Category: សង្គម និងសេដ្ឋកិច្ច

  • ពេលនេះស្រីម៉ុច ចេញប្រតិកម្មចំពោះការចាត់វិធានការរបស់ក្រសួងលើតារាសម្ដែងសិចស៊ី

    ពេលនេះស្រីម៉ុច ចេញប្រតិកម្មចំពោះការចាត់វិធានការរបស់ក្រសួងលើតារាសម្ដែងសិចស៊ី

    កាលពីពេលកន្លងទៅ មានមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមួយរូប បានអះអាងថា ក្រសួងនឹងចាត់វិធានការទៅលើអតីតតារាសម្ដែងអ្នកនាង ស្រីម៉ុច ពីការស្លៀកពាក់សិចស៊ីហួសហេតុ ដោយការកោះហៅមកប្រជុំដាក់ពិន័យ ឬវិធានការផ្សេង តែយ៉ាងណាក៏ដោយ តាំងពីពេលទទួលបានព័ត៌មាននេះមក គេសង្កេតឃើញថា ស្រីម៉ុច នៅតែបន្តស្លៀកសិចស៊ីដដែល និងពេលខ្លះលើសដើមទៀតផង ដោយហាក់ដូចជាមិនញញើតនឹងវិធានការរបស់ក្រសួង និងការរិះគន់ពីមហាជនឡើយ ហើយនាងតែងតែអះអាងថា នាងបានឈប់ពីសិល្បៈអស់រយៈពេលជាង 10ឆ្នាំទៅហើយ។

    អតីតតារាសម្ដែងមាននាមថា ជីដូនកាកី រូបនេះ បានសរសេរតបយ៉ាងឌឺនៅលើហ្វេសប៊ុករបស់ខ្លួនថា «មិនបាច់បញ្ឈប់ខ្ញុំទេ ព្រោះខ្ញុំលែងជាតារា10ឆ្នាំជាងទៅហើយ។ មិនមែនខ្ញុំព្រហើនក្នុងការឆ្លើយតបទៅចាស់ទុំវិញរបៀបនេះទេ តែវារំខានពេកហើយ ខ្ញុំត្រូវការភាពស្ងប់សុខ សុំកុំរំខានខ្ញុំដោយរូបភាពផ្សេងៗបែបនេះ មានតារាជាច្រើនត្រូវការជំនួយ សុំយក ពេលទៅជួយពួកគេទៅ ឬមួយចាំមិនបានថា ពួកគេជាតារា? ឬក៏គេគ្មានកាតជាតារា? តែនៅពេលដែលចង់ជេរ ចង់ជាន់ពន្លិច ក៏តាំងជីកកកាយអ្នកដែលមិនមែនជាតារា ហើយលិចកប់បាត់តាំងពីណាណី យកជីវិតគេមកជជែកវែកញែក?»។

    អ្នកម្ដាយវ័យ 40 ឆ្នាំរូបនេះបានបន្តថា «នេះសំណាងហើយ ដែលស្រីម៉ុចមិនបានទៅសុំជំនួយ កុំអីនឹងប្រើពាក្យមកខ្ញុំវិញមិនខានថា ខ្ញុំឈប់ពីតារាយូហើយ ហាហា អ៊ីចឹងពិបាកក្នុងកាជួយតិច Lolzz។ ខ្ញុំមិនចង់និយាយអ្វីឱ្យវែងឆ្ងាយទេ តែខ្ញុំគ្រាន់តែចង់ជម្រាបថា ខ្ញុំឈប់ពីតារានេះយូរហើយ ហើយមិនបាច់ប្រើពាក្យថា ដោយសារខ្ញុំចង់ពាក់សិចស៊ី បានខ្ញុំប្រើពាក្យថា ឈប់ពីតារា»។

    ស្រីស្រស់កូន3 រូបនេះបានបន្ថែមទៀតថា «សុំជម្រាបថា ខ្ញុំសិចស៊ីតាំងពីខ្ញុំមិនទាន់ជាតារា ហើយការសម្ដែងរបស់ខ្ញុំលើកដំបូង ប្ដីខ្ញុំហើយនិងអ្នកបើកឡានខ្ញុំ ជូនខ្ញុំដល់កន្លែងថតតែម្ដង។ សុំទោសដល់ឯកឧត្តម លោកជំទាវ ទាំងអស់បើសិនមានការខុសឆ្គងក្នុងការឆ្លើយតបនេះ ព្រោះវារំខានដល់សិទ្ធសេរីភាពក្នុងការរស់នៅរបស់ខ្ញុំខ្លាំងណាស់។ តែបញ្ហាគឺថា រាល់ថ្ងៃហ្នឹង តាំងពីឈប់ពីតារានឹងមក ហត់តែម្យ៉ាងទេ ព្រោះអត់មានការងារអីធ្វើ ក្រៅពីមើលកូន បោសជូតផ្ទះ តែងខ្លួន ហើយទុកលុយប្ដី»៕

  • ប្រភពព័ត៌មាន៖ អត្ត​ព​លិ​ក​ហែល​ទឹក​ចិន លួច​វាយ​អត្ត​ព​លិ​ក​កូរ៉េ​ក្នុង Asian Games

    ប្រភពព័ត៌មាន៖ អត្ត​ព​លិ​ក​ហែល​ទឹក​ចិន លួច​វាយ​អត្ត​ព​លិ​ក​កូរ៉េ​ក្នុង Asian Games

    អត្ត​ព​លិ​ក​ហែល​ទឹក​ម្នាក់​របស់​កូរ៉េខាងត្បូង​បាន​រង​ការ​លួច​វាយ​ពី​សំណាក់​អត្ត​ព​លិ​ក​ម្នាក់​របស់​ចិន ក្រោយពី​មាន​ជម្លោះ​មួយ​ក្នុង​ព្រឹត្តិការណ៍ Asian Games។ នេះ​បើ​យោងតាម​ភ្នាក់ងារ​សារព័ត៌មាន Yonhap របស់​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

