Category: សង្គម និងសេដ្ឋកិច្ច

  • កូនកាត់ខ្មែរ-បារាំង Marianne Clais ត្រៀមបង្ហាញខ្លួនលើឆាកបង្ហាញម៉ូដនៅអាមេរិក

    កូនកាត់ខ្មែរ-បារាំង Marianne Clais ត្រៀមបង្ហាញខ្លួនលើឆាកបង្ហាញម៉ូដនៅអាមេរិក

    អីយ៉ា ពិតជាមិនធម្មតាមែន!! តារាបង្ហាញម៉ូដកូនកាត់ខ្មែរ-បារាំង Marianne Clais ហៅ ម៉ាយ៉ា ដែលប្រិយមិត្តបានស្គាល់តាមរយៈបណ្ដាញសារព័ត៌មាន និងល្បីល្បាញនៅលើបណ្ដាញសង្គមហ្វេសប៊ុកនោះ គឺជានារីមានរូបសម្រស់ស្រស់សោភាដែលគ្រោងនឹងចេញទៅបង្ហាញមុខក្នុងព្រឹត្តិការណ៍បង្ហាញម៉ូដអន្តរជាតិ នៅសហរដ្ឋអាមេរិក ក្នុងខែតុលា ឆ្នាំ2018ខាងមុខនេះ។

    កូនខ្មែរកាត់បារាំងរូបនេះ មានវ័យ 15ឆ្នាំ នឹងចេញដំណើរទៅកាន់ទឹកដីសហរដ្ឋអាមេរិកនៅថ្ងៃទី12 ខែតុលាខាងមុខនេះ។ តារាម៉ូដែលកូនកាត់ខ្មែរ-បារាំង Marianne Clais ធ្លាប់បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍កាន់តែខ្លាំង ក្រោយពីនាងបានបង្ហាញមុខក្នុងឈុតសម្លៀកបំពាក់បុរាណ រហូតដល់ថ្នាក់គេហទំព័រកម្មវិធីប្រកួតសម្រស់កញ្ញាឯកល្បីមួយស្ងើចសរសើរ និងស្នើឱ្យនាងចូលរួមប្រកួតប្រជែងផ្នែកសម្រស់ទៀតផង។ គេហទំព័រ ASEAN Beauty Pageant បានស្ងើចសរសើរ និងបានប្រៀបធៀបដូចជាសម្រស់រាជិនី ហើយគេហទំព័រនេះ រំពឹងថា នាងអាចនឹងចូលរួមប្រកួតកម្មវិធីបវរកញ្ញាកម្ពុជា នៅឆ្នាំ2020 ខាងមុខនេះផងដែរ៕

    គួរបញ្ជាក់ដែរថា កញ្ញា Marianne Cliais ទទួលបានការយកចិត្តទុកដាក់ពីអ្នកជំនាញផ្នែកច្នៃម៉ូដ កំពុងខិតខំរចនាមកុដដ៏ស្រស់ស្អាត និងទាក់ទាញបំផុតសម្រាប់នាងគ្រងក្នុងព្រឹត្តិការណ៍ដ៏កក្រើកនេះ ដូចជាលោក Remy Hou លោក អ៊ី សុខជា លោក ធឿន ចាន់ថា ជាអ្នកច្នៃមកុដ រីឯលោក លី តារា ជាអ្នកឌីហ្សាញម៉ូដមកុដ និងសម្លៀកបំពាក់។

    ដូច្នេះបើចង់ដឹងពីសម្រស់របស់នាងដែលកំពុងត្រៀមខ្លួនទៅកាន់ឆាកអន្ដរជាតិ មានសម្ផស្សស្រស់សោភាយ៉ាងណានោះ សូមទស្សនារូបទាំងអស់ខាងក្រោមនេះ៖

     

  • ទស្សនារូបភាពពិធីបង្កក់សិរីកូនស្រី អ្នកនាង គង់ ចាន់ស្រីមុំ

    ទស្សនារូបភាពពិធីបង្កក់សិរីកូនស្រី អ្នកនាង គង់ ចាន់ស្រីមុំ

    កាលពីថ្ងៃទី 7 ខែកក្កដា ឆ្នាំ 2018 កន្លងទៅនេះ អ្នកម្ដាយវ័យក្មេងសម័យថ្មី គង់ ចាន់ស្រីមុំ បានប្រសូតបុត្រីដ៏គូរឱ្យស្រលាញ់ឱ្យឈ្មោះថា គឹម សីហ៍មរកត ហៅក្រៅថានាងតូច ម៉ូ ម៉ូ ដែលឈ្មោះនោះ គឺប្រិយមិត្តបានឃើញជាឈ្មោះប្រ៊េនហាងគ្រឿងសម្អាងរបស់អ្នកនាង។

    ហើយថ្មីៗ នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់អ្នកនាង ក៏បានឱ្យដឹងថា អូនតូច ម៉ូម៉ូ មានអាយុ 2 ខែ 2ថ្ងៃ ហើយអ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមីក៏បានរៀបចំពិធីសូត្រមន្តបង្ក់សិរីកូនស្រី តាមបែបប្រពៃណី និងជំនឿព្រះពុទ្ធសាសនា ព្រមទាំងរៀបចំពិធីជួបជុំដែលអញ្ជើញតារាល្បីៗ មកចូលរួមយ៉ាងច្រើនកុះករ នៅក្នុងនោះគែមើលឃើញមាន អ្នកនាង សុគន្ធ នីសា គ្រួសារលោក ជា វណ្ណារិទ្ធ និងតារាសម្ដែងស្រីល្បីឈ្មោះ មាន សូនីតា ។

    គួររំឭកផងដែរថា នាងតូច គីម សីហ៍មរកត ទើបតែមានអាយុ 2ខែ ប៉ុណ្ណោះ តែអាចរកចំណូលបានខ្ទង់ម៉ឺនដុល្លារឱ្យអ្នកម្តាយស្រីមុំ តាមរយៈការចុះកុងត្រាធ្វើជាអ្នកតំណាងផលិតផលម្សៅទឹកដោះគោ និងជាមួយក្រុមហ៊ុនលក់របស់ប្រើប្រាស់សម្ភារសម្រាប់ទារកផ្សេងៗទៀត ដែលមានតម្លៃខ្លួនមិនក្រោមខ្ទង់ម៉ឺនដុល្លារនោះទេ៕

  • កោះម៉ាយថន់ ឋានសួគ៌ក្រេបទឹកឃ្មុំ

    កោះម៉ាយថន់ ឋានសួគ៌ក្រេបទឹកឃ្មុំ

    កោះទេសចរណ៍ភូកេត មានកន្លែងដើរកម្សាន្តជាច្រើន និងដូចដែលធ្លាប់បានជម្រាបជូនប្រិយមិត្តទាំងអស់គ្នាកាលពីលើកមុនរួចហើយថា មានតំបន់ទេសចរណ៍មួយកន្លែងឈ្មោះថា «លែមភ្រំថេប ( แหลมพรหมเทพ )» ក៏មានទីតាំងស្ថិតនៅលើកោះភូកេតនេះដែរ។ ដោយឡែកថ្ងៃនេះ យើងនឹងបន្ដដំណើរទៅកាន់កោះតូចមួយទៀត ដែលស្ថិតនៅលើតំបន់ទេសចរណ៍ដ៏ល្អប្រណីតនេះដដែល នោះគឺកោះឋានសួគ៌ «កោះម៉ាយថន់ ( เกาะไม้ท่อน ) » ជាកន្លែងទស្សនាសត្វ និងរុក្ខជាតិបាតសមុទ្រដ៏ត្រជាក់ភ្នែក។

    កោះម៉ាយថន់ ត្រូវបានភ្ញៀវទេសចរឱ្យឈ្មោះមួយទៀតថាជា កោះ Honeymoon island ដែលមានទីតាំងស្ថិតនៅភាគខាងកើតនៃកោះភូកេត។ កោះតូចច្រឡឹងមួយនេះ មានភ្ញៀវទេសចរជាច្រើនបានចាប់អារម្មណ៍មកសម្រាកលម្ហែកម្សាន្ដយ៉ាងកុះករ ជាពិសេស គឺគូស្នេហ៍ថ្មោងថ្មីតែម្ដង។ លោកអ្នកអាចធ្វើដំណើរតាមរយៈទូក ដែលចេញពីកោះភូកេត ទៅកាន់កោះនេះក្នុងរយៈចម្ងាយ 9គីឡូម៉ែត្រ ។

