Category: សង្គម និងសេដ្ឋកិច្ច

  • លោក Wenger រំពឹងទុក​ថា នឹង​វិល​ទៅកាន់​ការងារ​គ្រូបង្វឹក​វិញ​នៅ​ខែមករា

    លោក Wenger រំពឹងទុក​ថា នឹង​វិល​ទៅកាន់​ការងារ​គ្រូបង្វឹក​វិញ​នៅ​ខែមករា

    លោក Arsene Wenger អតីត​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម Arsenal រំពឹងទុក​ថា នឹង​បាន​វិល​ទៅធ្វើ​ការ​វិញ​នៅត្រឹម​ឆ្នាំ​ថ្មី​ខាងមុខនេះ ដោយ​និង​បានទទួល​នូវ​ការ​ស៊ើបសួរផ្សេងៗមកពី​ទូទាំង​ពិភពលោក។ នេះ​បើ​យោងតាម​ការអះអាង​រប​ស់លោក​ប្រាប់​កាសែត​អាល្លឺម៉ង់ Bild។

    លោក Wenger ដែល​បាន​ចាក​ចេញពី​ក្លិប Arsenal កាលពី​ខែឧសភា ក្រោយពី​បាន​ដឹកនាំ​អស់​រយៈពេល22ឆ្នាំ បាន​បញ្ជាក់ថា លោក​មិនបាន​ដឹងថា​ការងារ​របស់​ពួកគេ​បន្ទាប់ពីនោះ​ជាការ​ងារ​អ្វី​ឡើយ ប៉ុន្តែ លោក​មាន​អារម្មណ៍​ថា លោក​បាន​សម្រាក​គ្រប់គ្រាន់ និង​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​ធ្វើការ​ម្តងទៀត។

    គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ​បាន​ប្រាប់​កាសែត​អាល្លឺម៉ង់ ក្នុង​កិច្ចសម្ភាសន៍​មួយ​ដែល​ត្រូវបាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​ថា៖ «ខ្ញុំ​ជឿជាក់ថា ខ្ញុំ​នឹង​ចាប់ផ្តើម​ធ្វើការ​ម្តងទៀត​នៅ​ថ្ងៃទី1 ខែមករា។ ខ្ញុំ​មិនទាន់​ដឹងថា នៅ​កន្លែង​ណា​នៅឡើយ​ទេ»។

    លោក Wenger វ័យ 68ឆ្នាំ ដែល​បាន​ដឹកនាំ​ក្លិប​ជប៉ុន Nagoya Grampus Eight នៅ​មុនពេល​ចូលរួម​ជាមួយនឹង Arsenal នោះ បាន​ប្រាប់​បន្តថា៖ «មាន​សហព័ន្ធ និង​ក្រុមបាល់ទាត់​ជម្រើសជាតិ​ជាច្រើន ហើយ​វា​ក៏​អាច​នឹង​ស្ថិតក្នុង​ប្រទេស​ជប៉ុន​ផងដែរ»។ គ្រូបង្វឹក​រូបនេះ​បាន​បន្ថែមទៀតថា៖ «សម្រាប់​រយៈពេល 22ឆ្នាំ​របស់ខ្ញុំ​ជាមួយនឹង Arsenal ខ្ញុំ​មាន​បទពិសោធ​ដ៏​ធំ​ក្នុង​កម្រិតផ្សេងៗគ្នា។ មានការ​ស៊ើបសួរ​ជាច្រើន​មកពី​ទូទាំង​ពិភពលោក»។

    លោក Wenger បានឈ្នះ​ពាន​ក្របខ័ណ្ឌ Premier League 3លើក​នៅ​ជាមួយ​ក្លិប Arsenal ប៉ុន្តែ ឆ្នាំ​ចុងក្រោយ​របស់លោក​នៅក្នុង​ក្លិប​ស្ថិតក្នុង​ទីក្រុង​ឡុង​ដ៍​ភាគ​ខាងជើង​នេះ មាន​ភាព​ត្រដាបត្រដួស​ខ្លាំង៕

    ប្រភពពី៖ Channel News Asia

  • កូរ៉េ​ផ្តល់​កម្ចី 66.57លាន​ដុល្លារ​សម្រាប់​សាងសង់​មន្ទីរពេទ្យ​ក្នុង​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ

    កូរ៉េ​ផ្តល់​កម្ចី 66.57លាន​ដុល្លារ​សម្រាប់​សាងសង់​មន្ទីរពេទ្យ​ក្នុង​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ

    រដ្ឋាភិបាល​កូរ៉េថ្មីៗនេះ​បាន​ជូនដំណឹង​ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យបាន​ដឹងថា មូលនិធិ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​សេដ្ឋកិច្ច (EDCF) បានសម្រេច​ផ្តល់​កម្ចី​ប្រមាណ 66.57លាន​ដុល្លារ ដល់​កម្ពុជា​ដើម្បី​អនុវត្ត​គម្រោង​សាងសង់​មន្ទីរពេទ្យ​ដើម្បី​បណ្តុះបណ្តាល​ដល់​និស្សិត​ពេទ្យ​ក្នុង​សាកលវិទ្យាល័យ​សុខាភិបាល (UHS)។

    មូលនិធិ​សហប្រតិបត្តិ​ការអភិវឌ្ឍ​ន៍​សេដ្ឋកិច្ច (EDCF) ត្រូវបាន​បង្កើតឡើង​ដោយ​រដ្ឋាភិបាល​កូរ៉េ​នៅ​ឆ្នាំ 1987 ដើម្បី​លើកកម្ពស់​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច ក្នុង​ពិភពលោក​ដែល​កំពុងអភិវឌ្ឍន៍ និង​ជួយ​អភិវឌ្ឍ​ប្រទេស​នានា​ដើម្បី​សម្រេចបាន​នូវ​ឧស្សាហូបនីយកម្ម និង​រក្សា​ឱ្យបាន​នូវ​ស្ថិរភាព​សេដ្ឋកិច្ច ដោយ​ការផ្តល់​ឥណទាន​រយៈពេល​វែង ដែលមាន​ការប្រាក់​ទាប។ បច្ចុប្បន្ន មូលនិធិ​នេះ​ត្រូវបាន​គ្រប់គ្រង​ដោយ​ធនាគារ Korea Eximbank ដែលជា​ភ្នាក់ងារ​ផ្តល់ប្រាក់​កម្ចី​ខាងក្រៅ​ប្រទេស​កូរ៉េខាងត្បូង។

    គម្រោង​នេះ​មាន​គោលបំណង​សំខាន់ គឺ​បណ្តុះបណ្តាល​អ្នកជំនាញ​វិជ្ជាជីវៈ​សុខាភិបាល ឱ្យ​ក្លាយជា​ធនធាន​សំខាន់​សម្រាប់​ប្រទេស​តាមរយៈ​ការបណ្តុះបណ្តាល​ជំនាញ​ដែលមាន​ស្តង់ដារ​ខ្ពស់​លើ​សេវា​សុខភាព ដោយ​ក្នុង​មន្ទីរពេទ្យ​ដែល​គ្រោង​នឹង​បង្កើត​សម្រាប់​ការបណ្តុះបណ្តាល​នោះ​មាន​គ្រែ​អ្នកជំងឺ​សម្រាប់​បង្រៀន​រហូតដល់​ទៅ 200គ្រែ ជាមួយនឹង​បរិក្ខារ​ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា និង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ទំនើប។