    ឧប្បត្តិ​ហេតុនេះ​បានកើត​ឡើង​ក្រោយពី​កីឡាការិនី​កូរ៉េខាងត្បូង​ម្នាក់​ឈ្មោះ Kim បាន​គ្រវាសដៃ​ទៅ​ចំ​ផ្ទៃមុខ​របស់​អត្ត​ព​លិ​ក​ចិន​ដោយ​ចៃដន្យ ក្នុងអំឡុងពេល​ហ្វឹកហាត់​នៅឯ​មជ្ឈមណ្ឌល​ហែល​ទឹក Aquatic Center ក្នុង​ទីក្រុង​ហ្សា​ការ​តា។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់ Yonhap ដែល​បាន​បង្ហើប​ឱ្យដឹង​ដោយ​គណៈកម្មាធិការ​អូឡាំពិក និង​កីឡា​របស់​កូរ៉េខាងត្បូង (KSOC)។ ត​មក​អត្ត​ព​លិ​ក​ចិន​ដែល​មិន​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​បាន​ទាត់​ទៅលើ Kim ហើយ​អ្នក​ទាំង2 ត្រូវបាន​ចាប់​បំបែក​ដោយ​អត្ត​ព​លិ​ក​ផ្សេងទៀត និង​គ្រូបង្វឹក។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ដដែល។

    មន្ត្រី​ម្នាក់​របស់ KSOC ត្រូវបាន​គេ​ដកស្រង់​សម្តី​ក្នុងពេល​និយាយថា៖ «អត្ត​លិ​ក​ហែល​ទឹក​ទាំង2 បាន​ធ្លាក់​ចូលក្នុង​ជម្លោះ​វាយតប់​មួយ ក្រោយពី​ពួកគេ​បាន​ប៉ះទង្គិច​គ្នា​ដោយ​ចៃដន្យ។ Kim បានធ្វើ​ការសុំ​អភ័យទោស​មុន ប៉ុន្តែ​អត្ត​ព​លិ​ក​របស់​ចិន​មិនបាន​យល់​ពីអ្វី​ដែល​នាង​បាន​និយាយ​ឡើយ និង​បាន​វាយ​ទៅលើ​រូបនាង​តែម្តង»។ បុគ្គលិក​កីឡា​របស់​ចិន បាន​សុំ​អភ័យទោស​ចំពោះ​មន្ត្រី​កីឡា​កូរ៉េខាងត្បូង សម្រាប់​ឧប្បត្តិ​ហេតុនេះ​នៅ​កន្លែងកើតហេតុ​តែម្តង ហើយ​ក្រោយមក​ក៏បាន​សុំទោស​ម្តងទៀត​ក្នុងភូមិ​អ្នកកីឡា​របស់​អត្ត​ព​លិ​ក។ នេះ​បើ​យោងទៅតាម KSOC។

    ក្រោយមក អ្នកនាំពាក្យ​ម្នាក់​របស់ KSOC បាន​និយាយ​បន្ធូរបន្ថយ​ស្ថានការណ៍​នេះ។ អ្នកនាំពាក្យ​រូបនោះ​បានឱ្យដឹងថា៖ «វា​ជា​ករណី​ដែល​បាន​កើតឡើងជារឿយៗរវាង​អត្ត​ព​លិ​ក​ហែល​ទឹក អំឡុងពេល​ហ្វឹកហាត់ ហើយ​គ្រូបង្វឹក​អត្ត​ព​លិ​ក​ចិន​រូបនោះ ក៏បាន​ធ្វើ​ការសុំ​អភ័យទោស​រួចរាល់​ហើយ​ដែរ»៕

    ប្រភពពី៖ Channel News Asia

  • Ikee ឈ្នះ​មេដាយមាស​ទី5 ខណៈ Son របស់ Spurs បន្ត​ក្តីសង្ឃឹម​ក្នុង Asian Games

    Ikee ឈ្នះ​មេដាយមាស​ទី5 ខណៈ Son របស់ Spurs បន្ត​ក្តីសង្ឃឹម​ក្នុង Asian Games

    កីឡាការិនីហែលទឹក Rikako Ikee របស់ជប៉ុនបានឈ្នះមេដាយមាសទី5 របស់ខ្លួនក្នុងព្រឹត្តិការណ៍ Asian Games កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលតារាឆ្នើម Son Heung-min របស់ក្របខ័ណ្ឌ Premier League បានបោះ1ជំហានទៀតឆ្ពោះទៅកាន់ការប្រជែងដណ្តើមមេដាយមាស ដែលនឹងធ្វើឱ្យរូបគេរួចផុតពីការបំពេញការតព្វកិច្ចយោធា។

    Ikee បានជួយឱ្យជប៉ុនទទួលបានជ័យជម្នះក្នុងការប្រកួតហែលទឹកបណ្តាក់ផ្នែកនារីចម្ងាយ 4x100m ដើម្បីតាមស្មើកំណត់ត្រានៃការឈ្នះមេដាយមាស5 របស់កីឡាការិនីជប៉ុន Yoshimi Nishigawa ក្នុងព្រឹត្តិការណ៍ Asian Games តែមួយ ស្របពេលដែលកីឡាករ Joseph Schooling របស់សិង្ហបុរី ក៏បានទទួលជ័យជម្នះក្នុងការប្រកួតហែលទឹកបែបមេអំបៅចម្ងាយ 50ម៉ែត្រដែរ។

    ម្ចាស់មេដាយមាសអូឡាំពិក ដែលបានឈ្នះត្រឹមមួយចុងម្រាមដៃលើកីឡាករចិន Wang Peng នោះបានឱ្យដឹងថា៖ «ខ្ញុំមិនបានដឹងពីអ្នកដែលបានទទួលជ័យជម្នះឡើយ រហូតដល់ទីចុងក្រោយ ខ្ញុំបានក្រឡេកមើលទៅលើតារាង ហើយពេលនោះខ្ញុំស្ទើរតែមិនជឿសោះ»

    Son បានធ្វើជាប្រធាននៃក្រុមម្ចាស់ការតំណែងជើងឯកកូរ៉េខាងត្បូងនៅពេលក្រុមគេដណ្តើមបានជ័យជម្នះក្នុងលទ្ធផល 2 ក្នុងការប្រកួតនៅ Cikarang ក្បែរដ្ឋធានីហ្សាការតា ដើម្បីធ្វើដំណើរទៅកាន់ការប្រកួតដ៏ស្វិតស្វាញមួយទៀតជាមួយនឹងក្រុមជម្រើសជាតិអ៊ូបេគីស្ថាន។

