Category: សង្គម និងសេដ្ឋកិច្ច

  • មកស្គាល់ម្ចាស់បទ «ជឿជាក់! ជោគជ័យ» កំពុងចាក់ដោតអារម្មណ៍អ្នកស្នេហាវិស័យកីឡា

    មកស្គាល់ម្ចាស់បទ «ជឿជាក់! ជោគជ័យ» កំពុងចាក់ដោតអារម្មណ៍អ្នកស្នេហាវិស័យកីឡា

    មានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីបទ«ជឿជាក់! ជោគជ័យ» ដែលជាបទលើកកម្ពស់វិស័យកីឡាដែលពោរពេញដោយអត្ថន័យត្រូវបានបង្ហោះឡើង ហើយឃើញសុទ្ធតែកីឡាករជម្រើសជាតិល្បីៗចែកចាយ និងមានអ្នកចូលទស្សនាច្រើនទាំងបណ្ដាញសង្គមហ្វេសប៊ុក និងយូធូប។ ចម្រៀងមួយបទនេះ ចាក់ដោតអារម្មណ៍កីឡាករ-កីឡាការិនី និងអ្នកស្នេហាវិស័យកីឡាយ៉ាងខ្លាំង ខណៈដែលតារាចម្រៀង 2រូបដែលត្រូវបានជ្រើសរើសឱ្យក្លាយជាម្ចាស់បទនោះ ក៏ត្រូវមានការទាមទារឱ្យមានគុណសម្បត្តិពិសេសមួយដោយឡែកដែរ ទម្រាំតែបានច្រៀងបទចម្រៀងនេះជាផ្លូវការ។

    លោក ឆាយ វណ្ណៈ អ្នកដឹកនាំផលិត និងជាម្ចាស់ផលិតកម្ម អាំណាតមេឌា បានប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា លោកបានសម្រេចចិត្តធ្វើបទOriginal មួយនេះ គឺដោយសារតែលោកកត់សម្គាល់ឃើញថា អ្នកធ្វើបទចម្រៀងភាគច្រើនផ្ដោតតែលើអត្ថន័យស្នេហា និងមិនសូវជាមានបទច្រើនដែលផ្ដល់គុណប្រយោជន៍សម្រាប់សង្គមឡើយ ជាពិសេស គឺបទដែលមានអត្ថន័យជាលក្ខណៈលើកស្ទួយកីឡាករ គឺមិនសូវមានច្រើនទេ។ លោកថា បទចម្រៀង«ជឿជាក់! ជោគជ័យ»នេះ មិនមែនសំដៅតែលើអ្នកលេងកីឡាប៉ុណ្ណោះទេ តែអត្ថន័យបទនេះក៏មានន័យដុតកម្ដៅមនុស្សក្នុងសង្គមទូទៅឱ្យមានកម្លាំងចិត្ត និងមានជំនឿចិត្តលើខ្លួនឯងដើម្បីឈានទៅសម្រេចកិច្ចការមួយដោយជោគជ័យផងដែរ។ MV មួយបទនេះ លោកបានប្រមូលផ្ដុំសុទ្ធតែកីឡាករជម្រើសជាតិគ្រប់ផ្នែកដែលល្បីៗឈ្មោះឱ្យមកសម្ដែងតែម្ដង ដូច្នេះហើយទើបគ្រាន់តែបង្ហោះមិនបានប៉ុន្មានម៉ោងផង ក៏មានអ្នកចែកចាយ និងចូលទស្សនាច្រើនទៅហើយ។

    គួរបញ្ជាក់លក្ខណៈពិសេសរបស់បទនេះដែរថា សូម្បីតែអ្នកចម្រៀងក៏ត្រូវបានជ្រើសរើសយ៉ាងលំបាកផងដែរ ដោយលោកបញ្ជាក់ថា តារាចម្រៀងកុងត្រារបស់ផលិតកម្ម អាំណាតមេឌា ច្រើននាក់មិនមានជាប់ក្នុងជម្រើសនោះទេ ជាប់តែតារាចម្រៀងនៅខាងក្រៅផលិតកម្មឱ្យមកធ្វើជាម្ចាស់បទទៅវិញ។ លោកបញ្ជាក់ថា បទ«ជឿជាក់! ជោគជ័យ»នេះ បកស្រាយដោយតារាចម្រៀងលោក សាល បាទី អតីតបេក្ខភាពប្រឡងចម្រៀងក្នុងកម្មវិធីពេជ្រកំពុងច្នៃ និងលោក ប្រុសម៉ៅ ដែលជាតារាចម្រៀងកុងត្រា និងជាអ្នកនិពន្ធប្រចាំផលិតកម្ម ដែលធ្លាប់មានឈ្មោះបោះសំឡេងក្នុងបទ «ក្មេងឌឺ» នៅលើយូធូប។

    ចង់ដឹងថា តើបទ «ជឿជាក់! ជោគជ័យ» ចាក់ដោតអារម្មណ៍ និងស្មារតីអ្នកនិយមលេងកីឡាដល់កម្រិតណានោះ សូមអញ្ជើញស្ដាប់ ​និងទស្សនាវីដេអូខាងក្រោមនេះ ៖

     