    អ្វីដែលគួរឱ្យចាប់អារម្មណ៍មុនពេលចេញដំណើរនោះគឺ កំពង់ផែចំណតទូកដែលត្រូវបានគេសាងឡើងពីបំពង់ឬស្សីធំៗ និងបន្ទាស់ក្ដារ។ កោះម៉ាយថន់ មិនត្រឹមមានសោភណភាពស្រស់ស្អាតនោះទេ លោកអ្នកថែមទាំងអាចទស្សនារុក្ខជាតិ និងសត្វសមុទ្របានយ៉ាងងាយ ដោយមិនចាំបាច់មុជទឹកជ្រៅឡើយ។ ចំពោះតម្លៃការសម្រាកនៅលើកោះ មានតម្លៃរាងថ្លៃបន្ដិច ព្រោះថា រីសតដែលបានរៀបចំនៅលើកោះនេះ មានតែមួយកន្លែងគត់ និងទំនើបលំដាប់ផ្កាយ 5 ទៀតផង។

    ចង់ដឹងថា កោះម៉ាយថន់ មានអ្វីប្លែកខ្លះនោះ សូមទស្សនារូបភាពទាំងអស់នេះ ៖

     

  • ក្រុមហ៊ុន​សហគ្រាស ចុះបញ្ជី​ថ្មី​កើនឡើង​ជាង100%ក្នុង​ឆមាស​ទី1

    ក្រុមហ៊ុន​សហគ្រាស ចុះបញ្ជី​ថ្មី​កើនឡើង​ជាង100%ក្នុង​ឆមាស​ទី1

    ការចុះបញ្ជី​ក្រុមហ៊ុន​ថ្មី និង​ការិយាល័យ​ពាណិជ្ជកម្ម ព្រមទាំង​ការពង្រីក​សាខា​ក្រុមហ៊ុន​បរទេស​ក្នុង​ឆមាស​ទី1 ឆ្នាំនេះ បាន​កើនឡើង​រហូតដល់107,3%ដែលមាន​ចំនួន​សរុប4.534ក្រុមហ៊ុន បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន គឺ​មានតែ​ចំនួន2.190ក្រុមហ៊ុន។ នេះ​បើតាម​ការ​ឱ្យដឹងពី​ក្រសួងពាណិជ្ជកម្ម។

    របាយការណ៍​បាន​បង្ហាញថា​ដោយឡែក​ការចុះបញ្ជី​សហគ្រាស​ឯកបុគ្គល​ថ្មី​ក្នុង​ឆមាស​ទី1ឆ្នាំនេះ​មាន​ចំនួន​ជាង1ពាន់​សហគ្រាស(1.205)ប្រៀបធៀប​នឹងឆមាស​ទី1ឆ្នាំ2017មាន​ចំនួន478សហគ្រាស​គឺមាន​ការកើនឡើង152,09%។

    ចំណែក​ការចុះបញ្ជី​លើ​ការកែប្រែ​របស់​ក្រុមហ៊ុន​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​និង​សាខា​ក្រុមហ៊ុន​បរទេស​ក្នុង​ឆមាស​ទី1ឆ្នាំ2018មាន​ចំនួន4.315ក្រុមហ៊ុន​ប្រៀបធៀប​ទៅ​ឆមាស​ទី1ឆ្នាំ2017ដែលមាន​ចំនួន3.342ក្រុមហ៊ុន​ គឺមាន​ការកើនឡើង​ដល់29,11%។

    ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពា​ណិជ្ជកម្មបាន​មានប្រសាសន៍​ឱ្យដឹងថា៖ កំណើន​ការចុះបញ្ជី​ថ្មី​នៃ​ក្រុមហ៊ុន សហគ្រាស​ទាំងនេះ ដោយសារតែ​ប្រទេស​កម្ពុជា បាន​បើកទូលាយ​នូវ​ច្បាប់​វិនិយោគ គួបផ្សំ​ជាមួយ​បរិយាកាស​វិនិយោគ​ដ៏​ល្អប្រសើរ។

    ឯកឧត្តម​បាន​បន្តថា៖“ប្រទេស​កម្ពុ​ជាមាន​លក្ខ​ខណ្ឌ​ពិសេស​ជាច្រើន ដែល​អនុញ្ញាតឱ្យ​ជនបរទេស​បោះទុន100% បង្កើត​ក្រុមហ៊ុន​នៅទីនេះ និង​មានច្បាប់​ព​ន្ធដា​មិនមាន​ភាព​ស្មុ​គស្មាញ​ជាដើម ”។

    ក្រសួងពាណិជ្ជកម្ម​កាល​ពី​ឆ្នាំ2015 បានប្រកាស​ដាក់​ឱ្យដំណើរការ​ប្រព័ន្ធ​ចុះបញ្ជី​ថ្មី​តាម​ប្រព័ន្ធ​អុីន​ធើ​ណិត (អន​ឡាញ) ដែល​គិត​រហូត​មកទល់ពេលនេះ ការចុះបញ្ជី​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់ និង​ល្អប្រសើរ​ជាង​មុន ដោយសារ​កាត់បន្ថយ​ការចំណាយ និង​ពេលវេលា​ធ្វើដំណើរ ដោយសារ មាន​ភាព​កកស្ទះ​នៃ​ចរាចរណ៍៕

  • ឧកញ៉ា លី ហួរ ប្រាប់​អ្នកជំនួញ​បរទេស​អំពី​សក្ដានុពល​អចលនទ្រព្យ​នៅ​កម្ពុជា

    ឧកញ៉ា លី ហួរ ប្រាប់​អ្នកជំនួញ​បរទេស​អំពី​សក្ដានុពល​អចលនទ្រព្យ​នៅ​កម្ពុជា

    ទោះបី​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​មានការកើនឡើង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ក៏ពិតមែន ប៉ុន្តែ​វិស័យនេះ​ហាក់​នៅ​មិន​ទាន់ឆ្អែត​នៅឡើយ បើ​ធៀប​ជាមួយ​ប្រទេស​មួយចំនួនទៀត​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍។

    លោក​ឧកញ៉ា លី ហួរ ប្រធាន​សមាគម​អ្នកអភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា បាន​មានប្រសាសន៍​ទៅកាន់​អ្នកវិនិយោគ​វិស័យ​អចលនទ្រព្យ​អាស៊ាន​ក្នុង​កម្មវិធី​សន្និបាត និង​ពិព័រណ៍​អចលនវត្ថុ សមាគម​ភ្នាក់ងារ​អចលនវត្ថុ​អាស៊ាន​ឆ្នាំ2018 ដែល​បាន​ធ្វើឡើង​នៅ​ក្រុងភ្នំពេញ កាលពី​សប្តាហ៍​មុន ដោយ​ជំរុញ​ដល់​អ្នកជំនួញ​ផ្នែក​អចលនវត្ថុ​ក្នុង និង​ក្រៅប្រទេស​ចូលមក​វិនិយោគ​ដីធ្លី​នៅ​កម្ពុជា​ដោយសារ​វិស័យ​មួយ​នេះ​នៅតែមាន​សក្តានុពល​ខ្លាំង​នៅឡើយ​នាពេល​បច្ចុប្បន្ន​ក៏ដូចជា​ពេលអនាគត​ខាងមុខ។

    កម្ពុជា​បាន​ប្រកាន់យក​របប​ទីផ្សារសេរី​ដែល​ធ្វើឱ្យមាន​ការអភិវឌ្ឍ​ខ្លាំង​ក្នុង​វិស័យ​អចលនទ្រព្យដូចជា​អគារខ្ពស់ៗកប់​ពពក (Skyscraper Building) អគារ​ខុន​ដូ-អា​ផាត​មិន សំណង់​អគារ​លំនៅឋាន​ផ្ទះល្វែង-វីឡាទំនើបៗ អគារ​សាលារៀន​លំដាប់ថ្នាក់​អន្តរជាតិ ផ្សារទំនើបៗ និង​ហេដ្ឋារចនាសម្ព័ន្ធធំផ្សេងៗទៀត​ជាច្រើន។ អចលនទ្រព្យ គឺជា​វិស័យ​ដែលមាន​ការរីកចម្រើន​គួរឱ្យកត់សម្គាល់​ក្នុងនោះ​អ្នកវិនិយោគទុន​ក្នុងស្រុក និង​អន្តរជាតិ​កាន់តែ​ចាប់អារម្មណ៍។ បើ​ប្រៀបធៀប​ទៅនឹង​បណ្តា​ប្រទេស​អាស៊ាន​ដទៃទៀត​ប្រទេស​កម្ពុជា​នៅមាន​ឱកាស​ក្នុង​ការពង្រីក​ការវិនិយោគ​យ៉ាង​ទូលំទូលាយ ពិសេសវិនិយោគ​លើ​អចលនទ្រព្យ និង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធផ្សេង។

