Category: សង្គម និងសេដ្ឋកិច្ច

  • តេឡេស្កុប​វិទ្យុ​ព្រះ​អាទិត្យ​ធំជាង​គេ​បង្អស់​លើ​ពិភពលោក​នឹង​ដំណើរ​ការ​ឆាប់​ៗ​នេះ

    តេឡេស្កុប​វិទ្យុ​ព្រះ​អាទិត្យ​ធំជាង​គេ​បង្អស់​លើ​ពិភពលោក​នឹង​ដំណើរ​ការ​ឆាប់​ៗ​នេះ

    (ប្រទេស​ចិន) – គម្រោង​តេឡេស្កុប​វិទ្យុ​ព្រះអាទិត្យ​ Daocheng នៅ​លើ​ខ្ពង់រាប​ទីបេ (Tibetan Plateau) ត្រូវ​បាន​បង្កើត​ឡើង​ពី​អង់តែន​ចំនួន 313 គ្រឿង​ ដែល​រៀប​​ជា​រាង​រង្វង់​មូល​មាន​ប្រវែង 3.14 គីឡូម៉ែត្រ​។

    ស្ថិត​នៅ​ជាយ​ខ្ពង់រាប​ទីបី ក្នុង​ខេត្ត​ Sichuan តេឡេស្កុប​វិទ្យុព្រះអាទិត្យ Daocheng (DSRT) គឺជា​ប្រព័ន្ធ​តេឡេស្កុប​ធំជាង​គេ​បង្អស់​ក្នុង​ចំណោម​តេឡេស្កុបប្រភេទ​នេះ​នៅ​លើពិភពលោក​។ ប្រព័ន្ធ​នេះ​រួម​មានអង់តែន​ Parabol អង្កត់ផ្ចិត​ 6 ម៉ែត្រចំនួន 313 ​គ្រឿង​ ដែល​អាច​ងាក​រេ​ដូច​ទៅ​នឹង​ផ្កា​ឈូត​រ័ត្ន​ និង​រៀប​ជា​រង្វង់​មូល​ដែល​មាន​ប្រវែង​ 3.14 គីឡូម៉ែត្រ​ ព័ទ្ធ​ជុំ​វិញ​ប៉ម​មួយនៅ​ចំ​កណ្ដាល​​ដែល​មាន​កម្ពស់ 100 ម៉ែត្រ​។

    តេឡេស្កុប 313 ​គ្រឿង​នេះ​បង្កើត​បាន​ជា​ «តេឡេស្កុប​និម្មិត» ខ្នាត​យក្ស ដំណើរ​ការ​នៅ​ក្នុង​​រលក​វិទ្យុ​ពី 150 ទៅ 450 megahertz ដើម្បី​ផ្ដិត​យក​រូប​ភាព​ដែល​មាន​​សុក្រឹតភាព​កម្រិត​​ខ្ពស់​ស្ដី​ពី​បាតុភូត​នានា​ដែល​កើត​ឡើង​នៅ​លើ​​ព្រះអាទិត្យ​។

    DSRT ត្រូវ​បាន​សាងសង់​រួច​រាល់​កាល​ពី​ចុង​ខែ​វិច្ឆិកា 2022 ហើយ​គ្រោង​នឹង​ដំណើរ​ការ​សាកល្បង​ចាប់​ពី​ខែ​មិថុនា 2023​។

  • ​ក្នុង​ព្រឹត្តិការណ៍​​កីឡា​ស៊ី​ហ្គេម​នៅ​កម្ពុជា ចំនួន​ក្រុមបាល់ទាត់​នារីមាន​ការ​កើត​ឡើង​

    ​ក្នុង​ព្រឹត្តិការណ៍​​កីឡា​ស៊ី​ហ្គេម​នៅ​កម្ពុជា ចំនួន​ក្រុមបាល់ទាត់​នារីមាន​ការ​កើត​ឡើង​

    ម្ចាស់ផ្ទះ​កម្ពុជា​បានប្រកាស​តួលេខ​នៃចំនួន​​ក្រុមបាល់ទាត់បុរស​​ជម្រើសជាតិ​ នារីជម្រើស​ជាតិ​ ​ដែល​នឹងចូលរួម​ប្រកួត​នៅ​ស៊ី​ហ្គេម​លើក​ទី 32 (32nd Southeast Asian Games) ដែល​នឹង​ធ្វើឡើង​នៅ​កម្ពុជា​ក្នុង​ខែឧសភា​ខាងមុខ។

    ថ្មីៗនេះ ម្ចាស់​ផ្ទះ​កម្ពុជា​​បានប្រកាស​បញ្ជី​ឈ្មោះ​ស្ដីពី​បណ្ដា​ក្រុមបាល់ទាត់​ជម្រើសជាតិ​សម្រាប់​វិញ្ញាសា​បាល់ទាត់​បុរស និង​នារី នៅក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​ឆ្នាំ 2023 (ស៊ី​ហ្គេម​លើក​ទី 32)។

    ប្រកាស​បានឱ្យដឹងថា ក្រុមបាល់ទាត់​បុរស U-22 មាន 10 ក្រុម រួមមាន កម្ពុជា ថៃ ឡាវ វៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា សិង្ហ​បុរី ហ្វ៊ី​លី​ពី​ន ទី​ម័​រ​ខាងកើត។ ចំណែក​ក្រុមបាល់ទាត់​នារី​វិញ មាន 9 ក្រុម ដែល​រួមមាន កម្ពុជា ថៃ ឡាវ វៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា សិង្ហ​បុរី ហ្វ៊ី​លី​ពី​ន។ ដូច្នេះ ប្រុយ​ណេ​ពុំមាន​ក្រុមបាល់ទាត់​ដែល​ត្រូវ​ចូលរួម ខណៈដែល​ទី​ម័​រ​ខាងកើត​មានតែ​ក្រុម​បុរស។

