Category: សង្គម និងសេដ្ឋកិច្ច

  • Messi បង្ហាញ​ភាព​អស្ចារ្យនៅ Wembley នៅពេលដែល Barcaផ្តួល Spurs ចាស់​ដៃ

    Messi បង្ហាញ​ភាព​អស្ចារ្យនៅ Wembley នៅពេលដែល Barcaផ្តួល Spurs ចាស់​ដៃ

    Lionel Messi បាន​ជួយ​ឱ្យក្រុម Barcelona ងើប​ចេញ​ពី​ការ​ធ្លាក់​ចុះទម្រង់​លេង​នា​​ពេលថ្មី​ៗនេះ តាម​រយៈ​ការ​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាងល្អ​ឥត​ខ្ចោះដោយក្រុមរ​បស់​​គេ​បាន​ផ្តួលក្រុម Tottenham Hotspurs 4-2 ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Champions League ពូល B ដ៏​រំភើបកាល​ពីថ្ងៃពុធ​។

    តា​រាឆ្នើម​អន្តរ​ជាតិ​​​អា​ហ្សង់​ទីន​រូបនេះ បាន​ស៊ុត​បាល់​បញ្ចូល​ទី​​​ 2​គ្រាប់ ដើម្បី​ធ្វើ​ឱ្យ​គ្រាប់​បាល់​សរុបក្នុងក្រប​ខ័ណ្ឌ Champions League របស់​គេ​កើន​ឡើងដល់​​ 105​គ្រាប់ និង​ជា​អ្នក​ជួយ​ឱ្យ​ក្រុម​របស់ខ្លួន​រក​បាន​ 2​គ្រាប់​​ផ្សេង​ទៀត ខណៈ​ដែល​រូប​គេ​ក៏​បាន​ស៊ុត​បាល់​ប៉ះ​ទៅនឹង​បង្គោល​ទី​ 2លើក នា​កីឡដ្ឋាន Wembley ផងដែរ​។ Messi វ័យ​ 31​ឆ្នាំ ទទួល​បាន​ការ​ទះ​ដៃ​សរសើរ​ក្នុង​ពេល​ចេញ​ពី​ទីលាន​​ដោយ​អ្នក​គាំទ្រ​ទាំង​ 2ក្រុម ក្នុង​ពេល​បញ្ចប់​ការ​ប្រកួត​ដែល​បាន​​ធ្វើ​ឱ្យ​ក្រុម Barcelona រក្សា​ការ​ឈរ​លេខ​1 ​ក្នុងពូល ហើយ​ក្រុម Tottenham កំពុង​​តែ​ធ្លាក់​ចូល​ក្នុង​​បញ្ហា​ ក្រោយពី​ការ​​រង​បរា​ជ័យ​ 2លើក​។

    ខ្សែ​បម្រើ Philippe Coutinho រក​បាន​គ្រាប់​បាល់​បំ​ប៉ោង​សំណាញ់​ទី​ ក្រោយពី​លេង​បាន​ត្រឹម​តែ​រយៈពេល​2នាទី​សម្រាប់​ក្រុម Barcelona ដែល​បានធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ឡុងដ៍ ដោយ​ការ​មិន​ស្គាល់​ឈ្នះ​សោះ​ពីការប្រកួតក្រប​ខ័ណ្ឌ La Liga 3ប្រកួត ខណៈ​ដែល Ivan Rakitic រក​បាន​គ្រាប់​បាល់​ទី​2 ​យ៉ាងល្អ​។ បន្ទាប់មក Messi ដែល​មុន​នេះ​បាន​ស៊ុត​បាល់​ប៉ះ​ទៅនឹង​បង្គោល​ទី​ 2​លើក​នោះ ក៏រក​​បានគ្រាប់​បាល់​បញ្ចូល​ទី​នៅ​ចន្លោះ​គ្រាប់​បាល់​ពី Harry Kane និង Erik Lamela នៅមុន​ពេល​តារាឆ្នើម​អន្តរ​ជាតិ​​​អាហ្សង់​ទីន​រូ​បនេះ បាន​រកគ្រាប់​បាល់​ទី​2​​ របស់​គេឃើញ​នៅ​ពេលជិត​បញ្ចប់​ការ​ប្រកួត​ដើម្បី​បំពេញ​ជ័យជម្នះ​តែម្តង​។

    លោក Ernesto Valverde គ្រូបង្វឹក​របស់​ក្រុម Barcelona បាន​ឱ្យ​ដឹងថា៖​ «ក្រោយពី​ការ​ជួប​លទ្ធផល​មិន​ល្អ​ចំនួន​ 3លើកមក  វា​ពិត​ជា​សំខាន់​ណាស់​ក្នុង​ការ​ធ្វើ​ឱ្យ​បានល្អ​នៅ​ថ្ងៃ​នេះ​។ ការ​ឆ្លើយ​តប​​របស់​យើង​ពិត​ជា​ល្អមែន​»​​៕

    ប្រភព​ពី៖ Sky Sports

  • IOC និយាយ​ថា អនា​គត​អូឡាំពិក​របស់​កីឡា​ប្រដាល់កំពុង​ស្ថិតក្នុង​ហានិភ័យ

    IOC និយាយ​ថា អនា​គត​អូឡាំពិក​របស់​កីឡា​ប្រដាល់កំពុង​ស្ថិតក្នុង​ហានិភ័យ

    សហ​​ព័ន្ធកីឡា​​ប្រដាល់​ស្ម័គ្រចិត្តអន្តរ​ជាតិ ​ហៅកាត់​ថា AIBA ត្រូវ​តែ​ដោះ​ស្រាយ​បញ្ហា​​អភិ​បាល​កិច្ច​របស់​ខ្លួនឱ្យបាន​នៅ​ត្រឹម​ខែ​ក្រោយ​នេះ បើ​មិន​​អ៊ី​ចឹង​ទេនឹង​ប្រឈមមុខនឹង​ការ​​អវត្ត​មា​ន​ក្នុងព្រឹត្តិការណ៍​អូឡាំ​ពិក​ទីក្រុង​តូក្យូ ឆ្នាំ​2020 ព្រមទាំងនឹងបាត់​បង់​ការ​ទទួល​ស្គាល់​របស់​​ខ្លួន​ពី​គណៈ​កម្មា​ធិការ​​អូឡាំ​ពិក​អន្តរ​ជាតិ (IOC)មិនខាន​។ នេះ​បើយោង​​តាម​ការ​ព្រមាន​របស់ IOC កាលពីថ្ងៃ​ពុធ​។

    IOC បាន​​ធ្វើ​ការ​ព្រមាន​ដល់ AIBA នៅមុន​ពេល​ត្រូវ​ធ្វើ​ការ​ដោះ​ស្រាយ​បញ្ហា​ហិរញ្ញវត្ថុ​ បញ្ហាអភិ​បាល​កិច្ច​របស់​កីឡា​នេះ រួមទាំងបញ្ហា​ប្រឆាំង​នឹង​សារ​ធាតុ​ហាម​ឃាត់​របស់​​អង្គ​ភាព​នេះផង ឬ​មិន​អ៊ី​ចឹង​ទេ AIBA នឹង​ប្រឈមមុខ​នឹង​ការ​បាត់​ខ្លួន​​ចេញពី​ព្រឹត្តិការណ៍​អូឡាំ​ពិក​នៅទីក្រុង​តូក្យូ ឆ្នាំ​2020​។ គួរបញ្ជាក់ដែរថា របាយ​ការណ៍​វិវឌ្ឍន៍​របស់ AIBA កាលពី​ខែ​ឧសភា មិន​បាន​បំពេញ​ចិត្ត IOC ដែល​បាន​បញ្ជាក់​ថា ខ្លួន​នឹង​ពិនិត្យមើល​លើ​បញ្ហា​នេះ​ម្តង​​ទៀត ក្រោយពី​​សន្និ​បាត​របស់ AIBA និង​ការ​បោះឆ្នោត​ជ្រើស​រើស​​ប្រធាន​ថ្មី​ នៅ​ថ្ងៃ​ទី​2 និង​ទី​3 ខែ​វិច្ឆិកា ក្នុង​ទីក្រុង​ម៉ូ​ស្គូ​ ប្រទេសរុស្ស៊ី។