    លោក​បានបញ្ជាក់ថា ហេតុផលសំខាន់ៗដើម្បី​បង្ហាញថា ប្រទេស​កម្ពុជា​គឺជា​កន្លែង​ដែល​ត្រូវ​វិនិយោគ​លើ​វិស័យនេះ គឺ​ដោយសារ​កម្ពុ​ជាមាន៖ 1.ម៉ាក្រូសេដ្ឋកិច្ច​មាន​កំណើន​ថេរ 7%ជា​រៀងរាល់ឆ្នាំ។ 2.រដ្ឋាភិបាល​មានការ​គាំទ្រ​ទៅលើ​វិស័យ​ពាណិជ្ជកម្ម​ឯកជន ក្នុង និង​ក្រៅប្រទេស។ 3.ការវិនិយោគ​មានការ​ប្រកួតប្រជែង។ 4.កម្ពុ​ជាមាន​ទីភ្នាក់ងារ​លើកកម្ពស់​ការវិនិយោគ​ដែល​ផ្តល់​សេវាកម្ម​ច្រកចេញ-ចូល​តែមួយ។ 5.រដ្ឋាភិបាល​មាន​គោលនយោបាយ​គាំពារ​អ្នកវិនិយោគ​បរទេស។ 6.មាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់ និង​មាន​ទីតាំង​អំណោយផល​ល្អ និង7.មាន​ធនធាន​ពលកម្ម​គ្រប់គ្រាន់ និង​ទីតាំង​ភូមិសាស្រ្តល្អ​ងាយស្រួល​ដល់​ការដឹកជញ្ជូន។ ករណីនេះ​លោក​បាន​ជំរុញ និង​លើកទឹកចិត្ត​ដល់​វិនិយោគិន​ក្នុងស្រុក និង​បរទេស​ទាំងអស់​ឱ្យ​ពិនិត្យមើល និង​ធ្វើការ​ពិចារណា​ក្នុងការ​សម្រេចចិត្ត​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ដែលជា​ប្រទេស​មាន​យុទ្ធសាស្ត្រ​ពាណិជ​កម្ម​ត្រឹមត្រូវ មាន​ចក្ខុវិស័យ​សម្រាប់​ការវិនិយោគ ជាពិសេស​វិស័យ​អចលនទ្រព្យ និង​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​ឈានទៅដល់​ការអភិវឌ្ឍ និង​ទទួលបាន​អត្ថប្រយោជន៍​យូរអង្វែង​សម្រាប់​វិនិយោគិន​ទាំងអស់។

    ជាមួយគ្នានេះ​លោក​បណ្ឌិត គីម ហ៊ាង ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ដែលជា​ប្រធាន​វេទិកា ARENA ក្នុង​ឆ្នាំ2018 នេះ​បាន​លើកឡើងថា ព្រឹត្តិការណ៍​ថ្នាក់​ពិភពលោក​នេះ​បាន​នាំ​អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​ជុំវិញ​ពិភពលោក​មក​ចែករំលែក​បទពិសោធ និង​ស្វែងរក​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ​ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ។ ព្រឹត្តិការណ៍​នេះ​ក៏បាន​នាំ​កម្ពុជា​ទៅកាន់​ពិភពលោក និង​នាំ​ពិភពលោក​មកកាន់​កម្ពុ​ជា​ដែរ។ អ្នក​អភិវឌ្ឍន៍ និង​អ្នកវិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ និង​លំនៅឋាន​ជុំវិញ​ពិភពលោក​បានដឹង​អំពី​ទីផ្សារ​អចលនទ្រព្យ​នៅតាម​បណ្តា​ប្រទេស​ដទៃទៀត ហើយ​ពួកគេ​អាច​ស្វែងរក​ភាពជា​ដៃគូថ្មីៗដើម្បី​វិនិយោគ​នៅ​ទីផ្សារ​ក្រៅប្រទេស​របស់ខ្លួន។

    លោក​មានប្រសាសន៍​បន្ថែ​ម​ថា បើ​អ្នកវិនិយោគ​បរទេស​ចង់​ទិញ​ដី​នៅ​កម្ពុជា គួរ​ទាក់ទង​អ្នកណា​ដែលមាន​ជំនាញ និង​មាន​ក្រមសីលធម៌​ច្បាស់លាស់ មានច្បាប់​អនុញ្ញាត​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​ពាក់ព័ន្ធផ្សេងៗទៀត និង​ជា​បុគ្គល​ដែល​ធ្លាប់​ផ្តល់​ទំនុកចិត្ត​ទៅដល់​ដៃគូ​វិនិយោគ ក៏ដូចជា​អតិថិជន​របស់ខ្លួន ចៀសវាង​ចាប់​ដៃគូ​ជាមួយ​បុគ្គល​ណា ដែល​មិនមាន​ប្រវត្តិ និង​ក្រុមហ៊ុន​ច្បាស់លាស់។

    ថ្លែង​ក្នុង​វេទិកា​ខាងលើ​នោះដែរ លោក ឆាល​រ៍ វ៉ាន់ សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​អ្នកសាងសង់​កម្ពុជា​បាន​ថ្លែងថា កំណើនសេដ្ឋកិច្ច និង​កំណើនប្រជាជន​បានធ្វើឱ្យ​តម្រូវការ​កន្លែង​ស្នាក់នៅនិង​អគារធំៗនៅ​កម្ពុជា​កើន​ឡើងជា​បន្តបន្ទាប់ ពិសេសក្នុង​រយៈពេល​ជាង 5ឆ្នាំ​កន្លងមកនេះ។ លោក​បានឱ្យដឹងថា ការរីកចម្រើន​នេះ​បានធ្វើឱ្យ​មូលធនវិនិយោគ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពី​ឆ្នាំ2013 រហូតមកដល់​ត្រឹម​ដំណាច់​ឆមាស​ទី1 ឆ្នាំ2018នេះ មានតម្លៃ​សរុប 23,146ពាន់​លាន​ដុល្លារ។

    ការថតរូបជុំគ្នាក្នុងកម្មវិធី សន្និបាត និងពិព័រណ៍អចលនវត្ថុ សមាគមភ្នាក់ងារអចលនវត្ថុអាស៊ានឆ្នាំ2018

    យោងតាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​បង្ហាញថា គិត​ត្រឹម​ខែធ្នូ ឆ្នាំ2017 ការវិនិយោគ​សរុប​លើ​វិស័យ​អចលនទ្រព្យ​មាន​ចំនួន 3,052គម្រោង ដែលមាន​ផ្ទៃដី​សរុប​ជិត 11លាន​ម៉ែត្រការ៉េ ដែលមាន​តម្លៃ​ប៉ាន់ស្មាន​ប្រមាណ​ជាជាង 6ពាន់​លាន​ដុល្លារ។ ការវិនិយោគ​សរុប​ស​ម្រា​ប់​ឆមាស​ទី1 ឆ្នាំ2018នេះមាន​ចំនួន 1,643គម្រោង​ច្រើនជាង 5លាន​ម៉ែត្រការ៉េ ដែលមាន​ទឹកប្រាក់​វិនិយោគ​ក្នុងតម្លៃ​ប៉ាន់ស្មាន​សរុប​ជាង 2ពាន់​លាន​ដុល្លារ។

    គួរ​ជម្រាប​បន្ថែម​ដែរ​ថា នៅ​កម្ពុជា​អ្នកវិនិយោគ​មកពី​ប្រទេស​ចិន​ជាប់​ចំណាត់ថ្នាក់​លេខ1ក្នុង​វិស័យ​អចលនទ្រព្យ បន្ទាប់មក​គឺ​ប្រទេស​កូរ៉េ​ជាប់​លំដាប់ថ្នាក់​លេខ2 ប្រទេស​ជប៉ុន​ជាប់​ចំណាត់ថ្នាក់​លេខ3 ចំណែក​ប្រទេស​សិង្ហបូរី​ជាប់​ចំណាត់ថ្នាក់​លេខ4 ហើយ​ចុងក្រោយ​គេ គឺ​ប្រទេស​ថៃឡង់​ដ៍៕

  • Trippier៖ អង់គ្លេស មិនត្រូវ​ស្លន់ស្លោ​ឡើយ ក្រោយ​ចាញ់​អេ​ស្ប៉ា​ញ

    Trippier៖ អង់គ្លេស មិនត្រូវ​ស្លន់ស្លោ​ឡើយ ក្រោយ​ចាញ់​អេ​ស្ប៉ា​ញ

    ខ្សែការពារ Kieran Trippier បាន​បញ្ជាក់ថា វា​គ្មាន​ហេតុផល​អ្វីដែល​ត្រូវ​ភ័យ​ស្លន់ស្លោ​ឡើយ ក្រោយពី​ក្រុមបាល់ទាត់​ជម្រើសជាតិ​អង់គ្លេស បាន​រង​បរាជ័យ​ជា​លើក​ទី3 ជាប់ៗគ្នា ក្នុងការ​ប្រកួត​បើកឆាក​នៃ​យុទ្ធនាការ Nations League របស់​ពួកគេ ក្រោម​ស្នាដៃ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ។

