Category: សង្គម និងសេដ្ឋកិច្ច

  • លោក ង​ន សាំង៖ ពី​បុគ្គលិក​ហាត់​ការ​ក្លាយជា​អគ្គនាយក​ក្រុមហ៊ុន​អន្តរជាតិ​ដ៏​ល្បី​នៅ​កម្ពុជា

    លោក ង​ន សាំង៖ ពី​បុគ្គលិក​ហាត់​ការ​ក្លាយជា​អគ្គនាយក​ក្រុមហ៊ុន​អន្តរជាតិ​ដ៏​ល្បី​នៅ​កម្ពុជា

    ការបម្រើ​ការងារ​នៅតាម​ស្ថាប័ន​មួយ​មនុស្ស​មិនត្រូវ​ស្រវា​ចង់បាន​តំណែង​ខ្ពស់ ឬ​ប្រាក់ខែ​ច្រើនភ្លាមៗនោះទេ សំខាន់​បើ​យើង​ពិត​ជាមាន​សមត្ថ​ភាពខ្លាំង និង​ពូកែ​ធ្វើការ​មែន​នោះ ទោះជា​ធ្វើការ​ក្នុង​តំណែង​តូច​ទាប​ក៏ដោយ ក៏​យើង​អាច​អភិវឌ្ឍ​តួនាទី​ខ្លួនឯងបាន​ឆាប់រហ័ស​ដែរ។ ឧទាហរណ៍​ដូចជា​លោក ង​ន សាំង ដើមឡើយ​គ្រាន់តែ​ជា​បុគ្គលិក​ហាត់​ការ​ម្នាក់​នៅក្នុង​ក្រុមហ៊ុន​អន្តរជាតិ​មួយ​ប៉ុណ្ណោះ ប៉ុន្តែ​ដោយសារ​ការប្រឹងប្រែង គួបផ្សំ​នឹង​សមត្ថភាព​ដែលមាន​ស្រាប់​ពីសា​លា​ផង​នោះ លោក​បាន​ក្លាយជា​អគ្គនាយក​តំណាងឱ្យ​ក្រុមហ៊ុន​ដ៏​ធំ និង​ល្បីល្បាញ​មួយ​នៅ​កម្ពុជា​តែម្តង។

    អគ្គនាយក​ក្រុមហ៊ុន RMA (Cambodia) Group លោក ង​ន សាំង បានផ្តល់​បទ​សម្ភាស​ដ៏​កម្រ មួយ​កាលពី​សប្តាហ៍​មុន​ថា លោក​បានចាប់ផ្តើម​ចូលធ្វើការ​នៅ​ក្រុមហ៊ុន​ខាងលើ​ជា​លើកដំបូង​កាលពី​ឆ្នាំ1996 ក្នុងតួនាទី​ជា​អ្នក​ហាត់​ការ​ប៉ុណ្ណោះ ខណៈដែល​លោក​ត្រៀម​ធ្វើ​សា​រណា​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​សេដ្ឋកិច្ច​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច។ ក្រោយពី​ធ្វើជា​អ្នក​ហាត់​ការ​បាន​មួយរយៈ​ខ្លី លោក​ក៏បាន​ប្រឡង​ជាប់​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត​គ្រប់គ្រង​ពាណិជ្ជកម្ម (MBA) នៅ​ប្រទេស​ថៃ​ដែល​តម្រូវឱ្យ​លោក​ត្រូវ​ចំណាយពេល​សិក្សា​នៅ​ទីនោះ​រយៈពេល 2ឆ្នាំ​បន្ថែមទៀត​នៅក្នុង​សាលា​ល្បីឈ្មោះ​មួយ​ដែលមាន​និស្សិត​បរទេស​ច្រើន​ជាតិ​សាសន៍​ពី​ជុំវិញ​ពិភពលោក​បានមក​រៀន។

    លោក​រំឭកថា អ្វីដែល​ធ្វើឱ្យ​លោក​មាន​ក្តី​រីករាយមុន​ចាក​ចេញទៅ​រៀន​បន្ត​ថ្នាក់អនុបណ្ឌិត​នៅ​ប្រទេស​ថៃ​នោះ គឺ​លោក​ត្រូវបាន​ថ្នាក់​គ្រប់គ្រង​ក្រុមហ៊ុន​ផ្តល់​ទំនុកចិត្ត​ខ្ពស់​មកលើ​រូបលោក​ក្នុងពេល​បំពេញការងារ​ជា​អ្នក​ហាត់​ការ​នោះ ដោយបាន​ផ្តាំ​រូបលោក​ថា ក្រុមហ៊ុន​នៅ​រង់ចាំ​លោក​មក​ធ្វើការ​ក្នុងតួនាទី​ថ្មី​នៅពេលដែល​លោក​បញ្ចប់​ការសិក្សា​ថ្នាក់អនុបណ្ឌិត​នោះ ដែល​រឿងនេះ​បានធ្វើឱ្យ​លោក​មាន​ទឹកចិត្ត​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ និង​បាន​ការពារ​សា​រណា​ថ្នាក់អនុបណ្ឌិត​នៅ​ប្រទេស​ថៃ​ដោយ​ជោគជ័យ។

    ក្រោយ​ត្រឡប់​មកពី​ប្រទេស​ថៃ​វិញ លោក​ក៏បាន​បន្តការងារ​នៅក្នុង​ក្រុមហ៊ុន​ដដែល ហើយ​ត្រូវបានតែងតាំង​ជា​ជំនួយការ​គណនេយ្យ និង​ហរិញ្ញវត្ថុ។ មួយឆ្នាំ​ក្រោយមក បន្ទាប់ពី​នាយក​ផ្នែក​ហិរញ្ញវត្ថុ​ជា​ជនបរទេស​បាន​ត្រឡប់​ទៅ​ប្រទេស​របស់គេ​វិញ ក្រុមហ៊ុន​ក៏​តែងតាំង​លោក​ជា​នាយក​ផ្នែក​ហិរញ្ញវត្ថុ​នៅក្នុង​ក្រុមហ៊ុន​តែម្តង ហើយដោយ​មើលឃើញ​ពី​សមត្ថភាព​ការងារ​ដ៏​ពូកែ និង​ភាព​ប៉ិនប្រសប់​ក្នុងការ​ដោះស្រាយ​បញ្ហា​ការងារផ្សេងៗនោះ ក្រុមហ៊ុន​ក៏បានផ្តល់​ទំនុកចិត្ត​កាន់តែ​ខ្ពស់ឡើងៗ ដោយ​សម្រេច​បន្ថែម​តួនាទី​ដ៏​ធំ​មួយទៀត​ដល់​លោក គឺ​នាយករង​គ្រប់គ្រង​ប្រចាំ​ប្រទេស( Deputy Country Manager) តែម្តង។

    ក្រោយពី​ទទួលបាន​មុខតំណែង​ថ្មី​មួយទៀត លោក​មាន​អារម្មណ៍​ថា ហាក់ដូច​ជាមាន​អ​ម្រែ​ក​បន្ថែម​នៅក្នុង​ការងារ​របស់ខ្លួន ប៉ុន្តែ​ទោះជា​មាន​អ​ម្រែ​ក​ការងារ​ដ៏​ធ្ងន់​នៅលើ​ស្មា​ទាំងសងខាង​ក្តី ក៏​លោក​នៅតែ​ជម្នះ និង​ធ្វើបាន​កាន់តែ​ប្រសើរឡើង​ដែរ។ ទោះជា​ការងារ​ច្រើនយ៉ាង​ណាក៏ដោយ តែ​លោក​តែង​ដោះស្រាយបាន​ជានិច្ច និង​ជួយ​អភិវឌ្ឍ​ក្រុមហ៊ុន​ឱ្យ​កាន់តែ​រីកចម្រើន​ទៅមុខ​ជា​លំដាប់។ លោក​មានប្រសាសន៍ថា ធម្មតា ពេល​មាន​ការងារ​ច្រើន មាន​តួនាទី​កាន់តែ​ខ្ពស់ កាន់តែ​មានការ​លំបាក​ជា​រឿង​ធម្មតា ប៉ុន្តែអ្វីៗត្រូវបាន​ដោះស្រាយ និង​បោះជំហាន​ទៅមុខ​ជានិច្ច។ លោក​មិន​បរិយាយ​ពី​ការលំបាក​ក្នុង​ការងារ​នោះទេ តែ​លោក​បាន​លើក​ជា​ឧទាហរណ៍​ថា អ្នកបើក​យន្តហោះ​ម្នាក់​បើសិនជា​បើកបរ​មិន​ជួបនឹង​អាកាសធាតុ​អាក្រក់​ទេ ក៏​មិនដឹង​ពី​សមត្ថភាព​ខ្លួនឯង​ដែរ តែបើ​បាន​ជួប​ស្ថានភាព​អាកាសធាតុ​មិនល្អ ហើយ​នៅតែ​ហោះ​ទៅមុខ​បាន​ដោយ​សុវត្ថិភាព​នោះ ទើប​ដឹងថា ខ្លួនឯង​ពិតជា​ពូកែ​មែន។

