Category: សង្គម និងសេដ្ឋកិច្ច

  • Pacquiao និង Broner នឹង​ប្រកាស​ពី​ការប្រកួត​ផ្លូវការ​របស់ខ្លួន​នៅ​សប្តាហ៍​ក្រោយ

    Pacquiao និង Broner នឹង​ប្រកាស​ពី​ការប្រកួត​ផ្លូវការ​របស់ខ្លួន​នៅ​សប្តាហ៍​ក្រោយ

    ជើងឯក​ខ្សែក្រវាត់​ពិភពលោក 8ប្រភេទ​ទម្ងន់ Manny Pacquiao នឹងត្រូវ​ប្រកាស​ពី​ការប្រកួត​ការពារ​ខ្សែក្រវាត់​ក្នុង​ទម្ងន់ 66.7គីឡូក្រាម ពី​ស្ថាប័ន WBA របស់គេ​ជាមួយនឹង​កីឡាករ Adrien “The Problem” Broner ក្នុង​ដំណើរ​ផ្សព្វផ្សាយ​នៅលើ​ទឹកដី​អាមេរិក នៅ​សប្តាហ៍​ក្រោយនេះ។ នេះ​បើ​យោងទៅតាម​បណ្តាញសារព័ត៌មាន​នានា។

    ការប្រកួត​ដែល​នឹងត្រូវ​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី19 ខែមករា ឆ្នាំ2019 នឹងត្រូវ​ប្រកាស​ជា​ផ្លូវការ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ថ្ងៃ​ចន្ទ (ត្រូវ​នឹង​ថ្ងៃ​អង្គារ នៅ​កម្ពុជា) ក្នុង​ទីក្រុង​ញូវយ៉ក​សប្តាហ៍​ក្រោយនេះ។ នេះ​បើ​យោងទៅតាម​គេហទំព័រ Boxing Scene។ ការប្រកាស​នេះ នឹងត្រូវ​ធ្វើឡើង​នៅមុន​ពេល​សន្និសីទ​សារព័ត៌មាន​មួយ​ផ្សេងទៀត​សម្រាប់​ការប្រកួត​រវាង Pacquiao និង Broner នៅ​ថ្ងៃ​អង្គារ (ត្រូវ​នឹង​ថ្ងៃ​ពុធ) ក្នុង​ទីក្រុង Los Angeles។

    ការប្រកួត​ជាមួយនឹង Broner គឺជា​ផ្នែក​មួយ​នៃ​ការខិតខំ​ព្យាយាម​របស់ Pacquiao ក្នុងការ​ទទួលបាន​កា​រ​ប្រកួត​សងសឹក​ជាមួយនឹង​កីឡាករ Floyd Mayweather Jr.។ កីឡាករ​ជំនាញ​ដៃ​ឆ្វេង​រូបនេះ​មានកំណត់​ត្រា​ឈ្នះ 60លើក ចាញ់ 7លើក និង​ស្មើ 2លើក ក្នុងនោះ​ផ្តួល​ដៃគូ​ឱ្យ​សន្លប់ 39លើក។

    ក្នុង​អាជីព​ប្រដាល់​ដែល​បានចាប់ផ្តើម​ក្នុង​ឆ្នាំ1995 មក​នោះ Pacquiaoនឹង​ឈានចូល​វ័យ 40ឆ្នាំ​នៅ​ខែធ្នូ ស្របពេល​កីឡាករ​អាមេរិក Broner មាន​វ័យ 33ឆ្នាំ ចាញ់ 3លើក និង​ស្មើ 1លើក ក្នុងនោះ​ផ្តួល​ដៃគូ​ឱ្យ​សន្លប់ 24លើក។

    Pacquiao ដែលជា​កីឡាករ​ប្រដាល់​តែ​ម្នាក់​គត់​ដែល​ឈ្នះ​ខ្សែក្រវាត់​ពិភពលោក 8ប្រភេទ​ទម្ងន់​ផ្សេងគ្នា​នោះ បាន​និយាយ​កាលពី​ខែតុលា​ថា រូបគេ​មាន​ភាពច្បាស់លាស់ 90ភាគរយ​ថា រូបគេ​នឹង​ប្រកួត​ជាមួយនឹង Broner ដែលជា​អតីត​ម្ចាស់​ខ្សែក្រវាត់ 4ប្រភេទ​ទម្ងន់​ផ្សេងគ្នា៕

    ប្រភពពី៖ Straits Times

  • ក្រុម​យុវវិស្វករ​ខ្មែរ​ច្នៃ​បច្ចេកវិទ្យា​ដើម្បី​គ្រប់គ្រង​សំរាម

    ក្រុម​យុវវិស្វករ​ខ្មែរ​ច្នៃ​បច្ចេកវិទ្យា​ដើម្បី​គ្រប់គ្រង​សំរាម

    សំរាម​ជា​ផ្នែក​មួយ​ដ៏​ចាំបាច់​ដែល​ត្រូវ​យកចិត្តទុកដាក់​សម្រាប់​កម្ពុជាដែលជា​ប្រទេស​កំពុងអភិវឌ្ឍន៍ ហេតុនេះ​សណ្តាប់ធ្នាប់ និង​បរិស្ថាន​ល្អ អាច​ក្លាយជា​ចំណុច​ទាក់ទាញ​យ៉ាងសំខាន់​ដើម្បី​ធ្វើឱ្យ​ប្រទេស​ដែលមាន​សក្តានុពល​មួយ​នេះ​កាន់​តែមាន​ភាព​ទាក់ទាញ​សម្រាប់​ការធ្វើដំណើរ​កម្សាន្ត និង​ការធ្វើ​អាជីវកម្ម។

    ដោយ​មើលឃើញ​ពី​សារៈសំខាន់​នៃ​ការគ្រប់គ្រង​សំរាម​នៅ​កម្ពុជា ក្រុម​អ្នកជំនាញ​វិស្វកម្ម និងពាណិជ្ជកម្ម​មួយក្រុម​បានចាប់ផ្តើម​ប្រើប្រាស់​ចំណេះដឹង​របស់ខ្លួន​ដើម្បី​បង្កើតជា​ផលិតផលបច្ចេកវិទ្យា​ទំនើប​សម្រាប់​គ្រប់គ្រង​សំរាម ដែលមាន​ឈ្មោះថា ធុងសំរាម​ឆ្លាត​វៃ ឬ SmartBin Cambodia។ កញ្ញា គឹម ច័ន្ទ​អម្រឹត​វ​ត្តី សហ​ស្ថាបនិក SmartBin Cambodia បាន​លើកឡើងថា ទីក្រុង​ភ្នំពេញ​នាពេល​បច្ចុប្បន្ននេះ មាន​សំរាម​រហូតដល់​ទៅ 1,200តោន​ក្នុង​មួយថ្ងៃ ហើយ​បើតាម​ការប៉ាន់ស្មាន នៅ​ឆ្នាំ2030 សំរាម​នៅ​កម្ពុជា​អាច​នឹង​កើនឡើង​ដល់ 3,000តោន​ក្នុង​មួយថ្ងៃ ហេតុនេះ​ការគ្រប់គ្រង​សំរាម គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​ដែល​ត្រូវតែ​គិតគូរ ព្រោះ​បើ​យើង​គ្រប់គ្រង​មិនល្អ វា​នឹង​ធ្វើឱ្យ​ទីក្រុង​ដ៏​ស្រស់ស្អាត​ទាំងមូល​បាត់បង់​សោភណភាព។ ជាក់ស្តែង កត្តា​ប្រឈម​នាពេល​បច្ចុប្បន្ន​ក្នុង​ទីក្រុង​ភ្នំពេញ គឺ​កើតមានឡើង​ដោយសារតែ​ការគ្រប់គ្រង​សំរាម​នៅមានកម្រិត ព្រោះ​តំបន់​ខ្លះ​មាន​សំរាម​ច្រើន​រហូតដល់​ហៀរ​ក្រៅ​ធុង ហើយ​កន្លែង​ខ្លះទៀត មាន​សំរាម​ច្រើនតែ​គ្មាន​ធុងសំរាម​ទៅវិញ។ កត្តា​ទាំងអស់នេះ​កើតឡើង​ដោយសារតែ​បញ្ហា​ប្រជាជន​ដែល​មិនទាន់​យល់ដឹង​ពី​ការ​ទុកដាក់​សំរាម និង​ខ្វះ​ការ​ចិត្ត​ទុកដាក់​ក្នុងការ​បែងចែក​សំរាម​ឱ្យបាន​ត្រឹមត្រូវ និង​មិនទាន់មាន​គោលនយោបាយ​លើកទឹកចិត្ត​ប្រជាជន​ឱ្យ​ចេះ​បែងចែក​សំរាម។ កញ្ញា គឹម ច័ន្ទ​អម្រឹត​វ​ត្តី បាន​និយាយថា៖ “ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់នេះ ក្រុម​របស់ខ្ញុំ​បាន​បង្កើត​ធុងសំរាម​ឆ្លាត​វៃ ដើម្បី​ជួយ​ឱ្យ​ប្រជាជន​កាន់​តែមាន​ភាពងាយស្រួល​ក្នុងការ​គ្រប់គ្រង​សំរាម និង​លើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​គិតគូរ​ពី​បញ្ហា​នេះ​ឱ្យបាន​កាន់តែ​ច្រើនឡើង​នៅក្នុង​សង្គម”។

