Category: សង្គម និងសេដ្ឋកិច្ច

  • ល្អាងស្អាតបំផុតលើពិភពលោក 9កន្លែង ត្រូវតែទៅឱ្យបានម្ដង!

    ល្អាងស្អាតបំផុតលើពិភពលោក 9កន្លែង ត្រូវតែទៅឱ្យបានម្ដង!

    សម្រាប់អ្នកទេសចរវិញ មិនថាតែឡើងភ្នំ ឬចុះទឹកនោះទេ ពួកគេអាចទៅបានគ្រប់ទីកន្លែងមិនខ្លាចញញើតអ្វីទាំងអស់រឹតតែជាអ្នកដែលស្រឡាញ់ចូលចិត្តធម្មជាតិដែលស្រស់ស្អាត និងចម្លែកភ្នែកផងនោះ ឡារ៉ែន សូមទាយថា 9ល្អាងធម្មជាតិដែលយើងនឹងនាំយកមកជូនទស្សនានៅពេលនេះ ច្បាស់ជាធ្វើឱ្យបេះដូងរបស់ពួកគេញ័ររញ្ជួយយ៉ាងពិតប្រាកដ។

    1. ល្អាងទឹកកក (Ice Cave) ប្រទេស Iceland


    ឬឈ្មោះមួយទៀតហៅថា ល្អាងគ្រីស្តាល់ជាល្អាងដែលកើតឡើងនៅក្នុងបឹងទឹកកកទឹកសាប ដែលស្ថិតនៅក្នុងតំបន់ ស្កាហ្វតាហ្វេល (Skaftafell) ជាល្អាងមួយក្នុងចំណោមល្អាងទឹកកក ដែលស្អាតបំផុតក្នុងពិភពលោក និងល្បីឈ្មោះបំផុត។

    2. ល្អាង បាទូ (Batu Caves) ប្រទេសម៉ាឡេស៊ី


    ល្អាងថ្មកំបោរ បាទូ ស្ថិតនៅប៉ែកខាងជើងនៃទីក្រុងកួឡាឡាំពួ ដែលក្រៅពីជានិមិត្តសញ្ញារបស់រដ្ឋ សាឡាំងង៉រ ហើយនោះ ទីកន្លែងមួយនេះថែមទាំងជាវត្តអារាម និងជាកន្លែងប្រតិបត្តិពិធីខាងសាសនាហ៊ីនឌូ ហើយថែមទាំងបានទទួលការពេញនិយមពីបណ្ដាអ្នកទេសចរទូទាំងពិភពលោកទៀតផង។

    3. ល្អាងគ្រីស្តាល់ (Cave of the Crystals) ប្រទេសម៉ិកស៊ិក


    ស្ថិតនៅក្នុងខេត្ត ណៃកា ភាគខាងជើងនៃប្រទេសម៉ិកស៊ិក។ នៅខាងក្នុងល្អាង ត្រូវបានគេរកឃើញកំណករ៉ែ យីបសាំ ដ៏ធំអស្ចារ្យ ដែលកើតឡើងពីសារធាតុរ៉ែ ដែលរលាយដោយសារទឹកក្ដៅដែលមកពីបណ្ដុំថ្មស្អិត ម៉ែកម៉ា ដែលនៅខាងក្រោម ជ្រៅទៅក្រោមដីជម្រៅជាង300ម៉ែត្រ។

    4. ល្អាងទឹកកក ក្បែរភ្នំភ្លើង (The Mutnovsky) ប្រទេសរុស្ស៊ី


    ដោយសារតែល្អាងទឹកកកនេះស្ថិតនៅក្បែរភ្នំភ្លើង Mutnovsky ទើបធ្វើឱ្យកើតមានការផ្ដុំគ្នារបស់ទឹកកកកើតចេញជាក្បូរក្បាច់ និងធ្វើឱ្យទីកន្លែងនេះក្លាយជាល្អាងទឹកកកដែលមើលទៅស្អាតប្លែកភ្នែកបំផុត។

    5. ល្អាង Blue Cave ប្រទេស Croatia


    ឬមានឈ្មោះមួយទៀតថា Modra Spilja ស្ថិតនៅក្នុងឈូងសមុទ្រ Balun របស់កោះ Bisevo។ ភាពពិសេសរបស់ល្អាងមួយនេះ គឺ បាតុភូតឆ្លុះពន្លឺពណ៌ផ្ទៃមេឃខៀវដែលកើតឡើងក្នុងចន្លោះម៉ោង 11.00 – 12.00 ដោយសារតែពន្លឺព្រះអាទិត្យដែលចាំងចូលមកតាមចន្លោះថ្មកំបោរមករហូតកើតចេញជាពន្លឺពណ៌ផ្ទៃមេឃខៀវឡើងហ្នឹងឯង។

    6. ល្អាង សុន ទុង (Son Doong) ល្អាងដែលធំបំផុតក្នុងពិភពលោក


    ប្រទេសវៀតណាមស្ថិតនៅក្នុងតំបន់ឧទ្យានជាតិ ហ្វុងយ៉ា-គែបាង ស្រុក បូចាក់ ខេត្ត កួងប៊ីន (Quang Binh) គេល្បីថា ជាល្អាងដែលមានភាពលំបាកបំផុត ព្រោះអ្នកទេសចរដែលទៅទីនោះត្រូវតែចេះស៊ូទ្រាំ អត់ធន់ និងមានភាពក្លាហានហ៊ានប្រថុយប្រថានខ្លាំងទើបអាចចូលទៅទស្សនាបាន។

    7. ល្អាង ហ្វ៊ីងហ្កាលស៍ (Fingals Cave)


    ប្រទេសស្កត់លែនដ៍ជាល្អាងដែលស្ថិតនៅក្នុងសមុទ្រ លើកោះស្តាហ្វហ្វា ខាងក្រៅឆ្នេរទិសខាងលិចរបស់ប្រទេស ស្កុតលែនដ៍។ កោះនេះមានឈ្មោះល្បីល្បាញរឿងកំណប់បុរាណ ក្នុងល្អាងមានថ្ម បៈសូលរូបរាងបួនជ្រុង មានប្រវែងខាងក្នុង 70ម៉ែត្រ និងផ្នែកខាងមុខល្អាងមានកម្ពស់ស្មើអគារ 6ជាន់ឯណោះ។

    8. ល្អាងថ្លើមថ្ម (Cavernas De Marmol)


    ប្រទេសឈីលីជាល្អាងដែលកើតឡើងពីចរន្តទឹកហូរដែលច្រោះដាច់រយៈពេលរាប់លានឆ្នាំ រហូតដល់ភ្នំថ្លើមថ្មកើតចេញជាគ្រោងល្អាងថ្លើមថ្មដ៏សែនស្រស់ស្អាតនេះឡើង។ ល្អាងនេះស្ថិតនៅក្នុងតំបន់បឹងទឹកសាប ការេរ៉ា នៅខាងក្នុងល្អាងនោះពេញទៅដោយទឹកថ្លាឈ្វេងស្អាតបរិសុទ្ធ ចាំងឆ្លុះពន្លឺពីផ្ទៃមេឃប៉ះនឹងផ្ទៃទឹករបស់បឹងទឹកសាបដ៏ធំបំផុតលំដាប់លេខពីររបស់ទ្វីបអាមេរិកខាងត្បូង។

    9. ល្អាង ផូស្តូតណា (Postojna Cave)


    ប្រទេសស្លូវេនៀ (Slovenia)​ ស្ថិតនៅក្នុងតំបន់ទីប្រជុំជន ផូស្តូតណា ជាល្អាងដែលស្អាតបំផុតក្នុងទ្វីបអឺរ៉ុប មានអាយុចំណាស់ជាង2លានឆ្នាំ និងបើកឱ្យភ្ញៀវទេសចរចូលទស្សនាតាំងពីឆ្នាំ1884 មកម្លេ៉ះ។ នៅខាងក្នុងល្អាងមានទាំងថ្មដុះឡើង និងថ្មដុះធ្លាក់សំយ៉ុង ខ្សែទឹកហូរ អាងទំនប់ទឹក ហើយថែមទាំងមាន ត្រីមនុស្ស (Human Fish) ឬ Olm វត្ថុមានជីវិតខ្នាតតូច មានសម្បុរស្បែកស្រដៀងមនុស្ស តែដងខ្លួនវែងស្រដៀងសត្វពស់ មានដៃ និងជើង ត្រូវបានរកឃើញលើកដំបូងនៅឆ្នាំ​1768៕

  • បច្ចេកវិទ្យា 5G របស់ Huawei និង ZTE ត្រូវរដ្ឋាភិបាលអូស្ត្រាលីហាមឃាត់

    បច្ចេកវិទ្យា 5G របស់ Huawei និង ZTE ត្រូវរដ្ឋាភិបាលអូស្ត្រាលីហាមឃាត់

    យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នាថ្មីៗនេះបានឱ្យដឹងថា រដ្ឋាភិបាល​អូស្ត្រាលី​បានហាមឃាត់​ក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់កំពូលរបស់ចិន Huawei ​ក្នុងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអីុនធើណិត 5G នៅក្នុងប្រទេសរបស់ខ្លួន ដោយសារតែរដ្ឋាភិបាល​មានក្ដីព្រួយបារម្ភ​ទៅលើ​សន្ដិសុខជាតិ។

