Category: សង្គម និងសេដ្ឋកិច្ច

  • អាជ្ញាធរ​ពន្ធដារចិនបង្គាប់មិនឱ្យចាក់បញ្ចាំងរឿង Fan Bingbing ខណៈកំពុងមានករណីគេចពន្ធលើសលប់

    អាជ្ញាធរ​ពន្ធដារចិនបង្គាប់មិនឱ្យចាក់បញ្ចាំងរឿង Fan Bingbing ខណៈកំពុងមានករណីគេចពន្ធលើសលប់

    តាមរយៈសារព័ត៌មាន The Startime ដែលទើបតែចេញផ្សាយមុនបន្ដិចបានឱ្យដឹងថា អាជ្ញាធរពន្ធដារចិនបានចេញសេចក្ដីប្រកាសថា កំពូលតារា​សម្ដែងចិនអ្នកនាង ហ្វាន ពីងពីង (Fan Bingbing) ត្រូវបាន​បង្គាប់បង់ពន្ធ​ចូលរដ្ឋវិញ និងពិន័យជាប្រាក់​រាប់រយលានយ័នពីបទ​គេចពន្ធ ព្រមទាំងពិន័យមិនឱ្យចាក់បញ្ចាំរឿងរបស់នាងឡើយ។

    អាជ្ញាធរពន្ធដារចិន បានបង្ហើបឱ្យដឹងថា តារាសម្ដែងស្រីរូបនេះ បានគេចមិនព្រមបង់ពន្ធក្នុងទឹកប្រាក់ប្រមាណ 95.8 លានដុល្លារ និងជាប់ពិន័យពន្ធដារ 255 លានយ័នផងដែរ។ អ្នកនាង ហ្វាន ពីងពីង មិនបាន​បង្ហាញខ្លួនជា សាធារណអស់​រយៈពេលជាច្រើនខែ​មកហើយ ខណៈមានពាក្យ​​ចចាមអារ៉ាម​​ជាច្រើនថា កំពូលតារា​​សម្ដែងរូបនេះ​ ​ត្រូវបានអាជ្ញាធរ​ចិនចាប់ខ្លួន​ពីបទ​គេចពន្ធ។ ចំណែកឯ ទីកន្លែង​ដែល​អ្នកនាង Fan កំពុងស្ថិតនៅក៏​ពុំទាន់ត្រូវបានគេឱ្យ​ដឹងនៅឡើយ​ដែរ។

    គួររំឭកដែរថា អ្នកនាង Fan Bingbing មិនបានបង្ហាញ​​ខ្លួនជាសាធារណៈ​ តាំងតែពីខែមិថុនា​​មកម្ល៉េះ ពោលគឺបន្ទាប់​ពីអ្នក​នាងបានបង្ហោះ​រូបភាព នៅលើបណ្ដាញ​​ទំនាក់ទំនង​សង្គម​ថា អ្នកនាងបាន​ធ្វើដំណើរ​ទៅកាន់មន្ទីរពេទ្យ​​កុមារមួយ​កន្លែង ស្ថិតនៅ​ក្នុង​តំបន់ទីបេ។ បន្ថែមពីលើ​នេះ អត្ថបទមួយចុះ​​ផ្សាយដោយប្រព័ន្ធ​ផ្សព្វ​ផ្សាយរដ្ឋ Securities Daily កាលពីថ្ងៃទី6 ខែកញ្ញា ហើយដែល​ក្រោយ​មកត្រូវបាន​លុបចោល​វិញភ្លាមៗ​​បានអះអាងថា អ្នកនាង Fan កំពុងស្ថិតនៅ​​ក្រោមការឃ្លាំមើល​របស់​អាជ្ញាធរចិន និងកំពុងប្រឈមមុខ ការកាត់ទោស​​ពីបទ​គេចពន្ធ។

    សូមជម្រាបបន្ថែមថា រឿងរបស់ Fan Bingbing ដែលសម្ដែងនៅហូលីវូតត្រៀមនឹងរៀបបញ្ចាំងមានដូចជារឿង «X-Men» និងរឿង «Iron Man» ដែលរំពឹងកើបចំ​ណូលបានពីអ្នកគាំទ្រចិនបានដល់ទៅ 62 លានដុល្លារសហរដ្ឋអាមេរិច៕

  • Osakaត្រួស​ត្រាយ​ផ្លូវ​ឆ្ពោះ​ទៅកាន់​ជុំ​ទី​ 3 នៃ​ពាន China Open

    Osakaត្រួស​ត្រាយ​ផ្លូវ​ឆ្ពោះ​ទៅកាន់​ជុំ​ទី​ 3 នៃ​ពាន China Open

    កីឡាការិនី​វាយកូន​បាល់ Naomi Osaka កំពុង​តែ​​ស្រេក​ឃ្លានក្នុងការ​បន្ត​ដំណើរ​ទៅ​មុខ​ពី «ការ​ចង​ចាំ​ផ្អែម​លាយ​ល្វីង» នៃ​ការ​​ឈ្នះពាន​ក្នុង​ព្រឹត្តិការណ៍​ US Open កាលពី​ខែមុន ហើយ​កីឡា​ការិនី​រូបនេះ បាន​បង្ហាញពី​ទម្រង់​លេង​ដ៏​រឹង​មាំ​ក្នុងយុទ្ធនាការ China Open កាលពីថ្ងៃអង្គារ​។

    តា​រាឆ្នើមស្រី​វ័យ​ក្មេង​របស់​ជប៉ុន​រូបនេះ បាន​​យកឈ្នះ​លើ​កីឡាការិនី​អាមេរិក Danielle Collins យ៉ាង​ងាយស្រួល​ក្នុងលទ្ធផល 6-1 និង​6-0 ក្នុង​រយៈពេល​​ត្រឹម​តែ​ 53​​នាទី នៅលើ​ទីលាន​រឹង​​ក្នុង​ទីក្រុង​ប៉េ​កាំង ដើម្បី​ឈាន​ទៅ​ប្រកួត​ជុំ​ទី​3​។ ជាមួយ​គ្នា​នេះ ទម្រង់​លេង​យ៉ាង​ល្អ​របស់​កីឡា​ការិនី​ចិន Wang Qiang បាន​​បន្ត​ ក្រោយពី​នាង​បាន​យកឈ្នះ​លើ​កីឡា​ការិនី​ឡេ​តូនី Jelena Ostapenko ដែល​ជាម្ចាស់​ជើង​ឯក French Open ឆ្នាំ​2017 ក្នុង​លទ្ធ​ផល 6-០ និង​6-០​។ Ostapenko ដែលមាន​ចំណាត់​ថ្នាក់​​លេខ​12 ​ប្រចាំ​ព្រឹត្តិការណ៍ បានត្រូវ​ការ​ការ​ព្យា​បាល​ដៃ​ខាង​​ឆ្វេង​របស់​គេ អំឡុង​ពេលនៃការ​ប្រកួត ប៉ុន្តែជ័យជម្នះ​បាន​កើតឡើង​ពីការ​បង្ហាញ​ទម្រង់​លេង​យ៉ាងល្អ​របស់ Qiang នៅចំពោះ​មុខ​អ្នក​គាំទ្រ​របស់​ខ្លួន​។