    ការប្រកួត​កាលពី​ថ្ងៃ​សៅរ៍​នា​កីឡដ្ឋាន Wembley គឺជា​ការប្រកួត​លើក​ទី1 របស់លោក Gareth Southgate ចាប់តាំងពី​ពួកគេ​បាន​ឈានទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ World Cup វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្នុងប្រទេស​រុស្ស៊ី។ ប៉ុន្តែ ក្រុមបាល់ទាត់​ជម្រើសជាតិ​អង់គ្លេស មិនអាច​ដណ្តើមយក​ប្រៀប​នៃ​ការជួប​លទ្ធផល​យ៉ាង​ល្អ​ក្នុងប្រទេស​រុស្ស៊ី​ឡើយ ដោយ​ចាញ់​ការប្រកួត​ជា​លើក​ទី3 ជាប់ៗគ្នា ក្រោយពី​ចាញ់​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី​ក្នុង​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​ចាញ់​ក្រោម​ស្នាដៃ​ក្រុម​ជម្រើសជាតិ​បែលហ្ស៊ិក ក្នុងការ​ប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ3។

    ខ្សែប្រយុទ្ធ Marcus Rashford បា​នរក​គ្រាប់​បាល់​បើកឆាក​សម្រាប់​ក្រុម​ជម្រើសជាតិ​អង់គ្លេស ប៉ុន្តែ​កីឡាករ Saul Niguez បា​នរក​គ្រាប់​បាល់​តាម​ស្មើ​វិញ​សម្រាប់​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ ហើយ​កីឡាករ Rodrigo បា​នរក​គ្រាប់​បាល់​ឈ្នះ​ក្នុង​តង់​ទី1។ ប៉ុន្តែ ខ្សែការពារ Trippier របស់​ក្លិប Tottenham បាន​បញ្ជាក់ថា វា​គ្មានអ្វី​ត្រូវ​ស្លន់ស្លោ​ឡើយ ក្រោយពី​ការរង​បរាជ័យ​ក្នុង​លទ្ធផល 2-1។ កីឡាករ​រូបនេះ​បានឱ្យដឹងថា៖ «វា​មិនមែនជា​កង្វល់​អ្វី​ឡើយ។ យើង​កំពុងតែ​កសាង​ភាពខ្លាំង ហើយ​យើង​អាចធ្វើ​បាន ក្នុងពេល​ប្រកួត​ជាមួយ​ក្រុម​ខ្លាំង​បែបនេះ។ យើង​ចង់​សាកល្បង​ខ្លួន​យើង​ពេល​ប៉ះ​ក្រុម​ខ្លាំង​បំផុត ហើយ​ពិតណាស់ យើង​បាន​បង្កើតឱ្យមាន​ការ​ប្រជែង​មួយ»៕

    ប្រភពពី៖ Channel News Asia

  • បាក់​ឌុប​គ្រាន់តែ​ជាការ​ចាប់ផ្តើម…ជាប់ ឬ​ធ្លាក់ មិនមែនជា​កត្តា​កំណត់​ភាពជោគជ័យ​នោះទេ

    បាក់​ឌុប​គ្រាន់តែ​ជាការ​ចាប់ផ្តើម…ជាប់ ឬ​ធ្លាក់ មិនមែនជា​កត្តា​កំណត់​ភាពជោគជ័យ​នោះទេ

    ម្សិលមិញ​នេះ លទ្ធផល​ប្រឡង​បាក់​ឌុប​បានប្រកាស​ជា​ផ្លូវការ ដែល​ធ្វើឱ្យមាន​ការរំជើបរំជួល​ក្នុង​ស្រទាប់​យុវវ័យ ជាពិសេស​ក្រុមគ្រួសារ​អ្នក​ដែលមាន​សមាជិក​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​នេះ។ ជា​លទ្ធផល​បានបង្ហាញ​ឱ្យឃើញថា សិស្ស​ប្រមាណ​ជាង 60% បាន​ប្រឡង​ជាប់ ស្រប​ពេលដែល​ចំនួន​អ្នកធ្លាក់​មានការ​ថយចុះ។ តែ​ទោះបីជា​យ៉ាងនេះ​ក្តី លទ្ធផល​នេះ​បានធ្វើឱ្យ​មនុស្ស​ជាច្រើន​រីករាយ ស្រប​ពេលដែល​យុវជន​មិនតិច​ទេ​បាន​ខកបំណង និង​បាក់​ទឹកចិត្ត​ធ្ងន់ធ្ងរ។

    តាមរយៈ​ការបង្ហាញ​ក្នុង​បណ្តាញ​សង្គម Facebook មាន​អ្នកខ្លះ​អបអរសាទរ​ដល់​បង​ប្អូន មិត្តភក្តិ ដោយ​ការចែករំលែក​លទ្ធផល​ពី​ការប្រកាស​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ខណៈ​អ្នក​ខ្លះទៀត​បង្ហាញ​សារ​លើកទឹកចិត្ត​ដល់​បងប្អូន ឬ​មិត្តភក្តិ​កុំឱ្យ​សោកសៅ​ខ្លាំងពេក ហើយ​ខិតខំ​តស៊ូ​ជាថ្មី។ ចំពោះមុខ​លើ​បញ្ហា​នេះ​សម្រាប់​អ្នក​ជាប់ អាច​រាប់បាន​ថា ជាការ​ឆ្លង​ផុត​គ្រោះ​មួយ​ដំណាក់កាល តែ​សម្រាប់​អ្នកធ្លាក់​វិញ គឺ​ហាក់បីដូចជា​ធ្លាក់​ក្នុង​សភាព​ដុនដាប​ខ្លាំង រហូត​ងើបមុខ​លែង​ចង់​រួច។

    តែ​តាមពិតទៅ ជា​ស្ថានភាព​ជាក់ស្តែង​មិនមែន​បែបនេះ​ទេ។ ការប្រឡង​បាក់​ឌុប​គឺ​គ្រាន់តែ​ជា​ដំណាក់កាល​ចាប់ផ្តើម​តែប៉ុណ្ណោះ។ អ្នក​ប្រឡង​ជាប់​បាក់​ឌុប​ត្រូវ​បន្ត​ឆ្លងកាត់​ឧបសគ្គ​ជាច្រើន​ផ្សេងទៀត​នៅ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា និង​ពិភព​ការងារ​ជាក់ស្តែង ចំណែកឯ​អ្នកធ្លាក់​បាក់​ឌុប អា​ចរាប់ថា​ជាការ​ឆ្លងកាត់​មេរៀន​ជីវិត​មួយ​ដែល​អាច​បង្រៀន​យើង​ឱ្យ​ចេះ​តស៊ូ និង​ភ្ញាក់ខ្លួន​ទៅវិញ​ទេ។

    ក្នុងការ​រស់នៅ​របស់​មនុស្សម្នាក់ៗ បន្ទាប់ពី​បញ្ចប់​ការសិក្សា ត្រូវ​ចំណាយពេល​ជាច្រើន​ឆ្នាំ​បន្តទៀត​ដើម្បី​អភិវឌ្ឍ​ខ្លួនឯង ហេតុនេះ​ការ​ល្អៀង​គ្នា​មួយឆ្នាំ មិន​រាប់​ថា​ជាការ​ចាញ់ឈ្នះ ឬ​ជា​ចំណុច​បញ្ចប់​នៃ​លទ្ធផល​ជោគជ័យ ឬ​បរាជ័យ​នោះទេ។

    សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា ព្រះ​តេជគុណ គូ សុភាព បាន​មាន​សង្ឃដីកា​ថា តាមពិត​ការប្រឡង គឺ​ដើម្បី​ឱ្យមាន​អ្នកធ្លាក់​នេះឯង បើ​គ្មាន​អ្នក​ជាប់-អ្នកធ្លាក់​គេ​មិនបាច់​ប្រឡង​ទេ ហេតុនេះ​ការជាប់ ឬ​ធ្លាក់​ជា​រឿង​ធម្មតា។ អ្នក​ជាប់​អាច​រីករាយ តែ​អ្នកធ្លាក់​អាច​ចាត់ទុក​បញ្ហា​ទាំងអស់នេះ​ជា​មេរៀន​សម្រាប់​ជំរុញ​ឱ្យ​ខ្លួនឯង​ភ្ញាក់ខ្លួន​ឡើង ហើយ​ពង្រឹងស្មារតី​របស់ខ្លួន​ឱ្យ​ល្អ​ដើម្បី​ខំរៀន​ឡើងវិញ។

