្រមូល​ផល​ក្នុង1ថ្ងៃ​បាន150 – 200Kg

    ក្រូច​វ​ល្លិ៍ ឬ​ភាសា​ដែល​គេ​និយម​ហៅថា ផ្លែ​ប៉ា​ស្យុ​ង(Passion) មាន​ដើមកំណើត​នៅ​ទ្វីបអឺរ៉ុប​ដែល​ហូរ​ចូលមក​ដល់​ប្រទេស​កម្ពុជា​កាលពី​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ បាន និង​កំពុងមាន​ការគាំទ្រ​ខ្លាំង​ពី​អតិថិជន​នៅលើ​ទីផ្សារ​កម្ពុជា ដោយសារ​វា​មាន​អត្ថប្រយោជន៍​ខ្លាំង​ចំពោះ​សុខភាព ពិសេស​ជា​អាហារ​ផ្តល់​ថាមពល​ដល់​មនុស្សភ្លាមៗក្រោយពេល​ទទួលទាន​រួច។

    អ្នកស្រី ឃឹម រ៉ា​ឌី ជា​ម្ចាស់​កសិដ្ឋាន​ដាំ​ដើមប៉ាស្យុង់ដ៏​ធំ​មួយ​ឈ្មោះថា (Happy Dragon Farm) ឬ​កសិដ្ឋាន​នាគ​សប្បាយ នៅក្នុង​ភូមិ​ត្បែង ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​បាន​មានប្រសាសន៍​ក្នុង​ទឹកមុខ​រីករាយ​ថា តាមពិតទៅ​គ្រួសារ​លោកស្រី​ភាគច្រើន​រៀន​ជំនាញ​សុខាភិបាល “វិជ្ជាពេទ្យ‟ តែ​ដោយ​យល់ឃើញ​ពី​អត្ថប្រយោជន៍​នៃ​បន្លែ​ផ្លែឈើ​ចំពោះ​សុខភាព​ទើប​ពួកគាត់​ខិតខំ​ឆ្លៀតពេល​រៀបចំ​កសិដ្ឋាន​ដាំ​ដំណាំ​ហូប​ផ្លែ​តាមរបៀប​ធម្មជាតិ​នេះ​ឡើង ដោយ​ដំបូង​ឡើយ​គ្រាន់តែ​ជា​កសិដ្ឋាន​តូច​មួយ​ទុក​សម្រាប់​ទទួលទាន​ជា​លក្ខណៈ​គ្រួសារ​ប៉ុណ្ណោះ ប៉ុន្តែ​ដោយសារ​មាន​តម្រូវការ​ទីផ្សារ មិនថាតែ​ប្រជាជន​ខ្មែរ ឬ​ជន​បរ​ទសដែល​កំពុង​រស់នៅ​ប្រទេស​កម្ពុជា​នោះទេ ពួកគេ​បាននាំគ្នា​មក​កុម្ម៉ង់​ទិញ​កាន់តែច្រើនឡើងៗ ទើប​ធ្វើឱ្យ​គ្រួសារ​គាត់​ព​ង្រី​កកសិ​ដ្ឋា​ន​ឱ្យ​កាន់តែ​ធំឡើងៗសម្រាប់​ដាំ​ផ្លែឈើ​ប្រភេទ​នេះ​នៅលើ​ដី​រាប់សិប​ហិកតា​នៅ​ខេត្តសៀមរាប​ចាប់តាំងពី​ឆ្នាំ2013មក​តែម្ដង។

    អ្នកស្រី ឃឹម រ៉ា​ឌី ម្ចាស់​កសិដ្ឋាន Happy Dragon Farm

    ទឹកមុខ​ពោរពេញ​ដោយ​ក្តីសង្ឃឹម អ្នកស្រី ឃឹម រ៉ា​ឌី​បន្តថា កន្លងមក​អ្នកស្រី​ដាំ​តែ​ប្រភេទ​ផ្លែឈើ​ក្នុងស្រុក ដែលមាន​ដូចជា ផ្លែ​ស្រការ​នាគ ឬ​ផ្លែ​ល្មុត ​សេដា​ប៉ុណ្ណោះ ប៉ុន្តែ​បន្ទាប់ពី​បាន​ទៅ​ទស្សនកិច្ច​សិក្សា និង​បាន​ចូលរៀន​បច្ចេកទេស​វគ្គ​ខ្លី​ផ្នែក​ដាំ​ដុះ​នៅ​សហរដ្ឋអាមេរិក​ក្នុង​រយៈពេល​ខ្លី​រួចមក គ្រួសារ​របស់​អ្នកស្រី​ក៏​ចាប់ផ្តើម​ដាំ​ដើមឈើ​ប្រភេទ​នេះ បន្ថែម​លើ​ដំណាំ​ហូប​ផ្លែ​ដទៃទៀត ដោយ​ធ្វើ​ពិសោធ​សាកល្បង​ដាំ​ដុះ​ជា​លើកដំបូង។ ប៉ុន្តែ​ក្រោយពី​ដាំ​បាន​រយៈពេល​ប្រមាណ​ជា 3ទៅ4ខែ ដោយបាន​ដាក់​ទ្រើង​ឱ្យ​វា​វារ​តោង​ឡើង​តាម​លក្ខណៈ​បច្ចេកទេស​ដូច​ផ្លែឈើ​មួយចំនួនទៀត​មក ផ្លែឈើ​នេះ​ក៏​ចាប់​ផ្តើមចេញ​ផ្កា-ផ្លែ និង​ឱ្យ​ផល​បន្តិចម្តងៗ ហើយ​មិនយូរប៉ុន្មាន​ផង យើង​អាច​ប្រមូល​ផល​បាន​ក្នុង1ហិកតា ក្នុង1ថ្ងៃ ចាប់ពី150 រហូតដល់ 200គីឡូក្រាម​ក៏មាន។

