Category: សង្គម និងសេដ្ឋកិច្ច

  • អង្គការ​លើកលែងទោស​ថា កម្មករ​ធ្វើការ​ក្នុង World Cup នៅ​កាតា មិនបាន​ទទួល​ប្រាក់​ច្រើន​ខែ​មកហើយ

    អង្គការ​លើកលែងទោស​ថា កម្មករ​ធ្វើការ​ក្នុង World Cup នៅ​កាតា មិនបាន​ទទួល​ប្រាក់​ច្រើន​ខែ​មកហើយ

    កម្មករ​អន្តោប្រវេសន៍​ជាច្រើន​នាក់​ដែល​កំពុងធ្វើការ​នៅក្នុង​ទីក្រុង​ម្ចាស់ផ្ទះ World Cup ឆ្នាំ2022 ក្នុង​គម្រោង​ទឹកប្រាក់ 45ពាន់​លាន​ដុល្លារ​អាមេរិក​របស់​ប្រទេស​កាតា មិន​បានទទួល​ប្រាក់បៀវត្សរ៍​អស់​រយៈពេល​ច្រើន​ខែ​មកហើយ។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​អង្គការ​លើកលែងទោស​អន្តរជាតិ នៅ​ថ្ងៃ​ពុធ​នេះ ខណៈដែល​នេះ​គឺជា​ការចោទប្រកាន់​ទាក់ទង​នឹង​ការរំលោភ​សិទ្ធិ​ប្រឆាំងនឹង​ម្ចាស់ផ្ទះ World Cup ឆ្នាំ2022។

    ក្រុមហ៊ុន Mercury MENA មិនបាន​បង់ប្រាក់​ឱ្យ​កម្មករ​របស់ខ្លួន​រាប់ពាន់នាក់​ទាក់ទង​នឹង​ប្រាក់ខែ និង​ប្រាក់ឧបត្ថម្ភ​នានា ដែលនាំឱ្យ​ពួកគេ​រស់នៅក្នុង​ភាព​ត្រដរខ្យល់​ក្នុងប្រទេស​នេះ។ នេះ​បើ​យោងតាម​អង្គការ​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ឡុង​ដ៍​មួយ​នេះ។

    ទោះបីជា​យ៉ាងណា ក្នុងការ​ឆ្លើយតបផ្សេងៗ អង្គភាព​គ្រប់គ្រង​កីឡាបាល់ទាត់​ពិភពលោក​ហៅ​កាត់​ថា FIFA បាន​ចោទប្រកាន់​អង្គការ​លើកលែងទោស «ពីបទ​យល់ច្រឡំ» និង​បាន​បញ្ជាក់ថា ការមិន​បង់ប្រាក់​មិន​ទាក់ទង​នឹង​យុទ្ធនាការ World Cup ឆ្នាំ2022ទេ។ អង្គការ​លើកលែងទោស​មួយ​នេះ បាន​ចោទប្រកាន់ថា កម្មករ​យ៉ាងហោចណាស់ 78នាក់​មកពី​ប្រទេស​នេ​ប៉ាល់ ឥណ្ឌា និង​ហ្វីលីពីន មិន​បានទទួល​ប្រាក់ខែ​ចាប់តាំងពី​ខែកុម្ភៈ ឆ្នាំ2016 និង​ត្រូវបាន​គេ​ជំពាក់​ប្រាក់ 2,000ដុល្លារ ដែល​ស្មើនឹង​ប្រាក់ខែ​ជាច្រើន​ខែ។ ក្នុង​ករណីខ្លះ ការមិនទទួលបាន​ប្រាក់ខែ​បែបនេះ បាន​កម្ទេច​ជីវិត​មនុស្ស​ជាច្រើន។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​អង្គការ​លើកលែងទោស ដែល​បាន​ជំ​រុញឱ្យ​រដ្ឋាភិបាល​រប​ស់​ទីក្រុង​ដូ​ហា បង់ប្រាក់​ទៅឱ្យ​កម្មករ ខណៈដែល​កម្មករ​ខ្លះ បាន​ជំពាក់​បំណុល​គេ​ជាច្រើន​ដើម្បី​ទទួលបាន​ការងារ​មួយ​ក្នុងប្រទេស​កាតា​នេះ។

    លោក Ernesto ដែលជា​កម្មករ​ម្នាក់​ទៅ​ពី​ប្រទេស​ហ្វីលីពីន បាន​ប្រាប់​អង្គការ​លើកលែងទោស​ថា លោក​បាន​ជាប់បំណុល​ជាច្រើន ក្រោយពី​ធ្វើការ​នៅ​កាតា អស់​រយៈពេល​ច្រើនជាង 2ឆ្នាំ មុនពេល​លោក​បាន​ទៅដល់​ប្រទេស​នេះ៕

    ប្រភពពី៖ Channel News Asia

  • ទិញ​ដីឡូត៍​ដើម្បីឱ្យ​ឆាប់​បាន​ប្រាក់ចំណេញ​ត្រឡប់មកវិញ ត្រូវ​មើល​ពី​ចំណុច​អ្វីខ្លះ?

    ទិញ​ដីឡូត៍​ដើម្បីឱ្យ​ឆាប់​បាន​ប្រាក់ចំណេញ​ត្រឡប់មកវិញ ត្រូវ​មើល​ពី​ចំណុច​អ្វីខ្លះ?

    និន្នាការ​ពុះ​ដីឡូត៍​លក់​នៅ​តំបន់​ជាយក្រុង​កំពុងមាន​សកម្មភាព​កាន់តែ​គគ្រឹកគគ្រេងឡើងៗ ដោយសារតែ​រោងចក្រ​ឧស្សា​កម្មបាន​រំកិល​ខ្លួន​ចេញពី​ទីប្រជុំជន​ក្នុង​ទីក្រុង​ទៅកាន់​តំបន់​ជាយក្រុង​កាន់តែ​ច្រើនឡើង​ដូចគ្នា​ដែរ។ ទន្ទឹមគ្នា​នេះដែរ ឈ្មួញកណ្ដាលអ្នករកស៊ី​ទិញ-លក់​ដីធ្លី និង​អ្នក​ដែលមាន​ប្រាក់កាស​ច្រើន​ក៏បាន​នាំគ្នា​ទៅ​ទិញ​ដីឡូត៍​នៅ​តំបន់​ជាយក្រុង​ទាំងនោះ​យ៉ាង​មមាញឹក​ផងដែរ។ អ្នកខ្លះ​ទិញ​ដើម្បី​សាងសង់​ផ្ទះ​សម្រាប់​រស់នៅ និង​អ្នកខ្លះ​ទិញ​ដើម្បី​ទុក​លក់យកចំណេញ​ក៏មាន។ សម្រាប់​អ្នក​ដែលទិញ​ទុក​លក់​ដើម្បី​យកប្រាក់​ចំណេញ​វិញ ដើម្បីឱ្យ​ប្រាកដថា ការទិញ​ដីឡូត៍​របស់ខ្លួន​មិនមាន​ហានិភ័យ និង​ទទួលបាន​ប្រាក់ចំណេញ​ត្រឡប់មកវិញ​លឿន​នោះ តើ​ត្រូវ​ពិនិត្យ​លើក​ត្តា​អ្វីខ្លះ?

