Category: សង្គម និងសេដ្ឋកិច្ច

  • អាល្លឺម៉ង់ ផ្តួល តួ​ក​គី ដើម្បី​ឈ្នះ​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ Euro ឆ្នាំ2024

    អាល្លឺម៉ង់ ផ្តួល តួ​ក​គី ដើម្បី​ឈ្នះ​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ Euro ឆ្នាំ2024

    អាល្លឺម៉ង់ កាលពី​ថ្ងៃ​ព្រហស្បតិ៍ បានឈ្នះ​ការ​ប្រជែង​ក្នុងការ​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ជើងឯក​អឺរ៉ុប ឆ្នាំ2024 ខណៈដែល សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប​ហៅ​កាត់​ថា UEFA បាន​គាំទ្រ​ការដេញថ្លៃ​មួយ​ដែល​ត្រូវបាន​ចាត់ទុកថា មាន​សុវត្ថិភាព​ជាង​សំណើ​មួយ​ពី​សំណាក់​ប្រទេស​តួ​ក​គី។

    បញ្ហានយោបាយ ការបង្រួបបង្រួម​ជាតិ និង​ការគោរព​សិទ្ធិមនុស្ស​ក្នុងប្រទេស​តួ​ក​គី បាន​ក្លាយជា​កត្តា​កាត់សេចក្តី​យ៉ាងសំខាន់ ក្នុង​យុទ្ធនាការ​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​អន្តរជាតិ​របស់​អឺរ៉ុប។

    ទីបំផុត លទ្ធផល​មិនមាន​ភាព​ប្រកៀក​ប្រកិត​គ្នា​ឡើយ ខណៈដែល​អាល្លឺម៉ង់ ដែលជា​បេក្ខភាព​ឈានមុខ​គេ បានឈ្នះ​ការបោះឆ្នោត​ក្នុងចំណោម​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​របស់ UEFA តាមរយៈ​លទ្ធផល 14-4 ដោយ​អវត្តមាន1សំឡេង។

    UEFA បាន​បញ្ជាក់ថា សំណើ​ដេញថ្លៃ​របស់​អាល្លឺម៉ង់ បាន​ឆ្លើយតប​គ្រប់​ចំណុច​ទាំងអស់ ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​មួយ​ប្រកបដោយ​ភាពជោគជ័យ ចាប់តាំងពី​កីឡដ្ឋាន រហូតដល់​ហេដ្ឋារចនាសម្ព័ន្ធ​នានា និង​សណ្ឋាគារ។

    ក្រោយពី​បេក្ខភាព​ដែល​ឈ្នះ​សិទ្ធិ​ត្រូវបាន​ប្រកាស​ឲ្យ​ដឹង​នៅ​ទីស្នាក់ការ​របស់ UEFA នៅ​ប្រទេស​ស្វ៊ី​ស លោក Reinhard Grindel ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អាល្លឺម៉ង់ បាន​ឲ្យ​ដឹងថា៖ «យើង​នឹង​ប្រឹង​ឲ្យ​អស់ពី​សមត្ថភាព​ក្នុងការ​បំពេញ​តាម​ការរំពឹងទុក​រប​ស់​យើង»។

    អាល្លឺម៉ង់ បាន​ធ្វើជា​ម្ចាស់ផ្ទះ World Cup ឆ្នាំ2006 ប៉ុន្តែ មិន​ធ្លាប់បាន​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍ Euro ក្នុងនាម​ជា​ប្រទេស​មានការ​បង្រួបបង្រួម​ឡើយ ខណៈដែល​អាល្លឺម៉ង់ ខាងលិច​បាន​ធ្វើជា​ម្ចាស់ផ្ទះ​យុទ្ធនាការ​នេះ ក្នុង​ឆ្នាំ1988 ពោលគឺ​រយៈពេល១ឆ្នាំ នៅ​មុនពេល​ជញ្ជាំង​ទីក្រុង​ប៊ែ​រ​ឡាំង បាន​ដួលរលំ៕

    ប្រភពពី៖ Channel News Asia

  • Hamilton សម្លឹង​រក​ការ​នាំមុខ​របស់ខ្លួន តាមរយៈ​ការ​ឈ្នះ​ការប្រណាំង​នៅ​រុស្ស៊ី

    Hamilton សម្លឹង​រក​ការ​នាំមុខ​របស់ខ្លួន តាមរយៈ​ការ​ឈ្នះ​ការប្រណាំង​នៅ​រុស្ស៊ី

    ម្ចាស់​ការពារ​តំណែង​ជើងឯក Lewis Hamilton និង​ក្រុម Mercedes នឹង​សម្លឹង​រក​ការបន្ថែម​ការគ្រប់គ្រង​របស់​ពួកគេ​ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​ជើងឯក​ពិភពលោក Formula 1 នៅ​ឆ្នាំនេះ តាមរយៈ​ការកត់ត្រា​ជ័យជម្នះ​ជា​លើក​ទី5 ក្នុង​រយៈពេល5ឆ្នាំ​ក្នុងការ​ប្រណាំង Russian Grand Prix។

    មិនមាន​ក្រុម​ផ្សេង​ណា​បាន​ភ្លក្ស​រសជាតិ​នៃ​ជ័យជម្នះ​មួយ​ឡើយ បើ​គិត​ចាប់តាំងពី​ព្រឹត្តិការណ៍​នេះ បានចាប់ផ្តើម​នៅលើ​អតីត​លាន​ព្រឹត្តិការណ៍​អូឡាំពិក​របស់​រុស្ស៊ី​មួយ​នេះ កាលពី​ឆ្នាំ2014 ខណៈដែល Hamilton បានឈ្នះ​កាលពី​ឆ្នាំ2015 កីឡាករ Nico Rosberg បានឈ្នះ​កាលពី​ឆ្នាំ2016 ហើយ Valtteri Bottas បានឈ្នះ​កាលពី​ឆ្នាំមុន។

    ស្រប​ពេលដែល​កំពុងត​នាំមុខ 40ពិន្ទុ​លើ​កីឡាករ Sebastian Vettel របស់​ក្រុម Ferrari ក្នុងការ​ប្រជែង​ពាន Hamilton ដែលជា​ម្ចាស់​ជើងឯក​ពិភពលោក 4សម័យកាល នឹង​សម្លឹង​រក​ការធ្វើដំណើរ​ទៅកាន់​ប្រណាំង6លើកចុងក្រោយ​នៃ​រដូវ​កាល​នេះ ទាំង​ការជឿជាក់ ក្រោយពី​បាន​កត់ត្រា​ជ័យជម្នះ4លើក ក្នុងចំណោម​ការប្រណាំង5លើកចុងក្រោយ។

    ប៉ុន្តែ ទោះបីជា​យ៉ាងណា លោក Toto Wolff ប្រធាន​ក្រុម Mercedes បានធ្វើការ​ប្រពាន​ប្រឆាំងនឹង​ការជឿជាក់​ពេក ខណៈដែល​ពួកគេ​ឈានចូល​ដំណាក់កាល​ដ៏​សំខាន់បំផុត​នៃ​ការ​ប្រជែង​យកពាន​ពិភពលោក។ ការ​ដណ្តើមបាន​ជ័យជម្នះ​របស់ Hamilton ក្នុងប្រទេស​សិង្ហ​បុរី អាច​នឹងធ្វើ​ឲ្យ​រូបគេ​ស្ថិតក្នុង​ទីតាំង​ដ៏​មានប្រៀប ក្រោយពី​រូបគេ​បាន​ប្រើប្រាស់​ល្បឿន​ដ៏​អស្ចារ្យ​ក្នុងការ​ប្រណាំង​ដណ្តើម​លេខ​រៀង។ ប៉ុន្តែ លោក Wolff បាន​សង្កត់ធ្ងន់ថា ក្រុម​ជា​គូប្រជែង Ferrari នឹង​ក្លាយ​ជាការ​គំរាម​ដ៏​ធំ​បំផុត​ក្នុង​រាល់​ការប្រណាំង​ទាំងអស់។ ការប្រណាំង​នៅ​ថ្ងៃអាទិត្យ​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង 6:10ល្ងាច៕