    ក្នុង​គោលដៅ​លើកទឹកចិត្ត​បុគ្គលិក និង​ផ្តល់​ចំណេះដឹង​ដល់​បុគ្គលិក​ឱ្យ​កាន់​តែមាន​សមត្ថ​ភាពខ្លាំង​ឡើង​ថែមទៀត​នោះ នៅ​ឆ្នាំ2013 ក្រុមហ៊ុន​បាន​ចំណាយ​ប្រាក់​ច្រើនសន្ធឹក​សន្ធាប់ បញ្ជូន​លោក​ទៅ​សិក្សា​ជំនាញ​គ្រប់គ្រង​បន្ថែមទៀត​នៅ​សាកលវិទ្យាល័យ Harvard Business School នៅ​សហរដ្ឋអាមេរិក​ក្នុង​រយៈពេល​ខ្លី (6ខែ)បន្ថែមទៀត ជា​សាលា​ដែល​ថ្នាក់ដឹកនាំ​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក​តែង​ចូលរៀន​វគ្គ​សិក្សា​នៅ​ទីនោះ​ដើម្បីឱ្យ​លោក​មាន​ជំនាញ​ជា​អ្នកគ្រប់គ្រង​ដែលមាន​សមត្ថភាព​ពេញលេញ​តែម្តង។ ក្រោយពី​បាន​សិក្សា​ជំនាញ​ចប់ លោក​ក៏ត្រូវ​បានតែងតាំង​ជា​អគ្គនាយក​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) ហើយ​ខិតខំ​អភិវឌ្ឍ​ក្រុមហ៊ុន​ឱ្យ​កាន់តែ​មានឈ្មោះ​បោះ-​សំឡេង​នៅលើ​ទីផ្សារ​កម្ពុជា​រហូតមក​ទល់​សព្វថ្ងៃ។

    គួរ​បញ្ចាក់​ផងដែរ​ថា ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) មាន​ផលិតផល និង​សេវាកម្ម ដូចជា: រថយន្ ត​Ford រថយន្ត​ Jaguar RangeRover គ្រឿងចក្រ​ធុន​ធ្ងន់ JCB រថយន្ត​កសិកម្ម ត្រាក់ទ័រ​ John Deer រថយន្ត​លើកដាក់​ទំនិញ ​TCM ហាង ដឹ ភី​ហ្សា ខម​ផេ​នី (The Pizza Company) កាហ្វេ​ខូ​ស្តារ (Costa Coffee) ការ៉េម​ស្វិ​ន​សិន (SWENSEN’S) ការ៉េម​នំ​ដេ​រី​ឃ្វី​ន (Dairy Queen) នំ​ដូ​ហ្វ​ណាត់ គ្រី​ស្ពី​គ្រី​ម (Krispy Kreme Doughnut) ហាង បា​ប៊ី​ឃ្យូ​ផ្លា​ហ្សា (BAR-B-Q PLAZA) សេវាកម្ម​ជួល​រថយន្ត (AVIS) ក្រុមហ៊ុន​បង់​រំលស់ (BSP Finance) និង​ម៉ាកល្បីៗជាច្រើន​ទៀត ដែលមាន​វត្តមាន​នៅក្នុង​ទីក្រុង​ភ្នំពេញ និង​នៅតាម​ទីប្រជុំជន​ក្នុង​ខេត្ត​មួយចំនួនទៀត​ទូទាំងប្រទេស​កម្ពុជា ដោយបាន​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង 3,000នាក់​ឯណោះ។

    គួរ​រំឭក​ដែរ​ថា លោក ង​ន សាំង បានចាប់កំណើត​នៅក្នុង​គ្រួសារ​ដែលមាន​កម្រិតជីវភាព​មធ្យម​មួយ​នៅក្នុង​ភូមិ​ក្រាំង​ឡង ឃុំ​ជើង​គួ​ន ស្រុក​សំរោង ខេត្តតាកែវ ជា​កូន​ទី2 ក្នុងចំណោម​បងប្អូន 6នាក់ ប្រុស3 ស្រី3។ ពេល​ដល់​អាយុ​ចូលរៀន ពោលគឺ​នៅ​ឆ្នាំ1980 ជា​ឆ្នាំ​ដែល​កម្ពុជា​ទើប​រំដោះ​ចេញផុត​ពីរ​បប​អាវខ្មៅ លោក​ហាក់​មានសំណាង​បាន​ចូលរៀនភ្លាមៗតែម្ដង ខុសពី​កុមារ​មួយចំនួនធំ​នៅក្នុង​ប្រទេស​កម្ពុជា​ដែលមាន​ការលំបាក​ដោយ​មិនមាន​សាលារៀន និង​មិនមាន​គ្រូបង្រៀន​គ្រប់គ្រាន់​នោះ។ លោកមានប្រសាសន៍ថា នៅក្នុង​ភូមិ​ឃុំ​របស់លោក ហាក់ដូចជា​មិនមាន​បញ្ហា​រឿង​សង្គ្រាម​នោះទេ ពោលគឺ​មាន​សាលា និង​មាន​គ្រូបង្រៀន​គ្រប់គ្រាន់ ដែល​ធ្វើឱ្យកុមារៗនៅក្នុង​ភូមិ​មានឱកាស​បាន​ចូលរៀនគ្រប់ៗគ្នា។

    ដោយសារ​ជីវភាព​គ្រួសារ​មិនមាន​បញ្ហា លោក​មិនសូវមាន​ការលំបាក​ក្នុង​ការជួយ​រក​ចំណូល​ជួយ​គ្រួសារ​ដូច​កុមារ​មួយចំនួន​ទៀតឡើយ ដែល​នេះ​ជា​កត្តា​ធ្វើឱ្យ​កុមារ ង​ន សាំង បាន​ខិតខំ​រៀនសូត្រ​រហូត​ក្លាយជា​សិស្ស​ពូកែ​គណិតវិទ្យា ចាប់តាំងពី​ថ្នាក់បឋមសិក្សា និង​ប្រឡង​ជាប់​បាន​ឡើង​ថ្នាក់​ជា​បន្តបន្ទាប់ រហូត​បាន​ប្រឡង​ជាប់​បាក់​ឌុប​ជា​ស្ថាពរ​នៅក្នុង​ឆ្នាំ1990 ហើយក៏​ឡើងមក​ភ្នំពេញ​ស្នាក់នៅ​ជាមួយ​ឪពុកមា​ដើម្បី​រៀន​បន្តទៀត។ ប៉ុន្តែ​យ៉ាងណាក៏ដោយ លោក​បាន​ប្រឡង​ធ្លាក់​អាហារូបករណ៍​នៅ​ឆ្នាំ​ដំបូងដែលជា​កត្តា​ធ្វើឱ្យ​លោក​មានការ​សោកស្ដាយ​យ៉ាងខ្លាំង និង​បាន​ចំណាយពេល​មួយឆ្នាំ​ទៀត​ដើម្បី​រៀន​កួរ​បំប៉ន​ចំណេះដឹង​បន្ថែម​ដើម្បី​ត្រៀមប្រឡង​ចូល​មហាវិទ្យាល័យ​នៅ​ឆ្នាំ​បន្ទាប់មកទៀត។

    លុះ​ពេលវេលា និង​ឱកាស​មកដល់ នៅ​ឆ្នាំ​បន្ទាប់​លោក​ក៏បាន​សម្រេច​ដាក់ពាក្យ​ប្រឡង​យក​អាហារូបករណ៍​ចំនួន 3មហាវិទ្យាល័យ គឺ​មហាវិទ្យាល័យ​សេដ្ឋកិច្ច គ្រូ​ផ្នែក​គណិតវិទ្យា និង​ប្រឡង​ចូល​មហាវិទ្យាល័យ​សុខាភិបាល ហើយ​ជា​លទ្ធផល​លោក​បាន​ជាប់​ទាំង 3មហាវិទ្យាល័យ​ក្នុងពេល​តែមួយ តែ​លោក​បា​នស​ម្រ​ច​ចិត្ត​ចូលរៀន​មហាវិទ្យាល័យ​សេដ្ឋកិច្ច ដោយសារ​មើលឃើញថា​ជា​មុខវិជ្ជា​ដែល​លោក​ចូលចិត្ត​ជាងគេ។