    បើ​ធៀប​នឹង​ស៊ី​ហ្គេម​លើក​ទី 31 ដែល​បាន​ធ្វើឡើង​នៅ​វៀតណាម​កាលពី​ឆ្នាំ 2022 ចំនួន​ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​ដែល​ចូលរួម​នៅ​ស៊ី​ហ្គេម​លើក​នេះ​បាន​កើន​ពី 7 ក្រុម ឡើងដល់ 9 ក្រុម ព្រោះ​ការវិល​ត្រលប់​របស់​ក្រុម​ឥណ្ឌូណេស៊ី និង​វត្តមាន​របស់​ក្រុម​ម៉ាឡេស៊ី។

    យោងតាម​ម្ចាស់ផ្ទះ​កម្ពុជា ពិធី​​ចាប់លេខ​ចែក​ពូ​ល​សម្រាប់​វិញ្ញាសា​បាល់ទាត់​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី 05 មេសា​ខាងមុខ នៅឯ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ។

    លោក កែវ សារ៉េត អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានឱ្យដឹងថា ​ពិធី​ចាប់លេខ​ចែក​ពូ​ល​នេះ​នឹងមាន​វត្តមាន​របស់​ប​ណ្ដា​ទីប្រឹក្សា​មកពី​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី ហើយ​ក្រុមនីមួយៗនឹង​ត្រូវបាន​ដាក់ចូល​ទៅក្នុង​ក្រុម​ដោយយោង​ទៅលើ​ចំណាត់ថ្នាក់​ដែល​សម្រេចបាន​នៅក្នុង​ស៊ី​ហ្គេម​រដូវ​កាល​មុន។

    ស៊ី​ហ្គេម​លើក​ទី 32 នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី 05 ដល់ 17 ឧសភា 2023 នៅ​កម្ពុជា ក្នុងនោះ​មាន​កីឡដ្ឋាន​ក្នុង​តំបន់​ចំនួន 5 នឹង​ត្រូវបាន​ប្រើប្រាស់ រួមមានកីឡដ្ឋាន​នៅ​ ភ្នំពេញ កំពត ព្រះវិហារ កែប និង​សៀមរាប។ ក្នុងនោះ កីឡាបាល់ទាត់​នឹងត្រូវ​​ប្រកួត​មុនគេ ដោយ​ចាប់ផ្ដើម​ពីថ្ងៃ​ទី 29 មេសា៕

  • ប្រទេស​ចិន​ធ្វើ​តេស្ត «​​ប្រព័ន្ធ​បណ្ដែត​​រថភ្លើង» ​​​ប្រើ​អគ្គិសនី​ចរន្ត​ធំ​​សីតុណ្ហ​ភាព​​ខ្ពស់

    ប្រទេស​ចិន​ធ្វើ​តេស្ត «​​ប្រព័ន្ធ​បណ្ដែត​​រថភ្លើង» ​​​ប្រើ​អគ្គិសនី​ចរន្ត​ធំ​​សីតុណ្ហ​ភាព​​ខ្ពស់

    ប្រទេស​ចិន​ធ្វើតេស្ត​ដោយ​ជោគជ័យ​នូវ​ប្រព័ន្ធ​លើក​ដែល​ប្រើ​អគ្គិសនី​ចរន្ត​ធំ​សីតុណ្ហភាព​ខ្ពស់សម្រាប់​រថភ្លើង​បណ្ដែត​ខ្លួន​ កាលពី​ថ្ងៃទី 31 មីនា 2023 នៅ​ទីក្រុង Changchun ខេត្ត Jilin។

    ប្រព័ន្ធ​លើក​ប្រើ​អគ្គិសនី​ចរន្ត​ធំ​សីតុណ្ហភាព​ខ្ពស់ (high-temperature superconducting electric levitation system) ដំបូងគេ​បង្អស់​ ត្រូវបាន​ធ្វើតេស្ត​ជោគជ័យ​កាលពី​ថ្ងៃទី 31 មីនា 2023 នៅពេល​រថភ្លើង​រត់​សាកល្បង​លើ​កំណាត់​ផ្លូវ​ប្រវែង 68 ម៉ែត្រ ដែល​នេះ​គឺជា​ជំហាន​មួយ​ដ៏​ធំ​របស់​ប្រទេស​ចិន ក្នុង​ការអភិវឌ្ឍ​ប្រព័ន្ធ​ប​ណ្ដែ​ត​រថភ្លើង​លើ​អាកាស។

    នៅពេល​រត់​ឆ្លងកាត់​ចំណុច​បង្កើនល្បឿន​ប្រវែង 68 ម៉ែត្រ រថភ្លើង​នេះ​មាន​ល្បឿន 50 គីឡូម៉ែត្រ/ម៉ោង និង​ជោគជ័យ​ឆ្ពោះទៅកាន់​ដំណាក់កាល​លើក​បណ្ដែត​ដោយ​ប្រើ​ចរន្តអគ្គិសនី។

    Yu Qingsong ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​រថភ្លើងបណ្ដែត​ខ្លួន​ (Maglev) នៃ​ក្រុមហ៊ុន​ផលិត​ទូរថភ្លើង Changchun នៅ​ប្រទេស​ចិន​ ថ្លែងថា «នេះ​បញ្ជាក់ថា យើង​សម្រេចបាន​ជំហាន​ធំ​មួយ​ក្នុងដំណាក់កាល​ដំបូង​របស់​កម្មវិធី រួមទាំង​ការសម្រេចបាន​ជំហាន​នៅក្នុង​ការស្រាវជ្រាវ​បច្ចេកវិទ្យា»។