    កង្វះខាត​មន្ទីរពេទ្យ​សម្រាប់​ការបណ្តុះបណ្តាល​បានធ្វើឱ្យ​កម្ពុជា​ត្រូវការ​ជា​ចាំបាច់​នូវ​ការអប់រំ​ពី​ប្រព័ន្ធ​សម្រាប់​មន្ទីរពេទ្យ​ទាំងមូល កម្មវិធីសិក្សា​សម្រាប់​គ្រប់គ្រង និង​បំបែក​ជា​គ្លីនិក រួមទាំង​ការបណ្តុះបណ្តាល​វេជ្ជបណ្ឌិត​ដែល​ព្យាបាល​អ្នកជំងឺ​នៃ​គ្លីនិក​ដែលមាន​អ្នកជំងឺ​ច្រើន និង​និស្សិត​វេជ្ជសាស្ត្រ​ដែល​កំពុង​សិក្សា​ក្នុង​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​សុខា​បាល។

    នៅពេលដែល​មន្ទីរពេទ្យ​សម្រាប់​បណ្តុះបណ្តាល​នៃ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​សុខាភិបាល​ត្រូវបាន​បង្កើតឡើង​ក្រោម​ជំនួយ​របស់ EDCF អ្នកជំនាញ​ផ្នែក​សុខាភិបាល​នឹង​ត្រូវបាន​បណ្តុះបណ្តាល និង​អភិវឌ្ឍ​ចំណេះ​ដឹងបាន​កាន់តែ​ប្រសើរ​ជាមួយនឹង​ប្រព័ន្ធ​ច្បាស់លាស់​ប្រកបដោយ​គុណភាព​ខ្ពស់។

    ការបង្កើត​មន្ទីរពេទ្យ​នេះ ក៏ត្រូវ​បាន​គេ​រំពឹងទុក​ដែរ​ថា​អាច​នឹង​ជួយ​ដល់​ប្រជាជន​កម្ពុជា​ឱ្យ​ទទួលបាន​ផលប្រយោជន៍​ជាច្រើន​ពី​សេវាកម្ម​សុខាភិបាល​ទំនើប ឧបករណ៍​ដែលមាន​បច្ចេកវិទ្យា​ខ្ពស់ និង​ប្រព័ន្ធគ្រប់គ្រង​ព័ត៌មាន​ទាន់សម័យ។

    រដ្ឋាភិបាល​កូរ៉េ​បានផ្តល់​កម្ចី​សរុប​ប្រមាណ 766លាន តាមរយៈ EDCF ដើម្បី​ជួយ​ដល់​គម្រោង​ចំនួន 22 នៅ​កម្ពុជា ចាប់តាំងពី​ឆ្នាំ 2001មក៕

  • កត្តា​អ្វីខ្លះ​ដែល​ធ្វើឱ្យ​បរទេស​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា​កាន់តែច្រើន?

    កត្តា​អ្វីខ្លះ​ដែល​ធ្វើឱ្យ​បរទេស​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា​កាន់តែច្រើន?

    រយៈពេល​ជាង 2ទសវត្សរ៍​ចុងក្រោយ​នេះ គេ​សង្កេតឃើញថា វិនិយោគិន​បរទេស​បាន​ចូលមក​បណ្តាក់ទុន​រក​ស៊ី​នៅ​កម្ពុជា​កាន់តែច្រើនឡើងៗដែល​នេះ​ជា​ចលករ​ដ៏​សំខាន់​មួយ​ក្នុងការ​រុញច្រាន​កំណើនសេដ្ឋកិច្ច​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ​ឡើង​បន្ថែមទៀត​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។ សួរថា តើ​មាន​កត្តា​អ្វីខ្លះ​បានជា​បរទេស​សម្រេច​ចូលមក​បណ្តាក់ទុន​រក​ស៊ី​នៅ​កម្ពុជា​កាន់តែច្រើនឡើងៗដូច្នេះ?

    បើ​គេ​ក្រឡេកមើល​ពី​ទីតាំង​ភូមិសាស្ត្រ កម្ពុជា​ស្ថិតនៅលើ​ទីតាំង​មួយ​ដ៏​ល្អ​ក្នុង​តំបន់​អាស៊ាន​ដែលមាន​ភាព​អំណោយផល​ក្នុងការ​សាងសង់​រោងចក្រ​សហគ្រាស​សម្រាប់​ផលិត​ទំនិញ​នានា​ដើម្បី​នាំចេញ​ទៅ​លក់​នៅ​ទីផ្សារ​ក្នុង​តំបន់ និង​នៅ​សហគមន៍​អន្តរជាតិ​នានា។ ការផលិត​ទំនិញ​នៅ​កម្ពុជា​មិនមែន​សម្រាប់តែ​ផ្គត់ផ្គង់​ក្នុង​ទីផ្សា​កម្ពុជា​ដែលមាន​ប្រជាជន​ប្រមាណ​តែ​ជាង 15លាន​នាក់​នេះ​ប៉ុណ្ណោះ​ទេគឺ​សម្រាប់​ការនាំ​ចេញទៅ​លក់​នៅ​ប្រទេស​ក្នុង​អនុតំបន់​ទន្លេមេគង្គ​ដែលមាន​ប្រជាជន​ប្រមាណ​ជា 250លាន​នាក់ និង​លក់​នៅលើ​ទីផ្សារ​អាស៊ាន​ដែលមាន​ប្រជាជន​ជាង 630លាន​នាក់ និង​ទីផ្សារ​អឺរ៉ុប​ដែលមាន​ប្រជាជន​ជាង740លាន​នាក់​ដែល​កំពុង​ក្លាយជា​សក្តានុពល​ទីផ្សារ​ដ៏​ខ្លាំង​មួយ ដោយសារ​កម្ពុជា​នៅតែ​ទទួលបាន​កូតា​នាំ​ទំនិញ​ទៅកាន់​អឺរ៉ុប​ដោយ​មិន​គិត​ពន្ធ។

    ចំណែក​កម្លាំង​ពលកម្ម​វិញ កម្ពុ​ជាមាន​មនុស្ស​វ័យក្មេង​ក្រោម​អាយុ 35ឆ្នាំ ប្រមាណ​ជា 72ភាគរយ​ដែល​អាចបំពេញ​ការងារ​ពលកម្ម​បាន​ច្រើន ងាយស្រួល​ក្នុងការ​រើស​បុគ្គលិក-កម្មករ​ចូលធ្វើការ​ដែលមាន​ប្រាក់បៀវត្សរ៍​កម្រិត​មធ្យ​ម បើ​ប្រៀបធៀប​ជាមួយ​បណ្តា​ប្រទេស​មួយចំនួនទៀត​នៅក្នុង​តំបន់​អាស៊ី។ ជាមួយគ្នានេះ រដ្ឋាភិបាល​កម្ពុជា​បាន និង​កំពុង​ប្រឹងប្រែង​កែប្រែ​កម្លាំង​ពលកម្ម​សុទ្ធសាធ​ទៅជា​កម្លាំង​ពលកម្ម​ជំនាញ ជា​គោលដៅ​យុទ្ធសាស្រ្តក្នុងការ​-បំពេញការងារ​បានល្អ និង​លឿន​ជាង​មុន អាច​កាត់-បន្ថយ​ការចំណាយ​លើ​ពលកម្ម បាន​មួយចំណែក​ផងដែរ។ ជាមួយគ្នានេះ​កម្ពុជា​ក៏បាន​ប្រឹងប្រែង​អភិវឌ្ឍ​ធនធានមនុស្ស​ឱ្យ​កាន់តែ​ពូកែ​ខ្លាំង​ឡើង ពិសេស​ចំណេះដឹង​ផ្នែក​បច្ចេកទេស​ក្នុង​យុគសម័យ​បច្ចេកវិទ្យា ដើម្បី​សម្រួល​ដល់​ការងារ​មួយចំនួន​ឱ្យ​កាន់-​តែមាន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ច្រើនឡើង។