  • អ្នកនិពន្ធប្រលោមលោកល្បីឈ្មោះ ម៉ៅ សំណាង ទម្លាយមូលហេតុនៃការឃ្លាតឆ្ងាយពីការនិពន្ធ

    អ្នកនិពន្ធប្រលោមលោកល្បីឈ្មោះ ម៉ៅ សំណាង ទម្លាយមូលហេតុនៃការឃ្លាតឆ្ងាយពីការនិពន្ធ

    អ្នកស្រី​ម៉ៅ សំណាង គឺជា​អ្នកនិពន្ធ​សៀវភៅ​ប្រលោមលោកដ៏ល្បីឈ្មោះ​ម្នាក់​ដែល​ទទួលបាន​ការពេញ​និយម​ខ្លាំង​ជាង​គេ​ពី​សំណាក់​មិត្ត​អ្នកអាន តាំង​ពី​សម័យកាល​នៃ​ការសរសេរដោយដៃ​នា​ដើម​ទសវត្សរ៍​ទី80 រហូត​ឈាន​មក​ដល់​ការវិវឌ្ឍ​ក្នុង​ការបោះពុម្ព​សៀវភៅ។ ក្រៅពី​ការសរសេរ​សៀវភៅ​ប្រលោម​លោក​បាន​ជាង​100​រឿង​ផ្សេងៗ​គ្នាហើយនោះ អ្នកស្រី​ក៏​មាន​ស្នាដៃ​នៅ​ក្នុង​ការនិពន្ធ​សេណារីយ៉ូ​សម្រាប់​ខ្សែភាពយន្ត​ផងដែរ។ តែ ពិតជាគួរឱ្យភ្ញាក់ផ្អើលមែនទែនដែលប៉ុន្មានម៉ោងមុននេះ កំពូលអ្នកនិពន្ធរឿងប្រលោមលោកល្បីដែលមាននាមប៉ាកកាថា “ទន្សាយ” បានទម្លាយមូលហេតុមួយចំនួនដែលធ្វើឱ្យអ្នកស្រីឃ្លាតឆ្ងាយពីការនិពន្ធរឿង។

    អ្នកស្រី ម៉ៅ សំណាង បានបង្ហោះសារប្រាប់ពីមូលហេតុនៃការផ្អាក​និពន្ធរឿងប្រលោមអស់រយៈពេលជាយូរមកហើយនោះថា  «មូលហេតុដែលធ្វើឱ្យខ្ញុំឃ្លាតឆ្ងាយ មានប្រិយមិត្តអ្នកអានជាច្រើនបានសាកសួរខ្ញុំថា ហេតុអ្វីបានជាខ្ញុំខកខានបោះពុម្ពផ្សាយប្រលោមលោក រហូតដល់ជិត10ឆ្នាំ? មិត្តអ្នកអានខ្លះស្មានថាខ្ញុំចេញទៅរស់នៅប្រទេសក្រៅបាត់ទៅហើយ។ ការពិតទៅ រឿងនេះមិនទាក់ទងនឹងសុខភាពរបស់ខ្ញុំទេ មូលហេតុធំ គឺមកពីរយៈពេលចុងក្រោយ ក្នុងរវាងឆ្នាំ 2010 ស្នាដៃប្រលោមលោករបស់ខ្ញុំត្រូវបានគេលួចថតចម្លង ផ្សព្វផ្សាយ តាមគ្រប់រូបភាព លើប្រព័ន្ធអ៊ីនធើណិត ធ្វើឱ្យខ្ញុំមានការពិបាក។ ខ្ញុំជាអ្នកនិពន្ធដែលបានទទួលការគាំទ្រពីប្រិយមិត្តអ្នកអានជាច្រើន ប៉ុន្តែបែរជាលក់សៀវភៅបានតិចទៅវិញ។ ខ្ញុំអស់កម្លាំងចិត្តខ្លាំងណាស់ ហើយក៏សម្រេចចិត្តផ្អាកការបោះពុម្ពរឿងប្រលោមលោកទាំងសោកស្តាយបំផុត»។

    អ្នកនិពន្ធរឿងប្រលោមលោកល្បីឈ្មោះរូបនេះបានបញ្ជាក់ដែរថា ពេលវេលាជិត 10ឆ្នាំនេះ រូបអ្នកស្រីបានងាកទៅសរសេរអត្ថបទភាពយន្តវិញ ទាំងដែលអ្នកស្រីនៅតែស្រឡាញ់ការនិពន្ធរឿងប្រលោមលោកយ៉ាងខ្លាំងដដែល។ តែពេលនេះដោយសារអ្នកស្រីបានឃើញច្បាប់រក្សាកម្មសិទ្ធិបញ្ញាមានប្រសិទ្ធភាពជាងមុន ទើបបណ្ដាលឱ្យអ្នកស្រីមានកម្លាំងចិត្តវិលមកនិពន្ធរឿងប្រលោមលោកជាថ្មីម្តងទៀត។ អ្នកគ្រូ ទន្សាយ សង្ឃឹមថា យើងនឹងមានការយោគយល់គ្នាទៅវិញទៅមក ជួយទប់ស្កាត់ការថតចម្លងស្នាដៃអ្នកនិពន្ធ ផ្សព្វផ្សាយដោយគ្មានការអនុញ្ញាត ដើម្បីឱ្យអ្នកនិពន្ធទាំងអស់ និងរូបអ្នកស្រីផ្ទាល់ផង មានកម្លាំងចិត្តនឹងបន្តការងារនេះបានយូរអង្វែងតទៅទៀត៕

