Category: សង្គម និងសេដ្ឋកិច្ច

  • តំបន់​ជ្រោយចង្វារ​នឹង​ក្លាយជា​ទីក្រុង​រណប Smart City មុនគេ​ក្នុងប្រទេស​កម្ពុជា

    តំបន់​ជ្រោយចង្វារ​នឹង​ក្លាយជា​ទីក្រុង​រណប Smart City មុនគេ​ក្នុងប្រទេស​កម្ពុជា

    ក្រុមហ៊ុន​សំណង់​ធំជាងគេ​នៅ​កម្ពុជា OCIC បានប្រកាស​បោះទុន​វិនិយោគ​ក្នុង​ទឹកប្រាក់​ជាង 3,000លាន​ដុល្លារ​អាមេរិក ដើម្បី​បង្កើត​ទីក្រុង​រណប​ជ្រោយចង្វារ​អភិវឌ្ឍន៍​ជាទី​ក្រុង​ពាណិជ្ជកម្ម និងជាទី​ក្រុង Smart City មុនគេ​នាពេល​អនាគតឆាប់ៗខាងមុខ។

    លោក ទូច សំណាង អគ្គនាយករង​ក្រុមហ៊ុន OCIC បាន​មានប្រសាសន៍​ឱ្យដឹងថា ទីក្រុង​នេះ​នឹង​រៀបចំឡើង​តាមបែប Smart City ដោយ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ត្រូវបាន​រៀបចំ​ជាពិសេស ដូចជា​ខ្សែភ្លើង​នឹងត្រូវ​កប់​នៅក្រោម​ដី​ទាំងអស់ អំពូល​ភ្លើង​នឹង​ប្រើប្រាស់​ប្រភេទ​អំពូល LED មានការ​បំពាក់កាមេរ៉ា​សុវត្ថិភាព និង​ប្រព័ន្ធ​ទឹក​កខ្វក់​ទាំងអស់​ដែលចេញពី​ទីក្រុង​នេះ​នឹងត្រូវឆ្លងកាត់​ការ​ចម្រោះ​ឱ្យ​ស្អាត​ទាំងអស់​មុននឹង​បង្ហូរ​ចេញ។ លោក​បន្តថា ការវិនិយោគ​ទីក្រុង​បែប​ស្មា​ត​ស៊ី​ធី​នេះ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន ប៉ុន្តែ​ដើម្បី​និរន្តរភាព​បរិស្ថាន និង​ភាពសុខសាន្ត ក៏ដូចជា​ផាសុកភាព​របស់​ប្រជាពលរដ្ឋ គឺជា​អ្វីដែល​ក្រុមហ៊ុន OCIC ត្រូវផ្តោត​ជាពិសេស។

    អគ្គលេខាធិការរង​នៃ​គណៈ​ស្ថាបត្យករ​កម្ពុជា និង​ជា​ស្ថាបត្យករ​អាស៊ាន លោក ទួ​ស សា​ភឿន​បាន​មានប្រសាសន៍ថា ទីក្រុង​ឆ្លាត​វៃ​តម្រូវឱ្យមាន​ផែនការ​ធំ​ទូលាយ​សម្រាប់​ទីក្រុង​ទាំងមូល មិនមែន​ត្រឹមតែ​ជាទី​ក្រុង​រណប​នោះទេ។ ទីក្រុង​ឆ្លាត​វៃ​គួរតែមាន​ចន្លោះ​បៃតង ដូចជា​សួនច្បារ​ដែល​ព័ទ្ធជុំវិញ​អគារ​សាធារណៈ ដើម្បីឱ្យ​មនុស្ស​អាច​សម្រាក និង​ទទួលបាន​ខ្យល់អាកាស​បរិសុទ្ធ។

    លោក​បាន​បន្ថែមថា ទីក្រុង​ឆ្លាត​វៃ​អាច​កើតឡើង​បាន លុះត្រា​តែមាន​មេដឹកនាំ​ពូកែ​ដែល​ធ្វើការ​លើ​ផែនការមេ​ដ៏​ទូលំទូលាយ​ក្នុងការ​អភិវឌ្ឍ​ទីក្រុង​ពោល គឺមាន​ផែនការមេ​តាមផ្លូវ​ច្បាប់​ច្បាស់លាស់​ដែល​គ្រប់គ្រង​លើ ការប្រើប្រាស់​ដី សំណុំបែបបទ ការ​រចនា ឬ ការប៉ុនប៉ង​គ្រប់គ្រង​លើ​ការអភិវឌ្ឍ​ទីក្រុង​ជាដើម។ តំបន់នីមួយៗត្រូវតែកំណត់​ឱ្យបាន​ច្បាស់​ថា តំបន់​ណាមួយ​ជា​តំបន់​លំនៅឋាន ពាណិជ្ជកម្ម ឬ​ឧស្សាហកម្ម​ដែល​នឹង​អាច​ពង្រីក​ឱកាស​នៅក្នុង​ការអភិវឌ្ឍ​ទីក្រុង និង​អាចជួយ​សម្រួល​ដល់​ការរស់នៅ​របស់​ប្រជាជន​នៅក្នុង​ទីក្រុង​កាន់តែ​ប្រសើរឡើង។

    តាម​ការ​ព្យាករ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បានឱ្យដឹងថា គិត​ត្រឹម​ឆ្នាំ2030 ខាងមុខ ប្រជាជន​ជិត 8លាន​នាក់​ត្រូវគេ​រំពឹងថា នឹង​រស់នៅក្នុង​ទីក្រុង ហើយ​ភាគច្រើន​នៃ​ពួកគេ​នឹង​មក​រស់នៅក្នុង​ទីក្រុង​ភ្នំពេញ។

    ឯកឧត្តម ភឿង សុ​ភ័​ណ្ឌ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម និង​សំណង់​មានប្រសាសន៍​ពន្យល់ថា ការសាងសង់​អគារធំៗ និង​ការគិតគូរ​ពី​បញ្ហា​បរិស្ថាន​ជាការ​ងារ​របស់​យើង ដែល​ត្រូវផ្តោត​ការយកចិត្តទុកដាក់​លើ​អ្វីដែល​គេ​ឱ្យ​ឈ្មោះថា Smart City ព្រោះ​ទីក្រុង​បែប​ឆ្លាត​វៃ​នេះ​ទាមទារ​ការគិតគូរ​ច្រើនណាស់ ដើម្បី​សម្រេចបាន​នូវ​ស្តង់ដារ​ទីក្រុង​មួយ​ដែលមាន​ភាព​ទាក់ទាញ និង​ផ្តល់​ភាពសុខសាន្ត​ដល់​ប្រជាពលរដ្ឋ។

    លោក​បានបន្តថា ការសាងសង់​អគារ​ត្រួវ​តែ​ធ្វើឡើង​ដោយមាន​ទីធ្លា​បៃតង កន្លែង​លេង​កម្សាន្ត ការទាញយក​ពន្លឺព្រះអាទិត្យ​មក​ប្រើ​ជំនួស ឬ​កាត់បន្ថយ​ការប្រើប្រាស់​ថាមពល​អគ្គិសនី ការដាំ​ដើមឈើ​ក្នុង​អគារ និង​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​ជាដើម។ ទាំងអស់នេះ​សុទ្ធតែជា​រឿង​ចាំបាច់ ដើម្បី​ធានា​និរន្តរភាព​នៃ​ការអភិវឌ្ឍ ដោយ​ត្រូវគោរព​នូវ​ពាក្យស្លោក​ដែលថា ការអភិវឌ្ឍ​ត្រូវ​ដើរ​ទន្ទឹមគ្នា​នឹង​ការអភិរក្ស៕

  • អ្នកគាំទ្រក្ដុកក្ដួល !! ខេមរៈ ស្រីពៅ កំពុងវះកាត់ដ៏គ្រោះថ្នាក់មួយ

    អ្នកគាំទ្រក្ដុកក្ដួល !! ខេមរៈ ស្រីពៅ កំពុងវះកាត់ដ៏គ្រោះថ្នាក់មួយ

    តាមរយៈបណ្ដាញសង្គមហ្វេប៊ុករបស់កំពូលតារាចម្រៀង លោកខេមរៈ សិរីមន្ត បានបង្ហោះរូបភាពប្អូនស្រីខ្លួន កញ្ញាខេមរៈ ស្រីពៅ កំពុងមានបញ្ហាជម្ងឺធ្ងន់ធ្ងរ និងកំពុងដេកសម្រាកព្យាបាលនៅលើគ្រែ កំពុងតែត្រៀមវះកាត់ជំងឺគ្រោះថ្នាក់មួយ។

