Category: សង្គម និងសេដ្ឋកិច្ច

  • ចំណុច​មួយចំនួន​ដែល​អ្នក​ត្រូវ​យល់ដឹង ដើម្បី​ក្លាយជា​សហគ្រិន​ជោគជ័យ​ម្នាក់

    ចំណុច​មួយចំនួន​ដែល​អ្នក​ត្រូវ​យល់ដឹង ដើម្បី​ក្លាយជា​សហគ្រិន​ជោគជ័យ​ម្នាក់

    ប្រសិន​មាន​គោលដៅ​ច្បាស់លាស់ មនុស្ស​គ្រប់គ្នា​សុទ្ធតែ​អាច​ក្លាយជា​សហគ្រិន​បាន​ដោយ​ជោគជ័យ មិន​ថា​អ្នកមាន​ប្រាក់ ឬ​មិនមាន​ប្រាក់​នោះទេ សូម្បីតែ​កម្មករ​ក៏​អាច​ក្លាយជា​ថៅកែ​បានដែរ​ប្រសិនបើ​បុគ្គល​ម្នាក់​នោះ​មានការ​តាំងចិត្ត​ច្បាស់លាស់។

    លោក ង៉ែត ចាន់​សុខ ប្រធានការិយាល័យ​យុវជននៃ​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ​មានប្រសាសន៍ថា សហគ្រិន​គឺជា​អ្នក​ដែលមាន​គំនិត​បង្កើត​អ្វីដែល​ថ្មី មានគំនិត​ច្នៃប្រឌិត និង​បើ​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​ច្បាស់លាស់​ហើយ​នោះ ប្រាកដជា​អាច​ក្លាយជា​សហគ្រិន​ជោគជ័យ​មិន​ខាន។ ឧទាហរណ៍​ដូចជា​មនុស្ស​ម្នាក់​ពេល​ខ្លួន​ចង់​ក្លាយជា​ថៅកែ ទោះជា​គ្មាន​ប្រាក់ ក៏​អាចធ្វើ​បានដែរ ដោយ​គាត់​ត្រូវ​ចាប់ផ្តើម​ការងារ​ពី​ធ្វើការ​ជា​កម្មករ​គេ ហើយ​ខំប្រឹង​សន្សំ​លុយ និង​ប្រឹងរៀន​ជំនាញ​ដែល​គាត់​ធ្វើ​រាល់ថ្ងៃ​ឱ្យ​កាន់តែ​ចេះ​ស្ទាត់ នៅពេល​មាន​ទំនុកចិត្ត​ពី​ថៅកែ​ហើយ គាត់​នឹង​អាច​ក្លាយជា​ទៅជា​មេការ​នៅ​ថ្ងៃ​ណាមួយ ពេល​ក្លាយទៅជា​មេការ​ហើយ​គាត់​ខំប្រឹង​សន្សំ​លុយ ថ្ងៃក្រោយ​ទៀត​គាត់​នឹង​ក្លាយជា​អ្នកម៉ៅការ លុះ​ម៉ៅការ​បាន​ប្រាក់ចំណេញ​ច្រើន​នឹង​អាចមាន​លទ្ធភាព​បើក​ក្រុមហ៊ុន​មួយ​ដោយ​ខ្លួនឯង និង​ក្លាយជា​ថៅកែ​តែម្តង។

    លោក ង៉ែត ចាន់​សុខ ប្រធានការិយាល័យ​យុវជននៃ​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ​

    លោក​បន្តថា មុននឹង​ទៅដល់​ចំណុច​ខាងលើមនុស្ស​ត្រូវមាន​ជំនាញ​ច្បាស់លាស់ និង​បុគ្គលិកលក្ខណៈ​មួយចំនួន​ដែរ ពិសេស​មនុស្ស​ត្រូវមាន​ទឹកចិត្ត​ដែល​កើតចេញពី​ឆន្ទៈ​ខ្លួនឯង ខំប្រឹងប្រែង​ឱ្យ​កាន់តែប្រសើរឡើងៗពីមួយថ្ងៃ​ទៅមួយថ្ងៃ។ ទោះ​យ៉ាងនេះ​ក្តី ការអភិវឌ្ឍ​បុគ្គលិកលក្ខណៈ​នេះ​ទៀតសោត គឺ​គ្រាន់តែ​ជា​ចំណុច​ចាប់ផ្តើម​ប៉ុណ្ណោះ ហើយក៏​នៅ​មិនទាន់​អាច​ធានាបាន​នូវ​ភាពជោគជ័យ​នៅក្នុង​ការប្រកប​អាជីវកម្ម​ឡើយ ដូច្នេះ​ត្រូវមាន​ផែនការ​ច្បាស់លាស់​ជាមុន​ដែរ ដើម្បី​ដឹងថា ពេលធ្វើ​ដំណើរ​ទៅមុខ​យើង​មាន​ភាពជោគជ័យ​ប៉ុន្មាន​ភាគរយ និង​បរាជ័យ​ប៉ុន្មាន​ភាគរយ?។

    ដើម្បី​ក្លាយជា​សហគ្រិន​ជោគជ័យ​បាន មនុស្ស​ត្រូវ​ចេះ​មើល​ឱកាស​ថ្មីៗ ឬ​វិធីថ្មីៗសម្រាប់​អាជីវកម្ម​ខ្លួនឯង ហើយ​ត្រូវ​ត្រៀម​ដោះស្រាយ​ការងារ​ជា​បន្តបន្ទាប់​ជាមួយនឹង​ការប្រែប្រួល​នានា ព្រោះថា ការ​ដំណើរការ​អាជីវកម្ម​ទៅមុខ​តែងតែ​ជួប​ឧ​សគ្គ​ជានិច្ច ដូចជា​កា​រប​ញ្ជ្រៀ​ត​ផលិតផល​របស់ខ្លួន​ចូលក្នុង​ទីផ្សារ ដែល​តែងតែមាន​ការប្រកួតប្រជែង​គ្នា​ខ្លាំង​ដោយ​ចៀស​មិន​ផុត​ឡើយ​ទាក់ទង​នឹង​តម្លៃ និង​គុណភាព​ទំនិញ ឬ​ផលិតផល ដែល​នេះ​ជា​ចំណុច​គំរាមកំហែងមួយ ជា​អ្វីដែល​កើតឡើង ឬ​អាច​នឹង​កើតឡើង​នៅ​ខាងក្រៅ​អាជីវកម្ម​ដែលនាំឱ្យ​រារាំង​ដល់​ដំណើរការ​ជោគជ័យ​រប​ស់​យើង និង​អាចធ្វើឱ្យ​ប្រាក់ចំណេញ​ថយចុះ។

    ជា​ឧទាហរណ៍ អាជីវកម្ម​មួយ​ដែល​បង្កើតឡើង ហើយ​ផលិតផល​បានទទួល​ការពេញនិយម​លើ​ទីផ្សារ ពេលនោះ​ប្រាកដ​ជាមាន​ផលិតផល​ថ្មី​មួយទៀត​ចាប់ផ្តើម​ស្រដៀង​គ្នា​នេះដែរ ហើយ​និង​មានការ​ប្រកួតប្រជែង​កាន់តែច្រើនឡើងៗមិន​ខាន។ ពេលនោះ​អតិថិជន​នឹង​ថ្លឹង​ថ្លែងថា តើ​ផលិតផល​មួយណា​ល្អ​ជាង​មួយណា​មុននឹង​សម្រេចចិត្ត​ទិញយក​មកប្រើប្រាស់​ដើម្បីឱ្យ​ប្រាកដថា មានគុណ​ភាពល្អ ឬ​អាច​ប្រើ​ជា​ប្រយោជន៍​របស់គេ​បាន។ ដូច្នេះ​នៅពេលដែល​យើង​កំពុងតែ​ដើរ​លើផ្លូវ​មួយ ឬ​កំពុងតែ​រកស៊ី​ក្នុង​មុខរបរ​អ្វីមួយ យើង​ត្រូវ​គិត​យ៉ាង​យកចិត្តទុកដាក់​ថា អ្វីដែល​យើង​កំពុង​ធ្វើ​វា​ត្រឹមត្រូវ ឬ​អត់ ឬ​វា​នៅតែមាន​តម្រូវការ​ទីផ្សារ​ដែរ​ទេ? ព្រោះ​វា​ជា​ចំណុច​សំខាន់បំផុត​ក្នុងការ​ជ្រើសរើស​មុខរ​បរ​មួយ​ដែល​ត្រឹមត្រូវ ហើយ​បើ​រើសមុខ​របរ​ខុស ទោះ​ខំ​ប៉ុនណា​ក៏​មិន​ជោគជ័យ​ដែរ ប៉ុន្តែ​បើសិនជា​អ្នកមាន​មុខរបរ​ស្រាប់​ដែល​មិនសូវ​ត្រូវ​ទីផ្សារ​ទេនោះ អ្នក​ត្រូវតែ​ខិតខំ​រិះរក​គំនិត​ច្នៃប្រឌិតថ្មីៗ ដើម្បី​កែប្រែ​មុខរបរ​នោះ​ឱ្យ​វា​ត្រូវ​នឹង​ទីផ្សារ​ឡើងវិញ។