    ការមិនអាចដណ្តើមបានមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាអាស៊ីមួយនេះ នឹងមិនគ្រប់គ្រាន់ក្នុងការធ្វើឱ្យខ្សែប្រយុទ្ធ Son វ័យ 26ឆ្នាំរបស់ក្លិប Tottenham Hotspur រួចផុតពីការបំពេញការតព្វកិច្ចយោធារយៈពេល21ខែឡើយ ហើយអាចនឹងធ្វើឱ្យប៉ះពាល់ដល់អាជីពរបស់គេ។

    ខ្សែប្រយុទ្ធរូបនេះបានឱ្យដឹងថា៖ «ខ្ញុំគិតថា យើងគឺជាក្រុមខ្លាំង ប៉ុន្តែ អ៊ីរ៉ង់ក៏ជាក្រុមខ្លាំងមួយផងដែរ។ វាពិតជាសំខាន់ណាស់ក្នុងការមានភាពខ្លាំងផ្នែកស្មារតី។ សម្ពាធពិតជាមានក្នុងក្រុម ប៉ុន្តែខ្ញុំគិតថា យើងមានការជឿជាក់ខ្លាំងជាងអ៊ីរ៉ង់»

    ប្រភពពី៖ Channel News Asia

  • កម្ពុជា​ត្រូវការ​បង្កើន​បរិមាណ ជំនាញ​មគ្គុទ្ទេសក៍​ទេសចរណ៍ ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍

    កម្ពុជា​ត្រូវការ​បង្កើន​បរិមាណ ជំនាញ​មគ្គុទ្ទេសក៍​ទេសចរណ៍ ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍

    គិត​មកទល់​ពេលបច្ចុប្បន្ន កម្ពុ​ជាមាន​អ្នកបម្រើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍ ដោយផ្ទាល់ ប្រមាណ 62ម៉ឺន​នាក់ ដែល​ក្នុងនោះ​មាន​មគ្គុទ្ទេសក៍​ទេសចរណ៍​ប្រមាណ 5,000នាក់ ដែល​ចំនួន​នេះ​មិនទាន់​ឆ្លើយតប​គ្រប់​ទៅនឹង​កំណើន​នៃ​ភ្ញៀវទេសចរ​នៅឡើយ។ ក្រសួងទេសចរណ៍​ត្រូវការ​ជំរុញឱ្យមាន​ការ​បង្កើន​បរិមាណ​ជំនាញ​ម​គ្គុ​ទេ្ទ​សក៍​ទេសចរណ៍​កាន់តែច្រើន​ប​ន្ថែ​ម​ទៀត ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន​ភ្ញៀវទេសចរ​នៅ​ឆ្នាំ2025។ នេះ​បើតាម​ការ​ឱ្យដឹងពី​មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍។

    ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បានឱ្យដឹង​នៅក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល និង​ប្រគល់​វិញ្ញាបនបត្រ​ជូន​សិក្ខាកាម​មគ្គុទ្ទេសក៍​ទេសចរណ៍​ថ្នាក់ជាតិ ជំនា​ន់ទី3 និង​ថ្នាក់​តំបន់​ភ្នំពេញ ជំនា​ន់ទី17 ចំនួន 106នាក់ និង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​មគ្គុទ្ទេសក៍​ទេសចរណ៍​ថ្នាក់​តំបន់​ភ្នំពេញ ជំនា​ន់ទី19។ ក្នុងឱកាស​នោះ ឯកឧត្តម​បាន​កោត​ស​សើរ​ដល់​សិក្ខាកាម​ជយលាភី​ដែល​បាន​ឆ្លងកាត់​វគ្គ​បណ្ដុះបណ្ដាល​រយៈពេល 6ខែ (ផ្នែក​ទ្រឹស្តី​រយៈពេល 4ខែ និង​ចុះ​ធ្វើ​កម្មសិក្សា​ស្រាវជ្រាវ 2ខែ) ហើយ​បាន​ឆ្លងកាត់​ការប្រឡង​វាយតម្លៃ រហូត​ទទួលបាន​លទ្ធផល​ជោគជ័យ​ជា​ស្ថាពរ។

    ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងទេសចរណ៍ បាន​មានប្រសាសន៍ថា ការជំរុញ​បន្ថែម​នេះ គឺ​ដើម្បី​ត្រៀម​ឆ្លើយតប​ទៅនឹង​កំណើន​ភ្ញៀវទេសចរ​ដែល​នឹង​កើនឡើង​រហូតដល់ 10លាន​នាក់​នៅ​ឆ្នាំ2025 ដែល​នឹង​អាចបង្កើត​ការងារ​ដោយផ្ទាល់​ប្រមាណ 1.2លាន​នាក់ សម្រាប់​អ្នកបម្រើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍។

    លោក បាន ថេ​រ៉ូ សាកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា​បាន​លើកឡើងថា មគ្គុទ្ទេសក៍​ទេសចរណ៍​ចំនួន 39នាក់​ដែល​ត្រូវបាន​ឆ្លងកាត់​វគ្គ​បណ្ដុះបណ្ដាល​ពីសា​កល​វិទ្យាល័យ​មេគង្គ​កម្ពុជា​នឹង​អាច​ចូលរួមចំណែក​ជួយ​បម្រើ​ការងារ​នៅក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា ស្រប​ពេលដែល​មគ្គុទ្ទេសក៍​ទេសចរណ៍​កំពុងមាន​តម្រូវការ​ខ្ពស់។

    សូម​រំឭក​ផងដែរ​ថា បច្ចុប្បន្ន រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​ក្រសួងទេសចរណ៍​ជា​សេនាធិការ​ជំនាញ បាន​យកចិត្តទុកដាក់​ជា​អាទិភាព​ដល់​ការបណ្តុះបណ្តាល​ជំនាញ និង​បង្កើត​ការងារ​ជូន​យុវជន​កម្ពុជា សំដៅ​ឆ្លើយតប​នឹង​កំណើន​ទេសចរ​ជាតិ និង​អន្តរជាតិ​ដ៏​ខ្លាំងក្លា។ ជាក់ស្តែង រយៈពេល 6ខែ​ដើមឆ្នាំ2018នេះ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ 3លាន​នាក់ កើនឡើង13% ហើយ​ជាការ​រំពឹងទុក​ពេញ​មួយឆ្នាំ2018នេះ កម្ពុជា​នឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិប្រមាណ​ជា 6,2លាន​នាក់។