    Osaka វ័យ​ 20​ឆ្នាំ ដែល​ការ​ឈ្នះ​ពាន​តែ​1 ​​​ក្នុងកម្មវិធី Grand Slam របស់​នាង​ត្រូវ​បាន​រំខាន​ដោយ​ជម្លោះ​របស់​កីឡា​ការិនី Serena Williams ជាមួយ​នឹង​អាជ្ញា​កណ្តាល​ក្នុង​ទីក្រុង​ញូវ​យ៉ក​នោះ នឹង​ត្រូវ​​ប៉ះ​ជា​មួយ​នឹង​កីឡា​ការិនី Julia Goerges ក្នុង​វគ្គ​បន្ទាប់ ក្នុង​រដ្ឋ​ធានី​របស់​ចិន​។ កេរិ៍្ត​ឈ្មោះ Osaka កំពុង​តែ​មាន​ភាពល្បីល្បាញ ហើយ​មន្ត្រី​​រៀប​​ចំ​ការ​ប្រកួតកាលពីថ្ងៃអង្គារ បាន​បញ្ជាក់​ថា នាង​បាន​ទទួល​សិទ្ធិ​របស់​នាង​ក្នុង​ព្រឹត្តិ​ការណ៍ WTA Finals Singapore ជាលើក​ទី​1​៕

    ប្រភព​ពី៖ Channel News Asia

  • ទស្សនីយភាពវីដេអូអប់រំខ្លី «ស្នាមក្រែម» បង្កប់អត្ថន័យជ្រាលជ្រៅដល់ហូរទឹកភ្នែកដោយមិនដឹងខ្លូន

    ទស្សនីយភាពវីដេអូអប់រំខ្លី «ស្នាមក្រែម» បង្កប់អត្ថន័យជ្រាលជ្រៅដល់ហូរទឹកភ្នែកដោយមិនដឹងខ្លូន

    វីដេអូ បែបអប់រំខ្លី មានចំណងជើងថា «ស្នាមក្រែម» បង្ហាញពីជីវិតរបស់គ្រួសារមួយ ដែលធ្លាប់តែមានសុភមង្គល និងពោរពេញ ទៅដោយក្ដីស្រឡាញ់ តែត្រូវរលាយបាត់បង់ ដោយសារតែការសប្បាយភ្លើតភ្លើន ជាកំហុសឆ្គងធ្វើឲ្យបាត់បង់សុភមង្គល និងក្ដីសុខដែលធ្លាប់តែមានកន្លងមក។ យ៉ាងណាមិញ វីដេអូអប់រំខ្លីនេះកំពុងតែទទួលបានការចាប់អារម្មណ៍ ជាពិសេសគឺមានការគាំទ្រខ្លាំងគួរឲ្យកត់សម្គាល់។

    អ្នកនាង ស្វែង សុជាតា ដែលមានតួនាទីជាម្តាយ បានសម្តែងអារម្មណ៍ភ័យបុកពោះក្នុងទឹកមុខស្រពោននៅពេលកូនស្រីជាទីស្រឡាញ់រស់នៅក្បែររហូត បានបាត់ពីទ្រូងភ្លាមៗធ្វើឱ្យអ្នកនាងមានចិត្តបារម្ភពន់ពេក។ តារាស្រីជើងចាស់ និងសម្បូរបទពិសោធន៍សម្តែងដ៏ជំនាញ បានឱ្យប្រាប់ដឹងថា ករណីដែលអ្នកនាងស្លន់ស្លោ រឿងដើររកកូនស្រីជាការថតសម្តែងនៅក្នុងរឿង «ស្នាមក្រែម»ក្នុង​រឿងថ្មីមួយ ដែលជារឿងបែបមនោសញ្ចេតនាកប់ជ្រៅមានលក្ខណៈអប់រំក្នុងសង្គមយើងផងដែរ។ អ្នកនាងថា កូនស្រីក្នុងសាច់រឿងបានបាត់ចេញពីផ្ទះ ក្រោយទទួលយកមិនបានពេលឃើញឪពុកដោយចៃដន្យ កំពុងលបលួចមានស្រីថ្មី ក៏ទប់ចិត្តលែងបាន ហើយ​រត់ចេញពីផ្ទះគ្មានប្រាប់នរណាម្នាក់ឡើយ បង្កឲ្យ​មានការភ័យព្រួយពីអ្នកនៅក្នុងផ្ទះគ្រប់គ្នា ជាពិសេសអ្នកនាង ត្រូវជាម្តាយតែម្តង។

    តារាដែលលេចធ្លោនៅក្នុងវីដេអូអប់រំនេះ រួមមាន អ្នកនាង ស្វែង សុជាតា លោក ជា សំណាង និងកុមារី ជូលី ដោយអ្នកទាំងបី បានរំលេចឈុតឆាកក្នុងរឿងរ៉ាវគ្រួសារយ៉ាងទាក់ទាញបំផុត ពាក់ព័ន្ធនឹងស្នាមក្រែម។ យ៉ាងណាមិញ រឿងរ៉ាវទាំងអស់នេះ ត្រូវបានអ្នកនាង ស្វែង សុជាតា ស្រាយបំភ្លឺឱ្យទស្សនិកជនជ្រាប៕

  • ព្រៃកោងកាង « ធុងប៉្រូងថង» តំបន់ទេសចរណ៍ដីទំនាបមិនគួររំលង!!

    ព្រៃកោងកាង « ធុងប៉្រូងថង» តំបន់ទេសចរណ៍ដីទំនាបមិនគួររំលង!!

    តាមរយៈគេហទំព័រកម្សាន្ដ Kapook បានឱ្យដឹងថា ព្រៃកោងកាង ធុងប៉្រូងថង ( ทุ่งโปรงทอง ) មានទីតាំងស្ថិតនៅជុំវិញមាត់ច្រាំងទន្លេ ប្រៈសែ ក្បែរតំបន់ទំនាបសមុទ្រ ប្រៈសែ ស្រុកក្លែង ខេត្តរៈយ៉ង។ នៅតំបន់ទេសចរណ៍ធម្មជាតិមួយនេះ មានព្រៃកោងកាងលាតសន្ធឹងល្វឹងល្វើយ និងមានស្ពានធ្វើអំពីឈើ ដែលអាចដើរឆ្លងពីព្រៃមួយទៅព្រៃមួយ និងអាចដើរព័ទ្ធជុំវិញព្រៃបាន។

    ចំណែកស្ពានដែលភ្ញៀវទេសចរអាចធ្វើដំណើរកម្សាន្ដទស្សនាសត្វស្លាប និងកូនព្រៃដើមកោងកាងបាននោះ មានប្រវែង 2 .6គីឡូម៉ែត្រ ក្នុងនោះភ្ញៀវទេសចរអាចថតរូបផ្ដិតយកទេសភាពស្អាតៗនៅក្បែរខ្លួនបានផងដែរ ។ តែដោយឡែក ស្ពានដែលមានប្រវែងវែងបំផុត និងអាចដើរឆ្លងទៅកាន់ព្រៃកោងកាងនីមួយៗ បើចង់បន្ដដំណើរត្រូវផ្ដល់ដំណឹងទៅអ្នកអនុរក្សព្រៃជាមុនសិន ដើម្បីធ្វើដំណើរជាមួយអ្នកនាំផ្លូវ។