    ​ IOC បាន​ឱ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «ក្រុម​ប្រឹក្សា​ប្រតិ​បត្តិ​របស់ IOC នៅ​ថ្ងៃ​នេះ បានសម្តែង​នូវ​ការ​ខ្វល់​ដ៏ខ្លាំង​របស់​ខ្លួន​ជា​មួយ​នឹង​ស្ថា​ន​ភាព​នៅក្នុង​សហ​ព័ន្ធ​កីឡា​ប្រដាល់ស្ម័គ្រចិត្ត​អន្តរ​ជាតិ (AIBA) និង​អភិបាល​កិច្ច​របស់​ពួក​គេ​នា​ពេលបច្ចុប្បន្ន​»​។ IOC បាន​បន្ថែម​ទៀត​ថា៖​ «បញ្ហា​ទាំង​នោះ​រាប់បញ្ចូល​ទាំង​កាលៈ​ទេសៈ​ផ្សេង​ៗ​នៃ​ការ​បង្កើត​បញ្ជី​ឈ្មោះ​បោះឆ្នោត​ និង​ទំនាក់​ទំនង​ដែលមិន​ត្រឹម​ត្រូវ​ក្នុង​ភាព​ជា​សមា​ជិក​របស់ AIBA ទាក់​ទង​នឹង​ទី​តាំង​របស់ IOC​»​។

    AIBA បាន​ស្ថិត​ក្នុង​ស្ថាន​ភាព​ជ្រួល​ច្របល់​អស់​រយៈពេល​ជាច្រើន​ឆ្នាំមក​​ហើយ ហើយ​អតីត​ប្រធាន​របស់​ខ្លួន គឺ​លោក Wu Ching-kuo បាន​ជាប់​ពិន័យ​ព្យួរ​ការងារកាលពីឆ្នាំ​2017 នៅ​មុន​ពេល​លា​លែង​ពី​តំណែង​ជុំ​វិញ​បញ្ហា​អភិបាល​កិច្ច និងបញ្ហា​ហិរញ្ញវត្ថុ​៕

    ប្រភព​ពី៖ Reuters

  • ព្រឺព្រួច!! ពេលឃើញតារាសិល្បៈខ្មែរតែងខ្លួនជាខ្មោច សម្ដែងលើឆាកបែបនេះ…

    ព្រឺព្រួច!! ពេលឃើញតារាសិល្បៈខ្មែរតែងខ្លួនជាខ្មោច សម្ដែងលើឆាកបែបនេះ…

    នៅក្នុងព្រឹត្តិការណ៍ «ភ្ជុំមហាគ្រួសារសិល្បៈខ្មែរ» ដែលចូលរួមសម្ដែងដោយតារាៗក្នុងគ្រួសារតារាកម្ពុជា  ត្រូវបានគេកត់សម្គាល់យ៉ាងខ្លាំងពីការដើរម៉ូដនៃតួអង្គតែងជាខ្មោច ឬហៅថាតំណាងឱ្យពពួកប្រេតច្រើនជាង និងដោយសារតែតារាសិល្បៈចាស់ក្មេងត្រូវបានតែងខ្លួនជាតួប្រេត ឬខ្មោចប្លែកៗ ហើយឡើងមកដើរបង្ហាញខ្លួននៅលើឆាក និងឱ្យសំឡេងភ្លេងជាអ្នកពញ្ញាក់អារម្មណ៍ផងនោះ ធ្វើឱ្យអ្នកទស្សនាទាំងអស់ដែលបានស្ដាប់ និងមើលឃើញហើយព្រឺព្រួច ញាប់ញ័រខ្លួនយ៉ាងខ្លាំង។

    សមាជិកចាស់-ថ្មីនៃគ្រួសារតារាកម្ពុជា រួមមានកញ្ញា ភី សម័យ អ្នកនាងយីវ មូលីកា អ្នកនាងសាង សុរិយា កញ្ញាទេព មុន្នីរក្សា លោកសាក់ ស៊ីឌី លោកឡុង សុខហៀង កញ្ញាកែវ ពេជ្រកុសុម៉ា កញ្ញារក្សា (ខេរ៉ា) លោកមាស សៀវប៉ាយ ត្រូវគេឃើញតែងខ្លួនយ៉ាងប្លែកភ្នែកតែម្ដង ដែលនៅពេលបានឃើញហើយស្ទើរតែញាក់សាច់តែម្ដង។ ក្រៅពីរំលេចផ្ទាំងទស្សនីយភាពដ៏កម្របានឃើញនៅលើវេទិកានេះហើយ តារាសិល្បៈដែលបានតែងខ្លួនជាតួអង្គខ្មោច ក៏ត្រូវបានគេដឹងដែរថាបានលះបង់ពេលវេលាដល់ទៅ 2ថ្ងៃ សម្រាប់ការហាត់សមនៅលើឆាកទៀតផង។  

    គួរកត់សម្គាល់ដែរថា ខណៈដែលតារាជាច្រើនដួងនេះតុបតែងខ្លួនធ្វើជាខ្មោចដែលពិតជាគួរឱ្យខ្លាច និងព្រឺព្រួចមែននោះ តារាទាំងនោះថែមទាំងបានផាត់មុខមាត់កាចៗ មានឈាមហូរដាបខ្លួនទៀតផង។

    តោះ! សាកល្បងទាយទាំងអស់គ្នាទៅមើល៍ថា តួអង្គខ្មោចដែលបានលេចឡើងនៅក្នុងពិធី «ភ្ជុំមហាគ្រួសារសិល្បៈខ្មែរ» ដែលទើបបញ្ចប់នោះ តើមានតួអង្គខ្មោចណាខ្លះដែលគួរឱ្យខ្លាចបំផុត?៕

  • គួរឱ្យចាប់អារម្មណ៍ !! គ្រី ថៃពៅ ចេញបទអី ស្ងាត់បទហ្នឹងតែម្ដង

    គួរឱ្យចាប់អារម្មណ៍ !! គ្រី ថៃពៅ ចេញបទអី ស្ងាត់បទហ្នឹងតែម្ដង

    គេកត់សម្កាល់ឃើញថា អតីតបេក្ខភាពជយលាភី «Cambodin Idol» រដូវកាលទី2 លោក គ្រី ថៃពៅ ក្រោយពីបានលើកពានកម្មវិធីលំដាប់ថ្នាក់ពិភពលោកដ៏ធំប្រចាំប្រទេសកម្ពុជា ហាក់មានភាពស្ងប់ស្ងាត់ និងនៅមិនទាន់មានបទចម្រៀង ណាមួយផ្ទុះខ្លាំង ដូចម្ចាស់ពាន នី រតនា ឬ ថែល ថៃ ឡើយ។

    ផលិតកម្មរស្មីហង្សមាស បានបញ្ចេញបទចម្រៀងរបស់លោក គ្រី ថៃពៅ ជាច្រើនបទមកហើយដែរ តែគេមើលទៅឃើញថា គ្មានសន្ទុះដូចតារាផ្សេងៗទាល់តែសោះ បើទោះបីជាបទនោះពិរោះយ៉ាងណាក៏ដោយ។ ជាក់ស្ដែង ដូចប្រិយមិត្តបានដឹងហើយថា ប្រសិនបើហង្សមាស ជំរុញតារាណាមួយនោះ ជាក់ច្បាស់ តារានោះមានឈ្មោះល្បីសុះសាយ និងក្ដោបបានឱកាសធំៗ ក្នុងការឡើងច្រៀងលើឆាកតន្ត្រី។ តែចំពោះតារាប្រុសមួយដួងនេះវិញ ដូចជាមិនសូវទទួលបានប្រជាប្រិយភាពទាល់តែសោះ នេះបើតាមការមើលឃើញរបស់អ្នកគាំទ្រ។

