Category: សង្គម និងសេដ្ឋកិច្ច

  • ម៉ារ៉ា ប៊ុណ្ណា បង្ហាញអារម្មណ៍ពិតក្រោយខ្ទេចរថយន្ដទីកូ

    ម៉ារ៉ា ប៊ុណ្ណា បង្ហាញអារម្មណ៍ពិតក្រោយខ្ទេចរថយន្ដទីកូ

    ប្រហែលជាគ្មានអ្នកដឹងនោះទេ ថាក្រោយពីខ្ទេចរថយន្តក្នុងគ្រោះថ្នាក់ចរាចរ និងក្រោយព្យាបាលជំងឺបូសអន្ទង់ តារាចម្រៀង លោក ម៉ារ៉ា ប៊ុណ្ណា ប្រឈមនឹងការពិបាកកម្រិតណាលើផ្នែកជីវភាព បើទោះជាមហាជនភាគច្រើនបានឃើញតែលោកហ៊ឺហារក្នុងពេលបង្ហាញខ្លួន។ លោកបានថ្លែងឱ្យដឹងពីស្ថានភាពរបស់ខ្លួនគួរឱ្យសង្វេគ នៅរាត្រីថ្ងៃទី3 ខែ តុលា ក្នុងពេលស្ម័គ្រចិត្តច្រៀងក្នុងកម្មវិធី«ភ្ជុំមហាគ្រួសារសិល្បៈខ្មែរ» ខណៈដែលក្នុងថ្ងៃនោះ គេឃើញលោកធ្វើដំណើរមកកាន់កម្មវិធីដោយជិះតុកតុក ផ្ទុយពីអ្វីដែលមហាជនគិតថា លោកជាតារាដែលមិនអន់។

    លោក ម៉ារ៉ា ប៊ុណ្ណា បានថ្លែងគួរឱ្យអាសូរថា ចាប់តាំងពីការងារសិល្បៈធ្លាក់ចុះ លោកមិនមានលទ្ធភាពដូចគ្នានឹងតារាមួយចំនួននោះទេ ដោយសន្សំបានថវិកាទិញរថយន្តទីកូដែលរងការខូចខាតមុននោះ បានទាំងលំបាក។ លោកថា រថយន្តទីកូដែលអ្នកណាក៏បង្អាប់ថា មិនសមនឹងជិះសម្រាប់រូបលោកដែលជាអ្នកសិល្បៈនោះ លោកទើបតែសន្សំលុយបានកែកុនប៉ុណ្ណោះ ប៉ុន្តែមិនទាន់បានជិះស្រួលបួលផង ហើយក៏មិនទាន់ទាំងបានចេញថត MV ដូចការគ្រោងផង ក៏ស្រាប់តែលោកក៏ជួបគ្រោះថ្នាក់ ក្នុងពេលដែលលោកធ្វើដំណើរពីខេត្ត ហើយងងុយដេកងក់មួយភ្លាំង ព្រោះតែអស់កម្លាំងនឹងការហែរបក្សតែម្ដង។ លោកថា គ្រោះថ្នាក់នៅក្នុងពេលនោះ បើលោកស្រវឹងដូចគេបានចោទមែន ប្រហែលជាស្លាប់បានត់ហើយ អ៊ីចឹងហើយទើបលោកកាន់តែសម្ដែងការអន់ចិត្ត នៅពេលរថយន្តដែលមានតម្លៃថោកតែថ្លៃសម្រាប់លោកត្រូវខ្ទេចមិនខុសពីសល់តែខ្មោចឡានទៅហើយ ប៉ុន្តែមិនមានមិត្តភ័ក្រ្ត និងក្រុមកាងារហែរបក្សណាម្នាក់យកចិត្តទុកដាក់ចំពោះរូបលោកទាល់តែសោះ ក្នុងពេលដែលគ្រោះថ្នាក់នោះ គឺបានកើតឡើងដោយសារតែលោកអត់ងងុយ ហើយធ្វើដំណើរទាំងយប់ ក្រោយបញ្ចប់ការហែរបក្សបីថ្ងៃជាប់គ្នានៅខេត្ត។ លោកថ្លែងដោយតូចចិត្តថា បើក្នុងពេលនោះ លោកមិនទៅត្រាំត្រែងហែរបក្សនៅខេត្តច្រើនថ្ងៃ ហើយមិនសូវបានសម្រាកគ្រប់គ្រាន់ ក៏មិនមានរឿងគ្រោះថ្នាក់មួយនោះកើតឡើងនោះដែរ ហើយលោកក៏សរសើរខ្លួនឯងដែរ ដែលដឹងខ្លួនក្រោយពេលភ្លឹកមួយភ្លាំងមកវិញ ហើយអាចវេរចង្កួតធ្វើឱ្យខ្លួនមិនមានរបួសធ្ងន់បាន។

    លោកនិយាយថា«ខ្ញុំរាល់ថ្ងៃមិនលាក់ទេ គឺអស់រថយន្តទីកូនឹងមួយ គឺអស់ម៉្មង ដោយសារតែឡានហ្នឹងខ្ញុំទិញយកមកទុកជិះផង និងទុកថតMV ផង ប៉ុន្តែមិនទាន់បានថតផង ក៏មានគ្រោះថ្នាក់ក្រោយពេលត្រលប់ពីហែរបក្ស ហើយអ្វីដែលខ្ញុំអន់ចិត្ត គឺអត់មានខាងណាជួយឈឺឆ្អាលខ្ញុំទេ សូម្បីតែមិត្តភ័ក្រ្តដែលគេឱ្យខ្ញុំទៅជួយហែរបក្សគគ្រឹកគគ្រេងនឹងក៏អត់មានទូរស័ព្ទអីមោសួរដែរ ដល់ចឹងមានអារម្មណ៍ថា តូចចិត្តនិយាយមិនចេញ!»។ លោកថាខ្លួនមិនមែនជាអ្នកសិល្បៈមានបានទេ ហើយបើលោកគ្រោះថ្នាក់ក្នុងពេលច្រៀងរាំ ឬចេញពីផឹកស៊ី មិនមែនជាការហែរបក្ស ក៏លោកមិនតូចចិត្តដែរ ប៉ុន្តែគ្រោះថ្នាក់នៅក្នុងយប់នោះ គឺកើតឡើងពីការត្រលប់មកពីហែរបក្សវិញ ហើយមិនមានអ្នកណាឈឺឆ្អាលសូម្បីតែមានព័ត៌មានផ្សាយពីគ្រោះថ្នាក់ព្រោងព្រាត ទើបលោកនឹកឃើញអន់ចិត្ត ជាពិសេសក្នុងពេលអ្នកផ្ទះស្ដីបន្ទោសឱ្យដោយមិនសំចៃមាត់នោះ។

    លោក ម៉ារ៉ា ប៊ុណ្ណា បានអះអាងថា រាល់ថ្ងៃរូបលោកមិនខុសពីអ្នកសិល្បៈកម្សត់នោះទេ ដោយសារតែទៅណាមកណាត្រូវពឹងមិត្តភក្រ្ត ត្រូវជិះ PassApp ហើយការងារក៏កាន់តែធ្លាក់នៅពេលដែលគេជួលលោកហើយឃើញលោកពិបាកដល់ម្លឹង ក៏អស់អារម្មណ៍ចង់យក។ លោក ម៉ារ៉ា ប៊ុណ្ណា បន្តថ្លែងទាំងតូចចិត្តថា គឺជារឿងលំបាកយ៉ាងណាស់ ដែលលោកសឹងតែមិនមានទីផ្សារសិល្បៈក្នុងពេលចុងក្រោយ ហើយទើបតែសន្សំលុយ និងខ្ចីលុយបង្គ្រប់ទិញបានទីកូមួយគ្រឿងទុកគ្រាន់ជិះសោះស្រាប់តែត្រូវខ្ទេចអស់ នៅសងបំណុលគេមិនទាន់រួចបែបនេះ។ យ៉ាងណាមិញ លោកក៏សម្ដែងការដឹងគុណដល់គ្រូពេទ្យធីតានៅមន្ទីរពេទ្យរុស្ស៊ី ដែលបានព្យាបាលឱ្យលោកដោយឥតគិតថ្លៃ ក្រោយពេលលោកគ្រោះថ្នាក់ ហើយត្រូវវះបូសអន្ទង់នោះដែរ បើមិនដូច្នោះទេ គឺលោកពិតជាក្រជាន់ក្រ៕

