Category: សង្គម និងសេដ្ឋកិច្ច

  • ឈីន រតនៈ កាន់តែមើលលែងស្គាល់ ពេលគ្រងឈុតអប្សរា 100ឆ្នាំ

    ឈីន រតនៈ កាន់តែមើលលែងស្គាល់ ពេលគ្រងឈុតអប្សរា 100ឆ្នាំ

    គ្រប់គ្នាកំពុងភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយឈុតអប្សរា 100ឆ្នាំ ដែលគ្រងដោយតារាចម្រៀង​ ឈីន រតនៈ ជាតារាចម្រៀងនៅក្នុងទ្រនំរស្មីហង្សមាស។ មួយឈុតនេះ ជាការត្រៀមបញ្ចេញនូវសាច់រឿងថ្មីតាមរយៈវីដេអូចម្រៀងថ្មី ដែលនឹងចេញនាពេលឆាប់ៗខាងមុខនេះ។ តារាស្រីរូបនេះបាននិយាយរៀបរាប់ពីអារម្មណ៍ដំបូងនៅក្នុងជីវិត​ដែលបានគ្រងឈុតបុរាណបែបនេះ។

    នាងរៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់នាងទាំងក្ដីរំភើបខ្លាំងថា «នាងខ្ញុំសប្បាយចិត្ត ហើយរំភើបខ្លាំងណាស់ថ្ងៃនេះ ដែលបានគ្រងសម្លៀកបំពាក់អប្សរា 100ឆ្នាំ ឈុតទាំងនេះនឹងមាននៅក្នុងMV បទថ្មីរបស់នាងខ្ញុំ ជាពិសេសអរគុណបង Eco Vak Song ដែលបានដឹកនាំសម្តែង ឱ្យឈុតឆាកអប្សរា100ឆ្នាំ រំភើបខ្លាំងណាស់… ចង់ដឹងថាប្លែកយ៉ាងណានោះ រង់ចាំទាំងអស់គ្នាណា…. នឹងមាននៅពេលឆាប់ៗនេះ…”។

    គួររំឭកដែរថា ទោះបីជាកញ្ញា ឈីន រតនៈ មិនបានជាប់ជាជយលាភីនៅក្នុងកម្មវិធីប្រឡងចម្រៀង The Voice Cambodia រដូវកាលទី2 ក៏ដោយ ប៉ុន្តែនាងនៅតែទទួលបានការគាំទ្រជាច្រើន ព្រោះតែទឹកដមសំឡេង និងពូកែខាងច្រៀងបទស្រែក មានតុងខ្ពស់ៗ ក៏ដូចជាការប្រើប្រាស់ដង្ហើមបានវែងៗផងដែរនៅក្នុងការបកស្រាយបទចម្រៀង។ ក៏ប៉ុន្ដែ នៅពេលបានឃើញកញ្ញា ឈីន រតនៈ គ្រងឈុតអប្សរា100ឆ្នាំបែបនេះវិញម្ដងនោះ ប្រិយមិត្តអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនបានបញ្ចេញមតិថា ប្លែកភ្នែកមើលសឹងតែមិនស្គាល់ទៅហើយ និងទន្ទឹងរង់ចាំ ចង់ឃើញការសម្តែងរបស់នាងនៅក្នុងតួអង្គជាអប្សរាទៀតផង៕

  • ការចុះបញ្ជី​ពាណិជ្ជសញ្ញា កើនឡើង​តិច តែ​ជួយ​បាន​ច្រើន​ដល់​ពាណិជ្ជករ

    ការចុះបញ្ជី​ពាណិជ្ជសញ្ញា កើនឡើង​តិច តែ​ជួយ​បាន​ច្រើន​ដល់​ពាណិជ្ជករ

    ការចុះបញ្ជី​ពាណិជ្ជសញ្ញា ឬ​ស្លាក​សញ្ញា​ពាណិជ្ជកម្ម​ដែល​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិក (www.efiling.cambodiaip.gov.kh) ត្រូវបាន​បន្ថែម​វិធី​ទូទាត់​ប្រាក់​ថ្មី​មួយ​ទៀតហើយ គឺ​ពាណិជ្ជករ​អាច​បង់​តាម​ប្រព័ន្ធ​អន​ឡាញ Canadia E-Commerce Payment របស់​ធនាគារ​កាណាឌីយ៉ា ក.អ ដែលជា​ធនាគារ​ទី2 បន្ទាប់ពី​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ដែល​បាន​ត​ភ្ជាប់​ការបង់ប្រាក់​តាម​ប្រព័ន្ធ​អន​ឡាញ​ជាមួយនឹង​ប្រព័ន្ធ​ការដាក់​ពាក្យស្នើសុំ​ចុះបញ្ជី​ពាណិជ្ជសញ្ញា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​របស់​ក្រសួងពាណិជ្ជកម្ម​ដើម្បី​ទូទាត់​លើ​ការចុះបញ្ជី​ពាណិជ្ជសញ្ញា​របស់​ពាណិជ្ជករ។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​កាលពី​ថ្ងៃទី14 សីហា ឆ្នាំ2018 កន្លងមក។

    ឯកឧត្តម ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បានឱ្យ​ឡា​រ៉ែ​ន​ពាណិជ្ជ​ដឹងថា ក្រសួង​បាន​សហការ​ជាមួយ​ធនាគារ​កាណាឌីយ៉ា​ដើម្បី​ជួយ​សម្រួល​ដល់​ការទូទាត់​ការចុះបញ្ជី​ពាណិជ្ជសញ្ញា។ ធនាគារកាណាឌីយ៉ា បាន​ក្លាយជា​ធនាគារ​ទី​ពីរ បន្ទាប់ពី​ធនាគារ​អេស៊ីលីដា​ដែល​ក្រសួង​បាន​ចាប់​ដៃគូ​ជាមួយ “ហើយ​នឹងមាន​ធនាគារ​ដៃគូ​ជាច្រើន​ទៀត​ដែល​នឹង​ជួយ​សម្រួល​ដល់​ការទូទាត់​របស់​ក្រុមហ៊ុន ឬ​ពាណិជ្ជករ​ម្ចាស់​ពាណិជ្ជសញ្ញា‟។

    ឯកឧត្តម ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​

    យោងតាម​អ្នកជំនាញ ការចុះបញ្ជី​ពាណិជ្ជសញ្ញា​នេះ ពាណិជ្ជករ​ទាំងអស់​ចាំបាច់​ត្រូវដាក់​ឯកសារ​នៅ​ក្រសួងពាណិជ្ជកម្ម​ដើម្បី​ត្រួតពិនិត្យ ហើយពី​មុន ការបង់ប្រាក់​ក៏ត្រូវ​បង់​នៅ​ក្រសួង​ពាណិជ​កម្ម​ដែរ តែ​ឥឡូវនេះ​ការបង់ប្រាក់ ត្រូវ​បង់​តាមរយៈ​ធនាគារ​ជា​ដៃគូ​ខាងលើ ដែល​ធនាគារ​គេ​នឹង​ផ្ដល់ដំណឹង​មក​ក្រសួងពាណិជ្ជកម្ម​វិញ​ថា ពាណិជ្ជករ​នោះបាន​បង់ប្រាក់​ហើយ ដូច្នេះ​ខាង​ក្រសួងពាណិជ្ជកម្ម​នឹង​អនុម័ត​លើ​ឯកសារ រួច​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ការចុះបញ្ជី​ពាណិជ្ជសញ្ញា​សម្រាប់​ទំនិញ​ដែលមាន​ប្រភពដើម CO (CertificatesOrigine) ច្បាស់លាស់​ឱ្យទៅ​ពាណិជ្ជករ។ បច្ចុប្បន្ន ការ​ធ្វើតាម​ប្រព័ន្ធ Online នេះធ្វើឱ្យ​ពាណិជ្ជករ​ចំណេញ​ពេលវេលា ដោយ​មិនចាំបាច់​មក​ក្រសួងពាណិជ្ជកម្ម​ឡើយ។

    ការចុះបញ្ជី​ពាណិជ្ជសញ្ញា​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បីឱ្យ​ក្រសួងពាណិជ្ជកម្ម​មាន​ភា​ព​ងាយស្រួល​ក្នុង​ការការពារ​កម្មសិទ្ធិ​បញ្ញា​របស់​ក្រុមហ៊ុន ឬ​ពាណិជ្ជករ​ដែល​បាន​ចុះបញ្ជី និង​ការប្រើប្រាស់​ប្រព័ន្ធ​អេឡិចត្រូនិក​ថ្មី​នេះ​បាន​ជួយ​សន្សំ​ពេលវេលា និង​ប្រាក់ចំណូល​របស់​ក្រុមហ៊ុន និង​ជួយ​លុបបំបាត់​អំពើពុករលួយ​ទៀតផង។

    ឯកឧត្តម ស៊ា​ង ថៃ បាន​បញ្ជាក់ថា ទោះបីជា​ប្តូរ​មកបង់ប្រាក់​តាម​ធនាគារ​ក៏ដោយ ក៏​ចំនួន​តួលេខ​នៃ​ការចុះបញ្ជី​ពាណិជ្ជសញ្ញា​ក្នុង​ឆមាស​ទី2 ឆ្នាំនេះ​មានការកើនឡើង​តិចតួច​ប៉ុណ្ណោះ។ “មានការ​កើនឡើង​តិចតួច និង​វា​មិនមាន​ផលប៉ះពាល់​អី​ក្នុង​ការបង់​តាម​អន​ឡាញ​នោះទេ ពោលគឺ វា​មិន​អាស្រ័យទៅលើ​ការបង់​តាម​ប្រព័ន្ធ​ធនាគារ​ទេ ព្រោះ​ការបង់​នៅតែមាន​ជាធម្មតា វា​គ្រាន់តែ​ជាការ​សម្រួល​ជូន​ពាណិជ្ជករ ដោយ​មិនចាំបាច់​មក​បង់​ផ្ទាល់ ព្រោះ​មិនចាំបាច់​មាន​បន្ថែម 10-20ដុល្លារ​អី​ជូន​ដល់​មន្ត្រី​នោះទេ”។

    លោក អប់ រ៉ា​ឌី នាយក​ផ្នែក​កម្មសិទ្ធិបញ្ញា​នៅ​ក្រសួងពាណិជ្ជកម្ម​បានឱ្យ​ដឹងថា នៅក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំនេះ ក្រសួង​បានអនុម័ត​ពាណិជ្ជសញ្ញា​បាន​ចំនួន 1,871 មុខទំនិញ បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ2017 គឺមាន​ការកើនឡើង​តិចតួច​ប្រមាណ 2% និង​ការដាក់​ពាក្យសុំ​ចុះបញ្ជី​បាន​កើនឡើង16%។ ការចុះបញ្ជី​ពាណិជ្ជសញ្ញា​ដែល​បានអនុម័ត​ក្នុង​ឆមាស​ទី1ឆ្នាំនេះ មាន 703ស្លាក​សញ្ញា​ជា​មុខទំនិញ​របស់​អាជីវក​រ​ក្នុងស្រុក និង1,168ទៀត​ជា​របស់​ពាណិជ្ជករ​បរទេស។

