Category: សង្គម និងសេដ្ឋកិច្ច

  • ការអប់រំចិត្តផ្តល់សារៈសំខាន់ អ្វីខ្លះសម្រាប់អ្នកដឹកនាំ?

    ការអប់រំចិត្តផ្តល់សារៈសំខាន់ អ្វីខ្លះសម្រាប់អ្នកដឹកនាំ?

    បើនិយាយពីភាពជាអ្នកដឹកនាំ មនុស្សម្នាក់ៗប្រហែលជាផ្តោតទៅលើភាពម៉ឺងម៉ាត់ក្នុងការប្រើប្រាស់ពាក្យសម្តី វិន័យ និងការប្រើប្រាស់​គោលការណ៍តឹងតែងដើម្បីដើរឱ្យដល់គោលដៅសំខាន់ទាំងឯកជន និងស្ថាប័ន។ តែជាទូទៅ អ្នកដឹកនាំជោគជ័យ​ជាច្រើនសុទ្ធតែមាន​ចំណុច​ប្រសព្វមួយដូចៗគ្នាគឺផ្លូវចិត្តរឹងមាំខ្លាំងដើម្បីតស៊ូ​ជាមួយនឹងឧបសគ្គនានាក្នុងការដឹកនាំ​ ទាំងការប្រកួតប្រជែងពីកត្តាខាងក្រៅ និង​បញ្ហាផ្ទៃក្នុង។

    ឆ្លើយតបជាមួយនឹងបញ្ហានេះ អ្នកសារព័ត៌មាននៃការសែត​ឡារ៉ែន ពាណិជ្ជ បានធ្វើបទសម្ភាសមួយជាមួយនឹងលោក នឹម ឈុន្នី ស្ថាបនិក​ស្ថាប័នបណ្តុះបណ្តាល Anakot Asia Academy ពីការកសាងភាពជាអ្នកដឹកនាំ​តាមរយៈការអប់រំផ្នែកផ្លូវចិត្ត Mindful Leadership ដើម្បី​ជាប្រយោជន៍​សម្រាប់អ្នកដឹកនាំស្ថាប័ន និង​បុគ្គលិក​ក្នុងស្ថាប័នឱ្យទទួលបានជោគជ័យក្នុងជីវិតជាក់ស្តែង និងការធ្វើការងារ។

    លោក នឹម ឈុន្នី

    1. Mindful leadership នេះមានន័យយ៉ាងដូចម្តេច?
    ប្រសិនបើយើងនិយាយជាភាសាខ្មែរ វាមានការលំបាកបន្តិច ព្រោះពាក្យនេះយើងបញ្ចូលគ្នារវាងពាក្យថា Mindfulness និង Leadership។ ពាក្យថា Mindfulness វាអាចមានន័យថា​ និន្នាការមួយនៃការអភិវឌ្ឍ ឬ​ការគ្រប់គ្រងផ្លូវចិត្តរបស់យើង ហើយពាក្យថា Leadership គឺ​បញ្ជាក់ពីការដឹកនាំ។ ហើយ​បើបញ្ចូលគ្នា គឺ​អាចជាការ​ធ្វើការដឹកនាំឱ្យកាន់តែប្រសើរ ប្រកបដោយ​ស្មារតី ការ​ផ្តោត​លើអ្វីមួយពិតប្រាកដ។

    ខ្ញុំប្រើពាក្យ Mindful Leadership នេះ ព្រោះ​វាលំបាកក្នុងការប្រើប្រាស់ពាក្យខ្មែរឱ្យត្រូវន័យ ឬថាយើងយល់មិនដល់​ពីន័យក្នុងភាសាខ្មែរ។ ខ្ញុំក៏បានជជែកជាមួយអ្នកមានចំណេះដឹងខ្ពស់ៗមួយចំនួន​ដែរ តែគ្រាន់តែពេលខ្លះ​ដាក់ទៅមិនពិរោះស្តាប់ ឬឱ្យត្រូវន័យចំ។

    2. តើ Mindful Leadership នេះ​មានសារៈសំខាន់បែបណាខ្លះទៅលើអ្នកដឹកនាំ​ទាំងវិស័យសាធារណៈ និងក្រុមហ៊ុនឯកជន?
    ចំណុចនេះគឺសំខាន់ខ្លាំងណាស់ ទាំងសម្រាប់អ្នកដឹកនាំទាំងវិស័យសាធារណៈ និង​ឯកជន ព្រោះវាអា​ចជួយឱ្យការដឹកនាំកាន់តែប្រសើរ ព្រោះវាធ្វើឱ្យគាត់កាន់តែផ្តោត (focus) ខ្លាំងជាងមុន ម្យ៉ាងវិញទៀតគាត់ក៏អាចទទួលបានលទ្ធភាពការងារខ្ពស់តាមរយៈការគ្រប់គ្រងពេលវេលាប្រកបដោយប្រសិទ្ធភាពខ្ពស់។

    មនុស្សម្នាក់ៗ​បើទោះបីជាមានពេលរវល់ខ្លាំងយ៉ាងណាក៏ដោយ ខ្ញុំជឿថាក៏មានពេលវេលា5 ឬ 10នាទីសម្រាប់ខ្លួនឯងក្នុងមួយថ្ងៃសម្រាប់ការផ្តោត​អារម្មណ៍​លើជីវិតខ្លួនឯង។ ជាធម្មតាបើទោះបីជាយើងជិះឡានក៏ដោយ ជិះម៉ូតូ​ក៏ដោយ​ពេលជិះយូរទៅវានឹងក្តៅម៉ាស៊ីនហើយដំណើរការមិនល្អហេតុនេះមនុស្សក៏ដូចគ្នា អ្នកគ្រប់គ្រងម្នាក់ៗមាន​ការងារត្រូវធ្វើច្រើនណាស់ ហេតុនេះរឿងនឿយហត់មានច្រើនដែលអាចធ្វើឱ្យគាត់ប៉ះពាល់ដល់ប្រសិទ្ធភាពការងារ ហេតុនេះ​ការបញ្ចូល Mindful Leadership គឺជួយគាត់ឱ្យរៀន​សម្រាកដើម្បីយកកម្លាំងដើម្បី​ធ្វើការងារឱ្យបានកាន់តែខ្លាំង។ មនុស្សជោគជ័យប៉ុនណាក៏ដោយ ​នៅពេលដែលយើង​ធ្វើការងារ​ច្រើនខ្លាំងយើងនឹង​អាច​ជួប​បញ្ហាធុញថប់ខ្លាំង (stressor depress) ដែលនាំឱ្យ​ស្ថានភាពនៃការរស់នៅ និងធ្វើការងារ​ត្រូវជួបឧបសគ្គ ហេតុនេះ​ចាំបាច់ត្រូវតែ​ចេះសម្រាក បែងចែកពេលវេលាឱ្យបានត្រឹមត្រូវជាមួយគ្រួសារ និងស្វែងរក​សេចក្តីសុខសម្រាប់ខ្លួនឯង។

    នៅពេលមនុស្សម្នាក់ៗអាចបញ្ចូលនូវ Mindful Leadership បានល្អគាត់នឹង​ត្រូវអនុវត្តគោលការណ៍3គឺ ទី1 គឺមានស្មារតីដឹងច្បាស់លាស់ថាយើងកំពុងចង់បានអ្វីនៅពេលឥឡូវនេះ ទី2ឱ្យយើងច្បាស់ពីចំណុចដែលយើងត្រូវធ្វើក្នុងថ្ងៃនីមួយៗ និងទី3 គឺការផ្តោត (focus) លើការងារណាមួយប្រកបដោយភាពយកចិត្តទុកដាក់ខ្ពស់។

    ធម្មតាយើងរស់នៅ​ក្នុងពិភពរស់នៅបច្ចុប្បន្ន យើងក៏រស់នៅក្នុងបណ្តាញសង្គមផងដែរ ហើយពេលខ្លះមនុស្សរស់នៅជាមួយវាច្រើនដែលធ្វើឱ្យយើង​មានការនឿយហត់ជាមួយវា ព្រោះវាបាន​ស្រូបយកថាមពល​ពីយើងបន្តិចម្តងៗ ដោយមិនដឹងខ្លួន។ ហេតុនេះនៅពេលយើងមាន​គ្រប់គ្រងវាបានល្អ យើងនឹង​អាចសម្រួចថាមពលសម្រាប់ធ្វើការងារក្នុងមួយថ្ងៃៗបានល្អ ហើយមានប្រសិទ្ធភាពខ្ពស់។

