Category: សង្គម និងសេដ្ឋកិច្ច

  • សិង្ហ​បុរី​បើក​ឡើងវិញ «ដំណើរ​ទេសចរណ៍​មិន​គិតថ្លៃ» ពី​ព្រលានយន្តហោះ Changi

    សិង្ហ​បុរី​បើក​ឡើងវិញ «ដំណើរ​ទេសចរណ៍​មិន​គិតថ្លៃ» ពី​ព្រលានយន្តហោះ Changi

    ភ្ញៀវ​ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​​ទឹកដី Changi រយៈពេល​ខ្លី​បំផុតត្រឹម​ 5.5 ម៉ោង អាច​ចូលរួម​ដំណើរ​ទេសចរណ៍​មិន​គិតថ្លៃ​នៅ​សិង្ហ​បុរី។

    ព្រលានយន្តហោះ Changi រួម​នឹង​ក្រុមហ៊ុន​អាកាសចរណ៍ Singapore Airlines និង​នាយកដ្ឋាន​ទេសចរណ៍ សិង្ហបុរី​ បាន​សហការគ្នា​ក្នុង​ការបើក​ឡើងវិញ​ក​ម្ម​វិធី «ទេសចរណ៍​សិង្ហ​បុរី​ដោយ​មិន​គិតថ្លៃ» ចាប់ពី​ដើមខែ​មេសា ក្រោយពី​ការ​​​ផ្អាក​មួយ​រយៈពេល​ដោយសារ​វិបត្តិ​កូ​វីដ-19។

    កម្មវិធី​​មិន​គិតថ្លៃ​ខាងលើ​នឹងមាន​ដំណើរកម្សាន្ត​​ចំនួន​បួន​សម្រាប់​ភ្ញៀវ រួមមាន City Sights Tour, Heritage Tour, Jewel Tour (មាន​តាំង​ពីមុន​កូ​វីដ និង​បាន​កែលំអ) រួម​នឹង Tour ថ្មី Changi Precinct។ អ្នកដឹកនាំ​ដំណើរ​កម្សាន្ត​ទាំងនេះ​សុទ្ធតែ​និយាយ​ភាសា​អង់គ្លេស។

    ដំណើរ​កម្សាន្ត​រយៈពេល 2.5 ម៉ោង​នេះ បម្រើ​ដល់​ភ្ញៀវ​ដែល​ឆ្លងកាត់​សិង្ហ​បុរី​យ៉ាងតិច 5.5 ម៉ោង។ គោលដៅ​របស់​កម្ម​វិធី​​ដំណើរ​កម្សាន្ត​មិន​គិតថ្លៃ​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​បង្កើន​ការយល់ដឹង​របស់​ភ្ញៀវ​អន្តរជាតិ​ចំពោះ​សិង្ហ​បុរី និង​ដើម្បី​ទាក់ទាញ​ភ្ញៀវ​មក​ទស្សនា​ច្រើនដង។ គណៈកម្មការ​រៀបចំ​ដំណើរ​កម្សាន្ត​ខាងលើ​គ្រោង​នឹង​បង្កើន​ចំនួន Tour នេះ​ឱ្យ​ឡើងដល់ 9 នាពេលខាងមុខ។ កាលពី​ឆ្នាំ 2019 ភ្ញៀវ​ជាង 80,000 នាក់​បាន​ចូលរួម​ដំណើរ​កម្សាន្ត​ដោយ​មិន​គិតថ្លៃ​នេះ។

    ដំណើរ​កម្សាន្ត​ដោយមិន​គិត​ថ្លៃ Changi Precinct Tour នឹង​នាំ​ភ្ញៀវ​ទៅកាន់​តំបន់​ភាគ​ខាងកើត​ជុំវិញ​អាកាសយានដ្ឋាន Changi ស្វែងយល់​ពី​ជីវភាព​របស់​ប្រជាជន​ក្នុង​តំបន់​កណ្ដាល​របស់ Tampines ភូមិឋាន និង​ឆ្នេរសមុទ្រ Changi។

    ដំណើរ​ Jewel Tour នឹង​នាំភ្ញៀវ​​ទៅ​ទស្សនា​ទីតាំង​ល្បីឈ្មោះ​មួយចំនួន​មានដូចជា ជ្រលង​ព្រៃ Shiseido, Vortex HSBC Rain (ជ្រោះ​ទឹកធ្លាក់​ក្នុងផ្ទះ​ខ្ពស់​ជាងគេ​លើ​លោក – 40 ម៉ែត្រ)។ល។

    ចំណែក City Sight Tour វិញ នឹង​នាំ​ទៅកាន់​ខណ្ឌ​ដែល​នៅ​កណ្ដាល​ទីក្រុង​សិង្ហ​បុរី។ ភ្ញៀវ​នឹង​បាន​ចូល​មើល​សារមន្ទីរ​ជាតិ និង​ស្ពាន Anderson។ រថ​យន្ត​ដឹក​ភ្ញៀវ​ក្នុង​ដំណើរ​កម្សាន្ត​នេះ​ក៏ត្រូវ​ឆ្លងកាត់​ឆកសមុទ្រ Marina ផងដែរ។

    ដំណើរ​កម្សាន្ត​ Heritage Tour នឹង​ចូល​ទស្សនា​សារមន្ទីរ និង​វត្ត​សារីរិកធាតុ​ព្រះពុទ្ធ (Buddha Tooth Relic Temple & Museum) ទីក្រុង​នាវា ទីក្រុង​អារ៉ាប់ និង​ច្រក​ផ្លូវ Haji។

    ដំណើរ​កម្សាន្ត​ទាំងនេះ​ក៏​នាំ​ភ្ញៀវ​ទៅកាន់​ទីតាំង​ពិសេសមួយ​ចំនួន​ផ្សេងទៀត​ដើម្បី​ស្វែងយល់​អំពី​ការរីកចម្រើន​របស់​ប្រទេស​សិង្ហ​បុរី។