    បន្ថែមលើសពីនោះ ភ្ញៀវទេសចរអាចបន្ដដំណើរនៅលើទូកដើម្បីទស្សនាព្រៃកោងកាងទាំងមូលក៏បានផងដែរ។ កាន់តែពិសេសជាងនេះទៅទៀត កន្លែងតំបន់ទេសចរណ៍ធម្មជាតិមួយនេះ ត្រូវបានបើកឱ្យចូលទស្សនាទាំងភ្ញៀវជាតិ និងអន្ដរជាតិដោយឥតគិតថ្លៃ ចាប់ពីវេលាម៉ោង 6ព្រឹក ដល់ម៉ោង 6ល្ងាច។ តែចំពោះការជិះទូកវិញ ត្រូវបានបង់ថ្លៃទៅតាមចំនួនមនុស្ស ។

    ដើម្បីកុំឱ្យខកខាន សូមទស្សនាវីដេអូទេសភាពព្រៃកោងកាង «ធុងប៉្រូងថង» ដែលធំជាងគេនៅប្រទេសថៃ ៖

  • តើ​គួរ​គ្រប់គ្រង​លំហូរ​សាច់ប្រាក់​បែបណា​ដើម្បី​កុំឱ្យ​គ្រួសារ​ជួប​ហានិភ័យ?

    តើ​គួរ​គ្រប់គ្រង​លំហូរ​សាច់ប្រាក់​បែបណា​ដើម្បី​កុំឱ្យ​គ្រួសារ​ជួប​ហានិភ័យ?

    ការចំណាយ​ប្រាក់​ក្នុង​គ្រួសារ ជាទូទៅ​គេ​តែង​គិតថា គឺជា​រឿង​សាមញ្ញ​មួយ ដោយ​មិនបាន​កំណត់ថា​ការចាយវាយ​នោះ​ធ្វើឡើង​ទៅតាម​តម្រូវការ​ចាំបាច់​នោះទេ ពេលដែល​មាន​លុយ​ហើយ​តែង​ទិញ​នេះ​ទិញ​នោះ​ទៅតាម​ចំណង់​ចង់បាន​របស់ខ្លួន លុះ​ពេល​ទិញ​ហើយ​អស់​លុយ​ពី​ខ្លួន មើលឃើញ​សម្ភារ​មិនសូវ​សំខាន់​ទើប​មាន​អារម្មណ៍​ស្តាយក្រោយ។

    លោក ប៉ិច ប៉ូ​ឡែ​ន នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Westline Education Group មានប្រសាសន៍ថា មនុស្ស​ភាគច្រើន​មិនបាន​បណ្តុះ​ផ្នត់គំនិត​របស់ខ្លួន និង​កូន​របស់ខ្លួន​ឱ្យ​យល់ដឹង​ពី​សារៈសំខាន់​នៃ​ការ​សន្សំ​ប្រាក់​នោះទេ ជួនកាល​ទិញ​ទំនិញ​អ្វីមួយ​ពួកគាត់​ធ្វើឡើង​ទៅតាម​ចំណង់​ចង់បាន​តែប៉ុណ្ណោះ មិនបាន​គិតពី​តម្រូវការ​ចំ​បាច់​នោះទេ ដែល​ករណី​បានធ្វើឱ្យ​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ​ជួប​ការលំបាក​នៅពេល​ដែលមាន​តម្រូវការ​ប្រើប្រាស់​លុយ ដូចជា​ត្រូវ​ដល់​ខែ​បង់ថ្លៃ​សាលា​កូន ចំណាយ​សម្រាប់​កម្មវិធី​ប្រពៃណី ត្រូវ​ដល់ពេល​បង់ថ្លៃ​ជួល បង់​ប្រចាំខែ​ថ្លៃ​ទិញ​ផ្ទះ ថ្លៃ​ទឹក​ភ្លើង ឬ​នៅពេល​ជួប​បញ្ហា​សុខភាព ឬ​ចំណាយ​ថ្លៃ​ថ្នាំពេទ្យ​ជាដើម​នោះ ទើប​ដឹងថា​មាន​តម្រូវការ​ចំ​បាច់​ប្រើប្រាស់​លុយ ហើយ​ជួល​កាល​អាច​ជួប​ការខ្វះខាត​ទើប​ដឹងថា​លំបាក។

    លោក​ថា ក្នុង​យុគសម័យ​ជឿនលឿន​នេះ មាន​មនុស្ស​មិនតិច​ទេ​ដែល​ចង់​ធ្វើខ្លួន​ឡូយឆាយ​បង្អួត​គេ រហូត​ហ៊ាន​ទិញ​រថយន្ត ម៉ូតូ ទូរស័ព្ទដៃ​បង់​រំលស់​ទៀតផង ហើយ​ខំ​រកលុយ​ទុក​សម្រាប់តែ​គ្រប់​ចាយ​ពី​មួយខែ​ទៅមួយ​ខែ មិន​គិតពី​ការ​សន្សំទុក​ទៅ​ថ្ងៃ​អនាគត​ទេ ដោយ​ពួកគាត់​គិតថា បង់​រំលស់យូរៗ សម្ភារ ឬ​វត្ថុ​នោះ​ប្រាកដជា​ក្លាយជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​មិន​ខាន។ លោក​ថា ការគិត​បែបនេះ​គឺ​មិន​ខុស​នោះទេ​ប្រសិនបើ​យើង​យក​សម្ភារ​ឬ​វត្ថុ​នោះមក​ប្រើ​ជា​ប្រយោជន៍​ដើម្បី​រកប្រាក់​ធ្វើជា​ចំណូល​ចូល​គ្រួសារ​វិញ ឧទាហរណ៍​អ្នកទិញ​រថយន្ត​ទំនើប​គាត់​ជិះ​ដើម្បី​ធ្វើការ​ផង ឆ្លៀតពេល​ទំនេរ​ពី​ការងារ​ផង​គាត់​អាច​រត់​តាក់ស៊ី​បាន​លុយ​បន្ថែម​ពី​ការងារ​ត្រឡប់​ចូល​គ្រួសារ​វិញ​បាន ប៉ុន្តែ​អ្នកខ្លះ​មិន​គិត​ដូច្នោះ​ទេ ពេល​បាន​រថយន្ត​ថ្មី​ចូលចិត្ត​ដើរលេង​ជួប​មិត្តភក្តិ​ ចំណាយ​ពេលវេលា​មិនបាន​ប្រយោជន៍ ហើយ​ថែមទាំង​ចំណាយ​ប្រាក់​កាន់តែច្រើន​ថែមទៀត​ដែល​កត្តា​នេះ​ធ្វើឱ្យ​គ្រួសារ​អាច​ជួប​ហានិភ័យ។