    ក្រុមស្ថាបនិក SmartBin Cambodia

    កញ្ញា គឹម ច័ន្ទ​អម្រឹត​វ​ត្តី បានលើកឡើង​ផងដែរ​ថាតាមរយៈ​ធុងសំរាម​ឆ្លាត​វៃ​នេះ គ្រប់​ទីកន្លែង​នៅក្នុង​ទីក្រុង​អាច​នឹងមាន​ស្ថាន​ភាពល្អ​ប្រសើរឡើង ព្រោះ​វា​ជា​ឧបករណ៍​ដែល​រួមបញ្ចូល​គ្នា​រវាង​គំនិត​បច្ចេកវិទ្យា និង​គំនិត​បរិស្ថាន។ ធុងសំរាម​នេះ​ត្រូវបាន​កែច្នៃ និង​គិតគូរ​យ៉ាង​ល្អិតល្អន់​ពី​គំនិត​នានា​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ប្រជាជន​កាន់តែ​ងាយស្រួល​ក្នុងការ​ទុកដាក់​សំរាម កាត់បន្ថយ​ភាព​ខ្ជះខ្ជាយ​លើ​ការគ្រប់គ្រង​សំរាម និង​ងាយស្រួល​កែច្នៃ​ឡើងវិញ​នូវ​របស់របរ​ដែល​យើង​ប្រើប្រាស់​រួច។ វា​អាចធ្វើឱ្យ​មនុស្ស​កាន់តែ​យល់ដឹង​ពី​តម្លៃ​នៃ​ការថែរក្សា​បរិស្ថាន ហើយ​លើកស្ទួយ​ដល់​មុខមាត់​សង្គម​ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដោយ​មនុស្សម្នាក់ៗចាប់ផ្តើម​ចេះ​គ្រប់គ្រង​សំរាម​ទៅតាម​ប្រភេទ​យ៉ាងច្បាស់​លាស់​ជា​រៀងរាល់ថ្ងៃ។

    លោក ជិម មិនា ជា​វិស្វករ​អេឡិចត្រូនិក និង​ជា​សហ​ស្ថាបនិក SmartBin Cambodia បាន​លើកឡើងថា ធុងសំរាម​ឆ្លាត​វៃ​នេះ​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​ជាច្រើន​ដែលមាន​មុខងារសំខាន់ៗ ដូចជា​មុខងារ​គ្រប់គ្រង​បរិមាណ​សំរាម​នៅ​ប្រទេស​កម្ពុជា​កាន់តែ​មាន​ប្រសិទ្ធភាព​ជាង​មុន ព្រោះ​វា​អាច​ផ្តល់​ទិន្នន័យ​ដល់​អ្នកគ្រប់គ្រង​សំរាម​ច្បាស់លាស់ ដែល​ធ្វើឱ្យ​អ្នកធ្វើការងារ​ប្រមូល​សំរាម​អាច​ដឹង​ច្បាស់​ថា ធុង​ណា​ពេញ ហើយ​ធុង​ណា​ជិត​ពេញ។ លើសពីនេះទៅទៀត ធុងសំរាម​ឆ្លាត​វៃ​ក៏មាន​ប្រព័ន្ធ​សម្រាប់​សន្សំ​ពិន្ទុ ដើម្បី​ប្តូរ​មកវិញ​ជា​វត្ថុ​អនុស្សាវរីយ៍ និង​ការ​បញ្ចុះតម្លៃ​ពី​ហាង​ជា​ដៃគូ​ជាច្រើន​របស់ Smart Bin។ ប្រព័ន្ធ​នេះ​ត្រូវបាន​គ្រប់គ្រង​តាមរយៈ SmartPhone មានន័យថា ប្រជាជន​កម្ពុជា​គ្រាន់តែ​ទាញយក​កម្មវិធី Smart Bin នៅក្នុង​ទូរស័ព្ទដៃ បន្ទាប់មក​បង្កើត​គណ​នី​ផ្ទាល់ខ្លួន​ដើម្បី​សន្សំ​ពិន្ទុ​ពី​ការ​បោះចោល​សំរាម។

    លោក ជិម មិនា បាន​និយាយថា៖ “វិធី​ទទួលបាន​ពិន្ទុ​ងាយ​បំផុត គឺ​អ្នក​ទាំងអស់គ្នា​គ្រាន់តែ​បោះចោល​សំរាម​ឱ្យបាន​ត្រឹមត្រូវ​ទៅតាម​ប្រភេទ​ដូចជា សំបក​កំប៉ុង​ភេសជ្ជៈ​ដែក កំប៉ុង​ជ័រ ឬ​ដប​កែវ និង​ប្រភេទ​សំរាមផ្សេងៗទៀត បន្ទាប់មក​យើង​គ្រាន់តែ​ស្គែ​ន QR Code នៅលើ​ធុងសំរាម​ដើម្បី​ទទួលយក​ពិន្ទុ​ជាការ​ស្រេច”។

    អ្នកជំនាញ​ខាងលើ​បានលើកឡើង​ផងដែរ​ថា វិធី​ម្យ៉ាងទៀត​ប្រសិនបើ​យើង​ភ្លេច​យក​ទូរស័ព្ទដៃ​តាម​ខ្លួន ក៏​យើង​អាចមាន​លេខ​កូដ​ផ្ទាល់ខ្លួន​ដើម្បី​បញ្ចូល​ទៅលើ​ធុងសំរាម​នោះ​សម្រាប់​ទាញយក​
    រង្វាន់​នៅពេល​យើង​បោះចោល​សំរាម​បាន​ផងដែរ។ នៅពេល​មនុស្ស​គ្រប់គ្នា​អាច​ទទួលបាន​ពិន្ទុ ហេតុនេះគាត់​អាច​នឹង​រីករាយ​ក្នុងការ​រើស​សំរាមផ្សេងៗដែល​រាយប៉ាយ​នៅ​ទីសាធារណៈ​ដើម្បី​ទទួលបាន​ពិន្ទុហើយ​ទម្លាប់​នេះ​អាច​នឹង​ធ្វើឱ្យ​សង្គម​កាន់តែ​ប្រសើរឡើង។ លើសពីនេះទៅទៀត វា​ក៏​ជា​ឧបករណ៍​ម្យ៉ាង​ដែល​អាចជួយ​ឱ្យ​សង្គម​ទាំងមូល​កាត់បន្ថយ​ចំណាយនិង​រយៈពេល​ក្នុងការ​គ្រប់គ្រង​សំរាម។ ក្រៅពីនេះ​វា​ក៏​ជា​ផ្នែក​មួយ​ក្នុងការ​លើកទឹកចិត្ត​ឱ្យមាន​ការកែច្នៃ​សំរាម​សម្រាប់​ប្រើ​ឡើងវិញ ដើម្បី​ចូលរួមចំណែក​កាត់បន្ថយ​សំរាម​ក្នុង​ទីលាន​ចាក់សំរាម​ដែល​កំពុង​ជួប​បញ្ហា​ប្រឈម​ជាច្រើន​នាពេល​បច្ចុប្បន្ននេះ និង​ឈានទៅដល់​ការកាត់បន្ថយ​ហានិភ័យ​លើ​សុខភាព​របស់​មនុ​ស្សបាន​យ៉ាង​ល្អប្រសើរ។

    ក្រុមស្ថាបនិក​ SmartBin Cambodia ទទួលប័ណ្ណសរសើរ

    គម្រោង SmartBin Cambodia នេះ ជា​គម្រោង​បង្កើតឡើង​ដោយ​កូន​ខ្មែរ ដែល​ទទួលបាន​ជយលាភី​លេខ1 ក្នុង​កម្មវិធី Techno Innovation Challenge ជាប់​ជយលាភី​លេខ2 ក្នុង​កម្មវិធី French Cambodia Research day និង​ទទួលបាន​ជយលាភី​លេខ3 ក្នុង​កម្មវិធី Youth Eco Labs។ SmartBin បច្ចុប្បន្ននេះ​ជា​ក្រុម​នាំមុខគេ​មួយ​ក្នុងចំណោម​ក្រុម 3 ចុងក្រោយ​បំផុត​នៃ​កម្មវិធី Toyota Impact Challenge ដែល​នឹងធ្វើ​បទ​បង្ហាញ​ចុង​វគ្គ​ផ្តាច់​ព្រ័​ត្រនៅ​ថ្ងៃទី19 ខែមករា ឆ្នាំ2019 ខាងមុខនេះ៕

  • ផ្ទុះកំហឹង !! អ្នកនាង ឆៃលី ដាឡែន ពន្លះបុរសម្នាក់មិនសំចៃមាត់

    ផ្ទុះកំហឹង !! អ្នកនាង ឆៃលី ដាឡែន ពន្លះបុរសម្នាក់មិនសំចៃមាត់

    មានការភ្ញាក់ផ្អើលមិនតិចទេ បន្ទាប់ពីតារាចម្រៀង អ្នកនាង ឆៃលី ដាឡែន ដែលត្រូវគេស្គាល់ថាមានឈ្មោះក្រៅសិល្បៈថា មឿន ម៉ាឡែន បានបង្ហោះសំណេរព្រលះដល់បុរសម្នាក់ ដែលមាក់ងាយនាងក្នុងសារឆ្លងឆ្លើយ។ អ្នកនាង និង បុរសនោះ ត្រូវគេឃើញផ្ទុះជម្លោះដាក់គ្នាទៅវិញទៅមក ដោយសំណេរឆ្លងឆ្លើយរបស់អ្នកទាំង គ្រាន់តែអានក៍ញាក់សាច់ជំនួស។ បន្ថែមពីលើការតបតដោយមិនសំចៃមាត់ អ្នកនាងក៏បានបង្ហោះសារដូចខាងក្រោយ បន្ទាប់ពីឈឺចិត្តនឹងការមាក់ងាយរបស់បុរសម្នាក់នោះផង។