    ក្នុង​ពិភព​នៃ​ការធ្វើការងារ​ជាក់ស្តែង គេ​មិន​ខ្វល់​ពី​ពិន្ទុ ឆ្នាំ​ប្រឡង ឬ​សញ្ញាបត្រ​ទាំងស្រុង​នៅក្នុង​សាលា​នោះទេ តែ​អ្វីដែល​គេ​ផ្តោត គឺ​សមត្ថភាព​ជាក់ស្តែង​ក្នុង​ការធ្វើការងារ។ ហេតុនេះ​ប្រសិនបើ​យើង​បាន​ប្រឡង​ជាប់ ហើយ​ពិន្ទុ​ល្អ​គ្រប់​ដំណាក់កាល និង​ថែមទាំង​មាន​សមត្ថភាព​ខ្ពស់​បន្ថែមទៀត វា​នឹង​ក្លាយជា​ចំណុច​អាទិភាព​សម្រាប់​ទទួលបាន​ការងារ​ល្អ តែ​ប្រសិនបើ​មិនទាន់មាន​សមត្ថភាព​ឆ្លើយតប​នឹង​ការងារ​ជាក់ស្តែង​នៅឡើយ​ទេនោះ ការចំណាយ​ពេលវេលា​រៀន​ឡើងវិញ​ដើម្បី​ពង្រឹងសមត្ថភាព គឺជា​រឿង​ត្រឹមត្រូវ​បំផុត។

    ហេតុនេះ​ការប្រឡង គឺ​គ្រាន់តែ​ជា​ដំណាក់កាល​ឆ្លុះ​មើល​សមត្ថភាព​របស់​ម​នុស្សម្នាក់ៗប៉ុណ្ណោះ សម្រាប់​អ្នក​មិនទាន់មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ទៅមុខទៀត​មិនមែន​មិនអាច​ទៅមុខ​បានទេ ព្រោះ​ក្រសួង​អប់រំ​ក៏​បើកឱកាស​សម្រាប់​ប្រឡង​សាជាថ្មី ហើយ​សាលា​ជាច្រើន​ក៏បានផ្តល់​ឱកាស​សម្រាប់​ចាប់យក​អាជីព​តាម​លទ្ធភាព​ដែរ។ ចំណុច​ដែល​ត្រូវផ្តោត​គឺ ត្រូវ​អភិវឌ្ឍ​សមត្ថភាព​ឱ្យ​ខ្លាំង​ឡើងវិញ​ជាមួយនឹង​ស្មារតី​រឹងមាំ​ដែល​កើតចេញពី​បទពិសោធ​មិនល្អ រហូត​ប្រកួតប្រជែង​បាន​ឡើងវិញ ព្រោះ​មាន​អ្នករៀន​ជំនាន់​ក្រោយ​មិនតិច​ទេ​ដែលមាន​អនាគត​ល្អ​ជាង​អ្នក​ដែល​រៀន​ខ្ពស់ជាង​គាត់​មួយឆ្នាំ ឬ2ឆ្នាំ។ ជោគជ័យ​ពិត អាស្រ័យ​លើ​សមត្ថភាព មិនមែន​អាស្រ័យ​លើ​សញ្ញាបត្រ​នោះទេ៕

  • លោកឧកញ៉ា ចេង ខេង បង្ហាញពីយុទ្ធសាស្រ្ត​ធ្វើការជាមួយធនាគារឱ្យជោគជ័យ

    លោកឧកញ៉ា ចេង ខេង បង្ហាញពីយុទ្ធសាស្រ្ត​ធ្វើការជាមួយធនាគារឱ្យជោគជ័យ

    ក្រុមហ៊ុន​វាយតម្លៃ​អចលនទ្រព្យ​កម្ពុជា ស៊ី​ភី​អិ​ល (CPL) បាន​ប្រារព្ធ​ពិធី​ចុះហត្ថលេខា​ជា​ដៃគូ​សហប្រតិបត្តិការ​ដោយមាន​លោក​ឧកញ៉ា ចេង ខេង ជា​អគ្គនាយក និង​លោក Ha Trong Khiem អគ្គនាយករង MB Bank ជា​តំណាង​ហត្ថលេខី​នៃ​ភាគី​ទាំង2 ដែល​កិច្ចព្រមព្រៀង​នេះ​នឹង​បង្កើន​ការលក់​សេវា​អចលនទ្រព្យ​របស់ អេ​ម​ប៊ី តាមរយៈ​ស៊ី​ភី​អិ​ល ក្រោយពី​បានធ្វើ​កិច្ចការងារ​យ៉ាង​ជិតស្និទ្ធ​ជាមួយគ្នា​ជាច្រើន​ឆ្នាំកន្លងមក។

    ឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន​វាយតម្លៃ​អចលនទ្រព្យ​កម្ពុជា ស៊ី​ភី​អិ​ល CPLបាន​មានប្រសាសន៍ថា នេះ​ជាការ​ចុះហត្ថលេខា​រវាង​ស៊ី​ភី​អិ​ល (CPL) ជាមួយ​ធនាគារ​អេ​ម​ប៊ី​ជា​លក្ខណៈ​ដៃគូ​មួយ​បានន័យថា គាត់​ប្រើ​សេវាកម្ម​ផ្តាច់មុខ​ជាមួយ​ស៊ី​ភី​អិ​ល​លើ“សេវាកម្ម​វាយតម្លៃ” ព្រោះ​ស៊ី​ភី​អិ​លអាច​ផ្តល់​សេវា​ដែល​គាត់​ចង់បាន ដែល​គាត់​ពេញចិត្ត លឿន​ទាន់​ចិត្ត​ដែល​យើង​ព្យាយាម​ធ្វើ​កិច្ចការងារ​នេះ​ទាំងថ្ងៃទាំងយប់ និងបានសម្រេច​ផល​ក្នុង​មោទនភាព។

    លោក Trinh DucCuong នាយក​ប្រតិបត្តិ​របស់​ធនាគារ MB បាន​មានប្រសាសន៍ថា ការលើកកម្ពស់​អភិវឌ្ឍន៍​លើ​ការវាយតម្លៃ​អចលនទ្រព្យ គឺជា​មធ្យោបាយ​ជំរុញឱ្យមាន​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ផ្តល់​អត្ថប្រយោជន៍​ដល់​ភាគី​ទាំង2។ ភាពជា​ដៃគូ​របស់​យើង​ត្រូវបាន​ពង្រីក​ដល់​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​គុណសម្បត្តិ​ក្នុង​គោលបំណង​បង្កើន​ការប្រកួតប្រជែង។

    លោក​ឧកញ៉ា ចេង ខេង បាន​បន្ថែមថា ជា​កិត្តិយស​របស់ CPLដែល MB បានជ្រើសរើស​ធ្វើជា​ដៃគូ​ក្នុង​ការធ្វើ​ជំនួញ​ជាមួយគ្នា។ ក្នុងនាម​ជា​អគ្គនាយក ខ្ញុំ​ប្តេជ្ញាចិត្ត​ថា​នឹង​បម្រើសេវា​កម្ម​ឱ្យ​ល្អ​តាម​ដែល​អាច​ធ្វើបាន តាម​តម្លៃ​ការងារ​របស់​យើង​ជូន​ដល់​អតិថិជន​មុននឹង​ទទួលបាន​អត្ថប្រយោជន៍​ផ្ទាល់ខ្លួន។ លោក​ថា “នេះ​ជាការ​ប្តេជ្ញាចិត្ត​កន្លងមក​នូវ​អ្វីដែល​យើង​បានធ្វើ​ដោយ​ទទួលបាន​ជោគជ័យ រហូតដល់​មានការ​ទទួលស្គាល់​ជា​លក្ខណៈ​ជាតិ គឺ​ពានរង្វាន់​ប្រចាំឆ្នាំ2018 ដែល​នេះ​គឺ​មិនមែនជា​រឿង​ងាយស្រួល​នោះទេ គឺ​ដោយសារ​យើង​ខំប្រឹងប្រែង យើង​ខំ​សព្វគ្រប់​បែបយ៉ាង​លើ​បញ្ហា​ប្រឈម​របស់​អតិថិជន​ទើប​យើង​មាន​ដូច​សព្វថ្ងៃ”។