    អ្នកស្រី​បន្តថា ចំពោះ​បច្ចេកទេស​ដាំ​ដុះ​ឱ្យ​ទទួលបាន​ផល​ច្រើន ការដាំដុះ​ត្រូវការ​ការថែទាំ​ជាខ្លាំង ដោយ​យើង​ត្រូវ​ដកស្មៅ ជ្រំដី ដាក់​ជី ប៉ុន្តែ​ដើម្បី​អត្ថ​ប្រ​យោ​ជ​ន៏​សុខភាព​សម្រាប់​មនុស្ស គេ​មិនត្រូវ​ប្រើ​ជីគីមី​ឡើយ។ បន្ទាប់មក​ត្រូវ​ចេះ​ថែទាំ កាត់​មែកចាស់ៗចោល ទុកឱ្យ​មែក​ថ្មី​លាស់​ឡើង​បន្ត ទើប​វា​មាន​ផ្លែ-ផ្កា​បន្តទៀត។ បើ​យើង​ចេះ​ថែទាំ​បានល្អ ចេះ​បង្កាត់​ពូជ​ញី​ពូជ​ឈ្មោល​នោះ ផ្លែឈើ​នេះ​អាច​ផ្តល់​ផល​បាន​ច្រើន ហើយ​អាចរ​ស់បាន​រយៈពេល​យូរ​ឆ្នាំ​ដូច​ផ្លែឈើ​ដទៃទៀត​ដែរ។

    បន្ទាប់ពី​ប៉ា​ស្យុ​ង​ឱ្យ​ផល ផ្លែឈើ​ប្រភេទ​នេះ​ត្រូវបាន​អតិថិជន​មក​ទទួល​ទិញ​ដល់​កសិដ្ឋាន​នៅក្នុង​ខេត្តសៀមរាប​នោះ​តែម្តង ហើយ​បាន​នាំយកមក​លក់​នៅ​ផ្សារ​កសិដ្ឋាន​ធម្មជាតិ​នាគ​សប្បាយ(Happy Dragon Farm) នៅ​ផ្លូវ​លេខ63 សង្កាត់​បឹង​កេងកង ​ក្រុងភ្នំពេញ ដែលមាន​អតិថិជន​មក​ទិញ​យកទៅលក់​បន្ត និង​លក់​ឱ្យ​អតិថិជន​មួយចំនួនទៀត។ ពួកគាត់​ទទួល​ទិញ​ជាប្រចាំ​សម្រាប់​ហូប​ជា​លក្ខណៈ​គ្រួសារ​ជា​រៀងរាល់ថ្ងៃ ដែល​អតិថិជន​ទាំងនោះ​យល់ថា វា​មាន​អត្ថ​ប្រ​យោ​ជ​ន៏​ចំពោះ​សុខភាព​ជាខ្លាំង។

    ផ្លែប៉ាស្យុងដែលដាក់លក់

    បើតាម​ការស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​បានឱ្យដឹងថា ផ្លែ​នេះ​វា​មាន​អត្ថប្រយោជន៍​សម្រាប់​មនុ​ស្ស​ចាស់​ដែលមាន​រាងកាយ និង​កោសិកា​ចុះ​ទន់ខ្សោយអាច​ទទួលទាន​ផ្លែឈើ​នេះ​ជាប្រចាំ​ក្នុង1ថ្ងៃ1-2ផ្លែវា​អាចជួយ​បង្កើន​កម្លាំង​ថាមពល​ឱ្យ​ល្អ​ប្រសើរឡើង ហើយ​អ្នក​ដែល​ស​ម្រា​ន​មិនសូវ​លក់ ពេល​ពិសា​រួចហើយ និង​មាន​អារ​រ​ម្មណ៍​ល្អ​ប្រសើរឡើង​បន្តិចម្តងៗ លើសពីនេះ​ទៀត វា​ថែមទាំង​មាន​សមត្ថភាព​ក្នុងការ​ការពារ​ជំងឺ​ផ្តាសាយ បង្កើន​ការចងចាំ និងជួយ​កាត់បន្ថយ​ចង្កោម​រោគសញ្ញា​ហឺត​បាន​មួយកម្រិត​ទៀតផង។

    អ្នកស្រី ឃឹម រ៉ា​ឌី បញ្ជាក់ថា បច្ចុប្បន្ន​ផ្លែ​ប៉ា​ស្យុ​ង​របស់​គ្រួសារ​អ្នកស្រី មិនត្រូវ​បានដាក់​លក់​នៅលើ​ទីផ្សារ​ក្នុងស្រុក ឬ​ទីផ្សារ​ទំនើប​ឡើយ ដោយសារតែ​ផ្គត់-ផ្គង់​មិន​គ្រប់ ដោយ​បច្ចុប្បន្ន​មាន​ដាក់លក់​តែ​នៅកសិ​ដ្ឋា​ន​នាគ​សប្បាយ​ប៉ុណ្ណោះ និង​អាច​ផ្គត់ផ្គង់​ផ្លែ​ប៉ា​ស្យុ​ងសម្រាប់​ម៉ូយ​ប្រចាំ​ក្នុង1គីឡូក្រាម​តម្លៃ 3-4ដុល្លារ អាស្រ័យ​ទៅតាម​ការ​ប្រមូលបាន​តិច ឬច្រើន៕

  • ខណ្ឌ​ណាខ្លះ​ដែល​ដី​មានតម្លៃ​ថ្លៃ​ជាងគេ​ក្នុង​រាជធានី​ភ្នំពេញ?