    បន្ថែមពីការរៀបរាប់ពីស្ថានភាពជម្ងឺរបស់ប្អូនស្រីរបស់លោក លោកខេមរៈ សិរីមន្ត បានបន្តសរសេរៀបរាប់ក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា៖ «ជាច្រើនឆ្នាំមកនេះប្អូនស្រីដ៏កម្សត់ម្នាក់នេះ មិនដែលចង់ឃើញ Fan ដែលគាំទ្រគាត់ពិបាកចិត្ត ព្រោះតែស្ថានភាពជំងឺរបស់គាត់ឡើយ គាត់ចង់ឃើញFan គាត់រីករាយគ្រប់ពេលវេលា តែក្នុងនាមខ្ញុំជាបងប្រុសរបស់គាត់ ចង់ប្រាប់បងប្អូនទាំងអស់គ្នាថានៅពេលខាងមុខនេះគាត់ត្រូវឆ្លងកាត់ការវះកាត់ដ៏គ្រោះថ្នាក់មួយ ខ្ញុំជាបងប្រុសជូនពរប្អូនឲ្យ ឆ្លងផុតពេលវេលាដ៏លំបាកនេះ បើបងប្អូនស្រលាញ់ និងគាំទ្រគាត់សូមជូនពរគាត់ឲ្យឆ្លងផុតគ្រោះនេះផង ដើម្បីគាត់មានសុខភាពល្អមកបំពេញការងារសិល្បៈវិញណា»។

    បន្ទាប់ពីបានអាចសារមួយនេះហើយ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនសម្តែងសេចក្តីអាណិតក្តុកក្តួល និងរន្ធត់ចិត្តជាខ្លាំង ដោយមិននឹកស្មានថានាងខំលាក់បាំងអ្នកគាំទ្រ ទាំងដែលខ្លួនមានជំងឺយ៉ាងធ្ងន់ធ្ងរបែបនេះ មិនអាចចូលសិល្បៈបាន។ សូមជម្រាបផងដែរថា មានអ្នកគាំទ្រជាច្រើននាក់ បានបួងសួង និងជូនពរតារាស្រីឱ្យឆាប់ជាសះស្បើយ៕

  • ឈុតតំណាងជាតិរបស់កញ្ញាឯកផែនដី «មាតាធម្មជាតិ» រចនាដកស្រង់ចេញពីទម្រង់នៃរូបចម្លាក់

    ឈុតតំណាងជាតិរបស់កញ្ញាឯកផែនដី «មាតាធម្មជាតិ» រចនាដកស្រង់ចេញពីទម្រង់នៃរូបចម្លាក់

    តាមរយៈទំព័ររបស់ បវកញ្ញាផែនដី ឬ Miss Earth Cambodia បានឱ្យដឹងថា ឈុតសម្លៀកបំពាក់ប្រពៃណីជាតិរបស់កញ្ញាឯកផែនដីកម្ពុជា 2018 កញ្ញា កែវ សេងលីហួរ បានបង្ហាញរូបរាង និងត្រៀមខ្លួនទៅបង្ហាញនៅលើឆាកអន្ដរជាតិហើយ។

    ប្រភពដដែលបានបន្ដថា ទម្រង់បែបបទនៃការរចនាសម្លៀកបំពាក់ប្រពៃណីជាតិដ៏ប្រណិតនេះ ត្រូវបានរចនាឡើងដោយ Madam Botiques Amy ក្រោមប្រធានបទ “មាតាធម្មជាតិ”។ ការរចនាត្រូវបានគ្របដណ្តប់នូវអត្ថន័យដ៏ជ្រាលជ្រៅ ដែលផ្តោតសំខាន់ទៅលើ និមិត្តរូបនៃក្តីសង្ឃឹម និង ការគោរពរបស់មនុស្សទូទាំងសកល។

    ឈុតសម្លៀកបំពាក់ដ៏ល្អប្រណិតនេះ ត្រូវបានបំផុសគំនិតដកស្រង់ចេញពីទម្រង់នៃរូបចម្លាក់ ដែលត្រូវបានចារលើផ្ទាំងសិលានៃប្រសាទដ៏ល្បីល្បាញរបស់ព្រះរាជាណាចក្រកម្ពុជា។ រួមបញ្ជូលជាមួយនិងទ្រង់ទ្រាយក្បូរក្បាច់ដ៏ល្អអនេកនៃដើមឈើ ដែលត្រូវបានចារឆ្លាក់លើប្រាសាទអង្គរវត្ត ក៏ដូចជាទម្រង់នៃការរចនាតាំងពី ក្រោយសម័យអង្គរ សតវត្សន៍ទី15​ បួករួមជាមួយគំនិតច្នៃប្រឌិត សហ័ស្សសម័យនៃស្នាដៃកូនខ្មែរនាពេលបច្ចុប្បន្ននេះ បង្កើតចេញជាឈុត “មាតាធម្មជាតិ” នេះឡើង។

    គួរបញ្ជាក់ដែរថា បែនផែននៃការរចនាត្រូវបានប្រើប្រាស់នូវគំនិតកែច្នៃចេញពីវត្ថុធាតុដើមក្នុងស្រុក ដែលមានដូចជាសំពត់សូត្រ ផាមួង រួមជាមួយនិងការរចនាធ្វើដោយ ខ្មុក ដែលជាស្នាដៃរចនារបស់កូនខ្មែរយើងដែលមានជំនាញច្បាស់លាស់៕

  • ងិន ម៉ានីយ៉ា ចេញមុខប្រតិកម្មចំពោះព័ត៌មានកូនស្រី

    ងិន ម៉ានីយ៉ា ចេញមុខប្រតិកម្មចំពោះព័ត៌មានកូនស្រី

    ព័ត៌មានរូបភាពសិចស៊ីរបស់អតីត Freshie កញ្ញា ថៃ នារីសុជាតា (Fi yata) កូនស្រីលោកអនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងអ្នកស្រី ងិន ម៉ានីយ៉ា គេមើលឃើញថាកំពុងផ្ទុះកក្រើករឿងអាស្រូវសិចស៊ីបង្ហាញសាច់សខ្ចីពាសពេញបណ្ដាញសង្គម ស្របពេលដែរលោក ថៃ នរៈសត្យា បានចេញវិធានការពិន័យចំពោះតារាសិចស៊ីលើបណ្ដាញសង្គម។ យ៉ាងណាមិញ ក្រោយមានេព័ត៌មានអាស្រូវដល់កូនស្រីរបស់ខ្លួន អ្នកស្រី ងិន ម៉ានីយ៉ា បានបង្ហោះសារឆ្លើយតបទៅកាន់ពាក្យរិះគន់ ដោយអ្នកស្រីបានសរសេរថា៖

    “សួស្ដីថ្ងៃសៅរ៍ទី29.09.2018 សួស្តីបងប្អូនប្រិយមិត្តទាំងអស់នៅក្នុងប្រទេសកម្ពុជានិងនៅក្រៅប្រទេសជាទីគោរពរាប់អាន ប៉ុន្មានថ្ងៃនេះខ្ញុំដូចជាឃើញគេជេរកូនខ្ញុំមិនចេះឆ្អែតសោះ។ អញ្ចឹងបានជាថាអំពើល្អគេមើលមិនសូវឃើញតែបើអំពើមិនគប្បីម្នាក់ម្នាក់ Share ដាច់ដៃចោល ហាហា មានទាំងអ្នកឆ្លៀតឱកាសតែៗស្ករៗអ្នកមិនដឹងខ្យល់អីក៏ត្រដរ Comment ដែរ។ តើអំពើល្អពួកអ្នកឯងដែលគាំទ្រដល់ថ្នាក់ហ្នឹងទេ? មានចាំក្មេងស្រីម្នាក់នេះទេ នៅពេលដែលតារាថៃផុសរូបកម្ពុជាអាក្រក់ មើលងាយកម្ពុជា។ តើមានអ្នកណាចេញមុខតតាំងឈ្លោះយកកិត្តិយសឲ្យប្រទេសកម្ពុជាមកវិញបាន ទាំងខ្លួនឯងកំពុងរស់នៅប្រទេសគេ តើពួកអ្នកមានដែល ផ្ដល់កម្លាំងចិត្តផ្ដល់កិត្តិយសដល់ក្មេងស្រីម្នាក់នេះទេ? គឺតិចណាស់ៗព័ត៌មានក្នុងស្រុកចុះផ្សាយ។ ពេលដែលកូនខ្ញុំត្រឡប់មកវិញពួកអ្នកឯងមានបានទៅអរសាទរនាងទេក្រៅពីខ្ញុំនិងគ្រួសារខ្ញុំប៉ុន្មាននាក់នេះ?ហើយខ្ញុំចង់សួរថាតើពួកអ្នកមានបើកភ្នែកមើលទេនេះកូនខ្ញុំស្លៀកហូលផាមួងទៅសំពះលោកនៅវត្តមានយកមកចុះផ្សាយទេ? តែសម្រាប់កូនខ្ញុំស្លៀកឈុតងូតទឹកនៅមាត់សមុទ្រ បែរជាអ្នកឯងយកមកចុះផ្សាយព្រោងព្រាត?ដើម្បីតែផលប្រយោជន៍ពួកអ្នកឯងហ៊ានវាយប្រហារក្មេងស្រីម្នាក់តើក្នុងក្បាលមានខួរជាមនុស្សទេ?

