Category: សង្គម និងសេដ្ឋកិច្ច

  • ស្វែងយល់ពីបញ្ហា​សក់​ជ្រុះធម្មតា និងខុសធម្មតា

    ស្វែងយល់ពីបញ្ហា​សក់​ជ្រុះធម្មតា និងខុសធម្មតា

    បញ្ហា “សក់​ជ្រុះ” អាច​កើតឡើង​ស្ទើ​តែ​គ្រប់​វ័យ ជាពិសេស​ក្នុង​ក្រុមមនុស្ស​ប្រុស-ស្រី​វ័យ​ជំទង់ ដែល​អ្នកខ្លះ​ស្ទើ​តែ​មិនមាន​សក់​មួយ​សរសៃ​នៅលើ​ក្បាល​ឡើយ។ ក៏ប៉ុន្ដែ​ពួកគេ​នៅតែ​ព្យាយាម​រក​ថ្នាំល្អៗមក​ទទួលទាន និង​លាប ដើម្បី​ព្យាបាល​រហូតដល់​ខាតបង់​ថវិកា​មាសប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ក៏​នៅតែ​មិន​ទទួលបាន​នូវ​លទ្ធ​ផល​ល្អប្រសើរ​ដែរ។ ទាំងអស់នេះ កើត​ពី​ការមិន​យល់ដឹង​ពី​ធម្មជាតិ​នៃ​រាងកាយ​របស់​អ្នក​ខ្លួនឯង​ហ្នឹងហើយ។ ដូច្នេះ​សូម​មក​ស្វែងយល់​ទាំងអស់គ្នា ដើម្បី​ដឹង​កាន់តែច្បាស់​ពី​បញ្ហា​ជ្រុះ​សក់ ដែលជា​លក្ខណៈ​ធម្មជាតិ (ធម្មតា) និង​ខុសពី​ធម្មតា​ដូចខាងក្រោម​នេះ។

    សក់​ជ្រុះ​តាម​ធម្មជាតិ (ធម្មតា)
    វដ្ដ​ជីវិត​របស់​សរសៃសក់​មាន3ដំណាក់កាល​ដូចជា៖
    ដំណាក់កាល​ទី 1
    ដំណាក់កាល​នៃ​ការលូតលាស់ ៈ ដោយ​សរសៃសក់ ដែល​ដុះ​ចេញពី​ឫស​សក់​ លូតលាស់​ប្រវែង1សង់ទីម៉ែត្រ​ក្នុង​មួយខែ និង​អាច​ជាប់​នៅលើ​ស្បែកក្បាល​បានយូរ​រហូតដល់3-7ឆ្នាំ ចំពោះ​មនុស្ស​ដែលមាន​សុខភាព​ល្អ។

    ដំណាក់កាល​ទី 2
    ដំណាក់កាល​សម្រាក​ខ្លួន ៈ នៅក្នុង​ដំណាក់កាល​នេះ សរសៃសក់​មិន​រីកលូតលាស់​នោះទេ ហើយ​គល់​សក់​នៅតែ​បង្រួម។ រយៈពេល​នេះ​នឹង​ប្រើ​ពេលវេលា​ប្រមាណ3-4សប្ដាហ៍ មុនពេល​ឈាន​ចូលដល់​ដំណាក់​កាលចុងក្រោយ។

    ដំណាក់កាល​ទី 3
    ដំណាក់កាល​ជ្រុះ ៈ ដោយ​គល់ និង​សរសៃសក់​ជ្រុះ​ពី​ស្បែកក្បាល ត្រូវ​ចំណាយពេល​ប្រ​ម៉ាណ 3-4 សប្ដាហ៍ តែ​នៅ​ទីបំផុត​រាងកាយ និង​មាន​កត្ដា​ជំរុញ​ឱ្យ​កើតមាន​ការបង្កើត​សរសៃសក់​ថ្មី​ដុះ​ឡើង​មកវិញ ដើម្បី​ជំនួស​សរ​សៃ​សក់​ចាស់​ដែល​ជ្រុះ​ទៅ។ ចំពោះ​អ្នក​ដែលមាន​សុខភាព​ល្អ​ធម្មតា សរសៃសក់ 80-90 ភាគរយ​នឹង​ស្ថិតនៅក្នុង​រយៈពេល​លូតលាស់ 5-20% ​នៃ​រយៈពេល​ជ្រុះ​ចុងក្រោយ​បំផុត។ ចំណែកឯ ដំណាក់​ទី 2នោះ​នឹងត្រូវ​ចំណាយពេល​ខ្លី​វិញ។

    ដូច្នេះហើយ គ្រប់គ្នា​មាន​សក់​ជ្រុះ​រាល់ថ្ងៃ ប្រមាណ​ជា100-150សរសៃ​ក្នុង​មួយថ្ងៃ ដែលជា​ធម្មតា ទោះជា​យ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្រ​បាន​ប្រាប់ថា ស្ត្រី​មាន​សរសៃសក់​ក្រាស់​ជាង​មនុស្ស​ប្រុស។ នៅមាន​ភាពខុសគ្នា​ក្នុង​វ័យ ដែល​ហុច​ផល​ដល់​ការលូតលាស់​របស់​សរ​សៃ​សក់​ថែមទៀត​គឺ នៅក្នុង​វ័យ​កុមារ និង​វ័យ​ជំទង់ ដែលជា​វ័យ​ប្រែប្រួល​រូបរាងកាយ និង​អ័រម៉ូន​ខ្ពស់បំផុត។ កោសិកា​នៅក្នុង​រាងកាយ​មានការ​បែងចែក​ខ្លួន​យ៉ាង​ពេញទំហឹង គល់​សក់​ក៏​ដូចគ្នា​នឹងមាន​គល់​សក់​ថ្មី​កើតមក​ជំនួស​គល់​សក់​ចាស់​ភ្លាម។ តែ​នៅពេលដែល​ចូលដល់​វ័យ​កណ្ដាល និង​វ័យ​ជរាអត្រា​ការកើត​របស់​កោសិកា​គល់​សក់​ថ្មី និង​ថយចុះ​តិច​ជា​អត្រា​គល់​សក់​ដែល​បាន​បាត់បង់​ទៅ ធ្វើឱ្យ​មើលទៅ​ដូចជា សក់​ស្ដើង ស្រប​ពេលដែល​អាយុ​កាន់តែ​ច្រើនឡើង។

    ដូច្នេះហើយ ប្រសិនបើ​អ្នក​ស្ថិតនៅក្នុង​វ័យ​កណ្ដាល ឬ​វ័យ​ជរា ការដែល​មាន​សក់​ស្ដើង អាច​ចាត់ទុកថា​ជា​រឿង​ធម្មតា និង​មិនគួរ​ព្យាយាម​ទៅរក​ទិញ​ថ្នាំ ឬ​វីតាមីន មក​ទទួលទាន​ឱ្យអស់​លុយ​នោះទេ។