    លោក​ថា ប្រសិនបើ​យើង​ចង់​សន្សំ​ប្រាក់ ត្រូវ​ចេះ​ដាក់​សម្ពាធ​លើ​ខ្លួនឯង​កុំឱ្យ​ចាយ​ច្រើនពេក ហើយ​គួរ​ពិចារណា​លើ​ការទិញ​ធានារ៉ាប់រង​សម្រាប់​ការសិក្សា​ឱ្យ​កូន ព្រោះថា សន្សំ​ម្តងបន្តិចៗ ភ្លេចៗខ្លួន​កូន​រៀន​ចប់​បាក់​ឌុប កូន​មាន​ញ្ច​ប់​ថវិកា​សម្រាប់​ការសិក្សា​នៅ​មហាវិទ្យាល័យ​តែម្តង ហើយ​នៅពេល​យើង​មាន​គ្រោះថ្នាក់​ណាមួយ​មាន​ធានារ៉ាប់រង​ជា​អ្នក​ជួយ​គ្រួសារ​យើង​វិញ។ ម្យ៉ាងទៀត​បើ​អ្នក​ចង់​ទិញ​ផ្ទះ​បង់​រំលស់​ក៏បាន តែ​ត្រូវ​គិតថា ទិញ​ផ្ទះ​បង់​រំលស់​គឺ​មិន​ខុសពី​ការទិញ​បំណុល​គេ​នោះទេ ត្រូវ​សង​គេ​រាប់​ឆ្នាំ​ទើប​អស់ ដូច្នេះ​គិតថា ទិញ​ផ្ទះ​បែបណា​ដើម្បី​ចំណេញ អាច​ចំណេញ​បាន​បើសិន​ទិញ​ផ្ទះ​មក​សម្រាប់​រស់នៅ​ផង សម្រាប់​រកស៊ី​បាន​ចំណូល​មកវិញ​ខ្លះ​ផង ឬ​ទិញ​ទុកយូៗទៅផ្ទះ​អាច​នឹង​ឡើងថ្លៃ​លក់​វិញ​បាន​ប្រាក់ចំណេញ​ថែមទៀត​ផង។

    វិធីសាស្ត្រងាយៗដើម្បីឱ្យ​ជីវភាព​គ្រួសារ​មានការ​រីកចម្រើន មនុស្សម្នាក់ៗត្រូវ​ដឹង​ខ្លួនឯង​ថា ​ការចំណាយ​ចៀសវាង​កុំ​ចាយ​ច្រើនជាង​ចំណូល ឧទាហរណ៍​ថា សម្រាប់​គ្រួសារ​មានកូន 2នាក់​មាន​ចំណូល​ប្រហែលជា1,000ដុល្លារ​ក្នុង​មួយខែ ត្រូវ​គិតគូរ​ឱ្យបាន​ច្បាស់លាស់​លើ​ការចំណាយ​ប្រចាំខែ​ទៅវិញរាប់​ចាប់តាំងពី​ការចំណាយ​លើ​អាហារ​ពេលព្រឹក ការចំណាយ​លើ​ការផ្តល់ឱ្យ​កូន​ចាយ​ប្រចាំថ្ងៃ ចំណាយ​បង់ថ្លៃ​សាលា​ឱ្យ​កូន ចំណាយ​លើ​ម្ហូបអាហារ ចំណាយ​ទឹក​ភ្លើង ចំណាយ​លើ​ថ្នាំសង្កូវ ឬ​ថ្លៃ​ថែទាំ​សុខភាព ចំណាយ​លើ​ការចាក់​សាំង​ម៉ូតូ-ឡាន និង​ចំណាយ​បង់ថ្លៃ​ផ្ទះ​ប្រចាំខែ និង​ចំណាយផ្សេងៗមួយចំនួន​ទៀតថា តើ​ប្រាក់ខែ1,000ដុល្លារ​នោះ​គ្រប់គ្រាន់​ទេ បើសិន​រកឃើញថា មិន​គ្រប់គ្រាន់ គួរតែ​កាត់បន្ថយ​ចំណាយខ្លះៗ ធ្វើយ៉ាងណា​ឱ្យ​សល់​បាន​ខ្លះ ទោះជា​លំបាក​ក៏ដោយ អនុវត្តយូរៗទៅ​ប្រាកដជា​ក្លាយជា​ទម្លាប់ មិន​សល់​បាន​ច្រើន​ក៏ត្រូវ​ឱ្យ​សល់ខ្លះៗដែរ ដើម្បី​សន្សំទុក​ទៅ​ថ្ងៃមុខ បើ​មិន​ដូច្នេះ​ទេ​ពេល​ខ្លួន​ចាស់​ធ្វើការ​លែងកើត​រក​ចំណូល​មិនបានប្រាកដជា​លំបាក​មិន​ខាន។ តែបើ​សន្សំ​លុយ​បាន​ហើយ គួរ​គិតគូរ​យកទៅដាក់​ធនាគា​រ​ដើម្បី​បានការ​ប្រាក់ ឬ​យកទៅ​ចងការ​ឱ្យគេ ហើយបើ​សិន​មានលទ្ធភាព គួរ​បង្កើត​មុខរបរ​ណាមួយ​ដែល​អាចមាន​លទ្ធភាពរ​ក​ប្រាក់ចំណូល​ប្រចាំថ្ងៃ​ឱ្យ​យើង​បាន​មកវិញ​ជាប្រចាំ​នោះ​ទើប​ជាការ​ប្រសើរ។

    ជា​ចុងក្រោយ​លោក​ផ្តាំផ្ញើ​ថា សម្រាប់​មេ​គ្រួសារ​ម្នាក់ គួរ​កុំ​រង់ចាំ​បន្ទោស​កូន​ថា គិតតែ​ចាយ​គិតតែ​សុំ​លុយ តែ​ត្រូវ​ធ្វើជា​គំរូ​ឱ្យ​កូន​វិញ ព្យាយាម​ចំណាយ​ក្នុង​គ្រួសារ​ទៅតាម​តម្រូវ​ការចាំបាច់ពិតៗ ឬ​ចំណាយ​លើ​អ្វីដែល​បាន​ផលចំណេញ​មកវិញ ដើម្បីឱ្យ​កូន​បាន​មើលឃើញថា ជា​រឿង​ល្អ និង​ត្រឹមត្រូវ និង​ព្យាយាម​ប្រាប់​កូន ពន្យល់​កូន​អំពី​សារៈសំខាន់​នៃ​ការចាយ​លុយ យូរៗទៅ​កូន​ប្រាកដជា​យល់ និង​ដឹង​ពី​សារៈសំខាន់​នៃ​ហិរញ្ញវត្ថុ​គ្រួសារ​មិន​ខាន៕