    3. តាមការសង្កេត និងបទពិសោធរបស់លោកដែលធ្វើការងារបណ្តុះបណ្តាលជាមួយ​មនុស្សទូទៅទាំងបុគ្គលិក និងអ្នកដឹកនាំស្ថាប័ន តើមនុស្សភាគច្រើនមានបញ្ហាអ្វី? ហើយ Mindful Leadership បានជួយព្យាបាលអ្វីលើបញ្ហាទាំងអស់នោះ?
    តាមការសង្កេតរបស់ខ្ញុំ មនុស្សភាគច្រើនមានបញ្ហា​ច្រើនលើការគ្រប់គ្រងពេលវេលា និងការងារបានល្អ ដែលធ្វើឱ្យគាត់មានការនឿយហត់​ខ្លាំង និងមិនអាចគ្រប់គ្រងការងារច្របូកច្របល់ទាំងអស់នោះបានល្អ។ ម្យ៉ាងវិញទៀត​នៅពេលការងាររបស់គាត់ធ្វើមិនបានល្អ គាត់ក៏អាចធ្វើឱ្យប៉ះពាល់តុល្យភាពសម្រាប់គ្រួសារផងដែរ ព្រោះគាត់ត្រូវធ្វើការងារច្រើន​ តែបានលទ្ធផលតិច ហើយ​យកពេលវេលា គ្រួសារដើម្បី​បំពេញចំណុចខ្វះខាតទាំងអស់នោះ។

    ជាធម្មតា មនុស្សម្នាក់ៗមានពេល 24ម៉ោងដូចគ្នាគ្មានអ្នកណាម្នាក់មានពេលលើសនេះនោះទេ តែមានអ្នកខ្លះ​ធ្វើការងារបានច្រើន ហើយអ្នកខ្លះធ្វើការងារបានតិចជាង។ ប្រសិនបើយើងចង់ឱ្យអ្វីគ្រប់យ៉ាងប្រសើរឡើង លុះត្រាតែយើងរៀន​គ្រប់គ្រងវិន័យសម្រាប់ពេលវេលាឱ្យបានច្រើនជាងមុន។ ត្រង់ចំណុចនេះ Mindful Leadership នឹងជួយឱ្យយើងរៀបចំការងារបានល្អតាមរយៈការ​រក្សាភាពស្ងប់ស្ងាត់ និងសមាធិជារៀងរាល់ព្រឹក​ដើម្បី​គិតឱ្យបានច្បាស់លាស់ពី​រឿងអាទិភាពចំនួន3 ដែលត្រូវធ្វើប្រចាំថ្ងៃ ហើយក្នុងមួយសប្តាហ៍នេះត្រូវបែងចែកពេលវេលា​ណាខ្លះសម្រាប់សម្រេចការងារ​ឱ្យល្អ និងពេលណាខ្លះសម្រាប់ក្រុមគ្រួសារ។ នៅពេលនោះគាត់នឹងមានពេលវេលាគ្រប់គ្រាន់ដើម្បីឆ្លុះបញ្ចាំងពីខ្លួនឯង។

    ចំពោះមនុស្សម្នាក់ៗតាមពិតមានពេលវេលាច្រើន​ មិនមែនគ្មានសូម្បីតែប៉ុន្មាននាទីដើម្បី​រកពេលស្ងប់ស្ងាត់ដើម្បីខ្លួនឯងនោះទេ។ ខ្ញុំធ្លាប់មានមិត្តភ័ក្តិមួយចំនួនជាប្រធានស្ថាប័ន​ និងជាមនុស្សសំខាន់ៗផ្សេងៗទៀតរអ៊ូថា គាត់គ្មានពេលគ្រប់គ្រាន់សម្រាប់គ្រួសារ តែមានពេលសម្រាប់ជជែកគ្នាលេង មានពេលគ្រប់គ្រាន់សម្រាប់លេង facebook មានពេលគ្រប់គ្រាន់សម្រាប់មើល Youtube។ ហេតុនេះពេលខ្លះយើងធ្វើរឿងអយុត្តិធម៌សម្រាប់ខ្លួនឯង នៅពេលយើងចំណាយពេលឥតប្រយោជន៍ ហើយមិនមានពេលសម្រាប់ឆ្លុះបញ្ចាំងពីខ្លួនឯង។ បញ្ហាត្រង់ថា មនុស្សម្នាក់ៗចូលចិត្ដដាក់កញ្ចក់មើលអ្នកដទៃ តែមិនមានពេលដាក់កញ្ចក់មើលខ្លួនឯង និងមិនហ៊ានទទួលយក​បញ្ហារបស់ខ្លួនឯង។

    4. អ្នកដឹកនាំក្រុមហ៊ុននីមួយៗតែងតែមានបញ្ហាស្រដៀងគ្នាគឺបុគ្គលិកចូលធ្វើការងារហើយបានមួយរយៈក៏ចេញទៅ បន្ទាប់មកក៏មានអ្នកថ្មីហើយចេញក្នុងរយៈពេលខ្លីបន្តបន្តាប់ទៀត។ តើ​ប្រសិនបើមាន Mindful Leadership ស្ថានភាពអាចនឹងប្រសើរឡើងទេ? មូលហេតុអ្វី?
    នេះគឺពាក់ព័ន្ធជាមួយនឹងបញ្ហានេះខ្ញុំមិនធានា100% ថាវានឹងអាចបញ្ឈប់បញ្ហានេះបានទេ ព្រោះវាអាស្រ័យលើឆន្ទៈរបស់អ្នកដែលចូលធ្វើការងារនោះ និង​ទិសដៅពិតប្រាកដរបស់ក្រុមហ៊ុន តែ​ Mindful Leadership អាចជួយគាត់រឿងសំខាន់មួយគឺឱ្យគាត់មានការទទួលខុសត្រូវ។ ការទទួលខុសត្រូវសំខាន់ខ្លាំងណាស់សម្រាប់អ្នកធ្វើការងារគ្រប់គ្នា ប្រសិនបើគាត់មានការទទួលខុសត្រូវ គាត់នឹងដើរលើផ្លូវវែងឆ្ងាយដើម្បីសម្រេចការងារសំខាន់ៗសម្រាប់ស្ថាប័ន។ ម្យ៉ាងវិញទៀត ប្រសិនបើគាត់ចង់​គេចវេះ ឬ​កេងប្រវ័ញ្ចពេលវេលាមិនត្រឹមត្រូវសម្រាប់ក្រុមហ៊ុន​ សម្រាប់អ្នកដែលមាន Mindful Leadership គេថាគាត់កំពុងតែបោកប្រាស់ ឬកេងប្រវ័ញ្ចខ្លួនឯង។ ក្នុងករណីនេះគាត់នឹងដឹងខ្លួនឯងថា​ការបោកប្រាស់ខ្លួនឯងរបស់គាត់ អាចធ្វើឱ្យមានបញ្ហាដល់ក្រុមហ៊ុនរបស់គេ ហេតុនេះ​គាត់នឹងមានភាពទទួលខុសត្រូវខ្ពស់ជាងមុន។

    ម្យ៉ាងវិញទៀត នៅពេលគាត់​ចេះឆ្លុះបញ្ចាំងពីខ្លួនឯង គាត់អាចនឹងចាប់ផ្តើមយកអារម្មណ៍​របស់អ្នកគ្រប់គ្រងមកដាក់ក្នុងចិត្តគាត់ថា ប្រសិនបើ​គេកេងប្រវ័ញ្ចគាត់ គាត់ក៏នឹងឈឺចាប់ ឬមានបញ្ហាដូចគ្នា។

    បន្ទាប់ពីយើងរៀន​ Mindful Leadership ហើយ​គាត់នឹងដឹងពិតប្រាកដថា​អ្វីដែលគាត់កំពុងធ្វើនោះដើម្បីតែលុយ ឬដើម្បីក្តីស្រឡាញ់។ នៅពេលគាត់រកឃើញខ្លួនឯងហើយ គាត់នឹងអាចដាក់ចិត្ត ដាក់កាយ​ធ្វើការងារជាមួយគ្នាប្រកបដោយការទទួលខុសត្រូវ ព្រោះ​បើគាត់មិនធ្វើបែបនេះទេ ស្មើនឹងគាត់ចាយវាយជីវិតរបស់គាត់យ៉ាងខ្ជះខ្ជាយ។ ម្យ៉ាងវិញទៀត Mindful Leadership បង្រៀនឱ្យគាត់មើលឃើញពីចំណុចជំរុញខ្លួនដែលធ្វើឱ្យគាត់មានហេតុផល​សម្រាប់ខ្លួនឯង ថាគាត់ធ្វើការងាររៀង-រាល់ថ្ងៃនេះដើម្បី​អ្វីឱ្យពិតប្រាកដ។ ប្រសិនបើគាត់មិនដឹងថាគាត់ធ្វើការងាររាល់ថ្ងៃដើម្បីកត្តាជំរុញអ្វីនោះ គាត់អាចនឹងបោះបង់ទៅវិញក្នុងរយៈពេលខ្លី។