    ខ្ញុំក៏អ្នកកាសែត សារព័ត៌មានម្នាក់ដែរតាំងពីពួកអ្នកឯងមិនទាន់កើតក្បាលមកម្ល៉េះ ពួកអ្នកឯងស្គាល់ ជំនាន់កាសែត 4 ទំព័រសខ្មៅ 2 សន្លឹកនោះទេ?? មានឈ្មោះថាភ្នំពេញថ្មី មិនស្គាល់ទេ ព្រោះអ្នកឯងមិនទាន់កើតមកនៅឡើយមែនទេ? ខ្ញុំស្គាល់វិជ្ជាជីវៈនេះច្បាស់លាស់ណាស់ ហើយក៏មិនយកវិជ្ជាជីវៈនេះទៅជាន់ឈ្លីនរណាម្នាក់ដើម្បីជាផលប្រយោជន៍ ខ្លួនឯងដែរហើយគ្រួសារមួយនេះក៏បានជួយប្រទេសនេះច្រើនដែរ។ សូមកុំឱ្យក្មេងមានអារម្មណ៍ថាស្អប់ប្រទេសខ្លួនឯងស្អប់ប្រជាជនខ្លួនឯងស្អប់ជាតិសាសន៍ខ្លួនឯង។ មានអ្នកខ្លះឆ្លៀតឱកាសពេលនេះសងសឹកនិង share សរសេរពាក្យបញ្ឈឺបញ្ឆិតបញ្ឆៀងព្រោះតែពួកគេធ្វើមិនបានផលប្រយោជន៍ពីកូនខ្ញុំ បោកក្មេងមិនបានមែនទេមនុស្សចាស់? ហើយមានអ្នកខ្លះថា កូនខ្ញុំមានកូនអត់ប្តី? អញ្ចឹងបានន័យថាអ្នកឯងមិនស្គាល់គ្រួសារខ្ញុំច្បាស់នៅឡើយទេកុំប្រកាច់ចេញមុខនិយាយផ្ដេសផ្ដាស កូនខ្ញុំរៀបការក្រាបក្បាលដល់កន្ទេលត្រឹមត្រូវ ទទួលភ្ញៀវ 100 តុនៅកោះពេជ្រគិតតែខ្លួនឯងវិញទៅសងគុណឪពុកម្ដាយហើយឬនៅតិចផើមអត់ប្ដីណា ហាហា។ អ្វីដែលចង់និយាយគឺមានច្រើនទៀតប៉ុន្តែខ្ញុំគិតថានិយាយត្រឹមប៉ុណ្ណេះសិនបានហើយចាំមើលបន្តទៀតបងប្អូនតើមានអ្វីន្លះទៀតខ្ញុំតបស្នងវិញទេ? អរគុណនិងស្វាគមន៍ចំពោះការ Like & Share Comment របស់បងប្អូន”៕

  • តារាសិល្បៈ ចុះចែកសម្ភារៈសិក្សាច្រើនពាន់ដុល្លារ ដល់សាលាដាច់ស្រយាលមួយ

    តារាសិល្បៈ ចុះចែកសម្ភារៈសិក្សាច្រើនពាន់ដុល្លារ ដល់សាលាដាច់ស្រយាលមួយ

    បើទោះស្ថានភាពផ្លូវឆ្ងាយ និងពិបាក តែក្រុមតារាមហាហង្ស រួមមានអ្នកនាង ភិន សុដាលីស លោក អូន ឧស្សាហ៍ លោក ភឹម តារាវិបុល លោកសួន រ៉ានីរ៉ាស៊ីនី និងក្រុមការងារផលិត ក្រោមការកដឹកនាំរបស់លោក អ៊ិន សុភិន នៅតែបានទៅដល់ទីតាំងចែកអំណោយដែលស្ថិតនៅភូមិតាម៉ៅ ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម តាមការគ្រោងទុក នៅពីថ្ងៃទី29 កញ្ញា ដើម្បីទៅប្រគល់ជូននូវតុកៅអី និងសម្ភារៈសិក្សា ជូនដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស។ នេះជាការផ្ដល់ជូននូវអំណោយជាទ្រង់ទ្រាយធំ ដែលជាមូលនិធិរបស់ក្រុមមហាងហង្ស ជូនដល់សហគមន៍ដាច់ស្រយាល ប៉ុន្តែមិនមែនជាលើកទីមួយនោះទេ។

    លោក អ៊ិន សុភិន និយាយថា ដោយសារតែមានសំណើរពីខាងសហគមន៍ដោយផ្ទាល់ សុំឱ្យផលិតកម្មមហាហង្សជួយបំពេញកង្វះខាតដល់សាលាបឋមសិក្សាតាម៉ៅ ដែលស្ថិតនៅភូមិឃុំខាងលើ ទើបលោក និងក្រុមការងារឈានដល់ការប្រគល់ជូននូវកញ្ចប់ថវិកាសម្រាប់ទិញជាតុកៅអី និងសម្ភារៈសិក្សាសរុបទឹកប្រាក់អស់ប្រមាណជាង 4ពាន់ដុល្លារ ដោយរាប់បញ្ចូលទាំងការផ្ដល់ជាអំណោយបន្ថែមនៅថ្ងៃចុះប្រគល់ផ្ទាល់ផង គឺអស់ប្រមាណជា 6ពាន់ដុល្លារ។ ថវិកាដែលបានប្រគល់ជូនជាកញ្ចប់នេះ បានពីការកាត់ផលចំណេញរបស់ផលិតកម្មមហាហង្ស និងមួយផ្នែកតូចបានពីការរួមចំណែកពីតារាសិល្បៈ និងពីសប្បុរសជននានា។ នេះជាលើកទីពីរហើយ ដែលមូលនិធិរបស់ផលិតកម្មមហាហង្សបានធ្វើអំណោយជាទ្រង់ទ្រាយច្រើនពាន់ដុល្លារក្នុងកិច្ចការសង្គម បន្ទាប់ពីលើកទីមួយ ក៏បានផ្ដល់ជូនដល់មណ្ឌលកុមារកំព្រាមួយកន្លែង។ យ៉ាងណាមិញ លោកថាខ្លួននឹងមានគម្រោងជួយដល់សាលាបឋមសិក្សាតាម៉ៅ បន្តទៀត ដើម្បីសម្រួលដល់ការលំបាកដែលសាលាជួបប្រទះ។

    អ្នកនាង ភិន សុដាលីស និយាយថា ជាលើកទីមួយ ដែលអ្នកនាងបានបង្ហាញខ្លួនប្រគល់អំណោយមកកាន់តំបន់ដាច់ស្រយាល ហើយបានបានជួបជាមួយនឹងក្មេងៗដោយផ្ទាល់នៅក្នុងសហគមន៍។ តំបន់ដែលអ្នកនាងបានទៅដល់នេះ មានចម្ងាយឆ្ងាយពីទីប្រជុំជនយ៉ាងខ្លាំង ទើបអ្នកនាងសម្ដែងក្ដីបារម្ភ ប្រសិនបើក្មេងៗបានបញ្ចប់ការសិក្សាថ្នាក់ទី6ហើយ ហើយមិនមានលទ្ធភាពអាចទៅបន្តការសិក្សានៅទីរួមខេត្ត ដោយសារតែជីវភាព។ អ្នកនាងថាបើក្នុងតំបន់នោះ មានការអភិវឌ្ឍន៍អោយមានអនុវិទ្យាល័យ និងវិទ្យាល័យតែម្ដង នោះទើបជាការប្រសើរសម្រាប់ក្មេងៗ ដែលខ្វះលទ្ធភាពហើយមិនត្រូវការចេញឆ្ងាយពីតំបន់ដែលខ្លួនរស់នៅ។

    បន្ថែមពីការប្រគល់តុកៅអី និងចែកជូននូវសម្ភារៈសិក្សាដល់លោកគ្រូអ្នកគ្រូ និងសិស្សក្មេងៗជាង200នាក់ ក្រុមតារាមហាហង្ស ក៏បាននិយាយលេងធ្វើឱ្យក្មេងៗបានសើចសប្បាយផងដែរ៕

  • ចិញ្ចឹម​គោ​យក​ទឹកដោះ ទទួលបាន​ប្រាក់ចំណេញ​ច្រើនជាង​ចិញ្ចឹម​គោ​យក​សាច់

    ចិញ្ចឹម​គោ​យក​ទឹកដោះ ទទួលបាន​ប្រាក់ចំណេញ​ច្រើនជាង​ចិញ្ចឹម​គោ​យក​សាច់

    ការប្រកប​របរ​កសិក​ម្ម ឬ​ការ​ចិញ្ចឹមសត្វ ទាមទារ​ឱ្យ​កសិករ​មាន​បច្ចេកទេស និង​ចេះ​បត់បែន​តាម​ទីផ្សារ ទើប​ទទួលបាន​ជោគជ័យ​លើ​ការងារ​របស់ខ្លួន។ ឧទាហរណ៍​ដូចជា​កសិករ​ម្នាក់ ដោយ​មើលឃើញថា ទឹកដោះគោ​ស្រស់​មាន​តម្រូវការ​កាន់តែច្រើនឡើងៗ នៅលើ​ទីផ្សារ បានធ្វើឱ្យ​គ្រួសារ​គាត់​ផ្អាក​ចិញ្ចឹម​គោ​យក​សាច់ ហើយ​ងាក​មក​ចិញ្ចឹម​គោ​យក​ទឹកដោះ​វិញ​ម្តង ដោយ​ទទួលបាន​ប្រាក់ចំណេញ​កើនឡើង​ទ្វេដង។

