Category: សង្គម និងសេដ្ឋកិច្ច

  • ម្ចាស់​អាជីវកម្មបង្ហាញ​ពីវិធីសាស្ត្រ​យកចិត្ត និង​ជំរុញ​បុគ្គលិក​ឱ្យមាន​ការអភិវឌ្ឍ

    ម្ចាស់​អាជីវកម្មបង្ហាញ​ពីវិធីសាស្ត្រ​យកចិត្ត និង​ជំរុញ​បុគ្គលិក​ឱ្យមាន​ការអភិវឌ្ឍ

    នៅ​ពីក្រោយ​ភាពជោគជ័យ​របស់​ស្ថាប័ន​ចាំបាច់​ត្រូវតែមាន​អ្នកដឹកនាំ​ប្រកបដោយ​ភាពប៉ិនប្រសប់ តែ​នៅ​ជុំវិញ​អ្នកដឹកនាំ​ខ្លាំង​ក៏​ចាំបាច់​ត្រូវមាន​បុគ្គលិក​ស្មោះត្រង់ និងល្អៗជាច្រើន​ដើម្បី​រួមចំណែក​អភិវឌ្ឍ​ស្ថាប័ន​ទាំងមូលដែរ។

    លោកជំទាវ តាំង ហ្គិ​ច​លៀង អគ្គនាយិកា នៃ​ក្រុមហ៊ុន​ឌី​ហ្វើ​នី​ឈ័​រ​បាន​លើកឡើងថា ការគ្រប់គ្រង​បុគ្គលិក​គឺជា​រឿង​សំខាន់​មួយ​ដែល​ម្ចាស់​ស្ថាប័ន​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់ ព្រោះ​បុគ្គលិក​ជា​ចំណែក​យ៉ាងសំខាន់​ក្នុងការ-​បង្កើត​ភាពជោគជ័យ​ដល់​ស្ថាប័ន។ ដើម្បីឱ្យ​បុគ្គលិក​ស្រឡាញ់​ស្ថាប័ន យកចិត្តទុកដាក់ និង​ចូលរួមចំណែក​អភិវឌ្ឍ​ស្ថាប័ន​ដោយ​ភាពស្មោះត្រង់ លុះត្រាតែ​ម្ចាស់​ស្ថាប័ន ឬ​អ្នកគ្រប់គ្រង​ផ្តល់​ក្តី​ស្រឡាញ់​ដល់​បុគ្គលិក​ជាមុនសិន។

    ជាធម្មតា​នៅពេលដែល​ម្ចាស់​ស្ថាប័ន​ចាត់ទុក​បុគ្គលិក​ទាំងអស់​ជា​កូន ជា​បង ឬ​ជា​ប្អូន នៅពេលនោះគាត់​នឹង​អាចធ្វើឱ្យ​គ្រប់ផ្នែក​ទាំងអស់​ក្នុង​ក្រុមហ៊ុន​ក្លាយជា​គ្រួសារ​ធំ​មួយ ហើយ​ភាពជា​គ្នាឯង​នេះហើយដែល​ធ្វើឱ្យ​បុគ្គលិក​មាន​ភាពកក់ក្តៅ និង​ព្យាយាម​អភិវឌ្ឍ​​ការងារប្រសិទ្ធភាពឱ្យ​កាន់តែមានខ្លាំង​ឡើង​ដោយមិន​រួញរា។ ពាក្យសម្តី កាយវិការ និង​ការយកចិត្តទុកដាក់រ​បស់​អ្នកគ្រប់គ្រង​ស្ថាប័ន​ដែល​ចាត់ទុក​បុគ្គលិក​ជា​គ្រួសារ​តែមួយភាគច្រើន​គឺ​បង្កប់​​នូវ​ចេតនា​ល្អ ហើយ​អ្នកដឹកនាំ​នោះ​នឹង​ក្លាយជា​អ្នក​ប្រឹក្សា​ដ៏​ល្អ​ដើម្បី​ធ្វើឱ្យ​ជីវិត​របស់​អ្នកនៅក្រោមឱវាទ​មានការ​រីកចម្រើន។

    លោកជំទាវ តាំង ហ្គិ​ច​លៀង

    លោកជំទាវ តាំង ហ្គិ​ច​លៀង បាន​និយាយថា៖ “ការអត់ឱន និង​ការជួយ​តម្រង់ទិស ជា​ចំណុច​សំខាន់​ដែល​អ្នកដឹកនាំ​ស្ថាប័ន​អាច​ជំ​រុញឱ្យ​បុគ្គលិក​មាន​ថាមពល​កាន់តែខ្លាំង​ក្នុង​ការធ្វើការងារ ព្រោះ​គ្មាន​មនុ​ស្សណា​ចូលចិត្ត​ការស្តីបន្ទោស​នោះទេ តែ​យើង​អាច​តម្រង់ទិស ​ហើយ​ផ្តល់ឱកាស​ឱ្យ​គាត់​ព្យាយាម​កែតម្រូវ។ ភាគច្រើន​ពួកគាត់​អាច​កែតម្រូវ​បានល្អ តែ​ប្រសិនបើ​គាត់​នៅតែ​មិន​យកចិត្តទុកដាក់​នោះ​មានន័យថា ​គាត់​ធ្វើឱ្យ​ខាតបង់​ខ្លួនឯង ហើយ​ចេញទៅ​កន្លែង​ណា​ក៏​មិនអាច​លូតលាស់​បានដែរ”។

    អ្នកដឹកនាំ​ក្រុមហ៊ុន​ខាងលើ​បានលើកឡើង​ផងដែរ​ថា ក្រុមការងារ​ត្រូវការ​ការយកចិត្តទុកដាក់​ទាំងអស់គ្នា តែ​បុគ្គលិក​ក្នុង​ក្រុមហ៊ុន​មួយ​មាន​មនុស្ស​ច្រើនណាស់ ហេតុនេះ​អ្នកគ្រប់គ្រង ឬ​ដឹកនាំ​ក្រុមហ៊ុន​ត្រូវ​ចេះ​បណ្តុះ​ក្តី​ស្រឡាញ់ និង​ចែករំលែក​រឿង​ល្អ​ប្រកបដោយ​ភាព​ឆ្លាត​វៃ។ អ្នកដឹកនាំ​កំពូល​មិនអាច​ទៅ​យកចិត្តទុកដាក់​ដល់​បុគ្គលិក​ទាំងអស់​គ្រប់គ្នា​បានទេ ហេតុនេះ​ដើម្បី​ធានាថា​យើង​អាចធ្វើឱ្យ​បុគ្គលិក​ចូលរួម​ធ្វើ​ការងារ​បានល្អ​ទាំងអស់គ្នា​ដោយ​ភាពកក់ក្តៅ គឺ​ការបណ្តុះ​អ្នក​បន្តវេន ឬបងៗដែល​កាន់​ផ្នែកសំខាន់ៗឱ្យ​យកចិត្តទុកដាក់​ចំពោះ​អ្នកនៅក្រោមឱវាទ​បន្តបន្ទាប់​ទៅទៀត។

    លោកស្រី ចេ​ន សុភាព ស្ថាបនិក​សិប្បកម្ម កី​តម្បាញ​ខ្មែរ បាន​លើកឡើងថា មនុស្ស​គ្រប់គ្នា​តែងតែ​និយាយថា​អតិថិជន​ជា​ស្តេច តែ​មុននឹង​ផលិតផល ឬ​សេវាកម្ម​ដល់ដៃ​អតិថិជន បុគ្គល​សំខាន់​ដែល​គួរ​យកចិត្តទុកដាក់​គឺ​អ្នក​ផលិត។ មានន័យថា ដើម្បី​ធ្វើឱ្យ​ផលិតកម្ម​អាចធ្វើ​ទៅបាន​ជោគជ័យ លុះត្រាតែ​បុគ្គលិក និង​អ្នកចូលរួម​ក្នុង​សកម្មភាព​ការងារ​នេះ​ទទួលបាន​ការអភិវឌ្ឍ ឬ​មាន​ភាព​រីកចម្រើន​ជាមុនសិន។ ការយកចិត្តទុកដាក់​លើ​ការដោះស្រាយ​បញ្ហាលំបាក​របស់​បុគ្គលិក និង​ការសម្រួល​ឱ្យមាន​ការ-បណ្តុះបណ្តាល គឺជា​វិធី​ដ៏សំខាន់​ដែល​ធ្វើឱ្យ​បុគ្គលិក​មានឱកាស​អភិវឌ្ឍ​ខ្លួនឯង ហើយ​ថែមទាំង​អាចធ្វើឱ្យ​ការផលិត​កាន់តែ​ប្រសើរ​ថែម​ទៀតផង។