    ប្រភពពី៖ Channel News Asia

  • វិធី​សម្រក​ខ្លាញ់​ក្បាលពោះ​ សម្រាប់​អនាគត​កូនកំលោះ ដោយ​វិធី​ទាំង5យ៉ាង

    វិធី​សម្រក​ខ្លាញ់​ក្បាលពោះ​ សម្រាប់​អនាគត​កូនកំលោះ ដោយ​វិធី​ទាំង5យ៉ាង

    កុំ​ថា​តែ​នារី​ដែល​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ការថែរក្សា​សម្ផស្ស និង​រូបរាងកាយ​នៅមុន​ថ្ងៃ​រៀបការ​ចូលមក​ដល់ សូម្បីតែ​បុរស​ក៏ត្រូវ​យកចិត្តទុកដាក់​ដូចគ្នា​ដែរ។ ការត្រៀមខ្លួន​មុនពេល​រៀបការ ជា​រឿង​សំខាន់​ខ្លាំងណាស់ ក្នុងការ​ផ្ដល់នូវ​កម្លាំង​ចិត្ត​ដល់​ខ្លួនឯង។ បុរស​ដែលមាន​ក្បាលពោះធំៗ គួរតែ​សម្រក​ខ្លាញ់​ចេញ​ខ្លះ ដើម្បី​ធ្វើឱ្យ​រូបរាង​របស់​អ្នក​ស្រស់​សង្ហា​ឡើង​នៅ​ថ្ងៃ​ពិសេស​របស់​អ្នក​មកដល់។ មិន​ចំណាយពេល​ច្រើន​នោះទេ វិធី​ទាំង5យ៉ាងនេះ​នឹង​ប្រាប់​លោកអ្នក​ពី​ការ​សម្រក​ខ្លាញ់​ពី​រាងកាយ និង​ខ្លាញ់​ក្បាលពោះបាន​យ៉ាង​មាន​ប្រសិទ្ធភាព​ និងលឿន​បំផុត។

    1. ចៀសវាង​គ្រឿង​ស្រវឹង និង​ភេសជ្ជៈផ្អែមៗ
    ចំណុច​ដែល​ប្រសើរ​បំផុត​គឺ​ងាក​មក​ទទួលទាន​ទឹក​សុទ្ធ ឬ​ទឹករ៉ែ ដែល​ជួយ​បំពេញ​ជាតិ​ទឹក​នៅក្នុង​រាងកាយ និង​ជួយ​បណ្ដេញ​សារធាតុពុល​នៅក្នុង​រាងកាយ​ផងដែរ។ ទឹក ជួយ​ធ្វើឱ្យ​ស្បែក​មាន​សំណើម ការទទួល​ទាន​ទឹក​ក្នុង​មួយថ្ងៃ 8កែវ ឬ​ទទួលទាន​តាមរយៈ​ការចែក​ទម្ងន់​ខ្លួន​នឹង2 បានធ្វើឱ្យ​រាងកាយ​ទទួលបាន​ជាតិ​ទឹក​មក​បំពេញ​គ្រប់គ្រាន់ ដែលជា​ហេតុ​នាំឱ្យមាន​សុខភាព​ល្អ។ ក្រៅពី​ទឹក​សុទ្ធ​ហើយ​នោះ លោកអ្នក​ក៏​អាច​ទទួលទាន​ដូចជា ទឹកក្រូច​ឆ្មារ ទឹកក្រូច​ស្រស់ ឬ​ទឹក​ឌី​ថក់ (Detox Water) ក៏បាន។

    2. បន្ថយ​បរិមាណ​អាហារ តែ​អាច​ទទួលទាន​ញឹកញាប់
    អ្នកជំនាញ​ខាង​ផ្នែក​សម្រក​ជាតិ​ខ្លាញ់​បាន​ប្រាប់ថា បុរស​គួរតែ​ទទួលទាន​បន្លែ​ផ្លែឈើ​ឱ្យបាន​ច្រើនជាង​សាច់​ពណ៌​ក្រហម។ ការ​ទ​ទួន​ទាន​អាហារ3ពេល​ក្នុង​មួយថ្ងៃ គឺជា​រឿង​ត្រឹមត្រូវ តែ​មិន​អាចជួយ​ដល់​ការ​សម្រក​រាង​បាន​នោះទេ។ លោកអ្នក​អាច​បន្ថយ​បរិមាណ​អាហារ តែ​ទទួលទាន​ឱ្យបាន​ញឹកញាប់ហើយ​ងាក​មក​ទទួលទាន​ដូចជា ផ្លែឈើ សណ្ដែកបន្លែស្រស់ ឬ​អាហារសម្រន់​ដែលជា​ប្រភេទ​គ្រាប់​ធញ្ញជាតិ ស្រូវ​សាលី បន្លែ​អន្លក់ និង​ផ្លែ​ប៉ោម​ជាដើម។

    3. ទទួលទាន​ទឹក​បន្លែ​ជំនួស​អាហារ​ជាតិ​ខ្លាញ់
    ក្រុម​អ្នកជំនាញ​បានផ្ដល់​អនុសាសន៍​ឱ្យប្រើ​ប្រាស់​ទឹក​បន្លែ​ឆៅ​មួយចំនួន ដែល​អាចជួយ​អ្នក​ក្នុងការ​សម្រក​ទម្ងន់​បាន​យ៉ាង​រហ័ស​ដូចជា៖

    ទឹក​ត្រសក់ : អាចជា​ទឹក​ត្រសក់​ស្រស់​កិនភ្លាមៗ ឬ​ក្លាស្សេ​ឱ្យ​ត្រជាក់​ក៏បាន។ វា​ដើរតួនាទី​យ៉ាងសំខាន់ ជា​ប្រភេទ​ថ្នាំ​បញ្ចុះ​ទឹកនោម​បែប​ធម្មជាតិ​មួយ ដែល​យកជាតិ​ពុល និង​កោសិកា​ខ្លាញ់​ចេញពី​រាងកាយ​បាន​យ៉ាង​ល្អ។ ទឹក​ត្រសក់​ជួយ​បំបែក​ជាតិ​ខ្លាញ់ ដែលមាន​ទំហំធំៗបាន ដោយ​ធ្លាក់ចុះ​ទៅជា​បំណែកតូចៗតាមរយៈ​ទឹកនោម។ វា​បាន​ជួយ​បង្កើនល្បឿន​ក្នុងការ​រំលាយ​អាហារ​របស់​រាងកាយ និង​ជួយ​ក្នុងការ​សម្រក​ទម្ងន់។

    ទឹក​ការ៉ុត : គឺជា​ប្រភព​ដ៏​ល្អ​នៃ​របប​អាហារ​ជាតិ​សរសៃ។ ការកើនឡើង​នៃ​កម្រិត​អាហារ​កាក់សរសៃ វា​បាន​ជំរុញ​កម្រិត​ខ្ពស់​នៃ​អ័រម៉ូន Testosterone ដែល​ជួយ​កាត់បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ។ ការទទួល​ទាន​ទឹក​ការ៉ុត​ធម្មតាមិន​ត្រឹមតែ​អាចជួយ​ក្នុងការ​សម្រក​ទម្ងន់​ក្នុង​អត្រា​លឿន​ជាង​មុន​នោះទេ តែ​ថែមទាំង​ជួយ​ពង្រឹង​យន្តការ​ការពារ​ខ្លួន​របស់​រាងកាយ​ទៀតផង។ ការទទួល​ទាន​ទឹក​ការ៉ុត បន្ទាប់ពី​ហាត់ប្រាណ​ជា​រៀងរាល់ថ្ងៃ​រួច អាចជួយ​ឱ្យ​អ្នក​មិន​នឹក​ឃ្លានអាហារ​ខុសពេល​រហូតដល់​ម៉ោង​អាហារ​ថ្ងៃត្រង់។