    ល្បឿន​ដំណើរការ​របស់​រថភ្លើង​បណ្ដែត​ខ្លួន (maglev) អាច​ឡើងដល់ 600 គីឡូម៉ែត្រ/ម៉ោង

    ការសាកល្បង​ថ្មី​នេះ​ជួយ​បញ្ជាក់​ឱ្យបាន​ពេញលេញ​នូវ​បច្ចេកវិទ្យា​ស្នូល ដែល​រួមមាន មេដែក​មាន​ចរន្ត​ចម្លង​​ខ្ពស់ និង​កម្លាំង​អូស​សម​កាល​កម្ម​លើផ្លូវ​ត្រង់ ការ​ផ្ដល់​ថាមពល​ប្រតិកម្ម និង​ធ្វើឱ្យ​ចុះ​ត្រជាក់​ក្នុង​សីតុណ្ហភាព​ទាប បង្កើតបានជា​មូលដ្ឋាន​​ដ៏​រឹងមាំ​ដើម្បី​ជំរុញ​ប្រព័ន្ធ​ដឹកជញ្ជូន​ដោយ​កម្លាំង​បណ្ដែត​ដែល​ប្រើ​អគ្គិសនី​ចរន្ត​ធំ​។

    ល្បឿន​ដំណើរការ​របស់​រថភ្លើង​បណ្ដែត​ខ្លួន (maglev) អាច​ឡើងដល់ 600 គីឡូម៉ែត្រ/ម៉ោង។ រថភ្លើង​ប្រភេទ​នេះ​មាន​សុវត្ថិភាព ឆ្លាត​វៃ ផាសុកភាព និង​អាច​សម្រប​ខ្លួន​បានល្អ​ទៅនឹង​បរិស្ថាន។ នេះ​បើតាម លោក Yu Qingsong។

  • ស្រឡាង​​ប្រើ​ប្រាស់​អ៊ីដ្រូសែន​រាវ​ដំបូង​គេ​លើ​ពិភពលោក​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ

    ស្រឡាង​​ប្រើ​ប្រាស់​អ៊ីដ្រូសែន​រាវ​ដំបូង​គេ​លើ​ពិភពលោក​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ

    ក្រុមហ៊ុន Norled កាលពី​ថ្ងៃទី 31 មីនា ប្រកាសថា អាជ្ញាធរ​គ្រប់គ្រង​ដែនសមុទ្រ​ន័​រ​វែ​ស​ផ្ដល់​អាជ្ញាប័ណ្ណ​ឱ្យ MF Hydra ដែលជា​ស្រឡាង​ដំណើរការ​ដោយ​ថាមពល​អ៊ីដ្រូសែន​រាវ​ដំបូង​គេ​បង្អស់​លើ​ពិភពលោក។

    ក្រុមហ៊ុន​ន័​រ​វែ​ស Norled បាន​សាកល្បងដំណើរ​ការ​​ប្រព័ន្ធ​នៅលើ​ស្រឡាង MF Hydra ចាប់តាំងពី​ដើមឆ្នាំនេះ​។ MF Hydra នឹងធ្វើ​សកម្មភាព​នៅក្នុង​ប្រទេស​ន័​រ​វែ​ស នៅលើ​តំបន់​សមុទ្រ​រវាង Hjelmeland, Skipavik និង Nesvik។ ស្រឡាង​ដែលមាន​បណ្ដោយ 82.4 ម៉ែត្រ និង​ត្រូវ​បានដាក់​បណ្ដែត​ទឹក​កាលពី​ឆ្នាំ 2021 អាច​ដឹក​អ្នកដំណើរ​បាន 300 នាក់ និង​យានជំនិះ​បាន 80 គ្រឿង។ វា​អាចធ្វើ​ដំណើរ​ក្នុង​ល្បឿន 16.7 គីឡូម៉ែត្រ/ម៉ោង ដោយ​ប្រើប្រាស់​ថ្ម​ផ្ទុក​ឥន្ធនៈ​ពីរ​ដុំ​កម្លាំង 200 kW រួម​នឹង​ម៉ាស៊ីន​ផលិត​អគ្គិសនី 440 kW និង​ម៉ាស៊ីន​រុញច្រាន Shottel ពីរ​គ្រឿង។

    ស្រឡាង​នេះ​អាច​ផ្ទុក​អ៊ីដ្រូសែន​បាន 80 ម៉ែត្រគុប ជួយ​ឱ្យ​វា​កាត់បន្ថយ​ការ​បំ​ភាយ​កាបូន​ប្រចាំឆ្នាំ​ឡើងដល់ 95%។ ស្រឡាង​ខាងលើនេះ​គឺជា​សមិទ្ធផល​កើតឡើង​ពី​កិច្ចសហការ​រវាង Norled និង​ដៃគូ​បរទេស។ បណ្ដា​ប្រព័ន្ធ​អ៊ីដ្រូសែន​នៅលើ​ស្រឡាង​នេះ​ត្រូវបាន​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន​អាល្លឺម៉ង់ Linde Engineering។ ចំណែក​ក្រុមហ៊ុន​ដា​ណឺ​ម៉ាក Ballard វិញ គឺជា​អ្នក​ផលិត​ថ្ម​ផ្ទុក​អ៊ីដ្រូសែន​ដើម្បី​បង្កើតជា​ថាមពល។ ដោយឡែក ដំណើរការ​ដំឡើង​ឧបករណ៍​នានា ក៏ដូចជា​ការ​បង្ហើយ​កិច្ចការ​ចុងក្រោយ​របស់​ស្រឡាង​នេះ​ ​ត្រូវបាន​ធ្វើឡើង​ដោយ​ក្រុមហ៊ុន SEAM និង Westcon របស់​ន័​រ​វែ​ស។