    ដើម្បី​ចូលរួម​ដំណើរ​កម្សាន្ត​ដោយ​មិន​គិតថ្លៃ​នេះ ភ្ញៀវ​ត្រូវតែមាន​កាត​ឡើង​យន្តហោះ លិខិតឆ្លងដែន និង​ការបញ្ជាក់​អំពី​ការ​កក់​ដំណើរ​កម្សាន្ត។ ភ្ញៀវ​អាច​ចុះឈ្មោះ​ដោយ​ការ​ស្កេ​ន​កូដ QR នៅឯ​បញ្ជរ Free Singapore Tour ឬ គេហទំព័រ​កក់​ដំណើរ​កម្សាន្ត៕

  • ក្រុម​ហ៊ុន​ Geely ​​ដាក់​បង្ហាញ​​ឡាន​ហោះ​អគ្គិសនី​ធំ​បំផុត​នៅ​ប្រទេស​ចិន

    ក្រុម​ហ៊ុន​ Geely ​​ដាក់​បង្ហាញ​​ឡាន​ហោះ​អគ្គិសនី​ធំ​បំផុត​នៅ​ប្រទេស​ចិន

    ឡាន​ហោះ​អគ្គិសនី​គំរូ​ដែល​ហោះ​ឡើង និង​ចុះចត​ដោយ​ត្រង់ AE200 ដែលមាន​ស្លាប​ប្រវែង 14.5 ម៉ែត្រ កាលពី​ថ្ងៃទី 06 មេសា ត្រូវ​បានដាក់​បង្ហាញ​ជា​លើកដំបូង​នៅក្នុង​ខេត្ត Sichuan ភាគ​និរតី​ប្រទេស​ចិន។

    ឡាន​ហោះ​មាន​មនុស្ស​បើក AE200 ត្រូវបាន​អភិវឌ្ឍ​តែឯង​ដោយ Aerofugia ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ផលិត​រថយន្តចិន​ Geely។ កាលពី​ថ្ងៃទី 06 មេសា ឡាន​ហោះ​នេះ​ត្រូវ​បានដាក់​បង្ហាញ​ជា​លើកដំបូង​នៅ​ទីក្រុង Chengdu របស់​ខេត្ត Sichuan។

    AE200 គឺជា​ឡាន​ហោះ​អគ្គិសនី​ប្រភេទ​ហោះ​ឡើង និង​ចុះចត​ត្រង់ ធំជាងគេ​បង្អស់ និង​បានធ្វើ​ការសាកល្បង​ហោះហើរ​លើកដំបូង​នៅ​ប្រទេស​ចិន។ ឡាន​ហោះ​នេះ​មាន​កម្ពស់ 3.5 ម៉ែត្រ បណ្ដោយ 9.5 ម៉ែត្រ និង​ស្លាបមាន​ប្រវែង 14.5 ម៉ែត្រ អាច​ដឹក​មនុ​ស្សបាន​ប្រាំ​នាក់។

    ដងខ្លួន​របស់​ឡាន​ហោះ​នេះ​ធ្វើ​អំពី​វត្ថុ​ធាតុ composite ដែល​ជួយ​កាត់បន្ថយ​សំឡេង​រំខាន។ ក្នុង​អនាគត AE200 អាច​ហោះហើរ​លើ​កម្ពស់​ចាប់ពី 300 ដល់ 1,000 ម៉ែត្រ និង​ហោះ​បាន​ចម្ងាយ​ពី 200 ដល់ 300 គីឡូម៉ែត្រ ក្នុង​ល្បឿន 250 គីឡូម៉ែត្រ/ម៉ោង។

    នៅពេល​មាន​វត្តមាន​ក្នុង​ទីផ្សារ​ជា​ផ្លូវការ ឡាន​ហោះ​អគ្គិសនី AE200 នឹងត្រូវ​បានដាក់​ឱ្យ​ដំណើរការ​ហោះហើរ​រវាង​ទីក្រុង និង​ទីក្រុង៕

  • ខ្សែបម្រើ McTominay របស់​ស្កុ​តឡែ​ន​លេចធ្លោ​លើ​វាលស្មៅ​ក៏​ព្រោះ​តែមាន​ស្រី​ស្នេហ៍​ដ៏​ស្រស់ស្អាត

    ខ្សែបម្រើ McTominay របស់​ស្កុ​តឡែ​ន​លេចធ្លោ​លើ​វាលស្មៅ​ក៏​ព្រោះ​តែមាន​ស្រី​ស្នេហ៍​ដ៏​ស្រស់ស្អាត

    កីឡាករ​ខ្សែបម្រើ Scott Francis Mctominay ត្រូវបាន​មនុស្ស​មួយចំនួន​ចាត់ទុកថា «បុរស​មានសំណាង» ពេល​អ្នកគាំទ្រ​សរសើរ​ថា មាន​មិត្តស្រី​ដ៏​ស្រស់ស្អាត​ឈ្មោះ Cam Reading។

    កីឡាករ​ខ្សែបម្រើ​រូបនេះ​គឺជា​តារាបាល់ទាត់​មួយរូប​នៅក្នុង​ការប្រកួត​ឈ្នះ​អេ​ស្ប៉ា​ញ 2-0 របស់​ស្កុ​តឡែ​ន ដោយ​ស៊ុត​បញ្ចូល​ទី​បាន​ពីរ​គ្រាប់ ជួយ​ឱ្យ​ក្រុម​របស់​ស្កុ​តឡែ​ន​នាំមុខគេ​នៅ​វគ្គ​សន្សំ​ពិន្ទុ​នៅ Euro 2024។

    McTominay ក៏​ស៊ុត​បញ្ចូល​ទី​របស់​ក្រុម​ជម្រើសជាតិ​ប្រទេស​ស៊ី​ប (Cyprus) បាន​ពីរ​គ្រាប់​កាលពី​ថ្ងៃទី 01 មេសា ធ្វើឱ្យ​គាត់​លេចធ្លោ​ជាងគេ​នៅក្នុង​សប្ដាហ៍​កន្លង ដោយ​រកបាន​បួន​គ្រាប់​តែឯង។

    ក្នុងពេលដែល McTominay កំពុង​រក​គ្រាប់​បាល់​ដែល​ដណ្ដើមបាន 6 ពិន្ទុ​ឱ្យ​ស្កុ​តឡែ​ន មិត្តស្រី Cam Reading របស់គាត់​កំពុង​សម្សា​ន្ត និង​លើកទឹកចិត្ត​គាត់​ពី​មាត់សមុទ្រ​នៅ​ឌូ​ដៃ។