    ទឹក​ស្ពៃក្តោប : គឺជា​បន្លែ​ដែលមាន​កាឡូរី​ទាប​បំផុត។ នេះ​គឺជា​ផ្នែក​មួយ​នៃ​ទឹក​ផ្លែឈើ បន្លែដែល​ល្អ​បំផុត​សម្រាប់​ការ​សម្រក​ទម្ងន់ វា​មាន16កាឡូរី វា​មាន​កម្រិត​ខ្ពស់​នៃ​ជាតិ​សរសៃ និង​អាច​រក្សាទុក​បានយូរ​ស​ម្រា​ប់​ការ​ទទួលទាន​នៅពេល​ក្រោយ។

    ទឹក​ម្រះ : ទោះបីជា​យើង​ដឹង​ពី​ប្រភេទ​បន្លែ​បៃតង គឺ​ល្អ​សម្រាប់​សុខភាព តែ​ទឹក​ម្រះ មិនមែនជា​អ្វីដែល​មនុស្ស​ភាគច្រើន​ចង់​ទទួលទាន​នោះទេ។ ទោះជា​យ៉ាងណា វា​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែលមាន​វត្តមាន​នៅក្នុង​ទឹក​ភេសជ្ជៈ​នេះ​ធ្វើឱ្យ​រាងកាយ​របស់​អ្នកនឹង​ប្រសើរឡើង​ក្នុងការ​រំលាយ​អាហារ ជួយ​បង្កើន​ការរំលាយ​អាហារ ជំរុញ​ការបញ្ចុះ​ទម្ងន់ និង​បង្ការ​ការប្រមូលផ្តុំ​នៃ​កោសិកា​ជាតិ​ខ្លាញ់​ដែល​លើស​នៅក្នុង​រាងកាយ។

    ទឹក​ប្រទាល​កន្ទុយក្រពើ : អាច​នឹងមិន​មាន​រស​ជាតិ​ល្អ​បំផុត​នោះទេ តែ​វា​ផ្តល់នូវ​ប្រសិទ្ធភាព​បាន​ឆាប់រហ័ស បន្ទាប់ពី​ការទា​ត់បាល់ ដើម្បី​ជួយ​រំលាយ​អាហារ​របស់​អ្នក​បាន​លឿន។ ការទទួល​ទាន​ទឹក​ប្រទាល​កន្ទុយក្រពើ​ឱ្យបាន​ទៀងទាត់ មិន​ត្រឹមតែ​រួមចំណែក​ដល់​ការ​សម្រក​ទម្ងន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ផ្តល់ឱ្យ​អ្នក​នូវ​សក់​មាន​សុខ-​ភាពល្អ និង​ស្បែក​ស្រស់ស្អាត​ថែមទៀត​ផង។

    4. ទទួលទាន​អាហារ​ដែល​សម្បូរ​ទៅ
    ដោយ​សារធាតុ​អូ​មេ​ហ្គា3រាងកាយ​មិនអាច​ផលិត​សារធាតុ​អូ​មេ​ហ្គា3បានទេ ដូច្នេះ​អ្នក​ត្រូវតែ​ទទួលទាន​អាហារ ដែលមាន​សារធាតុ​នេះ។ អាស៊ីត​ខ្លាញ់​នេះ​អាចជួយ​បំបែក​ជាតិ​ខ្លាញ់​នៅក្នុង​រាងកាយ​បាន​យ៉ាង​ល្អ។ យោងតាម​វិទ្យាស្ថាន​សុខភាព​ជាតិ​បានឱ្យដឹងថា ខ្លាញ់ត្រី​ក៏​អាចជួយ​កាត់បន្ថយ​កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម​បានដែរ។ ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ផលិត​អាំង​ស៊ុយ-​លីន ដែល​ធ្វើឱ្យ​ពិបាក​ក្នុងការ​ចំហេះ​ជាតិ​ខ្លាញ់។ សារធាតុ​អូ​មេ​ហ្គា3មាននៅ​ក្នុង​ត្រី​សាល់​ឌី​ន, ត្រី​សាល់​ម៉ុ​ន, ត្រី​សំប៉ែត, គ្រាប់​វាល់​ណាត់, គ្រាប់​កប្បាស និង​កូន​ស្ពៃក្តោបតូច។

    5. ហាត់ប្រាណ​ជាប្រចាំ
    ចំណាយ​ពេលវេលា​ប្រហែល30-45នាទី ជា​រៀងរាល់ថ្ងៃ ដើម្បី​ធ្វើការ​ហាត់ប្រាណ​យ៉ាងហោចណាស់3-4ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍។ ត្រូវ​ត្រៀមខ្លួន​ហាត់ប្រាណ​ឱ្យបាន2ខែ​មុន​ថ្ងៃ​រៀបការ​ចូលមក​ដល់។ ការហាត់​ប្រាណ​កាច់​ក្បាលពោះ បាន​បំបែក​ជាតិ​ខ្លាញ់ និង​ជួយ​បណ្ដេញ​ជាតិពុល​ចេញពី​រាងកាយ ព្រមទាំង​ធ្វើឱ្យ​បែកញើស​ស្រួលខ្លួន​ថែម​ទៀតផង។ ចំណុច​សំខាន់​មួយទៀត លោកអ្នក​ត្រូវ​សម្រាក​ឱ្យបាន​គ្រប់គ្រាន់​ផងដែរ។ ដូច្នេះ​នៅពេល​គេង​បាន​ឆ្អែត រាងកាយ​នឹង​ដុត​ជាតិ​កាល់​ឡូរី​បាន​យ៉ាងច្រើន​នៅពេល​ភ្ញាក់ឡើង ហើយក៏​ជួយ​ដល់​ការរំលាយ​អាហារ​បាន​យ៉ាង​ល្អប្រសើរ​ផង។ ត្រូវ​ចាំ​ថា ជាតិ​កាល់​ឡូរី​ច្រើន​គឺជា​ប្រភព​ធ្វើឱ្យ​កើន​សារធាតុ​ខ្លាញ់​នៅ​ក្បាលពោះ៕

  • ម៉ានិត ជោគជ័យបើកសម្ពោធស្នាដៃពីរ អាល់ប៊ុមចម្រៀង « សមុទ្រ » និងសៀវភៅប្រលោមលោករឿង « កូនទី ៦ »

    ម៉ានិត ជោគជ័យបើកសម្ពោធស្នាដៃពីរ អាល់ប៊ុមចម្រៀង « សមុទ្រ » និងសៀវភៅប្រលោមលោករឿង « កូនទី ៦ »

    តារាចម្រៀង និងជាអ្នកនិពន្ធសៀវភៅវ័យក្មេងមួយរូបគឺលោក ម៉ុង ម៉ានិត កំពុងតែជោគជ័យខ្លាំង ដោយការនិពន្ធសៀវភៅរឿងដូចជា «បេសកម្មមួយ» «ផ្ទះកណ្តាលបឹង» ជាដើម សុទ្ធសឹងតែទទួលបានការគាំទ្រខ្លាំងពីសំណាក់ ប្រិយមិត្តទស្សនិកជន ជាពិសេសមិត្តៗយុវវ័យ ។ យ៉ាងណាមិញ បន្ទាប់ពីខកខានមិនបាន បញ្ចេញអាល់ប៊ុមចម្រៀង អស់រយៈពេលជាច្រើនឆ្នាំរួចមក ពោលគឺរយៈពេលបីឆ្នាំមកហើយ នៅទីបំផុត ម៉ានិត ក៏បានត្រឡប់មកជាថ្មី ជាមួយនឹងការបញ្ចេញនូវ អាល់ប៊ុមបទចម្រៀងទោល ដែលមានឈ្មោះថា «សមុទ្រ» កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង។