    លោកពូ យុន វុត្ថា កសិករ​ចិញ្ចឹម​គោ​យក​ទឹកដោះ​នៅក្នុង​ភូមិ​កោះក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​មានប្រសាសន៍ថា គ្រួសារ​លោកពូ​បាន​ចាប់យក​របរ​ថ្មី​តាមរយៈ​ការចិញ្ចឹម​គោ​យក​ទឹកដោះ​នេះ​អស់​រយៈពេល 5ឆ្នាំ​មកហើយ ដែល​ធ្វើឱ្យ​ជីវភាព​បាន​ធូរធារ​ច្រើន រហូត​អាច​ផ្គត់ផ្គង់​កូន​ឱ្យ​រៀន​បាន​ខ្ពស់គ្រប់ៗគ្នា ហើយ​ថែមទាំង​សន្សំ​ប្រាក់​សង់ផ្ទះ​វីឡា​ស្រស់ស្អាត​មួយ​សម្រាប់​រស់នៅ​ទៀតផង។

    លោក​ពូមានប្រសាសន៍ថា ដើមឡើយ​លោក​បាន​ទិញ​គោ​ញី​ចំនួន 1ក្បាល​ពី​អង្គ​ការដែល​គេ​ចិញ្ចឹម​នៅក្បែរ​ផ្ទះ​ក្នុងតម្លៃ 1,500ដុល្លារ ហើយ​បាន​យកមក​ចិញ្ចឹម​យក​ទឹកដោះ​សាកល្បង​ដំបូង។ គោមួយ​ក្បាល​នោះ​មានកូន​មួយ​រួចហើយ ហើយ​ត្រូវបាន​ម្ចាស់​ដើម(អង្គការ)កំពុង​ចិញ្ចឹម​យក​ទឹកដោះ​ស្រាប់​ផងដែរ។ លុះ​ពេល​ចិញ្ចឹម​ទៅ និង​អនុវត្តតាម​ការណែនាំរ​បស់​មន្ត្រី​ជំនាញ​អង្គការ​នោះ លោក​ក៏​ទទួលបាន​ជោគជ័យ ដោយ​ទទួលបាន​ផល​ទឹកដោះគោ​ស្រស់​លក់​រាល់ថ្ងៃ ហើយ​ខិតខំ​ចិញ្ចឹម​បន្ត​យក​ទឹកដោះគោ​ស្រស់​បណ្តើរ ថែបំប៉ន​ឱ្យ​វា​បង្កើតកូន​ឱ្យបាន​កាន់តែច្រើន​បន្ថែមបណ្តើរៗទៀត រហូតដល់​បាន​ចំនួន 10ក្បាល​មកទល់​សព្វ​ថៃ្ង ដោយ​ក្នុងនោះ​មាន​ញី 9ក្បាល និង​គោ​ឈ្មោល​បង្កាត់​ពូជ​តែ 1ក្បាល​ប៉ុណ្ណោះ។

    លោក​ថា ការចិញ្ចឹម​គោ​យក​ទឹកដោះ​មាន​ភាពងាយស្រួល​ដូច​ការចិញ្ចឹម​យក​សាច់​ដែរ ប៉ុន្តែ​គ្រាន់តែ​ត្រូវ​ចំណាយ​ប្រាក់​ទិញ​កន្ទក់​អង្ករ និង​កន្ទក់​ពោត​សម្រាប់​ឱ្យ​វា​ស៊ី​ប្រចាំថ្ងៃ ដើម្បី​បំប៉នកម្លាំង​របស់​វា។​ ក្នុង​មួយថ្ងៃ​គោមួយ​ក្បាល​ត្រូវ​ស៊ី​កន្ទក់​អង្ករ​អស់ 2គីឡូក្រាម សម្រាប់​ជំនួយ​សាច់ និង​ស៊ី​កន្ទក់​ពោត2គីឡូក្រាម​ផងដែរ​ដើម្បី​ជំនួយ​ឱ្យ​វា​មាន​ទឹកដោះ​ច្រើន ដោយ​សរុប​ប្រាក់​ចំណាយ​អស់​ប្រមាណ​ជា2ដុល្លារ​ក្នុង​មួយថ្ងៃ ប៉ុន្តែ​វា​អាច​ផ្តល់​ផល​ទឹកដោះ​មកវិញ​ច្រើន​ដែរ ដោយ​ក្នុង​មួយ​ក្បាល​ផ្តល់​ទឹកដោះស្រស់​ចំនួន 8លីត្រ​ជា​រៀងរាល់ថ្ងៃ ដែលមាន​ម៉ូ​យមក​ទិញ​ជាប្រចាំ​រាល់ថ្ងៃ​ដូចគ្នា ដោយ​លក់​បោះ​ដុំ​ក្នុង​មួយ​លីត្រ​ថ្លៃ 1ដុល្លារ ប៉ុន្តែ​បើ​លក់រាយ​មួយ​លីត្រ​ថ្លៃ 1.5ដុល្លារ ហើយ​មាន​ប៉ុន្មាន​ក៏​ម៉ូយ​យក​ទាំងអស់​ដែរ។

    លោកពូ យុន វុត្ថា និងគ្រួសារ

    លោក​ពូបានបន្តថា បច្ចុប្បន្ន​គ្រួសារ​លោក​ពូផលិត​ទឹកដោះគោ​មិនសូវ​បាន​ច្រើន​ទេ ដោយសារ​មាន​គោ​ចំនួន​តែ 4ក្បាល​ប៉ុណ្ណោះ​ដែល​ផ្តល់​ទឹកដោះ​ប្រចាំថ្ងៃ គោ​មួយចំនួនទៀត​ទើបនឹង​កើត​បាន​ជាង​មួយឆ្នាំ ដូច្នេះ​វា​មិនទាន់​អាច​ផ្តល់​ទឹកដោះ​បានឡើយ​ទើប​ជាហេតុ​ធ្វើឱ្យ​ការផ្គត់ផ្គង់​ទឹកដោះគោ​មិនមាន​ភាពទូលំទូលាយ​នៅលើ​ទីផ្សារ បានត្រឹមតែ​លក់​ឱ្យ​ម៉ូយ​តែ​ម្នាក់​ប៉ុណ្ណោះ នៅ​ផ្សា​របឹង​កេងកង​សម្រាប់​យក​ចែកចាយ​បន្ត និង​មួយចំនួនទៀត​លក់​ឱ្យ​អ្នក​ស្គាល់គ្នា នៅក្នុង​ភូមិ ឬ​អ្នក​ភ្នំពេញ​មក​ទិញ​ទុក​ហូប​ប្រចាំ​គ្រួសារ​របស់គេ សម្រាប់​ជំនួយ​កម្លាំង​ពិសេស​ជំនួយ​ដល់​ការលូតលាស់​ឆ្អឹង និង​ធ្វើឱ្យ​ឆ្អឹង​ឱ្យ​កាន់តែ​រឹងមាំ។

    សម្រាប់​គោ​បង្កាត់​ពូជ​មកពី​ក្រៅប្រទេស​នេះ វា​មាន​សមត្ថភាព​ផ្តល់​ទឹកដោះ​បាន​ចំនួន 10ខែ​ក្នុង​មួយឆ្នាំ ដោយ​គិត​ចាប់ពី​វា​បង្កើតកូន​បាន​មួយខែ​កន្លះគេ​អាច​ច្របាច់​យក​ទឹកដោះ​រហូតដល់ 5ខែក្រោយហើយ​គេ​យក​វា​ទៅ​ដាក់​បា​សាជាថ្មី តែ​នៅតែ​អាច​ច្របាច់​យក​ទឹកដោះ​បន្តបាន 5ខែ​ទៀត​ទើប​ឈប់ដើម្បីឱ្យ​វា​ផលិត​ទឹកដោះ​ឱ្យបាន​ច្រើន​ទុក​ចិញ្ចឹម​កូន​ក្នុង​ពោះ​របស់​វា​ម្តង និង​រហូត​ទាល់តែ​វា​បង្កើតកូន​បាន​មួយខែ​កន្លះ​ម្ដងទៀត​ទើប​គេ​ចាប់ផ្តើម​ច្របាច់​យក​ទឹកដោះ​សាជាថ្មី។ កសិករ​ខាងលើ​បន្តថា សម្រាប់​ការចិញ្ចឹម​គោ​ជា​លក្ខណៈ​គ្រួសារ​នេះ​គេ​មិនចាំបាច់​ប្រើ​ប​ចេ្ច​ក​ទេស ឬ​ម៉ាស៊ីន​ច្របាច់​យក​ទឹកដោះ ដូច​កសិក​ដ្ឋា​នធំៗនោះទេ គឺ​គ្រាន់តែ​យកដៃ​ច្របាច់​បាន​ហើយ ប៉ុន្តែ​ត្រូវ​លាង​សម្អាត​ជាមុន​ដែរដោយ​ត្រូវ​សម្អាត​ទាំង​ដៃ​មនុស្ស សម្អាត​ទាំង​ដោះ​គោ ដើម្បី​ធានាថា វា​គ្មាន​មេរោគ​ឆ្លង​ទៅដល់​អ្នក​បរិភោគ។ សម្រាប់​អ្នក​បរិភោគ​ភាគច្រើន គេ​យកទៅ​ក្លាសេ​្សឱ្យ​ត្រជាក់​ហើយ​ទើប​ហូប ខ្លះទៀត​យកទៅ​ស្ទី​ម​ឱ្យ​ឆ្អិន​ជាមុនសិន​ទើប​ហូប​ជា​ក្រោយ ប៉ុន្តែ​យក​ល្អ គួរ​យកទៅ​ក្លាសេ​្សឱ្យ​ត្រជាក់​បាន​ហើយ ទើប​វា​នៅ​រក្សា​គុណភាព​ល្អ និង​ផ្តល់​វីតាមីន​បាន​ខ្ពស់។