    5. តាមបទពិសោធ​របស់លោក​ដែលធ្វើការបណ្តុះបណ្តាលមនុស្សជាច្រើន។ តើលោកមើលឃើញថា​មានមនុស្សច្រើនទេដែល​កំពុងធ្វើការងារ ឬរកស៊ី តែមិនដឹងថាខ្លួនឯងចង់បានអ្វីឱ្យពិតប្រាកដ?
    បាទ មានច្រើនណាស់! មានអ្នកខ្លះ​ធ្វើការងារជិត 10ឆ្នាំ ហើយចង់ចេញរកស៊ីខ្លួនឯង តែពេលសួរគាត់ឱ្យច្បាស់លាស់ គាត់មិនដឹងថាត្រូវរកស៊ីអ្វីឱ្យច្បាស់។ មានអ្នកខ្លះទៀត រៀនចប់ចេញពីសាលាដឹងតែត្រឹមថាខ្លួនឯងចង់ធ្វើការងារ តែពេលលម្អិតឱ្យច្បាស់​ថាគាត់ចង់ធ្វើអ្វីឱ្យច្បាស់ គាត់​មិនមានចម្លើយ ហើយចេញទៅធ្វើការងារតាម​ស្ថានភាពដែលអាចរកបាន បន្ទាប់មកក៏រេចុះរេឡើង។

    ការធ្វើបែបនេះ គឺជាការផ្តោតថាមពលខុសចំណុច ដែលជាហេតុធ្វើឱ្យគាត់​​បរាជ័យ​ក្នុងមុខជំនួញ ឬការងារទាំងអស់នោះ។ ប្រសិនបើគាត់ដឹងច្បាស់ពីខ្លួនឯង គាត់នឹងសន្សំការផ្តោតថាមពលបន្តិចម្តងៗ បីបួនឆ្នាំក្រោយ យើង​នឹងអាចមានលទ្ធភាពគ្រប់គ្រាន់ដើម្បី​ចេញរកស៊ី និងសម្រេចភាពថ្កុំថ្កើងក្នុង​ការងារជាដើម។

    6. តើការបណ្តុះបណ្តាល Mindful Leadership នេះគេត្រូវអនុវត្តអ្វីខ្លះដើម្បីជួយឱ្យជោគជ័យក្នុងមុខជំនួញ ឬការងារជាដើម?
    ការបណ្តុះបណ្តាល Mindful Leadership ដំបូងឡើយ នៅពេលចូល​នៅថ្ងៃទី1 យើងផ្តល់ពេលដល់គាត់រយៈពេល 20នាទី សម្រាប់ខ្លួនឯងដើម្បីឱ្យគាត់ធ្វើអ្វីក៏បានដោយខ្លួនឯង ដើម្បីចង់ដឹងថា​តើគាត់​ប្រើប្រាស់ពេល​វេលានោះ​មានប្រយោជន៍ឬទេ។ បន្ទាប់មក​យើង​នាំគាត់ឱ្យឆ្លុះបញ្ចាំងជាក់ស្តែងពីសារៈសំខាន់នៃ​ការកំណត់​ពេលវេលា និងការងារ​អាទិភាពសម្រាប់ក្រុមហ៊ុនរបស់គាត់​នៅរយៈពេល​មួយខែក្រោយ 6ខែក្រោយ ដើម្បីឱ្យ​​ការងារមានការរីកចម្រើន។ បន្ទាប់មកទើបធ្វើការ​សមាធិ ដើម្បីស្តាប់មើលពីចំណូលចិត្តរបស់ខ្លួនឯង និងបំណងពិតប្រាកដ​ដ៏ជ្រៅពីក្នុងដួងចិត្តពិតប្រាកដរបស់គាត់ ដើម្បីបញ្ជាក់ពីហេតុផល​ដែលគាត់រស់នៅរាល់ថ្ងៃនេះឱ្យមានន័យ។

    លើសពីនេះទៅទៀត ការប្រមូលអារម្មណ៍ឱ្យស្ងប់ ដើម្បី​ឆ្លុះមើលពីខ្លួនឯងនេះក៏អាចជួយឱ្យគាត់ដឹងពី​ចំណុចខ្លាំង និងចំណុចខ្សោយពិតប្រាកដរបស់ខ្លួនឯង។ នៅពេលយើងដឹងពីចំណុចខ្សោយពិតប្រាកដរបស់ខ្លួនឯងហើយ យើងអាច​ផ្លាស់ប្តូរខ្លួនឯងដើម្បីឱ្យក្រុមហ៊ុនរបស់គាត់ខ្លាំងជាងមុន។

    បន្ទាប់ទៀត គឺត្រូវជំរុញឱ្យ​មានការទំនាក់ទំនងល្អ និងចំណុចសំខាន់ដែលយើងអាចប្រើប្រាស់សមត្ថភាព​ពីក្នុងខ្លួនយើងផ្ទាល់ទៅអនុវត្តដើម្បីឱ្យឆ្លើយតបជាមួយនឹង​លទ្ធផល​វិជ្ជមានរបស់ស្ថាប័ន។ សកម្មភាពទាំងអស់នេះ​ អ្នកទាំងអស់គ្នាចាំបាច់ត្រូវសិក្សាពីរូបមន្តដើម្បីអនុវត្តឱ្យបាន 29ថ្ងៃ ដើម្បី​បង្កើតការអភិវឌ្ឍឱ្យក្លាយជាទម្លាប់ និង​រកឱ្យឃើញពីគុណតម្លៃសម្រាប់ជីវិត ទាំង​ក្នុងការងារ និងគ្រួសារ៕

  • ស្ងាត់ៗ តារាសម្ដែង ភុល សុវណ្ណដានីន ឡើងតំណែងក្នុងអាជីពជាមន្ត្រីរាជការ

    ស្ងាត់ៗ តារាសម្ដែង ភុល សុវណ្ណដានីន ឡើងតំណែងក្នុងអាជីពជាមន្ត្រីរាជការ

    នៅលើហ្វេសប៊ុក គេឧស្សាហ៍ឃើញតារាសម្ដែង លោក ភុល សុវណ្ណដានីន បង្ហោះពីសកម្មភាពការងារជាប៉ូលិសក្នុងឯកសណ្ឋានជាហូរហែ ប៉ុន្តែមានមនុស្សតិចណាស់ដែលចាប់អារម្មណ៍ ព្រោះមានអ្នកគាំទ្រខ្លះនឹកស្មានថា នោះគ្រាន់តែជាសកម្មភាពក្នុងការថតកុន ឬស្លៀកឯកសណ្ឋានប៉ូលិសក្នុងឈុតឆាកណាមួយប៉ុណ្ណោះ ដូច្នេះហើយទើបម្នាក់ៗស្រាប់តែលាន់មាត់ភ្ញាក់ផ្អើលតែម្ដង នៅពេលដែលតួអង្គចិត្តអាក្រក់រូបនេះ ត្រូវបានក្រសួងមហាផ្ទៃដំឡើងមុខតំណែង ដែលបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា លោកគឺជាតារាសិល្បៈដែលឡូយមិនធម្មតាឡើយ។

    នៅលើហ្វេសប៊ុកលោកបានបង្ហោះថា លោកបានឡើងមុខតំណែងជានាយផ្នែកសរុបនៃការិយាល័យបណ្ដុះបណ្ដាល ដែលមានតួនាទីជាអ្នកបណ្ដុះបណ្ដាលមន្ត្រីប៉ូលិសនៅទូទាំងប្រទេសខាងផ្នែកកម្ចាត់គ្រឿងញៀន ការជួញដូរ និងបញ្ហាព្រហ្មទណ្ឌផ្សេងៗ។ យ៉ាងណាមិញ លោកបានប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា ការទទួលឋានន្តរស័ក្តិជាអនុសេនីយ៍ឯក(ស័ក្ដិ 3)នេះដោយសារតែមុខតំណែងរបស់លោក មិនមែនជាការលើកបន្តុបដោយសារតែលោកជាតារាសិល្បៈនោះទេ តែជាមុខតំណែងដែលបានពីការតស៊ូបម្រើការងារនៅក្នុងអគ្គស្នងការនគរបាលជាតិរបស់ក្រសួងមហាផ្ទៃ តាំងពីឆ្នាំ2014មកម្ល៉េះ គឺបន្ទាប់ពីលោកបានប្រឡងជាប់ក្របខ័ណ្ឌ និងទទួលការហ្វឹកហ្វឺនក្លាយជាមន្ត្រីពេញសិទ្ធិប្រចាំក្រសួងរួចមក។

    ការបង្ហោះឱ្យដឹងពីការឡើងតំណែងថ្មីៗនេះ មានអ្នកគាំទ្រជាច្រើនបានសរសើរថា តារាសម្ដែងរូបនេះ គឺជាតារាដែលមានការងារជារាជការ និងមុខតំណែងធំដុំ ស្របគ្នាដែលកេរ្តិ៍ឈ្មោះនៅក្នុងវិស័យសិល្បៈរបស់លោកក៏ងើបត្រដែតឡើងខ្លាំងនាពេលចុងក្រោយនេះដែរ។ គួររំឭកដែរថា លោកត្រូវបានគេស្គាល់ច្រើន បន្ទាប់ពីបានសម្ដែងក្នុងតំណែងជាតួកាចតួចិត្តអាក្រក់ និងជាតួបាញ់បោះ ដោយស្នាដៃដែលផ្ទុះខ្លាំងជាងគេគឺរឿង «មនុស្សឆ្កួត» ដែលបានទទួលជោគជ័យនៅក្នុងរោងភាពយន្តកាលពីពេលមុននេះ។