    ស្រី​ស្អាត Cam Reading បាន​បង្ហោះ​រូបថត​មួយចំនួន​ស្ដីពី​ដំណើរ​កម្សាន្ត​របស់ខ្លួន​កាលពី​ចុង​សប្ដាហ៍​មុន ហើយ​កីឡាករ​ McTominay ក៏​ចូល​បញ្ចេញមតិ ដោយ​សរសេរថា «អូន​ស្អាត​ណាស់ ទេពកញ្ញារ​បស់បង»។

    នៅលើ​បណ្ដាញ​សង្គម កាលពីពេលថ្មីៗនេះ Cam Reading បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក​ដ៏​គួរឱ្យ​ចាប់ចិត្ត។ រូបថត​ទាំងនេះ​ក៏​ទទួលបាន​ការចាប់អារម្មណ៍ ក៏ដូចជា​ការសរសើរ​ច្រើន​ពី​អ្នកលេង​បណ្ដាញ​សង្គម។

    Cam Reading កំពុងតែ​លើកទឹកចិត្ត និង​គាំទ្រ​មិត្ត​ប្រុស McTominay ពី​ចម្ងាយ និង​បានឱ្យដឹងថា នាង​ពិត​ជាមាន​មោទកភាព​ចំពោះ​ខ្សែបម្រើ​រូបនេះ បន្ទាប់ពី​រកបាន​ពីរ​គ្រាប់​ជូន​ស្កុ​តឡែ​ន​នៅពេល​ប្រកួត​ជាមួយ​ក្រុម​ប្រទេស​ស៊ី​ប។ Cam Reading សរសេរថា «ជ័យជម្នះ​ពីរ​គ្រាប់​ដ៏​អស្ចារ្យ! មិន​អាចមាន​មោទកភាព​ណា​ខ្លាំង​ជាង​នេះ»។

    សូម​ទស្សនា​រូបថត​ថត​ដ៏​ស៊ិ​ច​ស៊ី​មួយចំនួន​របស់ Cam Reading ដែលជា​មិត្តស្រី​របស់​ខ្សែបម្រើ​ជនជាតិ​ស្កុ​តឡែ​ន ៖

  • U-22 ថៃ ជួប​ការលំបាក​ក្នុងការ​ប្រមូល​កម្លាំង​ដែល​ខ្លាំង​បំផុត​នៅ​ស៊ី​ហ្គេម​លើក​នេះ

    U-22 ថៃ ជួប​ការលំបាក​ក្នុងការ​ប្រមូល​កម្លាំង​ដែល​ខ្លាំង​បំផុត​នៅ​ស៊ី​ហ្គេម​លើក​នេះ

    កាលបរិច្ឆេទ​ប្រកួត​របស់​វិញ្ញាសា​បាល់ទាត់​នៅ​ស៊ី​ហ្គេម​លើក​ទី 32 មិន​ជាន់គ្នា​នឹង FIFA Days ហើយ​ការប្រកួត​នៅ​ពានរង្វាន់​ជើងឯក​បាល់ទាត់​ជាតិ​ថៃ Thai League 1 កំពុង​ធ្វើឡើង ដូច្នេះ U-22 ថៃ ទំនងជា​ពិបាក​ក្នុងការ​ប្រមូល​កីឡាករខ្លាំងៗបំផុត​មក​ទាត់​នៅ​កម្ពុជា។

    វិញ្ញាសា​បាល់ទាត់​បុរស​នៅ​ស៊ី​ហ្គេម​លើក​ទី 32 នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី 29 មេសា​ដល់ 16 ឧសភា ខណៈដែល Thai League 1 ត្រូវ​ប្រកួត​រហូតដល់​ថ្ងៃទី 12 ឧសភា​ទើប​ចប់។ ដោយសារតែ​មិនជា​ន់​នឹង​កាលបរិច្ឆេទ FIFA Days ដូច្នេះ​បណ្ដា​ក្លឹប​នៅ​ប្រទេស​ថៃ​មិន​អាច​ត្រូវ​បាន​តម្រូវ​​​ឱ្យ​បញ្ចេញ​កីឡាករ​ក្នុងឱកាស​នេះ។

    សហព័ន្ធ​កីឡាបាល់ទាត់​ថៃ (FAT) និង​គណៈកម្មការ​រៀប​ចំ Thai League មាន​គោលការណ៍​ផ្ដល់​អាទិភាព​ឱ្យ​បណ្ដា​ពានរង្វាន់ចាប់​ពី​​ថ្នាក់​ទ្វីបអាស៊ី​ឡើងទៅ។ បណ្ដា​ក្លឹប​នឹង​គាំទ្រ​ដល់​ក្រុម U-23 ច្រើនជាង នៅពេល FAT ត្រូវការ​ប្រមូល​កីឡាករ​ទៅ​ប្រកួត​វគ្គ​ជម្រុះ U-23 អាស៊ី ឬ​វគ្គ​ជម្រុះ Olympic។ ហេតុ​នេះ​ហើយ ទើប FAT ត្រូវ​ចរចា​​ជាមួយ​ក្លឹបនីមួយៗដើម្បី​សូមឱ្យ​ផ្ដល់​កីឡាករ។

    គ្រូបង្វឹក​ថៃ Issara Sritaro ​សង្ឃឹមថា នឹង​កោះហៅ​បាន​បណ្ដា​កីឡាករសំខាន់ៗ មានដូចជា ខ្សែការពារ Chatmongkol Rueangthanarot, Jonathan Khemdee, ខ្សែបម្រើ Airfan Doloh, Channarong Promsrikaew ឬ​ខ្សែប្រយុទ្ធ Teerasak Poeiphimai សម្រាប់​ការ​ប្រកួត​នៅ​កម្ពុជា។ ប៉ុន្តែ កំពូល​ខ្សែប្រយុទ្ធ Suphanat Mueanta ដែល​បច្ចុប្បន្ន​ទាត់​ឱ្យ​ក្លឹប Buriram United មាន​ភាគរយ​នៃ​អវត្តមាន​រហូតដល់ 99%។ គ្រូបង្វឹក U-22 ថៃ និយាយថា «Suphanat នឹង​ទៅកាន់​អឹ​រ៉ុ​ប​ដើម្បី​ហាត់ បន្ទាប់ពី Thai League 1 បានបញ្ចប់»។