    លោកពូ វុត្ថា បាន​បន្ថែមទៀតថា ដោយសារ​គោ​ពូជ​ថ្មី​ដែល​គេ​យក​ពី​ស្រុក​ក្រៅ​មក​បង្កាត់​ជាមួយ​ពូជ​គោ​ក្នុងស្រុក​នេះ​អាចមាន​សមត្ថភាព​ផ្តល់​ទឹកដោះ​រាល់ថ្ងៃ ហើយ​អាច​លក់​សាច់​បាន​ទៀត​នៅពេលដែល​វាចា​ស់​ទៅ។ នៅពេល​គោ​ចាប់ផ្តើម​ដោយ​ឈ្មោល​ដំបូង គឺ​វា​អាច​ផ្តល់​ទឹកដោះ​បាន​ហើយ តែ​នៅបាន​ចំនួន​តិច​នៅឡើយ លុះដល់​វា​បានកូន2 ទើប​វា​មាន​ទឹកដោះ​ពេញលេញ ដោយ​គោមួយ​ក្បាល​អាច​ផ្តល់​ទឹកដោះ​បាន 8លីត្រ ព្រឹក 4លីត្រ និង​ល្ងាច 4លីត្រ​ហើយ​ផ្តល់​ទឹកដោះ​ឱ្យ​រហូតដល់​វា​កូន​លើក​ទី5 ឬ​កូន​ទី6 ទើប​វា​ថយ​ទឹកដោះ​ទៅវិញបណ្តើៗ នៅពេល​នោះគេ​អាច​លក់​វា​ចេញទៅ​ឱ្យ​ម៉ូយ​ដែល​ទិញ​យកទៅ​កាប់សាច់​លក់បាន​ហើយ។

    លោកពូ​បាន​រំឭក​ឱ្យដឹងថា ដើមឡើយ​លោកពូ​ជា​អ្នករត់ម៉ូតូឌុប រក​ចំណូល​សឹងតែ​មិន​គ្រប់​ការចំណាយ​ប្រចាំថ្ងៃ​ផង ហើយ​ដោយសារ​ការចិញ្ចឹម​គោ​យក​ទឹកដោះ​នេះហើយ​ទើប​ធ្វើឱ្យ​គ្រួសារ​បាន​ធូរធារ​ពង្រីក​មុខរប​រ​បន្ថែម ដូចជា​ដាំ​ផ្កា​រាសី ដាំ​ត្របែក​លក់ និង​ចិញ្ចឹម​ជ្រូក​នៅក្បែរ​ផ្ទះ​ថែមទៀត​ដែល​អាច​រកចំណូលបាន​ច្រើន​គួរសម​ជាប្រចាំ មានលទ្ធភាព​ផ្គត់ផ្គង់​ការសិក្សា​កូន​រហូតដល់​រៀន​ចប់​បាក់​ឌុប និង​ចប់​មហាវិទ្យាល័យ មានការ​ងារ​ធ្វើខ្លះៗហើយ និង​ថែមទាំង​សន្សំ​លុយ​ធ្វើ​ផ្ទះ​វីឡា​បាន​នៅ​ថែមទៀត ហើយ​លោកពូ​រំពឹងថា ទៅ​ថ្ងៃ​ខាងមុខ​គ្រួសារ​លោកពូ​នឹង​នៅតែ​ចិញ្ចឹម​គោ​យក​ទឹកដោះ​លក់​ឱ្យបាន​កាន់តែច្រើន​ថែមទៀត ដើម្បី​បន្ថែម​ចំណូល​ឱ្យបាន​កាន់តែច្រើន​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ក្នុង​គ្រួសារ​ឱ្យ​កាន់តែ​ប្រសើរឡើងទៀត៕

  • កត្តាអ្វីខ្លះដែលធ្វើឱ្យមនុស្សមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ?

    កត្តាអ្វីខ្លះដែលធ្វើឱ្យមនុស្សមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ?

    ដោយសារតែការអប់រំ​នៅមានកម្រិតប្រជាជនកម្ពុជាត្រូវរស់នៅក្នុងសង្គមដែលហ៊ុមព័ទ្ធដោយបញ្ហាប្រឈមជាច្រើន​ មិនថា​ការសិក្សា ការធ្វើការងារ ការរកស៊ី ទំនាក់ទំនងក្នុងសង្គម ស្នេហា គ្រួសារ ឬ​ការប្រើប្រាស់បច្ចេកវិទ្យាសុទ្ធតែអាចបង្កបញ្ហាស្មុគ្រស្មាញ​ដែលនាំឱ្យមានវិបត្តិផ្លូវចិត្ត។

    លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត យឹម សុបុត្រាឯកទេសវិកលវិទ្យា ប្រធានផ្នែក​ជំងឺផ្លូវចិត្ត និងបំពានដោយគ្រឿងញៀន នៃមន្ទីរពេទ្យ​មិត្តភាពកម្ពុជាសូវៀតបានលើកឡើងថា មានបញ្ហាច្រើនណាស់ក្នុងការរស់នៅដែល​សុទ្ធតែនាំឱ្យមាន​ជំងឺផ្លូវចិត្ត។ ពេលខ្លះទម្លាប់នៃការរស់នៅ​ងាយៗប្រចាំថ្ងៃ​ ដែលយើងធ្លាប់ធ្វើដោយមិនដឹងខ្លួន សុទ្ធតែជាកត្តាដែលរុញច្រាន​ឱ្យមានជំងឺផ្លូវចិត្ត ឬ​បញ្ហាធ្លាក់ទឹកចិត្តបាន។ កត្តាទាំងអស់នេះអាចធ្វើឱ្យប៉ះពាល់ដល់ការរស់នៅ ការធ្វើការងារ ការធ្វើអាជីវកម្ម និង​អាចឈានរហូតដល់​ក្លាយជាវិកលចរិត ឬសម្លាប់ខ្លួន​ថែមទៀតផង។ កត្តាសំខាន់ទី1 ដែលនាំឱ្យមានជំងឺផ្លូវចិត្តគឺ កត្តាសង្គមសាស្រ្ត ដែលកត្តានេះកើតចេញពីចំណុចខាងក្រៅខ្លួន មួយចំនួនដូចជា ការច្រណែន​នៅពេលអាណាព្យាបាល​មិន​បាន​ទិញ​សម្ភារឱ្យស្មើគ្នា ការបាត់បង់លុយកាក់​ពីការរកស៊ី ឬបាត់បង់ឱកាស​ល្អណាមួយ។

    លោកវេជ្ជបណ្ឌិត យឹម សុបុត្រា បាននិយាយថា៖ “មានអ្នកខ្លះបាត់បង់លុយ​កាក់តិចតួច តែគាត់​បែរជាសម្លាប់ខ្លួន។ កត្តានេះមកពីគិតរឿងលុយកាក់តិចតួចនោះសំខាន់ខ្លាំងសម្រាប់ជីវិតគាត់។ ហេតុនេះ​នៅពេលដែលគាត់គ្រប់គ្រងផ្លូវចិត្តមិនបានល្អ​ គាត់អាចនឹងប្រឈមបញ្ហាផ្លូវចិត្តខ្ពស់ ហើយធ្វើឱ្យជីវិតគាត់មានបញ្ហា”។