  • ចំណុច​គួរ​ដឹង​សម្រាប់​ការដាក់ទោស​កូន​ដោយ​ការ​វាយ

    ចំណុច​គួរ​ដឹង​សម្រាប់​ការដាក់ទោស​កូន​ដោយ​ការ​វាយ

    “បើ​ស្រឡាញ់​កូន​ឱ្យ​វាយ‟ ជា​ពាក្យ​ដែលចាស់ៗនាំគ្នា​ប្រតិបត្តិ​មក​តាំងពី​បុរាណ​ដែល​អាច​ប្រើប្រាស់​បានល្អ​ចំពោះ​គ្រួសារ​ខ្លះ តែ​បច្ចុប្បន្ន​គ្រូពេទ្យ​ចិត្តសាស្ត្រ​កុមារ​បាន​ណែនាំ​ឱ្យ​ប្ដូរ​ទស្សន​គតិ​នោះ​សម្រាប់​ឪពុកម្ដាយ​សម័យថ្មី​ឱ្យ​ដាក់ទោស​កូន​ដោយ​ការ​ឱប(ស្រឡាញ់​កូន​ឱ្យ​ឱប) វិញ​ទើប​ប្រសើរ​ជាង។ ការ​វាយ​កូន អាច​វាយ​បាន តែ​វាយ​យ៉ាងម៉េច និង​វាយ​ពេលណា​ទើប​ហុច​ផល​ឱ្យ​កូន​មាន​ទង្វើ​បែប​វិជ្ជមាន​នោះ យើង​នាំគ្នា​តាមដាន​ជា​បន្ត…។

    ការដាក់ទោស​កូន​ដោយ​ការ​វាយ គួរ​ចាប់ផ្ដើម​ជាមួយ​កូន​ពេល​អាយុ​ប៉ុន្មាន?
    វាយ​កូន​ពេល​អាយុ​ប៉ុន្មាន? ប្រហែលជា​សំណួរ​ដ៏ល្ងង់មួយ​ដែល​មនុស្ស​ជាច្រើន​អាន​ហើយ​អស់សំណើច… ឆ្កួត​ទេ​ដឹង ចេះ​សួរ​កើត? ក្នុង​ផ្នែក​វេជ្ជសាស្ត្រ គ្រូពេទ្យ​ចិត្តសាស្ត្រ​មាន​គោលការណ៍​ក្នុងការ​វាយ​កូន ដែល​ឪពុកម្ដាយ​ត្រូវ​ដឹងថា វាយ​នៅពេលណា និង​ក្នុងអំឡុង​អាយុ​ដែល​ស័ក្តិសម។ ការ​វាយ​កូន ឪពុកម្ដាយ​ពិតជា​ត្រូវការ​វាយ​ដើម្បី​ប្រដៅ​ឱ្យ​ចេះ ឱ្យ​ចាំ វាយ​ព្រោះ​ស្រឡាញ់​ត្រូវ​វាយ​កូន​ពេល​អាយុ 3ឆ្នាំ​ឡើងទៅ ព្រោះ​ក្មេង​វ័យ3ឆ្នាំនេះ​អាច​ចេះ​បែងចែកល្អ​មិនល្អ គួរ​មិនគួរ សម​មិន​សម និង​គេ​យល់​ពីអ្វី​ដែល​ម្ដាយ​ធ្វើ​ចំពោះ​គេ​បានខ្លះៗហើយ។

    ការដាក់ទោស​កូន​ដោយ​ការ​វាយ​ដែល​ត្រឹមត្រូវ
    ការដាក់ទោស​កូន​ដោយ​ការ​វាយ គួរតែ​ជាការ​ដាក់ទោស​កម្រិត​ខ្ពស់បំផុត ហើយ​ឡា​រ៉ែ​ន​សូម​ណែនាំ​ឱ្យ​វាយ​ដោយ​កំហុស3យ៉ាង ដូចជា៖
    1. វាយ​កូន ព្រោះ​កូន​ធ្វើបាប ឬ​បំផ្លាញ​ខ្លួនឯង។
    2. វាយ​កូន ព្រោះ​កូន​ធ្វើបាប ឬ​បំផ្លាញ​អ្នកដទៃ។
    3. វាយ​កូន ព្រោះ​កូន​បំផ្លាញ​របស់របរ។រូប​បែប​នៃ​ការ​វាយ​កូន​ដែល​ល្អ​បំផុត គឺ​គួរ​វាយ​ដោយ​ប្រើ​ដៃ ព្រោះ​ការ​វាយ​ដោយ​ប្រើ​វត្ថុផ្សេងៗ ក្មេង​នឹងមាន​អារម្មណ៍​ថា ជា​ទង្វើ​ដែល​ធ្ងន់ធ្ងរ និង​ហុច​ផល​វិជ្ជមាន​ដល់​ផ្លូវចិត្ត​របស់​កូន។

    ការដាក់ទោស​កូន​ដោយ​ការ​វាយ តើ​មាន​វិធី​ណា​ល្អ​ជាង​នេះ​ទេ?
    ឡា​រ៉ែ​ន​ សូម​ណែនាំ ឱ្យ​ដាក់ទោស​ដោយ​ការ​ការ​ឱប​វិញ ព្រោះ​ការ​ឱប​ច្បាស់​ជា​ល្អ​ជាង​ការ​វាយ​ប្រាកដ​ណាស់។ ការ​ឱប​កូន​ត្រូវបាន​ទទួលស្គាល់​ជាស​កល​ថា ល្អ! មាន​ប្រយោជន៍​ដល់​ការអភិវឌ្ឍ​ខួរក្បាល​របស់​ក្មេង ធ្វើឱ្យ​កោសិកា​ខួរក្បាល​ធ្វើការ​បានល្អ​ឡើង។ ការប៉ះពាល់ សាង​នូវ​សេចក្ដីស្រឡាញ់ សម្ព័ន្ធភាព និង​ជា​ចំណុច​ចាប់ផ្ដើម​ដែល​នឹង​ធ្វើឱ្យ​ក្មេង​បាន​រៀន​យល់ដឹង​ពី​សេចក្ដីស្រឡាញ់​ច្រើនជាង​វិធី​ណា​ទាំងអស់ ដូច្នេះ​ការដែល​និយាយថា ស្រឡាញ់​កូន​ឱ្យ​ឱប​នោះ គឺ​ត្រឹមត្រូវ​ណាស់​សម្រាប់​ការដាក់ទោស​បែប​អ្នក​ម្ដាយ​ឆ្លាត​វៃ​នា​យុគសម័យ​ថ្មី​នេះ៕

  • ​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រៀមរថយន្តក្រុង ​215​គ្រឿងដឹកពលរដ្ឋ​ទៅ​ស្រុកក្នុង​ឱកាស​​ភ្ជុំបិណ្ឌ​