    លោក អប់ រ៉ា​ឌី នាយក​ផ្នែក​កម្មសិទ្ធិបញ្ញា​នៃក្រសួងពាណិជ្ជកម្ម​

    ឯកឧត្តម ស៊ា​ង ថៃ បាន​មានប្រសាសន៍ថា “ការចុះបញ្ជី​ជាមួយ​ក្រសួងពាណិជ្ជកម្ម គឺជា​កាតព្វកិច្ច​ផ្លូវច្បាប់។ អ្នកធ្វើអាជីវកម្ម និង​ពាណិជ្ជករ​មក​ចុះបញ្ជី​ច្រើន មានន័យថា ប្រទេស​អាច​ប្រមូល​ពន្ធ​បានច្រើន​បន្ថែមទៀត។ ជាការ​រួមចំណែក​ដល់​កំណើនសេដ្ឋកិច្ច​នៅក្នុង​ប្រទេស ទាក់ទាញ​វិនិយោគិន​បរទេស និង​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ការនាំ​ចូល ហើយ​វា​សំខាន់​ណាស់​ដែលអ្វីៗទាំងអស់​ដំណើរការ​ដោយ​ស្របច្បាប់​ដើម្បី​ជំរុញ​វិស័យសេដ្ឋកិច្ច​របស់​យើង”។

    គួរ​បញ្ជាក់ដែរថា ប្រទេស​កម្ពុជា គឺជា​ប្រទេស​ទី5 ហើយ​នៅក្នុង​តំបន់​អាស៊ាន​ដែល​បាន​បង្កើត​ប្រព័ន្ធ​ចុះបញ្ជី​ពាណិជ្ជសញ្ញា​តាម​ប្រព័ន្ធ​អុីន​ធើ​ណិ​តបន្ទាប់ពី​ប្រទេស​សិង្ហ​បុរី ម៉ាឡេស៊ី ហ្វីលីពីន និង​ប្រទេសឥណ្ឌូនេស៊ី៕

  • លី ឌីណា ត្រូវវិញ្ញាណចូលសណ្ឋិត ពេលគ្រងឈុតព្រះនាងឥន្ទ្រទេវី

    លី ឌីណា ត្រូវវិញ្ញាណចូលសណ្ឋិត ពេលគ្រងឈុតព្រះនាងឥន្ទ្រទេវី

    តារាសម្តែងទើបឡើងកូដ កញ្ញា លី ឌីណា ឬឈ្មោះហៅលេងថា ម៉ែគ្រូ ហាក់មានអារម្មណ៍ចម្លែកក្នុងចិត្តរាល់ពេលដែលនាងបន់ស្រន់នៅទីអារាមណាមួយ គឺរមែងមានគ្រូចូលមែនទែន ធ្វើឱ្យអ្នកជុំវិញខ្លួននាំគ្នាស្រឡាំងកាំងតែម្ដង។ ភាពចម្លែកនេះមិនដឹងថា តើថ្ងៃក្រោយនាងនឹងក្លាយជាគ្រូស្នងរូបដ៏ល្បី ឬយ៉ាងណាឡើយ ហើយបើពិតជាដូច្នោះមែន ច្បាស់ជាមានកម្លោះៗរត់ទៅរកគ្រូស្នងរូបម្នាក់នេះមិនខាន បើស្អាតបែបនេះ។

    ជាក់ស្ដែងថ្មីៗនេះ នាងបានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលសាជាថ្មី ជាពិសេសអ្នកដឹកនាំសម្តែង និងអ្នករួមអាជីព ខណៈកំពុងតែសម្តែងដោយគ្រងឈុតព្រះនាងឥន្ទ្រទេវី នាងត្រូវវិញ្ញាណចូលសណ្ឋិតជាថ្មី ដែលលើកនេះមិនមែនជាលើកដំបូងទេ សម្រាប់តារាស្រីកញ្ញា លី ឌីណា។

    តាមរយៈវីដេអូដែលត្រូវបានគេបង្ហោះនៅក្នុងគណនីហ្វេសប៊ុកឈ្មោះ «បរមរាជ ចតុឋាន» បានសរសេរសារយ៉ាងដូច្នេះថា «បារមី វិញ្ញាណ គ្រង..! កំពុងតែសម្តែង ហើយគ្រងឈុតព្រះនាងឥន្ទ្រទេវី ស្រាប់តែវិញ្ញាណចូលសណ្ឋិត កញ្ញា លី ឌីណា ជាក់ស្ដែង កញ្ញា ភីយ៉ា បានអះអាងថា គ្រាន់តែនាងគ្រងឈុតព្រះនាងឥន្ទ្រទេវីហើយភ្លាម រូបនាងចេះតែមានអ្វីម្យ៉ាង មកបញ្ជារាងកាយនាងឱ្យធ្វើសកម្មភាពប្លែកៗ និងឱ្យរាំជាច្រើនលើកមកហើយ ប៉ុន្តែបណ្ដាលមកពីនាងចេះតែបន់ និងចេះតែប្រឹងទប់អារម្មណ៍ ទើបអាការនោះ មិនធ្វើឱ្យឆោឡោក្នុងពេលដំបូងៗ»។

    «យ៉ាងណាមិញ នៅពេលដែលនាងរៀបចូលថត ហើយកំពុងសេរ៉េជាយសំពត់ ស្រាប់តែវិញ្ញាណចម្លែកធ្វើឱ្យនាងបង្វិលខ្លួន រាំរែកទាល់តែបាន ដោយនាងមិនអាចបញ្ជារាងកាយរបស់ខ្លួនបានឡើយ។ នាងត្រូវគេឃើញបង្ហាញទឹកមុខស្លេកស្លាំង និងភ័យយ៉ាងខ្លាំង បន្ទាប់ពីនោះ អ្នករៀបចំកម្មវិធី និងក្រុមការងារចាប់ដៃចាប់ជើង និងជួយបន់ឱ្យនាងបានដឹងស្មារតីឡើងវិញ»។ នេះបើតាមការបញ្ជាក់របស់ប្រភពដដែល។

    គួរបញ្ជាក់ដែរថា កន្លងមកនាង លី ឌីណា និយាយថា ខ្លួនតែងតែភ័យឱ្យតែគ្រងឈុតបុរាណ តែសម្រាប់ស្ថានភាពលើកនេះ គឺនាងមានអារម្មណ៍ភិតភ័យជាងមុន ដោយសារតែតាំងពីតែងឈុតព្រះនាងឥន្ទ្រទេវីហើយភ្លាម ក៏ចង់តែឱ្យនាងលើកដៃរាំដូចអប្សរា ដល់ថ្នាក់នាងខំទប់ស្មារតី មិនហ៊ានទាំងផឹកទឹក និងញាំអីផង ដើម្បីកុំឱ្យភ្លេចខ្លួន បណ្ដោយឱ្យវិញ្ញាណដែលសណ្ឋិតនោះបញ្ជាខ្លួននាងបាន។ ក្រោយពេលគេធ្វើចលនាឱ្យដឹងស្មារតីឡើងវិញ រូបនាងភ័យចង់ស្លន់តែម្ដង ដោយសារតែនាងខ្លាចមានអាការបែបនេះ ហើយថតមិនកើត៕

    ដើម្បីឱ្យជាក់ច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖

  • កូរ៉េខាងត្បូង​ផ្តួល​វៀតណាម​ដើម្បី​ទៅ​ជួប​ជប៉ុន​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ

    កូរ៉េខាងត្បូង​ផ្តួល​វៀតណាម​ដើម្បី​ទៅ​ជួប​ជប៉ុន​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ

    ក្រុមបាល់ទាត់​ជម្រើសជាតិ​កូរ៉េខាងត្បូង អាយុ​ក្រោម 23ឆ្នាំ បាន​ឈានទៅ​កាន់ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ក្នុង​វិញ្ញាសា​កីឡាបាល់ទាត់ នៃ​ព្រឹត្តិការណ៍ Asian Games ឆ្នាំ2018 ក្រោយពី​បាន​ផ្តួល​ក្រុម​ជម្រើសជាតិ​វៀតណាម​ដោយ​ពិន្ទុ 3-1 ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នា​កីឡដ្ឋាន Pakansari ក្នុង​ទីក្រុង​ហ្សា​ការ​តា កាលពី​ថ្ងៃ​ពុធ។

    គ្រាប់​បាល់ 3គ្រាប់​ទាំងនោះ ត្រូវ​រកបាន​ដោយ​ខ្សែបម្រើ​អន្តរជាតិ​កូរ៉េខាងត្បូង Lee Seungwoo នៅ​នាទី ទី7 និង​ទី55 និង​ដោយ​ខ្សែប្រយុទ្ធ Hwang Ui Jo នៅ​នាទី​ទី28។ ក្រុម​ជម្រើសជាតិ​វៀតណាម បានធ្វើការ​វាយបក​បាន 1គ្រាប់​វិញ​តាមរយៈ​គ្រាប់​បាល់​របស់​កីឡាករ Tran Minh Vuong នៅ​នាទី​ទី70។

    លោក Kim Hak Bum គ្រូបង្វឹក​នៃ​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង បាន​ប្រើប្រាស់​កីឡាករ 4នាក់​ដែល​បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ2018 រួមមាន​អ្នក​ចា​ទី Jo Hyeonwoo ខ្សែប្រយុទ្ធ Son Heung Min និង Hwang Hee Chan និង​ខ្សែបម្រើ Lee Seungwoo។ ខ្សែប្រយុទ្ធ Son របស់​ក្លិប Tottenham Hotspur បានទទួល​តួនាទី​ជា​ប្រធាន​ក្រុម ខណៈដែល​កូរ៉េខាងត្បូង បាន​ផ្តួល​ក្រុម​ជម្រើសជាតិ​វៀតណាម ដើម្បី​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ក្នុង​វិញ្ញាសា​កីឡាបាល់ទាត់​ផ្នែក​បុរស ដោយ​នេះ គឺជា​ឱកាស​ចុងក្រោយ​របស់គេ​ក្នុងការ​ឈ្នះ​មេដាយមាស​ដែល​នឹង​ធ្វើឱ្យ​រូបគេ​រួច​ផុតពី​ការបំពេញ​កាតព្វកិច្ច​យោធា​រយៈពេល 21ខែ។