    លោកស្រី ចេ​ន សុភាព ស្ថាបនិក​សិប្បកម្ម កី​តម្បាញ​ខ្មែរ

    លោកស្រី ចេ​ន សុភាព បាន​និយាយថា៖ “សម្រាប់​អាជីវកម្ម​របស់ខ្ញុំ ប្រាក់ចំណេញ​មិនមែនជា​រឿង​អាទិភាព​ទី1 នោះទេ តែ​អ្វីដែល​ត្រូវ​គិត​មុនគេ​គឺ​ជំរុញឱ្យមាន​ការយកចិត្ត​ទុកដាក់​ដល់​ស្ត្រី​តម្បាញ​នៅ​សហគមន៍។ នៅពេល​យើង​ជួយ​គាត់​ឱ្យមាន​ទីផ្សារ​ស្ត្រី​តម្បាញ​អាច​នឹងមាន​ទំនុកចិត្ត​ក្នុងការ-​ផលិត ហើយ​គាត់​អាច​អភិវឌ្ឍ​ជីវភាព​បាន​កាន់តែ​ប្រសើរ តាមរយៈ​ការបង្កើន​កម្រិតជីវភាព និង​មិនបាច់​ចំណាកស្រុក​នាំឱ្យ​លំបាក ឬ​ឆ្ងាយ​ពី​ផ្ទះ​នោះឡើយ។ នៅពេលនោះ​គាត់​នឹង​អាច​រីករាយ​ក្នុងការអភិវឌ្ឍ​ស្នាដៃ​ឱ្យ​កាន់​តែមាន​គុណភាព ហើយ​ប្រាក់ចំណេញ​គឺ​ដំណាក់កាល​បន្ទាប់”។

    លោកស្រី ចេ​ន សុភាព បានលើកឡើង​ផងដែរ​ថាការធ្វើ​អាជីវកម្ម​ អ្នកណា​ក៏​ចង់​ចំណេញ​ដែរ តែ​ចំណុច​អាទិភាព​គឺ​ការរីកចម្រើន​ជាមួយគ្នា ទាំង​បុគ្គលិក និង​ស្ថាប័ន។ នៅពេល​អ្នក​ផលិត​គាត់​ផលិត​បាន​ ផលិត​ល្អ នោះ​អ្នកលក់ ឬ​អ្នក​ចែកចាយ ក៏មាន​ទំនុកចិត្ត​កាន់តែ​ខ្ពស់​ក្នុងការ​ចែកចាយផលិតផល​ដែលមាន​គុណភាព​ទៅកាន់​អតិថិជន​ដែរ ពេលនោះ​ផលចំណេញ​នឹង​មក​តាម​ក្រោយ ព្រោះ​ប្រសិនបើ​ផលិតផល​ពិតជា​មានគុណ​ភាពល្អ ហើយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត អតិថិជន​ក៏​នឹង​គាំទ្រ​ទៅតាម​នោះដែរ។ ម្យ៉ាងវិញទៀត ការធ្វើ​បែបនេះ​មិនមែនជា​រឿង​ងាយស្រួល​ពេក​ទេ តែ​ប្រសិនបើ​យើង​មាន​ក្តី​ស្រឡាញ់ និង​ចង់ឱ្យមាន​ការរីកចម្រើន​ពិតប្រាកដ​លើ​វិស័យ​ដែល​យើង​កំពុង​ធ្វើ​នោះ យើង​នឹង​រីករាយ​ជាមួយ​ការអភិវឌ្ឍ​ពីមួយ​ដំណាក់​ទៅមួយ​ដំណាក់រហូត​ជម្នះបាន​ឧបសគ្គ​ជាច្រើន​ដើម្បី​សម្រេច​គោលដៅ​អាជីវកម្ម៕

  • ទុនវិនិយោគ​វិស័យ​សំណង់​មាន​ជិត 5ពាន់​លាន​ដុល្លារ រយៈពេល9ខែ ឆ្នាំ2018

    ទុនវិនិយោគ​វិស័យ​សំណង់​មាន​ជិត 5ពាន់​លាន​ដុល្លារ រយៈពេល9ខែ ឆ្នាំ2018

    ការវិវឌ្ឍ​នៃ​វិស័យ​សំណង់​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ចជាតិ បន្ទាប់ពី​វិស័យ​ឧស្សាហកម្ម កសិកម្ម និង​ទេសចរណ៍ ដោយ​វិស័យ​សំណង់ និង​អចលនទ្រព្យ​មានតម្លៃ​ទុនវិនិយោគ​ប៉ាន់ស្មាន​ប្រមាណ​ជា​ជិត 5ពាន់​លាន​ដុល្លារ។ នេះ​បើតាម​ការបញ្ជាក់​របស់​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់។

    ឯកឧត្តម ឡៅ ទិព្វ​សីហា បាន​ថ្លែងឱ្យដឹងថា ក្នុង​រយៈពេល9ខែ ឆ្នាំ2018 វិស័យ​សំណង់ និង​អចលនទ្រព្យ អាជ្ញាធរ​ថ្នាក់ជាតិ និង​រាជធានី-ខេត្ត​បានផ្ដល់​លិខិតអនុញ្ញាត​សាងសង់​សរុប 2,541គម្រោង មាន​ផ្ទៃក្រឡា​សរុប​ជាង 10លាន​ម៉ែត្រការ៉េ ហើយ​មានតម្លៃ​ទុនវិនិយោគ​ប៉ាន់ស្មាន​ក្នុង​វិស័យ​សំណង់​ប្រមាណ​ជា 4,820លាន​ដុល្លារ។

    ជាមួយគ្នានេះ​ក៏មាន​ការវិនិយោគ​រប​ស់​វិស័យ​ឯកជន​មកពី​បរទេស​ចំនួន 33គម្រោង ដែលមាន​ផ្ទៃក្រឡា​សំណង់​ជាង 1លាន​ម៉ែត្រការ៉េ និង​មានតម្លៃ​ទុនវិនិយោគ​ប៉ាន់ស្មាន​ជាង 484លាន​ដុល្លារ។ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ចុះបញ្ជី​ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់ និង​សាងសង់ នៅមាន​សុពលភាព 1,070ក្រុមហ៊ុន ក្នុងនោះ​ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់ មាន 42ក្រុមហ៊ុន  ក្រុមហ៊ុន​សាងសង់​មាន 1,028ក្រុមហ៊ុន។

    ឯកឧត្តម​ក៏បាន​បញ្ជាក់ដែរថា ក្នុងនោះ​ក៏មាន​ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់​មកពី​បរទេស​ដែល​នៅមាន​សុពលភាព​នៅឡើយ​មាន​ចំនួន 366ក្រុមហ៊ុន។ ក្រសួង​ក៏បាន​ចុះបញ្ជី​រូបវន្តបុគ្គល​សិក្សា​គម្រោង​ប្លង់​ស្ថាបត្យកម្ម ក៏ដូចជា​ប្លង់​គ្រឿង​ផ្គុំ​សំណង់ ដែលមាន​ចំនួន 140នាក់​ផងដែរ។ នៅក្នុង​នោះ​មាន​ស្ថាបត្យករ​ចំនួន 86រូប ដែលមាន​ជនបរទេស 3រូប និង​មាន​វិស្វករ 46រូប មាន​បរទេស 1រូប។

    ដោយឡែក​រយៈពេល 9ខែ ឆ្នាំ2018នេះ គណៈ​ស្ថាបត្យករ​កម្ពុជា បាន​ដំណើរការ​ចុះបញ្ជី​បាន57រូប និង​មាន​បរទេស​ចំនួន 2រូប។ បើ​គិត​ចាប់ពី​ឆ្នាំ2014 រហូតមកដល់9ខែ ឆ្នាំ2018នេះ គណៈ​ស្ថាបត្យករ​កម្ពុជា បាន​ចុះបញ្ជី​សវន​ករ​បាន​ចំនួន 713រូប។

    ឯកឧត្តម​បន្តថា ចំពោះ​សំណង់​បុរី​លំនៅឋាន និង​សំណង់​អគារខ្ពស់ៗ ក្នុង​រយៈពេល9ខែ​នេះ គឺមាន​បុរី​លំនៅឋាន​ចំនួន​សរុប 41ទីតាំង។ ហើយ​គិត​រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ គឺមាន​បុរី​លំនៅឋាន ឬក៏​លំនៅឋាន​លក្ខណៈ​បុរី​ចំនួន 228ទីតាំង និង​មាន​អ្នកស្នាក់នៅ​ពី 65 ទៅ75% ដែល​បាន​ស្នាក់នៅ​ក្នុង​បុរី​លំនៅឋាន​ទាំងនោះ។ ចំពោះ​អគារខ្ពស់ៗចាប់ពី5ជាន់ មាន 92អគារ។ ហើយ​គិត​ចាប់ពី​ឆ្នាំ2005មកដល់​ពេល​ច្ចុ​ប្បន្ន​នេះ នៅ​រាជធានី​ភ្នំពេញ មាន​អគារ​ខ្ពស់​ពី 5ជាន់​ឡើងទៅ​ចំនួន 1,084អគារ។