    អ្នកនាងសរសេរនៅលើហ្វេសប៊ុកថា « បងប្អូនជួយស៊ែរឱ្យអាកញ្ចាស់ព្រើលនេះបានឃើញផង ហើយជួយអាវាបានល្បីផង។ ដំបូងមិនចង់និយាយទេហើយក៏មិនចង់ជេរម៉ែដែរ តែអត់ទ្រាំមិនបាននឹងសំដីថោកទាបរបស់វា! នៅសុខៗផ្ញើរសារមកអែងអញ្ចឹងម៉ង ចង់សួរទៅកញ្ចាស់នឹងថាវាអត់មានប្រពន្ធមែន ហើយអត់មានកូនស្រីមែន? បានមកប្រើភាសាអញ្ចឹងដាក់គេ? សុទ្ធតែឯងតារាមានតំលៃពីណាហើយសុទ្ធតែឯងដង្កូវចេញពីអាចម៍ យ ចុះលោកឯងមានតំលៃជាងខ្ញុំជាតារាប៉ុណ្ណាទៅ ដែលមកប្រើសំដីថោកទាបនេះដាក់គេ? ហើយថាអោយខ្ញុំជាដង្កូវចេញពីអាចម៍ ចុះលោកឯងជាអីទៅ មានមើលខ្លួនឯងទេ? មុននឹងថាអោយគេ? អាណិតតែប្រព្ធនកូនលោកឯងទេបើគ្នាដឹងថាមានប្តី មានឪថោកទាបអញ្ចឹង មិនដឹងថាគ្នាខ្មាស់គេប៉ុណ្ណាទៅ? ថ្ងៃក្រោយមុននឹងឆាតថាអោយគេ សុំគិតផង ថាកូនគេ កូនយើង ប្រពន្ធគេប្រពន្ធយើង ម៉ែគេម៉ែយើង បើគេថាអោយអញ្ចឹងតើអ្នកឯងជាឪគេ ជាប្តីគេ ជាតាគេ អ្នកឯងមានអារម្មណ៍ម៉េច? ធ្វើជាមនុស្សរៀននិយាយសំដីអោយមានសុជីវធម៍ក្នុងខ្លួនផង ។ បងប្អូនជួយស៊ែរផង ហើយបើស្គាល់អាខោនវាជួយផ្ញើរអោយវាបានឃើញផង ហើយជួយចំណាំមុខវាទុកផង….អរគុណទុកជាមុន »។

    នៅមិនទាន់ដឹងថា សង្គ្រាមពាក្យសម្ដីរបស់អ្នកទាំងពីរនឹងបញ្ចប់ត្រឹមហ្នឹង ឬ មានការតបតពីភាគីម្ខាងទៀតនោះទេ តែអ្វីគេចាប់អារម្មណ៍ គឺការបង្ហោះរបស់អ្នកនាង កំពុងមានការចែកចាយ និងមានការបញ្ចេញយោបល់ទាំងអ្នកនិន្ទាអ្នកនាង និងអ្នកគាំទ្រអ្នកនាងច្រើន៕

  • ហេតុអ្វី​បាន​រលូត​បុត្រ?

    ហេតុអ្វី​បាន​រលូត​បុត្រ?

    អនាគត​អ្នក​ម្ដាយ​ជាច្រើន​តែងតែមាន​ក្ដី​វិតក្ក​កង្វល់​អំពី​សុវត្ថិភាព​របស់​កូន​នៅក្នុង​ផ្ទៃ រួមទាំង​ការ​ភ័យ​បារម្ភ​ថា នឹង​កើតការ​រលូត ដែលជា​ញឹកញាប់​ការព្រួយបារម្ភ​លើ​រឿង​ទាំងនេះ​នឹងធ្វើ​ឱ្យ​កើត​ភាព​តានតឹង​ធុញថប់​ក្នុង​អារម្មណ៍​ដោយ​មិនដឹង​ខ្លួន ដែល​ការពិតទៅ អត្រា​ការ​រលូត​បុត្រ​ត្រូវបាន​ជួបប្រទះ​មាន​ត្រឹមតែ10%នៃ​ការតាំង​គភ៌​ប៉ុណ្ណោះ ដោយ​មូលហេតុ​របស់​ការ​រលូត​បុត្រ​នេះ​មាន​ច្រើនយ៉ាង​ណាស់ តែ​ទាំងអស់នោះ យើង​អាច​គ្រប់គ្រង និង​ការពារ​ការ​រលូត​បុត្រ​បាន។

    បច្ច័យ​ប្រថុយប្រថាន​ដែល​ធ្វើឱ្យ​កើតការ​រលូត​បុត្រ មានដូចជា :
    * ធ្លាប់មាន​ប្រវត្តិ​ដាក់​កង​អនាម័យ​ពន្យារកំណើត​ដែលមាន​សភាវ​ជ្រៀតជ្រែក​ពី​ជំងឺ។
    * ធ្លាប់​រលូត​បុត្រ​ច្រើនដង​រួចមកហើយ។
    * មាន​ក្ដី​ខកបំណង អស់សង្ឃឹម សោកសៅ​យ៉ាងធ្ងន់ធ្ងរ​ពី​បញ្ហា​ការងារ ឬ​ក្នុង​ជីវិត​ផ្ទាល់ខ្លួន។
    * បានទទួល​រងគ្រោះថ្នាក់ ឬ​ឧប្បត្តិហេតុ​ដោយផ្ទាល់ និង​រង​ការបោក​ប៉ះ​រាងកាយ​យ៉ាងខ្លាំង​ក្លា។
    * ធ្វើការ​ធ្ងន់ ការលើក​របស់របរធ្ងន់ៗ ឬ​ការលេង​កីឡា​ដែល​ត្រូវ​ប្រើ​កម្លាំងកាយខ្លាំងៗ រួមទាំង​កា​រព​ក្មេង​ក៏​អាច​នឹង​ហុច​ផលប៉ះពាល់​ដូចគ្នា​ដែរ។
    * មាន​ភេទ​សម្ព័ន្ធ​ក្នុងអំឡុងពេល​តាំង​គភ៌ ជាពិសេស​ជាមួយ​ស្ត្រី​មានគភ៌​ដែលមាន​ប្រវត្តិ​ធ្លាប់​រលូត​បុត្រ​ញឹកញាប់។

    អា​ការដែល​បង្ហាញថា កើត​សភាវ​រលូត​បុត្រ
    * មាន​អា​ការឈឺ​នៅត្រង់​ថ្ងាស​ខាងក្រោម(ក្រោម​ផ្ចិត) មាន​ឈាមស្រស់ៗចេញមក​តាម​រន្ធ​ស្បូន។ ទោះជា​ហូរ​ចេញមក​តិច ឬ​ច្រើន​ក៏ដោយ ក៏​ត្រូវតែ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ជាបន្ទាន់​ដែរ។
    * មាន​អា​ការឈឺ​នៅត្រង់​ថ្ងាស​ខាងក្រោម(ក្រោម​ផ្ចិត)យ៉ាងខ្លាំង ឬ​ឈឺជាប់ៗគ្នាច្រើន​ថ្ងៃ។
    * មាន​ឈាម​ហូរ​ចេញមក​តាម​រន្ធ​ស្បូន​ដូច​មាន​វដ្ត​រដូវ​ប្រចាំ​ខែ ឬ​មាន​ឈាម​ហូរ​ចេញមក​តិចតួចជាប់ៗគ្នា​យូរ​លើសពី3ថ្ងៃ។
    * មាន​វត្ថុ​រាវ ខាប់​ធ្លាក់​ចេញមក​តាម​រន្ធ​ស្បូន​ជា​ដុំ​ឈាម ឬ​ដុំ​សាច់​ពណ៌​ផ្កាឈូក នេះ​បង្ហាញថា ចាប់ផ្ដើម​មាន​អាការ​រលូត​បុត្រ​ហើយ ត្រូវ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ដោយ​ខ្ចប់​វត្ថុ​រាវ ខាប់​ដែល​ហូរ​ចេញមក​នោះ​ទៅជា​មួយ​ផង​ជាបន្ទាន់ ព្រោះ​ជួនកាល​ដុំខាប់ៗទាំងនោះ​អាចជា​ផ្នែក​មួយ​នៃ​តួ​កំណើត​ដែល​ត្រូវបាន​រលូត​ចេញមក។

    ការមើល​ថែទាំ និង​ការពារ​ ដើម្បី​មិនឱ្យ​កើតការ​រលូត​បុត្រ
    * បើសិន​ធ្លាប់មាន​ប្រវត្តិ ឬ​មាន​បច្ច័យ​ប្រថុយប្រថាន​ណាមួយ​ដែល​អាច​នឹងធ្វើ​ឱ្យ​កើត​អាការ​រលូត​បុត្រ​បាន​នោះ គួរ​ប្រាប់​ទៅ​គ្រូពេទ្យ​តាំងពី​ពេល​ទៅពិនិត្យ​គភ៌​លើកដំបូង ដើម្បីឱ្យ​គ្រូពេទ្យ​ជួយ​មើលថែទាំ​យ៉ាង​ដិតដល់។
    * ព្យាយាម​កុំ​មាន​អារម្មណ៍​ធុញថប់ មួម៉ៅ ឬ​តានតឹង។ ត្រូវ​រក​វិធី​បន្ធូរ​អារម្មណ៍​ធុញថប់​ទាំងនោះ​យ៉ាង​សមរម្យ ដូចជា​ ការស្ដា​ប់ប​ទច​ម្រៀ​ង​បែបសប្បាយៗ ការធ្វើ​ម៉ាស្សា​បន្ធូរ​អារម្មណ៍ រួមទាំង​ការ​គេង​លក់​សម្រាក​ឱ្យបាន​គ្រប់គ្រាន់​ផងដែរ។
    * បើ​ត្រូវ​ជួបនឹង​បញ្ហាផ្សេងៗ ទាំងពី​កន្លែងធ្វើការ ឬ​នៅ​ក្នុងផ្ទះ គួរតែ​រក​ពេលវេលា​សម្រាក ឬ​បន្ធូរ​អារម្មណ៍​ឱ្យបាន​ច្រើន ដោយ​អាច​នឹង​ផ្អាក​នឹក​ដល់​បញ្ហា​ទាំងអស់នោះ​សិន…​ ក្រោយពី​បាត់ លែងមាន​អារម្មណ៍​ធុញថប់​តានតឹង​ហើយសឹម​ងាក​មក​ចាត់ការ​បញ្ហា​នោះ​ជាថ្មី ឬក៏​ប្រឹក្សាជាមួយ​មនុស្ស​ជិតដិត​ណា​ម្នាក់​ ដើម្បី​សុំ​ការណែនាំ​ផ្ដល់យោបល់ ឬ​ជួយ​កែ​បញ្ហា​ឱ្យ​អ្នក​ក៏បាន​ដែរ។
    * ញ៉ាំ​អាហារ​ដែលមាន​ប្រយោជន៍​ឱ្យបាន​គ្រប់គ្រាន់ ដើម្បី​ឱ្យមាន​កម្លាំង​ថាមពល និង​បានទទួល​សារជាតិ​អាហារ​ដែល​គ្រប់គ្រាន់​សម្រាប់​ការរីកចម្រើន​ធំធាត់​របស់​ទារក​ក្នុង​ផ្ទៃ។
    * គេច​ចៀស​ពី​បញ្ហា​ម្ដងម្កាល កុំ​លង់​ងប់​ង​ល់​នៅតែ​ជាមួយ​បញ្ហា ដូចជា ​ធ្វើការ​ទម្លាយ​អារម្មណ៍​ធុញថប់​តានតឹង ឬ​ស្ត្រេ​ស​ដោយ​ការជជែក​និយាយ​ជាមួយ​មិត្ត​ភក្តិ ឬ​ស្វាមី​អំពី​បញ្ហាផ្សេងៗជាដើម ព្រោះ​ការធ្វើ​បែបនេះ​ក៏​អាច​នឹង​ជួយ​ឱ្យ​អ្នកបាន​ទម្លាយ និង​កាត់បន្ថយ​ភាព​តានតឹង​ក្នុង​អារម្មណ៍ រួមទាំង​អាច​នឹង​ជួយ​គ្នា​ដោះស្រាយ កែ​បញ្ហា​ទាំង​នោះបាន​ផងដែរ។
    * មិនគួរ​ព ឬ​បី​ក្មេង​ខណៈ​ខ្លួនឯង​កំពុង​តាំង​គភ៌​នោះទេ ព្រោះ​ក្រៅពី​មាន​គ្រោះថ្នាក់​ដល់​ទារក​នៅក្នុង​គភ៌​ហើយ នៅមាន​ផលប៉ះពាល់​ដល់​ឆ្អឹង​កង​ខ្នង​របស់​ស្ត្រី​មានគភ៌​ខ្លួនឯង​ទៀតផង។
    * ទៅពិនិត្យ​គភ៌​តាម​ការ​ណាត់​របស់​គ្រូពេទ្យ​យ៉ាង​ទៀងទាត់ និង​ម៉ឺងម៉ាត់៕