    នៅក្នុងថ្ងៃសម្ពោធអាល់ប៊ុម « សមុទ្រ » និងសៀវភៅប្រលោមលោករឿង « កូនទី ៦ » នាថ្ងៃម្សិលមិញនេះ លោក ម៉ានិត បានប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា នេះគឺជាស្នាដៃនិពន្ធចម្រៀង និងតន្ត្រីចុងក្រោយគេបង្អស់ បន្ទាប់ពីលោកបានផ្អាកពីសិល្បៈចម្រៀងអស់រយៈពេល 3 មកហើយ ដោយលោកចង់មានពេលវេលាសម្រាក និងស្វែងរកអត្តសញ្ញាណនៃការផលិតចម្រៀងរបស់លោក ឱ្យប្រកបដោយព្រលឹងនិងគុណភាពនៃចម្រៀងខ្មែរ។ លោកបានបន្ដទៀតថា ប៉ុន្មានឆ្នាំចុងក្រោយនេះ លោកបានងាកមកចាប់អារម្មណ៍និពន្ធរឿងប្រលោមជាច្រើនរឿង រហូតដល់ជក់ចិត្តស្ទើតែមិនចង់ដកខ្លួនបាន។ លោកក៏ជាតារាមួយដួង ដែលបានអភិវឌ្ឍន៍ខ្លួន ពីតារាចម្រៀងដ៏ល្បីល្បាញ ទៅជាអ្នកនិពន្ធសៀវភៅវ័យក្មេង ហើយមានកេរ្តិ៍ឈ្មោះល្បីខ្លាំងទៀតផង។

    យ៉ាងណាមិញ នៅថ្ងៃសៅរ៍ ទី 29 ខែកញ្ញា ឆ្នាំ 2018 ក៏មានការប្រគំតន្រ្តីបើកឆាកអាល់ប៊ុកទោលរបស់តារាប្រុសរូបនេះផងដែរ ។ សូមជម្រាបថា ម៉ានិត ជាតារាចម្រៀងមួយដួង ដែលមានភាពល្បីល្បាញ និងតែងតែទទួលបានការគាំទ្រ ពីសំណាក់ទស្សនិកជន ពិសេសមិត្តៗយុវវ័យ ខណៈរាល់បទចម្រៀងរបស់លោក ភាគច្រើនសុទ្ធសឹង ជាបទមនោសញ្ចេតនាស្នេហាយុវវ័យ៕

  • ស្រ្តីជនភៀសខ្លួនខ្មែរ ដែលមានរូបថតល្បីល្បាញទូទាំងពិភពលោក និងមានរូបសំណាកនិមិត្តរូប បានមរណភាពហើយ

    ស្រ្តីជនភៀសខ្លួនខ្មែរ ដែលមានរូបថតល្បីល្បាញទូទាំងពិភពលោក និងមានរូបសំណាកនិមិត្តរូប បានមរណភាពហើយ

    ស្រ្តីខ្មែរម្នាក់ដែលគេធ្លាប់ឃើញតាមរយៈរូបថតស្ត្រីបីកូនក្នុងទសវត្សរ៍ ឆ្នាំ1979 ក្នុងឈុតសំលៀកបំពាក់ពណ៌ខ្មៅ បីកូនក្នុងដៃ ឈរអមដោយកូនប្រុសស្រីនៅសង្ខាង ក្នុងទឹកមុខស្លេកស្លាំងស្គមស្គាំងគួរឲ្យសង្វេគនោះ បានទទួលមរណភាពហើយ ក្នុងជន្មាយុ៨៦ឆ្នាំ ដោយរោគាពាធ កាលពីថ្ងៃអង្គារ៍ 1រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស2562 ត្រូវនឹងថ្ងៃទី25 ខែកញ្ញា ឆ្នាំ2018 នៅពែរីញើ ប្រទេសបារាំង។ នេះបើយោងតាមគណនីហ្វេសប៊ុករបស់ព្រះតេជគុណ ព្រះនាម Choothmuny Huy បង្ហោះកាលពីថ្ងៃទី27 ខែកញ្ញា ឆ្នាំ2018 ម្សិលមិញ។

    បើតាមការបង្ហើបរបស់គណនី Yong Seng Yeath បានរៀបរាប់ថា ស្រ្តីជនភៀសខ្លួនខ្មែរ ឈ្មោះ⁣ តោង​ ​អូន​ នៅក្នុងរូបថតដ៏ល្បីល្បាញនៅក្នុងពិភពលោកនាឆ្នាំ (1979) គឺ​ពេលនេះបានទទួលអនិច្ចកម្ម​ហើយ​ កាលពីថ្ងៃទី​ 25/09/2018​ ក្នុងជន្មាយុ​ ៨៦​ ឆ្នាំ​ (Chemin du Sans Souci Boulazac , Perigueux, France)។ ក្មេងប្រុសដែលបីនោះឈ្មោះ​ សំណាង​ ( 39 ឆ្នាំ រស់នៅប្រទេសបារាំង) ។ ក្មេងប្រុសឈរនៅខាងឆ្វេងដៃ ឈ្មោះសារឿន​ (47ឆ្នាំ រស់នៅប្រទេសបារាំង) ។ក្មេងស្រីដែលឈរនៅស្ដាំដៃ​ឈ្មោះ​ សុភាព​(42 ឆ្នាំ រស់នៅប្រទេសបារាំង)។ ផ្ទាំថ្មចម្លាក់: ស្ថិតនៅរដ្ឋ ម៉ាស្សាជូសេត សហរដ្ឋអាមេរិក ។

    សូមទស្សនារូបភាព និងរូបសំណាកខាងក្រោមនេះ៖

  • ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងបើកឱ្យសាធារណៈជនទូទៅចូលទស្សនា វត្ថុបុរាណ នៅអភិរក្សដ្ឋានអង្គរ ខេត្តសៀមរាប

    ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងបើកឱ្យសាធារណៈជនទូទៅចូលទស្សនា វត្ថុបុរាណ នៅអភិរក្សដ្ឋានអង្គរ ខេត្តសៀមរាប

    តាមរយៈគេហទំព័រផ្លូវការណ៍របស់ក្រសួងព័ត៌មាន បានឱ្យដឹងថា លោក គឹម សុធិន ប្រធាននាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងនាព្រឹកថ្ងៃទី25 ខែកញ្ញា ឆ្នំា2018 នេះថា ដើម្បីអបអរថ្ងៃប្រារព្ធខួបបេតិកភណ្ឌអឺរ៉ុប នាពេលខាងមុខនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងបើកទូលាយឱ្យសាធារណជនទាំងអស់ ចូលទស្សនា និងសិក្សាឈ្វេងយល់ពីវត្ថុបុរាណដែលត្រូវបានរក្សាទុកនៅអភិរក្សដ្ឋានអង្គរ នាថ្ងៃទី29 ខែកញ្ញា ឆ្នាំ2018 ខាងមុខនេះ ចាប់ពីម៉ោង 8ព្រឹក ដល់ម៉ោង 4រសៀល។

    សូមគោរពអញ្ជើញទស្សនារូបភាពខាងក្រោមនេះ៖

  • នេះជាមូលហេតុដែល Steve Jobs សម្រេចបង្កើត iPhone ឡើង

    នេះជាមូលហេតុដែល Steve Jobs សម្រេចបង្កើត iPhone ឡើង

    ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple ទើបតែប្រកាសបង្ហាញ iPhone ជំនាន់ថ្មី 3ម៉ូដែលផ្សេងគ្នា គឺ iPhone Xs, Xs Max និង XR ដែលសុទ្ធសឹងតែជាកំពូលស្មាតហ្វូន ជាពិសេសគឺតម្លៃខ្ពស់ស្ទើរនឹកស្មានមិនដល់។

    គិតមកដល់បច្ចុប្បន្នក្រុមហ៊ុន Apple បានបញ្ចេញលក់ iPhone ជាច្រើនលានគ្រឿង និងកំពុងតែ​ល្បី​ល្បាញយ៉ាងខ្លាំងនៅក្នុងពិភពស្មាតហ្វូន និងស្ទើរតែគ្រប់គ្រងទីផ្សារបានទាំងមូល។ ទាំងនេះគឺជាគំនិត​ច្នៃ​ប្រឌិត និងជាមរតក​ដ៏អស្ចារ្យរបស់លោក Steve Jobs បិតាស្ថាបនិក Apple និងជាអ្នកបង្កើត iPhone ផងដែរ។

    តើលោកអ្នកមានដឹងទេថា ហេតុអ្វីបាន ជា Steve Jobs សម្រេចចិត្តបង្កើត iPhone ទាំងដែល​លោក​មិន​ដែលមានបំណងចង់បង្កើតវាឡើងផងនោះ?