    ជា​ចក្ខុវិស័យ​របស់​ក្រសួងទេសចរណ៍ នៅ​ឆ្នាំ2020 កម្ពុជា​រំពឹង​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ​ជាជាង 7លាន​នាក់ ដែល​នឹង​នាំ​ចំណូល​ចូលជាតិ​ប្រមាណ​ជា 5000លាន​ដុល្លារ​អាមេរិក​ដែល​នឹង​បាន​បង្កើត​ការងារ​ដោយផ្ទាល់​ដល់​ប្រជាពលរដ្ឋ​ប្រមាណ 1លាន​នាក់ និង​ក្នុងនោះ​តម្រូវការ​មគ្គុទ្ទេសក៍​ទេសចរណ៍​នឹងមាន​ប្រមាណ​ជាជាង 1ម៉ឺន​នាក់៕

  • អង់គ្លេស​ប្រកាស​បន្ត​អនុគ្រោះ​ព​ន្ឋ​សម្រាប់​ការ​នាំចូល​ទំនិញ​ពី​កម្ពុជា

    អង់គ្លេស​ប្រកាស​បន្ត​អនុគ្រោះ​ព​ន្ឋ​សម្រាប់​ការ​នាំចូល​ទំនិញ​ពី​កម្ពុជា

    លោក ម៉ាក ហ្វីល (Mark Field) អនុរដ្ឋមន្ត្រី​ក្រសួង​ការ​អង់គ្លេស ទទួលបន្ទុក​អាស៊ី​ប៉ាស៊ីហ្វិក បាន​មានប្រសាសន៍ថា អង់គ្លេស​នៅតែ​បន្ត​លើកលែង​ព​ន្ឋ​សម្រាប់​រាល់​ទំនិញ​នាំ​ចេញពី​កម្ពុជា ទៅកាន់​ទីផ្សារ​ដ៍​ធំ​ក្នុងប្រទេស​អ៉ឺ​រ៉ុ​ប។

    ការអះអាង​ធ្វើឡើង​ក្នុងជំនួប​រវាង លោក ម៉ាក ហ្វីល (Mak Field) ជាមួយ​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៅ​ល្ងាច​ថ្ងៃទី22 ខែសីហា ឆ្នាំ2018 ម្សិលមិញ​នេះ។

    អ្នកនាំពាក្យ​ក្រសួងការបរទេស លោក កេ​ត សោ​ផាន់ បានបញ្ជាក់​ប្រាប់​ក្រុម​អ្នកព័ត៌មាន​នៅក្រោយ​ជំនួយ​នេះ​ថា  អង់គ្លេស​បាន​ប្តេជ្ញាចិត្ត​បន្ត​ផ្តល់​ភាពអនុគ្រោះ​ពាណិជ្ជ​នេះ ទោះ​ចាក​ចេញពី​សហគមន៍​អឺរ៉ុប​ក៏ដោយ។ ឆ្លើយតប​ការបន្ត​ការអនុគ្រោះ​ពន្ធ​សម្រាប់​ទំនិញ​របស់​កម្ពុ​ជា​នេះ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បាន​ថ្លែងអំណរគុណ​ដល់​ចក្រភព អង់គ្លេស​ដែល​នៅតែ​បន្ត​អនុគ្រោះ​ព​ន្ឋ​សម្រាប់​ទំនិញ​នាំ​ចេញពី​កម្ពុជា ក្នុង​គោលដៅ​ជួយ​ឱ្យ​សេដ្ឋកិច្ចកម្ពុជា​នៅ​បន្ត​រីកចម្រើន និង​ពិសេស​ការអនុគ្រោះ​ព​ន្ឋ បានផ្តល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​ជាច្រើន៕

  • ស្ថានភាពជំងឺតារាចម្រៀងជើងចាស់ សួស សងវាចា កាន់តែគួរឱ្យព្រួយបារម្ភខ្លាំង

    ស្ថានភាពជំងឺតារាចម្រៀងជើងចាស់ សួស សងវាចា កាន់តែគួរឱ្យព្រួយបារម្ភខ្លាំង

    គិត​មក​ទល់​ពេល​នេះ​ ពេលវេលាបានកន្លងទៅ​ជិត ​3ឆ្នាំ​ហើយ ដែល​ប្រិយមិត្ត​លែងបានស្តាប់ និងឮ​សូរសៀងសំនៀងដ៏ក្រអួន​ក្រអៅរបស់តារា​ចម្រៀង​ប្រជ្រុយ​ធំ គឺ​លោក សួស សងវាចា ដោយសារតែ​លោក​បានធ្លាក់​ខ្លួន​ឈឺធ្ងន់​ដោយ​ជំងឺ​លើស​ឈាម និងទឹកនោមផ្អែម និងបានបញ្ជូនទៅសង្គ្រោះ​បន្ទាន់​​នៅ​ប្រទេស​វៀតណាម កាល​ពីចុង​ឆ្នាំ2015 បច្ចុប្បន្ន​នេះលោក​នៅ​ពុំទាន់​អាចវិលមក​បម្រើ​សិល្បៈ​ចម្រៀងដែលជា​អាជីព​ឆ្នាំង​បាយ​ចាស់​បាន​នៅ​ឡើយ។

    ខណៈពេល​ដែល​មាន​រឿងរ៉ាវ​មិនល្អកើត​ឡើង​​លើ​អ្នកសិល្បៈ​ជា​ហូរហែ​ ដោយ​អ្នកខ្លះ​ជួប​គ្រោះ​កាច​ដល់​ថ្នាក់អស់​ជីវិត អ្នកខ្លះ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ស្ទើរតែ​ពិបាក​រស់​នោះ លោកសួស សងវាចា ក៏ជាអ្នកចម្រៀងល្បីឈ្មោះម្នាក់ដែលទទួលរងវាសនាកម្មនេះដូចគ្នាដែរ ដែលសព្វថ្ងៃហាក់ដូចជាបាត់ដំណឹងសូន្យឈឹងទៅហើយ តែកាលអំឡុងចុងឆ្នាំ2017 គេបានមើលឃើញថា មានការយកចិត្តទុកដាក់ជួយពីសប្បុរសជនមួយចំនួនដែលធ្វើឱ្យអាការជំងឺរបស់លោកបានធូរស្រាលបន្តិច តែមួយរយៈក្រោយមកនេះក៏ស្ងប់ស្ងាត់ទៅវិញ លែងមានដំណឹងពីស្ថានភាពជំងឺរបស់លោកទៀត។