    សម្រាប់​ទៅ​ថ្ងៃ​អនាគត លោក​មិន​ប្រាថ្នា​អ្វី​ច្រើន​នោះទេ គឺ​គ្រាន់តែ​ខិតខំ​អភិវឌ្ឍ​ក្រុមហ៊ុន​ឱ្យ​កាន់តែ​រីកចម្រើន​ទៅមុខ​ថែមទៀត ដើម្បី​ចូលរួម​ជួយ​លើកកម្ពស់​សេដ្ឋកិច្ចជាតិ ជួយផ្តល់​ការងារ​ដល់​ប្រជាជន​ខ្មែរ​ឱ្យបាន​កាន់តែច្រើន គឺ​គ្រប់គ្រាន់​ហើយ​សម្រាប់​លោក៕

  • វិធីសាស្ត្រ​លក់ ដើម្បី​ទទួលបាន​ជោគជ័យ​នៅលើ​ទីផ្សារ

    វិធីសាស្ត្រ​លក់ ដើម្បី​ទទួលបាន​ជោគជ័យ​នៅលើ​ទីផ្សារ

    ការលក់​ផលិតផល ឬ​សេវាកម្ម​ពេលខ្លះ​មាន​ភាពងាយស្រួល ប៉ុន្តែ​ពេលខ្លះទៀត​មិនមែនជា​រឿង​ងាយស្រួល​នោះទេ​ដោយសារ​មុននឹង​ទិញ​ផលិតផល ឬ​សេវាកម្ម​ណាមួយ​ អតិថិជន​តែងមាន​ការគិត​ពិចារណា​ច្បាស់លាស់ រកឱ្យឃើញ​អត្ថប្រយោជន៍​ជាមុន​ទើប​សម្រេចចិត្ត​ចំណាយ​ប្រាក់​ទិញ​ជា​ក្រោយ។

    លោក អ៊ុក​ ចាន់​វាសនា សាស្ត្រាចារ្យ​ដេ​ប៉ា​តឺ​ម៉​ង់​គ្រប់គ្រង​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​ជានា​យក​ក្រុមហ៊ុន​ ​RMT Co,.LTD លក់ និង​ជួសជុល​រថយន្ត​នៅ​ជិត​រង្វង់​មូល​ផ្សារ​ដើមថ្កូវ​មានប្រសាសន៍ថាដើម្បីឱ្យ​ការលក់​ទទួលបាន​ជោគជ័យ​ មុនដំបូង​ភ្នាក់ងារ​លក់​​ត្រូវ​រកឱ្យឃើញ​ថា អ្នកណា​ជា​អតិថិជន​គោលដៅ​របស់​យើង​ពិតប្រាកដ ព្រោះថា ប្រជាជន​ខ្មែរ​ជាង 15លាន​នាក់​មិនមែន​សុទ្ធតែជា​អតិថិជន​គោលដៅ​របស់​យើង​ទាំងអស់​នោះទេ។ បន្ទាប់ពី​រកឃើញ​ហើយ​ យើង​ត្រូវធ្វើ​ចំណាត់ថ្នាក់​ថា តើ​អាទិភាព​ទី1 យើង​គួរ​ត្រូវ​ទៅរក​អ្នកណា​មុនគេ និង​បន្ទាប់មកទៀត​យើង​ត្រូវ​ទៅរក​អ្នកណា​បន្ទាប់។

    លោក​សាស្ត្រាចារ្យ​បញ្ជាក់ថា ក្រោយពី​រកឃើញ​ហើយ យើង​ត្រូវ​រៀបចំខ្លួន​ដើម្បី​ត្រៀម​ទៅ​ជួប​គេដូច្នេះ​យើង​ត្រូវ​ស្វែងយល់ ឬ​សិក្សា​ពី​គាត់​ឱ្យបាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន រាប់​ចាប់តាំងពី​ការងារ​របស់គាត់​ អត្តចរិត ឥរិយាបថ​របស់គាត់​ថា តើ​គាត់​ជា​មនុស្ស​ចិត្ត​ទូលាយ​ តឹងរ៉ឹង ឬ​ជាម​នុស្ស​លេងសើច​ច្រើន​ជាដើម ពិសេស​ត្រូវ​ស្គាល់​សាវតា​របស់គាត់​ឱ្យបាន​ច្បាស់លាស់។ ការ​ស្គាល់​គេ​ឱ្យបាន​ច្បាស់លាស់​មានន័យ​ថា យើង​ឱ្យ​តម្លៃ​គេ​ពេលនោះ គេ​នឹង​ឱ្យ​តម្លៃ​យើង​វិញ ដែល​អាច​និយាយ​ពាក្យ​ស្និទ្ធស្នាល​ជាមួយគ្នា​បាន​ច្រើន។បន្ទាប់ពី​រកឃើញ​ចំណុចសំខាន់ៗទាំងអស់​នេះហើយ យើង​ត្រូវ​ទំនាក់ទំនង​ជាមួយ​គេ​តាម​វិធីសាស្ត្រ​ណា​ក៏បាន តាមរយៈ​ទូរស័ព្ទ ឬ​បណ្តាញ​ទំនាក់ទំនង​សង្គម​ជាមុន មុននឹង​ឈានដល់​ការ​ណាត់ជួប។

    មកដល់​ថ្ងៃ​កំណត់​យើង​ត្រូវ​ទៅ​ជួប​គេ ត្រូវ​ទៅ​ជួប​ឱ្យទាន់​ពេលវេលា កុំឱ្យ​ខកខាន និង​នៅពេលដែល​យើង​បាន​ជួប​ហើយ យើង​ត្រូវ​និយាយ​សួរសុខទុក្ខ ឬ​និយាយ​លេង​ពីនេះ​ពី​នោះ​បន្តិច​ជាមុនសិន​បើសិន​ជាមាន​ពេល បន្ទាប់មក​ទើប​និយាយ​ពី​គោលបំណង​នៃ​ការ​ណាត់ជួប ហើយ​បង្ហាញ​ផលិតផល​របស់​យើង​ទៅកាន់​អតិថិជន​តែម្តង។ នេះ​ជា​ដំណាក់កាល​សំខាន់បំផុត​ក្នុងការ​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់គាត់​ឱ្យ​សម្រេច​ទិញ​ផលិតផល​របស់​យើងភ្លាម។

    ជាទូទៅ​អ្នកគ្រប់គ្រង​ផ្នែក​លក់​ត្រូវ​រៀបចំ​ផែនការ​បង្ហាញ​ផលិតផល​នេះ​ទៅដល់​អតិថិជន​និង​កំណត់​ការនិយាយ​ឱ្យបាន​ច្បាស់លាស់​ផងដែរ ដើម្បី​ជា​ជំនួយ​ទៅដល់​នីតិវិធី One work One way One Solution មានន័យថា ធ្វើការ​រួមគ្នា ដើរ​ជាមួយគ្នា និង​មាន​វិធីសាស្ត្រ​ដោះស្រាយ​រួមគ្នា។ បើ​មិន​រៀបចំ​ផែនការ​នេះ​ទេ​អ្នកលក់​ប្រាកដជា​និយាយផ្សេងៗគ្នា​ចំពោះ​ផលិតផល​តែមួយ ឬ​និយាយ​ពីអ្វី​ដែល​យើង​មិន​ចង់ឱ្យ​គាត់​និយាយ។

