Category: សង្គម និងសេដ្ឋកិច្ច

  • ស្តាយល៍ថត និងទីកន្លែងថត Pre-wedding ស្អាតៗ

    ស្តាយល៍ថត និងទីកន្លែងថត Pre-wedding ស្អាតៗ

    កន្លែងថត Pre-wedding ក៏សំខាន់ ស្តាយល៍ថតក៏សំខាន់ ដើម្បីទទួលបាននូវរូបភាពដ៏ល្អឥតខ្ចោះ និងស្រស់ស្អាតទាក់ទាញ់ចំណាប់អារម្មណ៍ដល់ភ្ញៀវដែលចូលរួមនៅក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍របស់អ្នក អ្នកត្រូវតែផ្ចិតផ្ចង់ក្នុងការជ្រើសរើសប្លង់ថត និងទីកន្លែងដែលល្អប្លែកភ្នែក និងមានពន្លឺ ព្រមទាំងពណ៌ស្រស់ឆើតឆាយ និងបែបធម្មជាតិ ដើម្បីជួយឱ្យរូបថត Pre-wedding របស់អ្នកចេញមកគឺធានាថាស្អាត និងល្អបំផុត ទោះជាយកមកមើលពេលណាក៏ពេញចិត្ត និងមិនជិនណាយឡើយ ហើយក៏សម្រាប់ជាចំណងស្នេហ៍របស់អ្នក និងគូស្នេហ៍ឱ្យនៅតែស្រស់ស្អាត និងស្ថិតស្ថេរជាងរៀងរហូតទៅដែរ៕

  • រឿង8យ៉ាងដែលស្ត្រីត្រូវដឹងមុនពេលសម្រេចចិត្តរៀបការ

    រឿង8យ៉ាងដែលស្ត្រីត្រូវដឹងមុនពេលសម្រេចចិត្តរៀបការ

    មុនពេលវេលារៀបមង្គលការចូលមកដល់ ស្ត្រីភាគច្រើនមានអារម្មណ៍រវើរវាយ និងគិតច្រើនអំពីការត្រៀមខ្លួនទុកជាមុន និងគម្រោងការនៅក្នុងថ្ងៃរៀបមង្គលការ ទាំងការជ្រើសរើសឈុត ការថែទាំរក្សាស្បែកឱ្យស្អាតជាទីទាក់ចិត្តដល់សា្វមីជាគូស្នេហ៍ និងភ្ញៀវកត្តិយស ដែលមើលទៅធ្វើឱ្យនាងលេចធ្លោក្នុងកម្មវិធីទាំងមូល។ តែយ៉ាងណាមិញការតាំងស្មារតី គ្រប់គ្រងស្ថានភាពដើម្បីត្រៀមខ្លួនទុកជាមុននោះ ស្ត្រីទាំងឡាយគប្បីត្រូវដឹងអំពី8ចំណុចនេះជាមុនសិន មុនសម្រេចចិត្តរៀបការ។

    1. កុំបារម្ភពីរូបរាង ខណៈមានពេលវេលាមិនគ្រប់គ្រាន់
    បើទោះបីជារូបរាងខាងក្រៅជារឿងមួយដែលសំខាន់ តែតាមធាតុពិតទៅ ភ្ញៀវកត្តិយសដែលមកពិធីអាពាហ៍ពិពាហ៍របស់អ្នក ពួកគេមិនបានមកសំពះផ្ទឹម ឬដឹកដៃអ្នកនោះទេ។ ពោលគឺនៅពេលវេលាដែលភ្ញៀវដើរចូលមកក្នុងរោងពិធីពួកគេច្បាស់ណាស់ ចង់ទទួលស្នាមញញឹមពីកូនកំលោះ និងកូនក្រមុំ ជាការទទួលរាក់ទាក់យ៉ាងកក់ក្តៅ។ បើទោះបីជាពេលវេលាថែរក្សាសម្ផស្សមុនពេលរៀបការមិនមានច្រើនក្ដី តែអ្នកត្រូវតាំងស្មារតី ហើយកុំបារម្ភពីរូបរាងខាងក្រៅច្រើនពេក ព្រោះវានឹងបណ្ដាលឱ្យថ្ងៃពិសេសរបស់អ្នក ពោរពេញដោយភាពភ័យខ្លាច ហើយត្រូវតាំងស្មារតីឡើងវិញ។

    2. ក្ដីបារម្ភអំពីរដូវកាល និងអាកាសធាតុក្នុងខែ ឬថ្ងៃរៀបការ
    ស្ត្រីភាគច្រើនមានក្ដីបារម្ភច្រើនចំពោះថ្ងៃមង្គលការ ខ្លាចប៉ះចំអាកាសធាតុប្រែប្រួលតាមរដូវ-កាល តែបើការព្យាករណ៍ និងថ្ងៃកំណត់ពិធីរៀបអាពាហ៍ពិពាហ៍ ចៃដន្យមានប៉ះចំថ្ងៃមានបញ្ហាភ្លៀងខ្លាំង ឬមិនអំណោយផលផ្សេងៗនោះ អ្នកគួរគិតថា ត្រូវបណ្ដោយវាទៅតាមធម្មជាតិទៅចុះ សូមកុំកង្វល់ខ្លាំងពេកពីបញ្ហាអាកាសធាតុនោះ។ រឿងរៀបមង្គលការអាចបណ្ដាលឱ្យមានកង្វល់ច្រើន តែបណ្ដោយការគិតទៅតាមអ្វីដែលបម្រុងនឹងកើតឡើងទៅ ព្រោះអ្នកមិនអាចមានសមត្ថភាពផ្លាស់ប្ដូរអាកាសធាតុបានឡើយហើយក៏មិនអាចទស្សទាយដឹងមុនបានដែរ បើទោះបីមានការព្យាករណ៍ក៏ពិតមែន។

    3. ការទទួលពាក្យសម្បថជាប្ដីប្រពន្ធ
    ស្ត្រីអាចនឹងមានស្ថានភាពភ័យញាប់ញ័រច្រើនជាងបុរសនៅក្នុងពេលទទួលពាក្យសម្បថប្ដីប្រពន្ធ ឬការសន្យារបស់ប្ដីប្រពន្ធ នៅលើវេទិការ ខណៈដែលត្រូវប្រកាស និងបង្ហាញប្រាប់ដល់មហាជនឱ្យបានដឹងឭ (ភាគច្រើនការរៀបការរបស់ប្រជាជននៅបស្ចិមប្រទេស)។ ចំណុចនេះធ្វើឱ្យស្រ្តីយើងគិតច្រើន តែអ្នកត្រូវស្វែងយល់ មុនពេលសម្រេចចិត្តរៀបការជាមួយបុរសជាគូស្នេហ៍ គឺអ្នកបានស្គាល់ និងបានដឹងច្បាស់អំពីនិស្ស័យ អត្តចរិតរបស់គូស្នេហ៍របស់អ្នកច្បាស់ហើយ។ ដូច្នេះ ការនិយាយពាក្យសន្យាជាប្ដីប្រពន្ធ អ្នកគួរសរសេរទុកក្នុងចិត្តថា ត្រូវនិយាយចេញមកពីក្នុងចិត្ត និងអារម្មណ៍ដែលត្រូវនិយាយទៅកាន់អនាគតស្វាមីរបស់អ្នក គឺជាមនុស្សដែលអ្នកស្រឡាញ់ និងបានជ្រើសរើសជាគូវាសនា។

    4. ផ្ដល់ភាពសំខាន់ចំពោះភ្ញៀវក្នុងកម្មវិធី
    កុំភ្លេចផ្ដល់ភារៈសំខាន់ និងមើលថែក្នុងរឿងតូចៗជាមួយការយកចិត្តទុកដាក់ចំពោះភ្ញៀវកិត្តិយស ដែលបានមកចូលរួមនៅក្នុងកម្មវិធីមង្គលការយឺតយ៉ាវបន្ដិច ដោយការចាត់ចែងអាហារ និងភេសជ្ជៈឱ្យបានគ្រប់គ្រាន់ ព្រោះភ្ញៀវអាចនឹងមានបញ្ហាផ្ទាល់ខ្លួន។ ភ្ញៀវខ្លះទៀតអាចនឹងពិសាអាហារមួយចំនួនមិនបាន ព្រោះអាចមកពីស្ថានភាពជំងឺ ឬដោយសារជាតិសាសន៍ខុសគ្នា។ល។ អ្នកនឹងក្រុមគ្រួសារត្រូវយកចិត្តទុកដាក់សួរនាំភ្ញៀវកត្តិយសដែលបានអញ្ជើញមកចូលរួមឱ្យបានយ៉ាងគួរសម និងគ្រប់ៗគ្នា កុំឱ្យខ្វះចន្លោះដោយប្រការណាមួយឱ្យសោះ។

    5. ត្រៀមគម្រោងក្រេបចន្ទទឹកឃ្មុំ ឬ Honey Moon ជាមុន
    ពិធីមង្គលការបានប្រើប្រាស់ថវិកាអស់ច្រើនមកហើយ តែយ៉ាងណាក៏ដោយ អ្នកនឹងគូស្នេហ៍ច្បាស់ជាមានផែនការក្នុងការធ្វើដំណើរទៅក្រេបចន្ទទឹកឃ្មុំហើយ ដូច្នេះអ្នកអាចពិចារណាពីថវិការដែលនៅសល់ គ្រប់គ្រាន់សម្រាប់ការដើរលេង Honey Moon ដែរឬទេ? ឬក៏អ្នកធ្វើការបែងចែកថវិកាមួយចំនួនសម្រាប់គម្រោងនេះជាមុន ដែលអាចធានាបានថា វេលាផ្អែមល្ហែមរបស់អ្នកច្បាស់ជាត្រូវកើតឡើងនៅក្នុងជីវិតយ៉ាងពិតប្រាកដ។