  • នៅពេល​ខ្ញុំ​តាំង​គភ៌​ចូលដល់​ខែ​ទី7

    នៅពេល​ខ្ញុំ​តាំង​គភ៌​ចូលដល់​ខែ​ទី7

    ក្នុងអំឡុង​ខែ​ទី7នេះ ទម្ងន់​ខ្លួន​របស់​ទារក​ក្នុង​គភ៌​នឹងមាន​ប្រមាណ1,200ក្រាម សភាវ​ចម្រើន​ធំធាត់​របស់​ទារក​ក្នុង​គភ៌​ចាប់ផ្ដើម​មាន​ខ្លាញ់​នៅក្រោម​ស្រទាប់​ស្បែក​ហើយ។ ទារក​នៅក្នុង​គភ៌​ចាប់ផ្ដើម​ចេះ​ជញ្ជក់​ម្រាមដៃ​ខ្លួនឯង ចេះ​យំ ដឹង​រសជាតិ​ប្រៃ ជូរ ផ្អែម ហើយ​ថែមទាំង​ទទួលយក​ការជំរុញផ្សេងៗបាន​យ៉ាង​ល្អ ជាពិសេស​ការឈឺចាប់ និង​ពន្លឺភ្លឺៗ ដែល​បើសិនជា​ស្ត្រី​មានគភ៌​ចាំបាច់​ត្រូវ​ប្រសូត​នៅក្នុង​ខែ​នេះ(ប្រសូត​មុន​កំណត់) ឱកាស​ដែល​ទារក​នឹង​រស់រានមានជីវិត​នឹងមាន​អត្រា​ខ្ពស់។

    ក្នុង​ខែ​ទី7 នៃ​ការតាំង​គភ៌​នឹងមាន​ការប្រែប្រួលផ្សេងៗដែល​អនាគត​អ្នក​ម្ដាយ​អាចមាន​អារម្មណ៍​ដឹងបាន​ដូចតទៅ:
    * ទារក​រើបម្រះ​កាន់តែខ្លាំង​ឡើង និង​ជាប់លាប់​ជាង​មុន​ច្រើន។
    * មាន​ធ្លាក់-ស​ច្រើនឡើង។
    * មាន​អារម្មណ៍​ថា​ឈឺ​រាង​ធ្ងន់​ធ្លាក់​ទៅ​ក្រោម​នៅ​ម្ដុំ​ក្រោម​ផ្ចិត។
    * ទល់លាមក​កាន់តែខ្លាំង​ឡើង។
    * ចុក ណែន ឆ្អល់ ដោយសារតែ​អាហារ​មិន​រំលាយ និង​ហើមពោះ។
    * ឈឺក្បាល​ម្ដងម្កាល ស្រវាំង​ភ្នែក និង​អាច​ខ្យល់គ​មិន​ស្រួលខ្លួន​ញឹកញាប់។
    * តឹង​ច្រមុះ អាចមាន​ឈាម​ហូរ​ចេញមក​តាម​រន្ធ​ច្រមុះ និង​ហ៊ឹង​ត្រចៀកខ្លះ។
    * មាន​ឈាម​ចេញ​នៅតាម​ជើងធ្មេញ​យ៉ាង​ងាយ ពេល​ដុស​សម្អាត​ធ្មេញ។
    * រមួលក្រពើ​នៅលើ​ជើង។
    * ហើម​មុខ ជើង ភ្នែក​គោល និង​ដៃ។
    * រមាស់​នៅលើ​ស្បែក​ក្បាលពោះ។
    * ឈឺ​ខ្នង។
    * សរសៃឈាម​ត្បៀត​នៅលើ​ជើង។
    * អាច​កើត​អាការ​ឫសដូងបាត​ញឹកញាប់ ឬ​ងាយ​កើត​ជាង​ប្រក្រតី។
    * ពិបាក​ដកដង្ហើម ឬ​ដកដង្ហើម​មិនបាន​វែង។
    * គេង​មិន​លក់ ឬ​គេង​លក់ តែ​លក់​មិន​ស្កប់។
    * ស្បូន​នឹង​បង្រួញ​ខ្លួន​ញឹកញាប់ តែមិនមាន​ការឈឺចាប់​អ្វី​ទេ។
    * អុីកអ៊ាក និង​ប្រថុយប្រថាន​នឹង​ការ​ដួល ដូច្នេះ​ត្រូវ​ប្រយ័ត្នប្រយែង​ឱ្យ​មែនទែន។
    * អាចមាន​ទឹកដោះ​ពណ៌លឿងៗហូរ​ចេញ​មកពី​ក្បាល​សុដន់។
    * ភ្លេចភ្លាំង​ច្រើន អារម្មណ៍​មិន​នឹងនរ សមាធិ​ខ្លី។
    * វិតក្ក​កង្វល់​ច្រើន។
    * មានការ​ចាប់អារម្មណ៍​លើ​ភាពជា​ម្ដាយ​គេ និង​មានការ​នឹក​ស្រមៃ​ពាក់ព័ន្ធ​នឹង​កូន​កាន់តែ​ច្រើនឡើង។

    រឿង​ដែល​គ្រូពេទ្យ​មើល​ថែទាំ​គភ៌ ចង់ឱ្យ​អ្នកធ្វើ​ក្នុងអំឡុង​ខែ​នេះ មានដូចជា…
    1. ថ្លឹង​ទម្ងន់​ខ្លួន និង​វាស់​សម្ពាធ​ឈាម។
    2. ពិនិត្យមើល​ជាតិ​ស្ករ និង​សារធាតុ​ស៊ុត​ស​នៅក្នុង​ទឹកមូត្រ។
    3. ស្ដាប់​សំឡេង​បេះដូង​លោត​របស់​កូន​នៅក្នុង​គភ៌។
    4. ពិនិត្យមើល​ទំហំ និង​រូបរាង​របស់​ស្បូន​ដោយ​ការពិនិត្យ​ក្បាលពោះ។
    5. ពិនិត្យមើល​កម្ពស់​រប​ស់​ស្បូន។
    6. ពិនិត្យ និង​តាមដាន​អាការ​ហើម​នៅលើ​ដៃ ​ជើង និង​សរសៃឈាម​ត្បៀត​នៅលើ​ជើង។
    7. ពិនិត្យមើល​ក្រែង​មាន​អាការ​ខុស​ប្រក្រតីផ្សេងៗ។

    ហើយរឿង​ដែល​ស្ត្រី​មានគភ៌​ត្រូវ​មើលថែទាំ​ជាពិសេស​ក្នុងអំឡុង​តាំង​គភ៌​ខែ​ទី7នេះ​គឺ ការ​ប្រសូត​មុន​កំណត់៕

  • រឿងក្បែរៗខ្លួន​ដែល​ស្ត្រី​មានគភ៌​គួរ​ដឹង

    រឿងក្បែរៗខ្លួន​ដែល​ស្ត្រី​មានគភ៌​គួរ​ដឹង

    នៅពេលដែល​ដឹងខ្លួន​ថា​តាំង​គភ៌​ហើយ មានរឿង​ចាំបាច់​ច្រើនយ៉ាង​ណាស់​ដែល​ស្ត្រី​ត្រូវ​រៀន​យល់ដឹង និង​ធ្វើ​ដើម្បី​សុខភាព​ខ្លួនឯង និង​កូន​ក្នុង​ផ្ទៃ។ ថ្ងៃនេះ​ ឡា​រ៉ែ​ន​ មានរឿង​ក្បែរ​ខ្លួន​ដែលសំខាន់ៗសម្រាប់​ស្ត្រី​មានគភ៌​ដែល​ត្រូវ​ប្រតិបត្តិ​មក​ជម្រាបជូន​ដូចខាងក្រោម។