    សូមជម្រាបដែរថា គេជឿថា អតីតម្ចាស់ពាន «Cambodin Idol» រដូវកាលទី២ លោក គ្រី ថៃពៅ ច្បាស់ជាមានសង្ឃឹមថា នឹងបានល្បីល្បាញ ដូចតារាផ្សេងនៅទ្រនំនេះដែរ ជាមិនខាន ព្រោះថ្មីៗនេះ ហង្សមាសក៏បានរុញ គ្រី ថៃពៅ ឱ្យចូលទៅថតរឿងភាគរបស់ផលិតកម្មខ្លួន ដើម្បីឱ្យតារាចម្រៀងរូបនេះ កុំឱ្យស្ងប់ស្ងាត់ពេកដែរ តាមរយៈរឿង «ខ្ញុំមានញាណលើស» ដែល លោក គ្រី ថៃពៅ ត្រូវសម្តែងប៉ះជាមួយរៀមច្បង មានកេរ្តិ៍ឈ្មោះល្បី រួមមានដូចជា ឆន សុវណ្ណារាជ, ណុប ប៉ាយ៉ារិទ្ធ, សយ រតនៈ, សុខ ស្រីនាង និងប៉ាច គីមមួយ ជាដើម៕

    https://youtu.be/ZuQc-Dk9Zfk

  • នៅពេល​ខ្ញុំ​តាំង​គភ៌​ខែ​ទី6

    នៅពេល​ខ្ញុំ​តាំង​គភ៌​ខែ​ទី6

    ឈានចូល​ខែ​ទី6 សម្រាប់​ការតាំង​គភ៌​ហើយ​ណា៎… ក្នុង​ខែ​នេះ​ទារក​ក្នុង​ផ្ទៃ​នឹងមាន​ទំហំ​ប្រមាណ​ជា13អី​ុ​ញ មាន​ទម្ងន់​ប្រមាណ​ជា800ក្រាម សាច់​ស្បែក​នៅតែ​ស្ដើង និង​រលោង​ភ្លឺ មិនទាន់មាន​ខ្លាញ់​នៅក្រោម​ស្រទាប់​ស្បែក​នៅឡើយ ចាប់ផ្ដើម​មើលឃើញ​ម្រាមដៃ និង​ម្រាមជើង​របស់​ទារក​បាន​ច្បាស់​ឡើង និង​ទារក​នៅក្នុង​គភ៌​ចាប់ផ្ដើម​ចេះ​បើក-បិទ​ភ្នែក​បាន​ហើយ។ គឺជា​ខែ​មួយទៀត​ដែល​ត្រូវ​មើលថែទាំ​ជាពិសេស ដើម្បី​សុវត្ថិភាព​របស់​ស្ត្រី​ជា​ម្ដាយ និង​សុខភាព​ដ៏​រឹងប៉ឹង​របស់​ទារ​ក
    នៅ​ក្នុង​គភ៌។

    ក្នុង​ខែ​ទី6នៃ​ការតាំង​គភ៌​នេះ​នឹងមាន​ការប្រែប្រួលផ្សេងៗដែល​ស្ត្រី​ជា​ម្ដាយ​អាច​ដឹងបាន​ដូចតទៅ :
    – ទារក​ក្នុង​ផ្ទៃ​រើ​ខ្លាំង​ជាង​ខែមុនៗយ៉ាង​មើលឃើញ​ច្បាស់​តែម្ដង។
    – មាន​ធ្លាក់ស​ច្រើន។
    – អាចមាន​អាការ​ឈឺ​រាងធ្ងន់ៗទៅ​ក្រោម​នៅ​ម្ដុំ​ក្បាលពោះ​ផ្នែក​ខាងក្រោម។
    – ទល់លាមក​ច្រើនឡើង (គួរ​ប្រយ័ត្ន កុំ​បណ្ដោយឱ្យ​ទល់លាមក​ច្រើន​ថ្ងៃ​ពេក)។
    – អាច​កើតមាន​អាការ​ចុក​ណែន​ក្នុង​ក្រពះដោយសារអាហារ​មិន​រំលាយ និង​ហើមពោះ។
    – ឈឺក្បាល​ម្ដងម្កាល ស្រវាំងភ្នែក និង​ប្រយ័ត្ន​ការកើត​ខ្យល់គ​ញឹកញាប់។
    – តឹង​ច្រមុះ អាចមាន​ឈាម​ហូរ​ចេញមក​តាម​ច្រមុះ និង​ហ៊ឹង​ត្រចៀកខ្លះ។
    – ពេល​ដុសធ្មេញ ងាយ​មាន​ឈាម​ចេញ​តាម​ជើងធ្មេញ។
    – ឃ្លាន​ញឹកញាប់។
    – កើតមាន​ការ​ហើម​នៅលើ​ផ្ទៃមុខ ជើង ភ្នែក​គោល និង​ដៃ។
    – រមាស់​នៅលើ​ស្បែក​ម្ដុំ​ក្បាលពោះ ព្រោះ​ស្បែក​ម្ដុំ​ក្បាលពោះ​ចាប់ផ្ដើម​រីកធំឡើង។
    – ឈឺ​ខ្នង​កាន់តែខ្លាំង​ឡើង។
    – សុដន់​រីក​កាន់តែ​ធំ​ឡើង​ទៀត
    – អាច​កើត​មានការ​ភ្លេចភ្លាំង កម្រិត​អារម្មណ៍​នៅតែ​មិន​នឹងនរ តែ​ល្អ​ឡើង​ជាង​ខែមុនៗច្រើន។
    – ចាប់ផ្ដើម​វិតក្ក​កង្វល់ អាច​នឹង​ភ័យខ្លាច​រឿង​ការឆ្លង​ទន្លេ(ការ​ប្រសូត) ធ្វើឱ្យមាន​អារម្មណ៍​តានតឹង។

    រឿង​ដែល​គ្រូពេទ្យ​អ្នក​មើលថែ​គភ៌​ចង់ឱ្យ​ស្ត្រី​មានគភ៌​ធ្វើ​ក្នុងអំឡុង​ខែ​នេះ​មាន​ដូចតទៅ :
    1. ថ្លឹង​ទម្ងន់​ខ្លួន និង​វាស់​សម្ពាធ​ឈាម។
    2. ពិនិត្យ​ជាតិ​ស្ករ និង​សារធាតុ​ស៊ុត​ស​នៅក្នុង​ទឹកមូត្រ។
    3. ស្ដាប់​សំឡេង​លោត​របស់​បេះដូង​របស់​ទារក​នៅក្នុង​គភ៌។
    4. ពិនិត្យមើល​ទំហំ និង​រូបរាង​របស់​ទារក​ក្នុង​គភ៌។
    5. ពិនិត្យមើល​កម្ពស់​រប​ស់​ស្បូន។
    6. ពិនិត្យ​អាការ​ហើម​នៅលើ​ដៃ និង​ជើង និង​សរសៃឈាម​នៅលើ​ជើង។
    7. ពិនិត្យ​រកមើល​អាការ​ខុស​ប្រក្រតីផ្សេងៗ(បើ​មាន)។

    រឿង​ដែល​ស្ត្រី​មានគភ៌​ត្រូវ​មើលថែទាំ​ខ្លួន​ជាពិសេស​ក្នុងអំឡុង​ខែ​នេះ​គឺ :
    1. អាចមាន​អាការ​ឈឺ និង​ស្ពឹក​នៅតាម​ចុងដៃ ដោយសារតែ​សរសៃប្រសាទ​ដៃ​ត្រូវ​ស្រទាប់​សាច់​ភ្នាស​រួបរឹត តែ​ស្ត្រី​មានគភ៌​អាច​កែប​ញ្ហា​នេះ​បាន​ដោយ​ចៀសវាង​ពី​ការ​គេង​សង្កត់​លើ​ដៃ​ខ្លួនឯង ឬ​គេង​បត់​ដៃ។ បើ​មាន​អា​ការឈឺ​ចុកចាប់​ខ្លាំង​គួរតែ​ទៅ​ប្រឹក្សា​នឹង​គ្រូពេទ្យ និង​គួរ​ញ៉ាំ​វីតាមីន B6 ឱ្យ​ច្រើនឡើង ហាម​ញ៉ាំ​ថ្នាំ​បំបាត់​ការឈឺ​សន្លាក់​ជាដាច់ខាត និង​ត្រូវ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​គ្រប់​ពេលមុន​ទទួលទាន​ថ្នាំ​អ្វី​ក៏​ដោយ។