    ក្រៅតែពី​ចំណុច 2ខាងលើ កម្ពុជា​បាន និង​កំពុង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​តាមរយៈ​ការបង្កើត​ផ្លូវ​ល្បឿន​លឿន ប្រព័ន្ធ​ផ្លូវ​រថភ្លើង​ត​ភ្ជាប់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ដូចជា​ផ្លូវ​ដឹកជញ្ជូន​ពី​ភ្នំពេញ​ឆ្ពោះទៅ​ខេត្ត​មាត់សមុទ្រ​ដែលមាន​កំពង់ផែ​ទឹក​ជ្រៅ និង​ខេត្ត​ជាប់​ព្រំដែន​ប្រទេសជិតខាង​ដែលមាន​សក្តានុពល​សេដ្ឋកិច្ច​មួយចំនួនទៀត ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាជន និង​ការដឹកជញ្ជូន​ទំនិញ​បាន​លឿន កាត់បន្ថយ​ពេលវេលា និង​កាត់បន្ថយ​ការចំណាយ​ថ្លៃ​ដឹកជញ្ជូន​ទៀតផង។

    អ្វីដែល​សំខាន់​នោះ កម្ពុជា​បាន​បើកចំហ​សេដ្ឋកិច្ច​របស់ខ្លួន​សម្រាប់​អ្នកវិនិយោគ​ទាំងអស់ ដោយ​សមភាព​រវាង​អ្នកវិនិយោគ​កម្ពុជា និង​អ្នកវិនិយោគ​បរទេស។ ការបើកចំហ​គ្រប់​វិស័យ​ដែល​រួមមាន​ទាំង​វិស័យ​ធនាគារ វិស័យ​ធានារ៉ាប់រង និង​វិស័យ​ទូរគមនាគមន៍ ដែលជា​ទូទៅ​ប្រទេស​ជាច្រើន​នៅក្នុង​ពិភពលោក​មិន​អនុញ្ញាតឱ្យ​វិនិយោគិន​បរទេស​វិនិយោគ 100% ដោយ​គ្មាន​ការចូលរួម​ពី​សំណាក់​អ្នកវិនិយោគ​ក្នុង​ស្រុកលើ​វិស័យ​ទាំង​នោះឡើយ។ កម្ពុជា​នៅមាន​សក្តានុពល​យ៉ាងច្រើន​ក្នុងការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ រួមមាន​ការបន្ត​បង្កើន​ភាព​ស៊ីជម្រៅ​នៃ​អន្តរការី-​កម្ម​ហិរញ្ញវត្ថុ ការលើកកម្ពស់​វិស័យ​ធានារ៉ាប់រង និង​ការអភិវឌ្ឍ​ទីផ្សារ​មូល​ប​ត្រ។

    យ៉ាងណាក៏ដោយ តម្លៃ​ភ្លើងអគ្គិសនី និង​កត្តា​ច្បាប់​ដែល​នៅ​មិនទាន់​រឹងមាំ​នៅឡើយ​នោះ គឺជា​កត្តា​រារាំងខ្លះៗដល់​ការធ្វើ​វិនិយោគ​ពី​ក្រៅប្រទេស​នេះដែរ ពិសេស​ប៉ះពាល់​ដល់​សហ​គ្រាស​ខ្នាតតូច និង​មធ្យម​ដែល​ពួកគាត់​ជួប​ការលំបាក បាត់បង់​ប្រាក់ចំណេញ​មួយចំនួន ដោយសារតែ​តម្លៃ​អគ្គិសនី​នៅ​កម្ពុជា​មានតម្លៃ​ខ្ពស់ជាង​ប្រទេសជិតខាង ដូចជា​ប្រទេស​ថៃ​ និង​ប្រទេស​វៀតណាម ជាដើម។ តែ​ទោះជា​យ៉ាងណា កម្ពុជា​កំពុង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ដោយ​ខ្លួនឯង ដែល​គេ​រំពឹងថា តម្លៃ​ភ្លើងអគ្គិសនី​នឹង​អាច​ចុះថោក​ដូច​ប្រទេសជិតខាង ដែល​ធ្វើឱ្យ​ចំនួន​វិនិយោគិន​បរទេស​នឹង​ចូលមក​បណ្តាក់ទុន​រក​ស៊ី​នៅ​កម្ពុជា​កាន់តែច្រើនឡើង។ បច្ចុប្បន្ន វិនិយោគិន​ចិន​ឈរ​លំដាប់​លេខ​រៀង​នាំមុខគេ ឯ​វិនិយោគិន​ជប៉ុន​ក៏​កំពុង​សម្លឹង​ឃើញ និង​ចូលមក​ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា​កាន់តែច្រើន​ឡើងជាបណ្ដើរៗផងដែរ។ ជាមួយគ្នានេះ ពាណិជ្ជករ​អឺរ៉ុប​ក៏​មក​បណ្តាក់ទុន​ច្រើន​ដែរ ដែល​បច្ចុប្បន្ននេះ​មាន​ក្រុមហ៊ុន​មកពី​អឺរ៉ុប​កំពុង​វិនិយោគ​ប្រមាណ 52គម្រោង​ដែលមាន​ទឹកប្រាក់​សរុប​ចំនួន 1.1ប៊ី​លាន​ដុល្លារ ក្នុងនោះ​ការវិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម និង​កម្មន្តសាល​ចំនួន274លាន​ដុល្លារ។

    គូរ​បញ្ជាក់ថា នៅ​ឆមាស​ទី1 ឆ្នាំ2018នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានអនុម័ត​គម្រោង​វិនិយោគ​សរុប​ចំនួន 106គម្រោង ដែល​ក្នុងនោះ​មាន​គម្រោង​ថ្មី​ចំនួន97 និង​គម្រោង​ពង្រីក​ផលិតកម្ម​ចំនួន9 មាន​ទុនវិនិយោគ​សរុប​នៃ​គម្រោង​ដែល​ត្រូវ​បានអនុម័ត​ទាំងនោះ​មាន​ចំនួន​ប្រមាណ​ជា 3,500លាន​ដុល្លារ​អាមេរិក ដែល​អាចបង្កើត​ការងារ​បាន​ចំនួន​ប្រមាណ​ជិត 10ម៉ឺន​កន្លែង​ឯណោះ។

    បើ​គេ​ធ្វើការ​ប្រៀបធៀប​ឆមាស​ទី1 ឆ្នាំ2018 និង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ2017 កម្ពុជា​មានការកើនឡើង​ចំនួន 19គម្រោង ខណៈដែល​ទំហំ​ទុនវិនិយោគ​មានការ​កើនឡើង​ចំនួន 14% ជាពិសេស​ការវិនិយោគ​លើ​វិស័យ​កសិកម្ម និង​ក​សិ-ឧស្សាហកម្ម​មានការ​កើនឡើង​ខ្លាំង​រហូតដល់​ទៅ77%។ ការវិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម និង​កម្មន្តសាល​មានការ​កើន​ទ្បើង22% ដែល​ក្នុងនោះ​គម្រោង​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​មាន​ការ​កើន​ទ្បើង​ចំនួន8គម្រោង ពី15គម្រោង​ក្នុង​ឆមាស​ទី1 ឆ្នាំ2017 មក23គម្រោង​ក្នុង​ឆមាស​ទី1 ឆ្នាំ2018។ យោងតាម​ការ​ព្យាករ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ(IMF) បានឱ្យដឹងថា សេដ្ឋកិច្ច​របស់​កម្ពុជា​នឹងមាន​កំណើន​ក្នុង​អត្រា 7.25%ក្នុង​ឆ្នាំ2018នេះ ដែល​អត្រាកំណើន​នេះ​នឹង​រក្សាបាន​ក្នុង​ឆ្នាំ​ខាងមុខ​បន្តទៀត៕