    លោក ម៉ាន់ ច័ន្ទ​ឌី អគ្គនាយក​ក្រុមហ៊ុន ព្រី​មៀម ហៅ​ហ្ស៊ី​ង ខូ អិ​ល​ធី​ឌី មានប្រសាសន៍ថា ការទិញ​ដីឡូត៍​កុំ​ឱ្យមាន​ហានិភ័យ និង​ឆាប់​បានទទួល​ប្រាក់ចំណេញ​ត្រឡប់មកវិញ​នេះ គេ​ត្រូវ​មើល​លើក​ត្តា2យ៉ាង គឺ​កត្តា​ច្បាប់ និង​សក្តានុពល​នៅ​ជុំវិញ​ដីឡូត៍​ដែល​យើង​ចង់​ទិញ​នោះ។ លោក​បញ្ជាក់ថា ដើម្បី​ឱ្យដឹង​ច្បាស់​ថា តើ​ម្ចាស់​ដីឡូត៍​មាន​សិទ្ធិ​ពេញលេញ​ក្នុងការ​ពុះ​ដី​លក់ គេ​ត្រូវ​មើល​ទៅលើ​ឯកសារ​ផ្លូវច្បាប់ ថា​តើ​គាត់​បាន​ទិញ​ពី​ម្ចាស់​ដើម​ពិតប្រាកដ​ឬទេ? ហើយនៅពេល​ពិនិត្យ​ជាមួយ​ម្ចាស់​ដី​រួចហើយ យើង​ត្រូវធ្វើ​ការសាកសួរ​ទៅ​អ្នកពាក់ព័ន្ធ ពិសេស​អ្នករស់នៅ​ជុំវិញ និង​អាជ្ញាធរ​មូលដ្ឋាន​តែម្តង។ លោក​បន្តថា ជា​បទពិសោធ​កន្លងមក ម្ចាស់​ដីឡូត៍​មួយចំនួន​បាន​បោកប្រាស់​អតិថិជន អ្នកខ្លះ​ទិញ​បង់លុយ​គ្រប់​ចំនួន​ហើយ អ្នកខ្លះ​កក់​លុយ​ហើយ ស្នើ​សុំឱ្យ​កាត់​ប្លង់​ឱ្យ បែ​ជា​កាត់​មិនបាន ហើយ​បិទ​ការដ្ឋាន​រត់ចោល​ទីតាំង​តែម្តង។

    ករណី​មើល​ប្លង់​កម្មសិទ្ធិ​នេះ គេ​ត្រូវ​ពិនិត្យ​លើ​ចំណុច2 គឺ​ពិនិត្យ​មើលថា តើ​ជា​ប្លង់រឹង ឬ​ជា​ប្លង់​ទន់? បើជា​ប្លង់​ទន់ តើ​ម្ចាស់​ដី​កាត់ឈ្មោះ​ដល់​អាជ្ញាធរ​ថ្នាក់​ណា​ដែរ?។ ជាទូទៅ ករណី​ពុះ​ដីឡូត៍​ប្លង់​ទន់​នេះកន្លងមក​ម្ចាស់​ដី​កាត់ឈ្មោះ​ត្រឹម​ឃុំ-សង្កាត់​តែប៉ុណ្ណោះ ប៉ុន្តែ​ដើម្បី​ឱ្យមាន​សុពលភាព​កាន់តែខ្លាំង គឺ​ត្រូវ​កាត់ឈ្មោះ​ដល់​មន្ត្រី​ជំនាញ​ខណ្ឌ/ស្រុក ហើយ​មានការ​បង់ពន្ធ​ដល់​ថ្នាក់​ខេត្ត។ ចំណុច​មួយទៀត គឺ​ត្រូវ​ប្រាកដថា ដីឡូត៍​ដែល​ខ្លួន​បាន​ទិញ​នោះ​មាន​ប្លង់​ត្រឹមត្រូវ មានន័យថា ប្រសិនជា​ដីឡូត៍​នោះ​មាន​ប្លង់រឹង ត្រូវតែ​កាត់​ប្លង់រឹង​ដល់​ខេត្ត ឬ​ក្រ​សូង ព្រោះ​អ្នកលក់​ដីឡូត៍​ខ្លះ​មាន​ប្លង់រឹង តែ​បាន​កាត់​ប្លង់​ត្រឹម​ថ្នាក់ស្រុក ឬ​ខ័​ណ្ឌ ឬ​ត្រឹម​ឃុំ-សង្កាត់​ប៉ុណ្ណោះ។ ប្រសិនជា​ការទិញ-លក់​បែបនេះ ពិត​ជាមាន​ហានិភ័យ​មិន​ខាន ព្រោះ​ម្ចាស់​ដីឡូត៍​មួយចំនួន​បានដាក់​ប្លង់​នៅ​ធនាគារ​យកលុយ​ប្រើប្រាស់​រួចហើយ និង​អាច​លួច​ផ្ទេរកម្មសិទ្ធិ​ដល់​កូនចៅ​របស់ខ្លួន​ជា​ប្លង់រឹង​រួចហើយ​ទៀតផង ធ្វើឱ្យ​អ្នកទិញ​ដីឡូត៍​នោះ​មាន​ហានិភ័យ​កើតឡើង ព្រោះ​ពួកគេ​គ្មាន​មូលដ្ឋាន​ផ្លូវច្បាប់​ដើម្បី​តវ៉ា​ឡើយ។

    ចំណែក​ការទិញ​ដីឡូត៍ ដើម្បី​ទទួលបាន​ប្រាក់ចំណេញ​វិញ គឺ​ត្រូវ​មើល​ពី​សក្តានុពល​ជុំវិញ​ទីតាំង​ដែល​យើង​ចង់​ទិញ​នោះ​ថា តើ​មាន​រោងចក្រ​ឧស្សាហកម្ម​ចូលទៅ​ដល់ ឬ​មាន​គម្រោង​អភិវឌ្ឍន៍​វិស័យ​ឯកជន គម្រោង​អភិវឌ្ឍន៍​រដ្ឋាភិបាល​ទៅដល់​ដែរឬទេ?។ បើ​ពិនិត្យឃើញថា​មាន​គួរតែ​ទិញ​ទុក​ទៅព្រោះ​អាច​លក់បាន​ប្រាក់ចំណេញ​លឿន​មកវិញ ហើយ​ចំណេញ​បាន​ច្រើន​ទៀតផង ប៉ុន្តែ​បើសិនជា​មិនមាន ឬ​មិនទាន់មាន​គម្រោង​អភិវឌ្ឍន៍​ច្បាស់លាស់​ទេ ដី​នោះ​អាច​ជាប់គាំង​យូរ លក់​មិន​ចេញ មិនឆាប់​បាន​ប្រាក់ចំណេញ ហើយ​យកលុយ​ទៅ​កប់​ទុក​ក្នុង​ដី​នោះ​ទៀត។