    ​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រៀមរថយន្តក្រុង ​215​គ្រឿងដឹកពលរដ្ឋ​ទៅ​ស្រុកក្នុង​ឱកាស​​ភ្ជុំបិណ្ឌ​

    សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា បាន​សម្រេច​ផ្តល់​ការគិតគូរមួយ​ថ្មី​ទៀតជូន​ដល់​ប្រជាពលរដ្ឋ ដោយបាន​បញ្ជា​ឱ្យ​សាលា​រាជធានី​ភ្នំពេញ បញ្ចេញ​រថយន្តក្រុងសាធារណៈចំនួន 215​គ្រឿងដើម្បី​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ទៅ-​មកស្រុកកំណើតដោយ​ឥត​គិតប្រាក់ រយៈពេល ​6ថ្ងៃក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ។​

    ​លោក ម៉េត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញបានឱ្យដឹងថា​ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើររបស់​ប្រជាពលរដ្ឋ​ពី​រាជធានី​ភ្នំពេញទៅ​ខេត្ត​នានា ក៏ដូចជា​ត្រឡប់​ពី​ខេត្ត​នានា​ចូលមករាជ​​ធានី​ភ្នំពេញ​វិញ​ឱ្យ​មាន​លក្ខណៈល្អ​ប្រសើរ ​សាលា​រាជធានី​ភ្នំពេញនឹងរៀបចំកិច្ចការនេះឱ្យមានភាពរលូន ដើម្បីឆ្លើយតបទៅនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងឱកាសពិធី​បុណ្យ​ភ្ជុំ​បិណ្ឌនេះ​។​

    ក្នុង​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញបានបញ្ជាក់​ថា​ ការដឹក​ប្រជាពលរដ្ឋ​ទៅ និងមក​ដោយ​ឥតគិតថ្លៃរវាង​រាជធានី​ភ្នំពេញ និង​ស្រុកកំណើតរបស់ពួកគាត់​នេះ នឹង​ចាប់ផ្តើម​ធ្វើឡើងនៅ​រៀងរាល់​ម៉ោង5 និង30​នាទី​ព្រឹក ចាប់ពី​ថ្ងៃ​ទី​6 ដល់​ថ្ងៃ​ទី​11 ខែតុលា ឆ្នាំ​2018 ដោយ​អនុវត្ត​នៅលើ​ផ្លូវជាតិ​លេខ​1 ផ្លូវជាតិ​លេខ​2 ផ្លូវជាតិ​លេខ​3 ផ្លូវជាតិ​លេខ​4 ផ្លូវជាតិ​លេខ​5 ផ្លូវជាតិ​លេខ​6 ផ្លូវជាតិ​លេខ​7និង​ផ្លូវជាតិ​លេខ​8​។

    ការបែងចែក​រថយន្តត្រូវបានកំណត់ដូចខាងក្រោមនេះ៖

    ផ្លូវជាតិ​លេខ1- ខេត្តស្វាយរៀង 5គ្រឿង ខេត្តព្រៃវែង 5គ្រឿង (ចំណត ផ្លូវ60ម៉ែត្រមុខក្រុមហ៊ុនមែរសឺដែស បិនហ្ស៍)

    ផ្លូវជាតិ​លេខ2- ខេត្តតាកែវ​ 5គ្រឿង ខេត្តកែប5គ្រឿង (ចំណត ផ្លូវ60ម៉ែត្រមុខក្រុមហ៊ុនមែរសឺដែស បិនហ្ស៍)

    ផ្លូវជាតិ​លេខ3- ខេត្តកំពត​ 10គ្រឿង (ចំណត ផ្សារសិនជូរី ផ្លាហ្សា)

    ផ្លូវជាតិ​លេខ4- ខេត្តកំពង់ស្ពឺ 3គ្រឿង ខេត្តព្រះសីហនុ 7គ្រឿង(ចំណត ផ្សារសិនជូរី ផ្លាហ្សា)

    ផ្លូវជាតិ​លេខ5- ខេត្តកំពង់ឆ្នាំង 5គ្រឿង ខេត្តពោធិ៍សាត់ 5គ្រឿង ​ខេត្តបាត់ដំបង 15គ្រឿង ខេត្តបន្ទាយមានជ័យ 15គ្រឿង(ចំណត សួនច្បារឬស្សីកែវ)

    ផ្លូវជាតិ​លេខ6- ខេត្តកំពង់ធំ​ 5គ្រឿង ខេត្តសៀមរាប 10គ្រឿង (ចំណត ផ្លូវបេតុងតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ខាងជើងរង្វង់មូលព្រហ្មមុខបួន)

    ផ្លូវជាតិ​លេខ6-7- ខេត្តកំពង់ចាម 10គ្រឿង(ចំណត ផ្លូវបេតុងតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ខាងជើងរង្វង់មូលព្រហ្មមុខបួន)

    ផ្លូវជាតិ​លេខ6-8- ខេត្តត្បូងឃ្មុំ 5គ្រឿង ខេត្តក្រចេះ5គ្រឿង ខេត្តស្ទឹងត្រែង 5គ្រឿង(ចំណត គីឡូម៉ែត្រលេខ9)

    សេចក្ដីជូនដំណឹងក៏បាន​បញ្ជាក់ដែរថា​ សម្រាប់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញនឹង​ប្រើប្រាស់​រថយន្តក្រុងចំនួន ​95​គ្រឿងដើម្បី​ដឹក​ជញ្ជូន​ដោយ​មិនបង់ប្រាក់ ​រយៈពេល 3​ថ្ងៃចាប់ពី​ថ្ងៃ​ទី​8 ដល់​ថ្ងៃ​ទី​10 ខែតុលា ឆ្នាំ​2018។

    សម្រាប់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត រដ្ឋបាល​រាជធានី​ភ្នំពេញនឹង​ប្រើប្រាស់​រថយន្តក្រុងចំនួន​​​120គ្រឿងសម្រាប់​ដឹក​ជញ្ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ កម្មករ កម្មការិនី ពីរាជធានីទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តមករាជធានីភ្នំពេញវិញដោយ​មិនបង់ប្រាក់​ រយៈពេល 6​​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​6 ដល់​ថ្ងៃ​ទី​11 ខែតុលា ឆ្នាំ​2018៕ ​

  • សាងសង់ឧទ្យាន SME ដើម្បីជំរុញការប្រកួតប្រជែង

    សាងសង់ឧទ្យាន SME ដើម្បីជំរុញការប្រកួតប្រជែង

    ការសាងសង់ “ឧទ្យានឧស្សាហកម្ម” សម្រាប់សហគ្រាសខ្នាតតូច និងមធ្យម នឹងចាប់ផ្តើមក្នុងរយៈពេល 2 – 3ខែខាងមុខទៀត ហើយរដ្ឋាភិបាលបាន និងកំពុងជំរុញឱ្យអាជីវកម្មបែបគ្រួសារមួយនេះចូលរួមក្នុងសួនឧស្សាហកម្មទាំងនេះ ដោយបានលើកហេតុផលថា ពួកគេនឹងធ្វើឱ្យប្រសើរឡើងនូវការប្រកួតប្រជែងនៃក្រុមហ៊ុនក្នុងស្រុក។

    លោក គឹម ទូច រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្មបាននិយាយថា រដ្ឋាភិបាលកំពុងផ្តល់អាទិភាពដល់វិស័យសហគ្រាសធុនតូច និងមធ្យម «នៅក្នុងអាណត្តិទី6 នេះ រដ្ឋាភិបាលយើងនឹងបន្តការងាររបស់ខ្លួនដើម្បីស្វែងរក និងរៀបចំគោលនយោបាយលើកទឹកចិត្តមួយ ដើម្បីជួយដល់វិស័យសហគ្រាសធុនតូច និងមធ្យមក៏ដូចជាបញ្ចប់នូវនិយមន័យជាផ្លូវការនូវអ្វីដែលជាសហគ្រាសធុនតូចនិងមធ្យម ដែលភារកិច្ចទាំងនេះត្រូវការការគាំទ្រពីវិស័យឯកជននិងដៃគូអភិវឌ្ឍន៍របស់យើង»