    យោងតាមសៀវភៅជីវប្រវត្តិរបស់ Steve Jobs ដែលសរសេរឡើងដោយលោក Walter Isaacson បានឱ្យដឹងថា លោកJobs បង្កើត iPhone ឡើងដោយសារតែលោកខឹងនឹងបុគ្គលិកម្នាក់របស់ក្រុមហ៊ុន​ Microsoft។ តើ​ដើម​ចម​នៃ​រឿងនោះយ៉ាងណាដែរ?

    យោងតាមការបញ្ជាក់នៅក្នុងសៀវភៅជីវប្រវត្តិរបស់ Steve Jobs បានឱ្យដឹងថា នៅថ្ងៃមួយមានបុគ្គលិករបស់ក្រុមហ៊ុន Microsoft ម្នាក់បានអញ្ចើញលោកស្រី Laurene Powell ដែលត្រូវជាភរិយារបស់លោក Steve Jobs ទៅចូលរួម​នៅក្នុងកម្មវិធីខួបកំណើតមួយនៅគេហដ្ឋានរបស់គេផ្ទាល់ដោយលោក Steve Jobs ក៏បានទៅចូលរួមជាមួយដែរ។ ខណៈដែលកម្មវិធីកំពុងតែសប្បាយរីករាយ បុរសដែលបម្រើ​ការងារនៅក្នុងក្រុមហ៊ុន Microsoft បាននិយាយបែបឌឺដង និងចំអែចំអន់ដាក់ Steve Jobs ថា ក្រុមហ៊ុន Microsoft កំពុងតែបង្កើតឧបករណ៍មួយដ៏អស្ចារ្យប្រើ Touch Screen ដែលមិនទាន់មាន​ក្រុម​ហ៊ុនណាផលិតឡើងនៅឡើយ ជាពិសេសគឺមិនភ្ជាប់មកជាមួយនូវប៊ិច (Stylus) ទៀតផង។

    សំដីនោះបានធ្វើឱ្យ Jobs ខឹងយ៉ាងខ្លាំង និងថែមទាំងបាននិយាយទៅកាន់ភរិយាខ្លួនថា លោកនឹងធ្វើឱ្យគេ (បុគ្គលិកបម្រើការងារនៅ Microsoft) ស្គាល់ថា អ្វីទៅ ជាTablet ពិតប្រាកដ។ លុះព្រឹកឡើង Jobs បាន​ទៅដល់​ក្រុមហ៊ុន និងបានប្រកាសប្រជុំបុគ្គលិកកំពូលៗឱ្យផលិតឧបករណ៍ថ្មីមួយដែលប្រើ Touch Screen តែមិនប្រើប៊ិច និងប៊ូតុងឡើយដោយទុកពេលឱ្យ 6ខែ។

    ថ្ងៃកំណត់បានមកដល់ ទីបំផុតក្រុម​ការងារបានបង្កើតឧបករណ៍ថ្មីដូចអ្វីដែល Jobs ចង់បានប៉ុន្តែឧបករណ៍នោះធំមិនដូច iPhone ឡើយ តែវាជា​ iPad។ ក្រោយពីសម្រេចចិត្តរួច Jobs បានកែប្រែឧបករណ៍នោះឱ្យទៅជា iPhone វិញ និងបានប្រកាសដាក់បង្ហាញនូវថ្ងៃទី29 ខែមិថុនា ឆ្នាំ2007 ដែលជាថ្ងៃកែប្រែប្រវត្តិសាស្ត្រសម្រាប់ Apple ហើយ​ក៏ជាថ្ងៃចាប់ផ្ដើមនៃភាពជោគជ័យនៅលើទីផ្សារស្មាតហ្វូនផងដែរ៕

  • យុទ្ធសាស្ត្រ​ច្បាស់លាស់​ក្នុងការ​ចែកចាយ​នឹង​ធ្វើឱ្យ​អាជីវកម្ម​រឹងមាំ

    យុទ្ធសាស្ត្រ​ច្បាស់លាស់​ក្នុងការ​ចែកចាយ​នឹង​ធ្វើឱ្យ​អាជីវកម្ម​រឹងមាំ

    ការធ្វើ​អាជីវកម្ម និង​ជំនួញ​ចាំបាច់​ត្រូវមាន​ស្តង់ដារ​ច្បាស់លាស់ ពីព្រោះថា បើ​យើង​ធ្វើតាម​គំរូ​ល្អ វា​នឹង​នាំឱ្យ​យើង​ល្អ និង​មាន​ស្តង់ដារ​ល្អ បើ​យើង​ធ្វើតាម​គំរូ​មធ្យម នឹង​នាំឱ្យ​យើង​ទទួលបាន​ស្តង់ដារ​មធ្យម និង​មាន​ស្តង់ដារ​កម្រិតមធ្យម​ដែរ។

    ដូច្នេះ​ជាទូទៅ មុននឹង​សហគ្រិន​បើក​អាជីវកម្មពួកគាត់​តែងតែមាន​ផែនការអាជីវកម្ម​ច្បាស់លាស់មាន​សហគ្រាស​ស្អាត និង​មាន​ស្តង់ដារ​ល្អ ប៉ុន្តែ​ក៏​មិនត្រូវ​ភ្លេច​ថា ផែនការ​ទីផ្សារ​ក៏​សំខាន់​ផងដែរ​ដើម្បី​ជួយឱ្យ​ពួកគាត់​រក្សា​អតិថិជន និង​បង្កើន​ការលក់​របស់​ពួកគាត់​បាន និង​រឿង​សំខាន់​មួយទៀត គឺ​ការ​ចែកចាយ​ផលិតផល បន្ថែម​ពីនេះ​ផែនការ​ម៉ាឃីតធីង(Maketing)គឺជា​យុទ្ធសាស្ត្រ​ដែល​រួមបញ្ចូល​ទាំង​តម្លៃ ភាពជាក់ស្តែង និង​វត្ថុបំណង​ច្បាស់លាស់។ នេះ​ជាការ​បញ្ជាក់​របស់លោក សោម សម្បត្តិ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ថ្នាំ​ពណ៌​ជាតិ(Cam-paint)។