  • តារាស្រីអ៊ិស្លាមក្នុងរឿង កំណត់ហេតុនាង​នាថ ប្រកាសលែងខ្វល់ពីការរិះគន់លើភាពសិចស៊ី

    តារាស្រីអ៊ិស្លាមក្នុងរឿង កំណត់ហេតុនាង​នាថ ប្រកាសលែងខ្វល់ពីការរិះគន់លើភាពសិចស៊ី

    ជនជាតិខ្មែរអ៊ិស្លាមរស់នៅកម្ពុជាជាច្រើន បានធ្វើការរិះគន់តារាសម្ដែងស្រីខ្មែរ-អ៊ិស្លាម គឺកញ្ញា ណាតាហ្សា ជាជនជាតិខ្មែរអ៊ិស្លាមដំបូងគេដែលបានលេងខ្លួនស៊ិចស៊ី ដោយបានចោទថា នាងកំពុងធ្វើឱ្យវប្បធម៌ទំនៀមទម្លាប់របស់នារីអ៊ិស្លាមរងការប៉ះពាល់ ក្នុងពេលដែលប្រពៃណីរបស់ជាតិសាសន៍នេះសម្រាប់នារីៗ សូម្បីតែបង្ហាញសាច់ដៃ សាច់ជើង និងសក់ក្បាលក៏មិនបានផង។

    កញ្ញា ណាតាហ្សា បាននិយាយថា នាងពិតជាដឹងថា ខ្លួនមានកំហុសដែលហ៊ានទទួលថតស៊ិចស៊ី ក្នុងឈុតប៊ីគីនី ក្នុងពេលដែលនាងជាជនជាតិអ៊ិស្លាមមួយរូប ដែលមានប្រពៃណីតឹងរ៉ឹង ប៉ុន្តែនាងនិយាយថាស្ថានភាពសិល្បៈមិនអាចឱ្យនៅតែរក្សាជំហរបិទបាំង រម្យទមតែមួយមុខបានទេ គឺត្រូវតែមានសុភាពខ្លះ ស៊ិចស៊ីខ្លះ ដើម្បីតម្រូវចិត្តផលិតករ និងទស្សនិកជនដែលចង់បានចំណីអារម្មណ៍ប្លែកៗ។ កញ្ញាបន្ថែមថា ដែលខ្លួនសម្រេចចិត្តថតស៊ិចស៊ី មិនមែនដើម្បីផ្គើនជនជាតិអ៊ិស្លាមដែលបានហាមប្រាមនោះទេ ប៉ុន្តែគ្រាន់តែចង់បង្ហាញថា បំណាច់នឹងដើរចូលក្នុងរង្វង់សិល្បៈទៅហើយ អ្វីដែលអ្នកសិល្បៈគ្រប់ជាតិសាសន៍ធ្វើបាន រូបនាងក៏អាចធ្វើបានដែរ។ នាងនិយាយថា «នៅពេលយើងថតស៊ិចស៊ីអ៊ីចឹងៗ គឺមិនមែនតែសហគមន៍អ៊ិស្លាមទេដែលរិះគន់ គឺសូម្បីតែបងប្អូនជនជាតិខ្មែរយើងក៏រិះគន់ដែរ ប៉ុន្តែបើអាល័យតែខ្វល់បែបហ្នឹង យើងចូលសិល្បៈមិនកើតទេ បើសិល្បៈ វាត្រូវបត់បែនអ៊ីចឹង!»។ យ៉ាងណាមិញ នាងថា បើក្រុមផលិតករតម្រូវឱ្យនាងថតស៊ិចស៊ីខ្លាំង ដូចជាចំហល្វែងលើ និងល្វែងក្រោមជាដើម ក៏នាងមិនហ៊ានដែរ តែបើជាទម្រង់សិល្បៈ គឺនាងគួរតែអាចទទួលសម្ដែងបាន។ នាងបន្ដថា នាងឈប់ខ្វល់ជុំវិញប្រតិកម្មដែលបានលើកឡើងនោះហើយ ដោយសាររតែនាងគឺជាតារាសិល្បៈ ដែលត្រូវតែបត់បែនតាមបរិយាកាសការងារ ហើយមិនអាចបន្តរុំកាយជិតៗតាមអ្វីដែលជាលក្ខខណ្ឌរបស់ជនជាតិអ៊ិស្លាមបានទេ។

    គួរបញ្ជាក់ផងដែរថា តារាស្រី ណាតាហ្សា ជាតារាសម្ដែងស្រីដែលមានឈ្មោះល្បីតាមរយៈខ្សែភាពយន្ដខ្នាតធំរឿង « កំណត់ហេតុនាង​នាថ» ដែលជាវណ្ណកម្មរបស់ផលិតកម្ម ឥន្ទ្រានិម្មិត ហ្វីលម៍ ក្នុងឆ្នាំ2016។ សព្វថ្ងៃនេះ តារាស្រីរូបនេះ កំពុងតែក្ដោបបានទីផ្សាសិល្បៈយ៉ាងមមាញឹកនៅក្នុងដៃ៕

  • សហភាព​អឺរ៉ុប​នៅតែ​ជា​ដៃគូ​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា

    សហភាព​អឺរ៉ុប​នៅតែ​ជា​ដៃគូ​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា

    សហភាព​អឺរ៉ុប​គឺជា​ដៃគូ​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​សម្រាប់​ប្រទេស​កម្ពុជា​ដែលមាន​ការនាំចេញ​នូវ​ផលិតផល​សម្លៀកបំពាក់ និង​ស្បែកជើង​ចូលទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ដែលជា​ប្រភព​ចំណូល​ដ៏​ធំ​បំផុត និង​ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​នៃ​កំណើន​ដ៏​ខ្លាំងក្លា​របស់​កម្ពុជា​នៅក្នុង​ប៉ុន្មាន​ឆ្នាំថ្មីៗនេះ។

    លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​បាន​ថ្លែងថា៖“ទំនាក់ទំនង​សេដ្ឋកិច្ច​ដ៏​រឹងមាំ​ជាមួយ​សហភាព​អឺរ៉ុប​បានធ្វើឱ្យ​ប្រទេស​កម្ពុជា​មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស”។ ការផ្លាស់ប្តូរ​សេដ្ឋកិច្ច​គឺជា​កត្តា​ជំរុញ​នូវ​កំណើន។ ពាណិជ្ជករ​សហភាព​អឺរ៉ុប​បាន​បង្កើត​ការងារ​នៅ​កម្ពុជា ដោយ​ពួកគេ​មាន​ទស្សនវិស័យ​យូរអង្វែង​ក្នុងការ​ជំរុញ​ការច្នៃប្រឌិត និង​លើកកម្ពស់​ការអនុវត្ត​ច្បាប់សង្គម និង​ការគិតគូរ​ខ្ពស់​ដល់​បរិស្ថាន។

    លោក​បាន​បញ្ជាក់ថា៖ អាជីវកម្ម​របស់​សហ​ភាព​អឺរ៉ុប គឺជា​ដៃគូ​រឹងមាំ និង​អាច​ទុកចិត្តបាន​សម្រាប់​ប្រទេស​កម្ពុជា “ការចូល​ទៅកាន់​ទីផ្សារ​អឺរ៉ុប​បាន​ជំរុញឱ្យមាន​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​ឧស្សាហកម្ម​នាំចេញ​របស់​កម្ពុជា ជាពិសេស​សម្លៀកបំពាក់ និង​ស្បែកជើង”។ លោក Edgar បាន​និយាយថា ជាមួយគ្នានេះដែរ​ការនាំ​ចេញ​របស់​កម្ពុជា​ទៅកាន់​សហភាព​អឺរ៉ុប​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស។ ការចូល​ទៅកាន់​គម្រោងអ្វីៗទាំងអស់​ក្រៅពី​អាវុធ EBA (Everything-but-arms) បានអនុញ្ញាត​ឱ្យ​ប្រទេស​កម្ពុជា​ទទួលបាន​អត្ថប្រយោជន៍​ប្រកួតប្រជែង​កំណើនសេដ្ឋកិច្ច និង​បង្កើត​ការងារ។