  • វិធីព្យាបាលបឋម នៅពេលសត្វល្អិតចូលក្នុងត្រចៀក

    វិធីព្យាបាលបឋម នៅពេលសត្វល្អិតចូលក្នុងត្រចៀក

    សត្វល្អិតធំតូចមួយចំនួនដែលនៅក្នុងផ្ទះរបស់អ្នក ក្រៅពីបង្កភាពរំខានដល់អ្នក និងគ្រួសារហើយនោះ ពេលខ្លះពួកវាបានលួចចូលទៅក្នុងត្រចៀករបស់អ្នក ឬសមាជិកក្នុងគ្រួសារទៀត នៅពេលកំពុងគេងលក់ដោយមិនដឹងខ្លួន ហើយវាមិនព្រមចេញមកវិញដោយស្រួលៗនោះទេ។ ដូច្នេះហើយ ប្រសិនបើសត្វល្អិតចូលក្នុងត្រចៀក អ្នកត្រូវមានវិធីសាស្ត្រី ដើម្បីធ្វើឱ្យវាចេញមកវិញដោយត្រឹមត្រូវ ដោយមិនប៉ះពាល់ដល់សុខភាពត្រចៀក ឬបណ្ដាលឱ្យត្រចៀកមានបញ្ហា។ ថ្ងៃនេះទស្សនាវដ្ដី ឡារ៉ែន សូមជម្រាបពីវិធីព្យាបាលបឋម នៅពេលសត្វល្អិតចូលក្នុងត្រចៀកដូចខាងក្រោមនេះ។

    នៅពេល សត្វល្អិតចូលត្រចៀក អ្នកគួរព្យាបាលបឋមដោយវិធីណា?
    • ពិតប្រាកដណាស់គឺហាមប្រើសំឡីត្បាល់ត្រចៀក ធាងឈើ ឬវត្ថុត្បាល់ច្រៀកផ្សេងៗដើម្បីរុកចូលត្បារយកសត្វល្អិតចេញពីត្រចៀកព្រោះការធ្វើបែបនេះ អាចក្លាយជាការរុញឱ្យសត្វល្អិតកាន់តែចូលទៅក្នុងត្រចៀកកាន់តែជ្រៅហើយមានគ្រោះថ្នាក់ចំពោះក្រដាសត្រចៀក និងភ្នាស់កណ្ដាលបាន។

    • ប្រសិនបើប្រាកដចិត្តថា ពិតជាមានសត្វល្អិតក្នុងត្រចៀកមែន ត្រូវឱ្យផ្អៀងត្រចៀកម្នាងនោះ (ត្រចៀកដែលសត្វចូល) ចុះទៅក្រោម និងផ្អៀងចុះសន្សឹមៗ ថ្នមៗ ដើម្បីឱ្យសត្វល្អិតនោះ វាចេញមកក្រោមវិញ ហើយចេញទៅក្រៅរន្ធត្រចៀក។

    • វិធីសាស្ត្រមួយទៀត គឺត្រូវឱ្យត្រចៀកនោះងើយឡើងទៅលើ ហើយយកប្រេងលាបខ្លួនរបស់ទារក ឬប្រេងបន្លែ ប្រេងអូលីវ ប្រេងល្ង ឬថ្នាំសម្រាប់បន្តក់ត្រចៀក (ដែលជ្រើស-យកតែមួយប៉ុណ្ណោះ) បន្ដក់ចូលក្នុងត្រចៀកហើយទាញស្លាបត្រចៀកខាងក្រោយ ដើម្បីឱ្យរន្ធត្រចៀកបើកកាន់តែធំ ដើម្បីឱ្យប្រេងហូរចូលបានត្រង់។ បន្ទាប់មកត្រូវផ្អៀងត្រចៀកចុះមកវិញ ដើម្បីឱ្យសត្វល្អិតដែលស្លាប់ ឬនៅរស់ក្នុងត្រចៀក ហូរចេញមកក្រៅវិញ។

    • ប្រសិនបើមានអាការផ្សេងៗ ដូចជា ឈឺភ្នាស់ត្រចៀក ចុកក្នុងត្រចៀក ហឹងត្រចៀក ឬមានឈាមមកតាមត្រចៀក និងមានអាការមិនប្រក្រតីផ្សេងៗ សូមកុំទាន់ប្រញាប់រុកវត្ថុអ្វីចូលក្នុងត្រចៀកឱ្យសោះ ត្រូវប្រញាប់ទៅរកគ្រូពេទ្យជំនាញជាបន្ទាន់។

    វិធីបង្ការមិនឱ្យសត្វល្អិតចូលត្រចៀក
    • ឧស្សាហ៍ និងយកចិត្តទុកដាក់សម្អាតអនាម័យកន្លែងគេង និងបរិវេណជុំវិញកន្លែងគេង កុំបណ្ដោយឱ្យមានសភាពរញ៉េរញ៉ៃ មិនមានសណ្ដាប់ធ្នាប់ រហូតក្លាយជាជម្រកលាក់ខ្លួនរបស់សត្វល្អិតផ្សេងៗ។

    • ហាមប្រើសំឡីត្បារត្រចៀកសម្អាតត្រចៀករាល់ថ្ងៃ ព្រោះវាអាចបណ្ដាលឱ្យមានការរលាកភ្នាស់ត្រចៀក និងដាច់រោមការពារត្រចៀកជាដើម។

    • ប្រើប្រាស់ថ្នាំបាញ់សម្លាប់សត្វល្អិត ឬកម្ចាត់សត្វល្អិតនៅក្នុងបន្ទប់ និងបរិវេណផ្ទះរបស់អ្នកជាប្រចាំ។

    • បន្ទប់គេងត្រូវមានពន្លឺគ្រប់គ្រាន់។

    • តាមការពិតក្នុងត្រចៀករបស់លោកអ្នកមានប្រព័ន្ធសម្អាតតាមលក្ខណៈធម្មជាតិរួចទៅហើយ ដែលមិនចាំបាច់ឱ្យលោកអ្នកត្រូវពិបាកក្នុងការសម្អាតវានោះទេ។ យ៉ាងណាក៏ដោយប្រសិនបើអាចម៍ត្រចៀកកើនឡើងច្រើនខុសធម្មតា ឬបង្កជាការឈឺចាប់ផ្សេងៗនោះ សូមប្រញាប់ទៅរកគ្រូពេទ្យជាបន្ទាន់ កុំព្យាយាមធ្វើការសម្អាតវាដោយខ្លួនឯងឱ្យសោះ៕

  • ភ្ញាក់ផ្អើល!! គណនីហ្វេសប៊ុកមួយទម្លាយថា អតីត Freshie boy ប្រាក់ លីហួរ ដើរបោកប្រាស់គេ

    ភ្ញាក់ផ្អើល!! គណនីហ្វេសប៊ុកមួយទម្លាយថា អតីត Freshie boy ប្រាក់ លីហួរ ដើរបោកប្រាស់គេ

    គណនីហ្វេសប៊ុកមួយមានឈ្មោះ Kit Chanthla  បានបង្ហោះរូបភាព និងវីដេអូដែលអះអាងថា ខ្លួនបានទិញទូរស័ព្ទពីអតីត Freshie boy ចំណាត់ថ្នាក់លេខ2 ឆ្នាំ2016 ឈ្មោះ ប្រាក់ លីហួរ ប៉ុន្តែត្រូវបានអតីតតារារូបនេះបោកប្រាស់ ដែលខណៈនេះលេខទូរស័ព្ទរបស់តារាប្រុសម្នាក់នេះ មិនអាចទាក់ទងបាន និងបានប្លុកលេខទូរស័ព្ទរបស់ខ្លួន ចោលទៀតផង។