    ការរកស៊ី​ក៏ដោយ ធ្វើការ​ក៏ដោយ ត្រូវមាន​គោលដៅ​ច្បាស់លាស់ ហើយ​ចំពោះ​ការបើក​អាជីវកម្ម​យុទ្ធសាស្ត្រ​ចែកចាយ គឺជា​រឿង​សំខាន់​មួយ​ក្នុង​មុខរបរ និង​ត្រូវបាន​ចាត់ទុកថា​ជា​កិច្ចការ​ដ៏​សំខាន់​នៅក្នុង​ក្រុមហ៊ុន។ អាជីវកម្ម​ដែល​កំពុង​រកស៊ី​ត្រូវ​ជំរុញ​ការចែក​ចាយ​នេះ​ឱ្យបាន​ថេរ​ដែលជា​ការរក្សា​អតិថិជន និង​រក្សា​ចំនួន​នៃ​ការលក់ ដើម្បីឱ្យ​ក្រុមហ៊ុន​អាចឈរជើង​លើ​ទីផ្សារ​បាន។ យុទ្ធសាស្ត្រ​ការចែក​ចាយ​ទំនិញ ឬ​ផលិតផល​ត្រូវបាន​បែងចែក​ជា 2ចំណុចសំខាន់៖
    ទី1-យុទ្ធសាស្ត្រ​បញ្ឈ​រៈ រៀបចំ​ចែកចាយ​ដោយ​ខ្លួនឯង(ដូចជា​គ្រប់​ស្ថានីយប្រេងឥន្ធនៈ សុទ្ធតែ​ក្រុមហ៊ុន​ប្រេង​ជា​អ្នកធ្វើការ​ចែកចាយ​ដោយ​ខ្លួនឯង​ទាំងអស់)

    ទី2-យុទ្ធសាស្ត្រ​បែងចែក​បន្តៈ បើ​យើង​មិនអាច​ជួល​ផ្ទះ​បើក​សាខា ឬ​មិន​ចង់ឱ្យ​ក្រុមហ៊ុន​មាន​លក្ខណៈ​ធំ​ពេក ត្រូវ​ឱ្យគេ​ចែកចាយ​ផលិតផល​បន្ត​ពី​យើង​ទៅគ្រប់​សាខា ដោយ​យើង​ចែក​ភាគរយ​នៃ​ការ​ចំណេញ​ពោលគឺ​ចែកគ្នា​ចំណេញ​ទាំងអស់គ្នា។

    សូមបញ្ជាក់ថា យុទ្ធសាស្រ្តក្នុងការ​ចែកចាយ គឺជា​ការ​ចែកចាយ​ឆ្ពោះទៅរក​លទ្ធភាព​ទទួល​បាន​ផលិតផល ឬ​ភាពងាយស្រួល​សម្រាប់​អតិថិជន​ក្នុង​ការរក​ទិញ​ផលិតផល។ យុទ្ធសាស្ត្រ​ចែកចាយ ដែល​ពេញនិយម​ជាងគេ​គឺ ការ​ចែកចាយ​ទៅកាន់​ដេប៉ូ ឬ​ឈ្មួញកណ្ដាល​ឱ្យ​លក់​បន្ត។ យុទ្ធសាស្រ្តធ្វើយ៉ាងណា​ដើម្បីឱ្យ​សាធារណជន​បាន​មើលឃើញ​ពី​ផលិតផល​របស់​យើង​បាន​គ្រប់​ទីកន្លែង​ទាំងអស់។ ការធ្វើ​បែបនេះ​គឺជា​ការសម្រួល​ដល់​អតិ​ថិ​ជន​ផងដែរ។

    លោក សោម សម្បត្តិ បាន​បញ្ជាក់ថា ក្នុង​យុទ្ធសាស្ត្រ​នៃ​ការ​ចែកចាយ​ចាំបាច់​ត្រូវមាន​ធាតុ​ផ្សំ​ចំនួន 4ទៀត​ជា​ជំនួយ។

    សោម សម្បត្តិ​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ថ្នាំ​ពណ៌​ជាតិ(Cam-paint)

    ទី1-រក​អ្នកផ្គត់ផ្គង់៖ យើង​ត្រូវមាន​ផលិតផល​ឱ្យ​ល្អ។ មានន័យថា បើ​យើង​ផលិត​ខ្លួនឯង​យើង​ត្រូវ​រក​វត្ថុធាតុដើម​ដែល​ល្អ ដើម្បី​យើង​ផលិត​បាន​ទំនិញ ឬ​ផលិតផល​ដែល​ល្អ ព្រោះថា បើ​យើង​មាន​ផលិតផល​ល្អ និង​មាន​អ្នកផ្គត់ផ្គង់​ចែកចាយ​ពូកែ ទើប​ទំនិញ ឬ​ផលិតផល​របស់​យើង​លក់ដាច់។

    ទី2-វិធីសាស្រ្តក្នុង​ការលក់៖ យើង​មាន​ផលិតផល​ល្អ យើង​ត្រូវ​ការលក់ ព្រោះ​មាន​តម្រូវការ។ ជួនកាល​យើង​មាន​ផលិតផល​ល្អ​មែន តែ​យើង​លក់​មិនបាន ព្រោះ​ខ្វះ​ទីផ្សារ​ដើម្បី​លក់។ ជួនកាល​ទៀត មាន​ផលិតផល​ល្អ​ហើយ តែ​យើង​មិនចេះ​ធ្វើ​ទីផ្សារ ក៏​ផលិតផល​នោះ​មិនអាច​លក់បាន​ដែរ ដូច្នេះ​យើង​ត្រូវការ​មាន​ក្រុម​លក់​ពូកែ និង​វិធីសាស្ត្រ​លក់​ដែល​ល្អ។

    ទី3-ការគ្រប់គ្រង​ថវិកា៖ ត្រូវ​ចេះ​គ្រប់គ្រង​លុយកាក់​ក្នុងនាម​យើង​ជា​សហគ្រិន មិនអាច​ថា​មិនចេះ​គ្រប់គ្រង​បានទេ។ បើ​មិនចេះ​ត្រូវ​រៀន រៀន​ឱ្យមាន​ចំណេះ​ចេះ​គ្រប់គ្រង​ថវិកា។ បើ​យើង​តាំងចិត្ត​ហើយមិនអាច​ថា​មិនចេះ​នោះទេ មិនចេះ​មកពី​យើង​មិនទាន់​រៀន។ ការចេះ​គ្រប់គ្រង​ថវិកា ដើមទុន ប្រាក់ចំណូល-ចំណាយ-ចំណេញ គឺជា​រឿង​សំខាន់​សម្រាប់​អាជីវកម្ម​មួយ។

    ទី4-ធនធានមនុស្ស៖ អ្នកណា​ដែល​ត្រូវ​អភិវឌ្ឍ?​ គឺ​ខ្លួន​យើង​ហ្នឹងឯង​ដែល​ត្រូវ​ពង្រឹង​ឱ្យ​ខ្លាំង ព្រោះ​បើ​យើង​ខ្លាំង ធនធានមនុស្សពូកែៗនឹង​មក​ធ្វើការ​ជាមួយ​យើង។ បើ​យើង​មិន​ខ្លាំង មិនល្អ គេ​មិន​មក​ធ្វើ​ការឱ្យ​យើង​ទេ។ ប្រសិនបើ​គេ​ជា​អ្នកខ្លាំង ក៏​គេ​មិន​មក​ធ្វើការ​ឱ្យ​យើង​ដែរ។ ប៉ុន្តែ​នៅពេលដែល​យើង​ខ្លាំង​កូនចៅ​យើង​ក៏​ប្រឹងប្រែង​តាម​យើង​ដើម្បីឱ្យ​ខ្លួនគេ​ខ្លាំង​ដែរ ពេលនោះ​ទើប​យើង​មាន​ក្រុមហ៊ុន​មួយ​ដែល​ខ្លាំង​ដែរ។