    តារា​ឆ្នើម​ក្នុង​ព្រឹត្តិការណ៍ World Cup ដែល​ការបញ្ជូន​បាល់​ដ៏​ឆ្លាត​វៃ​របស់គេ​បាន​ជួយ​ឱ្យ​កីឡាករ Hwang Ui-jo រកបាន​គ្រាប់​បាល់​ទី2 សម្រាប់​កូរ៉េខាងត្បូង​នោះ បានឱ្យដឹងថា៖ «យើង​កំពុងតែ​ខិត​កាន់តែ​កៀក​ក្នុងការ​ឈ្នះ​មេដាយមាស ក៏ដូចជា​បង្កើត​ប្រវត្តិសាស្ត្រ​ដែរ ហើយ​យើង​នឹង​ប្រជែង​សម្រាប់​មេដាយ​មួយ​នេះ»។

    ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​សៅរ៍​នេះ ខណៈដែល​កូរ៉េខាងត្បូង នឹងត្រូវ​ជួប​ជាមួយនឹង​ជប៉ុន ដែល​បាន​ផ្តួល​ក្រុម​ជម្រើសជាតិ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម 1-០ ក្នុងការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​មួយ​ផ្សេងទៀត៕

    ប្រភពពី៖ Asian Games

  • ឆ្លើយឆ្លងគ្នាក្ដៅៗ!!  ហេង នរៈកក្កដា អ៊ិន សុភិន និងហង្ស សម្បើមស័ក្ដ

    ឆ្លើយឆ្លងគ្នាក្ដៅៗ!!  ហេង នរៈកក្កដា អ៊ិន សុភិន និងហង្ស សម្បើមស័ក្ដ

    ខណៈដែលតារាសម្ដែង លោក ហង្ស សម្បើមស័ក្ដ បានបង្ហោះសារទារលុយផលិតកម្មមហាហង្សជុំវិញការថតរឿង «សង្គ្រាមមរតក» ដែលបានបញ្ចាំងចប់ទៅហើយ តែនៅមិនទាន់បានបើកលុយដែលនៅសល់នោះ លោក ហេង នរៈកក្កដា និងលោក អ៊ិន សុភិន ត្រូវគេឃើញថា បានចេញមុខប្រតិកម្មភ្លាមៗតែម្ដង។ ទស្សនៈរបស់អ្នកទាំងពីរ បានធ្វើឱ្យម្នាក់ៗមានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈដែលស្រទាប់មហាជនកំពុងថ្លឹងថ្លែងថា តើភាគីលោក ហង្ស សម្បើមស័ក្ដ ដែលប្រកាសទារលុយនោះជារឿងត្រឹមត្រូវ ឬការបកស្រាយរបស់ផលិតករ និងតារាសម្ដែងជារឿងសមស្របជាង?។

    លោក ហេង នរៈកក្កដា បានបង្ហោះនៅលើហ្វេសប៊ុករបស់ខ្លួនថា «ខ្ញុំសូមបញ្ចេញយោបល់បន្តិច សម្រាប់ខ្ញុំ ថតឱ្យផលិតកម្ម (មហាហង្ស) ខ្ញុំដូចជាអត់ដែលមានបញ្ហាកើតឡើងអ៊ីចឹងសោះ ចុះម៉េចគេគ្រប់ៗគ្នាមានបញ្ហារហូតអ៊ីចឹង? ដូចរាល់ថ្ងៃនេះអ៊ីចឹង ខ្ញុំកំពុងបំពេញការងារឱ្យផលិតកម្ម (មហាហង្ស) គឺខ្ញុំកំពុងតែថតរឿង(ព្រលឹង) ខ្ញុំនិយាយដោយស្មោះត្រង់ ខ្ញុំថតឱ្យគាត់ ខ្ញុំស៊ីថ្ងៃ ហើយកុងត្រាបាននិយាយថា ថតចប់បានមួយអាទិត្យ បើកលុយ មែន! ខ្ញុំថតចប់បានមួយអាទិត្យ ខ្ញុំបានបើកលុយទាំងអស់មែន ហើយស្រួលធ្វើការជាមួយខាងពួកគាត់ទៀត! តែម៉េចបានពួកគាត់តែងតែមានបញ្ហារហូតអ៊ីចឹង? តែសម្រាប់ខ្ញុំ គឺវាមិនដែលមានរឿងអីកើតឡើងសោះ អ្វីដែលសំខាន់បំផុត គឺយើងត្រូវមកថតឱ្យទាន់ពេលវេលា គោរពតាមលក្ខខណ្ឌក្នុងកុងត្រា និងតាមអ្វីដែលយើងបាននិយាយគ្នា..! ខ្ញុំសង្ឃឹមថា ភាគីទាំងសងខាងនឹងដោះស្រាយបញ្ហានេះបានឆាប់ៗ»។

    ស្រដៀងគ្នានឹងលោក ហេង នរៈកក្កដាដែរ ចាងហ្វាងផលិតកម្មមហាហង្ស លោក អ៊ិន សុភិន បានឆ្លើយបញ្ជាក់ថា ហេតុផលដែលខាងមហាហង្សមិនព្រមបើកលុយ 50ភាគរយឱ្យលោក ហង្ស សម្បើមស័ក្ដ គឺបណ្ដាលមកពីលោកមិនបានមកថតភាពយន្តរឿង «សង្គ្រាមមរតក» ឱ្យចប់សព្វគ្រប់តាមអ្វីដែលបានព្រមព្រៀងនោះទេ ដោយភាពយន្តទាំងមូលមានចំនួន 50ភាគ តែភាពយឺតយ៉ាវ ដែលបណ្ដាលមកពីលោក ហង្ស សម្បើមស័ក្ដ មិនមានពេលថតឱ្យគ្រប់គ្រាន់ ទើបធ្វើឱ្យក្រុមហ៊ុនសម្រេចចិត្តកាត់ប្លង់មួយចំនួនចោល ហើយថតបានតែ 38ភាគឱ្យខាងទូរទស្សន៍។ លោកបានបញ្ចេញឯកសារបណ្ដឹងមួយ ដែលមេធាវីតំណាងឱ្យក្រុមហ៊ុនបានជូនដំណឹងឱ្យលោក ហង្ស សម្បើមស័ក្ដ មកបំពេញការងារ​ឱ្យចប់សព្វគ្រប់ ដើម្បីកុំឱ្យមានការសងថ្លៃខូចខាតរបស់ផលិតកម្ម ឬត្រូវបង្កកប្រាក់កម្រៃមិនទាន់បើក។ យ៉ាងណាមិញ លោកថា ខ្លួនសុខចិត្តតម្កល់បណ្ដឹងនោះ ដោយនៅតែប្រកាន់ជំហរបើកលុយឱ្យគ្រប់ដដែល ដោយគ្រាន់តែសម្រេចចិត្តឱ្យយូរបន្ដិច​ប៉ុណ្ណោះ ដើម្បីឱ្យបានដឹងថា បើពេលថតរឿងធ្វើបាបផលិតករ គឺផលិតករត្រូវតែធ្វើបាបវិញពេលសុំបើកលុយ។

    មកទល់ម៉ោងនេះ គេនៅមិនទាន់ឃើញលោក ហង្ស សម្បើមស័ក្ដ បង្ហោះសារថ្មីជាការឆ្លើយតបនោះទេ ក្រៅតែពីការបានបង្ហោះសារដដែលថា «ជំរាបសួរបងប្រុសអូនឧស្សាហ៍ ខ្ញុំខលទៅបង គឺជាប់រវល់រហូត ហើយខ្ញុំបានឆាតទៅបង ក៏គ្មានការឆ្លើយតបដែរ មូលហេតុដែលជំរុញឱ្យខ្ញុំផូស្ត ព្រោះមិនមានវិធីទាក់ទងបាន បងបានសន្យាបើកលុយបញ្ចប់ 80%ក្នុងរឿងសង្រ្គាមមរតកដែលបានដាក់បញ្ចាំងចប់បរិបូរណ៍ហើយនៅស្ថានីយទូរទស្សន៍មួយ ហើយលើកថ្ងៃជាមួយខ្ញុំ 4ដងហើយពេលនេះខ្ញុំត្រូវការប្រើប្រាស់ចាំបាច់បើបងបានឃើញហើយ សូមទាក់ទងមកប្អូនវិញផង ព្រោះគួរតែគោរពសម្តីខ្លួនឯង យើងបានចរចាគ្នាថានឹងបើកបញ្ចប់ហើយ បើនៅតែគ្មានការឆ្លើយតបពីបងប្រុសអូនឧស្សាហ៍ វាត្រូវជំរុញឱ្យខ្ញុំសុំចម្លើយពីលោកអគ្គនាយកផលិតកម្មដើម្បីបង្ហាញពីទំនួលខុសត្រូវរបស់ខ្លួនសូមអគុណ!»៕

  • របរ​ចិញ្ចឹម​កូន​កង្កែប​លក់ ងាយស្រួល​រក​ចំណូល​ជាង​ការចិញ្ចឹម​កង្កែប​សាច់

    របរ​ចិញ្ចឹម​កូន​កង្កែប​លក់ ងាយស្រួល​រក​ចំណូល​ជាង​ការចិញ្ចឹម​កង្កែប​សាច់

    បច្ចុប្បន្ន​ការផ្គត់ផ្គង់​កង្កែប​សាច់​នៅតាម​ទីផ្សារ​នានា​កំពុងមាន​តម្រូវការ​ខ្លាំង ខណៈដែល ភោជនីយដ្ឋាន​នៅតាម​ទីប្រជុំជន​មួយចំនួន​កំពុងមាន​តម្រូវការ​សាច់​កង្កែប​ដើម្បី​ធ្វើ​ម្ហូប​លក់​ទៅតាម​ការ​កុម្ម៉ង់​របស់​ភ្ញៀវ ដែលនេះជា​កត្តា​ធ្វើឱ្យ​របរ​ចិញ្ចឹម​កូន​កង្កែប​ដើម្បី​ផ្គត់ផ្គង់​បន្ត​ទៅឱ្យ​អ្នក​ចិញ្ចឹម​កង្កែបសា​ច់លក់​កំពុង​ត្រូវប៉ាន់​ខ្លាំង។

    លោក នី​ន រិទ្ធី ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​កូន​កង្កែប នៅក្នុង​ភូមិ​រាប ឃុំ​រាប ស្រុក​ពារាំង ខេត្តព្រៃវែង​មានប្រសាសន៍ថា លោក​បាន​ចាប់យក​របរ​ចិញ្ចឹម​កង្កែប​នេះ​តាំងពី​ឆ្នាំ2010មកម៉្លេះដោយសារ​បានទៅ​រៀន​ពី​មន្ត្រី​ជំនាញ​កសិកម្ម​របស់​អង្គការ(CEDAC) រួច​លោក​ក៏បាន​ចាប់ផ្តើម​សាកល្បង​ចិញ្ចឹម​កង្កែប​សាច់ និង​ទទួលបាន​ជោគជ័យ​ក្នុងការ​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ ក្នុងតម្លៃ​លក់រាយ​មួយ​គីឡូ​ថ្លៃ 12,000រៀល ទៅ15,000រៀល ទៅតាម​រដូវ​កាល​សម្បូរ ឬ​មិន​សម្បូរ​កង្កែប​សាច់​លក់។