    បច្ចុប្បន្ន​មានតែ Norled និង​វិស័យ​ឧស្សាហកម្ម​អវកាស​ប៉ុណ្ណោះ​ដែល​ប្រើប្រាស់​អ៊ីដ្រូសែន​រាវ​ធ្វើជា​ឥន្ធនៈ។ ដូច្នេះ រឿង​ដែល MF Hydra ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​គឺជា​ជំហាន​សំខាន់​មួយ​សម្រាប់​វិស័យ​ដឹកជញ្ជូន​ផ្លូវ​សមុទ្រ។

  • ព្រោះតែ​ដូច Lionel Messi ពេក អ្នកគាំទ្រ​ម្នាក់​ក៏​ប្រែ​ជាមាន​ជីវភាព​ធូរធារ

    ព្រោះតែ​ដូច Lionel Messi ពេក អ្នកគាំទ្រ​ម្នាក់​ក៏​ប្រែ​ជាមាន​ជីវភាព​ធូរធារ

    Leonardo Gorri ដែលជា​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ​ម្នា​ក់នៅ​អា​ហ្ស​ង់​ទីន កំពុង​បង្ក​ការចាប់អារម្មណ៍​លើ​បណ្ដាញ​សង្គម និង «មានតម្លៃ​ខ្ពស់» ព្រោះ​តែមាន​រូបរាង​មុខមាត់​ដូច​ទៅនឹង​កំពូល​តារាបាល់ទាត់ Lionel Messi។

    Leonardo មានកូន​បួន​នាក់ និង​ចិញ្ចឹម​គ្រួសារ​ដោយ​មុខរបរ​បើករថយន្ត​ដឹកទំនិញ។ ប៉ុន្តែ​កាលពី​ប៉ុន្មាន​ឆ្នាំមុន ជីវិត និង​គ្រួសារ​របស់ Leonardo Gorri ចាប់ផ្ដើម​មានការ​ផ្លាស់​ប្ដូរ​ច្រើន ព្រោះតែ​គាត់​មានមុខមាត់ រូបរាង​ដូច​ទៅនឹង Messi។ Leonardo Gorri ប្រាប់​ទំព័រ Clarin ថា អតិថិជន​ជាច្រើន​បាន​សុំ​ថតរូប​សែ​ល​ហ្វ៊ី​ជាមួយ​គាត់។

    ប៉ុន្តែ​គ្រប់យ៉ាង​បាន​ផ្លាស់ប្ដូរ​ខ្លាំង​នៅក្នុង​ឆ្នាំ 2021។ កាលណោះ ភរិយា​របស់ Leonardo Gorri បាន​ថត​សកម្មភាព​គាត់​ធ្វើ​ត្រាប់​តាម Messi ហើយ​បង្ហោះ​លើ​បណ្ដាញ​សង្គម ជាទី​ដែល Leonardo Gorri ទទួលបាន​ចំណាប់អារម្មណ៍​ខ្លាំង​លើ​គណនី​ឈ្មោះ «ខ្ញុំ​មិនមែនជា Messi»។

    ចាប់ពីពេលនោះ​មក លោក Leonardo Gorri ក៏​បង្ហោះ​រូបថត និង​វីដេអូផ្សេងៗជា​បន្តបន្ទាប់ និង​ប្រែជា​ល្បីឈ្មោះ​កាន់តែខ្លាំង។

    លោក Leonardo Gorri

    ដោយសារតែ​មានមុខមាត់​ដូច Messi លោក Leonardo Gorri ក៏មាន​ឱកាស​ចូលរួម​ទស្សនាការ​ប្រកួត​មួយចំនួន​របស់​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន។ «Messi ក្លែងក្លាយ» ក៏​ធ្លាប់​ទទួលបាន​ការចុះហត្ថលេខា​លើ​អាវយឺត​ពី «Messi ពិត» ផងដែរ។ Leonardo Gorri និយាយថា នេះ​គឺជា​មួយ​ក្នុងចំណោម «វត្ថុ​មានតម្លៃ​បំផុត» សម្រាប់​គាត់។

    លោក Leonardo Gorri

    ព្រោះតែ​មានមុខមាត់ និង​រូបរាង​ដូច Lionel Messi និង​សមត្ថភាព​សម្ដែង លោក Leonardo Gorri ក៏​ទទួលបាន​ការអញ្ជើញ​ឱ្យ​សហការ​ពី​បណ្ដា​ក្រុមហ៊ុន​រៀបចំ​ព្រឹត្តិការណ៍ ក៏ដូចជា​ផលិតកម្ម​ភាពយន្ត​នៅ​អា​ហ្ស​ង់​ទីន៕

  • AI Midjourney នៅ​ពីក្រោយ​រូបភាព​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ទាំង​នេះ

    AI Midjourney នៅ​ពីក្រោយ​រូបភាព​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ទាំង​នេះ

    Midjourney ត្រូវបាន​គេ​ស្គាល់​ច្រើន​នៅក្នុង​ចំណោម​កម្មវិធី​ប​ញ្ញា​និម្មិត (AI) ប៉ុន្តែ​កំពុង​ក្លាយ​ជាទី​ចាប់អារម្មណ៍​នៅពេល​ជួយ​បង្កើត​រូប​ភាពដូច​ពិតៗ​ជា​បន្តបន្ទាប់​ដ៏​គួរឱ្យភ្ញាក់ផ្អើល។

    ទន្ទឹមនឹង ChatGPT របស់ OpenAI គេ​ឃើញ​មាន Midjourney ក៏​កំពុង​បង្ក​ការភ្ញាក់ផ្អើល​ខ្លាំង​នៅក្នុង​វិស័យ​បញ្ញា​និម្មិត (AI) ព្រោះ​សារតែ​វា​មាន​សមត្ថភាព​បង្កើត​រូបភាព​ដូច​មែនទែន ដោយ​គ្រាន់តែ​ត្រូវការ​សំណេរ​អធិប្បាយ​ខ្លី។