    Huawei ជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយដែលបានវាយលុកទៅលើទីផ្សារបច្ចេកវិទ្យា Wirelessនៅលើពិភពលោកអស់រយៈពេលជាច្រើនឆ្នាំ ជា-ពិសេសគឺនៅលើទឹកដី​នៃ​ប្រទេស​អូស្ត្រាលី គឺមានរយៈពេល 15ឆ្នាំមកហើយ ប៉ុន្តែនៅពេលនេះបែរជាត្រូវបានរដ្ឋាភិបាលអូស្ត្រាលីហាមឃាត់ទៅវិញ​ ដែលបណ្ដាលឱ្យ Huawei ត្រូវជួបនឹងវិបត្តិមួយ​ដ៏ធ្ងន់ធ្ងរ។

    ជាមួយគ្នានោះផងដែរ សារព័ត៌មាន Reuters ក៏បានបញ្ជាក់បន្ថែមទៀតថា ក្រុមហ៊ុន ZTE ក៏​ត្រូវ​រដ្ឋាភិបាល​អូស្រ្តាលី​ព្រួយ​បារម្ភ​ពី​ផ្នែក​សន្តិសុខ​ជាតិ​ដូច​គ្នា។

    បន្ទាប់ពីមានសេចក្ដីប្រកាសហាមឃាត់ការដាក់ដំណើរការប្រព័ន្ធអីុនធើណិត 5G នៅក្នុងប្រទេសអូស្ត្រាលី ក្រុមហ៊ុន Huawei បានចេញសារខកចិត្តមួយនៅលើ​បណ្ដាញសង្គម Twitter ដោយបានបញ្ជាក់ថា៖ “វាគឺជា​ការ​ខក​ចិត្ត​ដ៏​ធំ​បំផុត​មួយ​សម្រាប់​អតិថិជន​របស់​យើង​ (អ្នកប្រើប្រាស់ Huawei នៅក្នុងប្រទេសអូស្ត្រាលី)”។ ស្របពេលដែល 5G ជា​ប្រព័ន្ធ​អីុនធើណិត​ចល័ត​ជំនាន់​ថ្មី និងចុងក្រោយ ដែលអាច​ផ្តល់​ល្បឿន Download និង Upload ​កាន់​តែអស្ចារ្យ និង​ប្រសើរ​ជាង​មុន។

    គួរបញ្ជាក់ផងដែរថា ប្រទេស​ជា​ច្រើន​នៅក្នុង​សកលលោក​ កំពុង​ត្រៀមខ្លួន​ដាក់​ដំណើរការ​ 5G​ នៅមុន​ឆ្នាំ2020 ខណៈដែល Huawei ក្រុមហ៊ុនផលិតបានត្រៀមខ្លួន​រួច​ជាស្រេច​ក្នុងការផ្ដល់សេវាកម្មនេះ ជាពិសេសគឺនៅពេលនេះ Huawei គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់ទី2 នៅលើពិភពលោកបន្ទាប់ពី Samsung៕

  • ឧទ្យានស្មៅធម្មជាតិដ៏ស្រស់បំព្រង ដែលគូស្នេហ៍មិនគួររំលង !!!

    ឧទ្យានស្មៅធម្មជាតិដ៏ស្រស់បំព្រង ដែលគូស្នេហ៍មិនគួររំលង !!!

    “Pink Muhly‪ Grass” គឺជាសួនផ្កាស្មៅដែលមានចំរុះព័ណ៌លាយលំគ្នា ដែលសម្បូរច្រើនជាងគេគឺព័ណ៌ផ្កាឈូកតែម្ដង។ សួនស្មៅមួយនេះកំពុងបង្អួតខ្លួនទៅកាន់ពិភពលោកបានឃើញ ហើយទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើននាក់ឱ្យមកធ្វើដំណើរកម្សាន្ដនៅក្នុងប្រទេសកូរ៉េ នាខែ ធ្នូខាងមុខនេះ។ នៅអំឡុងរដូវស្លឹកឈើជ្រុះ សម្រស់របស់ស្មៅព័ណ៌ផ្កាឈូកកាន់តែស្រស់ស្អាតទ្វេរដង ខណៈដែលត្រូវខ្យល់បកបោក ហាក់បីដូចជាទឹករលកសមុទ្រព័ណ៌ផ្កាឈូកដូច្នឹងដែរ។សម្រាប់អ្នកនិយមថតរូបរូបស៊ែលហ្វី ថតរូប pre-wedding គឺពិតជាទីតាំងដែលមិនធ្វើឱ្យលោកអ្នកខកបំណងឡើយ។ បើទោះបីជាដំណើរកម្សាន្តជាលក្ខណៈគូស្នេហ៍ ក្រុមគ្រួសារ ឬឯកជនភាព ក៏សួនផ្កាស្មៅ “Pink Muhly‪ Grass” រីករាយស្វាមគមន៍លោកអ្នកគ្រប់ពេលវេលា។‬‬

    ទីក្រុង Gyeongju គឺជាចំនុចមួយដ៏ពេញនិយមបំផុតទាំងជនជាតិកូរ៉េ និងភ្ញៀវទេសចរណ៍អន្ដរជាតិ បាននាំគ្នាទៅទស្សនាសួនផ្កាស្មៅ Pink Muhly ដែលមានព័ណ៌ផ្កាឈូកខ្ចីស្រស់ត្រកាលដ៏រករកបាននៅក្នុងពិភពលោកយើងនេះ។ នៅទីនោះក៏មានទីលានសម្រាប់មើលផ្ការះព្រោងព្រាតនាពេលរាត្រីផងដែរ ដែលគេឱ្យឈ្មោះថា Cheomseongdae Observatory ហើយព្រមទាំងមានឧទ្យានជាតិ Tumuli Park ដែលធានាឱ្យភ្ញៀវទេសចរណ៍ទាំងអស់មិនចង់ចាកចេញពីទីរមណីយដ្ឋានដ៏ស្រស់សោភានេះឡើយ។ គួរបញ្ជាក់ថា នេះគឺជាទីតាំងមួយដែលបានសាងក្ដីសុបិនដល់មនុស្សជាច្រើន បានសម្រេចក្ដីប៉ងប្រាថ្នាទៀតផងដែរ។

    ចំពោះការធ្វើដំណើរ លោកអ្នកអាចធ្វើដំណើរតាមរយៈរថភ្លើងចេញពីទីក្រុង សេអូល ឬធ្វើដំណើរតាមរថភ្លើងរហ័ស KTX ទៅចុះនៅចំណតទីក្រុងក្បែរនោះ ដូចជា ប៊ូសាន ថេនចន អាន់ឃុង រួចបន្ដដំណើរមកទីក្រុង ក្យងជូ នេះតែម្ដង។ ចំពោះតម្លៃសំបុត្រគឺមិនថ្លៃប៉ុន្មាននេះទេ។

    មិនតែប៉ុណ្ណោះទេ រមណីយដ្ឋានផ្កាស្មៅព័ណ៌ផ្កាឈូកនេះ ក៏មាននៅក្នុងតំបន់កោះដេជូផងដែរ គឺ Daejeo Ecological Park ដែលមានទឹកសមុទ្រ Nakdong ដែលជាទឹកសមុទ្រដ៏វែងជាងគេនៅទីក្រុង ប៊ូសាន និងវែងជាងគេនៅប្រទេសកូរ៉េខាងត្ពូងផងដែរ។ ផ្កាស្មៅនៅក្នុងតំបន់នេះ មានស្រស់ស្អាតខ្លាំងជាងគេនៅក្នុងអំឡុងខែ មេសា ព្រោះថា នៅក្នុងខែនោះគឺស្មៅចេញផ្កា ចេញព័ណ៌បានអាយុកាលវែងបំផុត។ ការធ្វើដំណើរមកកាន់តំបន់នេះ គឺមានភាពងាយស្រួលបំផុត ដោយគ្រាន់តែលោកអ្នកចាកចេញពីស្ថាននីយ៍រថភ្លើង Gangseo-gu Office តាមរយៈផ្លូវខ្សែលេខ1 បន្ទាប់មកបត់តាមបណ្ដាលផ្លូវខាងឆ្វេងដៃ នោះនឹងមកដល់ទីឋានដ៏មនោរម្យមួយនេះហើយ ថែមទាំងតម្លៃសំបុត្រឥតគិតថ្លៃ។

