Category: សង្គម និងសេដ្ឋកិច្ច

  • ឥណ្ឌូណេស៊ី «​បញ្ចុះ​អត្រាពន្ធ​ចំពោះ​​ការ​ទិញ​រថយន្ត​អគ្គិសនី​» មក​នៅត្រឹម «​មួយ​ភាគរយ»

    ឥណ្ឌូណេស៊ី «​បញ្ចុះ​អត្រាពន្ធ​ចំពោះ​​ការ​ទិញ​រថយន្ត​អគ្គិសនី​» មក​នៅត្រឹម «​មួយ​ភាគរយ»

    យោងតាម​ទំព័រ Reuters ឥណ្ឌូណេស៊ី​បាន​បញ្ចុះ​អត្រាពន្ធ​លើ​តម្លៃបន្ថែម (VAT) ចំពោះ​រថយន្ត​អគ្គិសនី​ប្រើ​ថ្ម​ផ្ទុក​ថាមពល ពី 11% ចុះមក​នៅត្រឹម 1% ដើម្បី​លើកទឹកចិត្ត​ឱ្យ​មាន​ការប្រើប្រាស់​រថយន្ត​​អគ្គិសនី។

    រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បានប្រកាស​ពី​ការ​បញ្ចុះ​អត្រា​ពន្ធ​នេះ​​កាលពី​ថ្ងៃទី 03 មេសា ក្នុង​គ្រា​ដែល​ប្រទេស​នេះ​កំពុង​ប្រឹងប្រែង​ទាក់ទាញ​ការវិនិយោគ​សម្រាប់​ការផលិត​យាន​យន្ត​អគ្គិសនី​ក្នុងស្រុក។ ក្រសួង​កិច្ចការ​សមុទ្រ និង​វិនិយោគ​ឥណ្ឌូណេស៊ី​បានប្រកាសថា ការផ្ដល់ជូន​នេះ​មាន​សុពលភាព​ចាប់ពី​ខែ​នេះ​រហូតដល់​ដំណាច់ឆ្នាំ 2023។

    ការបញ្ចុះ​អត្រាពន្ធ​លើ​តម្លៃបន្ថែម​នេះ​ក៏​ត្រូវបាន​អនុវត្ត​ចំពោះ​រថយន្តក្រុង​មួយ​ចំនួន​ដែល​​ដំណើរ​ការ​ដោយ​ថាមពល​​អគ្គិសនី​​ផងដែរ។

    ឥណ្ឌូណេស៊ី​កំពុងតែ​ជំរុញ​ការប្រឹងប្រែង​ក្នុងការ​ស្រូប​ទាញ​ទុនវិនិយោគ​ទៅក្នុង​វិស័យ​ផលិត​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​យានយន្ត​អគ្គិសនី​ក្នុងប្រទេស ដើម្បី​ទាញយក​ប្រយោជន៍​ពី​ភាពសម្បូរ​រ៉ែ​នី​កែ​ល ដែលជា​វត្ថុ​ធាត់​សំខាន់​សម្រាប់​ការ​​ផលិត​ថ្ម​ផ្ទុក​អគ្គិសនី របស់​ប្រទេស​នេះ។

    ក្រុមមន្ត្រី​ពាក់ព័ន្ធ​នៅ​ឥណ្ឌូណេស៊ី បាន និង​កំពុង​ព្យាយាម​អូសទាញ​ការវិនិយោគ​ពី​ក្រុម​អ្នក​ផលិត​រថយន្ត​អគ្គិសនីធំៗ មាន​ជាអាទិ៍ Tesla របស់​អាម៉េរិក និង BYD របស់​ចិន​។ ចំណែក LG និង Hyundai បានចាប់ផ្ដើម​សាងសង់​បណ្ដា​រោងចក្រ​ផលិត​ថ្ម​ផ្ទុក​ថាមពល​នៅ​ប្រទេស​នេះ​រួចហើយ។

    កាលពី​ខែ​មុន ឥណ្ឌូណេស៊ី​បានឱ្យដឹងថា នឹង​បែងចែក​ប្រាក់ 466.77 លាន​ដុល្លារ​​អាម៉េរិក​នៅក្នុង​មូលនិធិ​ជាតិ​ដើម្បី​ឧបត្ថម្ភ​ដល់​ការលក់​ម៉ូតូ​អគ្គិសនី​រហូតដល់​ឆ្នាំ 2024៕

  • ចិន​ចាប់​ផ្ដើម​ការ​ងារ​ដំឡើង​ប្រព័ន្ធ​ទម្រ​-ទួ​រ​ប៊ី​ន​ខ្យល់​អណ្ដែត​លើ​សមុទ្រ​ជ្រៅ​ដំបូង​

    ចិន​ចាប់​ផ្ដើម​ការ​ងារ​ដំឡើង​ប្រព័ន្ធ​ទម្រ​-ទួ​រ​ប៊ី​ន​ខ្យល់​អណ្ដែត​លើ​សមុទ្រ​ជ្រៅ​ដំបូង​

    ការ​ងារ​ដំឡើង​ទម្រ​-ទួ​រ​ប៊ី​ន​ខ្យល់​អណ្ដែត​​នៅលើ​តំបន់​សមុទ្រ​ជ្រៅ​ជាង 100 ម៉ែត្រដំបូង​របស់​ប្រទេស​ចិន​ និង​មាន​ចម្ងាយ​ជាង 100 គីឡូម៉ែត្រ​ពី​ឆ្នេរ ត្រូវបាន​​ចាប់​ផ្ដើម​​​កាលពី​ថ្ងៃទី 03 មេសា 2023។

    ប្រព័ន្ធ​ទម្រ និង​ទួ​រ​ប៊ី​ន​ផលិត​អគ្គិសនី​ដោយ​កម្លាំង​ខ្យល់​អណ្ដែត​លើ​សមុទ្រ​ជ្រៅ​ដំបូង​របស់​ប្រទេស​ចិន កាលពី​ថ្ងៃទី 03 មេសា​ត្រូវបាន​នាំទៅដល់​អណ្ដូងរ៉ែ​ប្រេង​ក្នុង​តំបន់​សមុទ្រ​ក្បែរ​ខេត្ត Hainan ក្រោយ​​ការធ្វើដំណើរ​បី​ថ្ងៃ​ពី​ទីក្រុង​មួយ​របស់​ប្រទេស​ចិន ដែលមាន​ចម្ងាយ 333 គីឡូម៉ែត្រ។