    Midjourney បង្ហាញខ្លួន​​ក្នុង​​ឆ្នាំ 2021 ប៉ុន្តែ​បាន​លេចធ្លោ​ឡើង​តាំងពី​ពាក់កណ្ដាល​ឆ្នាំ​កន្លង នៅពេល​វា​អនុញ្ញាតឱ្យ​បង្កើត​រូបភាព​ដូចពិត។ Midjourney ត្រូវបាន​វាយតម្លៃថា​ជា​ឧទាហរណ៍​ដ៏​ច្បាស់​មួយ​បង្ហាញ​អំពី​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​បញ្ញា​និម្មិត។ ក្នុង​មួយឆ្នាំ​កន្លះ AI នេះ​មាន​អ្នកប្រើប្រាស់​ជាង 13 លាន​នាក់។ Midjourney ធ្លាប់​អនុញ្ញាតឱ្យ​ប្រើប្រាស់​ដោយ​មិន​គិតថ្លៃ ប៉ុន្តែ​បច្ចុប្បន្ន​វា​យក​ថ្លៃ​ពី 10 ទៅ 30 ដុល្លារ​សម្រាប់​បណ្ដា​កញ្ចប់​ពី​កម្រិត​មូលដ្ឋាន​ដល់​កម្រិត​ខ្ពស់។

    ក្រុមហ៊ុន​គ្រប់គ្រង Midjourney មាន​បុគ្គលិក​ជាង 30 នាក់​ប៉ុណ្ណោះ​ដែល​ធ្វើ​ការងារ​ខាង​គ្រប់គ្រង ដឹក​នាំ​ ក្នុងនោះ​មានដូចជា CEO David Holz, ទីប្រឹក្សា​បួន​នាក់, ក្រុម​ស្រាវជ្រាវ និង​បច្ចេកទេស​មាន​គ្នា 8 នាក់ រួម​នឹង​ពីរ​នាក់​ទៀត​នៅក្នុង​ផ្នែក​ច្បាប់ និង​ហិរញ្ញវត្ថុ។ តួលេខ​នេះ​តិចជាង​ឆ្ងាយ​ធៀប​នឹង​រាប់រយ​នាក់​របស់ OpenAI ឬ​រាប់ពាន់នាក់​ក្នុង​ផ្នែក AI របស់ Microsoft, Google។

    CEO David Holz

    ថ្វីបើ Midjourney មាន​ភាព​អស្ចារ្យ ប៉ុន្តែ​ឧបករណ៍​នេះ​បង្កឱ្យមាន​ភាពចម្រូងចម្រាស​ច្រើន​ដោយសារ​តែមាន​អ្នកខ្លះ​ប្រើប្រាស់​វា​ក្នុង​គោលបំណងទាញ​ប្រយោជន៍​ពី​​នយោបាយ ហើយ​វា​ក៏​ធ្លាប់​​ត្រូវ​សហគមន៍​វិចិត្រករ​ប្រតិកម្ម​នៅពេល​វា​ជួយ​ឱ្យ​ជាងគំនូរ​មួយរូប​ដណ្ដើមបាន​ពានរង្វាន់​នៅក្នុង​ពិព័រណ៍​គំនូរ​នៅ​រដ្ឋ Colorado សហរដ្ឋ​អាម៉េរិក​កាលពី​ឆ្នាំ 2022។

    រូបភាព​ «សម្ដេច​សង្ឃ Francis ពាក់​អាវធំ​ពណ៌​ស​លេង​ម៉ូដ» ក៏​ជាស្នាដៃ​របស់​បញ្ញានិម្មិត​ (AI) Midjourney

    កាលពី​ខែ​មុន AI នេះ​បាន​បង្កើត​រូបភាព​ស្ដីពី​អតីត​ប្រធានាធិបតី​អាម៉េរិក Donald Trump ត្រូវបាន​ចាប់ខ្លួន និង​សម្ដេច​សង្ឃ Francis ពាក់​អាវធំ​ពណ៌​ស​លេង​ម៉ូដ។ Washington Post បាន​ផ្សាយ​ថា មនុស្ស​ជាច្រើន​ជឿថា រូបភាព​ទាំងនេះ​គឺជា​ការពិត នៅពេល​ពួកគេ​បានឃើញ​នៅលើ​បណ្ដាញ​សង្គម៕

  • ​រថយន្ត​អគ្គិសនី​ខ្នាតតូច Seagull របស់​ BYD នឹង​មាន​តម្លៃ​ទាប​ខ្លាំង?

    ​រថយន្ត​អគ្គិសនី​ខ្នាតតូច Seagull របស់​ BYD នឹង​មាន​តម្លៃ​ទាប​ខ្លាំង?

    ក្រុមហ៊ុន​ចិន BYD កំពុង​ផ្ដោតទៅលើ​រថយន្ត​អគ្គិសនី​ខ្នាតតូច​របស់ខ្លួន ដោយ​សង្ឃឹមថានឹងអាច​​គ្រប់គ្រង​ទីផ្សាររថយន្ត​អគ្គិសនី​ខ្នាតតូច​តម្លៃ​ទាប និង​ដណ្ដើម​តំណែង​លេខ​មួយ​របស់​រថយន្ត Hongguang Mini។

    ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចិន BYD បាន​ចែករំលែក​​រូប​ភាព​ស្ដីពី​ម៉ូ​ដែល​រថយន្ត​ថ្មី​របស់ខ្លួន​ដែលមាន​ឈ្មោះថា Seagull នៅលើ​ទំព័រ​បណ្ដាញ​សង្គម Wechat ប៉ុន្តែ​មិនទាន់​បង្ហើប​ព័ត៌មាន​លំអិត បើ​ទោះ​វា​មាន​វត្តមាន​ក្នុង​បញ្ជី​ទទួលស្គាល់​រថយន្ត​នៅ​ប្រទេស​ចិន​តាំងពី​ខែមករា 2023 និង​លក្ខណៈ​បច្ចេកទេសសំខាន់ៗត្រូវបាន​គេ​ដឹងនា​ពេល​កន្លង។