    2. កើត​អាការ​ទល់លាមក​ខ្លាំង​រហូតដល់​បន្ទោបង់​មាន​ប្រឡាក់​ឈាម​មកជា​មួយជា​ប្រក្រតី អាការ​នេះ​តែង​ជួបប្រទះ​នៅលើ​ស្ត្រី​មាន​ផ្ទៃពោះ​ពី 20% – 25% តែ​យ៉ាងណាក៏ដោយ គួរតែ​បានទទួល​ការពិនិត្យ​ពី​គ្រូពេទ្យ និង​មើលថែទាំ​ដោយ​ខ្លួនឯង​ដោយ​ការ​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន និង​ញ៉ាំ​អាហារ​ដែលមាន​ជាតិ​កាក​សរសៃ​ ដើម្បី​ចៀសវាង​ពី​អាការ​ទល់លាមក​នេះ។ ចូរ​ឧស្សាហ៍​គេង​ផ្អៀង និង​មិនគួរ​ស្ថិតក្នុង​ឥរិយាបថ​តែមួយ​ក្នុង​រយៈពេល​យូរ​នោះទេ។ ពេល​បន្ទោបង់​មិនគួរ​អង្គុយ​ប្រឹង​ខ្លាំងពេក​ទេ និង​គួរ​មាន​កៅអី​ទាប​មួយ​សម្រាប់​ទ្រ​ជើង​ដើម្បី​បន្ថយ​កម្លាំង​រុញច្រាន​ក្នុង​ប្រអប់​ពោះ។ បើសិនជា​ត្រូវ​ការប្រើ​ថ្នាំ​បន្ទន់​លាមក គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ និង​ធ្វើការ​ណែនាំ​របស់​គ្រូពេទ្យ។

    3. ចូរ​ប្រយ័ត្ន​សភាវ​គភ៌​មាន​ជាតិពុល ដែល​គេ​ច្រើន​ជួបប្រទះ​នៅពេល​អាយុ​គភ៌​បាន 20សប្ដាហ៍​ឡើងទៅ។ ច្រើន​ជួបប្រទះ​នៅលើ​ស្ត្រី​ដែលមាន​គភ៌​ ហើយ​មាន​រោគ​លើសឈាម​កាលពី​ពេលមុន។ បើ​បាន​ពិនិត្យ​គភ៌​ជាប់​ជាប្រចាំ ក៏​នឹង​ជួយ​ឱ្យ​ពិនិត្យឃើញ​តាំងពីដំបូងៗ និង​អាច​ការពារ​បាន​ទាន់ពេល តែ​យ៉ាងណាក៏ដោយ បើ​កើតមាន​អាការ​ទាំងនេះ ឬក៏​អាការ​មួយណា​នោះ ត្រូវ​ប្រញាប់​ទៅ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជាបន្ទាន់ ដូចជា​ទម្ងន់​ខ្លួន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ទាំង​មិនបាន​ញ៉ាំ​អាហារ​ច្រើន មាន​អាការ​ហើម​មុខ និង​ដៃ​ខ្លាំង ឈឺក្បាល​ដោយ​មិនដឹង​មូលហេតុ និង​ស្រវាំងភ្នែក ជាដើម៕

  • 14 ចំណុច​ហាមឃាត់ ដែល​ស្ត្រី​មានគភ៌​ត្រូវតែ​ធ្វើតាម

    14 ចំណុច​ហាមឃាត់ ដែល​ស្ត្រី​មានគភ៌​ត្រូវតែ​ធ្វើតាម

    …ត​ពី​លេខ​មុន
    https://www.lareine.com.kh/news/lifestyle/momandbabe/27715/

    8. ហាម​ញ៉ាំ​អាហារ​ដែល​គ្មាន​ប្រយោជន៍
    អាហារ​គ្មាន​ប្រយោជន៍​ដែលថា​នេះក្រៅពី​នឹង​បំផ្លាញ​សុខភាព​ស្ត្រី​មានគភ៌​ ហើយ អាហារ​ខ្លះ​ថែមទាំង​បំផ្លាញ​ខួរក្បាល​ទារក​ក្នុង​គភ៌​ទៀតផង។ អាហារ​ទាំងនោះ​មានដូចជា ស្រា(ជាតិ​អាល់កុល) កាហ្វេ​អុីនអាហារ​ដែលមាន​រសជាតិ​ផ្អែម​ខ្លាំង ខ្លាញ់​ច្រើន ហឹរ​ខ្លាំង ស្ទើរ​ឆៅ​ស្ទើរ​ឆ្អិន អាហារ​ជ្រក់​ត្រាំ អាហារ​កំប៉ុង និង​ម្សៅ​ប៊ីចេង។

    9. ហាម​ធ្វើដំណើរ​ឆ្ងាយ​ពេល​ជិត​ដល់​ថ្ងៃ​ប្រសូត
    សម្រាប់​ស្ត្រី​មានគភ៌​ក្នុង​ត្រីមាស​ចុងក្រោយ ជាពិសេស​ស្ត្រី​ដែលមាន​អាយុ​គភ៌32សប្ដាហ៍​ឡើងទៅ គួរ​តម ឬ​ផ្អាក​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ ព្រោះ​ក្នុងអំឡុង​ពេលនេះ មាន​ភាព​ប្រថុយប្រថាន​ក្នុង​ការឆ្លង​មេរោគ និង​អាច​ប្រសូត​មុន​កាលកំណត់​បាន​យ៉ាង​ងាយ។

    10. ហាម​ញ៉ាំ​ទឹកដោះ​ច្រើន
    លើសពី 2កែវ​ក្នុង​មួយថ្ងៃស្ត្រី​មានគភ៌​ជាច្រើន​នាក់​សម្រុក​ញ៉ាំ​ទឹកដោះគោ​ ដើម្បី​បំប៉ន​គភ៌​តាំងពី​ពេល​ដឹងថា ខ្លួន​មានគភ៌។ តាម​គោលការណ៍​ភោជនាហារ គួរ​ចាប់ផ្ដើម​ញ៉ាំ​ទឹកដោះគោ​បំប៉ន​គភ៌​នៅពេល​ឈានចូល​ត្រីមាស​ទី2 នៃ​ការតាំង​គភ៌​ ព្រោះ​អំឡុង​ពេលនោះ ទារក​បាន​ទាញយក​កាល់ស្យូម​ពី​ម្ដាយ​ទៅប្រើ​ច្រើនឡើង អាចធ្វើឱ្យ​ខ្លួន​ស្ត្រី​ជា​ម្ដាយ​បាត់បង់​ជាតិ​កាល់ស្យូម​ច្រើនជាង​ប្រក្រតី តែ… ការ​ញ៉ាំ​ទឹកដោះគោ​ក្នុង​មួយថ្ងៃ 1កែវ ឬ​ទឹក​សណ្ដែក​លឿង​មួយថ្ងៃ 2កែវ គឺ​ល្មម​គ្រប់គ្រាន់​ហើយ។ លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​បានឱ្យដឹងថា ស្ត្រី​មានគភ៌​ដែល​ទឹកដោះគោ​ច្រើន​ជ្រុល​លើស​ភាពចាំបាច់ នឹងធ្វើ​ឱ្យ​ទារក​មាន​ភាព​ប្រថុយ​នឹង​ការកើត​ប្រតិកម្ម​ចាញ់​បាន​យ៉ាង​ងាយ ដូចជា ប្រតិកម្ម​ប្រូតេអុីន​ក្នុង​ទឹកដោះគោជាដើម។

    11. ហាម​ស្លៀក​សម្លៀកបំពាក់​រឹប​ខ្លួន​ខ្លាំង​ជ្រុល​ពេក
    ស្ត្រី​មានគភ៌​គួរ​ស្លៀក​សម្លៀកបំពាក់​ណា​ដែលធូររលុងៗ សប្បាយៗ ខ្យល់អាកាស​ចេញចូល​ស្រួល ដោយសារតែ​ក្នុងអំឡុងពេល​តាំង​គភ៌​មានការ​ប្រែប្រួល​កម្រិត​អ័រម៉ូន​ក្នុង​រាងកាយ​យ៉ាងខ្លាំងជាពិសេស​អ័រម៉ូន​ភេទ ធ្វើឱ្យ​ស្ត្រី​មានគភ៌​មាន​ក្លិន​ខ្លួន និង​ក្លិន​អវយវៈ​ភេទ​ខ្លាំង​ជាង​មុន។ ការ​ស្លៀក​សម្លៀកបំពាក់​ដែល​រឹត​ណែន ធ្វើឱ្យ​កាន់តែ​កើតមាន​ក្លិន​អាប់​ខ្លាំង​ឡើង និង​នៅ​ធ្វើឱ្យ​ប្រព័ន្ធ​ឈាម​រត់​ដំណើរការ​មិនបាន​ស្រួល ធ្វើឱ្យ​ពិបាក​ដកដង្ហើម ងងឹតមុខ ឬ​ខ្យល់គរ​បាន​ទៀតផង។

