Category: សង្គម និងសេដ្ឋកិច្ច

  • អស់ទ្រាំ!! លោកស្រី ងិន ម៉ានីយ៉ា ទម្លាយរូបថតអាពាហ៍ពិពាហ៍កូនស្រី ក្រោយរងការរិះគន់មិនសំចៃមាត់

    អស់ទ្រាំ!! លោកស្រី ងិន ម៉ានីយ៉ា ទម្លាយរូបថតអាពាហ៍ពិពាហ៍កូនស្រី ក្រោយរងការរិះគន់មិនសំចៃមាត់

    កន្លងមកថ្មីៗនេះ គេមើលឃើញមានអ្នកហែកហួរថា «កូនស្រីមានកូន តែប្តីមិនដឹងនៅឯណា» ដោយប្រើប្រាស់ពាក្យមិនសមរម្យដល់កូនស្រីរបស់លោកស្រី ងិន ម៉ានីយ៉ា គឺកញ្ញា ថៃ នារីសុជាតា ដែលពាក្យអស់ទាំងនោះ ធ្វើឱ្យលោកស្រីអត់ទ្រាំមិនបាន ក៏បង្ហាញរូបភាព និងសារតបតទៅវិញនៅលើបណ្ដាញសង្គមហ្វេសប៊ុក។ ដោយលោកស្រីអះអាងថា កូនស្រីបានរៀបអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់ត្រឹមត្រូវ មិនមែនមានកូនអត់ខាន់ស្លាទេ តែជាអកុសល ពួកគេបានចែកផ្លូវគ្នាវិញតែប៉ុណ្ណោះ។

    សាររបស់ភរិយាឯកឧត្ដម ថៃ នរៈសត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​ និង ​វិចិត្រ​សិល្បៈ បានបង្ហោះនាពេលថ្មីនេះថា « ម្នាក់ៗមានកូនប្រុសកូនស្រីដែលតែងនិយាយមើលងាយវាយប្រហារគេសាហាវៗណាស់។ ដូចកូនប្រុសខ្ញុំអ៊ីចឹង​ ទោះបីគ្នាកែខ្លួនហើយ ក៏នៅតែនាំគ្នាលើកយកមកហែកហួរគ្មានការពិចារណា ឯកូនស្រីខ្ញុំក៏រៀបការត្រឹមត្រូវ ថាក្មេងចុះមិនដឹងខ្យល់ មានមនុស្សចាស់ខ្លះក៏មិនដឹងខ្យល់ដែរ។ សូមជម្រាបថា ចៅប្រុសខ្ញុំ មិនមែនកូនអត់ខាន់ស្លាទេ សូមជ្រាប គ្រាន់តែពួកគេបានបែកចែកផ្លូវគ្នាប៉ុណ្ណោះ។ សូមកុំភ្លេចថា អ្នកឯងក៏មានកូនប្រុសកូនស្រីដែរណា ប្រយ័ត្នកម្មពៀរ ព្រោះកម្មពៀរមិនទៅណាឆ្ងាយទេ សងវិញលឿនៗណាស់ មុនធ្វើអីគិតមុខក្រោយ និងគ្រលាស់អណ្ដាតឱ្យបានសព្វគ្រប់សិនចាំបើកប្រហោងមាត់និយាយដើមគេ។ ចង់ឃើញរូបថតកូនស្រីខ្ញុំរៀបការទេ? សង្ឃឹមថា អស់លោកអ្នកដែលចូលរួមមិនទាន់ភ្លេច កាលហ្នុងក៏មានអ្នកសារព័ត៌មានចូលរួមយ៉ាងច្រើនដែរ»។

    គួរបញ្ជាក់ផងដែរថា ក្រោយពីផ្ទុះព័ត៌មានរបស់កូនពាសពេញបណ្ដាញសង្គមហ្វេសប៊ុកកន្លងមក លោកស្រី ងិន ម៉ានីយ៉ា បានបង្ហាញទឹកចិត្តព្រួយបារម្ភ និងការពារចំពោះកូនស្រី បើទោះបីជាមានអ្នកលេងបណ្ដាញសង្គមជាច្រើនបានប្រើប្រាស់ពាក្យពេចន៍មិនសមរម្យ តែអ្នកម្ដាយរូបនេះ តែងតែចេញមុខជំនួសកូនស្រីជានិច្ច។ ពិតជាគួរឱ្យកោតគោរពមែន!៕

  • មករៀននៅភ្នំពេញ ត្រូវត្រៀមអ្វីខ្លះ?

    មករៀននៅភ្នំពេញ ត្រូវត្រៀមអ្វីខ្លះ?

    បន្ទាប់ពីបុកពោះបារម្ភរឿងលទ្ធផល​នៃការប្រឡងមធ្យមសិក្សាទុតិយភូមិរួចហើយ ការផ្លាស់ទីមកសិក្សានៅរាជធានីភ្នំពេញបានក្លាយជាចំណុចព្រួយបារម្ភ និងជម្រើសដ៏តឹងតែងមួយសម្រាប់សិស្សានុសិស្សនៅតាមបណ្តាខេត្ត ជាពិសេសអ្នក-រស់នៅតំបន់ឆ្ងាយពីរាជធានីភ្នំពេញ។

    បើគិតតាមស្ថិតិនិស្សិតដែលបានបញ្ចប់ការសិក្សា​នៅ​កម្រិតឧត្តមសិក្សាឃើញថាមាននិស្សិតត្រឹមតែជាង 20%ប៉ុណ្ណោះ ដែលបានបញ្ចប់ដោយជោគជ័យ ខណៈ​សិស្សមិនតិចទេ​សម្រេចចិត្តមិនបន្ត​ការសិក្សានៅឧត្តមសិក្សា។ បញ្ហាទាំងអស់នេះត្រូវបានគេមើលឃើញថា អាចកើតឡើង ដោយសារកត្តាជីវភាព កង្វះព័ត៌មាន និង​ឧបសគ្គតូចៗជាច្រើនផ្សេងទៀតដែលរុញច្រានឱ្យពួកគេមិនអាចបន្ត ឬសម្រេចចិត្តមិនបន្តការសិក្សានៅមហាវិទ្យាល័យ។ ចំពោះបញ្ហាកង្វះព័ត៌មាន​សិស្សមួយចំនួន​មិនដឹងពីការសម្រេចចិត្តជ្រើសរើសមុខវិជ្ជាសិក្សា ការត្រៀមខ្លួនដើម្បីផ្លាស់ប្តូរបរិយាកាស និងតំបន់នៃការរស់នៅក្នុងពេលសិក្សាជាដើម។

    លោក លី ពិសិដ្ឋ អតីតនិស្សិតដែលមកពីខេត្ត​សៀមរាបបានលើកឡើងថា ពីដំបូងគាត់មានការរារែក​ចំពោះការសម្រេចចិត្តបន្តការសិក្សានៅរាជ-ធានីភ្នំពេញ ព្រោះ​គាត់គិតថា ការរស់នៅរាជធានីភ្នំពេញលំបាកខ្លាំង ហើយ​ត្រូវចំណាយច្រើន និងមិនស្គាល់ពីទីតាំងភូមិសាស្រ្តច្បាស់លាស់។ ម្យ៉ាងវិញទៀត​ពេលនេះ​មហាវិទ្យាល័យ​ក៏មានច្រើនគួរសមដែរនៅទីរួមខេត្ត ហេតុនេះក៏ចង់សាកល្បងរៀននៅខេត្តដែរ តែ​ចុងបញ្ចប់លោកក៏​បានសម្រេចចិត្ត​ចូលមកសិក្សានៅរាជធានីភ្នំពេញ ព្រោះចង់ជម្នះការលំបាក និងភាពរារែក របស់ខ្លួនឯង។ ពេលមកសិក្សានៅភ្នំពេញ​ដំបូង​បញ្ហាដែលជួបញឹកញាប់ជាងគេគឺ វង្វេងផ្លូវ ព្រោះមិនស្គាល់​ទីតាំងច្បាស់លាស់ ហើយការធ្វើដំណើរក៏បារម្ភច្រើនរឿងប៉ូលិសផាក ព្រោះ​មិនធ្លាប់ជិះ​ក្នុងទីក្រុង។ ពេលនោះ ចង់ទៅណាក៏ត្រូវពឹងមិត្តភក្តិ ឬ​ទៅជាមួយគេទើបអាចទៅបាន។ លោក លី ពិសិដ្ឋ បាននិយាយថា៖ “​ចំពោះការជ្រើសរើសសាលាវិញក៏ជាបញ្ហាមួយដែរ ព្រោះ​ដំបូងឡើយមានជម្រើសច្រើន ឮតែគេថា សាលានេះល្អ ឬសាលានោះល្អតែមិនដឹងថាសាលានោះ នៅកន្លែងណា ហើយទៅដាក់ពាក្យតាមណាឡើយ។ ហេតុនេះ​បើមានបំណងមកសិក្សានៅភ្នំពេញ ប្អូនៗគួរតែ​ចំណាយពេលវេលាមកស្នាក់នៅ និងស្គាល់សាលាឱ្យបានច្រើនបន្តិចដើម្បីងាយស្រួលរក ហើយមិនពិបាកក្នុងការសម្រេចចិត្ត បើជិតដល់ពេលបិទឈប់ទទួលពាក្យ ហើយមានអ្នកខ្លះបង្ខំចិត្ត​ជ្រើសយកសាលាណាដែលមិនទាន់បិទ ឬចូលរៀនទាំងមិនពេញចិត្តក៏មាន”។