    ថ្មីៗនេះ លោកបានប្រកាសថា លោកកំពុងត្រៀមខ្លួនសម្ដែងនៅក្នុងភាពយន្តធំមួយទៀតរបស់ផលិតកម្ម LD  ដោយលោកនឹងសម្ដែងជាតួអង្គចិត្តអាក្រក់ដូចសព្វដងនៅក្នុងខ្សែភាពយន្តរឿង «កូនក្រក» ដែលត្រៀមនឹងចេញថតក្នុងពេលឆាប់ៗនេះឯង។ លោកអះអាងថា ការសម្ដែងភាពយន្ត មិនប៉ះពាល់ដល់ការងារជាមន្ត្រីរាជការរបស់លោកឡើយ ដោយសារតែលោកទទួលសម្ដែងតែក្នុងថ្ងៃសៅរ៍-អាទិត្យ និងថ្ងៃឈប់សម្រាកប៉ុណ្ណោះ ឯម៉ោងពេលរដ្ឋបាល គឺលោកទៅធ្វើការ និងបំពេញបេសកកម្មដូចមន្ត្រីទូទៅជាធម្មតា៕

  • Christie ធ្វើ​ឱ្យម្ចាស់​ផ្ទះ​អប​អរ​យ៉ាង​ខ្លាំង​ក្លា ខណៈ​មេដាយមាស​របស់​ចិនឈាន​ដល់​ជិត​100

    Christie ធ្វើ​ឱ្យម្ចាស់​ផ្ទះ​អប​អរ​យ៉ាង​ខ្លាំង​ក្លា ខណៈ​មេដាយមាស​របស់​ចិនឈាន​ដល់​ជិត​100

    កីឡាករ Jonatan Christie​ បាន​បញ្ចប់​ការ​រង់​ចាំ​ដ៏​យូរ​អង្វែង​​របស់​ឥណ្ឌូនេស៊ី សម្រាប់​ការ​ឈ្នះ​​មេដាយមាស​លើ​វិញ្ញា​សា​​វាយ​សី ផ្នែក​បុរស ក្នុង​ព្រឹត្តិការណ៍ Asian Games កាល​ពី​ថ្ងៃ​អង្គារ ខណៈ​ដែល​បារថាំង បាន​ឈ្នះ​មេដាយមាស​ជាលើក​ទី​1​ របស់​ពួកគេ​ក្នុងវិញ្ញា​សា​រត់​បណ្តាក់​ចម្រុះ​​ថ្មី​ចម្ងាយ 4×400ម៉ែត្រ​​។

    Christie បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​របស់​ម្ចាស់ផ្ទះ​ផ្ទុះ​នូ​វ​ការ​អប​​អរ​យ៉ាង​ខ្លាំងក្លា នៅពេល​ដែល​រូបគេ​បាន​ផ្តួល​កីឡាករ​តៃ​វ៉ាន់ Chou Tien-chen ក្នុងលទ្ធផល 21-18, 20-22 និង​21-15 ដើម្បីក្លាយ​ជា​​ម្ចាស់​ជើង​ឯក​ដំបូង​គេ​របស់​ឥណ្ឌូនេស៊ី បើគិត​ចាប់​តាំងពីឆ្នាំ​2006 មុន​ពេល​​ Christie ហែក​អាវ​ខ្លួនឯងដើម្បី​​អប​អរ​ជ័យជម្នះ​ដ៏អស្ចារ្យមួយនេះ។ ការ​ដណ្តើម​បាន​ជ័យជម្នះ​​ដ៏​រំភើប​​របស់​កីឡាករ​វ័យ​ 20ឆ្នាំ​រូបនេះ បាន​បំពេញ​ជោគ​ជ័យ​ដ៏គួរ​ឱ្យ​ចង​ចាំ​មួយ​ក្នុង​វិញ្ញា​សា​បុរស​របស់​ឥណ្ឌូនេស៊ី ក្រោយពី​កីឡាករ Anthony SinisukaGinting បាន​យកឈ្នះ​លើក្រុម​ម្ចាស់​ការ​ពារ​តំណែង​ជើង​​ឯក KentoMomota ​និង​ម្ចាស់​មេដាយមាស Chen Long ដើម្បី​ឈ្នះ​មេដាយ​សំ​រឹទ្ធ​។ Chen Long បាន​ឱ្យ​ដឹង​ថា៖ «ខ្ញុំ​មិន​បាន​រំពឹង​ទុក​ថា ខ្ញុំ​អាច​ឈ្នះ​មេដាយ​មាស​មួយក្នុង Asian Games ឡើយ​​។ ពិត​ណាស់ មាន​កីឡាករ​ឆ្នើម​ៗ​ជាច្រើន​នៅ​ទី​នេះ ហើយ​ខ្ញុំ​មិន​បាន​រំពឹង​ទុក​ថា​ខ្ញុំ​អាច​ក្លាយ​ជា​ម្ចាស់​ជើងឯក​ឡើយ​​»​។

    ជ័យជម្នះ​នេះ មានន័យ​ថា ឥណ្ឌូនេស៊ី បាន​ឈ្នះ​មេដាយមាស ក្នុង​ព្រឹត្តិការណ៍ Asian Games មក​ទល់ពេលនេះចំនួន​24​ ​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​4 ខណៈ​ដែល​ចិនបាន​​បន្ត​គ្រប់គ្រង​លើ​តារាង ដោយ​ឈ្នះ​មេដាយមាស​សរុប​97 និង​ដេញ​តាមពីក្រោយ​​ដោយ​ជប៉ុនដែលទទួលបានមេដាយមាស​43​៕

    ប្រភព​ពី៖ Channel News Asia

  • លី វាហេទ ពញ្ញាក់អារម្មណ៍ សុខ សោម៉ាវត្តី យ៉ាងផ្អែមល្ហែមក្នុងថ្ងៃខួបកំណើត

    លី វាហេទ ពញ្ញាក់អារម្មណ៍ សុខ សោម៉ាវត្តី យ៉ាងផ្អែមល្ហែមក្នុងថ្ងៃខួបកំណើត

    ពីមួយថ្ងៃទៅមួយថ្ងៃ ទំនាក់ទំនងរបស់ពិធីការិនីរូបស្រស់អ្នកនាង សុខ សោម៉ាវត្តី និងកីឡាករបាល់ទាត់លោក លី វាហេទ កាន់តែផ្អែមល្ហែមឡើងៗ បើទោះបីជាអ្នកទាំងពីរមិនបានប្រកាសជាសាធារណៈពីទំនាក់ទំនងស្នេហានេះក៏ដោយ។

    អ្នកទាំងពីរកំពុងធ្វើឱ្យអ្នកគាំទ្រជាច្រើនច្រណែនខ្លាំងហើយ ខណៈពេលដែលពួកគេព្យាយាមបង្ហាញភាពស្អិតល្មួតជាងស្ករតាំងម៉ែ រហូត​​​​ដល់​ថ្នា​ក់​ពោ​ល​​ពា​ក្យថាខ្វះ​​គ្នា​លែង​បាន​ហើ​យទៀតផង។

    ជាក់ស្តែងលោក លី វ៉ាហេទ បានមក Surprise ខួបកំណើតរបស់អ្នកនាង សុខ សោម៉ាវត្តី រហូតដល់អ្នកនាងបានរៀបរាប់ថា «ទម្រាំតែដាច់ចិត្ត Post រូប និង Video នេះ ដោយសារម្ចាស់ខួប មុខក៏ស្អាត ឈុតក៏ស្អាតពេក ឡើងឈុតរាត្រី អគុណណាស់ដែលមកពីហត់មកពីស្វាយរៀងភ្លាម Surprise ឆ្លងថ្ងៃតែម្ដង អី្វដែលពិសេសនោះគឺ យកកាដូ 3ពិន្ទុមកឲ្យទៀត អគុណបងៗទាំងអស់គ្នាផងដែរ…. អគុណណាស់ Beungketfamily គាត់ថា ឆ្នាំមុនមិត្តភក្តិ យាយប៉ិអ្នករៀបចំ ឆ្នាំនេះBro សុំរៀបខ្លួនឯងម្ដង»។

    ពិតណាស់តាមរយៈសារ និងវីដេអូនោះអាចបញ្ជាក់បានថា ទំនាក់ទំនងរបស់ពួកគេទាំងពីរនៅពេលនេះ គឺពិតជាស្និទ្ធស្នាលគ្នាខ្លាំងណាស់ លើសពីធម្មតា ព្រោះថាលោក លី វាហេទ ហាក់បីដូចជារួមរស់នៅក្នុងដំបូលគ្រួសារ សុខ សោម៉ាវត្តី  ដូចជាគ្រួសារតែមួយអ៊ីចឹង៕