    ខណ្ឌ​ណាខ្លះ​ដែល​ដី​មានតម្លៃ​ថ្លៃ​ជាងគេ​ក្នុង​រាជធានី​ភ្នំពេញ?

    បច្ចុប្បន្ន​គេ​សង្កេតឃើញថា សំណង់​លំនៅឋាន និង​អគារខ្ពស់ៗបាន​កើនឡើង​យ៉ាងខ្លាំង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ដែល​ធ្វើឱ្យ​តម្លៃ​ដីធ្លី​មានការ​កើនឡើង​ខ្ពស់កប់ពពក​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។

    យោងតាម​របាយការណ៍​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន Key Real Estate បាន​បង្ហាញថា នៅ​ឆមាស​ទី1 ឆ្នាំ2018នេះ ដីធ្លី​នៅក្នុង​ខណ្ឌ​ចំនួន3 ដែលមាន​តម្លៃ​ដី​ខ្ពស់​ជាងគេ​ក្នុង​រាជធានី​ភ្នំពេញ​មានដូចជា1.ខណ្ឌដូនពេញ ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដែល​ដី​មានតម្លៃ​ថ្លៃ​បំផុត ដោយ​ដី​លំនៅឋាន​ត្រូវបាន​លក់​ក្នុងតម្លៃ 3,500ដុល្លារ​ក្នុង​ម៉ែត្រការ៉េ និង​ដី​សម្រាប់ធ្វើ​ពាណិជ្ជកម្ម​មានតម្លៃ​ជា​មធ្យម​គឺ 6,100ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។ ក្នុងនោះ​សង្កាត់​ផ្សារ​ថ្មី1 ផ្សារ​ថ្មី2 និង​ផ្សារ​ថ្មី3 ក្នុង​ខណ្ឌដូនពេញ​ដែលជា​ដី​ពាណិជ្ជកម្ម​មានតម្លៃ​ថ្លៃ​បំផុត​ដែល​អាច​លក់បាន​ដល់​ទៅ 9,000ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ រីឯ​ដី​លំនៅឋាន​ក្នុង​សង្កាត់​ផ្សារ​ចាស់​វិញ​មានតម្លៃ 4,000ដុល្លារ​ក្នុង​ម៉ែត្រការ៉េ។

    លោក សន សៀ​ប ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Key Real Estate បាន​ពន្យល់ថា ហេតុផល​សំខាន់បំផុត​ដែលនាំឱ្យ​ដី​ក្នុង​ខណ្ឌ​នេះ​មានតម្លៃ​ថ្លៃ​ជាងគេ​នោះ គឺ​ទីផ្សារ​អចលនទ្រព្យ​ដែលមាន​ភាពចាស់ទុំ វា​ជា​តំបន់​អភិវឌ្ឍន៍​ដែល​ចាស់​ជាងគេ ហើយ​មាន​ទីផ្សារធំៗ និង​គោលដៅ​ទេសចរណ៍​ដ៏​ពេញនិយម ដូចជា​ព្រះបរមរាជវាំង និង​តំបន់​មាត់ទន្លេ​ផងដែរ​នៅក្នុង​តំបន់​នោះ។

    លោក សន សៀ​ប ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Key Real Estate

    បន្ទាប់ពី​ខណ្ឌដូនពេញ គឺ​ខណ្ឌ7មករា ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយទៀត​ដែល​ដី​មានតម្លៃ​ថ្លៃ​បំផុត​លំដាប់​លេខ2 នៅ​រាជធានី​ភ្នំពេញ គឺ​ដី​សម្រាប់​សង់​លំនៅឋាន​ក្នុង​តំបន់​នេះ​ត្រូវបាន​លក់​ក្នុងតម្លៃ 3,300ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ខណៈពេលដែល​ដី​ពាណិជ្ជកម្ម​មានតម្លៃ 5,400ដុល្លារ​ក្នុង​ម៉ែត្រការ៉េ។ តំបន់​ដែល​ដី​មានតម្លៃ​ថ្លៃ​ជាងគេ​នៅក្នុង​ខណ្ឌ​មួយ​នេះ មានដូចជា​សង្កាត់​អូរឫស្សី1,2,3 និង4 គឺជា​ដី​ពាណិជ្ជកម្ម​ដែលមាន​តម្លៃ 6,000ដុល្លារ​ក្នុង 1ម៉ែត្រការ៉េ និង​សង្កាត់​បឹង​ព្រលិត ដី​មានតម្លៃ​ប្រមាណ​ជា4,000ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។