    អតីតនិស្សិតខាងលើបានលើកឡើងផងដែរថាចំពោះកន្លែងស្នាក់នៅក៏ជាចំណុចមួយផងដែរដែលត្រូវគិតគូរ ព្រោះ​ប្រសិនបើ​យើងស្វែងរកកន្លែងស្នាក់នៅមិនល្អអាចធ្វើឱ្យ​មានបញ្ហាប៉ះពាល់ដល់ការសិក្សាផងដែរ។ កន្លែងស្នាក់នៅ គួរជ្រើសរើសកន្លែងណាដែលមិនសូវមានតម្លៃខ្ពស់ពេកព្រោះមករៀន​ មិនមែន​មក​សោយសុខទេ តែក៏គួរ​ស្វែងរកកន្លែងណាដែល​មានសុវត្ថិភាព ហើយឆ្ងាយពីអ្នកផឹកស៊ីឡូឡា។ ប្រសិនបើ​ជ្រើសរើសកន្លែងស្នាក់នៅមិនល្អ យើងអាចប្រឈមនឹងការរំខានច្រើន ហើយ​ធ្វើឱ្យយើងមិនសូវសប្បាយចិត្តនៅពេលមកដល់ផ្ទះ ហើយ​ចង់ស្រាវជ្រាវបន្ថែម តែអារម្មណ៍មិនមូល។

    បង្ហាញពីចំណុចត្រូវត្រៀមខ្លួនពេលមកសិក្សានៅភ្នំពេញ និស្សិតឆ្នាំទី3 យុវតី ឡាយ សុភាវត្តី បានលើកឡើងថា ការមកសិក្សានៅភ្នំពេញ​ គឺជាជម្រើសមួយក្នុងការដើរចូលស្ថាប័នសិក្សាដែលពោរពេញដោយការប្រកួតប្រជែង ហេតុនេះ​ការសិក្សាត្រៀមគឺជារឿងសំខាន់។ ការលើកឡើងបែបនេះមិនមែនមានន័យថា អ្នកសិក្សានៅតាមបណ្តាខេត្តមិនមានការប្រកួតប្រជែងនោះទេ តែ​ភាគច្រើននៅរាជធានីភ្នំពេញ មាននិស្សិតមកពីគ្រប់ខេត្តក្រុងទាំងអស់ ហេតុនេះប្រសិនបើ​ចង់ចាប់យកឱកាសអាហារូបករណ៍ ឬចូលសាលាជំនាញតឹងតែងដូចជា សាលាតិចណូ ឬសាលា​ពេទ្យជាដើម ចាំបាច់ត្រូវតែរៀនត្រៀមឱ្យបានមុនពេលប្រឡងប្រជែង។ ម្យ៉ាងវិញ ទៀត​សិស្សានុសិស្ស ក៏គួរតែស្វែងយល់ឱ្យបានច្បាស់ពីព័ត៌មានតាមសាកលវិទ្យាល័យនីមួយៗឱ្យបានច្បាស់លាស់ជាមុន ដើម្បីកុំឱ្យចាញ់បោកសាលាមួយចំនួនដែលសន្សាឱ្យអាហារូបករណ៍ តែត្រូវបង់នេះ បង់នោះច្រើនជាដើម។

    យុវតីខាងលើបានលើកឡើងផងដែរថា ថ្វីត្បិតតែការសិក្សានៅទីក្រុងមាន​ឱកាសច្រើន មានសាកលវិទ្យាល័យច្រើន និង​មានភាពទំនើបជាងនៅខេត្តក៏ដោយ តែសិស្សចាំបាច់ត្រូវមានការត្រៀមខ្លួនឱ្យបានល្អ ព្រោះបើមិនរៀនត្រៀមឱ្យបានល្អទេនោះ យើងនឹងមិនអាចទាញយកឱកាសល្អនោះបានទេ តែផ្ទុយមកវិញអាចចាញ់បោកគេ ឬទទួលយកឱកាសដែលអាចប៉ះពាល់ដល់អនា-គតក៏ថាបាន។ ក្រៅពីនេះ សិស្ស-និស្សិតដែលចង់ធ្វើការងារក្នុងពេលសិក្សាក៏ចាំបាច់ត្រូវប្រុងប្រយ័ត្នផងដែរ ចំពោះក្រុមហ៊ុនមួយចំនួនដែលបច្ចុប្បន្ននេះកំពុងទាក់ទាញឱ្យធ្វើការតាមអនឡាញ និងរកគ្នាបន្តបន្ទាប់ដើម្បី​ទទួលបានកម្រៃ។ មានសិស្សមិនតិចទេដែលលង់ខ្លួនមិនបានទាំងចំណូលហើយថែមទាំងខាតបង់លុយកាក់អស់រាប់រយដុល្លារទៀតផង៕

  • ទស្សនាវីដេអូភាពយន្ដឯកសារខ្លី «ព្រះវិហារវ័យចំណាស់ វត្ត​ឧណ្ណា​លោម​» បេតិកភណ្ឌកម្ពុជា

    ទស្សនាវីដេអូភាពយន្ដឯកសារខ្លី «ព្រះវិហារវ័យចំណាស់ វត្ត​ឧណ្ណា​លោម​» បេតិកភណ្ឌកម្ពុជា

    វត្ត​ឧណ្ណា​លោម​ ជា​វត្ត​មួយ​ស្ថិត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ វត្ត​នេះ​ស្ថិត​នៅ​តាម​បណ្ដោយ​មហា​វិថី​សុធារស​​ ហើយ​ក៏​ជា​វត្តមួយ​ដែលមានវ័យ​ចំ​ណាស់​ផង​ដែរ​។ បើ​​តាម​ពាក្យ  ឧ​ណ្ណា ​(មានន័យ​ថា ‘ប្រជុំ​ចិញ្ចើម’) + លោម (មាន​ន័យ​ថា ‘រោម’) សរុប​គឺ រោម​ប្រជុំ​ចិញ្ចើម​។

    នៅ​ក្នុង​វត្ត​នេះ​មាន​ចេតិ​យ​ដាក់​ព្រះ​ឧណ្ណា​លោម​របស់​ព្រះ​ថេរ​មួយ​ព្រះ​អង្គ ​វា​បាន​ពាក់​ព័ន្ធ​ក្នុង​ប្រវត្តិ​សាស្ត្រ​កាល​ពី​ជំនាន់​ចម្បាំង​ស្ដេច​កន​ និង​ចៅ​ពញា​ចន្ទ​រាជា​។ បើតាមសៀវភៅ​ដែល​ជាស្នា​ព្រះហស្ដ ​របស់​សម្តេច​សង្ឃ ​ជួន ណាត ដែល​ត្រូវ​បាន​គេ​ចែក​ជូន​ដល់​ពុទ្ធសា​ស​និក​ជន ​ពេល​ដែល​វិហារ​ថ្មី​មួយ​ត្រូវ​បាន​សម្ពោធ​ក្នុង​វត្ត​ឧណ្ណា​លោម​ ក្នុង​ឆ្នាំ​1936 បាន​ពិពណ៌​នា​ថា ស្តេច​ព្រះ​បរមរា​ជា​ពញា​យ៉ាត បាន​ធ្វើ​កា​រ​ប្តូរ​ទី​តាំង​ព្រះរាជ​វាំង ពី​ទួល​បាសាណ​ ក្នុងខេត្ត​កំពង់​ចាម ​មក​ទី​ក្រុង​ភ្នំពេញ​ក្នុង​ឆ្នាំ​1434 ​ហើយ​ព្រះអង្គ​បាន​សាង​សង់​វិហារ​ ព្រះពុទ្ធសា​សនា​ ចំនួន ​7 ដែល​ក្នុង​នោះ​រួម​មាន​ វត្ត​ឧណ្ណា​លោម​ ដែល​អារាម​ទាំង​អស់​ត្រូវបាន​បញ្ចុះ​សីមា​ទាំង​អស់​ក្នុង​ឆ្នាំ​ 1442 ក្រោម​ស្នា​ព្រះហស្ត​ ព្រះបាទ​សម្តេច​ពញា​យ៉ាត មួយ​ផង​ក្នុង​ទី​ក្រុង​ថ្មី​នេះ​ ។