    ក្នុងនាម​ជា​អ្នកលក់ កុំ​ភ្លេចខ្លួន គឺ​ត្រូវ​ត្រៀម​ជានិច្ច និង​តស៊ូ​ពុះពារ​ជម្នះ​នូវ​គំនិត​អវិជ្ជមាន​ណាមួយ​របស់​អតិថិជន​ដែល​តែង​កើតមាន​ដោយសារ​អតិថិជន​មានលក្ខណៈខុសៗគ្នា​ ជួនកាល​និយាយ​ទៅ គាត់​ធ្វើ​ចេះតែ​ម្តង ​គាត់​ថា ផលិតផល​បែប​ហ្នឹង​គាត់​ធ្លាប់​ជួប​ហើយ​គាត់​មាន​ហើយ មើលទៅ​មាន​អារម្មណ៍​អវិជ្ជមាន​មកលើ​យើង​តែម្តង ហើយ​ជួនកាល​គាត់​អត់​ចង់​ជួប​យើង​ទេ ប៉ុន្តែ​ក្នុងនាម​ជា​អ្នកលក់ ពេល​ជួប​ឧបសគ្គ​ប៉ុណ្ណឹង មិនមែន​ឈប់​ត្រឹមហ្នឹង ឬ​ត្រូវ​បោះបង់ចោល​នោះទេ ត្រូវ​ព្យាយាម​និយាយ​ឱ្យបាន​ច្រើន​អំពី​គាត់ ជួនកាល​អាច​សរសើរ​ខ្លះ​ក៏បាន​ដែរវា​ជា​រឿង​ល្អ ព្រោះ​មនុស្ស​ខ្លះ​ចូលចិត្ត​ឱ្យគេ​សរសើរប៉ុន្តែ​មិនមែន​បញ្ជោរ​ខុស​រឿង​នោះទេ វា​អាចធ្វើឱ្យ​ភ្ញៀវ​មិន​ចូលចិត្ត​យើង​វិញ​ក៏​ថា​បាន។ បន្ទាប់មកទៀត​មុនពេល​ចាកចេញ យក​ល្អ​គួរ​និយាយត្រួសៗអំពី​ផលិតផល​របស់​យើង​ឡើងវិញ ហើយ​សួរ​ពី​ចំណាប់អារម្មណ៍​របស់គាត់ ដោយ​ទុក​ឱកាស​ឱ្យ​គាត់​និយាយ​ត្រឡប់មកវិញ។ នៅពេល​គាត់​និយាយ​មកវិញ យើង​ប្រាកដជា​អាច​ដឹងថា គាត់​ចង់​ទិញ ឬ​មិន​ចង់​ហើយ បើសិនជា​គាត់​ចាប់អារម្មណ៍​ហើយ គួរ​ជំរុញ​ឱ្យ​គាត់​ទិញ​តែម្តង។

    លោក​បន្ថែមថា បើសិនជា​គាត់​មិនទាន់​ទិញ យើង​អាច​ទំនាក់ទំនង​គាត់​នៅពេល​ក្រោយ​បាន តែបើ​គាត់​ទិញ​ហើយ យើង​ត្រូវ​ទំនាក់ទំនង​បន្ថែមទៀត​ដើម្បី​បង្កើន​ភាពជិតស្និទ្ធ​ជាមួយ​អតិថិជន។ ជា​ឧទាហរណ៍​យានដ្ឋាន​របស់លោក​តែង​ជួសជុល​រថយន្ត​ចំ​កន្លែង​ដែល​ខូច និង​ព្យាយាម​ជួសជុល​ឱ្យបាន​លឿន​តាម​ដែល​អាចធ្វើ​ទៅបាន និង​មានតម្លៃ​សមរម្យ​អាច​ទទួលយកបាន។ នៅពេល​ជួសជុល​រួច អតិថិជន​យក​រថយន្ត​ទៅ​ជិះ​បាន 2-3ថ្ងៃ ខ្ញុំ​តែង​ទូរស័ព្ទ​ទៅ​សួរថាយ៉ាងម៉េច​ដែរ​ពេល​ជួសជុល​រួចហើយ? ការ​សួរ​នេះ​ដើម្បី​បង្កើត​ឱកាស​ឱ្យ​ខ្លួន​យើង​កាន់តែ​ស្គាល់​អតិថិជន​បាន​ច្បាស់​ឡើង មាន​ភាពស្និទ្ធស្នាល​ច្រើនឡើង ដូចជា​រូបលោក អតិថិជន​ភាគច្រើន​ក្លាយទៅជា​មិត្តភក្តិ​ស្ទើរ​អស់​ទៅហើយ។ ពេលខ្លះ​កុំ​គិតថា វា​ជា​ការលក់​ខ្លាំងពេក កុំ​គិតពី​ផលប្រយោជន៍​ខ្លាំងពេកត្រូវ​គិតពី​ទំនាក់ទំនង​ខ្លះ​ទើប​ជា​រឿង​សំខាន់។

    យ៉ាងណាក៏ដោយ ពេលខ្លះ​អតិថិជន​អត់​ដឹងថា​ខ្លួនឯង​មាន​តម្រូវការ​ទេ លុះត្រាតែ​យើង​ប្រាប់​ពី​បញ្ហា​ទើប​គាត់​ដឹង ដូចជា​ការលក់​ធានារ៉ាប់រង​ជាដើម។ ដើមឡើយ​ប្រជាជន​ខ្មែរ​មិន​ស្គាល់​ធានារ៉ាប់រង​ទេ ដូច្នេះ​មុននឹង​លក់​ត្រូវ​ធ្វើយ៉ាងណា​ឱ្យ​គាត់​យល់ដឹង​ពី​តម្រូវការ​ផលិតផល​ជាមុនសិន។ មួយទៀត​ដូចជា​បរិបទ​សង្គម​បច្ចុប្បន្ន​ក៏​ដូចគ្នា​ដែរ ជួនកាល​ការបង្កើត​ហ្គេម​តាម​ទូរស័ព្ទ​ក៏​យើង​អាច​លក់​បានដែរ បើ​ក្មេង​លេង​ហ្គេម​ច្រើនពេក​អាចមាន​បញ្ហា តែបើ​មិន​លេង​សោះ​ដើរ​មិន​ទាន់សម័យ​បច្ចេកវិទ្យា ដូច្នេះ​ដើម្បី​កុំ​ឱ្យមាន​បញ្ហា គួរឱ្យ​កូន​លេង​ហ្គេម​ណា​ដែល​ជួយ​អភិវឌ្ឍ​ផ្នត់គំនិត​កុមារ​ឱ្យ​កាន់តែ​ប្រសើរ។

    ចំណុច​ពិសេស​ដែល​ចាំបាច់​នោះ​គឺ ធ្វើជា​បុគ្គលិក​ផ្នែក​លក់​ត្រូវ​ស្គាល់​ផលិតផល​ខ្លួនឯង និង​ដៃគូ​ប្រកួតប្រជែង​របស់​យើង​ឱ្យបាន​ច្បាស់ និង​មួយទៀត​ត្រៀមខ្លួន​ដោះស្រាយ ដោយ​ដំបូង​ឡើង​ត្រូវធ្វើ​យ៉ាងណា​បង្ហាញ​អត្តចរិត ការ​ស្លៀកពាក់ កាយវិការ ការនិយាយ​ស្តីឱ្យ​ប្រកបដោយ​ភាព​ទាក់ទាញ​ជាមុន មាន​ពាក្យសម្តី​ពីរោះពិសា ហើយ​ពិសេស​ការគ្រប់គ្រង​ពេលវេលា បើសិន​យើង​សន្យា​នៅ​ម៉ោង​ប៉ុន្មាន គួរ​កុំឱ្យ​ខកពេល​វេលា ឬ​អាច​ទៅ​រង់ចាំ​មុនគេ​មកដល់ ក៏​ជាការ​ប្រសើរ​ដែរ។

    សរុបមក​ដើម្បីឱ្យ​ផលិតផល​របស់​យើង​មានការ​គាំទ្រ​ច្រើន​ពី​អតិថិជន យើង​គួរ​ធ្វើយ៉ាងណា​ឱ្យ​គាត់​ទិញ​ផលិតផល​យើងភ្លាមៗតែម្តង តាមរយៈ​វិធីសាស្ត្រ​និយាយ​ពី​អត្ថប្រយោជន៍​ពិសេស ដូចជា​ការបញ្ចុះ​តម្លៃភ្លាមៗនៅពេល​ជួបតែ​ម្តង​បើសិនជា​អាចធ្វើ​ទៅបាន ដែល​ភាគច្រើន​នៃ​អ្នកលក់​តែង​និយាយថាបើសិនជា​បង​ទិញ​ពេលនេះ ក្រុមហ៊ុន​ចុះ​តម្លៃ​ជូន10 ឬ20%តែម្តង តែ​បើសិនជា​បង​ចាំ​ទិញ​លើក​ក្រោយ​នឹង​អស់​ឱកាស​បញ្ចុះតម្លៃ​មិន​ខាន។ នេះ​ជា​វិធីសាស្ត្រ​ដ៏​សំខាន់​ដែល​យើង​ត្រូវ​ត្រៀមលក្ខណៈ​ទុកជាមុន មុននឹង​ទៅ​ជួបចរចា​លក់​ផលិតផល​ជាមួយ​អតិថិជន៕