    ប្រព័ន្ធ​ខាងលើនេះ​គ្រោង​នឹង​ដំណើរការបាន​យ៉ាងតិច 25 ឆ្នាំ នៅក្នុង​តំបន់​សមុទ្រ​ជ្រៅ​ជាង 100 ម៉ែត្រ ដើម្បី​ផ្គត់ផ្គង់​អគ្គិសនី​ស្អាត​សម្រាប់​ការផលិត​ឧស្ម័ន និង​ប្រេង​ឆៅ​នៅលើ​តំបន់​សមុទ្រ​ដែលមាន​ចម្ងាយ​ពី​ឆ្នេរ​របស់​ខេត្ត Hainan ប្រហែល 136 គីឡូម៉ែត្រ។

    ប្រព័ន្ធ​ទម្រ-​ទួ​រ​ប៊ី​ន​ខ្យល់​សមុទ្រ​ដែលមាន​ឈ្មោះថា CNOOC Guanlan កម្ពស់ 35 ម៉ែត្រ និង​ទម្ងន់​ប្រហែល 4,000 តោន​នេះ ត្រូវបាន​ឧបត្ថម្ភ និង​ផលិត​ដោយ​សាជីវកម្ម​រុករក​ប្រេង​ឧស្ម័ន​លើ​សមុទ្រ​ចិន (CNOOC)។

    សកម្មភាព​ដំឡើង​ទម្រ-ទួរប៊ីន​ខ្យល់ CNOOC Guanlan នៅ​លើ​សមុទ្រ​ជម្រៅ​ជាង 100 ម៉ែត្រ​របស់​ CNOOC

    CNOOC Guanlan នឹងត្រូវ​បាន​ត​ភ្ជាប់​បាតសមុទ្រ​ដោយ​ប្រើប្រាស់​ខ្សែ​ច្រវាក់​យុថ្កា​​ចំនួន 9។ វា​នឹងមិន​ផ្អៀង​នៅក្នុងពេល​មាន​ខ្យល់​កម្លាំង 50 គីឡូម៉ែត្រ/ម៉ោង ហើយ​អាច​ទប់​ទល់នឹង​ព្យុះធំៗទៀត​ផង។

    ការងារ​ដំឡើង​ឧបករណ៍សំខាន់ៗរបស់ CNOOC Guanlan នឹងត្រូវ​រួចរាល់​នៅក្នុង​ខែឧសភា 2023 ខាងមុខ៕

  • បុរស​ម្នាក់ជួប​សំណាង​ធំ ពេល​បាន​​​រកឃើញ​ដុំថ្ម​មាន​ផ្ទុក​មាស 2.6 គីឡូ​ក្រាម

    បុរស​ម្នាក់ជួប​សំណាង​ធំ ពេល​បាន​​​រកឃើញ​ដុំថ្ម​មាន​ផ្ទុក​មាស 2.6 គីឡូ​ក្រាម

    អ្នក​រុក​រក​​មាស​ម្នាក់​នៅ​អូស្ត្រាលី​ ​អរ​ស្ទើរ​ហោះ ដូច​បាន​ត្រូវ​ឆ្នោត​ធំ​នៅពេល​គាស់​ឃើញ​ដុំថ្ម​ដែលមាន​ផ្ទុក​មាស​តម្លៃ 160,000 ដុល្លារ​អាម៉េរិក នៅលើ​វាលស្រែ​ក្នុង​រដ្ឋ Victoria។

    ដោយ​គ្រាន់តែ​ប្រើប្រាស់​ម៉ាស៊ីន​ស្វែងរក​លោហធាតុ​តម្លៃ​ទាប អ្នក​រុក​រ​កមាស​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​រកឃើញ​វត្ថុ​មានតម្លៃ​នៅក្នុង​តំបន់​ដែល​ល្បី​ឈ្មោះថា​ជា «ត្រីកោណមាស» នៅ Victoria ជាទី​ដែល​ធ្លាប់បាន​ក្លាយជា​ចំណុចកណ្ដាល​នៃ​សកម្មភាព​រុករ​កមាស​នៅក្នុង​ទសវត្សរ៍​ឆ្នាំ 1800។

    នៅពេល​នាំយក​ដុំថ្ម​ដែល​ខ្លួន​បាន​រកឃើញ ទៅកាន់​ហាង Lucky Strike Gold ក្នុង​ទីរួមស្រុក Geelong ដែល​នៅក្បែរនោះ​ដើម្បី​ឱ្យគេ​ពិនិត្យ បុរស​ខាងលើ​​ភ្ញាក់ផ្អើល​ជាខ្លាំង ពេល​ដឹង​ពី​តម្លៃ​របស់​វា។ ដុំថ្ម​នោះ​មាន​ទម្ងន់​ជាង 4.6 គីឡូក្រាម តែមាន​មាស​រហូតដល់ 2.6 គីឡូក្រាម និង​ត្រូវបាន​ម្ចាស់​ហាង Lucky Strike Gold ទិញ​ក្នុងតម្លៃ 160,000 ដុល្លារ​អាម៉េរិក។

    «នេះ​គឺជា​ដុំថ្ម​មាន​មាស​ច្រើន​បំផុត​ដែល​ខ្ញុំ​ធ្លាប់បាន​ពិនិត្យ​ក្នុង​អាជីព 43 ឆ្នាំ​កន្លង» Darren Kamp ម្ចាស់​ហាង Lucky Strick Gold ចែករំលែក​នៅលើ​បណ្ដាញ​សង្គម​ស្ដី​ពី​ដុំ​ថ្ម​ផ្ទុក​មាស​ខាងលើ កាលពី​សប្ដាហ៍​កន្ល​ង​។