    យ៉ាងណាមិញ វីដេអូរយៈពេលខ្លីនេះ បានឆ្លុះបង្ហាញអំពីការកសាងទីក្រុងតាមរយៈទំនៀមទម្លាប់ និងសាសនាព្រះពុទ្ធ ដែលនិពន្ធរឿងដោយ លោក សេង វិសុទ្ធ។

    ចង់ដឹងថា តើវីដេអូភាពយន្ដឯកសារមួយនេះទាក់ទាញដល់កម្រិតណានោះ សូមគោរពអញ្ជើញទស្សនាដូចតទៅ ៖

    https://youtu.be/d0x3dIrTEjM

  • Wilder ចាត់ទុក Joshua ជា​មនុស្ស​កំសាកញី នៅមុន​ពេល​ប៉ះ​ជាមួយ Fury

    Wilder ចាត់ទុក Joshua ជា​មនុស្ស​កំសាកញី នៅមុន​ពេល​ប៉ះ​ជាមួយ Fury

    កីឡាករ​ប្រដាល់ Deontay Wilder ដែលជា​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​ពិភពលោក​របស់​ស្ថាប័ន WBC បានចាត់ទុក​កីឡាករ​អង់គ្លេស Anthony Joshua «ជា​មនុស្ស​កំសាកញី» សម្រាប់​ការមិនអាច​ឈានដល់​ការប្រកួត1 រវាង​កីឡា​ករទាំង2 ពោលគឺ​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​មុនពេល​កីឡាករ​អាមេរិក​រូបនេះ​ប៉ះ​ជាមួយ​គូប្រកួត​នាពេលខាងមុខ​របស់គេ​គឺ Tyson Fury ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ចន្ទ។ អង្គភាព Matchroom Boxing ដែលជា​អ្នករៀបចំ​ការប្រកួតរ​បស់ Joshua មិនបាន​ឆ្លើយតបភ្លាមៗ ដើម្បី​បកស្រាយ​ឡើយ។

    Wilder និង Fury បានចាប់ផ្តើម​ដំណើរ​ផ្សព្វផ្សាយ​ពី​ការប្រកួត​របស់​ពួកគេ​ក្នុង​ទីក្រុង​ឡុង​ដ៍ សម្រាប់​ការប្រកួត​នា​ថ្ងៃទី1 ខែធ្នូ ក្នុង​ទីក្រុង Los Angeles ខណៈ​ពួកគេ​នឹងត្រូវ​ប្រជែង​យក​សិទ្ធិ​ទៅ​ប្រកួត​ជាមួយនឹង​កីឡាករ Joshua ដែលជា​ម្ចាស់​ខ្សែក្រវាត់ IBF, WBA និង WBO នៅ​ឆ្នាំ2019។

    Joshua បាន​ស្ថិតក្នុង​ការចរចា​ជាមួយនឹង​ក្រុមការងារ​របស់ Wilder កាលពីដើម​ឆ្នាំនេះ ដើម្បី​រៀបចំ​ការប្រកួត​មួយ​ដែល​នឹង​ផ្តល់ឱកាស​សម្រាប់​កីឡាករ​ទាំង2 ក្នុងការ​ក្លាយជា​ស្តេច​ប្រដាល់​ទម្ងន់​ធ្ងន់ ដែល​គ្មាន​គូប្រជែង​នៅក្នុង​ពិភពលោក។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា ការពិភាក្សា​នានា​បានទទួល​បរាជ័យ ខណៈដែល​កីឡាករ​ទាំង2 បាន​ស្តីបន្ទោស​គ្នា​ទៅវិញទៅមក​សម្រាប់​ការបរាជ័យ​នេះ។

    Joshua បាន​ឡើង​ប្រកួត​ជាមួយនឹង​កីឡាករ​រុស្ស៊ី Alexander Povetkin ជំនួស​វិញ​នៅ​សង្វៀន Wembley កាលពី​ខែ​មុន ដោយ​រូបគេ​បាន​យកឈ្នះ​ដើម្បី​កត់ត្រា​ការមិន​ស្គាល់​ចាញ់​សោះ​ជា​លើក​ទី22 របស់គេ។ តែ​ទោះបីជា​យ៉ាងណា Wilder និង Fury បាន​បង្កើតឱ្យមាន​ការ​ចាប់អារម្មណ៍ផ្សេងៗ តាមរយៈ​ការប្រកាស​ពី​ការប្រកួត​របស់​ពួកគេ។ Wilder បានឱ្យដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា៖ «ហេ Joshua ខ្ញុំ និង Fury នឹងត្រូវ​ប្រកួត​គ្នា​ដើម្បី​ស្វែងរក​អ្នក​ដែល​ខ្លាំង​បំផុត​ក្នុង​ពិភពលោក ដើម្បី​ស្វែងរក​អ្នកជា​ម្ចាស់​ជើងឯក ដែល​មានតែ1 ឈ្មោះ​តែ1។ ពេលខ្លះ អ្នក​កំសាក​ពេក​ហើយ​ក្នុងការ​បង្កើតឱ្យមាន​កា​រ​ប្រកួត​នេះ»៕

    ប្រភពពី៖ Channel News Asia

  • ដាំ​ផ្កាម្លិះ​លើដី​កន្លះ​ហិកតា បេះ​ផ្កា​លក់បាន​ពី10 ទៅ20ម៉ឺន​រៀល​រៀងរាល់ថ្ងៃ

    ដាំ​ផ្កាម្លិះ​លើដី​កន្លះ​ហិកតា បេះ​ផ្កា​លក់បាន​ពី10 ទៅ20ម៉ឺន​រៀល​រៀងរាល់ថ្ងៃ

    ម្លិះ​ជា​ផ្កា​មួយ​ប្រភេទ​ដែល​ប្រជាជន​ខ្មែរ​និយម​ចូលចិត្ត​យកទៅ​ថ្វាយ​ព្រះ​នៅ​រៀងរាល់ថ្ងៃ​សិ​ល ឬ​យក​ធ្វើ​កម្រងផ្កា ក៏ដូចជា​ប្រើប្រាស់​ក្នុង​កម្មវិធី​បុណ្យផ្សេងៗ ដូចជា​ឡើង​គេហដ្ឋាន បុកគ្រឹះ​សាងសង់​សំណង់ និង​កម្មវិធីធំៗជាច្រើន​ទៀត​រាប់មិនអស់ ដែល​ធ្វើឱ្យ​ទីផ្សារ​ផ្កា​ដ៏​ក្រអូប​ប្រហើរ​មួយ​នេះ​មាន​តម្រូវការ​គ្រប់​រដូវ​កាល​មិន​ថា រដូវវស្សា ឬ​រដូវប្រាំង​ឡើយ។

    លោក​អ៊ំ រស់ សា​រ៉ុ​ម កសិករ​ដាំ​ផ្កាម្លិះ​នៅក្នុង​ភូមិ​កោះក្របី ដែល​បច្ចុប្បន្ន​ត្រូវ​រដ្ឋាភិបាល​កាត់​បញ្ចូលមក​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ច្បារអំពៅ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ មានប្រសាសន៍ថា គ្រួសារ​លោក​អ៊ំ​ក៏ដូចជា​ប្រជាពលរដ្ឋ​ក្នុងភូមិ​កោះក្របី​ស្ទើរតែ​ទាំងអស់​ដែរ​បាន​ចាប់យក​មុខរបរ​ដាំ​ផ្កាម្លិះ តៗគ្នា​តាំងពី​ដូនតា​មកម៉្លេះក្រោយ​ឆ្នាំ1979មក។ លោក​អ៊ំ​មានប្រសាសន៍ថា ដើមឡើយ​ប្រជាពលរដ្ឋ​ក្នុងភូមិ​បាន​ដាំ​ផ្កាផ្សេងៗច្រើន​ប្រភេទ​ទៀត ដូចជា​ផ្កាចន្ធូ ចំប៉ា ចំប៉ី និង​រំដួល ជាដើម តែ​ក្នុងចំណោម​ផ្កា​ទាំងនោះ​មានតែ​ផ្លា​ម្លិះ​ប៉ុណ្ណោះ ដែលមាន​ទីផ្សារ​ច្រើនជាងគេ ទើប​ពួកយើង​នាំគ្នា​ដាំ​ផ្កាម្លិះតៗគ្នា​មក​រហូតមកទល់​បច្ចុប្បន្ន។