    បើតាម​របាយការណ៍ វិស័យ​សំណង់​នេះ​ក៏បាន​រួមចំណែក​ផ្តល់​ការងារ​ជូន​ពលរដ្ឋ​ខ្មែរ​យ៉ាងច្រើន​ផងដែរ បើ​គិត​ជា​មធ្យម​ពី 20ម៉ឺន​នាក់​ទៅ 22ម៉ឺន​នាក់​ក្នុង1ថ្ងៃ។ ដោយឡែក​នៅ​ភ្នំពេញ​មាន​កម្មករសំណង់​បំពេញការងារ​ជា​មធ្យម​ចន្លោះ 9ម៉ឺន​ទៅ 10ម៉ឺន​នាក់​ក្នុង1ថ្ងៃ។ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នឹង​ឆ្នាំ2017 ការងារ​ក្នុង​វិស័យ​សំណង់​នេះ​បានផ្តល់​ការងារ​ជូន​ពលរដ្ឋ​ខ្មែរ​កើនឡើង​ដល់​ទៅ120%។

    របាយការណ៍​បាន​គូសបញ្ជាក់ថា កម្មករ​គ្មាន​ជំនាញ​អាច​ទទួល​ប្រាក់​ឈ្នួល​ពី35,000 ទៅ40,000រៀល​ក្នុង1ថ្ងៃ។ កម្មករ​មាន​ជំនាញ និង​មេជាង​ទទួលបាន​ប្រាក់​ឈ្នួល50,000រៀល ទៅ7,5000រៀល​ក្នុង 1ថ្ងៃ។ ចំពោះ​វិស្វករ ស្ថាបត្យករ និង​អ្នកជំនាញ​ផ្សេងទៀត​អាច​ទទួលបាន​ប្រាក់​ឈ្នួល​ចន្លោះ​ពី400ដុល្លារ​ទៅ 2,500ដុល្លារ​ក្នុង​មួយខែ៕

  • បទ «តើអ្នកណាកែប្រែចិត្តបង?» ជាបទយោងឱ្យតារាចម្រៀង ប៊ុត សីហា មានទីផ្សារចម្រៀងឡើងវិញ

    បទ «តើអ្នកណាកែប្រែចិត្តបង?» ជាបទយោងឱ្យតារាចម្រៀង ប៊ុត សីហា មានទីផ្សារចម្រៀងឡើងវិញ

    គ្មានអ្នកណាមិនដឹងនោះទេថា ចម្រៀងមួយបទ«តើអ្នកណាកែប្រែចិត្តបង?» គឺជាម្ចាស់សំនៀងដើមរបស់តារាចម្រៀងវ័យក្មេងកញ្ញា សោភា ទេពី។ ចម្រៀងមួយបទនេះ បានក្លាយជាបទផ្ទុះយ៉ាងខ្លាំងក្នុងស្រទាប់មហាជន ក្រោយពីនាងត្រូវបានគេស្គាល់ក្នុងកម្មវិធីCambodian Idol និងមានអ្នកគាំទ្រច្រើន។

    បទចម្រៀងមួយបទនេះ​មានចំនួនកើនឡើងដល់ច្រើនលានដង ដែលជាបទយោងតារាចម្រៀង ប៊ុត សីហា ដែលស្ងប់ស្ងាត់ក្រោយមានរឿងអាស្រូវ ឱ្យមានការចាប់អារម្មណ៍ជាថ្មី ក្រោយពីលោកបានច្រៀងឆ្លើយតបនឹងបទផ្ទុះរបស់សោភា ទេពី ដោយដូរចំណងជើងថា”គ្មានអ្នកណាកែចិត្តបងទេ”។ អ្នកគាំទ្របទចម្រៀងនេះ បានលើកឡើងថា ស្ដាប់ដំបូងឡើយ នឹកស្មានតែជាសំនៀងរបស់តារាចម្រៀងស្រី ឈីន តរនៈ ហើយត្រឹមបានដឹងថា បទនេះ ក៏មានជាការបកស្រាយរបស់លោក ប៊ុត សីហា ដូចគ្នាតែប៉ុណ្ណោះ។

    យ៉ាងណាក៏ដោយរហូតមកដល់ពេលនេះ ម៉ោងនេះ គេនៅតែកត់សម្គាល់ថាបទចម្រៀង«តើអ្នកណាកប្រចិត្តបង?»របស់ សោភា ទេពី ទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយបទចម្រៀងរបស់នាង ក្រៅពីត្រូវគេយកទៅច្រៀងលើឆាកស្ទើរ

    មិនសល់តារាចម្រៀងគ្មានបទផ្ទាល់ខ្លួន ក៏ត្រូវគេចាក់បន្លឺយ៉ាងយ៉ាងផុសផុលផងដែរ។

    កាន់តែជាក់ច្បាស់ សូមស្ដាប់បទចម្រៀងទាំងពីរខាងក្រោមនេះ ៖

    https://youtu.be/ezAKmYqqYRY

  • ម្ចាស់​កសិដ្ឋាន​ម្នាក់​កំពុង​ត្រូវប៉ាន់​ខ្លាំង​ពី​ការលក់​កូនដើម​ទុរេន

    ម្ចាស់​កសិដ្ឋាន​ម្នាក់​កំពុង​ត្រូវប៉ាន់​ខ្លាំង​ពី​ការលក់​កូនដើម​ទុរេន

    មជ្ឈដ្ឋាន​ទូទៅ​ទទួលស្គាល់ថា ទឹកដី​ក្នុង​ខេត្តនីមួយៗរបស់​ប្រទេស​កម្ពុជា​សុទ្ធតែ​សម្បូរ​ទៅដោយ​ជីវជាតិ និង​អំណោយផល​ពី​ធម្មជាតិ​សម្រាប់​ដាំ​ដុះ​ដំណាំ​គ្រប់​ប្រភេទ ប៉ុន្តែ​ដោយសារ​តម្លៃ​ទីផ្សារ​មិនសូវ​ស្ថិតស្ថេរ ទើប​ធ្វើឱ្យ​ដំណាំ​កសិផល​មួយចំនួន​មិនត្រូវ​បាន​កសិករ​ដាំ​ដុះ និង​ម្ចាស់​ចម្ការ​មួយចំនួន បានស្វែងរក​ដំណាំ​ណា​ដែលមាន​សក្តានុពល​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ​ខ្លាំង​ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុង​មុខរបរ និង​ទទួលបាន​នូវ​ការគាំទ្រ​ច្រើន​ពី​ប្រជាពលរដ្ឋ​ផងដែរ។

    ហេតុដូច្នេះ​ហើយ​ទើប​ក្រៅពី​ផ្លែឈើ​មួយចំនួន​ដែល​ពេញនិយម ដូចជា​ចេក ស្វាយ មៀន ជាដើម​ត្រូវបាន​នាំ​ចេញទៅ​ក្រៅប្រទេស​ហើយ​នោះ នៅមាន​ផ្លែឈើ​ជាច្រើន​មុខ​ទៀត​ក៏​កំពុង​ត្រៀមខ្លួន​នាំចេញ​ផងដែរ។ ដោយឡែក ទុរេន​ដែលជា​ដំណាំ​ហូប​ផ្លែ​មួយ​ដែរនោះ​កំពុង​ត្រូវបាន​កសិករ​ជាច្រើន សម្រេចចិត្ត​ដាំ ដោយសារតែ​ដំណាំ​ប្រភេទ​នេះ​ងាយស្រួល​រក​ទីផ្សារ ព្រោះ​ផ្លែ​របស់​វាទ​ទួល​បានកា​រ​ពេញនិយម​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ចូលចិត្ត​ពិសា ដោយសារ​រសជាតិ​រប​ស់វា​ផ្អែម​ឆ្ងាញ់ និង​ក្រអូប​ខុសពី​ផ្លែឈើ​ដទៃទៀត។