    អូស្ត្រាលី បើទោះជា​ត្រូវបាន​វាយតម្លៃថា​ជា​ទឹក​ដី​ដែល​មាន​មាស​ច្រើនជាងគេ​លើ​ពិភពលោក ប៉ុន្តែ​ការរកឃើញ​ដូច​ករណី​ខាងលើនេះ​ពិតជា​កម្រ​កើតមាន។ កំណត់ត្រា​ស្ដីពី​ដុំ​មាសធំ​បំផុត​ដែល​ធ្លាប់​រកឃើញ​នៅ​អូស្ត្រាលី​ ​បាន​ទៅលើ​វត្ថុ​មួយ​ដែលមាន​ឈ្មោះថា «Welcome Stranger»។ វា​មាន​ទម្ងន់ 66 គីឡូក្រាម និង​មានតម្លៃ​ប្រហែល 2.7 លាន​ដុល្លារ​អាម៉េរិក។ យោងតាម​សារមន្ទីរ Victoria ដុំ​មាស​នេះ​ត្រូវបាន​អ្នករុករក​មាស​ពីរ​នាក់​រកឃើញ​កាលពី​ឆ្នាំ 1869៕

  • Messi នឹង​មាន​ប្រាក់​បៀវត្សរ៍​ខ្ពស់​ជាង​ជិត​ទ្វេ​ដងធៀប​នឹង​​ Ronaldo បើ​​​​ព្រម​ទាត់​ឱ្យ​គូប្រជែង​របស់ Al Nassr

    Messi នឹង​មាន​ប្រាក់​បៀវត្សរ៍​ខ្ពស់​ជាង​ជិត​ទ្វេ​ដងធៀប​នឹង​​ Ronaldo បើ​​​​ព្រម​ទាត់​ឱ្យ​គូប្រជែង​របស់ Al Nassr

    ក្លឹប​បាល់​ទាត់​មួយ​នៅ​អារ៉ាប៊ីសាអូឌីត​ រំពឹង​ថា​នឹង​អាច​នាំ​យក​ Lionel Messi មក​កាន់​អាស៊ី​ និង​ឆ្ពោះ​ទៅ​កាន់​គោលដៅ​បង្កើត​ «Real Madrid vs Barcelona កំណែ​អារ៉ាប៊ីសាអូឌីត»​។

    យោង​តាម​អ្នក​យក​ព័ត៌មាន​ជំនាញ​ខាងលើ​ការ​ទិញដូរ​កីឡាករ Fabrizio Romano ក្លឹប Al Hilal របស់​អារ៉ាប៊ីសាអូឌីត​មាន​បំណង​នាំ​យក​ Lionel Messi មក​ប្រកួត​នៅ​​អាស៊ី​។ ក្លឹប​នេះ​សុខ​ចិត្ត​ចំណាយ​ 350 លាន​ផោន​/​ឆ្នាំ ដើម្បី​ទិញ​កំពូល​តារា​បាល់​ទាត់​របស់​អាហ្សង់​ទីន​រូប​នេះ​។ Al Hilal ត្រូវ​បាន​គេ​ជឿ​ថា បាន​ផ្ញើ​សំណើ​ទៅ​កាន់​កីឡាករ​វ័យ​ 35 ឆ្នាំ លោក Messi ហើយ​ថា នឹង​អាច​​ចរចា​គ្នា​​​នៅ​រដូវ​ក្ដៅ​នេះ​។

    បើ​សិន​ Messi យល់​ព្រម​តាម​សំណើ គាត់​នឹង​បានចូល​រួម​ការ​ប្រកួត​ដណ្ដើម​​ពាន​រង្វាន់​ Saudi Pro League ដែល​ទី​នោះ​ក៏​មាន​វត្តមាន​របស់ Cristiano Ronaldo។ ពេល​នោះ កំពូល​តារា​បាល់​ទាត់​ទាំង​ពីរ​រូប​នេះ​នឹង​បាន​ប្រកួត​​​ក្នុង​ពាន​រង្វាន់​មួយ​ជាមួយ​គ្នា​​​ជា​លើក​ដំបូង​ រាប់​ចាប់​ពី​ឆ្នាំ 2018​។ ទន្ទឹម​នឹង​នេះ ក្លឹប Al Hilal និង Al Nassr នឹង​ដើរ​តួ​ជា​ «Barcelona vs Real Madrid កំណែ​អារ៉ាប៊ីសាអូឌីត​»។

    ក្នុងករណី​យល់​ព្រម​ទាត់​ឱ្យ Al Hilal កំពូល​តារា​បាល់​ទាត់ Messi នឹង​ទទួលបាន​ប្រាក់បៀវត្សរ៍​ខ្ពស់​ជាង​ Ronaldo (ដែល​បច្ចុប្បន្ន​ទទួល​បាន 177 លាន​ផោន​/​ឆ្នាំ)​ ពី Al Nassr ទៅ​ទៀត​។

    ទំព័រ​ Goal.com បាន​ផ្សាយ​ថា កាល​ពីសប្ដាហ៍​កន្លង Messi រក​ប្រាក់​ចំណូល​បាន​បីលាន​អឺរ៉ូ​ (ជិត 3.3 លាន​ដុល្លារ​អាម៉េរិក​)/ខែ​​ពី​​ក្លឹប PSG ដែល​តួលេខ​នេះ​ខ្ពស់ជាង​គេ​លំដាប់​ទីបី​ បន្ទាប់​ពី Kylian Mbappe និង Neymar។ យោង​តាម Sporting News Messi បាន​ចុះ​កិច្ច​សន្យា​តម្លៃ 41 លានដុល្លារ​អាម៉េរិក​/​រដូវ​កាល​ជាមួយ​ PSG ដែល​មាន​សុពលភាព​រហូត​ដល់​ខែ​មិថុនា 2023​។​