    ជ្រើសរើស​មុខរបរ​ត្រូវ គឺ​មុខរបរ​ណា​ដែល​អាច​រកស៊ី​បាន​មួយជីវិត ដែល​ធានាថា អតិថិជន​មាន​តម្រូវការ​នៅលើ​ទីផ្សារ​រហូត​មិនចេះ​រីងស្ងួត ឧទាហរណ៍​សាមញ្ញ​មួយ របរ​ផលិត​សៀវភៅសរសេរ​លក់​ជាដើម។ សៀវភៅសរសេរ​ជា​ផលិតផល​ដែលមាន​តម្រូវការ​គ្មាន​ទីបញ្ចប់​នៅ​ទូទាំង​ពិភពលោក មិន​ថា​ប្រទេស​ណា​ទេ ចាប់តាំងពី​កុមារ​រហូតដល់​យុវវ័យ មនុស្ស​ត្រូវ​ការទិញ​សៀវភៅសរសេរ សៀវភៅ​សិក្សា ហើយ​រហូតដល់​រៀន​ចប់​ចូលធ្វើការ ក៏​មនុស្ស​នៅតែ​ត្រូវការ​សៀវភៅសរសេរ​ដើម្បី​បំពេញការងារផ្សេងៗផងដែរ។

    ងាក​មក​ប្រជាជន​ខ្មែរ​យើង​វិញ មាន​មុខរបរ​សាមញ្ញ​មួយ គឺ​ការផលិត​ធូប​លក់។ ប្រជាជន​ខ្មែរ​កាន់សាសនា​ព្រះពុទ្ធ ពួកគាត់​តែង​អុច​ធូប​សែនព្រេន​នៅ​រៀងរាល់ថ្ងៃ​សិ​ល ដូច្នេះ​ពួកគាត់​ប្រាកដជា​ត្រូវ​ការទិញ​ធូប​ជាប្រចាំ។ នៅពេលដែល​អ្នក​បានជ្រើសរើស​មុខរបរ​ត្រឹមត្រូវ​ហើយ អ្នក​ក៏​មិនអាច​ចេះតែធ្វើ​វា​ដោយ​គ្មាន​ក្បួនខ្នាត​ត្រឹមត្រូវ​ដែរ ពោលគឺ​ត្រូវ​កែច្នៃ​ឱ្យមាន​ភាពប្រសើរ​ឡើងជា​និច្ច ទាំង​គុណភាព និង​ការ​វេច​ខ្ចប់​ជាដើម ដើម្បី​បង្កើន​សោភណភាព គុណ​ភាពល្អ​ដើម្បី​មាន​សមត្ថភាព​ប្រកួតប្រជែង​លើ​ទីផ្សារ និង​មានការ​គាំទ្រ​ពី​អតិថិជន​ដែល​កើន​ឡើងជា​លំដាប់៕

  • មុនគឺជាអ្វី? មូលហេតុ និងកត្តាដែលធ្វើឱ្យកើតមុន

    មុនគឺជាអ្វី? មូលហេតុ និងកត្តាដែលធ្វើឱ្យកើតមុន

    មុន គឺជាដុំប៉ោងគ្រាប់តូចៗ ដែលមានខ្ទុះពណ៌សៗនៅខាងក្នុង កើតឡើងព្រោះស្បែកកើតមានប្រតិកម្ម ឬមានការកកស្ទះជាតិខ្លាញ់នៅរន្ធរោម។ ការកកកុញនៅក្រោមរន្ធរោមចេញពីក្បាលមុន ហៅថា “Comedone” ដែលវាអាចកើតប្រតិកម្មបានដោយងាយ ប្រសិនបើមានការប៉ះពាល់បន្ថែមដូចជាបាក់តេរី ឬលម្អងនៅក្នុងអាកាស ជាទូទៅវានៅក្បែរៗបរិវេណស្បែកមុខរបស់អ្នក។ មុន ភាគច្រើនកើតឡើងនៅបវរិវេណផ្ទៃមុខ ក និងដងខ្លួនផ្នែកខាងលើ ដែលជាផ្នែកដែលមានក្រពេញជាតិខ្លាញ់ខ្នាតធំ។

    យោងតាមឯកសាររបស់មន្ទីរព្យាបាលស្បែក និងរោគសើស្បែក បានរកឃើញថា មុន គឺជាជំងឺដែលមានអ្នកកើតច្រើនជាងគេ និងតែងមកទទួល-ការព្យាបាលក្នុងលំដាប់ខ្ពស់ជាងគេបង្អស់តែម្ដងស្ទើរតែនិយាយបានថា កើតមានលើផ្ទៃមុខភាគច្រើន ឬក្នុងចំណោមអ្នកជំងឺ3នាក់មានម្នាក់ដែលកើតមុន ហើយមកទទួលការព្យាបាលពីសំណាក់គ្រូពេទ្យសើរស្បែកឯកជន និងមន្ទីរពេទ្យ​រដ្ឋ។

    នៅក្នុងវិទ្យាវេជ្ជសាស្ត្រ “មុន” អាចកើតឡើងចាប់តាំងពីក្មេងអាយុ8-10ឆ្នាំ និងចាត់ទុកថាជាការចាប់ផ្ដើមកើតមុនក្នុងពេល​បម្រែបម្រួលវ័យជាសញ្ញាបញ្ជាក់ពីការឈានចូលដល់យុវវ័យដំបូង ឬជាវ័យពេញក្រមុំពេញកំលោះ។ ក្មេងស្រីដែលកើតមុនជាលើកដំបូង គឺនៅពេលមុនមករដូវដំបូង1ឆ្នាំ ដែលអាយុចាប់ផ្ដើមកើតមុនច្រើននៅក្នុងអំឡុងពីអាយុ12-15ឆ្នាំ និងកើតមុនខ្លាំងបំផុតនៅចន្លោះអាយុ17-21ឆ្នាំ។ ក្មេងប្រុសអាចកើតមាននៅក្នុងអាយុ16-17ឆ្នាំ និងចាប់ផ្ដើមបាត់ទៅវិញនៅអាយុឈានដល់វ័យកំលោះ (យុវវ័យ) ដោយមុននឹងចាប់ផ្ដើមបាត់បន្ដិចម្ដងៗ។​ លើកលែងតែអ្នកជំងឺធ្ងន់ធ្ងរមួយចំនួន ដែលមានមុនច្រើន ហើយត្រូវចំណាយពេលព្យាបាលរហូតដល់អាយុ35ឆ្នាំ ឬយូរជាងនេះក៏មានដែរ។ ក្រៅពីនេះ បុរសដែលមានអាយុ40ឆ្នាំ គឺមានម្នាក់ក្នុងចំណោមបុរស100នាក់ ដែលនៅតែកើតមានបញ្ហាមុខឡើងមុន និងស្ត្រី5នាក់ក្នុងចំណោម100នាក់ ដែលនៅតែមានមុននៅលើស្បែកមុខហើយអាចនឹងបាត់ទៅវិញនៅអាយុ45ឆ្នាំ។