    បន្ទាប់ពី​ខណ្ឌ​ទាំង2 ខាងលើ ខណ្ឌចំការមន​​ជាប់​ចំណាត់ថ្នាក់​លេខ3 ជា​ខណ្ឌ​ដែល​ដី​មានតម្លៃថ្លៃ​មធ្យម​គឺ 3,000ដុល្លារ​ក្នុង1ម៉ែត្រការ៉េ​សម្រាប់​ដី​លំនៅឋាន និង​ដី​ពាណិជ្ជកម្ម​មានតម្លៃ 5,100ដុល្លារ​ក្នុង1ម៉ែត្រការ៉េ។

    លោក ហ៊ឹម សីហា នាយក​ផ្នែក​ស្រាវជ្រាវ​អចលនទ្រព្យ​នៃ​ក្រុមហ៊ុន VTrust Appraisal មានប្រសាសន៍ថា ចំណែកឯ​ដី​ដែល​នៅមាន​តម្លៃ​ទាប​នៅឡើយ គឺជា​ដី​ដែល​នៅជាយៗក្រុង មានដូចជា​ដី​នៅ​ខណ្ឌ​ព្រែក​ព្នៅខណ្ឌ​សែន​សុខ ខណ្ឌដង្កោ ខណ្ឌ​ពោធិ៍​សែនជ័យ និង​ខណ្ឌមានជ័យ ជាទី​តាំង​ជាយក្រុង​ព័ទ្ធជុំវិញ​រាជធានី​ភ្នំពេញ​ដែល​កន្លែង​ខ្លះ​ដី​មានតម្លៃ​ក្រោម 100ដុល្លារ និង​ខ្លះទៀត​ត្រឹមតែ 20-30ដុល្លារ​ក្នុង​ម៉ែត្រការ៉េ​ក៏មាន។ លោក​ថា ដី​ដែលមាន​តម្លៃ​ចន្លោះ​ពី 20-30ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​នេះ ជា​ប្រភេទ​ដីស្រែប្រាំង​ដែល​នៅ​មិនទាន់មាន​សំណង់ផ្ទះ​ល្វែង​ទៅដល់ ពោលគឺ​ជា​ដី​ដែលមាន​ពលរដ្ឋ​ជា​ម្ចាស់​ស្រុក​រស់នៅ​តកូនតចៅ​បន្ត​គ្នា​រហូតមកទល់​បច្ចុប្បន្ន។

    លោក ហ៊ឹម សីហា នាយក​ផ្នែក​ស្រាវជ្រាវ​អចលនទ្រព្យ​នៃ​ក្រុមហ៊ុន VTrust Appraisal

    យ៉ាងណាក៏ដោយ ដី​នៅ​តំបន់​ជាយក្រុង​តាម​បណ្តោយ​ក្រវាត់ក្រុង​ទី3 ចាប់ពី​ស្ពាន​ព្រែក​ព្នៅ​ឆ្លងកាត់​តាម​ភ្នំ​ប្រសិទ្ធិ៍ កាត់​លើផ្លូវ​លេខ51ឆ្ពោះ​មក​ខេត្តកណ្តាល ហើយ​បញ្ចប់​នៅត្រឹម​កំពង់ផែ​ស្រុក​កៀនស្វាយ​ជិត​ផ្លូវជាតិ​លេខ1 កំពុងមាន​សម្ទុះ​កើនឡើង​ខ្លាំង ដោយសារ​គម្រោង​វិនិយោគ​សំណង់ផ្សេងៗបាន​ទៅ​បោះ​ទីតាំងនៅ​ទីនោះ ដែល​ធ្វើឱ្យ​តម្លៃ​ដី​បាន និង​កំពុង​ឡើងថ្លៃ​ខ្លាំង​ដែរ ចន្លោះ​ពី 100ដុល្លារ​ទៅដល់ 200ដុល្លារ ហើយ​សម្រាប់​ដី​ជាយក្រុង​ដែលមាន​សក្តានុពល​ខ្លាំង​ផ្នែក​ពាណិជ្ជកម្ម អាច​ឡើងថ្លៃ​ជិត​ដល់ 300ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។

    លោក ហ៊ឹម សីហា បាន​បញ្ជាក់ថា ដោយសារ​និន្នាការ​តម្លៃ​ដី​ចេះតែ​កើនឡើង​ដូច្នេះ បានធ្វើឱ្យ​ទីប្រជុំជន​នៅ​តំបន់​ជាយក្រុង​មួយចំនួន ដូចជា​តំបន់​ជ្រោយចង្វារ​ដែល​ស្ថិត​លើផ្លូវ​ជាតិ​លេខ​6A ដី​ក្នុង​ក្រុង​តាខ្មៅ​លើ​ចំណុច​ត​ភ្ជាប់​ពី​ភ្នំពេញ​ទៅ​ខេត្តកណ្តាល និង​ដី​ក្នុង​តំបន់​មួយចំនួនទៀត​នឹង​ក្លាយជា​អនុតំបន់​ក្រុងភ្នំពេញ​ដែលមាន​មនុស្ស​រស់នៅ​ច្រើន​ហើយ​នោះ​តម្លៃ​ដី​ក៏​កំពុង​កើនឡើង​ខ្លាំង មិន​ចាញ់​ដី​ក្នុង​ទីក្រុង​ភ្នំពេញ​ប៉ុន្មាន​ឡើយ។