    អ្នកជំនាញចិត្តសាស្រ្តខាងលើបានលើកឡើងផងដែរថា បញ្ហាសង្គមមួយចំនួនទៀតដែលហួសពីការស្មានរបស់យើងក៏អាចធ្វើឱ្យយើងក្លាយជាមនុស្សមានបញ្ហាផ្លូវចិត្តដែរ ដូចជាបញ្ហាគ្រោះធម្មជាតិដែលបានបំផ្លេចបំផ្លាញដល់លំនៅឋាន ឬទ្រព្យសម្បត្តិ និងបញ្ហាសង្គ្រាម​ ឬវិបត្តិសង្គមផ្សេងៗផងដែរ។ កត្តាសំខាន់ទី2 ដែលនាំឱ្យ​មានបញ្ហាផ្លូវចិត្តគឺ កត្តាជីវសាស្រ្ត ហើយកត្តានេះត្រូវបានបែងចែកជា2ប្រភេទផងដែរ គឺកត្តាជីវសាស្រ្តខាងក្រៅ និងកត្តាជីវសាស្ត្រខាងក្នុងខ្លួន។

    មនុស្សជាច្រើនប្រហែលជាបានឃើញហើយនៅក្នុងបណ្តាញសង្គម Facebook ដែលមានអ្នកខ្លះ​ប្រើប្រាស់គ្រឿងញៀនរហូតដល់វិកលចរិត។ យើងរាល់គ្នាតែងតែហៅគាត់ថា បែកថ្នាំ តែស្ថានភាពពិតប្រាកដ គឺមកពីកត្តាជីវសាស្រ្តដែលកើតចេញពី​ធាតុពុលនៅក្នុងគ្រឿងញៀន​ទៅបំពុលខួរក្បាល​យើងធ្វើឱ្យបាត់បង់ស្មារតី។ ចំណែកឯអ្នកខ្លះ​ទៀត​ផឹកស្រារហូតដល់បាត់បង់ស្មារតី​ បង្កគ្រោះថ្នាក់ និងបង្កបញ្ហាជាច្រើនផ្សេងទៀត។ កត្តាទាំងអស់នេះក៏មកពីជាតិពុលនៅក្នុងស្រា​ធ្វើឱ្យខូចខួរក្បាលក៏មានដែរ។

    លោក វេជ្ជបណ្ឌិត យឹម សុបុត្រា បាននិយាយថា៖ “​យើងឃើញហើយមនុស្សមួយចំនួនផឹកស្រាច្រើនលើសកម្រិតនៅតាមសហគមន៍។ ពេលនិយាយទៅគាត់ថា​គាត់ផឹកស្រា​យូរហើយគ្រប់កម្មវិធីមិនដែលឃើញឆ្កួតទេ ហេតុនេះគាត់ក៏បន្តវារហូតដល់ដំណាក់កាលញៀនដែលមិនអាចអត់ផឹកបានគឺត្រូវតែផឹករាល់ថ្ងៃរហូត​ធ្វើឱ្យគាត់​ពុលខ្លាំងទៅជាមានបញ្ហាផ្លូវចិត្តបាន”។

    អ្នកជំនាញចិត្តសាស្រ្តដដែលបានលើកឡើងផងដែរថា កត្តាជីវសាស្ត្រមួយទៀតដែលគ្រប់គ្នានឹកស្មានមិនដល់គឺការប្រើប្រាស់ឱសថ ក៏អាចធ្វើឱ្យយើងក្លាយជាមនុស្សមានបញ្ហាផ្លូវចិត្តដែរ។ ប្រជាជនជាច្រើនចូលចិត្តទិញថ្នាំប្រើដោយមិនបានប្រឹក្សាជាមួយ​គ្រួពេទ្យ ពេលខ្លះគេងមិនលក់គឺតែងទៅទិញ ​ថ្នាំងងុយដេកមកលេបខ្លួនឯង​ជាការស្រេច ព្រោះចំណាយតិច តែបញ្ហានេះយូរៗទៅក៏ធ្វើឱ្យគាត់មានបញ្ហាដែរ។ សារធាតុគីមីនៅក្នុងថ្នាំទាំងអស់នោះអាចធ្វើឱ្យ​ខួរក្បាលមិនមានតុល្យភាព ហើយ​បង្កទៅជាជំងឺបាន។

    ចំពោះសុភាពនារីវិញ បញ្ហាដែលគ្រប់គ្នានឹកស្មានមិនដល់ថាអាចធ្វើឱ្យមានបញ្ហាផ្លូវចិត្តដែរ​ គឺការញាំុតែសម្រកទម្ងន់។ តែប្រភេទនេះប្រសិនបើមានស្តង់ដារផលិតត្រឹមត្រូវមិនមានបញ្ហានោះទេ ​តែប្រសិនបើវាផលិតមិនត្រឹមត្រូវនឹងអាចធ្វើឱ្យបង្កបញ្ហាសម្រាប់ខួរក្បាល។ ផលិតផលតែខ្លះពេលទទួលទានទៅ មិនឃ្លានអាហារ ហើយមិនងងុយដេក បន្ទាប់មក​ក៏ស្រកទម្ងន់ តែបើគិតទៅវាមិនខុសពីសារធាតុ​មេតំហ្វេតាមីនទេ ដែលធ្វើឱ្យមនុស្សមិនឃ្លាន មិនងងុយ ហើយ​ស្រកគីឡូនោះ។ បញ្ហានេះ​គឺជាកត្តាជីវសាស្ត្រយ៉ាងសំខាន់ដែលត្រូវយកចិត្តទុកដាក់ ហើយ​កុំធ្វេសប្រហែសឱ្យសោះ ព្រោះក្នុងខួរក្បាលក្នុងសារធាតុគីមីច្រើនណាស់ ហើយវាមានប្រភេទផ្សេងៗគ្នា។ លោកថា នៅពេលសប្បាយមានខួរក្បាលមានគីមីសប្បាយ​ កើតទុក្ខមានគីមីកើតទុក្ខ ព្រួយបារម្ភមានគីមីប្រភេទផ្សេង ហើយជាឧទាហរណ៍ ប្រសិនបើមនុស្សម្នាក់​ធ្លាក់ទឹកចិត្ត មានន័យថាគាត់ខ្វះជាតិេសរ៉ូតេនីន ហេតុនេះ​គ្រូពេទ្យត្រូវតែប្រើប្រាស់ថ្នាំដើម្បី​បង្កើនសារធាតុ​នេះឡើងវិញឱ្យមានតុល្យភាព។ ទាំងអស់នេះជាកត្តាផ្លូវចិត្តដែលកើតចេញពី​កត្តាខាងក្រៅខ្លួន ចំណែកឯកត្តាក្នុងខ្លួនវិញ គឺអាចបណ្តាលមកពីជំងឺប្រចាំកាយដូចជាជំងឺស្រ្តូក ជំងឺទឹកនោមផ្អែម ឬជំងឺបេះដូងជាដើម។

    លោកវេជ្ជបណ្ឌិត បានសង្កត់ធ្ងន់ថាកត្តាចុងក្រោយដែលនាំឱ្យ​មានបញ្ហាផ្លូវចិត្ត គឺកត្តាចិត្តសាស្រ្តដែល​កើតចេញពីការប្រើប្រាស់​គំនិតរបស់មនុស្សម្នាក់ៗ និងឥរិយាបថនៃការគិតរបស់ពួកគេ។ ជាករណីជាក់ស្តែងប្រសិនបើការសិក្សាមិនល្អ មានវិបត្តិស្នេហា ឬ​មានបញ្ហាផ្សេងៗ​កើតឡើងចំពោះជីវិតគាត់ ហើយគាត់មិនមានទម្លាប់នៃការគិតវិជ្ជមាន ឬ​ស្ថានភាពផ្លូវចិត្តរបស់គាត់មិនរឹងមាំ គាត់អាចនឹងធ្វើឱ្យស្ថានភាពផ្លូវចិត្តធ្លាក់ចុះដុនដាបក្លាយជាវិបត្តិធ្ងន់ធ្ងរបាន៕

  • ទស្សនាចរព្រះវិហារបុរាណ « វត្តឈៀងថង » វិចិត្រកម្មប្រណិតដាច់គេនៅខេត្ត ហ្លួងប្រៈបាង

    ទស្សនាចរព្រះវិហារបុរាណ « វត្តឈៀងថង » វិចិត្រកម្មប្រណិតដាច់គេនៅខេត្ត ហ្លួងប្រៈបាង

    « ពុទ្ធបដិមាមាស » ជាឯកលក្ខណភាពព្រះពុទ្ធរូបសិល្បៈប្រទេសឡាវ ដែលបានកំពុងទាក់ទងភ្ញៀវទេសចរណ៍ជាច្រើននាក់ នាព្រះវិហារបុរាណ វត្តឈៀងថង។