    លោក​បានបន្តថា ដោយសារ​ការចិញ្ចឹម​ក​ង្កែ​ប​សាច់​ត្រូវ​ចំណាយពេល​យូរ នៅ​ឆ្នាំ2014 លោក​ក៏​សម្រេចចិត្ត​ផ្លាស់ប្តូរ​ពី​ការចិញ្ចឹម​កង្កែប​សាច់​ទៅជា​ចិញ្ចឹម​កង្កែប​យក​កូន​លក់​វិញ​ម្តង ព្រោះ​ងាយស្រួល​ទទួលបាន​ផល និង​អាច​លក់​រកប្រាក់​ចំណូល​ចូល​គ្រួ​សារបាន​លឿន​ជាង។ ការចិញ្ចឹម​កង្កែប​យក​កូន​លក់​ច្រើន​មាន​កសិករ​មកពី​ខេត្តផ្សេងៗ ដូចជា​កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង រតនគិរី មណ្ឌល​គី​រី ជាដើម ចុះមក​ទិញ​ជា​ហូរហែ លើកលែងតែ​ខេត្ត​ជាប់​ព្រំដែន​ថៃ​ដូចជា បាត់ដំបង ព្រះវិហារបន្ទាយមានជ័យ និង​ឧ​ត្ត​រ​មានជ័យ​ប៉ុណ្ណោះ ដែល​មិន​បានមក​ទិញ​កូន​ប​ង្កែ​ប​ពី​កសិដ្ឋាន​របស់លោក ដោយសារតែ​នៅ​ឆ្ងាយ និង​ខេត្ត​ទាំងនោះ​ងាយស្រួល​ទិញ​កង្កែប​សាច់ ឬ​កង្កែប​ពូជ​ពី​ប្រទេស​ថៃ។

    ក្រោយពី​មានការ​គាំទ្រ​ច្រើន​ពី​អតិថិជន​នៅតាម​បណ្តា​ខេត្តផ្សេងៗនោះ លោក​បាន​ពង្រីក​កសិដ្ឋាន​បាន​ប្រមាណ​ជា 15អាង​ហើយ​មកទល់​បច្ចុប្បន្ន ដោយ​ក្នុង​អាងនីមួយៗមាន​ទំហំខុសៗគ្នា ដែល​ខ្លះ​មាន​ទំហំ 3ម៉ែត្រ 3ជ្រុង ឬ4ម៉ែត្រ 4ជ្រុង ទៅតាម​ទំហំ និង​សណ្ឋាន​ដី​ដែល​អាច​ច្នៃ​ធ្វើ​អាង​ចិញ្ចឹម​បាន។ ទោះជា​អាង​មាន​ទំហំ​ធំ ឫ​តូច ក៏​គេ​អាច​ចិញ្ចឹម​កង្កែប​បង្កាត់​ពូ​ជយ​កកូន​លក់បាន​ដូចគ្នា គ្រាន់តែ​ថា​ចិញ្ចឹម​បាន​ចំនួន​តិច ឬ​ច្រើនតែ​ប៉ុណ្ណោះ។

    លោក​ក៏បាន​បង្ហើប​ប្រាប់ឱ្យដឹង​អំពី​វិធីសាស្ត្រ​បង្កាត់​ពូជ​កង្កែប​ដែរ​ថា ដំបូង​ឡើយ​យើង​ត្រូវ​រៀបចំ​អាង​ឱ្យ​រួចស្រេច​ជាមុន ដោយ​ត្រូវ​រៀបចំ​អាង​សម្រាប់​ចិញ្ចឹម​កូន​ក្អុក​ផ្សេង និង​អាង​សម្រាប់​ចិញ្ចឹម​កូន​កង្កែប​ផ្សេង​ពីគ្នា ដែល​អាង​ទាំងអស់​ត្រូវ​រៀប​បាត​ពី​ឥដ្ឋ​លាយ​ស៊ីម៉ង់ត៍ និង​យក​ស័ង្កសី​មក​បាំង​ធ្វើជា​ជញ្ជាំងរួចហើយ​ទុកចោល​មួយរយៈ មុននឹង​ចាប់ផ្តើម​ចិញ្ចឹម។ ការ​ទុក​អាង​ដែល​ធ្វើ​ហើយថ្មីៗចោល​មួយរយៈ​នេះដោយសារ​ការចិញ្ចឹម​ក​ង្កែ​ប​បង្កាត់​ពូជ​នេះ​ត្រូវ​ចៀសវាង​មិនឱ្យ​ធំក្លិន​ស៊ីម៉ង់ត៍​ទេ ព្រោះ​អាចធ្វើឱ្យ​កូន​ក្អុក ឬ​កូន​កង្កែប​រស់នៅ​មិនកើត។ សម្រាប់​អាង​ចិញ្ចឹម​កូន​ក្អុក គឺត្រូវ​រៀបចំ​ប្រព័ន្ធ​ទឹក​វិល​ទៅមក​ជាប្រចាំ ព្រោះ​នៅពេលដែល​មិនមាន​ចរន្តទឹក​ហូរ ឬ​ទឹក​ហប់​នៅ​មួយកន្លែង​កូន​ក្អុក​មិនអាច​រស់​បានទេ ហើយ​វា​ប្រាកដជា​ស្លាប់​ទាំងអស់​ពេល​ញាស់​ចេញពី​ពង​ត្រឹម​រយៈពេល​មួយថ្ងៃ ឬ​ពីរ​ថ្ងៃ​ក្រោយមក។ ចំណែកឯ​អាង​ចិញ្ចឹម​កូន​កង្កែប​វិញ គេ​មិនចាំបាច់​រៀបចំ​ឱ្យមាន​ចរន្តទឹក​ហូរ​ទេ ប៉ុន្តែ​គេ​ត្រូវធ្វើ​រន្ធ​បង្ហូរទឹក​ចេញ-ចូល ដើម្បី​ងាយស្រួល​ផ្លាស់ប្ដូរ​ទឹក​ចាស់​ចេញ និង​ដាក់​ទឹក​ថ្មី​ចូល​ប្រចាំថ្ងៃ។

    ក្រោយពី​រៀបចំ​អាង​រួចរាល់ គេ​អាចយ​កមេ​កង្កែប​ណា​ដែលមានមាឌធំៗ មាន​សុខ​ភាពល្អ មក​បង្កាត់​ជាមួយ​កង្កែប​ឈ្មោល​ដែលមាន​មា​ឌ​ធំ និង​សុខ​ភាពល្អ​ដូចគ្នា ដោយ​ក្នុង​មួយ​អាង​គេ​អាចដាក់​កង្កែប​ញី និង​ឈ្មោល​បាន​ចំនួន 3ទៅ4គូ ដោយ​ដាក់ឱ្យ​វា​បង្កាត់​ពូជ​តាម​ទំហំ​អាង​តូច ឬ​ធំ ដូចជា​ផ្ទៃ​អាង​មាន​ទំហំ1ម៉ែត្រការ៉េ 4ជ្រុង​គេ​អាចដាក់​មេ​កង្កែប​បង្កាត់​ពូជ​បានត្រឹមតែ​មួយគូ​ប៉ុណ្ណោះ ហើយ​ដើម្បីឱ្យ​កង្កែប​មេ អាច​រស់នៅ​បង្ក​កំណើត​ជាមួយ​កង្កែប​ឈ្មោល​បានល្អ គេ​អាច​ទិញ​ថ្នាំ​មក​លាយ​សេរ៉ូម​ចាក់ឱ្យ​កង្កែប​មេ​ជាមុន​ក៏បាន​ដែរ។

    លោក​បាន​បន្តទៀតថា សម្រាប់​កង្កែប​មេ គេ​អាច​ចាក់​ថ្នាំ​ឱ្យ​វា​ព្រម​រស់នៅ និង​បង្ក​កំណើត​ជាមួយ​កង្កែប​ឈ្មោល​នៅ​ម៉ោង​ប្រហែល 5ល្ងាច លុះ​ម៉ោង​ប្រហែល 8យប់ វា​នឹង​ចាប់ផ្តើម​ចាប់​គូ​គ្នា​ដើម្បី​បង្ក​កំណើត​ និង​រហូតដល់​ម៉ោង1 ឬ​ម៉ោង 2យប់​ដដែល​នោះ កង្កែប​នឹង​ចាប់ផ្តើម​ពង ដែល​ក្នុងកង្កែប​មេ​មួយ​ក្បាល​អាចឱ្យ​ពង​ចន្លោះ​ពី5,000 ទៅ8,000ពង។ លុះដល់​ពេល​ភ្លឺ​ឡើង​ទើប​គេ​ចាប់​កង្កែប​ញី ឬ​ឈ្មោល​នោះ​ចេញពី​អាង បើ​មិន​ធ្វើ​ដូច្នេះ​ទេ កង្កែប​វា​នឹង​លោត​ចុះ លោត​ឡើង​ជាន់​ពងបែក​អស់​មិន​ខាន។ ក្រោយពី​ចាប់​កង្កែប​ធំ​ចេញ​ហើយ គេ​មិនបាច់​ថែទាំ​អ្វី​ទាំងអស់ គ្រាន់តែ​ការពារ​កុំឱ្យ​សត្វល្អិត​ចូល​ស៊ី​ពង​កង្កែប​នោះបាន​ហើយ។ ត្រឹម​រយៈពេល​តែ 1ថ្ងៃបើសិន​ជាមាន​អាកាសធាតុ​ក្តៅ​ល្អ វា​នឹង​ញាស់​កូន ប៉ុន្តែ​បើ​អាកាសធាតុ​មិន​ក្តៅ​ទេ ត្រូវ​ចំណាយពេល 2ថ្ងៃ​ទើប​វា​ញាស់។