    គួរ​បញ្ជាក់ថា តម្លៃ​ដីធ្លី​ដែល​អាច​ឡើង​ខ្ពស់ ឫ​ចុះទាប​នោះ គឺ​អាស្រ័យ​លើ​ទីតាំង និង​ចម្ងាយ​ផ្លូវ​ពី​រមណីយដ្ឋាន​វត្តភ្នំ​ដែលជា​ចំណុចកណ្ដាល​នៃ​រាជធានី​ភ្នំពេញ។ ឧទាហរណ៍​តាម​បណ្តោយ​ផ្លូវធំដី​ទំនេរ​ចម្ងាយ​ប្រមាណ5គីឡូម៉ែត្រ​ពី​វត្តភ្នំ អាចមាន​តម្លៃ 4500ដុល្លារ​ក្នុង​1​ម៉ែត្រការ៉េ ហើយ​ប្រសិនបើ​ចម្ងាយ​ប្រហែល25គីឡូម៉ែត្រ​ពី​ចំណុចកណ្តាល​រាជធានី​ភ្នំពេញ តម្លៃ​ដី​អាច​ត្រឹមតែ 10 ទៅ50ដុល្លារ​ប៉ុណ្ណោះ​ក្នុង 1ម៉ែត្រការ៉េ៕

  • កក្រើករោងភាពយន្ត ពេល ឱក​ សុគន្ធកញ្ញា ប៉ះកូនប្រុសទាំង2 របស់លោក ព្រាប សុវត្ថិ

    កក្រើករោងភាពយន្ត ពេល ឱក​ សុគន្ធកញ្ញា ប៉ះកូនប្រុសទាំង2 របស់លោក ព្រាប សុវត្ថិ

    កាលពីរាត្រីថ្ងៃម្សិលមិញ អ្នកគាំទ្រជាច្រើនបាននាំគ្នាសម្រុកមកកាន់រោងភាពយន្ដ Major Cineplex by Smart នៅទីតាំងសែនសុខ ដើម្បីរង់ចាំទស្សនាការសម្ដែងដ៏អស្ចារ្យមិនធ្លាប់មានពីមុនមក ពីសំណាក់កំពូលតារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស គឺកញ្ញា ឱក​ សុគន្ធកញ្ញា ដែលត្រូវមកប៉ះគ្នាជាលើកដំបូងលើឆាកតន្ត្រីក្នុងរោងភាពយន្តជាមួយកូនប្រុសទាំង2 របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ គឺលោក សុវត្ថិ មុន្នីវណ្ណ និង សុវត្ថិ សិរីវុឌ្ឍ  ដែលបង្កឱ្យអ្នកគាំទ្រពុះកញ្ជ្រោល ញាប់ញ័របេះដូង ស្រែកហ៊ោកញ្ច្រៀវស្ទើរតែបែករោងកុនទាំងមូល។

    ឱក​ សុគន្ធកញ្ញា បានប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា នាងជាអ្នកគាំទ្រម្នាក់របស់រោងភាពយន្តដ៏ធំ និងទំនើបមួយនេះ តែអ្វីដែលកាន់តែរំភើបទៅទៀតនោះគឺ បុគ្គលិកក្នុងរោងកុនទាំងមូលបានប្រាប់នាងថា «ខ្ញុំក៏ជាហ្វ៊ែនរបស់បងកញ្ញាដែរ!» ដូច្នេះទើបគ្រប់គ្នាពុំបានចាត់ទុកនាងជាអតិថិជននោះទេ តែបែរជាយកចិត្តទុកដាក់ និងស្នើសុំឱ្យធ្វើជាភ្ញៀវពិសេសវិញ ពោលគឺ ជាអាយដលក្នុងដួងចិត្តរបស់ពួកគេ។ ឱក​ សុគន្ធកញ្ញា បានប្រាប់ទៀតថា នាងចូលចិត្តមើលកុនណាស់ រាល់ពេលដែលមានកុនចេញមកថ្មី និងចាក់បញ្ចាំង នាងមិនដែលរំលងឡើយ សូម្បីតែរឿងតុក្កតាក៏ដោយ។ 

    កាន់តែពិសេសជាងនេះទៅទៀតនោះ តារាស្រីរូបនេះបានតុបតែងខ្លួនយ៉ាងប្លែកភ្នែក ដោយការបង្ហាញដើមទ្រូងដ៏មូលក្លំ ដែលធ្វើឱ្យមហាជនមើលនាងមិនដាក់ភ្នែកសោះ។ នៅក្នុងថ្ងៃសម្ពោធរោងកុនថ្មីសន្លាង និងមានផាសុកភាពមួយនេះ កំពូលតារាចម្រៀងស្រី ឱក​ សុគន្ធកញ្ញា និង លោក សុវត្ថិ មុន្នីវណ្ណ ព្រមទាំង សុវត្ថិ សិរីវុឌ្ឍ បានចូលរួមថតរូបជាមួយអ្នកគាំទ្រទាំងអស់ និងបង្កភាពស្និទ្ធស្នាលជាមួយអ្នកគាំទ្រយ៉ាងកក់ក្ដៅបំផុត រហូតដល់ម្នាក់ៗមិនចង់ត្រឡប់ទៅផ្ទះវិញឡើយ។ ចង់ដឹងថា តារាចម្រៀងទាំង3 មកពីទ្រនំរស្មីហង្សមាសបានបង្ហាញភាពអស្ចារ្យបែបណា សូមទស្សនារូបភាពទាំងអស់ខាងក្រោមនេះ ៖

  • លោក Hodgson រិះគន់​លើ​ការផ្តល់​បាល់​ប៉េ​ណា​ល់​ទី ក្រោយ Liverpool ផ្តួល Crystal Palace