    Messi ទទួល​បាន​ប្រាក់​បៀវត្សរ៍​គោល​ប្រចាំ​ឆ្នាំ​ 41 លាន​ដុល្លារ​អាម៉េរិក​ ស្មើ​នឹង​ជាង 788,000 ដុល្លារ​/សប្ដាហ៍​។ The Athletic ផ្សាយ​ថា Messi ទទួល​បាន​ប្រាក់​រង្វាន់​ពី PSG តម្លៃ​ 30 លាន​ដុល្លារ​អាម៉េរិក​។ បើ​គិត​ទាំង​ប្រាក់​បៀវត្សរ៍ ប្រាក់​រង្វាន់ ប្រាក់​ឧបត្ថម្ភ និង​ប្រាក់​លក់​សិទ្ធិ​ផ្សាយ​តាម​ទូរទស្សន៍​ទៀត Messi មាន​ប្រាក់​ចំណូល​ជិត 75 លាន​ដុល្លារ​/​ឆ្នាំ​ ស្មើ​នឹង 1.44 លាន​ដុល្លារ​/សប្ដាហ៍​៕

  • ក្រុមហ៊ុន​ផលិត​ថ្ម​ផ្ទុក​អគ្គិសនី​​របស់​ឥណ្ឌូណេស៊ី Swap Energy ប្រមូល​ទុន​បាន​ជាង 7 លាន​ដុល្លារ

    ក្រុមហ៊ុន​ផលិត​ថ្ម​ផ្ទុក​អគ្គិសនី​​របស់​ឥណ្ឌូណេស៊ី Swap Energy ប្រមូល​ទុន​បាន​ជាង 7 លាន​ដុល្លារ

    Swap Energy ដែល​ជា​ក្រុមហ៊ុន​ផ្គត់​ផ្គត់​ដំណោះស្រាយ​សម្រាប់​ការប្ដូរ​ថ្ម​ម៉ូតូ​អគ្គិសនី​ មាន​ទីស្នាក់ការ​កណ្ដា​ល​នៅ​ឥណ្ឌូណេស៊ី ប្រមូល​ទុន​បាន​ប្រហែល 7.2 លាន​ដុល្លារ​អាម៉េរិក នៅក្នុង​ជុំ​នៃ​ការ​ប្រមូល​ទុន​មុន Series A ដែល​នាំមុខ​ដោយ Ondine Capital។

    Ondine Capital បាន​វិនិយោគ​ជិត​បី​លាន​ដុល្លារ​ទៅលើ Swap Energy នៅ​ជុំ​នេះ។ បណ្ដា​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​វិនិយោគ​ក្នុង​ជុំ​ប្រមូល​ទុន​នេះ មានដូចជា មូលនិធិ SBI Kejora, Indonesia PT Wahana Sentosa Cemerlang និង New Energy Nexus។

    Randolph Hsu ដែលជា​ស្ថាបនិក​របស់ Ondine Capital បានបញ្ជាក់​អំពី​ព័ត៌មាន​ខាងលើ និង​បន្ថែមថា ក្រុមហ៊ុន Ondine Capital មាន​កៅអី​មួយ​នៅក្នុង​ក្រុមប្រឹក្សាភិបាល​របស់ Swap Energy។

    អាយុកាល​របស់​ថ្ម​ផ្ទុក​ថាមពល​គឺជា​ចំណុច​សំខាន់​ចំពោះ​អ្នកប្រើប្រាស់​ម៉ូតូ​អគ្គិសនី។ Swap Energy ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ 2019 គឺ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ តាមរយៈ​ការកសាង​ស្ថានីយ​ប្ដូរ​ថ្ម​សម្រាប់​របស់​ម៉ូតូ​អគ្គិសនី។ បច្ចុប្បន្ន Swap Energy មាន​ស្ថានីយ​ប្ដូរ​ថ្ម​ជាង 800 កន្លែង​នៅក្នុង 14 ខេត្ត​ក្រុង​របស់​ឥណ្ឌូណេស៊ី។

    កាលពី​ឆ្នាំ 2021 ក្រុមហ៊ុន Swap Energy បាន​បង្កើត​យីហោ​ម៉ូតូ​អគ្គិសនី​មួយ​ដែលមាន​ឈ្មោះថា Smoot។ មួយឆ្នាំ​ក្រោយមក Swap Energy និង Smoot សហការ​ជាមួយ Grab និង​ក្រុមហ៊ុន​អគ្គិសនី​រដ្ឋ PLN ដើម្បី​អភិវឌ្ឍ​បណ្ដាញ​យានយន្ត​អគ្គិសនី​នៅ​ឥណ្ឌូណេស៊ី។

    ម៉ូតូអគ្គិសនី​ Smoot របស់ Swap Energy

    ជា​អ្នក​ផលិត​នី​កែ​ល (សមាសធាតុ​សំខាន់​របស់​ថ្ម​ផ្ទុក​អគ្គិសនី) លំដាប់​កំពូល​មួយ​លើ​ពិភពលោក ឥណ្ឌូណេស៊ី​កំពុង​ប្រឹងប្រែង​ដើម្បី​ក្លាយជា​មជ្ឈមណ្ឌល​ផលិត​យានយន្ត​អគ្គិសនី​របស់​ពិភពលោក។ ឥណ្ឌូណេស៊ី​កំណត់​គោលដៅ​ផលិត​ម៉ូតូ​អគ្គិសនី​ឱ្យបាន 2.5 លាន​គ្រឿង និង​រថយន្ត​អគ្គិសនី​ឱ្យបាន 600,000 គ្រឿង​ត្រឹម​ឆ្នាំ 2030 សមស្រប​នឹង​ការសន្យា​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ 29% នៅក្នុង​ដំណាក់កាល​ដូចគ្នា។