    មួយទីតាំងទៀតគឺស្ថិតនៅលើកោះជេជូ ដែលមានដុះនៅក្បែររោងអាហារ Kitchen Oz ក្បែរនឹងឆ្នេរសមុទ្រ Hyeopjae Beach ។ បើលោកអ្នកមិនទាន់បានមើលរូបភាពទេនោះ សាកស្រម៉ៃលមើលថា ស្រស់ស្អាតកម្រិតណា មានទាំងផ្កាស្មៅព័ណ៌ផ្កាឈូក និងទឹកសមុទ្រព័ណ៌ខៀខ្ចីទៀតនោះ។ ដូចដែលបានដឹងហើយថា កោះជេជូ គឺជាកោះស្រស់ស្អាតដាច់នៅក្នុងប្រទេសកូរ៉េ លោកអ្នកគ្រាន់តែហោះហើរពីទីក្រុង សេអ៊ូល ដោយត្រង់គោលដៅមក គឺនឹងចុះសំចតនៅព្រលានយន្ដហោះកោះជេជូតែម្ដង។

    មួយកន្លែងចុងក្រោយនេះ ក៏កាន់តែពិសេសថែមទៀតហើយ គឺសូនកម្សាន្ដ Yangju Nari Park។ ទីនេះខុសប្លែកពីទីពោលខាងលើបន្ដិចត្រង់ថា ផ្កាស្មៅមានព័ណ៌ផ្កាឈូកចាស់ ដោយសារតែសណ្ឋានដី។ ព្រោះសួនផ្កាស្មៅដទៃៗ មានព័ណ៌រាងខ្ចីជាងប្ដិច ហើយមានដើមស្មៅវែងៗ។ ក៏ប៉ុន្ដែអ្វីដែលពិសេសចាងនេះទៅទៀតនោះ គឺ នៅក្នុងសួនកម្សាន្ដ Yangju Nari Park មានបណ្ដុំសត្វមេអំបៅរស់នៅច្រើន ដែលទីតាំងផ្សេងៗមិនមាននោះឡើយ។ អ្នកអាចថតរូបលេងនៅតាមតំបន់សួនកម្សាន្ដតូចៗបន្ថែមទៀតដូចជា Globe Amaranth , Kochia និង Whirling Butterflies ជាដើម។ សម្រាប់ការធ្វើដមណើរ គឺលោកអ្នកត្រូវធ្វើដំណើរតាមរថភ្លើងក្រោមដីខ្សែទី 1 ចេញពីស្ថានីយ៍ Seoul station តម្រង់មកស្ថានីយ៍ Yangju បន្ទាប់មកត្រូវចេញដំណើរបន្ដនៅច្រកទី2 នៃចំណតរថភ្លើងដែលមានដាក់ស្លាកបង្ហាញថា ដំណើរទៅកាន់ Haedong Maeul ៕

  • លោកអ៊ិន សុភិន អំពាវនាវឱ្យសិល្បៈករទាំងអស់ដោះ​ស្រាយ​ជម្លោះ​តាម​ប្រព័ន្ធ​ច្បាប់ និង​​​​បញ្ឈប់​ហែក​ហួរ​គ្នា​តាម​បណ្ដាញ​សង្គម!

    លោកអ៊ិន សុភិន អំពាវនាវឱ្យសិល្បៈករទាំងអស់ដោះ​ស្រាយ​ជម្លោះ​តាម​ប្រព័ន្ធ​ច្បាប់ និង​​​​បញ្ឈប់​ហែក​ហួរ​គ្នា​តាម​បណ្ដាញ​សង្គម!

    ជាមួយនឹងការទទួលស្គាល់ជុំវិញបញ្ហាយឺតយ៉ាវលុយកាក់ជាមួយតារាសម្ដែង លោកអ៊ិន សុភិន ដែលទទួលព្យុះភ្លៀងក្នុងនាមជាម្ចាស់ផលិតកម្មមហាហង្ស និងជាអនុប្រធានសមាគមភាពយន្តកម្ពុជា បានក៏បានចេញមុខអំពាវនាវឱ្យតារាសិល្បៈគិតគូឡើងវិញ ជុំវិញជម្លោះរឿងរ៉ាវដែលបានកើតឡើង ដោយលោកបញ្ជាក់ថានោះជាទង្វើសម្លាប់ទំនុកចិត្ត និងតម្លៃសិល្បៈរបស់ខ្លួនដែលគួរឱ្យតែផ្លាស់ប្ដូរផងដែរ។ លោកទទូចឱ្យតារាដែលជាមនុស្សមហាជនប្រើច្បាប់ដោះស្រាយគ្នា និងយកតុមូលធ្វើជាប្រធានបទ ដើម្បីកុំឱ្យមហាជនច្រើនឡើងៗ មាក់ងាយអ្នកសិល្បៈ និងធ្វើឱ្យប៉ះពាល់ដល់តម្លៃភាពយន្តដែលស្ថិតក្នុងការធ្លាក់ចុះនាពេលចុងក្រោយ។

    លោកបានថ្លែងនៅលើហ្វេសប៊ុកជាសាធារណៈថា «នៅប្រទេសកម្ពុជាយើងមានច្បាប់ត្រឹមត្រូវដូចប្រទេសដទៃដែរ ហើយក្នុងការធ្វើអ្វីមួយពាក់ពន្ធ័នឹងពាណិជ្ជកម្មតែងតែមានកុងត្រា ឬកិច្ចសន្យាច្បាស់លាស់ជាមួយគ្នា។ ប្រសិនបើភាគីណាមួយរំលោភលើកិច្ចសន្យា ភាគីដែលត្រូវគេរំលោភលើសេចក្ដីទុកចិត្តអាចរកច្បាប់ឱ្យជួយការពារបាន។ តែពេលនេះក្នុងសង្គមសិល្បៈមានតែរឿង Post (បង្ហោះ)ហែកហួរគ្នាតាម Facebook ដោយមិនយកតាមកិច្ចសន្យាធ្វើឱ្យមហាជនមានការរិះគន់ មកលើវិសយ័សិល្បៈយ៉ាងខ្លាំង នឹងនាំឱ្យបាត់បង់ការគាំទ្រថែមទៀត។ ក្នុងនាមខ្ញុំជាអនុប្រធានសមាគមភាពយន្តកម្ពុជា សូមសំណូមពរមេត្តាដោះស្រាយជំលោះគ្នាដោយសន្តិវិធី និងដោយតាមប្រពន្ធ័ច្បាប់ទើបល្អ ដើម្បីកុំឱ្យមិនប៉ះពាល់ដល់មុខមាត់ស្ថាបនសិល្បៈ។ សូមកុំចង់ចាញ់ឈ្នះគ្នាក្រៅច្បាប់អី ករណីក្រុមហ៊ុនមហាហង្សរបស់ខ្ញុំដូចគ្នា បើរំលោភលើកិច្ចសន្យាសូមមេត្តារត់ទៅរកច្បាប់ចុះ បើក្រុមហ៊ុនធ្វើខុសខ្ញុំនឹងប្រឈមមុខច្បាប់ជាធរមាន សូមអរគុណដោយក្ដីគោរពរាប់អានដ៏ខ្ពង់ខ្ពស់ពីខ្ញុំបាទ»។

    លោកអះអាងថា តារាសម្ដែងច្រើនណាស់មិនមែនត្រឹមតែលោកហង្ស សម្បើមស័ក្ដនោះទេ ដែលខាងផលិតកម្មរបស់លោកឈានដល់ការប្ដឹងផ្ដល់ដល់មេធាវី ដើម្បីឱ្យតារាទាំងនោះផ្ដល់ពេលវេលាមកសម្ដែងឱ្យចប់សាច់រឿង បន្ទាប់ពីតារាទាំងនោះក្រឡុកពេលវេលាផលិតករ ហើយធ្វើឱ្យការផលិតប្រឈមនឹងបញ្ហាផលិតភាពយន្តមិនទាន់សម្រាប់រោងកុន និងសម្រាប់ដាក់លើទូរទស្សន៍ តែលោកមិនដែលបើកបង្ហាញឯកសារបណ្ដឹងនោះមុនពេលមានការវាយប្រហារពីសំណាក់លោក ហង្ស សម្បើមស័ក្ដ នោះទេ ដោយសារតែលោកយល់ថាជម្លោះតារាៗ ក៏ដូចជាផលិតករបើបែកទៅក្រៅ នឹងមានអ្នកមើលងាយតារាខ្មែរខ្លាំងឡើង។ លោកថានៅពេលតារាសិល្បៈសំបូរជម្លោះកើតឡើង អ្នកគាំទ្រមួយចំនួននឹងមានគំនិតស្អប់ដល់ស្នាដៃសិល្បៈរបស់ជាតិឯង ជាពិសេសគឺស្អប់ដល់ភាពយន្តខ្លួនឯងតែម្ដង ព្រោះតែមិនចង់គាំទ្រតារាខ្មែរ និងស្នាដៃខ្លួនឯង ទាំងនោះហើយដែលលោកយល់ថាជាការប៉ះពាល់ ហើយបើភាពយន្តខ្មែរកាន់តែបាត់ទំនុកចិត្ត ផលិតករសម្រេចចិត្តបិទទ្វារព្រោះតែរឿងឈឺក្បាលនឹងតួសម្ដែងផង គឺតារាសម្ដែងនោះទេ ដែលមានបញ្ហា។ លោកនិយាយថាអ្វីៗសុទ្ធតែមានកុងត្រា ចុះហេតុអ្វីតារាដែលមានបញ្ហាចាំបាច់បង្ហោះ ចាំបាច់បង្កជម្លោះ មិនយកច្បាប់មកប្រើ? ជាមួយគ្នានោះ លោកក៏បានបង្ហើបថា ហេតុផលដែលផលិតកម្មរបស់លោកយឺតយ៉ាវលុយតួ មិនមែនជាកំហុសរបស់ខ្លួននោះទេ ប៉ុន្តែបណ្ដាលមកពីមហាហង្សផលិតក្នុងមួយឆ្នាំៗច្រើនរឿង ហើយបណ្ដាទូរទស្សន៍មួយចំនួនក៏យឺតយ៉ាវលុយកាក់យូរៗដូចគ្នាប៉ុណ្ណោះ។ យ៉ាងណាមិញ លោកថាខ្លួនពិបាកលុយជាមួយក្រុមការងារ និងតួសម្ដែង តែសម្រាប់បុគ្គលណាដែលក្រឡុកម៉ោងពេល និងបង្កការលំបាកប៉ុណ្ណោះ។