    អ្នកគ្រូ ម៉ៅ សំណាង និងកូនស្រី

  • សើចចុកពោះ !! លោក ទេព រិន្ទដារ៉ូ បញ្ចេញទេពកោសល្យថ្មី…

    សើចចុកពោះ !! លោក ទេព រិន្ទដារ៉ូ បញ្ចេញទេពកោសល្យថ្មី…

    នៅរាត្រីថ្ងៃម្សិលមិញនេះ ផលិតកម្ម LD បានដាក់សម្ពោធខ្សែភាពយន្ដខ្នាតធំដ៏ថ្មីសន្លាងមួយទៀតដែលជាវណ្ណកម្មទី4 មានចំណងជើងថា «វិញ្ញាណទីងមោង» ដែលមានលោក ទេព រិន្ទដារ៉ូ ចូលរួមសម្ដែងជាតួអង្គកំប្លុកកំប្លែង និងជាអាចារ្យស្ទាវយ៉ាងប្លែកភ្នែកក្នុងខ្សែភាពយន្តនេះទៀតផង។

    នាយ គ្រឿន ដែលជាផលិតកររបស់ផលិតកម្ម LD និងជាអ្នកដឹកនាំរឿងផងនោះ បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា មួយរឿងនេះមានរសជាតិច្រើន ដែលអ្នកទស្សនាច្បាស់ជាលាន់មាត់សរសើរតាំងពីដើមដល់ចប់មិនខាន ខណៈដែលវត្តមានតួឯករបស់លោក ទេព រិន្ទដារ៉ូ គឺជាទីផ្សារដែលត្រូវបានរំពឹងខ្លាំង។ លោកបន្ដថា ក្នុងរឿង«វិញ្ញាណទីងមោង» នេះគឺជាស្នាដៃដែលលោកនិពន្ធដោយផ្ទាល់ សាច់រឿងប្លែក និងប្រទាក់ក្រឡាគ្នា សូម្បីតែប្លង់ និងបច្ចេកទេសថតក៏មានទម្រង់បែបប្រកួតប្រជែងដែរ។

    លោក ទេព រិន្ទដារ៉ូ ដែលបានសម្ដែងជាតួឯកនៅក្នុងខ្សែភាពយន្តនេះ ក៏បាននិយាយផងដែរថា «ខ្ញុំគ្រាន់តែបាន​អានសាច់​រឿង​ហ្នឹង​​ភ្លាម ​សើច​ភ្លែត​តែម្ដង គាត់ចេះ​រកនឹក​ពាក្យ​កំប្លែង​ស្ងួតៗ​ធ្វើឱ្យ​យើង​តួអង្គ​សម្ដែង​សើច​រហូត។ ខ្ញុំគិត​ថារឿង​នេះ​បងប្អូន​នឹង​សើច​ដូចខ្ញុំអ៊ី​ចឹង ពិតជា​មិន​ខក​បំណង​ទេ»។ តារាជើងចាស់វ័យ 50ឆ្នាំរូបនេះ បានទទូចឱ្យអ្នកចូលចិត្តទស្សនាភាពយន្តតាមរោងកុនជួយគាំទ្រខ្សែភាពយន្តរឿង«វិញ្ញាណទីងមោង»នេះផង ដើម្បីកុំឱ្យវិស័យភាពយន្តក្នុងស្រុកបន្តធ្លាក់ចុះ។ លោកថា លោកបានដឹងឮច្រើនពីការធ្លាក់ចុះរបស់វិស័យភាពយន្តខ្មែរ ដោយសារតែភាពយន្តបរទេសវាយលុកខ្លាំងពេក។

    ខ្សែភាពយន្តដែលប្រកាសដាក់បញ្ចាំងគ្រប់រោងបន្ទាប់ពីថ្ងៃសម្ពោធនេះបានអះអាងថា បានប្រើទុនអស់ច្រើនម៉ឺនដុល្លារ បើទោះជាមិនទាន់ដឹងថានឹងមានទំហំជោគជ័យក្នុងកម្រិតណាមួយនៅឡើយក្ដី ក៏ប៉ុន្ដែនាយគ្រឿននៅតែរំពឹងថា នឹងកើបចំណូលបានច្រើនដូចរឿងមុនៗដែរ ព្រោះថា នៅមានទំនុកចិត្តពីអ្នកគាំទ្រ និងពីសំណាក់កំពូលតារាសម្ដែងលោក ទេព រិន្ទដារ៉ូ ជារៀមច្បងដែលមានឈ្មោះល្បីល្បាញ។ លោកបន្ថែមថា អ្នកគាំទ្រភាគច្រើននៅតែរង់ចាំគាំទ្រស្នាដៃរបស់លោក ប្រសិនបើភាពយន្តនោះមានគុណភាព និងសាច់រឿងល្អ ខណៈដែលលោកបានសរសើរពីការផលិតរបស់ផលិតកម្មLD ទាំងប្លង់ បច្ចេកទេសថត និងសាច់រឿង ដែលលោកបញ្ជាក់ថា អាចរំពឹងបាន៕