    ប៉ុន្តែ​អ្វីដែល​សំខាន់​ជាងគេ​ក្នុងដំណាក់កាល​ដំបូង អ្នក​ត្រូវ​ស្គាល់​ឱ្យបាន​ច្បាស់​ពី​សេវាកម្ម ឬ​ផលិតផល​នៃ​អាជីវកម្ម​របស់​អ្នក។ បន្ទាប់មក​អ្នក​អាច​បង្ហាញ​ពី​អត្ថប្រយោជន៍​អ្វីខ្លះ​ដែល​អ្នក​បាន​ផ្តល់ឱ្យ​អតិថិជន ដូចជា​តម្លៃ​ដែលមាន​ភាពខុសប្លែក​ពី​ដៃគូ​ប្រកួតប្រជែង​របស់​អ្នក​ជាដើម។ ការកំណត់​គោលដៅ​អតិថិជន​ឱ្យបាន​ច្បាស់លាស់​ក៏​ជា​រឿង​សំខាន់។ មិន​ថា​អាជីវកម្ម​របស់​អ្នក​ស្ថិតក្នុង​វិស័យ​អ្វី​នោះទេការលក់​ផលិតផល ឬ​ការផ្តល់​សេវាកម្ម ត្រូវការ​ការ-ស្វែងយល់​ឱ្យបាន​ច្បាស់​ពី​ទីផ្សារ។ ដូចនេះ នៅក្នុង​ផែនការ​ម៉ាឃីតធីង​តម្រូវឱ្យ​អ្នក​ស្គាល់​យ៉ាង​លម្អិត​ពី​ទីផ្សារ​របស់​អ្នក ហើយ​អ្នក​ក៏ត្រូវ​យល់​ឱ្យ​ច្បាស់​ពី​ភាពខុសប្លែក​របស់​គូប្រកួត​ប្រជែង​របស់​អ្នក​ផងដែរ៕

  • អ្នកវិភាគ​ថា កម្ពុជា​គួរ​ធ្វើ​ពិពិធ​កម្ម​លើ​វិស័យ​ផ្សេងទៀត​ដើម្បី​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច​យូរអង្វែង

    អ្នកវិភាគ​ថា កម្ពុជា​គួរ​ធ្វើ​ពិពិធ​កម្ម​លើ​វិស័យ​ផ្សេងទៀត​ដើម្បី​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច​យូរអង្វែង

    ដើម្បី​រក្សា​កំណើនសេដ្ឋកិច្ច​កម្ពុជា​ឱ្យបាន​ឋិត​ថេរ និង​យូរអង្វែង​ទៅមុខទៀត អ្នកវិភាគ​សេដ្ឋកិច្ច​បាន​អះអាងថា កម្ពុជា​គួរ​ធ្វើ​ពិពិធ​កម្ម​ដោយ​បង្វែរ​ទិស​អភិវឌ្ឍន៍​ទៅលើ​វិស័យ​មួយចំនួនទៀត​ឱ្យ​កាន់តែខ្លាំង​ឡើង ពិសេស​វិស័យ​កសិកម្ម និង​វិស័យ​ទេសចរណ៍ ដែលជា​វិស័យ​មាន​សក្តានុពល​ស្រាប់​នៅក្នុង​ប្រទេស​សមាជិក​អាស៊ាន​មួយ​នេះ។

    អ្នកវិភាគ​សេដ្ឋកិច្ចកម្ពុជា​លោក ង៉ែត ជូ បាន​អះអាងថា ប្រសិនបើ​គេ​ធ្វើការ​អង្កេត​មើល​ក្នុង​រយៈពេល​ខ្លី ឬ​រយៈពេល​មធ្យម​ទៅមុខទៀត ឃើញថាវិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង វិស័យ​ធនាគារ វិស័យ​អចលនទ្រព្យ និង​សំណង់​នៅតែមាន​សក្តានុពល​នៅឡើយ​ ខណៈដែល​វិនិយោគិន​បរទេសពិសេស​ជនជាតិ​ចិន​ចូលមក​វិនិយោគ​ច្រើន​លើសលប់ លើ​វិស័យ​ទាំង2 នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ប៉ុន្តែ​ប្រសិនជា​គេ​សង្កេតមើល​ក្នុង​រយៈពេល​វែង​ឃើញថា វិស័យនេះ​ហាក់​មាន​ភាពមិន​ទៀងទាត់ ដោយសារ​ការនាំចេញ​ទំនិញផ្សេងៗពិសេស​ផលិតផល​ឧស្សាហកម្ម​កាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និង​អង្ករ​ជាដើម ទៅកាន់​ទីផ្សារ​សហគម​ន៍​អឺរ៉ុប​មាន​ភាពមិន​ទៀងទាត់ ឬ​កម្ពុជា​ត្រូវផុត​កូតា​នាំចេញ​ណាមួយ ហើយ​វិស័យ​សំណង់​ក៏​អាច​នឹង​កើន​ឡើងដល់​ចំណុចកំពូល​ដែរ ដែល​ធ្វើឱ្យ​វិស័យ​ទាំង2 នេះ​មាន​ភាព​ថមថយ​ចុះ​បន្តិចម្តងៗក្នុង​រយៈពេល​វែង​ទៅ​ថ្ងៃ​អនាគត។​ ករណីនេះ​លោក​បានស្នើ​ដល់​រដ្ឋាភិបាល​គួរតែ​ធ្វើ​ពិពិធ​កម្ម និង​អភិវឌ្ឍន៍​វិស័យ​ផ្សេង​មួយចំនួនទៀត ដើម្បី​រក្សា​ស្ថិរភាព​យូរអង្វែង ពិសេស​វិស័យ​កសិកម្ម និង​វិស័យ​ទេសចរណ៍​ដែលមាន​សក្តានុពល​យូរអង្វែង​ស្រាប់ សម្រាប់​ជួយ​ជ្រោមជ្រែង​សេដ្ឋកិច្ច នៅពេលដែល​វិស័យ​កាត់ដេរ ​និង​សំណង់​មានការថមថយ​ចុះ​ក្នុង​រយៈពេល​វែង​ទៅ​ថ្ងៃ​អនាគត។ លោក​ថា រដ្ឋាភិបាល​គួរ​ធ្វើការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឱ្យ​កាន់តែ​រី​កចម្រើន​ខ្លាំង​ថែមទៀត ដើម្បី​ចែកចាយ​ផលិតផល​នៅលើ​ទីផ្សារ​ក្នុងស្រុក​ឱ្យបាន​កាន់តែច្រើន កាត់បន្ថយ​ការនាំ​ចូល និង​នាំ​ផលិតផល​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ឱ្យបាន​កាន់តែច្រើន​ផងដែរ។

    លោក ង៉ែត ជូ អ្នកវិភាគ​សេដ្ឋកិច្ចកម្ពុជា​

    ផ្អែម​តាម​របាយការណ៍​ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូសេដ្ឋកិច្ច​អាស៊ាន​បូក3 បាន​ព្យាករ​ថា​កំណើនសេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ2018នឹង​កើនឡើង​លើសពី 7ភាគរយ​ខណៈដែល​ធនា​គារ​អភិវឌ្ឍន៍អាស៊ី(ADB) រកឃើញថា មាន​កំណើន​ត្រឹមតែ7% ប៉ុណ្ណោះ។

    លោក​បណ្ឌិត Seung Hyun Hong អ្នកឯកទេស​នាំមុខ​របស់​ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូសេដ្ឋកិច្ច​អាស៊ាន​បូក3 ដែល​ហៅ​កាត់​ថា AMRO បាន​មានប្រសាសន៍ថា សេដ្ឋកិច្ចកម្ពុជា​នៅតែ​រក្សាបាន​កំណើន7.2% នៅ​ឆ្នាំ2018 ពោលគឺ​កើនឡើង​ខ្ពស់ជាង​អត្រា7% កាលពី​ឆ្នាំ2017 ដែល​បានមកពី​ការរីកចម្រើន​របស់​វិស័យ​សំណង់ វិស័យ​កាត់ដេរ និង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា។ របាយការណ៍​ដែល​ចេញផ្សាយ​កាលពី​ពាក់កណ្តាល​ខែកញ្ញា បាន​គូសបញ្ជាក់ថា ដោយសារ​មាន​កំណើនសេដ្ឋកិច្ច​នេះ បានធ្វើឱ្យ​រដ្ឋាភិបាល​អាច​បង្កើន​ការចំណាយ​សាធារណៈ​ទៅលើ​ប្រាក់បៀវត្សរ៍​របស់​មន្ត្រី​សាធារណៈ​កាន់តែ​ច្រើនឡើង។