    កំពូលខ្សែប្រយុទ្ធ Suphanat Mueanta ទំនងជាពិបាកចូលរួមប្រកួតនៅស៊ីហ្គេមលើកនេះ

    ទោះជា​យ៉ាងណាក៏ដោយ គ្រូបង្វឹក​ថៃ​ឱ្យដឹងថា បាន​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​ក្លឹប Buriram និង​សង្ឃឹមថា ក្លឹប​នេះ​នឹង​យល់​ព្រមឱ្យ Suphanat ចូល​ប្រកួត​នៅ​ស៊ី​ហ្គេម​ចាប់ពី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។

    នៅ​ស៊ី​ហ្គេម​លើក​នេះ បណ្ដា​ក្រុម U-22 ត្រូវបាន​អនុញ្ញាតឱ្យ​ចុះឈ្មោះ​កីឡាករ​ផ្លូវការ​ត្រឹមតែ 20 នាក់​ប៉ុណ្ណោះ។ ថៃ​ដាក់​គោលដៅ​ដណ្ដើម​មេដាយមាស​ឱ្យបាន​នៅ​ស៊ី​ហ្គេម​លើក​ទី 32 ក្រោយពី​ឈរ​មើល​វៀតណាម​គ្រប់គ្រង​​តំណែង​ជើងឯក​ពីរ​ឆ្នាំ​ជាប់​គ្នា។ នៅ​កម្ពុជា ក្រុមបាល់ទាត់​ជម្រើសជាតិ​ថៃ​ស្ថិតក្នុង​ពូ​ល B ដែល​នឹងត្រូវ​ប្រកួត​ជាមួយ​សិង្ហ​បុរី​នៅ​ថ្ងៃទី 30 មេសា, ប៉ះ​ម៉ាឡេស៊ី​នៅ​ថ្ងៃទី 06 ឧសភា, ប៉ះ​ឡាវ​ថ្ងៃទី 08 ឧសភា និង​វៀតណាម​នៅ​ថ្ងៃទី 11 ឧសភា ឆ្នាំ 2023៕

  • រថយន្តក្រុង​បើកបរ​ស្វ័យប្រវត្ត​ដំបូង​គេ​លើ​ពិភពលោកត្រៀម​ដំណើរ​ការ​ឆាប់​ៗ​នេះ

    រថយន្តក្រុង​បើកបរ​ស្វ័យប្រវត្ត​ដំបូង​គេ​លើ​ពិភពលោកត្រៀម​ដំណើរ​ការ​ឆាប់​ៗ​នេះ

    រថយន្តក្រុង​សាធារណៈ​បើកបរ​ស្វ័យប្រវត្ត​ដំបូង​គេ​លើ​ពិភពលោក​នឹងត្រូវ​បានដាក់​ឱ្យ​ដំណើរការ​នៅ​ប្រទេស​ស្កុ​តឡែ​ន​ចាប់ពី​ខែឧសភា 2023 ។

    រថយន្តក្រុង​បើកបរ​ស្វ័យប្រវត្ត​របស់​សាជីវកម្ម​ដឹកជញ្ជូន Stagecoach នឹង​ចាប់ផ្ដើម​ដំណើរការ​នៅលើ​កំណាត់​ផ្លូវ​ប្រវែង 22.5 គីឡូម៉ែត្រ រួមមាន​ស្ពាន​ខ្សែកាប Forth Road ដ៏​ល្បីឈ្មោះ​នៅ Edinburgh នៅ​ថ្ងៃទី 15 ឧសភា។ រថយន្ត​ប្រភេទ​នេះ​ប្រាំ​គ្រឿង​នឹង​ដំណើរការ​ជា​រៀងរាល់ថ្ងៃ ដែល​អាច​ដឹក​អ្នកដំណើរ​បាន​ប្រហែល 10,000 នាក់/សប្ដាហ៍។ យោងតាម Interesting Engineering នេះ​គឺជា​លទ្ធផល​នៃ​ការធ្វើ​តេស្ត​ជោគជ័យ​កាលពី​ខែមករា 2023 និង​ទទួលបាន​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ពី​រដ្ឋាភិបាល​អង់គ្លេស។

    Stagecoach បានឱ្យដឹងថា រថយន្ត​របស់​ពួកគេ​នឹង​បើកបរ​ក្នុង​ល្បឿន​អតិបរមា 80 គីឡូម៉ែត្រ/ម៉ោង នៅលើ​ផ្លូវ​ល្បឿន​លឿន។ ថ្វីបើ​រថយន្ត​នេះ​បើកបរ​ដោយ​ស្វ័យប្រវត្ត ប៉ុន្តែ​ក៏មាន​បុគ្គលិក​ពីរ​នាក់​ស្ថិតនៅក្នុង​រថយន្ត ក្នុងនោះ ​ម្នាក់​អង្គុយ​លើ​កៅអី​អ្នកបើកបរ​ដើម្បី​តាមដាន​ប្រព័ន្ធគ្រប់គ្រង និង​ម្នាក់ទៀត​មាន​ភារកិច្ច​ជួយ​ដល់​អ្នកដំណើរ។

    គម្រោង​នេះ​ស្ថិតក្នុង​គំនិត​ផ្ដួចផ្ដើម CAVForth Initiative របស់​រដ្ឋាភិបាល​អង់​គ្លេ​ស ដែល​ចាប់ផ្ដើម​កាលពី​ឆ្នាំ 2019។

    ក្រៅពី​រថយន្តក្រុង​សាធារណៈ​បើកបរ​ស្វ័យប្រវត្តិ Stagecoach ក៏​បង្ហាញ​រថយន្តក្រុង​អគ្គិសនី 122 គ្រឿង​ដែល​នឹង​ដំណើរការ​នៅក្នុង​បណ្ដាញ​ចផ្លូវ​រាចរណ៍សំខាន់ៗរបស់​ចក្រ​ភព​​អង់គ្លេស​នៅក្នុង​រយៈពេល 12 ខែ​ទៀត។ ថ្មីៗនេះ Stagecoach បាន​ណែនាំ​រថយន្តក្រុង​ដែល​ដំណើរការ​ដោយ​អគ្គិសនី​ទាំងស្រុង​នៅក្នុង​ទីក្រុង​មួយចំនួន មាន​ជាអាទិ៍ Perth, Aberdeen, Inverness និង Dunfermline នៅ​ប្រទេស​ស្កុ​ត​ឡែ​ន ដែល​ជា​ទឹក​ដី​ភាគ​ខាង​ជើង​របស់​ចក្រ​ភព​អង់គ្លេស​៕