    6. កូនកំលោះកូនក្រមុំជួយគ្នាគិតគូរមុនថ្ងៃអាពាហ៍ពិពាហ៍
    ជាធម្មតាមនុស្សភាគច្រើនតែងគិតថា ថ្ងៃរៀបអាពាហ៍ពិពាហ៍ គឺជាការងារដែលខាងកូនស្រីត្រូវចាត់ចែង តែអ្នកសូមកុំភ្លេចថា គូស្នេហ៍របស់អ្នកក៏មានភារៈសំខាន់មួយក្នុងការងារនេះដែរ។ ព្រោះប្រសិនបើមិនមានរូបគេទេនោះ ក៏មិនមានថ្ងៃពិសេសខាងមុខនេះដែរ។ ហេតុដូច្នេះ ត្រូវឱ្យគូស្នេហ៍មានសិទ្ធិក្នុងការជួយគិតគូរមុនរៀបអាពាហ៍ពិពាហ៍ដូចជា ការរៀបចំលិខិតអញ្ជើញភ្ញៀវ ការបែងចែកចំណាយ ការជ្រើសរើសទីតាំង និងការជ្រើសរើសឈុតសម្លៀកបំពាក់រៀបអាពាហ៍ពិពាហ៍ជាដើម។ អ្នកត្រូវដឹងថា ថ្ងៃរៀបអាពាហ៍ពិពាហ៍នេះ ក៏ជាថ្ងៃសំខាន់របស់គេដូចគ្នាដែរ។

    7. ប្រយ័ត្នប្រយែងរឿងការចំណាយថវិកា
    ជាច្រើនដងណាស់ហើយ ដែលបានឃើញការរៀបចំពិធីមង្គលការកើនការចំណាយលើសប្រមាណ ដូច្នេះអ្នក និងគូស្នេហ៍ត្រូវពិគ្រោះអំពីផែនការចំណាយឱ្យបានច្បាស់លាស់ ឬរៀបគម្រោង Wedding Planner ដែលមានភាពងាយស្រួលក្នុងការគ្រប់គ្រងការចំណាយនៅថ្ងៃរៀបមង្គលការ។ អ្នកត្រូវសម្លឹងមើលថវិកាដែលគ្រោងចំណាយច្រើនជាងអារម្មណ៍ចង់បាន អ្វីក៏ត្រូវចិត្ត អ្វីក៏គួរឱ្យស្រឡាញ់ តែគឺច្រើនជាងនិងលើសពីការចំណាយ ដូច្នេះត្រូវគ្រប់គ្រងឱ្យបានត្រឹមត្រូវ ទើបជាការល្អ។

    8. ទទួលក្ដីរីករាយនៅក្នុងថ្ងៃអាពាហ៍ពិពាហ៍
    ការត្រៀមខ្លួនជាមុនរបស់ស្ត្រីអាចមានភាពសាំញ៉ាំបន្ដិចមែន តែសូមកុំកង្វល់អី អ្នកមានថ្ងៃអាពាហ៍ពិពាហ៍មួយជីវិតតែម្ដងទេ ឪពុកម្ដាយ បងប្អូន ក្រុមគ្រួសាររបស់អ្នក ក៏បានជួយជ្រោមជ្រែងក្នុងការងារនាថ្ងៃនោះដែរ ដូច្នេះអ្នកត្រូវទទួលយកក្ដីរីករាយដ៏វិសេសវិសាលនៅក្នុងថ្ងៃដ៏សំខាន់របស់អ្នកយ៉ាងពេញទំហឹងតែម្ដងទៅ កុំមានការព្រួយបារម្ភច្រើនពេក៕

  • 6ចំណុចដែលបុរសត្រូវផ្លាស់ប្ដូរគំនិតមុនពេលរៀបការ

    6ចំណុចដែលបុរសត្រូវផ្លាស់ប្ដូរគំនិតមុនពេលរៀបការ

    ក្រោយរៀបការ​​ បុគ្គល​គ្រប់​រូប​តែង​តែ​ចង់​ទទួល​បាន​នូវ​សេចក្ដី​សុខ​យូរអង្វែង តែ​ដោយសារ​តែ​ភាព​ក្មេង​វ័យ​ និង​ការ​ធ្វេសប្រហែស​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ពី​សេចក្ដី​ត្រូវ​ការ​របស់​ដៃ​គូ បាន​ជំរុញ​ឱ្យ​ពួក​គេ​ប្រឈម​មុខ​នឹង​ការ​បែកបាក់គ្នាក្រោយរៀបការរួចមិនយូរប៉ុន្មាន។ការ​បង្កើត​គ្រួសារ​មួយ​ដ៏​មាន​សុភមង្គល គឺ​ជា​រឿង​ដែល​មនុស្ស​គ្រប់​រូប​ប្រាថ្នា​ចង់​បាន មិន​ថា បុរស ឬ​នារីនោះទេ។ ចំពោះ​បុរស​អាច​និយាយ​បាន​ថា ជា​បង្គោល​ដ៏​រឹងមាំ និង​ជា​អ្នក​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​គ្រួសារ ក្រោយ​រៀបការ​រួច។ ដូច្នេះ​បុរស​ត្រូវ​មើលពី​ខ្លួន​ឯង​ទៅ​លើ​ចំណុច​ទាំង6​នេះ ប្រ​សិន​បើ​ចង់​បាន​ប្រពន្ធ ៖

    1. ឈប់សាវា
    ចាំ​ក្លាយ​ជា​មនុស្ស​ចេះ​ស្មោះ​សិន ចាំ​គិតគូរ​ចង់​បង្កើត​គ្រួសារ ព្រោះ​លើលោក​នេះ​គ្មាន​នារី​ណា​មក​ស្រឡាញ់​ប្រុស​សាវានោះទេ។ បើ​ក្នុង​ចិត្ត​ឃើញ​អ្នក​ណា​ក៏​ស្អាត ឃើញ​អ្នក​ណា​ក៏​ពេញ​ចិត្ត​ មាន​ន័យ​ថា មិន​ទាន់​ជួប​ស្នេហ៍​ពិតនៅឡើយទេ។ បើ​សិន​ជា​ច្បាស់​ក្នុង​ចិត្ត​ថា ស្រឡាញ់​នារី​ម្នាក់​ណា​ពិត​ប្រាកដ មិនមាន​ចិត្ត​ឱ្យ​អ្នក​ផ្សេង​ទៀតចាំ​គិតគូររឿងរៀបការទើប​ជា​ការ​ប្រសើរ។

    2. ចរិត​ចាស់ទុំជាងមុន
    ត្រូវ​ដឹង​ថា ពេល​រៀប​ការ​ហើយ មាន​មនុស្ស​ស្រី​ម្នាក់​នៅ​អង្គុយ​ចាំ​នៅ​ផ្ទះ មិន​មែន​ដូច​នៅ​កំលោះ​ចង់​ដើរ​ដាច់​យប់​ថ្ងៃ​ណា​ក៏​បាន​នោះ​ទេ។ ដូច្នេះ​ហើយ​បើ​មិន​ទាន់​លះបង់​ចរិត​ផឹកស៊ីដាច់យប់ ស្រវឹង​អួទីនួទេនោះ សួរ​ថា យក​គេ​មក​រង​ទុក្ខ​ធ្វើ​អី? ចាំ​មាន​ចរិត​ចាស់​ទុំ ចេះ​ទទួល​ខុស​ត្រូវ​ខ្ពស់​សិន​ចាំ​យក​ប្រពន្ធ។

    3. បង្កើនប្រាក់ចំណូលខ្ពស់
    ពាក្យ​ថា មាន​ការងារ​ធ្វើ​តែ​ម្យ៉ាង ហើយ​ចង់​បង្កើត​គ្រួសារ គឺ​មិន​គ្រប់គ្រាន់​ទេ ត្រូវ​សួរ​វិញ​ថាការងារ​នោះ​ស្ថិតស្ថេរឬទេ? ប្រាក់​ខែ​ច្រើន​ទេ? ហើយ​តំណែង​អ្វី​ដែរ? មនុស្ស​ប្រុស​មួយ​ចំនួន​ឱ្យ​តែ​មាន​ការងារ​ធ្វើ​ ច្រើន​គិត​ដល់​រឿង​គូស្រករ​បាត់​ទៅ​ហើយ តែ​ត្រូវ​ចាំ​ថា ពេល​រៀបការ​ហើយ​ត្រូវ​ចិញ្ចឹម​កូន​ក្រមុំ​គេ ហើយ​បើ​មាន​កូន​ត្រូវ​ចិញ្ចឹម​កូនថែម​ទៀត។