     

    https://youtu.be/_A8Ss_aoYBo

  • កីឡាការិនីចិន Liu បំបែកកំណត់ត្រាហែលទឹកពិភពលោកនៅ Asian Games

    កីឡាការិនីចិន Liu បំបែកកំណត់ត្រាហែលទឹកពិភពលោកនៅ Asian Games

    កីឡាការិនីចិន Liu Xiang បានបំបែកកំណត់ត្រាពិភពលោកឆ្នាំ2009 ក្នុងការប្រកួតកីឡាហែលទឹកនាព្រឹត្តិការណ៍ Asian Games ឆ្នាំ2018 ក្នុងទីក្រុងហ្សាការតា ខណៈដែលនាងបានប្រើប្រាស់ថិរវេលា 26.98វិនាទី ក្នុងការប្រកួតហែលទឹកបែបកង្កែប ចម្ងាយ 50ម៉ែត្រ។

    កីឡាការិនីវ័យ 21ឆ្នាំរូបនេះ បានបំបែកកំណត់ត្រាពិភពលោក ដែលបានបង្កើតឡើងដោយមិត្តរួមជាតិរបស់គេគឺ Zhao Jing កាលពី 9ឆ្នាំមុន ក្នុងថិរវេលា 27.06វិនាទី។ Liu បាននិយាយតាមរយៈអ្នកបកប្រែម្នាក់ថា៖ «ការផ្តោតអារម្មណ៍ដ៏សំខាន់របស់ខ្ញុំ គឺការប្រកួតហែលទឹកបែបសេរីចម្ងាយ 50ម៉ែត្រ។ ដោយសារតែការផ្តោតអារម្មណ៍ទៅលើការហែលទឹកបែបសេរី ខ្ញុំមិនមានសម្ពាធណាមួយឡើយ។ ខ្ញុំអាចផ្តោតលើការបង្ហាញពីសមត្ថភាពរបស់ខ្ញុំ»។ កីឡាការិនី Fu Yuanhui ដែលមានសញ្ជាតិចិនដែរនោះ បានឈ្នះមេដាយប្រាក់ក្នុងថិរវេលា 27.68វិនាទី ហើយកីឡាការិនីជប៉ុន Natsumi Sakai ដែលជាម្ចាស់ជើងឯកយុវជនពិភពលោកឆ្នាំ2017 បានឈ្នះមេដាយសំរឹទ្ធក្នុងថិរវេលា 27.91វិនាទី។

    កីឡាការិនីជប៉ុន RikakoIkee បានបង្កើតកំណត់ត្រាក្នុងការប្រកួតលើវិញ្ញាសាហែលទឹកបែបមេអំបៅចម្ងាយ 100ម៉ែត្រ ដើម្បីឈ្នះមេដាយមាសជាលើកទី4 របស់នាងក្នុងរយៈពេល 3ថ្ងៃ ខណៈដែលកីឡាករចិន Sun Yang បានឈ្នះមេដាយមាសជាលើកទី3 របស់គេ ស្របពេលគូប្រជែងក្នុងតំបន់អាស៊ីទាំង2ប្រទេសនេះ បានប្រជែងគ្នាយ៉ាងស្វិតស្វាញក្នុងវិញ្ញាសាហែលទឹក៕

    ប្រភពពី៖ News Straits Times

  • យុវ​ជន​ឥណ្ឌាវ័យ​ 16​ឆ្នាំ ឈ្នះ​មេដាយ​មាស​​លើ​វិញ្ញាសា​បាញ់​កាំភ្លើង​​

    យុវ​ជន​ឥណ្ឌាវ័យ​ 16​ឆ្នាំ ឈ្នះ​មេដាយ​មាស​​លើ​វិញ្ញាសា​បាញ់​កាំភ្លើង​​

    កីឡាករ​​បាញ់​កាំភ្លើង Saurabh Chaudhary វ័យ​ 16​ឆ្នាំ​របស់​ឥណ្ឌា បាន​បង្កើត​កំណត់ត្រា​ថ្មីមួយក្នុង​ព្រឹត្តិការណ៍ Asian Games ខណៈ​ដែល​រូបគេ​បាន​ឈ្នះ​ពាន​រង្វាន់​ធំ​ជាលើក​ទី​1 ​ក្នុង​អាជីព​របស់​គេ លើ​វិញ្ញាសា​ប្រកួត​បាញ់​កាំភ្លើង​ខ្លី​ខ្យល់​ចម្ងាយ​ 10ម៉ែត្រ កាលពីថ្ងៃ​អង្គារ​។

    Chaudhary រក​បានពិន្ទុ​សរុប​ចំនួន​ 240.7 ដើម្បីនាំ​មុខ​លើ​កីឡាករ​ជប៉ុន Tomoyuki Matsuda ដែល​រក​បាន​ពិន្ទុ​សរុប 239.7​ពិន្ទុ និង​មិត្ត​រួម​ជាតិ​ឥណ្ឌា​របស់​គេ​គឺ Abhishek Verma ដែល​​រក​បាន​ពិន្ទុ​ 219.3​ពិន្ទុ​។ ក្នុងនាម​ជា​កូន​ប្រុស​របស់​កិសករ​ម្នាក់ Chaudhary រក​បាន​​ពិន្ទុ​586 ដើម្បី​ឈរ​លេខ​1​ក្នុង​ការ​ប្រកួត​ជម្រុះ និង​បាន​រក្សា​​កម្រិត​សមត្ថ​ភាព​ដ៏ល្អ​របស់​គេ​ក្នុង​វគ្គ​​ផ្តាច់​ព្រ័ត្រ ក្នុង​ការ​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍ Asian Games ជាលើក​ទី​1​ របស់​គេ​។ រូប​គេ​បាន​ឈ្នះ​មេដាយមាស​​លើ​វិញ្ញា​សា​បាញ់​កាំភ្លើង​ជាលើក​ទី​1 ​សម្រាប់​ឥណ្ឌា ក្នុង​ព្រឹត្តិ​ការណ៍​​កីឡា​អាស៊ី នៅ​ប្រទេស​ឥណ្ឌូនេស៊ីមួយ​នេះ ក្រោយពីកីឡាករ Deepak Kumar និងLakshayLakshay ត្រូវ​​បញ្ចប់​ដោយ​ការ​ឈ្នះ​មេដាយប្រាក់​ក្នុង​វិញ្ញា​សា​បាញ់​កាំភ្លើង​វែង​ចម្ងាយ​10​ម៉ែត្រ និង​គោល​ដៅចម្រុះ​រៀង​ៗខ្លួ​ន​។