    ដោយសារតែ​កសិករ​ខ្មែរ​យើង​ជាច្រើន​បាន​ងាក​មក​ដាំ​ដំណាំ​ទុរេន​វិញ​នេះ ធ្វើឱ្យ​ម្ចាស់​កសិដ្ឋាន​បណ្ដុះ​កូនឈើ​ដំណាំ​ហូប​ផ្លែ​គ្រប់​ប្រភេទ​ម្នា​ក់នៅ​ខេត្តបាត់ដំបង​លក់​កូនដើម​ទុរេន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លងមកនេះ​ទទួលបាន​ប្រាក់កម្រៃ​ក្នុង 1ខែ​ខ្ទង់​ម៉ឺន​ដុល្លារ។ លោក គួ​ន ឌឿ​ន នៅ​កសិដ្ឋាន​កសិកម្ម​ភ្នំព្រឹក​បាន​រៀបរាប់​ប្រាប់​កាសែត ឡា​រ៉ែ​ន​ពាណិជ្ជ​ថា មូលហេតុ​ដែល​កសិករ​ខ្មែរ​ចាប់អារម្មណ៍​ងាក​មក​ដាំ​ដំណាំ​ទុរេន​នេះ គឺ​ដោយសារ​កត្តា​តម្លៃ​ទីផ្សារ ព្រោះថា​ផ្លែ​ទុរេន​នេះ​ពេញនិយម​សម្រាប់​ការបរិភោគ​របស់​ពល​រដ្ឋ​ទូទៅ ហើយ​តម្លៃ​វា​មាន​លក្ខណៈ​ល្អប្រសើរ ពុំមាន​ការធ្លាក់​ថ្លៃ​ខ្លាំង ដូច​ផលិតផល​កសិកម្ម​ផ្សេងទៀត ដូច្នេះ​ទើប​ពួកគាត់​សម្រេចចិត្ត​ដាំ​ដំណាំ​ទុរេន​វិញ​ម្ដង។

    លោក គួន ឌឿនម្ចាស់កសិដ្ឋាន កសិកម្មភ្នំព្រឹក

    អ្នកមាន​បទពិសោធ​ខាង​កសិកម្ម​រូបនេះ​បាន​រៀបរាប់ថា បច្ចុប្បន្ន​នៅ​ស្រុក​ខ្មែរ​ពុំទាន់​មានការបណ្តុះ​ពូជ​ទុរេន​នៅឡើយ​ទេ ព្រោះ​គ្រាប់ពូជ​បណ្តុះ​នៅ​ស្រុក​យើង​ធ្វើ​មិនបាន​ល្អ។ ដូច្នោះ​ហើយ​ទើប​យើង​តែង​នាំ​ពូជ​ពី​ថៃ​មក​លក់ ដូចជា​កសិដ្ឋាន​របស់​លោកក៏បាន​នាំ​ពូជ​ពី​ថៃ​មក​លក់​បន្ត​ដែរ។ លោក​បាន​បញ្ជាក់ថា សព្វថ្ងៃ​ពូជ​ទុរេន​ដែល​នាំមក​លក់​មានតែ 2ប្រភេទ​ទេ​ដែល​គេ​និយម​ដាំ គឺ​ពូជ​ទុរេន​ថៃ​ឈ្មោះ​ម៉ន​ថង និង​ពូជ​ទុរេន​ម៉ាឡេស៊ី​ឈ្មោះ មូ​សាំ​ឃី​ង។ ប្រភេទ​ទុរេន​ទាំង2នេះ​នាំ​ចូលមក​រាង​ធូរ​ថ្លៃ គេ​និយម​ដាំ ដែល​យើង​នាំ​ចូលមក​លក់​បន្ត​ក្នុងតម្លៃ​ពី5$ ទៅ7$ក្នុង​មួយ​ដើម។

    លោក​បាន​ឱ្យដឹងទៀតថា កាលពី​ប៉ុន្មាន​ខែ​មុនកសិដ្ឋាន​លោក​បាន​បណ្ដុះ​កូន​ចេកអំបូង​លឿង​លក់​ទៅឱ្យ​ក្រុមហ៊ុន​ចិន​យកទៅ​ដាំ​នៅឯ​កសិដ្ឋានធំៗជាច្រើន​នៅ​បណ្តា​ខេត្ត​មួយចំនួន ប៉ុន្តែ​មកដល់​បច្ចុប្បន្ននេះ​លោក​បាន​នាំចូល​កូនដើម​ទុរេន​មក​លក់​វិញ​ម្ដង ដោយ​ក្នុង 1ខែ​លោក​អាច​លក់បាន​យ៉ាងតិច​បំផុត​ក៏ 1ម៉ឺន(10,000)ដើម​ដែរ។ ឯ​ការចំណាយ​ដើមទុន​វិញ​គឺ​ប្រមាណ​ជា2 ទៅ3ម៉ឺន​ដុល្លារ​ពេល​ទៅយក​កូន​ពី​ថៃម្តងៗដែល​រួមទាំង​ការដឹកជញ្ជូន​ផង(ក្នុង1ម៉ឺន​ដើម) ដូច្នេះ​បើ​គិត​ត្រឹមតែ 1ដើម​ចំណេញ​តែ1$នោះ ក្នុង1ខែ​គាត់​អាច​ចំណេញ​បាន1ម៉ឺន​ដុល្លារ​ដែរ។

    លោក ឌឿ​ន បានឱ្យដឹង​ទៀតថា ចំពោះ​ខេត្ត​ដែល​បាន​ទិញ​កូនដើម​ទុរេន​ពី​លោក​យកទៅ​ដាំ​មានដូចជាខេត្តរតនគិរី មណ្ឌលគិរី កំពង់ចាម កំពង់ធំ កំពត ត្បូងឃ្មុំ និង​សៀមរាប​ជាដើម ដែល​កសិដ្ឋាន​នៅក្នុង​បណ្តា​ខេត្ត​ទាំងនោះ​មាន​ចំនួន​ពី5 ទៅ10កសិដ្ឋាន ហើយ​ក្នុង​កសិដ្ឋាននីមួយៗមាន​ពី10 ទៅ20ហិកតា ចំណែក​ការដឹកជញ្ជូន គឺ​លោក​ដឹក​ទៅដល់​គោលដៅ​តែម្តង​ដោយ​ទូទាត់​តម្លៃ​តាម​ការចរចា។

    លោក​បាន​ប្រាប់ថា ក្នុងការ​នាំចូល​កូនដើម​ទុរេន​ពី​ថៃ​យកមក​លក់​នេះ គឺ​យើង​បាន​បង្រៀន​ពី​បច្ចេកទេស​ដាំ​ដុះ​ដល់​កសិករ​ដោយ​ពុំបាន​ឱ្យប្រើ​ជីគីមី​ទេ គឺ​ប្រើតែ​ជីធម្មជាតិ​ដោយមាន​អ្នកបច្ចេកទេស​មកពី​ប្រទេស​ថៃ​មក​ពន្យល់​ពី​ការដាំដុះ និង​ថែទាំ។ លោក​បន្តថា ថ្វីដ្បិតតែ​ទុរេន​មិន​ងាយស្រួល​ដាំ​ប៉ុន្មាន​មែន តែ​រយៈពេល​តែ 4ឆ្នាំ​ប៉ុណ្ណោះ ទុរេន​នឹង​ចាប់ផ្ដើម​ឱ្យ​ផល​ហើយ។ លោក​បន្ថែមថា ក្នុង​រយៈពេល​ដែល​ទុរេន​ចាប់ផ្ដើម​ឱ្យ​ផល​ដំបូង​នេះ អ្នក​ដាំ​ទទួលបាន​ផល​តិចតួច​នៅឡើយ​ទេ តែ​ចាប់ពី​ឆ្នាំ​ទី6ឡើងទៅ​ទើប​ទុរេន​ចាប់ផ្ដើម​ឱ្យ​ផល​ពេញទំហឹង ដោយ​ក្នុង1ដើម​បាន​ប្រមាណ​ជា100 ទៅ200គីឡូក្រាម ហើយ​វា​ក៏​អាច​កើនឡើង​បន្ថែមទៀត​ដែរ​នៅពេល​ដើម​កាន់តែ​ចាស់​ទៅ។

    លោក ឌឿ​ន បានឱ្យដឹងថា បើតាម​ម្ចាស់​ចម្ការ​ទុរេន1កន្លែង​ដែលមាន​ផ្ទៃដី​ដាំ​ដុះ​ចំនួន 5ហិកតា ស្មើនឹង​ទុរេន 200ដើម ស្ថិតក្នុង​ភូមិ​ជ្រី សង្កាត់​យក្ស​ឡោមក្រុង​បាន​លុង ខេត្តរតនគិរី​បានឱ្យដឹងថា បច្ចុប្បន្ន​ចំពោះ​ផ្ទៃដី 5ហិកតា​របស់គាត់​នេះ គាត់​អាច​រកប្រាក់​ចំណូល​បាន​ប្រមាណ​ជា 2ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង 1ឆ្នាំៗ ដោយ​លក់បាន​ក្នុង 1គីឡូ​តម្លៃ​ចន្លោះ​ពី1ម៉ឺន7ពាន់​រៀល ទៅ2ម៉ឺន2ពាន់​រៀល។