    មិនខុសគ្នាដែរ គេឃើញបណ្ដាផលិតករ និងតារារៀមច្បងកាន់តែបានទទូចអោយតារាសិល្បៈ ជាពិសេសគឺតារាជំនាន់ក្រោយ ចេះលើកបញ្ហាយកមកដាក់តុមូល ដោយកុំអាងអីចុះផ្សាយ ឬបង្ហោះហែកហួរ ដែលករណីទាំងនោះសុទ្ធតែធ្វើអោយវិស័យភាពយន្តខ្មែរ និងវិស័យសិល្បៈបាត់បង់ទំនុកចិត្ត ដែលទង្វើបែបនេះ មិនមែនស្លាប់តែក្រុមផលិតករដែលតារាៗបញ្ចេញសាច់ដុំដាក់តែម្នាក់ទេ ប៉ុន្តែគឺជាការជះឥទ្ធិពលកាន់តែខ្លាំងធ្វើឱ្យមហាជនលែងចង់គាំទ្រសិល្បៈរបស់ខ្លួន ហើយអ្នកដួលសន្លប់មុនគេ គឺវិស័យភាពយន្ត ដែលខ្សោយការគាំទ្រច្រើនទៅៗនាពេលនេះ៕

     

  • កូនខ្មែរជំនាន់ក្រោយ ស្ទើរតែមិនស្គាល់ « ល្ខោនអាប៉េ » ព្រោះល្បីថាជិតរលត់ហើយ !

    កូនខ្មែរជំនាន់ក្រោយ ស្ទើរតែមិនស្គាល់ « ល្ខោនអាប៉េ » ព្រោះល្បីថាជិតរលត់ហើយ !

    មាន​មនុស្ស​តិច​ណាស់​ដែល​ស្គាល់​ល្ខោនអាប៉េ ព្រោះ​ទម្រង់​សិល្បៈ​បុរាណ​មួយ​ប្រភេទ​នេះ ស្ទើរ​បាត់បង់​ទៅ​ហើយ ពោល​គឺ​នៅ​ត្រឹម​សល់​តែ​ឈ្មោះ​ប៉ុណ្ណោះ​។ សិល្បករ​បុរាណ​ខ្លះ ចាត់ទុកថា ល្ខោនអាប៉េ គឺជា​សែស្រឡាយ​នៃ​ល្ខោន​យី​កេ ដែល​ឈុត​ឆាក​សម្ដែង​ស្ដែង​នូវ​ភាព​ក្រ​មិច​ប្រមើមរបស់​តួអង្គ ឬ​យើង​អាច​ហៅថា តួ​ត្លុក​។ មកដល់​ពេល​ប​ច្ចុច​ប្បន្ន​នេះ​ក្ដី ក៏​គេ​ពុំ​សូវ​ឃើញ​មាន​ការសម្ដែង​ទម្រង់​សិល្បៈ​មួយ​ប្រភេទ​នេះដែរ​។

    បើតាមប្រភពអត្ថបទដកស្រង់​ពី​សៀវភៅ​ទស្សនីយភាព​ខ្មែរ បានឱ្យដឹងថា ​អា​ប៉េ​គឺជា​ឈ្មោះ​ល្ខោន​ច្រៀង​រាំ​បែប​បុរាណ​មួយ​នៅ​ប្រទេស​កម្ពុជា ប៉ុន្តែ​រហូត​មក​ដល់​សព្វថ្ងៃនេះ សិល្បៈ​ប្រភេទ​នេះ​ស្ទើរ​សល់​តែ​ឈ្មោះ​ប៉ុណ្ណោះ ព្រោះ​អាក់ខាន​លែង​បាន​សម្តែង​តាំងពី​យូរយារ​ណាស់​មកហើយ​ផង និង​ម្យ៉ាងទៀត​កាល​ពី​ទម្រង់​សិល្បៈ​នេះ​នៅ​មាន​សកម្មភាព​សម្តែង​នៅឡើយ​នោះ ក៏​មិនសូវ​បាន​សម្តែង​ច្រើន​ប៉ុន្មាន​ផង​… គឺ​សម្តែង​តែ​ក្នុង​តំបន់ ខ្លះៗ​ប៉ុណ្ណោះ ជាហេតុ​បណ្តាលឱ្យ​មាន​អ្នក​ស្គាល់ ឬ​ចេះ​ចាំ​អំពី​ទម្រង់​សិល្បៈ​នេះ​តិច ។​

    ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​ពេល​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ដែល​បាន​រំលាយ​វប្បធម៌​ជាតិ​ជា​ផេះផង់​ធូលី ដួលរលំ​ទៅ​នៅ​ឆ្នាំ​1979​នោះ ក្នុង​បំណង​ធ្វើឱ្យ​រស់​ឡើង​វិញ​នូវ​គ្រប់​ទម្រង់​សិល្បៈ​នៅ​ក្នុង​ប្រទេស​កម្ពុជា អ្នក​ស្រាវជ្រាវ​មួយ​ក្រុម​នៃ​នាយកដ្ឋាន​សិល្បៈ​របស់​ក្រសួង​ឃោសនាការ​វប្បធម៌ និង​ព័ត៌មាន បាន​សាកល្បង​ប្រមូល​គ្រូ និង​សិល្បករ ចាស់ៗ ដែល​សេសសល់​ពី​ការកាប់សម្លាប់ មក​ពិភាក្សា​គ្នា ដើម្បី​រំលឹក​ឡើងវិញ រួច​បង្ហាញ​ទម្រង់​សិល្បៈ​ទាំងនេះ ទៅតាម​ការចេះ​ចាំ​របស់ខ្លួន ។​

    ​ចំពោះ​ទម្រង់​សិល្បៈ​អា​ប៉េនេះ យើង​សង្កេតឃើញ​មានមតិ​ពីរ​ខុសគ្នា គឺ​បង្ហាញ​ទម្រង់​សិល្បៈ​ល្ខោន​ពីរបែប​ខុសគ្នា ប៉ុន្តែ​ទាមទារ​ឈ្មោះថា ជា​សិល្បៈ​អា​ប៉េ​ដូចគ្នា ៖

    1-​តាម​មតិ​របស់​អ្នកគ្រូ ចាស់ៗ​ខាង​ព្រះបរមរាជវាំង មាន​អ្នកគ្រូ​ជា ខាន់ អ្នកគ្រូ​ឯម ឆាយ ជាដើម ដែល​សុទ្ធតែ​ជា​គ្រូ​របាំ​ក្បាច់បុរាណ​ដ៏ ចំណានៗ ហើយ​ដែល​ធ្លាប់​រស់ និង​សិក្សា​រៀនសូត្រ​របាំ​ព្រះរាជ​ទ្រព្យ​នេះ នៅក្នុង​ព្រះបរមរាជវាំង​តាំងពី តូចៗ​មក​នោះ បាន​មានប្រសាសន៍ថាៈ​