    គួរបញ្ជាក់ថា ពេលថ្មីៗនេះ តារាចម្រៀងស្រីម្ចាស់បទ «យួនចូលស្រុកហើយ»​ ដ៏​ស្រស់​សោភា ​កញ្ញា ​សូ ​ធា​រ៉ា  បានបង្ហោះវីដេអូរៀបរាប់ពីស្ថានភាពជំងឺសព្វថ្ងៃរបស់លោក សួស សងវាចា ឱ្យដឹងថា លោកកាន់តែមានសុខភាពគួរឱ្យបារម្ភ ខ្លាំហើយ ព្រោះពេលនេះលោកស្ទើរតែមិនអាចដើរបាន រីឯបបូរមាត់វិញក៏វាទាញមិនត្រង់ដែរ (វៀចមាត់) ជាពិសេសគឺពេលនេះលោកមិនអាចចូលបម្រើការងារសិល្បៈបានទៀតទេ ហើយគ្រួសាររបស់លោកទាំងមូលត្រូវទទួលបន្ទុកមើលថែព្យាបាលលោកទាំងខ្វះមុខខ្វះក្រោយ។ ក្រុមគ្រួសារលោក សួស សងវាចា សូមអំពាវនាវដល់បងប្អូនសប្បុរសជន ដែលមានចិត្តសម្បុរធម៌ សូមជួយដល់ការព្យាបាលរបស់លោកផង។

    ដើម្បីជាក់ច្បាស់បន្ថែម សូមទស្សនាវីដេអូនេះខាងក្រោម:

  • នៅចាំអីទៀត!! តោះ ទៅលេងកោះតៅ ទស្សនាសត្វនៅបាតសមុទ្រ!

    នៅចាំអីទៀត!! តោះ ទៅលេងកោះតៅ ទស្សនាសត្វនៅបាតសមុទ្រ!

    ក្នុងអំឡុងខែមិថុនា ដល់ខែតុលានេះ ភ្ញៀវទេសចរភាគច្រើននិយមទៅកម្សាន្ដនៅ កោះតៅ (เกาะเต่า) ព្រោះអាកាសធាតុនៅលើកោះត្រជាក់ និងមានខ្យល់អាកាសបរិសុទ្ធជាងអំឡុងពេលរដូវក្ដៅ។ កោះតៅ មានទំហំផ្ទៃដី 12,936 រ៉ៃ ជាកោះសំខាន់ ហើយស្អាតជាងគេក្នុងចំណោមកោះ 2ទៀត គឺកោះណាងយួន ( เกาะนางยวน ) និងកោះផៈង៉ាន់( เกาะพะงัน)។ លោកអ្នកត្រូវធ្វើដំណើរប្រមាណ 85គីឡូម៉ែត្រ ចេញពីទីក្រុងប៉ាកណាមឈុំឈុន ខេត្តសុរ៉ាតថានី។ បើលោកអ្នកធ្វើដំណើរចាកចេញពីក្រុងបាងកក ទៅកាន់កោះតៅ លោកអ្នកត្រូវទៅកាន់ស្ថានីយរថយន្ដឈ្នួលដែលតម្លៃមានលក្ខណៈជាកញ្ចប់ទាំងថ្លៃរថយន្ដ និងទូកប្រមាណជា 1,170 បាតសម្រាប់មនុស្សធំ និងកូនក្មេង 400បាត។ តើលោកអ្នកអ្នកត្រៀមខ្លួនហើយឬនៅ? បើរួចរាល់ហើយ…តោះ នាំគ្នាទៅស្គាល់ពីរឿងរ៉ាវសំខាន់ៗមុននឹងទៅលេងកោះតៅទាំងអស់គ្នា!។

    មធ្យោបាយ​ធ្វើ​ដំណើរ​នៅលើ​កោះ

    ការធ្វើដំណើរ​ទៅ​ណា​មក​ណា​នៅលើ​តំបន់​​​កោះ​តៅ​នេះ ​គឺ​ត្រូវ​ចំណាយ​ច្រើន ប្រសិន​បើ​យើង​មិន​ជួល​យានជំនិះ​ផ្សេងៗទេនោះ។ មិន​ថា​យើង​មិន​ថា​គេទេ នៅពេល​​​​ទៅ​ដល់​ទី​នោះ​ គឺត្រូវតែជួល​យានជំនិះ​ តែ​ភាគច្រើន​ជា​ម៉ូតូ ​ពីព្រោះ​វា​ងាយស្រួល​ក្នុង​ការធ្វើ​ដំណើរ​ឡើង​ចុះ​ភ្នំ​ពី​កន្លែង​មួយ ​ទៅ​កន្លែង​​មួយ។ សម្រាប់​ម៉ូតូ​ទាំងនោះ​មាន​តម្លៃ​ឈ្នួល​មិន​​ជា​ថ្លៃ​ប៉ុន្មាន​ទេ ដោយមាន​តម្លៃ​ចាប់ពី 100​បាត ទៅ500បាត​សម្រាប់រយៈពេល​មួយ​ថ្ងៃ​។