    លោក​ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ផងដែរ​ថា សុំឱ្យ​បន្ត​ការគាំទ្រ​កសិផល​ធម្មជាតិ​របស់​កូន​ខ្មែរ ព្រោះថា ប្រជាកសិករ​យើង​បាន​ងាក​មក​ចាប់ផ្ដើម​ដាំ​ដំណាំ​ទុរេន​ជា​បន្តបន្ទាប់​នៅក្នុង​ឆ្នាំ2018 នេះ បើទោះជា​ពូជ​នាំចូល​ពី​ប្រទេសជិតខាង និង​កសិផល​មានតម្លៃ​ខ្ពស់ជាង​បន្តិចបន្តួច​បើ​ធៀប​ជាមួយ​កសិផល​នាំចូល​ពី​ប្រទេសជិតខាង​ក៏ដោយ៕

  • តារាសម្ដែង គន់ រៀមរតនៈ ស្វះស្វែងរកជំនួយបំពេញក្ដីស្រម៉ៃបងប្រុសពិការជើងកម្សត់ម្នាក់

    តារាសម្ដែង គន់ រៀមរតនៈ ស្វះស្វែងរកជំនួយបំពេញក្ដីស្រម៉ៃបងប្រុសពិការជើងកម្សត់ម្នាក់

    ជឿជាក់ថា មហាជនជាច្រើនបានស្គាល់តារាសម្ដែងភេទទី3 លោក គន់ រៀមរតនៈ ហៅចែហ្សា តាមរយៈបទចម្រៀងនៅក្នុងផលិតកម្មថោន និងរឿងភាគទូរទ្សសន៍ល្បី «ប៉ាម៉ាក់ខ្ញុំប្រជែងកម្ម» ដែលថ្មីៗនេះ លោករមែងរំលេចសកម្មភាពជួយសង្គមតិចតួចស្តួចស្តើង លោកខំ​បរិច្ចាគទាំងដឹងថា ខ្លួនលំបាក។ លោក រតនៈ បានប្រឹងប្រែងប្រកាសស្វែងរកជំនួយជួយដល់បុរសខ្វិនជើងម្នាក់ ដែលមានក្ដីស្រម៉ៃចង់បានរទេះថ្មីមួយ។

    តាមរយៈហ្វេប៊ុកលោក គន់ រៀមរតនៈ បានសរសេរថា «អាណិតលោកពូណាស់ ពិការ ជើង តាំងពីកំណើត ក្តីសុបិន្តរបស់​លោកពូ ចង់បានរទេះរុញមួយ ទុកប្រើប្រាស់សម្រាប់ធ្វើដំណើរ។ ស្រុកកំណើតលោកពូ ស្ថិតនៅក្នុង ភូមិកំព្រៅ ឃុំភ្នៅទី១ ស្រុកសីធរកណ្តាល ខេត្ត ព្រៃវែង ព័ត័មានលម្អិត 098 993 969 ។ ជាមួយគ្នានេះនៅ​ថ្ងៃទី20 ស្អែកនេះ លោក ធន ម៉េងហ៊ាង នឹងនាំយករទេះរុញសម្ភារៈផ្សេងៗជាច្រើ​នទៀត ដែល​ទទួលបានពីសប្បុរសជននានា ទៅជូនដល់គាត់ហើ​យ នៅភូមិកំព្រៅ ឃុំព្នៅទី១ ស្រុកស៊ី​ធរកណ្តាល ខេត្តព្រៃវែង។ បងប្អូនសប្បុរសជន ដែលមានបំណងចង់ជួយដល់គាត់ ក៏នៅតែបន្តទទួល សូមគោ​រពអញ្ជើ​ញ តាមសទាជ្រះថ្លាបុណ្យ »។

    សូមបញ្ជាក់ផងដែរថា តាមរយៈដំណឹងនេះ តារាសម្ដែងរូបនេះសង្ឃឹមថា មានបងប្អូនក្នុង និងក្រៅសិល្បៈបានជ្រាបរឿងនេះហើយ ឬ មិនទាន់ជ្រាប នឹងបន្តជួយគ្នាបន្តិចម្នាក់ៗ ដើម្បីឱ្យ​បំណងបងប្រុសពិការបានតាមប្រាថ្នា។ជា ពិសេសអ្នកស្គាល់ គន់ រៀមរតនៈ នឹងរួមគ្នាសាងរូបភាពល្អទាំងអស់គ្នា ដើម្បីឱ្យមហាជនដឹងថា អ្នកសិល្បៈពិតជាចេះជួយគ្នារាប់អានគ្នាមិនថាជួបរឿងអ្វីក៏ដោយ៕

  • តប​បញ្ហា​សុខភាព​គូស្នេហ៍: ពិនិត្យ​សុខភាព​មុន​រៀបការ ត្រូវ​ពិនិត្យ​អ្វីខ្លះ?

    តប​បញ្ហា​សុខភាព​គូស្នេហ៍: ពិនិត្យ​សុខភាព​មុន​រៀបការ ត្រូវ​ពិនិត្យ​អ្វីខ្លះ?

    ការពិនិត្យ​សុខភាព​រាងកាយ​មុន​រៀបការ ជា​រឿង​ដែល​គូស្នេហ៍​ទាំងឡាយ​គួរ​ធ្វើ​មុននឹង​សម្រេចចិត្ត​រស់នៅ​ជាមួយគ្នា​ជា​ជីវិត​គូ ឬ​រៀបការ ឬ​ការ​សាង​ក្រុមគ្រួសារ​ជាមួយគ្នា​យ៉ាងពិត​ប្រាកដ។ ដោយសារតែម្នាក់ៗធ្លាប់តែ​រស់នៅ​តាមបែប​របស់​ខ្លួនឯងរៀងៗខ្លួន​នោះ ការពិនិត្យ​សុខភាព​រាងកាយ​មុន​រៀបការ នឹង​បញ្ជាក់ប្រាប់​ពី​សុខភាព​របស់​អ្នក​ទាំងពីរ រួមទាំង​ភាព​រឹងប៉ឹង និង​ភាព​ត្រៀម​ជាស្រេច​ក្នុងការ​មាន​បុត្រ​ផងដែរ។

    ចំណុច​ល្អ​របស់​ការពិនិត្យ​សុខភាព​រាងកាយ​មុន​រៀបការ
    1. បង្ហាញ​ពី​ភាព​ស្មោះស្ម័គ្រ​ចំពោះ​គ្នា​ទៅវិញទៅមក
    ដោយសារ​ការព្រម​ទៅពិនិត្យ​សុខភាព​ជាការ​បង្ហាញ​ប្រាប់​ពី​សេចក្ដីស្រឡាញ់​ដែលមាន​ចំពោះ​គ្នា និង​សម្ដែង​ឱ្យឃើញថា អ្នក​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​ពិនិត្យ​សុខភាព​ដើម្បី​រូបគេ(ឬ​នាង) ហើយ​បើសិនជា​រកឃើញ​ជំងឺ ឬ​រោគ​ណាមួយ​ដែល​អាច​ឆ្លង​រាលដាល​ទៅដល់​គេ(ឬ​នាង) ឬ​កូន ក៏​យើង​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​ទទួលយក​ការព្យាបាល ដើម្បី​ការពារ​ទុកជាមុន​ដែរ។

    2. ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ការ​សាង​ក្រុមគ្រួសារ
    ជាការ​ពិនិត្យ​ដើម្បី​រកមើល​ថា តើ​គូស្នេហ៍​របស់​អ្នកមាន​ជំងឺឆ្លង​ដែល​នឹង​បង្ក​គ្រោះថ្នាក់​ដល់​ការតាំង​គភ៌​ឬទេ? ដើម្បី​នឹង​បាន​ព្យាបាល​ជាមុន ព្រោះ​រូបអ្នក​ខ្លួនឯង​ក៏​ប្រហែលជា​ចង់ឃើញ​កូនតូច​កើតមក​ព្រមជាមួយ​សុខភាព​រាងកាយ​ដែល​រឹងមាំ និង​ល្អឥតខ្ចោះ​បំផុត​ដែរ។

    តើ​គ្រូពេទ្យ​នឹង​ពិនិត្យ​អ្វីខ្លះ?
    នៅពេល​យល់ព្រម​ទៅ​ជួប​គ្រូពេទ្យ​ជាមួយគ្នា​ហើយ ក្រៅពី​គ្រូពេទ្យ​នឹង​ពិនិត្យ​រាងកាយ​ជាទូទៅ​ហើយ ពេទ្យ​អាច​នឹង​ពិនិត្យ​ឈាម​ ដើម្បី​រកមើល​ភាពខុសប្រក្រតី​ណាមួយ​ដែល​អាច​នឹង​បង្កប់​នៅក្នុង​នោះ ដូចជា៖