  • នាងតូច លីន សោម៉ា បញ្ចេញសំនៀងបទ «ស្រណោះម្លប់ដូង» ទទួលបានការចាប់អារម្មណ៍ខ្លាំង

    នាងតូច លីន សោម៉ា បញ្ចេញសំនៀងបទ «ស្រណោះម្លប់ដូង» ទទួលបានការចាប់អារម្មណ៍ខ្លាំង

    អតីតបេក្ខភាពក្នុងកម្មវិធី Cambodian Idol រដូវកាលទី3 នាងតូច លីន សោម៉ា មានវ័យ 16​ឆ្នាំ ត្រូវបានប្រិយមិត្តអ្នកគាំទ្រដឹង និងមើលឃើញពីសមត្ថភាពនៃទឹកដមសំឡេងដ៏ពិរោះបែបមនោសញ្ចេតនា ហើយទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងខណៈកំពុងប្រឡង។ យ៉ាងណាក្តី គិតមកដល់ពេលនេះ ទោះ លីន សោម៉ា មិនមែនជាម្ចាស់ជយលាភីក្តី ឬមិនទាន់មានផលិតកម្មចូលច្រៀងនឹងគេនៅឡើយក្ដី តែការបង្ហើរសំនៀងរបស់នាងម្ដងៗនៅលើបណ្ដាញសង្គមហ្វេសប៊ុក គឺមានការចាប់អារម្មណ៍ និងពេញចិត្តពេញថ្លើមអ្នកស្ដាប់តែម្ដង។

    ស្របពេលថ្មីៗនេះ នាងតូច លីន សោម៉ា បានបង្ហោះវីដេអូថ្មីមួយទៀត ជាការបកស្រាយបទចម្រៀងបែបចង្វាក់ប្រជាប្រិយខ្មែរ  «ស្រណោះម្លប់ដូង» ដែលស្របទៅនឹងបរិយាកាសបុណ្យភ្ជុំបិណ្ឌដែលនឹងមកដល់ឆាប់ៗខាងមុខនេះ ។ នាងបានសរសេរថា «ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា ថ្ងៃនេះនាងខ្ញុំមានបទចម្រៀងមួយបទជូនដល់ពុកម៉ែបងប្អូនទាំងអស់គ្នាស្ដាប់លេងជាការកម្សាន្តបើមានការខុសឆ្គងត្រង់កន្លែងណា សូមខន្តីអភ័យទោសផងចា៎ស កុំភ្លេចចុច Like និង share ម្នាក់មួយផងណា»។

    ចង់ដឹងថាបែបណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖

    https://youtu.be/G0XBPeQ33y0

  • ភ្ញាក់ផ្អើល!!  កែវ វាសនា ស្ពាយបង្វិចចូលទ្រនំចាស់វិញ

    ភ្ញាក់ផ្អើល!!  កែវ វាសនា ស្ពាយបង្វិចចូលទ្រនំចាស់វិញ

    ខណៈនេះអ្នកលេងបណ្ដាញសង្គមកំពុងតែភ្ញាក់ផ្អើលជាខ្លាំង ជាមួយការបញ្ចេញបទចម្រៀងថ្មីៗរបស់ លោក កែវ វាសនា នៅក្នុងផលិតកម្ម សាន់ដេ ដែលជាហេតុធ្វើឱ្យអ្នកគាំទ្រ កើតក្ដីមន្ទិលសង្ស័យថា តើតារាចម្រៀងប្រុស កែវ វាសនា​ បានស្ពាយបង្វិលវិលចូលទ្រនំចាស់នេះវិញហើយ ឬយ៉ាងណា?

    បើតាមការបញ្ជាក់ពីទំព័រហ្វេសប៊ុកផ្លូវការរបស់ផលិតកម្ម សាន់ដេ បានរៀបរាប់ថា «Wow រីករាយនឹងការត្រឡប់មកវិញរបស់លោក កែវវាសនា ម្ចាស់បទ «ខ្លាចគេឈឺ តែមិនខ្លាចបងទឹកភ្នែក» ប៉ះគ្នា ជាមួយម្ចាស់បទ «បែកបងដើម្បីថែគេ» ពួកគាត់បានត្រឡប់មកវិញសាជាថ្មីម្តងទៀត ធ្វើឱ្យកក្រើកម្តងទៀត ឆក់យកបេះដូងអ្នកគាំទ្រម្តងទៀត ដោយពួកគាត់ទាំងពីរបានចាប់ដៃគូគ្នាសាជាថ្មីជាមួយនឹងបទចម្រៀងថ្មី បែបមនោសញ្ចេតនា កម្សត់ កម្សត់រហូតIdol Admin សូមបញ្ជាក់ថា នេះគ្រាន់តែជា Lyric Video តែប៉ុណ្ណោះ មិនមែនជា Full MVនោះទេ សម្រាប់Full MV នឹងចេញក្នុងពេលឆាប់ៗនេះ ហើយ Admin សូមធានាថា នឹងកម្សត់ រហូតដល់ប្រិយមិត្តដែលបានទស្សនានឹងស្រក់ទឹកភ្នែកតាមដោយមិនដឹងខ្លួន»។

    ទោះយ៉ាងណាក៏ដោយ ក៏នៅមិនទាន់មានការបញ្ជាក់ពីសំណាក់សាមីខ្លួន លោក កែវ វាសនា ក្នុងការស្រាយបំភ្លឺឱ្យមហាជនអស់ចម្ងល់នៅឡើយទេ។ តែគួរបញ្ជាក់ដែរថា មួយរយៈចុងក្រោយនេះ តារាចម្រៀងប្រុសរូបនេះមានការមមាញឹកនៅក្នុងសិល្បៈខ្លាំង និងស្ងាត់ចេញបទចម្រៀងថ្មីនៅក្នុងផលិតកម្មថោនផងដែរ។ ជាមួយគ្នាក៏មានមតិមួយទៀតបានលើកឡើងថា កែវ វាសនា អាចនឹងជាតារាចម្រៀងឯករាជ្យ ដែលគ្មានកុងត្រាក៏ថាបានដែរ៕

  • សាលា​ជំនាន់​ថ្មី មិនអាក្រក់​ទេ តែ​គួរ​សាងសង់​អគារ​ផ្ទាល់ខ្លួន​ដាច់ដោយឡែក​ពី​សាលា​រដ្ឋ

    សាលា​ជំនាន់​ថ្មី មិនអាក្រក់​ទេ តែ​គួរ​សាងសង់​អគារ​ផ្ទាល់ខ្លួន​ដាច់ដោយឡែក​ពី​សាលា​រដ្ឋ

    សាលា​ជំនាន់​ថ្មី​ជា​គម្រោង​ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា​បានប្រកាស​ដាក់ឱ្យអនុវត្ត​ជា​យូរ​មកហើយ ម្យ៉ាងវិញទៀត​គម្រោង​នេះ​ក៏​ជា​ផ្នែក​មួយ​ដើម្បី​ជំរុញឱ្យមាន​ការសិក្សា​លើ​មុខវិជ្ជា​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា ឬ​ហៅ​កាត់​ថា STEM កាន់តែច្រើន​ដែរ។

    ជា​រៀងរាល់​លើក ពេលដែល​ក្រសួង​ធ្វើ​កម្មវិធី​ពាក់ព័ន្ធ​នឹង STEM មន្ត្រីសំខាន់ៗ រួមទាំង​លោក​រដ្ឋមន្ត្រី ហង់ ជួនណា​រ៉ុ​ន ផង​ក៏បាន​បញ្ជាក់ដែរថា ក្រៅពី​ការធ្វើ​ពិ​ព័រ​ណ៏ STEM ប្រចាំឆ្នាំ​ហើយ ក្រសួង​បា​នប​ញ្ច្រា​ប​ការយល់ដឹង​ទៅកាន់​សាលា​នានា​នៅ​ទូទាំងប្រទេស ហើយ​ចំណុច​សំខាន់​មួយទៀត​គឺ​ក្រសួង​បានដាក់​ចេញ​នូវ​កម្មវិធី​សាលា​ជំនាន់​ថ្មី​នេះ នៅក្នុង​សាលា​គំរូ​មួយចំនួន​ដើម្បី​ធ្វើការ​សាកល្បង។ លើសពីនេះទៅទៀត ក្រសួង​អប់រំ យុវជន និង​កីឡា ក៏មាន​គម្រោង​ពង្រីក​សាលា​ជំនាន់​ថ្មី​នៅ​ទូទាំងប្រទេស​ផងដែរ ដើម្បីឱ្យ​សិស្ស​មាន​បរិក្ខារ​សម្បូរ​បែប​ក្នុង​ការសិក្សា និង​ពិសោធន៍។