    4. ចេះសន្សំទ្រព្យ​ ដើម្បីគ្រួសារ
    រឿងលុយកាក់ខ្លះ ទោះ​មិន​ទាន់​មាន​លទ្ធភាព​ទិញ​ផ្ទះ ឬ​រថយន្ត​ទំនើប​ដោយ​ខ្លួន​ឯង តែ​យ៉ាង​ហោច​ណាស់ ក៏​សល់​លុយ​កាក់​ខ្លះ ល្មម​គ្រប់គ្រាន់​នឹង​បង្កើត​មុខ​របរ​តូច​មួយ​ពីរ​នាក់​ប្ដី​ប្រពន្ធ​ក្រោយ​រៀបការ​រួច កុំ​រំពឹង​តែ​គ្រួសារ​ជួយ​សុទ្ធ​សាធ​មិន​ល្អ​ទេ។ បើ​មិន​ទាន់​សល់​លុយ​កាក់​ ឬមាន​ទ្រព្យ​សម្បត្តិ​ខ្លះទេ កុំ​ទាន់​ប្រញាប់​ពេក​អី​ត្រូវ​ខិត​ខំ​សិន​ទៅ។

    5. មានភាពវ័យឆ្លាតក្នុងការដោះស្រាយបញ្ហា
    គ្រប់​បញ្ហា​ទាំង​អស់ មិន​ថា រឿង​ហិរញ្ញវត្ថុរឿង​ការងារ រឿង​ជីវិត បើ​មិន​ទាន់​ចេះ​រក​ដំណោះ​ស្រាយ​បញ្ហាទាំងនេះទេ មាន​ន័យ​ថា នៅ​មិន​ទាន់​មាន​ភាព​ជា​អ្នក​ចាស់​ទុំ ជា​អ្នក​ដឹក​នាំ​ក្នុង​ខ្លួន​នៅ​ឡើយ​ទេ។ ត្រូវ​ដឹង​ថា ជីវិត​គូ​ក្រោយ​រៀបការ​ហើយ មាន​រឿង​ជា​ច្រើន​ត្រូវ​ឆ្លង​កាត់មិន​មែន​ឱ្យ​តែ​ចេះ​ស្រឡាញ់​គ្នា​តែ​ម្យ៉ាង​ចប់​រឿង​នោះ​ទេ។

    6. រៀបចំគម្រោងការជីវិត
    ចង់​បាន​គ្រួសារ​មួយ​ដ៏​មាន​សុភមង្គល ក្រោយ​រៀបការ​រួច គឺ​ត្រូវ​កំណត់​ផែន​ការជីវិតគូឱ្យបានច្បាស់​លាស់​សិន។ ផែន​ការ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង រឿង​រកស៊ី តើ​​រៀបការ​ហើយ គួរ​តែ​នៅ​ធ្វើ​ការឱ្យ​គេ ឬចង់​រកស៊ី​ខ្លួន​ឯង? តើ​5 ឬ​10​ឆ្នាំ​ទៅ​មុខ​ទៀត​ចង់​មាន​អ្វី? ចង់​បាន​អ្វី? ដូច្នេះ​ត្រូវ​មាន​ផែន​ការឱ្យ​ច្បាស់​លាស់ សឹម​គិតគូរក្នុងការ​បង្កើត​គ្រួសារ៕

  • សុជីវធម៌ល្អៗ4យ៉ាង របស់កូនកំលោះក្រមុំ ពេលថតរូបជាមួយភ្ញៀវនៅមុខ Back Drop

    សុជីវធម៌ល្អៗ4យ៉ាង របស់កូនកំលោះក្រមុំ ពេលថតរូបជាមួយភ្ញៀវនៅមុខ Back Drop

    ការដែលចង់ធ្វើឱ្យភ្ញៀវដែលមកចូលរួមពិធីមង្គលការរបស់ខ្លួនពេញចិត្ត និងចងចាំជាប់ក្នុងចិត្តរហូតតទៅនោះ ក្រៅពីការរៀបចំទីកន្លែងឱ្យបានស្រស់ស្អាត ម្ហូបអាហារឆ្ងាញ់ពិសា និងការធ្វើឱ្យពិធីមានភាពសប្បាយរីករាយមិនគួរឱ្យធុញទ្រាន់ហើយនោះ រឿងសុជីវធម៌ល្អៗក្នុងពិធីមង្គលការរបស់កូនកំលោះក្រមុំ ក៏ជារឿងមួយដែលនឹងជួយសាងនូវភាពពេញចិត្តដល់ភ្ញៀវដែលមកចូលរួមដែរ។ ពិធីមង្គលការដែលបង្កប់ទៅដោយសុជីវធម៌ល្អប្រពៃ គួរតែចាប់ផ្ដើមពីការជូនសំបុត្រការ(ធៀបការ)អញ្ជើញភ្ញៀវ រហូតទៅដល់ការរៀបចំការជប់លៀងពិសាភោជនាហារ និងនៅមានសុជីវធម៌មួយទៀតដែលសាមីុខ្លួនកំលោះក្រមុំមិនគួរមើលរំលងនោះគឺ ផ្នែកខាងការទទួលស្វាគមន៍ភ្ញៀវ ដែលថ្ងៃនេះ ឡារ៉ែន មានសុជីវធម៌ល្អៗ4យ៉ាងរបស់កូនកំលោះកូនក្រមុំពេលនៅពីមុខផ្ទាំង Back Drop ថតរូបស្វាគមន៍ជាមួយភ្ញៀវមកជម្រាបជូនដើម្បីទុកជាការសាងនូវក្ដីពេញចិត្តដល់ភ្ញៀវដែលមកចូលរួម។

    1. ស្វាគមន៍ភ្ញៀវដោយទឹកមុខស្រស់ស្រាយ ញញឹមញញែម
    ទោះជាកាលពីយប់មិញកូនកំលោះកូនក្រមុំបានត្រៀមការងារនឿយហត់ប៉ុនណា គេងមិនបានគ្រប់គ្រាន់ ឬមានអារម្មណ៍មិនល្អយ៉ាងណាក៏ដោយ តែពេលមកដល់ត្រង់កន្លែងនេះគួរតែជម្រះអារម្មណ៍ទាំងអស់នោះចោលសិនហើយមកឈរទទួលស្វាគមន៍ភ្ញៀវដោយទឹកមុខស្រស់ស្រាយ រួសរាយរាក់ទាក់ ញញឹមញញែម ព្រោះកាយវិការទាំងនេះនឹងក្លាយជាការសាងនូវក្ដីពេញចិត្តពេញថ្លើមគ្រាដំបូងនៅពេលដែលភ្ញៀវធ្វើដំណើរមកដល់កន្លែងប្រារព្ធពិធី និងបានជួបកូនកំលោះកូនក្រមុំដែលនៅរង់ចាំទទួលស្វាគមន៍នៅពីមុខខ្លោងទ្វារដែលមានផ្ទាំង Back Drop នៅជិតនោះយ៉ាងរីក-រាយរំភើបចិត្ត ដែលត្រង់នេះអាចនិយាយបានថា ជាសុជីវធម៌ដ៏ល្អប្រពៃមួយសម្រាប់កូនកំលោះ-កូនក្រមុំក្នុងពិធីមង្គលការរបស់ខ្លួន បើទោះជាមានអារម្មណ៍ថា ទាំងងងុយ ទាំងហត់នឿយទាំងចុករួយដៃជើង ព្រោះឈរយូរពេកយ៉ាងណាក៏ដោយ។

    2. មកដល់មុនពេលវេលា និងញញឹមជានិច្ច
    មិនថាពិធីបុណ្យអ្វីនោះឡើយ ការមកដល់ត្រូវពេលវេលា ឬមកដល់មុនពេលវេលាបន្តិចអាចនិយាយបានថា ជាសុជីវធម៌ដ៏ល្អមួយ និងរឹតតែជាពិធីសំខាន់ ដូចជាពិធីមង្គលការផងនោះ កូនកំលោះក្រមុំត្រូវតែមករងចាំមុនពេលដែលមានភ្ញៀវធ្វើដំណើរមកដល់ ដោយត្រូវមកឈរចាំទទួលស្វាគមន៍នៅខាងមុខពិធី រង់ចាំថតរូបនៅនឹង Back Drop និងញញឹមស្វាគមន៍ភ្ញៀវគ្រប់ពេលវេលា។ ពេលថតរូបជាមួយភ្ញៀវគួរព្យាយាមញញឹមយ៉ាងធម្មជាតិ ទោះជាត្រូវញញឹមច្រើនប៉ុនណា រួយថ្គាមប៉ុនណា ហត់នឿយប៉ុនណាក៏ដោយ ការញញឹមស្វាគមន៍នៅពេលជួបមុខដំបូង គឺជាការសាងក្ដីរំភើប និងពេញចិត្ត និងជាសុជីវធម៌ក្នុងពិធីមង្គលការដែលគួរតែធ្វើបំផុត។

    3. ​និយាយស្វាគមន៍រាក់ទាក់ភ្ញៀវដែលមករួមថតរូប
    នៅពេលយើងញញឹមញញែម រួសរាយស្រស់ស្រាយហើយ ការចូលរួមនិយាយរាក់ទាក់ជាមួយភ្ញៀវដែលដើរចូលមកក្នុងពិធី និងមករួមថតរូបជាមួយកូនកំលោះក្រមុំនៅមុខ Back Drop ដូចជាការបបួលនិយាយលេងខ្លីៗ ឬសួរនាំពីការធ្វើដំណើរថា ស្ទះផ្លូវទេ? ឬមកគ្នាប៉ុន្មាននាក់? ជាដើម។ល។ នៅពេលថតរូបរួច ក៏ថ្លែងអំណរគុណ ហើយអញ្ជើញភ្ញៀវឱ្យទៅអង្គុយតុនៅខាងក្នុងពិធីដែលយើងបានត្រៀមរួចជាស្រេច។ ការបានរួមជជែកនិយាយលេងខ្លីៗសួរនាំពីសុខទុក្ខ ពីការធ្វើដំណើរនេះ គឺជាសុជីវធម៌ម្យ៉ាងដែលយើងបានបង្ហាញពីក្ដីបារម្ភចំពោះភ្ញៀវ។