    លោកបានមានប្រសាសន៍ថា​ ជាផ្នែកមួយនៃផែនការដើម្បីលើកកម្ពស់កំណើននៅក្នុងវិស័យនេះរដ្ឋាភិបាលកំពុងជំរុញគំរូចង្កោមសហគ្រាសធុនតូច និងមធ្យមឱ្យដំណើរការទៅមុខ។

    ក្នុងសិក្ខាសាលាស្តីពីការបង្កើតចង្កោមសហគ្រាសធុនតូច និងមធ្យមដែលបានរៀបចំឡើងដោយក្រុមហ៊ុន Worldbridge International ដែលបច្ចុប្បន្នកំពុងមានគម្រោងបង្កើតតំបន់ឧទ្យានឧស្សាហកម្មខ្នាតតូច និងមធ្យម (SME) ដំបូងគេរបស់ព្រះរាជាណាចក្រកម្ពុជានៅខេត្ដកណ្តាលនោះ បានឱ្យដឹងថា ឧទ្យានឧស្សាហកម្មស្រដៀងគ្នានេះនឹងត្រូវបានគ្រោងធ្វើនៅទូទាំងប្រទេស។

    លោករដ្ឋលេខាធិការបាននិយាយថា រដ្ឋាភិបាលចង់ឱ្យក្រុមហ៊ុនដែលគ្រប់គ្រងដោយគ្រួសារនៅទូទាំងប្រទេសចូលរួមគ្នា ដោយលោកបានថ្លែងថា ក្រុមហ៊ុនដែលបង្កើតឡើងនៅក្នុងវិស័យទាំងនេះនឹងទទួលបានការលើកទឹកចិត្តពីរដ្ឋាភិបាល ហើយនឹងអាចកាត់បន្ថយថ្លៃផលិតកម្ម «តំបន់ឧទ្យានសហគ្រាសធុនតូច និងមធ្យមនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់ក្រុមហ៊ុនក្នុងតំបន់បង្កើនចង្វាក់តម្លៃ។ ដើម្បីគាំទ្រ និងជួយដល់សហគ្រាសធុនតូច និងមធ្យម យើងមានបំណងចង់ឱ្យ SME មួយចំនួនចូលរួមនៅក្នុងឧទ្យានទាំងនេះ»

    លោក ឧកញ៉ា សៀ រិទ្ធី ប្រធានក្រុមហ៊ុន Worldbridge Group បានឱ្យដឹងថា ការសាងសង់តំបន់ឧទ្យានឧស្សាហកម្មខ្នាតតូច និងមធ្យមនៅខេត្តកណ្តាលនឹងចាប់ផ្តើមនៅចុងឆ្នាំនេះ ឬដើមឆ្នាំ 2019 ។ លោកបានមានប្រសាសន៍ថា វានឹងធ្វើជាគំរូសម្រាប់សួនឧស្សាហកម្មជាច្រើនទៀតនៅទូទាំងប្រទេស។

    លោកឧកញ៉ាបញ្ជាក់ថា គំនិតនេះគឺដើម្បីប្រមូលសហគ្រាសខ្នាតតូច និងមធ្យម និងផលិតកម្មស្រដៀងគ្នាទៅនៅក្នុងកន្លែងមួយ ហើយផ្តល់ឱ្យពួកគេនូវបច្ចេកវិទ្យាដ៏ទំនើប រួមទាំងប្លុក និងអ៊ីនធើណិតដែលនឹងអនុញ្ញាតឱ្យពួកគេផលិតផលិតផលទៅតាមស្តង់ដារអន្តរជាតិ និងគ្រប់គ្រងអាចចង្វាក់ផលិតកម្មប្រកប​ដោយប្រសិទ្ធភាព៕

  • នាដកល្ខោនខោល ហង់ ភូមិរ៉ា អំពាវនាវឱ្យយុវជនខ្មែរទាំងអស់ចូលហាត់រៀនល្ខោនខោលដោយឥតគិតថ្លៃ

    នាដកល្ខោនខោល ហង់ ភូមិរ៉ា អំពាវនាវឱ្យយុវជនខ្មែរទាំងអស់ចូលហាត់រៀនល្ខោនខោលដោយឥតគិតថ្លៃ

    តាមរយៈវីដេអូនៅលើបណ្ដាញសង្គមហ្វេសប៊ុក នាដកល្ខោនខោល លោកគ្រូ  ហង់ ភូមិរ៉ា បានអំពាវនាវឱ្យយុវជនទាំងអស់ចូលហាត់រៀនល្ខោនខោលដោយឥតគិតថ្លៃ ជាមួយនឹងក្រុមសិល្បៈយុវជនល្ខោនខោលជំនាន់ថ្មី។

    នាដករូបនេះបានលើកឡើងថា «ការបើកបង្រៀននេះគឺជាលើកទី6 ហើយ ដោយទទួលគ្រប់សិស្សដែលស្រឡាញ់សិល្បៈលោ្ខនខោល គ្រប់មជ្ឈដ្ឋានដោយពុំគិតប្រាក់ឡើយ។ ហើយក្នុងនោះផងដែរ គឺរៀនត្រឹមតែថ្ងៃចុងសប្តាហ៍ គឺថ្ងៃអាទិត្យតែប៉ុណ្ណោះ»។ យ៉ាងណាមិញ គេមើលឃើញថា នេះគឺជាឱកាសមួយដែលកូនខ្មែរអាចចូលរួមចំណែកលើកស្ទួយ អភិរក្ស និងថែរក្សាផងដែរ។

    គួររំឭកផងដែរថា នាដករូបនេះធ្លាប់បានប្រាប់អ្នកសារព័ត៌មានថា ការ​បង្កើត​ក្រុម​នេះឡើងគឺ​ក្នុង​គោល​បំណង​បង្រៀន​ដល់​កូន​ខ្មែរ​ដែល​ចង់​រៀនរាំ​របាំ​បុរាណ។ ការ​បង្រៀន​នេះ ​ផ្ដោត​សំខាន់​លើ​ល្ខោន​ខោល តែ​បើ​មាន​ក្មេង​ស្រី​ចង់​រៀនរាំ​របាំ​បុរាណ​ ក៏​លោកមាន​បង្រៀន​ដែរ។ លោក​បញ្ជាក់​ថា ​ការ​បង្រៀន​នេះ​គឺមិន​យក​ថវិកា​ឡើយ ព្រោះ​លោក​យល់​ឃើញ​ថា​មាន​កូន​ខ្មែរ​ជា​ច្រើន​មក​ពី​តាម​ខេត្ត​ដែល​ចង់​រៀន​ តែ​មិន​មាន​ប្រាក់​បង់ថ្លៃសាលា ដូច្នេះ​ឱ្យ​តែ​កូន​ខ្មែរ​ណា​ចង់​រៀន​ អាច​មក​រៀន​បាន​នៅ​បរិវេណ​សាលា​ភូមិន្ទ​វិចិត្រ​សិល្បៈ។ ហើយថ្មីៗនេះ ក្រុមសិល្បៈយុវជនល្ខោនខោលជំនាន់ថ្មី ក៏ទើបតែទទួលបានទីតាំងថ្មីក្នុងការហាត់រៀនផងដែរ។

    ដើម្បីឱ្យកាន់តែជ្រាបច្បាស់ពីព័ត៌មានលម្អិត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