    រថយន្ត​អគ្គិសនី​ខ្នាត​តូច​ BYD Seagull មាន​បណ្ដោយ 3,780 មិល្លីម៉ែត្រ, ទទឹង 1,715 មិល្លីម៉ែត្រ និង​កម្ពស់ 1,540 មិល្លីម៉ែត្រ។ បច្ចុប្បន្ន រថយន្ត​តូច​បំផុត​របស់ BYD ដែល​កំពុង​ត្រូវបាន​ដាក់លក់​ក្នុង​ទីផ្សារ​ មាន​ទំហំ 4,125 មិល្លីម៉ែត្រ x 1.770 មិល្លីម៉ែត្រ​ x 1.570 មិល្លីម៉ែត្រ។

    រថយន្ត​អគ្គិសនី BYD Seagull ត្រូវបាន​បំពាក់​ម៉ូ​ទ័​រ​អគ្គិសនី​តែមួយគត់​ដែលមាន​កម្លាំង 55 kW និង​មាន​ល្បឿន​អតិបរមា 130 គីឡូម៉ែត្រ/ម៉ោង។ រថយន្ត​នេះ​មាន​កំណែ​ថ្ម 30 kWh និង​ 38 kWh ធ្វើដំណើរ​បាន​ចម្ងាយ 305 គីឡូម៉ែត្រ និង 405 គីឡូម៉ែត្រ។

    រថយន្ត​អគ្គិសនី BYD Seagull

    ដើមខែ​នេះ បណ្ដា​រូបភាព​ដែល​ត្រូវបាន​គេ​ចែករំលែកតៗគ្នា​លើ​បណ្ដាញ​សង្គម​បង្ហាញថា BYD Seagull នឹងមាន​តម្លៃ​ចាប់ពី 9,550 ដុល្លារ​អាម៉េរិក ហើយ​ថា​នឹងត្រូវ​បង្ហាញខ្លួន​នៅ​ថ្ងៃទី 18 មេសា 2023។ ក៏ប៉ុន្តែ ក្រោយមក BYD បានចេញ​មុខ​ហៅ​ព័ត៌មាន​ខាងលើ​ថា​ជា​រឿង​មិន​ពិត និង​និយាយថា តម្លៃ​ប្រហាក់ប្រហែល​សម្រាប់ Seagull គឺ 11,600 ដល់ 14,510 ដុល្លារ​អាម៉េរិក៕

  • កំពូល​តារាចម្រៀង Taylor Swift នឹង​ក្លាយជា​មហា​សេដ្ឋិនីឆាប់ៗនេះ

    កំពូល​តារាចម្រៀង Taylor Swift នឹង​ក្លាយជា​មហា​សេដ្ឋិនីឆាប់ៗនេះ

    Taylor Swift ត្រូវបាន​គេ​ព្យាករ​ថា អាច​ក្លាយជា​មហា​សេដ្ឋិនី​បន្ទាប់ពី​ព្រឹត្តិការណ៍​ទេសចរណ៍​ចម្រៀង​ថ្មី​បំផុត​របស់​នាង​បញ្ចប់​នៅក្នុង​ខែកញ្ញា​ខាងមុខ។

    កំពូល​តារាចម្រៀង​រូបនេះ​កំពុង​សម្ដែង​ក្នុង​ព្រឹត្តិការណ៍​ខន​សឺត The Eras Tour ដែលមាន​រយៈពេល 52 ថ្ងៃ​នៅ​ជុំវិញ​ពិភពលោក។ រាត្រី​ខន​សឺត​នៅ​ទីក្រុង Glendale រដ្ឋ Arizona កាលពី​ថ្ងៃទី 17 មីនា មាន​ទស្សនិកជន​ប្រមាណ 69,000 នាក់​ចូល​មើល។ តួលេខ​នេះ​ជួយ​ឱ្យ Taylor Swift ក្លាយជា​តារាចម្រៀង​ស្រី​ដែលមាន​ទស្សនិកជន​ចូលរួម​ខន​សឺត​ថ្ងៃ​ដំបូង​ច្រើនជាងគេ​នៅ​សហរដ្ឋ​អាម៉េរិក។ Taylor Swift ច្រៀង 44 បទ​ក្នុង​រយៈពេល​បី​ម៉ោង ក្នុងនោះ មួយវគ្គៗសុទ្ធតែ​មានការ​រៀបចំ​យ៉ាង​អស្ចារ្យ។

    ទំព័រ Billboard អធិប្បាយ​ថា តម្រូវ​ការចូល​ទស្សនា​ខន​សឺត Eras Tour គឺ​ច្រើន​មិន​ធ្លាប់មាន ធ្វើឱ្យ​គេហទំព័រ​លក់​សំបុត្រ​ត្រូវ​ជួប​បញ្ហា​នៅពេល​មាន​អ្នក​ចូល​ទិញ​ច្រើនហួស។ តម្លៃ​សំបុត្រ​ទាប​បំផុត​គឺ 289 ដុល្លារ និង​ថ្លៃ​បំផុត​គឺ 485 ដុល្លារ (មិនទាន់​គិត​ពន្ធ)។