    4. បញ្ចេញរាងថតឱ្យអស់ក្បាច់
    ថតរូបស្អាតៗនៅមុខ Back Drop រួមជាមួយភ្ញៀវដែលមកចូលរួមពិធីម្ដង មិនរៀបចំកាច់រាង បញ្ចេញកាយវិការឱ្យសប្បាយរីករាយបែបអស់ពីចិត្ត វាហាក់ដូចជាយ៉ាងម៉េចមិនដឹងទេ… ដូចជាបើថតជាមួយភ្ញៀវចាស់ទុំ សាច់ញាតិចាស់ៗ ក៏រៀបចំឫកពាបែបសុភាពរាបសាស្លូតៗ តែបើប៉ះមិត្តភ័ក្តិជិតស្និទ្ធ បងប្អូនសាច់ញាតិជិតដិតដែលមានវ័យស្របាលៗគ្នាវិញនោះ កុំរវល់តែរ៉េរ៉យូរ កាច់រាងរៀបឫកឱ្យគ្រប់ម៉ាកគ្រប់ម៉ូដ អ្នកណាមានក្បាច់អីឡូយៗក៏បញ្ចេញមកឱ្យអស់ដៃនៅមុខ Back Drop។កូនកំលោះកូនក្រមុំអាចនឹងមានប៉ាយបដាក្រដាសតូចៗដែលមានសរសេរអក្សរជូនពរ ឬពាក្យសប្បាយរីករាយផ្សេងៗមកឱ្យភ្ញៀវកាន់ថតរូបលេង ដើម្បីឱ្យរូបភាពដែលថតចេញមកកាន់តែមានភាពសប្បាយរីករាយគួរឱ្យចាប់អារម្មណ៍ខ្លាំងឡើងថែមទៀត។

    ការមានសុជីវធម៌ល្អក្នុងពិធីមង្គលការ គឺជារឿងដែលមិនពិបាកធ្វើនោះឡើយ គ្រាន់តែកូនកំលោះកូនក្រមុំនៅចាំមើលថែទាំយ៉ាងយកចិត្តទុកដាក់ចំពោះភ្ញៀវដែលមកចូលរួមពិធីប៉ុណ្ណោះ។ តែប៉ុណ្ណឹងក៏រាប់បានថាជាសុជីវធម៌ក្នុងពិធីមង្គលការដែលកូនកំលោះ-កូនក្រមុំបានធ្វើស្រេចទៅហើយ៕

  • ពហុ​វិធី​កែ​បញ្ហា​ក្មេង​ពិបាក​ញ៉ាំ​អាហារ ឱ្យ​ក្លាយជា​ក្មេង​ដែល​ចូលចិត្ត​ញ៉ាំ មិន​កៀស​បន្លែ​ចេញ

    ពហុ​វិធី​កែ​បញ្ហា​ក្មេង​ពិបាក​ញ៉ាំ​អាហារ ឱ្យ​ក្លាយជា​ក្មេង​ដែល​ចូលចិត្ត​ញ៉ាំ មិន​កៀស​បន្លែ​ចេញ

    “ក្មេង​ពិបាក​ញ៉ាំ​អាហារ” ជា​បញ្ហា​មួយ​ដែល​ឪពុកម្ដាយ​មាន​អារម្មណ៍​តានតឹង និង​កង្វល់​ចិត្ត​យ៉ាងខ្លាំង ហើយ​ដោយសារតែ​ខំព្យាយាម​គ្រប់បែបយ៉ាង​ធ្វើយ៉ាងណា​ឱ្យ​កូន​បាន​ញ៉ាំ​អាហារ ទើប​ជា​លទ្ធផល​ធ្វើឱ្យ​ក្មេង​តតាំង​កាន់តែខ្លាំង​ឡើង ហើយ​បញ្ហា​ក៏​នឹង​រឹតតែ​ធ្ងន់ធ្ងរ និង​រ៉ាំរ៉ៃ​ខ្លាំង​ឡើង។ “ក្មេង​ពិបាក​ញ៉ាំ​អាហារ” អាច​ជួបប្រទះ​នៅលើ​ក្មេង​ទូទៅ3% – 5%ច្រើន​ស្ថិតក្នុង​វ័យ1 – 6ឆ្នាំ ក្មេង​នឹងមាន​អាការ​ដូចតទៅ គឺ​ញ៉ាំ​យឺត បៀម​បាយ ឬ​ស្រែកយំ​មិន​ព្រម​ញ៉ាំ ខ្ជាក់​ចេញ ឬ​ក្អួត​អាហារ​ដែល​ញ៉ាំ​ចូល​ទៅហើយនោះ​ចេញមក​វិញជាដើម។ ឯ​ឪពុកម្ដាយ​វិញ​នឹង​ខំប្រឹង​ធ្វើយ៉ាងណា​ឱ្យ​កូន​ញ៉ាំ​បាន តាំងពី​ទំពា​បញ្ចុក បង្ខំ លួងលោម អង្វរ សូកប៉ាន់ ដាក់​លក្ខខណ្ឌ​ជាមួយ​កូន ឬ​បង្ខំ​ដាក់ទណ្ឌកម្ម​ដោយ​វិធីផ្សេងៗក៏មាន។ ភាគច្រើន​ក្មេង​ត្រូវ​បានទទួល​អាហារ​មួយថ្ងៃ​ក្នុង​បរិមាណ​ដែល​គ្រប់គ្រាន់ តែបើ​ក្នុងករណី​ដែល​ក្មេង​បានទទួល​អាហារ​តិចជាង​ប្រក្រតី និង​មានការ​ចម្រើន​ធំធាត់​យឺត​នោះ ក្មេង​គួរ​បានទទួល​ការពិនិត្យ​វាយតម្លៃ ដើម្បី​រក​វិធី​ព្យាបាល​ខាង​រាងកាយ និង​ផ្លូវចិត្ត​យ៉ាង​លម្អិត។

    វិធី​កែប​ញ្ហា ក្មេង​ពិបាក​ញ៉ាំ​អាហារ ក្នុង​វ័យ​ដែល​ត្រូវ​ចាប់ផ្ដើម​ញ៉ាំ
    1. ឱ្យ​អង្គុយ​នៅ​តុ​ញ៉ាំ​បាយ​ជាមួយ​ប៉ា​ម៉ាក់។
    2. មិន​បើក​ទូរទស្សន៍​មើល​ក្នុងអំឡុងពេល​ញ៉ាំ​បាយ ឬ​អាហារ។
    3. ឱ្យ​ពេល​ញ៉ាំ​អាហារ​ប្រមាណ​ជា30នាទី ដោយ​ដួស​អាហារ​ឱ្យ​សមល្មម មិន​ច្រើន​ជ្រុល​ពេក។ បើ​ក្មេង​មិន​ញ៉ាំ ពេល​ដល់​ម៉ោង ចូរ​ប្រមូល​អាហារ​ទុកដាក់។
    4. ក្នុងពេល​ញ៉ាំ​អាហារ ចូរ​និយាយ​តែ​រឿងល្អៗ សប្បាយ។
    5. កុំ​បង្ខំ​ឱ្យ​ក្មេង​ញ៉ាំ ឬ​ដាក់ទោស ពេល​ក្មេង​មិន​ញ៉ាំ​អាហារ។
    6. ពេល​ក្មេង​ញ៉ាំ​បាយ ឬ​អាហារ​បាន​ច្រើន ចូរ​និយាយ​សរសើរ តែបើ​គេ​ញ៉ាំ​បាន​តិច ចូរ​ធ្វើ​ព្រងើយ។
    7. តម និង​ចៀសវាង​ការ​ញ៉ាំ​អាហារផ្សេងៗក្នុងអំឡុងពេល​ញ៉ាំ​បាយ ដូចជា ​នំ ទឹកដោះគោ ឬ​ស្ករ​គ្រាប់​ជាដើម។

    មូលហេតុ​ធ្វើឱ្យ​ក្មេង​ពិបាក​ញ៉ាំ​អាហារ
    1. បរិមាណ​អាហារ​ច្រើន​ជ្រុល​ពេក។
    2. ក្មេង​មិន​ចូលចិត្ត​ញ៉ាំ​អាហារ​នោះ ដូចជា បន្លែ ឬ​ត្រី​ជាដើម ដូច្នេះ​មិនគួរ​បង្ខំ​ទេ តែ​គួរ​កែច្នៃ​អាហារ​នោះ​ទៅជា​រូប​បែបផ្សេងៗ ហើយ​បបួល​ឱ្យ​ក្មេង​សាកល្បង​ញ៉ាំ។
    3. ក្មេង​ខ្វះ​ការ​ឃ្លាន​ចង់​ញ៉ាំ​អាហារ ដោយសារតែ​ញ៉ាំ​នំ ឬ​ទឹកដោះគោ​នៅពេល​មុន​ហ្នឹង​រួចហើយ។
    4. ក្មេង​មាន​បទពិសោធ​មិនល្អ​ពាក់ព័ន្ធ​នឹង​ការ​ញ៉ាំ​អាហារ ដូចជា ធ្លាប់​ត្រូវ​បញ្ចុក​បង្ខំ​ឱ្យ​ញ៉ាំ​រហូត​ឈឺ​មាត់ ឬ​ធ្លាប់​ស្ថិតក្នុង​បរិយាកាស​ដែល​មិនល្អ​ក្នុងការ​ញ៉ាំ​អាហារ ដូចជា ធ្លាប់​ត្រូវ​សម្លុត ឬ​វាយ​បង្ខំ​ឱ្យ​ញ៉ាំ​ជាដើម។
    5. ខណៈពេល​ញ៉ាំ​អាហារ ក្មេង​មាន​ការឈឺ-​ថ្កាត់​ខាង​រាងកាយ ឬ​មាន​បញ្ហា​ខាង​អារម្មណ៍។