    ការ​សម្រាក : ស្ត្រី​មានគភ៌​ត្រូវការ​គេង​ក្នុងអំឡុង​ពេលយប់​ពី 8 – 10ម៉ោង ឬ​គេង​ឱ្យបាន​ច្រើន​រហូត​ទាល់តែ​អ្នកមាន​អារម្មណ៍​ថា ស្រួល​កាយ​សប្បាយខ្លួន មិន​នឿយ​ល្វើយ និង​ខណៈពេល​គេង ស្ត្រី​មានគភ៌​គួរ​គេង​ផ្អៀង​ខាងឆ្វេង ព្រមទាំង​អង្កុញ​ជង្គង់​បន្តិច ដើម្បី​ចៀសវាង​មិនឱ្យ​ស្បូន​ដែលមាន​ទំហំ​ធំ​នោះ​ទៅ​សង្កត់​លើ​សរសៃឈាម ដែលជា​ហេតុ​បណ្ដាលឱ្យឈាម​ហូរ​មក​ចិញ្ចឹម​ទងសុក​មិនបាន​ល្អ។ ការ​គេង​មួយស្រឡេត​នៅពេល​ថ្ងៃរសៀល​នឹង​ជួយ​ដល់​ស្ត្រី​មានគភ៌​បាន​ច្រើនណាស់ និង​ទោះជា​ការ​គេង​នោះ​មិន​លក់​ក៏ដោយ តែ​ការ​គេង និង​ការ​សម្រាក​បន្ធូរ​សាច់ដុំ គឺជា​រឿង​ល្អ​សម្រាប់​ស្ត្រី​មានគភ៌។

    ការ​ស្លៀក​សម្លៀកបំពាក់ និង​ស្បែកជើង : ស្ត្រី​មានគភ៌​អាច​ត្រូវ​ការទិញ​សម្លៀកបំពាក់​ស្លៀក​
    ក្នុងអំឡុងពេល​មានគភ៌ រឿង​សំខាន់​ដែល​ស្ត្រី​មានគភ៌​មិនគួរ​ភ្លេច ក៏​គឺ​សម្លៀកបំពាក់​ទាំងនោះ​ត្រូវ​ធ្វើឱ្យ​ខ្លួន​មាន​អារម្មណ៍​សប្បាយ​ស្រួល​ខណៈ​ស្លៀក។ អាវ​ឈុត​គ្រប​ផ្ទៃពោះ​គួរតែ​ជា​សម្លៀកបំពាក់​ដែល​ស្លៀក​សប្បាយ​ស្រួលខ្លួន និង​ងាយស្រួល​ថែរក្សា រួមទាំង​អាវទ្រនាប់​ផង គួរប្រើ​អាវ​សម្រាប់​ស្ត្រី​មានគភ៌ ឬ​បំបៅ​ដោះ​កូន ខណៈពេល​ជាមួយគ្នា គួរ​ពាក់​ស្បែកជើង​កែង​ទាប ព្រោះ​ខណៈពេល​តាំង​គភ៌ ការ​ទប់​លំនឹង​ខ្លួន​របស់​ស្ត្រី​មានគភ៌​នឹងមិន​ល្អ​ដូច​ប្រក្រតី​នោះទេ។ ការពាក់​ស្បែកជើង​កែងខ្ពស់ៗអាចធ្វើឱ្យ​ស្ត្រី​មានគភ៌​ងាយ​នឹង​ឈឺ​ខ្នង រួមទាំង​ងាយ​នឹង​កើត​ឧប្បត្តិហេតុ​ទៀតផង ជាពិសេស​នៅពេល​អាយុ​គភ៌​ចាប់ពី7ខែ​ឡើងទៅ។

    ការមើល​ថែទាំ​រក្សាសុខ​ភាព​ធ្មេញ និង​ប្រអប់មាត់ : ស្ត្រី​មានគភ៌​គួរផ្ដល់​ការចាប់អារម្មណ៍​លើ​
    សុខភាព​ធ្មេញ និង​ប្រអប់មាត់​របស់ខ្លួន​ជាពិសេសដោយសារតែ​ក្នុង​ចន្លោះ​ពេលនេះ ស្ត្រី​មានគភ៌​ច្រើនតែ​ទទួលទាន​អាហារ​ញឹកញាប់ ឬ​ចង់​ញ៉ាំ​អាហារ​ផ្អែម​ខ្លាំង​ជាង​ប្រក្រតី។ អ័រម៉ូន​ដែល​ប្រែប្រួល​ក្នុងអំឡុង​ការតាំង​គភ៌​ច្រើនតែ​ធ្វើឱ្យ​អញ្ចាញធ្មេញ​របស់​ស្ត្រី​មានគភ៌​ងាយ​ក្នុងការ​រលាក​ឆ្លង​មេរោគ និង​ការ​ក្អួតចង្អោរ​ក្នុងអំឡុងពេល​ចាញ់-កូន​ដែល​ច្រើន​តែមាន​អាស៊ីត​ពី​ក្រពះ​ចេញមក​ច្រើន​ជាដើម ទាំងអស់​ដែល​រៀបរាប់​មកនេះ នឹងធ្វើ​ឱ្យ​ធ្មេញ​របស់​ស្ត្រី​មានគភ៌​ងាយ​នឹង​ពុក​ខូច​ជាង​ប្រក្រតី ដូច្នេះ​ស្ត្រី​មានគភ៌​ត្រូវ​ឧស្សាហ៍​មើលថែទាំ និង​រក្សា​អនាម័យ​សុខភាព​មាត់-ធ្មេញ​ដោយ​ការសម្អាត​អញ្ចាញធ្មេញ ធ្មេញ និង​ប្រអប់មាត់​ឱ្យបាន​ជាប់​ជាប្រចាំ៕

  • ដំណាំ​ត្រកួន ឆាប់​ទទួលបាន​ផល និង​ជួយ​ឱ្យ​គ្រួសារ​មាន​ជីវភាព​កាន់តែ​ប្រសើរ

    ដំណាំ​ត្រកួន ឆាប់​ទទួលបាន​ផល និង​ជួយ​ឱ្យ​គ្រួសារ​មាន​ជីវភាព​កាន់តែ​ប្រសើរ

    កសិករ​ខ្មែរ​ភាគច្រើន​តែង​មើលរំលង​មុខរបរ​ដាំ​ត្រកួន​នៅផ្ទះ ហើយ​ចូលចិត្ត​ធ្វើ​ចំណាកស្រុក​រក​ការងារ​រោងចក្រ​ធ្វើ​វិញ ដោយសារតែ​គិតថា មុខរបរ​ដាំ​ត្រកួន​មិនបាន​ប្រាក់កម្រៃ​ច្រើន​ដូច​ធ្វើ​ការងារ​នៅតាម​រោងចក្រ​ដែល​ទទួលបាន​ប្រាក់ខែ​ប្រចាំ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ អ្នក​ប្រក​បរបរ​ដាំ​ត្រកួន​ហាក់​មាន​ជីវភាព​ល្អប្រសើរ​ច្រើនជាង​អ្នក​ចំណាកស្រុកព្រោះថា ត្រកួន​មាន​តម្រូវការ​នៅលើ​ទីផ្សារ​ជា​រៀងរាល់ថ្ងៃ ដោយសារ​គេ​អាច​យកទៅ​ច្នៃ​ធ្វើជា​បន្លែ ចម្អិន​ជា​មុខម្ហូប​បាន​ច្រើនយ៉ាង មិនថាតែ​សម្លម្ជូរ ឬ​ឆា​ជាមួយ​គ្រឿងក្នុង​មាន់​ជាដើម ឬ​គ្រាន់តែ​យកទៅ​ត្រឡប់​ភ្លើង​ជាមួយ​ខ្លាញ់ ឬ​ជាមួយ​ប្រេងខ្យង​ក៏​វា​មាន​រសជាតិ​ឆ្ងាញ់​ទៅហើយ ហើយ​កាន់តែ​ពិសេស​ទៀត​នោះ បើ​គេ​យកទៅ​ដុត​មាន់​ជ្រលក់​ជាមួយ​ទឹក​ម្រេច​ក្រូចឆ្មា​ផង គឺ​ពិត​ជាមាន​រសជាតិ​កាន់តែ​ឆ្ងាញ់​ជក់មាត់​តែម្តង។

    អ៊ំ​ប្រុស ខ្នុរ ខាន់ កសិករ​ដាំ​ត្រកួន​ម្នាក់​ក្នុងចំណោម​កសិករ​ជាច្រើន​គ្រួសារ​នៅក្នុង​ភូមិ​ទួល​អំពិល ឃុំ​ក្រាំង​យ៉ូ​វ ខេត្តកណ្តាល បាន​រៀបរាប់​ឱ្យដឹងថា អ្នកភូមិ​របស់គាត់​ក្រៅពី​ធ្វើស្រែ​ប្រាំង គឺ​ពួកគាត់​មាន​របរ​មួយ​បន្ថែមទៀត គឺ​របរ​ដាំ​ត្រកួន​ចិន។ លោក​អ៊ំ​បាន​បន្តថា ក្នុងភូមិ​របស់គាត់ មាន​ប្រជាជន​ជាង 60ភាគរយ​ដែល​នាំគ្នា​ប្រក​បរបរ​ដាំ​ត្រកួន​ចិន​បន្ថែម បន្ទាប់ពី​ធ្វើ​ស្រូវប្រាំង ដោយសារ​របរ​នេះ​បាន​ជួយ​ឱ្យ​កសិករ​មាន​ជីវភាព​កាន់តែ​សមរម្យ​ឡើង ហើយ​សម្រាប់​គ្រួសារ​របស់គាត់​ផ្ទាល់​មាន​ដី​ប្រមាណ 70អា​សម្រាប់​ដាំ ដែល​ពេល​ប្រមូល​ផលម្តងៗ អាច​លក់បាន​ប្រាក់​ពី 2 ទៅ 3លាន​រៀល​ដែរ ហើយ​មាន​ម៉ូយ​គេ​មក​ទិញ​ដល់ផ្ទះ​ទៀតផង។