    1. ក្រុម​ឈាម : ដើម្បី​ឱ្យដឹងថា ជា​ឈាម​ក្រុម A, B, AB ឬ O។

    2. ភាព​ខាប់​របស់​គ្រាប់​ឈាមក្រហម : ដើម្បី​រកមើល​ថា តើ​មាន​លោហិត​ស្លេក​ឬទេ? បើសិន​មាន​សភាវ​លោហិត​ស្លេក គ្រូពេទ្យ​នឹងធ្វើ​ការពិនិត្យ​រកមើល​មូលហេតុ​ជា​បន្ត។

    3. ស៊ី​ហ្វ៊ី​លី​ស ឬ​ដែល​និយម​ហៅថា រោគ​ស្វាយ :
    ជា​ជំងឺ​កាមរោគ​មួយ​ប្រភេទ។ អាច​មិន​ដែលមាន​ចេញ​អាការ​អ្វី​ប្លែក​មែន តែ​អាច​ពិនិត្យឃើញ​ដោយ​ការ​ពិន​ត្យ​ឈាម។

    4. រើម : ជំងឺ​នេះ​ជួន​កើត ជួន​បាត់ និង​មិនទាន់មាន​ថ្នាំ​ណាមួយ​អាច​ព្យាបាល​រោគ​រើម​ដែល​បង្កដោយ​មេរោគ​វីរុស​ឱ្យ​ជា​ដាច់​បាន​នៅឡើយ។

    5. វីរុស​រលាក​ថ្លើម B : បើ​រកឃើញថា មាន​មេរោគ​រលាក​ថ្លើម B ក៏​នឹង​បាន​មើលថែទាំ​ខ្លួនឯង និង​ការពារ​មិនឱ្យ​ឆ្លង​រាលដាល។

    6. មេរោគ​វីរុស​អេដស៍ : សម្រាប់​ការពិនិត្យ​រក​មេរោគ​អេដស៍​នេះ ស្រេច​លើ​ការស្ម័គ្រចិត្ត​របស់​អនាគត​គូ​ស្វាមីភរិយា​ថា តើ​ត្រូវការ​ពិនិត្យ​ឬទេ? តែ​អ្នក​ដែល​ដឹងខ្លួន​ថា ស្ថិតក្នុង​ក្រុម​ប្រថុយប្រថាន (ស្ត្រី​មាន​អាជីព​ពិសេស ពួក​ស្រឡាញ់​ភេទ​ដូចគ្នា) ក៏​គួរ​ពិនិត្យ​ទុកឱ្យហើយ​ប្រសើរ​ជាងនោះ​ក៏​ដោយសារតែ​មនុស្ស​គ្រប់រូប​ដឹង​ច្បាស់​ហើយ​ថា ម​ច្ចុរាជ​ដែលមាន​ឈ្មោះថា “អេដស៍” នេះ​គួរឱ្យ​ភ័យខ្លាច​ប៉ុនណា ហើយ​ការ​រួមភេទ​រួម​ឈាម​ជាមួយ​អ្នក​ដែល​ផ្ទុកមេរោគ​អេដស៍​នេះ អ្នក​មានឱកាស​ក្លាយជា “សមាជិក​ថ្មី” របស់​ពួកគេ​យ៉ាង​ប្រាកដ។

    ពេល​អាន​ចប់​ហើយ កុំអាល​ខ្លាច​ការរៀបការ​អី ព្រោះ​ការ​ស្គាល់​ពី​ជំងឺ ស្គាល់​ការការពារ ក៏​ប្រៀបដូចជា​មាន​ប្រព័ន្ធ​ការពារ​ជំងឺ​ដែល​ធ្វើឱ្យ​យើង​មាន​សុខ​ភាពល្អ​ដូច្នោះ​ដែរ ទោះជា​ជំងឺឆ្លង​តាម​ការ​មាន​ភេទ​សម្ព័ន្ធ​ប្រភេទ​ខ្លះ​នៅ​មិនទាន់មាន​ថ្នាំ​ព្យាបាល​ឱ្យ​ជា​ដាច់ ឬ​មាន​វ៉ាក់សាំង​ដែល​អាច​ការពារ​បាន​នៅឡើយ​ក្ដី តែ​ក៏​នៅមាន​វិធី​ផ្សេង​អាចជួយ​បានដែរ​បើ​បានដឹង​មុន​ដោយ​ការពិនិត្យ​សុខភាព​រាងកាយ​មុន​រៀបការ។ ទាំងអស់នេះ​គឺ​ដើម្បី​មិនឱ្យ​រោគ​ឆ្លង​រាលដាល​ទៅ​ស្វាមី ឬ​ភរិយា ឬ​កូនតូច​ក្នុង​គភ៌​តាមរយៈ​ឈាម​ហ្នឹងឯង៕

  • អ្នកនាង ខាត់ សុឃីម បង្ហាញក្ដីបារម្ភចំពោះលោកគ្រូអាយ៉ៃឆ្លើយឆ្លង ឈិន ឈៀង

    អ្នកនាង ខាត់ សុឃីម បង្ហាញក្ដីបារម្ភចំពោះលោកគ្រូអាយ៉ៃឆ្លើយឆ្លង ឈិន ឈៀង

    ជាក់ស្ដែងយើងមើលឃើញថា សិល្បករជើងចាស់មួយចំនួន ជាពិសេសផ្នែកសិល្បៈបុរាណ បានបោះបង់អាជីព ឬបាត់ដំណឹងសូន្យឈឺង ហើយមានខ្លះទៀតកំពុងធ្លាក់ខ្លួនឈឺ។ តារាស្រីពហុជំនាញ អ្នកនាង ខាត់ សុឃីម តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខសិល្បករផ្នែកសិល្បៈបុរាណទាំងអស់នោះជាប់ជានិច្ចចំនួនមិនដែលខាន។ ហើយថ្មីៗនេះ អ្នកនាង បានបង្ហាញពីក្ដីបារម្ភចំពោះលោកគ្រូ ឈិន ឈៀង ដែលជាវិរសិល្បករអាយ៉ៃបុរាណដែលកំពុងធ្លាក់ខ្លួនឈឺធ្ងន់ និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។

    អ្នកនាង ខាត់ សុឃីម បានធ្វើការបង្ហោះរូបភាព នៅលើគណនីហ្វេសប៊ុករបស់អ្នកនាង អំពីសិល្បករជើងចាស់ម្នាក់នេះ ដែលកំពុងដេកសម្រាកព្យាបាលលើគ្រែនៅឯមន្ទីរពេទ្យ ឱ្យមហាជនបានជ្រាប និងអំពាវនាវរកជំនួយសប្បុរសធម៌។ អ្នកនាងបានរៀបរាប់យ៉ាងដូច្នេះថា «សួមជម្រាបសួរបងប្អូនសិស្សានុសិស្ស ញាតិមិត្តជិតឆ្ងាយ លោកគ្រូ ឈិន ឈៀងសិល្បៈបុរាណ លោកកំពុងសម្រាកនៅមន្ទីរពេទ្យកាលម៉ែត្រ សូមអញ្ជើញទាំងអស់គ្នាទៅសួរសុខទុក្ខលោកគ្រូដោយសេចក្តីស្រឡាញ់ និងគោរពសម្រាប់សិល្បៈបុរាណខ្មែរយើង»៕

  • ភាព​ប៉ិនប្រសប់​មិន​ស្តែងចេញ​ត្រឹម​ពិន្ទុ​ក្នុង​សាលា​នោះទេ

    ភាព​ប៉ិនប្រសប់​មិន​ស្តែងចេញ​ត្រឹម​ពិន្ទុ​ក្នុង​សាលា​នោះទេ

    មនុស្ស​ពូកែ​មិន​ប្រាកដថា​មាន​ភាព​ប៉ិនប្រសប់​នោះទេ ហេតុនេះហើយ​ទើប​សិស្ស​ពូកែ​មួយចំនួន​តូច​បែរជា​មិនសូវ​ទទួលបាន​លទ្ធផល​ល្អ​ក្នុង​ការធ្វើការងារ​ទៅវិញ ហើយ​សិស្ស​មធ្យម​ក្នុង​ថ្នាក់​បែរជា​អាច​ទទួលបាន​លទ្ធផល​ការងារ​ល្អ​ជាង​ក៏មាន ព្រោះ​អ្នកខ្លះ​មានតែ​ចំណេះដឹង​ក្នុង​សាលា តែ​ខ្វះ​ភាព-​ប៉ិនប្រសប់​ក្នុង​ការងារ​ជាក់ស្តែង។

    ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកឡើងថា ចំណេះដឹង​សម្រាប់ធ្វើ​ការងារ​ពិតប្រាកដ មិនមែន​មានតែ​មុខវិជ្ជា​ដែល​សិក្សា​ពី​ក្នុង​សាលា​ទាំងស្រុង​នោះទេ តែ​វា​ត្រូវការ​ធាតុ​ផ្សំ​ជាច្រើន​ផ្សេងទៀត​ដែល​កើតចេញពី​បទពិសោធ និង​ភាព​ច្នៃប្រឌិត​របស់​មនុស្ស។ នៅពេល​យើង​ធ្វើ​ការងារ មិនមែន​ចាំបាច់​ត្រូវ​ប្រើតែ​ជំនាញ​មួយ​មុខ​នោះទេ តែ​ត្រូវការ​ភាព​ប៉ិនប្រសប់​ក្នុងការ​សម្របសម្រួល ​ដើម្បី​ធានាថា​ក្រុមការងារ​អាច​យល់​ពីគ្នា មាន​សមត្ថភាព​ក្នុងការ​ទំនាក់ទំនង​បានល្អ មាន​សមត្ថភាព​ដើម្បី​ធ្វើ​បទ​បង្ហាញ និង​រិះរក​គំនិត​ឆ្លាត​វៃ​ដើម្បី​ជំ​រុញឱ្យ​ការងារ​កាន់តែ​ធ្វើបាន​លឿន និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ឡើង។ ក្រៅពីនេះ បុគ្គលិក​ដែលមាន​គុណភាព​ខ្ពស់ ហើយ​ជា​សេចក្តីត្រូវការ​របស់​ក្រុមហ៊ុនធំៗ ចាំបាច់​ត្រូវតែ​ជា​អ្នក​ដែលមាន​ភាពជា​អ្នកដឹកនាំ​ខ្ពស់ ដែល​អាច​ប្រើប្រាស់​បាន​ទាំង​ជំនាញ​នៅក្នុង​សាលា និង​ជំនាញ​នៅក្រៅ​សាលា​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​វា​មាន​ភាពរលូន​ដើម្បី​អភិវឌ្ឍ​ដល់​ស្ថាប័ន​ទាំងមូល។

    ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន បាន​មានប្រសាសន៍ថា៖ “និស្សិត ឬ​ធនធានមនុស្ស​ដែលមាន​សមត្ថភាព​ធ្វើ​ការងារ អាចអនុវត្ត​បាន​ទៅតាម​កម្រិត​ជាក់ស្តែង។ មាន​អ្នកខ្លះ​ដាក់​ការងារ10ធ្វើ​បានតែ8 ឬ​តិច​ជាងនេះទៅទៀត ហើយ​អ្នក​ខ្លះទៀត​ដាក់​ការងារ​ឱ្យ10ធ្វើ​បានតែ10គត់ មានន័យថា គាត់​មិនអាច​ចេញពី​ខ្សែបន្ទាត់​ដែល​គេ​កំណត់​ស្រេច​នោះទេ តែ​ចំពោះ​អ្នក​ដែលមាន​ភាពជា​អ្នកដឹកនាំ​ខ្ពស់ គាត់​អាច​ចេញពី​តំបន់​ដែល​គេ​កំណត់​ស្រេច ហើយ​ធ្វើ​ការងារ​ក្នុង​វិសាលភាព​កាន់តែ​ទូលាយ​ឡើង។ អ្នកខ្លះ​គេ​ដាក់​មក10 គាត់​អាច​ធ្វើបាន​ច្រើនជាង​នេះ ឬ​ធ្វើ​បានល្អ​លើសពី​អ្វីដែល​អ្នកគ្រប់គ្រង​រំពឹងទុក​ទៅទៀត”។

    រដ្ឋមន្ត្រីក្រសួង​អប់រំ បានលើកឡើង​ផងដែរ​ថាពិន្ទុ​នៅក្នុង​សាលា ឬ​ការសិក្សា​នៅក្នុង​សាលា គ្រាន់តែ​ជា​មូលដ្ឋានគ្រឹះ ឬ​ក្បួនខ្នាត​ដើម្បី​ធ្វើ​ការងារ​ឱ្យបាន​ត្រឹមត្រូវ​ប៉ុណ្ណោះ តែ​ការអភិវឌ្ឍ ឬ​ធ្វើ​ការងារ​នោះ​ល្អ​កម្រិតណា អាស្រ័យ​លើ​វិធីសាស្ត្រ​ផ្ទាល់ខ្លួន​របស់​បុគ្គល​នោះ។ ចំណេះដឹង​ដែល​អាចធ្វើឱ្យ​ពួកគាត់​មាន​សមត្ថភាព​ក្នុង​ការធ្វើការងារ​ខ្លាំងជាងគេ អាច​កើតចេញពី​ការ​ស្វះស្វែង​ព្យាយាម​ស្វែងយល់​បន្ថែម​ផ្ទាល់ខ្លួន បូករួម​ទាំង​ភាព​ឆ្លាត​វៃ​ក្នុងការ​សង្កេត​ពីអ្វី​ដែលមាន​ស្រាប់​ហើយ​បំបែក​ឱ្យទៅជា​ក្បួន ឬ​វិធី​ឆ្លាត​វៃ​នានា។ នៅ​ប្រទេស​អភិវឌ្ឍ​ន៍ខ្លះ សិស្ស-និស្សិត​គេ​ខិតខំ​ប្រឹងប្រែង​យក​ក្បួនខ្នាត​ដែលមាន​ស្រាប់​ទៅ​ស្រាវជ្រាវ​បន្ត​ដើម្បី​ធ្វើយ៉ាងណា​បង្កើតជា​សមិទ្ធ​ផល ឬ​វិធីសាស្រ្តថ្មីៗបន្ថែមទៀត ហើយ​ចំណុច​នេះ​ក៏​ជា​អ្វីដែល​យើង​ចង់​ជំរុញ​ឱ្យ​សិស្ស-និស្សិត​កម្ពុជា​ខិតខំ​ប្រឹងប្រែង​ផងដែរ។

    លោក​សាស្ត្រាចារ្យ សុខ ខុម ព្រឹទ្ធបុរស​មហាវិទ្យាល័យ​វិស្វកម្ម និង​ស្ថាបត្យកម្ម​នៃ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ បាន​លើកឡើងថា ការសិក្សា​ចាំបាច់​ត្រូវតែមាន​ការអនុវត្ត​ផ្ទាល់​ឱ្យបាន​ច្រើន ព្រោះ​បើសិនជា​មិន​អនុវត្ត​ផ្ទាល់​ទេ និស្សិត​នឹងមិន​មានឱកាស​ច្រើន​ដើម្បី​បង្ហាញ​ស្នាដៃ​ពិតប្រាកដ​ពី​ការសិក្សា​នៅក្នុង​ថ្នាក់​នោះទេ។ ម្យ៉ាងវិញទៀត និស្សិត​ក៏​គួរតែ​ជា​អ្នក​ដែល​ព្យាយាម​ស្វែងយល់ សង្កេត និង​ប្រមូល​ព័ត៌មាន​ឱ្យបាន​ច្រើន​ទាក់ទង​នឹង​ជំនាញ​របស់ខ្លួនព្រោះ​ពិភពលោក​មានការ​ប្រែប្រួល ហេតុនេះ​នៅពេលដែល​យើង​មាន​ព័ត៌មាន​ច្រើន យើង​អាច​នឹង​ក្លាយជា​មនុស្ស​ដែលមាន​សមត្ថភាព​ខ្លាំង​ជាងគេ ហើយក៏​អាច​ប្រើប្រាស់​វា​ក្នុងការ​ប្រកួតប្រជែង​ក្នុង​ទីផ្សារការងារ​ផងដែរ។

    សាស្ត្រាចារ្យ សុខ ខុម បាន​មានប្រសាសន៍ថា៖ “ការធ្វើការងារ​ដែល​ពាក់​ព័ន្ធ​នឹង​ជំនាញ​របស់ខ្លួន​ក្នុងពេល​កំពុង​សិក្សា​អាចជា​វិធី​ល្អ​មួយ​ជំ​រុញឱ្យ​និស្សិត​កាន់តែ​មាន​ភាព​សមត្ថភាព និង​ឱកាស​អនុវត្ត​ផ្ទាល់​ចំពោះ​អ្វីដែល​ខ្លួន​បាន​រៀន។ និស្សិត​ខ្លះ​ឆ្នាំ​ទី3 ឬ​ឆ្នាំ​ទី4 គាត់​ចាប់​ផ្តើមចេញ​ធ្វើ​ការងារ​ដើម្បី​រក​ចំណូល​ខ្លួនឯង​ផង និង​ដើម្បី​កសាង​បទពិសោធ​ជាក់ស្តែង​ផង។ វិធី​នេះ​អាចធ្វើឱ្យ​គាត់​ចំណេញ​ទាំង​ថវិកា​សម្រាប់​ការសិក្សា និង​ចំណេះដឹង​សម្រាប់​អាជីព​ផ្ទាល់ខ្លួន”។