    ជនជាតិឡាវមានជំនឿថា ពុទ្ធបដិមាមាស មួយអង្គនេះ បានអណ្ដែតតាមផ្ទៃទឹកទន្លេមកពីប្រទេសភូមា ទើបបានឱ្យឈ្មោះថា « ប្រៈម៉ាន » មកពីពាក្យ ព្រះ+ភូមា ។ អារាមឈៀងថង គឺជាព្រះវិហារបុរាណដែលជាប់ជាសម្បត្តិបេក្ខភណ្ឌពិភពលោកនៅខេត្ត ហ្លួងប្រៈបាង ព្រោះវត្តនេះ មានវ័យចំណាស់ និងមានវិចិត្រកម្មក្បាច់បិទសន្លឹកទឹកមាស ពេញតួព្រះវិហារយ៉ាងប្រណិតផងដែរ។ រីឯដំបូលមាន 3 ថ្នាក់ ហើយអែនចុះក្រោម ប្រៀបបានដូចទៅនឹងស្លាបបក្សី ដែលជាភាពច្នៃប្រឌិតមិនអាចកាត់ថ្លៃបាន។ គំនូរបុរាណនៅក្នុងព្រះវិហារ សុទ្ធតែបិទដោយសន្លឹកទឹកមាស បានរំលេចនូវពន្លឺមាសពេញក្នុងអារាមតែម្ដង។

    ចង់ដឹងថា ព្រះវិហារបុរាណមួយនេះមានភាពប្រណិតដល់កម្រិតណានោះ សូមទស្សនារូបភាពទាំងអស់នេះ៖

  • ប្រយ័ត្ន!! ជំងឺ​គ្រោះថ្នាក់​អាក្រក់ កើត​ចំពោះ​បុគ្គលិក​ធ្វើការ​ក្នុង​ការិយាល័យ

    ប្រយ័ត្ន!! ជំងឺ​គ្រោះថ្នាក់​អាក្រក់ កើត​ចំពោះ​បុគ្គលិក​ធ្វើការ​ក្នុង​ការិយាល័យ

    តើ​ជំងឺ​កើតមាន​ចំពោះ​បុគ្គលិក​ធ្វើការ​ក្នុង​ការិយាល័យ (Office Syndrome) ជា​អ្វី? បើតាម​ការបញ្ជា​ក់រប​ស់​គ្រូពេទ្យ​ជំនាញ​សុខភាព​ពិភពលោក​បាន​ប្រាប់ថា ក្រុម​អាការរោគ​អូស​ហ្វី​ស​ស៊ីន​ដ្រូ​ន (Office syndrome) គឺជា​អាការ​ដែល​កើតឡើង​ពី​ចំពោះ​មនុស្សពេញវ័យ​កំពុងធ្វើការ​ងារ ដែល​កំពុងតែ​អង្គុយ​ធ្វើ​ការងារ​នៅក្នុង​ការិយាល័យ​ពេញ​មួយថ្ងៃ ដោយ​មិនមាន​ការហាត់​ប្រាណ​ជាប្រចាំ​ថ្ងៃ និង​មាន​សភាព​បរិស្ថាន​ជុំវិញ​កន្លែងធ្វើការ​ងារ​ពោរពេញ​ដោយ​បរិយាកាស​អាប់អួរ និង​ចំហាយ​ផ្សែង​ពុល​ពី​គ្រឿង​ម៉ាស៊ីន​ដែល​អ្នក​មិនអាច​មើល​ឃើញនឹងភ្នែក​ទទេ ធ្វើឱ្យ​កើតមាន​អា​ការឈឺ​ក្នុង​ខ្លួន​ខុស​ប្រក្រតីផ្សេងៗជាដើម។

    អាការ​នៃ​ជំងឺ​អូស​ហ្វី​ស​ស៊ីន​ដ្រូ​ន (Office syndrome) រួមមាន​ដូចជា ៖
    1. ប្រតិកម្ម​សាច់​ដុំដៃ និង​ឈឺ​ចុកចាប់​តាម​អវយវៈផ្សេងៗ។

    2. ឈឺ​ខ្នង ឬ​ចុក​រោយ​តាម​បរិវេណ​ផ្នែក​ខាងក្រោយ​នៃ​រាងកាយ​ជា​ញឹកញាប់ ដោយសារ​អង្គុយ​ធ្វើការ​ពេញ​មួយថ្ងៃ 8ម៉ោង ធ្វើឱ្យ​សាច់ដុំ​ដើម​ក ស្មា និង​ចង្កេះ ឡើង​រឹង​ជាប់​នៅពេល​វេលា​យូរ។

    3. ខ្យល់អាកាស​ចេញចូល​ក្នុង​ការិយាល័យ​មិន​គ្រប់គ្រាន់ ខួរក្បាល​បានទទួល​អុក​ស៊ី​ហ្សែ​៊​ន​មិន​គ្រប់គ្រាន់ បណ្ដាលឱ្យមាន​អាការ​ឈឺភ្នែក ស្ពឹក​ភ្នែក និង​មុខ​ស្លក់​ឡើង​ខ្មៅ​ជាដើម។

    4. អាការ​អាច​ធ្ងន់ធ្ងរ​ឡើង និង​អាចហុច​ផល​អាក្រក់​ដល់​សភា​ពរាងកា​យ​ខ្លាំង​ឡើង​ដូចជា ធ្វើឱ្យ​ឈឺក្បាល កើត​ប្រកាំង រលាក​សន្លាក់ឆ្អឹង​កង​ខ្នង ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ​ធ្ងន់ធ្ងរ និង​អាច​វង្វេងស្មារតី​ក៏មានដែរ។

    5. កើតមាន​អាការ​ចាញ់​អាកាសធាតុ ងាយ​ទទួល​ជំងឺ​ឱកាសនិយម និង​ពិបាក​ដកដង្ហើម រហូត​ឈានដល់​រលាក​ផ្លូវដង្ហើម។

    វិធី​ការពារ និង​ព្យាបាល
    លោកគ្រូ​ពេទ្យ​ជំនាញ​បានបញ្ជាក់​ពី​វិធី​ការពារ​ជំងឺ​អូស​ហ្វី​ស​ស៊ីន​ដ្រូ​ន​នេះ​ថា ការការពារ​ដែលអាច​ធ្វើទៅបាន​នោះ​គឺ ការផ្លាស់ប្ដូរ​ឥរិយាបទ​រស់នៅ ដោយ​ការ​មាន​អនាម័យ និង​ការទទួលយក​អុក​ស៊ី​ហ្សែ​៊​ន​ឱ្យដល់​ខួរក្បាល​បាន​យ៉ាង​គ្រប់គ្រាន់។ ប្រសិនបើ​អាការ​មិន​ប្រសើរឡើង​ទេនោះ គឺ​ចាំបាច់​ត្រូវ​ប្រើ​ថ្នាំ​ដើម្បី​បន្ថយ​អាការ​ដែល​កើតឡើង និង​ត្រូវ​ទទួល​ការវះកាត់​ក៏មានដែរពោលគឺ​អាស្រ័យទៅលើ​ស្ថានភាព​របស់​អ្នកជំងឺ។ នាពេល​បច្ចុប្បន្ននេះ ខាង​មន្ទីរពេទ្យ បានធ្វើ​ការអប់រំ​ណែនាំ​ចំពោះ​អ្នកជំងឺ​ពី​ក្រុម​អ្នកធ្វើការងារ​ច្រើន​ម៉ោង ឱ្យមាន​ទម្លាប់​ហាត់ប្រាណ​នាពេល​ព្រឹក​ព្រលឹម មុនពេល​ចូលធ្វើការ​រយៈពេល15-20នាទី និង​ពេល​ចេញពី​ធ្វើការ 20នាទី ស្ថិតក្នុង​បរិវេណ​ការិយាល័យ៕

  • អស់​បញ្ហា​រឿង​គេង​លក់​មិន​គ្រប់គ្រាន់ ជាមួយ15វិធី​ជួយ​ឱ្យ​ឆាប់​គេង​លក់

    អស់​បញ្ហា​រឿង​គេង​លក់​មិន​គ្រប់គ្រាន់ ជាមួយ15វិធី​ជួយ​ឱ្យ​ឆាប់​គេង​លក់

    ដូចដែល​យើង​បានដឹង​ច្បាស់​ហើយ​ថា ការ​គេង​លក់​គឺជា​ចំណែក 1ភាគ3នៃ​ជីវិត​ប្រចាំថ្ងៃ​របស់​យើង ដូច្នេះហើយ​ទើប​យើង​ត្រូវតែ​គេង​លក់​សម្រាក​ឱ្យបាន​មួយថ្ងៃ​ពី6 – 8ម៉ោង ទើប​ហុច​ផល​ល្អ​ដល់​រាងកាយ តែបើ​អ្នកមាន​បញ្ហា​ក្នុងការ​គេង ដូចជា​ គេង​មិនសូវ​លក់ ឬ​ពិបាក​ក្នុងការ​គេង​លក់ ចូរ​សាកល្បង​ធ្វើតាម “វិធី​ធ្វើឱ្យ​គេង​លក់‟ របស់​យើង​ល​មើល៍ ធានាថា​អ្នកនឹង​លង់លក់​សប្បាយ​យ៉ាងពិត​ប្រាកដ។

    1. ហាត់ប្រាណ​ជាប្រចាំ ឬមួយ​សប្ដាហ៍ 3ដងម្ដងៗយ៉ាងតិច​កន្លះ​ម៉ោង តែ​មិនគួរ​ហាត់ប្រាណ​មុនពេល​គេង​ឡើយ។