    លោក ថា​ស៊ីឡូ ប្រ៊ី​ន​ហ្សើ (Tassilo Brinzer) អនុប្រធាន​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​លើកឡើងថា ក្រុមហ៊ុន​អឺរ៉ុប​បាន​បង្កើត​ការងារ​ជាច្រើន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ផ្តល់​ប្រាក់ខែ​ល្អ “បរិយាកាស​អាជីវកម្ម​នៅទីនេះ​គឺ​ល្អ ដូច្នេះ​យើង​កំពុង​ព្យាយាម​ទាក់ទាញ​ការវិនិយោគ​នៅ​អឺរ៉ុប​កាន់តែច្រើន​នៅក្នុង​ប្រទេស”។ លោក​បាន​បន្ថែមថា មាន​ប្រហែលជា 500ក្រុមហ៊ុន​មកពី​សហភាព​អឺរ៉ុប​កំពុង​តែមាន​វត្ត​មាននៅ​កម្ពុជា។ ជា​រៀងរាល់ឆ្នាំ សហភាព​អឺរ៉ុប​តែងតែ​ចង់ឱ្យមាន​ការឆ្លើយតប​ពី​បញ្ហា​ដែល​ជួយ​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា ដូចជា​បញ្ហា​អភិបាលកិច្ច បញ្ហា​បរិស្ថាន ព្រមទាំង​លក្ខខណ្ឌ​ការងារ​ល្អ​ផងដែរ។

    លោក ថា​ស៊ីឡូ បាន​និយាយថា កម្ពុជា​ជា​ប្រទេស​មាន​កំណើនសេដ្ឋកិច្ច​ល្អ​មួយ​ក្នុងចំណោម​បណ្ដា​ប្រទេស​ដទៃទៀត​ក្នុង​តំបន់។ ក៏ប៉ុន្តែ​ជាមួយនឹង​ការលូតលាស់​សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស​នេះ រដ្ឋាភិបាល​គួរ​គិតគូរ​បន្ថែមទៀត​លើ​បរិយាកាស​ធុរកិច្ច​សម្រាប់​ដៃគូ​វិនិយោគ។ ក្នុងនោះ​ការបើកប្រាក់-​បំណាច់​អតីតភាព​ការងារ 2ដង​ក្នុង​មួយឆ្នាំ ក៏​ជាការលំបាក​ដល់​អ្នកវិនិយោគ​ដែរ។

    យ៉ាងណាក៏ដោយ សភាពាណិជ្ជកម្ម​អឺរ៉ុប​ដែលជា​តំណាង​ក្រុមហ៊ុន​របស់​អឺរ៉ុប​បាន​បញ្ជាក់ថា ខ្លួន​បាន និង​កំពុង​គាំទ្រ​លើ​ការតាក់តែង​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​កម្ពុជា ដើម្បី​សម្របសម្រួល​ដល់​ការវិនិយោគ​ឱ្យ​កាន់តែ​ល្អប្រសើរ។ នេះ​មិនមែន​សម្រាប់តែ​ការវិនិយោគ​ពី​អឺរ៉ុប​ទេ តែ​សម្រាប់​ទាក់ទាញ​ការបណ្ដាក់ទុន​ពី​គ្រប់​វិនិយោគិន​បរទេស រួមទាំង​ក្រុមហ៊ុន​ក្នុងស្រុក​ផងដែរ។

    ជាការ​កត់សម្គាល់ ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន​ស្គាល់​សហភាព​អឺរ៉ុប​ត្រឹមតែ​ជា​សហគមន៍ ដែល​ផ្ដល់ជំនួយ​ធំជាងគេ​បង្អស់ និង​ជាទី​ផ្សារ​នាំចូល​ផលិតផល​ដ៏​ចម្បង​របស់​កម្ពុជា​ប៉ុណ្ណោះ ក៏ប៉ុន្តែ​លើសពី​ម្ចាស់ជំនួយ​អភិវឌ្ឍន៍ និង​ជាទី​ផ្សារ​នាំចូល​ផលិតផល​ប្រមាណ 45%របស់​កម្ពុជា អឺរ៉ុប​ក៏​ជា​ដៃគូ​វិនិយោគ​លំដាប់​ទី3 នៅ​ប្រទេស​កម្ពុជា បន្ទាប់ពី​ចិន និង​កូរ៉េដែរ។

    សូមបញ្ជាក់ថា សហភាព​អឺរ៉ុប​គឺជា​គោលដៅ​នាំចេញ​នាំមុខគេ​របស់​កម្ពុជា​ដែលមាន​ចំនួន 40%នៃ​ការនាំចេញ​សរុប។ ទាំងនេះ​បាន​កើនឡើង​យ៉ាងខ្លាំង​ក្នុង​ប៉ុន្មាន​ឆ្នាំថ្មីៗនេះ​ដោយ​កើនឡើង 227%​ ចន្លោះ​ពី​ឆ្នាំ2011 និង​ឆ្នាំ2016 និង​ឈានដល់ 5ពាន់​លាន​ដុល្លារ​គិត​ជា​តម្លៃ​កាលពី​ឆ្នាំទៅ​មិញ។ បច្ចុប្បន្ន​កម្ពុជា​ស្ថិតនៅ​លំដាប់​ទី2 ក្នុងចំណោម​អ្នកទទួលផល​ពី EBA ទាក់ទង​នឹង​បរិមាណ​ជួញដូរ។

    គិត​រហូតមក​ដល់ពេលនេះ ក្រុមហ៊ុន​របស់​អឺរ៉ុប​កំពុង​ឈរជើង​រកស៊ី​នៅ​កម្ពុ​ជាមាន​ប្រមាណ​ជា 500ក្រុមហ៊ុន​ជាមួយនឹង​ទុនវិនិយោគ​ប្រមាណ4ពាន់​លាន​ដុល្លារ ហើយ​អាច​បន្ត​កើនឡើង​បន្ថែមទៀត​ក្នុង​រយៈពេល​ពី3 ទៅ5ឆ្នាំ​ខាងមុខ។ ការវិនិយោគ​របស់​អឺរ៉ុប​នៅ​កម្ពុជា​គឺ​វិស័យ​សំណង់ កម្មន្តសាល​កសិកម្ម ផលិតផល​ព្រៃឈើ អាកាសចរណ៍ ធនាគារ ថាមពល បច្ចេកវិទ្យា និង​ការដឹកជញ្ជូន​ជាដើម។ នេះ​បើតាម​ការ​ឱ្យដឹងពី​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​ប្រទេសកម្ពុជា៕

  • ថមមី នៅតែស្រឡាញ់ សួស វីសា ពេញបេះដូង

    ថមមី នៅតែស្រឡាញ់ សួស វីសា ពេញបេះដូង

    សួស វីសា ជាតារាដែលកំពុងមានរាសីឡើង ព្រមទាំងមានឱកាសគ្រងតំណែងក្នុងកម្មវិធី The Voice Kids Cambodia រដូវកាលទី2 ជំនួស សុគន្ធ​ នីសា ទៀតផង។ កាលពីមុនកញ្ញា សួស វីសា តែងប្រកាសខ្លួនថា នៅទំនេរ​ មិនទាន់ជំពាក់ស្នេហ៍ជាមួយអ្នកណាម្នាក់ទេ តែក្រោយមកបានលេចឮដំណឹងល្ហៀងៗឡើងថា នាងកំពុងបង្ហាត់ភ្លើងស្នេហ៍​ជាមួយលោក ថមមី តែត្រូវបាននាងច្រានចោលទៀតថា «មិនមែនជាការពិតទេ» តែសម្រាប់លោក ប៊ុនថុល ប៊ុនថង ហៅ​ថមមី បានទទួលស្គាល់ថា លោកពិតជាមានទំនាក់ទំនងស្នេហ៍ជាមួយកញ្ញា វីសា មែន ហើយអ្វីដែលលោកកាន់រំភើបចិត្តខ្លាំង នោះ គឺនៅពេលឃើញ សួស វីសា លេចមុខមាត់ និងល្បីរន្ធឺខ្លាំងនៅហង្សមាស។