    សក់​ជ្រុះ​មិនធម្មតា
    អ្នក​ដែល​ជ្រុះ​សក់​ច្រើន​ខុសពី​ធម្មតា បណ្ដាលមកពី​កត្តា​ជាច្រើន​ដូចជា៖
    1. សក់​ជ្រុះ​ម្ដងម្កាល ៖ មូលហេតុ​មានដូចជា មាន​អារម្មណ៍​តានតឹង​ក្នុង​រយៈពេលយូរ អាច​នឹងមាន​អាការ​ជ្រុះ​សក់កើតមក​ដោយ​មិនដឹង​ខ្លួន អាច​កើតឡើង​បាន​គ្រប់​វ័យ ឬ​អាច​កើតឡើង​ដោយសារ​អាការ​ជំងឺ ឬ​រោគផ្សេងៗដួច​ជា ជំងឺ​ទឹកនោមផ្អែម កើត​ក្នុង​ភេទស្ត្រី​ដែល​ទើប​ប្រសូត​បុត្រ និង​ស្ត្រី​ដែល​និយម​ប្រើប្រាស់​ថ្នាំ​ពន្យា​រកំណើត​ជាដើម។

    ការព្យាបាល អាការ​ជ្រុះ​សក់​បែបនេះ មិនចាំបាច់​ត្រូវការ​ព្យាបាល​ច្រើន​ទេ ព្រោះ​វា​អាច​នឹង​បាត់​ទៅដោយ​ឯកឯង។

    2. សក់​ជ្រុះ​បណ្ដាលមកពី​ដំណរ​ពូជ ៖ គឺ​បណ្ដាលមកពី​មូលហេតុ​ដំណរ​ពូជ និង​កម្រិត​អ័រម៉ូន Testosterone កើនឡើង​ក្នុង​រាងកាយ ដែល​កើតមានឡើង​ចំពោះ​ទាំង​ភេទ​ប្រុស និង​ភេទ​ស្រី ក៏ប៉ុន្ដែ​រកឃើញ​កើតមាន​ចំពោះ​បុរស​ច្រើនជាង។

    ការព្យាបាល​ អាច​នឹងមាន​ដំណោះស្រាយ​ពិបាក​បន្ដិច បើទោះបីជា​អ្នកវិទ្យាសាស្ត្រ​ព្យ​ាយាម​ស្វែងរក​នូវ​ថ្នាំថ្មីៗ តែ​នៅតែ​មិន​ទទួលបាន​លទ្ធ​ផល។ ពេទ្យ​សើរ​ស្បែក ​និយម​ឱ្យប្រើ​ថ្នាំ​បន្ថយ​បរិមាណ​អ័រម៉ូន​ដែល​ពោល​ខាងលើ នៅក្នុង​រាងកាយ​តែប៉ុណ្ណោះ ឬ​ប្រើប្រាស់​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម។ ចំពោះ​អាការ​ប្រហាក់ប្រហែលគឺ ការ​ដុះ​នូវ​គល់​សក់​ដែលជា​ប្រភេទ​សក់​ខ្ចី និង​ស្ដើង​តែប៉ុណ្ណោះ។ សូម្បីតែ​ថ្នាំ​នៅក្នុង​ក្រុម​សារធាតុ Steroids ដែល​គ្រូពេទ្យ​និយម​ប្រើ ក៏​នៅតែ​ទទួលបាន​លទ្ធ​ផល​សក់​តិច​ណាស់ គឺអាច​នឹង​ទទួល​ឱកាស​គ្រោះថ្នាក់​បន្ថែមទៀត​ក៏មានដែរ។

    សមាសធាតុ​គីមី​នៃ​ផលិតផល​ថែរក្សា​សក់ ឬ​ការពារ​ការ​សក់​ជ្រុះ
    មាន​ធាតុ​ផ្សំ​ដោយ
    1. សារធាតុ​សំខាន់​ជំរុញ​ក្នុងការ​លំហូរ​ឈាម​ទៅកាន់​ឫស​សក់ ដើម្បី​ការពារ​សក់​ជ្រុះ​ដូចជា វីតាមីនផ្សេងៗ សារធាតុ​ការពារ​ចម្រាញ់​ចេញពី​ឱសថ​បុរាណ។

    2. សារធាតុ​អាហារ​មាននៅ​ក្នុង​ក្រុម​ប្រូ​តេ​អី​ុ​នដើម្បី​ពង្រឹង​ភាព​រឹង​មាំ​ដល់​ឫស​សក់​ និង​សរ​សៃ​សក់។

    3. សារធាតុសំខាន់ៗដែលមាន​ប្រសិទ្ធភាព​កាត់បន្ថយ និង​គ្រប់គ្រង​បរិមាណ​ជាតិ​ខ្លាញ់​នៅក្នុង​ស្បែកក្បាល និង​បន្ថយ​ការ​ប្រតិកម្ម​រលាកក្រពេញ​ខ្លាញ់។

    4. សារធាតុសំខាន់ៗ ដើម្បី​គ្រប់គ្រង​ការលូតលាស់​របស់ Micro-organisms នៅលើ​ស្បែកក្បាល។

    កត្តា​គួរកត់សម្គាល់
    ប្រសិន​បើថ្នាំ ឬ​ផលិតផល​ការពារ​សក់​ជ្រុះមាន​ប្រសិទ្ធភាព​អាច​ដោះស្រាយ​បញ្ហា​សក់​ជ្រុះ​បាន​ពិតមែននោះ​ យើង​ប្រហែល​មិនបាន​ឃើញ​មនុស្ស​ក្បាលទំពែក ឬ​ក្បាល​ឆក​នៅក្នុង​ប្រទេស​ទូទាំង​ពិភពលោក​ទៀតហើយ ដោយសារ​ហេតុផល​ដំណរ​ពូជ​ជា​រឿង​ដែល​យើង​ត្រូវ​ទទួលស្គាល់​ការពិត។ ដូច្នេះហើយ អ្នក​អាច​ដោះស្រាយ​បញ្ហា​បាន​ដោយ​ការប្រើប្រាស់ សក់​ពាក់ ឬ​សក់​ជ័រ​នៅលើ​ស្បែកក្បាល នោះ​ទើប​មាន​សុវត្ថិភាព ច្រើនជាង​ការព្យាបាល​ពិសេស ដែលអាចមានគ្រោះថ្នាក់ ដោយ​បើមិនមាន​ការប្រុងប្រយ័ត្ន​ខ្ពស់៕

  • លោក ពេជ្រ ថាណា បង្ហោះសារផ្ដាំផ្ញើដល់អ្នកមើលងាយខ្លួន ឱ្យភ្លឺភ្នែកនៅ 2ឆ្នាំទៀត

    លោក ពេជ្រ ថាណា បង្ហោះសារផ្ដាំផ្ញើដល់អ្នកមើលងាយខ្លួន ឱ្យភ្លឺភ្នែកនៅ 2ឆ្នាំទៀត

    លោក ពេជ្រ ថាណា ជាតារាចម្រៀងមួយដួងដែលមានប្រជាប្រិយភាពខ្លាំងគួរសម ស្ទើរតែមិនចាញ់តារាចម្រៀងល្បីៗផ្សេងៗទៀតឡើយ ខណៈដែលបទចម្រៀងនីមួយៗ របស់លោកសុទ្ធសឹងតែមានការគាំទ្រពីប្រិយមិត្តទស្សនិកជន ជាពិសេសមិត្តយុវវ័យតែម្ដង។ តែនៅក្នុងពិភពសិល្បៈវាតម្រូវឱ្យមានការប្រកួតប្រជែងខ្ពស់ ទើបទទួលបានទីផ្សាធំ និងក្ដោបបានចំណែកធំនៅក្នុងចិត្តអ្នកគាំទ្រ ដូច្នោះហើយស្របពេលដែលតារាចម្រៀងប្រុសសំឡេងខ្ពស់រូបនេះកំពុងមានប្រជាប្រិយខ្លាំងគួរសមក្នុងពិភពសិល្បៈ លោកបានផ្ដាំទៅកាន់អ្នកដែល​បានមើលងាយលោក ខណៈដែលលោកនៅក្រ ក្រី ឱ្យបានភ្លឺភ្នែកម្ដងក្នុងរយៈពេលតែ 2ឆ្នាំខាងមុខទៀត។