  • នាយ សង់សេត ប្រកាសលក់ផ្ទះដើម្បីព្យាបាលជំងឺឪពុក

    នាយ សង់សេត ប្រកាសលក់ផ្ទះដើម្បីព្យាបាលជំងឺឪពុក

    នៅពេលថ្មីៗនេះ គេតែងឃើញនាយ សង់សេត បង្ហាញក្តីបារម្ភចំពោះឪពុក និងមានបំណងយកឪពុកទៅព្យាបាល តែខ្វះថវិកា ដោយលោកបាននិយាយថា «បើមានប៉ុណ្ណឹងមែន យកពុក និងប្អូនចូលពេទ្យថៃហើយ»។ ការលើកឡើងបែបនេះ អាចនិយាយបានថា គ្រួសាររបស់នាយ សង់សេត កំពុងខ្វះខាតលុយខ្លាំង និងត្រូវការលុយដើម្បីព្យាបាលជំងឺឪពុក។

    ហើយប៉ុន្មានម៉ោងមុននេះបន្ដិច តារាកំប្លែងប្រុសរូបនេះ បានបង្ហោះរូបផ្ទះ និងរូបលោកតា សង់ស៊ីស ដោយរៀបរាប់ថា  «យើងខ្ញុំត្រូវការលក់ផ្ទះ ពីរកន្លែងជាចាំបាច់ ទី1 នៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ តម្លៃ 35ម៉ឺនដុល្លាអាចចរចាបាន។ ទី2 នៅភូមិសុព័រណ៍ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ 25ម៉ឺន ចរចា។ (077811968, 015436007)»។

    គួរបញ្ជាក់ដែរថា  ការប្រកាសលក់ផ្ទះនេះ ត្រូវបានមហាជនជាច្រើនសម្តែងនូវការភ្ញាក់ផ្អើល និងនឹកឃើញដល់ស្ថានភាពជំងឺរបស់តារាកំប្លែងជើងចាស់ នាយ សង់ស៊ីស ថា បច្ចុប្បន្នមិនដឹងជាយ៉ាងណាហើយទេ ខណៈជារឿយៗ គេតែងតែឃើញកូនប្រុស-ស្រីរបស់លោក សម្តែងនូវទុក្ខកង្វល់លើបណ្តាញសង្គមរហូតមក៕

  • ចង់​មាន​បុត្រ តែ​ញ៉ាំ​ថ្នាំ​ពន្យារកំណើត​យូរ​មកហើយ តើ​ត្រូវ​ត្រៀមខ្លួន​តាំង​គភ៌​យ៉ាងណា?

    ចង់​មាន​បុត្រ តែ​ញ៉ាំ​ថ្នាំ​ពន្យារកំណើត​យូរ​មកហើយ តើ​ត្រូវ​ត្រៀមខ្លួន​តាំង​គភ៌​យ៉ាងណា?

    សម្រាប់​អ្នក​ដែល​ធ្លាប់​ញ៉ាំ​ថ្នាំ​ពន្យារកំណើត​មក​យូរហើយ លុះដល់​វេលា​ដែល​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​តាំង​គភ៌ (ចង់​មាន​បុត្រ) សួរថា ក្រោយពី​ឈប់​ញ៉ាំ​ថ្នាំ​ពន្យារកំណើត​ហើយ តើ​អាច​បណ្ដោយឱ្យ​មានគភ៌​បានតែ​ម្ដង ឬ​យ៉ាងណា? និង​បាន​ញ៉ាំ​ថ្នាំ​ពន្យារកំណើត​យូរ​មកហើយ តើ​នឹងមាន​ផលប៉ះពាល់​អ្វី​ជាមួយ​ការតាំង​គភ៌​ដែរឬទេ? ឬ​ការ​ញ៉ាំ​ថ្នាំ​ពន្យារកំណើត​យូរ​មកហើយ​នេះ នឹងមាន​ផលប៉ះពាល់​ដល់​ទារក​ដែរឬទេ? ថ្ងៃនេះ ឡា​រ៉ែ​ន មាន​ចម្លើយ​មក​ជម្រាបជូន…។

    បណ្ដោយឱ្យ​មានគភ៌​ក្រោយពី​ឈប់​ញ៉ាំ​ថ្នាំ​ពន្យារកំណើត​ភ្លាម​តែម្ដង​បាន​ឬទេ?
    បន្ទាប់ពី​អ្នក​ឈប់​ញ៉ាំ​ថ្នាំ​ពន្យារកំណើត​ហើយ ឡា​រ៉ែ​ន​ មិន​ណែ​នាំឱ្យ​បណ្ដោយឱ្យ​មានគភ៌ភ្លាមៗនោះទេ គួរ​បណ្ដោយឱ្យ​ពេលវេលា​កន្លងទៅ​ប្រមាណ​ជា3ខែ​ឡើងទៅ​សិន តែ​ទាំងអស់នេះ ក្នុងអំឡុង3ខែ​នេះ​ក៏​គួរតែ​ធ្វើការ​ពន្យារកំណើត​ដោយ​វិធី​ផ្សេង​ជំនួស​វិញ។ ក្នុងអំឡុង1 -2ខែ​ដំបូង អ្នក​អាច​នឹង​មិនមាន​វដ្តរ​ដូ​វ តែ​ក៏​មិនបាច់​ភ្ញាក់ផ្អើល​អ្វី​ដែរ ព្រោះ​អ្នក​មិនបាន​តាំង​គភ៌​ទេ គ្រាន់តែ​ក្រោយពី​ញ៉ាំ​ថ្នាំ​ពន្យារកំណើត​ហើយ វដ្ត​រដូវ​អាច​នឹង​មក​យឺត​ជាង​សព្វដង​ប៉ុណ្ណោះ។ នៅពេល​វដ្ត​រដូវ​ចាប់ផ្ដើម​មកជា​ប្រក្រតី(វដ្ត​រដូវ​ចាប់ផ្ដើម​មក​ប្រក្រតី 3ខែ​ឡើងទៅ) សឹម​បណ្ដោយឱ្យ​មានគភ៌​តាម​ធម្មជាតិ។ ក្នុងអំឡុងពេល​ហ្នឹង​ប្រហែលជា​ត្រូវឱ្យ​អនាគត​លោកឪពុក​ពន្យារកំណើត​ខ្លួនឯង​សិន​ទៅ(ឡា​រ៉ែ​ន ​ណែនាំ​ឱ្យប្រើ​ស្រោមអនាម័យ​ទៅ​សិន​ក្នុងអំឡុងពេល​ហ្នឹង)។

    ញ៉ាំ​ថ្នាំ​ពន្យារកំណើត​យូរ​មកហើយ នឹងធ្វើ​ឱ្យ​ពិបាក​មានគភ៌​មែន​ទេ?
    បើជា​ការ​ញ៉ាំ​ថ្នាំ​ពន្យារកំណើត​កាលពី​សម័យមុន បើសិនជា​ញ៉ាំយូរៗទៅ នឹងមាន​ផលប៉ះពាល់​ធ្វើឱ្យ​ជញ្ជាំង​ស្បូន​ស្ដើង ធ្វើឱ្យ​ការតាំង​គភ៌ (ការទម្លាក់​តួ​កំណើត) ដំណើរការ​ទៅ​យ៉ាង​លំបាក នេះ​គឺជា​រឿង​ពិត… តែ​បើជា​ថ្នាំ​ពន្យារកំណើត​សម័យថ្មី បចុប្បន្ននេះ បញ្ហា​បែប​ហ្នឹង​លែងមាន​ហើយ តែបើ​អ្នក​ប្រើ​ថ្នាំ​ពន្យារកំណើត​បែប​បន្ទាន់​ញឹកញាប់ បែបនេះ​នឹងមាន​ផលប៉ះពាល់​ដល់​ការតាំង​គភ៌​ប្រាកដ​មែន ដូច្នេះ​បើ​អ្នក​ញ៉ាំថ្នាំ​ពន្យារកំណើត​បែប​ធម្មតា(21 ឬ28គ្រាប់)យូរ​មកហើយ ក៏​មិនចាំបាច់​កង្វល់​ថា អ្នកនឹង​ពិបាក​ក្នុងការ​មានគភ៌​នោះទេ។