    -​អា​ប៉េ គឺជា​ខ្នែង​ដ៏​តូច​មួយ​របស់​របាំ​ព្រះ​រាជទ្រព្យ ដែល​គេ​និយម​ហៅ​ឈ្មោះថា អា​ប៉េ ឬ​យីកេ​សាសន៍ (​យីកេ​សម្តែង​រឿង​បរទេស​) ? ទម្រង់​ល្ខោន​នេះ ជា​ទម្រង់​ល្ខោន​ច្រៀង​រាំ និង​មាននិយាយ​ផង ដែល​អ្នក​សម្តែង​សុទ្ធតែ ស្រីៗ ដោយ​យក​ក្បាច់​របាំ​បុរាណ (​របាំ​ព្រះ​រាជទ្រព្យ​) ជា​បាត ប៉ុន្តែ​មិនមែន​ក្បាច់​នួន (​ទន់ភ្លន់​) ទេ តែ​ច្រើន​តែ​ឡក​ក្រមិចក្រមើម​… សម្តែង​រឿង​បរទេស ខ្លីៗ ដូច​ជា​រឿង​ចិន ចាម ជ្វា អារ៉ាប់ ឥណ្ឌា ភូមា​… ដែល​ជា​ទូទៅ គឺជា​រឿង​កំប្លុក​កំប្លែង ដើម្បី​កម្សាន្ត​សើច​លេង​សប្បាយ​ប៉ុណ្ណោះ​។ ឯ​បទ​ភ្លេង និង​ចម្រៀង​វិញ ក៏​ភាគច្រើន​មាន​ចង្វាក់​ញាប់​រន្ថើន ញាក់ៗ សម្រាប់​ជំរុញ​កាយវិការ​ឡក​ក្រមិចក្រមើម ព្រម​ដោយ​ពាក្យ​បន្ទរ​ចម្រុះ​ជាតិ​សាសន៍ ពោល​គឺ​មាន​ពាក្យ​ជា​ភាសា​ខ្មែរ​ខ្លះ​ផង និង​ជា​ភាសាបរទេស​ខ្លះ​ចម្រុះ​គ្នា ។​

    ​របៀប​ដូច​បាន​ពោល​ខាងលើនេះ យើងខ្ញុំ​ជា​អ្នក​កត់ត្រា​ក៏​ធ្លាប់​បាន​ឃើញ​ខ្លះ​ដែរ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ពេល​ដែល​សង្គ្រាម​ស៊ីវិល ឆ្នាំ​1970 បាន​ផ្ទុះឡើង ។ ដោយ​កាលណោះ ឃុន មាឃ (​ព្រះ​ម្នាង​ម្នាក់​នៃ​ហ្លួង​ស៊ីសុវត្ថិ មុនី​វង្ស​) ដែល​ជា​គ្រូរបាំ​ធំ និង​ល្បីល្បាញ​បំផុត​ក្នុង​ព្រះបរមរាជវាំង​ក្រុង​ភ្នំពេញ​នេះ លោក​បាន​សម្តែង​បង្ហាញ ក្នុងឱកាស​នោះ ។​

    ​ឯ​ឧបករណ៍​តន្ត្រី​ជូន​សិល្បៈ​អា​ប៉េនេះ​វិញ ឃើញ​មាន​កូន​ស្គរ​យីកេ តូចៗ ជា​មេ​ចង្វាក់ មាន​រនាតឯក និង​ឧបករណ៍​តន្ត្រី ផ្សេងៗ​ទៀត​ខ្លះ​ផង​។ វង់​តន្ត្រី​ប្រភេទ​នេះ ឃើញ​ស្រដៀង​គ្នា​នឹង​វង់​តន្ត្រី​មួយ​វង់​ដែល​យើង​ធ្លាប់​បាន​ឃើញ​នៅ​ខេត្ត​កេឡា​ន់​តាន់ ប្រទេស​ម៉ាឡេស៊ី ក្នុង​ឆ្នាំ​1969 ។​

    2-​តាម​មតិ​គ្រូ​ក្រៅ​វាំង មាន​អ្នកគ្រូ ម៉ែ ម៉ឺន ដែល​ជា​សិល្បការិនី​លើ​ឆាក​ដ៏​ល្បីល្បាញ និង​ជា​តារាភាពយន្ត​ដ៏​មាន​ប្រជាប្រិយភាព​ផង បាន​ពោល​ថា អា​ប៉េ គឺជា​ប្រភេទ​ល្ខោន​នៅ​ជនបទ ជា​ទម្រង់​ល្ខោន​ច្រៀង​រាំ និង​និយាយ​ផង ដែល​អ្នក​សម្តែង សុទ្ធតែ​ប្រុស​ទាំង​អស់ សូម្បី​តែ​តួអង្គ​ស្រី ក៏​ត្រូវ​យក​សិល្បករ​មក​តែង​តួ​ជា​ស្រី​ផងដែរ ហើយ​សម្តែង​តែ​រឿង​ដែល​មាន​លក្ខណៈ​កំប្លុក​កំប្លែង​សម្រាប់​បង្កើត​បរិយាកាស​សើច​លេង​សប្បាយ ។​

    ​ឯ​ឧបករណ៍​តន្ត្រី​វិញ ឃើញ​ដូច​តន្ត្រី​នៃ​វង់​សិល្បៈ​អា​យ៉ៃ មាន​ទ្រ ឃឹម ខ្លុយ ស្គរ​ដៃ ហើយ​មាន​ថែម​ទ្រអ៊ូ​ធំ​មួយ ធ្វើ​ពី​ប៉ោត​ប្រេងកាត​ថែមទៀត​ផង ។ ដើម្បី​បញ្ជាក់​ឱ្យឃើញ​ជាក់ស្តែង​តាម​មតិ​ទី​2​នេះ អ្នកគ្រូ​ម៉ែ ម៉ឺន បាន​ដំឡើង​រឿង​មួយ​ដោយ​យក​សិល្បករ​ផ្នែក​អា​យ៉ៃ នៃ​នាយកដ្ឋាន​សិល្បៈ​មក​សម្តែង​ជូន​ទស្សនិកជន​ក្នុង​រយៈកាល​នោះ​ផង ។ តាម​ការសង្កេត​របៀប​សម្តែង​នេះ ឃើញ​មាន​លក្ខណៈ​ដូចគ្នា​បេះបិទ​ទៅ​នឹង​ការសម្តែង​អា​យ៉ៃ​រឿង​ដែរ ។​ ​សូមបញ្ជាក់​ថា នេះ​យើង​មិន​បាន​និយាយ​ដល់​មតិ​ទី​3 ដែល​យក​ទម្រង់​សិល្បៈ​យីកេ​សុទ្ធសាធ ដោយ​គ្រាន់តែ​មាន​តួ​ត្លុក កាន់​ឧបករណ៍ «​ក្រា​ប់​» បន្ថែម​សម្រាប់​ឡក​… ហើយ​ប្រកាស​ថា អា​ប៉េ ដែរ​ផង​នោះទេ ។​

    ​និយាយ​ជា​រួម​មកដល់​សព្វថ្ងៃ​នេះ​ហើយ យើង​មិនទាន់​មាន​មតិស្រប​គ្នា​ថា តើ​អា​ប៉េគឺ​ជាទម្រង់​ណាមួយ ក្នុង​រូបភាព​ល្ខោន​ទាំងពីរ​ដូច​បាន​អធិប្បាយ​ខាងលើនេះ ? ហើយ​សិល្បៈ​អា​ប៉េនេះ​មានប្រភព​មកពីណា ? កើតមាន​នៅពេល​ណា ? នៅ​ប្រទេស​កម្ពុជា​យើង​នេះ​ទេ ៕

  • ​វិចិត្រករជនជាតិបារាំង Jeremie KC ចេញវីដេអូល្ខោនខោលជារបស់ខ្មែរ

    ​វិចិត្រករជនជាតិបារាំង Jeremie KC ចេញវីដេអូល្ខោនខោលជារបស់ខ្មែរ

    ដោយមើលឃើញថា មួយរយៈចុងក្រោយថ្មីៗនេះ មានការចាប់អារម្មណ៍ខ្លាំងពីបញ្ហារឿង ល្ខោនខោលខ្មែរ ដែលមានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកនៅកម្ពុជាជាច្រើននាក់ បានធ្វើការបង្ហោះ និងចែករំលែក ក្នុងការស្នើរសុំឱ្យអង្គការ យូណេស្កូ ពិចារណាចំពោះល្ខោនខោលជាសម្បត្តិមនុស្សជាតិខ្មែរ។

    ជាមួយគ្នានេះផងដែរ កាលពីប៉ុន្មានម៉ោងមុននេះ ជនបរទេសស្បែកសម្នាក់ ឈ្មោះ Jeremie KC បានចេញវីដេអូមួយនិយាយខ្មែរបានយ៉ាងច្បាស់ល្អ ដោយលោកបាននិយាយថា អំពាវនាវ​អោយ​កូនខ្មែរទាំងអស់ជួយ គាំទ្រល្ខោនខោល ហើយលោកបានបញ្ជាក់ថា ល្ខោនខោលគឺជារបស់ខ្មែរពិតៗ។ គួររំឭកផងដែរថា លោក Jeremie ជា​ជន​ជាតិ​បារាំង​ដែល​ប្រិយមិត្ត​ស្គាល់​ថា​ជា​វិចិត្រករ KC Khmer Cartoon នៅលើបណ្ដាញសង្គមហ្វេសប៊ុក ហើយក៏ធ្លាប់​មាន​បទ​ខ្មែរ​ផ្ទាល់​ខ្លួន​ដែរ​គឺ​បទមានចំណងជើងថា «ខ្ញុំ​ស្រលាញ់​កម្ពុជា» ឬ “I Love Cambodia” ដែល​ត្រូវ​បានផលិត​ដោយ​លោក អ៊ែររាជ។