    លោក​អ៊ំ រស់ សា​រ៉ុ​ម កសិករ​ដាំ​ផ្កាម្លិះ​

    លោក​អ៊ំ​បន្តថា សម្រាប់​គ្រួសារ​លោក​អ៊ំ ក៏​មិន​ខុសពី​គ្រួសារ​ដទៃទៀត​ដែរ បាន​ចាប់យក​របរ​ដាំ​ផ្លា​ម្លិះ​នេះ​នៅ​លើដី​ទំហំ​ជាង​កន្លះ​ហិកតា​អស់​រយៈពេល​ជាង 20ឆ្នាំ​មកហើយ ហើយ​វា​នៅតែ​ផ្តល់​ផល​នៅឡើយ មិនទាន់​ងាប់​ដើម​ទៅវិញ​ទេ ដែលជា​ធម្មតា​នៅ​ខែវស្សា​នេះ គេ​អាច​បេះ​បាន​ចន្លោះ​ពី4 ទៅ 5គីឡូក្រាម​ក្នុង​មួយថ្ងៃ ប៉ុន្តែ​ដោយសារ​រដូវវស្សា​ដើម​ម្លិះ​ផ្តល់​ផ្កា​ច្រើន បានធ្វើឱ្យ​តម្លៃ​រាង​ធ្លាក់ចុះ​ច្រើន មួយ​គីឡូក្រាម​បានតែ 25,000រៀល​ប៉ុណ្ណោះ សម្រាប់​ម៉ូយ​បោះ​ដុំ​ដែល​មក​ប្រមូល​ទិញ​ដល់ផ្ទះ។ ប៉ុន្តែ​ផ្កា​នេះ​អាច​ឡើងថ្លៃ​ខ្លាំង​នៅ​រដូវរងារ​ដែល​ត្រជាក់​ខ្លាំង ដោយ​យើង​អាចលក់​បាន 1គីឡូក្រាម​ថ្លៃ​ដល់​ទៅ15 ទៅ20ម៉ឺន​រៀល​ឯណោះ ដោយសារ​នៅ​រដូវ​នោះ​ផ្កា​មិនសូវ​ឱ្យ​ផល ក្នុង​មួយថ្ងៃ​យើង​ប្រមូលបាន​តែមួយ​គីឡូក្រាម​ជាង​ប៉ុណ្ណោះ។

    លោក​អ៊ំ​បាន​បន្តទៀតថា ការដាំ​ផ្កា​នេះ​មិនសូវ​រំខាន​ដល់​សមាជិកគ្រួសារ​នោះទេ ពេលព្រឹក​គ្រាន់តែ​នាំគ្នា​ពីរ​នាក់​ប្តី​ប្រពន្ធ​ទៅ​បេះ​ផ្កា រយៈពេល​ជាង​មួយ​ម៉ោង ហើយ​យកមក​ថ្លឹង​លក់ ឬ​អង្គុយ​ដោត​ធ្វើជា​កម្រងផ្កា​ជាង​មួយ​ម៉ោង​ទៀត ក៏​យើង​អាច​លក់បាន​លុយ​ប្រហែលជា10ម៉ឺន​រៀល​ដែរ​ក្នុង​មួយថ្ងៃ ដែល​អាចជួយ​ឱ្យ​គ្រួសារ​មាន​ជីវភាព​ធូរធារ​មួយកម្រិតមាន​ប្រាក់​សម្រាប់​ចំណាយ​ចាយវាយផ្សេងៗប្រចាំថ្ងៃ ដោយសារ​ផ្កា​នេះ​វា​ផ្តល់​ផល​រាល់ថ្ងៃ​ជាប្រចាំ​ដែរ។ ដើម​ផ្កាម្លិះ​នេះ​មាន​លក្ខណៈ​ងាយស្រួល​ដាំ និង​ថែទាំ​ខ្លាំងណាស់ គឺ​ដាំ​បានតែ2 ទៅ 3ខែ វា​នឹង​ចាប់ផ្តើម​ឱ្យ​ផល​ជាបណ្តើរៗហើយ ហើយ​វា​អាចរ​ស់បាន​រហូតដល់30 ទៅ40ឆ្នាំ ឯណោះ​ទើប​វា​ងាប់​ដើម​ទៅវិញ ឬ​បើសិន​ដើម​វាចា​ស់​ខ្លាំង យើង​អាច​កាប់​ដើម​នោះ​ចោល​មួយ​សា ហើយ​វា​នឹង​លាស់​មែកថ្មីៗចេញមក​ដូច​យើង​ដាំ​ថ្មី​ឡើងវិញ​អ៊ីចឹង និង​អាច​ផ្តល់​ផល​យូរអង្វែង​ថែមទៀត​ផង។

    ផ្កាម្លិះដែលប្រមូលផលបាន

    ចំពោះ​បច្ចេកទេស​នៃ​ការដាំដុះ គឺ​មិនមាន​ការលំបាក​អ្វី​ខ្លាំង​នោះទេ ដោយសារ​មាន​គេ​ផ្សាំ​កូនដើម​ម្លិះ​លក់ មួយ​ដើម​តម្លៃ​តែ 1,500រៀល​ប៉ុណ្ណោះ។ ប៉ុន្តែ​មុននឹង​ដាក់​ដាំ កសិករ​ត្រូវ​ភ្ជួរ​ដី​ហាល​ចោល​ឱ្យ​ស្ងួត​ដើម្បី​សម្លាប់​មេរោគ​មាននៅ​ក្នុង​ដី និង​សម្លាប់​ពូជ​ស្មៅ​ឱ្យ​ងាប់​អស់​ជាមុនសិន ងាយស្រួល​នៅពេល​ដាំស្មៅ​មិនសូវ​ដុះ​ឡើង​ច្រើន​មក​បឺត​ដណ្ដើមយក​ជីវជាតិ​ពី​ក្នុង​ដី​ដែលនាំឱ្យ​ដំណាំ​ផ្កាម្លិះ​លូតលាស់​មិនសូវ​បានល្អ។ លោក​អ៊ំ​បញ្ជាក់ថា នៅពេល​គេ​ភ្ជួរ​ដី​រួច កសិករ​ត្រូវ​លើកដី​ជា​រង​ដែលមាន​គម្លាត​ឆ្ងាយ​ពីគ្នា​ប្រវែង 1.8ម៉ែត្រចន្លោះ​ពី​រង​មួយ​ទៅ​រង​មួយទៀត ហើយ​ត្រូវដាក់​ដាំ​ជាជួរៗគម្លាត​ពី​ដើម​មួយ​ទៅ​ដើម​មួយទៀត​ចម្ងាយ 1ម៉ែត្រ​ពីគ្នា។

    លោក​អ៊ំ​បន្តថា នៅពេល​ដាំ​រួច គេ​មិន​លំបាក​មើលថែទាំ​ទេ គ្រាន់តែ​ស្រោច​ទឹក​មួយ​សប្តាហ៍ 2 ទៅ 3ដងដើម​ផ្កាម្លិះ​នឹង​លូតលាស់​ល្អ​ឡើង​មិន​ខាន តែ​បើសិនជា​មេឃ​ភ្លៀង​គេ​មិនបាច់​ស្រោច​ទឹក​ទេ រហូត​បាន​អាយុ 3 ទៅ 4ខែ​ ផ្កា​វា​នឹង​ឱ្យ​ផល អាចឱ្យ​យើង​បេះ​លក់បានបណ្តើរៗហើយ ហើយ​គេ​គ្រាន់តែ​បន្ត​ជម្រះ​ស្មៅនិង​ដាក់​ជី​ឱ្យ​វា​លូតលាស់​រឹតតែ​ល្អ​ឡើង និង​បាន​ផល​ច្រើន​ប៉ុណ្ណោះ។ ប៉ុន្តែ​យ៉ាងណា ផ្កាម្លិះ​ក៏​ប្រឈម​នឹង​សត្វល្អិត​បំផ្លាញ​ច្រើន​ដែរ ជាពិសេស​សត្វ​ដង្កូវ​ចូល​ស៊ី​ផ្កា​តែម្តង ដែល​តម្រូវឱ្យ​កសិករ​ត្រូវ​ចំណាយលុយ​ទិញ​ថ្នាំ​សម្លាប់​សត្វល្អិត មក​បាញ់​លើ​ផ្កា​ជាប្រចាំ​ផងដែរ។