    ញ៉ាំ​ថ្នាំ​ពន្យា​រកំណើត​យូរ​មកហើយ តើ​នឹងមាន​ផលប៉ះពាល់​ដល់​ទារក​ក្នុង​គភ៌​ដែរឬទេ?
    នេះ​គឺជា​សំណួរ​មួយទៀត​ដែល​ស្ថិតនៅក្នុង​ចិត្ត​របស់​អនាគត​អ្នក​ម្ដាយ​ថ្មោងថ្មី​គ្រប់រូប ហើយ​ប្រហែលជា​ក្ដីកង្វល់​ខ្លាំង​ទៀតផង​នៅពេលដែល​ចាប់ផ្ដើម​តាំង​គភ៌ថ្មី។ ការពិតទៅ ការ​ញ៉ាំ​ថ្នាំ​ពន្យារកំណើត​នេះ បើ​យើង​ឈប់​ញ៉ាំ (ក្រោយពី​ញ៉ាំ​អស់ពី​បន្ទះ​យ៉ាង​ត្រឹមត្រូវ) ហើយ​ទុកចន្លោះ​ទំនេរ3ខែ​ឡើងទៅ និង​រង់ចាំ​ឱ្យ​វដ្ត​រដូវ​មកជា​ប្រក្រតី​តាម​ប្រចាំខែ​នោះ តែ​ប៉ុណ្ណឹង​រាងកាយ​របស់​អ្នក​ក៏​នឹង​ត្រៀម​រួចរាល់​ក្នុងការ​តាំង​គភ៌​បានទៅហើយ និង​មិនមាន​ផលប៉ះពាល់​អ្វី​ដល់​ទារក​ក្នុង​គភ៌​ឡើយ។

    ត្រូវ​ត្រៀមខ្លួន​យ៉ាងណា នៅពេល​ចង់​មាន​បុត្រ(តាំង​គភ៌)?
    ដូចដែល​បាន​ប្រាប់​រួចហើយ… ក្រោយពី​ឈប់​ញ៉ាំ​ថ្នាំ​ពន្យារកំណើត​ហើយ នៅពេល​ចង់​មាន​បុត្រ(តាំង​គភ៌)ហើយ​នោះ ចូរ​បណ្តោយឱ្យ​វដ្ត​រដូវ​មក​បាន​ប្រមាណ​ជា 3ខែ​សិន បន្ទាប់ពីនោះ​សឹម​ឱ្យមាន​គភ៌។ ចំណែក​រឿង​ការត្រៀមខ្លួន​វិញ ក៏ដូចជា​មនុស្ស​ស្រី​ទូទៅ​ដូច្នោះ​ដែរ គឺ​ហាត់ប្រាណ​ឱ្យ​ល្មម​សមរម្យ គេង​លក់​សម្រាក​ឱ្យបាន​គ្រប់គ្រាន់ ញ៉ាំ​អាហារ​ឱ្យ​គ្រប់ 5ប្រភេទ​ក្រុម ញ៉ាំ​ទឹក​ឱ្យបាន​ច្រើន និង​កុំ​មាន​អារម្មណ៍​ធុញថប់ ឬ​តានតឹង នៅសល់​ប៉ុន្មាន​ទៀត​ក៏​អាច​នឹង​ប្រើ​ឧបករណ៍​ជំនួយ ដូចជា ឧបករណ៍​ពិនិត្យមើល​ថ្ងៃ​ទម្លាក់​ស៊ុត(ពិនិត្យ​តាមរយៈ​ទឹកមូត្រ)ជាដើម។

    សរុបទៅ ជំនឿ​ដែលថា ញ៉ាំ​ថ្នាំ​ពន្យារកំណើត​យូរ​មកហើយ នៅពេល​ចង់បាន​បុត្រ នឹងធ្វើ​ឱ្យ​ពិបាក​ក្នុងការ​តាំង​គភ៌​នោះ ជា​រឿង​មិន​ត្រឹមត្រូវ​ទេ។ បើ​អ្នក​ញ៉ាំ​ថ្នាំ​ពន្យារកំណើត​បែប​ប្រក្រតីហើយ​ចង់​តាំង​គភ៌​មាន​បុត្រ​នោះ អ្នក​គ្រាន់តែ​ឈប់​ញ៉ាំ និង​រង់ចាំ​ឱ្យ​វដ្ត​រដូវ​មក​បាន 3ខែ​ឡើងទៅ​សិនរួច​សឹម​បណ្ដោយឱ្យ​ទៅតាម​ធម្មជាតិជាការ​ស្រេច។ ចំណែកឯ​ជំនឿ​ដែលថា ញ៉ាំ​ថ្នាំ​ពន្យារកំណើត​មក​យូរហើយ ទារក​ក្នុង​គភ៌​នឹង​ពិការ ខួរក្បាល​មិនល្អជាដើម​នោះ រឿង​ហ្នឹង​ក៏​មិនមែនជា​ការពិត​ដែរ ដូច្នេះ​សូម​សប្បាយចិត្ត​ចុះ៕

  • ការផ្សព្វផ្សាយពាណិជ្ជកម្មលើ WhatsApp នឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ

    ការផ្សព្វផ្សាយពាណិជ្ជកម្មលើ WhatsApp នឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ

    ថ្មីៗនេះ មានព័ត៌មានជាច្រើនបានធ្លាយចេញមកឱ្យដឹងថា លោក Mark Zuckerberg បានបញ្ជាឱ្យក្រុមការងាររបស់លោក ធ្វើការសាកល្បង​ការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើកម្មវិធី WhatsApp ប៉ុន្តែការសាកល្បងនេះ គឺត្រូវធ្វើ​ឡើងតែនៅលើ iOS ប៉ុណ្ណោះ។

    ដោយឡែកនៅពេលនេះ សារព័ត៌មាន Bloomberg បានចុះផ្សាយថា ការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើ WhatsApp ត្រូវបានសាកល្បងដោយជោគជ័យ ជាពិសេសគឺគ្រោងនឹងដាក់ឱ្យដំណើរការ​នៅក្នុងពេល​ឆាប់ៗនេះ ប៉ុន្តែមិនបានបញ្ជាក់ថា ដាក់ដំណើរការតែនៅលើ iOS មួយ ឬយ៉ាងណានោះទេ។

    វាអាចជាការពិតព្រោះថា ប៉ុន្មានថ្ងៃមុននេះ លោក Brian Acton ដែលជាសហស្ថាបនិក​ WhatsApp បានថ្លែងនៅក្នុងវេទិកាមួយថា លោក Mark Zuckerberg មានគោលបំណងយកលុយពីការផ្សព្វផ្សាយ​ពាណិជ្ជកម្មនៅលើ WhatsApp ចាប់តាំងពីលោកបានទិញភ្លាមៗមកម្លេ៉ះ ប៉ុន្តែដោយសារពេលនោះ ចំនួនអ្នកប្រើនៅតិច ទើបសម្រេចពន្យារពេល។