    បន្ទាប់ពី​ញាស់​ហើយ គេ​ត្រូវ​ពិនិត្យមើល​ចរន្តទឹក​ហូរ​ថា តើ​វា​វិល​ជាប់​ជាប្រចាំ ឬ​យ៉ាងណា​បើសិនជា​ទឹក​មិន​ហូរ​វិល​ចុះ​វិល​ឡើង​ទេនោះ កូន​កង្កែប​ដែល​ទើបនឹង​ញាស់​ចេញមក​នោះ​នឹង​ងាប់​ទៅវិញ​ទាំងអស់ ត្រឹម​រយៈពេល​តែ 1ថ្ងៃ ឬ2ថ្ងៃ​ក្រោយមក​ប៉ុណ្ណោះ។ ក្រោយពី​ញាស់​ហើយ ក៏​គេ​មិនទាន់​ដាក់​ចំណី​ឱ្យ​វា​ស៊ីភ្លាមៗដែរ រហូតដល់​វារ​ស់បាន 4 – 5ថ្ងៃ​សិន ទើប​គេ​ចាប់ផ្តើម​ដាក់​ចំណី​ឱ្យ​ស៊ី 1ថ្ងៃ 3ទៅ4ដង ហើយម្តងៗគេ​បាច​តែ 1ក្តាប់ ឬ2ក្តាប់​ដៃប៉ុណ្ណោះដែល​ចំណី​នេះ​គេ​អា​ចរក​ទិញ​បាន​នៅលើ​ទីផ្សារ​ដូចជា​ចំណី​ត្រី​ដែរ តែ​គ្រាន់តែ​ថា ចំណី​វាល្អិតតូចៗជាង​ចំណី​ត្រី។ បន្ទាប់ពី​ថែបំប៉ន​ចំណី​បាន​ត្រឹម​រយៈពេល 13 – 14ថ្ងៃ វា​នឹង​ប្រែក្លាយ​រូបរាង​ទៅជា​កូន​ក្អុកហើយ​គេ​នៅតែ​បន្ត​ផ្តល់​ចំណី​ឱ្យ​វា​ស៊ី​ទៀត រហូត​អាយុ​ចន្លោះ​ពី20ថ្ងៃ ទៅ30ថ្ងៃ ទើប​កូន​ក្អុក​បណ្ដាច់​កន្ទុយ ក្លាយទៅជា​កូន​កង្កែប។ នៅពេល​វា​ដុះ​ជើង​ក្លាយជា​កូន​កង្កែប​រួច គេ​ត្រូវយក​ពួកវា​ទៅ​ដាក់​ក្នុង​អាង​មួយទៀត ហើយ​ត្រូវ​បន្ត​ដាក់​ចំណី និង​ត្រូវ​ផ្លាស់ប្តូរ​ទឹកជា​ប្រចាំ តាមរយៈ​ការបង្ហូរ​ទឹក​ចាស់​ចេញ​ដាក់​ទឹក​ថ្មី​ចូល រហូតដល់​កូន​កង្កែប​អាយុ​បាន 2ខែ ទៅ2ខែ​កន្លះ គេ​អាច​ចាប់​វាល​ក់បាន​ហើយ។

    លោក​បាន​បញ្ជាក់ថា យ៉ាងណាក៏ដោយ ចំនួន​កូន​កង្កែប​នឹងត្រូវ​បាត់បង់​បន្តិចម្តងៗ ដោយសារ​បញ្ហា​កូន​ក្អុកធំៗស៊ី​កូន​ក្អុកតូចៗ និង​កូន​កង្កែបធំៗស៊ី​កូន​កង្កែបតូចៗ ហើយ​និង​លក្ខខណ្ឌ​សុខភាព​របស់​វា​មួយចំនួន​ដែល​ធ្វើឱ្យ​កូន​កង្កែប​បាត់បង់​ជា​បន្តបន្ទាប់ រហូត​ដល់ពេល​ចាប់​លក់ អាច​នៅសល់​ត្រឹមតែ 20%ប៉ុណ្ណោះ បើ​គិត​ជា​ចំនួន​វិញ គឺ​នៅសល់​ប្រមាណ​ជា 1,000 ទៅ1,500កូន​ប៉ុណ្ណោះ ហើយ​សម្រាប់​កូន​កង្កែប​មួយ​ក្បាល​គេ​អាច​លក់បាន​ក្នុងតម្លៃ 500រៀល។ តាម​បទពិសោធ​ចិញ្ចឹម​កន្លងមក ក្រោយពី​គេ​ទិញ​កូន​កង្កែប​យកទៅ គេ​នឹង​បំប៉នចំណី ថែទាំ​ទឹក​ក្នុង​អាង​ត្រឹមតែ 2ខែ ទៅ2ខែ​កន្លះ​ទៀត គេ​នឹង​អាច​បាន​កង្កែបធំៗទម្ងន់ 2ខាំ ទៅ2.5ខាំ​ក្នុង​មួយ​ក្បាល​ហើយ។

    លោក នី​ន រិទ្ធី អះអាងថា បើសិនជា​ការទិញ​កូន​កង្កែប​ទៅ​ចិញ្ចឹម​មាន​តម្រូវការ​កាន់តែច្រើនឡើងៗដូច​សព្វថ្ងៃនេះ លោក​នឹង​ខិតខំ​ពង្រីក​កសិដ្ឋាន​ឱ្យបាន​ចំនួន​កាន់តែច្រើនឡើងៗដែរ ដែល​លោក​គ្រោង​នឹង​ពង្រីក​រហូត​ឱ្យដល់40 ទៅ50អាង​ក្នុង​រយៈពេល3 ទៅ5ឆ្នាំ​ខាងមុខ៕

  • Strootman នឹងចេញពីក្លិប Roma ទៅចូល​រួម​ជាមួយ​ក្លិប Marseille

    Strootman នឹងចេញពីក្លិប Roma ទៅចូល​រួម​ជាមួយ​ក្លិប Marseille

    ខ្សែ​បម្រើ​អន្តរ​ជាតិ​ហូ​ឡង់ Kevin Strootman ពី​ក្លិប Roma បាន​ចូល​រួម​ជាមួយនឹង​ក្លិប Marseille ក្នុង​តម្លៃខ្លួន​ 25លាន​អឺ​រ៉ូ (ស្មើនឹង​ 29លានដុល្លារ​អាមេរិក)​។

    កីឡាករ​វ័យ​ 28ឆ្នាំ​រូបនេះបាន​​លេង​ក្នុងការ​ប្រកួត​ 44លើក ​កាលពី​រដូវ​កាល​មុន ខណៈ​ដែលក្រុម Roma បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​3 ​នៅ​លើ​តារាងក្រប​ខ័ណ្ឌ Serie A និង​បាន​ឈាន​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃក្រប​ខ័ណ្ឌ Champions League​។ ក្លិប Marseille បានប្រកាស​ពីការ​ចុះហត្ថលេខា​នេះតាម​រយៈ​ការ​បង្ហោះ​វី​ដេអូ​ផងដែរ​។ ក្លិប  Roma​ បាន​ឱ្យ​ដឹង​ថា៖ «ក្លិបនេះ សូម​ថ្លែង​អំណរ​គុណ​ដល់ Kevin សម្រាប់​សេវា​កម្ម​របស់​គេ​ក្នុង​រយៈពេល​ជាច្រើនឆ្នាំមក​នេះ និង​សូម​ជូនពរ​ឱ្យ​រូប​​គេ​ជួប​តែ​សំណាង​ល្អ​ទៅថ្ងៃ​អនាគត​»​។ Strootman បាន​លេង​ក្រោម​ការ​ដឹក​នាំ​របស់​លោក Rudi Garcia ដែល​ជា​គ្រូបង្វឹក​របស់ Marseille នា​ពេល​បច្ចុប្បន្ន នៅពេល​ដែល​រូបគេ​បាន​ចូល​រួម​ជា​មួយ​នឹង​ក្លិប Roma ពីក្លិប PSV Eindhoven កាលពីឆ្នាំ​2013​។ រូប​គេគឺ​ជាកីឡាករ​​​ឆ្នើម​ទី​3 ​ក្នុងការ​ចាក​ចេញពី Roma នៅ​រដូវក្តៅនេះ ក្រោយពី​អ្នក​ចាំ​ទី​អន្តរ​ជាតិ​ប្រេស៊ីល Alisson ​បាន​ចូល​រួម​ជាមួយ​នឹងក្លិប Liverpool ហើយ​ខ្សែ​បម្រើ RadjaNainggolan បានចូល​​រួម​ជាមួយ​នឹងក្លិប Inter Milan​។

    រូប​គេ​បាន​បង្ហាញខ្លួន​ជា​អន្តរ​ជាតិ​ចំនួន​ 41លើក​សម្រាប់​ក្រុម​ជម្រើស​ជាតិ​ហូ​ឡង់ បើ​ទោះ​បី​​បញ្ហា​របួស​ 2លើក​បាន​រំខាន​ដល់​ពេល​វេលា​របស់​គេនៅឯ​ក្លិប Roma និង​បាន​ធ្វើ​ឱ្យរូប​គេ​អវត្តមាន​ក្នុង​ព្រឹត្តិ​ការណ៍ World Cup ឆ្នាំ​2014 ក៏ដោយ​។ ការ​ចុះហត្ថលេខា​ជាមួយ​នឹង Strootman នឹង​ជួយ​ឱ្យ​ក្លិប Marseille បំពេញកន្លែង​ទំនេរ​ដែល​ត្រូវ​បាន​ចាក​ចេញ​ដោយ​ខ្សែ​បម្រើ​អន្តរ​ជាតិ​កាមេរូន Andre-Frank ZamboAnguissa ដែល​ត្រូវ​បាន​លក់​ទៅ​ឱ្យ​ក្លិប Fulham កាល​ពី​ដើម​ខែ​នេះ សម្រាប់​តម្លៃខ្លួន​ 30​លាន​អឺ​រ៉ូ​៕

    ប្រភព​​ពី៖ BBC

  • គោលការណ៍​រើស​គូស្រករក្នុងសង្គម​យុគសម័យ​ថ្មី

    គោលការណ៍​រើស​គូស្រករក្នុងសង្គម​យុគសម័យ​ថ្មី

    កាលពី​សម័យមុន​មនុស្ស​ចាស់​តែង​ចូលមក​មាន​តួនាទី​ច្រើន​ក្នុង​រឿង​ការជ្រើសរើស​គូគ្រង​ឱ្យ​កូនចៅដោយ​អាច​នឹង​ប្រើប្រាស់​បទពិសោធ​ជីវិត​ដែល​ធ្លាប់បាន​ឆ្លងកាត់​មក​ដើម្បី​ពិចារណា​ថា តើ​បុរស ឬ​ស្ត្រី​លក្ខណៈ​យ៉ាងណា​ដែល​នៅពេល​រៀបការ និង​រួម​រស់នៅ​ជាមួយគ្នា​ហើយនឹង​ធ្វើឱ្យ​កើតមាន​សេចក្ដីសុខ​ឡើង ប៉ុន្តែ​ទំនៀមទម្លាប់​បែបនេះ​ប្រហែលជា​ពិបាក​ប្រើ​ណាស់​ក្នុងពេល​បច្ចុប្បន្ន ព្រោះថា កំលោះ​ក្រមុំ​យុគសម័យ​ថ្មី​នេះ​ក៏មាន​ឥស្សរៈ​ សេរីភាព និង​រៀន​យល់ដឹង​ក្នុង​ការចេះ​សម្រេចចិត្ត​ដោយ​ខ្លួនឯង​ច្រើនឡើង​ដែរ។ បើ​ឱ្យចាស់ៗជា​អ្នកចាត់ការ​រឿង​ជីវិត​អាពាហ៍ពិពាហ៍ ដែល​ទោះជាចាស់ៗបានជ្រើសរើស​យ៉ាង​ល្អល្អះ​ហើយក៏​ដោយ តែ​ដោយ​ភាពជា​មនុស្ស​សម័យថ្មី​ដែល​ត្រូវការ​មាន​ឥស្សរៈ​សេរីភាព​លើ​ជីវិត​ខ្លួនឯង​ខ្លាំង អាចធ្វើឱ្យ​មិនអាច​ថែរក្សាអារម្មណ៍ល្អៗចំពោះ​គូគ្រង​ដែលចាស់ៗជ្រើសរើស​ឱ្យ​នោះបាន​ឡើយ។