    ការស្រាវជ្រាវរកឃើញថា ស្ត្រីកើតមុននៅអាយុ25ឆ្នាំ គឺមានច្រើនជាបុរស ព្រោះអាចមកពីស្ត្រីបើគ្រឿងសម្អាង ដើម្បីបន្ថែមភាពស្រស់ស្អាត គឺគ្រឿងសម្អាងនេះហើយ ដែលជាមូលហេតុសំខាន់នៃការកកើតមុននៅលើស្បែកមុខប្រសិនបើអ្នកជ្រើសរើសផលិតផលគ្រឿងសម្អាងខុស ឬមិនត្រូវជាមួយនឹងសភាពស្បែករបស់អ្នក៕

  • វិធីថែរក្សាស្បែកសម្រាប់អនាគតកូនក្រមុំ

    វិធីថែរក្សាស្បែកសម្រាប់អនាគតកូនក្រមុំ

    កូនក្រមុំគឺជាមនុស្សដ៏សំខាន់បំផុតនៅក្នុងពិធីមង្គលការ ដូច្នេះពិតជាគេចមិនផុតទេដែលថា គ្រប់ក្រសែភ្នែក​នៃ​ភ្ញៀវ​ដែល​​មកចូលរួមទាំងអស់នឹងបាញ់តម្រង់សម្តៅមករកកូនក្រមុំ ហេតុដូច្នេះគ្រប់យ៉ាងនៅក្នុងថ្ងៃពិសេសនេះគឺត្រូវតែពេញ​ដោយទំនុកចិត្ត។ មិនថាជាស្បែក មុខ ដៃ ជើង ឬដងខ្លួននោះទេ គឺសុទ្ធតែមានភាពសំខាន់ទាំងអស់សម្រាប់កូនក្រមុំគ្រប់រូប ព្រោះ​វាជាផ្នែកមួយដែលធ្វើឱ្យអ្នកកាន់តែមានទំនុកចិត្តចំពោះខ្លួនឯងខ្លាំងឡើង។ ​ដូច្នេះតើអ្នកគួរធ្វើដូចម្តេច ដើម្បី​ទទួលបាន​នូវ​ភាព​ជឿជាក់នេះ? ដូច្នេះដើម្បីឱ្យក្លាយជាកូនក្រមុំដ៏ស្រស់ស្អាតម្នាក់ ដែលមានស្បែករលោងភ្លឺថ្លាស្រស់ស្អាតជានិច្ចនោះ សូម​ចាប់​ផ្តើម​ថែរក្សាស្បែករបស់អ្នកតាំងពីពេលនេះតទៅ ហើយរឿងដែលអ្នកគួរធ្វើដើម្បីទទួលបាននូវ​ភាពស្រស់ស្អាត​នោះគឺ​មាន​រៀបរាប់ដូចខាងក្រោមនេះ៖

    វាជារឿងល្អបំផុតប្រសិនបើអ្នកអាចធ្វើឱ្យមនុស្សគ្រប់គ្នាបានឃើញថា ភាពស្រស់ស្អាតដែលអ្នកកំពុងតែមាននេះ​គឺជា​ភាពស្រស់ស្អាតបែបធម្មជាតិ។ ដូច្នេះបើអ្នកនៅមានពេលវេលាច្រើនដែរទំរាំថ្ងៃពិធីមកដល់នោះ អ្នកគួរតែឧស្សាហ៍​ខាត់ស្បែក​កម្ចាត់កោសិកាចាស់ៗតាមក្បួនធម្មជាតិដូចជា ការខាត់ស្បែកដោយអម្ពិលទុំ ក្រូចពោធិ៍សាត់ ឬទឹកដោះគោឆៅជាដើម ហើយក៏​ត្រូវឧស្សាថែទាំស្បែកមុខដោយការបិទម៉ាសធម្មជាតិលើផ្ទៃមុខផងដែរ។ វិធីមួយចំនួនទៀតដូចជា ម៉ាស្សាប្រេង ស្ទីម និង​ចំហុយ​ស្បែកជាដើម សុទ្ធតែជារឿងដែលអនាគតកូនក្រមុំគួរ​ធ្វើដើម្បីឱ្យស្បែកស្រស់ស្អាតភ្លឺថ្លា។ ការធ្វើចិត្តឱ្យសប្បាយ សម្រាក​ឱ្យបានគ្រប់គ្រាន់ ទទួលទានអាហារមានប្រយោជន៍ចំពោះស្បែក ​ផ្តល់សំណើមដល់ស្បែក ការពារស្បែកពីកម្តៅថ្ងៃលាប​ឡេថែរក្សាស្បែក និងពាក់ខោអាវជិតៗពេលចេញទៅខាងក្រៅ គឺសុទ្ធសឹងជាផ្នែកមួយដែល​ជួយឱ្យស្បែករបស់​អ្នកសស្អាត​ភ្លឺថ្លា ដើម្បីត្រៀមជាស្រេចក្នុងការបង្ហាញពីសម្រស់ស្បែករបស់អ្នកក្នុងថ្ងៃដ៏មានអត្ថន័យរបស់អ្នកនាថ្ងៃខាងមុខនេះ​។ ប៉ុន្តែមានរឿងមួយ​​ទៀតដែលឡារ៉ែន ចង់រំឭកដល់អនាគតកូនក្រមុំគ្រប់រូបដឹងនោះគឺ ក្នុងអំឡុងពេលនេះ សូមកុំព្យាយាម​សាក​ល្បងប្រើប្រាស់ផលិតផលប្លែកៗដែលអ្នកមិនធ្លាប់ប្រើអី ព្រោះមិនមានអ្នកណាម្នាក់ដែលហ៊ានធានាថា វាពិតជាធ្វើ​ឱ្យ​ស្បែក​របស់អ្នកសស្អាតយ៉ាងពិតប្រាកដនោះទេ ហើយស្រួលមិនស្រួលវាបែរជាធ្វើឱ្យមាន​អាការប្រតិកម្ម​ចាញ់​វិញ​នោះ​គឺ​ពិត​ជា​យ៉ាប់មិនខានទេ។ សូមចាំថាគ្រប់រឿងដែលអ្នកធ្វើ គឺត្រូវការពេលវេលា ដូច្នេះអ្នកគួរធ្វើវាឱ្យបានមុន​ថ្ងៃពិសេសរបស់អ្នក​ចូល​មក​​ដល់ បើបានកាន់តែយូរគឺកាន់តែល្អ។

    ដើម្បីទទួលបានសម្រស់ស្បែកល្អផូរផង់ក្លាយជាកូនក្រមុំដ៏ស្រស់ស្អាត គួរជាទីកាប់ចិត្តនៅក្នុងថ្ងៃសំខាន់របស់អ្នក សូមអនុវត្តតាមទម្លាប់ល្អៗដូចខាងក្រោមនេះ ៖

    លាងសម្អាតស្បែកមុខ
    ការលាងសម្អាតផ្ទៃមុខ ដើម្បីកម្ចាត់ចោលនូវរាល់ សារធាតុកខ្វក់ទាំងឡាយគឺជាមូលដ្ឋានគ្រឹះនៃការថែរក្សាស្បែក មិនថាជាស្បែកមុខ ឬស្បែកដងខ្លួននោះទេ។ សារធាតុកខ្វក់ទាំងឡាយនឹងសម្ងំលាក់ខ្លួន​នៅក្នុងស្រទាប់ស្បែកមិន​ព្រម​ចេញ​ទៅណាឡើយ ​ប្រសិនបើអ្នកមិនព្រមកម្ចាត់វាចេញទេនោះ ធានាថាមិនយូរទេការបំផ្លាញស្បែក និងការកើតមុនជា​ដើម​ពិតជា​បង្ហាញឡើងជាក់ជាមិនខាន។ សូមលាងសម្អាតផ្ទៃមុខរបស់អ្នក ដោយផលិតផលសម្រាប់លាងសម្អាតផ្ទៃមុខ ក្នុងមួយថ្ងៃឱ្យបាន2ដង គឺនៅពេលព្រឹក និងនៅពេលយប់មុនពេលអ្នកចូលគេង ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។