    12. ហាម​លូក​លាង​រន្ធ​ស្បូន និង​ប្រើ​ថ្នាំ​កម្ចាត់​ក្លិន
    ក្នុងអំឡុងពេល​មានគភ៌ មានការ​ប្រែប្រួល​អ័រម៉ូន​ច្រើន ហុច​ផល​ឱ្យ​អវយវៈ​ភេទ​មាន​ក្លិន​ខ្លាំង​ឡើង ទើប​ស្ត្រី​មានគភ៌​ធ្វើការ​លូក​លាង​សម្អាត​រន្ធ​ស្បូន និង​ជ្រើសរើស​ប្រើ​ផលិតផល​កម្ចាត់​ក្លិន។ ទង្វើ​នេះ​ជាការ​នាំមក​នូវ​មេរោគ​ឱ្យចូល​ទៅក្នុង​រន្ធ​ស្បូន​ដោយផ្ទាល់ ព្រោះ​ជាធម្មតា នៅ​បរិវេណ​នោះ​នឹងមាន​មេរោគ​ល្អ​នៅ​ប្រចាំការ​ចាំ​ស្ទាក់ចាប់​មេរោគផ្សេងៗដែល​ចូលទៅក្នុង​រន្ធ​ស្បូន ដូច្នេះហើយ​ទើប​មនុស្ស​ប្រក្រតី​មិនកើត​ការឆ្លង​មេរោគ​ដោយងាយៗនោះទេ តែបើ​ពេលណា​មានការ​លូក​លាង​រន្ធ​ស្បូន ឬ​ប្រើ​ទឹក​ថ្នាំ ឬ​សាប៊ូ​ដែលមាន​កម្រិតខ្លាំងៗ នឹងធ្វើ​ឱ្យស្លាប់​មេរោគ​ល្អ​ទាំងនោះ ហើយ​ធ្វើឱ្យ​មេរោគ​ចង្រៃផ្សេងៗហូរ​ចូលទៅក្នុង​រន្ធ​ស្បូន​បាន ធ្វើឱ្យ​ប្រអប់​ស្បូន​កើតការ​ឆ្លង​មេរោគ​ទាំង​ម្ដាយ និង​កូន​យ៉ាង​ងាយស្រួល។

    13. ហាម​លើក​របស់ធ្ងន់ៗ ឬ​តោង​ឡើង​ទីខ្ពស់ៗ
    នៅពេល​លើក​របស់ធ្ងន់ៗខ្លាំងពេក កម្លាំង​ប្រឹង​នឹង​ធ្លាក់​ទៅ​នៅត្រង់​ស្បូន ព្រោះ​ជា​ចំណុចកណ្ដាល។ កម្លាំង​ប្រឹង​ខណៈពេល​ខំ​លើក​របស់ធ្ងន់ៗ ប្រថុយប្រថាន​នឹង​ការធ្វើឱ្យ​រលូត​បុត្រ​បាន។ ការលើក​របស់ធ្ងន់ៗ ឬ​ការ​តោង​ឡើង​ទីខ្ពស់ៗ ប្រថុយ​នឹង​ការបាត់បង់​លំនឹង ធ្វើឱ្យ​ដួល​បោក​នឹង​ដី​បាន​ដូចគ្នា។

    14. ហាម​ស្វាមី​មាន​ក្នុង មាន​ក្រៅ
    ចំណុច​នេះ​ត្រូវតែ Tag ឬ Copy ឱ្យ​ស្វាមី​អាន​ឱ្យបាន។ តាមរយៈ​របាយការណ៍​វេជ្ជសាស្ត្រ​បាន​រកឃើញថា ស្វាមី​ក្បត់ចិត្ត​ភរិយា​ច្រើន​បំផុត​ក្នុងអំឡុងពេល​ភរិយា​តាំង​គភ៌ មាន​តាំងពី​ជាមួយ​ស្ត្រី​បម្រើសេវា​ផ្លូវភេទ មាន​ភេទ​សម្ព័ន្ធ​ជាមួយ​ស្រី​ផ្សេង​ជាច្រើន​នាក់។ ទង្វើ​នេះ​អាច​ហុច​ផលប៉ះពាល់​ដល់​ភរិយា និង​កូនតូច ព្រោះ​ប្រថុយប្រថាន​នឹង​ការឆ្លង​រោគ​ពី​ក្រៅ ដូចជា រោគ​អេដស៍ និង​ស្វាយ​ប្រមេះ​ជាដើម។ គ្រប់​រោគ​ដែល​រៀបរាប់​មកនេះ​អាច​ហុច​ផល​ធ្វើឱ្យ​ទារក​ពិការ ឬ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​បាន។ ឯ​ការការពារ ៖ ស្ត្រី​មានគភ៌​កុំ​ព្រងើយកន្តើយ​ក្នុង​ការផ្ដល់​សេចក្ដីសុខ​ជាមួយ​ស្វាមី ព្រោះ​ពេញ​មួយរយៈ 9ខែ ពេទ្យ​មិនបាន​ហាម ឬ​កម្រិត​ការ​មាន​ភេទ​សម្ព័ន្ធ​ឡើយ អ្នក​អាច​ប្រព្រឹត្ត​បាន​តាម​ប្រក្រតី​ក្នុង​ឥរិយាបទ​ដែល​មិន​ប្រថុយ​គ្រោះថ្នាក់​ខ្លាំងពេក​ប៉ុណ្ណោះ។ ការមើល​ថែទាំ​សុខភាព​គភ៌​នេះ​សំខាន់​ណាស់ ព្រោះ​មិនមែន​សម្រាប់តែ​ស្ត្រី​មានគភ៌​ខ្លួនឯង​ប៉ុណ្ណោះ​ទេ ទារក​ដែល​នៅក្នុង​គភ៌​ក៏ត្រូវ​តែមាន​សុខ​ភាពល្អ​បរិបូរណ៍​ដែរ ដូច្នេះ​បើ​មាន​ហេតុ​ខុស​ប្រក្រតី​ណាមួយ​កើតឡើង ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម​ជាបន្ទាន់៕

  • សម្រាប់​ស្ត្រី​មានគភ៌ “ចង់​បានកូន​ស្អាត ត្រូវ​មើលរូប​កូនក្មេងស្អាត” តើ​ជំនឿ​នេះ​ពិត​ដែរឬទេ?

    សម្រាប់​ស្ត្រី​មានគភ៌ “ចង់​បានកូន​ស្អាត ត្រូវ​មើលរូប​កូនក្មេងស្អាត” តើ​ជំនឿ​នេះ​ពិត​ដែរឬទេ?

    មនុស្ស​ជាច្រើន​ប្រហែលជា​ធ្លាប់​បានឮ​ញឹកញាប់​មកខ្លះៗហើយ​ថា ចង់បាន​កូន​មានមុខមាត់​ស្អាត គួរឱ្យ​ស្រឡាញ់ ស្អាត​សង្ហា ត្រូវ​រស់នៅក្នុង​បរិស្ថាន​ដែល​ពេញ​ទៅដោយ​មនុស្សម្នា​ដែលមាន​មុខមាត់​ស្អាត មើល​តែ​រូបភាព​តារាភាពយន្តស្អាតៗ មនុស្ស​រូប​ស្អាត មនុស្ស​សង្ហា ឬ​អង្គុយ​សម្លឹងមើល​តែ​រូបភាព​កូនក្មេងស្អាតៗជាដើម។ តើ​ជំនឿ​មួយ​នេះ​ពិតជា​បាន​ផល​ល្អ​មែនឬ? យើង​នាំគ្នា​មក​វិភាគ​មើល​ទាំងអស់គ្នា​ដូចតទៅ។