  • ជិតដល់ថ្ងៃរៀបការហើយ នី រតនា ដឹកដៃគូដណ្ដឹងទៅកម្សាន្ដនៅប្រទេសថៃ

    ជិតដល់ថ្ងៃរៀបការហើយ នី រតនា ដឹកដៃគូដណ្ដឹងទៅកម្សាន្ដនៅប្រទេសថៃ

    បន្ទាប់ពីតារាចម្រៀងក្នុងផលិតកម្មរស្មីហង្សមាសលោក នី រតនា បានភ្ជាប់ពាក្យរួចមក ជីវិតស្នេហ៍លោកកាន់តែមានសុភមង្គលទ្វេដង ដោយគេឧស្សាហ៍ឃើញអ្នកទាំងពីរទៅដើរលេងជាមួយគ្នាច្រើនណាស់។

    ជាក់ស្ដែងថ្មីៗនេះ លោកបានដឹកដៃគូដណ្ដឹងរូបស្រស់របស់លោកទៅដើរលេងកម្សាន្ដនៅឯប្រទេសថៃយ៉ាងរ៉ូមែនទិក ក្នុងនោះលោកក៏បានថតរូបស្អាតៗបែបស្និទ្ធស្នាលគ្នាជាច្រើន បង្ហោះឱ្យអ្នកគាំទ្របានឃើញក្នុងប​ណ្ដាញសង្គមហ្វេសប៊ុក និងអ៊ីនស្ដាក្រាម ដែលធ្វើឱ្យគ្រប់គ្នានឹកច្រណែនយ៉ាងខ្លាំងតែម្ដង។ ជាពិសេស មានអ្នកគាំទ្រជាច្រើននាក់បានជូនពរឱ្យគូស្នេហ៍មួយគូនេះកាន់តែស្រឡាញ់គ្នាខ្លាំងឡើង និងបន់ឱ្យឆាប់ដល់ថ្ងៃមង្គលឆាប់ៗទៀតផង។

    គួររំឭកផងដែរថា ​ក្រោយពេលបង្កាត់ភ្លើង​ស្នេហ៍​​រយៈពេល​ប្រមាណជា​ 3ឆ្នាំ ​លោក នី រតនា បានសម្រេច​ចិត្ត​រៀបចំ​ពិធី​ភ្ជាប់ពាក្យជា​ផ្លូវការ ​កាលពី​ថ្ងៃទី​27 ខែមេសា ឆ្នាំ​2018 កន្លងមក​ជាមួយ​អនាគត​ភរិយា កញ្ញា ហេង សុវណ្ណ​ភក្តិ​ណា​ និងបច្ចុប្បន្ន​គូស្នេហ៍​​ទាំងពីរ​នៅមិនទាន់ស​ម្រេច​ជ្រើស​រើសថ្ងៃរៀប​អាពាហ៍ពិពាហ៍​ជា​ផ្លូវការនៅឡើយទេ​។​

    ​បើតាម​ប្រភពពី​អ្នកសិល្បៈ​ស្និទ្ធស្នាល​ជាមួយ​តារា​ប្រុស​លោក នី រតនា បាន​បង្ហើប​ថា អំឡុង​ពេលនេះ​ចាស់ទុំ​ទាំងសងខាង និង​សាមីខ្លួន​ទាំងពីរ បាននិងកំពុង​តែ​ស្វះស្វែងរ​កលោក​អាចារ្យដើម្បី​គន់គូរ​មើល​ថ្ងៃ​លាភ​ថ្ងៃជ័យ​នៃ​មង្គលការ​តារា​ប្រុស​រូបនេះ​។ យ៉ាងណាមិញប្រភពដដែលបានបង្ហើបទៀតថា ​អ្នក​ទាំង​ពីរ​ត្រៀម​នឹងប្រាប់ដំណឹងល្អថ្ងៃរៀបមង្គលការនា​ដំណាច់​ឆ្នាំ​2018 ឬ​ដើមឆ្នាំ​2019 ខាងមុខនេះហើយ​៕

    ​ តោះ! កុំឱ្យខាតពេលយូរ ទស្សនារូបភាពផ្អែមល្ហែមរបស់ នី រតនា និងគូដណ្ដឹងខាងក្រោមនេះទាំងអស់គ្នា៖

  • ហ្វេសប៊ុកលុបចោលគណនីហ្វេសប៊ុកផេចរបស់ប្រមុខយោធាមីយ៉ាន់ម៉ា

    ហ្វេសប៊ុកលុបចោលគណនីហ្វេសប៊ុកផេចរបស់ប្រមុខយោធាមីយ៉ាន់ម៉ា

    តាមរយៈសារព័ត៌មាន AFP ដែលចេញផ្សាយបានឱ្យដឹងថា ហ្វេសប៊ុកបានប្រកាសកាលពីថ្ងៃទី27 ខែសីហានេះថា បានខ្លួនបានលុបចោលនូវគណនីហ្វេសប៊ុកផេច របស់ប្រមុខយោធាមីយ៉ាន់ម៉ាចេញពីសង្គមអនឡាញន៍ និងអ៊ីនស្ដាក្រាម ដើម្បីការពារសុវត្ថិភាពនៃការបញ្ជូនព័ត៌មានមិនត្រឹមត្រូវ និងការបង្ហោះសារបែបរើសអើង បន្ទាប់ពីអង្គការសហប្រជាជាតិបានធ្វើការថ្កោលទោសយ៉ាងខ្លាំងចំពោះប្រតិបតិ្តការរបស់យោធាមីយ៉ាន់ម៉ាប្រឆំាងនឹងជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា ដោយបានចោទប្រកាន់ពីបទប្រល័យពូជសាសន៍ និងបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ។

    ហ្វេសប៊ុកបានបញ្ជាក់ថា «យើងកំពុងលុបចោលគណនីបុគ្គល និងអង្គភាពរបស់មីយ៉ាន់ម៉ា 20 ផេច (Page)ទៀត ចេញពីសង្គមហ្វេសប៊ុក ដែលរួមទាំងគណនីរបស់ប្រមុខយោធានៃប្រទេសមីយ៉ាន់ម៉ា លោក Min Aung Hlaing ដែលជាមេបញ្ជាការយោធាជាន់ខ្ពស់បំផុត និងបណ្ដាញប្រព័ន្ធផ្សព្វផ្សាយរបស់ស្ថានីយទូរទស្សន៍កងទ័ពមីយ៉ាន់ម៉ាផងដែរ យើងនឹងបន្តលុបគណនីហ្វេសប៊ុកផេចចំនួន18 និងគណនីអ៊ីនស្ដាក្រាម1 ព្រមទាំងហ្វេសប៊ុកផេច 52គណនី ដែលមានអ្នកតាមដានចំនួន 12លាននាក់ថែមទៀត»។

    គួរបញ្ជាក់ផងដែរថា បើតាមទីភ្នាក់ងារសារព័ត៌មានបារាំង AFP លោក Min Aung Hlaing មានគណនីហ្វេសប៊ុកផេចចំនួន2 ក្នុងនោះ 1មានអ្នកគាំទ្រ និងតាមដានចំនួន 1.3លាននាក់ និង1ទៀតមានអ្នក Follow 2.8លាននាក់ ដែលបានបង្ហោះសារមានលក្ខណៈរើសអើងជាតិសាសន៍ អំពើហិង្សា និងបង្កការស្អប់ខ្ពើមចំពោះជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា៕

  • ចំណេះដឹងផ្នែកហិរញ្ញវត្ថុអាចជួយឱ្យកុមារចេះសន្សំ និងចេះចាយវាយត្រឹមត្រូវ

    ចំណេះដឹងផ្នែកហិរញ្ញវត្ថុអាចជួយឱ្យកុមារចេះសន្សំ និងចេះចាយវាយត្រឹមត្រូវ

    ការគ្រប់គ្រងហិរញ្ញវត្ថុ ជាមេរៀនដ៏សំខាន់មួយដែលត្រូវបានគេបង្រៀនដល់កុមារជាទូទៅនៅក្នុងប្រទេសអភិវឌ្ឍន៍ធំៗទាំងអស់​នៅលើពិភពលោក ព្រោះ​វាជាផ្នែកដ៏សំខាន់ក្នុងការជំរុញឱ្យកុមារក្លាយជាមនុស្សដែលមានសមត្ថភាពខ្ពស់ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិ និងអាចអភិវឌ្ឍ​ធនធានដែលមានស្រាប់ឱ្យកាន់តែរីកចម្រើនថែមទៀតផង។