    ជាការពិតណាស់ បើតាមគណនីហ្វេសប៊ុកផ្លូវការរបស់តារាចម្រៀងលោក ពេជ្រ ថាណា បានសរសេរសារបង្ហោះ ដោយមានអត្ថន័យយ៉ាងដូច្នេះថា «ជឿថា ពេលយើងក្រ គ្មានអ្នកស្គាល់យើងអត? ខ្ញុំជឿ ព្រោះតែអ៊ីចឹងហើយទើបខំប្រឹង ក្រែងលោវាបានអីៗនឹងគេ មិនយូរទេ រយៈពេល 2ឆ្នាំទៀត អីៗចេញមកហើយ កុំពូកែមើលងាយគេពេក»។

    សូមជម្រាបផងដែរថា តាមរយៈសារមានអត្ថន័យជា្រលជ្រៅមួយនេះ អាចឱ្យអ្នកដែលធ្លាប់មើលងាយ តារាចម្រៀង ពេជ្រ ថាណា ពេលបានឃើញហើយ អាចចត់បាយក៏ពិតមែន ប៉ុន្តែលោកហាក់បីដូចជាមិនបានបង្ហើបឱ្យដឹងថា លោកនឹងមានគម្រោងធំធ្វើអ្វីមួយដើម្បីលេចចេញជារូបរាងនៅឡើយទេ ខណៈដែលលោកបានបញ្ជាក់ឱ្យដឹងថា រយៈពេល 2ឆ្នាំទៀត អ្វីដែលលោកធ្វើ វានឹងលេចចេញឡើងហើយ៕

  • លេងម៉ូដក្រចកបែបកូនក្រមុំ សម្រាប់ថត Pre-wedding វិញម្តង

    លេងម៉ូដក្រចកបែបកូនក្រមុំ សម្រាប់ថត Pre-wedding វិញម្តង

    ម៉ូដសក់ស្អាតហើយ ម៉ូដសម្លៀកបំពាក់ក៏ស្អាតដែរ ដូច្នេះម៉ូដក្រចកក៏ត្រូវលេងម៉ូដឱ្យសីុគ្នា ដើម្បីឱ្យការថត Pre-wedding របស់អ្នកចេញមកគឺស្អាតបែបឥតទាស់តែម្តង។ តោះអនាគតកូនក្រមុំទាំងអស់ សូមជ្រើសរើសម៉ូដក្រចកសម្រាប់ថត Pre-wedding ដែលអ្នកស្រឡាញ់ ហើយថតរូបទុកជាអនុស្សាវរីយ៍ និងទុកតាំងបង្ហាញនៅក្នុងថ្ងៃដ៏វិសេសរបស់អ្នកភ្លាមទៅ៕

     

  • រដូវភ្ជុំបិណ្ឌ អ្នកនាង ទូច ស្រីល័ក្ខ បញ្ចេញបទនិពន្ធថ្មី កម្សត់ដល់ថ្នាក់ស្រក់ទឹកភ្នែក

    រដូវភ្ជុំបិណ្ឌ អ្នកនាង ទូច ស្រីល័ក្ខ បញ្ចេញបទនិពន្ធថ្មី កម្សត់ដល់ថ្នាក់ស្រក់ទឹកភ្នែក

    រដូវបុណ្យភ្ជុំបិណ្ឌបានចូលមកដល់ គេសម្គាល់ឃើញថា តារាចម្រៀងម្នាក់ៗតែងតែបញ្ចេញបទចម្រៀងរបស់ខ្លួនជាចង្វាក់ប្រពៃណី និងប្រជាប្រិយគ្រប់ៗគ្នា ជាក់ស្ដែងដូចជាក្រុមការងារចម្រៀងរបស់តារាពហុជំនាញ គឺអ្នកនាង ទូច ស្រីល័ក្ខ បានបញ្ចេញបទចម្រៀងមួយបទដ៏មានអត្ថន័យដែលមានចំណងជើងថា «ម្ចាស់ជីវិតកូនអើយ» ដែលជាប្រភេទបទមនោសញ្ចេតនា កម្សត់ស្ទើរតែទប់ទឹកភ្នែកមិនបាន ព្រោះអ្នកនាងបានរៀបរាប់អំពីគុណូបការៈរបស់អ្នកមានគុណទាំងទ្វេ។

    អមដោយវីដេអូចម្រៀង អ្នកនាង ទូច ស្រីល័ក្ខ បានសរសេរសាររៀបរាប់ថា «ឪពុកម្តាយបានលះបង់គ្រប់យ៉ាងដើម្បីតែកូន ឱ្យកូនរស់នៅមានសេក្តីសុខ សួរថា តើលោកទាំងពីរលំបាកប៉ុនណាបើកូនៗណារស់នៅឆ្ងាយពីក្រុមគ្រួសារ ប្រាកដណាស់ លោកច្បាស់ជាបារម្ភ និងយំ បន្ទាប់ពីស្តាប់បទនេះហើយសូមផ្ដល់ជាកម្លាំងចិត្តឱ្យក្រុមខ្ញុំផង។ បទ «ម្ចាស់ជីវិតកូនអើយ» ច្រៀងដោយក្រុមកម្សត់ស្រីល័ក្ខ និពន្ធទំនុកច្រៀង & Melody ដោយក្រុមកម្សត់ស្រីល័ក្ខ សម្រួលតន្រ្តីដោយលោក ផល វន្ឍៈ ដឹកនាំថតដោយ Heng Picture»។

    សូមជម្រាបបន្ថែមដែរថា តាម​ទំនៀម គេ​ធ្វើ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ចំនួន 15ថ្ងៃ គឺ​ចាប់​ផ្តើមធ្វើ​តាំងពី​ថ្ងៃ1រោច ខែភទ្របទ ដល់​ថ្ងៃ 15រោច​ ខែភទ្របទ។ ពីថ្ងៃ1រោច ​ដល់14រោច គឺ​ថ្ងៃ​កាន់បិណ្ឌ ឬ​ថ្ងៃ​ដាក់​បិណ្ឌ។ ថ្ងៃ15រោច គឺ​ថ្ងៃ​ភ្ជុំបិណ្ឌ ព្រោះ​ថ្ងៃនេះ អ្នកស្រុក​តែង​មក​ប្រជុំគ្នាធ្វើ​នៅក្នុង​វត្តគ្រប់ៗគ្នា។ កាលពី​បុរាណកាល បុណ្យ​ភ្ជុំបិណ្ឌមាន​រយៈពេល 3ខែ​ឯណោះ គឺ​ស្របពេល​នឹង​រដូវ​ចូលវស្សា​ដែរ។ តែ​ក្រោយមក ដោយ​ប្រជាជនជាពុទ្ធបរិស័ទ ជាប់​មមា​ញឹក​នឹង​កិច្ចការ​រក​ស៊ី​ចិញ្ចឹមជីវិត​ខ្លាំងពេក ទើប​គេ​សម្រេចធ្វើ​ត្រឹមតែ 15ថ្ងៃវិញ។