    ផលិតផល​ម៉ូតូអគ្គិសនី ថ្ម​ផ្ទុក​ថាមពល​អគ្គិសនី​របស់ Swap

    កត្តា​សំខាន់​មួយ​ក្នុង​ការជំរុញ​ការប្រើប្រាស់​យានយន្ត​អគ្គិសនី​គឺ​ការរីកចម្រើន​នៃ​ហេដ្ឋារចនាសម្ព័ន្ធ រួមមាន​ទាំង​ស្ថានីយ​បញ្ចូល​ថាមពល​អគ្គិសនី​សម្រាប់​យានយន្ត​អគ្គិសនី និង​ស្ថានីយ​ប្ដូរ​ថ្ម​ផ្ទុក​អគ្គិសនី។ ទន្ទឹមនឹង​ក្រុមហ៊ុន Swap Energy នៅ​ក្នុង​វិស័យ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ថ្ម​ផ្ទុក​អគ្គិសនី​របស់​ឥណ្ឌូណេស៊ី ក៏​នៅមានក្រុម​ហ៊ុន​ Volta Indonesia និង EVolt Charging Network ផងដែរ៕

  • ផ្លូវការ​៖ ក្រុម​បាល់​ទាត់​បុរស​ U-22 កម្ពុជា ​ស្ថិត​ក្នុង​ក្រុម​គ្រាប់​ពូជ​ទី​មួយ

    ផ្លូវការ​៖ ក្រុម​បាល់​ទាត់​បុរស​ U-22 កម្ពុជា ​ស្ថិត​ក្នុង​ក្រុម​គ្រាប់​ពូជ​ទី​មួយ

    គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​ស៊ីហ្គេម​លើក​ទី 32 (Cambodia SEA Games Organizing Committee) បាន​ប្រកាស​ជា​ផ្លូវ​ការ​នូវ​ចំណាត់​ថ្នាក់​គ្រាប់​ពូជ​របស់​វិញ្ញាសា​បាល់​ទាត់​បុរស​។

    ក្រុម​ U-22 កម្ពុជា ដែល​ជា​ក្រុម​ម្ចាស់​ផ្ទះ​របស់​ស៊ីហ្គេម​លើក​ទី 32 បាន​បញ្ចូល​ខ្លួន​ទៅ​ក្នុង​ក្រុម​គ្រាប់​ពូជ​​ទី​មួយ​របស់​វិញ្ញាសា​បាល់​ទាត់​បុរស​។ ចំណែក​ម្ចាស់​ជើង​ឯក​ស៊ីហ្គេម​រដូវ​កាល​កន្លង​ (វៀតណាម) ក៏​ស្ថិត​នៅ​ក្នុង​ក្រុម​​គ្រាប់​ពូជ​ទី​មួយ​។

    កម្ពុជា​ដែល​បាន​បញ្ចូល​ខ្លួន​ទៅ​ក្នុង​ក្រុម​គ្រាប់​ពូជ​ទី​​មួយ​បាន​ធ្វើ​ឱ្យ​ថៃ​ត្រូវ​ធ្លាក់​​ចុះ​ទៅ​ក្នុង​ក្រុម​គ្រាប់​ពូជ​​ទី​ពីរ​ ដែល​​​មាន​ U-22 ឥណ្ឌូណេស៊ី​។

    ក្រុម​គ្រាប់​ពូជ​ទី​បី​មាន​វត្តមាន​របស់​ម៉ាឡេស៊ី និង​មីយ៉ាន់ម៉ា​។ ចំណែក​បួន​ក្រុម​ដែល​នៅ​សល់​គឺ សិង្ហបុរី ហ្វ៊ីលីពីន ឡាវ និង​ទីម័រ​ខាងកើត​ត្រូវ​ស្ថិត​ក្នុង​ក្រុម​ទី​បួន​។

    ថ្ងៃទី 05 មេសា​នេះ ពិធី​ចាប់​លេខ​ចែក​ពូល​វិញ្ញាសា​បាល់​ទាត់​របស់​ស៊ីហ្គេម​លើក​ទី 32 នឹង​ត្រូវ​ធ្វើ​ឡើង​។ នៅ​ក្នុង​វិញ្ញាសា​បាល់​ទាត់​បុរស​ U-22 កម្ពុជា​ត្រូវ​បញ្ចូល​ខ្លួន​​ទៅ​ក្នុង​ពូល A ដែល​មាន​ឈ្មោះ​សម្គាល់​ថា A1។ U-22 វៀតណាម​នឹង​ស្ថិត​នៅ​ក្នុង​ពូល B ដែល​មាន​ឈ្មោះ​សម្គាល់​ថា B1។ បន្ទាប់​មក​ទៀត​នឹង​មាន​ការ​ចាប់​លេខ​សម្រាប់​ក្រុម​ជម្រើស​ជាតិ​​ដែល​នៅសល់​។

    ចំណាត់​ថ្នាក់​ក្រុម​គ្រាប់​ពូជ​នៅ​ស៊ីហ្គេមលើក​ទី 32

    នៅ​ស៊ីហ្គេម​លើក​នេះ​ វិញ្ញាសា​បាល់​ទាត់​បុរស​នឹង​នៅ​សល់​តែ​ដប់​ក្រុម​គត់ ព្រោះ​តែការ​ដក​ខ្លួន​របស់​ប្រទេស​​ព្រុយណេ​​។ ដប់​ក្រុម​​នៅ​អាស៊ី​អាគ្នេយ៍​នេះ​នឹង​ត្រូវ​ចែក​ស្មើ​គ្នា​ជា​ពីរពូល​។ ពីរក្រុម​ដែល​ជាប់​លេខ​មួយ និង​លេខ​ពីរ​នៅ​​ពូល​នីមួយ​ៗ​នឹង​បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​។

    តាម​គម្រោង វិញ្ញាសា​បាល់​ទាត់​បុរស​នៅ​ស៊ីហ្គេម​លើក​នេះ​នឹង​ចាប់​ផ្ដើម​ប្រកួត​ពី​ថ្ងៃទី 29 មេសា 2023​។ ក្រុម​ដែល​នៅ​ក្នុង​ពូល​ A នឹង​បាន​ទាត់​នៅឯ​​កីឡដ្ឋាន​មរតក​តេជោក​ ខណៈ​ដែល​ក្រុម​នៅ​​ពូល​ B នឹង​ទាត់​នៅឯ​​កីឡដ្ឋាន​ព្រីនស៍ (Prince Stadium)។ ដោយ​ឡែក​ វិញ្ញាសា​បាល់​ទាត់​នារី​នឹង​ប្រកួត​ចាប់​ពី​ថ្ងៃទី 02 ដល់ទី 15 ឧសភា 2023 នៅ​ឯ​កីឡដ្ឋាន RSN និងកីឡដ្ឋាន​ RCAF (ស្ដាត​ចាស់)៕