    គួរបញ្ជាក់ផងដែរថា ត្រូវបានបង្កើតឡើងនៅឆ្នាំ2009 ដោយអតីតបុគ្គលិក Yahoo! 2រូប គឺលោក Brian Acton និងJan Koum ហើយនៅខែកុម្ភៈ ឆ្នាំ2014 ត្រូវបានក្រុមហ៊ុន Facebook ទិញយកក្នុងតម្លៃ 19ពាន់លានដុល្លារអាមេរិក៕

  • Real រង​បរា​ជ័យ​ដ៏មិននឹកស្មាន​ដល់ ខណៈ Man Utdបាន​ត្រឹម​​ស្មើ

    Real រង​បរា​ជ័យ​ដ៏មិននឹកស្មាន​ដល់ ខណៈ Man Utdបាន​ត្រឹម​​ស្មើ

    ក្រុម Real Madrid ដែល​ជាម្ចាស់​ជើង​​ឯក Champions League បាន​​រង​បរា​ជ័យ​ដ៏កម្រមួយ​ក្នុង​យុទ្ធ​នា​ការ​នេះ ខណៈ​ដែលពួក​គេ​បាន​ចាញ់​ក្នុងលទ្ធផល 1-០ នៅ​លើ​ទឹកដីក្រុម CSKA Moscow កាលពីថ្ងៃ​អង្គារ ស្រប​ពេល​ដែលក្រុម Manchester United របស់​លោក Jose Mourinho បាន​ខ្វះ​​ភាពមុត​ស្រួច​ម្តង​ទៀត ក្នុង​ពេល​ទទួល​បានលទ្ធ​ផល​ស្មើ ០-០ ជាមួយ​នឹងក្រុម Valencia​។

    ស្រប​ពេល​ដែល​ក្រុម Bayern Munich ក៏​បាន​បញ្ចប់​ក្នុងលទ្ធផល​ស្មើ​ជាមួយ​នឹងក្រុម Ajax ដែរ​នោះ វា​បាន​ក្លាយ​ជា​រាត្រី​ដ៏រីក​រាយសម្រាប់ក្រុម Manchester City របស់​លោក Pep Guardiola ខណៈ​ដែល​ពួក​គេ​​បាន​ផ្តួល​ក្រុម Hoffenheim ក្នុងលទ្ធផល 2-1 ហើយ​ក្រុម Juventus ក៏​ដណ្តើម​បាន​ជ័យជម្នះ​យ៉ាង​កក់​ក្តៅ​លើ​ក្រុម Young Boys ផងដែរ ក្រោយពី​ការ​រក​បាន​ 3​គ្រាប់ពី​សំណាក់​ខ្សែ​ប្រយុទ្ធ Paulo Dybala​។ Real មិន​ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​ជួប​ភាព​ត្រដាប​ត្រដួស​ក្នុង​ពូល G ឡើយ​ ខណៈ​ដែលពួក​គេ​​បាន​បង្ហាញពី​ទម្រង់​លេង​យ៉ាង​រឹង​មាំ​នា​​ពេលថ្មី​ៗនេះក្នុង Champions League ប៉ុន្តែ ក្រុម​របស់​លោក JulenLopetegui បាន​របូត​​គ្រាប់​បាល់​ភ្លាម​ៗ​ក្រោយពីលេង​បាន​ត្រឹម​តែ​ 2​នាទី ​ក្នុង​ទីក្រុង​ម៉ូស្គូ ក្រោយពី​ការ​ប្រព្រឹត្ត​កំហុស​របស់​កីឡាករ Toni Kroos​។ Gareth Bale និង Sergio Ramos ស្ថិតក្នុង​ចំណោម​កីឡាករ​សំខាន់​ៗ​ដែល​បាន​អវត្ត​មាន​​នា​កីឡដ្ឋាន Luzhniki ប៉ុន្តែ ការ​បញ្ជូន​បាល់​ត្រឡប់​ក្រោយ​របស់ Kroos បាន​អនុ​ញ្ញាត​ឱ្យ​កីឡាករ Nikola Vlasic ដែល​ខ្ចី​ជើង​ពីក្លិប Everton រក​បាន​គ្រាប់​បាល់​ដើម្បី​ជួយ​ឱ្យក្រុម CSKA នាំមុខ ក្រោយពី​លេង​បាន​ត្រឹម​តែ​ 68​វិនាទី​។

    ជាមួយ​គ្នានេះ គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទីនៅ​ជិត​បញ្ចប់​ការប្រកួត​ពី​សំណាក់​ខ្សែ​បម្រើ David Silva បាន​ជួយ​ឱ្យ​ក្រុម Man City ដណ្តើម​បាន​ជ័យជម្នះ​ក្នុងលទ្ធផល 2-1 នៅ​លើ​ទឹកដីក្រុម Hoffenheim កាល​ពីថ្ងៃអង្គារ ខណៈ​ក្រុម​របស់​លោក Guardiola បាន​ធ្វើ​ឱ្យ​យុទ្ធ​នាការនៃក្រប​ខ័ណ្ឌ Champions League របស់​ពួក​គេ​វិល​ទៅកាន់​ភាព​ល្អ​ប្រសើរ​វិញ ក្នុង​ប្រទេស​អាល្លឺ​ម៉ង់​​៕

    ប្រភព​ពី៖ Channel News Asia

  • ឧស្សាហកម្ម 4.0 ជំរុញមនុស្សឱ្យបង្កើន សមត្ថភាពកាន់តែខ្លាំងលើផ្នែកបច្ចេកវិទ្យា

    ឧស្សាហកម្ម 4.0 ជំរុញមនុស្សឱ្យបង្កើន សមត្ថភាពកាន់តែខ្លាំងលើផ្នែកបច្ចេកវិទ្យា

    ឧស្សាហកម្ម​ 4.0 ជាដំណើរនៃការធ្វើអាជីវកម្មបែបថ្មី​ដែល​ប្រើប្រាស់​គ្រឿងម៉ាស៊ីន​ស្វ័យប្រវត្តិ និងការប្រើប្រាស់បច្ចេកវិទ្យា​ជំនួសកម្លាំងមនុស្សដើម្បីកាត់បន្ថយចំណាយ ហើយបង្កើន​ប្រសិទ្ធភាពការផលិតឱ្យកាន់តែ​មានសក្តានុពល។

    ផ្តើមចេញពី​ការធ្វើបដិវត្តន៍ឧស្សាហកម្ម 4.0 ស្ថានភាពវិជ្ជមានជាច្រើនត្រូវបានគេរំពឹងទុក​ថាអាចនឹងកើតមានឡើងនៅក្នុងចង្វាក់ផលិតកម្ម​នានាលើពិភពលោក ដែលធ្វើឱ្យមានការផ្លាស់ប្តូរ​របៀបនៃការធ្វើអាជីវកម្មទាំងផ្នែក​ផលិតកម្ម និងសេវាកម្ម។ ម៉ាស៊ីនស្វ័យប្រវត្តិនឹងត្រូវចូលមកជំនួសកន្លែងមនុស្សក្នុងរោងចក្រសហគ្រាស និងឧស្សាហកម្មដែលទាមទារឱ្យប្រើកម្លាំងច្រើន ព្រោះ​ម៉ាស៊ីនអាចធ្វើការពេញ 24ម៉ោងក្នុងមួយថ្ងៃដោយគ្មានការសម្រាក និង​មាន​ថាមពលខ្លាំងជាងកម្លាំងមនុស្ស។ ប្រព័ន្ធផ្ទុកទិន្នន័យទាំងអស់នឹងត្រូវផ្លាស់ប្តូរពីការប្រើប្រាស់ឃ្លាំង ដាក់ឯកសារ ហើយមានមនុស្សធ្វើការច្រើន មកប្រើប្រាស់បច្ចេកវិទ្យា និងប្រើមនុស្សតិចបំផុតវិញម្តង។ ម្យ៉ាងវិញទៀតវាមានភាពងាយស្រួលខ្លាំងក្នុងការស្វែងរកទិន្នន័យរាប់ពាន់លានទំព័រក្នុងរយៈពេលខ្លីបំផុត ដែលអាចធ្វើឱ្យការធ្វើអាជីវកម្មកាន់តែមានលក្ខណៈងាយស្រួល និងប្រកួតប្រជែង។ ចំពោះ​ការទិញលក់របស់មនុស្សវិញក៏ដូចគ្នាដែរ វត្តមាននៃ​បច្ចេកវិទ្យាក្នុងវិស័យ​ហិរញ្ញវត្ថុ​ (Fintech) នឹងធ្វើឱ្យមនុស្សជួបគ្នាកាន់តែតិច ហើយការចរាចរទំនិញ​នឹងកាន់តែមានលក្ខណៈងាយស្រួល ព្រោះការដឹកជញ្ជូន​ក៏មានការឆាប់រហ័ស ហើយ​ការទូទាត់ប្រាក់ក៏ចំណាយពេលវេលាតិចបំផុត​ដែរ។