    លោក​បញ្ជាក់ថា ការចុះហត្ថលេខា​នេះ គឺ​យើង​ធ្វើការ​តែ​លើ​សេវា​វាយតម្លៃ​ទេ ព្រោះ​ធនាគារ​ភាគច្រើន​មុននឹង​ផ្ដល់​កម្ចី​ជូន​អតិថិជន គឺ​គាត់​ត្រូវការ​ក្រុមហ៊ុន​មួយ​ដែលមាន​សមត្ថភាព​លើ​កិច្ចការងារ​ដែល​គាត់​ដាក់​មកឱ្យ​ដោយ​មិន​លម្អៀង មិន​ពុករលួយ។ គឺ​រឿង​នេះហើយ​ដែល​យើង​ត្រូវ​ប្រឹងប្រែង​ក្នុងនាម​ជា​ក្រុមហ៊ុន​ដែល​បម្រើការ​លើ​សេវាកម្ម​ដីធ្លី​នេះ។ យើង​ចង់​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ដទៃទៀត​ដែល​បម្រើ​សេវាកម្ម​ដីធ្លី គឺ​ដាច់ខាត​ត្រូវតែ​ប្រឹង​ប្រឺ​ង​ធ្វើការ​ងារ​ដោយ​តម្លាភាព ឱ្យ​អតិថិជន​មាន​ទំនុកចិត្ត​ដូច CPL បាន​អនុវត្ត​កន្លងមក និង​រហូតមកទល់​ស​ព្វ​ថ្ងៃជា​សក្ខីភាព​ស្រាប់។

    លោក Ha Trong Khiem និងលោកឧកញ៉ា ចេង ខេង ក្នុងកម្មវិធីចុះហត្ថលេខាមួយ

    លោក​ឧកញ៉ា​បានឱ្យដឹងថា មិន​ត្រឹមតែ​ធនាគារ MB នោះទេ​ដែល CPL បាន​សហការ​ជាមួយ ជារួម​ក្រុមហ៊ុន​យើង​សហការ​ជាមួយ​ធនាគារ​ជាច្រើន​នៅ​កម្ពុជា​គឺមាន​ធនាគារ​សឹងតែ 90%ដែល​ប្រើប្រាស់ CPL ក្នុងការ​វាយតម្លៃ​អចលនវត្ថុ​មុននឹង​ផ្ដល់​កម្ចី​ហើយ​ក្នុងចំណោម​ធនាគារ​ទាំងអស់ ក៏មាន​ធនាគារមួយចំនួន​បាន​ផ្តាច់មុខ​ឱ្យ​ក្រុមហ៊ុន CPL ដែរ គ្រាន់តែ​យើង​មិនទាន់​បានធ្វើ​ពិធី​ចុះហត្ថលេខា​បង្ហាញ​ជា​សាធារណៈ។

    ជាមួយគ្នានេះដែរ ក្រុមការងារ​បច្ចេកទេស​ក៏បាន​បង្ហាញ​ពី​បច្ចេកវិទ្យា​ដែល​សហការី​របស់ CPL ធ្វើការ​បាន​យ៉ាង​ឆាប់រហ័ស​ក្នុងការ​ស្វែងរក​ទីតាំង​ដី ទំហំ និង​តម្លៃ​តាមរយៈ​ស្មា​ត​ហ្វូ​ន(មិនមែន​តាមរយៈ​Google)មិន​ដល់​រយៈពេល 1នាទី​ផង។

    សូមបញ្ជាក់ថា យោងតាម​ការវាយតម្លៃ គេ​មើលឃើញថា ក្រុមហ៊ុន CPL អាច​ទទួល​ការងារ​បានតែ​ត្រឹម 200 ទៅ300ករណី​ប៉ុណ្ណោះ​ក្នុង1ខែ តែដោយសារ​តែ​ការបង្កើន​សមត្ថភាព គេ​ឃើញ​មានការ​កើនឡើង​ខ្លាំង​មែនទែន ពីព្រោះ CPLមាន​បច្ចេកវិទ្យា​ជួយ និង​ក្រុមការងារ​ជួយ ទើប​អាច​កើនឡើង​ពី300 ទៅ3000ករណី។ ឃើញថា​មាន​លក្ខណៈ​មួយ​ខុសប្លែកគ្នា​មែនទែន និង​សង្ឃឹមថា នៅ​ឆ្នាំ2019ខាងមុខ​យើង​នឹង​អាចមាន​សមត្ថភាព​សម្រេច​បាន 6000ករណី​ក្នុង1ខែ ទៅតាម​ផែនការ​ដែល​យើង​ចង់បាន។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក​ឧកញ៉ា​ចេង​ខេង។

    ចំពោះ​ភាគលាភ វា​គឺជា​អ្វីដែល​យើង​ចង់បានព្រោះ​ជា​តម្រូវការ​របស់​ក្រុមហ៊ុន។ នេះ​ជាការ​បញ្ជាក់ប្រាប់​ចំពោះ​អ្នកសារព័ត៌មាន​របស់​លោក​ឧកញ៉ា​ចេង ខេង។ លោក​មានប្រសាសន៍ថា និយាយ​ទៅ តម្រូវការ​មាន​ច្រើន យើង​ដឹងថា ធនាគារ​មាន​ច្រើន។ បើតាម​ការ​គន់គូរ បើ​សាខានីមួយៗមាន​ពី3ទៅ4 ក្នុង1ខែ ក៏​យើង​ទទួលបាន​រាប់រយ​រាប់ពាន់​គម្រោង​ដែរ។ ក្នុងនាម​យើង​ជា​អ្នកបម្រើ​អតិថិជន យើង​ត្រូវ​ត្រៀមខ្លួន​ជានិច្ច​ដើម្បី​រង់ចាំ​ឱកាស​មកដល់។ ចៀសវាង​នៅពេលដែល​ឱកាស​មកដល់​ហើយ តែ​យើង​បែរជា​មិនអាច​ចាប់យក​ឱកាស​នោះបាន ធ្វើឱ្យ​យើង​បាត់បង់​ឱកាស​ដ៏​ល្អ។ ដូច្នេះ​យើង​ត្រូវតែ​ផ្ចង់ស្មារតី និង​កសាង​សមត្ថភាព​ក្រុម​របស់​យើង​ឱ្យ​ខ្លាំង នៅពេល​ឱកាស​មកដល់ យើង​អាច​ចាប់យក​បាន​ដោយ​មិន​បាត់បង់។

    លោក​ឧកញ៉ា​ក៏បាន​បញ្ជាក់ទៀតថា លើ​ការវាយតម្លៃ​នេះ CPL បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ជួយ ធ្វើឱ្យ​ការងារ​ដំណើរការបាន​លឿន​រហ័ស និង​ធ្វើបាន​ច្រើន​ដល់​ទៅ 3,000ករណី​ក្នុង1ខែ ដែល​ប្រព័ន្ធ​នេះ​យើង​បាន​ប្រើ​យូរ​មកហើយ។ យើង​មាន(ដេ​តា)ច្រើន​នៅក្នុង​ប្រព័ន្ធ(System)យើង​មិនមែន​ទើប​តែមាន​ថ្ងៃនេះ​ទេ គឺ​យើង​កសាង និង​បានធ្វើ 20ឆ្នាំ​មកហើយ និង​មិន​នឹកស្មានថា យើង​មាន​សមត្ថភាព​អាច​ធ្វើបាន​បែបនេះ​ផង។ នេះ​ជា​មោទនភាព​របស់​យើង ហើយ​អតិថិជន​យើង​ក៏មាន​មោទនភាព​លើ​កិច្ច​ការដែល​យើង​អាច​សម្រេច​បានដែរ។ នេះ​ជាការ​ខិតខំ និង​ការផ្តល់​តម្លៃ​ដែល​ក្រុមហ៊ុន​យើង​ខំប្រឹងប្រែង​មកទល់​សព្វថ្ងៃនេះ។

    ទាំងអស់នេះ​គឺ​ដោយសារ​តែមាន​ធនាគារ​ច្រើនណាស់ ពេល​អតិថិជន​មករក​គាត់ ហើយ​គាត់​មិន​ចង់​បាត់​អតិថិជន ទើប​យើង​មានកម្ម​វិធី​នេះ​ដើម្បី​ជួយ​គាត់។ ឯ​ការបង្ហាញ​ទិន្នន័យ គឺ​មិន​ដល់​មួយ​នាទី​ទេយើង​អាច​ផ្តល់ព័ត៌មាន​លម្អិត​ជូន​អតិថិជន​នៅពេលនោះ​តែម្តង។ នេះ​ជាការ​ទប់ស្កាត់​អតិថិជន​មិនឱ្យ​ចាកចេញ ហើយ​ធនាគារ​អាច​នឹង​យក​ទិន្នន័យ​នេះ​ទៅ​សម្រេច​ផ្ដល់​កម្ចី​ជូន​អតិថិជន​បាន​ភា្លមៗតែម្ដង។