    លោក Hodgson រិះគន់​លើ​ការផ្តល់​បាល់​ប៉េ​ណា​ល់​ទី ក្រោយ Liverpool ផ្តួល Crystal Palace

    លោក Roy Hodgson បាន​បញ្ជាក់ថា លោក «នឹងមិន​ទទួលយក» បាល់​ប៉េ​ណា​ល់​ទី ដែល​បានធ្វើឱ្យ​ក្រុម Liverpool ដណ្តើមបាន​ជ័យជម្នះ​នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម Crystal Palace កាលពី​ថ្ងៃ​ចន្ទ​ឡើយ។

    លោក​អាជ្ញាកណ្តាល Michael Oliver បាន​ចង្អុល​ទៅ​ចំណុច​ពិន័យ 11ម៉ែត្រ នៅ​ជិត​បញ្ចប់​តង់​ទី១ ក្រោយពី​បាន​កាត់សេចក្តី​ថា ខ្សែការពារ Mamadou Sakho របស់​ក្រុម Crystal Palace បាន​ប្រព្រឹត្ត​កំហុស​ទៅលើ​តារា​ឆ្នើម Mohamed Salah របស់​ក្រុម​ភ្ញៀវ។

    រូបភាព​វីដេអូ​ផ្សាយ​ឡើងវិញ បានបង្ហាញ​ពី​ការប៉ះទង្គិច​គ្នា​រវាង​កីឡាករ​ទាំង2 នៅ​មុនពេល​ខ្សែបម្រើ​ស្លាប​អន្តរជាតិ​អេ​ហ្ស៊ី​ប Salah ដួល ដែលនាំឱ្យ​ខ្សែបម្រើ James Milner ស៊ុត​បាល់​បំប៉ោង​សំណាញ់​ទី​យ៉ាង​ល្អ​ក្នុងពេល​ក្រុម​ខ្លួន​ទទួល​ជ័យជម្នះ 2-០ នា​កីឡដ្ឋាន Selhurst Park កាលពី​ថ្ងៃ​ចន្ទ។

    ប៉ុន្តែ ទោះបីជា​យ៉ាងណា Salah ត្រូវបាន​ចោទប្រកាន់ថា ធ្វើ​ពុត​ជា​ដួល​ក្នុង​ប្រអប់​គ្រោះថ្នាក់ នៅ​ចុង​តង់​ទី1។ លោក Gary Neville អតីត​ខ្សែការពារ​របស់​ក្លិប Manchester United និង​កំពុងតែធ្វើការ​ឱ្យ​ទូរទស្សន៍ Sky Sports បាន​អះអាងថា វា​ជាការ​ធ្វើ​ពុត​ជា​ដួល​យ៉ាងពិត​ប្រាកដ ដោយបាន​និយាយថា៖ «មនុស្ស​ជាច្រើន​នឹងមិន​ចូលចិត្ត​លើ​ករណី​នេះឡើយ។ ប្រសិនបើ​វា​ប្រឆាំងនឹង​អ្នក អ្នកនឹង​គិតថា វា​ជា​រឿង​ធម្មតា។ វា​ជាការ​ដួល​ហួស​ពី​ការពិត ដែល​យើង​បានឃើញ​កីឡាករ​ជាច្រើន​ធ្លាប់​បានធ្វើ»។

    ដើម្បី​បន្ថែម​ទៅលើ​ភាព​សោកសៅ​របស់​ក្រុម Crystal Palace កីឡាករ Aaron Wan-Bissaka ត្រូវ​បានផ្តល់​ការពិន័យ​កាត​ក្រហម​បណ្តេញចេញ​ក្នុង​តង់​ទី2 សម្រាប់​ការ​ទាញ​ឱ្យ Salah ដួល ខណៈដែល​រូបគេ​កំពុងតែ​បណ្តើ​របាល់​ដាច់​តែឯង។

    លោក Hodgson គ្រូបង្វឹក​របស់ Crystal Palace បានឱ្យដឹងថា៖ «វា​ជា​មិនមែនជា​បាល់​ប៉េ​ណា​ល់​ទី​ឡើយ… ខ្ញុំ​បាន​ស្ថិតនៅ​ជាមួយនឹង​កីឡាបាល់ទាត់​ជា​យូរ​មកហើយ។ ប្រសិនបើ​វា​ជា​បាល់​ប៉េ​ណា​ល់​ទី ការប្រកួត​នោះ​មាន​លក្ខណៈ​ខុសពី​គេ​ហើយ»៕