  • ក្រុមហ៊ុន​ឯកជន​ចិន​​ក្លាយ​ជា​អ្នក​បាញ់​បង្ហោះ​រ៉ុក្កែត​ប្រើឥន្ធនៈ​រាវ​​ជោគ​ជ័យ​ដំបូង​គេ​​ក្នុង​ជើង​ទីមួយ

    ក្រុមហ៊ុន​ឯកជន​ចិន​​ក្លាយ​ជា​អ្នក​បាញ់​បង្ហោះ​រ៉ុក្កែត​ប្រើឥន្ធនៈ​រាវ​​ជោគ​ជ័យ​ដំបូង​គេ​​ក្នុង​ជើង​ទីមួយ

    Space Pioneer បាន​ក្លាយជា​ក្រុមហ៊ុន​ឯកជន​ដំបូង​គេ​របស់​ប្រទេស​ចិន ដែល​បាន​បាញ់​បង្ហោះ​ផ្កាយរណប​ដោយ​ជោគជ័យ ដោយ​ប្រើប្រាស់​រ៉ុក្កែត​ដំណើរការ​ដោយ​ឥន្ធនៈ​រាវ។

    រ៉ុក្កែត​ដែល​ត្រូវបាន​ក្រុម​ហ៊ុន​ចិន Space Pioneer​​ ហៅថា Tianlong 2 (Sky Dragon 2) នេះ ហោះ​ឡើង​ពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​​ផ្កាយរណប Jiuquan (Jiuquan Satellite Launch Center) នៅ​ភាគ​ពាយព្យ​ប្រទេស​ចិន​កាលពី​ម៉ោង 16 និង 48 នាទី ថ្ងៃទី 02 មេសា។ មិនយូរប៉ុន្មាន​ក្រោយ​ការបាញ់​បង្ហោះ រ៉ុក្កែត​នេះ​ក៏បាន​ដាក់ពង្រាយ​ផ្កាយរណប​វាស់វែង​ពី​ចម្ងាយ​ទៅក្នុង​គន្លង​គោចរ​ដែលមាន​ចម្ងាយ​ប្រហែល 500 គីឡូម៉ែត្រ​ពី​ផែនដី​ដោយ​ជោគជ័យ។

    ការបាញ់​បង្ហោះ​នេះ​គឺជា​លើកទីមួយ​ហើយ ដែល​រ៉ុក្កែត​ប្រើប្រាស់​ឥន្ធនៈ​រាវ​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ឯកជន​របស់​ចិន បាន​ទៅដល់​គន្លង​តារាវិថី​ដោយ​ជោគជ័យ។ Space Pioneer ក៏បាន​ក្លាយជា​ក្រុមហ៊ុន​ដំបូង​គេ​លើ​ពិភពលោក​ដែល​សម្រេចបាន​ជោគ​ជ័យ​​នេះ​នៅក្នុង​ការប្រឹងប្រែង​ដំបូង។ នៅមុន Tianlong 2 រាល់​រ៉ុក្កែត​ប្រើប្រាស់​ឥន្ធនៈ​រាវ​ដែល​អភិវឌ្ឍ​ដោយ​បណ្ដា​ក្រុមហ៊ុន​ឯកជន​ដទៃ​ដូចជា SpaceX, Virgin Orbit និង LandSpace ជាដើម សុទ្ធតែ​បរាជ័យ​ក្នុងការ​សាកល្បង​បាញ់​បង្ហោះ​លើកដំបូង។

    Tianlong 2 គឺជា​រ៉ុក្កែត​ប្រើ​ឥន្ធនៈ​រាវ​ដែលមាន​បី​ជាន់ កម្ពស់ 32.8 ម៉ែត្រ ទទឹង 3.35 ម៉ែត្រ និង​មាន​ទម្ងន់​ដែល​អាច​ហោះ​ឡើង 153 តោន។ វា​អាច​នាំយក​ទំនិញ​ទម្ងន់ 2,000 គីឡូក្រាម​ឡើងទៅ​កាន់​គន្លង​គោចរ​កម្រិត​ទាប​របស់​ផែនដី។ យោងតាម Space Pioneer រ៉ុក្កែត​នេះ​ប្រើប្រាស់​ប្រេងកាត​ដែលមាន​ប្រភពពី​ធ្យូងថ្ម៕

  • Nissan នឹង​បញ្ចេញ​​រថយន្ត​អគ្គិសនី​តម្លៃ​ទាប​​នៅ​លើទីផ្សារ​អន្តរជាតិ​ ដោយ​ចាប់​ផ្ដើម​នៅ​​ឥណ្ឌា?

    Nissan នឹង​បញ្ចេញ​​រថយន្ត​អគ្គិសនី​តម្លៃ​ទាប​​នៅ​លើទីផ្សារ​អន្តរជាតិ​ ដោយ​ចាប់​ផ្ដើម​នៅ​​ឥណ្ឌា?