    កែខៃ​បញ្ហា​រឿង​កូន​ពិបាក​ញ៉ាំ​អាហារ​សម្រាប់​មនុស្ស​ជា​ឪពុកម្ដាយ
    1. បន្ថយ​ក្ដីកង្វល់​ចិត្ត​ចុះ​ខ្លះ​ពាក់ព័ន្ធ​នឹង​ការ​ញ៉ាំ​អាហារ​របស់​កូន ដូចជា កង្វល់​ថា កូន​នឹងមាន​ទម្ងន់​ខ្លួន​តិច(ស្គម) ឬ​បានទទួល​សារធាតុ​អាហារ​មិន​គ្រប់គ្រាន់​ជាដើម ព្រោះ​ក្ដីកង្វល់​នោះ​នឹង​ហុច​ផល​ទៅដល់​កូន ធ្វើ​មាន​ផលប៉ះពាល់​ដល់​ការមិន​ញ៉ាំ​អាហារ​បាន។
    2. បណ្ដោយឱ្យ​កូន​មានឱកាស​បាន​ជួយ​ខ្លួនឯង​ខ្លះ​ពាក់ព័ន្ធ​នឹង​ការ​ញ៉ាំ​អាហារ ដូចជា ចំពោះ​ក្មេង​ដែល​ចាប់ផ្ដើម​ចេះ​ចាប់​កាន់​ចំណីអាហារ​ដុំតូចៗ ឬ​ចេះ​យក​ស្លាបព្រា​ដាក់ចូល​មាត់ ទោះជា​កំពប់ ឬ​ប្រឡាក់​ខ្លះ​ក៏ដោយ។
    3. ទៅ​ជួប​គ្រូពេទ្យ​ចិត្តសាស្ត្រ​កុមារ បើសិន​អាណាព្យាបាល​បាន​ធ្វើតាម​ការណែនាំ និង​ប្រតិបត្តិ​តាម​ចំណុច​ទី1 និង​ចំណុច​ទី2យ៉ាង​ជាប់លាប់ហើយ​បើ​មាន​ចំណុច​សង្ស័យ​ណាមួយ​អាច​សុំ​ការណែនាំ​ពី​គ្រូពេទ្យ​កុមារ ឬ​គ្រូពេទ្យ​ចិត្តសាស្ត្រ​កុមារ ដើម្បី​រក​ដំណោះស្រាយ។

    វិធី​ការពារ​បញ្ហាក្មេង​ពិបាក​ញ៉ាំ​អាហារ
    1. ចាប់ផ្ដើម​ឱ្យ​ញ៉ាំ​អាហារ​បន្ថែម​ក្នុងពេល​វេលា​ដ៏​ត្រឹមត្រូវ(អាយុ​បាន​ប្រមាណ​ជា6ខែ​ឡើង)។
    2. បង្ហាត់បង្រៀន​អំពី “សុខ​ប្រតិបត្តិ‟ ក្នុងការ​ញ៉ាំ​ដល់​ក្មេង​តាំងពី​ពេល​ចាប់ផ្ដើម​ឱ្យ​ញ៉ាំ​អាហារ។បញ្ហា ក្មេង “ពិបាក​ញ៉ាំ​អាហារ‟ ជា​បញ្ហា​ដែល​ជួបប្រទះ​ញឹកញាប់ ដូច្នេះ​ការមើល​ថែទាំ និង​ការពារ​បញ្ហា​តាំងពី​ពេល​ចាប់ផ្ដើម​នឹង​ជួយ​ឱ្យ​ក្មេង​ល្អ​ប្រសើរឡើង​បាន មិន​ដូច្នោះ​ទេ​អាច​កើតមាន​បញ្ហា​ឡើង​បាន ដូចជា បញ្ហា​សម្ព័ន្ធភាព​រវាង​ឪពុក​ម្ដាយកូន បញ្ហា​ទង្វើ​ច្រងេងច្រងាង និង​បញ្ហា​ផ្នែក​ផ្លូវចិត្ត ដូចជា មាន​សម្ពាធ និង​ខ្វល់ខ្វាយ​ច្រើន​ជាដើម៕

  • វិវឌ្ឍនាការរបស់ក្មេងអាយុ 14ខែយ៉ាងណាខ្លះ… អ្នកម្ដាយត្រូវដឹង!

    វិវឌ្ឍនាការរបស់ក្មេងអាយុ 14ខែយ៉ាងណាខ្លះ… អ្នកម្ដាយត្រូវដឹង!

    វិវឌ្ឍនាការរបស់ក្មេងអាយុ 14ខែ
    ក្នុងអំឡុងវ័យនេះ អាចហៅបានថា ទាំងជាអ្នកស្រាវជ្រាវ និងជាអ្នកតតាំងតូចល្អិតម្នាក់។ កូនកំពុងស្ថិតក្នុងវ័យដែលមានវិវឌ្ឍនាការឆាប់រហ័ស ដូច្នេះឪពុកម្ដាយចាំបាច់ត្រូវផ្ដល់ភាពសំខាន់ ត្រូវជំរុញ និងតាមដានវិវឌ្ឍនាការរបស់កូនជាប់ជានិច្ច។ ថ្ងៃនេះ ឡារ៉ែន សូមនាំលោកឪពុកអ្នកម្ដាយមកមើលពីវិវឌ្ឍនាការផ្សេងៗរបស់កូនតូចវ័យ 14ខែទាំងអស់គ្នាដូចខាងក្រោម។

    វិវឌ្ឍនាការរបស់ក្មេងអាយុ13ខែ ខាងផ្នែករាងកាយ និងការធ្វើចលនា
    វិវឌ្ឍនាការផ្នែករាងកាយ និងការធ្វើចលនាដែលកូនគួរតែធ្វើបានគឺ ក្នុងអំឡុងអាយុនេះ កូនគួរតែចេះធ្វើដៃ “បា៎យ…បា៎យ” បានហើយ និងនៅលើក្មេងខ្លះអាចនឹងចេះប្រមៀលបាល់លេងទៅមកបាន អាចញ៉ាំទឹកពីកែវបាន ហើយខ្លះទៀតនឹងចាប់ផ្ដើមធ្វើខ្លួនដូចជា “មនុស្សធំជាងគេ” នៅក្នុងផ្ទះទៀតផង។ កូនក្នុងវ័យនេះ គួរតែចេះឈរដោយខ្លួនឯងបានយូរហើយ និងអាចអង្គុយចុះវិញបានដោយខ្លួនឯង និងក្រោកឈរបានដោយខ្លួនឯង ចំណែកនៅលើក្មេងខ្លះដែលមានភាពចំណានរហ័សរហួន អាចនឹងដើរបានយ៉ាងចំណាប់ និងអាចដើរថយក្រោយបានខ្លះៗហើយ។

    វិវឌ្ឍនាការរបស់ក្មេងអាយុ14ខែខាងផ្នែកសតិបញ្ញា និងការរៀនយល់ដឹង
    ក្មេងក្នុងវ័យនេះជាក្មេងដែលចង់ដឹង ចង់សាកល្បងគ្រប់យ៉ាង។ ដោយក្ដីរំភើបត្រេកអរដែលគេអាចដើរទៅរកអ្វីដែលគេចាប់អារម្មណ៍បានដោយងាយនោះ ធ្វើឱ្យកូនមើលឃើញអ្វីក៏គួរឱ្យចាប់កាន់ គួរឱ្យចង់សាកទាំងអស់ដូច្នេះហើយទើបលោកឪពុកអ្នកម្ដាយត្រូវពិនិត្យមើលសភាពក្នុងបន្ទប់របស់កូន និងក្នុងផ្ទះត្រង់កន្លែងដែលកូននឹងអាចទៅដល់បានឱ្យមានសុវត្ថិភាព ដូចជា ចាក់សោថតតុ ថតទូ យកបង់ស្អិតបិទបាំងរន្ធដោតភ្លើងអគ្គិសនីប្រមូលទុកដាក់វត្ថុមុតស្រួច ឬគ្រឿងកែវចានដែលងាយបែកឱ្យផុតពីដៃកូនជាដើម។ វានឹងធ្វើឱ្យឪពុកម្ដាយអាចសប្បាយចិត្តបានថា កូននឹងមានសុវត្ថិភាពបានមួយកម្រិត។ លោកអ្នកអាចនឹងរកឡាំងក្រដាស ឬឡាំងជ័រមួយសម្រាប់ឱ្យកូនទុកដាក់របស់លេងយ៉ាងមានសុវត្ថិ-ភាព និងទុកឱ្យរើជ្រាវលេង ឬយកចេញចូលបានយ៉ាងងាយស្រួលដោយខ្លួនឯង ហើយគេនឹងចូលចិត្តខ្លាំងណាស់ដែលបានជួយប៉ាម៉ាក់ “ទុកដាក់របស់របរ” នេះហើយគឺការរៀនយល់ដឹងដ៏សំខាន់មួយកម្រិតទៀតសម្រាប់កូន។