    សូមរីករាយស្ដាប់ និងទស្សនាវីដេអូខាងក្រោមនេះ៖

    https://youtu.be/MraOxMaUmXs

  • ជប៉ុន​ប្រើប្រាស់បច្ចេកវិទ្យាដើម្បីកាត់បន្ថយការនឿយហត់របស់បុគ្គលិក និងបង្កើនប្រសិទ្ធភាពការងារ

    ជប៉ុន​ប្រើប្រាស់បច្ចេកវិទ្យាដើម្បីកាត់បន្ថយការនឿយហត់របស់បុគ្គលិក និងបង្កើនប្រសិទ្ធភាពការងារ

    មិនមែនជារឿងចម្លែកពេកទេដែលឃើញអ្នកធ្វើការងារនៅក្នុងប្រទេសជប៉ុន​សម្រាក​នៅលើតុធ្វើការរបស់ពួកគេនៅគ្រប់ក្រុមហ៊ុន និងស្ថាប័នសំខាន់នានា។ នៅប្រទេសជប៉ុន​ការសម្រាកក្នុងរយៈពេលខ្លីដើម្បី​ប្រមូលថាមពល​ដើម្បីធ្វើការងារនៅទីសាធារណៈ និងកន្លែងផ្សេងៗទៀតជារឿងពេញនិយម​ ហើយក៏ត្រូវបានគេយកចិត្តទុកដាក់ផងដែរ ដោយគ្រប់គ្នាព្យាយាមបន្ថយការរំខាន​ដល់ពួកគេ។ ការធ្វើបែបនេះត្រូវបានគេមើលឃើញថា​វាអាចជួយពួកគេឱ្យមានពេលគ្រប់គ្រាន់ដើម្បីកាត់បន្ថយភាពតានតឹង ឬជាការសម្រាកយ៉ាងល្អមួយដើម្បីបន្តសកម្មភាពប្រកបដោយថាមពលសម្រាប់ការងារ។

    ដោយមើលឃើញពីបញ្ហានេះ ក្រុមហ៊ុនធំៗ2 នៅជប៉ុនបាន​ចាប់ដៃគ្នាបង្កើត​បច្ចេកវិទ្យាដើម្បីសម្រួលដល់ការសម្រាករបស់បុគ្គលិក​ តាមរយៈការគ្រប់គ្រងសីតុណ្ហភាពនៅខាងក្នុង​បន្ទប់ធ្វើការងារ។ ក្រុមហ៊ុនទាំង2នោះគឺក្រុមហ៊ុន​ផលិតម៉ាស៊ីនត្រជាក់​ Daikin និងក្រុមហ៊ុន​អេឡិចត្រូនិកយក្ស NEC ដែលបានដាក់​បញ្ចូលនូវកម្មវិធីពិសេស​ដោយការប្រើប្រាស់​កាមេរ៉ាភ្ជាប់ជាមួយនឹង​កុំព្យូទ័ររបស់បុគ្គលិកដើម្បីមើលពីការកម្រើកភ្នែករបស់ពួកគេ។ នៅពេលដែលប្រព័ន្ធដឹងថាពួកគេកំពុងតែទន់ភ្នែក​ខ្លាំង វានឹងបន្ថយ​​សីតុណ្ហភាពរបស់ម៉ាស៊ីនត្រជាក់ដោយស្វ័យប្រវត្តិ។

    គំនិតក្នុងការអភិវឌ្ឍ​បច្ចេកវិទ្យានេះឡើងគឺបន្ទាប់ពី​មានការស្រាវជ្រាវបឋម​ដើម្បីស្វែងរកពីវិធីដែលធ្វើឱ្យ​មនុស្សកាន់តែយកចិត្តទុកដាក់​ ឬធ្វើឱ្យមនុស្សមាន​ប្រសិទ្ធភាព​កាន់តែខ្លាំងដូចជាទើបនឹងភ្ញាក់ពីដេកនាពេលព្រឹកព្រឹលឹមជាដើម។

    ការស្រាវជ្រាវគឺត្រូវបានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវបានសាកល្បងឱ្យមនុស្ស​ដោះស្រាយ​លំហាត់គណិតវិទ្យាងាយៗក្នុង​លក្ខខណ្ឌផ្សេងគ្នា។ បន្ទប់ទី1 គឺបន្ទប់ដែលមានសីតុណ្ហភាពត្រជាក់​ជាងបន្ទប់ទីពីរ 4-10អង្សារ មានពន្លឺភ្លឺជាងបន្ទប់ទី2 និងមានក្លិន​ផ្សេងពីគ្នា។ ក្រោយពេលស្រាវជ្រាវបានរកឃើញថា បន្ទប់ដែលមានសីតុណ្ហភាពត្រជាក់ជាង មានការសម្រាកច្រើនជាង តែប្រសិទ្ធភាពការងារបែរជាលឿនជាង និងមានភាពច្នៃប្រឌិតខ្លាំងជាងផងដែរ។

    យោងតាម​អ្នកនាំពាក្យរបស់ក្រុមហ៊ុន Daikin បានឱ្យដឹងថា គម្រោងនេះ​នឹងត្រូវប្រែក្លាយជាឱ្យ​ទៅជា​ពាណិជ្ជកម្ម និងផលិតផលជាក់ស្តែង​នៅឆ្នាំ2020 ខាងមុខនេះ។ គម្រោងការនេះក៏នឹងបង្កើនភាពវៃឆ្លាត​លើម៉ាស៊ីនត្រជាក់តាមរយៈការបក់ខ្យល់ម៉ាស៊ីនត្រជាក់​ចែកចាយទៅកាន់​អ្នកដែល​សម្រាក​ក្នុងម៉ោងធ្វើការម្នាក់ៗផងដែរ។

    តាមច្បាប់ការងាររបស់ប្រទេសជប៉ុន​ គឺអនុញ្ញាតឱ្យ​បុគ្គលិកធ្វើការងារក្នុងមួយថ្ងៃ 8ម៉ោង ហើយ​ជាអតិបរមា 40ម៉ោងក្នុងមួយសប្តាហ៍។ តែទោះជាយ៉ាងនេះក្តី​វាមិនសូវត្រូវបានគេអនុវត្តជាប់លាប់ដោយ​អ្នកគ្រប់គ្រងក្រុមហ៊ុន ឬ​អាជ្ញាធរនោះទេ។ ហេតុនេះការធ្វើការងារច្រើនម៉ោងខ្លាំងអាចបណ្តាលឱ្យមានផលប៉ះពាល់​ដល់ការងារ និងជីវិតជាក់ស្តែង ដែលទាមទារឱ្យមានការដោះស្រាយ​ដោយប្រើប្រាស់បច្ចេកវិទ្យា៕

  • ​អាជីវកម្ម​ផ្នែក​សម្ភារសុវត្ថិភាព មិនសូ​វមានអ្នកចាប់អារម្មណ៍ តែ​ទទួលជោគជ័យ​ខ្ពស់