  • គ្រូបង្វឹក​ឥណ្ឌូណេស៊ី «ដេក​មិន​លក់ បក់​មិន​ល្ហើយ» ពេល Ronaldo មិនទាន់​ប្រាកដថា ទាត់​នៅ​ស៊ី​ហ្គេម

    គ្រូបង្វឹក​ឥណ្ឌូណេស៊ី «ដេក​មិន​លក់ បក់​មិន​ល្ហើយ» ពេល Ronaldo មិនទាន់​ប្រាកដថា ទាត់​នៅ​ស៊ី​ហ្គេម

    គ្រួ​បង្វឹក Indra Sjafri ទទួលស្គាល់ថា លោក​មិនទាន់​ទទួលបាន​ចម្លើយ​ពី Ronaldo Kwateh បន្ទាប់ពីបាន​កោះ​ហៅ​​​កម្លាំង​បន្ថែម 7 នាក់​ទៀត​ពី​​​ក្រុម U-20 ឱ្យ​ឡើងមក​កាន់ U-22 ដើម្បី​​ចូលរួម​ប្រកួត​នៅ​ស៊ី​ហ្គេម​លើក​ទី 32 ដែល​នឹង​ធ្វើឡើង​នៅ​កម្ពុជា​នា​ពេល​ខាងមុខ។

    ថ្មីៗនេះ ទំព័រ Bola Times របស់​ឥណ្ឌូណេស៊ី បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅពេល​សរសេរថា «Ronaldo Kwateh មិន​ទទួលយក​ការកោះហៅ​មកកាន់​ក្រុម U-22 ឥណ្ឌូណេស៊ី តើ​គាត់​មិន​ចាប់អារម្មណ៍​ដល់​ការប្រកួត​នៅ​ស៊ី​ហ្គេម 2023?»។

    កន្លងទៅថ្មីៗនេះ ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការដណ្ដើម​មេដាយមាស​នៅ​ស៊ី​ហ្គេម​លើក​ទី 32 គ្រូបង្វឹក​របស់ U-22 ឥណ្ឌូណេស៊ី​លោក Indra Sjafri បាន​ពិភាក្សា​ជាមួយ​គ្រូបង្វឹក Shin Tae Yong ដើម្បី​ធ្វើការ​កោះហៅ​កីឡាករ 7 នាក់​នៅ U-20 ឱ្យ​ឡើងមក​កាន់ U-22 របស់​ប្រទេស​នេះ ក្នុងនោះ​មាន Ronaldo Kwateh, Hokky Caraka, Daffa Fasya, Muhamamad Ferrari, Doni Tri Pamungkas, Ahmad Maulana និង Marselino Ferdinan។

    ក៏ប៉ុន្តែ ទំព័រ Bola Times ដកស្រង់​សម្ដី​របស់លោក Indra Sjafri ឱ្យដឹងថា រហូតមកដល់​ពេលនេះ លោក​មិនទាន់​ទទួលបាន​ការឆ្លើយតប​ណាមួយ​ពី Ronaldo Kwateh នៅឡើយ ក្រោយពី​បាន​កោះហៅ​ឱ្យមក​កាន់ U-22 ឥណ្ឌូណេស៊ី ដើម្បី​ត្រៀម​ធ្វើដំណើរ​មក​កម្ពុជា។

    Ronaldo Kwateh (ឆ្វេង)

    Ronaldo Kwateh គឺជា​កីឡាករ​វ័យក្មេង​ជាងគេ​ដែល​ធ្លាប់បាន​ចូលរួម​ប្រកួត​នៅ​ស៊ី​ហ្គេម​លើក​ទី 31 នៅ​វៀតណាម។ Ronaldo Kwateh ធ្លាប់​ចូល​ប្រកួត​នៅ​ពានរង្វាន់​ជើងឯក​ថ្នាក់ជាតិ​ឥណ្ឌូណេស៊ី​ពេល​មាន​អាយុ​ទើបតែ 16 ឆ្នាំ។ បច្ចុប្បន្ន កីឡាករ​រូបនេះ​កំពុង​ទាត់​ឱ្យ​ក្លឹប Bodrumspor នៅ​​ប្រទេស​តួ​ក​គី។

    ទន្ទឹមនឹង Ronaldo Kwateh កីឡាករ​បី​រូប​ផ្សេងទៀត​ដែល​កំពុង​ទាត់​ឱ្យ​ក្លឹប​បរទេស និង​ត្រូវបាន​កោះហៅ ក៏​មិនទាន់មាន​ការឆ្លើយតប​នៅឡើយ​ដែរ ព្រោះ​កំពុង​បំពេញការងារ​របស់​ពួកគេ។ ក៏ប៉ុន្តែ យោងតាម​សហព័ន្ធ​បាល់ទាត់​ឥណ្ឌូណេស៊ី (PSSI) បច្ចុប្បន្ន​មាន​កីឡាករ​បីនាក់​ក្នុងចំណោម 7 នាក់​នៅ​ក្រុម U-20 ដែល​ត្រូវបាន​កោះហៅ បានមក​ដល់​ប្រទេស​កាលពី​ថ្ងៃទី 02 មេសា រួមមាន Hokky Caraka, Made Tito Wiratama និង Daffa Fasya៕

  • បុគ្គលិក​ផ្នែក​លាងចាន​បង្ក​ការភ្ញាក់ផ្អើល ព្រោះ​ជិះឡាន​ទំនើប​ទៅធ្វើ​ការ​រាល់​ថ្ងៃ​

    បុគ្គលិក​ផ្នែក​លាងចាន​បង្ក​ការភ្ញាក់ផ្អើល ព្រោះ​ជិះឡាន​ទំនើប​ទៅធ្វើ​ការ​រាល់​ថ្ងៃ​