    2. មិនគួរ​គេង​លក់​នៅពេល​ថ្ងៃ ឬ​ពេល​ល្ងាច​នោះទេ ព្រោះ​នឹងធ្វើ​ឱ្យ​ខួរក្បាល​យល់ច្រឡំ​ថា រាងកាយ​បាន​គេង​លក់​រួចហើយ លុះ​ដល់ពេល​ត្រូវ​គេង​មែនទែន ក៏​នឹង​ធ្វើឱ្យ​ពិបាក​គេង​លក់ តែបើ​ចង់​គេង​សម្រាក​ពេល​ថ្ងៃ​ខ្លាំង​មែនទែន​នោះ ចូរ​គេង​មួយស្រឡេត​មិន​ឱ្យលើស​កន្លះ​ម៉ោង​បាន​ហើយ។

    3. តម​ភេសជ្ជៈ តែ កាហ្វេ សូកូឡា និង​ភេសជ្ជៈដែលមាន​ជាតិ​កាហ្វេ​អី​ុ​ន និង​បារី។

    4. តម​អាហារ​ពេលយប់​ជ្រៅ និង​មិនគួរ​ញ៉ាំ​ទឹក​ច្រើន​នៅពេល​ព្រលប់​ទេ ព្រោះ​ជា​ប្រក្រតីរាងកាយ​មិន​បញ្ចេញ​ទឹក​រំលាយ​អាហារ​នៅពេល​យប់​ឡើយ។

    5. មិនគួរ​ធ្វើ​កិច្ចការងារ​ណា​ដែល​ធ្វើឱ្យ​ផ្លូវចិត្ត​បានទទួល​ការជំរុញ​មុនពេល​គេង ដូចជា មើល​កុន អាន​សៀវភៅ ជជែក​គ្នា រឿង​ដែល​ធ្វើឱ្យ​អារម្មណ៍​តឹងតែង ជំរុញ​ផ្លូវចិត្ត​ឱ្យ​រំភើប​ញាប់​ញ័រខំប្រឹង និង​ធុញថប់​ឡើយ។

    6. តម​លេង​ឧបករណ៍​អេឡិចត្រូនិក ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​មុនពេល​ចូល​គេង ព្រោះ​ឧបករណ៍​ទាំងនោះ​មាន​ផល​ធ្វើឱ្យ​ពិបាក​គេង​លក់ ដោយសារតែ​ពន្លឺ​ពណ៌​ផ្ទៃមេឃ​ក្នុង​អេក្រង់ ធ្វើឱ្យ​រាងកាយ​បានដឹងថា មិនទាន់​ងងឹត និង​បញ្ចេញ​សារធាតុ មេ​ឡា​តូ​នី​ន ធ្វើឱ្យ​ពិបាក​គេង​លក់ ហើយ​យើង​ថែមទាំង​ទទួលបាន​ព័ត៌មាន​ចូលមក​ជាប់​ជានិច្ច ធ្វើឱ្យ​ខួរក្បាល​មិនបាន​សម្រាក និង​គេង​លក់​មិនបាន​ពេញលេញ រលក​ខួរក្បាល​មិន​ស្រឡះ ធ្វើឱ្យ​គេង​លក់​មិន​ស្កប់។

    7. ព្យាយាម​រៀបចំ​ពេលវេលា​សម្រាប់​ការ​សម្រាក​ ដើម្បី​បន្ធូរ​រាងកាយ និង​ខួរក្បាល​ឱ្យ​ស្រឡះ​មុន​ចូល​គេង ដូចជា ស្ដាប់​បទ​ភ្លេង​ដែល​ជួយ​សម្រួល​ឱ្យគេ​ង​លក់បាន​កាន់តែ​ស្រួល​ឡើង ឬ​អង្គុយ​តាំងសមាធិ សូត្រមន្ត​ឱ្យ​ផ្លូវ​ចិត្តបាន​ស្ងប់​សប្បាយ ធូរស្រាល ឬ​នឹក​ដល់​ធម្មជាតិ។

    8. សម្រួល​បន្ទប់​គេង​ឱ្យ​ស័ក្តិសម​ទាំង​សីតុណ្ហភាព ពន្លឺ និង​ភាព​ស្រទន់​ស្រួលខ្លួន។

    9. គ្រែ​មាន​ទុក​សម្រាប់​គេង មិនគួរ​ធ្វើ​កិច្ចការងារផ្សេងៗលើ​គ្រែ ដូចជា​ទូរស័ព្ទ ញ៉ាំ​អាហារ ឬ​អាន​សៀវភៅ​ឡើយ។

    10. ពេល​ផ្ដេកខ្លួន​គេង​ហើយ ចូរ​ឈប់​គិត​រឿង​ដែល​តានតឹង មិន​សប្បាយចិត្ត ដូច្នេះ​មុនពេល​គេង ចូរ​សរសេរ​កត់ត្រា​អ្វីដែល​មិន​សប្បាយចិត្ត​ចូលទៅក្នុង​ក្រដាស​ថា អ្វីដែល​យើង​កែខៃ​បាន និង​អ្វីដែល​យើង​កែខៃ​មិនបាន ព្រោះ​ការសរសេរ​ដែល​ច្បាស់លាស់​នឹងធ្វើ​ឱ្យ​ខួរក្បាល​ស្រឡះ​ឡើង ផ្លូវចិត្ត​សប្បាយ​ឡើង។

    11. មិនគួរ​ញ៉ាំ​ទឹក​ច្រើន​ក្រោយពេល​បាយល្ងាច ព្រោះ​នឹងធ្វើ​ឱ្យ​ភ្ញាក់ឡើង​បត់ជើងតូច និង​ដាច់​ចង្វាក់​ការ​កំពុង​គេង​លក់​ស្រួលដូច្នេះ​មុននឹង​ចូល​គេង​គួរ​ចូល​បន្ទប់ទឹក​ឱ្យ​រួចរាល់ ឬ​បើ​ចាំបាច់​ត្រូវ​ភ្ញាក់ឡើង​ចូល​បន្ទប់ទឹក​ក៏​មិនចាំបាច់​កង្វល់​ដែរ ចូរ​ត្រឡប់មក​គេង​វិញ​យ៉ាង​មាន​អារម្មណ៍​ធូរស្រាល។

    12. មិនគួរ​មាន​អារម្មណ៍​កង្វល់ ឬ​តានតឹង​នៅពេល​គេង​មិន​លក់​នោះទេ បើ​ការចូល​គេង​កន្លងទៅ 30នាទី​ហើយ​នៅតែ​មិនទាន់​លក់​ទៀត ចូរ​រក​កិច្ចការងារ​បន្ធូរ​អារ​ម្មណ៍​ធ្វើ រហូត​ទាល់​តែមាន​អារម្មណ៍​ថា​ងងុយ សឹម​ចូលទៅ​គេង​វិញ​ម្ដងទៀត។

    13. កុំ​វិតក្ក​កង្វល់ ហើយ​មើល​នាឡិកា​ញឹកញាប់ ព្រោះ​វា​នឹង​ក្លាយជា​ការដាក់​សម្ពាធ​លើ​ខ្លួនឯង ធ្វើឱ្យមាន​អារម្មណ៍​តានតឹង និង​គេង​មិន​លក់​នៅ​ទីបំផុត។

    14. បើ​អ្នក​គេង​ជាមួយ​លោក​អ្នកជា​មនុស្ស​គេង​ស្រមុក និង​ធ្វើឱ្យ​លោកអ្នក​ពិបាក​នឹង​គេង​លក់ ចូរ​លោក​អ្នករក​អ្វី​មក​បិទ​ត្រចៀកនិង​នាំ​ដៃគូ​របស់​អ្នក​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ព្យាបាល​អាកា​រគេង​ស្រមុក តែបើ​លោកអ្នក​នៅតែ​គេង​មិន​លក់​ទៀត ចូរ​ចែក​គ្រែ​គ្នា​គេង​បណ្ដោះអាសន្ន ដើម្បីឱ្យ​លោកអ្នក​បាន​គេង​លក់​សម្រាក​យ៉ាង​គ្រប់គ្រាន់។

    15. គួរ​ភ្ញាក់​ពី​ដំណេក​ឱ្យ​ទៀង​ពេលវេលា​រៀងរាល់ថ្ងៃ ទោះជា​លោកអ្នក​ចូល​គេង​នៅ​ម៉ោង​ប៉ុន្មាន​ក៏ដោយ ព្រោះ​នឹងធ្វើ​ឱ្យ​ចរន្ត​ការ​គេង​លក់​របស់លោក​អ្នកមាន​តុល្យភាព និង​មិនគួរ​ភ្ញាក់​ពី​ដំណេក​ក្រោយ​ម៉ោង 8ព្រឹក​ឡើយព្រោះ​រាងកាយ​មនុស្ស​មាន​សម្ព័ន្ធ​ជាមួយ​ព្រះអាទិត្យ​រះ និង​លិច៕