    ដូច្នេះហើយ​ទើប​ក្រុមហ៊ុន​យើង​គិត​ហើយ គិត​ទៀត ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​អតិថិជន​មាន​ទំនុកចិត្ត និង​ដោយសារ​យើង​មាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ ទើប​យើង​អាចធ្វើ​កិច្ចការងារ​នេះ​បាន។ វា​ជាការ​ព្រួយបារម្ភ​ដែរ​នៅពេលដែល​យើង​មិនអាច​បម្រើសេវា​កម្ម​ជូន​អតិថិជន​បាន តែបើ​យើង​គិត​មកដល់​បច្ចុប្បន្ន​គឺ​យើង​ធ្វើបាន មិន​ទាំង​ដល់ 1នាទី​ផង យើង​អាច​ដឹង និង​អាច​ផ្តល់​កម្ចី​ជូន​អតិថិជន​ដោយ​មិនមាន​ហានិភ័យ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ឧកញ៉ា។

    លោក​ឧកញ៉ា​បាន​អះអាង​ទៀតថា អ្វីដែល​យើង​ធ្វើ គឺ​យើង​មាន​វិជ្ជាជីវៈ​របស់​យើង ធនាគារ​គាត់​មិន​ចង់បាន​ហានិភ័យ​នៅពេល​ផ្តល់​កម្ចី គាត់​ផ្តល់​កម្ចី​ដោយ​ទទួល​ការប្រាក់7 ឬ 9ភាគរយ​យ៉ាងច្រើន ហើយ​គាត់​ចំណាយ​លើ​កិច្ចប្រតិបត្តិការ​រាប់ពាន់​កម្ចី បើ​ខូច​មួយ គឺ​ខាតបង់​រាប់លាន​ដុល្លារ។ ធនាគារ​គាត់​ត្រូវការ​ដៃគូ​សហការ​ដែល​យល់​ពិធីសារ​ច្បាស់លាស់មាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ ទើប​គាត់​ជ្រើស​រើសយក​ធ្វើជា​ដៃគូ ដូច្នេះហើយ​ការចុះហត្ថលេខា​ទទួលយក​ការបម្រើ​សេវាកម្ម​ផ្តាច់មុខ មិនមែនជា​រឿង​ធម្មតា​ទេ។

    លោក​ឧកញ៉ា ចេង ខេង បានបញ្ជាក់​ដោយ​មោទនភាព​ថា CPL ត្រូវបាន​ចាត់ទុកជា​ក្រុមហ៊ុន​ឈានមុខ​គេ​នៅ​កម្ពុជា តាមរយៈ​ពានរង្វាន់​ប្រចាំឆ្នាំ2018 ដែល​ពីមុនមក​ក្រុមហ៊ុន​ដីធ្លី និង​អចលនទ្រព្យ​ទាំងអស់​តែង​ចាត់ទុកថា​ខ្លួនឯង​ជា​អ្នក​លេខ1នៅពេល​ថ្លែង​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ តែ​ឥឡូវ​គាត់​លែង​ហ៊ាន​ហើយ ព្រោះ​ពានរង្វាន់​នេះ​មានការវាយតម្លៃ​ដោយ​ចៅក្រម​ដែលមាន​ជំនាញ​លើ​វិស័យ​ដីធ្លី ផ្តល់ឱ្យ​យើង​មាន​កិត្តិយស។ ពីមុន យើង​អៀនខ្លួនឯង​នៅពេល​ថា​យើង​ជា​ក្រុមហ៊ុន​លេខ1 តែ​ពេលនេះ​យើង​អាច​និយាយ​យ៉ាង​ពេញមុខ ពេញមាត់ និងក្នុង​មោទនភាព ព្រោះ​យើង​មាន​ភស្តុតាង និង​មានការ​វាយតម្លៃ​ដោយ​ចៅក្រម​ដែលមាន​បទពិសោធ។

    ទោះជា​យ៉ាងណា លោក​ឧកញ៉ា ចេង ខេង បាន​ថ្លែង​មុន​ពី​ធី​ចុះហត្ថលេខា អំពី​ការប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​ដែល​ធ្វើឱ្យ​លោក​ជោគជ័យ​ក្នុង​មុខ​ជំនួញ​អចលនទ្រព្យ​ជាង 20ឆ្នាំ​កន្លងមកនេះ។ លោក​គ្មាន​ចេះដឹង​អ្វី​ទាំងអស់​នៅពេល​ចាប់ផ្តើម​រកស៊ី​នៅក្នុង​វិស័យ​ដីធ្លី​នេះ គឺ​លោក​រៀន​បណ្តើរ ធ្វើការ​បណ្តើរ រៀន​ពី​កំហុស​មួយ ទៅ​កំហុស​មួយ ពី​អតិថិជន​ម្នាក់ ទៅ​អតិថិជន​ម្នាក់ រហូតដល់​ទទួលបាន​បទពិសោធ​ដែល​អាចបង្កើត​គោលការណ៍ និង​ដាក់ចេញ​ជា​រូបមន្ត​មួយចំនួន ដូចជា​ធ្វើ​ការងារ​ដោយ​ក្តី​ស្រឡាញ់​ពេញចិត្ត​លើ​កិច្ចការងារ​នេះ ជាពិសេស​គឺ​ធ្វើការ​ដោយ​បេះដូង។

    លោក​ក៏បាន​ថ្លែង​ទៀតថា ដើម្បី​បង្កើត​គោលដៅ​ឱ្យសម្រេចបាន​ជោគជ័យ យើង​ត្រូវបង្កើត​ផែនការ​ឱ្យបាន​ច្បាស់លាស់។ មុននឹង​បង្ហាញ​ព័ត៌មាន ត្រូវ​សិក្សា​ពី​ទីតាំង​ឱ្យ​លម្អិត។ បើ​ចង់បាន​លុយ​យើង​ត្រូវដាក់​ផែនការ​ជាក់លាក់ និង​ត្រូវមាន​ទំនាក់ទំនង​ល្អជា​មួយ​អតិថិជន។ យើង​ត្រូវ​គិតពី​គុណភាព​នៃ​ការបម្រើ​សេវាកម្ម និង​ប្រសិទ្ធភាព​ការងារ​របស់​យើង កុំ​មើលឃើញ​លុយ​ជាធំ​ពេក។ យើង​ត្រូវ​រៀន​ពី​កំហុស​ខ្លួន​យើង ហើយ​ចេះ​ទទួលយក​ការរិះគន់​ពី​អតិថិជន ដើម្បី​កែសម្រួល ច្នៃប្រឌិត ទើប​យើង​ទទួលបាន​ជោគជ័យ​ក្នុង​អាជីវកម្ម៕

  • ភ្នំពេញ​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ពិព័រណ៍​ឧស្សាហកម្ម​សំណង់​អគារ

    ភ្នំពេញ​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ពិព័រណ៍​ឧស្សាហកម្ម​សំណង់​អគារ

    ការជួប​ជុំគ្នា​ដ៏​ធំ​បំផុត​នៃ​អគារ​សំណង់ និង​ឧស្សាហកម្ម​ដែល​ពាក់ព័ន្ធ នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​ពិព័រណ៍ CAMBUILD 2018 នឹង​បង្ហាញឡើង​នៅ​ទីក្រុង​ភ្នំពេញ សប្តាហ៍​នេះ​នៅ​ថ្ងៃទី12 ដល់14 ខែកញ្ញា​ឆ្នាំ 2018 នៅឯ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ​ដែល​នឹង​ផ្តោតលើ​ប្រធានបទ “ការ​រចនា និង​ការរៀបចំ​ប្លង់​ពណ៌​បៃតង​សម្រាប់​Smart City” ។

    ភ្ញៀវទេសចរ​ជាង 10.000នាក់ រួមទាំង​ស្ថាបត្យករ អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ អ្នកម៉ៅការ អ្នក​រចនា​ផ្ទៃក្នុង វិស្វករ អ្នកពិគ្រោះ​យោបល់​អគ្គិភ័យ និង​សន្តិសុខ អ្នក​ដំឡើង​ម៉ាស៊ីនត្រជាក់ អ្នកគ្រប់គ្រង​ប្រព័ន្ធ​ទឹក និង​អ្នកពិគ្រោះ​យោបល់​អគ្គិសនី / វិស្វករ​ត្រូវបាន​គេ​រំពឹងថា​នឹង​មក​មើល​ព្រឹត្តិការណ៍​នេះ​ដែល​ពួកគេ​នឹង​មើលឃើញ​ពី​ការ​រចនា​ចុងក្រោយ​បំផុត​ជាមួយ​ការតាំងពិព័រណ៍​ផលិតផល និង​បរិក្ខា​សម្ភារ​ចំនួន 350កន្លែង និង​ម៉ាក​យីហោ​មកពី 23ប្រទេស។