    ចិញ្ចឹមស្បែក
    ការចិញ្ចឹមថែរក្សារស្បែក មិនមែនគ្រាន់តែធ្វើឡើងនៅផ្នែកខាងលើនៃស្បែកមុខនោះទេប៉ុន្តែវាត្រូវតែមាន​សមត្ថភាព​ថែ​បំប៉នតាំងពីផ្នែកខាងក្នុងមកផងដែរ។ មានផលិតផលជាច្រើនដែលផលិតឡើង​សម្រាប់លេប ដើម្បី​ចិញ្ចឹម​ថែ​រក្សាស្បែក​ឱ្យ​បានស្អាត និងមានសុខភាពល្អ។ ស្វែងរកផលិតផលណាដែលស័ក្តិសមជាមួយនឹង​ស្បែករបស់អ្នក ហើយសូម​ស្វែងយល់ឱ្យបានច្បាស់អំពីរបៀបនៃការប្រើប្រាស់ផង ដើម្បីទទួលបាននូវលទ្ធផលគួរជាទីពេញចិត្ត។

    ការពារស្បែកពីការបំផ្លាញនៃកម្ដៅថ្ងៃ
    ព្រះអាទិត្យទទួលបាននូវការងារដ៏សំខាន់មួយ គឺបញ្ចេញកម្តៅរបស់ខ្លួន ដើម្បីបំផ្លាញ​សម្រស់ស្បែក​របស់មនុស្ស​គ្រប់គ្នាដែលមិនបានប្រុងប្រយ័ត្ន។ SPF ជាសារធាតុម្យ៉ាងដែលមានសមត្ថភាពក្នុងការការពារស្បែកមុខរបស់អ្នកពីការ​បំផ្លិច​បំផ្លាញនៃកម្តៅថ្ងៃ ហេតុនេះនៅរាល់ពេលដែលចេញទៅខាងក្រៅ អ្នកត្រូវការពារស្បែកមុខរបស់អ្នកឱ្យបានល្អ​ជាមួយនឹង​ឡេថែរក្សាស្បែកមុខដែលមានផ្ទុកនូវសារធាតុ SPF គ្រប់គ្រាន់។ ក្រៅពីសារធាតុ SPF​​ ហើយនោះអ្នកគួរតែបន្ថែម​ការ​ការពារ​មួយជាន់ទៀត ដោយការប្រើប្រាស់មួក កន្សែងគ្រប ឬខោអាវដែលអាចបិទបាំងស្បែកយ៉ាងជិតល្អជាដើម ដើម្បី​ការពារ​ស្បែករបស់អ្នកពីកម្ដៅថ្ងៃបានយ៉ាងមានប្រសិទ្ធភាព។

    ប្រើក្រែមលាបស្បែកឱ្យត្រូវតាមពេលវេលា
    ពេលយប់ និងពេលថ្ងៃតម្រូវឱ្យមានការថែរក្សាសម្រស់ផ្ទៃមុខ ឬស្បែកខុសពីគ្នា ហេតុនេះសូមកុំប្រើក្រែមសម្រាប់​លាបពេលយប់មកលាបនៅពេលថ្ងៃ ឬប្រើក្រែមលាបពេលថ្ងៃមកលាបនៅពេលយប់ឱ្យសោះ ព្រោះទាំងក្រែមសម្រាប់​ប្រើ​នាពេលថ្ងៃ និងសម្រាប់ប្រើនាពេលយប់គឺជាផលិតផលដែលផលិតឡើងដោយឡែកពីគ្នា និងមានប្រសិទ្ធភាពខុសគ្នាផងដែរ។

    មានទម្លាប់ល្អ
    សម្រាប់កូនក្រមុំ ក៏ដូចជាស្ត្រីគ្រប់គ្នាសុទ្ធតែអាចទទួលរងនូវការបំផ្លាញ ប្រសិនបើអ្នកមិនដែលមាន​ទម្លាប់ល្អក្នុង​ការថែរក្សាស្បែកមុខទាល់តែសោះ។ ទម្លាប់ល្អៗមួយចំនួនត្រូវបានចាត់ទុកថា ជាជំនួយការដ៏ល្អក្នុងការថែរក្សា​សម្រស់ផ្ទៃ​មុខ ក៏ដូចជាការពារស្បែកមុខមិនឱ្យកើតមុនផងដែរ។ សកម្មភាព និងទម្លាប់ល្អដែលអ្នកគួរតែបង្កើតឡើងនោះមានដូចជា ចៀសវាងការគេងផ្អៀង ព្រោះវាអាចធ្វើឱ្យអ្នកកើតមុនប្រសិនបើខ្នើយរបស់អ្នកមានជាប់មេរោគ ហើយថ្ពាល់​របស់អ្នក​ទៅ​ប៉ះ​នឹងខ្នើយ ម៉្យាងវិញទៀតវាក៏អាចបង្កឱ្យមានស្នាមជ្រួញនៅលើផ្ទៃមុខរបស់អ្នកផងដែរ។ សូមចាំថា ការហាត់ប្រាណ​ដើម្បី​បញ្ចេញសារធាតុពុល ការទទួលទានអាហារល្អៗមានប្រយោជន៍ចំពោះសុខភាពស្បែកនិងការធ្វើអារម្មណ៍ឱ្យ​សប្បាយៗ​ជាដើម ក្រៅពីជួយឱ្យមានសុខភាពល្អហើយនោះ វាក៏ជាទម្លាប់ដ៏ល្អដែលអាចជួយឱ្យផ្ទៃមុខរបស់អ្នកស្រស់ថ្លាបានដែរ។

    បន្ទាប់ពីបានអនុវត្តយ៉ាងត្រឹមត្រូវទៀងទាត់ហើយនោះ អ្នកនឹងសង្កេតឃើញពីភាពខុសប្លែកគ្នារវាង​ពេលមុន និង​ក្រោយពេលអនុវត្ត។ ដូច្នេះមិនថាតែមុនពេលរៀបការ ឬក្រោយពេលរៀបការនោះទេ សូមចាប់ផ្តើម និងបន្តអនុវត្តរហូត​ទៅ ដើម្បីភាពស្រស់ស្អាតផូរផង់នៃស្បែកនឹងនៅជាប់ជាមួយអ្នកជារៀងរហូតទៅ៕

  • វង្ស ថាណាន់ បញ្ចេញបទថ្មី «ស៊ូស្លាប់ មិនធ្វើមនុស្សក្បត់» ពិរោះមិនធម្មតា

    វង្ស ថាណាន់ បញ្ចេញបទថ្មី «ស៊ូស្លាប់ មិនធ្វើមនុស្សក្បត់» ពិរោះមិនធម្មតា

    ធ្លាប់តែបកស្រាយបទចម្រៀងប្រភេទមនោសញ្ចេតនា ដល់ពេលបញ្ចេញបទចម្រៀងប្រភេទរ៉ក់ម្ដង ធ្វើឱ្យតារាចម្រៀងលោក វង្ស ថាណាន់ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងបទ «ស៊ូស្លាប់ មិនធ្វើមនុស្សក្បត់» ដែលមានអត្ថន័យឆ្លើយឆ្លងនឹងបទ «សុំបេះដូងមួយចំណែក» របស់អ្នកស្រី សុង សេងហ៊ន។ ចម្រៀងមួយបទនេះត្រូវបានអ្នកធ្លាប់ស្ដាប់ទឹកដមសំឡេងរបស់លោកមុនៗលាន់មាត់តែម្ដង ខណៈដែលតុងចម្រៀងដែលលោកបកស្រាយនោះក៏ពីរោះ ហើយស្រែកបានខ្ពស់ទៀតផង។