    សម្រាប់​កំលោះ​ក្រមុំ… សេចក្ដីស្នេហា​គឺជា​រឿង​ដែលមាន​អត្ថន័យ​ធំធេង​ណាស់ ការសម្រេចចិត្ត​រៀបការ ក៏​គួរតែ​ឈរលើ​មូលដ្ឋាន​នៃ​សេចក្ដីស្រឡាញ់​ដែល​ពោរពេញ​ដោយ​ក្ដី​យល់ចិត្ត​យល់​ថ្លើម​គ្នា​យ៉ាងពិត​ប្រាកដ និង​ស្មោះស្ម័គ្រ ខ្លាំង​ជាង​ការសម្រេចចិត្ត​រៀបការ​ដោយ​សេចក្ដីស្នេហា​បែប​គ្រាន់តែ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​នោះ។​ យ៉ាងណាក៏ដោយ មិនមែន​មានន័យថា សេចក្ដីស្នេហា​បែប​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​នោះ​មិនល្អ​នោះទេ តែ​វា​ជា​ចំណុច​ដែល​ប្រុងប្រយ័ត្ន​ថា“សេចក្ដីស្នេហា​បែប​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​តែ​ម្យ៉ាង​អាច​នឹងមិន​គ្រប់គ្រាន់​ក្នុង​ការយកមក​សម្រេច​ចិត្ត​រហូត​នាំ​ឆ្ពោះទៅរក​ជីវិត​អាពាហ៍ពិពាហ៍​បានឡើយ” យើង​ត្រូវការ​ពេលវេលា​ក្នុង​ការរៀន​យល់ដឹង ស្គាល់ចិត្ត​ថ្លើម​គ្នា​ដែល​គូស្នេហ៍​ត្រូវការ​ពេលវេលា​មួយរយៈ។

    គោលការណ៍​ក្នុងការ​ជ្រើសរើស​គូគ្រង
    – សេចក្ដីស្នេហា​ត្រូវមាន​ភាព​ពាក់ព័ន្ធ ៈ ជា​ចំណុច​ដំបូង​ដែល​សំខាន់ យើង​គួរ​មានការ​យល់ដឹង​ក្នុង​រឿង​ស្នេហា​ដែល​ត្រឹមត្រូវ ៖ សេចក្ដីស្នេហាត្រូវមាន​ភាព​ពាក់ព័ន្ធ និង​សេចក្ដីប្រាថ្នា​ល្អ​ចំពោះ​គ្នា អារម្មណ៍​ក្នុងការ​កសាង​រឿង​ដែលល្អៗរួមគ្នាត្រូវ​សម្លឹង​មើលថា តើ​គូស្នេហ៍​របស់​យើង​ក្នុងខណៈ​នេះ​មាន​អារម្មណ៍​ចំពោះ​គ្នា​ដូចដែល​បាន​រៀបរាប់​មកនេះ​ឬទេ? ភាព​ពាក់ព័ន្ធ​នេះ​ត្រូវមាន​ច្រើន​គ្រប់គ្រាន់ ទើប​អាច​នាំ​ឆ្ពោះទៅរក​ការរស់នៅ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​ដែល​រួមសុខ​រួមទុក្ខ​រួមគ្នា​បាន។

    – សិក្សា យល់ដឹង​ពីគ្នា​ទៅវិញទៅមក ៈ ការ​មក​រស់នៅ មក​បំពេញ​តួនាទី​ជា​ឪពុកម្ដាយ មាន​ភាព​ទទួលខុសត្រូវ​ខ្លាំង​ជាង​គ្រាន់តែ​ស្រឡាញ់គ្នា​ទៅទៀត។ ការរៀប​ការ​ជា​រឿង​នៃ​ការដែល​ត្រូវ​ទទួលខុសត្រូវ​រួមគ្នា ចូលមក​រួមរស់​ជាមួយគ្នាកែ​បញ្ហា​ជាមួយគ្នា មិនមែន​ត្រឹម​តែម​កនៅ​ជាមួយគ្នាធម្មតាៗនោះទេ ដូច្នេះហើយ​ទើបត្រូវ​ព្យាយាម​សិក្សា​យល់ដឹង​រវាង​គ្នា​នឹង​គ្នា សាកល្បង​រៀន​យល់ដឹង​ពី​ជីវិត និង​លក្ខណៈ​របស់​ភាគីម្ខាងៗហើយ​សាកល្បង​ពិចារណា​មើលថា តើ​អ្នក​ស្រឡាញ់​ម្នាក់​នោះ​ប៉ុនណា មាន​ភាព​យល់ចិត្ត​គ្នាច្រើន​គ្រប់គ្រាន់​ក្នុងការ​មក​រស់នៅ​រួមគ្នា​ហើយ​ឬ​នៅ? កុំ​តាំង​សេចក្ដី​សង្ឃឹមថា រៀបការ​រួចហើយអ្វីៗគ្រប់យ៉ាង​ប្រហែលជា​ល្អប្រសើរ​ឡើង​ដោយ​ឯកឯង ឬ​រៀបការ​រួចហើយ គេ​ប្រហែលជា​ផ្លាស់ប្ដូរ​ដូចដែល​យើង​ត្រូវការ​នោះ។ សុំឱ្យ​គិតថា បើសិនជា​គេ​មិន​ផ្លាស់ប្ដូរ និង​នៅតែ​ដូច​ពី​ដើម​តទៅ​រហូត​ពេញ​មួយជីវិត​អា​ពា​ហ៍ពិពាហ៍ តើ​យើង​នឹង​នៅតែ​ស្រឡាញ់​គេ ឬក៏​នៅតែ​រស់នៅ​ជាមួយ​គេ​បាន​តទៅទៀត​ដែរឬទេ?។

    – ភាព​អាចទៅរួច​ក្នុង​ការរស់នៅ​រួមគ្នា ៈ ប្រការ​បន្តទៅទៀត​ដែល​ត្រូវ​ពិនិត្យមើល​គឺ ភាព​អាច​ទៅ​ជាមួយគ្នា​បាន​ក្នុង​រឿង​ចរិត​និស្ស័យ​ចិត្តគំនិតបុគ្គលភាព ឬ​សភាវ​វុឌ្ឍីរបស់ម្នាក់ៗ ព្រោះ​នៅពេល​រស់នៅ​ជាមួយគ្នា ផ្នែក​ដែល​នឹង​នៅ​ជាមួយគ្នា​មែនទែន​ក៏​គឺ ចរិត​និស្ស័យ​ចិត្តថ្លើម​របស់​ភាគី​ទាំងពីរ បុគ្គលភាព​របស់ម្នាក់។ កុំទៅ​តាំង​ក្ដី​សង្ឃឹមថា ក្រោយពី​រៀបការ​ហើយ គេ​នឹង​ផ្លាស់ប្ដូរ​ចរិត​និស្ស័យ​ដូចដែល​យើង​ត្រូវការ ឬ​អាច​នឹងមាន​ច្រើនយ៉ាង​ទៀត​ដែល​យើង​មិនទាន់​ឃើញ​ក្នុងអំឡុងពេល​នៅ​ជា​គូស្នេហ៍​នឹង​គ្នា ជាពិសេស​គូ​ដែល​ស្គាល់គ្នា​ក្នុង​រយៈពេល​ខ្លី​ត្រឹមតែ​ប៉ុន្មាន​ខែ​ក៏​រៀបការ។

    – ស្ថានភាព​ជុំវិញខ្លួន​របស់​ភាគី​ទាំងពីរ ៈ ជា​រឿង​ដែល​អាច​នឹងត្រូវ​លើក​យកមក​ពិចារណា​ដែរ ដូចជា រឿង​ចំណេះដឹង និង​ការសិក្សា អាជីពស្ថានភាព​សេដ្ឋកិច្ច ឋានៈ​ខាង​សង្គម និង​វប្បធម៌។ល។ រឿង​ទាំងអស់នេះ សម្រាប់​កំលោះ​ក្រមុំ​សម័យថ្មី​អាច​នឹង​សម្លឹង​មើលថា ស្រឡាញ់​តែ​រូបគាត់​ម្នាក់​ក៏​គ្រប់គ្រាន់ អ្វីដែល​នៅ​ជុំវិញខ្លួន​គាត់​មិនចាំបាច់​ទៅ​ចាប់អារម្មណ៍​ទេ។ ការពិតទៅ រឿង​ទាំងអស់នោះ បើ​ចាប់អារម្មណ៍​បន្តិច​ក៏​ជាការ​ល្អ​ដែរ ដើម្បី​បាន​នាំ​ឆ្ពោះទៅរក​វិធី​ការកែ​បញ្ហា​រួមគ្នា​នៅ​ថ្ងៃ​ខាងមុខ​នៃ​ជីវិត​អាពាហ៍ពិពាហ៍ ដូចជា រឿង​ឋានៈ​ខាង​សង្គម​ជាដើម។ ទោះជា​ភាពខុសប្លែក​គ្នា​របស់​ឋានៈ​មិនបាន​កំណត់​ពី​ភាពជោគជ័យ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​ក៏ពិតមែន តែ​ជា​ច្រើនដង អាច​នឹងត្រូវ​រង​សម្ពាធ​ពី​មនុស្ស​ជុំវិញខ្លួន ត្រូវគេ​សម្លក់សម្លឹង ត្រូវ​ទិតៀន​ជាប់​ជានិច្ច រហូត​អាចធ្វើឱ្យ​កើតក្ដី​វិតក្ក​កង្វល់ ឬ​ទើសទាល់​ក្នុង​ចិត្ត​ឡើង​បាន។ ដូច្នេះ​ចូរ​សួរ​ចិត្ត​ខ្លួនឯង​ថា តើ​មាន​ភាពរឹងមាំ ឬ​ភាព​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការកែ​បញ្ហា​នេះដែរ​ឬទេ? ឬ​ស្ថិតក្រោម​សភាវ​ដែល​ខុសប្លែកគ្នា​ខ្លាំង នឹង​នាំ​ឆ្ពោះទៅរក​ភាព​យកចិត្តទុកដាក់​ដែល​ខុសគ្នា ឬ​កើតមាន​អារម្មណ៍​ដែល​មិន​ផ្ដល់​កិត្តិយស​រវាង​គ្នា​នឹង​គ្នា អាច​នឹង​ភ្លេចខ្លួន​និយាយ​គ្នា​ចុះ​និយាយ​គ្នា​ឡើង​ក្លាយជា​ការប៉ះពាល់​គ្នា​ក៏មាន។ ដូច្នេះ​ប្រហែលជា​ត្រូវ​ផ្ដល់​កិត្តិយស​ដល់​គ្នា​ទៅវិញទៅមក អាច​នឹងត្រូវ​ព្រម​បត់បែន ឬ​ទទួលយក​តួនាទី​ខ្លះ និង​កុំភ្លេចថា ក្នុង​យុគសម័យ​ថ្មី​បែបនេះ ត្រូវ​បើក​ចិត្ត​ឱ្យ​ទូលាយ​ឡើង៕