    រូបភាព​ផូ​ស្ទើរ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ចូលចិត្ត​ទិញ​ទៅ​បិទ​នៅឯ​ផ្ទះ ច្រើនតែ​ជា​រូប​កូនក្មេងតូចស្អាតៗគួរឱ្យ​ស្រឡាញ់ ព្រោះ​ពួកគេ​ធ្លាប់​បានឮ​ជំនឿ​មួយ​ដែលថា ឱ្យ​សម្លឹង​មើលមុខ​កូនក្មេងស្អាតៗ ហើយ​កូន​របស់​ខ្លួនឯង​ពេល​កើត​ចេញមក​ក៏​នឹងមាន​មុខមាត់​ស្អាត​គួរឱ្យ​ស្រឡាញ់​ដូច​ក្មេង​នៅក្នុង​រូបភាព​នោះ​អុីចឹង​ដែរ។ បច្ចុប្បន្ននេះ ខាង​វេជ្ជសាស្ត្រ​បាន​ផ្ដល់នូវ​ការអះអាង​ហើយ​ថា អារម្មណ៍​របស់​ម្ដាយ​ខណៈពេល​តាំង​គភ៌​មានផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​ទារក​ក្នុង​គភ៌។ បើ​អ្នក​ម្ដាយ​មាន​អារម្មណ៍ល្អ មាន​ស្ថានភាព​ផ្លូវចិត្ត​ល្អ​ខណៈ​កំពុង​តាំង​គភ៌ រាងកាយ​នឹង​បញ្ចេញ​សារធាតុ​អេ​ន​ដូ​ហ្វ៊ី​ន (Endophin) ដែល​នឹង​ធ្វើឱ្យ​ស្ត្រី​មានគភ៌​មាន​អារម្មណ៍​សប្បាយ មាន​សេចក្ដីសុខ អារម្មណ៍​ស្រស់ស្រាយ និង​ប្រាកដ​ណាស់​ថា សារធាតុ​នេះ​មាន​ផល​ជា​បន្តបន្ទាប់​ទៅដល់​ទារក​ក្នុង​គភ៌​ផងដែរ។ ធ្វើឱ្យ​នៅពេល​ម្ដាយ​មាន​សេចក្ដីសុខ ទារក​ក្នុង​គភ៌​ក៏​នឹងមាន​សេចក្ដីសុខ​ទៅជា​មួយ​ដែរ។

    ការ​សម្លឹងមើល​រូបភាព​កូនក្មេង​ដែលមាន​មុខមាត់​ស្អាត​គួរឱ្យ​ស្រឡាញ់ នឹង​ធ្វើឱ្យ​ស្ត្រី​មានគភ៌​មាន​អារម្មណ៍​ទន់ភ្លន់ ព្រោះ​ស្ត្រី​មានគភ៌​នឹង​នឹក​ស្រមៃ​ថា កូន​របស់​ខ្លួនឯង​ក៏​ស្អាត​គួរឱ្យ​ស្រឡាញ់​ដូចគ្នានេះដែរ ធ្វើឱ្យ​ក្ដីកង្វល់ផ្សេងៗក្នុងមួយថ្ងៃៗថយចុះ។ រឹតតែ​សម្លឹង​មើលរូប​ក្មេងស្អាតៗទាំងនោះ​ញឹកញាប់ ស្ត្រី​មានគភ៌​ក៏​នឹង​ភ្លេច​អស់​ភាព​តានតឹង​ធុញថប់ រឹតតែ​មើល​រឹត​តែមាន​សេចក្ដីសុខ នៅពេល​រឹតតែ​មាន​សេចក្ដីសុខ រាងកាយ​ក៏​នឹង​រឹតតែ​បញ្ចេញ​សារធាតុ​អេ​ន​ដូ​ហ្វ៊ី​ន ធ្វើឱ្យ​ទារក​មាន​សេចក្ដីសុខ និង​អារម្មណ៍ល្អ​ទៅ​ដែរ។ ផ្ទុយទៅវិញ ស្ត្រី​ជា​ម្ដាយ​មាន​អារម្មណ៍​តានតឹង​ធុញថប់​ខ្លាំង ឬ​មាន​អារម្មណ៍​មួម៉ៅ​ជាប់​រហូត ទារក​ក៏​នឹង​បានទទួល​ផលប៉ះពាល់​ដូចគ្នា ធ្វើឱ្យ​នៅពេល​ប្រសូត​ចេញមក​ហើយនឹង​ក្លាយជា​ក្មេង​ប៉ិន​យំ យំ​ច្រើន ពិបាក​ចិញ្ចឹម ឬ​សូម្បីតែ​ប្រសូត​មុនពេល​កំណត់​ក៏​អាច​កើតឡើង​បានដែរ ដោយសារតែ​ក្ដី​ធុញថប់​តានតឹង​ធ្វើឱ្យ​ប្រព័ន្ធ​ខាងក្នុង​រាងកាយ​របស់​ស្ត្រី​ជា​ម្ដាយ​ប្រែប្រួល​ទៅក្នុង​ផ្លូវ​ដែល​អាក្រក់​ហ្នឹងឯង។

    ការ​សម្លឹង​មើលរូប​ទេស​ភាព រូប​តារាភាពយន្តស្អាតៗ រូបភាព​សត្វផ្សេងៗ ក៏​រាប់​ថា​ជាការ​បន្ធូរ​អារម្មណ៍​ទៅក្នុង​ផ្លូវ​ដែល​ល្អ​ដូចគ្នា​ដែរ ជួយ​បន្ថយ​ភាព​ធុញថប់​តានតឹង​របស់​ស្ត្រី​មានគភ៌​បាន​មួយកម្រិត​ដែរ តែ​ការ​សម្លឹង​មើលរូប​កូនក្មេងស្អាតៗគួរឱ្យ​ស្រឡាញ់​នឹង​ហុច​ផល​ដោយ​ត្រង់​ខ្លាំង​ជាង ដោយសារតែ​ស្ត្រី​មានគភ៌​អាច​នឹង​នឹក​ស្រមៃ​រវាង​ខ្លួនឯង និង​កូន​បាន​ងាយ​ជាង​ការ​សម្លឹង​មើលរូប​ទេស​ភាព ឬ​រូប​តារា៕

  • Taecyeon បង្ហាញរូបរាងសង្ហាកាន់តែទាក់ទាញដួងចិត្តនារីៗ

    Taecyeon បង្ហាញរូបរាងសង្ហាកាន់តែទាក់ទាញដួងចិត្តនារីៗ

    នៅក្នុងអំឡុងខែ តុលា នេះ អ្នកគាំទ្រកំពុងចាប់ក្រសែភ្នែកទស្សនារូបរាងដ៏សង្ហារបស់តារាឯកប្រុស Taecyeon ក្នុងឈុតសម្លៀកបំពាក់ជាពលទាហ៊ាន ក្នុងរឿងភាគល្បីល្បាញ « Descendant of the Sun » ។ កំឡោះសង្ហាជាសមាជិកក្រុមចម្រៀង 2PM រូបនេះ ក៏បានបង្ហាញវត្តមានហាត់សមយុទ្ធត្រៀម ដើម្បីឆ្លងថ្ងៃបុណ្យពលកម្មជាតិផងដែរ។

    មិនត្រឹមតែហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់នោះទេ តារាចម្រៀង និងសម្ដែងប្រុសរូបនេះ បានបង្ហាញរាង ថតរូបសង្ហាៗទាក់ចិត្តអ្នកគាំទ្រនារីៗផងដែរ។ គួរកត់សម្គាល់ផងដែរថា រូបថតជាច្រើនសន្លឹករបស់ Taecyeon ក្នុងឈុតសម្លៀកបំពាក់ពលទាហ៊ានបែបនេះ ត្រូវបានអណ្ដែតព្រោងព្រាតពាសពេញបណ្ដាញទំនាក់ទំនងសង្គមតែម្ដង ជាពិសេសគណនីផេចនិយមគាំទ្ររឿងភាគកូរ៉េ។ ចង់ដឹងថា តារាប្រុសរូបនេះសង្ហាបែបណានោះ សូមទស្សនារូបភាពខាងក្រោមនេះ ៖

  • តើសាច់មនុស្សអាចហូបបានឬទេ?

    តើសាច់មនុស្សអាចហូបបានឬទេ?