    ពិតជាប្លែកត្រចៀកណាស់ បើបានស្ដាប់ចម្រៀងមួយបទរបស់លោក វង្ស ថាណាន់ ក្រោមចំណងជើងថា «ស៊ូស្លាប់ មិនធ្វើមនុស្សក្បត់» ដែលទើបតែដាក់បង្ហោះនេះ។ សមត្ថភាពស្រែកក្នុងបទចម្រៀងនេះកាន់តែបង្ហាញយ៉ាងច្បាស់ថា លោកមានការវិវឌ្ឍខ្លួនមិនធម្មតាទេ ព្រោះធ្លាប់តែច្រៀងបទមនោសញ្ចេតនា និងបទញាក់ៗ តែដល់ពេលច្រៀងបទបែបរ៉ក់ ក៏ពីរោះមិនធម្មតាដែរ។

    ចង់ដឹងថា មួយបទ«ស៊ូស្លាប់មិនធ្វើមនុស្សក្បត់»របស់វង្ស ថាណាន់ នេះ ពីរោះ និងប្លែកត្រចៀកកម្រិតណា តោះ! ស្ដាប់កម្សាន្តទាំងអស់គ្នា៖

  • មកស្គាល់អ្នកនិពន្ធបទល្បីរបស់ កែវ វាសនា  «នឹកមនុស្សម្នាក់ ដែលមិនបានស្រឡាញ់ខ្ញុំ»

    មកស្គាល់អ្នកនិពន្ធបទល្បីរបស់ កែវ វាសនា  «នឹកមនុស្សម្នាក់ ដែលមិនបានស្រឡាញ់ខ្ញុំ»

    ប្រិយមិត្តធ្លាប់បានស្គាល់ហើយថា លោក Jane Roffer ជាតារាចម្រៀងម្ចាស់បទ «រាំជាន់អាចម៍ឆ្កែ» និងបទចម្រៀងមនោសញ្ចេតនាជាច្រើនបទទៀត ដែលថ្មីៗនេះលោកបានបង្ហាញស្នាដៃផលិតបទចម្រៀងថ្មីសម្រាប់ជាការស្វាគមន៍វត្តមានតារាចម្រៀង កែវ វាសនា វិលមកទ្រនំផលិតកម្មសាន់ដេវិញ គឺបទ «នឹកមនុស្សម្នាក់ ដែលមិនបានស្រឡាញ់ខ្ញុំ» និងបទ «មនុស្សប្រុសរឿងច្រើន» ដែលទទួលបានការគាំទ្រយ៉ាងសន្ធឹកសន្ធាប់ និងទាក់អារម្មណ៍អ្នកស្ដាប់ខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុក។

    ជាការពិត បន្ទាប់ពីវេចបង្វេចចូលមកក្នុងផលិតកម្មសាន់ដេវិញភ្លាម លោក កែវ វាសនា បានបញ្ចេញស្នាដៃបទចម្រៀងថ្មីបទ «នឹកមនុស្សម្នាក់ដែលមិនបានស្រឡាញ់ខ្ញុំ» ដែលសម្តែងរួមគ្នាជាមួយកំពូលតារាចម្រៀងស្រី សុខ ពិសី ខណៈបទដែលមានសាច់រឿងតគ្នានេះ ចេញមិនទាន់បាន 2ថ្ងៃស្រួលបួលផង ស្រាប់តែមានអ្នកចូលទស្សនាដល់ទៅជាង 1លានដងទៅហើយ ខណៈដែលបទរបស់ សុខ ពិសី «មនុស្សប្រុសរឿងច្រើន» ក៏មានអ្នកចូលទស្សនាជិតកន្លះលានដងដែរ។ យ៉ាងណាមិញ នៅពីក្រោយបទចម្រៀងនេះ គឺជាការនិពន្ធបទភ្លេង ដោយលោក Jane Roffer ហើយក៏ជាបទដំបូង ដែលអ្នកនិពន្ធបទភ្លេងវ័យក្មេងរូបនេះបញ្ចេញនៅក្នុងផលិតកម្មសាន់ដេដែរ។

    អ្នកនិពន្ធបទភ្លេងលោក Jane Roffer បានប្រាប់ឱ្យដឹងថា តាមការពិត អត្ថន័យក្នុងបទចម្រៀងទាំង 2បទនេះ គឺជារឿងពិតរបស់អ្នកនិពន្ធម្នាក់ឈ្មោះ ជូន សុខជា ដែលគ្រាន់តែទទួលដំណឹងពីអ្នកគ្រប់គ្រងផលិតកម្មថា លោក កែវ វាសនា ត្រឡប់មកសាន់ដេវិញភ្លាម លោកក៏បានពិភាក្សា និងចង់ឱ្យលោក កែវ វាសនា ចាប់ដៃជាមួយកញ្ញា សុខ ពិសី ដើម្បីទទួលបានការគាំទ្រខ្លាំង លោកក៏ចាប់ផ្តើមសហការគ្នារៀបចំជាសាច់រឿងក្នុងបទចម្រៀងនេះឡើងតែម្ដង។

    ក្រោយពីពិភាក្សាអំពីបទចម្រៀងទាំង2 ជាមួយអ្នកនិពន្ធចប់សព្វគ្រប់ លោក Jane Roffer ចាប់ផ្តើមមានទំនុកចិត្តថា បទចម្រៀងដែលជាការបញ្ចេញស្នាដៃនិពន្ធបទភ្លេងថ្មីរបស់លោកនឹងក្លាយជារសជាតិថ្មីមួយទៀតសម្រាប់ទស្សនិកជន ទោះបីវាជាស្នេហាផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ក្ដី ប៉ុន្តែជាអារម្មណ៍មួយដែលកើតមានឡើងនៅលើគូស្នេហ៍ជាច្រើនទៀត៕

  • ហេតុអ្វីបានអ្នករៀន​តែមួយមហាវិទ្យាល័យ ទទួលជោគជ័យខ្ពស់ជាង​អ្នករៀនច្រើនមហាវិទ្យាល័យក្នុងពេលតែមួយ?

    ហេតុអ្វីបានអ្នករៀន​តែមួយមហាវិទ្យាល័យ ទទួលជោគជ័យខ្ពស់ជាង​អ្នករៀនច្រើនមហាវិទ្យាល័យក្នុងពេលតែមួយ?

    ការសិក្សាច្រើនមហាវិទ្យាល័យក្នុងពេលតែមួយបានក្លាយជា​ប្រធានបទដ៏សំខាន់នាពេលបច្ចុប្បន្ន​ព្រោះនិស្សិតជាច្រើនយល់ឃើញថា ​ការសិក្សាច្រើនមហាវិទ្យាល័យក្នុងពេលតែមួយ អាចជួយឱ្យ​ជោគជ័យក្នុងជីវិត ឬបង្ហាញពីការសង្វាតប្រឹងប្រែងជាដើម។ តែស្ថានភាពពិតប្រាកដ អ្នកជំនាញអប់រំ​ជាច្រើន​បានធ្វើការណែនាំថា គួរសិក្សាក្នុងមហា-វិទ្យាល័យតែមួយបានហើយ ព្រោះ​ការសិក្សាច្រើនមហាវិទ្យាល័យ​មិនអាចធ្វើឱ្យមនុស្សជោគជ័យខ្លាំងទាំងស្រុងនោះទេ តែពួកគេនឹងបាត់បង់ឱកាសក្នុងការអនុវត្តជំនាញដែលគេកំពុងសិក្សាឱ្យច្បាស់លាស់នោះ ដែលនឹងនាំឱ្យពួកគេមិនអាចស្វែងរកការងារឱ្យត្រូវជំនាញបាន។