    ចាប់ផ្តើមពីចំណេះដឹង​ផ្នែកហិរញ្ញវត្ថុ កុមារនឹងអាចក្លាយជាមនុស្សដែលមានភាពប៉ិនប្រសប់ក្នុងការប្រើប្រាស់លុយកាក់ប្រកបដោយប្រសិទ្ធភាពព្រមទាំងមានគំនិត​សហគ្រិនខ្ពស់ ដែលអាចរុញច្រានពួកគេឱ្យក្លាយជាធនធានមនុស្សប្រកបដោយគុណភាពសម្រាប់សង្គមនៅថ្ងៃអនាគត។ ចំពោះប្រជាជនខ្មែរវិញ ក្រៅពីការខិតខំប្រឹងប្រែងវិនិយោគលើការអប់រំរបស់កូន អាណាព្យាបាលភាគច្រើន​ក៏​បាន​យកចិត្តទុកដាក់ខ្លាំងលើការស្វែងរកទ្រព្យសម្បត្តិ ឬមុខរបរសំខាន់ៗទុកឱ្យកូននៅថ្ងៃអនាគត។ ហេតុនេះ​ចំណេះដឹងផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ​ ជាចំណុចចាំបាច់បំផុតសម្រាប់ក្មេងជំនាន់ក្រោយព្រោះកន្លងមកមានមនុស្សមិនតិចទេដែលខកចិត្តក្រោយពេល​ខំសន្សំទ្រព្យស្ទើរពេញមួយជីវិតទុកឱ្យកូន តែកូនៗមិនចេះទុកដាក់ ឬធ្វើឱ្យខាតបង់​ក្នុងរយៈពេលខ្លី។ ផ្ទុយមកវិញ ប្រសិនបើកុមារមានសមត្ថភាពក្នុងការ​គ្រប់គ្រងលុយកាក់បានល្អ គាត់នឹងអាច​ពង្រីកមុខរបររបស់អាណាព្យាបាល ឬ​អភិវឌ្ឍ​ទ្រព្យដែលគាត់មានទាំងអស់នោះឱ្យកាន់តែរីកចម្រើន​ខ្លាំងឡើង និងថែមទាំងអាចជួយប្រជាជនជាច្រើនផ្សេងទៀតនៅក្នុងសង្គមឱ្យមានការងារល្អធ្វើទៀតផង។

    អគ្គនាយិកាបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា លោកជំទាវ ជា សិរី បានលើកឡើងថា ការសន្សំប្រាក់ ឬការគ្រប់គ្រងហិរញ្ញវត្ថុ​ជារឿងសំខាន់ខ្លាំងណាស់សម្រាប់កុមារ។ ប្រសិនបើក្មេង​ៗចេះសន្សំលុយតាំងពីនៅតូចនោះ គាត់នឹងអាចមានពេលច្រើនក្នុងការសន្សំ ដែលធ្វើឱ្យគាត់មានហិរញ្ញវត្ថុរឹង-មាំពេលគាត់ចេញធ្វើការ ឬរកស៊ីនៅពេលធំឡើង។ លោកជំទាវបានបន្ថែមផងដែរថា ការសន្សំមិនមែនមានន័យថាទាល់តែមានលុយច្រើនទើបអាចសន្សំបាននោះទេ តែ​កម្រិតចំណូលប៉ុនណាក៏អាចសន្សំបានដែរ ប្រសិនបើយើងចង់សន្សំ ហើយគ្រប់គ្រងការចាយវាយឱ្យបានត្រឹមត្រូវ។

    លោកជំទាវ ជា សិរី បានមានប្រសាសន៍ថា៖ “​ការគ្រប់គ្រងហិរញ្ញវត្ថុជាផ្នែកសំខាន់នៃជីវិតមនុស្សម្នាក់ៗ ប្រសិនបើមនុស្សមិនអាចគ្រប់គ្រងចំណូល និងចំណាយបានល្អទេ ពួកគេនឹងធ្លាក់ទៅក្នុងវិបត្តិបំណុលក្នុងជីវិត”។ ស្របជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ជំនាញគ្រប់គ្រងហិរញ្ញវត្ថុ​គួរចាប់ផ្តើមបញ្ចូលទៅក្នុងកម្មវិធីសិក្សាតាំងពីកម្រិតបឋមសិក្សាទៅ ព្រោះវាជាជំនាញទន់ដែលត្រូវការជាចាំបាច់សម្រាប់អនាគតធនធានមនុស្សនៅកម្ពុជា ដើម្បីអភិវឌ្ឍសមត្ថភាព​ឱ្យបានរឹងមាំ

    ស្របតាមតម្រូវការរបស់សង្គម។ តែទោះជាយ៉ាងនេះក្តី ដើម្បីឱ្យ​ការបណ្តុះបណ្តាល​ផ្នែកហិរញ្ញវត្ថុ​នេះបានជោគជ័យ លុះត្រាតែមានការចូលរួមយ៉ាងសកម្មពីស្ថាប័នពាក់ព័ន្ធនានាទាំងវិស័យសាធារណៈ និងសាលារៀនឯកជននៅកម្ពុជាដើម្បីរៀបចំកម្មវិធីសិក្សាផ្នែកហិរញ្ញវត្ថុ​ដែលមានគុណភាពខ្ពស់សម្រាប់អប់រំកុមារ។

    ពាក់ព័ន្ធនឹងបញ្ហានេះ លោក គង់ សំនៀង ប្រធាននាយក​ប្រតិបត្តិនៃក្រុមហ៊ុន​វ៉េស្ទឡាញន៍ អេឌ្យូខេសិន គ្រុប បានលើកឡើងថា ដោយមើលឃើញពីសារៈសំខាន់នៃការ​គ្រប់គ្រងហិរញ្ញវត្ថុសម្រាប់កុមារនៅកម្ពុជា សាលារៀនវ៉េស្ទឡាញន៍ បានបញ្ចូលកម្មវិធីល្បីល្បាញមួយដែលមានឈ្មោះថា Money Tree ដើម្បីដាក់ឱ្យសិស្សទាំងអស់បាន​សិក្សា​យកចំណេះដឹងទាំងអស់នោះទៅប្រើប្រាស់​សម្រាប់ការអភិវឌ្ឍ​សមត្ថភាពផ្នែកគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន។ Money Tree ជាកម្មវិធីដ៏ល្បីល្បាញ ដែលត្រូវបានគេទទួលស្គាល់ថាជាកម្មវិធីផ្នែកអប់រំឈានមុខគេនៅអាស៊ីអាគ្នយ៍ និងធ្លាប់បាន​បណ្តុះបណ្តាលដល់សិស្សជាង 40,000នាក់ជារៀងរាល់ឆ្នាំ។ កម្មវិធីនេះជាកម្មវិធី​ដែលរៀបចំឡើង​ដើម្បីអប់រំក្មេងៗនាពេលបច្ចុប្បន្ន​ឱ្យយល់កាន់តែច្បាស់​ពីផ្នែកហិរញ្ញវត្ថុ និងដើម្បីជួយពួកគេឱ្យត្រៀម​ខ្លួនទប់ទល់ជាមួយនឹងបញ្ហាហិរញ្ញវត្ថុដែលកើតមាន​ក្នុងជីវិតនៅថ្ងៃអនាគត។

    លោក គង់ សំនៀង បានមានប្រសាសន៍ថា៖ “តាមរយៈកម្មវិធី Money Tree កុមារនឹងបានរៀនពីគំនិតសហគ្រិន និងវិធីសាស្ត្រ​គ្រប់គ្រងហិរញ្ញវត្ថុដូចជា ការសន្សំប្រាក់ ការវិនិយោគ ការគណនាការប្រាក់ ទ្រព្យសកម្ម និងពីបញ្ហាបំណុលជាដើម។ ផ្តោតលើបញ្ហានេះកុមារនឹងអាច​ក្លាយជាមនុស្សដែលមានទម្លាប់​ក្នុងការចាយវាយប្រាក់បានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់”។

    បន្ថែមពីលើនេះ កម្មវីធីសិក្សា Money Tree អាចជំរុញ​ឱ្យកុមារ​ក្លាយជាមនុស្សដែលមានគោល-ដៅចាយវាយច្បាស់លាស់ មានភាពជាអ្នកដឹកនាំ​ខ្ពស់ មានទំនុកចិត្តលើខ្លួនឯង ព្រមទាំង​មានទំនាក់ទំនងប្រកបដោយភាពវិជ្ជមាន​ទៀតផង។ អាណាព្យាបាល អាចនឹងមានការភ្ញាក់ផ្អើលនៅពេលឃើញកូនៗជាទីស្រឡាញ់មានការប្រែប្រួលជាវិជ្ជមាន​លើឥរិយាបថនៃការរស់នៅ និងការចាយវាយ។

    គួរបញ្ជាក់ថា កម្មវិធីដ៏មានសារៈសំខាន់នេះត្រូវបានគេដាក់ឱ្យសិក្សានៅក្នុងប្រទេសជាច្រើនដោយក្នុងនោះ​ក៏មានការទទួលស្គាល់ពី​វិទ្យាស្ថានសេដ្ឋកិច្ច អប់រំ និង​សហគ្រិនភាព (CEEE) នៃមហាវិទ្យាល័យ Daleware នៅសហរដ្ឋអាមេរិកនៅវិទ្យាស្ថានអប់រំផ្នែកហិរញ្ញវត្ថុ​ នៃវិទ្យាស្ថានជាតិអប់រំសិង្ហបុរី (NIE) មហាវិទ្យាល័យ Open University Malaysia (OUM) នៃប្រទេស​ម៉ាឡេស៊ី និង​ស្ថាប័នសំខាន់ៗជាច្រើនទៀត៕