    ចំណែក​អ្នក​មីង ពៅ លី​ណា ដែល​កំពុង​ក្រងផ្កា​នេះ​លក់​ទៅឱ្យ​ម៉ូយ​ក៏មាន​ប្រសាសន៍​ដែរ​ថា ដោយសារ​អំណោយផល​ពី​ធម្មជាតិ​ធ្វើឱ្យ​ដី​ក្នុងភូមិ​កោះក្របី​ដែល​នៅ​ជិត​មាត់ទន្លេ​នេះ​មាន​សភាព​ក្តៅ ហើយ​សើម មាន​ជីវជាតិ​ល្អ ទើប​គេ​អាច​ដាំ​ផ្កាម្លិះ​នេះ​បាន​ដោយ​ងាយស្រួល សម្រាប់​ចែកចាយ​នៅលើ​ទីផ្សារមិនថាតែ​នៅក្នុង​ក្រុងភ្នំពេញ​នោះទេ គឺអាច​ចែកចាយ​ផ្ញើ​ទៅឱ្យ​ម៉ូយ​នៅ​ទូទាំងប្រទេស​ទៀតផង ដែល​នេះ​ជា​កត្តា​មួយ​ដែល​ជួយ​ឱ្យ​ជីវភាព​ប្រជាពលរដ្ឋ​ក្នុងភូមិ​មាន​ភាពល្អប្រសើរ​ស្ទើរគ្រប់ៗគ្នា។

    អ្នកមីង ពៅ លីណា កំពុងដោត និងក្រងផ្កាម្លិះ

    គួរ​បញ្ជាក់ដែរថា ប្រជាពលរដ្ឋនៅក្នុង​ភូមិ​កោះក្របី​ខាងលើ មិនមែន​ប្រកប​តែ​របរ​ដាំ​ផ្កាម្លិះ​តែមួយ​មុខ​នោះទេ ពោលគឺ​នៅមាន​ដាំ​ដំណាំ​ហូប​ផ្លែ​ច្រើន​ប្រភេទ​ទៀត ដូចជា​ចេក ស្វាយ ល្មុត មៀន​ខ្មែរ​ដែលមាន​រសជាតិ​ឆ្ងាញ់ មាន​ក្លិនក្រអូប និង​ដំណាំ​បន្លែបង្ការ​ជាច្រើន​ប្រភេទ​ទៀតផង​ដែរ៕

  • សម្រាលកូនហើយ អ្នកនាង គង់ ចាន់ស្រីមុំ បង្ហាញរាងសិចស៊ីគ្មានស្នាមសង្វារ

    សម្រាលកូនហើយ អ្នកនាង គង់ ចាន់ស្រីមុំ បង្ហាញរាងសិចស៊ីគ្មានស្នាមសង្វារ

    នៅលើបណ្ដាញសង្គមហ្វេសប៊ុកគេមើលឃើញថា អ្នកម្ដាយសម័យថ្មី គង់ ចាន់ស្រីមុំ ទើបតែសម្រាលកូនស្រីបាន 3ខែប៉ុណ្ណោះ តែបានបង្ហាញពីរូបរាងសិចស៊ីដ៏ស្រឡូន គ្មានស្នាមសង្វារអ្វីបន្ដិចឡើយ ។ ការបង្ហាញរូបភាពក្នុងឈុតប៊ីគីនីនេះ បានធ្វើឱ្យមិត្តៗនារីចាប់អារម្មណ៍ចំពោះគន្លឹះនៃការថែរក្សារូបរាងកាយ វិធីការពារ និងវិធីបំបាត់ស្នាមសង្វារលើស្បែកពោះ និងដងខ្លួនជាខ្លាំង។ តែយ៉ាងណាមិញ តារាស្រីរូបនេះបានប្រកាសថា ខ្លួននឹងចែករំលែកបទពិសោធមួយនេះ។

    អ្នកនាង ​គង់ ច័ន្ទ​ស្រីមុំ បានបង្ហោះរូបភាពជាច្រើនសន្លឹកក្នុងឈុត​ប៊ី​គី​នីដោយបានរៀបរាប់ថា  «សន្យាថា​ នឹង​ប្រាប់​ពី​ការ​សម្រក​រាង​ដោយ​ធម្មជាតិ ក្រោយ​សម្រាលកូន​ណា៎។ ការថែរក្សារាងក្រោយពេលសម្រាលកូន គឺជារឿងពិបាក តែការអត់ធ្មត់​ និងព្យាយាម គឺ​ជាគោលដៅ។ សំណាងហើយដែលបានឡេសង្វារអូនជួយខ្លះ​ មិនអ៊ីចឹងទេ បានផែនទីពិភពលោកបាត់»។ ម៉ាក់នាងតូច ម៉ូម៉ូ រូបនេះបាន​ព្យាយាម​សម្រក​ទម្ងន់​អស់​ជាច្រើន​គីឡូ ក្រោយពេល​សម្រាលកូន​រួច ហើយអ្នកនាង​ថែមទាំង​សន្យាថា នឹង​ចែករំលែក​នូវ​បទពិសោធ​ក្នុងការ​សម្រក​រាង ក្រោយពេល​សម្រាលកូន​រួចទៀតផង ។ បើទោះបីជា​ពេលនេះ​នាង​សម្រក​រាង​មិនទាន់បាន​ដូច​បំណង​ក្តី ប៉ុន្តែ​លទ្ធផល​ដែល​នាង​ទទួលបាន ​គឺ​ជិត​បាន​មួយរយ​ភាគរយ​ហើយ ។

    គួរបញ្ជាក់ផងដែរថា អ្នកគាំទ្រគ្រប់គ្នាភ្ញាក់ផ្អើលមិនស្ទើរទេ ខណៈដែលបានឃើញរូបរាងរបស់អ្នកនាង គង់ ចាន់ស្រីមុំ ក្រោយពេលសម្រាលកូនហើយ ពោលគឺ សិចស៊ីបញ្ចេញសាច់សខ្ចី ស្រស់ស្អាតដូចស្រីក្រមុំអីចឹង ហើយនៅតែទាក់ចិត្តស្វាមីឱ្យកាន់តែចាប់អារម្មណ៍ខ្លាំងថែមទៀត៕

  • វិស័យសេដ្ឋកិច្ចសំខាន់ៗចំនួន 12 ក្នុង​សហប្រតិបត្តិការ​កម្ពុជា-ចិន​មានតម្លៃ​ជាង80លាន​ដុល្លារ

    វិស័យសេដ្ឋកិច្ចសំខាន់ៗចំនួន 12 ក្នុង​សហប្រតិបត្តិការ​កម្ពុជា-ចិន​មានតម្លៃ​ជាង80លាន​ដុល្លារ

    ទឹកប្រាក់​ដែលមាន​តម្លៃ​សរុប​ជាង 80លាន​ដុល្លារ​អាមេរិក​ត្រូវបាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជាចិន​លើ​វិស័យ​ចំនួន12 កាលពី​ថ្ងៃទី13 ខែកញ្ញា ឆ្នាំ2018នៅ​ទីក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី សាធារណរដ្ឋ​ប្រជាមានិត​ចិន​ក្នុង​វេទិកា​វិនិយោគ​ធុរកិច្ច និង​ទេសចរណ៍​នៅក្នុង​ពិធី​តាំងពិព័រណ៍​ពាណិជ្ជកម្ម​ចិនអាស៊ាន​លើក​ទី15 ដែល​រៀបចំឡើង​ដោយ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​សហការ​ជាមួយ​លេខាធិការដ្ឋាន​ពិព័រណ៍​ចិន-អាស៊ាន។

    អនុស្សរណៈ​ទាំងនេះ​គ្របដណ្តប់​លើ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យសំខាន់ៗដូចជា ការធ្វើ​ធុរកិច្ចពាណិជ្ជកម្ម ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ផ្នែក​មគ្គុទេសក៍(អ្នក​នាំ​ភ្ញៀវទេសចរ) និង​ផ្នែក​វិស្វកម្ម(ផ្លូវដែក​ល្បឿន​លឿន ទំនប់​វា​រី​អគ្គិសនី និង​ប្រព័ន្ធធារាសាស្ត្រ) ការស្ថាបនា​ផ្លូវ​យន្តហោះ ការបង្កើត​មហាវិទ្យាល័យ​ស្រាវជ្រាវ​ឧស្សាហកម្ម និង​ការកសាង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ទេសចរណ៍​Sino-ASEAN។