    លោក សន ជ័យ ជា​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា បានលើកឡើង​នៅក្នុង​បណ្តាញ​សង្គម​ថា លោក​យល់ថា សាលារៀន​ជំនាន់​ថ្មី​នេះ​មិនមាន​អ្វី​អាក្រក់​នោះទេ ហើយ​ក្នុងនាម​ជា​អ្នក​ជ្រោមជ្រែង​វិស័យ​អប់រំ លោក​យល់ថា វា​ជា​គម្រោង​មួយ​ដែលមាន​គំរូ ម៉ូ​ឌែ​ល​ល្អ ឬ​ជា​បច្ចេកទេស​ក្នុង​ការជំរុញ​នវានុវត្តន៍ តែ​លោក​ចង់ឱ្យ​ក្រសួង​បង្កើត​សាលា​ជំនាន់​ថ្មី​នេះ​ឡើង​ដោយ​យកទៅដាក់​នៅ​សាលា​ចាស់​ណាមួយ ដោយ​ជួសជុល​កែលម្អ​អគារ​ទាំងនោះ​ឱ្យ​ថ្មី​ឡើងវិញ ហើយ​ដាក់ឈ្មោះថា សាលា​ជំនាន់​ថ្មី តែម្តង អាច​នឹងមាន​កិត្យានុភាព​ជាង៕

  • វិនិយោគិន​កូរ៉េខាងត្បូង គ្រោង​បង្កើត​វិទ្យាស្ថាន​បច្ចេកវិទ្យា​សំណង់​នៅ​កម្ពុជា

    វិនិយោគិន​កូរ៉េខាងត្បូង គ្រោង​បង្កើត​វិទ្យាស្ថាន​បច្ចេកវិទ្យា​សំណង់​នៅ​កម្ពុជា

    ស្រប​ពេលដែល​វិស័យ​សំណង់​នៅ​កម្ពុជា​មានការ​រីកចម្រើន​ឡើងជា​លំដាប់​នោះ វិនិយោគិន​កួ​រ៉េ​ខាងត្បូង​មួយក្រុម​ត្រៀម​បង្កើត​សាលា​ជំនាញ​បច្ចេកវិទ្យា​សំណង់  ដែល​ផ្តោតលើ​ប្រព័ន្ធ​លើកកម្ពស់​សុវត្ថិភាព​សំណង់​ចរាចរណ៍ និង​ប្រព័ន្ធគ្រប់គ្រង​សម្ភារ​ការដ្ឋាន​នៅពេល​ខាងមុខឆាប់ៗនេះ។

    គម្រោង​បង្កើត​សាលា​នេះ ត្រូវបាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​លោក Sung Heon Han ប្រធាន​វិទ្យាស្ថាន KICT ដែលជា​វិទ្យាស្ថាន​បច្ចេកវិទ្យា​សំណង់​ធំ​របស់​កូរ៉េ ជាមួយ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន​កម្ពុជា ដើម្បី​ដើរតួនាទី​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កម្ពុជា​ក្នុង​ការធានា​ឱ្យបាន​នូវ​ស្ដង់ដារ​គុណភាព​នៃ​សំណង់​នៅ​កម្ពុជា។

    KICT គឺជា​វិទ្យាស្ថាន​របស់​រដ្ឋាភិបាល​កូរ៉េ​ដែលមាន​ជំនាញ​ឯកទេស​ខាង​ការស្រាវជ្រាវ និង​វិស្វកម្ម​សំណង់។ លោក Sung Heon Han ប្រធាន​វិទ្យាស្ថាន KICT បាន​មានប្រសាសន៍ថា  វិទ្យាស្ថាន KICT មាន​បុគ្គលិក​ជំនាញ​ថ្នាក់បណ្ឌិត​ជាង 900នាក់​ដែលមាន​ជំនាញផ្សេងៗគ្នា ទាក់ទង​នឹង​ការសាងសង់​ដែល​បាន​បង្កើត​ស្តង់ដារ​សំណង់​កូរ៉េ​សម័យ​ទំនើប។ ហើយ​ការបង្កើត​សាលា​នេះ KICTនឹង​ចែករំលែក​សេចក្ដីព្រាង​ផែនការ​គាំទ្រ ការបង្កើត “វិទ្យាស្ថាន​បច្ចេកវិទ្យា​សំណង់​កម្ពុជា-កូរ៉េ (C-KICT)” នៅពេលឆាប់ៗនេះ។

    ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ជម្រាបជូន​អំពី​បញ្ហា​ប្រឈម​នាពេល​បច្ចុប្បន្ន​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​របស់​កម្ពុជា​ផងដែរ។ គ្រោះថ្នាក់​ចរាចរណ៍​នាពេល​បច្ចុប្បន្ន​ដែល​បង្កឡើង​ដោយ​កត្តា​មនុស្ស និង​ចំណុច​ខ្មៅ បានសម្លាប់​មនុស្ស​ប្រមាណ 5 នាក់ និង​បង្ក​របួសស្នាម​ពី20 ទៅ50នាក់​ក្នុង​មួយថ្ងៃ ដែល​កម្ពុជា​ចាំបាច់​ត្រូវ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ស្តង់ដារ​នៃ​ការស្ថាបនា​ផ្លូវថ្នល់​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​រក្សា​គុណភាព​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ឱ្យមាន​ភាពរឹងមាំ និង​ប្រើប្រាស់​ជាប់​បានយូរ។

    ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​បន្ថែមថា បច្ចេកវិទ្យា​ជួសជុល​ផ្លូវថ្នល់​មាន​សារៈសំខាន់​ណាស់ ដោយសារ​តំបន់​ភាគខាងត្បូង​នៃ​ប្រទេស ដូចជា​ខេត្តកំពត ខេត្ត​កែប ក្រុងព្រះសីហនុ និង​ខេត្តកោះកុង មាន​ភ្លៀង​ធ្លាក់​ជោកជាំ​នៅ​រដូវវស្សា។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​សំណូមពរ​ឱ្យ KICT ព​ន្លឿ​ន​ការបង្កើត​វិទ្យាស្ថាន C-KICT ឱ្យ​រួច​ក្នុង​រយៈពេល 2ឆ្នាំ ឬ​ឆាប់​ជាង​នេះ​តាម​ដែល​អាចធ្វើ​ទៅបាន៕

  • សមាគម​កម្ពុជា-ចិន ចង់​ក្តោប​ទីផ្សារ​ព្យាបាល​ជំងឺ​នៅ​កម្ពុជា ក្នុង​គម្រោង​វិនិយោគ​ទេសចរណ៍​សុខាភិបាល

    សមាគម​កម្ពុជា-ចិន ចង់​ក្តោប​ទីផ្សារ​ព្យាបាល​ជំងឺ​នៅ​កម្ពុជា ក្នុង​គម្រោង​វិនិយោគ​ទេសចរណ៍​សុខាភិបាល

    សមាគម អាយ វី អេ​ហ្ស កម្ពុជា-ចិន បានប្រកាស​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ថា សមាគម​គ្រោង​នឹង​វិនិយោគ​វិស័យ​សុខាភិបាល​ដើម្បី​ក្តោប​ទីផ្សារ​ព្យាបាល​ជំងឺ​នៅ​កម្ពុជា ស្រប​ពេលដែល​សេដ្ឋកិច្ចកម្ពុជា​កំពុងមាន​ការរីកចម្រើន​គួរឱ្យកត់សម្គាល់។

    លោក ស្រេង វង្ស ហៀ​ង ប្រធាន​សមាគម អាយ វី អេ​ហ្ស កម្ពុជា-ចិន បាន​បញ្ជាក់ថា ដោយសារតែ​មើលឃើញ​ការរីកចម្រើន​នៃ​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​របស់​ក​ម្ពុ​ជា និង​ភាពល្អ​ប្រសើរឡើង​នៃ​កំណើន​ទេសចរ វា​ជា​ជា​ឱកាស​ដ៏​សមស្រប​មួយ​ក្នុងការ​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​សុខាភិបាល។