    ​អាជីវកម្ម​ផ្នែក​សម្ភារសុវត្ថិភាព មិនសូ​វមានអ្នកចាប់អារម្មណ៍ តែ​ទទួលជោគជ័យ​ខ្ពស់

    ការចាប់​ផ្តើមធ្វើ​អាជីវកម្ម ឬ​ការបើក​ធ្វើ​ជំនួញ​របស់​បុគ្គលម្នាក់ៗរមែង​មានការ​ចាប់ផ្តើម​ពី​បុព្វហេតុផ្សេងៗគ្នា ខ្លះ​សម្លឹង​មើលឃើញ​ពី​ផលចំណេញ​ល្អ និង​បានគិត​គូរ​យ៉ាង​ច្បាស់លាស់ រួច​ក៏​ចាប់ផ្តើម​ធ្វើ​ជំនួញ​នោះ​តែម្តង។ ខ្លះទៀត​មើលឃើញ​ពី​ភាពលំបាក​ក្នុង​ការងារ​ដែល​ខ្លួន​កំពុង​ធ្វើ ក៏​បែរ​ទៅធ្វើ​ជំនួញ​ផ្ទាល់ខ្លួន​វិញ។ ឧទាហរណ៍​ដូចជា ប្រធាន​ក្រុមហ៊ុន RINCO ដែល​បានផ្តល់​បទ​សម្ភាស​ដល់​កាសែតឡា​រ៉ែ​ន​ពាណិជ្ជ នូវ​អ្វីដែល​លោក​បើក​ដំណើរការ​ក្រុមហ៊ុន​ដូចខាងក្រោម៖

    លោក ម៉ម សុថា​រិន្ទ បានបញ្ចប់​ការសិក្សា​ថ្នាក់អនុបណ្ឌិត​ពហុ​បច្ចេក​វិទ្យា​នៅ​ប្រទេស​អារ​មេ​នី(រដ្ឋ​មួយ​ក្នុង​អតីត​សហភាពសូវៀត)ក្នុង​ឆ្នាំ1992។ ពេលមកដល់​ប្រទេស​កំណើត​វិញ លោក​បាន​ក្លាយជា​មន្ត្រី​ក្នុង​ស្ថាប័នរដ្ឋ​មួយ។ បន្ទាប់ពី​លោក​បាន​ប្រឡូក​ក្នុង​ការងារ​ជា​មន្ត្រីរាជការ​បាន​មួយរយៈ លោក​ក៏​ឈប់ ដោយសារ​មានគំនិត​ចង់​រកស៊ី​វិញ​ម្ដង។

    ប៉ុន្តែ​លោក​បាន​ទៅ​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​បារី-ថ្នាំជក់ (British American Tobacco Cambodia) របស់​ឧកញ៉ា គង់ ទ្រី​វ រយៈពេល 7ឆ្នាំ​ក្នុង​តំណែង​ជា​អ្នកគ្រប់គ្រង​សម្ភារ និង​រៀបចំ​បញ្ជូន​ទំនិញ និង​បន្ទាប់​នោះមក​ទៀត លោក​បាន​ចូលទៅ​ធ្វើការ​នៅ​ក្រុមហ៊ុន​ប្រេង​តូ​តា​ល់ Total អស់​រយៈពេល 7ឆ្នាំ​ដូចគ្នា ដែល​ទាំងអស់នេះ​ជា​ឱកាស​ធ្វើឱ្យ​លោក​បាន​ដកស្រង់យក​បទពិសោធ​មក​ប្រើ​ក្នុង​អាជីវកម្ម​របស់ខ្លួន​ឯង។ ក្នុង​ការងារ​ទាំងពីរ​ខាងលើ​លោក ម៉ម សុថា​រិន្ទ ទទួលបាន​ប្រាក់ខែ 2,000 និង​ជាង 2,000ដុល្លារ​អាមេរិក​តាម​លំដាប់ ប៉ុន្តែ​លោក​មិនមាន​ការសោកស្តាយ​ឡើយ។

    នៅក្នុង​ឆ្នាំ2010 លោក​ក៏​ចាប់ផ្ដើម​បើក​ក្រុមហ៊ុន​ផ្ទាល់ខ្លួន​ដែលមាន​ឈ្មោះថា RINCO TRADING co.,Ltd ដើម្បី​បម្រើ​សេវាកម្ម​សុវត្ថិភាព Safety SHE (Safety Health Environment) ដែល​ពីដំបូង​មិនទាន់បាន​ចុះបញ្ជី​ទេ(បង់​ត្រឹម​ពន្ធ​ប៉ាតង់) លុះដល់​ឆ្នាំ2014 ទើប​ក្រុមហ៊ុន​លោក​មានការ​ចុះបញ្ជី​ច្បាស់លាស់ ដោយ​ប្រើប្រាស់​ដើមទុន​ដំបូង​ចំនួន 2,000ដុល្លារអាមេរិកប៉ុណ្ណោះ។

    លោក​បានរៀបរាប់ថា៖ “កាលពី​ចាប់ផ្ដើម​រកស៊ី​ដំបូង គេ​មក​កក់​ដោយផ្ទាល់ ឬ​ផ្ញើ​តាម​អុីមែល​តាមរយៈ​ភ្ញៀវ​ក្នុងស្រុក ឬ​បរទេស​ដែល​ចង់​ទិញ​មុន​មួយអាទិត្យ ឬមួយ​ខែ​តាម​ Plan របស់គេ ព្រោះ​ឧបករណ៍​បរិក្ខារ​យើង​សុទ្ធតែ​បញ្ជា​ទិញ​ពី​បរទេស ភ្ញៀវ​អាចមក​យកបាន​នៅ​ថ្ងៃ​ដែល​អីវ៉ាន់​មកដល់។ បច្ចុប្បន្ន​យើង​ប្រើ​បច្ចេកវិទ្យា​មាន​ប្រព័ន្ធគ្រប់គ្រង​ត្រឹមត្រូវ ធ្វើឱ្យ​អាច​លក់ទំនិញ​តាម​ប្រព័ន្ធ​អន​ឡាញ តាម​ឌីជីថល​នេះ​បានជា​ហូរហែ និង​ទទួល​បានការ​កុម្ម៉ង់​ទិញ​កើនឡើង យើង​ក៏​ជួល​បុគ្គលិក 5នាក់​ដើម្បី​ជួយ​ក្នុង​អាជីវ​កម្មនេះ‟។

    លោក​បាន​ប្រាប់​ឱ្យដឹងថា ហេតុ​អី​បានជា​លោក​ចាប់​យកមុខ​ជំនួញ​នេះ នោះ​គឺ​ដោយសារតែ​លោក​មាន​បទពិសោធ​ពី​ការងារ​នៅ​ក្រុមហ៊ុន​បារី និង​ក្រុម​ហ៊ុន​តូ​តា​ល់ ដែល​កាលនោះ ការ​គិតពី​ការគ្រប់គ្រង​សុវត្ថិភាព​ពុំ​ត្រូវបាន​គេ​អនុវត្ត​ទេ។ ជាង​ដប់ឆ្នាំ​ក្នុង​ការងារ លោក​មិន​ទទួលបាន​ការការពារ​សុវត្ថិភាពគ្មាន​អ្នក​បង្ហាត់បង្ហាញ​បង្រៀន និង​គ្មាន​ទាំង​ឧបករណ៍​ការពារ​ទៅទៀត។ ពេល​ត្រូវ​ការបញ្ជាទិញ​ពី​បរទេសដូចជា​ពី​សិង្ហ​បុរី ឬ​ចិនតៃវ៉ាន់​ជាដើម សុទ្ធតែ​មិនបាន​ដូច​អ្វីដែល​យើង​ត្រូវការ ជួនកាល​មិនមាន​ទៀតផង។