    ប្រភពពី៖ Liverpool Echo

  • អស្ចារ្យ!! សោភា ទេពី បញ្ចេញសមត្ថភាពថ្មីធ្វើឱ្យមហាជនចំហមាត់គ្រប់គ្នា

    អស្ចារ្យ!! សោភា ទេពី បញ្ចេញសមត្ថភាពថ្មីធ្វើឱ្យមហាជនចំហមាត់គ្រប់គ្នា

    ថ្មីៗនេះគេសម្គាល់ឃើញ អតីតបេក្ខនារីលេចធ្លោក្នុងកម្មវិធី Cambodian Idol រដូវកាលទី3 កញ្ញា សោភា ទេពី ហាក់បីដូចជាបោះជំហាននៅក្នុងវិថីសិល្បៈកាន់តែវែងឆ្ងាយទៅហើយ ពោលគឺនាងកំពុងតែមានសម្ទុះទីផ្សារសិល្បៈខ្លាំងជាងតារារួមជំនាន់ និងអតីតមិត្តរួមការប្រឡងក្នុងកម្មវិធីកំពូលនោះជាមួយគ្នា។ តារាស្រីរូបនេះបានព្យាយាមរិះរកអ្វីដែលថ្មីប្លែកសម្រាប់ចាប់យកអារម្មណ៍មហាជនឱ្យកាន់តែស្គាល់រូបនាងខ្លាំងឡើងៗ ទាំងការតុបតែងខ្លួន និងប្ដូរស្តាយល៍ច្រៀងបែបយុវវ័យ ជាពិសេស គឺស្តាយល៍រ៉េប ដែលនាងមិនធ្លាប់បានបង្ហាញពីមុនមក។

    ភាពភ្ញាក់ផ្អើលដែលអ្នកគាំទ្រកំពុងបានឃើញក្នុងបណ្ដាញសង្គមហ្វេសប៊ុក និងយូធូបនោះ គឺបទចម្រៀង «I Know Who I Am» ដែលជាស្តាយល៍រ៉េបដ៏ថ្មីសន្លាងរបស់នាង ដែលធ្វើឱ្យមហាជនមិននឹកសរសើរពីស្តាយល៍បញ្ចេញតុងសំឡេងច្រៀងជាភាសាអង់គ្លេស ចំពោះទឹកដមសំឡេង និងបច្ចេកទេសរ៉េបរបស់នាងក្នុងបទចម្រៀងទាំងមូលមិនបាន។ តាមរយៈបទចម្រៀងប្លែកត្រចៀកមួយនេះ សោភា ទេពី ទទួលបានការចាប់អារម្មណ៍មិនធម្មតាឡើយ ដោយសារតែមានអ្នកចូលទៅស្ដាប់បទចម្រៀងរបស់នាង និងចែកចាយបន្តក្រោយការបង្ហោះភ្លាមៗ។

    សោភា ទេពី រំពឹងទុកយ៉ាងខ្លាំងថា បទរ៉េប «I Know Who I Am» នេះនឹងជួយឱ្យនាងកាន់តែឈានឡើងក្នុងវិស័យសិល្បៈចម្រៀង ខណៈដែលនាងបានត្រៀមបញ្ចេញក្បាច់រាំប្លែកៗជាមួយក្រុមរាំ នៅពេលឡើងឆាកដោយផ្ទាល់ទៀតផង។ នាងបានបង្ហើបថា បើនិយាយពីផលិតកម្មចង់បាននាងឱ្យស៊ីញ៉េកុងត្រាជាមួយនោះមានច្រើនណាស់ ប៉ុន្តែមកពីនាងមិនចង់ហក់ចូលក្នុងផលិតកម្មណាដែលនាងយល់ថាពិបាកជួយឱ្យនាងល្បីល្បាញ និងពិបាករំពឹងពីទីផ្សារ ទើបនាងសម្រេចចិត្តនៅជាតារាឯករាជ្យសិន ហើយផលិតបទចម្រៀងល្អៗដោយខ្លួនឯងវិញ ដើម្បីចៀសពីការស៊ីញ៉េកុងត្រារួចហើយ ស្រាប់តែកប់ឈ្មោះបាត់ឈឹង៕

  • បទនិពន្ធថ្មីរបស់អ្នកនាង ទូច ស្រីល័ក្ខ ធ្វើឱ្យអ្នកគាំទ្រស្រងេះស្រងោចនឹកដល់អ្នកមានគុណ

    បទនិពន្ធថ្មីរបស់អ្នកនាង ទូច ស្រីល័ក្ខ ធ្វើឱ្យអ្នកគាំទ្រស្រងេះស្រងោចនឹកដល់អ្នកមានគុណ

    មួយរយៈចុងក្រោយនេះ តារាសម្ដែង និងច្រៀង ទូច ស្រីល័ក្ខ បានសាងប្រជាប្រិយភាពយ៉ាងច្រើនតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ដោយតារាស្រីរូបនេះបានបង្ហាញពីសកម្មភាពសប្បុរសធម៌ ការផលិតបទចម្រៀង Original Song ការបង្ហាញវីដេអូអប់រំ ជាពិសេសទៅទៀតនោះ គឺបានបង្ហាញពីការយកចិត្តទុកដាក់ចំពោះទុក្ខលំបាករបស់សិល្បករមួយចំនួន និងក៏មិនខុសពីសព្វមួយដងដែរ អ្នកនាង ទូច ស្រីល័ក្ខ តែងនិយមចូលចិត្តធ្វើអ្វីដែលប្លែកៗ និងបង្កភាពសប្បាយរីករាយជូនអ្នកគាំទ្របានទស្សនាកម្សាន្ដ។

    ថ្មីៗនេះ អ្នកនាង និងក្រុមការងារ បានបង្ហាញស្នាដៃ​និពន្ធបទចម្រៀងថ្មីមួយទៀត ដែលបានដាស់អារម្មណ៍មហាជនឱ្យនឹករឭកដល់គុណមាតាបិតា ដែលស្របពេលជិតដល់រដូវបុណ្យភ្ជុំទៀតផងនោះ កាន់តែធ្វើឱ្យមហាជនលោកនឹកដល់ផ្ទះសំបែងនៅឯស្រុកកំណើត។