    តើមិត្តអ្នកអានដឹងឬទេថា ការហូបសាច់មនុស្ស (Cannibalism) ធ្លាប់ត្រូវបានគេចាត់ទុកថាជាវិធីព្យាបាលជំងឺម្យ៉ាងដូចគ្នា? ក្នុងសម័យសតវត្សរ៍ទី17 ជនជាតិអឺរ៉ុបច្រើនតែប្រើប្រាស់រាងកាយរបស់ម៉ាំមី(សាកសពមនុស្សក្រៀម) ដែលកិនម៉ដ្ឋហើយមកធ្វើជាឱសថសម្រាប់ព្យាបាលអាការឈឺក្បាលចំណែកខ្លាញ់ ឈាម និងឆ្អឹងរបស់មនុស្សសុទ្ធតែធ្លាប់ត្រូវនាំយកមកប្រើប្រាស់ក្នុងការព្យាបាលរោគជាច្រើនប្រភេទ ប៉ុន្តែការហូបសាច់មនុស្សនាពេលបច្ចុប្បន្ន ក្រៅពីនឹងខុសច្បាប់ហើយ ថែមទាំងជារឿងដែលមិនមានការពេញនិយមដូចដែលគេធ្លាប់ធ្វើកាលពីយុគសម័យបុរាណនោះឡើយ។

    តែបើយើងសាកល្បងលើកជាសំណួរតាមគោលការណ៍វិទ្យាសាស្រ្តមើលថា តើសាច់មនុស្សការពិតទៅអាចហូបបានដែរឬទេ? ប្រហែលជាត្រូវឆ្លើយយ៉ាងច្បាស់លាស់ថា មិនបានជាដាច់ខាត! ព្រោះការហូបសាច់មនុស្សនេះ មានគ្រោះថ្នាក់ខ្លាំងក្លាណាស់ និងអាចធ្វើឱ្យអ្នកដែលហូបចូលទៅនោះប្រថុយប្រថានដល់ថ្នាក់ស្លាប់ទៀតផង។

    ចំណុចពិតច្បាស់ដំបូងគេគឺ សាច់មនុស្សអាចចាត់ទុកបានថា ជាសាច់ក្រហមដែលបើសិនប្រៀបធៀបនឹងសាច់ក្រហមប្រភេទផ្សេងវិញ អាចរាប់បានថាមានកាឡូរីទាបបំផុត យោងតាមការងារស្រាវជ្រាវមួយបានអះអាងថា សាច់មនុស្សមានកាឡូរីក្នុងកម្រិត 1,300គីឡូកាឡូរីក្នុងសាច់មួយគីឡូក្រាម ដែលអាចនិយាយបានថា តិចជាងសាច់គោ និងប្រៀបធៀបមិនបានតែម្ដងជាមួយសាច់ខ្លាឃ្មុំ និងជ្រូកព្រៃ។

    ការពិតទៅ រាងកាយរបស់មនុស្សយើងមានរោគផ្សេងៗជាច្រើនបង្កប់នៅខាងក្នុង ដែលសូមប្រាប់ទៅចុះថា បើសិនជាហូបចូលទៅ លោកអ្នកនឹងត្រូវជួបនឹងមេរោគដែលសែនអាក្រក់ខ្លាំងជាងអាហារដែលមានជាតិពុលទៅទៀត។ អ្នកហូបសាច់មនុស្សឆៅៗមានឱកាសខ្ពស់ណាស់ក្នុងការឆ្លងមេរោគ និងវីរុសដែលបង្កប់នៅក្នុងឈាម មិនថាតែវីរុសរលាកថ្លើម មេរោគ HIV និងអុីបូឡា ហើយបើទោះជាយើងចម្អិនរហូតឆ្អិនក៏ដោយ ក៏ភាពប្រថុយប្រថានមិនបានថយចុះដែរ។ ករណីនេះធ្លាប់កើតឡើងចំពោះជនកុលសម្ព័ន្ធ ហ្វូរេ (Fore) នៅ ប៉ាពួនីវហ្គីនី ដោយជនកុលសម្ព័ន្ធពួកនេះនឹងហូបខួរក្បាល និងរាងកាយសាច់ញាតិរបស់ពួកគេដែលបានស្លាប់ព្រោះពួកគេប្រកាន់ថា ជាទំនៀមទម្លាប់ប្រពៃណីមួយដែលត្រូវតែប្រតិបត្តិរបស់កុលសម្ព័ន្ធ។ ប៉ុន្តែទំនៀមទម្លាប់នេះត្រូវបានរំលាយចោលក្រោយពីមានមនុស្សស្លាប់អស់ជាច្រើនក្នុងអំឡុងឆ្នាំ1950 – 1960 ដោយសារជំងឺសភាវខុសប្រក្រតីក្នុងប្រព័ន្ធប្រសាទដ៏កម្រដែលមានឈ្មោះថា KURU ដែលជាលទ្ធផលបណ្ដាលមកពីការហូបខួរក្បាលរបស់អ្នកដែលមានជំងឺនេះ។

    នៅក្នុងផ្នែកច្បាប់វិញ ការហូបសាច់មនុស្សនៅមានភាពមិនច្បាស់លាស់មួយចំនួនដែលជាប់នៅក្នុងតំបន់ពណ៌ប្រផេះ។ ការហូបសាច់មនុស្សក្នុងអត្ថន័យការហូបសាច់ខ្លួនឯងគឺមិនខុសច្បាប់ទេនៅក្នុងប្រទេសអាមេរិក និងអង់គ្លេស តែដូចដែលថាអុីចឹង ការចង់រកសាច់មនុស្សមកហូបធ្វើជាអាហារពេលល្ងាចបាន ប្រាកដណាស់លោកអ្នកត្រូវតែប្រព្រឹត្តកំហុសយ៉ាងធ្ងន់ធ្ងរបំផុត ដូចជាការសម្លាប់មនុស្សយកសាច់ ឬលួចសាកសពអ្នកដទៃមកពន្លះយកសាច់ហូបដែលទាំងនោះគឺជាទង្វើខុសច្បាប់យ៉ាងពិតប្រាកដ! ដូច្នេះមានហេតុផលតែមួយគត់ដែលអ្នកអាចហូបសាច់មនុស្សបានដោយមិនជាប់គុកនោះគឺអ្នកត្រូវហូបសាច់ខ្លួនឯង (Autocannibalism) ដែលកន្លងមកមានការធ្វើបែបនោះពិតប្រាកដមែននៅក្នុងផ្នែកវេជ្ជសាស្រ្ត។ ឧទាហរណ៍គឺ Placentophagy ឬការហូបសុករបស់ខ្លួនឯងចំពោះស្រ្តីដើម្បីស្ដារសុខភាពឡើងវិញក្រោយការប្រសូតបុត្រ ដែលគេនាំគ្នាជឿថា វានឹងជួយបង្កើនកម្លាំងថាមពល និងបន្ថយឱកាសនៃការកើតសភាវសោកសៅក្រោយប្រសូតដោយការធ្វើឱ្យកម្រិតអ័រម៉ូនរបស់ស្រ្តីជាម្ដាយនៅនឹងស្មើ។ យ៉ាងណាក៏ដោយ វិទ្យាសាស្រ្តនៅតែមិនទាន់អាចធានាបានថា វិធីបែបបុរាណប្រភេទនេះនឹងមានប្រយោជន៍ចំពោះសុខភាពដូចដែលគិតនោះមែនឬយ៉ាងណានៅឡើយ។

    វិធីការខាងវេជ្ជសាស្រ្តដ៏មហាចម្លែកនេះល្បីល្បាញខ្លាំងណាស់នៅក្នុងពិភពតារាហូលីវូដល្បីៗ ដូចជា ឃីម ខាដាសៀន និងអាលីសៀស៊ីលវើស្តូន ធ្លាប់បានចេញមកសារភាពថា ពួកនាងបានប្រើវិធីបែបបុរាណនេះដើម្បីស្ដារស្ថានភាពរាងកាយ។ ក្រៅពីនោះ នៅមានក្រុមហ៊ុនជាច្រើនទៀតនៅសហរដ្ឋអាមេរិក ដែលបម្រើសេវាកម្មកិនសុករបស់ស្រ្តីទើបឆ្លងទន្លេរួចធ្វើជាម្សៅមុននឹងដាក់ចូលទៅក្នុងគ្រាប់កាប់ស៊ូល ថ្នាំដើម្បីញ៉ាំបំប៉នរាងកាយដូចគ្នានឹងគ្រាប់វីតាមីនដែរ។ យ៉ាងណាក៏ដោយ CDC (Centers for Disease​ Control) អង្គភាពការពារជំងឺឆ្លងរបស់អាមេរិកបានចេញមកប្រកាសដាស់តឿនថា ទោះជាមានការរីកចម្រើនខ្លាំងខាងតិចណូឡូជីវេជ្ជសាស្រ្តក៏ដោយ តែការព្យាបាលដោយវិធីបែបនេះ អាចមិនមែនជាការគិតដែលល្អត្រឹមត្រូវឡើយ។