  • កម្ពុជា-ថៃ​គ្រោង​បង្កើន​ពាណិជ្ជកម្ម​ទ្វេភាគី​ដល់ 15ប៊ី​លាន​ដុល្លារ​ត្រឹម​ឆ្នាំ2020

    កម្ពុជា-ថៃ​គ្រោង​បង្កើន​ពាណិជ្ជកម្ម​ទ្វេភាគី​ដល់ 15ប៊ី​លាន​ដុល្លារ​ត្រឹម​ឆ្នាំ2020

    ក្នុង​គោលដៅ​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ឡើង រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ថៃ បាន​សន្យា​បង្កើន​ពាណិជ្ជកម្ម​ទ្វេភាគី​យ៉ាងហោច​ឱ្យបាន​ត្រឹម 15ប៊ី​លាន​ដុល្លារ​នៅត្រឹម​ឆ្នាំ2020។

    ឯកឧត្តម សុខ សុភ័ក្ត្រ អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​មានប្រសាសន៍​បង្ហាញ​ពី​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង2 ជាពិសេស​លទ្ធផល​នៃ​កិច្ចប្រជុំ​លើក​ទី3 នៃ​គណៈរដ្ឋមន្ត្រី​ចម្រុះ​កាលពី​ខែកញ្ញា ឆ្នាំ2017កន្លងទៅ​ដែល​ដឹកនាំ​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង2 ក្នុងនោះ​កិច្ចប្រជុំ​បានដាក់​ចេញ​នូវ​គោលដៅ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​កើន​ដល់ 15ប៊ី​លាន​ដុល្លារ​ត្រឹម​ឆ្នាំ2020 និង​កិច្ចប្រជុំ​លើក​ទី6 នៃ​គណៈកម្មាធិការ​ចម្រុះ​ផ្នែក​ពាណិជ្ជកម្ម កាលពី​ខែកុម្ភៈ ឆ្នាំ2018 ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំង2 សម្រាប់​ជាយន្តការ​ទ្វេភាគី​ដើម្បី​តាមដាន និង​អនុវត្ត​នូវ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​នេះ។

    ឯកឧត្តម សុខ សុភ័ក្ត្រ អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម

    ឯកឧត្តម​បញ្ជាក់ថា ដើម្បី​សម្រេច​គោលដៅ​នេះ កន្លងមក​ភាគី​កម្ពុជា និង​ថៃ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការមិន​យកពន្ធ​ត្រួតគ្នា​កាលពី​ថ្ងៃទី7 ខែកញ្ញា ឆ្នាំ2017 ដែល​កិច្ចការ​នេះ​បាន​ជួយ​សម្រួល​ដល់​ការ​វិយោគ និង​ធ្វើ​ពាណិជ្ជកម្ម​ដោយ​មិនតម្រូវឱ្យ​បង់ពន្ធ​នៅ​ប្រទេស​ថៃ​ទៀត​ទេ និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភា្ជ​ប់​តាម​ព្រំដែន ដំឡើង​ថ្នាក់​ព្រំដែន ដូចជា​ចុះហត្ថលេខា​លើ MoU ជាច្រើន ដើម្បី​ជួយ​សម្រួល​ដល់​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន។

    ក្នុងជំនួប​ជាមួយ​ប្រតិភូ​សភាពាណិជ្ជកម្ម​ថៃ​កាល​ពីស​ប្ហា​ហ៍​មុន ឯកឧត្តម​បានស្នើ​សភាពាណិជ្ជកម្ម​ថៃ​ឱ្យជួយ​ជំរុញ​រាជរដ្ឋាភិបាល​ថៃ​លើ​បញ្ហា​មួយចំនួន​ដូចជា 1.ព​ន្លឿ​ន​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​លើ​ទំនិញ​ឆ្លងកាត់​ព្រំដែន។ 2.អនុញ្ញាត​ជំរុញ​ឱ្យ​ចុះហត្ថលេខា​លើ MoU ដើម្បីឱ្យ​មានការ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​តាម​គ្រប់​ច្រក​ដែល​កន្លងមក​ទើបបាន​អនុញ្ញាត​ត្រឹមតែ​តាម​ច្រក​ប៉ោយប៉ែត-អារញ្ញ​ប្រាថេត​តែមួយ​ប៉ុណ្ណោះ និង​បន្ថែម​កូតា​អនុញ្ញាតឱ្យ​រថយន្ត​ឆ្លងកាត់​ពី150 ទៅ300 និង​ទៅ500គ្រឿង​ជា​ដំណាក់កាល និង3.សម្របសម្រួល​នីតិវិធី​ក្នុងការ​នាំចូល​ទំនិញ​កសិកម្ម​ពី​កម្ពុជា​ទៅ​ថៃ ចៀសវាង​ការដាក់ចេញ​នូវ​ឧបសគ្គ​នានា​ដែល​ធ្វើឱ្យ​កម្ពុជា-ថៃ​ពុំ​អាច​សម្រេច​គោលដៅ​ពាណិជ្ជ​កម្មបាន 15ប៊ី​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ2020។ ក្នុង​គោលនយោបាយ​លើកទឹកចិត្ត​វិនិយោគិន​បរទេស​ឱ្យមក​បណ្តាក់ទុន​នៅ​កម្ពុជា​ឱ្យបាន​កាន់តែច្រើន រដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​គោលនយោបាយ​បើកចំហ គ្មាន​ការរើសអើង​ចំពោះ​អ្នកវិនិយោគ​បរទេស ហើយ​វិនិយោគិន​បរទេស​អាច​កាន់កាប់​ភាគហ៊ុន100% គ្មាន​ការកំណត់​តម្លៃ​លើ​ទំនិញ និង​សេវា និង​គ្មាន​ការតម្រូវ​ក្នុង​ការប្តូរ​សាច់ប្រាក់ ឬ​យកប្រាក់​ចេញ-ចូល​ក្រៅប្រទេស​ឡើយ។

    ក្នុង​ដំណើរ​ទស្សនកិច្ច​ដឹកនាំ​ក្រុម​អ្នកវិនិយោគ​មក​សិក្សា​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​កាលពី​សប្តាហ៍​មុន លោកស្រី Doungjai Chanthon ប្រធាន​អនុគណៈកម្មការ​ពាណិជ្ជ​កម្ម​តាម​ព្រំដែន និង​ឆ្លង​ព្រំដែន​សម្រាប់​ប្រទេស​កម្ពុជា និង​វៀតណាម​នៃ​សភាពាណិជ្ជកម្ម​ថៃ បាន​មានប្រសាសន៍ថា ដោយ​មើលឃើញ​ឱកាស​វិនិយោគ​នៅ​កម្ពុជា វិនិយោគិន​ថៃ​ចំនួន 20ក្រុមហ៊ុន​គ្រោង​មក​បណ្តាក់ទុន​រកស៊ី​នៅ​កម្ពុជា​នៅពេល​ខាងមុខ។ ប្រតិភូ​ធុរជន​ថៃ​ទាំង​​ 20ក្រុមហ៊ុន​នោះ​កំពុង​ធ្វើ​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស​របស់ខ្លួន​លើ​វិស័យ​អេឡិចត្រូនិក ភេសជ្ជៈ បរិក្ខារ​ពេទ្យ សម្ភារ​ប្រើប្រាស់ ផលិតផល​ថែរក្សា​សម្ផស្ស ចំណីអាហារ ផលិតផល​កសិកម្ម និង​គ្រឿងសំណង់​ជាដើម។ល។

    លោកស្រី Doungjai Chanthon ប្រធាន​អនុគណៈកម្មការ​ពាណិជ្ជ​កម្ម​តាម​ព្រំដែន

    លោកស្រី​អះអាងថា កម្ពុជា និង​ថៃ​មាន​វប្បធម៌​ប្រពៃណី រួមទាំង​ការបណ្តាក់ទុន​រកស៊ី​ស្រដៀង​គ្នាហើយ​កម្ពុជា​នៅមាន​ឱកាស​ច្រើន​សម្រាប់ធ្វើ​ការវិនិយោគ ទៅតាម​វិស័យផ្សេងៗជាច្រើន ដូចជា​ឧស្សាហកម្ម​ចំណីអាហារ និង​ភេសជ្ជៈ សុខាភិបាល សំណង់ វិស័យ​អគ្គិសនី អេឡិចត្រូនិក និង​កសិកម្ម​ជាដើម ទើប​លោកស្រី​ដឹកនាំ​អ្នកវិនិយោគ​ទាំងនេះ​មក​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រីជាន់ខ្ពស់​កម្ពុជា ដើម្បី​ស្វែងយល់​ឱ្យបាន​ច្បាស់​អំពី​បរិ​យ​កាសធ្វើ​ពាណិជ្ជកម្ម មុននឹង​សម្រេចចិត្ត​បោះទុន​វិនិយោគ​ជា​ផ្លូវការ។ ហើយ​លោកស្រី​បាន​សន្យា​ពាំនាំ​នូវ​សំណើ​ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ទៅជូន​បណ្តា​ក្រសួង​ស្ថាប័ន​ធុរកិច្ច​ពាក់ព័ន្ធ​របស់​ថៃ ដើម្បី​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​ឈានដល់​គោលដៅ ដែល​បាន​កំណត់ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង2។