    ការចំណាយ​លើ​ការសាងសង់​សំណង់ និង​តម្រូវ​ការឱ្យ​អគារ​មាន​គុណភាព​កាន់តែ​ប្រសើរ គឺជា​បញ្ហា​ប្រឈម​សម្រាប់​ឧស្សាហ​កម្មនេះ។ អ្នក​អភិវឌ្ឍន៍ អ្នកម៉ៅការ ស្ថាបត្យករ និង​អ្នក​រចនា​ត្រូវ​ពិនិត្យមើល​ការប្រើប្រាស់​វត្ថុធាតុដើម និង​បច្ចេកវិទ្យា​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​និង​គុណភាព​នៃ​ការកសាង។ ដំណើរ​ទស្សនកិច្ច​មក​កាន់​ពិព័រណ៍ CAMBUILD ឆ្នាំ 2018 នឹង​ផ្តល់ឱ្យ​អ្នក​ដែល​នៅក្នុង​ឧស្សាហកម្ម​អគារ​នូវ​ដំណោះស្រាយ​ថ្មី និង​ជម្រើស​នៃ​ការ​រចនា និង​សម្ភារ។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់លោក​ស្រី Rineat Khoen អ្នកគ្រប់គ្រង​គម្រោងរ​បស់​ក្រុមហ៊ុន AMB Tarsus Events Group ដែលជា​អ្នករៀបចំ​ពិព័រណ៍​នេះ។

    លោកស្រី​បាន​បន្ថែមថា វា​គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​អ្នក​នាំចូល ឬ​អ្នក​ចែកចាយ​សម្ភារ​សំណង់​និង​ម៉ាស៊ីន​ធ្វើ​សំណង់ ឧបករណ៍ប្រើប្រាស់ ទឹក​ម៉ាស៊ីន បរិក្ខារ​ម៉ាស៊ីនត្រជាក់ ប្រព័ន្ធ​សុវត្ថិភាព និង​សម្ភារ​បរិក្ខារ​អគ្គិសនី និង​ថាមពល​ដើម្បី​មក​ធ្វើ​ទស្សនកិច្ច និង​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ផលិតកម្ម​ជាច្រើន និង​ស្វែងរក​ដៃគូ​អាជីវកម្ម​នៅក្នុង​ប្រទេស​កម្ពុជា។

    សម្ភារសំខាន់ៗសម្រាប់​ឆ្នាំនេះ រួមមាន​បង្អួច និង​ទ្វារ​កញ្ចក់​ថ្មី ឧបករណ៍​បរិក្ខារ​បេតុង និង​គ្រឿង​ផ្គត់ផ្គង់​ពន្លឺព្រះអាទិត្យ ពន្លឺភ្លើង ប្រព័ន្ធ​បំពង់​ដំបូល ខ្សែ និង​លួស បន្ទប់ទឹក និង​គ្រឿងបន្លាស់ សេ​រ៉ា​មិ​ក​និង​ក្បឿង​អាង​ហែល​ទឹក និង​គ្រឿងសង្ហារិម​អ៊ីតាលី ជាដើម។ ទាំងនេះ​មិនមែន​សម្រាប់តែ​អ្នក​នៅក្នុង​ឧស្សាហកម្ម​សំណង់​នោះទេ ភ្ញៀវទេសចរ​ក៏​អាចមក​មើល​ពី​ប្រព័ន្ធ​សុវត្ថិភាព និង​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់​ដែល​ឆ្លាត​វៃ​សម្រាប់​អគារ SMART និង​ឧបករណ៍​សម្អាត​ទឹក​ផងដែរ។

    CAMBUILD 2018 នឹង​ធ្វើជា​ម្ចាស់ផ្ទះ​វេទិកា​ស្ថាបត្យករ​កម្ពុជា​ឆ្នាំ2018 ដែល​នឹង​ត្រូវបាន​ចូលរួម​ដោយ​ស្ថាបត្យករ​ជាង 200នាក់​មកពី​ទូទាំងប្រទេស។ ពួកគេ​នឹង​បាន​ស្តាប់​អ្នកគាំទ្រ​ក្នុងស្រុក និង​អន្តរជាតិកំពូលៗ លើ​ប្រធានបទ “ការ​រចនា និង​ការច្នៃប្រឌិត​ថ្មី​សម្រាប់​ទីក្រុង SMART” ៕

  •  Serena Williams រងពិន័យជាប្រាក់ 17.000ដុល្លារ ក្រោយពី​ផ្ទុះ​កំហឹង​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ US Open

     Serena Williams រងពិន័យជាប្រាក់ 17.000ដុល្លារ ក្រោយពី​ផ្ទុះ​កំហឹង​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ US Open

    កីឡាការិនី​វាយ​កូន​បាល់ Serena Williams ត្រូវ​រង​ពិន័យ​ជា​ទឹកប្រាក់​ចំនួន 17,000ដុល្លារ​អាមេរិក ដោយ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​អាមេរិក ក្រោយពី​នាង​បាន​បញ្ចេញ​កំហឹង អំឡុងពេល​នៃ​ការ​ចាញ់​ក្នុង​ការប្រកួត​ព្រឹត្តិការណ៍ US Open វគ្គ​ផ្តាច់ព្រ័ត្រ​ដ៏​ចម្រូងចម្រាស ក្រោម​ស្នាដៃ​កីឡាការិនី​ជប៉ុន Naomi Osaka។

    តារា​ឆ្នើម​របស់​អាមេរិក​រូបនេះ​ត្រូវបាន​ពិន័យ​សម្រាប់​ការប្រព្រឹត្ត​ល្មើស​ទាក់ទង​នឹង​រ៉ាកែត និង​គ្រូបង្វឹក និង​ការប្រើប្រាស់​ពាក្យសម្តី​មិន​សមរម្យ នៅពេលដែល​នាង​បាន​ចោទប្រកាន់​លោក​អាជ្ញាកណ្តាល Carlos Ramos ថា​ជា «ចោរ» ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ថ្ងៃ​សៅរ៍។

    Williams បាន​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង​ចំពោះ​ការព្រមាន​ពី​ការប្រព្រឹត្ត​ល្មើស​ទាក់ទង​នឹង​គ្រូបង្វឹក បើទោះបី​លោកគ្រូ​បង្វឹក Patrick Mouratoglou ដែល​អង្គុយ​ក្នុង​ប្រអប់​របស់​នាង បាន​ទទួលស្គាល់ថា លោក​ពិតជា​បានផ្តល់​ការណែនាំ​មែន​ក៏ដោយ។

    ការប្រព្រឹត្ត​ល្មើស​នោះបាន​ធ្វើឱ្យមាន​ការពិន័យ​ជា​ទឹកប្រាក់ 4,000ដុល្លារ ស្របពេល​ដែល​ការ​ប្រព្រឹត្តល្មើស​លើក​ទី2 របស់​នាង​បាន​កើតឡើង​ក្រោយពី​នាង​បាន​វាយកម្ទេច​ដង​រ៉ាកែត​របស់ខ្លួន​ដោយសារតែ​ការ​វាយ​សេវា​មិន​បានល្អ​ក្នុង​សិត​ទី2 បានធ្វើឱ្យ​នាង​ត្រូវ​រង​ការពិន័យ​ជា​ប្រាក់​ចំនួន 3,000ដុល្លារ។

    ការប្រព្រឹត្ត​ល្មើស​ទី2 ក៏បាន​ធ្វើឱ្យ​នាងរង​ការដក 1ពិន្ទុ​ក្នុងពេល​ប្រកួត​ផងដែរ ដែល​ធ្វើឱ្យ​នាង​វាយប្រហារ​ដោយ​ពាក្យសម្តី​ទៅលើ​លោក Ramos ខណៈដែល​ទង្វើ​នេះ​ធ្វើឱ្យ​នាង​ត្រូវ​រង​ពិន័យ​ជា​ប្រាក់ 10,000ដុល្លារ។

    ការប្រព្រឹត្ត​ល្មើស​លើក​ទី3 ក្នុងការ​ប្រកួត ក៏បាន​ធ្វើឱ្យ​នាង​ចាញ់​ការប្រកួត​ផងដែរ និង​ធ្វើឱ្យ​កីឡាការិនី Osaka ដណ្ដើមបាន​ជ័យជម្នះ​ក្នុង​លទ្ធផល 6-2 និង6-4 និង​ដើម្បី​ក្លាយជា​កីឡាការិនី​ជនជាតិ​ជប៉ុន​ដំបូង​គេ​ដែល​ឈ្នះ​ពានរ​បស់ Grand Slam ដ៏​ល្បីល្បាញ​មួយ​នេះ៕

    ប្រភពពី៖ Channel News Asia