    វា​ក៏​ជាលើក​ទី​1 ​ផងដែរ ដែល​ឥណ្ឌា បាន​ឈ្នះ​មេដាយ​2 ​ក្នុងវិញ្ញា​សា​បាញ់​កាំភ្លើង​តែមួយ ក្នុង​​ព្រឹត្តិ​ការណ៍​របស់ Asian Games​។ ស្រ​បពេល​ជាមួយ​គ្នា​នេះ ម្ចាស់​ជើង​ឯក​អូឡាំពិក​ 4សម័យកាល Jin Jong-oh មិន​អាច​ដណ្តើម​បាន​មេដាយមាស​ឯក​ត្ត​ជន​ក្នុង​ព្រឹត្តិការណ៍ Asian Games ឡើយ ក្រោយពី​កីឡាករ​កូរ៉េ​ខាង​ត្បូង​រូបនេះ បាន​បញ្ចប់ក្នុង​ចំណាត់ថ្នាក់​លេខ​5​៕

     

    ប្រភព​ពី៖ Channel News Asia

  • អាស៊ាន​កំពុង​ផ្តោតលើ​ការធ្វើ​ពាណិជ្ជកម្ម​អេឡិចត្រូនិក

    អាស៊ាន​កំពុង​ផ្តោតលើ​ការធ្វើ​ពាណិជ្ជកម្ម​អេឡិចត្រូនិក

    ក្នុង​គោលដៅ​អភិវឌ្ឍន៍​ការធ្វើ​ពាណិជ្ជកម្ម​ឱ្យមាន​ភាព​កាន់តែ​ងាយស្រួល ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម​មកពី​ក្រុម​ប្រទេស CLMVT (កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា វៀតណាម និង​ថៃ) បាន​ជួប​ពិភាក្សាគ្នា​ក្រោម​ប្រធានបទ “Taking Off through Technology” នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។

    ថ្លែងប្រាប់​អ្នកយកព័ត៌មាន នៅក្រោយ​បញ្ចប់​ការពិភាក្សា ឯកឧត្តម ឈួន ដា​រ៉ា បាន​បញ្ជាក់ថា ប្រធានបទ​ដែល​បាន​លើក​យកមក​ពិភាក្សា​នៅក្នុង​វេទិកា CLMVT ឆ្នាំនេះ គឺ​ការធ្វើ​សេដ្ឋកិច្ច​ឌីជីថល (Digital Economy)។ បច្ចុប្បន្ននេះ ពិភពលោក​ទាំងមូល​បាន​ចូលដល់​បរិបទ​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ដូច្នេះ​ការធ្វើ​ពាណិជ្ជកម្ម ក៏​ត្រូវតែ​ទំនើប​ផងដែរ ក្នុងនោះ​ការទិញ​លក់​តាម​ប្រព័ន្ធ Online គឺជា​ការងារ​ល្អប្រសើរ​មួយ ដើម្បី​កាត់បន្ថយ​ពេលវេលា ផ្តល់​ភាពងាយស្រួល​ដល់​អ្នកលក់ និង​អ្នកទិញ។

    ឯកឧត្តម​បានបញ្ជាក់​ទៀតថា ការធ្វើ​ពាណិជ្ជកម្ម​ឌីជីថល​នេះ បានផ្តល់​នូវ​អត្ថប្រយោជន៍​ជាច្រើន ខណៈដែល​ពិភពលោក​យើង​កំពុង​ប្រើប្រាស់​បច្ចេកវិទ្យា​កាន់តែ​ទំនើបទៅ។ បណ្តា​ប្រទេស CLMVT ក្នុង​វេទិកា​នេះ យើង​ពិភាក្សា​រួមគ្នា​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ប្រទេស​ទាំង5 ធ្វើ​ពាណិជ្ជកម្ម​តាមរយៈ E-Commerce ឱ្យ​កាន់​តែមាន​សក្តានុពល​ខ្លាំង និង​ក៏បាន​ពិភាក្សា​ផងដែរ ដោយ​យើង​ត្រូវតែ​រួមគ្នា​ធ្វើយ៉ាងណា​ឱ្យនៅ​តាម​ច្រកព្រំដែន​មានដំណើរ​ការ​រលូន​ទាំង​បញ្ហា​ដឹកជញ្ជូន និង​បញ្ហា​ប​ចេ្ច​ក​ទេសផ្សេងៗទៀតផង​ដែរ៕