    ចង់ដឹងថា បុរសជនជាតិបារាំងរូបនេះ បង្ហាញកាយវិកាយ និងអារម្មណ៍ស្រឡាញ់ល្ខោនខោលខ្មែរ ដល់កម្រិតណានោះ សូមទស្សនាវីដេអូខាក្រោម:

  • លោកតា ចេក កំពុងសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែត្រ

    លោកតា ចេក កំពុងសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែត្រ

    នៅមុននេះបន្តិច ថ្ងៃទី1 ខែកញ្ញា ឆ្នាំ2018 សារព័ត៌មានឡារ៉ែន ទទួលបានដំណឹងមកថា តារាសិល្បៈកំប្លែងជើងចាស់ លោកតា ចេក ដែលមហាជនធ្លាប់បានចាប់អារម្មណ៍ និងជួយជាសកម្មភាពសប្បុរសធម៌ចំពោះរូបលោកកន្លងមក ខណៈនេះកំពុងត្រូវក្រុមគ្រួសារដឹកតាមរ៉ឺម៉កកង់បី ដើម្បីបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះបន្ទាន់ និងកំពុងខ្វះថវិកាក្នុងជីវភាពគ្រួសារ។

    នៅលើបណ្ដាញទំនាក់ទំនសង្គមមុននេះ ក្រុមគ្រួសារជូនគាត់មកមន្ទីរពេទ្យ និងបានបង្ហោះឱ្យដឹងថា លោក តា​ចេក​ ​​គាត់មាន​អាការ​អស់​កម្លាំង ចេះ​តែ​វិល​មុខ ហើយ​ក្អួតចង្អោរ​ញឹក​ញាប់​ ស្ទើរ​ងើប​ពី​កន្ទេល​មិន​រួច ប្រហែលកន្លះខែមកហើយ ស្រាប់តែវេលាព្រឹកមិញនេះ ក្រុមគ្រួសារឃើញអាការគាត់មិនសូវស្រួល ទើបដឹកបានគាត់តាមកង់បី មកសង្គ្រោះនៅមន្ទីពេទ្យកាល់ម៉ែត្រតែម្ដង។

    គួរបញ្ជាក់ដែរថា បើបងប្អូនមានបំណងជួយគាត់ ដោយទឹកចិត្តសប្បុរសធម៌ ក្នុងការព្យាបាលនោះ បងប្អូនអាចអញ្ជើញទៅជួយគាត់ដោយផ្ទាល់ ដោយគាត់ស្នាក់នៅបន្ទប់ផ្នែកខាងមុខ អគារសង្គ្រោះបន្ទាន់៕

  • វីតាមីន7ប្រភេទ ជួយឱ្យសម្រស់កាន់តែស្រស់ស្អាត

    វីតាមីន7ប្រភេទ ជួយឱ្យសម្រស់កាន់តែស្រស់ស្អាត

    ផ្ទៃមុខ​ស្រស់ស្អាត​តែ​ម្យ៉ាង​មិន​គ្រប់គ្រាន់​ទេតែ​ស្បែក​ក៏​ត្រូវតែ​ស្អាត​ដូចគ្នា​ដែរ ហើយ​មាន​វិធី​ច្រើនណាស់ ដើម្បីឱ្យ​ស្បែក​ស្អាត ដែល​ក្នុងនោះ​មាន​ទាំង​ការ​ថែ​សម្រស់​តាមរយៈ​ការប្រើប្រាស់​ផលិតផល ការ​ជំនួយ​ស្បែក​តាមបែប​ធម្មជាតិ​ដូចជា ការ​ខាត់ ឬ​ការ​ទទួលទាន​ជាដើម។ លេខ​នេះ ឡា​រ៉ែ​ន សូម​ណែនាំ​អ្នក​ឱ្យ​ងាក​មក​ថែរក្សា​សម្រស់​តាមរយៈ​ការដាក់បញ្ចូល​វីតាមីន​វិញ​ម្តងហើយ​វីតាមីន​ទាំង7មុខនោះ​មានដូចជា៖

    1. វីតាមីន A : និយាយ​ដល់​វីតាមីន A ធ្វើឱ្យ​គិតដល់​ភាព​ភ្លឺ​ថ្លា​នៃ​ភ្នែក ប៉ុន្តែ​អ្នកដឹង​ទេ​ថា​ក្រៅពី​ភ្នែក​ហើយ​នោះ​វា​ក៏​ជួយ​ថែរក្សា​ស្បែក​ផងដែរ។ បើ​អ្នកជា​មនុស្ស​ម្នាក់​ក្នុងចំណោម​អ្នកផ្សេង​ទៀត​ដែលមាន​ស្បែក​ស្ងួត​នោះ វីតាមីន A ពិតជា​ក្លាយជា​មិត្ត​ដែល​យល់ចិត្ត​អ្នក​បំផុត​ក្នុង​ការជួយ​កម្ចាត់​សភាព​ស្បែក​ស្ងួត ជួយ​ស្តារ និង​ជួសជុល​ជាលិកា​ស្បែក​ធ្វើឱ្យ​ស្បែក​រលោង​មាន​សំណើម និង​ស្រស់ស្រាយ។

    2. វីតាមីន B Complex : មិន​ថា​វា​ជា វីតាមីន B1, B2, B3, B5, B6, B7, B9, ឬ​ជា B12 នោះទេ​គឺ​សុទ្ធតែ​មានគុណ​ប្រយោជន៍​សម្រាប់​សម្រស់ និង​សុខភាព​របស់​យើង​គ្រប់គ្នា។ ស្បែក សក់ ក្រចក ឈាម ភ្នែក… សុទ្ធតែ​ទទួលបាន​ប្រយោជន៍​ជាច្រើន​ពី​វីតាមីន​ទាំង​ប៉ុន្មាន​ខាងលើនេះ។ អាហារ​ដែល​សម្បូរ​ទៅដោយ​ប្រភព​វីតាមីន B ទាំងអស់នេះ ដូចជា​បន្លែ​ស្លឹក​បៃតង រុក្ខជាតិ​ពពួក​សណ្តែក និង​គ្រាប់សណ្តែកផ្សេងៗ សាច់សត្វ ត្រី ផលិតផល​ធ្វើ​ពី​ទឹកដោះគោ ធញ្ញជាតិ ចេក ស៊ុត ស្រូវ និង​ស្រូវ​អូត ហើយ​វីតាមីន B ប្រភេទ​ខ្លះ​រាងកាយ​អាច​ផលិត​បាន​ដោយ​ខ្លួនឯង។

    3. វីតាមីន C និង E : មាន​បញ្ហា​ស្បែក​ជ្រួញព្រោះ​ត្រូវ​កម្តៅថ្ងៃ​ខ្លាំង​មែន​ទេ? អី​ុ​ចឹ​ង សូម​ជ្រើស​យក​វីតាមីន C និង E ចុះ ព្រោះ​វា​មាន​នាទី​ជួយ​កែប​ញ្ហា​ស្បែក​ជ្រីវជ្រួញ​ដែលជា​មូលហេតុ​នាំឱ្យ​អ្នក​ចាស់​ជាង​វ័យ ជួយ​ការពារ​ស្បែក​ពី​កម្តៅថ្ងៃ បន្ថយ​ស្នាម​រលាក​រោល​ពី​កាំរស្មី UVB។

    4. វីតាមីន K : សម្រាប់​អ្នក​ដែលមាន​បញ្ហា​រង្វង់​ភ្នែក​ខ្មៅ គួរ​ទទួលយក​វីតាមីន K មក​ធ្វើជា​គ្រូពេទ្យ​ព្យាបាលព្រោះ​វា​មាន​ចំណែក​ជួយ​ការពារ​កុំឱ្យ​ឈាមកក​ស្ទះ ធ្វើឱ្យ​អ្នក​អាច​កាត់បន្ថយ​ស្នាម​ខ្មៅ និង​ស្នាម​ជាំ ប៉ុន្តែ​មិនចាំបាច់​ដាក់បញ្ចូល​ទៅក្នុង​រាងកាយ​ច្រើនពេក​នោះទេ ព្រោះ​ការពិតទៅ​ពោះវៀនតូច​របស់​អ្នក​ក៏​អាចបង្កើត​វីតាមីន K ដោយ​ខ្លួនឯងបាន ដោយ​អ្នក​គ្រាន់តែ​បន្ថែម​ត្រឹមតែ100មីក្រូ​ក្រាម​ក្នុង​មួយថ្ងៃ តាមរយៈ​អាហារ​ពពួក​បន្លែ​ស្លឹក​បៃតង(ជាពិសេស​ស្ពៃ​ប្រ៊ូ​ខូ​លី និង​ផ្ទី) ប្រេង​សណ្តែកសៀង កា​ហេ្វ សាច់សត្វ ទឹកដោះគោ គឺ​ចាត់ទុកថា​គ្រប់គ្រាន់​ទៅហើយ។