    (ប្រទេស​ចិន) – ស្ត្រី​ម្នាក់​ធ្វើឱ្យ​អ្នកលេង​បណ្ដាញ​សង្គម​ត្រូវ​បើកភ្នែកធំៗ ព្រោះ​នៅតែ​ទៅ​បំពេញការងារ​ជា​អ្នក​លាងចាន​ឱ្យ​ភោជនីយដ្ឋាន​មួយ​នៅ​ទីក្រុង Chengdu បើ​ទោះ​គ្រួសារ​មាន​ជីវភាព​ធូរធារ និង​មាន​ទាំង​រថយន្ត​ប្រណិត Bentley។

    នៅក្នុង​វីដេអូ​ដែល​ត្រូវបាន​ចែករំលែក​ត​គ្នា​លើ​បណ្ដាញ​សង្គម​នៅ​ប្រទេស​ចិន ស្ត្រី​វ័យ​កណ្ដាល​ម្នាក់ មាន​សក់ស្កូវ ពាក់​អៀម និង​ស្រោមដៃ​កៅស៊ូ ឈាន​ជើង​ចេញពី​រថយន្ត Bentley Mulsanne ពណ៌​ខ្មៅ​ដែល​ចត​នៅខាងមុខ​ហាង​ស៊ុប​មួយ​ក្នុង​ទីក្រុង Chengdu ខេត្ត Sichuan កាលពី​ថ្ងៃទី 01 មេសា។

    «នៅផ្ទះ​ធុញ​ណាស់។ ខ្ញុំ​មាន​អារម្មណ៍មិនល្អ​បើសិន​មិនបាន​លាងចាន​មួយថ្ងៃ» ស្ត្រី​ខាងលើ​បកស្រាយ​ពី​មូលហេតុ​ដែល​គាត់​នៅតែ​ធ្វើជា​អ្នក​លាងចាន។

    ម្ចាស់​ហាង​ស៊ុប​នេះ​បានឱ្យដឹងថា គ្រួសារ​បុគ្គលិក​រូបនេះ​មាន​ជីវភាព​ធូរធារ ហើយ​អ្នកស្រី​ចង់​មក​ធ្វើការ​ដើម្បី​កំដរ​ពេលវេលា។ អ្នកបើកបរ​ដែលជា​កូនស្រី​របស់​ស្ត្រី​ខាងលើ​និយាយថា មិនអាច​ឃាត់​ម្ដាយ​ធ្វើ​អ្វីដែល​គាត់​ចង់ ទើប​ជួយ​បើកឡាន​ជូន​គាត់​ទៅធ្វើ​ការ និង​មក​ទទួល​គាត់​ជា​រៀងរាល់ថ្ងៃ។

    អ្នកលេង​បណ្ដាញ​សង្គម​សម្ដែង​ការកោតសរសើរ​ចំពោះ​ភាព​ឧស្សាហ៍ «អ្នកមាន​លាងចាន» ខាងលើ ហើយ​អ្នកខ្លះ​ចាត់ទុកថា អ្នកស្រី​គឺជា​គំរូ​ល្អ ជា​ប្រភព​កម្លាំងចិត្ត៕

    អ្នកស្រីចង់មកធ្វើការដើម្បីកំដរពេលវេលា
    រថយន្ត​ប្រណិត Bentley Mulsanne
  • យន្តហោះ​អវកាស​​​បំពាក់​ម៉ាស៊ីន​រ៉ុក្កែត​ដំបូង​គេ​លើ​លោក​ ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ហោះ​ហើរ​​សាកល្បង​​

    យន្តហោះ​អវកាស​​​បំពាក់​ម៉ាស៊ីន​រ៉ុក្កែត​ដំបូង​គេ​លើ​លោក​ ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ហោះ​ហើរ​​សាកល្បង​​

    Dawn Aerospace ដែលជា​ក្រុមហ៊ុន​អវកាស​មាន​ទីស្នាក់ការ​កណ្ដាល​នៅ​នូ​វែ​ល​សេ​ឡង់ សម្រេចបាន​ជំហាន​សំខាន់​មួយ​នៅពេល​យន្តហោះ​​​គន្លង​គោចរ​កម្រិត​ទាប​ Mk-II Aurora របស់​ពួកគេ បាន​ហោះ​ឡើង​ដោយ​ជោគជ័យ​ជាមួយនឹង​ម៉ាស៊ីន​រ៉ុក្កែត។

    កាលពី​ថ្ងៃទី 05 មេសា ក្រុមហ៊ុន Dawn Aerospace ដែលមាន​ការិយាល័យ​នៅ​នូ​វែ​ល​សេ​ឡង់ ហូ​ឡង់ និង​សហរដ្ឋ​អាម៉េរិក ប្រកាសថា សម្រេចបាន​ការហោះហើរ​សាកល្បង​ម៉ាស៊ីន​រ៉ុក្កែត​ដំបូង​របស់​យន្តហោះ​អវកាស Mk-II Aurora។ ជើងហោះហើរ​ត្រូវបាន​ធ្វើឡើង​ពីថ្ងៃ​ទី 29 ដល់ 31 មីនា 2023 ​ដោយ​ហោះ​ចេញពី​ព្រលានយន្តហោះ Glentanner។ Dawn Aerospace គឺជា​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​អវកាស​ឯកជន​ដែល​រីកចម្រើន​ឆាប់រហ័ស​ជាងគេ​លើ​ពិភពលោក ដោយមាន​ផ្កាយរណប 11 គ្រឿង​កំពុង​ធ្វើ​សកម្មភាព​លើ​គន្លង​តារាវិថី។

    នៅមុន​ការធ្វើ​តេស្ត​នេះ Mk-II Aurora បាន​ហោះហើរ​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​យន្តហោះ។ ការសាកល្បង​កាលពី​សប្ដាហ៍​កន្លង​គឺជា​ការហោះហើរ​ដំបូង​ដែល​ប្រើប្រាស់​ម៉ាស៊ីន​រ៉ុក្កែត​ផ្ទាល់ខ្លួន​របស់ Dawn Aerospace។ យោងតាម Dawn Aerospace ការធ្វើ​តេស្ត​នេះ​ដំណើរការ​ដោយ​រលូន។ ក្នុង​ជើងហោះហើរដំបូងៗ យន្តហោះ​នេះ​ហោះ​ឡើងដល់​កម្ពស់ 1,829 ម៉ែត្រ និង​ល្បឿន 314 គីឡូម៉ែត្រ/ម៉ោង ប្រហាក់ប្រហែល​នឹង​លទ្ធផល​នៃ​ការធ្វើ​តេស្ត​មុន​នោះ​ដែល​ប្រើ​ម៉ាស៊ីន​​យន្ត​ហោះ​ប្រភេទ​ប្រតិកម្ម​រហ័ស​។