    កសិករ​ខាងលើ​ដដែល​ក៏បាន​បន្ថែម​ដែរ​ថា ត្រកួន​ចិន​ងាយស្រួល​ដាំ​ណាស់ ហើយក៏​មិន​ពិបាក​ថែទាំ​ដែរ ដោយ​គ្រាន់តែ​ភ្ជួរ​រាស់​ដី​ទុកចោល 2ថ្ងៃ ហើយ​បើ​មាន​ភ្លៀង​មិនបាច់​ស្រោច​ទឹក និង​ទុកចោល​ក៏បាន​ដែរ ហើយ​ពេល​ដាំ​ក៏​ពុំ​ចាំបាច់​លើក​ជា​រង​ដែរ គ្រាន់តែ​ភ្ជួ​រា​ស់ដីឱ្យ​ស្អាត រួច​សាប​គ្រាប់​ចោល ហើយ​ស្រោច​តែ​ទឹក​ឱ្យបាន​ដិតដល់​ក្នុង​មួយថ្ងៃ 3ដង​នៅ​រដូវប្រាំង ហើយ​បើ​រដូវរ​ស្សា​ដែល​សម្បូរ​ភ្លៀង​វិញ មិនបាច់​ស្រោច​ទឹក​ក៏​មិន​អី​ដែរ និង​ប្រើ​រយៈពេល​ត្រឹម 18ថ្ងៃ​ប៉ុណ្ណោះ នឹង​អាច​ដក ឬ​ច្រូត​លក់បាន​ហើយ ដោយមាន​ម៉ូយ​គេ​មក​ម៉ៅ​ដល់​ចម្ការ​តែម្តង។

    ឈ្មួញកណ្តាល​ម្នាក់​ឈ្មោះ​លោក ឆាន ឆុំ បាន​ប្រាប់ថា លោក​បាន​ចាប់យក​របរ​ម៉ៅ​ចម្ការ​ត្រកួន​ចិន​របស់​កសិករ​ប្រមាណ​ជាង 5ឆ្នាំ​មកហើយ គឺ​ឱ្យ​តម្លៃ​ទៅតាម​ទំហំ​ដី និង​ទិន្នផល​ត្រកួន​ល្អ ឬ​មិនសូវ​ល្អហើយ​ត្រកួន​មាន​ហាងឆេង​ឡើង​ចុះ ដូច​តែ​បន្លែ​ដ៏​ទៃ​ផ្សេងទៀត​ដែរ ប៉ុន្តែ​គ្រាន់បើ​ជាង​បន្លែផ្សេងៗបន្តិចព្រោះ​ធ្លាក់​ថ្លៃ​មិនយូរ​នោះទេ ហើយ​បាន​ថ្លៃ​នៅ​រដូវ​ទឹកសម្រក ខណៈដែល​ត្រកួន​បឹង​ក៏​ចាប់ផ្តើម​ថមថយ​ផល​ចុះ​ដែរ។ ឈ្មួញកណ្តាល​រូបនេះ​ក៏បាន​បញ្ជាក់ដែរថា នៅ​រដូវ​ទឹក​ដំឡើង​នេះ ក្នុង1ថ្ងៃ​លោក​ដក​តែ​ប្រមាណ​ជាង1តោន​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ខែប្រាំង​វិញលោក​អាច​ដក​លក់បាន​ចន្លោះ​ពី 3ទៅ 5តោន​ឯណោះ​ក្នុង1ថ្ងៃៗ ហើយ​មិនមែន​តែ​លោក​ម្នាក់​នោះទេ​ដែល​ចូលមក​ម៉ៅ​ទិញ​ចម្ការ​ត្រកួន​នៅក្នុង​ភូមិ​នេះ គឺ​នៅមាន​អ្នកផ្សេង​ទៀត​ក៏​មក​ម៉ៅ​ទិញ​បន្លែ​ពី​កសិករ​ដូច​លោក​ដើម្បី​ដឹក​យកទៅលក់​បោះ​ដុំ​ឱ្យ​ម៉ូយ​នៅឯ​ផ្សារ​ដើម​គ និង​ផ្សារ​នាគ​មាស រាជធានី​ភ្នំពេញ​ដែរ ខណៈដែល​អាជ្ញាធរ​បាន​ស្ថាបនា​ផ្លូវ​បេតុង​យ៉ាង​ស្អាត​ល្អ ងាយស្រួល​ក្នុងការ​ធ្វើដំណើរ និង​ដឹកជញ្ជូន​កសិផល​ពី​ចម្ការ​ទៅកាន់​ទីផ្សារ។

    លោក សួន សំ​រិទ្ធី ស្មៀនឃុំ​ក្រាំង​យ៉ូ​វ បានឱ្យដឹង​ដែរ​ថា នៅ​ទូទាំង 19ភូមិ គឺ​មានតែ​ភូមិ​ទួល​អំពិល​នេះហើយ​ដែលមាន​ប្រជាកសិករ​ដាំ​ត្រកួន​ចិន​ច្រើនជាងគេ គឺ​ប្រមាណ​ជាង60ភាគរយ​នៃ​ប្រជាជន​សរុប ពោលគឺ​ដាំ​ទាំង​រដូវប្រាំង និង​ដាំ​ទាំង​រដូវវស្សា ដោយ​មិន​ទុក​ដី​ឱ្យ​ទំនេរ​ចោល​នោះទេ ហើយក៏​បាន​ជួយ​ឱ្យ​ជីវភាព​របស់​ពួកគាត់​កាន់តែ​ប្រសើរឡើង​ដែរ ព្រោះថា ត្រកួន​ឆាប់​ទទួលបាន​ផល ដោយ​ចាប់ពី​ពេល​ដាំគិត​ត្រឹមតែ​កន្លះ​ខែ​ឬ​កន្លះ​ខែ​ជាង​ប៉ុណ្ណោះ កសិករ​អាច​ច្រូតកាត់ ឬ​ដក​លក់បាន​ហើយ និង​ថែមទាំង​មិនចាំបាច់​ចំណាយ​កម្លាំង​ពលកម្ម​ច្រើន មិន​ចំណាយ​ដើមទុន​ច្រើន​ដូច​បន្លែផ្សេងៗទៀតផង។

    លោក​ថា នៅក្នុង​ស្រុក​ស្អាង គឺជា​ទីតាំង​ផ្គត់ផ្គង់​បន្លែ​ធំជាងគេ​នៅ​ប្រទេស​កម្ពុជា ពិសេស​នាំ​ចូលទៅ​លក់​នៅក្នុង​ទីផ្សារ​ក្រុងភ្នំពេញ នៅ​ម្តុំ​ផ្សារ​នាគ​មាស ឬ​ផ្សារ​ដើម​គ ដែលជា​ចំណែក​ដ៏​ធំ​សម្រាប់​ផ្តល់​ចំណូល​ដល់​ទាំង​កសិករ​ទាំង​ឈ្មួញ។ លោក​ថា បន្លែ​កសិផល​ក្នុងស្រុក​ជា​បន្លែ​សុវត្ថិភាព ទោះជា​ពួកគាត់​ប្រើ​ជីគីមីខ្លះៗបាច​លើដី​ដើម្បីឱ្យ​បន្លែ​លូតលាស់​បានល្អ​ក៏ពិតមែន តែ​ក៏​មិន​ប៉ះពាល់​ដល់​សុខភាព​ខ្លាំង​ដូច​បន្លែ​នាំចូល​ដែរ ព្រោះថា កសិករ​គាត់​ប្រើ​ជីគីមី​មែនពិត ប៉ុន្តែ​មុនពេល​កាត់​លក់ គឺ​គាត់​ឈប់​បាច់​ជី​យូរថ្ងៃ​ហើយ ចំណែក​បន្លែ​នាំចូល ជួនកាល​គេ​ជ្រលក់​ទឹក​ថ្នាំ​រក្សា​គុណភាព​ឱ្យ​ទុកបានយូរ មិន​ងាយ​ខូច ដែល​ទឹក​ថ្នាំ​រក្សា​គុណភាព​នេះ​វា​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​ខ្លាំង និង​ផ្ទាល់​តែម្តង។

    ទោះយ៉ាងណា លោក​ស្នើ​ដល់​កសិករ​ក្នុង​មូលដ្ឋាន​ទាំងអស់​ត្រូវ​កាត់បន្ថយ​ការប្រើ​ជីគីមី និង​ងាក​មក​ដាំ​បន្លែ​សរីរាង្គ​ឱ្យបាន​កាន់តែ​ច្រើនឡើង តាមរយៈ​ការប្រើ​ជីកំប៉ុស ឬ​ជី​លាមក​សត្វ​ដើម្បី​លើកកម្ពស់​សុខភាព​រប​ស់​គ្រួសារ​កសិករ​ជា​អ្នក​ដាំ​ផ្ទាល់ ក៏ដូចជា​លើកកម្ពស់​សុខភាព​អ្នកលក់ និង​ប្រជាជន​ខ្មែរ​ទាំងមូល​ដែលជា​អ្នកទទួល​ទាន​ដែរ។

    គួរ​បញ្ជាក់ថា បច្ចុប្បន្ន ប្រជាជន​ខ្មែរ​មាន​ទំនោរ​ងាក​មក​ទទួលទាន​បន្លែ​សរីរាង្គ​ខ្លាំង​ជាង​បន្លែ​មាន​សារធាតុ​គីមី ទោះជា​ត្រូវ​ចំណាយលុយ​ទិញ​អស់​ច្រើនជាង​បន្តិច​មែន ប៉ុន្តែ​វា​ជួយ​លើកកម្ពស់​សុខភាពហើយ​បើសិនជា​មិន​គិតពី​បញ្ហា​នេះ​ទេ និង​នាំគ្នា​ចាយវាយ​បែប​រិះថាំ​ទៅលើ​ការទិញ​បន្លែ​ហូបចុក ហើយ​ទិញតែ​បន្លែ​គីមីថោកៗ តែ​ទទួលទានយូរៗទៅនឹង​អាច​បង្ក​ជា​ជំងឺ​ផ្សេង​ដែល​ធ្វើឱ្យ​យើង​នឹង​ចំណាយលុយ​ច្រើន​ទៅឱ្យ​គ្រូពេទ្យ ឬ​ចាយវាយ​លើ​ការព្យាបាល៕

  • តើការវាយតម្លៃអចលនទ្រព្យ ធ្វើឡើងតាមវិធីសាស្រ្តបែបណាខ្លះ?

    តើការវាយតម្លៃអចលនទ្រព្យ ធ្វើឡើងតាមវិធីសាស្រ្តបែបណាខ្លះ?