    ស្របជាមួយនឹងគុណសម្បត្តិយ៉ាងច្រើនលើសលប់នៃបដិវត្តន៍​ឧស្សាហកម្ម​ 4.0 វាក៏ត្រូវបានគេមើលឃើញថា​ អាចនឹងជះផលប៉ះពាល់ច្រើនលើវិស័យធនធានមនុស្ស និងអាជីវកម្មដែលមានលក្ខណៈជាប្រពៃណី។ អ្នកជំនាញ​ដែលមិនសូវចេះ​បច្ចេកវិទ្យាចាំបាច់ត្រូវតែរត់ទៅសិក្សាបន្ថែមពីបច្ចេកវិទ្យាបើមិនធ្វើបែបនេះទេ គាត់នឹងប្រឈមជាមួយនឹងការបាត់បង់ការងារក្នុង​ឧស្សាហកម្ម​ដែលមានការប្រែប្រួលយ៉ាងឆាប់រហ័សនេះ។ អាជីពជាច្រើន​នឹងត្រូវជំនួសដោយបច្ចេកវិទ្យា AI (artificial intelligence) ព្រោះការងារទាំងអស់ដែលធ្វើដដែលៗ ម៉ាស៊ីនសុទ្ធតែអាចធ្វើបានទាំងអស់ ហើយ​លើសពីនេះទៅទៀត​ក្រុមហ៊ុនទាំងអស់ត្រូវតែចំណាយលុយដើម្បីធ្វើបច្ចុប្បន្នភាព​ឱ្យទាន់សម័យកាល ស្របពេលដែល​អ្នកគ្មានអាជីពអា​ចនឹងក្លាយ​ជា​បន្ទុកសម្រាប់សង្គម។

    លោក ឌៀប សីហា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបៀលប្រាយ បានលើកឡើងថា បច្ចុប្បន្ននេះមនុស្សជាច្រើន​បានប្រើប្រាស់បច្ចេកវិទ្យា​ ហើយសកម្មភាពឧស្សាហកម្មមួយចំនួន​ក៏ចាប់ផ្តើមប្រើប្រាស់បច្ចេកវិទ្យាទំនើប ជាមួយនឹងគ្រឿងម៉ាស៊ីន (robot) ដើម្បីធ្វើការដែរ។ ចំពោះមនុស្សវិញ ការទូទាត់សាច់ប្រាក់ក៏លែងសូវប្រើប្រាស់ជាសាច់លុយសុទ្ធទៀតហើយ ភាគច្រើនគឺប្រើប្រាស់ការទូទាត់តាមបច្ចេកវិទ្យាដើម្បីទិញទំនិញ និង​ចំណាយផ្សេងៗ។ មនុស្សចាប់ផ្តើមបញ្ចូល​បច្ចេកវិទ្យានៅក្នុងការរស់នៅ ព្រោះសូម្បីតែកាហ្វេនាសម័យ Cyber world នេះ​ក៏ទាល់តែ Cyber Café ទើបមានអតិថិជន មានន័យថា ទាល់តែមាន Wifi និងបច្ចេកវិទ្យាទំនើបនានាទើបមានមនុស្សគាំទ្រ។ ហេតុនេះវត្តមាននៃបច្ចេកវិទ្យានៅលើពិភពលោក នឹងធ្វើឱ្យ​មានការផ្លាស់ប្តូររបៀបនៃការរស់នៅ។

    លោក ឌៀប សីហា បានមានប្រសាសន៍ថា៖​​ “​តាមរបាយការណ៍របស់វេទិកាសេដ្ឋកិច្ចពិភពលោកបានបញ្ជាក់ថា ឆ្នាំ2022 មនុស្សប្រើប្រាស់ម៉ាស៊ីនអាចកើនឡើងដល់ 48% បើធៀបនឹងកម្លាំងមនុស្សតែដល់ឆ្នាំ2025 មនុស្សអាចប្រើ​គ្រឿងយន្តដល់ទៅជាង 50% ហេតុនេះ​វាអាចធ្វើឱ្យប៉ះពាល់ដល់វិស័យការងារ”។

    អ្នកជំនាញអប់រំខាងលើបានលើកឡើងផងដែរថា ទោះជាឧស្សាហកម្ម 4.0 ត្រូវបានគេសង្កេតឃើញថាមាន​ផលប៉ះពាល់ខ្លះយ៉ាងណាក៏ដោយ តែ​យុវជនជំនាន់ថ្មីនេះ​នៅមាន​ពេលសម្រាប់ត្រៀមមុនមិនដូចជំនាន់មុនដែល​នៅឆ្ងាយខ្លាំងពីបច្ចេកវិទ្យានោះទេ។ ក្នុងនាមជាស្ថាប័នអប់រំ លោក​ រួមទាំងថ្នាក់ដឹកនាំសាកលវិទ្យាល័យ​បៀលប្រាយ ក៏បានធ្វើការជជែកពិភាក្សា​នៅបរទេស​ជាមួយដៃគូជាច្រើន រួមទាំងអ្នកជំនាញពី​ភាពជាប្រជាជនសកល (global citizen) និង​ការប្រើប្រាស់បច្ចេកវិទ្យា​ក្នុងពិភពលោក ដើម្បីត្រៀមខ្លួនឱ្យបានល្អក្នុងការ​ឆ្លើយតបជាមួយនឹងទីផ្សារការងារជំនាន់ថ្មីនេះ។

    លោក ឌៀប សីហា បានលើកឡើងផងដែរថា ដើម្បីដោះស្រាយបញ្ហានេះសាកលវិទ្យាល័យរបស់លោក​បានបញ្ចូលនូវបច្ចេកវិទ្យាទៅកាន់និស្សិតនៅគ្រប់ផ្នែកទាំងអស់ ដើម្បី​ពង្រឹងសមត្ថភាពឱ្យបានទាន់ពេលវេលា និង​ធានាថា ពួកគាត់អាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងក្នុងទីផ្សារការងារទាំងពេលបច្ចុប្បន្ន និងអនាគត។ ម្យ៉ាងវិញទៀត សាកលវិទ្យាល័យ​ក៏បានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការល្អជាមួយនឹង​ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនដើម្បីធ្វើការផ្លាស់ប្តូរចំណេះដឹង និង​ផ្តល់ឱកាសការងារទៅកាន់និស្សិត ដោយធ្វើយ៉ាងណាលើកទឹកចិត្តឱ្យពួកគេខិតខំប្រឹងប្រែងឱ្យកាន់តែខ្លាំងពីបច្ចេកវិទ្យា៕