    លោក ហៀ​ង បាន​បន្ដថា ទេសចរណ៍​សុខាភិបាល​នេះ កំពុង​ពេញនិយម​នៅក្នុង​ប្រទេសមួយ​ចំនួន​ដូចជា ប្រទេស​ម៉ាឡេស៊ី និង​ថៃ ជាដើម ហើយ​កម្ពុជា​ក៏​ស្ថិតនៅក្នុង​ទីតាំង​ភូមិសាស្ដ្រ​មួយ​ដ៏​ល្អ ដែល​អាច​ផ្ដល់នូវ​កញ្ចប់​សេវាកម្ម​ល្អ​មួយ​ដែល​គេ​ហៅថា ទេសចរណ៍​សុខាភិបាល ដែល​អ្នកទេសចរ​ក៏​អាចមក​ទទួល​សេវា​សុខាភិបាល​នៅ​កម្ពុជា​បានដែរ​នោះ ទើប​សមាគម​គ្រោង​វិនិយោគ​លើ​វិស័យនេះ។

    លោក​បាន​បញ្ជាក់ថា៖ ប្រសិនបើ​ដំណើរការ​នេះ​ទទួលបាន​ជោគជ័យ វា​នឹង​ទាក់ទាញ​អ្នកទេសចរ ព្រមទាំង​អ្នក​មក​ពិនិត្យ​ជំងឺ​កាន់តែ​ច្រើនឡើង ជាពិសេស​ប្រជាជន​មកពី​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​ទូទាំង​អាស៊ី​ផងដែរ។ លោក​ក៏បាន​បញ្ជាក់​បន្ថែមថា សមាគម​បង្កើត​គម្រោង​នេះ​ឡើង​ក្នុង​គោលបំណង​ផ្ដល់​សេវា​ពិសេស​ក្នុងការ​គាំពារ​សុខភាព​ស្ដ្រី។

    សម្ដេច​ក្រឡាហោម ស ខេង បាន​គាំទ្រ​ចំពោះ​គំនិត​ផ្តួចផ្ដើម​របស់ សមាគម អាយ វី អេ​ហ្ស កម្ពុជា-ចិន ពិសេស​ការបង្កើត​ការផ្ដល់​សេវាកម្ម​សុខភាព​ដល់​ស្ត្រី​នៅ​កម្ពុជា​តាមរយៈ​គម្រោងរ​បស់​សមាគម។ សម្ដេច​ក្រឡាហោម​បន្ដថា បច្ចុប្បន្ន​ពលរដ្ឋ​កម្ពុជា​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ បាន​សម្រុក​ចេញទៅ​ក្រៅប្រទេស​ដូចជា ប្រទេស​ថៃ វៀតណាម សិង្ហ​បុរី និង​ប្រទេស​មួយចំនួនទៀត ដើម្បី​ពិនិត្យ​សុខភាព និង​ព្យាបាល​ជំងឺ។

    សម្ដេច​ក្រឡាហោម​បាន​ថ្លែងថា៖ ប្រសិនជា​គម្រោង​របស់​សមាគម​ចិន​ក្នុងការ​សាងសង់​មន្ទីរពេទ្យ​នៅ​កម្ពុជា​ទទួលបាន​ជោគជ័យ វា​នឹង​អាចជួយ​ផ្ដល់​សេវាកម្ម​កាន់តែ​កៀក​ជិត​នឹង​ប្រជាពលរដ្ឋ និង​ជួយ​ដល់​កំណើនសេដ្ឋកិច្ច​រប​ស់​កម្ពុជា​ផងដែរ៕

  • ក្រសួង​បញ្ជាក់ថា គ្មាន​ការប្តូរឈ្មោះ​វិទ្យាល័យព្រះ​ស៊ីសុវត្ថិ ទៅជា​សាលា​ជំនាន់​ថ្មី​ទេ

    ក្រសួង​បញ្ជាក់ថា គ្មាន​ការប្តូរឈ្មោះ​វិទ្យាល័យព្រះ​ស៊ីសុវត្ថិ ទៅជា​សាលា​ជំនាន់​ថ្មី​ទេ

    ក្រោយពី​មានការ​តវ៉ា​ពី​សាស្ត្រាចារ្យ និង​ភាគី​ពាក់ព័ន្ធ​មួយចំនួន មតិ​ជាច្រើន​ក្នុង​បណ្តាញ​សង្គម មានការ​ព្រួយបារម្ភ​ថា អាច​នឹង​បាត់បង់​សាលាព្រះ​ស៊ីសុវត្ថិ​ដែល​បាន​បង្កើតឡើង​តាំងពី​ឆ្នាំ1873 ព្រោះតែ​វត្ត​មាននៃ​សាលា​ជំនាន់​ថ្មី។

    អ្នកនាំពាក្យ​ក្រសួង អប់រំ យុវជន និង​កីឡា បានធ្វើការ​ឆ្លើយតប​ទៅកាន់​អ្នកសារព័ត៌មាន​ថា គ្មាន​ការផ្លាស់ប្តូរ​ឈ្មោះ​សាលា​ព្រះស៊ីសុវត្ថិ ទៅជា​សាលា​ជំនាន់​ថ្មី ដូច​មតិ​ដែល​បានលើកឡើង​ក្នុង​បណ្តាញ​សង្គម​នោះទេ។ សាលា​ជំនាន់​ថ្មី​គ្រាន់តែ​ជា​កម្មវិធីសិក្សា​មួយ​ដែល​ដាក់ចូល​ទៅក្នុង​សាលា​ព្រះស៊ីសុវត្ថិ​តែប៉ុណ្ណោះ ហើយ​ចំពោះ​ការផ្លាស់ប្តូរ​នាយក​សាលា​នោះ គឺធ្វើឡើង​តាម​បទពិសោធ និង​ភាពចាស់ទុំ​នៃ​ការងារ​របស់គាត់ ដែល​នេះ​ជាការ​លើកទឹកចិត្ត​ឱ្យទៅ​កាន់​ការងារ​ថ្មី​នៅ​នាយកដ្ឋាន​មធ្យមសិក្សា​ចំណេះ​ទូទៅ ក្រោម​ឱវាទ​ក្រសួង​អប់រំ យុវជន និង​កីឡា មិនមែនជា​ការដកតំណែង​នោះទេ។

    សាលា​ជំនាន់​ថ្មី​ជា​កម្មវិធី​អប់រំ​ថ្មី​ដែល​ក្រសួង​បាន​សហការ​ជាមួយ​អង្គការ​សកម្មភាព​សម្រាប់​បឋមសិក្សា​នៅ​កម្ពុជា (KAPE) ដើម្បី​ផ្តោត​ការអប់រំ​លើ​មុខវិជ្ជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM) ដោយ​ក្រសួង​ធ្លាប់បាន​ដាក់បញ្ចូល​ទៅក្នុង​សាលា​គំរូ​ចំនួន 3 គឺ​សាលាព្រះ​ស៊ីសុវត្ថិ សាលាបឋមសិក្សា​អង្គរ​បាន និង​សាលាបឋមសិក្សា​សម្តេច​ព្រះរាជអគ្គមហេសី នរោត្តម​មុនីនាថ សីហនុ៕

  • ពិតជាកម្របានឃើញណាស់!!  ការសម្ដែងសិល្បៈ «គែនខ្មែរ» រវាងសិល្បៈករខ្មែរ និងឡាវ

    ពិតជាកម្របានឃើញណាស់!!  ការសម្ដែងសិល្បៈ «គែនខ្មែរ» រវាងសិល្បៈករខ្មែរ និងឡាវ

    ដំបូងសូមជម្រាបថា គែ​នខ្មែរ ជា​ឈ្មោះ​ឧបករណ៍ភ្លេង​មួយបែប​សម្រាប់​ផ្លុំ ​ធ្វើ​ដោយ​ឫស្សី​ពក​តូចៗ ឬ​ដោយ​ឫស្សី​ភ្នំ ​2យ៉ាង ។ គេ​យក​កំណាត់​ឫស្សី​នោះ​មក​តម្រៀប​ជា ​2​ជួរ​ចង​ផ្អោប​គ្នា ។ ក្នុង​1​ជួរ​ចំនួន 5​កំណាត់​ក៏មាន​ 6​កំណាត់​ក៏មាន​ 8​កំណាត់​ក៏មាន​ មាន​អណ្ដាតនៅខាងក្នុងដើម្បីបន្លឺជាសូរសំឡេង​រំពង​ស្រួយ។