  • កម្ពុជា​ត្រៀម​នាំចូល​អំបិល​ជាង 3ម៉ឺន​តោន​សម្រាប់​ផ្គត់ផ្គង់​ការធ្វើ​ប្រហុក-ផ្អក

    កម្ពុជា​ត្រៀម​នាំចូល​អំបិល​ជាង 3ម៉ឺន​តោន​សម្រាប់​ផ្គត់ផ្គង់​ការធ្វើ​ប្រហុក-ផ្អក

    ស្រប​ពេលដែល​អំបិល​ខ្មែរ ត្រូវបាន​គេ​មើលឃើញថា​នឹងត្រូវ​អស់ពី​ឃ្លាំង​ស្តុក​នៅត្រឹម​ចុងឆ្នាំ2018នេះ កម្ពុជា​បាន​ត្រៀម​នាំចូល​អំបិល​ពី​បរទេស​ប្រមាណ​ជាង 3ម៉ឺន​តោន ដើម្បី​បំពេញតម្រូវការ​ប្រើប្រាស់​ប្រចាំថ្ងៃ ពិសេស​តម្រូវ​ការធ្វើ​ប្រហុក​ផ្អក ដែល​នឹង​ចូលមក​ដល់​នៅ​រដូវ​ទឹកសម្រក​ខាងមុខនេះ។

    លោក ប៊ុន បារាំង សហប្រធាន​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្តកំពត-កែប មានប្រសាសន៍ថា ដោយសារ​កត្តា​អាកាសធាតុ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​រយៈពេល 2ឆ្នាំ​ចុង​ក្រោយនេះ បានធ្វើឱ្យ​ការផលិត​អំបិល​មានការ​ធ្លាក់ចុះ​ខ្លាំង និង​មិនអាច​ផលិត​បាន​ក្នុង​រយៈពេល2ឆ្នាំ​ជាប់​គ្នា​ចុង​ក្រោយនេះ ដែលជា​ហេតុ​ធ្វើឱ្យ​អំបិល​ក្នុងស្រុក​នឹងត្រូវ​អស់ពី​ឃ្លាំង​ស្តុក​នៅត្រឹម​ខែតុលា ឆ្នាំ2018ខាងមុខនេះ។ នេះ​គឺជាលើក​ទី2 ហើយ ខណៈដែល​កាលពី​ឆ្នាំ2008កន្លងទៅ កសិករ​ជួប​បញ្ហា​អាកាសធាតុ មិនអាច​ផលិត​បាន​ម្តង​រួចមកហើយ។

    ដោយសារ​អំបិល​ក្នុងស្រុក​ជិត​អស់ពី​ស្តុក​នេះហើយ ទើប​ធ្វើឱ្យ​សហគមន៍​ស្នើសុំ​ជា​ផ្លូវការ មក​ក្រសួង​ដើម្បី​នាំចូល​អំបិល​ពី​ក្រៅប្រទេស ដោយ​ក្នុងនោះ​កម្ពុជា​នឹង​បញ្ជា​ទិញ​ពី​ប្រទេស​ថៃ​ចំនួន 1ម៉ឺន​តោន​សម្រាប់​ប្រើប្រាស់​ជា​លក្ខណៈ​ឧស្សាហកម្ម និង​ប្រមាណ​ជា2ម៉ឺន​តោន​ផ្សេងទៀត​នឹងត្រូវ​បញ្ជា​ទិញ​ពី​ប្រទេស​ចិន សម្រាប់​ប្រើប្រាស់​លក្ខណៈ​គ្រួសារ ដែល​អំបិល​ទាំង 3ម៉ឺន​តោន​នេះ មានលទ្ធភាព​ផ្គត់ផ្គង់​ការប្រើប្រាស់​រហូតដល់​ខែមករា ឆ្នាំ2019 ដែល​គេ​រំពឹងថា​កសិករ​ខ្មែរ​នឹង​អាច​ផលិត​អំបិល​របស់ខ្លួន​បាន​ឡើងវិញ​បន្ទាប់ពី​អស់​ទឹកភ្លៀង។ លោក​បន្តថា​យ៉ាងណាក៏ដោយ ប្រសិនបើ​អាកាសធាតុ​កម្ពុជា​មិន​អំណោយផល​ល្អ ភ្លៀង​នៅតែ​បន្ត​ធ្លា​ក់ទៀត កសិករ​នឹង​នៅតែ​មិនអាច​ផលិត​បាន​ទៀត​នោះ កម្ពុជា​ក៏​នឹង​នៅតែ​បន្ត​នាំចូល​អំបិល​ពី​បរទេស​បន្ថែមទៀត។

    លោក​ថា តម្រូវការ​នៃ​ការប្រើប្រាស់​អំបិល​ច្រើនជាងគេ​នឹង​ចូលមក​ដល់​នៅ​រដូវ​ទឹកសម្រក​ខាងមុខខណៈដែល​ប្រជាពលរដ្ឋ​មាន​តម្រូវការ​ខ្លាំង​សម្រាប់ធ្វើ​ប្រហុក-ផ្អក​ទុក​ទទួលទាន​លក្ខណៈ​គ្រួសារ និង​អាជីវករ​ខ្លះ​ធ្វើ​ប្រហុក​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ដើម្បី​ស្តុក​ទុក​លក់​វិញ​នៅពេលក្រោយៗទៀត ដែល​នេះ​ជា​កត្តា​ធ្វើឱ្យ​កម្ពុ​ជាមាន​តម្រូវ​ការបញ្ជាទិញ​ពី​បរទេស​ដោយ​ចៀស​មិន​រួច​ឡើយ។

    លោក ប៊ុន បារាំង បានបញ្ជាក់​បន្ថែមថា ដោយសារតែ​មិនអាច​ប្រកប​អាជីវកម្ម​អំបិល​នេះ​បាន បច្ចុប្បន្ន​ជីវភាព​របស់​ប្រជាកសិករ​ផលិត​អំបិល​ជួប​ការ-លំបាក​ខ្វះខាត​ក្នុងការ​រស់នៅ​ជាខ្លាំង​ទៅលើ​ការ-ចំណាយ​ប្រចាំថ្ងៃ ការសិក្សា​របស់​កូន ការចំណាយ​ទៅលើ​ពិធី​រៀប​មង្គលការ ពិធី​បុណ្យទានផ្សេងៗជាហេតុ​ធ្វើឱ្យ​គាត់​រត់​មក​ខ្ចីប្រាក់​ពី​សហគមន៍​ជា​បន្តបន្ទាប់ ហើយ​សហគមន៍​ក៏បានផ្តល់​កម្ចី​ទៅតាម​លទ្ធភាព ដោយ​មិន​គិតការ​ប្រាក់​នោះទេ និង​រង់ចាំ​ដល់​ពួកគាត់​ផលិត​អំបិល​បាន ទើប​អាច​សង​ត្រឡប់មកវិញ​បន្តិចម្តងៗនៅពេល​ក្រោយ។

    បច្ចុប្បន្ន​អំបិល​ក្នុង1កា​រ៉ុង​មាន​ទម្ងន់ 50គីឡូក្រាម​មានតម្លៃ 17,600រៀល ជា​អំបិល​ដែល​សហគមន៍​លក់​ចេញ​បន្ត​ទៅឱ្យ​អាជីវករ​សម្រាប់​លក់​ប​ន្ត​នៅលើ​ទីផ្សារ ហើយ​គ្រួសារ​ដែលជា​សមាជិក​ស​ហគ​មន៍​ប្រហែល 200ក្រុម ដែលមួយក្រុមៗមាន​គ្នា​ប្រមាណ​ពី5 ទៅ7គ្រួសារ។ តាម​ទិន្នន័យ​របស់​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្តកំពត-កែប​បានឱ្យដឹងថា កាលពី​ឆ្នាំ2017សហគមន៍​ផលិត​អំបិល​បាន​ចំនួន 3.3ម៉ឺន​តោន និង​ឆ្នាំ2016 បាន​ជាង 10ម៉ឺន​តោន ដែល​រហូតមក​ដល់ពេលនេះ​អំបិល​ក្នុង​ឃ្លាំង​ស្តុក​នៅសល់​ប្រមាណ​ជា 2ម៉ឺន​តោន។

    ករណីនេះ​អ្នកនាំពាក្យ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក អ៊ុំ សុថា បញ្ជាក់​បន្ថែមថា តម្រូវការ​នៃ​ការប្រើប្រាស់​អំបិល​ក្នុងស្រុក​សម្រាប់​ចុងឆ្នាំ​នេះពិតជា​មានការ​ខ្វះខាត​ខ្លាំងមែន ដោយសារតែ​ភ្លៀង​ធ្លាក់​ច្រើន ធ្វើឱ្យ​កសិករ​ផលិត​អំបិល​មិន​ទទួលបាន​ផលព្រោះ​ការផលិត​អំបិល​ត្រូវការ​កម្ដៅថ្ងៃ​ខ្លាំង​ដើម្បី​ស​ម្ងួ​ត​ទឹកសមុទ្រ។ ហើយ​អំបិល​ដែល​ប្រើប្រាស់​លើ​ទីផ្សារ បច្ចុប្បន្ន ជា​អំបិល​ដែល​នៅ​សេសសល់ខ្លះៗនៅក្នុង​ស្តុក​ប៉ុណ្ណោះ។ ដើម្បី​បំពេញបន្ថែម​តម្រូវការ​ប្រើប្រាស់​នេះ កម្ពុជា​ចាំបាច់​ត្រូវ​បញ្ជា​ទិញ​ពី​បរទេស​ជាង 3ម៉ឺន​តោន ពិសេស​អំបិល​ដែលមាន​ជាតិ​អុីយ៉ូត។