    យោងតាម Forbes សាស្ត្រាចារ្យ David Herlinhy មកពី​សាកលវិទ្យាល័យ Northeastern បាន​គណនា​ឃើញថា Taylor Swift អាច​រកប្រាក់​ចំណូល​បាន​ប្រហែល 620 លាន​ដុល្លារ​ពី​ព្រឹត្តិការណ៍​ខន​សឺត​ខាងលើ និង​ក្លាយជា​​តារាចម្រៀង​​ដែល​មាន​ទ្រព្យ​ច្រើន​ជាង​ 1,000 លាន​ដុល្លារ បន្ទាប់ពី Rihanna។ ចំណែក Billboard វិញ យល់ថា Taylor Swift នឹង​រកបាន​ប្រហែល 591 លាន​ដុល្លារ ខណៈដែល​ប្រាក់ចំណេញ​ត្រូវ​ចែករំលែក​ឱ្យ​គេហទំព័រ​លក់​សំបុត្រប្រមាណ​ 12.9 លាន​ដុល្លារ។

    បច្ចុប្បន្ន Taylor Swift មានទ្រព្យ​សុទ្ធ 570 លាន​ដុល្លារអាម៉េរក ច្រើនជាង Britney Spears (70 លាន​ដុល្លារ), Ariana Grande (240 លាន​ដុល្លារ) និង Adele (220 លាន​ដុល្លារ)។

    Taylor Swift កើត​ឆ្នាំ 1989 និង​ចាប់ផ្ដើម​ច្រៀង​ជា​អាជីព​តាំងពី​អាយុ 15 ឆ្នាំ។ នាង​ត្រូវបាន​វាយតម្លៃថា ជា​ម្នាក់​ក្នុងចំណោម​តារាចម្រៀង​ដែល​ជោគជ័យ​ជាងគេ​ក្នុង​រយៈពេល​ជាង​ដប់ឆ្នាំ​មកនេះ ដោយ​លក់​ចម្រៀង​បាន 50 លាន​អាល់​ប៊ុ​ម រួម​នឹង​ថាស​ចម្រៀង​ប្រមាណ 150 លាន​ថាស​នៅ​ទូទាំង​សកលលោក។ ក្នុង​អាជីព Taylor Swift ទទួលបាន​ពានរង្វាន់ Grammy ចំនួន​ដប់, ពាន AMA ចំនួន 29។ ឆ្នាំ 2019 AMA បានផ្ដល់​កិ​ត្តិ​យស​ជូន Taylor Swift ថា​ជា «តារាចម្រៀង​របស់​ទស​វត្សរ៍​ឆ្នាំ 2010»។ Taylor Swift ក៏​ទទួលបាន​ពានរង្វាន់ «និមិត្តរូប​សកល» នៅ Brit Award 2021 ផងដែរ៕

  • ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​នឹងមាន​គ្រូបង្វឹក​ជា​ជនជាតិ​អា​ហ្ស​ង់​ទីន នៅក្រោយ​ស៊ី​ហ្គេម​លើក​ទី 32

    ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​នឹងមាន​គ្រូបង្វឹក​ជា​ជនជាតិ​អា​ហ្ស​ង់​ទីន នៅក្រោយ​ស៊ី​ហ្គេម​លើក​ទី 32

    កាលពី​ថ្ងៃទី 02 មេសា សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) បានប្រកាស​ជា​ផ្លូវការ​នូវ​កិច្ចព្រមព្រៀង​បួន​ឆ្នាំ ចាប់ពី​ឆ្នាំ 2023 ជាមួយនឹង​គ្រូបង្វឹក​ជនជាតិ​អា​ហ្ស​ង់​ទីន លោក Felix Dalmas។

    នេះ​មិនមែនជា​លើកដំបូង​ឡើយ​ដែល​លោក Felix Dalmas ដឹកនាំ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ហើយ​គោលដៅ​លើក​នេះ​របស់លោក Felix Dalmas និង FFC គឺ​វគ្គ​ជម្រុះ FIFA World Cup 2026។

    «ខ្ញុំ​រីករាយ​ណាស់​នៅពេល​មានឱកាស​ត្រលប់មក​កម្ពុជា​ដើម្បី​ធ្វើការ ហើយ​សង្ឃឹមថា គ្រប់គ្នា​ក៏មាន​អារម្មណ៍​បែបនេះ។ យើង​នឹង​ធ្វើការ​ជាមួយគ្នា ដើម្បី​អភិវឌ្ឍ​វិស័យ​បាល់ទាត់​របស់​កម្ពុជា…។ សង្ឃឹមថា គ្រប់គ្នា​នឹង​គាំទ្រ​ដល់ U-22 កម្ពុជា​នៅ​រដូវ​ស៊ី​ហ្គេម​ខាងមុខ» លោក Felix Dalmas ថ្លែង​ដូច្នេះ​នៅក្នុង​ពិធី​ប្រកាស​របស់ FFC។

    លោក Felix Dalmas ធ្លាប់​ដឹកនាំ​ក្រុមបាល់ទាត់​កម្ពុជា​កាលពី​ឆ្នាំ 2018 ដែល​ពេលនោះ​លោក​ដឹកនាំ​ក្រុម U-23 កម្ពុជា ទៅ​ចូលរួម​ស៊ី​ហ្គេម ក្រោម​ការប្រឹក្សា​យោបល់​ពី​ចម្ងាយ​របស់​ប្រធាន​បច្ចេកទេស​ដែល​កាលណោះ​គឺ​អតីត​កីឡាករ​ជម្រើសជាតិ​ជប៉ុន Keisuke Honda។

    លោក Felix Dalmas

    លោក Felix Dalmas ដែលជា​អតីត​ខ្សែប្រយុទ្ធ​កើត​ឆ្នាំ 1988 មកពី​អា​ហ្ស​ង់​ទីន បានធ្វើការ​ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​រហូត​ដល់​ខែមីនា 2021។ លោក​ធ្លាប់​ដឹកនាំ​ក្រុម​កម្ពុជា​ឡើងដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​ស៊ី​ហ្គេម​លើក​ទី 30 នៅ​ហ្វ៊ី​លី​ពី​ន។ ក្រោយមក លោក Felix Dalmas ក៏​មិនបាន​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ណា​ទាំងអស់​រហូតដល់​មាន​កិច្ចព្រមព្រៀង​ថ្មី​នេះ។