    លោកឧកញ៉ា​ គួច ម៉េងលី អគ្គនាយកនៃក្រុមហ៊ុន Mengly J. Quach Group បានលើកឡើងថា សិស្សនៅក្នុងប្រទេសអភិវឌ្ឍន៍​នានាលើពិភពលោក គេមិនសូវសិក្សា​ច្រើនមហាវិទ្យាល័យនោះទេ ហើយភាគច្រើន គេសិក្សាតែក្នុងមហាវិទ្យាល័យមួយប៉ុណ្ណោះ ព្រោះគេទុកពេលវេលាសម្រាប់អនុវត្តការងារជាក់ស្តែង។ ការសិក្សនៅមហាវិទ្យាល័យ ចាំបាច់ត្រូវមានការស្រាវជ្រាវឱ្យបានច្រើន​ដើម្បីយល់ពីឫសគល់នៃមុខវិជ្ជានីមួយៗឱ្យបានស៊ីជម្រៅ និងអនុវត្តជាក់ស្តែង​ឱ្យបានច្រើន ហេតុនេះ​បានជាមហាវិទ្យាល័យគេមិនរៀនច្រើនម៉ោងពេកទេនៅសាលា តែត្រូវចំណាយពេលច្រើន​នៅក្នុងការរស់នៅជាក់ស្តែង។ ការសិក្សានៅមហាវិទ្យាល័យគេរៀនតែ 4-5ម៉ោងប៉ុណ្ណោះ មិនមែន​គេទុកពេលឱ្យរត់ទៅរៀន​មហាវិទ្យាល័យមួយ ឬពីរទៀតនោះទេ តែគេទុកពេលវេលាឱ្យ​ធ្វើការងារ​ហាត់ការ ឬធ្វើសកម្មភាពផ្សេងៗទៀតដើម្បីយកបទពិសោធជាក់ស្តែង តែនិស្សិតនៅស្រុកយើងភាគច្រើន​មានការយល់ច្រឡំ ហើយខំរៀន​ច្រើនមហាវិទ្យាល័យ ហើយចុងក្រោយមានអ្នកខ្លះមិនច្បាស់ទាំងអស់ក៏មាន។

    លោកឧកញ៉ា​ គួច ម៉េងលី អគ្គនាយកក្រុមហ៊ុន Mengly J. Quach Group

    លោកឧកញ៉ា គួច ម៉េងលី បានមានប្រសាសន៍ថា៖ “​វ័យជានិស្សិត​គួរចំណាយពេលក្នុងឆ្នាំដំបូងដើម្បីសិក្សាឱ្យបានច្បាស់លាស់ពីមូលដ្ឋានគ្រឹះបន្ទាប់ពីមានគ្រឹះរឹងមាំហើយ គឺដល់ពេលអនុវត្តជាក់ស្តែង​នៅក្នុងក្រុមហ៊ុន ឬ​កន្លែងដែលយើងចង់ធ្វើការងារ។ ការងារដំបូង​មិនបាច់​ស្វែងរកកន្លែងដែលមានលុយច្រើននោះទេ តែត្រូវស្វែងរក​កន្លែងណាដែលផ្តល់ឱកាសឱ្យរៀនបានច្រើន។ ក្រោយពេលធ្វើការងារបានល្អ រៀនចប់មានបទពិសោធស្រាប់ និស្សិតនឹងអាចរកការងារធ្វើបានដោយងាយស្រួល មិនចាំបាច់ហក់លោតទៅរៀន 2-3សាលារួចចេញមកមិនស្គាល់ពិភពការងារនោះទេ”។

    អ្នកជំនាញអប់រំខាងលើបានលើកឡើងផងដែរថា និស្សិតដែលខំរៀនពិតប្រាកដ គេមិនខ្វល់ខ្លាំងពេកទេ​ថា គ្មានការងារធ្វើនោះ តែអ្វីដែលគេខំធ្វើ គឺប្រើពេលវេលាដែលសល់ពីការសិក្សាលើមុខវិជ្ជាណាមួយនោះ មកខំប្រឹងអានឱ្យបានច្រើន ស្គាល់ឱ្យបានច្រើន ដើរឱ្យបានច្រើន និង​រៀន​ធ្វើការងារឱ្យបានច្រើន​ដើម្បីឆ្លើយតបទៅនឹងអ្វីដែល​កំពុងរៀន ឬអាចនិយាយបានថា គេសង្វាតយកមេរៀនដែលគេបានរៀនមកប្រើ។ ប្រសិនបើចំណាយថាមពេល ចំណាយកម្លាំងរៀន 2-3មហាវិទ្យាល័យវិញ ពេលខ្លះ​ហត់នឿយខ្លាំង រៀនមិនទាន់គេ ពេលខ្លះរៀនទាន់ តែគ្មានពេលអនុវត្តការងារជាក់ស្តែង ពេលចប់ពីសាលា ត្រូវខំប្រឹងតាមគេ ​ទម្រាំធ្វើការងារបានល្អក៏មាន។ ហើយអ្នកខ្លះទៀតហត់ខ្លាំងពេក​បោះបង់ចោលកណ្តាលទីក៏មានហេតុនេះ​ ការជ្រើសរើសរៀនតែមួយមហាវិទ្យាល័យជាជម្រើសល្អមួយដែលអាចឱ្យ​ប្អូនៗ​អភិវឌ្ឍខ្លួនបានយ៉ាងល្អដើម្បីចាប់អាជីពណាមួយឱ្យច្បាស់លាស់ឬឱ្យក្លាយជាអ្នកប្រសប់ កុំគ្រាន់តែចេះស្ទើរៗហើយធ្វើការងារមិនកើត។

    លោក តន់ រតនា ប្រធានក្រុមយុវជនដើម្បីការអភិវឌ្ឍសង្គមដែលធ្វើការងារលើការតម្រង់ទិស និងអភិវឌ្ឍន៍យុវជន បានលើកឡើងថា ការសិក្សា​តែមួយមហាវិទ្យាល័យមិនមែនមានន័យថា ពួកគាត់សិក្សាតែមួយមុខនោះទេ តែគាត់ផ្តោតខ្លាំងតែលើមុខវិជ្ជាសម្រាប់អាជីពការងាររបស់គាត់នៅថ្ងៃអនាគត។ មាននិស្សិតមួយចំនួន​បានយល់ច្រឡំថា នៅពេលគាត់សិក្សាថ្នាក់បរិញ្ញាបត្រ​លើជំនាញណាមួយហើយ គាត់ចាំបាច់ត្រូវតែសិក្សាថ្នាក់បរិញ្ញាបត្រ​អក្សរសាស្ត្រអង់គ្លេសមួយផ្សេងទៀត ឬសិក្សាវិទ្យាសាស្ត្រកុំព្យូទ័រមួយបន្ថែមទៀតជាដើម។ ការធ្វើបែបនេះអាចធ្វើឱ្យពួកគាត់ហត់នឿយខ្លាំង​ និងបាត់បង់ថាមពលដើម្បីផ្តោតលើមុខវិជ្ជាដែលគាត់ត្រូវសម្រួច។

    លោក តន់ រតនា បាននិយាយថា ៖ “​តម្រូវការការងារជាក់ស្តែងពិតជាត្រូវការ​ប្រើប្រាស់ភាសា និងបច្ចេកវិទ្យា តែមិនមែនត្រូវការឱ្យមានបរិញ្ញាបត្រលើផ្នែកនោះទាំងស្រុងទេ។ អ្វីដែលគេត្រូវការគឺជំនាញពិតប្រាកដលើការងារសម្រាប់ស្ថាប័ន និងបទពិសោធ​ជាក់ស្តែងដែល​អាចធ្វើការងារបានល្អ និងមានការរីកចម្រើន”។

    លោករតនា បញ្ជាក់ផងដែរថា ដើម្បី​ធ្វើការងារបានល្អ លុះត្រាតែមនុស្សម្នាក់ៗចេះសម្របខ្លួនក្នុងបរិស្ថានច្រើនផ្សេងៗគ្នា និង​ស្វែងយល់ច្រើនពីពិភពការងារ និងការរស់នៅជាក់ស្តែង ហេតុនេះ​ការសិក្សាតែមួយមហាវិទ្យាល័យអាចផ្តល់ឱកាសឱ្យនិស្សិ​ត​មានពេលច្រើនដើម្បីស្វែងយល់ពីគ្រប់ជ្រុងជ្រោយ​ក្នុងសង្គម។ តែទោះបីជាយ៉ាងនេះក្តី ការសិក្សាតែមួយមហាវិទ្យាល័យ​ត្រូវចេះគ្រប់គ្រងពេលវេលារបស់ខ្លួនឱ្យបានល្អ បើមិនដូច្នោះទេ ការដែលមានពេលទំនេរច្រើន​អាចធ្វើឱ្យយើងខាតបង់កាន់តែខ្លាំងដោយសារតែការបណ្តែតបណ្តោយខ្លួនឱ្យ​សប្បាយជ្រុល​ភ្លេច​ផ្តោតលើគោលដៅសំខាន់សម្រាប់អនាគត៕