    ហេតុនេះ​ទើប​លោក​ចិញ្ចឹមចិត្ត និង​គិត​ប្រមើលមើល​ពី​ការបើក​ក្រុមហ៊ុន​ដែល​ផ្គត់ផ្គង់​បរិក្ខារ​សុវត្ថិភាព​ដើម្បី​ពេល​ក្នុងស្រុក​យើង​ត្រូវការ យើង​អាច​ផ្គត់ផ្គង់​បាន​តាម​តម្រូវការ។ ដោយសារ​យើង​ធ្លាប់​លំបាក យើង​ព្យាយាម​សម្លឹង​ទៅមុខ​ថា ថ្ងៃ​ណាមួយ​យើង​នឹងធ្វើ​វា​ឱ្យបាន។ យើង​ដឹង​ពី​ផល​លំបាក​នេះ​ទើប​យើង​អាច​ធ្វើបាន​នៅថ្ងៃនេះ ដែល​អាចជួយ​
    ផ្គត់ផ្គង់​ដល់​តម្រូវការ​ក្នុងស្រុក​ដែល​បានចាប់ផ្តើម​មាន​តម្រូវការ​នូវ​ឧបករណ៍​បរិក្ខារ​ទាំង​នោះ​ហើយ។

    លោក​បន្តថា ដំបូងៗយើង​មានការ​លំបាក​ណាស់ព្រោះ​យើង​ទទួលបាន​ការបញ្ជាទិញ​តិចតួច​ពេក។ ក្រុមហ៊ុន​សហគ្រាស​ដែល​បញ្ជា​ទិញ​នៅមាន​ចំនួន​តិច​នៅឡើយ និង​មិនទាន់បាន​គិតគូរ​ខ្លាំង​ពី​បញ្ហា​សុវត្ថិ​ភាពជា​ចម្បង​នេះ​ទេ តែ​នៅពេល​ពួកគេ​ចាប់ផ្តើម​យល់ដឹង​ពី​បញ្ហា​សុវត្ថិភាព ពួកគេ​បានធ្វើ​ការបញ្ជាទិញ ធ្វើឱ្យ​យើង​ទទួលបាន​ការបញ្ជាទិញ​កាន់តែ​ច្រើនឡើង ធ្វើឱ្យ​មុខរបរ​របស់​យើង​កាន់តែ​មាន​ភាព​រីកចម្រើន​ឡើង។

    លោក សុថា​រិន្ទ បាន​បញ្ជាក់ថា បើ​គិត​ទៅ មុខរបរ​របស់លោក​ហាក់ដូច​មាន​ហានិភ័យ​ខ្ពស់ តែ​ថា​ពិបាក ក៏ដូចជា​មិន​ពិបាក​ទេ ព្រោះ​ឧបករណ៍​បរិក្ខារ​សុវត្ថិភាព​មាន​តម្រូវការ​ច្រើន​នៅក្នុង​វិស័យ​សំណង់​អគារ អចលនទ្រព្យ និង​ខុន​ដូ​ជាដើម និង​រួមទាំង​ក្នុង​វិស័យ​រោងចក្រ​កាត់ដេរ​ផងដែរ។ បើ​គិតពី​តម្លៃ​វិញ សម្ភារ​ប្រើប្រាស់​ធម្មតា ដូចជា​មួក ស្រោមដៃ វ៉ែនតា ម៉ាស់​ការពារ សុទ្ធតែជា​សម្ភារ​មាន​ស្តង់ដារ មិនសូវ​ជាមាន​តម្លៃ​ថ្លៃ​ប៉ុន្មាន​ទេ តែ​ឧបករណ៍​ខ្សែ​រ៉ក​សម្រាប់​យោង​មនុស្ស​ឡើង-ចុះ​អាច​នឹងមាន​តម្លៃ​ថ្លៃ​បន្តិច។

    លោក​បន្តថា ការទិញ-លក់​តាម​អន​ឡាញ អតិថិជន​មិនចាំបាច់​មក​ទិញ​ដល់​ក្រុមហ៊ុន​ទេ គឺ​គ្រាន់​តែមាន​ទូរស័ព្ទ​ទំនើប និង​កុំព្យូទ័រ​ដែល​អាច​ដំណើរការ​អុីន​ធើ​ណិ​ត​បាន​ជាការ​ស្រេច។ ពួកគេ​អាច​ពិនិត្យមើល​ឧបករណ៍​បរិក្ខារ​ទំនិញ​ដែល​យើង​បានបង្ហាញ និង​បាន​ផ្ញើ​គំរូ​ដែល​គេ​ចង់បាន​នោះ​ទៅ​គេ។

    លោក​បាន​បញ្ជាក់ថា ជារួម​នៅក្នុង​ការដ្ឋាន​សំណង់​មួយ គេ​តែងតែ​ព្រមព្រៀង​ជាមួយ​យើង និង​ឱ្យ​យើង​ផ្គត់ផ្គង់​គ្រឿង​បរិក្ខារ​សុវត្ថិភាព​ឱ្យគេ 100% តែម្ដង។ ចំពោះ​ការលក់​សម្ភារ​បរិក្ខារ​សុវត្ថិភាព​នេះក្រោយពី​មានការ​ផ្សព្វផ្សាយ​របស់​ក្រសួង​ការងារ​អំពី​ភាព​ងាយ​រងគ្រោះថ្នាក់​របស់​ក​ម្មករ​សំណង់ និង​កម្មករ​រោងចក្រ​មក ក្រុមហ៊ុន​ដែល​សាងសង់​សំណង់​អគារធំៗ រឹតតែ​មាន​តម្រូវការ​សម្រាប់​ការដ្ឋាន​របស់​ពួកគេ។ ឯខាង​រោងចក្រ​វិញ​ក៏បាន​ជាវ​គ្រឿង​បរិក្ខារ​សម្រាប់​សុវត្ថិភាព​កាន់តែច្រើនឡើងៗដែរ ដូច្នេះ​ផលចំណេញ ក៏​យើង​ទទួលបាន​ទៅតាម​នោះដែរ។

    ទោះជា​មាន​វ័យ​រាង​ជ្រេរ​បន្តិច​មែន តែ​លោកសុថា​រិន្ទ ក្លាយជា​សហគ្រិន​ជោគជ័យ​ម្នាក់​ដែល​សព្វថ្ងៃនេះ​ក្រុមហ៊ុន​របស់លោក​ត្រូវបាន​ទទួលស្គាល់ថា ជា​ក្រុមហ៊ុន​មាន​សក្តានុពល​លើ​ផ្នែក​សម្ភារ​បរិក្ខារ​សុវត្ថិភាព​នៅ​កម្ពុជា ហើយ​លោក​គ្រោង​បង្កើត​សេវា​ត្រេ​ន​នី​ង(Tranning)សម្រាប់​អាជីវកម្ម​របស់លោក​ថែមទៀត។ ចំពោះ​គ្រឿង​សម្ភារ​បរិក្ខារ​ដែល​លក់​នៅក្នុង​អាជីវកម្ម​របស់លោក គឺ​លោក​បាន​កុម្ម៉ង់​ពី​បណ្តា​ប្រទេស​មួយចំនួន ដូចជា​ប្រទេស​អុីតាលី ចិន ចិនតៃវ៉ាន់ ជប៉ុន បារាំង និង​អាមេរិក​ជាដើម​តាម​ការចង់បាន​របស់​អតិថិជន។

    ទន្ទឹមនឹង​ភាពជោគជ័យ​ក្នុង​អជីវ​កម្ម លោក សុថា​រិន្ទ បាន​ចែករំលែក​បទពិសោធ និង​ចំណេះដឹង​មួយចំនួន​ដល់​អាជីវករ ឬ​សហគ្រិន​វ័យក្មេង​ជាច្រើន​ទៀតផង​ដែរ ដោយ​លោក​បាន​អះអាងថា ការផ្តោត​លើ​អាជីវកម្ម ការ​ស្គាល់​ច្បាស់​ពី​អាជីវកម្ម​របស់ខ្លួន និង​តម្រូវការ​ទីផ្សារ គឺជា​ចំណុច​សំខាន់​ដែល​ជំ​រុញឱ្យ​អាជីវកម្ម​រីក​ធំធាត់​លឿន និង​ជោគជ័យ​ខ្លាំង៕

  • អត់មានក្រែងចិត្តអ្នកគាំទ្រអីបន្តិចសោះ ខេមរៈ សិរីមន្ត អ៊ើយ…អីក៏ផ្អែមល្ហែមម្ល៉េះ!