    តាម​ទិន្នន័យ​ផ្លូវការ​របស់​ក្រសួង​ខាងលើ​បានឱ្យដឹងថា ប្រទេសកម្ពុជា​ទទួលបាន​ចំណូល​ប្រមាណ​ជា 22លាន​ដុល្លារអាមេរិក ពី​ការផលិត​អំបិល​កាលពី​ឆ្នាំមុន៕

  • សហភាព​អឺរ៉ុប​បន្ត​ផ្តល់​ការគាំទ្រ​ដល់​គម្រោង​គ្រប់គ្រង​សេដ្ឋកិច្ច

    សហភាព​អឺរ៉ុប​បន្ត​ផ្តល់​ការគាំទ្រ​ដល់​គម្រោង​គ្រប់គ្រង​សេដ្ឋកិច្ច

    សហភាព​អឺរ៉ុប​បាន​សន្យា​ផ្តល់​ទឹកប្រាក់​ចំនួន22លាន​អឺរ៉ូ សម្រាប់​ឆ្នាំ2020 – 2021គាំទ្រ​គម្រោងគ្រប់គ្រង​សេដ្ឋកិច្ច និង​បន្ត​ផ្តល់​ទឹកប្រាក់ 87លាន​អឺរ៉ូ​សម្រាប់​កម្មវិធី​កំណើន​ប្រកបដោយ​និរន្តរភាព និង​បរិ​យា​ប័ន្ន​លើ​វិស័យ​វារីវប្បកម្ម​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ទឹកប្រាក់​ចំនួន​ប្រមាណ 6លាន​អឺរ៉ូ សម្រាប់​កម្មវិធី​បម្រែបម្រួល​អាកាសធាតុ។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ។

    ការសម្រេចចិត្ត​របស់​សហគមន៍​អឺរ៉ុប​ក្នុង​ការបន្ត​គាំទ្រ​ដល់​វិស័យ​ទាំងនេះ​ត្រូវបាន​ប្រកាស​នៅក្នុង​កិច្ចប្រជុំ​មួយ​នៅ​រវាង​ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​ឯកឧត្តម​George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ដើម្បី​វាយតម្លៃ​ការអនុវត្ត​គម្រោង​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​នៅ​កម្ពុជា។

    ឯកឧត្តម​ឯកអគ្គរដ្ឋទូត George Edgar បាន​មានប្រសាសន៍ថា ការសម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន​ក្នុងការ​អនុវត្ត​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​រួមមាន​ការកើនឡើង​នៃ​កំណើន​ចំណូល​ចរន្ត​តាមរយៈ​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល ពង្រឹង​ការអនុវត្ត​ប្រព័ន្ធ​ព័ត៌មានវិទ្យា និង​តម្លាភាព​ថវិកា​ជាដើម។

    តាម​លទ្ធផល​ការវាយតម្លៃ​សមិទ្ធផល​ឆ្នាំ2017បង្ហាញថា កម្ពុជា​បានសម្រេច​នូវ​លក្ខខណ្ឌ (General Condiitions)គឺ100% និង​លក្ខខណ្ឌ​ជាក់លាក់ (Specific Condiitions) គឺ 92,5%។ ក្នុងន័យនេះ​ថវិកា​ទ្រទ្រង់ (Budget Support) បើក​ផ្តល់​ក្នុង​ឆ្នាំ2018 មាន​ចំនួន 4,737,500អឺរ៉ូ។ គម្រោង​ទាំងនោះ​បានផ្តល់​លទ្ធផល​ជាច្រើន​ចំពោះ​កិច្ចការ និង​តួនាទី​របស់​រដ្ឋាភិបាល​ដែល​បាន​បំពេញ​ក្នុង​ការកែលម្អ​ការគ្រប់គ្រង​សេដ្ឋកិច្ច និង​ការផ្តល់​សេវាសាធារណៈ។

    ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​មានប្រសាសន៍​ទៀតថា៖“ការសម្រេចចិត្ត​របស់​សហភាព​អឺរ៉ុប​ក្នុងការ​ពង្រីក​ការគាំទ្រ​របស់​ពួកគេ គឺជា​សញ្ញា​មួយ​បង្ហាញថា​ទំនាក់ទំនង​រវាង​ប្លុក​អឺរ៉ុប និង​រដ្ឋាភិបាល​កម្ពុជា​កំពុងមាន​ភាពប្រសើរឡើង។ ឯកឧត្តម​បាន​និយាយថា វា​ក៏​ជាការ​បង្ហាញ​យ៉ាងច្បាស់​លាស់​ផងដែរ​ថារដ្ឋាភិបាល​យកចិត្តទុកដាក់​លើ​តម្លាភាព និង​គណនេយ្យភាព”។

    ឯកឧត្តម​បាន​ថ្លែងបន្តថា ការគាំទ្រ​កម្មវិធី​កំណែទម្រង់ ពិត​ជាមាន​សារៈសំខាន់​ក្នុងការ​ជំរុញ និង​អភិវឌ្ឍន៍​សង្គម-សេដ្ឋកិច្ច​ប្រកបដោយ​វិបុលភាព និង​បរិ​យា​ប័ន្ន។ ក្នុងន័យនេះ​រដ្ឋាភិបាល​នៅតែ​បន្ត​ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់ និង​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​លើ​ការងារ​អាទិភាព។

    បន្ថែម​លើ​នេះ​រាជរដ្ឋាភិបាល​កោតសរសើរ​ពី​សុ​ឆន្ទៈ​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​ការបន្ត​ការគាំទ្រ​លើ​កម្មវិធី​កំណែទម្រង់​ដំណាក់កាល​ទី3 ឆ្នាំ2020 – 2021 ប្រមាណ 22លាន​អឺរ៉ូ កម្មវិធី​សម្រាប់​កំណើន​ប្រកបដោយ​និរន្តរភាព និង​បរិ​យា​ប័ន្ន​នៅ​កម្ពុជា​លើ​វិស័យ​ជលផល​ប្រមាណ 87លាន​អឺរ៉ូ និង​កម្មវិធី​សម្ព័ន្ធភាព​នៃ​ការប្រែប្រួល​អាកាសធាតុ​កម្ពុជា ប្រមាណ6លាន​អឺរ៉ូ។

    ឯកឧត្តម​បញ្ជាក់ថា ការកែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​មាន​សារៈសំខាន់​ណាស់​ក្នុងការ​ជម្រុញ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច ក៏ដូចជា​ការលើកកម្ពស់​និរន្តរភាព និង​ការដាក់បញ្ចូល​ហិរញ្ញវត្ថុ។ រដ្ឋាភិបាល​បន្ត​ផ្តោតលើ​វិស័យ​ទាំងនេះ ហើយ​មិនមាន​ការប្រឹងប្រែង​ដើម្បី​បង្កើន​តម្លាភាព​ទេ”

    យោងតាម​សហគមន៍​អឺរ៉ុប​បាន​បង្ហាញថា មានកម្ម​វិធី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ជាច្រើន​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។ នៅក្នុង​រយៈពេល​នេះ​កម្មវិធី​ថវិកា 7 ឆ្នាំ​របស់​សហភាព​អឺរ៉ុប​ដែល​ចាប់ពី​ឆ្នាំ 2014 ដល់​ឆ្នាំ 2020 តម្លៃ​សរុប​នៃ​កម្មវិធី​សហប្រតិបត្តិការ​នោះ គឺ​ទឹកប្រាក់​ចំនួន 410លាន​អឺរ៉ូ​ដែល​គ្របដណ្តប់​កម្មវិធី​ជាសំខាន់​ចំនួន4។

    ទី1-ដើម្បី​ធ្វើការ​គាំទ្រ​ដល់​ក្រសួង​អប់រំ(រយៈពេល​ជាង 10 ឆ្នាំ)ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន​ក្នុងការ​ធ្វើកំណែទម្រង់ និង​កែលម្អ​ប្រព័ន្ធ​អប់រំ​បឋមសិក្សា និង​កម្រិត​មធ្យមសិក្សា​បឋមភូមិ​នៅ​កម្ពុជា។

    ទី2-ការងារ​ក្នុង​វិស័យ​គ្រប់គ្រង​ធនធានធម្មជាតិ​ និង​កសិកម្ម(អភិវឌ្ឍ​វារីវប្បកម្ម និង​ជលផល)នៅក្នុង​ប្រទេស​កម្ពុជា។

    ទី3-ការគាំទ្រ​ដល់​កម្មវិធី​កំណែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ក្រសួង​សេដ្ឋកិច្ច ដើម្បី​ធានាថា​រដ្ឋាភិបាល​អាច​ប្រមូល​ចំណូល​បាន​គ្រប់គ្រាន់​ក្នុងស្រុក និង​ប្រើប្រាស់​វា​ឱ្យមាន​ប្រសិទ្ធភាព។

    ទី4-ការងារ​ជាមួយ​ក្រសួងមហាផ្ទៃ​ដើម្បី​គាំទ្រ​កំណែទម្រង់​វិមជ្ឈការ។

    ក្រៅពីនេះ​សហគមន៍​អឺរ៉ុប​នូវបាន​គាំទ្រ​គម្រោង​ជាច្រើន​ទៀត​តាមរយៈ​ថវិកាផ្សេងៗទៀត រួមមាន​ការងារ​រប​ស់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ផ្តល់​ការគាំទ្រ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នៅមុន​ការបោះឆ្នោត​ឃុំ-សង្កាត់​កាលពី​ឆ្នាំមុន។ ថវិកា​ក្នុង​តំបន់​ឧទាហរណ៍​នៅ​កម្រិត​អាស៊ាន និង​ថវិកា​គាំទ្រ​ចំពោះ​សង្គម​ស៊ីវិល។

    ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​បានចាត់ទុក​ថា​ការគាំទ្រ​របស់​សហភាព​អឺរ៉ុប​ទាំង​ជំនួយ​ជា​ហិរញ្ញប្បទាន​ឥត​សំណង និង​ជំនួយ​បច្ចេកទេស​ដើម្បី​គាំទ្រ​ការអនុវត្ត​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ប្រកបដោយ​ជោគជ័យ និង​ចីរភាព គឺជា​ការឆ្លុះបញ្ចាំង​ឱ្យឃើញ​អំពី​កិច្ចទំនាក់ទំនង​ល្អ​រវាង​កម្ពុជា និង​សហភាព​អឺរ៉ុប ហើយ​កម្ពុជា​ត្រូវខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​ក្នុង​ការពង្រឹង​ការប្រមូល​ចំណូល​ក្នុងស្រុក និង​ការគ្រប់គ្រង​ចំណាយ​សាធារណៈ​ប្រកបដោយ​ប្រសិទ្ធភាព ស័ក្តិសិទ្ធិ​ភាព គណនេយ្យភាព និង​តម្លាភាព៕