    ឯកឧត្តម ឈួន ដា​រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​បានបញ្ជាក់​ថា នេះ​ជាការ​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​របស់​កម្ពុ​ជា​ក្នុងការ​ចូលរួម​កសាង “វិថី​សូត្រ​សមុទ្រ​សតវត្សរ៍​ទី21‟ និង​គាំទ្រ​ការអនុវត្ត “ផ្លូវ​និង​ខ្សែក្រវាត់‟ ដើម្បី​ជំរុញ​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​ទៅក្នុង​តំបន់​តាមរយៈ​វិស័យ​ពាណិជ្ជកម្ម​វិនិយោគ និង​ទេសចរណ៍​នៅក្នុង​ទីក្រុង​ណាន​នី​ង​ដ៏​ស្រស់​ឆើតឆាយ​នៃ​ខេត្ត​ក្វាង​ស៊ី។

    លោកជំទាវ យ៉ាន ហ្ស៊ី​ចាន (Yan Zhichan) អនុប្រធាន​នៃ​រដ្ឋបាល​តំបន់​ស្វយ័ត​ខេត្ត​ក្វាង​ស៊ី​បាន​គូសបញ្ជាក់​ពី​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ខេត្ត​ក្វាង​ស៊ី និង​កម្ពុជា​លើ​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម និង​បានបង្ហាញ​ជំនឿ​ថា ការចុះ​អនុស្សរណៈ​យោគយល់​គ្នា​នេះ នឹង​ជួយ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​ដើម្បី​ឈានទៅ​កសាង​វិថី​សូត្រ​សមុទ្រ​ដែលជា​គំនិត​ផ្តួចផ្តើម​ដ៏​មាន​សារៈសំខាន់​បំផុត​មួយ​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​វប្បធម៌​បែប​ទំនើប​រវាង​ប្រទេស​ចិន និង​ពិភពលោក​ជាពិសេស​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​អាស៊ាន។

    គួរ​បញ្ជាក់ដែរថា រៀងរាល់​ព្រឹត្តិការណ៍​ពិ​ព​័រណ៍​ចិន-អាស៊ាន​តែងមាន​ពិធី​ចុះហត្ថលេខា​លើ​គម្រោង​វិនិយោគ និង​អនុស្សរណៈ​ជាច្រើន​រវាង​វិនិយោគិន និង​ពាណិជ្ជករ​កម្ពុជា-ចិន ខណៈដែល​គម្រោង​វិនិយោគធំៗជាច្រើន​របស់​ក្រុមហ៊ុន​ចិន​បានមក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ដែលមាន​ដូចជា​គម្រោង​សាងសង់​ស្ពាន​ឆ្លងទន្លេ​មេគង្គ គម្រោង​សាងសង់​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុគម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី និង​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ដទៃផ្សេងៗទៀត ដែល​ទាំងអស់នេះ​សុទ្ធតែ​បង្ហាញឱ្យឃើញ​អំពី​ភាពស៊ីចង្វាក់​គ្នា​នៃ​គោលនយោបាយ​របស់​ប្រទេស​ទាំង2 ដោយ​ឈរលើ​កិច្ចសហប្រតិបត្តិការ​ឈ្នះ-ឈ្នះ​ដើម្បី​ត​ភ្ជាប់​សមាហរណកម្ម​សេដ្ឋកិច្ច​ទៅក្នុង​ពិភពលោក។

    សូមជម្រាបថា ទឹកប្រាក់​វិនិយោគ​ពី​ប្រទេស​ចិន​មក​កម្ពុជា​បាន​កើនឡើង​ពី 900លាន​ដុល្លារ​អាមេរិក​នៅក្នុង​ឆ្នាំ2016 ដល់ 1.6ប៊ី​លាន​ដុល្លារ​អាមេរិក​នៅក្នុង​ឆ្នាំ2017 ហើយ​នៅក្នុង​រយៈពេល 7ខែ​នៃ​ឆ្នាំ2018នេះ បាន​កើន​ឡើងដល់ 2.8ប៊ី​លាន​ដុល្លារ​អាមេរិក។ ទន្ទឹមគ្នានេះ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ចិន​បាន​កើន​ឡើងដល់ 5,8ប៊ី​លាន​ដុល្លារ​សហរដ្ឋអាមេរិក​នៅ​ក្នុង​ឆ្នាំ2017 គឺ​បាន​កើនឡើង 22%បើ​ធៀប​នឹង​ឆ្នាំ2016៕

  • រលាក​ឆ្នាំងអ៊ុត លាប​ថ្នាំដុសធ្មេញ​ បាន​ឬទេ?

    រលាក​ឆ្នាំងអ៊ុត លាប​ថ្នាំដុសធ្មេញ​ បាន​ឬទេ?

    របួស​ដោយសារ​រលាក​ឆ្នាំងអ៊ុត ជា​ឧប្បត្តិ​ហេតុដែលនរណាៗក៏​មិន​ចង់ឱ្យ​កើតឡើង​ចំពោះ​ខ្លួនឯង​ដែរ ព្រោះ​ពេល​ត្រូវ​រលាក​ឆ្នាំងអ៊ុត​នេះ វា​ទាំង​ឈឺផ្សា និង​រមាស់ តែ​មិនអាច​អេះ​បានឡើយ ខ្លាច​ក្លាយជា​សម្លាក​ស្នាម​លើ​ខ្លួន​រហូត និង​អ្នកខ្លះ​ថែមទាំង​ដឹង​មកទៀត​ថា ពេលដែល​ត្រូវ​រលាក​បែបនេះ គេ​ឱ្យ​យក​ទឹកឃ្មុំ ឬ​ថ្នាំដុសធ្មេញ​មក​លាប​ពីលើ​កន្លែង​រលាក​នោះ ដូច្នេះ​ឥឡូវនេះ​យើង​នាំគ្នា​មក​មើល​ចម្លើយ​ថា ការពិតទៅ តើ​វិធី​ហ្នឹង​អាច​ប្រើ​បាន​ឬទេ? ហើយ​តើ​នឹងមាន​វិធី​មើលថែទាំ​របួស​រលាក​ឆ្នាំងអ៊ុត​នេះ​យ៉ាងណា ដើម្បីឱ្យ​ឆាប់​ជា?

    អាការ​របស់​មុខរបួស​ដែល​រលាក​ដោយ​ឆ្នាំងអ៊ុត
    ស្បែក​ឡើង​ក្រហម ឈឺផ្សា​ក្ដៅ អ្នកខ្លះ​ស្បែក​អាចមាន​ឡើង​ពងបែក​ទៀតផង។

    វិធី​បឋម​ព្យាបាល​ដំបូង
    1. ស្រោច​ទឹក​លើ​កន្លែង​រលាក​នោះ ឬ​ត្រាំ​ក្នុង​ទឹកស្អាត​យ៉ាងតិច​បំផុត 10នាទី ឬ​រហូត​ទាល់តែ​អា​ការឈឺ​ក្ដៅ​ផ្សា​នេះ​រលាយ​បាត់អស់។ ហាមប្រើ​ទឹកកក ឬ​ទឹក​ត្រជាក់​ខ្លាំង​ជាដាច់ខាត។
    2. ផ្ដិត​មុខរបួស​ឱ្យ​ស្ងួត មិនត្រូវ​រុំ​បិទមុខ​របួស​ឡើយ។
    3. លាប​ដោយ​ថ្នាំ​សម្រាប់​ព្យាបាល​របួស​រលាកភ្លើង ឬ​រលាក​ទឹក​ក្ដៅ។
    4. បើ​ឈឺ ចូរ​លេបថ្នាំ​បំបាត់​ការឈឺចាប់។
    5. បើ​មុខរបួស​មាន​ពងបែក ចូរ​លាងមុខ​របួស​ដោ​យ​ទឹកស្អាត បិទ​ដោយ​បង់​បិទ​របួស និង​លាង​សម្អាត​មុខរបួស​មួយថ្ងៃ​ម្ដង