  • ក្រុមហ៊ុន​សាជីវកម្ម Marubeni នៃ​ប្រទេស​ជប៉ុន​ចង់​វិនិយោគ​ក្នុង​វិស័យ​ទឹកស្អាត​កម្ពុជា

    ក្រុមហ៊ុន​សាជីវកម្ម Marubeni នៃ​ប្រទេស​ជប៉ុន​ចង់​វិនិយោគ​ក្នុង​វិស័យ​ទឹកស្អាត​កម្ពុជា

    រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ជួបពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​ក្រុមហ៊ុន​សាជីវកម្ម Marubeni មកពី​ប្រទេស​ជប៉ុន ដឹកនាំ​ដោយ​លោក Kaoru Iwasa នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Marubeni ប្រចាំ​តំបន់​អាស៊ាន និង​អាស៊ី​បូព៌ា ថ្ងៃទី2 ខែសីហា ឆ្នាំ2018 ដោយ​កិច្ច​ពិភាក្សាបាន​ផ្តោត​ការយកចិត្តទុកដាក់​ជាសំខាន់​ទៅលើ​ការវិនិយោគ​ក្នុង​វិស័យ​ទឹកស្អាត និង​ពិភាក្សា​ពី​ការទិញ​ភាគហ៊ុន នៃ​កម្មវិធី​ដៃគូ​រវាង​រដ្ឋ និង​ឯកជន(PPP) ក្នុង​វិស័យ​វិនិយោគ​ទឹកស្អាត​ផងដែរ។

    ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​សម្តែង​ការស្វាគមន៍ និង​ផ្តល់​ទំនុកចិត្ត​ដល់​ក្រុមហ៊ុន​សាជីវកម្ម​ដ៏​ល្បី​របស់​ជប៉ុន​មាន​ប្រវត្តិ​ធ្វើ​អាជីវកម្ម​ជា​យូរលង់​មកហើយ។ ចំពោះ​គោលបំណង​នៃ​ការសិក្សា​លទ្ធភាព​វិនិយោគ​លើ​វិស័យ​ទឹកស្អាត​តាមរយៈ​ការទិញ​ភាគហ៊ុន ឬ​កម្មវិធី​ដៃគូ​រវាង​រដ្ឋ និង​ឯកជន ឯកឧត្តម បានលើកឡើង​ពី​លទ្ធភាព​តិចតួច​ដែល​កើតមានឡើង​នៅ​កម្ពុជា។ ប៉ុន្តែ បើតាម​រូបភាព BOT ឬ​ជា​កម្ចីសម្បទាន ឬ​ជា​ជំនួយឥតសំណង ឃើញថា ដៃគូ​ជប៉ុន​បាន​ជួយ និង​ប្រតិបត្តិការ​ច្រើន​នៅ​កម្ពុជា ហើយ​ទទួលបាន​លទ្ធផល​ល្អប្រសើរ ជាមួយនឹង​គុណភាព​ទឹក​ទទួលបាន​តាម​កម្រិត​ស្តង់ដារ​ទៀតផង។

    លោក Kaoru Iwasa ជា​ប្រធាន​ប្រតិភូ​បាន​ជម្រាប​ពីមុខ​សញ្ញា​អាជីវកម្ម​ជាច្រើន ដូចជា​វិស័យ​ពាណិជ្ជកម្ម ឧស្សាហកម្ម ដឹកជញ្ជូន ធនធាន​រ៉ែ និង​ថាមពល​ជាដើម។ បច្ចុប្បន្ន​ក្រុមហ៊ុន​សាជីវកម្ម​នេះ​មាន​សាខា​ចំនួន131 និង​ការិយាល័យ​ចំនួន 66ប្រទេស​ក្នុង​តំបន់ មាន​បុគ្គលិក​ធ្វើការ​ប្រមាណ 4ម៉ឺន​នាក់ ចំណូល​ប្រចាំឆ្នាំ2017 គឺ​ប្រមាណ 1,921លាន​ដុល្លារ​អាមេរិក។ ទាក់ទង​នឹង​វិស័យ​ទឹកស្អាត​ក្រុមហ៊ុន​មាន​ជំនាញ​ខ្ពស់ ហើយ​បានធ្វើ​ប្រតិបត្តិការ​ជាច្រើន​ប្រទេស​លើ​ពិភពលោក ហើយក៏​មានបំណង​ពិនិត្យ​លទ្ធភាព​វិនិយោគ​នៅ​កម្ពុជា​ផងដែរ។

    ឯកឧត្តម ចម ប្រសិទ្ធ បាន​បញ្ជាក់ថា សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​អាណត្តិ​ទី6 ខាងមុខនេះ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​នឹង​ឈាន​ទៅមុខ​មួយ​ជំហាន​ទៀត គឺ​យើង​មិន​ត្រឹម​ផ្តោត​តែ​លើ​ការផ្គត់ផ្គង់​ទឹកស្អាត​ត្រឹម​តំបន់​ទីប្រជុំជន​ប៉ុណ្ណោះ​ទេ តែ​យើង​នឹង​ឈាន​បន្តិចម្តងៗទៅដល់​តំបន់​ទីប្រជុំជនតូចៗ និង​ជនបទ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ទទួលបាន​សេវា​ទឹកស្អាត​ចេញពី​បំពង់។ ពីព្រោះ​បើ​ប្រជាពលរដ្ឋ​មាន​ទឹកស្អាត​ប្រើប្រាស់​កាន់តែច្រើន យើង​នឹង​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ពួកគាត់​បាន​មួយកម្រិត​ទៀត។ ដោយសារ​ពួកគាត់​មិនត្រូវ​ចំណាយ​លើ​ការព្យាបាល​ជំងឺផ្សេងៗ ដែល​បណ្ដាលមកពី​ការប្រើប្រាស់​ទឹក​មិន​ស្អាត។ ដូច្នេះ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ស្វាគមន៍​ជានិច្ច​រាល់​ការវិនិយោគ​ផ្នែក​វិស័យ​ទឹកស្អាត​ពី​ដៃគូ​ជប៉ុន៕