    គួររំឭកផងដែរថា ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-ថៃ​កាលពី​ឆ្នាំ2017កន្លងមក មាន​រហូតដល់​ជាង 6ពាន់​លាន​ដុល្លារ កើនឡើង 10ភាគរយ បើ​ធៀប​ឆ្នាំ2016 ដែលមាន​ចំនួន​ជាង 5ពាន់​លាន​ដុល្លារ៕

  • ជិះរថភ្លើងខ្សែផ្លូវមរណៈក្នុងជ្រលងភ្នំ «ក្រៈឈែ»

    ជិះរថភ្លើងខ្សែផ្លូវមរណៈក្នុងជ្រលងភ្នំ «ក្រៈឈែ»

    រមណីយដ្ឋានទេសចរណ៍ រូងភ្នំក្រៈឈែ មានទីតាំងនៅក្នុងខេត្ត កានចៈណៈប៊ុរី ជាតំបន់ទេសចរណ៍ដែលជាប់នឹងខ្សែរថភ្លើងមរណៈ និងជាទីតាំងប្រវត្តិសាស្ត្រក្នុងសម័យសង្គ្រាមលោកលើកទី 2។ ផ្លូវរថភ្លើងជាប់នឹងជ្រលងភ្នំ ក្រៈឈែ នេះត្រូវបានកសាងឡើងក្នុងសម័យសង្គ្រាមលោកលើកទី2 ដែលតភ្ជាប់ប្រទេសថៃ ទៅប្រទេសភូមា(ឈ្មោះកាលពីសម័យនោះ) និងធ្លាប់ជាជំរំប្រមូលផ្ដុំរបស់អ្នកទោសសង្រ្គាមនាសម័យកាលនោះ។ បច្ចុប្បន្នវាជាស្ថានីយរថភ្លើងទេសចរណ៍ សម្រាប់ដឹកភ្ញៀវទស្សនាតាមជ្រលងភ្នំ ក្រៈឈែ ទៅកាន់តំបន់ទឹកជ្រោះ និងរូងភ្នំ «ព្រោង»  ដែលមានរូបចម្លាក់ព្រះពុទ្ធបដិមាករដ៏ស័ក្ដសិទ្ធិនៅក្នុងរូងភ្នំនោះ។

    រូងភ្នំ ក្រៈឈែ ជារូងភ្នំតូចមួយដែលមានភាពទាក់ទាញបំផុត ដោយសារតែនៅតំបន់ខាងមុខរូង មានបណ្ដុំផ្ទះប្រជាជនដែលនិយមត្បាញក្រណាត់តាមបែបប្រពៃណីបុរាណ ទើបធ្វើឱ្យទីតាំងនោះក្លាយទៅជាតំបន់សហគមន៍តម្បាញបែបបុរាណ។ គួរបញ្ជាក់ផងដែរថា ជ្រលងភ្នំ ក្រៈឈែ មានកម្ពស់ 450ម៉ែត្រ និងមានខ្សែរថភ្លើងរត់កាត់ប្រវែង 10គីឡូម៉ែត្រ និងផ្លូវមរណៈដែលគួរឱ្យស្រៀវឆ្អឹងខ្នងបំផុតមានប្រវែង 400ម៉ែត្រ នៅជាប់នឹងមាត់ស្ទឹង ក្រៈឈែ។ ចំពោះខ្សែរថភ្លើងមួយនេះ អាចផ្ទុកមនុស្សបានដល់ទៅ 60,000 នាក់ក្នុងមួយជើងៗ។

    គួរជម្រាបដែរថា ចំពោះតម្លៃសំបុត្រចូលកម្សាន្ដនៅក្នុងតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្ដ្រមួយនេះមានតម្លៃសមរម្យត្រឹមតែ 100-150បាតប៉ុណ្ណោះ ដោយមិនរួមថ្លៃជិះរថភ្លើងទេ។

    អ៊ីចឹងតោះ!  នៅចាំអីទៀត ទៅទស្សនាវីដេអូ ​និងរូបភាពទាំងអស់នោះទាំងអស់គ្នា៖

  • ភ្ញាក់ផ្អើល!! ម៉េង កែវពេជ្ជតា សម្ដែងបទ “កន្សែងក្រហម”  ពេលប្រគំជាមួយវង់ភ្លេង Sin-phony

    ភ្ញាក់ផ្អើល!! ម៉េង កែវពេជ្ជតា សម្ដែងបទ “កន្សែងក្រហម”  ពេលប្រគំជាមួយវង់ភ្លេង Sin-phony

    ពិតជាកក្រើកពេញបណ្ដាញសង្គមខ្លាំងមែន នៅពេលដែលអ្នកនាង បានលើកយកបទចម្រៀងភ្លេងការប្រពៃណីខ្មែរដែលមានចំណងជើងថា “កន្សែងក្រហម” មកធ្វើការបកស្រាយ ដោយមានការប្រគំអមដោយតន្ត្រីរបស់វង់ភ្លេង Sin-phony ជប៉ុន លាយជាមួយឧបករណ៍ភ្លេងខ្មែរដូចជា ទ្រសោ​ និងចាប៉ី ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត​ សំ​អាង​ សំ។ ក្នុងការលើកស្ទួយវប្បធម៌បុរាណដែលក្រុមសិល្បករខ្មែរល្បីៗបាននាំយកទៅសម្ដែង និងបង្ហាញជូនមហាជននៅឯប្រទេសជប៉ុនកាលពីថ្ងៃទី 21 កន្លងទៅនោះ គេសង្កេតឃើញមានការចូលរួមពីសំណាក់រាជិនីសំឡេងមាស អ្នកនាងម៉េង កែវពេជ្ជតា  វិរសិល្បករចាប៉ីដងវែងដៃឯកលោកតា គង់ណៃ និងអ្នកជំនាញកូដទ្រសោលោក សយ​ តុលា។

    បើតាមការបញ្ជាក់របស់អ្នកនាង ម៉េង កែវពេជ្ជតា នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកបានឱ្យដឹងថា  បទ​ “​ កន្សែងក្រហម​“​ ដែលជាបទចម្រៀងខ្មែរទម្រង់ភ្លេងការបែបប្រពៃណី​ ត្រូវបានឯកឧត្តមបណ្ឌិត​ សំ​អាង​ សំ​ កែច្នៃផ្គុំបញ្ចូល និងច្រៀងជាមួយឧបករណ៍​ភ្លេងបរទេសបែប Sin-phony ជប៉ុន​យ៉ាងពីរោះប្លែក​ត្រចៀកទាំងរសនិយម​ និងទឹកដម​សំឡេង​ ដែលពិតជាគួរឱ្យកោតសរសើរដោយស្មោះ​ចំពោះគំនិតអភិរក្ស​ និងអភិវឌ្ឍន៍ដ៏សម្បូរបែបនេះ​ និងសូមអរគុណដល់ការខិតខំរបស់ឯកឧត្តម​ដែលតែងដឹកនាំយកសិល្បៈផ្នែកចម្រៀង​ និងតន្ត្រីខ្មែរទៅបង្ហាញឱ្យពិភពលោកបានស្គាល់​ ។ សូមអរគុណដល់ទស្សនិកជនជាតិ​ និងអន្តរជាតិគ្រប់ទិសទីដែល​បានផ្តល់ស្នូរទះដៃយ៉ាងកងរំពង ​ស្តាប់ឡើងព្រឺសម្បុរ ។ សូមអញ្ជើញលោកអ្នក ​ទស្សនាផ្ទាំងទស្សនីយភាព​នៃការប្រគំបទចម្រៀង​ “​កន្សែងក្រហម​“​ ជាមួយនាងខ្ញុំ​ ពេជ្ជតា​ លោកតា​ គង់ណៃ​ ចាប៉ីរណ្តំ​ និងប្អូនប្រុស​ សយ​ តុលា​ កូនសិស្សដ៏ពូកែនៃត្រកូលស្តេចទ្រសោ​ ម៉េង​ ហ៊ុន​ ពីប្រទេសជប៉ុន​ និង​សូមបួងសួងឱ្យព្រលឹងវិញ្ញាណនៃប្រពៃណីអរិយធម៌​ វប្បធម៌ខ្មែរគ្រប់ទម្រង់នៅតែបន្តស្ថិតនៅយ៉ាងជ្រៅក្នុងក្រអៅបេះដូងកូនខ្មែរគ្រប់ជំនាន់កុំបីប្រែប្រួលឡើយ​​។ ផ្ញើក្តីស្រឡាញ់ពីនាងខ្ញុំ​ ពេជ្ជតា​ និងក្រុមគ្រួសា​ ម៉េង​ ដល់បងប្អូនទស្សនិកជនគ្រប់លំដាប់ថ្នាក់​៕