    ចំណុច​គួរ​ប្រយ័ត្ន
    * កុំ! ប៉ះ ឬ​ចាប់​មុខរបួស​ដោយ​មិនចាំបាច់។
    * កុំ! ចោះ ជោះ ឬ​ធ្វើឱ្យ​ពងទឹក​លើ​មុខរបួស​រលាក​ឆ្នាំងអ៊ុត ឬ​ទឹក​ក្ដៅ​នោះ​បែក​ឱ្យសោះ។
    * កុំ! យក​សម្ភារ​ក្នុង​ផ្ទះបាយ ដូចជា​ម្សៅ​គ្រីម ថ្នាំដុសធ្មេញ ទឹកត្រី ខ្លាញ់ ឬ​ប្រេង ម្សៅ ឬ​សាប៊ូ ជាដើម មក​លាប​មុខរបួស ព្រោះ​វា​នឹង​ធ្វើឱ្យ​មុខរបួស​ឆ្លង​មេរោគ។

    មុខរបួស​ភ្លើង​ឆេះ រលាក​ទឹក​ក្ដៅ​នៅលើ​ខ្លួនប្រាណ ឬ​ដៃ ជើង
    មុខរបួស​ដែល​បណ្ដា​លពី​ភ្លើង​ឆេះ ឬ​ទឹក​ក្ដៅ​រលាក​នៅលើ​ដៃ ឬ​ជើង ភាគច្រើន​ជា​មុខរបួស​កម្រិត​ទី2 ឬ​ទី3 ដែល​ត្រូវតែ​បានទទួល​ការមើល​ថែទាំ​យ៉ាង​ដិតដល់​អំពី​គ្រូពេទ្យ ព្រោះ​អាច​ក្លាយ​កើតជា​ស្លាកស្នាម និង​ពិការ​នៅពេល​ក្រោយ​។

    វិធី​បឋម​ព្យាបាល
    1. ឱ្យ​ជនរងគ្រោះ​គេង​រាបស្មើ​នៅលើ​ដី។
    2. យក​ទឹកស្អាត​មក​ស្រោច​លើ​កន្លែង​ដែល​រលាកច្រើនៗ និង​យូរ​រយៈពេល​យ៉ាងតិច 10នាទី ឬ​រហូត​ទាល់តែ​អា​ការឈឺ​ក្ដៅ​ផ្សា​ថមថយ​ចុះ។
    3. ដោះ​គ្រឿ​អលង្ការ ដូចជា ចិញ្ចៀន ខ្សែដៃ ឬ​នាឡិកា​ចេញ។
    4. បិទ ឬ​រុំ​មុខរបួស​ដោយ​ក្រណាត់ ឬ​ស្បៃ​ស្អាត។
    5. បើ​រលាក​នៅលើ​ដៃ អាច​ប្រើ​ស្រោមដៃ​ផ្លា​ស្ទិ​ក​ហ៊ុម​បាន។
    6. រួច​នាំទៅ​មន្ទី​រពេទ្យ​ជាបន្ទាន់។

    ចំណុច​ហាមឃាត់!
    ហាម! យក​ទឹកកក ឬ​ទឹក​ត្រជាក់​ខ្លាំង​មក​ស្រោច​លើ​កន្លែង​រលាក។
    ហាម! ទាញ​វត្ថុ ឬ​កម្ទេចកម្ទី​ដែល​ស្អិត​ជាប់​ជាមួយ​មុខរបួស​ចេញ។
    ហាម! ចាប់ ឬ​ប៉ះ​មុខរបួស​បើ​មិនចាំបាច់។
    ហាម! ធ្វើឱ្យ​ពងទឹក​លើ​មុខរបួស​រលាកភ្លើង ឬ​ទឹក​ក្ដៅ​នោះ​បែក។
    ហាម! លាបម្សៅ​ក្រមួន ឡេ ទឹកត្រី ថ្នាំដុសធ្មេញ ឬ​វត្ថុផ្សេងៗ ក្រៅតែពី​ទឹក​ម្យ៉ាង​ប៉ុណ្ណោះ។
    ហាម! ដោះ​ខោអាវ តែបើ​ចាំបាច់ ចូរ​ប្រើ​វិធី​កាត់ចេញ​ដោយ​កន្ត្រៃ។
    ហាម! ប្រើ​ក្រណាត់​ដែលមាន​រោម ឬ​សំលី​មក​បិទ​មុខរបួស៕

  • វិធីថែរក្សា “អវយវៈដែលដាច់ចេញពីខ្លួន” ដើម្បីទុកឱ្យពេទ្យតភ្ជាប់ឡើងវិញ

    វិធីថែរក្សា “អវយវៈដែលដាច់ចេញពីខ្លួន” ដើម្បីទុកឱ្យពេទ្យតភ្ជាប់ឡើងវិញ

    វិវឌ្ឍនាការក្នុងយុគសម័យនេះមិនដូចកាលពីសម័យមុនដែលបើមានអវយវៈណាមួយដាច់ចេញពីខ្លួនហើយ គឺដាច់ទៅតែម្ដង មិនអាចបណ្ដុះកោសិកាឱ្យដុះឡើង និងប្រើការបានដូចដើមវិញឡើយ តែការនឹងតភ្ជាប់អវយវៈណាមួយដែលដាច់ទៅហើយឱ្យត្រឡប់មកប្រើការបានដូចដើមវិញ ក៏មិនមែនជារឿងងាយដូចការគិតដែរ ព្រោះនៅមានបច្ច័យច្រើនយ៉ាងដែលជាអ្នកកំណត់ថា ការវះកាត់តភ្ជាប់អវយវៈផ្សេងៗនោះនឹងសម្រេចបានដោយជោគជ័យឬអត់។ ខាងក្រោមនេះជាចំណេះដឹងត្រួសៗចំពោះរឿងនេះដែល ឡារ៉ែន ចង់ឱ្យមិត្តអ្នកអានបានជ្រាបខ្លះៗ…។

    ការវះកាត់តភ្ជាប់អវយវៈ
    វេជ្ជបណ្ឌិតជំនាញខាងផ្នែកវះកាត់តភ្ជាប់អវយវៈបានអធិប្បាយថា ការវះកាត់តអវយវៈ មានន័យថា ការវះកាត់ភ្ជាប់អវយវៈដូចជា ដៃ ជើង ដៃ ម្រាម និងអវយវៈភេទ ក្រោយពីអវយវៈទាំងនោះត្រូវបានធ្វើឱ្យដាច់ចេញពីគ្នា ឬដាច់ចេញពីគ្នាត្រឹមតែមួយផ្នែកណាដោយពេទ្យនឹងធ្វើការតភ្ជាប់សរសៃឈាម ឬសាងសរសៃឈាមឡើងថ្មី ដើម្បីឱ្យឈាមហូរទៅចិញ្ចឹមសាច់ភ្នាសផ្នែកដែលនៅចុងអវយវៈដែលតនោះឱ្យនៅតែធ្វើការងារបានដូចប្រក្រតី។

    អវយវៈដែលអាចវះកាត់តភ្ជាប់មកវិញដូចដើមបាន មានដូចជា ម្រាមដៃ ម្រាមជើង ម្រាមតែមួយ ឬច្រើនម្រាម ប្រអប់ដៃ ដៃទាំងមូល និងជើង។

    វិធីជួសង្រេ្គាះអ្នករបួសដាច់អវយវៈ
    1. យកក្រណាត់ស្អាត ឬស្បៃរុំរបួសមកសង្កត់បិទមុខរបួសឱ្យណែន ដើម្បីឃាត់ឈាមព្រោះនៅពេលដាច់អវយវៈណាមួយ ឈាមនឹងហូរចេញមកច្រើន ត្រូវប្រញាប់ឃាត់ឈាមមុនពេលអ្នករបួសមានអាការគាំងបាត់ស្មារតីបណ្ដាលមកពីការខ្វះឈាម។

    2. សង្កេតមើលថា តើនៅមានផ្នែកណាមួយរបស់អវយវៈនៅជាប់នឹងរាងកាយអ្នករបួសឬទេ? បើនៅមិនទាន់ដាច់ចេញពីរាងកាយទាំងអស់ទេ ត្រូវចាប់ទ្រឱ្យអវយវៈនោះឡើងឱ្យស្ថិតក្នុងលក្ខណៈដើម កុំទាញទៅមកដែលនាំឱ្យសាច់ភ្នាសនៅត្រង់កន្លែងដាច់រយះនោះកាន់តែខូចខាតធ្ងន់ធ្ងរឡើង។