    បើអ្នកណាចូលចិត្តហូបសាច់ សូមប្រាប់ទៅចុះថា សាច់ជ្រូកហ្នឹងហើយដែលជាសាច់មានសុវត្ថិភាពបំផុត និងរសជាតិថែមទាំងស្រដៀងៗសាច់មនុស្សទៀតផង។ នេះជាការអះអាងពីអ៊ើ… ឃាតកររោគចិត្ត ចា៎ស៕

  • ការសរសេរ​រឿងរីករាយ​ទុក អាច​ជួយឱ្យមនុស្សឈ្នះក្តីព្រួយបារម្ភ និងស្ត្រេសបាន

    ការសរសេរ​រឿងរីករាយ​ទុក អាច​ជួយឱ្យមនុស្សឈ្នះក្តីព្រួយបារម្ភ និងស្ត្រេសបាន

    នៅក្នុងការរស់នៅរបស់មនុស្សគ្រប់រូបសុទ្ធតែអាចជួបរឿងរ៉ាវច្របូកច្របល់ទាំងល្អ និងមិនល្អរួមបញ្ចូលគ្នា ដែលពេលខ្លះធ្វើឱ្យ​អារម្មណ៍មានការប្រែប្រួលទៅតាមស្ថានការណ៍ និងពេលវេលា​។ ពេលខ្លះមនុស្សមានអារម្មណ៍ថា រីករាយ ហើយពេលខ្លះមនុស្សអាចមានអារម្មណ៍​សោកសៅដោយគ្មានមូលហេតុ។ កត្តាទាំងអស់នេះអាចកើតចេញពីការធ្វើឱ្យបាត់បង់តុល្យភាពនៃការរស់នៅ និងទម្លាប់មួយចំនួនដែលវាអាចធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍​ដោយមិនដឹងខ្លួន។

    យោងតាមការស្រាវជ្រាវពី​ស្ថាប័នចិត្តសាស្ត្ររបស់អង់គ្លេស (British Journal of Health Psychology) បានបញ្ចាក់ថា ការសរសេរ​ពី​អារម្មណ៍វិជ្ជមានអាចជួយ​កាត់បន្ថយស្ត្រេស និង​អារម្មណ៍ធុញថប់បាន។ ការស្រាវជ្រាវដដែលក៏បានបញ្ជាក់ពីចំណុចផ្ទុយផងដែរថា នៅពេលដែលយើងសរសេរទុក​តែអារម្មណ៍​​អវិជ្ជមាន វានឹងធ្វើឱ្យ​អារម្មណ៍របស់យើងដិតដាមជាមួយនឹងភាពសោកសៅកាន់តែខ្លាំង ហើយវាអាចប៉ះពាល់​ដល់សុខភាពផ្លូវចិត្តកាន់តែខ្លាំង។

    ស្ត្រេសអាចធ្វើឱ្យមានផលប៉ះពាល់ខ្លាំងដល់​សុខភាពផ្លូវចិត្ត ហើយការពង្រឹងផ្លូវចិត្តបានល្អ អាចធ្វើឱ្យការងារ និងការរស់នៅកាន់តែរីកចម្រើនបានយ៉ាងឆាប់រហ័ស ហេតុនេះការយកចិត្តទុកដាក់លើទម្លាប់នៃការរស់នៅ​ប្រចាំថ្ងៃអាចជាជម្រើសល្អមួយដើម្បី​បង្ការបញ្ហាទាំងអស់នោះ។ អ្នកជំនាញបានណែនាំថា តាមការស្រាវជ្រាវបានបង្ហាញថា មនុស្សដែលមានទម្លាប់សរសេររឿងអវិជ្ជមានរបស់ខ្លួនទុក ភាគច្រើនអាចមានបញ្ហារហូតត្រូវទៅជួបគ្រូពេទ្យ អ្នកខ្លះទៀត​បាននិយាយថា មានជំងឺថប់អារម្មណ៍ ខណៈមួយផ្នែកទៀត​មានភាពស្មុគស្មាញខ្លាំង ហើយ​បាត់បង់សមត្ថភាពនៃការធ្វើការងារទៀតផង។

    ងាកមកការបង្កើតទម្លាប់ល្អវិញ របាយការណ៍ដដែលបញ្ជាក់ថា មនុស្សដែលមានទម្លាប់សរសេរ​ពីរឿងរ៉ាវ ឬបទពិសោធវិជ្ជមានយ៉ាងហោចណាស់ 20នាទីក្នុងមួយថ្ងៃ អាចជួយឱ្យអារម្មណ៍ និងការគិតកាន់តែមានថាមពលខ្លាំងជាងមុន។ ហេតុនេះ ការកត់ទុកនូវអ្វីដែលជាចំណុចវិជ្ជមានបានក្លាយជា​វិធីសាស្ត្រដ៏សំខាន់មួយក្នុងការលើកទឹកចិត្តខ្លួនឯង និង​ជំរុញឱ្យស្ថានភាពអារម្មណ៍កាន់តែរឹងមាំបន្ថែមពីលើការគ្រប់គ្រង​ការគេងឱ្យបានគ្រប់គ្រាន់ ការហាត់ប្រាណ និងការជួបជជែកជាមួយមនុស្ស​ដែលមានស្ថានភាពផ្លូវចិត្តរឹងមាំជាដើម។

    តាមរយៈការសម្ភាសជាក់ស្តែងបានរកឃើញថា មនុស្សដែលសរសេរ​ពីអារម្មណ៍​រីករាយ និងវិជ្ជមានទុកក្នុងសៀវភៅ​ប្រចាំថ្ងៃរបស់គេ ដោយរៀបរាប់ទាំងពីអារម្មណ៍រីករាយពេលជួបមនុស្សល្អៗ ក្តីស្រឡាញ់ បានស្តាប់តន្ត្រី ឬទិញរូបគំនូរដែលធ្វើឱ្យយើងរីករាយជាដើម អាចធ្វើឱ្យ​ពួកគេកាត់បន្ថយស្ត្រេសមិនសូវមានបញ្ហាសុខភាពដូចជាការឈឺក្បាល ឈឺឆ្អឹងខ្នង និងផ្តាសាយញឹកញាប់ទៀតផង។

    ការសិក្សាស្រាវជ្រាវនេះបានធ្វើឡើងដោយការបែងចែកអ្នកចូលរួម​ប្រមាណ71នាក់ ដែលមានអាយុ​ចាប់ពី 19ឆ្នាំ ដល់ 77ឆ្នាំ។ បន្ទាប់មក​អ្នកជំនាញបានបែងចែកអ្នកចូលរួមទាំងអស់ជា 2ក្រុម ដោយ​ក្នុងនោះ​អ្នកចូលរួម 37នាក់ត្រូវបានគេតម្រូវឱ្យសរសេរពី​បទពិសោធ​ល្អៗក្នុងជីវិត ប្រមាណ 20នាទី ក្នុងរយៈពេល 3ថ្ងៃជាប់គ្នា។ ចំពោះអ្នកចូលរួម​ចំនួន 34នាក់ផ្សេងទៀត ត្រូវបានតម្រូវឱ្យសរសេរពីប្រធានបទធម្មជាតិ ក្នុងរយៈពេលដូចគ្នា។

    ជាលទ្ធផល​បានបង្ហាញឱ្យឃើញថា កម្រិតនៃភាពធុញថប់របស់អ្នកចូលរួមដែលសរសេរពី​រឿងល្អមានការថយចុះច្រើនជាងអ្នកដែលសរសេរពីធម្មជាតិ។ អ្នកចូលរួមក៏បាន​ផ្តល់របាយការណ៍ផងដែរអំពីកម្រិតនៃការស្ត្រេស អារម្មណ៍ធុញថប់ និង​ស្ថានភាពផ្លូវចិត្តផងដែរក្នុងរយៈពេល 4សប្តាហ៍ក្រោយពេលធ្វើតេស្តសរសេរនេះ។ មនុស្សម្នាក់ៗមានស្ថានភាពល្អប្រសើរ និងមានអារម្មណ៍ថា ការរស់នៅមានតុល្យភាពជាងពេលមុន​ចូលរួមកម្មវិធី៕