    ដើម្បី​បន្លឺ​សូរ​សំឡេង​គែន អ្នកលេង​អាច​ផ្លុំ​ខ្យល់​ចូល និង​បឺត​ខ្យល់​ចេញបាន។ វិធី​នេះ វា​មាន​ភាព​ស្រដៀង​ទៅ​នឹង​ឧបករណ៍ អាម៉ូ​នី​កា ដែល​គេ​ត្រូវ​ផ្លុំ​ ឬ​បឺត​ខ្យល់​ចូល​ដើម្បី​បន្លឺសំឡេង។ ឧបករណ៍ គែ​ន ត្រូវបាន​គេ​លេង​ជា​ពីរ​របៀប ពេល​ខ្លះ​គេ​ផ្លុំ​គែន​ជា​សំឡេង​ទោល ពេល​ខ្លះ​ក៏​អាច​ផ្លុំ​លាយឡំ​ជាមួយ​ឧបករណ៍​នៅក្នុង​វង់ភ្លេងបានដែរ​។ គួរបញ្ជាក់ដែរថា ពាក្យ គែ​ន មានន័យ​ជា​ខ្មែរ​ថា ​ការស្រឡាញ់ ការគោរព​បូជា ឬ​ជា​ការលេង​ដើម្បី​ដាស់​ព្រលឹង។

    នៅថ្មីៗនេះ មានសិក្ខាសាលាបទបង្ហាញឧបករណ៍ភ្លេងគែនខ្មែរ​ និងឡាវ ដែលស្ដែងឱ្យឃើញពីភាពខុសគ្នា រវាងគែនខ្មែរ គែនឡាវ និងគែនថៃថា តើមានភាពខុសគ្នាខាងបំពង់សំឡេងយ៉ាងណាខ្លះ នៅឆាកសម្ដែងសិល្បៈខ្មែរអមតៈសារមន្ទីរជាតិ ភ្នំពេញ។ ក្រោយពីបញ្ចប់ការធ្វើបទបង្ហាញរយៈមិនយូរប៉ុន្មាន ក៏មានការសម្ដែងនូវទស្សនីយភាពការប្រគំ​ និងច្រៀងរួមគ្នារបស់សិល្បករ សិល្បការិនីខ្មែរ​ និងឡាវ ជាមួយនឹងបទរាំវង់ «អារ៉ាប់ពីយ៉ា»។

    ពិតជាកម្របានឃើញណាស់ ដូច្នេះដើម្បីកុំឱ្យរំលងការសម្ដែងដ៏អស្ចារ្យមួយនេះ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

  • មិនគួរំលងខ្សែភាពយន្ដកំប្លែង «ណូលីណូឡា» ដែលត្រៀមបង្ហាញខ្លួននៅមហោស្រពភាពយន្តអន្តរជាតិ

    មិនគួរំលងខ្សែភាពយន្ដកំប្លែង «ណូលីណូឡា» ដែលត្រៀមបង្ហាញខ្លួននៅមហោស្រពភាពយន្តអន្តរជាតិ

    វណ្ណកម្មភាពយន្តថ្មីរបស់ផលិតកម្មមហាហង្សដែលមានទស្សនីយភាពបែបកំប្លែង និងអប់រំ ត្រូវបានដាក់សម្ពោធជាផ្លូវការហើយកាលពីល្ងាចថ្ងៃម្សិលមិញនេះ ដោយខ្សែភាពយន្តនេះមានចំណងជើងថា «ណូលីណូឡា» ហើយបានដាក់លក់សំបុត្រចាប់ពីថ្ងៃទី20 កញ្ញាតទៅ។

    ភាពយន្តនេះត្រូវបានផលិតករបង្ហើបប្រាប់ថា អស់ខ្ទង់ចំណាយជាង 5ម៉ឺនដុល្លារសហរដ្ឋអាមេរិក ​និងប្រជុំសុទ្ធតែតារាល្បីៗតែម្ដង មានដូចជាកញ្ញា ឌុច លីដា និងកញ្ញា ភិន សុដាលីស គឺជាតួឯកធំប៉ះគ្នាជាលើកដំបូង និងប្រជុំដោយតួអង្គធំៗច្រើនទៀតដូចជា លោក ណាខុន នាងខ្ញុង នាយពាក់មី នាងកាកា អ្នកស្រីចាន់ តារាទី និងតារាល្បីៗជាច្រើនទៀត។ ភាពយន្ដដ៏ល្អឯកមួយនេះ មានការផលិតយ៉ាងសម្រិតសម្រាំងបំផុត ដោយសារតែខ្សែភាពយន្ដនេះបានត្រៀមទៅចូលរួមនៅក្នុងមហោស្រពភាពយន្ដអន្ដរជាតិ ដូច្នោះហើយទាំងប្លង់ថត ទីតាំង អត្ថបទភាពយន្ដ តួសម្ដែង សុទ្ធតែប្រកបដោយភាពប្រណីតទាំងអស់។

    លោក អិន សុភិន ចាងហ្វាងផលិតកម្មមហាហង្សបានប្រាប់អ្នកសារព័ត៌មានថា «មួយរឿងនេះបង្កប់នូវការអប់រំខុសពីរឿងមុនៗឆ្ងាយណាស់ ជាពិសេសការទូន្មានឱ្យតួអង្គស្រីចេះរៀបចំខ្លួនទន់ភ្លន់ ចេះសំពះ ចេះធ្វើបុណ្យ និងសំខាន់ជាងគេ គឺចង់អប់រំឱ្យចេះស្រឡាញ់គ្នានៅក្នុងរង្វង់គ្រួសារតែមួយ» ហើយលោកបានប្រកាសថា ក្រៅពីបានមើលកម្សាន្តហើយ គឺមានតម្លៃសម្រាប់ការអប់រំ និងវប្បធម៌យ៉ាងសម្បូរបែប។ ភាពយន្តនេះ ក៏បានផ្ដិតយកទិដ្ឋភាពប្រសាទអង្គរវត្ត ប្រាសាទបាយ័ន ផ្ទះបែបខ្មែរបុរាណ និងពីសិល្បៈនៃការកែច្នៃផងដែរ ដោយសារតែលោករំពឹងថា បើខ្សែភាពយន្តនេះបានបង្ហាញខ្លួននៅក្នុងមហោស្រពភាពយន្តអន្តរជាតិទៀតផងនោះ គឺនឹងធ្វើឱ្យពិភពលោកកាន់តែស្គាល់ពីប្រទេសកម្ពុជា។

    ងាកមកកាន់កញ្ញា ម៉ៅ ចាន់រស្មី អ្នកនិពន្ធសាច់រឿង «ណូលីណូឡា» បានអះអាងថា នៅក្នុងសាច់រឿងមួយនេះ កញ្ញាមិនមែនផ្ដោតតែលើការកម្សាន្តឱ្យសប្បាយនៅពេលទស្សនាប៉ុណ្ណោះទេ ប៉ុន្តែកញ្ញាមានគោលបំណងចង់បង្កប់ខ្លឹមសារអប់រំ និងចង់ទាញផ្នត់គំនិតរបស់អ្នកទស្សនាឱ្យស្គាល់ពីតម្លៃវប្បធម៌ និងតំបន់ទេសចរណ៍នានានៅខេត្តសៀមរាបផងដែរ ទើបរឿងទាំងមូលត្រូវចំណាយពេលថតច្រើននៅខេត្តសៀមរាប ជាពិសេសគឺតំបន់ប្រាសាទ និងកន្លែងសិប្បកម្មកែច្នៃរបស់អ្នកស្រុក ដើម្បីឱ្យត្រូវនឹងសាច់រឿងដែលនាងតាក់តែង។ កញ្ញារំពឹងយ៉ាងខ្លាំងថា អ្នកទស្សនាភាពយន្តរឿង «ណូលីណូឡា» នឹងទទួលបានខ្លឹមសារដែលនាងបានដៅទុក ខណៈដែលក្រោយការផលិត គឺនាងរឹតតែពេញចិត្តចំពោះប្លង់ សំឡេង និងការសម្ដែងរបស់តួអង្គនីមួយៗ ដោយនាងយល់ថាស្នាដៃដែលខ្លួនបាននិពន្ធ នឹងមានការគាំទ្រខ្លាំងក្លា។

    គួរបញ្ជាក់ផងដែរថា វត្តមានតារាចូលរួមសម្ពោធរឿង គេសង្កេតឃើញមានលោក ភឹម តារាវិបុល លោក ហេង នរៈកក្កដា លោក អូន ឧស្សាហ៍ លោក ជុំ វិចិត្រ ជាអ្នកដឹកនាំរឿង តំណាងរោងកុន លេជេន ខាងនាយកដ្ឋានភាពយន្ត និងតារាកិត្តិយសជាច្រើនរូបទៀតផង។ កុំឱ្យរំលងឱ្យសោះ សូមអញ្ជើញទៅទស្សនាទាំងអស់គ្នា៕