    Mk-II Aurora គឺជា​យន្តហោះ​អវកាស​បញ្ជា​ពី​ចម្ងាយ និង​អាចបំពេញ​បេសកកម្ម​ហោះហើរ​ទៅកាន់​ទី​អវកាស​ក្បែរ​គន្លង​តារាវិថី ហើយ​ចុះចត​លើផ្លូវ​រត់​នៅ​ព្រលានយន្តហោះ ដូច​ទៅនឹង​យន្តហោះ​ប្រតិកម្ម​រហ័ស​ធម្មតា។

    យន្តហោះអវកាស Mk-II Aurora របស់ក្រុមហ៊ុន Dawn Aerospace

    ក្នុង​អនាគត យន្តហោះ​អវកាស​​នេះ​នឹង​អាច​ដឹកទំនិញ​ឡើងទៅ​កាន់​គន្លង​គោចរ​កម្រិត​ទាប​របស់​ផែនដី​ជាច្រើន​ជើង​ក្នុង​មួយថ្ងៃ។ បន្ទាប់ពី​បាន​ជោគជ័យ​ក្នុង​កម្មវិធី Mk-II Aurora ក្រុមហ៊ុន Dawn Aerospace មាន​ផែន​ការផលិត Mk-III ដែលមាន​ពីរ​ជាន់ ក្នុងនោះ​ជាន់​ទី​ពីរ​អាច​ផ្ដាច់ខ្លួន អាច​ដឹកទំនិញ​ទម្ងន់​មួយ​តោន ឬ​ដឹក​ផ្កាយរណប​ទម្ងន់ 250 គីឡូក្រាម​ឡើងទៅ​កាន់​គន្លង​គោចរ​កម្រិត​ទាប​របស់​ផែនដី។ យោងតាម CEO Stefan Powell Mk-III នឹង​​ត្រូវ​បាន​ផលិតឡើង​ដើម្បី​អាច​ប្រើប្រាស់​ឡើងវិញ​បាន 96%។

    ការធ្វើ​តេស្ត​លើក​ក្រោយ Mk-II Aurora នឹង​ហោះហើរ​ខ្ពស់ជាង​ការសាកល្បង​លើក​នេះ។ ក្នុង​សកម្មភាព​ពាណិជ្ជ​កម្មនា​ពេលអនាគត យន្តហោះ​អវកាស​នេះ​នឹង​ហោះ​ដល់​កម្ពស់ 100 គីឡូម៉ែត្រ ហើយនឹង​អាច​ក្លាយជា​យាន​ដំបូង​គេ​ដែល​ហោះហើរ​បាន​ពីរ​ជើង​ក្នុង​មួយថ្ងៃ៕

  • អតីត​គ្រូបង្វឹក​បាល់​ទាត់​ U-22 ថៃ «​ខ្លាច​» ម៉ាឡេស៊ី គ្រា​ដែល​ឥណ្ឌូណេស៊ី​ «ខ្លាច» ​កម្ពុជា

    អតីត​គ្រូបង្វឹក​បាល់​ទាត់​ U-22 ថៃ «​ខ្លាច​» ម៉ាឡេស៊ី គ្រា​ដែល​ឥណ្ឌូណេស៊ី​ «ខ្លាច» ​កម្ពុជា

    អតីត​គ្រូបង្វឹក​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​ថៃ Wittaya Laohakul បាន​បង្ហើប​ឱ្យដឹង​អំពី​ក្រុម​ដែល​អាចជា​បេក្ខភាព​លំដាប់​កំពូល​សម្រាប់​មេដាយមាស​នៅ​ស៊ី​ហ្គេម​លើក​ទី 32 ក្នុងពេលដែល គ្រូបង្វឹក​របស់​ឥណ្ឌូណេស៊ី បែរជា​ខ្លាច​ចាញ់​កម្ពុជា​ទៅវិញ។

    យោងតាម​ទំព័រ Siam Sport នៅ​ប្រទេស​ថៃ អតីត​គ្រូបង្វឹក Wittaya Laohakul អះអាងថា ខ្លួន​លោក​មិន​បារម្ភ​ទេ​នៅពេល U-22 ថៃ ត្រូវ​ប៉ះ U-22 វៀតណាម​យ៉ាង​ឆាប់​នៅ​វគ្គ​ចែក​ពូ​ល។ ប៉ុន្តែ លោក​យល់ថា U-22 ម៉ាឡេស៊ី ទើប​ជា​គ្រោះថ្នាក់​ដែល​ក្រុម​ថៃ​ត្រូវតែ​ប្រុងប្រយ័ត្ន​ជាង​គេ។

    «…បេក្ខភាព​ទីមួយ​សម្រាប់​មេដាយមាស​របស់​វិញ្ញាសា​បាល់ទាត់​បុរស​គឺ ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី។ ព្រោះថា ក្រុមបាល់ទាត់​វ័យក្មេង​នេះ​បាន​ត្រៀមខ្លួន​យ៉ាង​ហ្មត់ចត់​ក្នុង​រយៈពេល​វែង​មុន​នោះ» លោក Laohakul វាយតម្លៃ​ខ្ពស់​ទៅលើ​ក្រុម U-22 ម៉ាឡេស៊ី។

    អតីត​គ្រូបង្វឹកថៃ​ Wittaya Laohakul បញ្ជាក់ថា វៀតណាម​ក៏​ជា​គូប្រកួត​ដែល​គួរឱ្យ​ញញើត ហើយ «ហ្វូង​ដំរី​ចម្បាំង» ត្រូវតែ​ប្រយ័ត្នប្រយែង​តាំងពី​វគ្គ​ចែក​ពូ​ល។