    ថ្មីៗនេះ មាន​ព័ត៌មាន​ថា រថយន្ត​អគ្គិសនី​ច្រើន​ម៉ូ​ដែល​ដែល​ផលិតឡើង​ក្រោម​កិច្ចសហការ​រវាង Nissan និង Renault នឹងត្រូវ​បានបង្ហាញ​នៅ​ប្រទេស​ឥណ្ឌា ខណៈ Nissan ឥណ្ឌា ក៏​នឹង​អាច​បញ្ចេញ​រថយន្ត​អគ្គិសនីដំបូងៗរបស់ខ្លួន។

    សារព័ត៌មាន​មួយចំនួន​នៅ​ឥណ្ឌា បាន​រាយការណ៍​អំពី​ការធ្វើ​តេស្ត​រថយន្ត SUV អគ្គិសនី​ប្រភេទ​ប្រណិត Nissan Leaf ប៉ុន្តែ ក៏មាន​ដំណឹង​ថា Nissan នឹង​ដាក់លក់​រថយន្ត​អគ្គិសនី​តម្លៃ​ទាប​នៅ​ប្រទេស​ឥណ្ឌា។ រថយន្ត​តម្លៃ​ទាប​នេះ​នឹង​ប្រើប្រាស់​រូបរាង​របស់រ​ថ​យន្ត​ម៉ាស៊ីន​សាំង Micra ដែល​បាន​ឈប់​ផលិត​នៅ​ឥណ្ឌាទៅ​ហើយ​។

    កាលពី​ឆ្នាំមុន Nissan បានបង្ហាញ​រថយន្ត​អគ្គិសនី​ថ្មី​របស់ខ្លួន​នៅលើ​ទីផ្សារ​អន្តរជាតិ។ រថយន្ត​អគ្គិសនី​នេះ​គឺ​ត្រូវ​បាន​យោង​ទៅតាម​ម៉ូ​ដែល​រថយន្ត​សាំង Micra និង​ត្រូវបាន​អភិវឌ្ឍ​ដោយ​ប្រើ​បច្ចេកវិទ្យា CMF-BEV ថ្មី។ Nissan Micra Electric ដែល​ជិត​នឹង​បង្ហាញខ្លួន​នឹងមាន​រូបរាង​ទាន់សម័យ រួម​នឹង​មុខងារ​ដ៏​អស្ចារ្យ​ជាច្រើន។

    បច្ចុប្បន្ន ក្រុមហ៊ុន Nissan កំពុង​ប្រឹងប្រែង​ផលិត និង​គ្រោង​ចែកចាយ​រថយន្ត​អគ្គិសនី​ក្នុង​បរិមាណ​ច្រើន​ទៅកាន់​ទីផ្សារ​អន្តរជាតិ ក្រោម​កិច្ចសហការ​របស់ Renault និង Mitsubishi។

    Nissan ណែនាំរថយន្តអគ្គិសនីស៊េរីថ្មីទៅកាន់ទីផ្សារអឺរ៉ុប

    រថយន្ត​អគ្គិសនី​ដែល​ប្រើប្រាស់​រូបរាង Nissan Micra នឹងធ្វើ​ដំណើរ​បាន​ជាង 300 គីឡូម៉ែត្រ បន្ទាប់ពី​បាន​បញ្ចូល​ថាមពល​មួយ​ពេញ ហើយ​វា​នឹង​ប្រជែង​ជាមួយ Tiago EV របស់ Tata Motors និង Comet EV របស់ MG ដែល​ជិត​មាន​វត្តមាន​ក្នុង​ទីផ្សារ។ ក៏ប៉ុន្តែ Nissan ឥណ្ឌា មិនទាន់​ប្រកាស​ជា​ផ្លូវការ​ស្ដីពី​ព័ត៌មាន​ខាងលើ​នៅឡើយ៕

  • ស៊ី​ហ្គេម-អាស៊ាន​ប៉ា​រ៉ា​ហ្គេម​នៅ​កម្ពុជា៖ ការរៀបចំ​កម្លាំង-មធ្យោបាយ​សរុប បានធ្វើ​រួចរាល់​ស្ទើរ​គ្រប់យ៉ាង​រួចហើយ

    ស៊ី​ហ្គេម-អាស៊ាន​ប៉ា​រ៉ា​ហ្គេម​នៅ​កម្ពុជា៖ ការរៀបចំ​កម្លាំង-មធ្យោបាយ​សរុប បានធ្វើ​រួចរាល់​ស្ទើរ​គ្រប់យ៉ាង​រួចហើយ

    (ភ្នំពេញ) – កម្ពុជា​បានរៀបចំ​កម្លាំង​សរុប មធ្យោបាយ​សរុប និង​បាន​កសាង​ផែនការ​ប្រកបដោយ​ភាព​ហ្មត់ចត់ និង​លម្អិត​គួរ​ជាទី​កក់ក្តៅ ក្នុងការ​ត្រៀមខ្លួន​រួចរាល់​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី 32 និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី 12។

    ដំណឹង​ខាងលើ​ត្រូវបាន ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​កម្ពុជា (CAMSOC) និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី 12 (CAMAPGOC) ឱ្យដឹង​កាលពី​ល្ងាច​ថ្ងៃទី 03 មេសា 2023។ នេះ​បើ​យោងតាម​ទំព័រ Cambodia2023។

    យោងតាម​ប្រធាន CAMSOC-CAMAPGOC វឌ្ឍនភាព​ការងារ​រៀបចំ​សម្រាប់​ស៊ី​ហ្គេម​លើក​ទី 32 មាន​ចំណុចសំខាន់ៗមួយចំនួន មាន​ជាអាទិ៍ ការងារ​សន្តិសុខ-សណ្តាប់ធ្នាប់ ការសង្គ្រោះ​ព្យាបាល ការរៀបចំ​កម្លាំង​សរុប​មធ្យោបាយ​សរុប បាន​កសាង​ផែនការ​ប្រកបដោយ​ភាព​ហ្មត់ចត់ និង​លម្អិត​គួរ​ជាទី​កក់ក្តៅ។

    បច្ចុប្បន្ន ព្រឹត្តិការណ៍​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នេះ គ្រោង​នឹង​ប្រើប្រាស់​កងកម្លាំង​សមត្ថកិច្ច​សរុប​ជាង 5,000 នាក់ និង​មន្ត្រី​សុខាភិបាល​ប្រមាណ 3,000 នាក់។ ពិធី​បើក-បិទ​របស់​ព្រឹត្តិការណ៍​កីឡា​នេះ​នឹងមាន​អ្នក​សម្ដែង​ទស្សនីយភាព​ប្រមាណ 3,000 នាក់ ក្នុងនោះ​មាន សិល្បករ-សិល្បការិនី មកពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ប្រមាណ 1,000 នាក់ កីឡាករ កីឡាការិនី និង​កងទ័ព ចំនួន​ប្រមាណ 2,000 នាក់។