  • លោក ណុប បាយ៉ារិទ្ធ បង្ហាញមុខមាត់ក្រុមគ្រួសារដែលសុទ្ធតែជាពូជពង្សអ្នកសិល្បៈ

    លោក ណុប បាយ៉ារិទ្ធ បង្ហាញមុខមាត់ក្រុមគ្រួសារដែលសុទ្ធតែជាពូជពង្សអ្នកសិល្បៈ

    ក្នុងពិភពសិល្បៈពោរពេញទៅដោយការប្រកួតប្រជែង ក្រុមគ្រួសារត្រកូល ណុប អាចនិយាយបានថា ជាក្រុមគ្រួសារមួយ សម្បូរទៅដោយធនធានមនុស្សដែលមានសមត្ថភាពខ្ពស់ក្នុងពិភពសិល្បៈ ដូចជាតារាចម្រៀង ណុប បាយ៉ារិទ្ធ តារាចម្រៀង និងជាអ្នករៀបចំកម្មវិធីលោក នីកូ កវីនិពន្ធ ណុបសិទ្ធកា និងលោកណុប សម្បត្តិជាឪពុក និងមេគ្រួសារ ក៏ជាអ្នកដឹកនាំរឿងដ៏ល្បីល្បាញមួយរូបផងដែរ ព្រមទាំងមានសែស្រឡាយអ៊ំប្រុស អ៊ំស្រី ពូ មីង និងប្អូនៗ របស់គេដែលសុទ្ធសឹងតែមានស្នាដៃនៅក្នុងពិភពសិល្បៈទាំងអស់។

    នៅពេលថ្មីៗនេះ កំពូលតារាចម្រៀងមុខក្មេងសំឡេងចាស់ លោក ណុប បាយ៉ារិទ្ធ បានបង្ហាញរូបភាពគ្រួសារទាំងមូល ព្រមទាំងឈ្មោះ ដែលមានទេពកោសល្យខាងសិល្បៈតាំងពីឪពុកម្តាយ ប្អូនប្រុស រហូតដល់ក្មួយបង្កើតឱ្យមហាជនបានស្គាល់ច្បាស់ និងដឹងអំពីពូជពង្សអ្នកសិល្បៈបុរាណ សម័យមួយគ្រួសារនេះ។

    ចង់ដឹងថា ក្រុមគ្រួសារលោក ណុប បាយ៉ារិទ្ធ មានអ្នកណាខ្លះនោះ សូមទស្សនារូបភាពខាងក្រោមនេះ៖

  • ខេត្ត​ព្រះសីហនុ​នឹង​កាន់​តែមាន​សក្តានុពល​សេដ្ឋកិច្ច​ខ្លាំង​ឡើង

    ខេត្ត​ព្រះសីហនុ​នឹង​កាន់​តែមាន​សក្តានុពល​សេដ្ឋកិច្ច​ខ្លាំង​ឡើង

    គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ​បាន​រីកដុះដាល​យ៉ាងខ្លាំង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ មាន​គម្រោងធំៗជាច្រើន​ត្រូវបាន​ក្រុមហ៊ុន​មកពី​បរទេស​បោះទុន​វិនិយោគ ជាពិសេស​ក្រុមហ៊ុនធំៗមកពី​ប្រទេស​ចិន​ដែល​បាន​ជំរុញ​ឱ្យ​វិស័យ​អចលនទ្រព្យ​ក្នុង​តំបន់​សេដ្ឋកិច្ចសំខាន់ៗ រួមមាន រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​ខេត្តសៀមរាប ជាដើម​កាន់​តែមាន​សក្ដា​នុព​ល​ខ្លាំង​ឡើង។

    ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួងរៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​បាន​មានប្រសាសន៍​ក្នុង​កម្មវិធី​បញ្ចប់​គម្រោង​អគារ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​ថា វិស័យ​អចលនទ្រព្យ​ពិតជា​បាន​ចូលរួមចំណែក​លើកកម្ពស់​ការ​ស្នាក់នៅ​បែប​ទំនើប​ដល់​ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង និង​ឆ្លើយតបបាន​នឹង​តម្រូវការ​ភ្ញៀវទេសចរ​បរទេស ជាពិសេស​ភ្ញៀវទេសចរ​ចិន​ដែល​កំពុងមាន​ការកើនឡើង​ខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា​យើង។

    ជាការ​កត់សម្គាល់ កត្តា​ដែលនាំឱ្យ​មានការ​អភិវឌ្ឍ​នៅ​ទូទាំងប្រទេស​មានការ​បោះ​ជំហាន​ទៅមុខ​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ គឺ​មកពី​កម្ពុ​ជាមាន​សក្តានុពល​ផ្នែក​ឧស្សាហកម្ម ពាណិជ្ជកម្ម អចលនទ្រព្យ និង​ទេសចរណ៍។ ដោយឡែក​នៅ​ខេត្ត​ព្រះសីហនុ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស ដូចជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់ផែ​ក្រុងព្រះសីហនុ តំបន់​សេដ្ឋកិច្ច​ពិសេស​ស្ទឹងហាវ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្រុក​ព្រៃនប់​ដែលមាន​រោងចក្រ​ចំនួន125 មាន​កម្មករ​ប្រមាណ​ជាង 2ម៉ឺន​នាក់។

    ចំណែក​អ្នកជំនាញ​អចលនទ្រព្យ លោក​សន សៀ​ប អគ្គនាយក​ក្រុមហ៊ុន Key Real Estate ធ្លាប់បាន​លើកឡើងថា “ហេតុដែល​វិនិយោគិន​ចិន​សម្រុក​មក​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ ព្រោះ​ទំនាក់ទំនង​ជិតស្និទ​រវាង​រដ្ឋាភិបាល​ទាំង2 ញ៉ាំងឱ្យមាន​បរិយាកាស​ល្អប្រសើរ​ដល់​វិនិយោគិន​នៃ​ប្រទេស​ទាំង2 ក្នុងការ​សហការគ្នារ​ក​ស៊ី ‟។

    ស្រដៀង​គ្នា​នេះ លោក​គីម ហ៊ាង ប្រធាន​សមាគម​អចលនទ្រព្យ​បាន​មានប្រសាសន៍ថា “ចិន​វិនិយោគ​នៅ​កម្ពុ​ជាមាន​សម្ទុះ​ខ្លាំង ជាពិសេស​នៅ​ខេត្ត​សក្តានុពល ដូចជា​ខេត្ត​ព្រះសីហនុ គ្រាន់តែ​ចិន​ចូលមក​រកស៊ី​នៅ​ព្រះសីហនុ​ភ្លាម ធ្វើឱ្យ​តម្លៃ​សណ្ឋាគារ ម្ហូបអាហារ និង​សេវាកម្ម​ផ្សេង​មានការ​ឡើងថ្លៃ ជាពិសេស​តម្លៃ​ដីធ្លី​មានការ​ហក់​ឡើង​ខ្លាំង ធ្វើឱ្យ​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ​មានការ​អភិវឌ្ឍ​លឿន​បំផុត‟។