    5. រ៉ែ​ធាតុ​ទង់ដែង និង​ស័ង្កសី : សម្រាប់​អ្នក​ដែល​ខ្លាច​ភាព​ជ្រីវជ្រួញ​គួរតែ​បានទទួល​សារ​ធាតុ​ដូចជា ទង់ដែង និង​ស័ង្កសី។ វា​មាន​ចំណែក​ជួយ​ឱ្យ​ស្បែក​តឹង​ណែន ដោយសារតែ​សារធាតុ​ទង់ដែង​មាន​ចំណែក​ជួយ​ក្នុងការ​បង្កើតសរសៃទឹក​ប្រូ​តេ​អី​ុ​ន ក្នុងពេលដែល​សារធាតុ​ស័ង្កសីជួយ​ជួសជុល​សរសៃទឹក​ប្រូ​តេ​អី​ុ​ន​ដែល​សឹក​រេច​រិល កាត់បន្ថយ​ការផលិត​ជាតិខ្លាញ់ និង​កាត់បន្ថយ​ការកើត​មុន ជួយ​ពង្រឹង​ការលូតលាស់​របស់​កោសិកា និង​ព្យាបាល​មុន​ទៀតផង។

    6. Q10 : ជា​ខូ​អង់​ហ្ស៊ី​ម​ដ៏​សំខាន់​ក្នុងការ​ធ្វើជា​សារធាតុ​ទប់ស្កាត់​រ៉ាឌីកាល់​សេរី ឬ​ជួយ​ការពារ​រ៉ាឌីកាល់​សេរី​ដែល​កើត​ពី​កាំរស្មី UV ធ្វើឱ្យ​ស្បែក​របស់​អ្នក​ភ្លឺ​ថ្លា បង្អង់​ភាព​ចាស់។ អាហារ​ដែលជា​ប្រភពQ10នេះ​គឺ ត្រី​សមុទ្រ​ទឹក​ជ្រៅ ប្រេងសណ្តែក ស៊ុត ត្រី​សា​ឌី​ន ត្រី​ស្បៃ​កាសណ្តែកសៀង សាច់គោ ថ្លើម និង​បេះដូង។

    7. អ​ាស៊ីដ​អាល់​ហ្វា​ឡៃប៉ូ​អុីក : រាប់​ថា​ជា​សារធាតុ​ទប់ស្កាត់​រ៉ាឌីកាល់​សេរី​កម្រិត​កំពូល​តែម្តង មិនតែប៉ុណ្ណោះ​ថែមទាំង​មាន​ចំណែក​ជួយ​ក្នុង​ការបង្កើន​ប្រសិទ្ធភាព​ដំណើរការ​របស់​សារធាតុ​ទប់ស្កាត់​រ៉ាឌីកាល់​សេរីផ្សេងៗដូចជា វីតាមីន C វីតាមីន E គ្លុយ​តា​ថៃ​អូន ឬ Q 10 ប៉ុន្តែ​គុណ​ស​ម្ប​តិ្ត​របស់​អាស៊ីដ​អាល់​ហ្វាឡៃ​ប៉ូ​អី​ុ​ក​នោះ​អាច​រលាយ​បាន​ទាំង​ក្នុង​ទឹក និង​ខ្លាញ់ ហើយ​ថែមទាំង​អាច​ជ្រាប​ឆ្លងកាត់​ភ្នាស់​ស្រោម​កោសិកា​ចូលទៅ​បាន​ជ្រៅ​ដល់​កម្រិតជា​ភាពខុសគ្នា​ពី​សារធាតុ​ទប់ស្កាត់​រ៉ាឌីកាល់​សេរីផ្សេងៗ ដែល​ធ្វើឱ្យ​អាស៊ីដ​អាល់​ហ្វា​ឡៃ​ប៉ូ​អី​ុ​ក​ច្រើនតែ​ត្រូវបាន​គេ​នាំ​យកមកប្រើ​ដើម្បី​បំពេញ​ជំនួស។ ប្រភព​អាហារ​ដែល​សម្បូរ​ទៅដោយ​អាស៊ីដ​អាល់​ហ្វា​ឡៃ​ប៉ូ​អី​ុ​ក មានដូចជា សាច់​ក្រហម និង​គ្រឿងក្នុង។ ចំណែក​ក្នុង​បន្លែ​វិញ​មានខ្លះៗដែរ ប៉ុន្តែ​មិន​ច្រើន​ណាស់ណា​ទេ ដូចជា ដំឡូងបារាំង ការ៉ុត និង​ផ្ទី​ជាដើម។

    ចាប់​ផ្តើ​ុ​ម​ងាក​មករក​វីតាមីន​ទាំង7មុខ​នេះ​ពី​ពេលនេះ​តទៅ គឺ​មានន័យថា ​អ្នកកំពុងជួយឱ្យរូបសម្រស់របស់​អ្នកកាន់តែ​ស្រស់ស្អាត​ឡើងហើយ៕

  • អាចារ្យធំ គ្រាន់តែបង្ហាញក្រដាសប្រាក់រៀលមានរូបរបាំខ្មែរ

    អាចារ្យធំ គ្រាន់តែបង្ហាញក្រដាសប្រាក់រៀលមានរូបរបាំខ្មែរ

    នៅដើមឆ្នាំ 2019 ខាងមុខនេះ អង្គការសហប្រជាជាតិ យូណេស្កូ និងធ្វើការប្រកាស់ជាផ្លូវការ អំពីម្ចាស់ពិតប្រាកដនៃ ល្ខោនខោល ឬ ល្ខោនពាក់របាំងមុខ ជារបស់ខ្មែរ ឬក៏របស់ថៃ ខណៈពេលដែលប្រជាពលរដ្ឋខ្មែរ កំពុងរួមគ្នាធ្វើការស៊ែរអំពី ល្ខោនខោល ពេញបណ្តាញសង្គម ដូចជា ហ្វេសប៊ុក និង ធ្វីតតឺ ជាដើម ដើម្បីឱ្យពិភពលោកកាន់តែជ្រៀបច្បាស់ថា ល្ខោនខោល ជារបស់ខ្មែរពិត។

    ដូច្នោះហើយបានជាប៉ុន្មានថ្ងៃនេះប្រធានបទរឿងល្ខោនខោលបានក្លាយប្រធានបទដ៏ក្តៅកគុក ដែលធ្វើអោយប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជន និងតារាជួរមុខជាច្រើនបាននាំគ្នា បង្ហាញការតវ៉ា ព្រោះថាល្ខោនខោលជារបស់ខ្មែរយើងតាំងពីបុរាណកាលមក។

    ជាក់ស្តែងអាចារ្យធំ ដែលតែងតែលើកស្ទួយវប្បធម៌ជាតិខ្មែរមានប្រតិកម្មភ្លាមៗ ខណៈដែលថៃបានយករូបភាពល្ខោនខូនទៅដាក់លើក្រដាសប្រាក់ 500បាតរបស់ខ្លួន គ្រាន់ជាគំនូរតែប៉ុណ្ណោះ ចំណែកក្រដាសប្រាក់របស់ខ្មែរយើង មានលើកក្រដាសប្រាក់ 500រៀលទាំងពីជំនាន់មុន ហើយមានរូបភាពយ៉ាងច្បាស់ មិនដូចថៃគ្រាន់តែគូសនៅលើក្រដាសប្រាក់ ហើយអួតថាជារបស់ខ្លួន។

    ក្នុងនោះអាចារ្យធំ បានរៀបរាប់ទៀតថា« យើងក៏មានដែរយូរហើយ មិនមែនមានតែ សៀម ទេ ហើយក្រដាសប្រាក់របស់យើងជារូបឯកសារយកមកបោះពុម្ពលើក្រដាសប្រាក់តែម្តង! ចំណែករូបរបស់សៀម គឺជារូបគូរសុទ្ធសាធ គ្មានតម្លៃនោះទេ»៕

  • ការវិនិយោគលើកុមារតូចអាយុក្រោម 6ឆ្នាំ ពិតជាចំណេញខ្លាំងសម្រាប់ថ្ងៃអនាគត

    ការវិនិយោគលើកុមារតូចអាយុក្រោម 6ឆ្នាំ ពិតជាចំណេញខ្លាំងសម្រាប់ថ្ងៃអនាគត

    ការអប់រំ​ និងអភិវឌ្ឍ​លើកុមារតូចជាចំណុចអាទិភាពមិនអាចខ្វះបានសម្រាប់​ជីវិតកូនៗជាទីស្រឡាញ់របស់អាណាព្យាបាលគ្រប់រូប ព្រោះកាលណាកុមារទទួលបានការបណ្តុះបណ្តាលល្អទាំងផ្នែក​ផ្លូវចិត្ត ផ្លូវកាយ ​និងចំណេះដឹងនោះ ​កុមារ​នឹងមានថាមពលខ្លាំងក្លាដើម្បីក្លាយជាមនុស្សរឹងមាំអាចសម្រេចគោលដៅបានល្អនៅថ្ងៃអនាគត។ តែជាទូទៅ អាណាព្យាបាលមួយចំនួន​ហាក់មើលរំលង​ដំណាក់កាល​នេះ ដោយការសន្សំលុយទុកសម្រាប់ពួកគេធំឡើងទៅវិញ។

    រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា​ លោកជំទាវ គឹម សេដ្ឋានី បានលើកឡើងថាកុមារតូចសំដៅលើ​កុមារ​ទើបនឹងកើតរហូតដល់​អាយុ 6ឆ្នាំ​។ វ័យនេះជាវ័យដែលមានការរីកលូតលាស់​ផ្នែកខួរក្បាល​ឆាប់រហ័សជាងមនុស្សធំដល់ទៅ 2ដងហេតុនេះអាណាព្យាបាល​ចាំបាច់ត្រូវយកចិត្តទុកដាក់​ឱ្យបានខ្លាំងក្លាបំផុតទាំងផ្នែក​អាហារសុខភាពការអប់រំ និង​ការគាំពារពីគ្រោះថ្នាក់នៃអំពើហិង្សា។ លោកជំទាវបានបន្ថែមថា តាមការស្រាវជ្រាវបញ្ជាក់ថា ប្រសិនបើយើងវិនិយោគ​លើកុមារតូច​ 1ដុល្លារ នៅថ្ងៃនេះ​ នៅពេលគេធំពេញវ័យនឹងអាច​ទទួលបានប្រាក់ចូលសង្គមចន្លោះពី 7ដុល្លារ ដល់14ដុល្លារវិញ អាស្រ័យ​លើសេដ្ឋកិច្ចសង្គម​ដែលពួកគេរស់នៅ។ ហេតុនេះ​ការវិនិយោគ​លើកុមារ​តូចច្រើន​ អាចនឹងទទួលបានផល​តបស្នងច្រើនជាងវ័យផ្សេងទៀត។

    លោកជំទាវ គឹម សេដ្ឋានី បាននិយាយថា៖ “​ការអប់រំកុមារតូចវ័យមុនអាយុ 6ឆ្នាំ អាចជួយឱ្យកុមារ​ចាប់ផ្តើមមានភាពរឹងមាំ និង​មានបំណិន​ជីវិតល្អមុនពេលពួកគេ​ចូលសិក្សាថ្នាក់ទី1។ បើក្មេងទទួលបានការអប់រំពីឪពុកម្តាយ និងមត្តេយ្យសិក្សាបានល្អ គេនឹងមិនរត់ចោលសាលានោះទេនៅពេលពួកគេចូលរៀន​ថ្នាក់បឋមសិក្សា ខុសពីកុមារខ្លះដែលលំបាករៀនខ្លាំងពេក​រហូតចង់រត់ចោលសាលាក៏មាន”។

    លោកជំទាវរដ្ឋលេខាធិការបានលើកឡើងផងដែរថា ការអប់រំ​កុមារតូចក៏អាច​ជួយដល់អាណាព្យាបាលច្រើនផងដែរជាពិសេសអ្នកម្តាយ។ កាលពីមុន​ កូនតូចៗត្រូវតែនៅជាប់ជាមួយនឹងម្តាយដែលធ្វើឱ្យគាត់បាត់បង់ឱកាសក្នុងការស្វែងរកចំណូល សម្រាប់អ្នកធ្វើការងារ និង​អាជីវកម្មមួយចំនួន។ ហេតុនេះ​នៅពេលគាត់ផ្តល់ឱកាសដល់​កុមារតូចក្នុងការអប់រំត្រឹមត្រូវ ម្តាយអាចនឹងមានពេលដើម្បី​រួមចំណែកជាមួយ​ស្វាមីគាត់ក្នុងការបង្កើនចំណូលសម្រាប់គ្រួសារបន្ថែមទៀត។ លោកជំទាវបញ្ជាក់ផងដែរថា កាលពី 10ឆ្នាំមុន​ប្រជាជនយើងមិនសូវយកចិត្តទុកដាក់​លើការអប់រំកុមារតូចនោះទេ គឺវិនិយោគច្រើន​លើកុមារដែលចូលរៀនចាប់ពីថ្នាក់ទី1ឡើងទៅ តែក្រោយពេល​គេសិក្សាយូរទៅទើបមើលឃើញពីចំណុចខ្វះចន្លោះច្រើន​ដែលទាមទារឱ្យមានការខិតខំប្រឹងប្រែងខ្លាំងដើម្បីក្លាយជាធនធានមនុស្សមានសក្តានុពល។ អាណាព្យាបាល​គួរ​ផ្តល់ការវិនិយោគច្រើនលើកុមារតូច ដើម្បីផ្តល់មូលដ្ឋានគ្រឹះរឹងមាំសម្រាប់​ពួកគេ​ កុំចាំសន្សំលុយ​ផ្គត់ផ្គង់តែនៅពេលពួកគេធំឡើង។ នៅពេលកុមារតូចមានមូលដ្ឋានគ្រឹះរឹងមាំ​ទាំងផ្នែកបញ្ញាស្មារតី និងរាងកាយ ពួកគេនឹងមានភាពឈ្លាសវៃ ហើយមានសមត្ថភាពខ្លាំងជាងក្មេងដែលមិនទទួលបានការបណ្តុះបណ្តាល​នៅមត្តេយ្យសិក្សា។

    លោកស្រី គឹម សុជាតា​ នាយិកាសាលាអន្តរជាតិសាស្តាបានលើកឡើងថា កុមារតូចជាវ័យសំខាន់បំផុត ព្រោះវ័យនេះជាវ័យចាប់ផ្តើម​អ្វីគ្រប់យ៉ាងសម្រាប់អនាគតពួកគេ។ នៅពេលពួកគេ​មានការចាប់ផ្តើមល្អ ធំឡើងគេក៏នឹងមានភាពងាយស្រួលក្នុងការអភិវឌ្ឍសមត្ថភាពផងដែរ តែប្រសិនបើពួកគេ​មានសុខភាពមិនល្អ នោះខួរក្បាលក៏នឹងមិនអាចរីកលូតលាស់បានល្អ ដែលអាចធ្វើឱ្យគេក្លាយជាមនុស្សពិបាកអប់រំនៅថ្ងៃក្រោយ ឬក្លាយជាមនុស្សទន់ខ្សោយជាដើម។ ហេតុនេះ​អាណាព្យាបាលគួរវិនិយោគ​លើការអប់រំ កូនតូច​ឱ្យបានច្រើន ល្អជាង​ការព្យាយាមព្យាបាល​ និងជួសជុល​បញ្ហានៅពេលគេធំទៅហើយនោះ។

    លោកស្រី គឹម សុជាតា បាននិយាយថា៖ “​មនុស្សជាច្រើន គិតថា​កុមារតូចៗមិនទាន់​យល់ពីអ្វីដែលមនុស្សធំ​បង្រៀននោះទេ តែតាមពិត​កុមារ​ចាប់ផ្តើមទទួលចំណេះដឹងតាំងពីវ័យតូចៗបំផុតហេតុនេះ​ការថែទាំសុខភាព និងបង្រៀន​ដោយអ្នកជំនាញ អាចជំរុញពួកគេឱ្យក្លាយជាមនុស្សមានទម្លាប់ល្អ និង​ក្លាយជាមនុស្សមានភាពទទួលខុសត្រូវជាដើម”។

    លោកស្រី គឹម សុជាតា បានលើកឡើងថាកុមារវ័យចាប់ពី 2-3ឆ្នាំទៅ ជាវ័យដែលកំពុងរីកលូតលាស់ខ្លាំង និងជាវ័យដែលត្រូវប្រុងប្រយ័ត្ន ហេតុនេះ​ដើម្បី​ធានាថា ពួកគេអាចក្លាយជាមនុស្សល្អបាននៅថ្ងៃអនាគត អាណាព្យាបាល​ក៏ចាំបាច់ត្រូវ​សិក្សាផងដែរពីជំនាញ​ក្នុងភាពជាអាណាព្យាបាល ដើម្បី​ជួយ​អប់រំពួកគេ​ទាំងនៅសាលា និងនៅ​ក្នុងគ្រួសារឱ្យទទួលបានភាពកក់ក្តៅ ហើយកាត់បន្ថយ​ផលអវិជ្ជមាននានាដែលកើតលើកុមារ។ នៅពេលកុមាររស់នៅក្នុងបរិស្ថាន​ល្អប្រសើរ គេ​នឹងអាចអភិវឌ្ឍ​បានយ៉ាងប្រសើរ​ដើម្បីក្លាយជាមនុស្សល្អម្នាក់ និង​បង្កើតមោទនភាពសម្រាប់អាណាព្យាបាល៕