    វិវឌ្ឍនាការរបស់ក្មេងអាយុ14ខែ ខាងផ្នែកភាសា និងការទំនាក់ទំនង
    កូននឹងរៀនយល់ដឹងពីស័ព្ទផ្សេងៗថ្មីៗរៀងរាល់ថ្ងៃហើយនឹងនិយាយបានកាន់តែច្រើនពាក្យឡើង។ គេនឹងចាប់ផ្ដើមដឹងថា គេត្រូវការអ្វី និងដឹងពីវិធីក្នុងការប្រាប់ប៉ាម៉ាក់ថា អ្វីគឺជារឿងដែលគេត្រូវការ។ ការបង្កើន និងជំរុញវិវឌ្ឍនាការផ្នែកភាសា និងការទំនាក់ទំនង ឪពុកម្ដាយគួរបង្ហាត់កូនឱ្យនិយាយលើផ្នែករបស់វាក្យស័ព្ទផ្សេងៗ អាចជាស័ព្ទបរទេសដែលងាយស្រួលបញ្ចេញសំឡេងដែលកូនអាចនិយាយបាន ដើម្បីជំនាញខាងភាសាដ៏ល្អរបស់កូននៅថ្ងៃអនាគត។

    អ្វីដែលសំខាន់នោះគឺ ក្មេងក្នុងវ័យនេះចាប់ផ្ដើមត្រូវការភាពជឿជាក់ក្នុងចិត្ត និងរឿងផ្សេងៗ​ដែលជួយឱ្យគេមានអារម្មណ៍សប្បាយចិត្ត ដូច្នេះហើយទើបយើងមើលឃើញថា ក្មេងខ្លះចាប់ផ្ដើមចូលចិត្តតុក្កតា ក្មេងខ្លះចាប់ផ្ដើមស្រឡាញ់ភួយ ឬខ្នើយ ជាអ្វីមួយដែលគេនឹងអាចងាកទៅរក និងកាន់ជាប់ក្នុងដៃ ដើម្បីភាពសប្បាយចិត្តនៅពេលពេលកើតមានអារម្មណ៍ខ្លាច ឬមិនសប្បាយចិត្ត ជាពិសេសនៅពេលនឿយហត់ ឬងងុយគេង និងពេលដែលប៉ាម៉ាក់មិនបាននៅជិតកូន ដែលការស្រឡាញ់ចូលចិត្ត ឬញៀនវត្ថុអស់ទាំងនេះគឺជាដំណាក់កាលនៃវិវឌ្ឍដែលប្រក្រតី និងមិនមានផលប៉ះពាល់អវិជ្ជមានចំពោះក្មេងនាពេលអនាគតឡើយ ទើប ឡារ៉ែន ចង់ណែនាំឱ្យលោកឪពុកអ្នកម្ដាយយល់ដឹងពីគេ និងយល់ព្រមឱ្យគេអាចមានវត្ថុទាំងនោះនៅក្បែរកាយនៅពេលដែលគេនឹកឃើញវា។

    រឿងវិវឌ្ឍនាការរបស់កូនជារឿងល្អិតល្អន់ លោកឪពុកអ្នកម្ដាយត្រូវយល់ដឹង និងគួរតាមដានការជំរុញវិវឌ្ឍនាការយ៉ាងជាប់លាប់។ ដោយក្ដីស្រឡាញ់ និងបារម្ភពីអ្នកគ្រូ ឆវី៕

  • អាហារបង្កើនទម្ងន់កូន និងតិចនិកល្អៗដែលអ្នកម្ដាយមិនគួរខកខាន

    អាហារបង្កើនទម្ងន់កូន និងតិចនិកល្អៗដែលអ្នកម្ដាយមិនគួរខកខាន

    ក្មេងដែលមានទម្ងន់ខ្លួនទាបជាងប្រក្រតីច្រើនតែមានមូលហេតុមកពីការចិញ្ចឹមថែទាំ កូនញ៉ាំតិច និងមិនគ្រប់គ្រាន់នឹងតម្រូវការរបស់រាងកាយ ឬញ៉ាំមិនត្រឹមត្រូវតាមក្បួនភោជនាហារ ទាំងក្នុងរឿងបរិមាណ និងជីវជាតិ បណ្ដោយតាមចិត្តកូនជ្រុលពេក ជាហេតុធ្វើឱ្យឪពុកម្ដាយកង្វល់ចិត្ត ខ្លាចកូនស្គមមានទម្ងន់ខ្លួនខុសប្រក្រតី ដូច្នេះទើបអាហារបន្ថែមទម្ងន់កូនក្លាយជារឿងសំខាន់ដែលឪពុក-ម្ដាយគួរតែយកចិត្តទុកដាក់ឱ្យបានច្រើនឡើង។

    កូនមានទម្ងន់ខ្លួនតិចជាងប្រក្រតី(ស្គម)ច្រើនតែមានមូលហេតុមកពី :
    • ការចិញ្ចឹមថែទាំ : ក្មេងញ៉ាំតិច មិនគ្រប់គ្រាន់នឹងតម្រូវការរបស់រាងកាយ ឬញ៉ាំមិនត្រឹមត្រូវទាំងបរិមាណ និងជីវជាតិអាហារដោយសារតែការមិនដឹង ឬបណ្ដោយតាមចិត្តក្មេង។
    • សភាវឈឺថ្កាត់របស់រាងកាយ : អាចមានជំងឺរ៉ាំរ៉ៃ ឬបញ្ហារបស់ភាពពិការតាំងពីកំណើតធ្វើឱ្យមានការចម្រើនធំធាត់យឺត ដូចជាជំងឺបេះដូង ជាដើម។ល។
    • ការគេងសម្រាក : គេងលក់សម្រាកមិនបានគ្រប់គ្រាន់ ឬចូលគេងយប់ជ្រៅជាប្រចាំ។

    វិធីជួយបង្កើនទម្ងន់ខ្លួនកូន
    កូនមានទម្ងន់ខ្លួនតិច(ស្គម)ជារឿងលំបាកចិត្តរបស់អ្នកម្ដាយ ដូច្នេះយើងនាំគ្នាមកមើលពីតិចនិក 4យ៉ាងដែលនឹងជួយអ្នកម្ដាយក្នុងការបង្កើនទម្ងន់ខ្លួនកូនថា តើមានអ្វីខ្លះ?
    1. សង្កេតរឿងអាហារ : ក្រុមអាហារដែលកូនញ៉ាំនោះ មានប្រយោជន៍ដល់រាងកាយច្រើនប៉ុនណា ដូចជា សាច់ ទឹកដោះ ស៊ុត មិនគ្រប់-គ្រាន់ ក៏ធ្វើឱ្យកូនស្គមបានដែរ រួមទាំងបរិមាណអាហារក៏ត្រូវតែសមល្មមនឹងការប្រើកម្លាំងថាមពលដែរ។
    2. កែសម្រួលវិធីចម្អិន : សម្រាប់ក្មេងដែលមានទម្ងន់ខ្លួនតិច អ្នកម្ដាយអាចប្ដូរពីអាហារស្ងោរ មកជាអាហារឆា ឬចៀនឱ្យបានញឹកញាប់ឡើង តែអ្នកម្ដាយត្រូវប្រយ័ត្នរឿងប្រព័ន្ធរំលាយអាហាររបស់កូនផង។
    3. បន្ថែមគ្រឿងផ្សំ : ការបន្ថែមចំណែកផ្សំរបស់អាហារដែលនឹងធ្វើឱ្យកូនញ៉ាំបានដូចជា ទឹកដោះ ប៊័រ ម្សៅ ឬស្ករខ្លះៗ ក៏នឹងជួយបង្កើនទម្ងន់ខ្លួនកូនបានដែរ។
    4. រៀបចំអាហារញ៉ាំបន្ថែមពេលទំនេរ : ការរៀបចំអាហារញ៉ាំពេលទំនេរ ដូចជា នំសាំងវិច ជាមួយទឹកដោះគោ ឬទឹកផ្លែឈើក្រឡុកដែលផ្សំដោយទឹកដោះគោ ឬទឹកស្ករ ក៏ជាការបំពេញកម្លាំងថាមពលដែលបាត់បង់ទៅក្នុងចន្លោះពេលបាយចម្បងៗដល់កូនបានដែរ។

    វត្ថុធាតុដើម 6យ៉ាងក្នុងការផ្សំម្ហូបអាហារបង្កើនទម្ងន់កូន
    ក្រៅពីវិធីការចម្អិនអាហារហើយ ការជ្រើសរើសវត្ថុធាតុដើមមកធ្វើជាគ្រឿងផ្សំរបស់ម្ហូបអាហារ ក៏មានភាពសំខាន់ចំពោះទម្ងន់ខ្លួនរបស់កូនដូចគ្នា ដើម្បីឱ្យអ្នកម្ដាយបានបង្កើនទម្ងន់ខ្លួនកូនពីសារធាតុអាហារប្រភេទម្សៅ និងខ្លាញ់ដែលល្អចំពោះសុខភាព។
    1. ទឹកដោះគោឆៅ ឬទឹកដោះគោដែលកូនញ៉ាំជាប្រចាំ ព្រោះជាទឹកដោះដែលមានជាតិខ្លាញ់អាចយកមកផ្សំធ្វើជាម្ហូបអាហារបាន។