    និន្នាការ​នៃ​ការកើនឡើង​ក្នុង​វិស័យ​អចលនទ្រព្យ​បានធ្វើឱ្យ​ចរន្ត​នៃ​ការទិញ​លក់​ក្នុង​វិស័យនេះ ​កាន់តែ​មានសកម្មភាព​គគ្រឹកគគ្រេងឡើងៗក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ប៉ុន្តែ​ការទិញ​លក់​ភាគច្រើន​មិនមាន​ការវាយតម្លៃ​ច្បាស់លាស់​នោះទេ គឺធ្វើឡើង​ទៅតាម​ការចរចា​រវាង​ម្ចាស់​អ្នកលក់ និង​ភាគី​អ្នកទិញ​ប៉ុណ្ណោះ ដូច្នេះ​ដើម្បីឱ្យ​ការលក់​អចលនទ្រព្យ​ដំណើរការ​ទៅ​យ៉ាង​ល្អ និង​លក់​ឆាប់​ដាច់ ឬ​មាន​ការទិញ-លក់​អចលនទ្រព្យ​ត្រឹមត្រូវ​តាម​តម្លៃ​ទីផ្សារអ្នកលក់ និង​អ្នកទិញ​ក៏​អាចធ្វើ​ការវាយតម្លៃ​អចលនទ្រព្យ​ជាមុនសិន​បានដែរ ដើម្បី​កុំឱ្យ​លក់​ខុស(ថោក​ជាង​ហាងឆេង) ឫ​ទិញ​ខុស(ថ្លៃ​ជាង​ហាងឆេង)នាំឱ្យ​ខាតបង់​លុយកាក់។

    លោក​ឧកញ៉ា នួន ឫទ្ធី ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ Khmer Foundation Appraisal មានប្រសាសន៍ថា ពាក់ព័ន្ធ​នឹង​ការវាយតម្លៃ​អចលនវត្ថុ​នេះ​គឺ​ត្រូវ​ពឹង-ផ្អែកលើ​ទិន្នន័យផ្សេងៗគ្នា មាន​ច្រើនបែប ច្រើន​សណ្ឋាន ដែល​វា​មិនមែនជា​វិទ្យាសាស្ត្រ​ពិត​នោះទេតែ​វា​ជា​ទឡ្ហីករ​លម្អិត​ក្នុងការ​វាយតម្លៃ​អចលនទ្រព្យ​ឱ្យមាន​លក្ខណៈ​ស្តង់ដារ​កាន់តែខ្លាំង។

    លោក​ឧកញ៉ា​បន្តថា នៅក្នុង​ការវាស់វែង និង​វាយតម្លៃ​អចលនទ្រព្យ​នេះ គឺ​គេ​ត្រូវធ្វើឡើង​តាម​គោលការណ៍ 3ជាបឋម៖ ទី1.ធ្វើការ​ប្រៀបធៀប​តម្លៃ​ទីផ្សារ (Comparation Approach) ទី2.សិក្សា​អំពី​ចំណូល​ពី​អចលនទ្រព្យ(Income Approach) និង​ទី3.សិក្សា​ចំណាយ​ថ្លៃដើម​ទិញ​អចលនទ្រព្យ(Cost Approach) តែ​ទោះយ៉ាងណា ការសិក្សា​អាចមាន​ភាពខុសគ្នា​ទៅតាម​ស្ថាប័ននីមួយៗ ដូចជា​អង្គភាព​ពន្ធដា​ដែល​ភាគច្រើន​ធ្វើឡើង​តាម​ការវាយតម្លៃ​គិត​ជា​មធ្យមភាគ​ទៅតាម​តំបន់នីមួយៗ ហើយ​ខាង​ធនាគារ​វាយតម្លៃ​ផ្អែក​តាម​ទ្រព្យ​បុគ្គលនីមួយ។​ ការប្រៀបធៀប គេ​សិក្សា​លើ​កត្តា​ភូមិសាស្ត្រ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ដែល​អាច​ជំនួស​គ្នា​បាន ជួនកាល​ផ្ទះ​ជិតគ្នា​មាន​ទំហំ​ប៉ុនគ្នា​ តែ​តម្លៃ​ខុសគ្នា ដោយសារ​ការតុបតែង​ដេ​គ័​រ​ខាងក្នុង បន្ទាប់មក​គេ​មើល​ទៅលើ​ដង់ស៊ីតេ​ប្រជាជន​ថា ជាទី​ប្រជុំជន​ងាយស្រួល​ក្នុងការ​រកស៊ី ឬ​ជា​តំបន់​ប្រជាជន​រស់នៅ​ធម្មតា​មិនសូវមាន​សក្តានុពល​សេដ្ឋកិច្ច។

    ការវាយតម្លៃ​អាចមាន​ភាព​សុក្រឹត​ទៅបាន វា​អាស្រ័យ​លើ​កត្តានយោបាយ កត្តាសេដ្ឋកិច្ច និង​កត្តា​សង្គម​ផងដែរ ដែល​កត្តា​ទាំង3នេះ​មាន​ឥទ្ធិពល​ខ្លាំង​ទៅលើ​ការវាយតម្លៃ។ ជាធម្មតា​ការបណ្តាក់ទុន​របស់​វិនិយោគិន​បរទេស លុះត្រា​តែមាន​ស្ថិរភាព​នយោបាយ​នៅក្នុង​ប្រទេស មាន​កំណើនសេដ្ឋកិច្ច​ល្អ​ទើប​មានការ​បណ្តាក់ទុន​ច្រើន​ដែល​នេះ​ជា​ចលករ​ធ្វើឱ្យ​តម្លៃ​ដី ឬ​តម្លៃ​សាងសង់​មានការ​កើនឡើង​ផងដែរ។

    ការវាយតម្លៃ​ជា​លក្ខណៈ​ពាណិជ្ជកម្ម​វិញ​ក៏​ដូចគ្នា​ដែរ គឺ​គេ​សិក្សា​ទៅលើ​កត្តានយោបាយ សេដ្ឋកិច្ច និង​សង្គម ដូចជា​តម្លៃ​ទីផ្សារ ចំណូល​បាន​ពី​ការជួល​អចលនទ្រព្យ និង​ការចំណាយ​ថ្លៃដើម​ពី​ការទិញ​អចលនទ្រព្យ។ ចំពោះ​ការវាយតម្លៃ​ជា​លក្ខណៈ​បុគ្គល​វិញ​គឺ​ផ្អែក​តាម​តំបន់នីមួយៗ និង​ទីតាំង​នៃ​អចលនទ្រព្យ​នោះ ដូចជា​នៅក្នុង​តំបន់​ទីប្រជុំជន តំបន់​ជនបទ​ស្រុកស្រែ​ និង​តម្លៃ​អចលនទ្រព្យ​បុគ្គល។ល។ ឧទាហរណ៍​នៅក្នុង​បុរី ដី​មានតម្លៃ 500ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ជា​តម្លៃ​ដែល​ដក​ថ្លៃ​សំណង់​ចេញរួច ប៉ុន្តែ​ដី​នៅ​ជិត​នោះ​មានតម្លៃ​តែ 100ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ែត្រការ៉េ ដោយសារតែ​វា​មិនមែន​នៅក្នុង​ប្លុក​បុរី។

    លោក​ថា កន្លងមក​ក្រុមហ៊ុន(KFA)ទទួលបាន​ទំនុកចិត្ត​ខ្ពស់​ពី​អតិថិជន​ក្នុងការ​វាយតម្លៃ​អចលនទ្រព្យ​ដែលមាន​ទាំង​ស្ថាប័នកំពូលៗរបស់​រដ្ឋ​ជាច្រើន​ផងដែរ ដូចជា​ក្នុង​វិស័យ​ធនាគារ និង​តុលាការ​ជាដើមដូចជា​អចលនទ្រព្យ​ក្នុង​អំណាចតុលាការ​គឺជា​ទ្រព្យ​ដែល​គេ​នឹង​លក់​ក្នុងតម្លៃ​មួយ​ដែល​បង្ខំ ឬ​ប្រញាប់(Force Sale)ដែល​អាច​បញ្ចុះតម្លៃ​បាន​ដល់​ទៅ30 ឬ50%ឯណោះ។ ពាក់ព័ន្ធ​នឹង​ការវាយតម្លៃ​នេះ ក្នុងនាម​លោក​ដែលជា​ក្រុមហ៊ុន​មានឈ្មោះ​បោះ​សំឡេង​ និង​ទទួលបាន​ពានរង្វាន់​វាយតម្លៃ​ទាំង​ក្នុង និង​ក្រៅប្រទេស​នោះ លោក​ស្នើសុំ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​ស្ថាប័ន​ធនាគារ និង​ក្រុមហ៊ុន​ឯកជនផ្សេងៗ គួរតែ​ងាក​មក​ប្រើ​ស្ថាប័ន​ឯករាជ្យ​របស់​សមាគម​អ្នកវាយតម្លៃ​ និងភ្នាក់ងារអចលនវត្ថុកម្ពុជា​វិញ​ប្រសើរ​ជាង ព្រោះ​សមាគម​នេះ​មាន​ក្រុមហ៊ុន​បំពេញការងារ​វាយតម្លៃ​អចលនទ្រព្យ​ប្រកបដោយ​វិជ្ជាជីវៈមាន​ក្រមសីលធម៌​ច្បាស់លាស់ ឥត​លម្អៀង ព្រោះការវាយតម្លៃ​អចលនទ្រព្យ​នេះ​វា​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​សេដ្ឋកិច្ច ដូចជា​ជួនកាល​អាចធ្វើឱ្យ​ធនាគារ​ខាតបង់ ជូន​អាចធ្វើឱ្យ​អតិថិជន​ខាតបង់​ប្រាក់​ជាដើម បើសិន​ការវាយតម្លៃ​នោះ​មិនមាន​ភាពស្មោះត្រង់។ លោក​ក៏បាន​អំពាវនាវ​ផងដែរ​ដល់​ស្ថាប័ន​អ្នក​ប្រកប​របរ​រក​ទទួលទាន​ខាង​អចលនវត្ថុ​ថា ត្រូវតែ​ពង្រឹងសមត្ថភាព ក្រមសីលធម៌​វិជ្ជាជីវៈ​ពាក់ព័ន្ធ​នឹង​អាជីព​របស់ខ្លួន និង​រៀនសូត្រ​យកចំណេះ​ដឹង​បន្ថែម​ឱ្យ​កាន់តែខ្លាំងកុំឱ្យ​បរទេស​ឆ្លៀតឱកាស​មក​ដណ្តើម​ការ​ងារ​ក្នុងស្រុក​យើង​ច្រើនពេក ព្រោះ​ក្នុងសម័យ​សកល​ភា​វូប​នី​កម្ម​បែបនេះ ការប្រកួតប្រជែង​គ្មាន​ដែន​កំណត់​ទេ៕