    អ្នកជំនាញ​អប់រំ​ខាងលើ​បានលើកឡើង​ផងដែរ​ថា ការសិក្សា​នៅ​មហាវិទ្យាល័យ ឬ​ការសិក្សា​ដើម្បី​ទទួលបាន​ការងារ​ពិតប្រាកដ ត្រូវការ​ការតស៊ូ និង​ការយកចិត្តទុកដាក់។ ហេតុនេះ​អ្នក​ដែលមាន​ភាព-​ឆ្លាត​វៃ​ពិតប្រាកដ គឺជា​អ្នក​ដែល​យល់​ពី​ការខិតខំ​ប្រឹងប្រែង​ដើម្បី​អាជីព​ការងារ មិនមែន​គ្រាន់តែ​រៀន​ដើម្បី​ឱ្យបាន​ពិន្ទុ​ល្អ​ក្នុង​ថ្នាក់​នោះទេ។ ម្យ៉ាងវិញទៀត ប្រសិនបើ​យើង​មាន​សមត្ថភាព​គ្រប់គ្រាន់​ហើយ ស្គាល់​ពិភព​ការងារ​បានល្អ និង​មាន​ភាព​ឆ្លាត​វៃ​ក្នុង​ការយល់​ពី​អតិថិជន​ហើយ យើង​នឹង​អាច​ក្លាយជា​អ្នកជំនាញ​ដែល​គេ​ត្រូវការ៕

  • Hamilton ថា ការ​តាម​ឱ្យ​ស្មើ​កំណត់ត្រា​របស់ Schumacher មិន​ស្ថិតក្នុង​គម្រោង​ឡើយ

    Hamilton ថា ការ​តាម​ឱ្យ​ស្មើ​កំណត់ត្រា​របស់ Schumacher មិន​ស្ថិតក្នុង​គម្រោង​ឡើយ

    កីឡាករ​ប្រណាំង​រថយន្ត Lewis Hamilton នឹង​ខិត​កាន់តែ​កៀក​ទៅជិត​កំណត់ត្រា​របស់ Michael Schumacher ហើយ ប្រសិនបើ​រូបគេ​ឈ្នះ​ពាន Formula One ពិភពលោក​ជា​លើក​ទី5 នៅ​ចុង​សប្តាហ៍​នេះ ក្នុង​ទីក្រុង Austin ប៉ុន្តែ រូបគេ​បានបញ្ជាក់​ប្រាប់​កាលពី​ថ្ងៃ​ពុធ​ថា ការ​តាម​ស្មើ​កំណត់ត្រា​របស់​អតីត​កីឡាករ​ដ៏​ឆ្នើម​របស់​អាល្លឺម៉ង់​រូបនេះ មិនបាន​ស្ថិតក្នុង​ផែនការ​របស់គេ​ឡើយ។

    កីឡាករ​របស់​ក្រុម Mercedes រូបនេះ​កំពុង​ស្ថិតនៅ​ពីក្រោយ​កំណត់ត្រា​នៃ​ការ​ឈ្នះ​ពាន​ពិភពលោក​ចំនួន 7លើក​របស់ Schumacher ត្រឹមតែ 2លើក​ទៀត​ប៉ុណ្ណោះ ប្រសិនបើ​រូបគេ​រកបាន 8ពិន្ទុ​ច្រើនជាង​កីឡាករ Sebastian Vettel របស់​ក្រុម Ferrari ក្នុង​ទីក្រុង Austin នៅ​ថ្ងៃអាទិត្យ​នេះ។ ប៉ុន្តែ Hamilton បាន​បញ្ជាក់ថា រូបគេ​បានសម្រេច​នូវ​មហិច្ឆតា​ក្នុង​ជីវិត​របស់គេ​កាលពី​ឆ្នាំ2015រួចហើយ ដែល​នៅពេលនោះ​រូបគេ​បាន​តាម​ស្មើ​កំណត់ត្រា​របស់​តារា​ឆ្នើម​ក្នុង​ដួងចិត្ត​របស់គេ គឺ​លោក Ayrton Senna ម្ចាស់​ជើងឯក​ពិភពលោក 3សម័យកាល​របស់​ប្រេ​ស៊ី​ល ដែល​បាន​ស្លាប់​កាលពី​ឆ្នាំ1994 ហើយ​ថា ការ​តាម​ឱ្យ​ស្មើ​កំណត់ត្រា​របស់ Schumacher មិនបាន​ស្ថិតក្នុង​គោលដៅ​របស់គេ​ឡើយ។

    Hamilton បាន​ប្រាប់​បណ្តាញសារព័ត៌មាន Reuters ថា៖ «និយាយ​ឱ្យ​ត្រង់​ទៅ នោះ​មិនមែនជា​គោលដៅ​របស់ខ្ញុំ​ឡើយ។ ខ្ញុំ​បានចាប់ផ្តើម​ជាមួយនឹង​គោលដៅ​ដើម្បី​តាម​ស្មើ​លោក Ayrton Senna ឬ​តាម​ស្មើ​លោក Ayrton Senna ដែលជា​មនុស្ស​ធ្វើឱ្យ​ខ្ញុំ​ចង់​ធ្វើតាម។ ខ្ញុំ​បាន​តាម​ស្មើ​កំណត់ត្រា​របស់គាត់​កាលពី 2ឆ្នាំមុន។ ហេតុនេះ ចាប់តាំងពី​ពេលនោះ​មក ខ្ញុំ​មិនមាន​គោលដៅ​ផ្សេង​ឡើយ»៕

    ប្រភពពី៖ Channel News Asia

  • នាង Ariana Grande ប្រគល់ចិញ្ចៀនភ្ជាប់ពាក្យតម្លៃ 1សែនដុល្លារទៅអតីតគូស្នេហ៍វិញ

    នាង Ariana Grande ប្រគល់ចិញ្ចៀនភ្ជាប់ពាក្យតម្លៃ 1សែនដុល្លារទៅអតីតគូស្នេហ៍វិញ

    តាមរយៈសារព័ត៌មាន Mthai ដែលទើបចេញផ្សាយនៅពេលថ្មីៗនេះ បានឱ្យដឹងថា តារាចម្រៀងស្រី Ariana Grande បានរំលាយទំនាក់ទំនងស្នេហាជាមួយគូស្នេហ៍ Pete Davidson ដោយការផ្ដាច់ពាក្យ និងប្រគល់ចិញ្ចៀនភ្ជាប់ពាក្យតម្លៃ 1 សែនដុល្លារសហរដ្ឋអាមេរិកទៅឱ្យគូស្នេហ៍វិញ បន្ទាប់ពីបានសាងក្ដីស្នេហ៍ជាមួយគ្នាអស់រយៈពេលជាង 3ខែមកនេះ។

    ប្រភពស្និទ្ធស្នាលជាមួយក្រុមគ្រួសារតារាចម្រៀងស្រីរាងតូចច្រឡឹងរូបនេះ បានប្រាប់អ្នកសារព័ត៌មាន The People ថា នាងបានប្រគល់ចិញ្ចៀនសងវិញ និងបានផ្ដាច់ពាក្យដោយមានអារម្មណ៍ថា ទង្វើរបស់នាងពិតជាគិតបានត្រឹមត្រូវហើយ។ ពួកគេមិនបានចែកផ្លូវគ្នាមួយរយភាគរយនោះទេ គ្រាន់តែរស់នៅផ្សេងគ្នា ព្រោះថា មានរឿងជាច្រើនទៀត ប្រហែលមិនមានភាពជាក់លាក់តែប៉ុណ្ណោះ ។

    យ៉ាងណាមិញ នាង Ariana Grande  ទើបតែបានបង្ហាញខ្លួននៅក្នុងកម្មវិធីទូរទស្សន៍មួយកាលពីថ្ងៃច័ន្ទ កន្លងទៅថ្មីៗនេះ ក៏ប៉ុន្ដែនាងពុំបាននិយាយដល់រឿងទំនាក់ទំនងស្នេហានោះឡើយ នាងបានត្រឹមតែផ្ដោតការនិយាយទៅលើរឿងចេញអាល់ប៊ុមចម្រៀងថ្មី ដែលគ្រោងបង្ហាញវត្តមាននៅលើទីផ្សានាពេលឆាប់ៗខាងមុខនេះតែប៉ុណ្ណោះ។ នាងរំពឹងថា បទថ្មីនេះ នឹងដណ្ដើមបានតំណែងតារាចម្រៀងស្រីពោរពេញទៅដោយទេពកោសល្យនៅក្នុងកម្មវិធី Music AWard 2019៕