    ពាក់ព័ន្ធនឹងរឿងដ៏រសើបដែលអ្នកគាំទ្រកំពុងអន្ទះសាចង់ដឹងគ្រប់គ្នានេះ ត្រូវបានលោកប៊ុនថុល ប៊ុនថង ហៅថមមីនិយាយទាំងរីករាយប្រាប់អ្នកសារព័ត៌មានថា «ខ្ញុំ និងគាត់ (វីសា) ជួបគ្នារាល់ថ្ងៃតើបង ខ្ញុំស្រឡាញ់វីសា មែន ហើយរឿងខ្ញុំ និងគាត់ ចាស់ទុំទាំងសងខាងសុទ្ធតែបានដឹងឮទាំងអស់គ្នាហ្នឹង គ្មានអ្នកណាជំទាស់រឿងពួកយើងទាក់ទងគ្នាទេ គ្រាន់តែថា ពួកយើងមិនទាន់គិតគូររឿងរៀបការ»។ តែថ្មីៗនេះស្រាប់តែលោកពោលថា «ចំពោះរឿងនេះ ខ្ញុំសុំមិននិយាយ ព្រោះមិនទាន់ដល់ពេល តែដល់ពេលគង់តែដឹងទាំងអស់គ្នាទេ»។ ការបកស្រាយរបស់លោក បានបញ្ជាក់ឱ្យឃើញថា ព្រោះតែស្រឡាញ់​ទើបលោកនៅ​តែព្យាយាម​បិទបាំងពី​ទំនាក់​ទំនង​ស្នេហ៍ជាមួយ​ សួស វីសា។

    គួរបញ្ជាក់ដែរថា តារាសម្ដែងប្រុសរូបនេះ ដែលត្រូវបានគេដឹងថា គឺជាតារាភាពយន្តមួយរូបដែលមានទីផ្សារសិល្បៈកាក់កបខ្លាំងនាពេលបច្ចុប្បន្នបានរៀបរាប់យ៉ាងហូរហែពីការងារសិល្បៈរបស់លោក ដែលក្នុងនោះលោកនិយាយថា «បច្ចុប្បន្នការងារសិល្បៈរបស់ខ្ញុំ មានភាពមមាញឹកយ៉ាងខ្លាំង បន្ទាប់ពីបានបញ្ចប់ការសម្តែងរឿង «មន្តស្នេហ៍អនុសេនីយ៍» និងរឿង «បញ្ចប់ស្នេហ៍ត្រឹមអូន»។ តារាប្រុសដែលក្តាប់តំណែងតួឯកបានស្ទើរតែគ្រប់រឿងរូបនេះ បានបន្ថែមថា «បច្ចុប្បន្នមានស្ថានីយទូរទស្សន៍ចំនួន 3ទៀតបានទាក់ទងមកឱ្យខ្ញុំចូលរួមសម្តែង ដែលខណៈនេះខ្ញុំកំពុងស្ថិតក្នុងការពិចារណា»។ លើសពីនេះ លោកក៏កំពុងធ្វើជាពិធីករក្នុងកម្មវិធីកម្សាន្តមួយឱ្យស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ 5ផងដែរ»៕

  • បវរកញ្ញាវៀតណាម Hoang Thuy សម្ញែងដងខ្លួនស្រឡូន និងត្រោមដណ្ដើមមកុដ Miss Universe 2019

    បវរកញ្ញាវៀតណាម Hoang Thuy សម្ញែងដងខ្លួនស្រឡូន និងត្រោមដណ្ដើមមកុដ Miss Universe 2019

    តាមរយៈសារព័ត៌មាន Kenh 14 ដែលទើបតែចេញផ្សាយមុននេះបន្ដិចបានឱ្យដឹងថា បេក្ខភាពកញ្ញា Hoang Thuy ត្រូវបានជ្រើសរើសឱ្យក្លាយជាបេក្ខភាពតំណាងប្រទេសវៀតណាមទៅប្រកួតនៅក្នុងកម្មវិធីបវរកញ្ញា​ចក្រវាឡ Miss Universe 2019 ។

    នារីរូបនេះ ធ្លាប់ជាតារាបង្ហាញម៉ូដដែលមានរាងស្រឡូនស្អាត និងមានកម្ពស់ខ្ពស់ ហើយនាងទើបតែបានបញ្ចប់ការបង្ហាញម៉ូដឈុតប៊ីគីនី នៅក្នុងទីក្រុង ប៉ារីស ប្រទេសបារាំងផងដែរ ។ តារាស្រីរូបនេះ បានប្រាប់អ្នកសារព័ត៌មានថា នាងបានព្យាយាមសម្រករាងអស់ 6 គីឡូក្រាមមកហើយ ដើម្បីត្រៀមខ្លួនចូលរួមប្រកួតនៅក្នុងឆ្នាំ 2019 ខាងមុខនេះ។ នាងបន្ដថា នាងមានភាពជឿជាក់ចំពោះខ្លួនឯង និងអាចប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងប្រសើផងដែរ។

    គួរបញ្ជាក់ផងដែរថា បវរកញ្ញារូបស្រស់សោភាមួយនេះ មានបំណងធំជាងគេគឺ នាងចង់ជួបជាមួយតារាចម្ដែងស្រី Gemma Chan និងកំពូលកីឡាករបាល់ទាត់ David Beckham ។ ចង់ដឹងថា រូបសម្រស់នាងស្អាតសល់កម្រិតណានោះ សូមទស្សនារូបភាពខាងក្រោមនេះ៖

  • អង្ករកម្ពុជា​ បានឈ្នះការប្រកួតអង្ករល្អជាងគេលើពិភពលោកឆ្នាំ2018

    អង្ករកម្ពុជា​ បានឈ្នះការប្រកួតអង្ករល្អជាងគេលើពិភពលោកឆ្នាំ2018

    ក្រោយពីមាន​រៀបចំ​ការប្រកួត​ដើម្បីស្វែងរកអង្ករ​ដែលមាន​គុណភាព​ល្អ​ជាងគេ ជាអង្ករជាប់ចំណាត់ថ្នាក់លេខ1 ប្រចាំឆ្នាំ​2018 តាម​ប្រភេទ​អង្ក​រស អង្ករ​ក្រអូប និង​អង្ករ​ក្រអូប​ប្រណីតរួចមកនោះ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជាបានរកឃើញនូវអង្ករល្អជាងគេប្រចាំឆ្នាំ​2018 និងបាននាំយក​ទៅដាក់ចូលរួម​ប្រកួតប្រជែង​ក្នុងកម្មវិធី​ប្រកួត​អង្ករ​ល្អ​បំផុតលើ​ពិភពលោកដែលរៀបចំឡើងនៅប្រទេស វៀតណាម​។

    ជា​លទ្ធផល​នៃ​ការប្រកួតអង្ករ​ដែល​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​1 ដល់3 របស់កម្ពុជាសម្រាប់យកទៅចូលរួមការប្រកួត រួមមាន​៖

    1) អង្ករ​ក្រអូប​ប្រណីត(Premium Aromatic Rice)របស់​ក្រុមហ៊ុន​ City Rice Import Export Co. LTD។

    2) អង្ករ​ក្រអូប​ធម្មតា(Fragrant Rice)​ របស់រោង​ម៉ាស៊ីន​ថ្មគោល ThmorKol Rice Mill។

    3) អង្ក​រសគ្រាប់​វែង (Long Grain White Rice)​របស់ក្រុមហ៊ុន VongBunheng Import Export Co.Ltd​។