    ទន្ទឹមនឹងនេះ ស៊ី​ហ្គេម​ទី 32 ក៏មាន​អ្នកស្ម័គ្រចិត្ត​ចូលរួម​ជួយ​បំពេញការងារ​នានា​ប្រមាណ 5,000 នាក់ ដែល​ទាំងអស់​ត្រូវបាន​ជ្រើសរើស និង​បំពាក់បំប៉ន​រួចរាល់។

    ចំណែក​ការរៀបចំ​ទីលាន​ប្រកួត រួមទាំង​ការបំពាក់​ឧបករណ៍​សម្ភារ​បរិក្ខា និង​រចនាសម្ព័ន្ធ​គ្រប់គ្រង ស្របតាម​បទដ្ឋាន​បច្ចេកទេស​កីឡា បាននិងកំពុង​រៀបចំ និង​ជំរុញ​យ៉ាងសកម្ម​ផងដែរ។ ចំពោះ​ការតុបតែង​លម្អ​តាម​គោលដៅ និង​តាម​ទីតាំង​ប្រកួត រដ្ឋបាល​រាជធានី-ខេត្ត និង​គណៈកម្មាធិការ​ជាតិ CAMSOC-CAMAPGOC កំពុង​សហការគ្នា​ជំរុញ​បន្ត​យ៉ាងសកម្ម។

    នៅ​ស៊ី​ហ្គេម​លើក​ទី 32 នេះ មាន​កីឡា​ចំនួន 37 ប្រភេទ ដែល​ស្មើនឹង 581 វិញ្ញាសា។ ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​នេះ នឹង​ដំណើរការ​ពីថ្ងៃ​ទី 05 ដល់ទី 17 ឧសភា ឆ្នាំ 2023៕

  • សមាជិកនៃ​​ប្រតិភូកីឡា​កម្ពុជា​ចូល​រួម​ស៊ីហ្គេម​ទី 32 តិច​ជាង​ឆ្ងាយ​ធៀប​នឹង​ក្រុម​លេខ​មួយ

    សមាជិកនៃ​​ប្រតិភូកីឡា​កម្ពុជា​ចូល​រួម​ស៊ីហ្គេម​ទី 32 តិច​ជាង​ឆ្ងាយ​ធៀប​នឹង​ក្រុម​លេខ​មួយ

    នៅ​ព្រឹត្តិការណ៍​ប្រកួត​កីឡាអាស៊ី​អាគ្នេយ៍​លើក​ទី 32 នេះ កម្ពុជា​មាន​សមាជិក​ចូល​រួម​ច្រើន​ជាង​គេ​លំដាប់​ទី​បួន​ តិច​ជាង​ 543 នាក់​ បើ​ធៀប​នឹងក្រុម​ជម្រើស​ជាតិ​​ដែល​ឈរ​លំដាប់​លេខ​មួយ​។ នេះ​បើ​តាម​​ស្ថិតិ​ស្ដី​ពី​សមាជិក​ចូល​រួម ​ដែល​​ម្ចាស់ផ្ទះ​កម្ពុជា​ប្រមូលបាន។​

    បញ្ជី​ចុះឈ្មោះ​ឋ​បម​របស់​បណ្ដា​ប្រតិភូ​កីឡា​ដែល​នឹងចូលរួម​ប្រកួត​នៅ​ស៊ី​ហ្គេមទី​ 32 ត្រូវបាន​បញ្ជូន​ឡើងទៅ​កាន់​គណៈកម្មការ​រៀប​ចំ​ព្រឹត្តិការណ៍​ដែលមាន​កម្ពុជា​ជា​ម្ចាស់ផ្ទះ។ ស្ថិតិ​ថ្មី​បំផុត​ពី​គណៈកម្មការ​រៀបចំ​បាន​បង្ហាញថា ថៃ​គឺជា​ប្រទេស​ដែលមាន​​សមាជិក​ចុះឈ្មោះ​ចូល​ប្រកួត​នៅ​ស៊ី​ហ្គេម​ទី 32 ច្រើនជាងគេបង្អស់។

    ជាក់ស្ដែង ប្រទេស​ថៃ​ចូលរួម​ប្រកួត​នៅ​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​លើក​នេះ​ជាមួយនឹង​សមាជិក​ចំនួន 1,855 នាក់ ក្នុងនោះ​មាន 1,100 នាក់​ជា​អត្ត​ព​លិ​ក។ ថៃ​កំណត់​គោលដៅ​ដណ្ដើម​មេដាយមាស​ឱ្យបាន 112 គ្រឿង​នៅ​គ្រប់​វិញ្ញាសា​ប្រកួត។

    ឈរ​លំដាប់​ទី​ពីរ​ស្ដីពី​ចំនួន​សមាជិក​ចូលរួម​ស៊ី​ហ្គេម​ទី 32 គឺ​ឥណ្ឌូណេស៊ី ដោយមាន 1,736 នាក់។ លំដាប់​ទី​បី និង​លំដាប់​បន្តបន្ទាប់​រួមមាន ម៉ាឡេស៊ី (1,440 នាក់), កម្ពុជា (1,312 នាក់), សិង្ហ​បុរី (1,271 នាក់) និង​វៀតណាម (1,223 នាក់)។

    ពិធី​សម្ពោធ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី 32 នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី 05 ឧសភា 2023។ ក្នុង​ថ្ងៃ​សម្ពោធ​បើក និង​បិទ​ព្រឹត្តិការណ៍​នេះ នឹង​ពុំមាន​ការប្រកួត​វិញ្ញាសា​ណាមួយ​ឡើយ។ នេះ​គឺជា​ចំណុច​ខុសគ្នា​ធៀប​នឹង​ស៊ី​ហ្គេម​ទី 31 ដែល​វៀតណាម​ធ្វើជា​ម្ចាស់ផ្ទះ។