    លោក Felix Dalmas (ស្ដាំ) និង​លោក Keisuke Honda កាល​ពី​ឆ្នាំ 2019

    ក្នុងពេល​ដ៏​ខ្លី​ខាងមុខ គ្រូបង្វឹក Keisuke Honda នឹង​ដឹកនាំ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ចូល​ប្រកួត​នៅ​ស៊ី​ហ្គេម​លើក​ទី 32 ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ។ នេះ​គឺជា​ឱកាសល្អ​បំផុត​ដើម្បីឱ្យ​អ្នក​យុទ្ធសាស្ត្រ​ជនជាតិ​ជប៉ុន​រូបនេះ និយាយ​ពាក្យ​ថា «លា» ក្នុង​ក្ដី​រីករាយ​ជាមួយ​អ្នកគាំទ្រ​នៅ​កម្ពុជា៕

  • ក្រុម​បាល់ទះ​បុរស​កម្ពុជា «ខូចចិត្ត» មុន​ស៊ី​ហ្គេម​​ តែ​​ដាក់​គោល​ដៅ​យក​មេដាយ​មាស​ទី​ពីរ​រាប់ពី​ឆ្នាំ 1965

    ក្រុម​បាល់ទះ​បុរស​កម្ពុជា «ខូចចិត្ត» មុន​ស៊ី​ហ្គេម​​ តែ​​ដាក់​គោល​ដៅ​យក​មេដាយ​មាស​ទី​ពីរ​រាប់ពី​ឆ្នាំ 1965

    បរាជ័យ​នៅ​ចំពោះមុខ​ក្រុម​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី​ក្នុងការ​ប្រកួត​ដំបូង​នៅ​ពានរង្វាន់​បាល់ទះ Tri Nation Cup 2023 គឺជា​រឿង​ដ៏​គួរឱ្យ​សោកស្ដាយ​សម្រាប់​ក្រុម​ជម្រើសជាតិ​កម្ពុជា ប៉ុន្តែ​ការសោកស្ដាយ​ជាង​នេះ​គឺ​ការ​ចាញ់​នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ។

    ដើម្បី​ត្រៀមខ្លួន​ឱ្យ​បានល្អ​សម្រាប់​ចូលរួម​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី 32 (ស៊ី​ហ្គេម 32 ឬ 32nd SEA Games ឬ 32nd Southeast Asian Games) ដែល​នឹង​ធ្វើឡើង​ក្នុង​ខែឧសភា 2023 នៅ​កម្ពុជា ភាគី​ខាង​ម៉ាឡេស៊ី​បាន​ប្រារព្ធ​ព្រឹត្តិការណ៍​ប្រកួត​បាត់​ទះ​មិត្តភាព​អន្តរជាតិ​ដែលមាន​ឈ្មោះថា Malaysia Tri Nation Invitational Friendly 2023។

    ក្រោយ​ការប្រកួត​បាន​បួន​ថ្ងៃ ក្រុម​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី​ក្រុម A បាន​លើក​ពាន​ជើងឯក ខណៈ​ក្រុម​កម្ពុជា​ជាប់​លេខ​ពីរ បន្ទាប់មក​គឺ​ក្រុម​សិង្ហ​បុរី និង​ម៉ាឡេស៊ី​ក្រុម B។

    ក្រុម​បាល់ទះ​កម្ពុជា​ចាញ់​ក្រុម​ម៉ាឡេស៊ី​ (ដែលជា​ក្រុម​ឈរ​បាត​តារាង​ចំណាត់ថ្នាក់​នៅ​ស៊ី​ហ្គេម 31) នៅ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ និង​វគ្គ​ផ្ដាច់ព្រ័ត្រ។

    ក៏ប៉ុន្តែ ក្រុម​កម្ពុជា​ខាងលើ​គ្រាន់តែ​ជា​ក្រុម​ដែល​គ្រូបង្វឹកជនជាតិ​ចិន Jun Li និង​ជំនួយការ​របស់លោក​ម​ក​ពី​គុយបា យកមក​ធ្វើការ​សាកល្បង​​កម្លាំង​ប៉ុណ្ណោះ។ ចំណែក​សមាសភាព​រប​ស់​ក្រុម​ផ្លូវការ​នៅតែ​ត្រូវបាន​រក្សា​ការណ៍​សម្ងាត់​​​ដើម្បី​ត្រៀម​សម្រាប់​ស៊ី​ហ្គេម 32។

    នៅ​ស៊ី​ហ្គេម​​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះនេះ កម្ពុជា​ដាក់​គោលដៅ​ខ្ពស់បំផុត​គឺ​មេដាយមាស​ប្រវត្តិសាស្ត្រ។ កម្ពុជា​ធ្លាប់​ដណ្ដើមបាន​មេដាយមាស​កាលពី​ឆ្នាំ 1965 មុនពេល​ឈ្មោះ​ស៊ី​ហ្គេម​បង្ហាញ​វត្តមាន​ចាប់ពី​ឆ្នាំ 1977។ ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​នៅ​អាស៊ីអាគ្នេយ៍​កាលណោះដែល​ត្រូវបាន​ហៅថា ព្រឹត្តិការណ៍​កីឡា​ឧបទ្វីប​អាស៊ីអាគ្នេយ៍ (Southeast Asian Peninsular – SEAP Games) ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា បានឈ្នះ​ក្រុម​ថៃ 3-0 នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​៕