    2. ត្រីដែលមានជាតិខ្លាញ់ច្រើន ដូចជាត្រីសណ្ដាយ ត្រីអណ្ដែង ដែលនឹងជួយក្នុងការសាងជាតិខ្លាញ់បានល្អ។

    3. សណ្ដែកផ្សេងៗ ជាពិសេស សណ្ដែកដីមានប្រយោជន៍ជួយបង្កើនកម្លាំងថាមពលតែមិនគួរញ៉ាំច្រើនជ្រុលពេកដែរ ព្រោះវានឹងធ្វើឱ្យហើមពោះ។

    4. ស៊ុត ជាអាហារពហុប្រយោជន៍ដែលបន្ថែមកម្លាំងថាមពលដល់កូន។

    5. បន្លែដែលមានជាតិម្សៅច្រើន និងផ្ដល់ថាមពលខ្ពស់ ដូចជាពោត ល្ពៅ មានជាតិម្សៅច្រើន និងផ្ដល់ថាមពលខ្ពស់។

    6. ផ្លែឈើស្រស់ផ្សេងៗ ក្រៅពីមុខម្ហូបអាហារចម្បងៗហើយនោះ ផ្លែឈើក៏អាចធ្វើជាអាហារញ៉ាំពេលទំនេរដើម្បីបង្កើនថាមពលក្នុងចន្លោះពេលថ្ងៃបានដែរ ថែមទាំងមានប្រយោជន៍ច្រើនទៀតផង។

    អាហារបន្ថែមទម្ងន់កូនវ័យ 6 – 12ឆ្នាំ
    ឱ្យកូនបានញ៉ាំអាហារឱ្យគ្រប់ 5ប្រភេទក្រុមក្នុងមួយពេលៗដែលប្រកបដោយ ៈ
    • បាយ 2 – 3វែក។
    • សាច់សត្វ 2ស្លាបព្រាបាយ ឬស៊ុត(ស៊ុតជាប្រូតេអ៊ីនគុណភាព ក្មេងមានទម្ងន់ខ្លួនតិចគួរឱ្យញ៉ាំមួយថ្ងៃ 1គ្រាប់)។
    • ឆាបន្លែ 1វែក។
    • ផ្លែឈើ ដូចជាក្រូច 1ផ្លែ ឬចេក 1ផ្លែ ឬល្ហុងទុំ4-5ចំណិត ឬផ្លែឈើផ្សេងៗទៀត។
    • ទឹកដោះគោ 1កែវ។

    បើកូនញ៉ាំអាហារបានតិច ចូរបែងចែកពេលញ៉ាំអាហារចម្បងៗទៅជាពេលតូចៗ អាចបបួលកូនឱ្យមានចំណែករួមក្នុងការត្រៀមរៀបចំអាហារ ឱ្យសាកភ្លក្ស និងអង្គុយញ៉ាំដំណាលគ្នាជាមួយប៉ាម៉ាក់យ៉ាងរីករាយ។ នាំកូនទៅហាត់ប្រាណ រត់លេង ព្រោះនៅពេលកូនបានបញ្ចេញកម្លាំងថាមពលហើយ នឹងធ្វើឱ្យកូនឃ្លាន និងញ៉ាំបានច្រើន។ មិនគួរឱ្យកូនញ៉ាំនំ បៀមស្ករគ្រាប់ ឬទឹកដោះគោមុនពេលបាយឡើយ ព្រោះនឹងធ្វើឱ្យកូនឆាប់ឆ្អែត និងញ៉ាំបាយបានតិច។

    ការមើលថែទាំកូនឱ្យគេងលក់សម្រាកឱ្យគ្រប់គ្រាន់ ហាត់ប្រាណជាប់ជានិច្ច ជាផ្នែកសំខាន់ក្នុងការបង្កើនទម្ងន់ខ្លួន និងកម្ពស់ដល់កូនៗដំណាលគ្នានឹងភាពរឹងមាំរបស់រាងកាយនិងដែលសំខាន់គឺ សេចក្ដីស្រឡាញ់ ការយកចិត្តទុកដាក់អំពីឪពុកម្ដាយ ជាវិធីដែលនឹងធ្វើឱ្យកូនមានសុខភាពរាងកាយដែលរឹងមាំ និងមានទម្ងន់ខ្លួនតាមស្តង់ដារបានល្អបំផុត៕

  • កូនតូច និងការវិវឌ្ឍផ្នែកអារម្មណ៍ដែលអ្នកម្ដាយត្រូវតាមដានក្នុង1,000ថ្ងៃដំបូងនៃជីវិតកូន

    កូនតូច និងការវិវឌ្ឍផ្នែកអារម្មណ៍ដែលអ្នកម្ដាយត្រូវតាមដានក្នុង1,000ថ្ងៃដំបូងនៃជីវិតកូន

    មូលដ្ឋានគ្រឹះខាងអារម្មណ៍របស់ទារកមានភាពខុសប្លែកគ្នារវាងក្មេងម្នាក់ៗ គឺជាលទ្ធផលមកពីពូជអម្បូរ និងសភាពជុំវិញខ្លួន ខណៈស្ថិតនៅក្នុងគភ៌ម្ដាយ ហុចផលធ្វើឱ្យទារកកើតដំបូងសម្ដែងទង្វើដែលខុសប្លែកពីគ្នា។ នៅក្នុងវិវឌ្ឍនាការខាងអារម្មណ៍របស់ក្មេង អារម្មណ៍ខឹង ជាអា-រម្មណ៍ដែលជួបប្រទះញឹកញាប់បំផុត ដោយសារតែក្មេងច្រើនតែប្រើប្រាស់ជាចំណុចទាមទារដើម្បីឱ្យបាននូវអ្វីដែលត្រូវការ និងថែមទាំងនៅមិនទាន់អាចទំនាក់ទំនងដើម្បីប្រាប់ពីតម្រូវការរបស់ខ្លួនឯងបានមិនសូវជាល្អប៉ុន្មានឡើយ ទើបមានទង្វើស្រែកយំរករឿងឡើងនៅលើក្មេងវ័យនេះ រួមទាំងបង្ហាញពីទង្វើច្រងេងច្រងាង ដូចជា ខាំ ទាត់ និងវាយតប់ឪពុកម្ដាយ បងប្អូន ឬក្មេងដទៃ និងច្រើនបង្ហាញអារម្មណ៍ច្រណែន និងភាពជាម្ចាស់របស់ទៀតផង។

    វិវឌ្ឍនាការខាងផ្នែកអារម្មណ៍របស់ទារក
    វ័យទារកនឹងមានអារម្មណ៍រំភើបតែម្យ៉ាង បន្ទាប់ពីនោះនឹងមានវិវឌ្ឍនាការខាងអារម្មណ៍ដូចតទៅ ៈ
    អារម្មណ៍ពេញចិត្ត ស្រស់ស្រាយ សប្បាយចិត្ត : នឹងកើតមាននៅពេលដែលទារកត្រូវបានប៉ះពាល់ខ្លួនប្រាណថ្នមៗ ឬនៅពេលបានទទួលភាពកក់ក្ដៅដោយការឱបពីម្ដាយជាដើម។

    អារម្មណ៍មិនពេញចិត្ត : នឹងកើតឡើងនៅពេលទារកត្រូវបានចាប់ជាប់មិនឱ្យធ្វើចលនាត្រូវផ្លាស់ប្ដូរឥរិយាបថយ៉ាងឆាប់រហ័ស ឬពេលមានជំងឺឈឺថ្កាត់។ អារម្មណ៍ទាំងពីរលក្ខណៈរបស់ទារកនឹងកើតឡើងឆ្លាស់គ្នា អាស្រ័យលើបទពិសោធការចិញ្ចឹមមើលថែដែលបានទទួល។ បើបានទទួលការចិញ្ចឹមមើលថែដែលត្រឹមត្រូវស័ក្តិសម នឹងជួយឱ្យទារកមានអារម្មណ៍ជឿជាក់ក្នុងចិត្ត កក់ក្ដៅ មានអារម្មណ៍ស្រស់ថ្លា និងសម្លឹងពិភពលោកក្នុងន័យវិជ្ជមាននៅពេលធំឡើង។

    វិវឌ្ឍនាការខាងផ្នែកអារម្មណ៍របស់ក្មេងអាយុ1-3ឆ្នាំ
    អារម្មណ៍របស់ក្មេងវ័យនេះ ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍអារម្មណ៍ នឹងមានការអភិវឌ្ឍអារម្មណ៍ច្រើនឡើងតាមលំដាប់របស់ការដឹងក្ដី និងបទពិសោធការរៀនយល់ដឹងដែលបានទទួលពីការចិញ្ចឹមមើលថែទាំ។ លក្ខណៈអារម្មណ៍ដែលអភិវឌ្ឍឡើងក្នុងរយៈពេលនេះ មានដូចតទៅ៖

    អារម្មណ៍ក្រោធខឹង : កើតចេញពីការដែលមិនបានទទួលការតបស្នង ឬត្រូវរារាំងតម្រូវការច្រើនតែបង្ហាញចេញដោយការបញ្ចេញសម្រែកយ៉ាងមិនពេញចិត្ត ស្រែកខ្លាំងៗ គេងទធាក់ជើង។ អារម្មណ៍ក្រោធខឹងអាចកើតចេញពីការធ្វើត្រាប់តាមឪពុកម្ដាយ បើអារម្មណ៍ក្រោធខឹងកើតឡើងជាប់ជានិច្ចនោះ នឹងអភិវឌ្ឍទៅជាបុគ្គលដែលមានបុគ្គលិកលក្ខណៈច្រងេងច្រងាង និងហិង្សា។