    អតីត​គ្រូបង្វឹកថៃ​ Wittaya Laohakul

    ដោយឡែក គ្រូបង្វឹក Indra Sjafri របស់ U-22 ឥណ្ឌូណេស៊ី​វិញ ក៏បាន​ព្រមាន​ដល់​ក្រុម​កូនសិស្ស​របស់លោក​អំពី U-22 កម្ពុជា បើ​ទោះ​ស្ថិតក្នុង​ពូ​ល​ដែល​ភាគច្រើន​ជា​ក្រុមខ្សោយៗ រួមមាន ឥណ្ឌូណេស៊ី កម្ពុជា មី​យ៉ាន់​ម៉ា ហ្វ៊ី​លី​ពីន និង​ទី​ម័​រ​ខាងកើត ក៏ដូចជា ឥណ្ឌូណេស៊ី​ត្រូវបាន​រំពឹងថា នឹង​អាច​ឡើងដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ នៅពេល​នាំមុខគេ​នៅក្នុង​ពូ​ល។

    ក្នុងចំណោម​បណ្ដា​ក្រុម​ជម្រើសជាតិ​ដែល U-22 ឥណ្ឌូណេស៊ី ត្រូវ​ប្រកួត U-22 កម្ពុជា​គឺជា​ក្រុម​ដែល​គ្រូបង្វឹក Indra Sjafri មានការ​ប្រុងប្រយ័ត្ន​ជាងគេ។ «នៅ​វគ្គ​ចែក​ពូ​ល​របស់​យើង​មាន​ក្រុម​ម្ចាស់ផ្ទះ។ ប៉ុន្មាន​ឆ្នាំ​មកនេះ កម្ពុជា​មានការ​រីកចម្រើន​ខ្លាំង ក្នុងនោះ​កីឡាករ​មានគុណ​ភាព​ខ្ពស់ជាង​មុន​ឆ្ងាយ»។

    ទោះជា​យ៉ាងណាក៏ដោយ គ្រូបង្វឹក Indra Sjafri នៅតែ​ដាក់​គោលដៅ​ឡើង​ឱ្យដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ស៊ី​ហ្គេម​លើក​ទី 32 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

    គ្រូបង្វឹក Indra Sjafri របស់ U-22 ឥណ្ឌូណេស៊ី

    ពូ​ល A នៃ​វិញ្ញាសា​បាល់ទាត់​បុរស​នៅ​ស៊ី​ហ្គេម​លើក​នេះ​នឹងត្រូវ​ប្រកួត​នៅឯ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ក្នុង​ខណ្ឌ​ជ្រោយ​ចង្វារ​ រាជធានី​ភ្នំពេញ​ ខណៈដែល​ពូ​ល B នឹងត្រូវ​ប្រកួត​នៅ​កីឡដ្ឋាន​ព្រី​នស៍​ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដោយ​ចាប់ផ្ដើម​ពីថ្ងៃ​ទី 29 មេសា៕

  • ចិន​ធ្វើតេស្ត​រ៉ុក្កែត​ចុះចត​បញ្ឈរ​​ត្រង់​លើ​សមុទ្រ​ដោយ​ជោគជ័យ

    ចិន​ធ្វើតេស្ត​រ៉ុក្កែត​ចុះចត​បញ្ឈរ​​ត្រង់​លើ​សមុទ្រ​ដោយ​ជោគជ័យ

    ប្រទេស​ចិន ថ្មីៗនេះ​បានទទួល​ជោគជ័យ​ក្នុងការ​សាកល្បង​រ៉ុក្កែត​ចុះចត​ឈរ​ត្រង់​នៅលើ​សមុទ្រ ដូច​ទៅនឹង​រ៉ុក្កែត​របស់​ក្រុមហ៊ុន​អាម៉េរិក SpaceX។

    វិទ្យាស្ថាន​វិទ្យាសាស្ត្រ​ចិន (CAS) កាលពី​ថ្ងៃទី 06 មេសា ឱ្យដឹងថា បច្ចេកវិទ្យា​នេះ​នឹង​ជា​គ្រឹះ​សម្រាប់​ការអនុវត្ត​នាពេល​អនាគត រួមទាំង​គ្រឹះ​សម្រាប់​ការសាកល្បង​ក្នុង​អវកាស​ជាន់​ទាប​ដែល​អា​ចក​កែច្នៃ​ឡើងវិញ ក៏ដូចជា​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​អវកាស។

    ក្រុមហ៊ុន​ពាណិជ្ជកម្ម CAS Space ដែលជា​កម្មសិទ្ធិ​របស់ CAS បង្ហើប​ឱ្យដឹងថា ស្ថាប័ន​នេះ​បានទទួល​ជោគជ័យ​ក្នុង​ការបាញ់​បង្ហោះ​រ៉ុក្កែត​ពី​ដីគោក ហើយ​ចុះចត​លើ​សមុទ្រ Haiyang នៃ​ខេត្ត Shandong។

    រ៉ុក្កែត​នេះ​ហោះ​ឡើងដល់​កម្ពស់​ជាង 1,000 ម៉ែត្រ ហើយ​ទម្លាក់ខ្លួន​បន្តិចម្ដងៗដោយ​ប្រើប្រាស់​ម៉ាស៊ីន​រុញច្រាន​បញ្ច្រាស។ ក្នុងដំណាក់កាល​ចុងក្រោយ ល្បឿន​របស់​រ៉ុក្កែត​ថយ​ចុះមក​នៅត្រឹម​ជិត 2 ម៉ែត្រ/វិនាទី។ CAS និយាយថា ការសាកល្បង​​នេះ​​ត្រូវ​បាន​ធ្វើ​ឡើង​​​ក្នុង​រយៈពេល 10 នាទី។

    រ៉ុក្កែត​ត្រូវ​បាន​បាញ់​បង្ហោះ​​ពី​ដីគោក ហើយ​ចុះចត​បញ្ឈរ​ត្រង់​លើ​សមុទ្រ Haiyang នៃ​ខេត្ត Shandong

    យោងតាម​វិស្វករ​នៅ CAS Space រ៉ុក្កែត​ដែលមាន​បណ្ដោយ 2.1 ម៉ែត្រ​នេះ មាន​អង្កត់ផ្ចិត 0.5 ម៉ែត្រ ទម្ងន់ 93 គីឡូក្រាម និង​បំពាក់​ម៉ាស៊ីន​រុញច្រាន​ចំនួន​ពីរ​គ្រឿង​ដែលមាន​កម្លាំង 550 newton៕