    អត់មានក្រែងចិត្តអ្នកគាំទ្រអីបន្តិចសោះ ខេមរៈ សិរីមន្ត អ៊ើយ…អីក៏ផ្អែមល្ហែមម្ល៉េះ!

    ចាប់​តាំង​ពីរ​រៀបការ​ និង​មាន​កូន ​3នាក់​ជា​ដំណក់​ឈាម​រួម​គ្នា​រួច​មក​ នេះជាលើក​ទី​មួយ​ហើយ​ដែល​កំពូល​តារា​ចម្រៀង​ ខេមរៈ សិរីមន្ត ឆ្លើយ​តបដោយ​ពាក្យ​ផ្អែម​ល្ហែម​ទៅ​កាន់​ភរិយា​ ក្រោយ​ពី​នាង​សរសើរ​ខ្លួន​ថា ​ជា​ប្ដី​ល្អ។

    កំពូល​តារា​ចម្រៀង​ ខេមរៈ សិរីមន្ត បាន​ឆ្លើយ​តប​ទៅ​ភរិយា​ថា លោក​​គ្រាន់​តែ​ជា​ស្វាមី​ធម្មតា​ម្នាក់​ប៉ុណ្ណោះ​ ភរិយា​ខ្លួន​ទើប​ជា​ស្ត្រី​ល្អ​ ព្រោះតាំង​ពី​ចាប់​ផ្ដើម​ស្រឡាញ់​គ្នា​រហូត​ដល់​មាន​​កូន ​3នាក់ នាង​មិន​ដែល​សុំ​អ្វី​ឡើយ​ សុំ​ត្រឹម​តែ​មាន​លោក​នៅ​ក្បែរ​ ហើយ​ចេះ​ស្រឡាញ់​ថ្នាក់​ថ្នម​នាង​ គឺ​គ្រប់​គ្រាន់​ហើយ​មិន​ប្រាថ្នាអ្វី​លើស​ពី​ហ្នឹង​ឡើយ។

    ជាក់ស្តែង ខេមរៈ សិរីមន្ត បានបង្ហាញរូបភាពផ្អែមល្ហែមជាមួយនឹងភរិយារួមទាំងកូនប្រុសស្រី និងសារដ៏មានអត្ថន័យថា «បងជាប្តីធម្មតាៗម្នាក់ប៉ុណ្ណោះ អូនទើបជាភរិយាដ៏ល្អ តាំងពីពួកយើងស្រឡាញ់គ្នាមក អូនមិនដែលចង់បានអ្វីពីបងឡើយ អូនថា សុំត្រឹមមានបងនៅក្បែរ និងស្រឡាញ់អូន គឺគ្រប់គ្រាន់ហើយសម្រាប់អូន បងមានសំណាងណាស់ ដែលមានអូនជាភរិយា»។

    យ៉ាងណាមិញ ក្រោយពីលោក ខេមរៈ សិរីមន្ត បានបង្ហាញមុខភរិយា និងកូនប្រុសស្រីរបស់លោកឱ្យមហាជនអ្នកគាំទ្រ បានស្គាល់ជាសាធារណៈរួចមក គេសង្កេតឃើញថា លោកកាន់តែបង្ហាញភាពផ្អែមល្ហែមខ្លាំងឡើងជាមួយភរិយា ដែលធ្វើឱ្យទស្សនិកជនមិនតិចនាក់នោះទេ លួចច្រណែននឹងរូបលោក។ ទន្ទឹមគ្នានេះដែរ ក្រោយពីបានបង្ហោះសារបែបនេះហើយ ធ្វើឱ្យអ្នកគាំទ្រទាំងឡាយសម្តែងក្តីរំភើប និងកោតសរសើរថា ខេមរៈ សិរីមន្ត និងក្រុមគ្រួសារពិតជាមានសុភមង្គលមែន(អ៊ូយ បេលអំភើបណាស់..)៕

  • តារាចម្រៀង ជុំ លីណូ ពោលសរសើរពីសមត្ថភាពកុមារា កែវ សារ៉ាត់ ទី2

    តារាចម្រៀង ជុំ លីណូ ពោលសរសើរពីសមត្ថភាពកុមារា កែវ សារ៉ាត់ ទី2

    មួយរយៈចុងក្រោយនេះ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកបានស្គាល់ប្អូនប្រុស ធឿន បុរី និងបានឱ្យរហស្សនាមថាជា កែវ សារ៉ាត់ ទី2 ដោយសារតែប្អូនប្រុសមានទឹកដមសំឡេងពិរោះ និងនិយមបកស្រាយបទចម្រៀងរបស់តារាចម្រៀងជើងចាស់លោកពូ កែវ សារ៉ាត់។

    ហើយកាលពីពេលថ្មីៗនេះ តារាចម្រៀង ជុំ លីណូ បាននិយាយសរសើរចេញពីចិត្តចំពោះសមត្ថភាពរបស់កុមារា ធឿន បុរី នៅពេលដែលប្អូនបកស្រាយបទចម្រៀង «ផ្កាអី ឫ គន់មើលក្នុងសួន» ដោយលោក ជុំ លីណូ បានសរសេរថា «នេះបានគេហៅថា សមត្ថភាពពិតៗ។ មិនមែនតែៗស្ករៗទេ»។ គួរបញ្ជាក់ផងដែរថា ប្អូនប្រុស ធឿន បុរី ទើបតែមានវ័យ 11​ឆ្នាំ តែប៉ុណ្ណោះ តែមានទេពកោសល្យសិល្បៈដូចជាតារាចម្រៀងអាជីពរាប់ឆ្នាំហើយអីចឺងដែរ។ មិនតែប៉ុណ្ណោះកុមារារូបនេះ ត្រូវបានស្ថានីយទូរទស្សន៍ និងអ្នករៀបចំកម្មវិធីផ្សេងៗអញ្ជើញប្អូនឱ្យចូលរួមបកស្រាយបទចម្រៀង និងសម្ដែងរឿងខ្លីៗផងដែរ។

    ចង់ដឹងថា សមត្ថភាពប្អូនប្រុសរូបនេះបកស្រាយចម្រៀងបានពីរោះរណ្ដំដល់កម្រិតណានោះ សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖

    https://youtu.be/TO9lI9ChQLs

  • លោក Klopp៖ ការ​មាន​តំបន់​ការ​ពារ​ទន់​ខ្សោយ​នាំ​ឱ្យ Liverpool ចាញ់​ Chelsea ក្នុង League Cup