  • មកស្គាល់តំបន់ទេសចរណ៍បន្លែធម្មជាតិល្បីដាច់គេនៅប្រទេសថៃ ល្អសម្រាប់អ្នកថែទាំសុខភាព

    មកស្គាល់តំបន់ទេសចរណ៍បន្លែធម្មជាតិល្បីដាច់គេនៅប្រទេសថៃ ល្អសម្រាប់អ្នកថែទាំសុខភាព

    នាឱកាសឈប់សម្រាកថ្ងៃចុងសប្តាហ៍ គេហទំព័រឡារ៉ែន សូមនាំអារម្មណ៍ប្រិយមិត្តទាំងអស់ធ្វើដំណើរកម្សាន្ដទៅកាន់តំបន់ទេសចរណ៍មួយកន្លែង ដែលគួរឱ្យចាប់អារម្មណ៍នៅភាគឦសាននៃប្រទេសថៃ នោះគឺ វាង់ណាមខៀវហ្វាម ( วังน้ำเขียวฟาร์ม) តើអ្នកធា្លប់ទៅហើយនៅ?

    វាង់ណាមខៀវហ្វាម ( วังน้ำเขียวฟาร์ม) ជាកន្លែងទេសចរណ៍ដ៏ទាក់ទាញសម្រាប់មកសម្រាកលំហែកាយជាមួយនឹង ធម្មជាតិដ៏ស្រស់បំព្រង និងស្រូបយកខ្យល់អាកាសបរិសុទ្ធ ហើយម្យ៉ាងវិញទៀតនៅមិនឆ្ងាយពីទីក្រុងបាងកក ដោយគ្រាន់តែចំណាយពេលតែ 2-3 ម៉ោង ឆ្លងកាត់ខេត្ត ឆៈឈើងសៅ (Chachoengsao) ចូលស្រុកណាឌី ខេត្តប្រាជីនបុរី (Prachin Buri) តាមបណ្តោយផ្លូវជាតិលេខ 304 ចូលដល់ស្រុក វាង់ណាមខៀវ ខេត្តណៈខនរ៉ាតស៊ីម៉ា ប្រទេសថៃ។ វាង់ណាមខៀវ ជាឋានកសិដ្ឋានធម្មជាតិដ៏ស្រស់បំព្រង និងមានផាសុខភាព។

    វាង់ណាមខៀវហ្វាម ( วังน้ำเขียวฟาร์ม) គឺជាសួនដាំបន្លែដោយមិនប្រើជីគីមីដ៏ល្បីក្នុងស្រុកវ៉ាំងណាមខៀវ លើផ្ទៃដី 2.5 ហិកតា។ រងបន្លែងវែងដាច់កន្ទុយភ្នែកដែលដាំឆ្លាស់គ្នាច្រើនប្រភេទដូចជា ស្ពៃក្តោបពណ៌ស្វាយ រ៉េតអូក គ្រីនអូក រ៉េតលីហ្វ សាឡាត់ថ្លា ប៉េងប៉ោះ និងការ៉ុតតូចៗ ជាដើម។ នៅពេលដែលភ្ញៀវទេសចរណ៍មកដល់ ម្ចាស់សួនជាអ្នកអធិប្បាយ ប្រវិត្តរឿងរ៉ាវទាក់ទងនងការដាំបន្លែមិនប្រើសារធាតុគីមី និងបង្ហើរទឹកដមសំនៀងព្រមទាំងលេងហ្គីតាបែបខន់ទ្រីសាយ កាន់តែធ្វើឱ្យភ្ញៀវទេសចរណ៍បានសប្បាយស្រស់ស្រាយក្នុងអារម្មណ៍ទៀតផង។

    តោះកុំឱ្យរង់ចាំយូរនៅទស្សនារូបភាពខាងក្រោមនេះ ៖

  • តារាចម្រៀងស្រីតូចច្រលឹង Ariana Grande បង្ហាញមុខសង្សារថ្ងៃដំបូង ក៏ផ្អែមល្ហែមដល់ម្លឹងៗ…

    តារាចម្រៀងស្រីតូចច្រលឹង Ariana Grande បង្ហាញមុខសង្សារថ្ងៃដំបូង ក៏ផ្អែមល្ហែមដល់ម្លឹងៗ…