    លោក​ថា បច្ចុប្បន្ន​រោងចក្រ​ឧស្សាហកម្ម​ពិសេស​រោងចក្រ​កាត់ដេរ និង​ស្បែក​ជើងបាន​រំកិល​ខ្លួន​ចេញពី​ទីប្រជុំជន​ក្នុង​ទីក្រុង​ជាបណ្តើរៗហើយ ដោយ​កំពុង​បាញ់​ឆ្ពោះទៅរក​បណ្ដោយ​ផ្លូវជាតិ​លេខ3ផ្លូវជាតិ​លេខ4 ផ្លូវ41 និង​ផ្លូវ51 ហើយ​សកម្មភាព​ពុះ​ដីឡូត៍​លក់​ក៏​កំពុងមាន​សកម្មភាព​ពុះ​កញ្ជ្រោល​នៅ​ទីនោះ​ផងដែរ និង​ថែមទាំង​ផ្តល់​លក្ខណៈ​ងាយស្រួល​ដល់​អតិថិជន​ក្នុង​ការទិញ​តាមរយៈ​ការបង់​រំលស់​ដោយ​មិនមាន​ប្រាក់​កក់ មិនបាច់​បង់ប្រាក់​ដើម​ជាដើម ដែល​ជាការ​ផ្តល់ឱកាស​សម្រាប់​អ្នកមាន​ប្រាក់ចំណូល​ទាប ជាពិសេស​កម្មករ-កម្មការិនី​ក្នុង​វិស័យ​កាត់ដេរ ឬ​វិស័យផ្សេងៗទៀត​អាចមាន​លទ្ធភាព​ទិញ​ដី​សាងសង់​ផ្ទះ​រស់នៅ​ដោយ​មិនចាំបាច់​ជួល​ផ្ទះ​គេ​នៅ​តទៅទៀត។ គេ​ក៏​អាចនិយាយបាន​ដែរ​ថា ករណី​ពុះ​ដីឡូត៍​លក់​នេះ​ក៏បាន​ចូលរួមចំណែក​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​ជាមួយនឹង​រដ្ឋាភិបាល​ផងដែរ។

    តែ​យ៉ាងណា​ត្រូវ​ពិនិត្យមើល​ឱ្យបាន​ច្បាស់លាស់ ព្រោះ​ដោយសារតែ​ចង់​ពុះ​ដីឡូត៍​លក់​ឱ្យបាន​ច្រើន អ្នកវិនិយោគ​ពុះ​ដីឡូត៍​លក់​ខ្លះ​តែងតែ​ឱ្យ​អតិថិជន​បង់ប្រាក់​នៅ​ក្រុមហ៊ុន​របស់ខ្លួន ដោយ​គ្មាន​ការប្រាក់ ឬ​គ្មាន​ប្រាក់​កក់ ដែល​នេះ​ជា​ចំណុច​ប្រឈម​នឹង​ហានិភ័យ​មួយ ព្រោះថា ការទូទាត់​បែបនេះ​មិនមាន​ច្បាប់​ណាមួយ​គ្រប់គ្រង​ឡើយ ក្រុមហ៊ុន​លក់​ដី​នោះ​អាច​នឹង​ប្រមូលបាន​ប្រាក់​ហើយ​រត់​បាត់ មិន​ទទួលខុសត្រូវ ហើយ​ប្រព័ន្ធ​បង់ប្រាក់​បែបនេះ ជាការ​ទូទាត់​នៅក្រៅ​ផ្លូវការ ក្រៅ​ប្រព័ន្ធ​ច្បាប់។

    ជាមួយគ្នានេះ ហេ​ដ្ឋា​រចនាសម្ព័ន​ផ្លូវថ្នល់ ក៏​ជា​ចំណុច​ពិសេស​មួយ​ដែរ​ដែល​អ្នក​ពុះ​ដីឡូត៍​លក់​តែងតែមាន​យុទ្ធសាស្ត្រខុសៗគ្នា​ដើម្បី​ទាក់ទាញ​អតិថិជន​របស់ខ្លួន​តា​មរយៈ​ការចាក់​ផ្លូវ​ធ្វើ​ថ្នល់ដាក់​បង្គោល​ភ្លើងអគ្គិសនី ប្រព័ន្ធ​ទឹកស្អាត និង​ប្រព័ន្ធ​លូទឹកស្អុយ​ជាដើម។ ហេតុនេះ​អ្នកទិញ​ដែល​មិន​យល់​ពី​បញ្ហា​នេះ ពួកគេ​មិន​បារម្ភ​ឡើយ ប៉ុន្តែ​មានរឿង​ជាច្រើន​នៅក្នុង​នោះ ដូចជា តើ​ការធ្វើ​ផ្លូវ​នោះត្រូវ​តាម​ស្តង់ដា​ឬទេ? មាន​ប្រព័ន្ធ​លូ​បង្ហូរ​ត្រឹមត្រូវ​ឬទេ? ឬ​គ្រាន់តែ​ជាការ​ធ្វើឱ្យ​រួចពីដៃ ឬ​យ៉ាងណា?។ ព្រោះថាហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ផ្លូវ ប្រព័ន្ធ​លូ ទឹក-ភ្លើង​ជាដើម​នេះជា​ចំណុច​សំខាន់ ពោះ​នៅពេល​យើង​លក់​ទៅវិញអតិថិជន​អាច​នឹង​រារែក ឬ​ពិចារណា​យូរ ព្រោះថា បើ​គេ​សង់ផ្ទះ​នៅ គេ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ទៀត​ក្នុង​ការធ្វើ​ប្រ​ព័​ន្ឋ​លូ ត​ទឹក ត​ភ្លើង​ចូលដល់​ក្នុងផ្ទះ៕

  • ប្លែកភ្នែក!! ទស្សនាសមុទ្រពពកវិលនៅលើកំពូលភ្នំ «ភូថាប់ប៊ើក»

    ប្លែកភ្នែក!! ទស្សនាសមុទ្រពពកវិលនៅលើកំពូលភ្នំ «ភូថាប់ប៊ើក»

    កំពូលភ្នំ «ភូថាប់ប៊ើក» (ภูทับเบิก ) មានទីតាំងស្ថិតនៅក្នុងខេត្ត ផេតចៈប៊ូន ដែលមហាជនគ្រប់រូបបានឱ្យរហស្សនាមកំពូលភ្នំនេះថា «ទស្សនីយភាពសមុទ្រពពកវិល» ដ៏ស្រស់ត្រកាល ត្រជាក់ភ្នែកប្លែកអារម្មណ៍ជាងគេនៅក្នុងប្រទេសថៃ។

    តំបន់ទេសចរណ៍ធម្មជាតិមួយនេះបានក្លាយជាតំបន់ទេសចរណ៍ទីមួយដែលមនុស្សជាច្រើនបាននឹកដល់ និងចង់ទៅសម្រាកលម្ហែកាយជាមួយបរិយាកាសធម្មជាតិ ជាពិសេសហាក់បីដូចជាសម្រាកនៅលើឋានសួគ៌អីចឹងដែរ។ មិនថានៅក្នុងរដូវកាលណាទេ ទីកន្លែងនេះស្រស់ស្អាតគ្រប់ពេលវេលា ហើយស្ងប់ស្ងាត់ មានតែពពកវិលក្រឡឹងជុំវិញកំពូលភ្នំ និងសូរសំឡេងសត្វស្លាបស្រែកយំទ្រហឹងពេញព្រៃភ្នំតែប៉ុណ្ណោះ។

    កាន់តែស្រស់ស្អាតជាងនេះទៅទៀត គឺនៅពេលថ្ងៃរះ និងថ្ងៃរៀបលិច ផ្ទៃមេឃទាំងមូលបានប្រែទៅជាពណ៌មាស ដែលធ្វើឱ្យប្លែកភ្នែក ទាក់ចិត្តមិនចង់ត្រឡប់ទៅផ្ទះវិញឡើយ។ ភ្ញៀវទេសចរណ៍ដែលមកកម្សាន្ដនៅទីនោះ នៅក្នុងមួយយប់ត្រូវចំណាយថ្លៃស្នាក់នៅជាលក្ខណៈបន្ទប់គេង ឬបោះតង់ក្នុងតម្លៃ 450បាតតែប៉ុណ្ណោះ។ ចំពោះអាហារហូបចុក ភ្ញៀវអាចយកទៅញ៉ាំបាន និងកន្លងមកមានភ្ញៀវទេសចរជាច្រើនបានបង្កាត់ភ្លើងអាំងសាច់ញ៉ាំជប់លៀងផាធីនៅទីនោះទៀតផង ដោយបានបង្កបរិយាកាសកាន់តែសប្បាយឡើងថែមទៀត។

    នៅចាំអីទៀត តោះ! ទៅកម្សាន្ដនៅសមុទ្រពពកវិល «ភូថាប់ប៊ើក» ទាំងអស់គ្នា៕

    https://youtu.be/u5e4ucdWGA8

  • Derby ទម្លាក់ Man Utd ដើម្បី​បន្ថែម​សម្ពាធ​លើ​លោក Mourinho ស្របពេល​មាន​ជម្លោះ​ជាមួយ Pogba

    Derby ទម្លាក់ Man Utd ដើម្បី​បន្ថែម​សម្ពាធ​លើ​លោក Mourinho ស្របពេល​មាន​ជម្លោះ​ជាមួយ Pogba

    លោក Jose Mourinho បាន​ដើរ​ចេញពី​កីឡដ្ឋាន​ទាំងមុខ​ក្រហម ខណៈពេល​មាន​ជម្លោះ​ជាថ្មី​ជាមួយនឹង​ខ្សែបម្រើ Paul Pogba ក្រោយពី​ក្រុម Manchester United បាន​ធ្លាក់​ចេញពី​យុទ្ធនាការ​ដ៏​មិន​នឹកស្មាន​ដល់​ដោយ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី ក្នុងពេល​ប្រកួត​ជាមួយនឹង​ក្រុម Derby របស់លោក Frank Lampard ក្នុង​ពាន League Cup កាលពី​ថ្ងៃ​អង្គារ។

    ត្រឹមតែ​រយៈពេល​មិន​ប៉ុន្មាន​ម៉ោង ក្រោយពី​លោក Mourinho បាន​ប្រាប់​តារា​ឆ្នើម Pogba ថា រូបគេ​នឹង​ធ្វើជា​ប្រធាន​ក្រុម​ម្តងទៀត​នោះ វា​បានបង្ហាញ​នូវ​ភាពជូរចត់​មួយ​សម្រាប់​អ្នកចាត់ការ​ទូទៅ​របស់ Man United រូបនេះ ខណៈដែល​ក្រុម​ស្ថិតក្នុង​ក្របខ័ណ្ឌ​លំដាប់​ទី2 Derby បាន​បង្កើតឱ្យមាន​ការ​ភ្ញាក់ផ្អើល​ដ៏​ធំ​មួយ​ក្នុង​ជុំ​ទី3 នា​កីឡដ្ឋាន Old Trafford។

    ខ្សែបម្រើ Juan Mata បាន​ជួយ​ឱ្យ​ក្រុម Man United មាន​គ្រាប់​បាល់​នាំ​មុខមុន ប៉ុន្តែ​កីឡាករ Harry Wilson របស់ Derby បា​នរក​គ្រាប់​បាល់​តាម​ស្មើ​វិញ ហើយ​ក្រោយពី​អ្នកចាំទី Sergio Romero របស់​ក្រុម​ម្ចាស់ផ្ទះ​រង​ការពិន័យ​កាត​ក្រហម កីឡាករ Jack Marriott បាន​ជួយ​ឱ្យ​ក្រុម Derby មាន​គ្រាប់​បាល់​នាំមុខ​វិញ​ម្ដង ក្នុង​រយៈពេល​នៅសល់​ត្រឹមតែ៥នាទី។

    Marouane Fellaini បាន​ជួយ​ឱ្យ Man United រកបាន​គ្រាប់​បាល់​តាម​ស្មើ​វិញ​នៅ​នាទី​បន្ថែម ដើម្បី​តាម​ស្មើ 2-2 ប៉ុន្តែ លទ្ធផល​នោះ​មិនបាន​ជួយ​ឱ្យ​ក្រុម​របស់លោក Mourinho គេច​ផុតពី​ធ្លាក់​ចេញ​ឡើយ។ ក្រោយពី​ក្រុម Derby បាន​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​យ៉ាង​ជោគជ័យ​ចំនួន 8គ្រាប់ ខ្សែការពារ Phil Jones របស់ Man United បាន​ស៊ុត​បាល់​បញ្ចូល​ទី​ដើម្បី​ជួយ​ឱ្យ​ក្រុម​ភ្ញៀវ​កត់ត្រា​ជ័យជម្នះ​ក្នុង​លទ្ធផល 8-7។

    វា​បាន​ក្លាយជា​ពេលវេលា​ដ៏​ផ្អែមល្ហែម​សម្រាប់​គ្រូបង្វឹក​របស់ Derby លោក Lampard ដែល​បាន​ជួប​ពេលវេលា​ដ៏​ជោគជ័យ​ក្រោម​ដឹកនាំ​របស់លោក Mourinho កាលពីពេល​ពួកគេ​ទាំង2 ស្ថិតនៅ​ជាមួយ​ក្លិប Chelsea៕

    ប្រភពពី៖ Sport24

  • ក្រសួងព្រមានចាត់ការតាមច្បាប់ចំពោះបុគ្គលិកអប់រំណាយកលុយពីសិស្សក្នុងការដក និងកែសញ្ញាបត្របាក់ឌុបបណ្ដោះអាសន្ន

    ក្រសួងព្រមានចាត់ការតាមច្បាប់ចំពោះបុគ្គលិកអប់រំណាយកលុយពីសិស្សក្នុងការដក និងកែសញ្ញាបត្របាក់ឌុបបណ្ដោះអាសន្ន

    បន្ទាប់ពី​មាន​ព័ត៌មាន​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​ក្នុង​បណ្តាញ​សង្គម Facebook ពី​បញ្ហា​ខុស​រូបថត​លើ​សញ្ញាបត្រ​បណ្តោះអាសន្ន​ម​ធ្យ​ម​សិក្សា​ទុតិយភូមិ និង​មានការ​ទារលុយ​ចំនួន 10ដុល្លារ​ដើម្បី​កែតម្រូវ​ឡើងវិញ​នោះ អ្នកនាំពាក្យ​ក្រសួង​អប់រំ​បាន​បំភ្លឺថា ក្រសួង​មិន​តម្រូវឱ្យ​បុគ្គលិក​អប់រំ​យកលុយ​ពី​សិស្ស​ឡើយ។

    សិស្សម្នាក់​ដែលមាន​ Facebook ឈ្មោះ Pov Natha បានបង្ហាញ​សារ​នៅក្នុង​បណ្តាញ​សង្គម Facebook របស់ខ្លួន​ដែល​ក្នុងន័យ​ដើម​ទាំងស្រុង​ថា៖

    «តើ​នេះ​ជា​កំហុស​របស់​អ្នកណា កំហុស​របស់​សាលា ឬ​កំហុស​របស់​ក្រសួង​ឱ្យ​ប្រាកដ វិញ្ញាបនបត្រ​បណ្តោះអាសន្ន​មធ្យមសិក្សា​ទុតិយភូមិ​របស់ខ្ញុំ ហេតុ​អី​បាន​ជាមាន​រូបអ្នក​ផ្សេង​ទៅវិញ ហេតុ​អី​បាន​ទៅជា​បែបនេះ ដឹង​ទេ​ថា ពួក​ខ្ញុំ​ត្រូវការ​វា​សំខាន់​ប៉ុនណា​ដើម្បី​យកទៅដាក់​ពាក្យ​ធ្វើការ​ដើម្បី​រកលុយ ហេតុ​អី?? មិន​តែ​ប៉ុណ្ណឹង​នៅ​តម្រូវឱ្យ​ពួក​ខ្ញុំ​បង់លុយ 10$ សម្រាប់​ដោះស្រាយ​រូប​ដែល​ធ្វើ​ខុស តើ​នេះ​ជា​កំហុស​របស់​ពួក​ខ្ញុំ​មែន បានឱ្យ​ពួក​ខ្ញុំ​បង់លុយ​ទៅវិញ ក្រែង​នេះ​គឺជា​ការគ្រប់គ្រង​របស់​ក្រសួង​ហើយក៏​ជាការ​ទទួលខុសត្រូវរ​បស់​ក្រសួង​តើ​អី ??? ម៉េច​ក៏​បែបនេះ ហៅ​ទៅ​ថត ខ្ញុំ​ទៅហើយ ហៅ​ទៅ​ស៊ី​ញ៉េ ខ្ញុំ​ក៏​ទៅ ហៅ​ទៅពិនិត្យ ខ្ញុំ​ក៏​ទៅហើយ បានច្បាស់លាស់​អស់ហើយ ហេតុ​អី​ក៏​នៅតែ​ខុស? គួរ​ណាស់​អ្នកណា​ធ្វើ គួរតែ​ទទួលខុសត្រូវ​ចំពោះ​រឿង​មួយ​នេះ ហើយ​មិនមែន​ខុស​តែ​ខ្ញុំ​ទេ សាលា​ខ្ញុំ​ខុស 14នាក់ សាលា​នៅ​ណ​ន្ល​ង់​ខុស​ជាង 300នាក់ នេះ​ខ្ញុំ​ដឹង​ខុស​តែ​ប៉ុណ្ណឹង ចុះ​នៅ​សាលា​ផ្សេងទៀត​នោះ ខុស​ប៉ុន្មាន​ទៅ? គួរ​គិត​មើល 10$ណា៎ មិនមែន1000រៀល​ទេ 10$គុណ 1000 ដង​ទៅ តើ​ប៉ុន្មាន​លុយ?»។

    ឆ្លើយតប​នឹង​បញ្ហា​នេះ ឯកឧត្តម រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកឡើងថា ក្រសួង​កំពុងតែ​ពិនិត្យ​លើ​ករណីនេះ​ថា តើ​វា​ជា​រឿង​ពិត​ឬទេ? តែ​ជាគោលការណ៍​រួម​ក្រសួង​មិន​តម្រូវឱ្យ​បុគ្គលិក​អប់រំ​យកប្រាក់​ពី​សិស្ស​ក្នុង​ការដក ឬ​កែ​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​បណ្តោះអាសន្ន​នោះទេ។

    ឆ្លើយតប​នឹង​សំណួរ​ថា តើ​សិស្ស​គួរ​ធ្វើយ៉ាងណា​ប្រសិនបើ​គាត់​ជួប​ករណី​បុគ្គលិក​អប់រំ​ទារប្រាក់​ពី​គាត់​ក្នុង​ការដក​ឬ កែ​សញ្ញាបត្រ?

    ឯកឧត្តម រស់ សុ​វាចា មានប្រសាសន៍ថា៖ «ក្រសួង​ស្វាគមន៍​ចំពោះ​សិស្សានុសិស្ស​ទាំងអស់​ក្នុង​ការដាក់​ឯកសារ​ម​ក​កាន់​នាយកដ្ឋាន​រដ្ឋបាល​នៃ​ក្រសួង​អប់រំ ដោយ​បំពេញ​ទម្រង់ និង​ភ្ជាប់​ជាមួយ​ឯកសារ​ភ័ស្តុតាង​ឱ្យបាន​ច្បាស់លាស់ ដើម្បី​ក្រសួង​ពិនិត្យ និង​ដោះស្រាយ»។

    ឯកឧត្តម បានលើកឡើង​ផងដែរ​ថា ចំពោះ​បុគ្គលិក​អប់រំ​ណា​ដែល​ត្រូវបាន​រកឃើញថា បាន​ទារប្រាក់​ពី​សិស្ស​នោះ ក្រសួង​មានច្បាប់​សម្រាប់​អនុវត្ត​ចំពោះ​គាត់ ហើយ​ក្រសួង​នឹង​យក​រឿង​ទាំងអស់​នោះមក​ប្រជុំពិភាក្សា ដើម្បី​ដាក់ពិន័យ​ទៅតាម​ស្ថានភាព​ជាក់ស្តែង៕

  • អ្នកនាង សាវ៉ាត សុវណ្ណី ហៅស្រីម៉ុច ដាក់លិខិតសុំការបញ្ជាក់ទៅមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

    អ្នកនាង សាវ៉ាត សុវណ្ណី ហៅស្រីម៉ុច ដាក់លិខិតសុំការបញ្ជាក់ទៅមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

    កាលពីពេលកន្លងទៅ មានមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមួយរូបបានអះអាងថា ក្រសួងនឹងចាត់វិធានការទៅលើអតីតតារាសម្ដែងអ្នកនាង ស្រីម៉ុច ពីការស្លៀកពាក់សិចស៊ីហួសហេតុ ដោយការកោះហៅមកប្រជុំដាក់ពិន័យ ឬវិធានការផ្សេងៗ តែយ៉ាងណាក៏ដោយ តាំងពីពេលទទួលបានព័ត៌មាននេះមក គេសង្កេតឃើញថា ស្រីម៉ុច នៅតែបន្តស្លៀកសិចស៊ីដដែល និងពេលខ្លះលើសដើមទៀតផង ដែលហាក់ដូចជាមិនញញើតនឹងវិធានការរបស់ក្រសួង និងការរិះគន់ពីមហាជនឡើយ ហើយនាងតែងតែអះអាងថា នាងបានឈប់ពីសិល្បៈអស់រយៈពេលជាង 10ឆ្នាំទៅហើយ។

    ដោយឡែកប៉ុន្មានម៉ោងមុននេះបន្ដិច អតីតតារាសម្តែង អ្នកនាង សាវ៉ាត សុវណ្ណី ហៅស្រីម៉ុច បានបង្ហោះសារជាមួយនឹងលិខិតស្នើសុំការបញ្ជាក់ទៅកាន់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានបង្ហោះជាសាធារណៈឱ្យមហាជនបានឃើញនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយបានឱ្យដឹងថា «អរគុណគ្រប់គ្នាដែលបានជួយជ្រោមជ្រែងឱ្យអូនល្បីមកវិញ។ ពីមុនដែលមានបញ្ហាតម្លៃខ្លួនអូនមិនសូវថ្លៃប៉ុន្មានទេ ហើយក៏មិនសូវមានអ្នកចាប់អារម្មណ៍អីដែរ ព្រោះការពិត បាត់មុខមកជាយូរហើយ។ ប៉ុន្តែបន្ទាប់ពីមានរឿងហ្នឹងហើយ តម្លៃខ្លួនអូនឡើងស្រឺតៗតែម្ដង ហើយមានអ្នកទាក់ទងការងារជាច្រើន តែដោយហេតុថា គ្មានពេលសម្រាប់ការងារទាំងនោះគ្រប់គ្រាន់ អ៊ីចឹងនៅធ្វើមេផ្ទះដដែល អូននៅចាំបានថា មានអ្នកនិយាយថា អូនធ្វើអ៊ីចឹងដឹងតែល្បីហើយ ចាំយករង្វាន់ឱ្យអូន។ តែប្ដីអូនប្រាប់ថា មិនឱ្យយករបស់ប្ដីអ្នកដទៃទេ វាមិនសមរម្យក្នុងការយករបស់ប្ដីអ្នកដទៃ»។

    នាងបានបន្ដទៀតថា « ហ៊ឺម៍ កុំថាឡើយអូនចង់បាន គ្រាន់តែឃើញមុខ ហើយក៏មិនដឹងថា មានលុយទិញឱ្យអូនអត់ផងទេ ឮថាមានជុំខ្លួន។ ជម្រាបណា និយាយជាទូទៅចំពោះអ្នកដែលជេរខ្ញុំ អ្នកណាខ្លះដែលថា​ឱ្យខ្ញុំ អ្នកតែស្ករ កុំចូលចិត្តដៀលគេពេក ហាម៉ាត់ឡើង​ សុទ្ធតែគេហ្នឹងបំផ្លាញវប្បធម៌ជាតិ មើលម្ដុំៗឯងហ្នឹងឱ្យបានល្អទៅ កុំឱ្យមានក្លិន ចាំមកកាត់ក្ដីថាឱ្យអ្នកនេះ ឬអ្នកនោះយ៉ាងម៉េច តិចរើសដាក់ខ្លួនអីណាទៀតទៅ តែបើគិតថាត្រូវហ្នឹងខ្លួន អ៊ីចឹងក៏យកទៅ ដើម្បីឱ្យគេគ្រប់គ្នាស្គាល់សន្ដានផងថា ក្រៅវាល្អផូរផង់ប៉ុនណា ហើយក្នុងវិញវារលួយប៉ុនណា»។

    ជាចុងក្រោយ សូមអានសំណេរក្នុងលិខិតស្នើសុំការបញ្ជាក់ពីអតីតតារាស្រី ជីដូនកាកី ហៅស្រីម៉ុច ដែលបានដាក់ទៅកាន់មន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដូចខាងក្រោម៖

  • FAO និង​ក្រសួងកសិកម្ម មាន​គម្រោង​ជួយ​កម្មវិធី កសិកម្ម​កៅស៊ូ​ខ្នាតតូច

    FAO និង​ក្រសួងកសិកម្ម មាន​គម្រោង​ជួយ​កម្មវិធី កសិកម្ម​កៅស៊ូ​ខ្នាតតូច

    អង្គការ​ស្បៀងអាហារ និង​កសិកម្ម​នៃ​អង្គការសហប្រជាជាតិ (FAO) និង​ក្រសួងកសិកម្ម​កំពុង​សហការគ្នា​បង្កើត​គម្រោង​មួយ​ដែល​នឹង​ផ្តោតលើ​ការលើកកម្ពស់​ជីវភាព​របស់​កសិករ​ដាំ​កៅស៊ូ​ខ្នាតតូច​នៅ​ប្រទេស 3 រួមមាន​ប្រទេស​កម្ពុជា ប្រទេស​មី​យ៉ាន់​ម៉ា និង​ប្រទេស​ថៃ។

    ផែនការ​បង្កើត​គម្រោង​ថ្មី​នេះ​ត្រូវ​បានប្រកាស​ជា​សាធារណៈ​ក្នុងអំឡុង​កិច្ចប្រជុំ​រវាង​រដ្ឋមន្ត្រី​កសិកម្ម​កម្ពុជា ឯកឧត្តម វេ​ង សាខុន និង​លោក Pierre-Marie Bosc មន្ត្រីជាន់ខ្ពស់​នៅ​អង្គការ FAO  ដែល​គម្រោង​ផែនការ​មួយ​នេះ​កំពុង​ត្រូវបានធ្វើ​សេចក្តីព្រាង​ដោយ​ភាគី​ពាក់ព័ន្ធ​ដែល​គេ​រំពឹងថា​នឹង​ស្រេច​រួចរាល់​នៅក្នុង​សប្តាហ៍​នេះ។

    លោក Bosc បាន​មានប្រសាសន៍ថា គម្រោង​នេះ​នឹង​ប្រមូល​ទិន្នន័យ​ពី​ប្រទេសនីមួយៗធ្វើការ​វិភាគ និង​ប្រៀបធៀប​ទិន្នន័យ​ដើម្បី​វាយតម្លៃ​ប្រសិទ្ធភាព និង​ផលិតភាព​នៃ​វិស័យ​កៅស៊ូ​របស់​ប្រទេសនីមួយ។ លោក​បាន​និយាយថា កម្មវិធី​នេះ​កំពុង​ត្រូវបាន​រៀបចំឡើង​ដោយ​សហការ​ជាមួយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​បារាំង CIRAD ។

    លោក Bosc បាន​និយាយថា៖ «យើង​បាន​រកឃើញថា កសិករ​ដែល​ប្រមូល​ផល​ជ័រកៅស៊ូ​ជួបប្រទះ​បញ្ហា​នៅក្នុង​តំបន់​មួយចំនួន​ជាពិសេស​ការកំណត់​តម្លៃ​ការប្រែប្រួល​អាកាសធាតុ និង​ការធ្លាក់ចុះ​ទិន្នផល​ក្នុងចំណោម​បញ្ហាផ្សេងៗទៀត»។

    ឯកឧត្តម វេ​ង សាខុន មានប្រសាសន៍ថា រដ្ឋាភិបាល​បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​គម្រោង​នេះ ដោយ​គម្រោង​នេះ​ស្របតាម​គោលដៅ​របស់​យើង​ក្នុង​ការជំរុញ​វិស័យ​កៅស៊ូ​ដោយ​បង្កើន​ទិន្នផល​កាត់បន្ថយ​ថ្លៃដើម បង្កើន​គុណភាព​ផលិតផល ធានា​និរន្តរភាព​វិស័យ និង​ជំរុញ​ប្រាក់ចំណូល​របស់​កសិក​រ «យើង​បានស្នើ​ដល់​អង្គការ FAO ឱ្យធ្វើ​ការ​ជាមួយ​អ្នកជំនាញ​កសិកម្ម​រប​ស់​យើង​ដើម្បី​ជំរុញ​វិស័យ​កៅស៊ូ និង​ធ្វើឱ្យ​វា​កាន់​តែមាន​និរន្តរភាព» ។

    យោងតាម​នាយកដ្ឋាន​ក​សិ​កម្ម​បានឱ្យដឹងថា នៅក្នុង​ខែ​នេះ​កសិករ​ខ្មែរ​កំពុង​លក់​ជ័រកៅស៊ូ​ក្នុងតម្លៃ​ប្រហែល 2,000 រៀល​ក្នុង​មួយ​គីឡូក្រាម ហើយ​ចំពោះ​តម្លៃ​ដែល​ពួកគេ​ត្រូវ​ទម្លាក់​គឺ 900 រៀល​ក្នុង​មួយ​គីឡូក្រាម។ កម្ពុ​ជាមាន​ផ្ទៃដី​ចំនួន 160.000ហិកតា​កំពុង​ដាំ​ដុះ​ដោយ​កសិករ​ដាំ​កៅស៊ូ​ខ្នាតតូច​ហើយ70%នៃ​ដី​នេះ​ត្រូវបាន​ប្រមូល​រួចហើយ។ សម្រាប់​ដំណាំ​កៅស៊ូ កម្ពុជា​អាច​ផលិត​កៅស៊ូ​ធម្មជាតិ បាន 220.000តោន​ក្នុង​មួយឆ្នាំ៕

  • លោក សួន ពិសិដ្ឋ រៀបរាប់បទពិសោធតស៊ូក្នុងសិល្បៈ 20ឆ្នាំទើបតែបានអង្គុយកៅអីជាគណៈកម្មការ

    លោក សួន ពិសិដ្ឋ រៀបរាប់បទពិសោធតស៊ូក្នុងសិល្បៈ 20ឆ្នាំទើបតែបានអង្គុយកៅអីជាគណៈកម្មការ

    ដូចប្រិយមិត្តទាំងអស់គ្នាបានជ្រាបច្បាស់ហើយថា លោក សួន ពិសិដ្ឋ ជាសិល្បករមួយរូបដែលមានទេពកោសល្យសិល្បៈពហុជំនាញ ទាំងការតាក់តែង សម្ដែងភាពយន្ដ និពន្ធបទភ្លេង និពន្ធទំនុកច្រៀង ដែលធ្លាប់បានបង្ហាញស្នាដៃជាច្រើនកន្លងមកតាមរយៈផលិតកម្មធំៗនានានៅក្នុងប្រទេសកម្ពុជាយើងនេះ។ ដោយឡែក តារាចម្រៀង និងជាតន្ត្រីកររូបនេះ មិនធ្លាប់បានបង្ហាញវត្តមានធ្វើជាគណៈកម្មការក្នុងកម្មវិធីប្រឡងប្រជែងក្នុងពិភពសិល្បៈម្ដងណាឡើយ ពោលគឺលោកនៅតែពីក្រោយភាពល្បីល្បាញរបស់តារាសិល្បៈតែប៉ុណ្ណោះ។

    ថ្មីៗនេះ លោកបានបង្ហោះសាររៀបរាប់ពីបទពិសោធតស៊ូក្នុងសិល្បៈអស់រយៈពេល 20ឆ្នាំគត់ ហើយទើបតែបានអង្គុយកៅអីជាគណៈកម្មការក្នុងកម្មវិធី The Melody ដែលនឹងចែករំលែកបទពិសោធល្អៗ និងតម្រែតម្រង់នូវចំណុចខ្វះខាតដល់បេក្ខជនដែលចូលរួមប្រឡង។ លោកថា «ខ្ញុំចាប់ផ្ដើមប្រឡូកក្នុងវិស័យសិល្បៈខ្មែរមាន តន្រ្តី ខ្សែភាពយន្ដ តែងនិពន្ធបទភ្លេង ទំនុកច្រៀង​ ច្រៀង សម្ដែង និង​ដឹកនាំសម្ដែង ចាប់ពីឆ្នាំ1998​ រហូតដល់2018​ គឺ20ឆ្នាំគត់ ទើបតែពេលនេះបានការផ្ដល់នូវកិត្តិយសដ៏ឧត្ដមទទួលបានតំណែងជាគណៈកម្មការអង្គុយពេញមុខកញ្ចក់ទូរទស្សន៍ផ្សព្វផ្សាយទូទាំងប្រទេស »។  

    ក្រោយពីកម្មវិធីប្រកួតបានបញ្ចប់ទៅថ្មីៗនេះ ម្ចាស់ស្នាដៃ​ម្នាក់​នៃ​បទ «មោទនភាព​ជា​ខ្មែរ» ដែលបានស្ថិតក្នុងដួងចិត្តអ្នកស្ដាប់ជាច្រើននាក់ បានសម្ដែងក្ដីរំភើប និងការអរគុណចំពោះអ្នករៀបចំកម្មវិធីថា «ខ្ញុំបាទសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងអបអរសាទរដល់បងប្រុស ទិត្យ ថាវរិទ្ធ ThavrithTith ដែលជាស្ថាបនិក និងមានទស្សនវិស័យ និងចក្ខុវិស័យខ្ពស់ដែលបានបង្កើតកម្មវិធីដ៏អស្ចារ្យរបស់កូនខ្មែរ #TheMelody​ Season 1 ប្រឡងសំឡេង និងតែងនិពន្ធបទភ្លេងទំនុកច្រៀង និងចម្រៀង រួមសហការក្នុងការជ្រោមជ្រែង ដែលបង្កើតដោយស្ថានីយទូរទស្សន៍បាយ័ន( Bayon TV) និង​ក្រុមហ៊ុន Carabao ដែលបានផ្ដល់កិត្តិយសដល់ខ្ញុំបាទបានទទួលតំណែងជាគណៈកម្មការ ជាមួយលោក Heng Pitu Aroma និងកញ្ញា​ Addaក្នុងកម្មវិធីខាងលើ និងក៏សូមអរគុណរួមជាមួយបងប្អូនក្រុមការងារទាំងអស់នៃកម្មវិធី The Melody Season 1 ដែលបានចប់ដោយរលូន និងជោគជ័យដោយជ្រើសរើសបានបេក្ខជន-បេក្ខនារីដែលមានសមត្ថភាពខ្ពស់ៗជាច្រើនទៀតផង! និងទទួលបានការគាំទ្រខ្ពស់ពីសំណាក់បងប្អូនខ្មែរទូទាំងប្រទេស!!! សូមជូនពរបងប្រុសនិងលោកអគ្គនាយកស្ថានីយទូរទស្សន៍បាយ័ន និងលោកអគ្គនាយកក្រុមហ៊ុន​ Carabao  រួមទាំងក្រុមហ៊ុនដែលបានចូលរួមឧបត្ថម្ភ និងបងប្អូនក្រុមការងារទាំងអស់ជួបប្រទះតែសេចក្ដីសុខ សុខភាពល្អ រីកចម្រើន និងជោគជ័យគ្រប់ភារកិច្ច!!! សង្ឃឹមថា នឹងបានជួបគ្នាក្នុង Season 2 ទៀត!! អរគុណ»៕

  • អ្នកគាំទ្រ​បាល់ទាត់​ឥណ្ឌូនេស៊ី ត្រូវ​អ្នកគាំទ្រ​ក្រុម​ម្ខាង​ទៀត​វាយ​រហូតដល់​ស្លាប់

    អ្នកគាំទ្រ​បាល់ទាត់​ឥណ្ឌូនេស៊ី ត្រូវ​អ្នកគាំទ្រ​ក្រុម​ម្ខាង​ទៀត​វាយ​រហូតដល់​ស្លាប់

    មនុស្ស​ច្រើនជាង 12នាក់​ត្រូវបាន​ឃាត់ខ្លួន ក្រោយពី​អ្នកគាំទ្រ​របស់​ក្រុម​ជា​គូប្រជែង​មួយ បាន​ព្រួត​វាយ​អ្នកគាំទ្រ​កីឡាបាល់ទាត់​ម្នាក់​រហូត​ដល់​ស្លាប់ ដោយ​ប្រើ​ដំបង​ដែក និង​ឈើ។ នេះ​បើ​យោងទៅតាម​ការបញ្ជាក់រ​បស់​ប៉ូលិស​កាលពី​ថ្ងៃ​ចន្ទ។

    ឧប្បត្តិហេតុ​ដែលមាន​មនុស្ស​ស្លាប់​មួយ​នេះ បានកើត​ឡើង​កាលពី​ថ្ងៃអាទិត្យ នៅ​មុនពេល​ការប្រកួត​មួយ​រវាង​ក្លិប​ម្ចាស់ផ្ទះ Persib Bandung និង​Persija Jakarta ដែលជា​គូប្រជែង​ដ៏​ស្វិតស្វាញ ក្នុង​ក្របខ័ណ្ឌ​លី​ក​កំពូល​របស់​ឥណ្ឌូនេស៊ី។

    លោក HaringgaSirla វ័យ 23ឆ្នាំ អ្នកគាំទ្រ​របស់​ក្លិប Persija Jakarta បាន​ស្លាប់ ក្រោយពី​ក្រុមគាំទ្រ​របស់​ក្លិប Bandung បាន​វាយ​រូបគេ​នៅក្រៅ​កីឡដ្ឋាន ក្នុង​ទីក្រុង Bandung ចម្ងាយ 150គីឡូម៉ែត្រ​ពី​ទីក្រុង​ហ្សា​ការ​តា។ មនុស្ស​ចំនួន 16នាក់ ត្រូវបាន​ឃាត់ខ្លួនភ្លាមៗទាក់ទង​នឹង​ការវាយប្រហារ​នោះ។ នេះ​បើ​យោងទៅតាម​ការបញ្ជាក់រ​បស់​ប៉ូលិស។ វា​ជាការ​ស្លាប់​ជា​លើក​ទី7របស់​អ្នកគាំទ្រ​ម្នាក់​ទាក់ទង​នឹង​ការប្រកួត1រវាង​ក្លិប​ទាំង2 ចាប់តាំងពី​ឆ្នាំ2012។

    នេះ​បើ​យោងតាម​អ្នកវិភាគ​កីឡាបាល់ទាត់​លោក AkmalMarhali។ សហព័ន្ធ​កីឡាបាល់ទាត់​ឥណ្ឌូនេស៊ី បាន​សម្តែង​នូវ​ការ «ចូលរួម​រំលែក​ទុក្ខ​យ៉ាងខ្លាំង» របស់ខ្លួន។ ពួកគេ​បានឱ្យដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖ «យើង​សង្ឃឹមថា ប្រភេទ​នៃ​ឧប្បត្តិ​ហេតុនេះ នឹងមិន​កើតឡើង​ម្តងទៀត​ក្នុង​កីឡាបាល់ទាត់​ឥណ្ឌូនេស៊ី​ឡើយ»។ លោក Sirla គឺជា​អ្នកគាំទ្រ​កីឡាបាល់ទាត់​ឥណ្ឌូនេស៊ី​ទី70 ដែល​បាន​ស្លាប់ ដោយសារតែ​អំពើហិង្សា​ទាក់ទង​នឹង​ការប្រកួត​បាល់ទាត់ ចាប់តាំងពី​ឆ្នាំ1994៕

    ប្រភពពី៖ Channel News Asia

  • មាស សុខសោភា ប្រកាសរើសបេក្ខភាពប្រកួតប្រជែងស្នាដៃតែងនិពន្ធបទចម្រៀងថ្មី

    មាស សុខសោភា ប្រកាសរើសបេក្ខភាពប្រកួតប្រជែងស្នាដៃតែងនិពន្ធបទចម្រៀងថ្មី

    តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់កំពូលតារាចម្រៀងស្រីសំឡេងផ្អែមស្រទន់ អ្នកនាង មាស សុខសោភា បានបង្ហោះសារប្រកាសរើសបេក្ខភាពចូលរួមកម្មវិធី «ប្រកួតប្រជែងស្នាដៃតែងនិពន្ធបទចម្រៀងថ្មី» ដែលនៅក្នុងនោះ អ្នកនាងនឹងជ្រើសរើសបេក្ខភាពចំនួន 5រូបជាអ្នកជាប់ការប្រកួត និងធ្វើការបកស្រាយបទចម្រៀងនោះដោយផ្ទាល់ ព្រមទាំងឱ្យមហាជនជាអ្នកបោះឆ្នោតសម្រេចវាសនាបេក្ខភាពទាំង5 ជាប់ជាម្ចាស់ជយលាភីផងដែរ។

    សូមជម្រាបថា ចំពោះកវីដែលមានចំណង់ចំណូលតាក់តែងនិពន្ធបទថ្មី និងចង់បង្ហាញស្នាដៃរបស់ខ្លួនឱ្យមហាជនបានទទួលស្គាល់ ព្រមទាំងចង់ក្លាយជាអ្នកនិពន្ធវ័យក្មេងនោះ សូមផ្ញើស្នាដៃរបស់ខ្លួនចូលទៅក្នុងប្រអប់សារ ( Inbox ) របស់ផេចតារាស្រីរូបនេះផ្ទាល់ ឬផ្ញើទៅកាន់ [email protected]។ បញ្ជាក់ដែរថា បេក្ខជនត្រូវមានស្នាដៃតែងនិពន្ធថ្មីដែលមិនថតចម្លង ពោលគឺ ស្នាដៃកូនខ្មែរ។ សូមភ្ជាប់មកជាមួយនូវព័ត៌មានបន្ថែមដែលមានដូចជា៖​​​ រូបថតឈ្មោះ អាសយដ្ឋាន មុខរបរបច្ចុប្បន្ន និងលេខទំនាក់ទំនងបញ្ចប់ការទទួលពាក្យត្រឹមថ្ងៃទី31 ខែតុលា ឆ្នាំ2018 នេះ។ តោះប្រញាប់ឡើង និងកុំឱ្យខកខានឱកាសក្លាយជាកវីនិពន្ធនេះឱ្យសោះណ៎ា!៕