    ប្រភពគណនីខាងលើបានសរសេរសារយ៉ាងវែងអន្លាយថា «ជាតារាល្បីមួយរូបដែរ ថោកទាបមិនគួរបោកប្រាស់ខ្ញុំអ៊ីចឹងសោះ មិនដឹងថាគាត់បោកប្រាស់មនុស្សប៉ុន្មាននាក់មកហើយទេ។ ទិញទូរស័ព្ទពីគាត់តម្លៃ 600ដុល្លារ មួយទឹក…គឺចង់បានទូរស័ព្ទ iPhone 8 Plus តែបែរជាទូរស័ព្ទនោះជា iPhone 6s Plus ដូរសម្បកឡើង iPhone8 Plus ទៅវិញ ពេលណាត់ជួបបែរជាគេចមុខ ហើយបិទទូរស័ព្ទទៀត លេខទូរស័ព្ទបុរសម្នាក់នេះ Tel: 010222260»។

    បើបងប្អូនអ្នកទាក់ទងបាន សូមជួយឱ្យគាត់ចេញមុខដោះស្រាយជាបន្ទាន់…បើមិនអ៊ីចឹងទេ ខ្ញុំនឹងប្តឹងពីបទឆបោកលក់ទូរស័ព្ទក្លែងក្លាយ….បើសងលុយរួចខ្លួន…មុខមាត់ស្អាតបាត តែមិនគួរដើរបោកប្រាស់គេអ៊ីចឹងសោះ PrakLyhour F ជួយ Like share comment ពឹងលើបងប្អូនហើយ…ដើម្បីកុំឱ្យតារាម្នាក់នេះដើរបោកគេទៀត….នាំឱ្យខូចតារាល្អៗនៅស្រុកខ្មែរ ខ្ញុំជឿថា មនុស្សម្នាក់នេះមិនមែនបោកតែខ្ញុំម្នាក់ទេ…គ្រាន់តែគេផ្សេងៗមិនហ៊ាន post ខ្លាចមានរឿង….ខ្ញុំ post ដើម្បីឱ្យចេញមុខដោះស្រាយ បំភ្លឺការពិត គឺខ្ញុំមានភស្តុតាងទាំងអស់។ ម្តងគេ ម្តងយើង 41 41…ខ្ញុំនឹងធ្វើការ Live ផ្ទាល់សូមបងប្អូនជួយវិភាគទាំងអស់គ្នា»។

    គួរបញ្ជាក់បន្ថែមថា ផ្អែកលើការខមមិនរបស់គណនីហ្វេសប៊ុកមួយ បានបង្ហើបឱ្យដឹងថា តារារូបនេះត្រូវបានខាងក្រុមហ៊ុន Freshie ដកតំណែងចេញពីបញ្ជីឈ្នោះ Freshie ជាយូរហើយ ដោយសារតែធ្លាប់មានករណីមិនល្អ ដែលបុគ្គលម្នាក់នេះ បានធ្វើខុសចំពោះលក្ខខណ្ឌរបស់ក្រមហ៊ុន៕

  • ការព្យាបាល​ជំងឺមហារីក​សុដន់ដោយ​ប្រើ​អ័រម៉ូន​បំបាត់

    ការព្យាបាល​ជំងឺមហារីក​សុដន់ដោយ​ប្រើ​អ័រម៉ូន​បំបាត់

    អ័រម៉ូន​ប្រភេទ​ខ្លះ​អាច​ប្រឆាំងនឹង​កោសិកា​ជំងឺមហារីក​មិនឱ្យ​លូតលាស់​ឡើង​បាន ហើយ​ក្នុងពេល​តែមួយ​នោះ អ័រម៉ូន ក៏​អាចជួយ​ព្យាបាល​ជំងឺមហារីក​បាន​ដោយ​ការប្រើ​វិធីសាស្ត្រ​ម្យ៉ាង​ហៅថា “អ័រម៉ូន​បំបាត់”។ សូម​ស្វែងយល់​ទាំងអស់គ្នា។

    អ័រម៉ូន​បំបាត់ គឺជា​អ្វី?
    អ័រម៉ូន ដែល​ផលិតឡើង​មកពី​ក្រពេញ​អ័រម៉ូនបានធ្វើ​តួនាទី​ជា​សារ​ធាតុគីមី​បញ្ជូនទៅ​រាងកាយដែល​មានន័យថា ប្រសិនបើ​រាងកាយ​កំពុង​ទទួលរង​នូវ​ផលប៉ះពាល់ផ្សេងៗក៏ដោយ ក៏​ប្រព័ន្ធ​ប្រសាទ​តំបន់​កណ្ដាល ឬ CNS នឹង​បញ្ជូន​សញ្ញា​ទៅ​កន្លែង​អ័រម៉ូន​ប្រភេទ​ខ្លះ ដើម្បីឱ្យ​អ័រម៉ូន​នោះបាន​បញ្ជូនបន្ដ​ទៅតាម​សរសៃឈាម ហើយ​នៅពេលដែល​អ័រម៉ូន​វា​ហូរ​ទៅ​ពេញ​រាងកាយ​ហើយ នោះ​កោសិកា​គោលដៅ នឹង​អាច​ទទួល​រំញោច​ពី​អ័រម៉ូន​ទាំងនោះ​បាន។ ចំពោះ​កោសិកា​ទទួល​ការបញ្ជូន​សញ្ញា នឹង​កើតជា​ដំណើរការ​ប្រតិកម្ម​ទៅតាម​ហ្សែ​៊​ន ដើម្បី​ទទួល​អ័រម៉ូន​ដូច​ពោល​ខាងលើ។ ប្រសិនបើ​ដំណើរ​ការជួប​ប្រទះឃើញ កោសិកា​មហារីក​ជា​អ្នកទទួល​សញ្ញា​វិញហើយ​ធ្វើឱ្យ​អ័រម៉ូន​អាច​ចូលទៅ​តោង​ជាប់​បានគេ​ត្រូវ​ប្រើ​វិធីសាស្ត្រ​ដូចជា ថ្នាំ​បំបាត់ ការវះកាត់ ឬ​ការប្រើ​កាំរស្មី​បាញ់​បំបាត់ ដើម្បី​បញ្ឈប់​ដំណើរ​របស់​អ័រម៉ូន​ជាបន្ទាន់ ដែល​អាច​រាង​រាំង​ការកកើត​នៃ​ចំនួន​កោសិកា​មហារីក។ វិធីសាស្ត្រ​ខាងលើនេះ គេ​ឱ្យ​ឈ្មោះថា “អ័រម៉ូន​បំបាត់” ឬ Hormonal therapy គឺជា​វិធី​ព្យាបាល​ជំងឺមហារីក​ដ៏​មាន​ប្រសិទ្ធភាព​មួយ។