    ​នៅក្នុង​ផ្ទៃទឹក​បាតសមុទ្រ

    ការមុជទឹក​ចូល​ទៅក្នុង​បាតសមុទ្រ ​មិនមែន​ជា​ការងាយ​នោះ​ទេ​បើសិន​ជា​យើង​មិន​ចេះ​ហែល​ទឹក និង​មិន​មាន​ឧបករណ៍​ត្រឹមត្រូវ​ ពីព្រោះ​សកម្មភាព​ទាំងនេះ​ គឺ​ត្រូវមាន​បច្ចេកទេស​មុជ​ទៅ​ជ្រៅក្នុង​ទឹកសមុទ្រ​ដើម្បី​ទស្សនា​សត្វសមុទ្រ​ ដូចជា​ត្រីសមុទ្រ ​និងផ្កាថ្ម ​ជាដើម។ អ្នក​ដែល​មិនមាន​បទពិសោធក្នុង​ការមុជ​មើល​សត្វសមុទ្រ​នឹង​មាន​អារម្មណ៍​ភ្ញាក់ផ្អើល និង​រន្ធត់​ជា​ខ្លាំង​នៅពេល​ដែល​ឃើញ​សត្វ​ទាំងនោះ​មាន​ចលនា​នៅក្នុង​ទឹក​សមុទ្រ​ជ្រៅ។

    នៅលើ​ឆ្នេរខ្សាច់កោះ​តៅ

    នៅ​ថ្ងៃ​ឈប់​សម្រាក នៅលើតំបន់​មាត់ឆ្នេរ​សម្បូរ​ទៅ​ដោយ​ជនជាតិ​បរទេស​ស្បែកស​គេង​ហាលថ្ងៃ​ជាច្រើន​ ដើម្បី​ធ្វើឱ្យ​សម្បុរស្បែករបស់ពួកគេដូចជនជាតិ​អាស៊ី​។ នៅលើ​ឆ្នេរសមុទ្រ​ទាំង​របស់សាធារណៈ និង​ឯកជន ​យើង​អាចគេង​ហាលថ្ងៃ​នៅលើ​វាលខ្សាច់​ពណ៌ស​ស្អាត​ អាន​សៀវភៅ ឬ​ចុះ​ងូត​ក្នុង​ទឹកថ្លា​ពណ៌​ទឹកសមុទ្រ និង​ញុំា​អាហារ ឬ​ភេសជ្ជៈយ៉ាងមានសេចក្ដីសុខ។

    នៅពេល​ព្រលប់

    នៅពេល​ព្រលប់ ​បន្ទាប់ពី​គេង​ហាល​ថ្ងៃ មុជទឹក​មើល​សត្វ​សមុទ្រ ងូតទឹក​នៅ​តាម​ឆ្នេរសមុទ្រ​នានារួចហើយ ​យើង​សង្កេត​ឃើញ​ថា ​ភ្ញៀវទេសចរ​បាន​ដើរ​នៅ​តាម​ដងផ្លូវ​ជាច្រើន​តម្រង់​ទៅ​ភោជនីយដ្ឋាន​តាម​មាត់ឆ្នេរ​ដើម្បី​ស្រស់ស្រូប​អាហារ​ពេល​ល្ងាច​ទៅ​តាម​ចំណង់ចំណូលចិត្ត។ យើង​អាច​ចេញ​ទៅ​ញុំា​អាហារ​ពេល​ល្ងាច​នៅ​តាម​ភោជនីយដ្ឋាន​លើ​ឆ្នេរសមុទ្រ​ស្តាប់​សំឡេង​រលកទឹកសមុទ្រ​ជាមួយ​ខ្យល់​ធម្មជាតិ មើល​របាំ​គ្រវី​ភ្លើង​​នៅលើ​វាលខ្សាច់ ហើយ​យើង​អាច​រីករាយ​ជាមួយ​នឹង​ការភ្លក្ស​ស្រាក្រឡុក និង​ការលេងភ្លេង​តន្ត្រី​ផ្ទាល់​នៅ​ទីនោះ​ទៀតផង​។

    ការស្នាក់នៅ​លើ​​កោះ​តៅ

    ​សម្រាប់​តម្លៃ​ស្នាក់អាស្រ័យ​នៅក្នុង​​វីឡា​ដែល​មាន​ បន្ទប់គេង 2​បន្ទប់មាន​បន្ទប់ទឹក ចង្រ្កោនបាយ អាងហែលទឹក និង​សួនច្បារ​នៅ​ជុំវិញ​នោះ គេត្រូវ​ចំណាយ​ចាប់ពី 3,000​​​បាត  ​ទៅ3០,០០០ បាត។ តែសម្រាប់​បន្ទប់​ជួលនៅ​តាម​ឆ្នេរ​ឯកជន​មួយ​ចំនួនវិញ ​គឺ​មាន​តម្លៃ​ទៅ​ដល់ 75,០០០ ​បាតក្នុង​មួយ​យប់​ក៏​មានដែរ។ ក្រៅពី​នេះ​ ​​នៅ​មាន​បន្ទប់​ដែល​មាន​តម្លៃ​ចាប់ពី​ 6០០បាត ទៅ​ដល់ 1,០០០បាត​ដែរ ប៉ុន្តែ​វា​​ស្ថិត​នៅ​ឆ្ងាយ​ពី​ឆ្នេរសមុទ្រ និង​ទីប្រជុំជនបន្ដិច៕

  • តាមពិតអ៊ីចឹងសោះ!! រាជិនីចិត្តធម៌ ដេននី ក្វាន់ ព្យាយាមកែសម្ផស្សឱ្យដូចតារាស្រីថៃម្នាក់

    តាមពិតអ៊ីចឹងសោះ!! រាជិនីចិត្តធម៌ ដេននី ក្វាន់ ព្យាយាមកែសម្ផស្សឱ្យដូចតារាស្រីថៃម្នាក់

    មួយរយៈចុងក្រោយនេះ រាជិនីចិត្តធម៌ ដេននី ក្វាន់ បានចំណាយប្រាប់អស់រាប់ម៉ឺនដុល្លារ ហោះទៅកាន់ប្រទេសថៃដើម្បីកែកុនរូបសម្ផស្សឱ្យស្អាត និងក្មេងជាវ័យ តែអាថ៌កំបាំងមួយដែលប្រិយមិត្តទាំងអស់មិនបានជ្រាបនោះគឺ តារាសម្ដែងស្រីរូបនេះបាន និងកំពុងព្យាយាមកែកុនរូបសម្ផស្ស និងទម្រង់មុខឱ្យដូចតារាថៃដ៏ល្បីល្បាញមួយដួង។