    យ៉ាងណាក៏ដោយ ប្រទេស​កម្ពុ​ជាមាន​អត្រា​អតិផរណា​បាន​កើនឡើង​ដល់3.1% នៅ​ឆ្នាំ2018 ដោយសារតែ​តម្លៃ​ថាមពល។ ហើយ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ លោក​បានផ្តល់​អនុសាសន៍​ឱ្យប្រទេស​កម្ពុជា​ត្រូវ​ការពង្រឹង​គោលនយោបាយ​ក្នុង​កំណែទម្រង់​រចនាសម្ព័ន្ធ​ស្ថិរភាព​ហិរញ្ញវត្ថុ និង​ផ្តល់​អាទិភាព​លើ​ធនធាន​សា​ពើរ​ពន្ធ​ឆ្ពោះទៅរក​ការចំណាយ​ដែល​លើកកម្ពស់​កំណើន​ដើម្បី​រក្សា​កំណើនសេដ្ឋ-កិច្ច​ដ៏​រឹងមាំ។ ដោយឡែក​បំណុល​សាធារណៈ​ពី​ក្រៅប្រទេស​នៅតែ​គ្រប់គ្រង​បានល្អ​ប្រសើរ ដែល​បាន​ឆ្លុះបញ្ចាំង​ពី​លំហូរ​វិនិយោគ​ពី​បរទេស​កើនឡើង​ខ្ពស់ជាង​ឱនភាព​ថវិកា​ចរន្ត។

    ជា​លទ្ធផល​ទុនបម្រុង​អន្តរជាតិ​បាន​កើនឡើង​ដល់ 10ពាន់​លាន​ដុល្លារ​នៅ​ចុងឆ្នាំ2018 នេះ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ2017 ដែលមាន​ត្រឹមតែ 8ពាន់8រយ​លាន​ដុល្លារ។ ចំពោះ​ស្ថានភាព​វិស័យ​ហិរញ្ញវត្ថុ​វិញ គឺ​នៅ​រក្សាបាន​ភាពរឹងមាំដោយបាន​អនុ​វត្តបទ​ប្បញ្ញត្តិ​នានា ព្រមទាំង​ការកំណត់​ដើមទុន​អប្បបរមា​ថ្មី និង​អត្រា​ស​ន្ទ​នី​ស្សន៍ បាន​ជួយ​ឱ្យមាន​ភាពប្រសើរឡើង​នៃ​វិស័យ​ហិរញ្ញវត្ថុ ប៉ុន្តែ​កម្ពុជា​ត្រូវ​ការបន្ត​កំណែទម្រង់​បទ​ប្បញ្ញត្តិ​នានា ដើម្បី​ស្របទៅតាម​ស្តង់ដារ​អន្តរជាតិ។

    ចំពោះ​កំណើនសេដ្ឋកិច្ច​ដែលមាន​តួលេខ​ខុសគ្នា​រវាង​ADB 7% និង​AMRO 7.2% សម្រាប់​ឆ្នាំ2018នេះ ត្រូវបាន​អ្នកវិភាគ​អះអាងថា គ្រាន់តែ​ជា​តួលេខ​លម្អៀង​ប៉ុណ្ណោះ មិនមាន​អ្វី​គួរ​ភ្ញាក់​ផ្អើ​លនោះទេ ដោយសារ​របាយការណ៍​ស្រាវជ្រាវ​ធ្វើឡើង​ទៅតាម​ប្រភពផ្សេងៗគ្នា លុះត្រាតែ​ខុសគ្នា 0.5% ឡើងទៅ​ទើប​បង្កឱ្យមាន​ការ​ភ្ញាក់​ផ្ញើ​ល និង​មិនអាច​ទទួលយកបាន សរុបទៅ​របាយការណ៍​របស់​ស្ថាប័ន​ទាំង2 នេះ សុទ្ធតែ​អាច​ទទួលយកបាន​ទាំងអស់៕

  • អ្នកលេងបណ្ដាញសង្គមផ្ទុះការរិះគន់ឈុតតំណាងជាតិខ្មែរក្នុងកម្មវិធី Mister Grand International 2018

    អ្នកលេងបណ្ដាញសង្គមផ្ទុះការរិះគន់ឈុតតំណាងជាតិខ្មែរក្នុងកម្មវិធី Mister Grand International 2018

    តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក គេបានមើលឃើញថា  Mister Grand International 2018 ដែលទើបបញ្ចប់មុននេះនៅក្នុងប្រទេសថៃ មិនដឹងថាបេក្ខភាពតំណាងឱ្យប្រទេសកម្ពុជា គឺលោក Greg Gregg Dalde ត្រូវបានជ្រើសចេញពីប្រភពណានោះឡើយ ប៉ុន្តែបែឃើញវត្តមានរបស់លោកតំណាងអោយជាតិខ្មែរទាំងមូលនៅក្នុងកម្មវិធីទៅវិញ ជាហេតុបណ្ដាលឱ្យមហាជនខ្មែររិះគន់ និងប្រតិកម្មខ្លាំងបំផុត ដោយឡើកលើងថា មិនដឹងជាឈុតក្នុងរចនាបទអ្វីឱ្យពិតប្រាកដ ទោះកែច្នៃក៏មិនត្រូវ។

    អ្នកលេងហ្វេសប៊ុកជាច្រើន បានប្រតិកម្មចំពោះការចូលប្រកួតរបស់បេក្ខភាពតំណាងឱ្យប្រទេសកម្ពុជាខាងលើ ដោយម្នាក់ៗបានចោទសួរថា តើឈុតតំណាងខ្មែររបស់លោក Greg Gregg Dalde ស្រង់ចេញពីណា? បើក្បិនមិនចំក្បិន មកុដក៏មិនចំមកុដ តើនោះជាជនជាតិអ្វីឱ្យពិតប្រាកដ? ជាពិសេសក្នុងពេលដែលឈុតតំណាងជាតិរបស់គេសុទ្ធតែមានរចនាបទឆ្លុះបញ្ចាំងពីជាតិគេ ប៉ុន្តែអ្នករៀបចំឈុតឱ្យបេក្ខភាពខ្មែរ គឺធ្វើឈុតឱ្យដូចបាយឡុកបាយឡ ដែលអ្នករិះគន់ចោទថា គឺបណ្ដាលមកពីក្រសួងពាក់ព័ន្ធខ្វះប្រសិទ្ធិភាពចាត់ការចំពោះក្រុមហ៊ុនដែលយកឈ្មោះកម្ពុជាទៅជាន់ឈ្លី។

    គួរបញ្ជាក់ផងដែរថា ការពិតណាស់ គេមិនបានដឹងប្រភពបុរសឈ្មោះ Greg Gregg Dalde ដែលត្រូវបានគណកម្មការជ្រើសឱ្យឈរឈ្មោះជាតំណាងកម្ពុជា មានប្រភពមកពីណាទេ មិនទាំងចេះខ្មែរមួយម៉ាត់ ថែមទាំងស្លៀកឈុត ប្រពៃណីខ្មែរ មិនដឹងជាស្អីៗ ដែលមិនខុសពីយកមុខខ្មែរទៅបំបាក់លើឆាកអន្តរជាតិ។ អ្នកលេងបណ្ដាញសង្គមបានទទូចឱ្យក្រសួងពាក់ព័ន្ធមានវិធានការចំពោះរឿងនេះ ប្រសិនបើនៅតែបណ្ដោយឱ្យក្រុមហ៊ុនឯកជន បន្តរំលងចំណាត់ការទៀតនោះ  ហើយប្រើឈ្មោះកម្ពុជាដោយយកបេក្ខជនប៉ាតណាប៉ាតណី ហើយថែមទាំងច្នៃឈុតឱ្យស្លៀកមិនត្រូវរចនាបទខ្មែរ ប្រាកដណាស់នឹងនាំឱ្យកម្ពុជាបាក់មុខលើឆាកអន្តរជាតិ៕