    សូមបញ្ជាក់ថា រយៈពេល 2ឆ្នាំនេះ​ខេត្ត​ព្រះសីហនុ​ត្រូវបាន​អភិវឌ្ឍ​យ៉ាងគំហុក មាន​អគារ​ខុន​ដូ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម រោងចក្រ និង​សណ្ឋាគារ​លំដាប់​ពី​ផ្កាយ3 ដល់​ផ្កាយ5 ហើយ​ក៏មាន​អ្នកវិនិយោគ និង​អ្នកទេសចរ​មានការ​ចាប់អារម្មណ៍​យក​ខេត្ត​ព្រះសីហនុ​ជា​គោលដៅ​ទេសចរណ៍ និង​វិនិយោគ​ផងដែរ។ ការផ្តោត​ការយកចិត្តទុកដាក់​ខ្លាំង​នៅ​តំបន់​នេះ តាមរយៈ​ការរៀបចំ​ឆ្នេរ​ឱ្យមាន​សោភណភាព និង​រៀប​រៀបរយ​ជាង​មុន គម្រោង​សាងសង់​ផ្លូវ​ហាយ​វេ​យ៍​ពី​រាជធានី​ភ្នំពេញ ទៅកាន់​ខេត្ត​នេះ ការ​មាន​ព្រលានយន្តហោះ​លំដាប់​អន្តរជាតិ និង​កំណើន​ភ្ញៀវទេសចរ សុទ្ធតែជា​កត្តា​ផ្ដល់​ភាពងាយស្រួល​ដល់​អ្នកវិនិយោគ និង​ធ្វើឱ្យ​ខេត្ត​ព្រះសីហនុ​កាន់​តែមាន​សក្ដានុពល​ខ្លាំង​ឡើង។

    បច្ចុប្បន្ន ខេត្ត​ព្រះសីហនុ​មាន​ជន​ជាតិចិន​កាន់តែច្រើន​ចូលមក​ទស្សនា និង​វិនិយោគ និង​ជាពិសេស អ្វីដែល​គួរឱ្យភ្ញាក់ផ្អើល​នោះ និង​ពិតជា​កាន់​តែមាន​សក្តានុពល​ខ្លាំង​ឡើង​នោះ គឺ​ដោយសារ​មានការ​ភ្ជាប់​ជើងហោះហើរ​របស់​យន្តហោះ​ដឹក​អ្នកដំណើរ​ពី​ប្រទេស​ចិន និង​ពី​ខេត្តសៀមរាប​មកកាន់​ទី​នោះ​កាន់តែ​ច្រើនឡើង។

    សូមបញ្ជាក់​បន្ថែមថា ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ចិន​មានការ​កើនឡើង​ខ្លាំង​គួរឱ្យកត់សម្គាល់​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ ដោយបាន​កើនឡើង​ដល់ 5.8.ពាន់​លាន​ដុល្លារហើយ​រយៈពេល2-3ឆ្នាំ​កន្លងទៅនេះ គឺ​កើនឡើង​លឿន ពី 900លាន​ដុល្លារ​នៅ​ឆ្នាំ2016 ដល់1.6ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ2017 និង​រយៈពេល 7ខែ​នៃ​ឆ្នាំ2018នេះ គឺមាន​ការកើនឡើងរ​ហូត​ដល់2.8ពាន់​លាន​ដុល្លារ៕

  • តើ​ការចូល​រួមជាមួយ  KELLER WILLIAM អ្នកនឹង​ទទួលបាន​អត្ថប្រយោជន៍​ដូចម្តេចខ្លះ?

    តើ​ការចូល​រួមជាមួយ  KELLER WILLIAM អ្នកនឹង​ទទួលបាន​អត្ថប្រយោជន៍​ដូចម្តេចខ្លះ?

    ដោយ​មើលឃើញ​ពី​ការរីកចម្រើន​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា ក្រុមហ៊ុន KELLER WILLIAM ដែល​គេ​ស្គាល់​ថា ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ធំជាងគេ​នៅលើ​ពិភពលោក​នោះបាន​ឈាន​ជើង​ចូល​ទីផ្សារ​កម្ពុជា​ជាបណ្តើរៗហើយ ហើយនឹង​សម្ពោធ​ដំណើរការ​ជា​ផ្លូវការ នៅ​ខែធ្នូ ចុងឆ្នាំ2018ខាងមុខនេះ។

    លោក​បណ្ឌិត គឹម ហ៊ាង ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​មានប្រសាសន៍​ក្នុង​កម្ម​វី​ធី​ជួបជុំ​ដ៏​ធំ​មួយ​កាលពី​ម្សិលមិញ​ថា ក្រុមហ៊ុន KELLER WILLIAM គឺជា​ក្រុមហ៊ុន​អចលនទ្រព្យ​ធំជាងគេ និង​មាន​វ័យ​ចំណាស់​ជាងគេ​នៅលើ​ពិភពលោក ដែល​បាន​បង្កើតឡើង​ដំបូង​គេ​នៅ​សហរដ្ឋអាមេរិក និង​មាន​សមាជិក​ច្រើនជាងគេ​ផងដែរ ហើយ​ដើម្បី​ចែករំលែក​បទពិសោធ​ក៏ដូចជា​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​ឱ្យបាន​កាន់តែច្រើន​ដែរនោះ លោក​បានសម្រេច​ចិត្ត​នាំយក​ឈ្មោះ(Franchise) ក្រុមហ៊ុន​ដ៏​ល្បី​មួយ​នេះ​ចូលមក​ទីផ្សារ​កម្ពុជា​ដើម្បី​ចូលរួម​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​ឱ្យ​កាន់តែ​ប្រសើរឡើង។

    លោក​បន្តថា សម្រាប់​អ្នក​ដែល​ចូលរួម​ធ្វើជា​ភ្នាក់ងារ​អចលនទ្រព្យ​ជាមួយ​ក្រុមហ៊ុន KELLER WILLIAM ប្រចាំ​នៅ​កម្ពុជា​នឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន ដូចជា​ការចូលរួម​វគ្គ​បណ្តុះបណ្តាល​អចលន​ទ្រព្យ​ដោយ​មិន​គិតថ្លៃ ហើយនឹង​ក្លាយខ្លួនជា​អ្នកជំនាញ និង​មានចំណេះដឹង​ច្បាស់លាស់​ផ្នែក​វិស័យ​អចលនទ្រព្យ​ដែល​អាច​រកប្រាក់​ចំណូល​បាន​ច្រើនជាង​វិស័យផ្សេងៗមួយចំនួនទៀត។

    លោក​ថា បច្ចុប្បន្ន ភ្នាក់ងារ​អចលនទ្រព្យ​នៅ​ប្រទេស​ជឿនលឿន ដូចជា​សហរដ្ឋអាមេរិក និង​ប្រទេស​មួយចំនួនទៀត ពួកគេ​ធ្វើ​ការមិន​យកប្រាក់​ខែ​នោះទេ ដោយសារតែ​អា​ចរក​កម្រៃជើងសា​បាន​ច្រើនជាង​ប្រាក់ខែ​រាប់សិប​ដង​ឯណោះ ហើយ​ថា សម្រាប់​ប្រជាជន​ខ្មែរ​នៅមាន​ទំនោរ​ធ្វើការ​លើ​វិស័យ​អចលនទ្រព្យ​យកប្រាក់​ខែ ជាជាង​យ​កម្រៃជើងសា ព្រោះ​គិតថា ខ្លាច​ខ្លួនឯង​មិន​អាចមាន​សមត្ថភាព​ល​ក់ដី​បាន។ ប៉ុន្តែ​បើ​ធ្វើការ​គិតតែ​ប្រាក់ខែ គឺ​មិនអាច​ធ្វើឱ្យ​ខ្លួន​ក្លាយជា​អ្នកមាន​បានឡើយ ព្រោះ​ប្រាក់ខែ​ដែល​បានមក​នោះ​គ្រាន់តែ​ចំណាយ​ចាយវាយ​ប្រចាំខែ​ទៅវិញ​ប៉ុណ្ណោះ។ ដូច្នេះ​គួរតែ​ពង្រឹង​ចំណេះដឹង និង​ជំនាញ​ឱ្យបាន​ច្បាស់ នោះ​អ្នកនឹង​អាច​រកប្រាក់​ពី​វិស័យនេះ​បាន​ច្រើន​មិន​ខាន។

    គួរ​បញ្ជាក់ថា បច្ចុប្បន្ន​មាន​ប្រទេស​ចំនួន 4ហើយ​នៅក្នុង​តំបន់​អាស៊ី​ដែល​បាន​នាំយក​Franchise ក្រុមហ៊ុន KELLER WILLIAM មក​ធ្វើការ​នៅក្នុង​ប្រទេស​របស់គេ ដោយមាន​អ្នក​ចូលធ្វើការ​ជាមួយ​កាន់តែច្រើនឡើងៗដែរ៕