    3. អំឡុងពេលដែលអ្នករបួសកំពុងបានទទួលការឃាត់ឈាម គួរប្រញាប់ទាក់ទងទៅមន្ទីរពេទ្យ សួរបញ្ជាក់ឱ្យប្រាកដក្នុងចិត្តថា មានពេទ្យដែលជួយវះកាត់តអវយវៈនៅប្រចាំការក្នុងមន្ទីរពេទ្យនោះ ឬទេ ដើម្បីកុំឱ្យត្រូវដឹកអ្នករបួសទៅមន្ទីរពេទ្យណាផ្សេងទៀតចុះឡើង។

    4. រក្សាទុកអវយវៈដែលដាច់នោះឱ្យត្រឹមត្រូវតាមវិធី។

    វិធីរក្សាអវយវៈដែលដាច់ ដើម្បីយកទៅឱ្យពេទ្យតភ្ជាប់ឡើងវិញ
    យកអវយវៈដែលដាច់នោះដាក់ក្នុងថង់ប្លាស្ទិកដែលស្អាត ចងមាត់ថង់ឱ្យណែន កុំឱ្យវត្ថុរាវ (ទឹក) ចូលទៅក្នុងថង់បាន បន្ទាប់ពីនោះយកទៅដាក់ត្រាំក្នុងប្រអប់ ឬធុង ឬថង់ដែលមានដាក់ទឹកកក និងទឹកនៅខាងក្នុង ដោយឱ្យអវយវៈនោះទាំងមូលស្ថិតនៅក្នុងទឹកត្រជាក់នោះទាំងអស់។ សីតុណ្ហភាពដែលស័ក្តិសមក្នុងការត្រាំអវយវៈដាច់នោះគឺ 4 អង្សា C។

    មិនគួរដាក់ត្រាំអវយវៈដែលដាច់នោះនៅក្នុងទឹកត្រជាក់ដោយផ្ទាល់ ដោយមិនច្រកចូលក្នុងថង់ប្លាស្ទិកជាមុនសិននោះទេ។

    តើអាចត្រាំអវយវៈដែលដាច់នោះនៅក្នុងទឹកត្រជាក់បានយូរប៉ុនណា?
    អវយវៈធំៗ ដូចជា ជើង ដៃ ឬប្រអប់ដៃទាំងមូល អាចធន់នឹងការខ្វះឈាមនៅក្នុងថង់ក្នុងទឹកត្រជាក់ ដែលមានសីតុណ្ហភាព 4 អង្សា C បានយូរដល់ទៅ 6-8ម៉ោង។ ចំណែកអវយវៈតូចៗ ដូចជាម្រាមដៃជាដើមនោះ អាចធន់ទ្រាំនឹងការខ្វះឈាមបានយូរដល់ទៅ24ម៉ោងមុននឹងត្រូវពេទ្យយកមកវះកាត់តភ្ជាប់ឡើងវិញ។

    អវយវៈដែលត្រាំទឹកត្រជាក់មកហើយនោះពិតជាអាចតភ្ជាប់ឡើងវិញបានមែនឬ?
    ទោះជាការជ្រើសរើសយកការថែរក្សាអវយវៈដែលដាច់ទុកឱ្យពេទ្យយកមកវះកាត់តភ្ជាប់ឡើងវិញ គឺជារឿងដែលល្អគួរធ្វើក៏ពិតមែន តែក៏មិនប្រាកដច្បាស់ជាប់ជានិច្ចថា ពេទ្យនឹងអាចវះកាត់តភ្ជាប់អវយវៈនោះឱ្យត្រឡប់មកប្រើការបានល្អដូចដើមវិញដែរ ព្រោះវាអាស្រ័យលើសភាពរបស់អវយវៈដែលដាច់នោះផងដែរថា តើសាច់ភ្នាស សរសៃឈាម សាច់ដុំផ្សេងៗមានភាពខូចខាតច្រើនតិចប៉ុនណា? (ដូចជា ករណីរបស់ដៃដែលត្រូវម៉ាស៊ីនកិនសាច់ជ្រូកធ្វើឱ្យខូចខាត បើសិនជាខូចខាតខ្លាំងជ្រុលពេល ក៏ពិបាកក្នុងការវះកាត់ដែរ) ការថែរក្សាអវយវៈដែលដាច់នោះធ្វើបានត្រឹមត្រូវតាមវិធីឬទេ? ភាពស្អាតគ្មានមេរោគប្រឡាក់ប្រឡូសរបស់អវយវៈដែលដាច់នោះមុនធ្វើការវះកាត់តភ្ជាប់ (ដូចជា អវយវៈដែលដាច់នោះធ្លាក់ចូលទៅក្នុងទឹកជ្រាំក្រោយពេលជួបគ្រោះថ្នាក់) ជាដើម៕

  • ប្រយ័ត្ន!! ទឹកស៊ីជើង ជំងឺដ៏គ្រោះថ្នាក់បំផុត ក្នុងអំឡុងរដូវភ្លៀង

    ប្រយ័ត្ន!! ទឹកស៊ីជើង ជំងឺដ៏គ្រោះថ្នាក់បំផុត ក្នុងអំឡុងរដូវភ្លៀង

    អ្វីទៅជាជំងឺទឹកស៊ីជើង?
    “ទឹកស៊ីជើង” ជាអាការជំងឺសើស្បែកដែលបានជួបប្រទះជាញឹកញាប់នៅពេលមានទឹកជំនន់។ មូលហេតុនៃការកើតរោគមួយប្រភេទនេះ គឺកើតចេញពីការឆ្លងរោគ និងការមិនមានអនាម័យចំពោះស្បែកជើង ដោយប្រកាន់ភ្ជាប់នូវទម្លាប់មិនសម្អាតស្បែកប្រអប់ជើងមិនបានស្អាតល្អ។ ជើងដែលសើមទឹក ឬផ្អាប់ដោយសារជាតិញើសរយៈពេលយូរ បណ្ដាលឱ្យស្បែកងាយឡើងកន្ទួលក្រហម រហូតដល់ក្លាយទៅជាផ្សិតមានសភាពរមាស់ និងរបេះរបកបាននៅលើបរិវេណបាតជើង។

    វិធីព្យាបាលជំងឺទឹកស៊ីជើង
    ការព្យាបាលដំបូង គឺប្រើប្រាស់ថ្នាំបំបាត់រមាស់ និងអាលែកស៊ីលាបពីលើស្បែកប្រអប់ជើងដើម្បីឱ្យស្បែកមានសភាពល្អឡើងវិញ មិនមានអាការរមាស់ និងបំបាត់ការប្រេះរលាត់សាច់ស្បែក។ ករណីដែលស្បែករមាស់ដល់ថ្នាក់អាប់សែហើយនោះ គឺបណ្ដាលមកពីស្បែករហែកឆ្លងបាក់តេរីរហូតដល់ថ្នាក់ឡើងផ្សិត ដូច្នេះអ្នកគួរតែប្រញាប់ទៅមន្ទីរពេទ្យដើម្បីឱ្យវេជ្ជបណ្ឌិតធ្វើការព្យាបាលជាបន្ទាន់ ព្រោះអាការបែបនេះអាចនឹងពិបាកព្យាបាល ហើយចំណាយពេលយូរ និងអស់ថវិកាច្រើនទៀតផង។

    វិធីការពារជំងឺទឹកស៊ីជើង
    • បន្ទាប់ពីប៉ះជាមួយនឹងទឹកកខ្វក់ ទឹកមានមេរោគ អ្នកត្រូវលាងសម្អាតជើងនឹងសាប៊ូឱ្យបានស្អាត ឬសម្អាតជើងជាមួយទឹកក្ដៅឧណ្ហៗក៏បានរួចជូតឱ្យស្ងួត ដោយកន្សែងពោះគោទន់ៗ។
    • ប្រសិនបើមានរបួសនៅបរិវេណស្បែកបាត់ជើង ឬប្រអប់ជើង អ្នកត្រូវលាងសម្អាតរបួសដោយទឹកអំបិល និងទឹកថ្នាំសម្លាប់មេរោគ។
    • ហាមប្រើប្រាស់របស់រួមជាមួយអ្នកដទៃដូចជា កន្សែងជូតខ្លួន ស្រោមជើង និងស្បែកជើងជាដើម។
    • ហាមអេះ ឬកេះបរិវេណសាច់ដែលមានរបួស ព្រោះមេរោគចេញពីរបួសអាចធ្វើឱ្យឆ្លងទៅកាន់ស្បែកនៅបរិវេណដទៃទៀតបាន។
    • ប្រើប្រាស់ស្រោមជើង និងស្បែកជើងដែលស្ងួត មិនសើមផ្អាប់ជានិច្ច៕