    សូមរំឭកថា ការប្រកួត​​ដើម្បីស្វែងរកអង្ករ​ដែលមាន​គុណភាព​ល្អ​ជាងគេជាលើកទី3នេះ ត្រូវបាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាពរបស់លោក​ឧកញ៉ា វង្ស ប៊ុន​ហេង អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជាតំណាង​របស់ឯកឧត្តម សុខ ពុ​ទ្ធី​វុ​ធ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជាដោយមាន​ការចូលរួម​​វាយតម្លៃពី​គណៈកម្មការដែលមាន​សមាសភាព​ចូលរួម​ពី​ចុងភៅ​នៃ​សហព័ន្ធ​ចុងភៅ​កម្ពុជា តំណាង​ក្រុមហ៊ុន​ត្រួតពិនិត្យ​គុណភាព (CCIC, OMIC) តំណាង​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា​ កា​ឌី (CARDI) និង​សមាជិក​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​​ផងដែរ។​

    ការប្រកួត​នេះមានការ​ដាក់​សំណាក​អង្ករ​ចូលរួម​ប្រកួត​ពី​វិទ្យាស្ថាន​កា​ឌី (CARDI) និង​សមាជិក​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជាដែលជា​សហគមន៍​កសិក​ម្មរោង​ម៉ាស៊ីនកិនស្រូវ និង​អ្នក​នាំចេញចំនួន​22 និង​មាន​សំណាក​អង្ករ​សរុប​ចំនួន​ 28ប្រភេទ​។​

    សម្រាប់​ការវាយតម្លៃ​ គឺផ្តោតលើលក្ខណសម្បត្តិ​អង្ករ​នៅ​មុនពេល​ចម្អិន (​ស​ភាព​ បាក់ ទំហំ ពណ៌​) និង​ក្រោយ​ចម្អិន (​ភាព​ភ្លឺរលោង ភាព​ស្អិតល្មួ​ត រសជាតិ ក្លិន និងភាព​ងាយ​ស្រួលក្នុងការ​បរិភោគ​)​។​

    ក្រោយពីបានរកឃើញអង្ករល្អជាងគេប្រចាំឆ្នាំ​សម្រាប់យក​ទៅ​ប្រកួតប្រជែង​ក្នុងកម្មវិធី​ប្រកួត​អង្ករ​ល្អ​បំផុតលើ​ពិភពលោក​នៅប្រទេសវៀតណាមកាលពីថ្ងៃទី10 ដល់ថ្ងៃទី12 ខែតុលាកន្លងមក អង្ករកម្ពុជាបានឈ្នះការប្រកួត​ជាអន្តរជាតិនេះ។ នេះបើតាមការឱ្យដឹងពីសហព័ន្ធស្រូវអង្ករកម្ពុជា។

    លោក មូល សារិទ្ធិ អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា កម្ពុជាបានឈ្នះពានរង្វាន់អង្ករល្អបំផុតលើពិភពលោកប្រចាំឆ្នាំ2018នេះ(Worlds Best Rice2018)នៅក្នុងសន្និសីទស្រូវ-អង្ករពិភពលោកលើកទី10(10th World Rice Conference)ដែលរៀបចំដោយ The Rice Trader រយៈពេល3ថ្ងៃ(ពីថ្ងៃទី10-12ខែតុលា)នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

    សូមបញ្ជាក់ថា កម្ពុជាធ្លាប់គ្រងពានរង្វាន់អង្ករល្អជាងគេបំផុតក្នុងពិភពលោករយៈពេល 3ឆ្នាំជាប់ៗគ្នា គឺឆ្នាំ2012-2013 និងឆ្នាំ2014 ហើយសម្រាប់ឆ្នាំក្រោយមកទៀត គឺ2015-2016 តែសម្រាប់ឆ្នាំ2017 កម្ពុជាទទួលចំណាត់ថ្នាក់លេខ2 ហើយសម្រាប់ឆ្នាំ2018នេះ កម្ពុជាបានគ្រងពានរង្វាន់អង្ករល្អជាងគេបំផុត​ក្នុងពិភពលោកជាថ្មីម្តងទៀត៕

  • ចង់ដឹង​ទេ​ថា “អាការ​ស្រមៃ​ថា ទូរស័ព្ទដៃ​ញ័រ‟ បណ្ដាលមកពី​មូលហេតុ​អ្វី?

    ចង់ដឹង​ទេ​ថា “អាការ​ស្រមៃ​ថា ទូរស័ព្ទដៃ​ញ័រ‟ បណ្ដាលមកពី​មូលហេតុ​អ្វី?

    តើ​ធ្លាប់​ដែរឬទេ ពេលដែល​យើង​កំពុង​អង្គុយ ឬ​កំពុង​ដើរ ហើយ​ស្រាប់​តែមាន​អារម្មណ៍​ថា ទូរស័ព្ទដៃ​នៅក្នុង​ហោប៉ៅ​ញ័រ​ដូចជា​មាន​គេ​ទូរស័ព្ទ​ចូល ឬ​មាន​សញ្ញា​ប្រាប់​ពី Application ផ្សេងៗ ប៉ុន្តែ​លុះ​ពេល​ទាញ​យកមក​មើល ស្រាប់តែគ្មានអ្វី​ទាំងអស់! អាការ​ចម្លែក​នេះ ហៅថា “អាការ​ស្រមៃ​ថា​ទូរស័ព្ទ​ញ័រ‟ ឬ “Phantom Vibration Syndrome​ (PSV)‟ ដូច្នេះ​ថ្ងៃនេះ ឡា​រ៉ែ​ន សូម​នាំ​មិត្ត​អ្នកអាន​មក​ស្គា​ល់ពី​អាការ​ស្រមៃ​ថា​ទូរស័ព្ទដៃ​ញ័រ​នេះ​ទាំងអស់គ្នា…។

    អាការ​ស្រមៃ​ថា​ទូរស័ព្ទដៃ​ញ័រ គឺ…
    ជា​អាការ​ស្រមើស្រមៃ​មួយបែប​ដែល​ច្រើនតែ​កើតឡើង​នៅលើ​អ្នក​ដែលមាន​ទម្លាប់ និង​ចូលចិត្ត​ដាក់ឱ្យ​ទូរស័ព្ទដៃ​ញ័រ​នៅពេល​មាន​គេ​ទូរស័ព្ទ​ចូល រឹតតែ​បើសិនជា​កំពុង​រង់ចាំ​ទូរស័ព្ទ ឬ​ដំណឹង​ពី​នរណាម្នាក់​ផង​នោះ ក៏​នឹង​កើតក្ដី​វិតក្ក​កង្វល់ ឬ​នឹក​ទន្ទឹងរង់ចាំ រហូត​ធ្វើឱ្យ​ប្រព័ន្ធ​ប្រសាទ និង​ការទទួល​ដឹង​ភ្ញាក់រឭក​ខ្លាំង​ជាង​ប្រក្រតី គួបផ្សំ​នឹង​ការប៉ះពាល់​របស់​រាងកាយ​ខណៈដែល​អ្នក​កម្រើក​រា​ង​កាយ​ផង​នោះ អាចធ្វើឱ្យ​យល់ច្រឡំ​ថា ទូរស័ព្ទដៃ​ញ័រ​ព្រោះ​មាន​គេ​តេ​ចូលមក ឬ​មាន​សញ្ញា​របស់​សារ​អ្វី​ម្យ៉ាង។