    អារម្មណ៍ភ័យខ្លាច : ក្មេងតែងតែខ្លាចមនុស្សប្លែកមុខ (មិនដែលស្គាល់) ខ្លាចទីកន្លែងប្លែកថ្មីខ្លាចវត្ថុដែលមានលាន់ ឮសំឡេងខ្លាំងៗ​ ខ្លាចភាពងងឹតជាដើម។ ច្រើនតែបង្ហាញចេញដោយការរត់គេច ស្រែកយំ ឬពួននៅក្រោយខ្នងមនុស្សធំ។ ក្នុងពេលខ្លះការភ័យខ្លាចនេះអាចជារឿងជំរុញឱ្យក្មេងកើតក្ដីចង់ដឹង ចង់ឃើញបាន។

    អារម្មណ៍ច្រណែន : កើតចេញពីការរួមបញ្ចូលអារម្មណ៍ក្រោធខឹង និងភ័យខ្លាចជាមួយគ្នា។ ច្រើនតែកើតឡើងយ៉ាងងាយ នៅពេលដែលមានប្អូន ហើយឪពុកម្ដាយយកចិត្តទុកដាក់តែលើប្អូនជាពិសេសពេក ធ្វើឱ្យខ្លួនខ្វះភាពសំខាន់។ ឪពុកម្ដាយគួរអធិប្បាយឱ្យកូនយល់ពីការពិត និងគួរមើលថែទាំយកចិត្តទុកដាក់ មិនធ្វើឱ្យកូនមានអារម្មណ៍ហាក់ដូចខ្វះភាពកក់ក្ដៅ ឬគិតថា ប៉ាម៉ាក់លែងស្រឡាញ់រូបគេហើយ។

    អារម្មណ៍ចង់ដឹងចង់ឃើញ : នៅពេលក្មេងបានទទួលការជំរុញដែលខ្លាំងក្លាក៏នឹងមានអារម្មណ៍ថាចាប់អារម្មណ៍ឡើងភ្លាម ច្រើនតែចង់ឃើញអ្វីប្លែកៗ ថ្មីៗ។ ក្ដីភ័យខ្លាចក៏ជាលក្ខណៈមួយដែលជួយឱ្យក្មេងកើតក្ដីចង់ដឹងចង់ឃើញបានដែរ។

    អារម្មណ៍ត្រេកអរ : ជាអារម្មណ៍នៃក្ដីសោមនស្សមានសេចក្ដីសុខ ច្រើនកើតឡើងចំពោះក្មេងដែលមានសុខភាពល្អ នឹងចេះញញឹមដាក់អ្នកដទៃ ឬរួមសើចក្អាកក្អាយជាមួយអ្នកដទៃពេលមានអារម្មណ៍ពេញចិត្ត។

    អារម្មណ៍ស្រឡាញ់ : ក្មេងនឹងត្រូវការឥស្សរៈភាព ដូច្នេះនៅពេលអ្នកមើលថែទាំបណ្ដោយតាមចិត្ត ឬតបស្នងតម្រូវការរបស់ក្មេង ក្មេងនឹងស្រឡាញ់ និងទុកចិត្តជាពិសេស នៅពេលក្មេងមានអារម្មណ៍ស្រឡាញ់។

    ក្មេងម្នាក់ៗមានលក្ខណៈពិសេសដោយឡែកនិងតម្រូវការខុសប្លែកពីគ្នា ក្មេងនឹងអាចសម្របខ្លួនបានល្អប៉ុនណា អាស្រ័យលើការចិញ្ចឹមមើលថែរបស់ឪពុកម្ដាយ និងមូលដ្ឋានគ្រឹះខាងផ្នែកអារម្មណ៍របស់ក្មេង ដូច្នេះឪពុកម្ដាយគួរយល់ដឹងពីធម្មជាតិរបស់កូន ការសម្របខ្លួនឱ្យចូលជាមួយកូន នឹងជួយអភិវឌ្ឍផ្នែកអារម្មណ៍របស់ក្មេង ធ្វើឱ្យការចិញ្ចឹមមើលថែកាន់តែមានភាពរលូនល្អខ្លាំងឡើង៕

  • កុំឱ្យខាកខាន!! ភាពយន្ដខ្មែរល្បី « ចងពៀរ» រន្ធត់ស្ទើគាំងបេះដូង

    កុំឱ្យខាកខាន!! ភាពយន្ដខ្មែរល្បី « ចងពៀរ» រន្ធត់ស្ទើគាំងបេះដូង

    ភាពយន្ដព្រឺព្រួច រន្ធត់ព្រលឹង « ចងពៀរ» ដែលត្រូវបានផលិតករភាពយន្តជនជាតិឥណ្ឌា លោក Amit Dubby កំពុងអង្រួនដួងចិត្តមិត្តយុវវ័យឱ្យអត់ទ្រាំទស្សនាពុំបានឡើយ។ អាថ៌កំបាំងនៃសេចក្ដីស្លាប់នៅក្នុងអាងទឹករបស់បុរសម្នាក់ នឹងត្រូវបានលាតត្រដាងនៅក្នុងភាពយន្ដគួរឱ្យខ្លាចបែបវិញ្ញាចងពៀរមួយនេះ ។

    កុំរំលងឱ្យសោះ ​ខ្សែភាពយន្ត​ខ្មែរ បែប​រន្ធត់ «​ចងពៀរ​» ចាប់បញ្ចាំងថ្ងៃដំបូង​របស់​ខ្លួន​ហើយ ។ រឿង​នេះ​សម្តែង​ដោយ​តារា​ពានរង្វាន់​ស្រី​ឆ្នើម2​រូប មានដូចជា អ្នកនាង ស្វែង សុជាតា និង អ្នកនាង ថន ថា​ណែ​ត​។ ភាពយន្ត​មួយ​នេះដែរ ចាប់ផ្ដើមចាក់បញ្ចាំងនៅក្នុង​រោងភាពយន្ត​ទំនើប​នៅ​ថ្ងៃ​ទី5 ខែតុលា ឆ្នាំ 2018 នេះ​តទៅ​ហើយ។

    ចង់ដឹងថា ភាពយន្ត​នេះ រន្ធត់ ព្រឺ​ព្រួច ប៉ុណ្ណា​នោះ តោះ​ទស្សនា​វីដេអូ Trailer​ខាងក្រោម​៕

    https://youtu.be/znSDReIarHg

  • ព្រាប សុវត្ថិ និងកូនៗ បង្ហាញវត្តមានថតរូបជាមួយកំពូលតារាឯកត្តកម្មពិភពលោក PIKOTARO – PPAP

    ព្រាប សុវត្ថិ និងកូនៗ បង្ហាញវត្តមានថតរូបជាមួយកំពូលតារាឯកត្តកម្មពិភពលោក PIKOTARO – PPAP

    ថ្មីៗនេះ កំពូលតារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ព្រាប សុវត្ថិ ព្រមទាំងប្រុសទាំងបីរួមមាន លោក សុវត្ថិ មុនីនាគ លោក សុវត្ថិ មុនីវណ្ណ និង សុវត្ថិ សេរីវុឌ្ឍ បានធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ក្នុងការចូលរួមកម្មវិធីផ្សព្វផ្សាយពីវប្បធម៌របស់ប្រទេសកម្ពុជា ឱ្យសកលលោកបានជ្រាបដឹងកាន់តែច្បាស់។

    នៅក្នុងនោះដែរ លោកបានត្រៀមបទចម្រៀងជាច្រើនបទ និងក្បាច់រាំពិសេសៗ ដែលឆ្លុះបញ្ចាំងអំពីការផ្សព្វផ្សាយនិងលើកស្ទួយវប្បធម៌ខ្មែរ ។ ក្រៅពីនោះ គេមើលឃើញថា តារាប្រុសរូបនេះ ព្រមទាំងកូនៗ ត្រូវបានប្រជាជនជប៉ុនស្វាគមន៍យ៉ាងកក់ក្ដៅ និងបានធ្វើដំណើរទស្សនកិច្ចប្រទេសជប៉ុនជាច្រើនកន្លែងដែរ។ យ៉ាងណាមិញ ការសម្ដែងរបស់អ្នកតំណាងប្រទេសកម្ពុជា ក៏ទទួលបានជោគជ័យ និងការគាំទ្រផងដែរ។

    ក្រោយបញ្ចប់ការសម្ដែងយ៉ាងសប្បាយរីករាយហើយ គេមើលឃើញថា តារាប្រុសរូបនេះ និងកូនៗ បានបង្ហាញវត្តមានថតរូបជាមួយកំពូលតារាចម្រៀងបែបកំប្លែងកម្សាន្ដអារម្មណ៍ និងជាតារាឯកត្តកម្មពិភពលោក ហ្គីនេស គឺលោក PIKOTARO – PPAP ដែលធ្វើឱ្យអ្នកគាំទ្រលោកភ្ញាក់ផ្អើល និងចាប់អារម្មណ៍ពេញបណ្ដាញសង្គមហ្វេសប៊ុក ។

    ចង់ដឹងថា សកម្មភាពនៅក្នុងកម្មវិធី និងការថតរូបយ៉ាងសោមនស្សបែបណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