    អ័រម៉ូន​ប្រភេទ​ណា ដែល​អាច​ព្យាបាល​ជំងឺមហារីក​សុដន់​បាន?
    មាន​វិធីសាស្ត្រ​ជាច្រើន​ប្រើប្រាស់​ក្នុងការ​ព្យាបាល​ជំងឺមហារីក​សុដន់​ដែល​បង្កឡើង​ដោយ​អ័រម៉ូន វា​ត្រូវការ​បង្អាក់​ដំណើរការ​ធ្វើការ​របស់​សម្បុក​ស៊ុត​ញី បង្អាក់ដំណើរ​កកើត​អ័រម៉ូន​អេ​ស្ត្រូ​សែន និង​បង្អាក់ដំណើរ​វិ​វ​ឌ្ឍ​របស់​អេ​ស្ត្រូ​សែន។
    គោលដៅ​ទូទៅ​នៃ​វិធីសាស្ត្រ​ព្យាបាល​នេះ​គឺ សង្កត់​ការបញ្ចេញ​អ័រម៉ូន​អេ​ស្ត្រូ​សែន ដែលជា​អ័រម៉ូន​កើត​ពី​សម្បុក​ស៊ុត​ញី ក្នុង​ស្ត្រី​វ័យ​កណ្ដាល​មុនពេល​អស់​រដូវ ឬ​កើតចេញពី​សរសៃ​យាវផ្សេងៗដូចជា សរសៃ​យាវ​ខ្លាញ់ ឬ​ស្បែក។ អ័រម៉ូន​អេ​ស្ត្រូ​សែន ជា​កត្តា​លី​ករ​បំបែក​ខ្លួន​របស់​កោសិកា​មហារីក​សុដន់។

    តើ​ការប្រើប្រាស់​អ័រម៉ូន​បំបាត់ ព្យាបាល​ជំងឺមហារីក​សុដន់​បាន​ដោយ​របៀប​ណា?
    វិធីសាស្ត្រ​ប្រើ​អ័រម៉ូន​បំបាត់ ដើម្បី​ចាត់ការ​ជាមួយ​ជំងឺមហារីក​សុដន់​ប្រភេទ​កើតឡើង​ពី​អ័រម៉ូន គឺមាន​វិធី3យ៉ាង​ដូចជា ៖
    1. ការ​ព្យា​បាល​បន្ថែម​សម្រាប់​ជំងឺមហារីក​សុដន់​ដំណាក់កាល​ដំបូង
    ការបាញ់​កាំរស្មី​បំបាត់ ឬ​ការប្រើប្រាស់​ថ្នាំ​ដើម្បី​បញ្ជូន​ចូល​ពេញ​រាងកាយ គឺជា​វិធីសាស្ត្រ​ព្យាបាល​បន្ថែម​ទូទៅ ក្រោយពី​ធ្វើការ​វះកាត់​មហារីក​សុដន់។ គ្រូពេទ្យ​ជំនាញ​បាន​រកឃើញថា ស្ត្រី​ដែល​ទទួល​ការព្យាបាល​បែបនេះ រមែង​តែង​មិនកើត​ជំងឺមហារីក​សុដន់​ឡើងវិញ​ទេ សូម្បីតែ​រោគ​មហារីកផ្សេងៗទៀតផង​ដែរ។ យ៉ាងហោចណាស់​ក្នុង​រយៈពេល15ឆ្នាំ​ចុង​ក្រោយនេះ ការព្យាបាល​ជំងឺមហារីក​សុដន់ គ្រូពេទ្យ​ជំនាញ​ខាងផ្នែក​ដើមទ្រូង បានសម្រេច​ចិត្ត​ជ្រើស​យក​វិធី​ព្យាបាល​ដែល​ប្រើប្រាស់​រយៈពេល​បន្ថែម ក្នុងការ​តាមដាន​រោគ​ជំងឺ​ឱ្យបាន​ច្បាស់លាស់​ក្នុងដំណាក់កាល​ដំបូង។

    2. ការព្យាបាល​ជំងឺមហារីក​សុដន់​ដំណាក់កាល​
    ធ្ងន់ធ្ងរ ឬ​កំពុងតែ​រីក​ធំដោយ​ការប្រើប្រាស់​ថ្នាំ​បំបាត់​មុនពេល​វះកាត់ ការប្រើប្រាស់​ថ្នាំ​បំបាត់​មុនពេល​វះកាត់​ជំងឺ​មហា​រី​សុដន់ គឺជា​វិធី​ប្រើ​អ័រម៉ូន​បំបាត់ ដើម្បី​ព្យាបាល​មុនពេល​ដំណើរការ​វះកាត់ នៅពេល​បច្ចុប្បន្ននេះ នៅមាន​ការសិក្សា​ចំពោះ​ការប្រើប្រាស់​វិធី​នេះ​ជា​បន្ដទៀត ព្រោះ​ចំពោះ​ស្ត្រី​ដែល​ស្ថិតក្នុង​វ័យ​អស់​រដូវ គឺ​នៅ​មិនទាន់មាន​ការប្រើ​វិធីសាស្ត្រ​អ័រម៉ូន​បំបាត់​នៅឡើយ​ទេ។

    ផលប៉ះពាល់
    ផលប៉ះពាល់​នៃ​ការប្រើប្រាស់​វិធី​អ័រម៉ូន​បំបាត់​នេះ គឺ​អាស្រ័យទៅលើ​ប្រភេទ​ថ្នាំ ឬ​ការព្យាបាល​ដែល​អ្នកជំងឺ​ទទួលយក ដែល​សង្កេតឃើញ​មានដូចជា ៖
    – មាន​អាការ​គ្រុនក្ដៅ
    – ទ្វារមាស​មាន​សភាព​ស្ងួត
    – មាន​បញ្ហា​ប្រព័ន្ធ​បន្ត​ពូជ ចំពោះ​ស្ត្រី​ដែល​ស្ថិតក្នុង​វ័យ​មិនទាន់​អស់​រដូវ។ល៕

  • លោក Mourinho៖ មិន​បារម្ភ​ពី​ការងារ​របស់លោក មុនពេល​ប៉ះ Valencia រាត្រី​នេះ

    លោក Mourinho៖ មិន​បារម្ភ​ពី​ការងារ​របស់លោក មុនពេល​ប៉ះ Valencia រាត្រី​នេះ

    លោក Jose Mourinho អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Manchester United ជឿជាក់ថា កីឡាករ​ដែល​ធ្លាក់​ទម្រង់​លេង​របស់លោក​មួយចំនួន មានការ​ឈឺចាប់​ជាង​កីឡាករ​ផ្សេង​ទៅទៀត ខណៈដែល​ពាក្យ​ចចាមអារ៉ាមផ្សេងៗកំពុងតែ​កើនឡើង​យ៉ាងច្រើន​ថា ពេលវេលា​របស់​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​នៅ​កីឡដ្ឋាន Old Trafford នឹង​ឈានដល់​ទីបញ្ចប់​ឬ​យ៉ាងណា?។

    ការរង​បរាជ័យ​ជា​លើក​ទី3 ក្នុងការ​ប្រកួត 7លើក​នៃ​ក្របខ័ណ្ឌ Premier League នៅលើ​ទឹកដី​ក្រុម West Ham កាលពី​ថ្ងៃ​សៅរ៍ បានធ្វើឱ្យ​ក្រុម Man United ដេញតាម​ពីក្រោយ​ក្រុម​កំពុង​នាំមុខ​លើ​តារាង Manchester City និង​Liverpool ដល់​ទៅ 9ពិន្ទុ។