    តើ​អាការ​ស្រមៃ​ថា​ទូរស័ព្ទដៃ​ញ័រ ជា​ជំងឺ​គ្រោះថ្នាក់​ដែរឬទេ?
    មិនមែនជា​ជំងឺ ឬ​រោគ ឬ​ភាពខុសប្រក្រតី​ខាង​រាងកាយ​អ្វី​ឡើយ វា​គ្រាន់តែ​ជា​ទង្វើ ឬ​សញ្ជាតិ-ញាណ​មួយរូប​បែប​ដែលមាន​នៅក្នុង​ខ្លួន​មនុស្សដើម្បី​ឆ្លើយតប​នឹង​អ្វីដែល​ចូលមក​ជំរុញ​យ៉ាងភ្លាមៗទាន់ហន់ ហើយ​ថែមទាំង​ជា​សញ្ញា​ដាស់តឿន​ថា អ្នក​កំពុងតែ​ញៀន​ការប្រើប្រាស់​ទូរស័ព្ទដៃ ឬ​តិច​ណូ​ឡូ​ជី​គ្មាន​ខ្សែ​មួយ​នេះ​ប៉ុណ្ណោះ។

    វិធី​កែប​ញ្ហា​ការ​ស្រមៃ​ថា​ទូរស័ព្ទដៃ​ញ័រ
    * ប្ដូរ​ការផ្ដល់​សញ្ញា​តឿន​ប្រាប់​ការហៅ​ចូល ឬ​សញ្ញា​ប្រាប់ថា​មាន​សារ​ចូល ទៅជា “សំឡេង‟ ជំនួស​ការ “ញ័រ‟។
    * ប្ដូរ​កន្លែង​ទុក​ទូរស័ព្ទដៃ​ពី​កន្លែងចាស់​ដែល​ធ្លាប់តែ​ទុក​នៅក្នុង​ហោប៉ៅ​ខោ ទៅ​ទុក​នៅក្នុង​កាបូប​ផ្សេង​វិញ ដូចជា​កាបូបស្ពាយ​ជាដើម​ជំនួស​វិញ វា​នឹង​ជួយ​កាត់បន្ថយ​ការចង់​ទាញយក​ទូរស័ព្ទ​មកលេង​បាន។
    * សាកល្បង​ទុក​ទូរស័ព្ទ​ឱ្យ​ឆ្ងាយ​ពី​ខ្លួន។
    * សាកល្បង​បិទ​ទូរស័ព្ទដៃ​ក្នុងអំឡុងពេល​ថ្ងៃបើសិនជា​គ្មាន​ធុរៈ​អ្វី​សំខាន់ ឬ​មុនពេល​ចូល​គេង។

    ទោះជា “អាការ​ស្រមៃ​ថា​ទូរស័ព្ទដៃ​ញ័រ‟ គ្រាន់តែ​ជា​អាការ​ចម្លែក​មួយ​ដែល​បណ្ដាលមកពី​តិច​ណូ​ឡូ​ជី​ក៏ដោយ ក៏ប៉ុន្តែ​នាពេល​បច្ចុប្បន្ននេះ អ្នកស្រាវជ្រាវ​បាន​រកឃើញថា អាការ​នេះ​បាន​សាយភាយ​ក្នុង​រង្វង់​ដ៏​ធំ​ទូលាយ​យ៉ាង​ឆាប់រហ័សដោយសារតែ​មនុស្ស​ភាគ​ច្រើន​តែង​ប្រើ​ពេលទំនេរ​នៅជាមួយនឹង​ទូរស័ព្ទដៃ​ច្រើនឡើង រហូត​អាច​បង្ក​ឱ្យ​កើតការ​ញៀន​ធ្លាប់បាន ដូច្នេះ បើ​សាកល្បង​ទុកចន្លោះ​ពេល​ប្រើ​ទូរស័ព្ទដៃ​ឱ្យ​ឆ្ងាយ​ពីគ្នា​ខ្លះ អាការ​នោះ​អាច​នឹង​បាត់​ទៅវិញ​បាន​នៅ​ទីបំផុត៕

  • កាណាដាបន្តកិច្ចព្រមព្រៀងស្តីពីការសម្រួលពាណិជ្ជកម្មដល់កម្ពុជា

    កាណាដាបន្តកិច្ចព្រមព្រៀងស្តីពីការសម្រួលពាណិជ្ជកម្មដល់កម្ពុជា

    បន្ទាប់ពីផុតសុពលភាពកាលពីថ្ងៃទី30 ខែកញ្ញា ឆ្នាំ2018 កន្លងទៅថ្មីៗនេះ ប្រទេសកាណាដាបានឯកភាពជាថ្មីឡើងវិញទៀតដល់កម្ពុជា លើកិច្ចព្រមព្រៀងស្តីពីការសម្រួលពាណិជ្ជកម្ម ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំង2។

    ការឯកភាពបន្តកិច្ចព្រមព្រៀងនេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយលោកជំទាវ ដូនីកា ប៉ូទី (Donica Pottie) ឯកអគ្គរដ្ឋទូតកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមិញ។

    លោកជំទាវ ដូនីកា ប៉ូទី ឯកអគ្គរដ្ឋទូតនៃប្រទេសកាណាដាបានសម្តែងការកោតសរសើរ ចំពោះគោលនយោបាយរដ្ឋាភិបាលកម្ពុជាក្នុងការលើកទឹកចិត្តដល់អ្នកវិនិយោគបរទេសដែលចូលមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា។ លោកជំទាវក៏បានលើកទឹកចិត្តរដ្ឋាភិបាលកម្ពុជាបន្តប្រឹងប្រែង​ និងប្រកាន់និយាមការងារនេះបន្តទៀត ដើម្បីនាំមកនូវភាពឈ្នះ-ឈ្នះ ដល់គ្រប់តួអង្គពាក់​ព័ន្ធ សម្រាប់ឧស្សាហកម្មមួយនេះ ហើយលោកជំទាវនឹងពិនិត្យលទ្ធភាពជួយកៀងគរវិនិយោគិនកាណាដាឱ្យចូលមកបណ្តាក់ទុនលើការកែច្នៃវត្ថុធាតុដើមសំខាន់ៗ ដើម្បីបម្រើការអភិវឌ្ឍឧស្សាហកម្មវាយនភណ្ឌ និងការធ្វើទំនើបកម្មវិស័យកសិកម្ម នៅកម្ពុជា។

    ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រវិស័យវាយនភណ្ឌ តាមរយៈការបន្តស្វែងរកទីផ្សារសក្តានុពលបន្ថែម និងការបង្កើនប្រាក់បៀវត្សរ៍អប្បបរមាជូនកម្មករ-និយោជិត ចាប់ពី 140ដុល្លារ ក្នុងឆ្នាំ2016 ដល់ 170ដុល្លារ ក្នុងឆ្នាំ2018 ហើយគ្រោងនឹងបង្កើនឱ្យបាន 182ដុល្លារ នៅដើមឆ្នាំ2019 ខាងមុខថែមទៀត។

    ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានអនុលោមតាមកាតព្វកិច្ចការងារដែលអង្គការ ILO បានកំណត់តាំងពីឆ្នាំ1999 និងបានគាំទ្រការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃរោងចក្រកម្ពុជា (Better Factory Cambodia) ដើម្បីលើកស្ទួយលក្ខខណ្ឌការងារ និងការប្រកួតប្រជែងក្នុងវិស័យនេះ។

    សូមជម្រាបថា កាលពីឆ្នាំ2017 ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកាណាដា សម្រេចបានទឹកប្រាក់សរុប 1.04ប៊ីលានដុល្លារអាមេរិក ជាមួយអត្រាកំណើនប្រចាំឆ្នាំ គិតជាមធ្យម 11%។ ក្នុងនោះ ទឹកប្រាក់នាំចេញពីកម្ពុជាទៅកាណាដាមានចំនួន 1ប៊ីលានដុល្លារអាមេរិក និងនាំចូលមានចំនួន 40លានដុល្លារអាមេរិក។ ចំពោះផលិតផលសក្តានុពលនាំចេញរបស់កម្ពុជា រួមមាន៖ សម្លៀកបំពាក់ ស្បែកជើង គ្រឿងផ្គុំយានយន្ត គ្រឿងសង្ហារិម ប្លាស្ទិក ផលិតផលក្មេងលេង និងទំនិញកសិកម្មជាដើម៕