    តាមរយៈគេហទំព័រកម្សាន្ដ TMZ ដែលចេញផ្សាយមុននេះបន្ដិចបានឱ្យដឹងថា តារាចម្រៀងស្រីល្បីឈ្មោះរាងតូចច្រលឹងគឺនាង Ariana Grande បានបង្ហាញមុខសង្សាររបស់ខ្លួនជាលើកដំបូង ដែលគេមើលស្គាល់ថាជា លោក Pete Davidson ខណៈពួកគេសម្ញែងភាពផ្អែមល្ហែម បឺតមាត់គ្នាជាជក់ចិត្តនៅលើកម្រាលព្រំក្រហមក្នុងកម្មវិធី MTV Video Music Awards 2018 ។ ទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ ត្រូវបានប្រភពមួយទម្លាយថា ពួកគេបានទាក់ទងគ្នាចាប់តាំងពីខែ មិថុនា មកម្លេះ។

    លើសពីនេះទៅទៀត តារាចម្រៀងវ័យ 25 ឆ្នាំរូបនេះ បានទទួលពានរង្វាន់ជាតារាឯកឆ្នើមខាងចម្រៀងប៉ប ( Best Pop) ដែលពិតជាស័ក្ដសមជាមួយឈ្មោះរបស់នាងពិតមែន។ មិនតែប៉ុណ្ណោះ នាងក៏ទទួលបានពានរង្វាន់ជាច្រើនបន្ថែមទៀតដូចជា Artist of the Year, Best Cinematography និង Video of the Year សម្រាប់តែវីដេអូចម្រៀង « No Tears Left to Cry » តែមួយបទប៉ុណ្ណោះ។ គួបញ្ជាក់ដែរថា បទចម្រៀងមួយនោះ មាននៅក្នុងអាល់ប៊ុមចម្រៀង Sweetener ដែលទើបតែបញ្ចេញការលក់មិនទាន់បានយូរប៉ុន្មានទេ តែធ្វើឱ្យនាងបានកើបលុយយ៉ាងច្រើនពីការលក់អាល់ប៊ុមចម្រៀងនេះ រហូតដល់ថ្នាក់ជាអាល់ប៊ុមដែលបំបែកតារាចម្រៀង Billboard នៅលើតារាងកំពូលថែមទៀតផង។

    សូមជម្រាបថា វីដេអូចម្រៀងដែលបានបំបែកឯកត្តកម្ម GWR ( guinness world records ) នៅក្នុងឆ្នាំ 2018 នេះ គឺមានចំនួនពីរបទដែលជា  «No Tears Left to Cry» ច្រៀងដោយនាង Ariana Grande និងរបស់លោក Bruno Mars មានចំណងជើងថា « Finesse (Remix) » [ft. Cardi B] ៕

  • បទថ្មីរបស់កញ្ញា ឱក សុគន្ធកញ្ញា លើកទឹកចិត្តដល់ប្អូនៗទើបបញ្ចប់ការប្រលងបាក់ឌុប

    បទថ្មីរបស់កញ្ញា ឱក សុគន្ធកញ្ញា លើកទឹកចិត្តដល់ប្អូនៗទើបបញ្ចប់ការប្រលងបាក់ឌុប

    ប៉ុន្មានម៉ោងមុននេះបន្តិច ខាងផលិតកម្មរស្មីហង្សមាសបានបញ្ចេញ MV ថ្មី របស់តារាចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា ដែលមានចំណងជាជើងថា «តស៊ូ» ដែលបទចម្រៀងមួយបទនេះ គឺពិតជាមានអត្ថន័យកម្សត់ ចាក់ដោតបេះដូងមនុស្ស ឱ្យចេះក្រោកឡើងតស៊ូ ទោះបីជាជួបបញ្ហាអ្វីក៏ដោយ ហើយក៏ជាបទចម្រៀងមួយអាចជួយជំរុញទឹកចិត្តប្អូនៗដែលទើបតែបញ្ចប់ការប្រលងនៅថ្ងៃនេះ ឱ្យតស៊ូបន្តទៀតទៅថ្ងៃអនាគត គ្មានមនុស្សណាម្នាក់ដែលកើតមកគ្មានកំហុសនោះទេ។

    បទចម្រៀងដែលអន្លង់អន្លោចមួយនេះ បានទាក់ទាញអារម្មណ៍យុវវ័យឱ្យក្ដុកក្តួលអារម្មណ៍ទៅតាមទំនុកច្រៀង មិនធម្មតាឡើយ ដោយគ្រាន់តែបង្ហោះមិនបានប៉ុន្មានម៉ោងផង មានអ្នលចូលទស្សនារហូតដល់ទៅខ្ទង់ 75,284 ដងទៅហើយ។ អ្នកគាំទ្រខ្លះបានបង្ហើបអារម្មណ៍ពិតរបស់ខ្លួនចំពោះបទនេះថា « ពីរោះណាស់ កម្សត់ណាស់  មានអត្ថន័យអប់រំ និងលើកទឹកចិត្ត សម្តែងសក្តិសមបំផុត មើលហើយស្រក់ទឹកភ្នែក  តែមានកម្លាំងចិត្តក្នុងការតស៊ូ អរគុណសម្រាប់បទចម្រៀងមួយបទនេះ»។

    ដើម្បីឱ្យកាន់តែជាក់ច្បាស់ថា បទចម្រៀងថ្មីរបស់កំពូលតារាស្រីប្រចាំទ្រនំហង្សមាសរូបនេះ ចាក់ដោតអារម្មណ៍យុវវ័យ ជាពិសេសប្អូនៗដែលទើបប្រលងបាក់ឌុបចប់ ដល់កម្រិតណានោះ សូមទស្សនាវីដេអូខាងក្រោម: