Category: សង្គម និងសេដ្ឋកិច្ច

  • រយៈពេលមួយឆ្នាំចុងក្រោយ ចិនបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជារហូតដល់ ៣,៥ពាន់លានដុល្លារអាមេរិក

    រយៈពេលមួយឆ្នាំចុងក្រោយ ចិនបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជារហូតដល់ ៣,៥ពាន់លានដុល្លារអាមេរិក

    ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាបានអះអាងថា ការវិនិយោគរបស់ចិននៅកម្ពុជាមានកំណើនខ្ពស់គួរឱ្យកាត់សម្គាល់ ជាក់ស្ដែង ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ប្រទេសចិននៅតែជាប្រភពទុនវិនិយោគធំជាងគេទី១នៅកម្ពុជា ជាពិសេសនៅក្នុងឧស្សាហកម្មដែលប្រើបច្ចេកវិទ្យទំនើប មានតម្លៃបន្ថែមខ្ពស់ រួមទាំងការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសផងដែរ។

    ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានថ្លែងឱ្យដឹងថា ក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ ចិនបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជារហូតដល់ ៣,៥ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងប្រមាណ ៦០,៤៤ភាគរយនៃប្រភពទុនសរុបដែលកម្ពុជាទទួលបាន។ រូបភាពទាំងនេះបានបង្ហាញថា ចិននៅតែជាប្រភពទុនដ៏សំខាន់សម្រាប់ការវិនិយោគនៅក្នុងប្រទេសកម្ពុជា។

    យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍បានបង្ហាញថា ក្នុងរយៈពេល១ឆ្នាំពេញ កម្ពុជាទទួលបានទុនវិនិយោគសរុបប្រមាណ ៧,៥ពាន់លានដុល្លារអាមេរិកពីគម្រោងវិនិយោគសរុបចំនួន៣៩១គម្រោង ។ ក្នុងចំណោមចំនួន ៧,៥ពាន់លានដុល្លារអាមេរិកនោះ មានទុនវិនិយោគពីប្រទេសចិនចំនួន ៦០,៤៤ភាគរយទៅហើយ ឬប្រមាណ ៣,៥ពាន់លានដុល្លារអាមេរិក ។ ក្រៅពីនេះ ជាទុនវិនិយោគរបស់វិនិយោគិនក្នុងស្រុកដែលមានទំហំប្រមាណ ២,៤២ពាន់លានដុល្លារអាមេរិក ឬប្រមាណ ៣២,៣១ភាគរយ និងទុនមកពីប្រទេសសិង្ហបុរី ២,៦៥ភាគរយ ម៉ាឡេស៊ី ១,៣ភាគរយ ។ ក្រៅពីនោះមានមកពីប្រទេសវៀតណាម ថៃ កូរ៉េខាងត្បូង សហរដ្ឋអាមេរិក ឥណ្ឌាជាដើម ។

    ក្នុងគោលបំណងទាក់ទាញការវិនិយោគពីចិនបន្ថែម ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានអំពាវនាវយ៉ាងទូលាយអំពីស្ថានភាពវិនិយោគ ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគរបស់កម្ពុជាដែលមានភាពបើកចំហ តម្លាភាព និងភាពអាច់ប៉ាន់ប្រមាណទុកជាមុនបាន ដែលទាំងអស់នេះសុទ្ធតែជាឱកាសទទួលបានផលចំណេញពីការវិនិយោគក្នុងអត្រាខ្ពស់បំផុតសម្រាប់វិនិយោគិនបរទេសនៅលើទឹកដីកម្ពុជា៕

  • ក្រសួងរៀបចំដែនដី ក្រើនរំលឹកដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចាញ់បោកជនខិលខូចបន្លំធ្វើជាមន្ត្រីសន្យាប្រគល់ដីដល់ជនក្រីក្រ

    ក្រសួងរៀបចំដែនដី ក្រើនរំលឹកដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចាញ់បោកជនខិលខូចបន្លំធ្វើជាមន្ត្រីសន្យាប្រគល់ដីដល់ជនក្រីក្រ

    ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា បច្ចុប្បន្ននេះ មានបុគ្គលមួយចំនួន ក្រោមលេសធ្វើទង្វើមនុស្សធម៌ បាន និងកំពុងដើរប្រមូលស្នាមមេដៃ រៀបចំឯកសារ និងឈរឈ្មោះធ្វើជាអ្នកតំណាងឱ្យគ្រួសារប្រជាពលរដ្ឋដើម្បីដាក់ពាក្យស្នើសុំដីធ្លីពីអាជ្ញាធរមានសមត្ថកិច្ច ឬពីរាជរដ្ឋាភិបាល ដោយលើកហេតុផលថា គ្រួសារទាំងនោះជាគ្រួសារក្រីក្រ និងគ្មានដីធ្លីសម្រាប់សាងសង់លំនៅឋាន ក៏ដូចជាបង្កបង្កើនផល។ បុគ្គលជាមេខ្យល់ទាំងនោះ តែងធ្វើការរ៉ៃអង្គាស ឬដាក់លក្ខខណ្ឌឱ្យប្រជាពលរដ្ឋដែលចូលរួមដាក់ពាក្យសុំដីបង់ប្រាក់ទៅឱ្យពួកគេ ដោយអះអាងថាយកទៅធ្វើសោហ៊ុយ “រត់ការ” ដើម្បីស្នើសុំដីពីអាជ្ញាធរមានសមត្ថកិច្ច។

    មន្រ្តីដដែលបានបញ្ជាក់ថា ការស្នើសុំបែបនេះ គឺខុសទាំងស្រុងនឹងលក្ខខណ្ឌ និងនីតិវិធីដែលច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមានបានអនុញ្ញាត ហើយធ្វើឱ្យប៉ះពាល់ដល់បំណងដ៏ពិសិដ្ឋរបស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋដែលក្រីក្រ និងត្រូវការដីពិតប្រាកដ។ ក្នុងន័យនេះ ដើម្បីទទួលបានដីពិតប្រាកដ និងដើម្បីចៀសវាងចាញ់ការបោកប្រាស់ពីសំណាក់ជនខិលខូច គ្រួសារដែលក្រីក្រ ឬដែលគ្មានឬខ្វះដីពិតប្រាកដ ត្រូវដាក់ពាក្យដោយផ្ទាល់នៅសាលាឃុំ សង្កាត់ ដើម្បីស្នើសុំដីតាមលក្ខខណ្ឌនិងនីតិវិធីនៃកម្មវិធីសម្បទានដីសង្គមកិច្ច ដែលអនុវត្តដោយរដ្ឋបាលឃុំ សង្កាត់ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

    ជនដែលបានចាប់ផ្តើម និង / ឬកំពុងធ្វើសកម្មភាពប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋដើម្បីដាក់លិខិតស្នើសុំដីរដ្ឋ គប្បីបញ្ឈប់ជាបន្ទាន់ ព្រោះទង្វើទាំងនេះមិនត្រឹមតែជាទង្វើខុសច្បាប់ដែលអាចប្រឈមនឹងការចោទប្រកាន់តាមផ្លូវតុលាការប៉ុណ្ណោះទេ ប៉ុន្តែវាធ្វើឱ្យប៉ះពាល់ដល់នយោបាយដ៏ត្រឹមត្រូវ និងចេតនាដ៏ល្អរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈការដាក់ចេញ និងអនុវត្តនូវគោលនយោបាយស្តីពីសម្បទានដីសង្គមកិច្ចចាប់តាំងពីឆ្នាំ២០០៣ មក។ ក្នុងន័យនេះ គ្រួសារប្រជាពលរដ្ឋដែលគ្មានដី ឬខ្វះខាតដីពិតប្រាកដ អាចទៅដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ចនៅរដ្ឋបាលឃុំ សង្កាត់ដែលជាទីលំនៅអចិន្រ្តៃយ៍របស់ខ្លួន ដើម្បីរដ្ឋបាលឃុំ សង្កាត់ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានលទ្ធភាពរៀបចំផែនការកម្មវិធីសម្បទានដីសង្គមកិច្ចតាមលក្ខខណ្ឌនិងនីតិវិធីជាធរមាន។

    យោងរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គិតពីចាប់ផ្តើមអនុវត្តរហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៤ នេះ តាមរយៈកម្មវិធីសម្បទានដីសង្គមកិច្ចគ្រប់ប្រភេទ រាជរដ្ឋាភិបាលសម្រេចផ្តល់ដីសរុបទំហំប្រមាណ ១,៣លានហិកតា ជូនប្រជាពលរដ្ឋសរុបជិត ៥០ម៉ឺនគ្រួសារ និងសាងសង់ផ្ទះជូនប្រជាពលរដ្ឋសរុបចំនួន ៨ ១៤១ខ្នង៕

  • ទម្លាប់មួយចំនួនដែលសហគ្រិនជោគជ័យតែងតែធ្វើ មុនម៉ោង 7ពេលព្រឹក

    ទម្លាប់មួយចំនួនដែលសហគ្រិនជោគជ័យតែងតែធ្វើ មុនម៉ោង 7ពេលព្រឹក

    ដើម្បីធ្វើខ្លួនឱ្យទទួលបានជោគជ័យនៅក្នុងការមុខជំនួញ យើងត្រូវតែសិក្សារៀនសូត្រ និងស្វែងយល់ពីគន្លឹះសំខាន់ៗមួយចំនួនក្នុងការជួយអភិវឌ្ឍន៍ខ្លួនទៅជាសហគ្រិនមួយរូបដែលជោគជ័យ។

    ទម្លាប់មួយចំនួនដែលសហគ្រិនជោគជ័យតែងតែធ្វើ មុនម៉ោង 7ពេលព្រឹក

    ខាងក្រោមនេះគឺជាទម្លាប់មួយចំនួនដែលសហគ្រិនជោគជ័យតែងតែធ្វើមុនពេលម៉ោង 7ពេលព្រឹក៖

    ១) ក្រោកឱ្យបានពីព្រឹក
    សហគ្រិនដែលជោគជ័យតែងតែក្រោកពីគេង ព្រោះពួកគេត្រូវហាត់ប្រាណដើម្បីជួយធ្វើឱ្យមានសុខភាពល្អ នៅពេលដែលមានសុខភាពល្អ នោះនឹងធ្វើឱ្យមានអារម្មណ៍ស្រស់ថ្លាចំពោះការបំពេញការងារ។

    ២) ជៀសវាងការប្រើប្រាស់ទូរស័ព្ទ
    នេះស្ដាប់មើលទៅហាក់ដូចជាឆ្គួតបន្តិច ប៉ុន្តែវាជាមូលហេតុដ៏ល្អឥតខ្ចោះ។ ការចាប់កាន់ទូរស័ព្ទនៅពេលភ្ញាក់ពីគេង អាចធ្វើឱ្យប៉ះពាល់សុខភាព ជាពិសេសអាចធ្វើឱ្យលោកអ្នកភ្លេចភ្លាំងនូវផែនការដែលបានត្រៀមទុកពីយប់ និងរឿងមួយទៀតគឺអាចធ្វើឱ្យអ្នកប្រទះឃើញរឿងមិនល្អ បើសិនជាអ្នកបានឆែក Facebook។

    ៣) ចូរញាំអាហាពេលព្រឹកណាដែលជួយធ្វើឱ្យអ្នកមានសុខភាពល្អ
    ឈប់លេងសើចជាមួយនឹងខ្លួនរបស់អ្នកទៀត ពីព្រោះអាហាពេលព្រឹកគឺជាអាហាដែលសំខាន់បំផុតក្នុងចំណោមអាហាទាំងអស់ក្នុងមួយថ្ងៃ ព្រោះវានឹងជួយធ្វើឱ្យខួរក្បាល និងរូបរាងកាយរបស់អ្នកមានថាមពលក្នុងការបំពេញភារកិច្ទបានល្អ។

    ៤) ចូរកំណត់អាទិភាពការងារមួយណាដែលអ្នកត្រូវតែធ្វើមុនគេក្នុងថ្ងៃនេះ
    ជារៀងរាល់ព្រឹកមុនពេលដែលអ្នកបំពេញការងារអ្នកត្រូវតែកំណត់អាទិភាពការងារមួយណាដែលអ្នកត្រូវតែធ្វើមុនគេក្នុងថ្ងៃនេះ ពីព្រោះវានឹងមានភាពងាយស្រួលក្នុងការបំពេញការងាររបស់អ្នកឱ្យមានប្រសិទ្ធភាពការងារខ្ពស់៕

  • អូស្ត្រាលី ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកៀរគរអ្នកវិនិយោគមកកម្ពុជា

    អូស្ត្រាលី ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកៀរគរអ្នកវិនិយោគមកកម្ពុជា

    ភ្នំពេញ៖ ឯកឧត្តម Darek YIP ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពអូស្ត្រាលីប្រចាំកម្ពុជា បានប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-អូស្ត្រាលីឱ្យកាន់តែប្រសើរឡើង ជាពិសេសក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងទំាងកៀងគរអ្នកវិនិយោគមកកម្ពុជា។

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានទទួលជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Darek YIP ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពអូស្ត្រាលីប្រចាំកម្ពុជា នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង។ នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានអបអរសាទរដល់ឯកឧត្តម Darek YIP ដែលទើបចូលកាន់តំណែងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពថ្មីរបស់អូស្ត្រាលីប្រចាំកម្ពុជា។

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា កម្ពុជាកំពុងឋិតក្នុងដំណាក់កាលមួយដែលកំពុងតែដំណើរការរៀបចំខ្លួនឯងឡើងវិញ ព្រោះកម្ពុជាធ្លាប់បានឆ្លងកាត់នូវរបបគ្រប់គ្រងជាច្រើនសម័យកាលមកហើយ ក្នុងនោះក៏បានឆ្លងកាត់នូវភ្លើងសង្គ្រាម និងក្រោយមកក៏ទទួលបានឯករាជ្យនិងសុខសន្តិភាពពេញលេញហើយបច្ចុប្បន្នក៏ដល់ពេលវេលាដែលត្រូវរៀបចំខ្លួនឯងជាថ្មីឡើងវិញផងដែរ។

    ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាបានចាត់ទុកសម្ដេចព្រះនរោត្តមសីហនុ គឺជាបិតាឯករាជ្យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាបិតាសន្តិភាព រីឯសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជាបិតាសហសម័យកម្ពុជា។ ដូច្នេះពេលនេះកម្ពុជាកំពុងតែរៀបចំខ្លួនតាមបែបសហសម័យរបស់ខ្លួន។

    ឯកឧត្តម សាយ សំអាល់ ក៏បានឱ្យដឹងអំពីការងារមួយចំនួនរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាពិសេសទាក់ទិននឹងការងារចុះបញ្ជីដីធ្លីបង្ហើយ ដើម្បីបង្កើតបរិយាកាសគ្មានវិវាទនៅទូទាំងប្រទេស ហើយបច្ចុប្បន្នកំពុងតែផ្ដោតលើបរិវត្តកម្មឌីជីថលផងដែរ។

    ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការជាមួយស្ថានទូតអូស្ត្រាលី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ក្រសួងត្រូវការអ្នកជំនាញនិងទីប្រឹក្សាបន្ថែមទាក់ទិនទៅនឹងស្តង់ដារសំណង់ និងសម្ភារៈសំណង់ផ្សេងៗទៀត ដូច្នេះឯកឧត្តមបានស្នើដល់ស្ថានទូតអូស្ត្រាលីថាតើអាចសហការក្នុងការជួយដល់កម្ពុជាបានក្នុងកម្រិតណាមួយ។

    ជាការឆ្លើយតប ឯកឧត្តម Darek YIP បានសរសើរកម្ពុជាអំពីការខិតខំប្រឹងប្រែងអភិវឌ្ឍន៍ខ្លួន ជាពិសេសក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលកំពុងតែរៀបចំការងារបរិវត្តកម្មឌីជីថលបានយ៉ាងឆាប់រហ័ស។ ជាមួយនេះឯកឧត្តម ឯកអគ្គរដ្ឋទូត បានប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-អូស្ត្រាលីឱ្យកាន់តែប្រសើរឡើង ជាពិសេសក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកៀងគរអ្នកវិនិយោគមកកម្ពុជា៕

  • ថេរភាពនយោបាយ និងសន្ដិសុខពេញលេញរបស់កម្ពុជាជាកត្តាផ្ដល់ទំនុកចិត្ត និងទាក់ទាញវិនិយោគិនមកបណ្ដាក់ទុនបន្ថែមទៀតនៅកម្ពុជា

    ថេរភាពនយោបាយ និងសន្ដិសុខពេញលេញរបស់កម្ពុជាជាកត្តាផ្ដល់ទំនុកចិត្ត និងទាក់ទាញវិនិយោគិនមកបណ្ដាក់ទុនបន្ថែមទៀតនៅកម្ពុជា

    (ភ្នំពេញ)៖ ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា (AmCham Cambodia) លើកសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងបរិវត្តកម្មឌីជីថល ហើយថាកម្ពុជាជាប្រទេសមួយដែលបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគ ពីព្រោះកម្ពុជាមានស្ថេរភាពនយោបាយ និងសន្តិសុខពេញលេញដែលជាកាតាលីករជំរុញឱ្យអ្នកវិនិយោគមានទំនុកចិត្តខ្ពស់ក្នុងការមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។

    ការលើកឡើងខាងលើនេះត្រូវបានធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងប្រតិភូសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា និងថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅទីស្ដីការក្រសួង នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។

    ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនី យកម្ម និងសំណង់ បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួនសម្រាប់ការវិនិយោគរបស់វិនិយោគិនបរទេសនៅកម្ពុជា។ កម្ពុជាអាចសហការលើវិស័យអចលនទ្រព្យដល់អ្នកវិនិយោគអាមេរិកដែលក្នុងវិស័យអចលនទ្រព្យនេះគឺត្រូវការភាពរហ័សទាន់ចិត្ត និងតម្លាភាពអំពីបរិវត្តកម្មឌីជីថល។

    ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បានលើកឡើងអំពីកិច្ចការរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាពិសេសទាក់ទិននឹងការចុះបញ្ជីដីធ្លីបង្ហើយ ដើម្បីបង្កើតបរិយាកាសគ្មានវិវាទនៅទូទាំងប្រទេស។ កម្ពុជា បាន ចាត់ទុកសម្ដេចព្រះនរោត្តមសីហនុ គឺជានិមិត្តរូបបិតាឯករាជ្យជាតិ រីឯសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានិមិត្តរូបនៃបិតាសន្តិ ភាព និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាបិតាសហសម័យកម្ពុជា ខណៈដែលបច្ចុប្បន្ន កម្ពុជាកំពុងប្រែក្លាយមុខមាត់ថ្មី ដោយមិនមានការខ្វល់ខ្វាយទៅនឹងជម្លោះ ឬវិវាទអ្វីផ្សេងទៀតនោះទេ គឺយើងផ្ដោតសំខាន់តែទៅលើការអភិវឌ្ឍខ្លួនទៅមុខ ហើយខិតខំប្រឹងប្រែងក្នុងការទាក់ទាញអ្នកវិនិយោគឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបានកាន់តែច្រើនថែមទៀត។

    ឯកឧត្តមបានបញ្ជាក់ទៀតថា កម្ពុជាមិនមានការរើសអើងពូជសាសន៍ ឬសាសនាអ្វីនោះទេ និងជាប្រទេសមួយដែលផ្ដល់សិទ្ធិសេរីភាពគ្រប់គ្រាន់ ហើយប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខដុមរមនា។ បច្ចុប្បន្ន អាទិភាពចម្បងដែលយើងផ្ដោតសំខាន់នោះគឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋអាចរស់នៅបានប្រកបដោយភាពសុខសាន្ត មានផ្ទះសម្បែង និងអាហារហូបចុកគ្រប់គ្រាន់ មានការងារធ្វើ ទទួលបានប្រាក់ចំណូលសមរម្យ និងមានលទ្ធភាពធ្វើដំណើរកំសាន្តគ្រប់ទីកន្លែង។ ជុំវិញកិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មកម្ពុជា និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ស្នើដល់សភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជាពិនិត្យលទ្ធភាពក្នុងការគៀងគរអ្នកវិនិយោគអាមេរិកមកវិនិយោគបន្ថែមទៀត។

    ជាការឆ្លើយតប សភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា ឯកភាព និងពិភាក្សាបន្ថែមទៀតចំពោះចំណុចដែលអាចសហការគ្នាបាន ហើយបានថ្លែងអំណរគុណដល់ក្រសួងដែលបានស្ដាប់នូវបញ្ហាប្រឈម និងក្តីកង្វល់របស់សភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា និងព្យាយាមរកដំណោះស្រាយយ៉ាងសមស្រប។

    ជាមួយគ្នានេះ ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជាបានកោតសរសើរចំពោះសមិទ្ធផលរយៈពេលមួយឆ្នាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងបានគាំទ្រ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានសហការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន។

    គួរបញ្ជាក់ថា បច្ចុប្បន្នមានក្រុមហ៊ុនមួយចំនួនរបស់សហរដ្ឋអាមេរិកដែលកំពុងតែធ្វើការវិនិយោគយ៉ាងសកម្មទៅលើវិស័យបច្ចេកវិទ្យា IT វិស័យគ្រប់គ្រង សំណង់ និងអភិវឌ្ឍន៍អចលនទ្រព្យក្នុងព្រះរាជាណាចក្រកម្ពុជា។ បេសកកម្មរបស់សភាពាណិជ្ជកម្មអាមេរិក ផ្ដោតទៅលើការលើកកម្ពស់ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងសហរដ្ឋអាមេរិក ជាពិសេសគឺព្យាយាមគៀងគរអ្នកវិនិយោគអាមេរិកឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត ដើម្បីជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា៕

  • អគ្គិសនីកម្ពុជា ដែលរដ្ឋាភិបាលកំពុងបន្តអភិវឌ្ឍបន្ថែមអាចកើនលើស ១ម៉ឺនមេហ្គាវ៉ាត់ នៅមុនឆ្នាំ២០៣០

    អគ្គិសនីកម្ពុជា ដែលរដ្ឋាភិបាលកំពុងបន្តអភិវឌ្ឍបន្ថែមអាចកើនលើស ១ម៉ឺនមេហ្គាវ៉ាត់ នៅមុនឆ្នាំ២០៣០

    ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអះអាងថា ប្រភពអគ្គិសនីនៅកម្ពុជាត្រូវបានអភិវឌ្ឍកើនឡើងពី ១៥០មេហ្គាវ៉ាត់ នៅឆ្នាំ១៩៩៨ រហូតដល់ ៤ ៨១៤មេហ្គាវ៉ាត់នៅឆ្នាំ២០២៤ ដែលស្មើនឹងកំណើន ​៣២ដង ហើយនឹងអាចបន្តកើនឡើងលើស ១ម៉ឺនមេហ្គាវ៉ាត់នៅមុនឆ្នាំ២០៣០ បន្ទាប់ពីរាជរដ្ឋា​ភិបាលអនុម័តលើគម្រោងថាមពលចំនួន ២៣គម្រោង ដែលមានអានុភាពសរុប ៥ ៩៥០មេហ្គាវ៉ាត់។

    នៅក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នៅខេត្តកោះកុងកាលពីពេលកន្លងទៅ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា ការចែកចាយអគ្គិសនីរបស់ប្រព័ន្ធបណ្តាញជាតិអាចគ្របដណ្តប់លើភូមិចំនួន ៩៩,១៥% និងបានភ្ជាប់ឱ្យលំនៅឋាន ៣,៥៩លានផ្ទះ ត្រូវជា ៩៦,៥១% នៃផ្ទះសរុបទូទាំងប្រទេស រួចហើយ ដោយគម្រោងវិនិយោគលើវិស័យថាមពលថ្មីៗមួយចំនួនទៀតអាចនឹងលេចចេញជារូបរាង និងចាប់ដំណើរការផលិតអគ្គិសនីនៅមុនឆ្នាំ២០៣០។

    ឯកឧត្តម កែវ រតនៈ បានគូសបញ្ជាក់ថា ៖ «បច្ចុប្បន្ន យើងកំពុងបន្តអភិវឌ្ឍ ពង្រឹង និងពង្រីកសមត្ថភាពព្រមទាំងគុណភាពនៃការផ្គត់ផ្គង់ថាមពលអគ្គិសនីក្រោមការយកចិត្តទុកដាក់ក្នុងនាមជាប្រព័ន្ធបណ្តាញជាតិ ហើយយើងក៏បានយកចិត្តទុកដាក់ដោះស្រាយឱ្យមានការផ្គត់ផ្គង់អគ្គិសនីដល់ភូមិដាច់ស្រយាលជាបណ្តើរៗផងដែរ តាមរូបភាពធ្វើការអភិវឌ្ឍប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីខ្នាតតូច ប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យផ្តុំជាមួយប្រព័ន្ធអាគុយស្តុកថាមពល»។

    សូមបញ្ជាក់ថា រាជដ្ឋាភិបាលកម្ពុជា បានអនុម័តគម្រោងប្រភពផ្គត់ផ្គង់ថាមពលអគ្គិសនីចំនួន ២៣ ដែលមានតម្លៃវិនិយោគសរុបចំនួន ៥,៧៩ពាន់លានដុល្លារអាមេរិក ដោយក្នុងនោះមានគម្រោងថាមពលពន្លឺព្រះអាទិត្យ ចំនួន១២គម្រោង អានុភាពសរុបចំនួន ១ ៩៥០មេហ្គាវ៉ាត់ គម្រោងថាមពលខ្យល់ ចំនួន ៦គម្រោង អានុភាពសរុបចំនួន៩០០មេហ្គាវ៉ាត់ គម្រោងជីវម៉ាស (Biomass) ផ្តុំជាមួយថាមពលពន្លឺព្រះអាទិត្យ ចំនួន១គម្រោង អានុភាព ៥០+៤០មេហ្គាវ៉ាត់ ។

    បន្ថែមលើនេះ គម្រោងវារីអគ្គិសនីព្រែកល្អាងចំនួន១គម្រោង អានុភាព១១០មេហ្គាវ៉ាត់ គម្រោងស្តុកថាមពលដោយប្រព័ន្ធអាគុយស្តុកថាមពល ទំហំ ១ ០០០មេហ្គាវ៉ាត់ គម្រោងស្តុកថាមពលវារីអគ្គិ​សនីបូមទឹកស្តុកទុកស្ទឹងតាតៃ លើទំហំ ១ ០០០មេហ្គាវ៉ាត់ និងគម្រោងផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិ (LNG) ចំនួន ១គម្រោង អានុភាព ៩០០មេហ្គាវ៉ាត់ របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលទើបតែបើកការដ្ឋានសាងសង់កាលពីសប្តាហ៍មុននេះ៕

  • ព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន នឹងត្រូវធ្វើឡើងនៅចុងខែនេះ ដើម្បីផ្សព្វផ្សាយមុខម្ហូប និងសក្តានុពលទេសចរណ៍កម្ពុជា

    ព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន នឹងត្រូវធ្វើឡើងនៅចុងខែនេះ ដើម្បីផ្សព្វផ្សាយមុខម្ហូប និងសក្តានុពលទេសចរណ៍កម្ពុជា

    ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤បានឱ្យដឹងថា កម្ពុជា ដែលមានក្រសួងទេសចរណ៍ជាសេនាធិការ នឹងរៀបចំពិព័រណ៍ម្ហូបអាហារ កម្ពុជា-ចិន (Cambodia-China Gastronomy Week) ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២៤ នៅខេត្តសៀមរាប ដោយមានស្តង់តាំងបង្ហាញសរុបប្រមាណ១០០ស្តង់ ។

    ក្រៅពីនេះក៏មានសិក្ខាសាលាម្ហូបអាហារ (Gastronomy Conference) ក្រោមប្រធានបទ “Good Food for All” ក្រោមវត្តមានវាគ្មិនល្បីៗមកចែករំលែកបទពិសោធស្តីពីម្ហូបអាហារកម្ពុជា និងចិនផងដែរ។

    សេចក្តីប្រកាសពត៌មានដដែលបានឱ្យដឹងទៀតថា៖ ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណងជំរុញការផ្សព្វផ្សាយពីមុខម្ហូប និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជាឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិន ព្រមទាំងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អក្នុងវិស័យទេសចរណ៍រវាងផ្នែករដ្ឋ-ឯកជន កម្ពុជា-ចិន និងបន្តជំរុញយុទ្ធនាការផ្សព្វផ្សាយ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤» ព្រមទាំងចូលរួមជំរុញយុទ្ធនាការ «ឆ្នាំទស្សនាសៀមរាប ២០២៤» សំដៅទាក់ទាញទេសចរ និងវិនិយោគិនចិនឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត។

    ជាមួយគ្នានេះ ក្រសួងទេសចរណ៍ ក៏បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ គ្រប់សមាគមទេសចរណ៍ផ្នែករដ្ឋ ឯកជន ស្ថាប័នពាក់ព័ន្ធ សារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជន ចូលរួមផ្សព្វផ្សាយអំពីពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន (Cambodia-China Gastronomy Week) ខាងលើនេះឱ្យបានទូលំទូលាយ សំដៅទាក់ទាញការចូលរួមឱ្យបានច្រើនកុះករ ព្រមទាំងបង្កើនចំណាប់អារម្មណ៍ភ្ញៀវទេសចរ និងវិនិយោគិនចិនឱ្យមកទស្សនា និងវិនិយោគនៅព្រះរាជាណាចក្រកម្ពុជាកាន់តែច្រើនថែមទៀត។ សូមកុំភ្លេចចូលរួមនៅក្នុងកម្មវិធីពិព័រណ៍ទាំងអស់គ្នា ដើម្បីគាំទ្រ និងជំរុញវិស័យទេសចរណ៍កម្ពុជា៕

  • កំណើននៃការផ្គត់ផ្គង់ខុនដូក្នុងរាជធានីភ្នំពេញ ត្រឹមដំណាច់ឆ្នាំ២០២៤​ អាចកើនឡើងដល់​ ៧ម៉ឺនយូនីត​

    កំណើននៃការផ្គត់ផ្គង់ខុនដូក្នុងរាជធានីភ្នំពេញ ត្រឹមដំណាច់ឆ្នាំ២០២៤​ អាចកើនឡើងដល់​ ៧ម៉ឺនយូនីត​

    ភ្នំពេញ ៖ បើទោះបីជាទីផ្សារអចលនទ្រព្យកម្ពុជារហូតមកដល់ពេលនេះនៅមិនទាន់បង្ហាញពីសញ្ញាវិជ្ជមាននៅឡើយក្ដី ប៉ុន្តែនិន្នាការ និងសកម្មភាពសាងសង់ខុនដូដើម្បីបញ្ចប់គម្រោងមួយចំនួននៅតែបន្តមាន ដែលរហូតដល់ដំណាច់ចុងឆ្នាំ២០២៤ខាងមុខនេះ កំណើននៃការផ្គត់ផ្គង់នៅក្នុងរាជធានីភ្នំពេញអាចរំពឹងកើនឡើងដល់ប្រមាណ ៧ម៉ឺនយូនីត។ ​នេះ​បើតា​ម​រ​បា​យ​កា​រ​ណ៍​របស់​​ក្រុមហ៊ុន​CBRE Cambodia ចេញផ្សាយ​កាលពីពេលថ្មីៗនេះ​ ។​

    កំណើននៃការផ្គត់ផ្គង់ខុនដូក្នុងរាជធានីភ្នំពេញ ត្រឹមដំណាច់ឆ្នាំ២០២៤​ អាចកើនឡើងដល់​ ៧ម៉ឺនយូនីត​

    យោងតាមរបាយការណ៍ដែលស្រាវជ្រាវដោយក្រុមហ៊ុនជំនាញអន្តរជាតិ CBRE Cambodia បានបង្ហាញថា ក្នុងឆ្នាំ​២០១៩ ​ការផ្គត់ផ្គង់​ខុនដូលើទីផ្សារ​ក្នុង​រាជធានី​ភ្នំ​ពេញមានប្រមាណជាង​២ម៉ឺនយូនីត​ប៉ុណ្ណោះ ហើយ​ដល់ឆ្នាំ២០២០ បាន​កើន​ឡើងដល់ជិត​៣ម៉ឺន​យូនីត ​និង​បានបន្ត​កើនឡើងជា​បន្តបន្ទាប់រហូតដល់ជិត​៦​ម៉ឺន​យូ​នី​តក្នុង​ឆ្នាំ២០២៣​ ។​ ការ​ផ្គត់ផ្គង់​ខុនដូ​នៅ​លើ​ទី​ផ្សា​រ​​​ភា​គ​ច្រើន​ ជា​ប្រភេទ​ខុនដូ​តម្លៃ​មធ្យម បន្ទាប់​​ម​ក​តម្លៃ​សមរម្យ ចំណែក​ខុនដូ ប្រភេទតម្លៃខ្ពស់​មាន​តិច​តួច​​ប៉ុណ្ណោះ ។

    ដោយឡែក សម្រាប់គម្រោងវិនិយោគថ្មីៗ​លើ​វិស័យខុនដូ​នៅក្នុងរាជធានីភ្នំពេញ​បាន​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់ចាប់តាំងពី​ឆ្នាំ២០២០ ខណៈដែលក្នុងឆ្នាំ២០១៩ មាន​រហូតដល់​ជាង​៣០​គម្រោង ប៉ុន្តែ​ដល់​ឆ្នាំ២០២០​ បានធ្លាក់ចុះមកនៅត្រឹម​១៥គម្រោង និង​បន្តធា្លក់​មក​ទៀត​ត្រឹម​៣គម្រោង​ក្នុងឆ្នាំ២០២១​ ។ ប៉ុន្តែ ទោះជាយ៉ាងណា គិត​ត្រឹម​​ត្រីមាសទី​៣ ឆ្នាំ២០២៤​ គម្រោ​ងវិនិយោគ​លើ​ខុនដូថ្មីក្នុងរាជធានីភ្នំពេញ បានកើនឡើងដល់​ចំនួន​ ៥គម្រោងវិញ។

    ចំពោះតម្លៃខុនដូ​ ក្នុងត្រីមាសី​៣ឆ្នាំ ២០២៤​នេះ បានធ្លាក់ចុះ​នូវ​ប្រភេទខុនដូ​សម​រម្យ​ និ​ង​តម្លៃខ្ពស់​ក្នុងនោះ ខុនដូតម្លៃសមរម្យ​​បានថយចុះប្រមាណ​៩,៩ភាគរយ ហើយខុនដូតម្លៃខ្ពស់​បាន​ធ្លាក់​ចុះ​តែ​​០,៣ភាគរយ​ប៉ុណ្ណោះ ខណៈ​ខុន​ដូ​តម្លៃ​មធ្យម​បានឡើងថ្លៃ​ ៥,៩ភាគរយ ។

    លោក​ ឡាត់ ចន្ទដារា​ អ្នកគ្រប់គ្រង​ជាន់ខ្ពស់​នៃក្រុមហ៊ុន​ CBRE Cambodia បានឱ្យដឹងថា បច្ចុប្បន្ននេះ ទីផ្សារ​ខុនដូ និងអាផាតមិន​កំពុងមានការ​ប្រកួ​តប្រជែង​គ្នា​យ៉ា​ងខ្លាំង ដែល​ធ្វើ​ឱ្យ​អ​តិ​ថិជ​ន​ឬភ្ញៀវ​ទេសចរ​បរទេស​មកដល់​កម្ពុជា​​មានជម្រើសច្រើន​​ក្នុងការ​ជ្រើស​រើស​។​

    លោក​បន្តថា​ តាមរយៈកំណើន​នៃការផ្គត់ផ្គង់​ខុនដូនៅក្នុងរាជធានីភ្នំពេញ ធ្វើឱ្យតម្លៃ​នៃការជួលអាផាតមិន​​នៅលើ​ទីផ្សារ​បន្ត​រក្សា​ស្ថេរភាព​នៅទ្រឹង មិនទាន់ងើបឡើង​វិញ​បានទេទោះបីជា​កំណើ​ន​ភ្ញៀវទេសច​បរទេស​មានការកើនឡើង​ជា​មុនក្ដី ។

    កំណើននៃការផ្គត់ផ្គង់ខុនដូក្នុងរាជធានីភ្នំពេញ ត្រឹមដំណាច់ឆ្នាំ២០២៤​ អាចកើនឡើងដល់​ ៧ម៉ឺនយូនីត​

    សូមបញ្ជាក់ដែរថា យោងតាមតួលេខ​របស់ក្រសួងទេសចរណ៍កាលពីពេលកន្លងទៅនេះបានបង្ហាញពី​កំណើន​ភ្ញៀវ​ទេស​​ចរ​បរទេស​ចាប់ផ្ដើម​មានការកើនឡើងវិញ​ ប៉ុន្តែ​បើ​ពិនិត្យឱ្យ​មែនទែន​ទៅឃើញថា ​ភាគច្រើន​នៃភ្ញៀវទេសចរ​ចូលមក​កម្ពុជាគឺជាភ្ញៀវជនជាតិថៃ និងវៀតណាម ដែលជាភ្ញៀវមកលេង​ក្នុង​រយៈ​ពេលខ្លីប៉ុណ្ណោះ ខុសពីមុន​ឆ្នាំ​២០២​០ ដែល​ភាគ​ច្រើន​នៃភ្ញៀវមកដល់​កម្ពុជា​គឺជា​ភ្ញៀវជនជាតិចិន និងត្រូវការ​ស្នាក់​នៅ​រយៈ​ពេល​យូរ ៕

  • ផែនទីបង្ហាញពីតំបន់ដាំដុះដំណាំស្វាយចន្ទីកម្ពុជា នឹងសម្ពោធដាក់ឱ្យប្រើជាផ្លូវការនៅត្រឹមចុងសប្ដាហ៍នេះ

    ផែនទីបង្ហាញពីតំបន់ដាំដុះដំណាំស្វាយចន្ទីកម្ពុជា នឹងសម្ពោធដាក់ឱ្យប្រើជាផ្លូវការនៅត្រឹមចុងសប្ដាហ៍នេះ

    ភ្នំពេញ៖ យ៉ាងយូរនៅត្រឹមថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម នឹងរៀបចំពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឯកសារស្តីពី «តំបន់ដាំដុះដំណាំស្វាយចន្ទីនៅកម្ពុជា» នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

    ផែនទីបង្ហាញពីតំបន់ដាំដុះដំណាំស្វាយចន្ទីកម្ពុជា នឹងសម្ពោធដាក់ឱ្យប្រើជាផ្លូវការនៅត្រឹមចុងសប្ដាហ៍នេះ

    យោងតាមទស្សនទានស្តីពីពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឯកសារស្តីពី «តំបន់ដាំដុះដំណាំស្វាយចន្ទី» បានឱ្យដឹងថា៖ ក្នុងកិច្ចសហការរវាងនាយកដ្ឋានគ្រប់គ្រងធនធានដឹកសិកម្ម (DALRM) នៃអគ្គនាយកដ្ឋានកសិកម្ម (GDA) ក្រោមការគាំទ្រពីកម្មវិធី ​SilvaCarbon SIG-GIS និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បានអភិវឌ្ឍន៍គំរូដើម្បីផលិតផែនទីដំណាំកសិកម្មសម្រាប់ប្រទេសទាំងមូល ដោយបានចាប់ផ្តើមតាំងពីខែមេសា ឆ្នាំ២០២១ រហូតដល់ពេលបច្ចុប្បន្ន។

    គម្រោងនេះផ្តោតលើដំណាំអាទិភាពដូចជា ដំណាំស្វាយចន្ទី ដំណាំស្វាយ ដំណាំទុរេន ដំណាំមៀនប៉ៃលិន ដំណាំដំឡូងមី ដំណាំពោត និងដំណាំម្រេចជាដើម ដើម្បីលើកកម្ពស់កម្មវិធីអភិវឌ្ឍន៍ខ្សែច្រវាក់តម្លៃដំណាំនៅកម្ពុជា។ លើសពីនេះ គម្រោងមានគោលបំណងដោះស្រាយការបំភាយឧស្ម័នផ្ទះកញ្ចក់ ដោយការបង្កើនប្រសិទ្ធភាពការប្រើប្រាស់ដី និងការកែលម្អការអនុវត្តកសិកម្ម ដើម្បីរួមចំណែកដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។

    នៅឆ្នាំ២០២២ កម្មវិធី SilvaCarbon ក្រុមការងារSIG-GIS និងនាយកដ្ឋានគ្រប់គ្រងធនធានដឹកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម បានប្តេជ្ញាចិត្តជំរុញការប្រមូលទិន្នន័យ និងរិះរកវិធីសាស្ត្រផលិតផែនទីដំណាំតាមរយៈការសិក្សាស្រាវជ្រាវ និងសាកល្បងគំរូម៉ាស៊ីនស្វ័យសិក្សា (Machine Learning) ផ្សេងៗ។ ការរិះរកវិធីសាស្ត្រនេះផ្តោតជាពិសេសសំដៅលើការលើកកម្ពស់ភាពជឿជាក់ និងប្រសិទ្ធភាពនៃការផលិតផែនទីដំណាំកសិកម្មនៅកម្ពុជា ជាពិសេស ផ្តោតសំខាន់លើដំណាំស្វាយចន្ទី។

    គម្រោងនេះបានប្រើប្រាស់វិធីសាស្ត្ររួមបញ្ចូលទិន្នន័យដែលទទួលបានប្រភពជាច្រើនដែលបង្ហាញពីសមត្ថភាពគំរូ Convolutional Neural Network model (CNN) ជាមួយនឹងរូបភាពផ្កាយរណបផ្សេងៗ រួមមាន sentinel-1 sentinel-2 landsat-8 និង Planet Scope។ លើសពីនេះ រូបភាពថតចេញពីដ្រូនដែលមានគុណភាពកម្រិតខ្ពស់ និងទិន្នន័យផ្សេងទៀតដែលបានគូសវាសដោយដៃយ៉ាងល្អិតល្អន់ត្រូវបានដាក់បញ្ចូលដើម្បីផលិតបានផែនទីដែលមានកម្រិតអាចជឿជាក់បានកម្រិតខ្ពស់។

    ការរួមបញ្ចូលនៃប្រភពទិន្នន័យផ្សេងៗ និងបច្ចេកវិទ្យាម៉ាស៊ីនស្វ័យសិក្សា បានឈានទៅដល់ការផលិតផែនទីដំណាំស្វាយចន្ទីយ៉ាងលម្អិត និងគួរឱ្យទុកចិត្តបាន។ ផែនទីនេះអាចចាត់ទុកជាចំណុចដ៏សំខាន់មួយក្នុងការផលិតផែនទីដំណាំកសិកម្មនៅក្នុងប្រទេសកម្ពុជា ដែលនឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងពេលខាងមុខនេះ។

    ផែនទីបង្ហាញពីតំបន់ដាំដុះដំណាំស្វាយចន្ទីកម្ពុជា នឹងសម្ពោធដាក់ឱ្យប្រើជាផ្លូវការនៅត្រឹមចុងសប្ដាហ៍នេះ

    គួរបញ្ជាក់ដែរថា គោលបំណងនៃកម្មវិធីខាងលើនេះ គឺដើម្បីធានាថា គ្រប់ភាគីពាក់ព័ន្ធទទួលបានព័ត៌មានច្បាស់លាស់ និងអាចប្រើប្រាស់ផែនទីតំបន់ដាំដុះដំណាំស្វាយចន្ទី និងទិន្នន័យផ្ទៃដីដាំដុះសម្រាប់គាំទ្រការលើកកម្ពស់ខ្សែច្រវាក់តម្លៃដំណាំស្វាយចន្ទីនៅប្រទេសកម្ពុជា និងការកំណត់តំបន់ដាំដុះដំណាំដើម្បីគ្រប់គ្រងធនធានដីកសិកម្មប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព៕

  • អាស៊ាន នៅតែជាគោលដៅវិនិយោគដ៏ទាក់ទាញពីបរទេស បើទោះជាសេដ្ឋកិច្ចពិភពលោកនៅបន្តភាពមិនប្រាកដប្រជាក៏ដោយ

    អាស៊ាន នៅតែជាគោលដៅវិនិយោគដ៏ទាក់ទាញពីបរទេស បើទោះជាសេដ្ឋកិច្ចពិភពលោកនៅបន្តភាពមិនប្រាកដប្រជាក៏ដោយ

    ផ្អែកតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មានអន្តរជាតិ UNCTAD បានបង្ហាញឱ្យឃើញថា បើទោះបីជាសេដ្ឋកិច្ចពិភពលោកនៅមិនទាន់អាចសន្មត់ពីភាពប្រាកដប្រជាយ៉ាងណាក្ដី ប៉ុន្តែសម្រាប់បណ្តាប្រទេសក្នុងតំបន់អាស៊ាននៅតែរក្សាបាននូវកំណើនសេដ្ឋកិច្ច និងភាពទាក់ទាញក្នុងការវិនិយោគពីបរទេស (FDI) គួរឱ្យកត់សម្គាល់ ជាពិសេសក្នុងរយៈពេល៣ឆ្នាំជាប់គ្នាចុងក្រោយនេះ។

    តាមរយៈប្រភពព័ត៌មានដដែលបានបញ្ជាក់ថា ស្របពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងជួបប្រទះនឹងភាពមិនច្បាស់លាស់ដោយសារបញ្ហាជាច្រើន ប៉ុន្តែសម្រាប់បណ្តាប្រទេសអាស៊ាននៅតែមានភាពធន់ និងភាពទាក់ទាញវិនិយោគពីបរទេស។ អាស៊ាន (ASEAN) គឺជាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ១០ ប្រទេសដែលមានប្រជាជនសរុបជាង ៦៧០ លាននាក់។ ក្នុងរយៈពេល​មួយ​ទសវត្សរ៍កន្លងមកនេះ អាស៊ាន​ត្រូវបាន​មើល​ឃើញ​ពី​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នៃ​លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ។ ជាក់ស្ដែង នៅក្នុងឆ្នាំ ២០១៦ លំហូរចូលនៃ (FDI) ប្រចាំឆ្នាំជាមធ្យម ១៧០ ពាន់លានដុល្លារ ដែលកើនឡើងទ្វេរដងនៃតួលេខ ៩២ ពាន់លានដុល្លារចន្លោះឆ្នាំ ២០០៦ និង ២០១៥។ តួរលេខនេះបានកើនឡើងជាបន្តបន្ទាប់ដោយនៅចន្លោះឆ្នាំ ២០២១ និង ២០២៣ ការវិនិយោគបរទេសជាមធ្យមមានទឹកប្រាក់ចំនួន ២២០ ពាន់លានដុល្លារក្នុងមួយឆ្នាំ ដែលពង្រឹងសមត្ថភាពរបស់អាស៊ានក្នុងនាមជាអ្នកទទួលបានការវិនិយោគផ្ទាល់ពីបរទេសដ៏កំពូលក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍រយៈពេល ៣ ឆ្នាំជាប់ៗគ្នា។ នៅឆ្នាំ ២០២៣ លំហូរ FDI ទៅកាន់អាស៊ានបានឈានដល់កម្រិតខ្ពស់បំផុតក្នុងទំហំ ២៣០ ពាន់លានដុល្លារ។ មិនត្រឹមតែប៉ុណ្ណោះ ចំណែករបស់អាស៊ានសម្រាប់ FDI សកលបានកើនឡើងដល់ ១៧ ភាគរយនៅឆ្នាំ ២០២៣ ដែលកើនឡើងពី ៦ ភាគរយជាមធ្យមចន្លោះឆ្នាំ ២០០៦ និង ២០១៥។

    យោងតាមរបាយការណ៍ទាំងនេះ គេសន្មត់ថា អាស៊ានមានការអនុវត្តដ៏រឹងមាំចំពោះសមាហរណកម្មក្នុងតំបន់កាន់តែស៊ីជម្រៅ បរិយាកាសវិនិយោគប្រសើរឡើង ការពង្រីកឱកាស និងទទួលបានអារម្មណ៍វិជ្ជមានកាន់តែច្រើនក្នុងចំណោមអ្នកវិនិយោគ និងសមាគមធុរកិច្ច។ ទន្ទឹមនឹងនេះ អាស៊ានបានរៀបចំផែនការសេដ្ឋកិច្ចអាស៊ានឆ្នាំ ២០២៥ ដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការកែលម្អបរិយាកាសគោលនយោបាយវិនិយោគនៅទូទាំងតំបន់រួមមាន ការអនុវត្តកិច្ចព្រមព្រៀងថ្នាក់តំបន់ ក្របខ័ណ្ឌដែលមានគោលបំណងបង្កើនសមាហរណកម្មសេដ្ឋកិច្ច និងជំរុញកំណើនក្នុងវិស័យយុទ្ធសាស្ត្រ។

    លើសពីនេះ អាស៊ានកំពុងដើរតាមនិន្នាការកំពុងរីកចម្រើនដូចជា ការបង្កើនលំហូរហិរញ្ញវត្ថុទៅក្នុងថាមពលកកើតឡើងវិញ ការផលិត និងកំណើនវិនិយោគដ៏រឹងមាំពីប្រទេសដែលមានសេដ្ឋកិច្ចធំៗដូចជា ចិន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ បន្ថែមពីនេះ អាស៊ានបានបង្កើនបណ្តាញផលិតកម្ម និងសកម្មភាពខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងចំណោមក្រុមហ៊ុននានាក៏បានជួយពង្រឹងប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្ម ដែលជាលទ្ធផលជំរុញ FDI ផងដែរ។

    ភ្ជាប់ទៅនឹងភាពល្អប្រសើររបស់អាស៊ានដែលអាចរក្សាបាននូវកំណើនសេដ្ឋកិច្ច ជាពិសេសភាពទាក់ទាញវិនិយោគពីបរទេស ក៏៏ព្រោះអាស៊ានមានលក្ខណៈសម្បត្តិពិសេសជាច្រើន ដែលក្នុងនោះក្រៅពីកត្តាភូមិសាស្ត្រនយោបាយ ភាពប្រទាក់ក្រឡាគ្នានៃការអនុវត្តគោលការណ៍អាស៊ាន ចំនួនប្រជាជនសរុបច្រើនជាង៦៧០លាននាក់ , ការទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសមហាអំណាចសេដ្ឋកិច្ច ដូចជា ចិន ជប៉ុន ឥណ្ឌា និងកូរ៉េខាងត្បូង ជាពិសេស ការផ្តល់ឱកាសវិនិយោគយ៉ាងទូលំទូលាយនៅក្នុងវិស័យឧស្សាហកម្មដូចជា កសិកម្ម ផលិតកម្ម បច្ចេកវិទ្យា និងសេវាកម្ម៕