    បើតាមអ្នកនាង ចោម ច័ន្ទ ដែលត្រូវជាបងស្រីបានឱ្យដឹងថា តារាស្រីថៃដែលដេននី ក្វាន់ សុបិនទាំងយប់ទាំងថ្ងៃ និងខំហោះឆ្លងប្រទេសដើម្បីទៅកែកុនមុខមាត់ឱ្យដូចនោះគឺ Kwan Usamanee។ មូលហេតុពិតដែលធ្វើឱ្យ ដេននី ក្វាន់ ចង់បានមុខមាត់ដូចតារាថៃម្នាក់នោះ គឺដោយសារតែការស្រឡាញ់ចូលចិត្តតាំងពីដើមមក និងណាមួយនាងក៏មានមុខមាត់ស្រដៀងតារាថៃម្នាក់នោះដែរតាំងពីដើម ដូច្នេះគ្រាន់តែកែកុនបន្តិចបន្តួច គឺដូចហើយមិនចាំបាច់ធ្វើអ្វីច្រើនទេ។

    គួរបញ្ជាក់ផងដែរថា ដេននី ក្វាន់ បានយកលុយដ៏ច្រើនសន្ធឹកសន្ធាប់ទៅកែកុនមុខមាត់នៅក្រៅប្រទេសដើម្បីឱ្យដូចតារាថៃ Kwan Usamanee ដែលរហូតមកទល់ពេលនេះ នាងកាន់តែមានទម្រង់មុខស្រដៀងគ្នាខ្លាំងឡើងហើយ។

    ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖

  • ផ្សារ​​កម្សាន្តបែបទេសចរណ៍​​ នឹង​បង្ហាញ​ខ្លួន​នៅចុង​ឆ្នាំនេះ

    ផ្សារ​​កម្សាន្តបែបទេសចរណ៍​​ នឹង​បង្ហាញ​ខ្លួន​នៅចុង​ឆ្នាំនេះ

    ផ្សារ​បែប​កម្សាន្តតម្លៃ​ជាង 10លាន​ដុល្លារដែលមានឈ្មោះថា WB Arena ដែលស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ2 ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោមត្រូវបានក្រុមហ៊ុន WorldBridge Group វិនិយោគសាងសង់ជាមជ្ឈមណ្ឌលកម្សាន្តជាប់មាត់ទន្លេ នឹងក្លាយជាកន្លែងកម្សាន្តដែលមានភាពសម្បូរបែបប្លែកថ្មីមួយនៅរាជធានីភ្នំពេញដែលនឹង​បង្ហាញ​ខ្លួន​នៅ​ចុងឆ្នាំ2018​នេះ។

    លោក សាយ​ម៉ុ​ន គ្រី​ហ្វី​តស៍ (Simon Griffiths) នាយក​គ្រប់គ្រង​ក្រុមហ៊ុន Urban Asset Solutions បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​​បង្ហាញ​ពី​គម្រោង​​នេះ​កាលពី​ថ្ងៃទី​21 ខែ​សីហា​ថា ផ្សារ​កម្សាន្ត​នេះនឹង​ក្លាយ​ជា​តំបន់​លម្ហែកាយ​បែប​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ ដោយសារ​តែស្ថិតលើ​ផ្ទៃដី​ធំ​ទូលាយនៅក្នុង​តំបន់​ចាក់​អង្រែ​ជាប់មាត់​ទន្លេដែល​ជាទីតាំងល្អ​បំផុត​សម្រាប់​អាជីវកម្ម​ហាង​ទំនើប និង​អ្នក​ចូលចិត្ត​កម្សាន្ត​នៅក្នុង​រាជធានី​ភ្នំពេញ។ គម្រោង​នេះ​​រួមមាន​ផ្សារ​ទំនើប ហាង​ប្រ៊េនដ៍ៗ និង​កន្លែង​សម្រាប់​អង្គុយ​លម្ហែកម្សាន្ត​យ៉ាង​សម្បូរបែប បំពេញ​សេចក្ដី​ត្រូវការ​របស់​អ្នក​ទស្សនា និងអ្នក​​ចូលចិត្ត​លម្ហែកាយ​។

    មជ្ឈមណ្ឌលកម្សាន្តថ្មីមួយនេះត្រូវបានសាងសង់លើផ្ទៃដីជាង 1.3ហិកតា ក្នុងនោះមានអគារសរុបចំនួន 13អគារ ដែលអគារនីមួយៗផ្ដល់នូវសេវាកម្មផ្សេងៗពីគ្នាជាច្រើន ដូចជាម្ហូបអាហារ ភេសជ្ជៈបែបជាតិ និងអន្ដរជាតិ ផ្សារទំនើប កន្លែងក្មេងលេង មជ្ឈមណ្ឌលសុខភាពសម្ផស្ស និងដែលពិសេសជាងគេនោះ គឺរោងមហោស្រព។

    ចំណុចពិសេសរបស់មជ្ឈមណ្ឌលកម្សាន្ត WB Arena នេះគឺ ទីតាំងដែលអាចចូលទៅដល់ទាំងផ្លូវទឹក និងផ្លូវគោក។ WB Arena មានបណ្តោយលាតសន្ធឹងតាមដងទន្លេបាសាក់ប្រមាណ 100ម៉ែត្រ ដែលអ្នកមកកម្សាន្តអាចធ្វើដំណើរមកបានដោយប្រើប្រាស់សេវានាវាដឹកអ្នកដំណើរសាធារណៈ ព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាកាណូតទេសចរណ៍ឯកជនផ្ទាល់ខ្លួនផងដែរ នេះបើតាមប្រសាសន៍របស់លោក Simon Griffiths ដែលជាអ្នកទទួលខុសត្រូវលើគម្រោងនេះ។

    លោក Simon បានបន្តទៀតថា ភាពលេចធ្លោមួយទៀតនៃមជ្ឈមណ្ឌលកម្សាន្តនេះ គឺសាលមហោស្រព 400កៅអីដែលមានការសម្តែងផ្សេងៗគ្នាជារៀងរាល់យប់ដូចជា ការប្រដាល់ខ្មែរ សៀក ការប្រគំតន្ត្រី និងការសម្តែងសិល្បៈវប្បធម៌ខ្មែរជាដើម។