    តាមរយៈគណនីហ្វេសប៊ុកប៉ុន្មានម៉ោងមុននេះ អ្នកនាង ទូច ស្រីល័ក្ខ និងក្រុមការងាររបស់អ្នកនាងបានបញ្ចេញស្នាដៃបទចម្រៀងដែលរៀបរាប់ពីការឃ្លាតឆ្ងាយពីអ្នកមានគុណដើម្បីមកធ្វើការចិញ្ចឹមជីវិត ហើយអ្នកនាងបានសរសេរសារថា៖ «អ្នកដែលធ្វើការឆ្ងាយពីឪពុកម្តាយ សួរថា ពេលពួកគាត់ឈឺម្តងៗ តើគាត់រងាយ៉ាងណា? អ្នកដែលបែកពីក្រុមគ្រួសារនឹងយល់ពីអារម្មណ៍មួយនេះ(ម្ចាស់ជីវិតកូនអ៊ើយ) នេះជាស្នាដៃទី2 របស់ក្រុមកម្សត់ស្រីល័ក្ខសម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ like&share ជាកម្លាំងចិត្ត»។

    ចង់ដឹងថា តើបទចម្រៀងនោះមានអត្ថរស និងអត្ថន័យយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

  • អត្ត​ព​លិ​ក​ជប៉ុន​ទាំង 4រូប ចេញមុខ​សុំទោស​ចំពោះ​ការទិញ​សេវា​ផ្លូវភេទ​ក្នុង Asian Games

    អត្ត​ព​លិ​ក​ជប៉ុន​ទាំង 4រូប ចេញមុខ​សុំទោស​ចំពោះ​ការទិញ​សេវា​ផ្លូវភេទ​ក្នុង Asian Games

    កីឡាករ​បាល់បោះ 4រូប​របស់​ជប៉ុន កាលពី​ថ្ងៃ​ចន្ទ បានចេញ​មុខ​សុំ​អភ័យទោស​ចំពោះ​ការធ្វើឱ្យ​ប្រទេស​របស់ខ្លួន​ទទួលរង​នូវ «ភាពអាម៉ាស»  ក្រោយពី​ពួកគេ​ត្រូវបាន​បណ្តេញ​ចេញពី​ព្រឹត្តិការណ៍​កីឡា​អាស៊ី ឬ Asian Games សម្រាប់​ការទិញ​ស្ត្រី​ពេស្យា​ដើម្បី​រួមភេទ។

    គណៈកម្មាធិការ​អូឡាំពិក​របស់​ជប៉ុន (JOC) ត្រូវបាន​ធ្វើឱ្យ​ធ្លាក់​ចូលក្នុង​រឿងអាស្រូវ ក្រោយពី​កីឡាករ​ទាំង 4រូបនោះ ត្រូវបាន​គេ​ឃើញ​ស្ថិតក្នុង​តំបន់​ភ្លើងពណ៌​ក្រហម​ក្នុង​រដ្ឋធានី​ហ្សា​ការ​តា របស់​ប្រទេស​ឥណ្ឌូនេស៊ី ទាំង​ស្ថិតក្នុង​សម្លៀកបំពាក់​របស់​ក្រុម​ជម្រើសជាតិ​កាលពី​សប្តាហ៍​មុន។

    ការបណ្តេញ​កីឡាករ Yuya Nagayoshi, Takuya Hashimoto, Takuma Sato និង Keita Imamura នឹង​ក្លាយជា​រឿង​ដ៏​អាម៉ាសមុខ​សម្រាប់​ជប៉ុន ដែល​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​រយៈពេល 2ឆ្នាំ​ទៀត។ ក្រោយពី​កីឡាករ​ទាំង 4រូប បាន​វិល​ទៅកាន់​ទីក្រុង​តូ​ក្យូ​វិញ កាលពី​ថ្ងៃ​ចន្ទ Sato បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា៖ «ខ្ញុំ​ពិតជា​ត្រូវសុំ​ការ​អភ័យទោស​សម្រាប់​ទង្វើ​មិន​យកចិត្តទុកដាក់​របស់​យើង ដែល​បានផ្តល់​ភាពអាម៉ាស​មិន​ត្រឹមតែ​ដល់​អ្នកគាំទ្រ​កីឡាបាល់បោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សម្រាប់​រាល់​ប្រជាជន​ជប៉ុន​ផងដែរ»។

    ឯ Nagayoshi ដែល​ស្ថិតក្នុង​សម្លៀកបំពាក់​អាវធំ​ពណ៌​ខ្មៅ និង​ក្រវាត់ក បាន​បញ្ជាក់ថា រូបគេ «មិនអាច​គិតពី​ការលេង» កីឡាបាល់បោះ​ម្តងទៀត​ឡើយ។

    លោក Yuko Mitsuya ប្រធាន​សហព័ន្ធ​កីឡាបាល់បោះ​របស់​ជប៉ុន បាន​បញ្ជាក់ថា ខ្លួន​នឹង​រង់ចាំ​របាយការណ៍​ពី​គណៈកម្មាធិការ​មេធាវី​ពិសេស​ជាមុនសិន មុននឹង​ដាក់ទណ្ឌកម្ម​ដល់​កីឡាករ​ទាំង 4រូប​ជា​ផ្លូវការ៕

    ប្រភពពី៖ Channel News Asia