  • កញ្ញា រំដួលលិចទឹក ត្រៀមបង្ហាញវត្តមាន និងបញ្ចេញស្នាដៃនៅថ្ងៃបុណ្យដំរីក្នុងប្រទេសថៃ

    កញ្ញា រំដួលលិចទឹក ត្រៀមបង្ហាញវត្តមាន និងបញ្ចេញស្នាដៃនៅថ្ងៃបុណ្យដំរីក្នុងប្រទេសថៃ

    នៅថ្ងៃទី17 និង18 ខែវិច្ឆិកាចុងសប្ដាហ៍នេះ នៅប្រទេសថៃ ក្នុងខេត្តសុរិន្ទ នឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កន្ទ្រឹមអាស៊នាទ្រង់ទ្រាយធំ អមដោយពិធីបុណ្យដំរីប្រចាំឆ្នាំធំមួយផ្សេងទៀត ដោយមានការប្រកាសនឹងចូលរួមភាគច្រើនពីអ្នកទេសចរណ៍ និងតំណាងមកពីប្រទេសជាច្រើន។

    ក្នុងចំណោមប្រទេសឡាវ និងប្រទេសមួយចំនួន កម្ពុជាក៏ត្រូវបានអញ្ជើញឱ្យដឹកនាំសិល្បករសិល្បការិនីឱ្យចូលរួមសម្ដែងសិល្បៈ និងបង្ហាញខ្លួនផងដែរ ខណៈដែល កញ្ញា រំដួលលិចទឹក ដែលត្រូវគេស្គាល់ថាល្បីល្បាញខាងផ្នែកកែច្នៃម៉ូដជាទម្រង់ខ្មែរ ត្រូវបាន«គ្រួសារតារាកម្ពុជា»ចាត់ឱ្យធ្វើជាតំណាងចូលរួមក្នុងព្រឹត្តិការណ៍ធំទាំងពីរនេះ។

    លោក ផាត់ តារារដ្ឋ ស្ថាបនិក«គ្រួសារតារាកម្ពុជា»បានថ្លែងបញ្ជាក់ថា ការពិតភាគីខាងខេត្តសុរិន្ទ ដែលជាម្ចាស់ផ្ទះ មិនបានអញ្ជើញសិល្បករសិល្បការិនីរបស់«គ្រួសារតារាកម្ពុជា»ដោយផ្ទាល់នោះទេ ប៉ុន្តែដោយសារតែលោក នូ សុភេន អនុប្រធាននាយកដ្ឋានផលិតកម្មវិធីប្រចាំទូរទស្សន៍អប្សរា ដែលត្រូវបានភាគីថៃស្នើឱ្យដឹកនាំតារាពីកម្ពុជា ហើយផលិតកររូបនេះបានស្នើបន្តឱ្យ«គ្រួសារតារាកម្ពុជា»ចាត់ចែងតំណាងក្រុមមួយរូប ឬ2រូបឱ្យចូលរួមក្នុងព្រឹត្តិការណ៍នេះ ទើប«គ្រួសារតារាកម្ពុជា»បានចាត់កញ្ញា ប៊េប៊ី និងកញ្ញា រំដួលលិចទឹកឱ្យចូលរួមដើម្បីតំណាងក្រុម។ យ៉ាងណាមិញ កញ្ញា ប៊េបី បែរជាមានធុរះបន្ទាន់មិនអាចទៅបាន ទើបសម្រាប់«គ្រួសារតារាកម្ពុជា»មានតែកញ្ញា រំដួលលិចទឹក ម្នាក់ជាតំណាងសិល្បករក្នុងការចូលរួម។

    លោកថាខ្លួនដឹកនាំកញ្ញាឱ្យចូលរួមក្នុងព្រឹត្តិការណ៍នេះ ជាមួយនឹងសិល្បករមួយក្រុមផ្សេងទៀត ដែលជ្រើសរើសដោយ លោក នូ សុភេន ដោយតាមគម្រោងក្រុមសិល្បករតំណាងពីកម្ពុជាទាំងអស់ ក្រៅពីបង្ហាញខ្លួនជាតំណាងប្រទេស ក៏មានការសម្ដែងផងដែរ។ យ៉ាងណាមិញ លោក នូ សុភេន ថានេះជាការចូលរួមលើកដំបូងរបស់ប្រទេសកម្ពុជា ដោយឱកាសដឹកនាំតារាសិល្បៈឱ្យចូលរួម គឺដោយសារតែបានការស្វះស្វែងរបស់សិល្បការិនីរៀមច្បងគឺអ្នកស្រី រាជនីកន្ទ្រឹម ដែលចង់ឃើញតំណាងសិល្បករខ្មែរបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ទាំំងពីរ។ លោកថាសប្បាយចិត្តដែលបានការសហការចាប់ដៃជាមួយ«គ្រួសារតារាកម្ពុជា»សម្រាប់ការបញ្ជូនសិល្បករលើកនេះ ដោយលោករំពឹងថាសិល្បករទាំងអស់ នឹងធ្វើឱ្យប្រទេសថៃ និងបណ្ដាអ្នកភ្ញៀវចូលរួមនៅក្នុងពិធីកាន់តែឱ្យកិត្តិយសដល់សិល្បៈកម្ពុជាផងដែរ៕

  • លោក Ranieri នឹង​ក្លាយជា​អ្នក​សង្គ្រោះ ខណៈ Fulham បណ្តេញ​លោក Jokanovic

    លោក Ranieri នឹង​ក្លាយជា​អ្នក​សង្គ្រោះ ខណៈ Fulham បណ្តេញ​លោក Jokanovic

    ក្លិប Fulham បានតែងតាំង​លោកគ្រូ​បង្វឹក​ជើងចាស់​ស​ញ្ជា​តិ​អ៊ីតាលី​លោក Claudio Ranieri ជា​អ្នកចាត់ការ​ទូទៅ​កាលពី​ថ្ងៃ​ពុធ ក្រោយពី​ការបណ្តេញ​លោក SlavisaJokanovic ចេញពី​តំណែង ក្នុង​កិច្ចខិតខំ​ព្យាយាម​ដើម្បី​គេចផុត​ពី​ការធ្លាក់​ចេញពី​ក្របខ័ណ្ឌ​អង់គ្លេស Premier League

    លោក Jokanovic បាន​ដឹក​នាំឱ្យ​ក្រុម Fulham វិល​ទៅកាន់​ក្របខ័ណ្ឌ​កំពូល​របស់​អង់គ្លេស​វិញ កាលពី​ខែឧសភា ឆ្នាំ2018 ប៉ុន្តែ គ្រូបង្វឹក​សញ្ជាតិ​ស៊ែ​ប៊ី វ័យ 50ឆ្នាំ​រូបនេះ បាន​ជួប​ការលំបាក​ក្នុងការ​សម្រប​ខ្លួន​ក្នុង Premier League

    ក្រោយពី​ការលេង 12ប្រកួត​ក្លិប Fulham បាន​ស្ថិតនៅ​បាត​តារាង ដោយមាន​ត្រឹមតែ 5ពិន្ទុ​គត់ និង​ឈ្នះ 1ប្រកួត​ពី​ការប្រកួត​ទាំង 12លើកដំបូង​របស់ខ្លួន។ លោក Jokanovic ក្លាយជា​អ្នកចាត់ការ​ទូទៅ​ដំបូង​គេ​ក្នុង​ក្របខ័ណ្ឌ Premier League នៅ​រដូវ​កាល​នេះ ដែល​បាន​បាត់បង់​ការងារ។ លោក Ranieri ដែល​បាន​ដឹក​នាំឱ្យ​ក្លិប Leicester ឈ្នះ​ពាន​ក្របខ័ណ្ឌ Premier League ដ៏​មិន​នឹកស្មាន​ដល់​កាលពី​ឆ្នាំ2016 នោះ មិនមាន​ការងារ​ធ្វើ​ឡើយ ក្រោយពី​ត្រូវបាន​បណ្តេញចេញ​ដោយ​ក្លិប Nantes របស់​ក្របខ័ណ្ឌ​បារាំង Ligue 1 ត្រឹមតែ 1ប្រកួត​មុន​បញ្ចប់​រដូវ​កាល​មុន។

    លោក Shahid Khan ប្រធាន​ក្លិប Fulahmបាន​និយាយថា លោក​បានធ្វើ​សម្រេចចិត្ត​នេះ​ទាំង​មានការ​ស្ទាក់ស្ទើរ ប៉ុន្តែ​មាន​អារម្មណ៍​ថា ការផ្លាស់ប្តូរ​ចាំបាច់​ត្រូវតែ​ធ្វើ។ លោក Khan បានឱ្យដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖ «ខ្ញុំ​មិនបាន​គិតថា ត្រូវតែ​ធ្វើការ​ប្រកាស​នេះ​ទាក់ទង​នឹង​លោក Slavisa ឡើយ និង​មិន​ចង់ឱ្យមាន​ស្ថានភាព​បែបនេះ ដែល​ខ្ញុំ​មិនចាំបាច់​ត្រូវតែ​ធ្វើ»

    លោក​បាន​បន្ថែមទៀតថា៖ «ប៉ុន្តែ​ផ្លូវការ​របស់​យើង​នៅ​រដូវ​កាល​នេះ បានធ្វើឱ្យ​ខ្ញុំ​ត្រូវធ្វើ​អ្វីដែល​ខ្ញុំ​ដឹងថា គឺជា​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ ក្នុងពេល​វេលា​ដ៏​ស័ក្តិសម សម្រាប់​កីឡាករ ក្លិប និង​អ្នកគាំទ្រ​របស់​យើង»

    ប្រភពពី៖ Straits Times