    នៅ​មុនពេល​ការប្រកួត​ក្របខ័ណ្ឌ Champions League ជាមួយនឹង​ក្រុម Valencia នៅ​រាត្រី​នេះ លោក Mourinho បាន​បញ្ជាក់ថា លោក​មិន​បារម្ភ​ចំពោះ​ការងារ​របស់លោក​ឡើយ ប៉ុន្តែ​បាន​បដិសេធ​ក្នុងការ​បញ្ជាក់ថា លោក​បាន​ជួបប្រជុំ​ជាមួយនឹង​អនុប្រធាន​ប្រតិបត្តិ​របស់​ក្លិប គឺ​លោក Ed Woodward កាលពី​រយៈពេល​ប៉ុន្មាន​ថ្ងៃមុន ឬ​យ៉ាងណា​ឡើយ។

    លោក Mourinho ក៏បាន​ការពារ​កីឡាករ​របស់លោក​ផងដែរ​ពី​ការចោទប្រកាន់ផ្សេងៗទាក់ទង​នឹង​ការមិន​ព្យាយាម​ឱ្យបាន​គ្រប់គ្រាន់ ប៉ុន្តែ​លោក​ជឿជាក់ថា កីឡាករ​ខ្លះ​កំពុងតែ​ធ្លាក់ចុះ​ទម្រង់​លេង មានការ​ឈឺចាប់​ជាង​កីឡាករ​ផ្សេង​ទៅទៀត។

    លោក Mourinho បានឱ្យដឹងថា៖ «ខ្ញុំ​គិតថា កីឡាករ​ខ្លះ​មានការ​ខ្វល់ខ្វាយ​ជាង​កីឡាករ​ផ្សេង​ទៅទៀត ក្រោយពី​រយៈពេល 20ឆ្នាំ​ក្នុង​កីឡាបាល់ទាត់ ខ្ញុំ​នៅតែ​ជា​ក្មេង​ដូច​កាលពីមុន។ ខ្ញុំ​នៅតែ​ខ្វះ​នូវ​បទពិសោធ ប៉ុន្តែ​ខ្ញុំ​មិន​ជឿជាក់ថា កីឡាករ​ម្នាក់​មិន​ស្មោះត្រង់​នោះឡើយ»។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង 2ទៀបភ្លឺ៕

    ប្រភពពី៖ Channel News Asia

  • ប្រាក់ចំណូល​ពី​ការលក់​សំបុត្រ​ទស្សនា​អង្គរ កើន​ដល់​ជាង 85.5លាន​ដុល្លារ​ស្មើនឹង​កំណើន 13%

    ប្រាក់ចំណូល​ពី​ការលក់​សំបុត្រ​ទស្សនា​អង្គរ កើន​ដល់​ជាង 85.5លាន​ដុល្លារ​ស្មើនឹង​កំណើន 13%

    ការលក់​សំបុត្រ​នៅ​ឧទ្យាន​បុរាណ​អង្គរ​ក្នុង​រយៈពេល 9ខែ​នៃ​ឆ្នាំនេះ​ធ្វើឱ្យ​រដ្ឋាភិបាល​រកបាន​ប្រាក់ចំណូល​ប្រមាណ 85.5លាន​ដុល្លារ​អាមេរិក ពោលគឺ​កើនឡើង13% ដោយឡែក​គ្រាន់តែ​នៅក្នុង​ខែកញ្ញា​តែមួយ​មាន​ភ្ញៀវ 156,865នាក់​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរ ដែល​ចំនួន​នេះ​បាន​កើនឡើង8.3% បង្កើត​ប្រាក់ចំណូល​បាន 6. 8លាន​ដុល្លារ​ពី​ការលក់​សំបុត្រ។

    យោង​របាយការណ៍​រប​ស់​ស្ថាប័ន អង្គរ អ៊ិន​ធើ​ប្រាយ​បានឱ្យដឹងថា ចាប់ពី​ខែមករា ដល់​ខែកញ្ញា​មាន​ភ្ញៀវទេសចរ​ជាង 1.9លាន​នាក់​បានមក​ទស្សនា​ប្រាសាទ​អង្គរ​ដែល​តួលេខ​នេះ​កើនឡើង​ប្រហែល8.5% ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន និង​ប្រាក់ចំណូល​សរុប​ចំនួន 3.80លាន​ដុល្លារ​ដែល​បាន​បង្កើត​ក្នុង​រយៈពេល 9ខែ​នៃ​ឆ្នាំនេះ​ត្រូវបាន​បរិច្ចាគ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា។

    លោក ហូ វណ្ឌី អគ្គលេខាធិការ​នៃ​សម្ព័ន្ធភាព​ទេសចរណ៍​ជាតិ​កម្ពុជា បាន​មានប្រសាសន៍ថា ការកើនឡើង​នៃ​ចំនួន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​នៅ​ឧទ្យាន​អង្គរ គឺជា​សញ្ញា​មួយ​បង្ហាញថា កំណើន​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​មាន​ភាព​ខ្លាំងក្លា។

    យ៉ាងណាក៏ដោយ​លោក វណ្ឌី បាន​បញ្ជាក់ថា ទោះបីជា​ចំនួន​ភ្ញៀវទេសចរ​បរទេស និង​ការលក់​សំបុត្រ​នៅ​អង្គរ​កំពុង​កើនឡើង​ក៏ដោយ ក៏មាន​សេចក្តីរាយការណ៍​ពី​ប្រតិបត្តិ​ករ​ទេសចរណ៍​ក្នុងស្រុក​សណ្ឋាគារ និង​អ្នកលក់​វត្ថុ​អនុស្សាវរីយ៍​មួយចំនួន​បានបង្ហាញ​ពី​ការធ្លាក់ចុះ​នៃ​ចំណូល​ដែរ។

    ពួកគេ​និយាយថា ភ្ញៀវទេសចរ​ជាច្រើន​កំពុង​ជ្រើស​រើសយក​ការចំណាយ​ពេល​តិច​នៅក្នុង​ខេត្តសៀមរាប និង​ប្រទេស​កម្ពុជា​ដែល​បាន​បណ្តាលឱ្យមាន​ការធ្លាក់​ចុះ​ប្រាក់ចំណូល​សម្រាប់​ពួកគេ។ អាជីវករ​ទាំងនេះ​និយាយថា ភ្ញៀវទេសចរ​ឥឡូវនេះ​កំពុងស្នាក់នៅ​ប្រទេស​កម្ពុជា​ជា​មធ្យម​ត្រឹមតែ 3ថ្ងៃ​ប៉ុណ្ណោះ។

    អគ្គលេខាធិការ​នៃ​សម្ព័ន្ធភាព​ទេសចរណ៍​ជាតិ​កម្ពុជា​រូបនេះ បាន​ស្នើថា រដ្ឋាភិបាល​គួរពិនិត្យមើល​បញ្ហា​នេះ​ដោយ​បន្ថែមថា៖ ការទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យ​ស្នាក់នៅ​រយៈពេល​យូរ​នៅក្នុង​ប្រទេស​មាន​សារៈសំខាន់​ដើម្បី​បង្កើន​ជីវភាព​រស់នៅ​របស់​អ្នក​ដែល​ពឹង​ផ្អែកលើ​ឧស្សាហកម្ម​ទេសចរណ៍៕