    លោក Klopp៖ ការ​មាន​តំបន់​ការ​ពារ​ទន់​ខ្សោយ​នាំ​ឱ្យ Liverpool ចាញ់​ Chelsea ក្នុង League Cup

    លោក Jurgen Klopp បាន​បញ្ជាក់​ថា ការ​មាន​តំបន់​ការ​ពារ​ទន់ខ្សោយ បាន​ធ្វើ​ឱ្យ​ក្រុម Liverpool រង​បរា​ជ័យ​ក្នុងលទ្ធផល 2-1 ក្រោមស្នា​ដៃក្រុម Chelsea ក្នុង​ការ​ប្រកួត​ពាន Carabao Cup ជុំ​ទី​៣ កាលពីថ្ងៃពុធ​។

    ក្រុម​របស់​លោក Jurgen Klopp ដណ្តើម​បាន​ជ័យជម្នះ​ 7​លើក​ជាប់​ៗ​គ្នា ក្នុង​រាល់​យុទ្ធ​នា​ការ​ទាំង​អស់ ហើយ​ក្រុម​កំពុង​​នាំ​មុខ​របស់​​ក្របខ័ណ្ឌ Premier League មួយ​នេះ ហាក់​បាន​ស្ថិត​លើ​ផ្លូវ​ឆ្ពោះ​ទៅកាន់​​ជ័យជម្នះ​ជាលើក​ទី​8 ​ទៅ​ហើយ នៅពេល​ដែល​គ្រាប់​បាល់​បញ្ចូល​ទី​ដ៏ល្អ​របស់​ខ្សែ​ប្រយុទ្ធ Daniel Sturridge បាន​ជួយ​ឱ្យ​ពួក​គេ​នាំ​មុខមុន ក្នុង​តង់​ទី​2​។ ប៉ុន្តែ កីឡាករ Emerson Palmieri បាន​រក​គ្រាប់​​បាល់​តាម​ស្មើ​វិញ​សម្រាប់ Chelsea នៅ​មុន​ពេល​តារាឆ្នើម​អន្តរ​ជាតិ​បែលហ្ស៊ិក Eden Hazard បាន​​បណ្តើរ​បាល់​ទម្លុះ​តំបន់​ការ​ពារ​របស់​ក្រុម Liverpool ដើម្បី​រក​គ្រាប់​បាល់​ឈ្នះ នៅ​រយៈពេល​ 5​នាទី​ចុងក្រោយ​តែម្តង​។

    លោក Klopp បាន​ប្រាប់​ទូរ​ទស្សន៍ Sky Sports ថា៖ «យើង​បាន​ដឹង​ពី​របៀប​ដែលក្រុម Chelsea ចង់​លេង ប៉ុន្តែ យើង​បាន​ផ្តល់​ឱ្យ​ពួក​គេនូវ​ចន្លោះ​ជាច្រើន និង​មិន​មាន​ភាព​រឹង​មាំ​​ឱ្យ​បានគ្រប់​គ្រាន់​។ យើង​​នៅ​តែមាន​ឱកាស​​ល្អ​ៗ​ច្រើន​ជាង​ក្នុង​តង់​ទី​1​»​​៕

    ប្រភពពី៖ Express.co.uk

  • Wozniacki និង Kerber ធ្លាក់​ចេញពី​យុទ្ធ​នាការ Wuhan Open

    Wozniacki និង Kerber ធ្លាក់​ចេញពី​យុទ្ធ​នាការ Wuhan Open

    កីឡា​​ការិនី​​​វាយ​កូន​​បាល់​ចំណាត់ថ្នាក់​លេខ​2 ក្នុងពិភព​លោក Caroline Wozniacki និង​កីឡា​​ការិនី Angelique Kerber ដែល​ជាម្ចាស់​ជើង​ឯក Wimbledon សុទ្ធ​សឹង​បាន​ធ្លាក់​ចេញ​យ៉ាងមិន​នឹកស្មាន​ដល់​ក្នុង​ព្រឹត្តិការណ៍ Wuhan Open ក្នុង​ប្រទេស​ចិន កាលពីថ្ងៃពុធ ក្រោយពី​កីឡា​ការិនី​ទាំង​2 សុទ្ធ​តែ​​ចាញ់​ក្រោម​ស្នា​ដៃ​​គូ​ប្រកួត​ដែល​មាន​សមត្ថ​ភាព​ទាប​ជាងទាំងអស់​។

    ម្ចាស់​ជើង​ឯក​អូឡាំពិក Monica Puig បាន​​ផ្តល់​កា​ដូ​ដ៏​ធំ​មួយ​ដល់ខ្លួន​ឯង​នៅ​ថ្ងៃ​ខួប​កំណើត​របស់​នាង តាម​រយៈ​ការ​ផ្តួល Wozniacki ក្នុងលទ្ធផល 7-6 (12-10) និង 7-5 ដើម្បី​ឈាន​ទៅ​វគ្គ​​1/4ផ្តាច់​ព្រ័ត្រ​។ កីឡា​ការិនី​រូបនេះ ត្រូវ​បាន​ចូល​រួម​ក្នុង​វគ្គ​ 8​នាក់​ចុងក្រោយ ​ដោយ​កីឡា​ការិនី Ashleigh Barty ​បាន​ផ្តួល​កីឡា​ការិនី​មាន​ចំណាត់​ថ្នាក់​លេខ​3 ​ក្នុងពិភព​លោក Kerber ក្នុងលទ្ធផល 7-5 និង​6-1​។ Puig ដែលមាន​ចំណាត់​ថ្នាក់​លេខ​51 ​ក្នុងពិភព​លោក បាន​​ក្លាយ​ជា​គូ​ប្រកួត​ដ៏​ស័ក្តិ​សម​សម្រាប់ Wozniacki ដែល​បាន​បាត់​បង់​ឱកាស​ក្នុង​ការ​កាត់បន្ថយ​គម្លាត​ពី​ចំណាត់​ថ្នាក់​លេខ​1​ ក្រោយពី​កីឡា​ការិនី​លេខ​1 ​ក្នុង​ពិភព​លោក Simona Halep បាន​ធ្លាក់​ចេញ​កាលពីថ្ងៃចន្ទ​។ Wozniacki បាន​ចាប់​ផ្តើម​យ៉ាងល្អ​​ក្នុង​ការ​ប្រកួតនេះ តាម​រយៈ​ការ​យកឈ្នះ​​ការ​ប្រកួត​ដណ្តើម​យក​ 3​ពិន្ទុ​ដំបូង ប៉ុន្តែ កីឡាការិនី​ព័រ​តូ​រីកូ Puig បាន​ធ្វើ​ការ​វាយ​បក​វិញ​យ៉ាង​ឆាប់​រហ័ស ដើម្បី​​ឈ្នះ​ការ​ប្រកួត​ទាំង​ 2​សិត​យ៉ាងស្វិតស្វាញ​។

    បច្ចុប្បន្ន Puig នឹង​ត្រូវ​ប៉ះ​ជា​មួយ​នឹង​កីឡា​ការិនី​ចិន Wang Qiang ដែល​បាន​​ទម្លាក់​កីឡា​​ការិនី​អូ​ស្ត្រាលី Daria Gavrilova ក្នុងលទ្ធផល 7-5 និង​6-2 ដើម្បី​ផ្តល់​ការ​រីក​រាយ​ដល់​អ្នក​គាំទ្រ​ម្ចាស់​ផ្ទះ​៕

    ប្រភពពី៖ Channel News Asia