    ​            លោក យុគ សុធី​រិ​ទ្ធ ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​តំបន់​កម្សាន្ត World Bridge Home បាន​ថ្លែង​ថា គម្រោង​បង្កើត​តំបន់​កម្សាន្ត​នេះនឹង​ផ្ដល់​ឱកាស​ឱ្យ​ពាណិជ្ជករ​ធំៗ និង​អ្នក​កម្សាន្ត​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​កាន់តែ​ជិតស្និទ្ធ​គ្នា​ក្រោយ​ពេល​ដំណើរការ។ ទីតាំង​នេះក៏​នឹង​ក្លាយជា​ផ្សារ​ទំនើប និង​កន្លែង​កម្សាន្ត​នា​ពេល​រាត្រី​ដ៏​ស្រស់ស្អាត​ផងដែរ ជាពិសេស​សម្រាប់​អ្នករស់នៅ​ត្រើយម្ខាង​នៃ​ទន្លេ និង​អ្នកជិះ​កាណូត​ទេសចរណ៍​ទស្សនា​តាម​ការរៀបចំ​របស់​ក្រុមហ៊ុន​។​

    ចំណែក​​លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទីភ្នាក់ងា​រ​ទេសចរណ៍​កម្ពុជាបាន​លើកឡើង​ថា វត្តមាន WB Arena នឹង​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​បានមិនតិច​ទេ ដោយសារតែ​គម្រោង​មួយ​នេះ ​ក្រៅពី​មាន​ផ្សារ​ទំនើប មាន​អាហារ​ដ្ឋា​ន និង​កន្លែង​អង្គុយ​កម្សាន្តហើយ ក៏មាន​រោងសិល្បៈ​តន្ត្រី​សម្រាប់ទាក់ទាញ​អ្នក​ទេសចរ​បានមក​កម្សាន្ត​​ថែមទៀតដែរ៕

  • Schooling ជួយឱ្យ​សិង្ហ​បុរីឈ្នះ​មេដាយមាស​ជាលើក​ទី​1 ក្នុង Asian Games

    Schooling ជួយឱ្យ​សិង្ហ​បុរីឈ្នះ​មេដាយមាស​ជាលើក​ទី​1 ក្នុង Asian Games

    ម្ចាស់​ជើង​ឯក​អូឡាំ​ពិក Joseph Schooling បាន​ជួយ​ឱ្យ​សិង្ហ​បុរី​ឈ្នះ​មេដាយមាស ជាលើក​ទី​1 ក្នុង​​ព្រឹត្តិ​ការណ៍ Asian Games ឆ្នាំ​2018 ក្រោយ​ពី​​ការ​ពារ​ពាន​ក្នុង​ការ​ប្រកួត​ហែល​ទឹក​បែប​មេ​អំបៅ​ចម្ងាយ​ 100​ម៉ែត្ររបស់​គេ​យ៉ាង​ជោគ​ជ័យ​​កាល​ពី​យប់​ថ្ងៃពុធ​។

    Schooling បាន​ប្រើប្រាស់​ថិរ​វេលា​ 51.04​វិនាទី ដើម្បី​​ហែល​​ទៅ​ដល់​ទីមុន​គេ ក៏ដូច​ជា​នាំ​មុខ​លើ​​គូប្រជែង​យ៉ាង​ប្រកៀក​បំផុត​​នៅ​ឯ​មជ្ឈ​មណ្ឌល​ហែល​ទឹក Gelora Bung Karno ក្នុង​ទីក្រុងហ្សា​ការតា ខណៈ​ដែល​រូប​គេ​ក៏​បាន​បង្កើត​កំណត់ត្រា​ថ្មីកីឡា​​​​អាស៊ី​នេះ​ផងដែរ​។ កីឡាករ​ចិន Li Zhuhao បាន​ឈ្នះ​មេដាយប្រាក់ ដោយ​ប្រើប្រាស់​ថិរ​វេលា​ 51.46​វិនាទី ស្រប​ពេល​ដែល​កីឡាករ​ជប៉ុន Yuki Kobori បាន​ឈ្នះ​មេដាយសំរឹទ្ធ​ជា​មួយនឹង​ថិរ​វេលា​51,77​វិនាទី​។

    កីឡាករ Quah Zheng Wen ដែល​ជា​មិត្ត​រួម​ជាតិ​របស់ Schooling បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​4 ក្រោយពី​​ប្រើ​ប្រាស់​ថិរ​វេលា​52.54​វិនាទី​។ Schooling បានប្រើ​ប្រាស់​ថិរ​វេលា​តិច​ជាង​គេ​បំផុត​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ កាលពី​ព្រឹក​ថ្ងៃពុធ ខណៈ​ដែល Quah ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​4 ​ដូច​គ្នា​​។ មេដាយមាស​នេះ​គឺ​ជា​មេដាយ​​ទី​2 ​របស់ Schooling ក្នុង​ព្រឹត្តិការណ៍ Asian Games ឆ្នាំ​2018 ក្រោយពី​រូប​គេ​បាន​ជួយ​ឱ្យ​ក្រុម​ហែល​ទឹក​​បុរស​ចម្ងាយ 4x200m ឈ្នះ​មេដាយ​សំរឹទ្ធ​កាលពី​ថ្ងៃ​ចន្ទ​។

    កីឡាករ​វ័យ​ 23​ឆ្នាំ​រូបនេះ បាន​ស្ថិតក្នុង​ការ​ចាប់អារម្មណ៍​ខ្លាំង ក្រោយពី​​ឈ្នះ​ការ​ប្រកួត​ហែល​ទឹក​បែប​មេ​បំ​បៅ ចម្ងាយ​ 100ម៉ែត្រ ក្នុងព្រឹត្តិការណ៍ Asian Games ឆ្នាំ​2014 នៅ​ទីក្រុង Incheon​។ ក្រោយមក រូប​គេ​បាន​បន្ត​ធ្វើ​ដំណើរ​ជួយ​ឱ្យ​សិង្ហ​បុរី ឈ្នះ​មេដាយមាស​ជាលើក​ទី​1 ​ក្នុងព្រឹត្តិការណ៍​អូឡាំ​ពិក ដោយ​ផ្តួល​កីឡាករ​ហែល​ទឹក​ដ៏ឆ្នើម Michael Phelps ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ កាលពីឆ្នាំ​2014៕

    ប្រភព​ពី៖ Channel News Asia